ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ មនុស្សជាង ១០០នាក់ ស្លាប់ និង ៣២នាក់ របួស ក្នុងការវាយប្រហាររបស់អាមេរិក នៅមហាសមុទ្រឥណ្ឌា

2026/03/09 02:28:29 pm        81
យោធាអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ១០៤នាក់ បានស្លាប់ និង ៣២នាក់ ផ្សេងទៀត រងរបួស នៅពេលដែលសហរដ្ឋអាមេរិក បានវាយប្រហារនាវាចម្បាំង Dena របស់កងទ័ពជើងទឹកអ៊ីរ៉ង់ នៅក្នុងដែនទឹកអន្តរជាតិ។នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន យោធាបានថ្កោលទោសការវាយប្រហារ «អមនុស្សធម៌» ដោយហៅវាថា ជាការវាយប្រហារ «ដ៏កំសាក»និង «ឃោរឃៅ"»ដោយកងទ័ពជើងទឹកអាមេរិក។ នាវាចម្បាំងនេះ ដែលមានសមាជិកនាវិក ១៣៦នាក់ នៅលើនោះ កំពុងវិលត្រឡប់មកពីព្យុហយាត្រាកងនាវាអន្តរជាតិឆ្នាំ ២០២៦ និងសមយុទ្ធ Milan នៅពេលដែលវា ត្រូវបានវាយប្រហារ។កងទ័ពបាននិយាយថា សហរដ្ឋអាមេរិកបានកំណត់គោលដៅនាវានេះ នៅចម្ងាយរាប់រយម៉ាយពីតំបន់ជម្លោះដោយគ្មានការព្រមាន ដែលជាការរំលោភលើច្បាប់មនុស្សធម៌ និងច្បាប់សមុទ្រអន្តរជាតិ។ នាវាចម្បាំងនេះត្រូវបានបាញ់ពន្លិចដោយនាវាមុជទឹក Los Angeles- class USS Charlotte នៅមហាសមុទ្រឥណ្ឌា កាលពីថ្ងៃពុធ។ហេតុការណ៍នេះ បានកើតឡើង បន្ទាប់ពីការវាយប្រហាររួមគ្នា នៅថ្ងៃទី ២៨ ខែកុម្ភៈ ដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកទៅលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ដទៃទៀត ដែលបានសម្លាប់មេដឹកនាំកំពូលលោក Ali Khamenei សមាជិកគ្រួសារមួយចំនួនរបស់លោក មេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល។ អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងយានដ្រូនជាច្រើនលើកប្រឆាំងនឹងមូលដ្ឋានទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា៕

អ៊ីរ៉ង់គំរាមសងសឹកក្នុងតំបន់ ប្រសិនបើរោងចក្រប្រេងឥន្ធនៈ ត្រូវបានវាយប្រហារម្តងទៀត

2026/03/09 02:27:52 pm        133
ទីបញ្ជាការកណ្តាល Khatam al-Anbiya របស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យរដ្ឋមូស្លីមនៅក្នុងតំបន់ទប់ស្កាត់ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើរោងចក្រប្រេងឥន្ធនៈ និងថាមពលរបស់ខ្លួន ដោយព្រមានថា ទីក្រុងតេអេរ៉ង់ នឹងឆ្លើយតបដោយសកម្មភាពស្រដៀងគ្នា ប្រសិនបើការវាយប្រហារ នៅតែបន្ត។អ្នកនាំពាក្យលោក Ebrahim Zolfaghari បានធ្វើការអត្ថាធិប្បាយនេះ បន្ទាប់ពីរោងចក្រស្តុកប្រេងឥន្ធនៈជាច្រើននៅក្នុងទីក្រុងតេអេរ៉ង់ និងខេត្ត Alborz ដែលនៅជិតខាង ត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីយប់ថ្ងៃសៅរ៍ ដែលបានបណ្តាលឲ្យមានការរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ    បណ្តោះអាសន្ន និងបង្កើនការព្រួយបារម្ភអំពីសុខភាព និងបរិស្ថាន។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់។លោក Zolfaghari បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល និងមជ្ឈមណ្ឌលសេវាកម្មសាធារណៈរបស់អ៊ីរ៉ង់ «យ៉ាងឃោរឃៅ» ដែលបន្ថែមពីលើការសម្លាប់ជនស៊ីវិល។ លោកបាននិយាយថា បណ្តារដ្ឋមូស្លីមនៅក្នុងតំបន់ គួរតែព្រមានទីក្រុងវ៉ាស៊ីនតោន និងក្រុងហ្ស៊េរុយសាឡឹម កុំឲ្យធ្វើ «សកម្មភាពដ៏កំសាក និងអមនុស្សធម៌» បែបនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្លោះ។លោក Zolfaghari បានបន្ថែមថា៖ «បើមិនដូច្នោះទេ សកម្មភាពស្រដៀងគ្នានេះ នឹងត្រូវធ្វើឡើង នៅក្នុងតំបន់។ ប្រសិនបើអ្នកអាចទប់ទល់នឹងតម្លៃប្រេងលើសពី ២០០ដុល្លារ ក្នុងមួយបារ៉ែលបាន ចូរបន្តលេង ហ្គេមនេះតទៅទៀត»៕

ប្រភព៖ ការផលិតប្រេងរបស់អ៊ីរ៉ាក់ធ្លាក់ចុះ ដោយសារច្រកសមុទ្រ Hormuz ត្រូវបានបិទខ្ទប់ ដោយជម្លោះ

2026/03/09 01:45:27 pm        94
ផលិតកម្មប្រេងរបស់ប្រទេសអ៊ីរ៉ាក់ ពីតំបន់ប្រេងសំខាន់ៗ នៅភាគខាងត្បូង បានធ្លាក់ចុះ ៧០ភាគរយ ដោយមកនៅត្រឹម ១,៣លានបារ៉ែល ក្នុងមួយថ្ងៃ ដោយសារតែប្រទេសនេះ មិនអាចនាំចេញប្រេងតាមរយៈច្រកសមុទ្រ Hormuz ដោយសារតែសង្គ្រាមអ៊ីរ៉ង់។ នេះបើយោងតាមប្រភពពីខាងក្នុងរង្វង់ឧស្សាហកម្មចំនួន ៣ ដែលបាននិយាយកាលពីថ្ងៃអាទិត្យ (ទី៨ ខែមីនា ឆ្នាំ២០២៦)។ការផ្ទុកប្រេងឆៅបានឈានដល់កម្រិតអតិបរមា ហើយទិន្នផលនៅសល់បន្ទាប់ពីការកាត់បន្ថយដ៏ធំ នឹងត្រូវបានប្រើប្រាស់ ដើម្បីផ្គត់ផ្គង់ដល់រោងចក្រចម្រាញ់ប្រេងរបស់ប្រទេស។ នេះបើតាមការលើកឡើងមន្ត្រីម្នាក់មកពីក្រុមហ៊ុនប្រេង Basra (BOC) គ្រប់គ្រងដោយរដ្ឋ ដែលគ្រប់គ្រងប្រតិបត្តិការផលិតកម្ម និងនាំចេញពីតំបន់ប្រេង នៅភាគខាងត្បូង។ច្រកសមុទ្រ Hormuz គឺជាចំណុចដឹកជញ្ជូនប្រេងដ៏សំខាន់មួយរបស់ពិភពលោក ដែលមានប្រហែល ១ភាគ៥ នៃលំហូរប្រេង និងឧស្ម័នធម្មជាតិរាវសកល។ប្រភពទាំងនេះ បានឲ្យដឹងទៀតថា ការនាំចេញរបស់ប្រទេសសមាជិក OPEC (អង្គការប្រទេសនាំចេញប្រេង) មួយនេះ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ដោយមកត្រឹមជាមធ្យមប្រហែល ៨០០.០០០បារ៉ែល ក្នុងមួយថ្ងៃ នៅថ្ងៃអាទិត្យ ដោយមាននាវាដឹកប្រេងតែ ២គ្រឿងប៉ុណ្ណោះដែលផ្ទុកប្រេង ដោយសារនាវាមិនអាចធ្វើដំណើរដោយសេរីឆ្លងកាត់ច្រកសមុទ្រនេះទៅកាន់ស្ថានីយភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ាក់។ឯកសាររបស់ក្រសួងប្រេង បានបង្ហាញថា ការនាំចេញប្រេងរបស់អ៊ីរ៉ាក់ពីតំបន់ប្រេងភាគខាងត្បូង មានចំនួន ៣,៣៣៤លានបារ៉ែលក្នុងមួយថ្ងៃ កាលពីខែកុម្ភៈ។ ការធ្លាក់ចុះនៃការផលិត និងការនាំចេញប្រេងរបស់អ៊ីរ៉ាក់ នឹងធ្វើឲ្យមានបញ្ហាដល់ហិរញ្ញវត្ថុរបស់ប្រទេសដែលមានភាពផុយស្រួយរួចហើយ ខណៈដែលរដ្ឋពឹងផ្អែកលើការលក់ប្រេងឆៅ សម្រាប់ការចំណាយសាធារណៈស្ទើរតែទាំងអស់ និងជាង ៩០ភាគរយនៃប្រាក់ចំណូលរបស់ខ្លួន៕

អាមេរិក និងអ៊ីស្រាអែលបង្កើនការវាយប្រហារលើអ៊ីរ៉ង់ ខណៈឆ្មាំបដិវត្តន៍លើកឡើងថាខ្លួនអាចប្រយុទ្ធរយៈពេល៦ខែ

2026/03/09 12:50:27 pm        123
អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបង្កើនការវាយប្រហារលើអ៊ីរ៉ង់ទូទាំងប្រទេសខណៈជម្លោះបានរាលដាលចូលដល់សប្ដាហ៍ទី២ ។ជនស៊ីវិល១.៣៣២ នាក់ រួមទាំងកុមារប្រមាណ៣០០ នាក់ ត្រូវបានសម្លាប់នៅអ៊ីរ៉ង់ ។ យោអាអ៊ីស្រាអែល បានដាក់គោលដៅលើទីតាំងស្តុងប្រេងជាច្រើន ក្នុងទីក្រុង តេអេរ៉ង់ ដែលត្រូវបានប្រើសម្រាប់ធ្វើប្រតិបត្តិការយោធា។   ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Fars កាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់អាចប្រយុទ្ធទល់នឹងសង្គ្រាមដ៏ខ្លាំងក្លាជាមួយសហរដ្ឋអាមេរិក និង អ៊ីស្រាអែលរយៈពេលយ៉ាងហោចណាស់ ៦ខែ ។ យោងតាមសារព័ត៌មាន Fars អ្នកនាំពាក្យកងកម្លាំងឆ្មាំបដិវត្តន៍នេះ លោក Ali Mohammad Naini បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធអ៊ីស្លាមអ៊ីរ៉ង់ មានសមត្ថភាពបន្តយ៉ាងហោចណាស់៦ខែ នៅចំពោះមុខប្រតិបត្តិការបច្ចុប្បន្ន។   កងកម្លាំងឆ្មាំបដិវត្តន៍ IRGC ដែលជាកងកម្លាំងពិសេសរបស់អ៊ីរ៉ង់ ក៏បាននិយាយផងដែរថា ខ្លួនបានកំណត់គោលដៅទីតាំងជាង ២០០ កន្លែង ដែលទាក់ទងនឹងមូលដ្ឋានទ័ព និងសម្ភារៈរបស់អាមេរិក និងអ៊ីស្រាអែលនៅទូទាំងតំបន់។  នៅថ្ងៃសៅរ៍ ២៨ កុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ ដែលបានសម្លាប់មេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ali Khamenei និងបានបង្កឱ្យមានសង្គ្រាមនៅមជ្ឈិមបូព៌ា។អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយយានដ្រូន និងមីស៊ីលនៅទូទាំងតំបន់ រួមទាំងការវាយប្រហារដែលបានប៉ះពាល់ប្រទេសជិតខាង ដោយនិយាយថាការវាយប្រហារទាំងនោះមិនពាក់ព័ន្ធនឹងសង្គ្រាម ហើយក៏មិនអនុញ្ញាតឱ្យភាគីជម្លោះបើកការវាយប្រហារពីទឹកដីរបស់ពួកគេដែរ៕

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំណត់ពេលចាប់ផ្តើមសមយុទ្ធយោធារួមគ្នានៅថ្ងៃចន្ទនេះ

2026/03/09 12:05:22 pm        131
កងកម្លាំងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានកំណត់ពេលចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាជាទៀតទាត់ ដើម្បីត្រៀមលក្ខណៈសម្រាប់គ្រាអាសន្នដែលអាចកើតមាននៅលើឧបទ្វីបកូរ៉េ។ សមយុទ្ធ នឹងចាប់ផ្តើមនៅថ្ងៃចន្ទនេះ ប៉ុន្តែនឹងមានវគ្គបណ្តុះបណ្តាលតិចជាងឆ្នាំមុន។ សមយុទ្ធ Freedom Shield នឹងត្រូវបានអនុវត្តនៅក្នុងប្រទេសកូរ៉េខាងត្បូងរហូតដល់ថ្ងៃទី ១៩ ខែមីនា។គោលបំណងនៃសមយុទ្ធ គឺដើម្បីពង្រឹងការទប់ស្កាត់ការគំរាមកំហែងបង្កឡើងដោយអាវុធនុយក្លេអ៊ែរ និងអាវុធមហាប្រល័យផ្សេងទៀតរបស់ប្រទេសកូរ៉េខាងជើង។ យោធា មានផែនការធ្វើសមយុទ្ធនៅទីវាលចំនួន ២២ លើក ដែលចំនួននេះ តិចជាងពាក់កណ្តាលនៃចំនួនកាលពីឆ្នាំមុន។ មាន៥១លើកកាលពីឆ្នាំ ២០២៥ ដែលនៅពេលនោះ រដ្ឋបាលរបស់លោក Yoon Suk-yeol នៅក្នុងប្រទេសកូរ៉េខាងត្បូងកំពុងមានជំហររឹងមាំ ចំពោះកូរ៉េខាងជើង។ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងមួយចំនួនបានរាយការណ៍ថា រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Lee Jae Myung បានស្នើឱ្យកាត់បន្ថយសមយុទ្ធ ខណៈខ្លួនកំពុងព្យាយាមបើកការសន្ទនាឡើងវិញជាមួយប្រទេសកូរ៉េខាងជើង។ ភាគីសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថាស្ទាក់ស្ទើរក្នុងការទទួលយកគំនិតនេះនៅពេលដំបូង។កូរ៉េខាងជើង កំពុងមានប្រតិកម្មយ៉ាងខ្លាំងចំពោះសមយុទ្ធនេះ។ ប៉ុន្តែកាលពីខែកុម្ភៈ មេដឹកនាំប្រទេស លោក គីម ជុងអ៊ុន បានបង្ហាញថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង អាចនឹងប្រសើរឡើង ប្រសិនបើសហរដ្ឋអាមេរិក ដកចេញគោលនយោបាយអរិភាពរបស់ខ្លួន។

ទីភ្នាក់ងារគយអាមេរិក រំពឹងថាប្រព័ន្ធបង្វែរប្រាក់ពីការដំឡើងពន្ធនឹងរួចរាល់ក្នុងរយៈពេល៤៥ថ្ងៃ

2026/03/09 11:55:07 am        110
មន្ត្រីគយម្នាក់ បាននិយាយនៅក្នុងឯកសារតុលាការថា ទីភ្នាក់ងារគយសហរដ្ឋអាមេរិក កំពុងរៀបចំប្រព័ន្ធមួយក្នុងរយៈពេល៤៥ថ្ងៃដើម្បីដំណើរការបង្វែរប្រាក់ពីការដំឡើងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលត្រូវបានតុលាការកំពូលចាត់ទុកថាខុសច្បាប់។សេចក្តីប្រកាសរបស់មន្ត្រីគយនិងការពារព្រំដែន លោក Brandon Lord បានធ្វើឡើងមុនពេលមេធាវីរដ្ឋាភិបាល ជួបជាមួយចៅក្រមពាណិជ្ជកម្មសហព័ន្ធដើម្បីព្យាយាមបង្កើតដំណើរការដោះស្រាយដ៏ទូលំទូលាយ ដូចដែលសារព័ត៌មាន Reuters បានរាយការណ៍ទាំងស្រុងកាលពីថ្ងៃសុក្រកន្លងទៅ សម្រាប់ការបង្វែរប្រាក់វិញពីការដំឡើងពន្ធចំនួន ១៦៦ ពាន់លានដុល្លារដល់ក្រុមហ៊ុននាំចូលប្រហែល ៣៣០.០០០ ក្រុមហ៊ុន។ កាលពីខែមុន តុលាការកំពូលសហរដ្ឋអាមេរិកបានច្រានចោលការដំឡើងពន្ធថាមិនសមស្របតាមរដ្ឋធម្មនុញ្ញ ដែលជាផ្នែកសំខាន់មួយនៃគោលនយោបាយសេដ្ឋកិច្ចរបស់លោក Trump។ តុលាការមិនបាននិយាយថាតើការដំឡើងពន្ធដែលប្រមូលបាន នឹងត្រូវបានបង្វែរវិញដោយរបៀបណាទេ ដោយធ្វើឱ្យក្រុមហ៊ុននាំចូលខ្នាតតូចមានការព្រួយបារម្ភ។ការកោះប្រជុំដើម្បីពិភាក្សាអំពីរបៀបដែលរដ្ឋាភិបាលនឹងអនុវត្តសេចក្តីបង្គាប់ដ៏ទូលំទូលាយត្រូវបានធ្វើឡើង ដោយបើកទំព័រថ្មីដែលបានចេញកាលពីថ្ងៃពុធ ដឹកនាំគយនិងការពារព្រំដែន (CBP) ឱ្យចាប់ផ្តើមបង្វែរប្រាក់ពីការដំឡើងពន្ធដល់ក្រុមហ៊ុននាំចូល។

ក្រុមហ៊ុនប្រេងជាតិរបស់ប្រទេសគុយវ៉ែត ប្រកាសកាត់បន្ថយផលិតកម្មក្នុងពេលមានភាពតានតឹងក្នុងតំបន់

2026/03/09 11:50:06 am        114
ក្រុមហ៊ុនប្រេងជាតិដ៏សំខាន់របស់ប្រទេសគុយវ៉ែត បានប្រកាសពីការកាត់បន្ថយការផលិត និងចម្រាញ់ប្រេងឆៅជាការប្រុងប្រយ័ត្នជាមុន ដោយលើកឡើងពីការគំរាមកំហែងប្រឆាំងការឆ្លងកាត់ដោយសុវត្ថិភាពរបស់នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងពេលមានភាពតានតឹងក្នុងតំបន់បច្ចុប្បន្ន ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ថាមពលពិភពលោក។សាជីវកម្មប្រេងឥន្ធនៈគុយវ៉ែត (KPC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការកែប្រែនេះ គឺ «ជាការប្រុងប្រយ័ត្នជាមុនយ៉ាងតឹងរ៉ឹង» ហើយក្រុមហ៊ុន «នៅតែត្រៀមខ្លួនយ៉ាងពេញលេញដើម្បីស្តារឡើងវិញកម្រិតផលិតកម្ម នៅពេលដែលលក្ខខណ្ឌអនុញ្ញាត»។ការប្រកាសរបស់ក្រុមហ៊ុន បានធ្វើឡើងក្នុងពេលមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង បន្ទាប់ពីការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ ចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលអ៊ីរ៉ង់បានឆ្លើយតបការវាយប្រហារដោយមីស៊ីលនិងយានដ្រូនលើទ្រព្យរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា។ខណៈជម្លោះបានឈានចូលដល់សប្តាហ៍ទីពីរ ការដឹកជញ្ជូនប្រេងនៅមជ្ឈិមបូព៌ានៅតែត្រូវបានរំខាន ហើយប្រទេសផលិតប្រេងធំៗដូចជា អ៊ីរ៉ាក់ និងកាតា បានប្រកាសកាលពីពេលមុនអំពីការកាត់បន្ថយផលិតកម្ម។ អ្នកវិភាគព្យាករថា ប្រទេសអារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត ក៏នឹងត្រូវកាត់បន្ថយទិន្នផលឆាប់ៗនេះផងដែរ នៅពេលពួកគេអស់ស្តុកប្រេង។ច្រកសមុទ្រ Hormuz ជាផ្លូវទឹកតូចមួយរវាងអ៊ីរ៉ង់ និងអូម៉ង់ បម្រើជាផ្លូវសមុទ្រតែមួយគត់ពីឈូងសមុទ្រទៅកាន់មហាសមុទ្រដែលបើកចំហ ។

លោកTrump និងលោកStarmer ពិភាក្សាអំពីអ៊ីរ៉ង់ បន្ទាប់ពីអាមេរិកនិយាយថា មិនត្រូវការជំនួយពីអង់គ្លេស

2026/03/09 11:47:51 am        102
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានច្រានចោលការពិចារណារបស់ចក្រភពអង់គ្លេស ក្នុងការបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់មជ្ឈិមបូព៌ា ដោយនិយាយថា សហរដ្ឋអាមេរិកមិនត្រូវការពួកគេដើម្បីឈ្នះសង្គ្រាមជាមួយអ៊ីរ៉ង់ទេ។ «យើងមិនត្រូវការពួកគេទេ។ វាពុំមែនជាពេលវេលាត្រឹមត្រូវ។ វាជាការប្រសើរប្រសិនបើមានពួកគេកាលពីពីរសប្តាហ៍មុន»។ បន្ទាប់ពីក្រសួងការពារជាតិអង់គ្លេសបាននិយាយថា ក្រសួងកំពុងត្រៀមនាវាផ្ទុកយន្តហោះ Prince of Wales សម្រាប់ការដាក់ពង្រាយដែលអាចធ្វើទៅបាន។ ប៉ុន្តែមិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងអំពីថាតើ ត្រូវបញ្ជូននាវាទៅកាន់មជ្ឈិមបូព៌ាឬយ៉ាងណានោះទេ នេះបើយោងតាមមន្ត្រីអង់គ្លេសម្នាក់។ ក្នុងការឆ្លើយតប លោក Trump បានបង្ហោះនៅលើបណ្តាញសង្គមថា លោក «នឹងចងចាំ» ពីការខ្វះការគាំទ្រពីអង់គ្លេសក្នុងអំឡុងពេលជម្លោះជាមួយអ៊ីរ៉ង់។ លោកប្រធានាធិបតី និយាយថា លោក Starmer បានជួយ «បំផ្លាញ» ទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរ បន្ទាប់ពីទីក្រុងឡុងដ្រ៍ បានរារាំងការប្រើប្រាស់របស់សហរដ្ឋអាមេរិកនូវមូលដ្ឋានកងទ័ពអង់គ្លេស ដើម្បីវាយប្រហារប្រទេសអ៊ីរ៉ង់។ លោក Starmer បានការពារការសម្រេចនេះ ដោយនិយាយថា លោកចាំបាច់ត្រូវពេញចិត្តចំពោះសកម្មភាពយោធាណាមួយ ដែលត្រូវតែស្របច្បាប់ និងមានផែនការល្អ។ ក្រោយមក លោកបានផ្តល់ការអនុញ្ញាតឱ្យកងកម្លាំងអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេសសម្រាប់អ្វីដែលលោកចាត់ទុកថាការវាយប្រហារមានកំណត់ និងការពារ ដើម្បីធ្វើឱ្យសមត្ថភាពរបស់ទីក្រុងតេអេរ៉ង់ចុះខ្សោយ។ ការិយាល័យរបស់លោក Starmer បាននិយាយថា មេដឹកនាំទាំងពីរបាននិយាយអំពីប្រទេសអ៊ីរ៉ង់ ខណៈយន្តហោះកងទ័ពអាកាសអាមេរិកពីរគ្រឿងបានទៅដល់មូលដ្ឋានទ័ពអាកាសមួយក្នុងប្រទេសអង់គ្លេស។ ការិយាល័យរបស់នាយករដ្ឋមន្ត្រី បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ការប្រើប្រាស់មូលដ្ឋានទ័ពអាកាសត្រូវបានពិភាក្សា «ដើម្បីគាំទ្រដល់ការការពារខ្លួនរួមគ្នារបស់ដៃគូនៅក្នុងតំបន់»។

លោកTrump សន្យាគ្រប់គ្រងលើមេដឹកនាំអ៊ីរ៉ង់ ខណៈចំនួនអ្នកស្លាប់របស់ទាហានអាមេរិកកើនឡើង

2026/03/09 11:45:18 am        119
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងចាថ្មីម្តងទៀតថា លោកនឹងប្រើឥទ្ធិពលលើមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់ ដោយនិយាយថា អ្នកណាក៏ដោយដែលត្រូវបានជ្រើសរើសសម្រាប់តួនាទីនេះដោយគ្មានការព្រមព្រៀងពីទីក្រុងវ៉ាស៊ីនតោន គឺ «នឹងគ្មានរយៈពេលយូរទេ»។សេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ បានធ្វើឡើងប៉ុន្មានម៉ោងមុនពេលប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា សភាអ្នកជំនាញបានជ្រើសរើសមេដឹកនាំកំពូលថ្មី លោក Mojtaba Khamenei ជាកូនប្រុសរបស់លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់ផ្តើមសង្គ្រាមលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។លោក Trump មិនបានឆ្លើយតបភ្លាមៗចំពោះការជ្រើសរើសលោក Khamenei ទេ ប៉ុន្តែបាននិយាយជាទូទៅថា បុគ្គលណាក៏ដោយ នឹងត្រូវការការយល់ព្រមពីសហរដ្ឋអាមេរិក។ មន្ត្រីអ៊ីរ៉ង់ បានច្រានចោលថា រដ្ឋបាលលោក Trump គ្មានអំណាចណាមួយលើការសម្រេចចិត្តនេះទេ។ លោក Trump បានប្រាប់ ABC News ដោយនិយាយសំដៅទៅលើមេដឹកនាំកំពូលថ្មីថា «មេដឹកនាំថ្មី ត្រូវតែមានការព្រមព្រៀងពីយើង»។ ប្រសិនបើមេដឹកនាំរូបនេះ មិនទទួលបានការយល់ព្រមពីយើងទេ មេដឹកនាំនេះនឹងគ្មានរយៈពេលយូរឡើយ។ លោក Trump បាននិយាយបន្ថែមថា លោកមិនចង់ឱ្យរដ្ឋបាលនាពេលអនាគតត្រូវ «ដើរត្រឡប់ក្រោយ» នៅក្នុងឆ្នាំខាងមុខទេ ជាការនិយាយសំដៅយ៉ាងច្បាស់ទៅលើសកម្មភាពយោធានៅពេលអនាគត។ លោកនិយាយថា «ខ្ញុំមិនចង់ឱ្យប្រជាជន ត្រូវដើរត្រឡប់ក្រោយក្នុងរយៈពេលប្រាំឆ្នាំ ហើយត្រូវធ្វើរឿងដដែលៗម្តងទៀត ឬអាក្រក់ជាងនេះ ដែលអនុញ្ញាតឱ្យប្រទេសនេះមានអាវុធនុយក្លេអ៊ែរ»។ មន្ត្រីនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានបើកការវាយប្រហារសងសឹកនៅទូទាំងតំបន់មជ្ឈិមបូព៌ា បានបដិសេធដដែលៗចំពោះគំនិតរបស់ទីក្រុងវ៉ាស៊ីនតោនដែលអះអាងឥទ្ធិពលលើការជ្រើសរើសមេដឹកនាំអ៊ីរ៉ង់។ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយជាថ្មីម្តងទៀតថា «យើងនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់យើងឡើយ»។

អតីតតារាចម្រៀងរ៉េបលោក Balendra Shah នឹងក្លាយជានាយករដ្ឋមន្ត្រីនេប៉ាល់ បន្ទាប់ពីគណបក្សឈ្នះការបោះឆ្នោត

2026/03/09 11:42:01 am        95
លោក Balendra Shah ជាតារាចម្រៀងរ៉េបដែលប្រែក្លាយជាអ្នកនយោបាយ និងជាឥស្សរជនដ៏ពេញនិយមនៃបដិវត្តន៍ជំនាន់ Gen Z កំពុងត្រៀមខ្លួនក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសនេប៉ាល់ ក្រោយគណបក្សរបស់លោកបានឈ្នះដោយទទួលបានសំឡេងគាំទ្រដ៏ច្រើនមិនធ្លាប់មាន។ លោក Shah ដែលត្រូវបានគេស្គាល់យ៉ាងច្រើនថា Balen និងគណបក្ស Rastriya Swatantra (RSP) របស់លោក ទទួលបានជ័យជម្នះដ៏ច្រើនលើសលប់ ដ៏កម្រក្នុងការបោះឆ្នោតលើកដំបូងចាប់តាំងពីការតវ៉ាដឹកនាំដោយក្រុមយុវជន ដែលក្នុងអំឡុងពេលនោះ មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ និងរដ្ឋាភិបាលចាស់ត្រូវបានផ្តួលរំលំ។លោក Ramesh Paudyal មេដឹកនាំជាន់ខ្ពស់របស់គណបក្ស RSP បាននិយាយថា លទ្ធផលគឺជាជ័យជម្នះនៃក្តីសង្ឃឹម និងការផ្លាស់ប្តូរ។ នេះគឺជាការគាំទ្រដ៏អស្ចារ្យបំផុតនៃចលនាជំនាន់ Gen Z។ ការគោរពពិតប្រាកដចំពោះទុក្ករបុគ្គលជំនាន់ Gen Z នឹងត្រូវបានបង្ហាញតាមរយៈការងារដែលបានអនុវត្តជារៀងរាល់ថ្ងៃដោយរដ្ឋាភិបាលដឹកនាំដោយលោក Balendra Shah ។ ការខឹងសម្បារ និងកំហឹងរបស់សាធារណជនចំពោះឆ្មាំនយោបាយចាស់វស្សា គឺជាភស្តុតាងក្នុងលទ្ធផល ដោយគណបក្សចាស់វស្សាជាច្រើន និងមេដឹកនាំរបស់ពួកគេ បានបាត់បង់អាសនៈយ៉ាងច្រើន។ គណបក្ស RSP របស់លោក Balen ដែលត្រូវបានបង្កើតឡើងត្រឹមតែបីឆ្នាំមុនដោយអតីតនាយកប្រតិបត្តិទូរទស្សន៍មួយរូប ត្រូវបានផ្តល់សំឡេងគាំទ្រភាគច្រើនដាច់ខាតដ៏កម្រមួយ។លទ្ធផលបោះឆ្នោតចុងក្រោយ ដែលនឹងរួមបញ្ចូលអាសនៈបន្ថែម ដោយត្រូវបានកំណត់តាមរយៈតំណាងសមាមាត្រ ត្រូវគេរំពឹងទុកនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM