អេស្ប៉ាញដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល ២រូប
ប្រធានាធិបតី៖ រុស្សីកំពុងប្រឹងប្រែង «មានឥទ្ធិពល» លើម៉ុលដាវី អំឡុងការបោះឆ្នោតដ៏សំខាន់
អេត្យូពីបើកសម្ពោធន៍ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីធំបំផុតប្រចាំនៅអាហ្វ្រិក
ប្រជាពលរដ្ឋរត់គេចខ្លួនស៊ូដង់រៀបរាប់ពីការឡោមព័ទ្ធទីក្រុង al-Fashirពីសំណាក់កងកម្លាំង RSF

ព័ត៌មានអន្តរជាតិ

BREAKING NEWS ៖ មនុស្ស៣នាក់ បានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅខេត្ត Prachuap Khiri Khan ប្រទេសថៃ

2025/05/24 04:54:14 pm        816
របាយការណ៍បឋមបានបង្ហាញថា អ្នកបើកឧទ្ធម្ភាគចក្រពីរនាក់ និងជាងម៉ាស៊ីនម្នាក់ បានស្លាប់។ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅតំបន់ Ban Nong Kok ឃុំ Ao Noi ស្រុក Muang ខេត្ត Prachuap Khiri Khan របស់ប្រទេសថៃនៅថ្ងៃសៅរ៍ ទី២៤ ខែឧសភានេះ ដោយបានសម្លាប់មនុស្ស៣នាក់។ មនុស្សម្នាក់ ត្រូវគេរាយការណ៍ថាបានលោតឆ័ត្រយោងទៅកាន់ទីសុវត្ថិភាព។អ្នកឃើញហេតុការណ៍បាននិយាយថា ការធ្លាក់ឧទ្ធម្ភាគចក្រនេះ បានកើតឡើងនៅវេលាម៉ោង១រសៀល ។ ហើយមនុស្សម្នាក់ត្រូវបានគេមើលឃើញលោតចេញពីឧទ្ធម្ភាគចក្រជាមួយនឹងឆ័ត្រយោង មុនពេលធ្លាក់។

អាមេរិក ដកទណ្ឌកម្មដំបូងលើស៊ីរី ក្រោយការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Trump

2025/05/24 04:12:34 pm        132
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចាត់វិធានការជាក់ស្តែងជាលើកដំបូងរបស់ខ្លួនក្នុងការផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មសម្រាប់ប្រទេសស៊ីរី បន្ទាប់ពីមានគោលនយោបាយដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅខែនេះអំឡុងលោកបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា ។កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសពីការបន្ធូរបន្ថយដល់ក្រុមបុគ្គល និងអង្គភាពមួយចំនួន ដែលខ្លួនបាននិយាយថានឹង បើកដំណើរការការវិនិយោគថ្មី និងសកម្មភាពវិស័យឯកជនស្របតាមយុទ្ធសាស្ត្រអាមេរិកជាធំរបស់លោTrump (Trump’s]America First strategy) ។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញក្នុងពេលដំណាលគ្នាការលើកលែងចំពោះច្បាប់ឆ្នាំ២០១៩ ច្បាប់ការពារជនស៊ីវិលស៊ីរី ដែលនឹងអនុញ្ញាតឱ្យដៃគូបរទេស សម្ព័ន្ធមិត្ត និងតំបន់របស់អាមេរិក អាចដោះសោសក្តានុពលរបស់ស៊ីរីបន្ថែមទៀត។  នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយថា ការលើកលែងនេះនឹង សម្រួលដល់ការផ្តល់អគ្គិសនី ថាមពល ទឹក និងអនាម័យ និងអនុញ្ញាតឱ្យមានការឆ្លើយតបផ្នែកមនុស្សធម៌កាន់តែមានប្រសិទ្ធភាពនៅទូទាំងប្រទេសស៊ីរី៕

UN៖ជនជាតិរ៉ូហ៊ីងយ៉ាជាង ៤០០នាក់ត្រូវគេបារម្ភថាបានលង់ទឹកស្លាប់ ក្នុងឧបទ្ទវហេតុលិចទូកពីរ នៅក្បែរឆ្នេរសមុទ្រមីយ៉ាន់ម៉ា

2025/05/24 04:06:53 pm        79
អង្គការសហប្រជាជាតិបាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ាយ៉ាងហោចណាស់ ចំនួន៤២៧ នាក់ ដែលជាជនជាតិភាគតិចមូស្លីមរបស់មីយ៉ាន់ម៉ា អាចនឹងស្លាប់នៅសមុទ្រក្នុងការលិកទូកចំនួន ២ កាលពីថ្ងៃទី ៩ និង១០ឧសភា នូវអ្វីដែលនឹងក្លាយជាឧបទ្ទវហេតុដ៏សាហាវមួយផ្សេងទៀតសម្រាប់ក្រុមដែលត្រូវបានធ្វើទុក្ខបុកម្នេញ។  ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ប្រសិនបើត្រូវបានបញ្ជាក់ ឧបទ្ទវហេតុទាំងពីរនឹងក្លាយជា "សោកនាដកម្មដ៏សាហាវបំផុតនៅសមុទ្រ" ដែលពាក់ព័ន្ធនឹងជនភៀសខ្លួនរ៉ូហ៊ីងយ៉ារហូតមកដល់ពេលនេះក្នុងឆ្នាំនេះ។UNHCR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា "ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍នៃសោកនាដកម្មទូកពីរនៅឯឆ្នេរសមុទ្ររបស់សហភាពមីយ៉ាន់ម៉ាកាលពីដើមខែនេះ" ដោយបន្ថែមថាខ្លួននៅតែកំពុងធ្វើការដើម្បីបញ្ជាក់ពីកាលៈទេសៈពិតប្រាកដជុំវិញការលិចទូកនេះ។យោងតាមទីភ្នាក់ងារព័ត៌មានបឋមបានបង្ហាញថា ទូកនោះដឹកមនុស្ស ២៦៧ នាក់បានលិចកាលពីថ្ងៃទី ៩ ឧសភា មានមនុស្សតែ ៦៦ នាក់ប៉ុណ្ណោះនៅរស់រានមានជីវិត ហើយទូកទីពីរដែលមានជនជាតិរ៉ូហ៊ីងយ៉ា ២៤៦នាក់នៅលើទូកនោះបានលិចកាលពីថ្ងៃទី ១០ ឧសភា ដោយមានអ្នករស់រានមានជីវិតតែ ២១ នាក់ប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍បាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ានៅលើទូកទាំងកំពុងចាកចេញពីជំរំជនភៀសខ្លួន Cox's Bazar ដ៏ធំរបស់ប្រទេសបង់ក្លាដែស ឬភៀសខ្លួនចេញពីរដ្ឋរ៉ាឃីនភាគខាងលិចរបស់ប្រទេសមីយ៉ាន់ម៉ា៕

រុស្ស៊ីបាញ់មីស៊ីល និងយានដ្រូនលើរដ្ឋធានីអ៊ុយក្រែន ប៉ុន្មានម៉ោងបន្ទាប់ពីការដោះដូរឈ្លើយសឹកបានចាប់ផ្តើម

2025/05/24 03:38:32 pm        221
រដ្ឋធានី Kyiv របស់អ៊ុយក្រែន ស្ថិតក្រោមការវាយប្រហារដោយយានដ្រូន និងមីស៊ីល របស់រុស្ស៊ី កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍សប្ដាហ៍នេះ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមការដោះដូរឈ្លើយសឹកធំមួយ។   យោងតាមនគរបាលជាតិរបស់ប្រទេសអ៊ុយក្រែន ដែលនិយាយនៅលើបណ្ដាញ Telegram មនុស្សយ៉ាងហោចណាស់ ១៥ នាក់បានរងរបួសនៅទូទាំងស្រុកជាច្រើនក្នុងរដ្ឋធានី។  អភិបាលក្រុង Vitali Klitschko បាននិយាយថា ការវាយប្រហារនេះបានបង្កឱ្យមានអគ្គិភ័យ និងបន្សល់ទុកនូវកម្ទេចកម្ទីនៅទូទាំងរដ្ឋធានី។ មន្ត្រីបាននិយាយថា អគារលំនៅឋានជាច្រើនបានរងការខូចខាត។គេបានលឺសំឡេងការផ្ទុះ និងស៊ីរ៉ែនខ្លាំងៗពាសពេញរដ្ឋធានីនៅក្នុងវីដេអូចែករំលែកដោយ សារព័ត៌មាន Reuters ។ គេបានមើលឃើញមានអគ្គិភ័យជាច្រើនកន្លែងនៅពេលយប់នោះ។ការវាយប្រហារទាំងយប់បានកើតឡើងបន្ទាប់ពីប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានបញ្ចប់ដំណាក់កាលដំបូងនៃអ្វីដែលគេរំពឹងថាជាការដោះដូរឈ្លើយសឹកដ៏ធំបំផុតចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។ការដោះដូរនេះបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ហើយនឹងបន្តនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយទីក្រុង Kyiv និង Moscow រំពឹងថានឹងដោះដូរមនុស្សចាប់ពី១.០០០នាក់ទៅ២.០០០នាក់ ពីភាគីនីមួយៗ៕

ប្រមុខUNអំពាវនាឲ្យមានការដឹកជញ្ជួនជំនួយប្រកបដោយសុវត្ថិភាពដើម្បីទប់ស្កាត់ភាពអត់ឃ្លានលើពលរដ្ឋហ្កាហ្សា

2025/05/24 03:23:54 pm        98
ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានជំរុញឲ្យមានជំនួយមនុស្សធម៌បន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សា និងចាត់វិធានការសុវត្ថិភាពនិងសន្តិសុខសម្រាប់ការដឹកជញ្ជួនជំនួយខណៈប្រជាជនជាង២លាននាក់កំពុងប្រឈមគ្រោះទុរ្ភិក្ស។ លោក Guterres បានកត់សម្គាល់ថា ពលរដ្ឋប៉ាឡេស្ទីន នៅក្នុងដែនដីរងការឡោមព័ទ្ធនេះ កំពុងស៊ូទ្រាំនូវអ្វីដែលជាដំណាក់កាលសាហាវបំផុតនៃជម្លោះការសម្លាប់មនុស្សដ៏ព្រៃផ្សៃ។ អស់រយៈពេលជិត៨០ថ្ងៃ ដែលអ៊ីស្រាអែលបានបិទផ្លូវមិនឲ្យជំនួយសង្រ្គោះជីវិតមនុស្សអន្តរជាតិចូល។ លោកថា អ៊ីស្រាអែល មានកាតព្វកិច្ចច្បាស់លាស់នៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ដើម្បីប្រព្រឹត្តចំពោះជនស៊ីវិលដោយមនុស្សធម៌ ដោយគោរពសេចក្តីថ្លៃថ្នូរពីកំណើតរបស់ពួកគេ។ ច្បាប់មិនត្រូវបង្ខំឱ្យដឹកជញ្ជូន និរទេស ឬផ្លាស់ប្តូរទីតាំងប្រជាជនស៊ីវិលនៃទឹកដីដែលត្រូវបានអ៊ីស្រាអែលកាន់កាប់នោះទេ។ លោកបាននិយាយថា ហើយក្នុងនាមជាអ្នកកាន់កាប់អំណាច ត្រូវតែយល់ព្រមអនុញ្ញាត និងសម្របសម្រួលជំនួយដែលត្រូវការយ៉ាងច្រើនជាចាំបាច់។  ក្រោមសម្ពាធអន្តរជាតិកាន់តែខ្លាំង អ៊ីស្រាអែលបានប្រកាសក្នុងសប្តាហ៍នេះថា ខ្លួននឹងចាប់ផ្តើមអនុញ្ញាតឱ្យផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីរយៈពេល ១១សប្តាហ៍នៃការបិទផ្លូវទាំងស្រុង មិនឲ្យមានការនាំចូលនូវអាហារ និងការផ្គត់ផ្គង់នានា ដែលអ៊ីស្រាអែលបានធ្វើកាលពីថ្ងៃទី ២ ខែមីនា មក ៕

អ៊ីរ៉ង់មើលឃើញក្តីសង្ឃឹមសម្រាប់វឌ្ឍនភាពក្រោយកិច្ចចរចានុយក្លេអ៊ែរជុំទីប្រាំជាមួយអាមេរិក

2025/05/24 02:26:05 pm        149
ក្រុមអ្នកចរចាសម្រាប់អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបញ្ចប់ការចរចាជុំទីប្រាំ ខណៈក្រុមអ្នកសម្របសម្រួលរបស់ប្រទេសអូម៉ង់(Omani) បាននិយាយថា មានវឌ្ឍនភាពមាននៅមានកម្រិតក្នុងកិច្ចពិភាក្សាគោលបំណងដោះស្រាយជម្លោះដ៏យូរអង្វែងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។អ្នកសម្របសម្រួលមកពីប្រទេសអូម៉ង់ លោក Badr al-Busaidi បាននិយាយបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃសុក្រនៅឯស្ថានទូតអូម៉ង់ ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ថា ជុំទីប្រាំនៃកិច្ចចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានបញ្ចប់នៅថ្ងៃនេះនៅទីក្រុងរ៉ូមជាមួយនឹងលទ្ធផលមួយចំនួន ប៉ុន្តែមិនមានការសន្និដ្ឋានធំដុំនោះទេ។    លោកបាននិយាយបន្ទាប់ពីកិច្ចចរចាកម្រិតខ្ពស់ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi និងបេសកជនមជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff ថាពួកលោកសង្ឃឹមថានឹងបញ្ជាក់អំពីបញ្ហាដែលនៅសេសសល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ លោក Araghchi បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា កិច្ចពិភាក្សានេះគឺជា ការចរចាប្រកបដោយវិជ្ជាជីវៈបំផុត រហូតមកដល់ពេលនេះ ដោយកត់សម្គាល់ថា ខណៈកិច្ចព្រមព្រៀងមិនទាន់សម្រេចបាន ភាគីអ៊ីរ៉ង់មិនបាក់ទឹកចិត្តទេ។លោក Araghchi បានប្រាប់សារព័ត៌មាន Press TV ថាពួកលោកបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវជំហររបស់អ៊ីរ៉ង់ ការពិតដែលថាពួកលោកកំពុងស្ថិតនៅលើផ្លូវសមហេតុផល តាមទស្សនៈរបស់លោក គឺជាសញ្ញានៃវឌ្ឍនភាព៕

សហភាពអឺរ៉ុប អំពាវនាវឱ្យមានការគោរពបន្ទាប់ពីលោក Trump គំរាមដំឡើងពន្ធ ៥០%

2025/05/24 01:51:55 pm        122
ប្រធានពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បាននិយាយថា ប្លុកដែលមានសមាជិកទាំង ២៧ប្រទេសមួយនេះប្តេជ្ញាធានាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដោយផ្អែកលើការគោរព មិនមែនការគំរាមកំហែងនោះទេ។    ការលើកឡើងនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមថានឹងដំឡើងពន្ធ៥០% លើទំនិញទាំងអស់ដែលនាំចូលទៅសហរដ្ឋអាមេរិកពី សហភាពអឺរ៉ុប។ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក Maros Sefcovic បាននិយាយបន្ទាប់ពីការហៅទូរស័ព្ទជាមួយអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Howard Lutnick ថា សហភាពអឺរ៉ុបបានចូលរួមយ៉ាងពេញលេញ ដោយបានប្តេជ្ញាចិត្តក្នុងការធានានូវកិច្ចព្រមព្រៀងដែលដំណើរការសម្រាប់ភាគីទាំងពីរ។  លោកថា ពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក គឺមិនអាចប្រៀបផ្ទឹមបាន ហើយត្រូវតែត្រូវបានដឹកនាំដោយការគោរពគ្នាទៅវិញទៅមក មិនមែនជាការគំរាមកំហែងទេ។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីការពារផលប្រយោជន៍របស់យើង។ សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ដោយបានបញ្ជូនទំនិញច្រើនជាង៦០០ពាន់លានដុល្លារឬស្មើ៥២៨ពាន់លានអឺរ៉ូ។ កាលពីឆ្នាំមុន និងការទិញទំនិញមានតម្លៃ ៣៧០ពាន់លានដុល្លារអាមេរិក៕

លោកTrump និយាយថាលោកមិនស្វែងរកកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបទេ បន្ទាប់ពីគំរាមដំឡើងពន្ធ៥០%

2025/05/24 01:46:34 pm        117
លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានគំរាមដំឡើងពន្ធ៥០% លើទំនិញនាំចូលពីសហភាពអឺរ៉ុប ដោយលើកឡើងពីកង្វះវឌ្ឍនភាពក្នុងការចរចាពាណិជ្ជកម្មបច្ចុប្បន្ន។លោកបានប្រកាសនៅលើបណ្ដាញសង្គម Truth Social កាលពីព្រឹកថ្ងៃសុក្រសប្ដាហ៍នេះថា របាំងពាណិជ្ជកម្មដ៏មានឥទ្ធិពលរបស់ពួកគេ ពន្ធបន្ថែមឬពន្ធកាត់ទុក(Vat) ការពិន័យសាជីវកម្មគួរឱ្យអស់សំណើច របាំងពាណិជ្ជកម្មមិនមែនរូបិយវត្ថុ ឧបាយកលរូបិយវត្ថុ បណ្តឹងអយុត្តិធម៌ និងមិនស្មើរភាពប្រឆាំងនឹងក្រុមហ៊ុនអាមេរិក និងបញ្ហាជាច្រើនទៀត បាននាំឱ្យមានឱនភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដែលមានចំនួនច្រើនជាង ២៥០.០០០.០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលចំនួនសរុបមិនអាចទទួលយកបាន ។  លោក Trump បានសរសេរ ការពិភាក្សារបស់យើងជាមួយពួកគេ នឹងមិនមានវឌ្ឍនភាពទេ។  ហេតុដូច្នេះហើយ លោកណែនាំឱ្យដំឡើងពន្ធ ៥០% ដោយផ្ទាល់លើសហភាពអឺរ៉ុប ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៥តទៅ។   ប៉ុន្តែក្រោយមកនៅថ្ងៃសុក្រ តាមក្រឹត្យដែលចុះហត្ថលេខានៅការិយាល័យ Oval លោក Trump បានបង្កើនសាររបស់លោកទៅកាន់សហភាពអឺរ៉ុប ។លោកបាននិយាយថាលោកមិនស្វែងរកកិច្ចព្រមព្រៀងទេ។ លោកបានកំណត់កិច្ចព្រមព្រៀងនេះរួចហើយ គឺការដំឡើងពន្ធមានចំនួន៥០% ៕

[UPDATE] អូស្ត្រាលី ចាប់ផ្តើមសម្អាត បន្ទាប់ពីទឹកជំនន់សម្លាប់មនុស្ស៥នាក់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ

2025/05/24 01:02:52 pm        104
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅថ្ងៃសៅរ៍ ២៤ ឧសភាសប្ដាហ៍នេះថា ការសម្អាតបានចាប់ផ្តើមនៅភាគអាគ្នេយ៍របស់ប្រទេសនេះ បន្ទាប់ពីទឹកជំនន់បានសម្លាប់មនុស្ស ៥ នាក់ និងជន់លិចបំផ្លិចបំផ្លាញលំនៅឋានប្រជាពលរដ្ឋជាង ១០.០០០ ខ្នង។ លោក Albanese បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ក្រុមអាជ្ញាធរ កំពុងបន្តធ្វើការយ៉ាងអស់ពីចិត្តនៅទូទាំងរដ្ឋាភិបាលសហព័ន្ធ រដ្ឋ និងក្នុងតំបន់ ដើម្បីធ្វើឱ្យប្រាកដថា ប្រជាជនអូស្ត្រាលីទទួលបានការគាំទ្រដែលពួកគេត្រូវការនៅពេលនេះ និងតាមរយៈការស្តារឡើងវិញ។ ទីភ្នាក់ងារសេវាសង្គ្រោះបន្ទាន់របស់រដ្ឋបាននិយាយថា ការវាយតម្លៃការខូចខាតកំពុងដំណើរការនៅក្នុងតំបន់ឆ្នេរភាគកណ្តាលភាគពាយ័ព្យនៃរដ្ឋ New South Wales ដែលរងគ្រោះខ្លាំងជាងគេ បន្ទាប់ពីទឹកជំនន់នៅសប្តាហ៍នេះ បានកាត់ផ្តាច់ទីក្រុងនានា ហូរកួចសត្វ និងបំផ្លាញផ្ទះសម្បែង។ ភ្នាក់ងារនេះ បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់លំនៅឋាន១០.០០០ខ្នង អាចត្រូវបានខូចខាត។ទីភ្នាក់ងារនេះបាននិយាយថា ស្ថានភាពបានប្រសើរឡើងចាប់តាំងពីថ្ងៃសុក្រនៅក្នុងតំបន់រងផលប៉ះពាល់នៃរដ្ឋដែលមានប្រជាជនច្រើនបំផុតមួយនេះ របស់ប្រទេសអូស្ត្រាលី។  ស្នងការសេវាសង្គ្រោះបន្ទាន់របស់រដ្ឋនេះ លោក Mike Wassing បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងស៊ីដនីថា ទោះបីជាដូច្នេះក៏ដោយ អ្នកស្រុករាប់រយនាក់ដែលរងគ្រោះដោយទឹកជំនន់នៅតែស្ថិតក្នុងមជ្ឈមណ្ឌលជម្លៀសនៅឡើយ ខណៈការជួយសង្គ្រោះពីទឹកជំនន់ចំនួន ៥២លើក ត្រូវបានធ្វើឡើងពេញមួយយប់៕

មន្ទីរពេទ្យនៅហ្កាហ្សា មានអ្នករបួសច្រើនលើសលប់ ខណៈអ៊ីស្រាអែលបង្កើនការវាយលុកនៅភាគខាងជើង

2025/05/24 11:30:00 am        39
​ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Nasser និងមន្ទីរពេទ្យ Al Shifa តំបន់ហ្កាហ្សា បានត្អូញត្អែរ ពីភាពចង្អៀតណែន និងកង្វះការផ្គត់ផ្គង់សម្រាប់ព្យាបាលអ្នកជំងឺ ខណៈកងទ័ពអ៊ីស្រាអែលបង្កើនការវាយលុករបស់ខ្លួននៅភាគខាងជើង តំបន់ហ្កាហ្សា។អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ប្រព័ន្ធសុខាភិបាលនៅតំបន់ហ្កាហ្សា ស្ថិតក្នុងចំណុចបំបែក ខណៈប្រតិបត្តិការរបស់យោធាអ៊ីស្រាអែលនៅតែបន្តកាន់តែខ្លាំងឡើង ក្នុងពេលមានការជម្លៀសប្រជាជនទ្រង់ទ្រាយធំ និងកង្វះសម្ភារៈចាំបាច់ជាមូលដ្ឋាន។មន្ទីរពេទ្យធំៗចំនួនបួននៅតំបន់ហ្កាហ្សាត្រូវផ្អាកសេវាវេជ្ជសាស្រ្តកាលពីសប្តាហ៍មុន ហើយបេសកកម្មរបស់អង្គការសុខភាពពិភពលោកដែលប៉ុនប៉ងទៅដល់មន្ទីរពេទ្យ Al-Awda និងមន្ទីរពេទ្យឥណ្ឌូនេស៊ី ត្រូវបានរារាំង។អង្គការសុខភាពពិភពលោកនិយាយថា មានតែមន្ទីរពេទ្យចំនួន១៩កន្លែងប៉ុណ្ណោះក្នុងចំណោមមន្ទីរពេទ្យចំនួន៣៦កន្លែង ក្នុងតំបន់ហ្កាហ្សាស្ទ្រីប នៅតែដំណើរការ ខណៈយ៉ាងហោចណាស់៩៤% នៃមន្ទីរពេទ្យទាំងអស់ត្រូវបានខូចខាត ឬត្រូវបានបំផ្លាញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជូនដំណើរ រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន បំពេញទស្សនកិច្ច សហគមន៍កសិកម្មទំនើប
09/09/2025 09:09 PM
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដីរវាងប្រជាជននិងប្រជាជនទេ សូមមើលអោយទូលាយបន្តិច
09/09/2025 09:09 PM
កម្ពុជា នឹងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (13th AMMDM)
09/09/2025 08:09 PM
សេចក្តីព្រាងរបាយការណ៍ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គ្រោងដាក់ជូន ទីស្តីការគណៈរដ្ឋមន្ត្រី នាពេលឆាប់ខាងមុខ
09/09/2025 08:09 PM
ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវជនរួមជាតិ បន្តជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយរឿងព្រំដែន និងវីរកងទ័ព
09/09/2025 08:09 PM
រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្រ្តីរំលឹកដល់សហភាតរៈ កំពុងបម្រើសេវាសុខាភិបាល ក្នុងវិស័យឯកជន ឱ្យចូលរួមជាមួយសេវាសាធារណៈ ក្នុងការលើកកំពស់គុណភាពសេវាថែទាំ និងព្យាបាលឱ្យបានជាប្រយោជន៍ច្រើនបំផុតដល់ប្រជាជនកម្ពុជា
09/09/2025 08:09 PM
អេស្ប៉ាញដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល ២រូប
09/09/2025 08:09 PM
ប្រធានាធិបតី៖ រុស្សីកំពុងប្រឹងប្រែង «មានឥទ្ធិពល» លើម៉ុលដាវី អំឡុងការបោះឆ្នោតដ៏សំខាន់
09/09/2025 07:09 PM
អេត្យូពីបើកសម្ពោធន៍ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីធំបំផុតប្រចាំនៅអាហ្វ្រិក
09/09/2025 07:09 PM
ប្រជាពលរដ្ឋរត់គេចខ្លួនស៊ូដង់រៀបរាប់ពីការឡោមព័ទ្ធទីក្រុង al-Fashirពីសំណាក់កងកម្លាំង RSF
09/09/2025 07:09 PM