លោកTrump៖ លោកនឹងប្រើទ្រព្យសកម្មរបស់អ៊ីរ៉ង់ដែលត្រូវបញ្ចេញ ដើម្បីទិញផលិតផលកសិកម្មរបស់អាមេរិក
ព្យុះត្រូពិក Mekkhala កំពុងបង្កផលប៉ះពាល់នៅកោះតៃវ៉ាន់ និងជប៉ុន
មេដឹកនាំបេឡារុស Lukashenko ព្រមានអ៊ុយក្រែនកុំឱ្យអូសទាញប្រទេសលោកចូលក្នុងសង្គ្រាម
មេដឹកនាំកូរ៉េខាងជើង ត្រួតពិនិត្យការសាកល្បងអាវុធសំខាន់ដែលគេមើលឃើញថាផ្ដោតលើកូរ៉េខាងត្បូង

ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ បង្កើនក្តីសង្ឃឹមថា «សន្តិភាពនឹងត្រឡប់មកវិញ» នៅមជ្ឈិមបូព៌ា

2026/06/15 10:52:54 am        85
លោក Abas Aslani អ្នកវិភាគនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រមជ្ឈិមបូព៌ាក្នុងទីក្រុងតេអេរ៉ង់ បាននិយាយថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គឺជាឱកាសមួយដើម្បីដាក់មូលដ្ឋានសម្រាប់ការផ្សះផ្សារវាងភាគីទាំងពីរកាន់តែទូលំទូលាយ ដែលអាចផ្តល់ប្រយោជន៍ដល់តំបន់មជ្ឈិមបូព៌ាទាំងមូល។ លោក Aslani បានប្រាប់សារព័ត៌មាន Al Jazeera ថា «យើងបានឃើញការចាប់អារម្មណ៍ពីប្រទេសក្នុងតំបន់ចំពោះការធ្វើឲ្យ្រសើរទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ និងធ្វើការលើបញ្ហាទ្វេភាគី ព្រមទាំងបញ្ហាតំបន់ផងដែរ។ ដូច្នេះហើយបានជាប្រទេសទាំងពីរមានបំណងទុកមួយឡែកអ្វីដែលបានកើតឡើង ហើយគិតអំពីអនាគត»។ លោកបាននិយាយថា «ដោយមានអនុស្សរណៈនៃការយោគយល់ មានក្តីសង្ឃឹមថា សន្តិភាព នឹងវិលត្រឡប់មកវិញនៅក្នុងតំបន់»។ អ៊ីរ៉ង់ បានទទូចថា សន្តិភាពចាំបាច់ត្រូវរួមបញ្ចូលគ្រប់សមរភូមិទាំងអស់នៅក្នុងតំបន់ ហើយនេះក៏អាចត្រួសត្រាយផ្លូវសម្រាប់កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដោយទីក្រុងតេអេរ៉ង់ និងរដ្ឋធានីក្នុងតំបន់ផ្សេងទៀត ដើម្បីធ្វើការលើទំនាក់ទំនង និងធ្វើការឈានទៅរកតំបន់កាន់តែប្រសើរ ដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក អនុញ្ញាតឱ្យរឿងនេះកើតឡើង។

មេដឹកនាំពិភពលោកបញ្ចេញប្រតិកម្មចំពោះការប្រកាសអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក-អ៊ីរ៉ង់

2026/06/15 08:58:20 am        86
ក្រុមមន្ត្រីអាមេរិក និងអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យ១៤មិថុនា ចុងសប្ដាហ៍នេះថា ពួកគេបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមរបស់ខ្លួន បញ្ឈប់ការបិទផ្លូវទឹកកំពង់ផែអ៊ីរ៉ង់ពីសំណាក់អាមេរិក និងបើកច្រកសមុទ្រហ័រមូសឡើងវិញ ដែលអាចនាំឱ្យមានការធ្លាក់ចុះនៃតម្លៃថាមពល នៅពេលការដឹកជញ្ជូនប្រេងបន្តឡើងវិញតាមផ្លូវទឹកដ៏សំខាន់នេះ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ស្វាគមន៍ចំពោះការប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងសន្តិភាព ដោយផ្តល់នូវបទឈប់បាញ់ជាបន្ទាន់ និងអចិន្ត្រៃយ៍ ដែលនឹងបើកច្រកសមុទ្រហ័រមូសឡើងវិញ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ស្វាគមន៍កិច្ចព្រមព្រៀងនេះ ហើយអូស្ត្រាលីអំពាវនាវជាយូរមកហើយឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងបញ្ចប់ជម្លោះ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmerថ្លែងថាពួកលោកច្បាស់ណាស់ថា សេរីភាពនៃការធ្វើនាវាចរណ៍ដោយឥតគិតថ្លៃឥឡូវនេះត្រូវតែត្រូវបានស្តារឡើងវិញនៅច្រកសមុទ្រ Hormuz ហើយអ៊ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរឡើយ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងដែលសម្រេចបានរវាងអាមេរិក និងអ៊ីរ៉ង់ ថាជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលដៃគូជាច្រើនបានចូលរួមចំណែក។លោកអំពាវនាវឱ្យមានការអនុវត្តយ៉ាងឆាប់រហ័ស និងពេញលេញដោយប្រទេសមានជម្លោះទាំងអស់។ ចំណែកអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ និងអបអរសាទរប្រធានាធិបតី Trump និងភាគីអ៊ីរ៉ង់ចំពោះរបកគំហើញផ្នែកការទូតនេះ។ នេះអាចបើកផ្លូវឆ្ពោះទៅរកសេដ្ឋកិច្ចពិភពលោកដែលបានស្តារឡើងវិញ និងមជ្ឈិមបូព៌ាដែលមានសុវត្ថិភាពជាងមុន។ វាមានសារៈសំខាន់ណាស់ក្នុងការអនុវត្តដោយការតាំងចិត្ត។ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី ត្រៀមខ្លួនរួចជាស្រេចដើម្បីដកទណ្ឌកម្មអ៊ីរ៉ង់។ មេដឹកនាំអឺរ៉ុបចំនួន៤រួមទាំងអ៊ីតាលី បានចេញសេចក្ដីថ្លែងការរួមថា អ៊ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរឡើយ។ប្លុកនេះ ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយអាមេរិក អ៊ីរ៉ង់ និង IAEA ដើម្បីសម្រេចគោលដៅនេះ។ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi សង្ឃឹមយ៉ាងមុតមាំថា ការធ្វើនាវាចរណ៍ដោយសេរី និងសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងត្រូវបានធានាក្នុងការអនុវត្តជាក់ស្តែង។រីឯរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់លោក Winston Peters លើកឡើងថា កិច្ចព្រមព្រៀងដ៏សំខាន់ និងការស្ថាបនានេះជាជំហានមួយឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹង និងលើកកម្ពស់ស្ថិរភាពក្នុងតំបន់ដែលមានសារៈសំខាន់ចំពោះសន្តិសុខសេដ្ឋកិច្ចពិភពលោក៕

[UPDATE] ប៉ាគីស្ថាន៖ អាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ហើយការចុះហត្ថលេខាត្រូវធ្វើឡើងនៅថ្ងៃសុក្រ

2026/06/15 08:25:18 am        67
មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យ ១៤ មិថុនា ថា ពួកគេបានព្រមព្រៀងគ្នាលើក្របខ័ណ្ឌសន្តិភាពសម្រាប់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមរបស់ខ្លួន បញ្ឈប់ការបិទផ្លូវទឹកកំពង់ផែរបស់អ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមេរិក និងបើកច្រកសមុទ្រហ័រមូសឡើងវិញ ដែលអាចនាំឱ្យតម្លៃថាមពលធ្លាក់ចុះ នៅពេលការដឹកជញ្ជូនប្រេងបន្តឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះ។ លោក Trump បានសរសេរលើបណ្ដាញសង្គម Truth Social របស់លោកនៅម៉ោងប្រហែល ៥:៣០នាទី ល្ងាច ម៉ោងក្នុងស្រុកនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឥឡូវនេះបានបញ្ចប់ហើយ មិនយូរប៉ុន្មានបន្ទាប់ពីនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif ដែលប្រទេសរបស់លោកបានដើរតួនាទីជាអ្នកសម្របសម្រួល បានប្រកាសថាកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចនៅព្រឹកថ្ងៃចន្ទ១៥មិថុនានេះ ម៉ោងក្នុងស្រុក។ លោក Sharif បានសរសេរថា សន្ធិសញ្ញានេះនឹងត្រូវចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រ ១៩មិថុនាសប្ដាហ៍នេះ នៅប្រទេសស្វីស។ លក្ខខណ្ឌពិតប្រាកដនៃកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានគេដឹងភ្លាមៗនោះទេ។ លោក Sharif បាននិយាយនៅក្នុងការបង្ហោះមួយលើបណ្ដាញសង្គម X ថា សន្ធិសញ្ញានេះបានអំពាវនាវឱ្យមានការបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍លើគ្រប់សមរភូមិ រួមទាំងនៅលីបង់ផងដែរ។ លោក Trump បាននិយាយថា ច្រកសមុទ្រហ័រមូស ជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ថាមពលសកល ដែលអ៊ីរ៉ង់បានបិទអស់រយៈពេលជាច្រើនខែ នឹងបើកនៅថ្ងៃសុក្រ ហើយថាលោកបានបញ្ជាឱ្យបញ្ចប់ការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមេរិក។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយថា កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយនឹងត្រូវបានចរចាក្នុងអំឡុងពេលឈប់បាញ់រយៈពេល៦០ ថ្ងៃ រួមទាំងការបន្ធូរបន្ថយទណ្ឌកម្មផងដែរ។ ប្រភពព័ត៌មានជាច្រើនធ្លាប់បានប្រាប់សារព័ត៌មាន Reuter ថា ជោគវាសនានៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក៏នឹងត្រូវលើកយកទៅពិភាក្សានៅក្នុងកិច្ចពិភាក្សានៅពេលក្រោយផងដែរ៕ 

អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា

2026/06/14 02:47:13 pm        57
សារព័ត៌មានរដ្ឋអ៊ីរ៉ងរាយការណ៍ថា បុណ្យសពសម្រាប់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei នឹងចាប់ផ្តើមក្នុងទីក្រុងតេអេរ៉ង់ នៅថ្ងៃទី ៤ ខែកក្កដា ហើយនិងបញ្ចប់ទៅជាមួយការបញ្ចុះសពក្នុងទីក្រុងភាគឦសាន Mashhad នៅថ្ងៃទី ៩ ខែកក្កដា ។គួរឲ្យដឹងថា លោក Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីខែកុម្ភៈ ។ ការស្លាប់របស់លោក បានក្លាយជាការបញ្ចប់រយៈពេលជាង ៣ទសវត្សរ៍ នៃរបបគ្រប់គ្រងដោយសាធារណរដ្ឋអ៊ិស្លាម ។សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនិយាយថា ការវាយប្រហារតាមច្រកអាកាសបានសម្លាប់លោក Khamenei នៅក្នុងយុទ្ធានការយោធា ដើម្បីផ្តួលរំលំរដ្ឋាភិបាលសាធារណរដ្ឋអ៊ិស្លាម ។បន្ទាប់ពីការស្លាប់របស់លោក អ៊ីរ៉ង់បានតែងតាំងលោក Mojtaba Khamenei ដើម្បីបន្តវេនពីឪពុកស្លាប់របស់លោកជាមេដឹកនាំកំពូលរបស់ប្រទេសមួយនេះ ។ដោយឡែក រឿងរ៉ាវលម្អិតពាក់ព័ន្ធនឹងពិធីបុណ្យសពរបស់លោក Khamenei នឹងត្រូវប្រកាសតាមពេលកំណត់ ៕

ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល

2026/06/14 12:57:50 pm        89
ការខូចខាតទ្រង់ទ្រាយធំ ត្រូវបានគេមើលឃើញនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ បន្ទាប់ពីការវាយប្រហារកាលពីពេលកន្លងទៅរបស់អ៊ីស្រាអែល ។លីបង់ បានរាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេស បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានចេញការព្រមានឲ្យជម្លៀសចេញ សម្រាប់ទីតាំងចំនួន ២០ ក្នុងនោះរួមមានទាំងនៅទីក្រុង Nabatieh ផងដែរ មុនពេលការវាយឆ្មក់កើតឡើង ។ ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា ប្រតិបត្តិការតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារតំបន់ជាច្រើនដែលមាននៅក្នុងការព្រមាន ក្នុងនោះរួមមានទាំងនៅភូមិ Rihan និងភូមិ Sujud ដែលមានទីតាំងនៅមិនឆ្ងាយពីទីក្រុង Nabatieh ។ការព្រមានរបស់កងទ័ពអ៊ីស្រាអែល បានជំរុញឲ្យប្រជាជនជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់ ហើយផ្លាស់ទៅភាគខាងជើងនៃទន្លេ Zahrani ។ កាលពីខែឧសភា កងទ័ពអ៊ីស្រាអែល បានប្រកាសតំបន់ទាំងអស់នៅភាគខាងត្បូងនៃទន្លេនេះថា ជាតំបន់ប្រយុទ្ធ ហើយចាប់តាំងពីពេលនោះមក ពួកគេបានបើកការវាយប្រហារលើតំបន់នោះ ។ សូមបញ្ជាក់ថា ប្រទេសលីបង់ ត្រូវបានអូសទាញឲ្យធ្លាក់ផុងក្នុងសង្រ្គាមអ៊ីរ៉ង់កាលពីថ្ងៃទី ២ ខែមីនា ពេលដែលក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើអ៊ីស្រាអែល ដើម្បីបង្ហាញសាមគ្គីភាពជាមួយទីក្រុងតេអេរ៉ង់ ជាហេតុនាំឲ្យមានការវាយប្រហារតាមច្រកអាកាស និងយុទ្ធនាការជើងគោករបស់អ៊ីស្រាអែល ៕

អ៊ីស្រាអែលសម្លាប់មនុស្ស ៣នាក់នៅហ្កាហ្សា ធ្វើឲ្យចំនួនមនុស្សស្លាប់ក្រោយបទឈប់បាញ់កើនឡើងដល់ ៩៨៣នាក់

2026/06/14 12:41:47 pm        95
ជនប៉ាឡេស្ទីនយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ស្របពេលចំនួនមនុស្សស្លាប់ក្រោយបទឈប់បាញ់នៅក្នុងដែនដីបិទច្រកមួយនេះ កើនឡើងដល់ ៩៨៣នាក់ ។យោងតាមប្រភពវេជ្ជសាស្រ្តបានឲ្យដឹងថា ជនប៉ាឡេស្ទីន ២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើសង្កាត់ al-Amal ស្ថិតក្នុងទីក្រុងភាគខាងត្បូង Khan Younis កាលពីថ្ងៃសៅរ៍ ។ មនុស្សរងរបួសជាច្រើននាក់ រួមទាំងកុមារម្នាក់ផងដែរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Nasser ។ទីភ្នាក់ងារព័ត៌មាន Wafa រាយការណ៍ថា កាលពីព្រឹកថ្ងៃសៅរ៍ ការវាយប្រហារយានដ្រូនអ៊ីស្រាអែលលើជំរំជនភៀសខ្លួន Bureij ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សា បានសម្លាប់មនុស្សម្នាក់ និងមនុស្ស ២នាក់ផ្សេងទៀត រងរបួស ។កាសែត Al Jazeera រាយការណ៍ដោយលើកពីប្រភពរបស់ក្រុមអឌ្ឍក្រហមប៉ាឡេស្ទីនថា កន្លែងផ្សេងទៀតនៅភាគកណ្តាលតំបន់ហ្កាហ្សាដែរនោះ ជនប៉ាឡេស្ទីន ៤នាក់ បានរងរបួស ដោយសារការបាញ់ប្រហាររបស់ទាហានអ៊ីស្រាអែល ក្នុងតំបន់ Yarmou ៕

កងទ័ពអាកាស ៥នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធានៅរដ្ឋ Assam ប្រទេសឥណ្ឌា

2026/06/14 12:39:38 pm        86
កងទ័ពអាកាសឥណ្ឌា និយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា កងទ័ពអាកាសយ៉ាងហោច ៥នាក់ បានស្លាប់ ក្រោយយន្តហោះដឹកជញ្ជូនយោធា AN-32 បានធ្លាក់នៅរដ្ឋភាគឦសាន Assam ប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ ។សេចក្តីថ្លែងកាណ៍នោះបន្តថា ឧបទ្ទេវហេតុធ្លាក់យន្តហោះនេះ បានកើតឡើង អំឡុងពេលចុះបេសកកម្មដឹកជញ្ជូនតាមធម្មតា ។ ក្រុមជួយសង្រ្គោះ ត្រូវបានគេមើលឃើញកំពុងយកសាកសពចេញពីកន្លែងយន្តហោះធ្លាក់ ។រដ្ឋមន្រ្តីការពារជាតិឥណ្ឌាលោក Minister Rajnath Singh និយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា ពួកយើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់អាយុជីវិតកងទ័ពជើងទឹក ៥នាក់ នៅក្នុងឧបទ្ទេវហេតុធ្លាក់យន្តហោះយោធា An-32 នៅទីក្រុង Jorhat ស្ថិតក្នុងរដ្ឋ Assam ៕

UN៖ ការផ្តោតសំខាន់គឺបញ្ចប់សង្រ្គាមអ៊ុយក្រែន មិនមែនវិធីដែលសង្រ្គាមចាប់ផ្តើមនោះទេ

2026/06/14 12:37:24 pm        75
អង្គការសហប្រជាជាតិ(UN) និយាយថា ការផ្តោតសំខាន់របស់ខ្លួន គឺលើការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន តាមវិធីប្រកបដោយចីរភាពដែលគោរពបូរណភាពទឹកដីរបស់អ៊ុយក្រែន ជាជាងជជែកដេញដោលពីវិធីដែលជម្លោះចាប់ផ្តើម ។នៅពេលសួរពីការលើកឡើងថ្មីរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា អង្គការណាតូជាអ្នកបង្កសង្រ្គាម ហើយរុស្ស៊ីពុំបានចាប់ផ្តើមអរិភាពជាមួយនឹងប្រតិបត្តិការសឹកពិសេសរបស់ខ្លួននោះ អ្នកនាំពាក្យ UN លោក Stephane Dujarric និយាយថា អាទិភាពកំពូលរបស់ UN គឺធានាបានការបញ្ចប់សង្រ្គាមដែលប្រកបដោយនិរន្តរភាព ការទទួលស្គាល់បូរណភាពទឹកដីអ៊ុយក្រែន ហើយនិងអនុវត្តតាមសេចក្តីសម្រេចរបស់មហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខ UN ។លោក Dujarric បានលើកឡើងផងដែរពីបេសកកម្មតាមដានក្រុមសិទ្ធិមនុស្ស UN នៅអ៊ុយក្រែន ដែលបាននិយាយថា អំពើហិង្សាពាក់ព័ន្ធនឹងជម្លោះនៅក្នុងខែឧសភា បានសម្លាប់ជនស៊ីវិលយ៉ាងហោច ២៧៤នាក់ និងមនុស្ស ១.៧៦៣នាក់ផ្សេងទៀត រងរបួស ដែលជាចំនួនគ្រោះថ្នាក់ដល់ជនស៊ីវិលប្រចាំខែខ្ពស់បំផុត ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ ។ក្រុមបេសកកម្មនេះ អះអាងថា ការប្រើប្រាស់អាវុធដ៏មានឥទ្ធិពលខ្លាំងរបស់រុស្ស៊ី នៅតាមតំបន់ជាយក្រុង គឺជាហេតុផលសំខាន់ ៕

សន្ទុះថ្មីមានសម្រាប់មាគ៌ាអ៊ុយក្រែនឆ្ពោះទៅរកសមាជិកភាព EU

2026/06/14 12:35:12 pm        61
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា មាននូវសន្ទុះថ្មីសម្រាប់មាគ៌ាប្រទេសរបស់លោកឆ្ពោះទៅរកសមាជិកភាពសហភាពអឺរ៉ុប(EU) ។ថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូនៅពេលល្ងាច លោក Zelenskiy និយាយថា សន្ទុះនេះ កើតចេញពីការបញ្ជាក់អះអាងរបស់ EU ថាពួកគេត្រៀមខ្លួនរួចរាល់ ក្នុងការបើកជុំចរចាចូលជាសមាជិកលើកដំបូង ។លោកបន្តថា សង្រ្គាមកំពុងបន្តជាមួយរុស្ស៊ី បានឆ្លុះបញ្ចាំងពីការពឹងផ្អែកគ្នាទៅវិញទៅមករបស់អ៊ុយក្រែន និងអឺរ៉ុប ។លោក Zelenskiy និយាយទៀតថា ដោយសារចេតនាយូរអង្វែងរបស់រុស្ស៊ី និងការពិតថាមូលដ្ឋានទ័ពរុស្ស៊ីបច្ចុប្បន្ន ត្រូវបានសាងសង់នៅជិតអ៊ឺរ៉ុប សូម្បីនៅតាមទីកន្លែងដែលគ្មានមូលដ្ឋានយោធាសោះ អំឡុងសម័យសហភាពសូវៀត នេះបញ្ជាក់យ៉ាងច្បាស់ថា បើគ្មានអ៊ុយក្រែនទេនោះ គ្មានសមត្ថភាព និងបទពិសោធន៍របស់ពួកយើងទេនោះ អឺរ៉ុបអាចប្រឈមនឹងផលលំបាកធំ ៕

លោក Putinនិយាយពីការវាយប្រហាររបស់អ៊ុយក្រែនថា សត្រូវមិនអាចទប់ទល់ការវាយលុករបស់រុស្ស៊ីបានទេ

2026/06/14 12:17:58 pm        73
អំឡុងជំនួបស្តីពីតំបន់អ៊ុយក្រែនកាន់កាប់ដោយរុស្ស៊ីកាលពីថ្ងៃសៅរ៍ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយថា អ៊ុយក្រែន មិនអាចទប់ទល់ជាមួយការវាយលុករបស់រុស្ស៊ីបាននោះទេ ហើយពួកគេកំពុងងាកទៅរកវិធីសាស្រ្តភេរវកម្មដោយបើកចំហរ ។លោក Putin និយាយថា សត្រូវមិនអាចទប់ទល់ជាមួយការវាយប្រហារនេះបានទេ ។ ពួកគេងាកទៅរកការវាយប្រហារលើទីតាំង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងការដឹកជញ្ជូនអ្នកដំណើរផងដែរ ។លោកន្តថា ការរុលចូលរបស់រុស្ស៊ី កំពុងធ្វើឡើងគ្រប់ទិសតំបន់ ហើយគ្មានការផ្លោងគ្រាប់កាំភ្លើង ឬការវាយប្រហារយានដ្រូនណា អាចផ្លាស់ប្តូរស្ថានភាពបានឡើយ ។គួរឲ្យដឹងថា កាលពីព្រឹកថ្ងៃសុក្រកន្លងទៅ រុស្ស៊ី និងអ៊ុយក្រែន បានបើកការវាយប្រហារយានដ្រូនលើគ្នាទៅវិញទៅមក ក្នុងនោះអ៊ុយក្រែន បានវាយប្រហាររោងចក្រចម្រាញ់ប្រេង និងរោងចក្រគីមីឥន្ធនៈ ខណៈរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើង និងស្ថានីយអគ្គិសនី ។ការវាយប្រហារនេះដែរ បានកើតមានឡើង បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈទីក្រុងគីវ បង្កើនការវាយប្រហារយានដ្រូនរយៈចម្ងាយឆ្ងាយរបស់ពួកគេលើទីតាំងប្រេងរបស់រុស្ស៊ី បណ្តាលឲ្យជួបកង្វះខាតប្រេងនៅតំបន់គ្រីមៀ និងតំបន់ផ្សេងៗជាច្រើនទៀតរបស់រុស្ស៊ី ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកTrump៖ លោកនឹងប្រើទ្រព្យសកម្មរបស់អ៊ីរ៉ង់ដែលត្រូវបញ្ចេញ ដើម្បីទិញផលិតផលកសិកម្មរបស់អាមេរិក
06/26/2026 12:06 PM
បាល់ទាត់ពិភពលោក ២០២៦៖ ពូល F ហូឡង់លេខមួយ ខណៈជប៉ុន និងស៊ុយអែតឡើងវគ្គ ៣២ ក្រុម
06/26/2026 12:06 PM
ព្យុះត្រូពិក Mekkhala កំពុងបង្កផលប៉ះពាល់នៅកោះតៃវ៉ាន់ និងជប៉ុន
06/26/2026 12:06 PM
មេដឹកនាំបេឡារុស Lukashenko ព្រមានអ៊ុយក្រែនកុំឱ្យអូសទាញប្រទេសលោកចូលក្នុងសង្គ្រាម
06/26/2026 11:06 AM
សម្ដេចតេជោ ហ៊ុន សែន ជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន
06/26/2026 11:06 AM
បាល់ទាត់ពិភពលោក ២០២៦៖ បញ្ចប់ការប្រកួតពូល E បីក្រុមឡើងវគ្គ ៣២ ក្រុម
06/26/2026 11:06 AM
ភ្នំពេញក្រោន បន្ដឈ្នះសៀមរាប ត្រឹម ១-០ ខណៈស្វាយរៀង ឡើងឈរលេខ៣ នៃលីគនារី សប្ដាហ៍ទី១០
06/26/2026 11:06 AM
ហាង Randy's Donuts បង្កើតនំដូណាត់ពិសេស អបអរបាល់ទាត់ពិភពលោក​ទាក់ទាញ​អ្នកគាំទ្រ​បាល់ទាត់​នៅ Los Angeles
06/26/2026 11:06 AM
អគ្គលេខាធិការ គ.ល.ក. ប្តេជ្ញាចិត្តរឹតបណ្តឹងមិនឱ្យមាន Online Scams នៅតាមកាស៊ីណូឡើយ
06/26/2026 11:06 AM
រដ្ឋមន្រ្ដីក្រសួងការងារ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស
06/26/2026 10:06 AM