អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា

ព័ត៌មានអន្តរជាតិ

គ្រួសារលីបង់បង្ខំចិត្តជម្លៀសខ្លួនម្តងហើយម្តងទៀតដោយសារការវាយប្រហាររបស់អ៊ីស្រាអែល

2026/06/11 08:18:26 pm        35
ពេលដែលសង្រ្គាមផ្ទុះឡើងម្តងទៀត រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាកាលពីដើមខែមីនា ក្មេងស្រី Salma Safadi វ័យ ១៣ឆ្នាំ បានជម្លៀសខ្លួនម្តងជាមួយគ្រួសាររបស់នាង ។គ្រួសាររបស់នាង បានរត់ភៀសខ្លួនចេញពីផ្ទះរបស់ខ្លួននៅសង្កាត់គ្រិស្ត ស្ថិតក្នុងទីក្រុង Tyre ស្របពេលការវាយប្រហារលើតំបន់ភាគខាងត្បូងប្រទេសលីបង់ ។ ពួកគេបានវិលត្រឡប់ទៅរកខ្សែជីវិតដែលពុំធ្លាប់ជួប ហើយនិងស្វែកកន្លែងជ្រកកោននៅទីសក្ការៈបូជាមួយកន្លែងដែលគ្រប់គ្រងដោយព្រះវិហារ ស្ថិតនៅតំបន់ជួរភ្នំលីបង់ ។ក្មេងស្រី Safadi និយាយថា លើកដំបូងដែលពួកយើងមកទីនេះ វាពិបាកបន្តិចហើយ ពីព្រោះថា អ្នកដាក់តាមខ្សែជីវិតរបស់អ្នកនូវសំពាយកម្មដ៏ធំមួយ ។ ក្រោយបទឈប់បាញ់ត្រូវបានប្រកាសកាលពីពាក់កណ្តាលខែមេសា ពួកគេបានវិលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែការវាយប្រហារពុំបានឈប់នោះឡើយ ហើយរយៈពេលប៉ុន្មានសប្តាហ៍ក្រោយមក ពួកគេបង្ខំចិត្តជម្លៀសខ្លួនម្តងទៀត ហើយនៅក្នុងសប្តាហ៍នេះ យោធាអ៊ីស្រាអែល បានចេញបញ្ជាឲ្យជម្លៀសទៀត សម្រាប់ទីក្រុង Tyre រួមទាំងនៅសង្កាត់គ្រិស្តផងដែរ មុនលទ្ធភាពនៃការវាយប្រហារ ។ក្មេងស្រី Safadi និយាយទៀតថា អ្នកមិនអាចពន្យល់ពីអារម្មណ៍មួយនេះបានទេ ពីព្រោះថា អ្នកលែងបានឃើញផ្ទះរបស់អ្នកទៀតហើយៗអ្នកក៏លែងបានឃើញព្រះវិហាររបស់អ្នកទៀតនោះដែរ ។ក្រុមអាជ្ញាធរនិយាយថា មនុស្សប្រហែល ១,២លាននាក់ បានជម្លៀសខ្លួនចេញពីតំបន់ភាគខាងត្បូងលីបង់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងវិញរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ៕

រដ្ឋមន្រ្តីអង់គ្លេសនិយាយថា ព័ត៌មានសង្គមបង្កឲ្យមានអំពើហិង្សានៅអៀរឡង់ខាងជើង

2026/06/11 08:17:54 pm        23
លោក Hilary Benn គឺជារដ្ឋមន្រ្តីអង់គ្លេសនៅអៀរឡង់ខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់មនុស្សនៅតាមប្រព័ន្ធនិម្មិតថា ព្យាយាមញុះញង់ឲ្យមានភាពឥតសណ្តាប់ធ្លាប់នៅទីក្រុង Belfast ក្រោយរយៈពេល ២ថ្ងៃនៃភាពរំជើបរំជួលនៅក្នុងទីក្រុងមួយនេះ បន្ទាប់ការវាយប្រហារដោយកំាបិត ។លោកថា ក្រុមហ៊ុនព័ត៌មានសង្គម ត្រូវទទួលខុសត្រូវចំពោះការដោះស្រាយខ្លឹមសារខុសច្បាប់ដែលបានសាយភាយនៅលើប្រព័ន្ធនិម្មិត ហើយរដ្ឋាភិបាលអង់គ្លេស នឹងចាត់កម្លាំងថ្មី ដើម្បីបង្ខំឲ្យវេទិកាទាំងនេះ ដកចេញព័ត៌មានបែបញុះញង់ ។លោក Benn និយាយថា កាលពីយប់ថ្ងៃពុធ ភាពឥតសណ្តាប់ធ្លាប់មានតិចតួចជាងកាលពីយប់ថ្ងៃអង្គារ ពេលដែលក្រុមកុបករនាំគ្នាដុតផ្ទះសម្បែង និងរថយន្ត មានគោលដៅលើជនជាតិភាគតិច បន្ទាប់ពីការវាយប្រហារដោយកំាបិតបង្កឡើងដោយបុរសជនជាតិស៊ូដង់ម្នាក់ ។ដោយឡែក នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer បានចាត់ទុកការវាយប្រហារនេះថា ជារឿងគួរឲ្យស្អប់ខ្ពើមបំផុត ។ឧបទ្ទេវហេតុនេះដែរ ដែលបច្ចុប្បន្នពុំត្រូវបានចាត់ទុកថាជាអំពើភេវកម្មនោះ បានកើតមាន ចំពេលមានការជជែកដេញដោលដ៏តានតឹងជុំវិញបញ្ហាអន្តោប្រវេសន៍នៅអង់គ្លេស ៕

ទីក្រុង​ញូវដេលី ដាក់​ការតវ៉ា​ជាមួយ​អាមេរិក ក្រោយការ​វាយប្រហារលើ​នាវាមាន​​ជនជាតិឥណ្ឌា នៅសមុទ្រអូម៉ង់

2026/06/11 08:17:22 pm        38
មន្ត្រីមួយ​រូប​ នៅទីក្រុងញូវដេលី បានប្រាប់​នៅ​ថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា​ ឆ្នាំ២០២៦)​ នេះថា កងទ័ពជើងទឹកអាមេរិក បានបើកការវាយប្រហារលើនាវាចំនួន ៣គ្រឿង ដែលមាន​ជនជាតិឥណ្ឌានៅលើ​នោះ​ នៅម្ដុំឆ្នេរ​​សមុទ្រអូម៉ង់។ ហើយ​យ៉ាងហោចណាស់ជនជាតិឥណ្ឌា ៣នាក់ បានបាត់បង់ជីវិត​ ក្នុងឧប្បត្តិហេតុបែបនេះ នៅ​មួយ​ថ្ងៃមុននោះ​។ ប្រទេស​ឥណ្ឌាបាន​ឲ្យដឹង​ថា ខ្លួន​បាន​ដាក់ការ​​តវ៉ា​ជាមួយ​សហរដ្ឋ​អាមេរិក ជុំវិញ​ហេតុ​ការណ៍​នេះ​។​អ្នកនាំពាក្យក្រសួងការបរទេស លោក Randhir Jaiswal បាននិយាយថា៖ «ការវាយប្រហារទាំងនេះ បានចេញ​មកពីកងទ័ពជើងទឹកអាមេរិកដែលឈរជើងនៅក្នុងតំបន់នេះ​ ដូច​ដែល​បានបង្ហាញ​នៅក្នុងរបាយការណ៍ផ្សេងៗ និងដូចដែលបានបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍ដែលធ្វើឡើងពីវេទិកានេះ។ នាវាទាំង ៣គ្រឿង​ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុទាំងនេះ គឺជានាវាដែលមានទង់ជាតិបរទេស»។នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ​ ប្រទេសឥណ្ឌាបានរាយការណ៍ពីឧប្បត្តិហេតុចុងក្រោយបង្អស់​ដែលពាក់ព័ន្ធនឹងនាវា MT Jalveer នៅឯសមុទ្រអូម៉ង់ ដែលមាន​នាវិកឥណ្ឌា ២០នាក់​ ហើយត្រូវបានគេរាយការណ៍ថា មានសុវត្ថិភាព។លោក Jaiswal បាននិយាយអំពីនាវាទាំង ៣គ្រឿង​នោះ​ ដែល​ ២គ្រឿងមានទង់ជាតិប្រទេស​ប៉ាឡូ (Palau) ខណៈដែលនាវាទី៣ ដែលត្រូវបានវាយប្រហារនៅថ្ងៃព្រហស្បតិ៍នេះ​ មានទង់ជាតិហ្គីណេ (Guinea)។ លោកបានបញ្ជាក់​ថា «នាវា​ទាំង​នោះមិនមែនជាកម្មសិទ្ធិរបស់ជន​ជាតិ​ឥណ្ឌាទេ»។លោក Jaiswal បានបន្ថែម​ថា ទីក្រុងញូវដេលីបានដាក់ការ​តវ៉ា «យ៉ាងខ្លាំង» ជាផ្លូវ​ការ​ ជាមួយភាគីអាមេរិក ជុំវិញ​គ្រោះថ្នាក់នេះ ដែលបានសម្លាប់ជនជាតិអាមេរិក ៣នាក់ ខណៈដែលមនុស្ស ២១នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ៕

ប្រជាពលរដ្ឋរងផលប៉ះពាល់ ក្រោយព្យុះភ្លៀងវាយប្រហារប្រទេសស្លូវេនី

2026/06/11 07:35:30 pm        55
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Komenda របស់ប្រទេសស្លូវេនី រងផលប៉ះពាល់ ដោយសារព្យុះភ្លៀងបោកបក់ឆ្លងកាត់នៅថ្ងៃព្រហស្បតិ៍នេះ ។ កម្ទេចកម្ទីដំបូលផ្ទះ បានរាយប៉ាយពាសពេញដី ហើយដើមឈើ ត្រូវបានខ្យល់ព្យុះបោកបក់រំលើងគល់ បន្ទាប់ពីភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង បានកាត់ប្រទេសមួយនេះ ។ក្រុមអ្នកស្រុកនិយាយថា មេឃងងឹតដូចថ្ងៃវិនាស ហើយពួកយើងទាំងអស់គ្នា បានឮសំឡេងខ្យល់បក់ខ្លាំងណាស់ ។លោក Roman Grosel គឺជាពលរដ្ឋមួយរូបនិយាយថា លោកមើលមិនឃើញអ្វីនោះទេ លោកមើលតាមបង្អួច ពេលដែលមេឃប្រែជាងងឹត ។លោកបន្តថា ខ្យល់កាន់តែបោកបក់ខ្លាំងៗឡើង ហើយលោកមើលមិនឃើញដើមឈើនោះទេ ដោយសារវាពិតជាងងឹតខ្លាំងណាស់ ហើយអ្វីដែលគាត់ឮ គឺជាសំឡេងខ្យល់ព្យុះដ៏ខ្លាំងក្លាមួយ ។ព្យុះនេះដែរ បានកើតមានឡើង ក្រោយមានខែឧសភាក្តៅបំផុតលំដាប់ទី ២ ចាប់តាំងពីកំណត់ត្រាចាប់ផ្តើម ក្នុងនោះបម្រែបម្រួលអាកាសធាតុ និងបាតុភូតធម្មជាតិអែល នីញ៉ូ បានរួមចំណែកខ្លាំង បង្កឲ្យមានអាកាសធាតុអាក្រក់បែបនេះ ៕

ចិនចូលរួមកិច្ចពិភាក្សា​សេដ្ឋ​កិច្ច​​តាមវីដេអូ​ដឹកនាំដោយលោក Macron មុនកិច្ចប្រជុំកំពូល G7 នៅបារាំង

2026/06/11 07:32:00 pm        29
ឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guoqing នឹងចូលរួមសន្និសីទតាម​វីដេអូ ដែលរៀបចំដោយប្រធានាធិបតីបារាំង លោក​ Emmanuel Macron ស្តីពីអតុល្យភាពសេដ្ឋកិច្ចពិភពលោក នៅ​ថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) នេះ​ ដោយ​ការពិភាក្សា​នេះ​កើត​ឡើង​ប៉ុន្មានថ្ងៃ មុនបណ្ដា​ប្រទេសមាន​ឧស្សាហកម្ម​លូត​លាស់​ទាំង​៧ (G7) ជួបប្រជុំ​គ្នា នៅប្រទេសបារាំង ដើម្បីពិភាក្សាអំពីវិធី​ដោះស្រាយ​លំហូនាំចេញពី​ចិននូវទំនិញ​តម្លៃទាបចូលទៅក្នុងទីផ្សាររបស់ពួកគេ។លោក Macron ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្រុមប្រទេស​ទាំង ៧ នៅតំបន់​ Evian-les-Bains នាសប្តាហ៍ក្រោយ បានព្យាយាមពាក់​ព័ន្ធ​ជាមួយទីក្រុងប៉េកាំង ដែល​ជា​ការប៉ុនប៉ងចុងក្រោយ លើវិធីសាស្រ្តសហប្រតិបត្តិការ មុនពេលសហភាពអឺរ៉ុប (EU) សម្រេចថា តើត្រូវពង្រឹងគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួន ចំពោះប្រទេសចិនដែរ ឬយ៉ាង​ណា។ នេះបើយោងតាមការ​ឲ្យដឹង​ពី​មន្ត្រីបារាំង។ មេដឹកនាំ EU ជួបប្រជុំ​គ្នាភ្លាមៗ បន្ទាប់ពីកិច្ច​ប្រជុំ​ G7 នា​ថ្ងៃទី ១៥-១៧ ខែមិថុនា ដោយប្រទេសចិន ត្រូវបានកំណត់ជា​ប្រធានបទ​ធំមួយ​ នៅក្នុងរបៀបវារៈ។ការរួម​បញ្ចូលវត្តមាន​របស់លោក Zhang នៅ​ក្នុងសន្និសីទអន​ឡាញ​ ដែលមាន​ឈ្មោះ​ថា «Global Convergence for Growth» (ការបង្រួបបង្រួមសកល សម្រាប់កំណើន) ដែលត្រូវបានប្រកាសដោយអ្នកនាំពាក្យក្រសួងការបរទេសចិន គឺជាករណី​ដ៏​កម្រ​របស់​ប្រទេសចិន ក្នុង​ការ​ចូលរួមជាមួយ G7 ដែលរួមមានបារាំង អង់គ្លេស កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមជាមួយ EU ផង​ដែរ​។ទីក្រុងប៉េកាំងបានរិះគន់ក្រុមនេះជាយូរមកហើយថា មិនមាន​ភាព​ស្របច្បាប់ ក្នុង​ការពិភាក្សា អំពីកិច្ចការពិភពលោក និងមិនតំណាងឲ្យ​សណ្តាប់ធ្នាប់ពិភពលោកឡើយ​៕

រដ្ឋមន្រ្តីការពារជាតិអង់គ្លេសលោក Keir Starmer លាលែងពីតំណែង ជុំវិញបញ្ហាចំណាយការពារជាតិ

2026/06/11 07:28:36 pm        47
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការពារជាតិអង់គ្លេសលោក John Healey លាលែងចេញពីតំណែង ក្នុងជម្លោះការចំណាយយោធា ដោយរូបលោកចោទប្រកាន់លោកនាយករដ្ឋមន្រ្តី Keir Starmerថា ពុំបានប្តេជ្ញាចិត្តចំពោះធនធានរបស់រដ្ឋាភិបាល ដែលត្រូវការ ដើម្បីការពារប្រទេស ក្នុងពេលមានការគំរាមកំហែងកើនឡើង ។ការលាលែងពីតំណែងមិននឹកស្មានដល់ អមដោយលិខិតសាធារណៈដ៏គួរឲ្យស្អប់ខ្ពើមនេះដែរ នឹងដាក់សម្ពាធលើលោក Starmer ពេលដែលលោកប្រឈមនឹងការងារលំបាកនៅថ្នាក់ដឹកនាំរបស់លោក ថាតើរូបលោកអាចបង្កើនការចំណាយលើវិស័យការពារជាតិបានយ៉ាងដូចម្តេច នៅពេលដែលគ្មានបា្រក់គ្រប់គ្រាន់ទេនោះ ។ក្រសួងការពារជាតិ និងក្រសួងហិរញ្ញវត្ថុអង់គ្លេស បានជាប់ផុងក្នុងកិច្ចប្រជុំអស់រយៈពេលជាច្រើនខែមកហើយ លើវិធីឈានដល់តម្រូវការកើនឡើង ដើម្បីបង្កើនការចំណាយយោធា និងការពន្យាពេលផែនការវិនិយោគការពារជាតិរបស់អង់គ្លេស ។ក្រុមមេដឹកនាំយោធាមួយចំនួន បានធ្វើការសង្កត់ធ្ងន់ថា ផែនការនេះ ត្រូវឈានឲ្យដល់កម្រិតនៃការគំរាមកំហែងកើនឡើង ក្នុងពេលមានការឈ្លានពានញឹកញាប់របស់រុស្ស៊ីចូលទៅក្នុងដែនទឹកអង់គ្លេស ប៉ុន្តែរដ្ឋាភិបាលពិបាកកាត់បន្ថយបំណុលរួចទៅហើយ ខណៈបន្ទុកពន្ធ ស្ថិតក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ៕

រុស្ស៊ីបញ្ជាក់​ថា ឯកអគ្គរដ្ឋទូតបារាំង អាល្លឺម៉ង់ និងអង់គ្លេស ចូលរួមកិច្ចប្រជុំ នៅក្រសួងការបរទេស

2026/06/11 07:20:54 pm        40
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលមិនបានផ្តល់ហេតុផល ឬព័ត៌មានលម្អិតបន្ថែមណាមួយ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹង​ថា​ ឯកអគ្គរដ្ឋទូតនៃប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស បានធ្វើ​ដំណើរ​ទៅ​ដល់​ហើយ ដើម្បី​ចូល​រួម​កិច្ចប្រជុំ នៅក្រសួងនេះ​ នា​ថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ​២០២៦) នេះ។ក្រសួងបានចេញផ្សាយវីដេអូរបស់អ្នកការទូតទាំង ៣នាក់ ដែលបាន​ទៅ​ដល់ និងចូលទៅក្នុងអគារ នៅកណ្តាលទីក្រុងមូស្គូ។ មេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស ដែលដឹកនាំសម្ព័ន្ធភាពសន្តិសុខក្រៅផ្លូវការមួយឈ្មោះ​ E3 ដែលជាប្រភពគាំទ្រអន្តរជាតិដ៏សំខាន់មួយរបស់អ៊ុយក្រែន បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅទីក្រុងឡុងដ្រ៍ កាលពីថ្ងៃអាទិត្យសប្ដាហ៍​មុន ជាកន្លែងដែលមេដឹកនាំ​ទាំង​អស់ បានបញ្ជាក់​ថា ពួកគេគាំទ្រការអំពាវនាវរបស់លោកឲ្យមាន​បទឈប់បាញ់​។អំឡុង​កិច្ចប្រជុំ នៅវិមាន​ Downing Street មេដឹកនាំទាំង៤ បានឯកភាពគ្នាថា ខ្សែទំនាក់ទំនងបច្ចុប្បន្ន រវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន គួរតែជាចំណុចចាប់ផ្តើមសម្រាប់ការចរចា។ អ៊ុយក្រែនគួរតែមានការធានាសន្តិសុខដែលមានចំណង​ផ្លូវ​ច្បាប់​ ក្នុង​នោះ​រួមទាំងការដាក់ពង្រាយកងកម្លាំងពហុជាតិសាសន៍ផង​ដែរ​ ហើយថា ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក នឹងនៅតែមិនអាចធ្វើ​ចរាចរណ៍​បានឡើយ រហូតដល់រុស្ស៊ីសងអ៊ុយក្រែន សម្រាប់ការខូចខាតដែលបង្កឡើងដោយសង្គ្រាម។ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាន់ខ្ជាប់នូវជំហរដ៏ម៉ឺងម៉ាត់របស់លោក លើ​សង្គ្រាមនេះ​ ប៉ុន្តែលោកក៏បានលើក​ឡើង​កាលពីសប្តាហ៍មុនផង​ដែរ​ថា សំណើរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់សន្តិភាព អាចជួយបញ្ចប់ការប្រយុទ្ធគ្នា៕

អ៊ីរ៉ង់និយាយប្រាប់នាវាឲ្យអត់ធ្មត់ ខណៈច្រកសមុទ្រ Hormuz ត្រូវបានបិទរហូតដល់ជូនដំណឹងបន្ថែមទៀត

2026/06/11 07:17:10 pm        48
អាជ្ញាធរច្រកសមុទ្រតំបន់ឈូងសមុទ្រពែរ្សរបស់អ៊ីរ៉ង់ ប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ច្រកសមុទ្រ Hormuz ត្រូវបានបិទ រហូតមានការជូនដំណឹងបន្ថែមទៀត ។ ពួកគេបាននិយាយប្រាប់នាវាដែលទទួលបានការអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ថា ត្រូវតែអត់ធ្មត់ ហើយនិងរង់ចាំការណែនាំបន្ថែមទៀត ។ ការប្រកាសបែបនេះ បានកើតឡើង បន្ទាប់ពីភាពតានតឹងកើនឡើងយ៉ាងឆាប់រហ័សរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជាមួយនឹងការវាយប្រហារសងសឹកគ្នាទៅវិញទៅមក ក្រោយការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache មួយគ្រឿងរបស់សហរដ្ឋអាមេរិក នៅជិតច្រកមសមុទ្រ ។ សារបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Xរបស់អាជ្ញាធរច្រកសមុទ្រតំបន់ឈូងសមុទ្រពែរ្ស បានដាក់ការស្តីបន្ទោសការបិទច្រកសមុទ្រនេះ លើភាពតានតឹងបង្កឡើងដោយកងកម្លាំងឈ្លានពានរបស់អាមេរិក និងការប្រកាសកាលពីពេលថ្មីៗដោយកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ។ ទីបញ្ជាការយោធាចម្រុះជាន់ខ្ពស់អ៊ីរ៉ង់ បានធ្វើការព្រមានថា ពួកគេនឹងវាយប្រហារនាវាណាដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រមួយនេះ គឺជាផ្លូវផ្គត់ផ្គង់ដ៏ចាំបាច់មួយ សម្រាប់ប្រេង និងឧស្ម័នធម្មជាតិរាវ សកល ៕

អ៊ីរ៉ង់ព្រមានថា បទឈប់បាញ់នៅមជ្ឈិមបូព៌ា«គ្មានន័យអ្វីទាំងអស់» ក្រោយ​ការវាយប្រហាររបស់​អាមេរិក

2026/06/11 07:13:48 pm        36
ប្រទេស​អ៊ីរ៉ង់ បានព្រមាននៅ​ថ្ងៃព្រហស្បតិ៍ (ទី​១១ ខែមិថុនា ឆ្នាំ​២០២៦) នេះ​ថា បទឈប់បាញ់ដ៏រង្គោះរង្គើ នៅក្នុងសង្គ្រាមមជ្ឈិមបូព៌ារយៈពេល ៣ខែ ឥឡូវនេះ «ស្ទើរ​គ្មានន័យអ្វីទាំងអស់» បន្ទាប់ពីមាន​ការវាយប្រហារថ្មីៗដោយសហរដ្ឋអាមេរិក ដែលបានឃើញទីក្រុងតេអេរ៉ង់ឆ្លើយតបដោយការវាយប្រហារជុំវិញតំបន់នេះ​។សង្គ្រាម ដែលបានចាប់ផ្តើមកាល​ពី​ថ្ងៃទី២៨​ ខែកុម្ភៈ ជាមួយនឹងការវាយប្រហារជា​បន្ត​បន្ទាប់​របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ត្រូវបានផ្អាកដោយបទឈប់បាញ់ខែមេសា ប៉ុន្តែកិច្ចប្រឹងប្រែង ដើម្បីបញ្ចប់ការប្រយុទ្ធជាអចិន្ត្រៃយ៍ បានជាប់គាំង ហើយការវាយ​ប្រហារគ្នា​ម្តងម្កាល បានធ្វើឲ្យ​បទឈប់បាញ់ស្ថិតនៅក្នុង​ហានិភ័យ​ម្តងហើយម្តងទៀត។បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានឲ្យ​ដឹង​ថា នៅក្នុងការវាយប្រហារ​សងសឹក​គ្នា ២ថ្ងៃ​ជាប់​គ្នា​ ទីក្រុងវ៉ាស៊ីនតោនបានវាយប្រហារទៅលើមូលដ្ឋានឃ្លាំមើល ទំនាក់ទំនង និងការពារដែនអាកាស ខណៈដែលកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានប្រកាសពី​ «ប្រតិបត្តិការសង​សឹក​» ដែលកំណត់គោលដៅលើ​មូលដ្ឋានទ័ពអាមេរិក នៅប្រទេស​ហ្ស៊កដានី ហើយ​រដ្ឋឈូងសមុទ្រពែក្ស បានរាយការណ៍ពីការវាយ​ប្រហារចូលទៅក្នុង​ដែន​ដី​របស់ពួក​គេ​។ក្រសួងការបរទេសអ៊ីរ៉ង់បានលើក​ឡើង​នៅ​ថ្ងៃព្រហស្បតិ៍នេះ​ថា «ការវាយប្រហារខុសច្បាប់ និងឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ មិនត្រឹមតែជាការរំលោភបំពានយ៉ាង​ច្បាស់​ក្រឡែត​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យ​បទឈប់បាញ់ស្ទើរ​គ្មានន័យអ្វី​ទាំង​អស់​ទៀតផង»៕

CNN អះអាង​ថា ការ​ចរចា​រវាង​អាមេរិក និង​អ៊ីរ៉ង់ នៅ​តែ​​ដំណើរ​ការ ​ទោះ​​មានការ​វាយ​ប្រហារគ្នា​​ក្ដី​

2026/06/11 07:05:25 pm        57
នៅ​ថ្ងៃព្រហស្បតិ៍ (ទី​១១ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយដកស្រង់ប្រភពការទូតមួយ ប្រព័ន្ធ​ផ្សព្វផ្សាយ CNN បានរាយការណ៍ថា ការចរចា ដើម្បីឈានដល់កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងដំណើរការ​ ទោះបីជាមានការវាយ​ប្រហារ​គ្នា​ទៅវិញ​ទៅមកនាពេលថ្មីៗនេះក៏ដោយ។ការវាយប្រហារសង​សឹក​គ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបន្តរយៈពេល ២ថ្ងៃជាប់គ្នា ដោយប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹងចាប់ផ្តើមការវាយប្រហារបន្ថែម ប្រសិន​បើ​ទីក្រុងតេអេរ៉ង់មិនទទួលយកកិច្ចព្រមព្រៀងសន្តិភាពភ្លាមៗទេនោះ​។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានឲ្យ​ដឹង​ថា កងកម្លាំងអាមេរិកបានវាយប្រហារលើគោលដៅយោធាជាច្រើន ក្នុងប្រទេសអ៊ីរ៉ង់ កាល​ពី​ល្ងាចថ្ងៃពុធ រហូត​ដល់ព្រឹក​ថ្ងៃព្រហស្បតិ៍ ដោយពណ៌នាអំពីការវាយប្រហារថា ជាវិធានការ​ «ការការពារខ្លួន" បន្ទាប់ពីមាន​ការបាញ់​ទម្លាក់ឧទ្ធម្ភាគចក្រអាមេរិក នៅច្រកសមុទ្រ Hormuz។នៅ​មុននេះ លោក Trump បាននិយាយថា អ៊ីរ៉ង់បានចំណាយពេលយូរពេកហើយ ក្នុងការចរចារកិច្ចព្រមព្រៀង ហើយនឹងត្រូវរង​ផល​វិបាក​ ដោយសារ​ការ​ពន្យារពេល​នេះ​។កិច្ចពិភាក្សា ចាប់តាំងពីមាន​បទឈប់បាញ់ខែមេសា ដែលត្រូវបានសម្របសម្រួលដោយប៉ាគីស្ថាន បានផ្តោតលើការបញ្ចប់ជាអចិន្ត្រៃយ៍ សម្រាប់​សង្គ្រាមដែលបានចាប់ផ្តើមឡើង​កាល​ពី​ថ្ងៃទី២៨​ ខែកុម្ភៈ និងឈានដល់ការឯកភាពគ្នា ជុំវិញ​កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM