រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

ព័ត៌មានជាតិ

គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​

2026/07/23 10:06:29 pm        191
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាល បានផ្តោតលើការកែទម្រង់មុតស្រួច និង​មាន​លក្ខណៈ​បើ​កចំហ តម្លាភាព និងការប្រកួតប្រជែង ការលើកទឹកចិត្តលើវិស័យអាទិភាព ជា​ពិសេស​លើក​កម្ពស់​ដល់វិស័យឯកជនលើការធ្វើធុរកិច្ចផ្សេងនៅកម្ពុជា។ ជុំវិញបរិយាកាសវិនិយោគ, នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា​បាន​បន្ត​ទាក់​ទាញ​រំហូរ​ទុន​វិនិយោគ​ផ្ទាល់ (FDI) បានយ៉ាងសន្ធឹកសន្ធាប់ពីបណ្តាប្រទេសនានា ដោយគ្រប​ដណ្តប់​លើ​គម្រោង​រាប់​រយ និងមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។ ការបណ្តាក់ទុន​ទាំង​នេះ​បាន​ផ្តោត​សំខាន់​លើវិស័យសក្តានុពលដូចជា ផលិតកម្ម ឧស្សាហកម្មធុនធ្ងន់ និងការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ដើម​។ ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លើកឡើងថា ទាក់ទិនការវិយោគនេះ នៅក្នុងឆ្នាំ២០២៥ កន្លងមក កម្ពុជា​បាន​ស្រូប​យក​គម្រោង​វិនិយោគជិត ៧០០ គម្រោង មានទំហំទុនវិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​, ​កំណើនល្អប្រសើរនេះ ស្របពេលសហរដ្ឋ​អាមេរិក​បាន​ដាក់​ពន្ធគយ​បដិការ​ទៅ​លើ​ប្រទេស​ផ្សេង​ៗ ​ធ្វើឱ្យវិនិយោគិនមួយចំនួនបានបង្វែរទិសដៅមកកម្ពុជា បង្កើត​រោង​ចក្រ​សហ​គ្រាស​ផលិត​សម្រាប់​បម្រើ​ទីផ្សារនាំចេញ ស្របតាមការកែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់​ការ​លើក​ទឹកចិត្ត រួមទាំងការលើកលែងពន្ធលើប្រាក់ចំណូល និងការលើកលែងពន្ធគយនាំចូល ច្បាប់​ស្តីពីវិនិយោគថ្មីជាដើម រោមជាមួយការយកចិត្តទុកដាក់ការរបស់ក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានកំពុងគាំទ្រ បង្កើត​បរិយាកាសវិនិយោគនៅកម្ពុជា។ សូមបញ្ជាក់ថា គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោត​លើ​ការ​កែ​ទម្រង់​មុតស្រួច ដើម្បីធានានូវភាពបើកចំហ តម្លាភាព និងការប្រកួតប្រជែង ក្នុងនោះ​តាមរយៈ​ច្បាប់​ស្តីពី​វិនិយោគថ្មី រដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត រួមទាំងការលើក លែងពន្ធលើប្រាក់ចំណូល និង​ការលើកលែងពន្ធគយនាំចូល សម្រាប់គម្រោងវិនិយោគលើវិស័យអាទិភាព។ យុទ្ធសាស្ត្រ​ស្នូល និងការ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលលើកត្តាសំខាន់ៗរួមមាន៖ ការ​លើក​ទឹក​ចិត្ត​លើ​វិស័យ​អាទិភាព​: ផ្តោតខ្លាំងលើឧស្សាហកម្មបច្ចេក វទ្យា ខ្ពស់ ឧស្សាហកម្មបង្កើតតម្លៃបន្ថែម កសិកម្ម កសិ-ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ បៃតង និងការច្នៃប្រឌិត។ កិច្ចការពារវិនិយោគិន: ការ​ធានាការពារមិនឱ្យមានការធ្វើជាតូបនីយកម្ម ការរើសអើង និងការ​អនុញ្ញាត​ឱ្យ​វិនិយោគិន​អាច​ទូទាត់ ​និងបញ្ជូនប្រាក់ចំណូលជា រូបិយប័ណ្ណបរទេសទៅក្រៅប្រទេសវិញដោយសេរី។ ភាព​ងាយ​ស្រួល​នៃ​ការ​ធ្វើធុរកិច្ច: ការរៀបចំប្រព័ន្ធច្រកចេញចូលតែមួយ និងកិច្ច សម្រួលនីតិវិធីផ្សេងៗ តាម​រយៈ​វេទិកា​រាជរដ្ឋាភិបាល-វិស័យឯកជន ដើម្បីដោះស្រាយរាល់ការលំបាកជូនវិនិយោគិន។ កិច្ច​ព្រម​ព្រៀង ​ពាណិជ្ជកម្មសេរី: កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី (ដូចជា RCEP, CCFTA) ដែលជួយពង្រីកទីផ្សារ នាំចេញទំនិញ​របស់​​អ្នក​វិនិយោគ​ទៅ​កាន់​ពិភព​លោក​។ ការលើកកម្ពស់វិស័យឯកជន (IDP): តាមរយៈគោលនយោបាយអភិវឌ្ឍន៍ វិស័យ​ឧស្សាហ​កម្ម កម្ពុជាកំពុងពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងលើកកម្ពស់សហគ្រាសធុនតូច និង​មធ្យម (SMEs) ឱ្យក្លាយ ជាដៃគូរបស់ក្រុមហ៊ុនធំៗជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចុះអនុស្សរណៈយោគយល់​ជាមួយ​សមាគម​អតីត​យុទ្ធ​ជន​ខេត្ត​ហ្គ័ងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន

2026/07/23 09:48:12 pm        184
ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងជាប្រធានសមាគម អញ្ជើញ​ចុះហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគយល់​គ្នា​រវាង​សមាគម​អតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមអតីតយុទ្ធជនខេត្តហ្គ័ងស៊ី នៃ​សាធារណ​រដ្ឋ​ប្រជាមានិតចិន ក្នុងគោលបំណងរឹតចំណងនៃកិច្ចសហការធុរកិច្ចជាមួយគ្នា បន្ត​ជួយ​គាំ​ទ្រគ្នា​ក្នុងស្មារតីជាភាតរភាព និងដើម្បលើកកម្ពស់វិស័យអតីតយុទ្ធជននៃប្រទេសទាំងពីរ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនាព្រឹកថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៦ នៅ​សណ្ឋាគារ Fairfield by Marriott រាជធានីភ្នំពេញ៕

សមត្ថកិច្ចជំនាញ កម្ទេចចោលមីន១គ្រាប់នៅចំណុចទឹកជ្រោះដំណាក់ក្បូន ស្រុកមណ្ឌលសីមា ខេត្តកោះកុង

2026/07/23 08:50:59 pm        136
កោះកុង៖ មន្រ្តីនគរបាលស្រុកមណ្ឌលសីមា មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការហេឡូត្រាស់ បាន​បំផ្ទុះ​កម្ទេច​មីន១គ្រាប់នៅចំណុចទឹកជ្រោះដំណាក់ក្បូន ឃុំប៉ាក់ខ្លង ក្រោយហ៊ុំព័ន្ធ​ជា​សញ្ញា​ប្រុង​ប្រយ័ត្ន​កន្លង​ទៅ។ លោកវរៈសេនីយ៍ទោ ស្រីន សុខលីន អធិការនគរបាលស្រុកមណ្ឌលសីមា បានឱ្យដឹង​នៅ​ថ្ងៃ​ទី​២៣ ​ខែកក្កដា ឆ្នាំ២០២៦នេះថា វេលាម៉ោង១០និង៤០នាទីព្រឹកនេះ ក្រុម​បុគ្គលិក​អង្គការ​ហេឡូ​ត្រាស់​ សហការជាមួយកម្លាំងនគរបាលស្រុក ព្រមទាំងមន្រ្តីបរិស្ថាន បានបោស​សម្អាត​គ្រាប់​មីន​១​គ្រាប់​ដែល​នៅ​គាប​ថ្មីជាប់នឹងគល់ឈើមួយក្បែរមាត់ទឹកជ្រោះដំណាក់ក្បូន ស្ថិតនៅភូមិកោះប៉ោ។លោកអធិការនគរបាលស្រុកមណ្ឌលសីមា ថ្លែងទៀតថា សកម្មភាព​នៃ​ការ​បំផ្ទុះ​គ្រាប់​មីន​នេះ​មិន​បង្ក​ការ​ភ័យខ្លាចដល់ប្រជាពលរដ្ឋ ឬអ្នកទេសចរណាម្នាក់ឡើយ ដោយមានការ​រៀបចំ​សុវត្ថិភាព​តាម​គោល​ដៅនី​មួយៗក្នុងតំបន់នោះមិនមានការឆ្លងកាត់ អំឡុងធ្វើសកម្មភាពបោសសម្អាត។លោក សុខ សុជា ប្រធានក្រុមកម្ទេចគ្រាប់ និងស្រាវជ្រាវនៃអង្គការហេឡូត្រាស់ ឱ្យដឹងដែរថា គ្រាប់​មីន​ដែលកម្ទេចនេះ ជាប្រភេទសម័យសង្រ្គាមរបបខ្មែរក្រហម គ្រាក្រុមទាហាន​ខ្មែរ​ក្រហម​សម្រាក​បាត់​ការ​ហត់​នឿយ​ដោយ​មិន​ទ្រ​នឹង​ទម្ងង់​បាន​ច្រើន​ក៏​រំលែក​ទម្លាក់​ទុក​១​គ្រាប់​ចោល​ក្បែរ​គល់​ដើម​ឈើ ​ដើម្បីបន្តដំណើរទៅមុខទៀត។ មីននេះប្រភេទPNN2 ផលិតនៅប្រទេសសូវៀត។ កម្លាំងផ្ទុះរបស់មិនធ្ងន់ធ្ងរប៉ុន្មានដែរទេ ចម្ងាយគេច១០០ម៉ែត្រ៤ជ្រុង។ ជាក់ស្តែង ទោះបី​ជា​ឃើញ​វា​មាន​សភាព​ថ្មី​ក៏​ពិត​​មែនប៉ុន្តែជាកាវពណ៌ខៀវដែលមិនចេះចាស់ឡើយ។លោក សុខ សុជា ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ករណីប្រទះឃើញគ្រាប់មីន ឬ​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​កន្លែង​ណា សុំកុំទៅប៉ះពាល់វា ដោយរាយការណ៍មកកាន់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ដើម្បី​រង់​ចាំ​មន្រ្តី​ជំនាញចុះពិនិត្យបន្ថែម និងកម្ទេចតាម​លក្ខណ​បច្ចេកទេស។ បន្ទាប់​ពី​ប្រជា​ពលរដ្ឋ​រាយ​ការណ៍​មន្ត្រី​បរិស្ថាន និងនគរបាលស្រុកមណ្ឌលសីមា កាលពីថ្ងៃទី១៨ ខែកក្កដា កន្លងទៅ ចុះ​ទៅ​ហ៊ុំ​ព័ទ្ធ​ទីតាំង​ដែល​ប្រទះ​ឃើញ​គ្រាប់​មីន​មិន​ទាន់​ផ្ទុះក្បែ​រ​មាត់​ទឹក​គៀប​ក្រោម​ដើម​ឈើ​នៅ​ចំណុច​ទឹក​ជ្រោះ​ដំណាក់ក្បូន ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដើម្បីជាសញ្ញាបង្ហាញ​ដល់​ពលរដ្ឋ និងអ្នកទេសចរ ប្រុងប្រយ័ត្នមិនត្រូវទៅប៉ះពាល់ទីតាំងនោះ៕ អត្តបទ៖ ឈឹម មករា

សមត្ថកិច្ចភ្នំពេញ បង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្រោមរូបភាពវិនិយោគ ឃាត់ខ្លួនជនបរទេស២៥នាក់

2026/07/23 08:34:27 pm        312
ភ្នំពេញ៖ គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញបានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផ្ទះមួយកន្លែង នៅក្នុងមូលដ្ឋានខណ្ឌទួលគោក បានរកឃើញពាក់ព័ន្ធលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្រោមរូបភាពវិនិយោគ (Investment Scams) ដោយបានឃាត់ខ្លួនជនសង្ស័យ២៥នាក់ព្រមទាំងដកហូតបានវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន។លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅរាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៩និង២០នាទី គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការបញ្ជា និងដឹកនាំផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ហ៊ុន សុរិទ្ធី និងលោក សុខ ពេញវុធ អភិបាលររាជធានី ដោយមានកិច្ចសម្របសម្រួលពីលោក តូច ឧត្តម ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផ្ទះលេខ០០៦ ផ្លូវលេខ៥៦៨ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជាលទ្ធផលក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចចម្រុះបានត្រួតពិនិត្យរកឃើញមានលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៥នាក់ មានស្រី៤នាក់ មាន២សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន ២១នាក់ ដោយរកឃើញគ្មានលិខិតឆ្លងដែន ១៧នាក់ ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយចំនួន ២នាក់ និងជនជាតិមីយ៉ាន់ម៉ា ៤នាក់ ព្រមទាំងបានរឹបអូសសម្ភារៈជាវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន រួមមាន កុំព្យូទ័រយួរដៃចំនួន ១៣គ្រឿង កុំព្យូទ័រ All In One ចំនួន ១៦គ្រឿង ទូរស័ព្ទចំនួន៧គ្រឿង ដុំ Wi-Fi ចំនួន៥គ្រឿង ម៉ូនីទ័រ ចំនួន ១គ្រឿង លិខិតឆ្លងដែនចំនួន ៦ច្បាប់ និងលិខិតឆ្លងដែនក្លែងក្លាយចំនួន ៣ច្បាប់។លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា យោងតាមការធ្វើកោសល្យវិច្ឆ័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលើសម្ភារៈជាកំព្យូទ័រ និងទូរស័ព្ទ ក្រុមការងារបានសន្និដ្ឋានថា ជាករណីលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្រោមរូបភាពវិនិយោគ (Investment Scams)។ ដោយទទួលបានគោលការណ៍ណែនាំពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ស្នងការនគរបាលរាជធានីភ្នំពេញ និងបានការឯកភាពពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនិតីវិធីជំនាញ ចំណែកឯផ្ទះវីឡាត្រូវបានបិទឃ្លុំជាបណ្ដោះអាសន្ន៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

សម្តេចប្រធានរដ្ឋសភា៖ ក្នុងបរិបទពិភពលោកស្មុគស្មាញ និងមានវិបត្តិធាតុអាកាសផងស្រ្តីមានតួនាទីសំខាន់ ក្នុងការធានាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

2026/07/23 08:24:00 pm        198
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោកជំទាវ អាលី វង្សណរប៊ុនថាំ ប្រធានសហព័ន្ធនារីឡាវ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ លោកជំទាវ អាលី វង្សណរប៊ុនថាំ និងគណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធនារីឡាវ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ និងឆ្លៀតពេលវេលាដ៏មមាញឹកមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនាឱកាសនេះ។ ដំណើរទស្សនកិច្ចរបស់លោកជំទាវនាពេលនេះ គឺជាជំហានដ៏មានសារៈសំខាន់់មួយទៀត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងភាពជាដៃគូយូរអង្វែង ដែលបានចាក់ឬសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រ រវាងងប្រទេស និងប្រជាជនយើងទាំងពីរ។ សម្តេចប្រធានរដ្ឋសភាបានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសហព័ន្ធនារីឡាវ និងសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍របស់កម្ពុជា។ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនេះ បានបង្ហាញឱ្យឃើញថាវប្បធម៌ និងប្រពៃណីនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរទាំងក្នុងក្របខ័ណ្ឌ បក្ស រដ្ឋ រដ្ឋសភា និងប្រជាជននិងប្រជាជន។ ប្រទេសទំាងពីរក៏មានទំនាក់ទំនងស៊ីជ្រៅនៅក្នុងអង្គការមហាជនផងដែរ ធ្វើយ៉ាងណាដើម្បីលើកកម្ពស់ផលប្រយោជន៍នៃប្រទេសទាំងពីរឱ្យកាន់មានច្រើន។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍បន្ថែមថា ដើម្បីកសាងអនាគតដ៏រឹងមាំ យើងត្រូវតែធ្វើការរួមគ្នាដើម្បីលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍។ ការពង្រឹងសមត្ថភាពរបស់ស្ត្រីដឹកនាំនៅក្នុងវិស័យដែលកំពុងលេចធ្លោទាំងនេះ នឹងធានាថា សង្គមរបស់យើងរក្សាបាននូវភាពប្រកួតប្រជែង និងមានបរិយាបន្ន។ ស្ត្រីដើរតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើកកម្ពស់សន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសនៅក្នុងបរិបទដែលសកលលោកកំពុងប្រឈមនូវស្ថានការណ៍ស្មុគស្មាញ សណ្តាប់ធ្នាប់សកលនិងច្បាប់អន្តរជាតិធ្លាក់ចុះ ក៏ដូចជាការប្រឈមនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ បន្ថែមទៀតនោះ។ បក្សនិងរដ្ឋនៃប្រទេសទាំងពីរមានឆន្ទៈមោះមុតក្នុងការលើកកម្ពស់សមភាពយេនឌ័រ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា យេនឌ័រនៅកម្ពុជាបានលើកកម្ពស់តាំងពីសម័យ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ សម្តេចតេជោ បានកំណត់ទស្សនៈវិស័យថា ស្រ្តីជាឆ្អឹងខ្នងសង្គមនិងសេដ្ឋកិច្ច ការវិនិយោគលើស្រ្តីដូចវិនិយោគលើខ្លួនឯង។ ចំណែកនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងច្បាប់លាស់ បានលើកឡើងថា ពិភពលោកកាន់តែស្រស់បំព្រងនិងកក់ក្តៅ បើមានស្រ្តីជាច្រើនចូលរួមក្នុងការដឹកនាំ។ លោកជំទាវ អាលី វង្សណរប៊ុនថាំ គោរពថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលដ៏មានតម្លៃនិងមមាញឹកទទួលជួបពិភាក្សាការងារនិងផ្តល់អនុសាសន៍ដល់គណៈប្រតិភូនាឱកាសនេះ។ លោកជំទាវចាត់ទុកឱកាសនេះ ប្រៀបដូចជាប្អូនស្រី ដែលទទួលបានការចង្អុលបង្ហាញដ៏មានអត្ថន័យ និងមានសារៈសំខាន់ ពីបងស្រី ។ លោកជំទាវប្រធានគណៈប្រតិភូមានប្រសាសន៍ថា នឹងទទួលយកការចង្អុលបង្ហាញរបស់សម្តេចប្រធានរដ្ឋសភាទៅអនុវត្ត ឱ្យចេញជាលទ្ធផលក្នុងការបម្រើសង្គមជាតិ។ លោកជំទាវ ប្រធានសហព័ន្ធនារីឡាវ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។ នេះជាលើកទី៣ នៃដំណើរទស្សនកិច្ចរបស់លោកជំទាវមកកម្ពុជា ហើយគ្រប់ដំណើរទស្សនកិច្ច រាជធានីភ្នំពេញតែងមានការរីកលូតលាស់ និងអភិវឌ្ឍជាលំដាប់ ដែលបង្ហាញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ជានិច្ចកាលទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងការដឹកនាំប្រទេស។ លោកជំទាវ អាលី វង្សណរប៊ុនថាំ បានចែករំលែកពីស្ថានភាពនយោបាយ និងសន្តិសុខ ការអភិវឌ្ឍរបស់ប្រទេសឡាវ និងបេសកកម្ម របស់សហព័ន្ធនារីឡាវជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផងដែរ។ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ បានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា ប្រកបដោយភាពរាក់ទាក់និងស្និទ្ធស្នាលប្រៀបដូចជាប្អូនក្នុងគ្រួសារនោះដែរ។ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ ប្រធានគណប្រតិភូបានលើកឡើងស្រដៀងគ្នាថា សំឡេង និងភាពជាអ្នកដឹកនាំរបស់ស្ត្រី គឺមានសារៈសំខាន់់ខ្លាំងណាស់ ក្នុងការកសាងភាពជាដៃគូឱ្យកាន់តែរឹងមាំរវាងប្រទេសយើងទាំងពីរ។ ស្ត្រីកម្ពុជា និងស្ត្រីឡាវ គឺប្រៀបដូចជាបងប្អូនបង្កើតនឹងគ្នា។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថាទំនាក់ទំនងស្អិតល្មួត ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរកើតចេញពីការជឿជាក់គ្នាជាយុទ្ធសាស្រ្ត និងស្មោះត្រង់។ ក្នុងនាមជាប្រទេសជិតខាង និងជារដ្ឋតូច កម្ពុជា និងឡាវ មានចក្ខុវិស័យរួមគ្នាក្នុងការលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើវិធានច្បាប់ ក៏ដូចជាការគាំទ្រប្រព័ន្ធពហុភាគីនិយម ដែលមានលក្ខណៈបើកចំហ និងបរិយាបន្ន។ យើងបានប្តេជ្ញាចិត្តយ៉ាងមុតមាំរួមគ្នា ចំពោះមជ្ឈភាពអាស៊ាន និងស្ថាបត្យកម្មតំបន់ដែលមានអាស៊ានជាស្នូល។ បន្តធ្វើការរួមគ្នា ដើម្បីពង្រឹងតួនាទីរបស់អាស៊ាន ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់៕ 

សមត្ថកិច្ចជំនាញ កម្ទេចចោលមីន១គ្រាប់នៅចំណុចទឹកជ្រោះដំណាក់ក្បូន ស្រុកមណ្ឌលសីមា ខេត្តកោះកុង

2026/07/23 08:17:18 pm        336
កោះកុង៖ មន្រ្តីនគរបាលស្រុកមណ្ឌលសីមា មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការហេឡូត្រាស់ បានបំផ្ទុះកម្ទេចមីន១គ្រាប់នៅចំណុចទឹកជ្រោះដំណាក់ក្បូន ឃុំប៉ាក់ខ្លង ក្រោយហ៊ុព័ន្ធជាសញ្ញាប្រុងប្រយ័ត្នកន្លងទៅ។លោកវរៈសេនីយ៍ទោ ស្រីន សុខលីន អធិការនគរបាលស្រុកមណ្ឌលសីមា បានឱ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះថា វេលាម៉ោង១០និង៤០នាទីព្រឹកនេះ ក្រុមបុគ្គលិកអង្គការហេឡូត្រាស់ សហការជាមួយកម្លាំងនគរបាលស្រុក ព្រមទាំងមន្រ្តីបរិស្ថាន បានបោសសំអាតគ្រាប់មីន១គ្រាប់ដែលនៅគាបថ្មីជាប់នឹងគល់ឈើមួយក្បែរមាត់ទឹកជ្រោះដំណាក់ក្បូន ស្ថិតនៅភូមិកោះប៉ោ។លោកអធិការនគរបាលស្រុកមណ្ឌលសីមា ថ្លែងទៀតថា សកម្មភាពនៃការបំផ្ទុះគ្រាប់មីននេះមិនបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ឬអ្នកទេសចរណាម្នាក់ឡើយ ដោយមានការរៀបចំសុវត្ថិភាពតាមគោលដៅនីមួយៗក្នុងតំបន់នោះមិនមានការឆ្លងកាត់ អំឡុងធ្វើសកម្មភាពបោសសម្អាត។លោក សុខ សុជា ប្រធានក្រុមកម្ទេចគ្រាប់ និងស្រាវជ្រាវនៃអង្គការហេឡូត្រាស់ ឱ្យដឹងដែរថា គ្រាប់មីនដែលកម្ទេចនេះ ជាប្រភេទសម័យសង្រ្គាមរបបខ្មែរក្រហម គ្រាក្រុមទាហានខ្មែរក្រហមសម្រាកបាត់ការហត់នឿយដោយមិនទ្រនឹងទម្ងង់បានច្រើនក៏រំលែកទម្លាក់ទុក១គ្រាប់ចោលក្បែរគល់ដើមឈើ ដើម្បីបន្តដំណើរទៅមុខទៀត។ មីននេះប្រភេទPNN2 ផលិតនៅប្រទេសសូវៀត។ កម្លាំងផ្ទុះរបស់មិនធ្ងន់ធ្ងរប៉ុន្មានដែរទេ ចម្ងាយគេច១០០ម៉ែត្រ៤ជ្រុង។ ជាក់ស្តែង ទោះបីជាឃើញវាមានសភាពថ្មីក៏មិនមែនប៉ុន្តែជាកាវពណ៌ខៀវដែលមិនចេះចាស់ឡើយ។លោក សុខ សុជា ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ករណីប្រទះឃើញគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះនៅកន្លែងណា សុំកុំទៅប៉ះពាល់វា ដោយរាយការណ៍មកកាន់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ដើម្បីរង់ចាំមន្រ្តីជំនាញចុះពិនិត្យបន្ថែម និងកម្ទេចតាមលក្ខណ់បច្ចេកទេស។បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍មន្ត្រីបរិស្ថាន និងនគរបាលស្រុកមណ្ឌលសីមា កាលពីថ្ងៃទី១៨ ខែកក្កដា កន្លងទៅ ចុះទៅហ៊ុព័ទ្ធទីតាំងដែលប្រទះឃើញគ្រាប់មីនមិនទាន់ផ្ទុះក្បែរមាត់ទឹកគៀបក្រោមដើមឈើនៅចំណុចទឹកជ្រោះដំណាក់ក្បូន ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដើម្បីជាសញ្ញាបង្ហាញដល់ពលរដ្ឋ និងអ្នកទេសចរ ប្រុងប្រយ័ត្នមិនត្រូវទៅប៉ះពាល់ទីតាំងនោះ៕

រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និង​រាប់បាត្រ​ឧទ្ទិស​កុសល​ជូន​វីរៈ​កងទ័ព និងវីរនគរបាល ដែលបានពលីជីវិតក្នុងសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី

2026/07/23 08:08:28 pm        155
នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បាន​រៀប​ចំ​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ បង្សុកូល និង​រាប់បាត្រ​ឧទ្ទិស​កុសល​ជូន​វីរៈ​កងទ័ព និងវីរនគរបាល ដែល​បាន​ពលី​ជីវិត​ក្នុងស​មរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី។ពិធីនេះប្រារព្ធឡើងក្រោមវត្តមាន​ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យ និង ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រី​រាជ​ការ ​និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ ការ​រៀបចំពិធីនេះ មិនត្រឹមតែ​ជា​ការ​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ការ​ឈ្លាន​ពាន​របស់​យោធា​ថៃ​មក​លើ​ព្រះរា​ជា​ណា​ចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា​សក្ខីភាព​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ចង​ចាំ​មិន​ភ្លេច​នូវ​ពលិកម្ម​ដ៏​ធំធេងរបស់វីរៈកងទ័ព និងវីរនគរបាលជាតិ។ ការលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិតរបស់ពួកគាត់ក្នុងសមរភូមិមុខ គឺ​ជា​មរតក​ស្មារតី​ដ៏​ពិសិដ្ឋ​ដែល​កូនខ្មែរគ្រប់រូបត្រូវចងចាំ និងរក្សាទុកក្នុងក្រអៅបេះដូងជាអមតៈ។ ឈាម និង​ញើស​របស់​វីរជនទាំងអស់នោះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាការពារសុខសន្តិភាព អធិប​តេយ្យភា​ព និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើង៕

មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា–សហរដ្ឋអាមេរិក លើកទី៤ នៅ អាម៉េរិក

2026/07/23 07:52:16 pm        115
នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា–សហរដ្ឋអាមេរិក លើកទី៤ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋលេខាធិការ ត្រូវបានទទួលស្វាគមន៍ដោយ លោកជំទាវ Lori D. Abele ឧបការីរងរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិកស្តីទី និងសហការី នៅមន្ទីរបញ្ចកោណសហរដ្ឋអាមេរិក។ក្នុងឱកាសនៃកិច្ចសន្ទនានោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅវិញទៅមកលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីកម្ពុជា–សហរដ្ឋអាមេរិក លើវិស័យសំខាន់ៗមួយចំនួនរួមមាន ការធ្វើសមយុទ្ធរួមគ្នា ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនបន្ថែមអំពីបច្ចុប្បន្នភាព នៃស្ថានភាពព្រំដែនកម្ពុជា-ថៃផងដែរ ព្រមទាំងថ្លែងនូវការអរគុណយ៉ាងខ្លាំងចំពោះការគាំទ្រ និងចូលរួមកន្លងមករបស់សហរដ្ឋអាមេរិកលើបញ្ហាព្រំដែនវាងកម្ពុជា-ថៃ។

កម្ពុជាបន្តតវ៉ាទង្វើបំពានច្បាប់របស់កងទ័ពថៃឈូសឆាយដី ធ្វើផ្លូវចូលជ្រៅមកលើដីកម្ពុជាក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

2026/07/23 07:41:10 pm        318
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺបន្តតវ៉ាទង្វើបំពានច្បាប់របស់កងទ័ពថៃឈូសឆាយដីធ្វើផ្លូវចូលជ្រៅមកលើដីកម្ពុជាក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានធ្វើសកម្មភាព ឈូសឆាយដីធ្វើផ្លូវថ្មីនៅចន្លោះបង្គោលព្រំដែនលេខ៨ និងលេខ៩ ក្នុងតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលរំលោភចូលជ្រៅទៅក្នុងទឹកដីកម្ពុជា។ នៅចន្លោះថ្ងៃទី១៥ ដល់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានបន្តធ្វើសកម្មភាពឈូសឆាយដីធ្វើផ្លូវ និងរាយបន្លាលួស នៅចន្លោះបង្គោលព្រំដែនលេខ១៩ និងលេខ២០ ក្នុងតំបន់ជប់ដើមខ្នុរ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ តាមរយៈលិខិតតវ៉ាធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាតាមផែនទីខ្នាត ១:២០០.០០០ ផលិតដោយ គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញ ឆ្នាំ១៩០៧។ ក្រសួងការបរទេសកម្ពុជា បន្តថា សកម្មភាពទាំងនេះ ក៏រំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្ន រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ស្ដីពីការវាស់វែង និង ខណ្ឌសីមាព្រំដែនគោក (MoU ឆ្នាំ២០០០) ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ព្រមទាំងបំពានលើចំណុចទី១ (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោគ (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ក្នុងលិខិតតវ៉ានេះ ក្រសួងការបរទេសកម្ពុជា បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬ ការទាមទារទឹកដីជាឯកតោភាគីរបស់ប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើ នឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យប្រទេសថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានលើកឡើង ខាងលើ ក៏ដូចជានៅតំបន់ផ្សេងទៀត ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ តាំងពីឆ្នាំមុន ដើម្បីកាត់បន្ថយភាពតានតឹង ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់ការ ដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីស្ដារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាង ល្អនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ក្នុងលិខិតតវ៉ានេះ កម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេស ជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំង ប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយប្រើកម្លាំងនោះឡើយ៕ 

អតីតពលករមកពីថៃពេញចិត្ត ចំពោះការងារក្នុងស្រុក ផ្តល់ទាំងចំណូលទៀងទាត់ និងការរស់នៅសុខសាន្តជុំគ្រួសារ

2026/07/23 07:28:07 pm        268
ក្រុមអតីតពលករខ្មែរដែលវិលត្រឡប់មកវិញ បាននិយាយឱ្យដឹងថា បានបង្ហាញក្ដីរីករាយក្រោយ​ទទួលបានការងារនៅក្នុងស្រុកដែលទទួលបានប្រាក់ខែល្អ ទៀងទាត់ ជាពិសេស​មានឱកាសអាចរស់នៅសុខសាន្តជួបជុំគ្រួសារ ទទួលបានប្រាក់ចំណូលសមរម្យ និងលុបបំបាត់ការលំបាកនៃការធ្វើចំណាកស្រុកទៅក្រៅប្រទេស។ជួបសម្ភាសន៍ជាមួយក្រុមអតីតពលករ ក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ដុងឌូ ស្ថិតនៅផ្លូវជាតិលេខ៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកក្កដានេះ ពួកគាត់បានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា បន្ទាប់ពីមានបញ្ហាព្រំដែនជាមួយប្រទេសថៃ ពួកគាត់បានសម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតវិញ ដោយមួយចំនួននៅអំឡុងខែកក្កដា និងមួយចំនួនផ្សេងទៀតនៅខែសីហា ឆ្នាំ២០២៥ ហើយបច្ចុប្បន្នបានកំពុងធ្វើការងារនៅក្នុងរោងចក្រខាងលើដូចគ្នា។ក្រុមអតីតពលករ បានចែករំលែកបទពិសោធន៍ការងារក្រោយត្រឡប់ពីថៃទៀតថា សព្វថ្ងៃនេះការបំពេញការងារក្នុងស្រុកទទួលបានអត្ថប្រយោជន៍ជាច្រើនក្រៅពីប្រាក់ឈ្នួល ជាពិសេស មានដូចជាមានបណ្ណ ប.ស.ស. ដែលអាចទៅព្យាបាលជំងឺដោយឥតគិតថ្លៃ មិនបាច់ធ្វើដំណើរទៅឆ្ងាយពីប្រទេសកំណើត មិនចាំបាច់ធ្វើប៉ាស្ព័រ មិនចាំបាច់ធ្វើបណ្ណអនុញ្ញាតការងារ និងមានសុវត្ថិភាពជាដើម។ ក្រុមអតីតពលករ ក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ ងាកមកចាប់យកឱកាសការងារក្នុងស្រុកជំនួសការធ្វើចំណាកស្រុក ដោយសារតែទីផ្សារការងារក្នុងស្រុកមានភាពសម្បូរបែប ស្របពេលដែលរាជរដ្ឋាភិបាលមានកម្មវិធីបណ្តុះបណ្តាលជំនាញ និងជួយរកការងារធ្វើជូនដោយឥតគិតថ្លៃ។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានអំពាវនាវដល់អតីតពលករ គួរតែមកចូលរួម និងងាកមកធ្វើការក្នុងស្រុកវិញទៅ ពីព្រោះឱកាសការងារពិតជាមានច្រើនសម្បូរបែប ពោលមិនដូចទៅតាមពាក្យឃោសនារបស់ជនខិលខូចមួយចំនួន ដែលផ្សព្វផ្សាយបំភិតបំភ័យ និងរុញច្រានឱ្យបងប្អូនលួចឆ្លងដែនខុសច្បាប់ទៅធ្វើការនៅស្រុកគេទៀតនោះទេ។ លោកបន្តទៀតថា នៅកម្ពុជាបច្ចុប្បន្ន ពិតជាមានរោងចក្រ សហគ្រាស និងក្រុមហ៊ុនកើនឡើង ដែលបង្កើតការងារច្រើសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកផ្តល់ប្រាក់ខែមានស្ថេរភាព មានធានារ៉ាប់រងសុខភាព និងអត្ថប្រយោជន៍ផ្សេងៗទៀត ហើយបងប្អូនអតីតពលករអាចចៀសវាងហានិយាភ័យការងារ ដូចជាការបោកប្រាស់ ការជួញដូរមនុស្ស ឬបញ្ហាច្បាប់នៅស្រុកថៃ ជាពិសេសអាចរស់នៅជាមួយគ្រួសារ មិនបែកបាក់ និងអាចថែទាំកូនចៅបានល្អជាងធ្វើការចំណាកស្រុក។យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតមកដល់ពេលនេះ ប្រជាពលរដ្ឋ និងអតីតពលករខ្មែរប្រមាណជាង ៩៥ម៉ឺននាក់ បានវិលត្រឡប់មករស់នៅនិងធ្វើការនៅប្រទេសកម្ពុជាវិញ។ ក្នុងនោះ អតីតពលករប្រមាណជាង ៨០ម៉ឺននាក់ ទទួលបានឱកាសការងារជាង ៦៥ម៉ឺននាក់ ខណៈជាង ៣៣ម៉ឺននាក់ កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួលបានឱកាសការងារនៅក្រៅប្រព័ន្ធប្រមាណជាង ៣២ម៉ឺននាក់។ អត្ថបទ៖ ឈិត បូរ៉ាវី    

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
07/23/2026 08:07 PM
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
07/23/2026 08:07 PM
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
07/23/2026 08:07 PM
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
07/23/2026 08:07 PM
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
07/23/2026 07:07 PM
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
07/23/2026 07:07 PM
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
07/23/2026 07:07 PM
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
07/23/2026 07:07 PM
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
07/23/2026 07:07 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
07/23/2026 07:07 PM