រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

ព័ត៌មានជាតិ

ទូតឥណ្ឌាប្រចាំកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ​របស់កម្ពុជា​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា និងគាំទ្រការរៀបចំ «សន្និសីទអន្តរជាតិ​ស្តីពីការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា» នាពេលខាងមុខ

2026/07/23 07:25:06 pm        126
ភ្នំពេញ៖ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំ​ព្រះរាជា​ណា​ចក្រកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងវិធានការ​ម៉ឺង​ម៉ាត់​​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង​គាំទ្រ​យ៉ាង​ពេញទំហឹងចំពោះការរៀបចំ «សន្និសីទអន្តរជា​តិ​ស្តីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​» ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា បានបញ្ជាក់បែបនេះ ក្នុងឱកាស ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្មពិសេស និងជាប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យចូល​ជួប​សម្តែង​ការ​គួរ​សម និងពិភាក្សាការងារនារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ។ ក្នុង​ជំនួបនេះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសម្តែង​នូវ​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងឥណ្ឌានាពេលកន្លងមក។ ឯកឧត្តមសន្តិបណ្ឌិត បានគូសបញ្ជាក់ពីសារសំខាន់នៃការផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន ក៏​ដូច​ជា​ការ​បណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីជំនាញ រវាងមជ្ឈមណ្ឌល​សម្រប​សម្រួល​បទ​ល្មើស​បច្ចេក​វិទ្យា​នៃ​ប្រទេសឥណ្ឌា (I4C) និង គ.ប.ឆ.ប.។ ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត ក៏បានជម្រាបជូន​ភាគី​ឥណ្ឌាអំ​ពី​គម្រោង​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ រៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែល​នឹង​ប្រព្រឹត្ត​ទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នៅរាជធានីភ្នំពេញ ព្រម​ទាំង​បាន​ស្នើឱ្យភាគីឥណ្ឌាផ្តល់ការគាំទ្រ និងអញ្ជើញចូ​ល​រួម​ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ព្រឹត្តិកា​រណ៍​ដ៏​មានសារសំខាន់នេះ។ ជាការឆ្លើយតប ឯកឧត្តម Vanlalvawna Bawitlung បានថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​កិច្ច​សហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំង​បាន​កោត​សរសើរ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងស្ថានភាព​របស់​ជន​រង​គ្រោះ​ពី​អំពើឆបោកទាំងនេះ។ បន្ថែមលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​ពេល​ខាងមុខ។ មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់​យ៉ាង​ស៊ីជម្រៅ​អំពី​ទិស​ដៅ​ពង្រឹងកិ​ច្ច​សហ​ប្រតិបត្តិការជាបន្តបន្ទាប់ ជាពិសេសលើការផ្លាស់ប្តូរ-ចែករំលែកព័ត៌មានទាន់ពេលវេលា និង​ការ​ជួយ​បណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីជំនាញ ក្នុងការបង្ក្រាប និងប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

រដ្ឋមន្រ្តី៖ សុបិនរបស់ ព្រះបរមរតនកោដ្ឋ ត្រូវបានធ្វើឱ្យទៅជាការពិតដោយ សម្ដេចតេជោ ហ៊ុន សែនក្នុងការសាងសង់និងដាក់ឱ្យប្រើប្រាស់​គម្រោងវារីអគ្គិសនីកំចាយ

2026/07/23 07:17:48 pm        208
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បាន​បញ្ជាក់ថា ការសម្រេចឱ្យ​សាងសង់គម្រោងវារីអគ្គិសនីកំចាយ ស្ថិតនៅក្នុងខេត្តកំពត ដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា បានបំពេញព្រះរាជបំណងព្រះបរមរតនកោដ្ឋ ឱ្យក្លាយជាការពិត ហើយគម្រោងនេះ​បន្តថែទាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន។ តាមរយៈវីដេអូឃ្លីបមានរយៈពេលប្រមាណ ៨ នាទី បានផ្សាយនៅលើបណ្តាញសង្គមផ្លូវការ ឯកឧត្តមរដ្ឋមន្រ្តី​ កែវ រតនៈ បានលើកឡើងថា គម្រោងវារីអគ្គិសនីកំចាយ ដែលស្ថិតនៅក្នុងខេត្តកំពត គឺជាសុបិនរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ តាំងពីឆ្នាំ១៩៦៥ ដែលត្រូវបានធ្វើឱ្យក្លាយជាការពិតដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបច្ចុប្បន្នកំពុងបន្តការពារ និងថែទាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។ក្នុងឱកាសចុះពិនិត្យទំបន់វារីអគ្គិសនី កំចាយ ឯកឧត្តម បានលើកឡើងទៀតថា គម្រោងវារីអគ្គិសនីកំចាយ គឺជាប្រវត្តិសាស្ត្រមួយដែលបានឆ្លងកាត់ការសិក្សាជាច្រើនលើកច្រើនសារ តាំងពីសម័យសង្គមរាស្ត្រនិយម ដោយមានការចូលរួមពីអ្នកជំនាញជប៉ុន (OTCA/JICA) គណៈកម្មការទន្លេមេគង្គ និងអតីតសហភាពសូវៀត។ ទោះជាយ៉ាងណា គម្រោងនេះបានអាក់ខានដោយសារសង្គ្រាម និងវិបត្តិហិរញ្ញវត្ថុពិភពលោកនៅឆ្នាំ១៩៩៧។ ក្រោយមក សម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្ដើមគម្រោងនេះឡើងវិញ តាមរយៈក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល សហការជាមួយក្រុមហ៊ុន Sinohydro Corporation របស់ចិន រហូតសម្រេចបានការសាងសង់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០១២ ដោយមានអនុភាពដំឡើងដល់ ១៩៤ មេហ្គាវ៉ាត់។ឯកឧត្តម បន្តថា គម្រោងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់អគ្គិសនីស្អាតជាង ៦៣% នៃថាមពលអគ្គិសនីសរុបរបស់កម្ពុជា។ ក្រៅពីនេះ វារីអគ្គិសនីកំចាយក៏បានជួយកាត់បន្ថយហានិភ័យទឹកជំនន់នៅក្រុងកំពត និងរក្សាបានលំហូរទឹកធម្មជាតិល្អសម្រាប់ទន្លេទឹកឈូសក្នុងរដូវប្រាំង ព្រមទាំងជាប្រភពស្តុកទឹកស្អាតសម្រាប់ខេត្តកំពតផងដែរ។បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គម្រោងនេះនៅតែបន្តទទួលបានការយកចិត្តទុកដាក់ខ្ពស់។ ទោះបីជាមានការវិវត្តន៍នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមមាត់ព្រែកក្រោយឆ្នាំ២០១២ ដែលអាចបង្កហានិភ័យខ្លះៗក៏ដោយ ក៏ក្រុមការងារនៅតែបន្តសហការជាមួយអគ្គិសនីកម្ពុជា និងអាជ្ញាធរខេត្តកំពត ដើម្បីដាក់ចេញនូវវិធានការពិសេស ដូចជា ការជូនដំណឹងជាមុន មុននឹងបើកទ្វារទឹក ដើម្បីធានាបាននូវសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋខេត្តកំពត៕អត្ថបទ៖ ធូ វិរៈ 

បុគ្គលិក និងគ្រូពេទ្យប្រចាំសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ពង្រឹង​សមត្ថភាព​បន្ថែម​អំពី​«មូល​ដ្ឋាន​គ្រឹះ​សុវត្ថិភាព និងសុខភាពការងារ»

2026/07/23 07:01:12 pm        131
នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​លើក​ទី១០ ស្តីពី«មូលដ្ឋានគ្រឹះសុវត្ថិភាពនិងសុខភាពការងារ» សម្រាប់គ្រូ​ពេទ្យ​សហ​គ្រាស ​និងបុគ្គលិកទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស ក្រុមហ៊ុន និង​រោង​ចក្រ សរុបចំនួន ៤០ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​សុវត្ថិភាព និងសុខភាពការងារ (OSHTC)។ នៅក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ គ្រូបង្គោល​នៃ​មជ្ឈ​ម​ណ្ឌល​បណ្ដុះ​បណ្ដាល​សុវត្ថិភាព​ និងសុខភាពការងារ នៃនាយកដ្ឋានពេទ្យការងារ បានធ្វើបទបង្ហាញជូនដល់សិក្ខាកាម អំពី​ឧបករណ៍សុវត្ថិភាពគ្រឿងម៉ាស៊ីនដែលមានហានិភ័យខ្ពស់ ប្រព័ន្ធសុវត្ថិភាពឡចំហាយ និង​ការ​ប្រើ​ប្រាស់បំពង់ពន្លត់អគ្គិភ័យជាដើម។ លើសពីនេះ សិក្ខាកាម​បាន​ពិនិត្យ​មើល​ជាក់​ស្ដែង​អំពី​ប្រសិទ្ធ​ភាព​នៃ​ការ​ប្រើ​ប្រាស់​សម្ភារៈ​ការពារ​បុគ្គល​(PPE) ខ្សែក្រវាត់សុវត្ថិភាព មួកសុវត្ថិភាព ស្បែកជើងសុវត្ថិភាព ជាពិសេស​បាន​ពិសោធ​ដោយ​ផ្ទាល់​ពីការធ្លាក់ពីទីខ្ពស់ និងការប្រើខ្សែក្រវាត់សុវត្ថិភាពពេញដងខ្លួន (Full Body Harness) សម្រាប់សុវត្ថិភាពការងារទីខ្ពស់ និងអនុវត្តការពិសោធអំពីការសង្គ្រោះផ្លូវដង្ហើម (CPR) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការសង្គ្រោះកម្មករនិយោជិត និងលើកកម្ពស់សុវត្ថិភាព និង​សុខភាពការងារ។ វគ្គបណ្តុះបណ្តាលនេះក៏បានផ្សារភ្ជាប់សិក្ខាកាម ជាមួយនឹ​ង​ការ​វិវត្ត​នៃ​ឌីជីថល​ភាវូបនីយកម្មលើការបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាព និងសុខភាព​ការងារ​នៅ​កម្ពុជា​ផង​ដែរ​។ មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ តែង​តែ​បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ក្នុងការពង្រឹងសមត្ថភាពដល់ភាគីពាក់ព័ន្ធលើផ្នែកសុវត្ថិភាព និងសុខភាពការងារ (OSH) ​តាមរយៈការបណ្ដុះបណ្ដាលប្រកបដោយគុណភាព និងប្រសិទ្ធភាព​ដោយ​រួម​បញ្ជូល​ទាំង​ការ​សិក្សា​ផ្នែក​ទ្រឹស្ដី និងការអនុវត្តដោយផ្ទាល់​ជាមួយ​បរិក្ខា​បណ្ដុះ​បណ្ដាល​ទំនើប​ៗ​ស្រប​តាមកា​រ​វិវត្ត​នៃ​ពិភពការងារ៕

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ផ្តល់ទឹកប្រាក់ ១២០ លានរៀល ដល់ធុរកិច្ចជាប់វគ្គផ្តាច់ព្រ័ត្ររដូវកាលទី៥

2026/07/23 06:48:33 pm        128
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ផ្តល់ទឹកប្រាក់សរុបប្រមាណ ១២០ លានរៀល ដល់ធុរកិច្ចថ្មីឆ្នើម ដែលជាប់ជ័យលាភីក្នុង វគ្គផ្តាច់ព្រ័ត្រ ទទួលបានការគាំទ្រជាឧបត្ថម្ភមិនយកភាគហ៊ុន ពីកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី៥ ដើម្បីយកទៅផ្តល់សេវាកម្ម និង បង្កើតផលិត​ផលថ្មីៗ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើកឡើងនៅក្នុងការប្រកាសម្ចាស់ ជ័យលាភីទាំង ៥ នៃកម្មវិធីពន្លឿនអាជីវកម្មផ្ទាលឌីជីថល “រដូវកាលទី៥” នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា កម្មវិធី Demo Day មិនមែនត្រឹមតែជាអ្វីដែលបង្ហាញនៅលើអេក្រង់ ឬភាពស្ទាត់ជំនាញនៃការធ្វើបទបង្ហាញរបស់ក្រុមនីមួយៗនោះទេ ប៉ុន្តែបានឆ្លុះបញ្ចាំង ថា តើស្ថាបនិកពិតជាយល់ច្បាស់ពីបញ្ហា ស្ដាប់តម្រូវការទីផ្សារ និងប្រែក្លាយមតិត្រឡប់ ទៅជាសកម្មភាពជាក់ស្តែងដែរឬទេ?។ ឯកឧត្តមបណ្ឌិត បានចែករំលែកនូវគន្លឹះជាយុទ្ធសាស្ត្រចំនួន៣ចំណុច ដល់ក្រុមធុរកិច្ចថ្មីនារដូវកាលទី៥នេះរួមមាន៖ ទី១. ត្រូវពង្រឹង ទំនាក់ទំនងជាមួយអតិថិជន, ទី២. ត្រូវចាត់ទុកទុនវិនិយោគជាទំនួលខុសត្រូវ, និងទី៣. ត្រូវរក្សាឆន្ទៈក្នុងការរៀនសូត្រជានិច្ច។ លោក សុខា ផានិត្យ អ្នកគ្រប់គ្រងនាយកដ្ឋានអភិវឌ្ឍន៍ធុរកិច្ចថ្មី នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើកឡើងថា បេសកកម្មរបស់មជ្ឈមណ្ឌល គឺជួយទៅដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការបណ្តុះដល់ធុរកិច្ចថ្មី ក៏ដូចជា ជួយទៅដល់អាជីវកម្មក្នុងការចាប់យកឌីជីថល សម្រាប់ជាដំណោះស្រាយផងដែរ។ លោក ទុយ ហុង ស្ថាបនិក Localize Tech Solution លើកឡើងថា ការបណ្តុះធុរកិច្ចថ្មី របស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានកំពុងដើរលើផ្លូវត្រូវមួយ ព្រោះថានៅលើទីផ្សារគឺមានអ្នកផ្គត់ផ្គង់បច្ចេវិទ្យា និងអ្នកយកផលិតផលបច្ចេកវិទ្យាទៅប្រើប្រាស់ ដូច្នេះការជួយបណ្តុះធុរកិច្ចថ្មីរបស់មជ្ឈមណ្ឌល គឺជួយពង្រឹងដល់ធុរកិច្ចថ្មីដែលជាអ្នកផ្តល់សេវាកម្ម ឱ្យមានគុណភាពជាងមុន និងអាច ប្រកួតប្រជែងលើទីផ្សារបាន។ សូមបញ្ជាក់ថា កម្មវិធីពន្លឿនអាជីវកម្មផ្ទាលឌីជីថល “រដូវកាលទី៥” ត្រូវបានបញ្ចប់ជាផ្លូវការដោយជោគជ័យ ក្រោមការខិតខំប្រឹងប្រែង អស់រយៈពេលជាច្រើនខែ និងបានរកឃើញក្រុមធុរកិច្ចថ្មីឆ្នើមចំនួន ៥ ក្រុម ដែលទទួលបានថវិកាគាំទ្រជា ទុនឧបត្ថម្ភដែលមិនយក ភាគហ៊ុនសរុបចំនួន ១២០ លានរៀល។ ចំពោះលទ្ធផលនៃការវាយតម្លៃ និងប្រកួតប្រជែងខ្ពស់ធុរកិច្ចថ្មីឆ្នើមចំនួន ៥ ក្រុម ត្រូវបាន ជ្រើសរើសដោយផ្អែកលើវឌ្ឍនភាព ការអនុវត្តផែនការទីផ្សារ និងមានសក្តានុពលខ្ពស់ ក្រុមជាប់ជ័យលាភីរួមមាន៖ ១. ម្ចាស់ពាន "Top Performance” ធុរកិច្ចថ្មី SMEAN AI ទទួលបានថវិកាគាំទ្រចំនួន ៤០ លានរៀល, ២. ម្ចាស់ពាន “Excellence” ធុរកិច្ចថ្មីចំនួន២ក្រុម គឺក្រុម AVA Hospitality និងក្រុម UMAMI ទទួលបានថវិកាគាំទ្រចំនួន ២៥ លានរៀលក្នុងមួយក្រុម, និង៣). ម្ចាស់ពាន “Merit” ធុរកិច្ចថ្មីចំនួន ២ ក្រុម គឺក្រុម HORPAO និងក្រុម EZEPOS ទទួលបានថវិកាគាំទ្រចំនួន ១៥ លានរៀល ក្នុងមួយក្រុមផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

គម្រោង ICONE II នឹងគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការចាកចេញពី LDC របស់កម្ពុជា

2026/07/23 06:30:41 pm        115
គម្រោងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា (ICONE) ដំណាក់កាលទី២ នឹងគាំទ្រដល់ការធ្វើពិពិធកម្ម សេដ្ឋកិច្ចកម្ពុជា ឆ្លើយតបទៅនឹងគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នឹងជួយដល់ការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការ ចាកចេញពីចំណាត់ថ្នាក់ប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC)។ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជា ប្រធានគណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិនៃគម្រោងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា ICONE II (អៃខុន ពីរ) និងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សា អំពីការចាប់ផ្តើមដំណើរការគម្រោងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាស នៅកម្ពុជា ដំណាក់កាលទី២ ។ គោលបំណងចម្បងនៃកិច្ចប្រជុំនេះ ដើម្បីពិភាក្សានិងឯកភាពលើ៖ សេចកី្តព្រាងកិច្ចព្រមព្រៀងអនុវត្ត គម្រោង និងផែនការប្រតិបត្តិគម្រោងឆ្នាំ២០២៦។ក្នុងកិច្ចពិភាក្សានេះ, ភាគីទាំងពីរបានបញ្ជាក់ជាថ្មី នូវភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែង រវាងកម្ពុជានិងអាល្លឺម៉ង់ ព្រមទាំង បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន និងប្រកបដោយភាពធន់។ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើភាពជោគជ័យ និងសមិទ្ធផលដែលសម្រេចបានក្រោមគម្រោង ICONE ដំណាក់ កាលទី១ និងបានសង្កត់ធ្ងន់ថា គម្រោង ICONE ដំណាក់កាលទី២ ដែលនឹងអនុវត្តចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ នឹងជួយពង្រឹង ភាពប្រកួតប្រជែងក្នុងវិស័យឯកជនរបស់កម្ពុជា តាមរយៈការតភ្ជាប់ជាមួយធុរកិច្ចអាល្លឺម៉ង់ ។ ការណ៍នេះនឹងគាំទ្រដល់ការធ្វើពិពិធកម្ម សេដ្ឋកិច្ចរបស់កម្ពុជា ឆ្លើយតបទៅនឹងគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ស្របពេលដែលប្រទេសកម្ពុជាកំពុង ត្រៀមខ្លួន សម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត

2026/07/22 11:05:29 pm        101
នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគិន ដែលដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត (ចូលនិវត្តន៍) Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។គណៈប្រតិភូ USABC មានបណ្ដាក្រុមហ៊ុនវិនិយោគក្នុងវិស័យសក្តានុពល​ រួមមាន៖ វិស័យយានយន្ត, គ្រឿងយន្តកសិកម្ម, សុខាភិបាល, ថាមពល, ឱសថ, កែច្នៃចំណីអាហារ, លក់រាយ, ក៏ដូចជា ធនាគារ និងហិរញ្ញវត្ថុ។ ក្នុងឱកាសនៃជំនួប, គណៈប្រតិភូ USABC​បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង, ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដោយបានគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរ ស្ថិតនៅលើមាគ៌ា​ និង ទិសដៅយ៉ាងត្រឹមត្រូវ។ ជាមួយគ្នានោះ, គណៈប្រតិភូ USABC បានបង្ហាញបំណងបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ គណៈប្រតិភូ USABC ក៏បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្ដល់នូវការគាំទ្រ និងកិច្ចសហការដ៏ល្អជាមួយនឹងបណ្ដាក្រុមហ៊ុនវិនិយោគអាម៉េរិកនៅកម្ពុជា ហើយក៏បានគូសបញ្ជាក់ថា បណ្ដាក្រុមហ៊ុនអាម៉េរិកដែលកំពុងមានវត្តមាននៅកម្ពុជា នឹងបន្តផ្សារភ្ជាប់ទំនាក់ទំនង, ពង្រីកការវិនិយោគ និង ស្វែងរកនូវឱកាសវិនិយោគថ្មីៗបន្ថែមទៀត​ នៅកម្ពុជា។ គណៈប្រតិភូ USABC ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា បណ្ដាក្រុមហ៊ុនអាម៉េរិកដែលកំពុងវិនិយោគនៅកម្ពុជានេះ បានចូលរួមចំណែកដល់កិច្ចការសង្គមនៅកម្ពុជា ដែលទាក់ទងទៅនឹងវិស័យសុខាភិបាល, អប់រំ និងវិស័យជាច្រើនទៀត​ ក៏ដូចជាការចូលរួមចំណែកការកសាងសមត្ថភាព និងបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា​ ព្រមទាំងវិស័យ SMEs ផងដែរ។ ជាមួយគ្នានោះ, បណ្ដាក្រុមហ៊ុននៃគណៈប្រតិភូ USABC ដែលកំពុងវិនិយោគនៅកម្ពុជា ក៏បានបញ្ជាក់សាជាថ្មីអំពីការបន្តពង្រឹងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ​​ ជាមួយកម្ពុជា​បន្ថែមទៀត ដើម្បីបន្តចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអរគុណចំពោះបណ្ដាក្រុមហ៊ុនវិនិយោគអាម៉េរិក ដែលបានជឿជាក់ និងទុកចិត្តក្នុងការបោះទុនវិនិយោគនៅកម្ពុជា ដែលការណ៍នេះមិនត្រឹមតែបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែថែមទាំងបានចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ បន្ថែមលើនោះ, សម្ដេចធិបតីក៏បានស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់បណ្ដាក្រុមហ៊ុនអាម៉េរិកក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងការពង្រឹង និងពង្រីកការវិនិយោគរបស់ខ្លួន ក៏ដូចជាការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលថ្មីៗបន្ថែមទៀតនៅកម្ពុជា។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់ជូនគណៈប្រតិភូ USABC អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រទៅដល់ភាពជោគជ័យរបស់បណ្ដាវិនិយោគិននៅកម្ពុជា ដោយក្នុងនោះ សម្ដេចធិបតីបានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងការអនុគ្រោះពន្ធ, ការកែទម្រង់ស្ថាប័ន, និងការធ្វើសាមញ្ញកម្មនីតិវិធី ដើម្បីសម្រួលទៅដល់ប្រតិបត្តិការអាជីវកម្មរបស់វិនិយោគិន ក៏ដូចជារក្សានូវភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងតំបន់ និងសកលលោក។ សម្ដេចធិបតីក៏បានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាបរិយាកាសវិនិយោគនៅកម្ពុជា ប្រកបដោយភាពអំណោយផលខ្ពស់ និងការប្រកួតប្រជែង​ដោយស្មើភាពរបស់បណ្ដាក្រុមហ៊ុនវិនិយោគនៅកម្ពុជា។ជាទីបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យគណៈប្រតិភូ USABC បន្តផ្សារភ្ជាប់ជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត៕

«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង

2026/07/22 11:04:19 pm        127
កាលពីព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​រៀបចំ​កិច្ច​ប្រជុំ​ច្រក​ចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សា​លើ​សំណើ​សុំចុះ​បញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៩៥លានដុល្លារអាម៉េរិក អាច​បង្កើត​ការ​ងារ​បានប្រមាណ ៣.៥០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យដូចខាងក្រោម៖ § កសិ-ឧស្សាហកម្មចំនួន ២គម្រោង រួមមាន 1- គម្រោង​បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ និង 2- គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី។ § វិស័យឧស្សាហកម្មចំនួន ៧គម្រោង រួមមាន 1- គម្រោងបង្កើតរោងចក្រផលិតរទេះលើកដាក់អីវ៉ាន់ 2- គម្រោងបង្កើតរោងចក្រផលិតនិងផ្គុំដំឡើងបរិក្ខារអគ្គិសនីបំភ្លឺ 3- គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលម្អនិងសម្ភារៈបរិក្ខារលម្អគ្រប់ប្រភេទ 4- គម្រោងបង្កើតរោងចក្រផលិតមីនិងគ្រឿងផ្សំសម្រាប់មី 5- គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបន្ទាប់បន្សំសម្រាប់សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងសង្ហារិម និងសម្ភារៈសត្វចិញ្ចឹម (ពីប្លាស្ទិក) 6- គម្រោងបង្កើតរោងចក្រកែច្នៃអំបិល និង 7- គម្រោងអាជីវកម្មរ៉ែមាសនិងសាងសង់រោងចក្រកែច្នៃ។ គម្រោងវិនិយោគទាំង៩ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ត្បូងឃ្មុំ និងក្រចេះ៕

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកា​ផ្គូផ្គង​ធុរកិច្ច​ជំរុញ​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ហ្វីលីពីន

2026/07/22 10:57:13 pm        113
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា និងហ្វីលីពីន ក្នុងវិស័យកសិកម្ម” សំដៅតភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនទាំងពីរឱ្យកាន់តែជិតស្និទ្ធចំគោលដៅទីផ្សារ និងតម្រូវការជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងវេទិកាផ្គូផ្គងធុរកិច្ចនេះ មានការចូលរួមពីក្រុមហ៊ុនឯកជនកម្ពុជា និងហ្វីលីពីនសរុបប្រមាណ ៦៣​ក្រុមហ៊ុន ដែលផ្តោតលើផលិតផលកសិកម្មរួមមាន៖ អង្ករ ផលិតផលបសុសត្វ គ្រាប់​ស្វាយ​ចន្ទី និងជីកសិកម្ម។ ការ​តភ្ជាប់នេះនឹងអនុញ្ញាតឱ្យកម្ពុជាបង្កើនទំហំទីផ្សារនាំចេញកសិផល​ទៅកាន់​ទីផ្សារ​ហ្វីលីពីន​ឱ្យ​បាន​កាន់​តែច្រើន ក៏ដូចជារុញច្រានទំហំកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់ធំ ជាពិសេស​ការ​បង្ហាញពីសក្តានុពលរបស់កម្ពុជា​ចូលរួម​ធានា​សន្តិសុខ​ស្បៀងជូ​ន​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផងដែរ៕

ក្រសួងធម្មការ និងសាសនា បានបញ្ចប់ការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែង ដោយ​មាន​អ្នក​ចូល​រួម​ជាង ៩០០នាក់

2026/07/22 10:44:06 pm        329
រយៈពេល ២ថ្ងៃពេញ ចាប់ពីថ្ងៃទី២០ និងទី២១ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មការ​ធ្វើ​បច្ចុប្បន្ន​ភាព និងជំរឿនមន្ត្រីជាក់ស្តែង បាន​បញ្ចប់​ការ​ចុះ​​ធ្វើ​ជំរឿន​មន្ត្រី​ជាក់​ស្តែង​នៅ​តាម​រចនា​សម្ព័ន្ធ​របស់​អង្គភាព​ចំណុះទីស្តីការក្រសួងធម្មការ និងសាសនា រួចរាល់តាមការគ្រោងទុក។ ក្នុងដំណើរការចុះជំរឿនមន្ត្រីជាក់ស្តែងនេះ គណៈកម្មការជំរឿន បានចុះពិនិត្យ​ផ្ទៀង​ផ្ទាត់​រចនា​សម្ព័ន្ធ និងវត្តមានមន្ត្រីរាជការក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងទៀត ដែល​កំពុង​បំពេញ​ការងារជាក់ស្តែងនៅតាមអង្គភាពចំណុះទីស្តីការក្រសួងធម្មការ និងសាសនា ដោយមាន​អ្នក​ចូល​រួមប្រមាណជាង ៩០០នាក់ បានចូលរួមក្នុងដំណើរការនៃការធ្វើជំរឿននេះផងដែរ។គណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រី​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់​របស់ក្រសួងធម្មការ និងសាសនា ដែលបានចូលរួមសហការ និងបំពេញភារកិច្ច​ស្រប​តាម​បែប​បទ នីតិវិធីតាមការណែនាំរបស់គណៈកម្មការជំរឿន ដើម្បីឱ្យដំណើរការនៃការចុះជំរឿន បាន​ប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក៕

កម្ពុជានឹងលើកយកភាពជោគជ័យនៃថ្នាល «verify.gov.kh» បង្ហាញក្នុងកិច្ចប្រជុំ ACCSM លើកទី២៣ នៅខេត្តសៀមរាប

2026/07/22 10:34:48 pm        65
ភ្នំពេញ៖ ឆ្លើយតបយ៉ាងស័ក្តិសមទៅនឹងមូលបទនៃកិច្ចប្រជុំ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង» រាជរដ្ឋាភិបាលកម្ពុជានឹងលើកយកថ្នាលផ្ទៀងផ្ទាត់ឯកសារ «verify.gov.kh» ទៅចែករំលែកជាផ្លូវការ ក្នុងវេទិកាអភិបាលកិច្ចនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូក៣ លើកទី៨ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ថ្លែងក្នុងវេទិកាសារព័ត៌មាន លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ថ្នាលនេះត្រូវបានជ្រើសរើសដោយសារតែភាពលេចធ្លោក្នុងការឆ្លើយតបផ្ទាល់ទៅនឹងប្រធានបទនៃកិច្ចប្រជុំ និងទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយ តាមរយៈពានរង្វាន់អាស៊ានផ្នែកសេវាសាធារណៈ។លោកជំទាវបានសង្កត់ធ្ងន់ថា ការបង្ហាញពីភាពជោគជ័យនៃថ្នាលដែលជាស្នាដៃរបស់កូនខ្មែរនេះ នឹងឆ្លើយតបទៅនឹងចំណាប់អារម្មណ៍របស់ប្រតិភូអន្តរជាតិ និងបណ្តាប្រទេសដែលកំពុងស្នើសុំយកប្រព័ន្ធនេះទៅប្រើប្រាស់៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
07/23/2026 08:07 PM
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
07/23/2026 08:07 PM
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
07/23/2026 08:07 PM
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
07/23/2026 08:07 PM
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
07/23/2026 07:07 PM
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
07/23/2026 07:07 PM
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
07/23/2026 07:07 PM
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
07/23/2026 07:07 PM
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
07/23/2026 07:07 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
07/23/2026 07:07 PM