កិច្ចប្រជុំ RBC កម្ពុជា-ថៃ កំពុងប្រព្រឹត្តទៅនៅខេត្តឧត្តរមានជ័យ ខណៈកម្ពុជា សង្ឃឹមលទ្ធផលជាវិជ្ជមានបន្ថែម
បេក្ខជនប្រឡងបាក់ឌុបមកពីខេត្តឧត្តរមានជ័យ នាំគ្នាមកមើលឈ្មោះ និងបើកប្រាក់ឧបត្ថម្ភ១០ម៉ឺនរៀល និងមី៦កញ្ចប់
កិច្ចប្រជុំ RBC កម្ពុជា-ថៃ កំពុងប្រព្រឹត្តទៅនៅខេត្តឧត្តរមានជ័យ ខណៈកម្ពុជាសង្ឃឹមទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត
កម្ពុជាចាត់ទុកសកម្មភាពទន្រ្ទានរបស់ថៃ ជាឯកតោភាគី គឺបានធ្វើឲ្យប៉ះពាល់កិច្ចខិតខំប្រឹងប្រែងនៃការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

អ្នកនាំពាក្យអាជ្ញាធរអប្សរា៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ទៅ​ទស្សនា​ខេត្តសៀមរាប​នៅ​រក្សា​បាន​កំណើន បើទោះបីកម្ពុជាជួបសភាពការណ៍ជម្លោះព្រំដែន

2025/08/19 11:38:59 am        321
សៀមរាប៖ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានថ្លែងប្រាប់ BTV នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហានេះថា ក្នុងពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ​រក្សា​បាន​នូវ​កំណើន​ បើទោះបីសភាពការណ៍ជម្លោះព្រំដែនមានបញ្ហាលំបាក។លោក ឡុង កុសល បានឱ្យដឹងថា ការរក្សាបាននូវកំណើនភ្ញៀវទេសចររបស់ទាំងភ្ញៀវជាតិ និង​អន្ត​រជាតិបែបនេះ គឺបញ្ជាក់អំពីភាពរឹងមាំនៃមូលដ្ឋានវិស័យទេសចរណ៍វប្បធម៌របស់កម្ពុជា និង​ភាព​វិជ្ជមានអំពីការផ្សព្វផ្សាយល្អៗអំពីកម្ពុជា ជាពិសេសការបង្កើនសេចក្តីទុកចិត្ត និង​សេវា​កម្ម​របស់​យើង​ជូន​ភ្ញៀវទេសចរនៅរមណីយដ្ឋានអង្គរ។ លោក ឡុង កុសល បានបញ្ជាក់ថា៖«តាមស្ថិតិដែលបង្ហាញកំណើនភ្ញៀវទេសចរចិនក៏មាន កំណើន​ភ្ញៀវ​ទេសចរខាងអឺរ៉ុបក៏មាន»។ បើតាម លោក ឡុង កុសល អ្វីដែលអាជ្ញាធរជាតិអប្សរានឹងត្រូវបន្តធ្វើ គឺខិតខំជួសជុល ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ មរតកដូនតាឲ្យកាន់តែល្អប្រសើរ និងឲ្យក្លាយ​ជា​ចំណុច​ទាក់​ទាញ​កាន់​តែ​ខ្លាំង​។លោកបានបន្តថា ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ ខែសីហានេះ មាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​យ៉ាង​ច្រើន​កុះ​ករ បានមកទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅគ្រឹះស្ថានអង្គរ ខេត្ដសៀមរាប ។បើតាម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកកាលពីថ្ងៃទី១៨ ខែសីហានេះដែរថា ក្នុងរយៈពេល៧​ខែ​ឆ្នាំ​២០២៥​នេះ​ទេសចរ​ចិន​ចំនួន ៥៣ ២៩១ នាក់ បានមកលេងកម្ពុជា ចំនួននេះបានកើនឡើង២១% បើធៀប​នឹង​ឆ្នាំ​មុន ខណៈ​ចិន​គឺ​ជា​ប្រភព​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ជាង​គេ​ដែល​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​។ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្តថា នៅក្នុងខែកក្កដា ចិនគឺជា​ប្រភ​ព​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ជាង​គេ​សម្រាប់​ប្រាសាទអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥ ៧២០នាក់ បានទៅទស្សនា​ទីនោះ​។ ឆ្នាំ២០២៥ ត្រូវបានកំណត់ថាជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ចំនួនភ្ញៀវ​ទេសចរ​ចិន​ដែល​មក​ទស្សនា​ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងពេញមួយឆ្នាំ៕

កម្ពុជា និងសហគមន៍អន្តរជាតិ បន្តអំពាវនាវឲ្យថៃប្រគល់ទាហាន១៨នាក់មកវិញ ខណៈពេលនេះ២១ថ្ងៃ ហើយក្រោយថៃចាប់ទៅ

2025/08/19 10:55:41 am        443
កម្ពុជា និងសហគមន៍អន្តរជាតិ នៅតែបន្តអំពាវនាវយ៉ាងទទូចឲ្យថៃប្រគល់ទាហានកម្ពុជា១៨នាក់ ដែលថៃចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ៗ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ខណៈមកដល់ថ្ងៃទី១៩ ខែសីហានេះគឺមានរយៈពេលបីសប្តាហ៍ហើយ បន្ទាប់ពីថៃចាប់ពួកគេទៅដោយខុសច្បាប់ កាលពាលពីព្រឹកថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៥ ស្របពេលកងទ័ពកម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់នោះ។ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា គិតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ គឺមាន រយៈពេល២១ថ្ងៃគត់ ដែលទាហានថៃបានចាប់ទាហានកម្ពុជាដោយខុសច្បាប់ អំឡុងពេលទាហានកម្ពុជាស្មោះស្ម័គ្រកំពុងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដូច្នេះហើយកម្ពុជា សូមបន្តអំពាវនាវយ៉ាងទទូចឲ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀង និងធ្វើការដោះលែងទាហានកម្ពុជាដែលខ្លួនចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ ខណៈក្រុមគ្រួសារជនរងគ្រោះកំពុងទទឹងរងចាំពួកគេយ៉ាងអន្ទះសារទាំងយប់ទាំងថ្ងៃ។លោកជំទាវ ម៉ាលី សុជាតា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទមិន បានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ និងស្រស្រាក់ស្រស្រាំបំផុត ដើម្បីធ្វើយ៉ាងណាជំរុញឲ្យភាគីថៃដោះលែងពួកគេមកកម្ពុជាវិញឲ្យបានឆាប់ៗ។ តាមរយៈសន្និសីទសារព័ត៌មាននេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានប្រកាសថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះសហគមន៍អន្តរជាតិ ដែលបានជួយធ្វើការទាមទារឲ្យភាគីថៃ ដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលថៃបានចាប់ទៅដោយខុសច្បាប់ប្រគល់មកឲ្យកម្ពុជាវិញផងដែរ។ លោកជំទាវអ្នកនាំពាក្យ បានលើកឡើងទៀតថា កម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវឲ្យថៃបំពេញនូវកតព្វកិច្ចរបស់ខ្លួនពោលគឺរហូតដល់ថៃធ្វើការដោះលែងទាហានកម្ពុជាទាំង១៨នាក់នោះ ឲ្យខាងតែបាននាពេលឆាប់ៗនេះ៕  អត្ថបទ បាន ចក់

រយៈពេល៦ខែឆ្នាំនេះ សហគមន៍នេសាទនៅខេត្តតាកែវប្រមូលផលនេសាទបានជិត ១២ ពាន់តោន

2025/08/19 10:44:49 am        384
សហគមន៍នេសាទចំនួន ១៩ កន្លែង និងស្រះជម្រកត្រីចំនួន ៤៨ កន្លែង នៅទូទាំងខេត្តតាកែវ ប្រមូល​ផលនេសាទសរុបបានចំនួន ជិត ១២ ពាន់តោន ក្នុងនោះបង្កងមានចំនួន ២៤ តោន នៅ​ក្នុង​រយៈ​ពេល៦ខែ ដើមឆ្នាំ២០២៥នេះ។ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ លើក​ឡើង​ក្នុង​ពិធី​លែង​ត្រី និងបង្កង នៅស្រុក អង្គរបូរី ខេត្តតាកែវ ថ្មីៗនេះថា ជុំវិញជលផលក្នុងខេត្តតាកែវ នៅ​ក្នុង​រយៈ​ពេល​៦ខែ ដើមឆ្នាំ២០២៥នេះ មន្រ្តីជំនាញបានចុះល្បាត សរុបចំនួន ១៧៩ លើក ក្នុង​នោះ​បាន​បង្រ្កាប​បទល្មើសមានចំនួន២៧ ករណី និងបញ្ជូនសំណុំរឿងទៅកាន់តុលាការមាន២ ករណី, ចំណែក​ទាក់ទងការនេសាទវិញ ឃើញថា សហគមន៍នេសាទចំនួន១៩ កន្លែង និង​ស្រះ​ជម្រក​ត្រី​ចំនួន​ ៤៨កន្លែង នៅទូទាំងខេត្ត តាកែវ ប្រមូលផលនេសាទសរុបបានចំនួនជិត ១២ ពាន់តោន ក្នុង​នោះ​បង្កងមានចំនួន ២៤ តោន (បង្កងទឹកសាបធម្មជាតិ១៤ តោន និងការប្រមូល​បង្កង​ចិញ្ចឹម​ចំនួន​ ១០តោន។ទាក់ទិនផលិតកម្មវិញ ខេត្តតាកែវមានកសិដ្ឋានសរុបចំនួន ២៣កន្លែង ផលិត​កូន​ត្រី​បាន​ចំនួន​ជាង​ ១៤ លានក្បាល, បង្កង ដៃវែង និងបង្កងអូស្រ្តាលី ៨៥០ ពាន់កូន និងកង្កែប ៣២០ ពាន់​កូន​។​ ចំណែកស្រះចិញ្ចឹមមានចំនួន ៤៨ កន្លែង និង ២០ កន្លែងជា ស្រះចិញ្ចឹមបង្កង។ ដើម្បី​ជំរុញ​ផលិតកម្មជលផលនៅទូទាំងខេត្តឱ្យកាន់តែសម្បូរ, លោក ញ៉ិប ស្រ៊ន ក៏បាន​អំពាវ​នាវ​ដល់​បង​ប្អូន​ ប្រជាពលរដ្ឋ ចូលរួមចិញ្ចឹមត្រី និងបង្កងជាលក្ខណៈគ្រួសារឱ្យបានច្រើន សម្រាប់​ផល​ប្រយោជន៍​ដល់​សហគមន៍មូលដ្ឋាន ដើម្បីផ្គត់ ផ្គង់ជីវភាពប្រចាំថ្ងៃ និងប្រាក់​ចំណូល​នៅ​ក្នុង​គ្រួសារ​។ជុំវិញផលិតកម្មនេះ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និង​នេសាទ​ នៅថ្ងៃទី១៥ ខែសីហា កន្លងមកនេះ បានចុះពិនិត្យកសិដ្ឋានបំប៉ន និងចិញ្ចឹមបង្កង និង​ត្រីប្រា ចំនួន ៦ កន្លែង ក្នុងខេត្តតាកែវ, ឯកឧត្តមបានសង្កត់ធ្ងន់ថា មន្ត្រីជំនាញជលផល ជាពិ​សេស​រាជ​រដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវតែបន្តយកចិត្តទុកដាក់ ផ្តល់ការគាំទ្របច្ចេកទេស ដោះស្រាយបញ្ហា និងសំណូមពរនានារបស់វារីវប្បករ ឬ​ម្ចាស់​កសិដ្ឋាន​បង្កាត់​ភ្ញាស់ និងកសិដ្ឋានចិញ្ចឹមត្រី ឱ្យបាន ទាន់ពេលវេលា សំដៅធ្វើយ៉ាងណាឱ្យមានទិន្នផល និង​ទទួលប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។សូមបញ្ជាក់ថា ជុំវិញផលអនុវិស័យទេសាទនេះ ក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ បាន​ព្យាករ​ថា ក្នុងឆ្នាំ២០២៥នេះ ជលផល នៅកម្ពុជានឹងមានកំណើនល្អ ក្រោមការ​រំពឹង​ទុក​នូវ​កំណើន​ផល​ចាប់ទឹកសាប ដែលនឹងត្រូវបានស្តារឡើងវិញ ដោយការដាក់ចេញនូវ វិធានការ​គោល​នយោបាយ​បង្រ្កាបបទល្មើសនេសាទ និងការអភិវឌ្ឍក្នុងវារីវប្បកម្ម ក្រោមការអនុវត្តវិធាន​ការ​របស់​រាជ​រដ្ឋាភិបាល និង គាំទ្រពីដៃគូអភិវឌ្ឍនានា ដោះស្រាយជារចនាសម្ព័ន្ធ ដើម្បីភាព​រីក​ចម្រើន​លើ​វិស័យ​នេះ​៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងការងារ ជំរុញ​ឱ្យ​និស្សិត​ជ័យលាភី​អាហារូបករណ៍​ប្រទេសបារាំង កាណាដា ជប៉ុន ចិន និងកូរ៉េ ចាប់​យក​ឱកាស​ពង្រឹង​ទំនាក់ទំនង ​កសាង​កេរ្តិ៍ឈ្មោះ​កម្ពុជាលើឆាកអន្តរជាតិ

2025/08/19 10:28:18 am        295
លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​ក្រុម​និស្សិត​ជ័យ​លាភីអាហារូបករណ៍​ប្រទេសបារាំង កាណាដា ជប៉ុន ចិន និងកូរ៉េ សម្រាប់​ឆ្នាំសិក្សា ២០២៥-២០២៦ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលជួប​សំណេះសំណាល និងសម្តែង​ការ​គួរសម​ នៅទីស្តីការក្រសួង នា​ព្រឹក​ថ្ងៃចន្ទទី១៨ ខែសីហា ឆ្នាំ២០២៥។ក្នុងឱកាសនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ចែករំលែក​នូវ​គោលនយោបាយ​ទីផ្សារ​ការងារ​របស់​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយភាពស្វាហាប់និងមានចក្ខុវិស័យវែង​ឆ្ងាយ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជាពុទ្ធិ​បន្ថែម​សម្រាប់​និស្សិត​ជ័យលាភី​កម្ពុជា​ក្នុងការរៀបចំ​ជណ្តើរអាជីព​របស់ខ្លួន និង​ជាទុន​ក្នុង​ការបង្កើត​ទំនាក់ទំនង​ការងារ​ជា​មួយ​សហគមន៍​អន្តរជាតិ។ទន្ទឹមនេះ លោកជំទាវក៏បានលើកទឹកចិត្ត​និស្សិត​ជ័យលាភី​ចូលរួម​ជាភ្នាក់ងារ​ព័ត៌មាន​ទីផ្សារការងារ​ក្នុងការផ្សព្វផ្សាយ​ឱកាស​ការងារ​តាមរយៈ​ការទូរសព្ទ​មកកាន់លេខ១២៩៧ ដើម្បីចុះឈ្មោះស្វែង​រកការងារ ដែល​ទីភ្នាក់ងារជាតិ​មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​និង​កំពុងផ្តល់សេវា​ផ្គូផ្គងការងារដោយឥតគិតថ្លៃ។ ជាទីបញ្ចប់ លោកជំទាវ​បានរម្លឹក​អំពីបេសកកម្ម​របស់និស្សិត​ជ័យលាភី​ទាំងអស់​ក្នុងនាម​ជាយុវជន​បន្តវេន ដែល​ត្រូវ​តែ​ក្លាហាន​ក្នុង​ការការពារ​កិត្តិយស និងកេរ្តិ៍ឈ្មោះ​របស់កម្ពុជា​នៅ​គ្រប់កាលៈទេសៈ និង​ត្រូវ​ប្រើប្រាស់​ចំណេះដឹង​ដែល​ទទួល​បាន​ក្នុង​ការ​ចូលរួម​កសាង និង​អភិវឌ្ឍ​មាតុប្រទេស​ឱ្យ​បានរុងរឿង​ជានិច្ចនិរន្តរ៍៕

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ បាននិងកំពុងបន្តជំរុញយុទ្ធនាការ​ក្នុង​ការ​ជួយ​ចុះ​ឈ្មោះ​រក​ការ​ងារ​ជូនពលករ​ដែលត្រឡប់​មកពីប្រទេស​ថៃនៅតា​មសហ​គ្រាស ក្រុម​ហ៊ុន និង​រោងចក្រ​ទូទាំង​ប្រទេស

2025/08/19 09:53:34 am        243
អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​ក្រសួង បាន​ចាប់​ផ្តើម​បើកយុទ្ធនាការចុះផ្ទាល់នៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដែល​ប្រតិបត្តិ​ការ​នេះ​​នឹ​ងបន្ត​ធ្វើរហូតដល់​គ្រប់​គោល​ដៅសហ​គ្រាស ក្រុម​ហ៊ុន និងរោងចក្រទូទាំងប្រទេស ដើម្បី​ក្តាប់​​ជា​ប់​នូវព័ត៌មានតម្រូវការការងារ បញ្ហាប្រឈម និងជួយសម្របសម្រួល​ជាមួយ​អ្នកគ្រប់​គ្រង​ផ្នែក​​ជ្រើសរើស​កម្លាំង​ពលកម្ម​នៃសហ​គ្រាស ក្រុមហ៊ុន និងរោងចក្រ ដែលផ្តល់ការអនុគ្រោះទទួល​យក​បង​ប្អូនពលករខ្មែរ​ដែលទើប​​ត្រឡប់​មកពីប្រទេសថៃឱ្យ​ទទួល​បានឱកាស​ការ​ងារ​នៅតាម​សហ​​គ្រាស ក្រុម​ហ៊ុន និង​រោង​ចក្រ​ទាំង​អស់​នោះ។ ទន្ទឹមនឹងនេះ ក៏ជាឱកាសមួយដែល​បង្កើន​នូវភាព​ជាដៃគូយ៉ាងជិត​ស្និទ្ធថែម​ទៀត​រវាង​អ្នក​គ្រប់​គ្រង​សហ​គ្រាស ក្រុមហ៊ុន និងរោងចក្រ សហជីព និងប្រតិភូបុគ្គលិក ក្នុងការរួម​គ្នា​ក្នុង​ស្មារតី​ខ្មែរ​ស្រ​ឡាញ់ខ្មែរ ខែ្មរជួយរកការងារ​ឱ្យខ្មែរ ដើម្បីជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​យើង​ឱ្យ​កាន់​តែ​រីក​ចំរើន​រឹង​មាំថែម​ទៀត។ នាឱកាសនោះដែរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បានថ្លែងអំណរគុណ​ចំពោះការ​ផ្ដល់​ឱកាស​ការងារ និង​ទទួលយកប​ងប្អូន​​ពលករ​​ខ្មែរដែល​​ទើប​ត្រឡប់​​មកពី​ថៃ​ឱ្យ​ចូល​បម្រើ​​ការ​​ងារ និងផ្តល់​កិច្ច​សហការ​សម្របស​ម្រួលដោ​យយក​ចិត្តទុ​កដា​ក់ និងទ​ន់ភ្លន់ពី​សំ​ណា​ក់​ស​ហ​គ្រា​ស​ ក្រុម​ហ៊ុន​ រោង​​​ចក្រ ដល់ប​ងប្អូ​នព​លក​រ។ ការចុះ​​ទៅកាន់​សហ​គ្រាស ក្រុម​ហ៊ុន និងរោងចក្រពីសំណាក់ថ្នាក់​ដឹក​នាំនា​ពេល​នេះ ក៏ដើម្បី​ផ្ដល់​ភាព​​កក់​ក្ដៅ​​ដល់បងប្អូនពលក​រខ្មែរដែល​ទើបទទួល​បាន​ការងារ​នៅ​តាម​សហគ្រាស ក្រុមហ៊ុន និងរោងចក្រផ​ងដែរ។ បន្ថែមពីនេះ យុទ្ធនាការនេះក៏នឹងជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រ​យកចិត្ត​ទុកដាក់បំ​ផុត​នៅថ្ងៃ​ចូ​ល​ធ្វើ​ការដំបូង​របស់​ពលករ និងសម្រួលឱ្យ​​មាន​ការ​បើក​​ប្រាក់​ឈ្នួល​​ដោយ​​ផ្ទាល់​​ដៃ ឬ​តាម​មធ្យោបាយបណ្តោះអាសន្នណា​មួយ ដើ​ម្បី​ប​ង្កភាពងាយស្រួលបន្ថែមទៀត​ជូ​​នបង​ប្អូន​ពលករ ហើយ​លើស​ពីនេះ ក្រសួងក៏​នឹងជំ​រុញ​ឱ្យ​សហ​​គ្រា​ស ក្រុម​ហ៊ុន និង​រោង​ចក្រ សហការ​ផ្ដល់ព័ត៌​មាន​អំពី​​តម្រូវ​​ការកម្លាំង​ពលកម្ម​មកក្រសួងរៀ​ងរា​ល់ ២សប្តាហ៍ម្តង និង​ការចូល​រួមវេទិកាការងារ ឬ​យុទ្ធ​​​នាការ​ស​ម្ភាស​ជ្រើស​រើ​ស​បុគ្គ​លិក​ដោយ​​ផ្ទា​ល់ ឬតាម​រយៈ​ប្រព័ន្ធ Zoom ដែលក្រ​សួង​រៀបចំ​ក្នុង​​​ករណី​​មានតម្រូវ​​ការជ្រើសរើសបុគ្គលិក៕

ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន «ស្លាបសន្តិភាព» បានប្រារព្ធធ្វើឡើងយ៉ាងឱឡារិក និង​ជោគជ័យនៅរាជធានីភ្នំពេញ

2025/08/19 08:39:24 am        275
នារាត្រីថ្ងៃទី១៨ ខែសីហា កម្មវិធី«ស្លាបសន្តិភាព» ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ដែល​សហការ​រៀបចំ​ឡើងដោយ​មជ្ឈមណ្ឌលកម្មវិធីភាសា​តំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងសមាគមមិត្តភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើង យ៉ាង​ឱឡារិក​​នៅរាជធានីភ្នំពេញ។កម្មវិធីនេះរៀបចំឡើងក្រោមវត្តមាន​ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​កម្ពុជា ,ឯកឧត្ដម ឯក សំអុល ប្រធាន​សមាគម​មិត្ត​ភាព​កម្ពុជា-ចិន និងមន្ត្រីរាជការ អ្នក តំណាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ សិស្សនិស្សិត លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ មកពីសាលាចិន​វិទ្យាស្ថានខុងជឺ និង​សមាជិក​សភាពាណិជ្ជកម្មចិន រួមទាំង ភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋានកម្ពុជា និងចិន សរុបជាង ២០០នាក់។ឆ្នាំនេះគឺជាខួបលើកទី៨០ នៃជ័យជម្នះសង្គ្រាម​ប្រឆាំងហ្វាស៊ីសនិយម ពិភពលោក ក៏ដូច​ជា​ខួប​លើក​ទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និង “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” ផងដែរ ។ ភាគីទាំងពីរបានប្រើប្រាស់ទម្រង់ នៃការសម្តែងសិល្បៈ និងវប្បធម៌ ដើម្បី​បង្ហាញ​ពី​ទស្សនៈ​សន្តិភាព​ ពង្រឹងចំណងមិត្តភាពរវាង​ប្រជាជនទាំងពីរ និងបន្តពង្រឹងមូលដ្ឋានគ្រឹះ នៃ​សាធារណៈ​មតិ​ សម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន។កម្មវិធីសម្តែងបានចាប់ផ្តើមជាមួយនឹងរបាំអប្សរា«អ្នកនាំសារសន្តិភាព» ដែលសម្តែងដោយសិស្ស សាលារបាំនរោត្តមបុប្ផាទេវី ដែលកាយវិការរាំដ៏ស្រស់ស្អាត​បានបង្ហាញពីតម្លៃដ៏វិសេសវិសាល និង ក្តី​ប្រាថ្នាចំពោះសន្តិភាព។ បន្ទាប់មកមានការ​សម្តែងសិល្បៈគុនកុងហ្វូចិន និង ក្បាច់​គុន​ល្បុក្ក​តោ​ខ្មែរ​ដើម្បី​បង្ហាញ​ពីទំនាក់ទំនងដ៏អស្ចារ្យ នៃសិល្បៈក្បាច់គុន។ កម្មវិធីជា​បន្តបន្ទាប់រួមមាន បទ​ចម្រៀង​ “មនោសញ្ចេតនាកម្ពុជា-ចិន” ការប្រគំពិណបុរាណចិន បទ “សំណើច សមុទ្រឆាង” និង​ការ​សូត្រ​កំណាព្យបទ “សង្គ្រាមនិងសន្តិភាព” ដែលទាំងអស់នេះ​បានបង្ហាញពីភាពស្រស់ស្អាត នៃ​វប្បធម៌ប្រពៃណី និងការបង្ហាញមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅលើប្រធានបទសន្តិភាព ។ របាំ “ព្រាបសន្តិភាព” របស់ ក្រុមសិល្បៈរបាំខ្មែរបានបង្ហាញ ពីអនាគតដ៏ស្រស់បំព្រង ហើយ​ចម្រៀង ​បទ“សូមឱ្យពិភពលោក ពោរពេញដោយក្តីស្រឡាញ់” ដែល ច្រៀងដោយ សភា​ពាណិជ្ជ​ក​ម្ម​ចិនប្រចាំនៅកម្ពុជា បានធ្វើឱ្យកម្មវិធីទាំងមូលរឹតតែឱឡារិកបំផុត។ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងថា សន្តិភាពគឺ ជាមូលដ្ឋានគ្រឹះ សម្រាប់​ការអភិវឌ្ឍវិស័យទេសចរណ៍។ ប្រជាជនកម្ពុជាស្រឡាញ់ និងការពារសន្តិភាព និងឱ្យ​តម្លៃ កាលានុវត្តភាពអភិវឌ្ឍន៍ដែលនាំមកដោយសន្តិភាព។ ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍ អន្តរជាតិមួយ ដែលប្រកបដោយសុវត្ថិភាពមេត្រីភាព និងមានភាពទាក់ទាញ។ រយៈពេល ៧ខែដំបូង នៃឆ្នាំ២០២៥ ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៣លាន ៧សែន ១ម៉ឺននាក់ ដោយក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណ ៦៩ម៉ឺននាក់ កើនឡើង ៤៨.២ភាគរយ ។ ប្រទេសកម្ពុជាត្រដាង “ស្លាបសន្តិភាព ” អញ្ជើញមិត្តភក្តិចិនកាន់តែច្រើនមកទស្សនាប្រទេស កម្ពុជា ដើម្បីស្វែងយល់ពីភាពស្រស់ស្អាតនៃវប្បធម៌ខ្មែរ។ ឯកឧត្ដម ឯក សំអុល ប្រធានសមាគម មិត្តភាពកម្ពុជា-ចិន បាន ថ្លែងសុន្ទរកថា ក្នុង កម្ម​វិធី​ថា​ឆ្នាំ​នេះ​ជា​ខួបលើកទី ៦៧ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយ ទំនាក់ទំនងរវាង ប្រទេសទាំងពីរ មាន​ភាពរឹងមាំ និង ស្ថិតស្ថេរយូរអង្វែងហើយមនោសញ្ចេតនារវាងប្រជាជនក៏មានភាពស៊ីជម្រៅ។ វប្បធម៌ និងសិល្បៈ គឺជាស្ពាន មួយដែលដែលអាចឆ្លងផុតព្រំដែន យើងបានរៀប​ចំ​កម្ម​វិធី​សម្ដែង​សិល្បៈ​នេះ​ ដើម្បីផ្សព្វផ្សាយទស្សនៈសន្តិភាព និងបង្ហាញពីស្មារតីប្រឆាំងសង្គ្រាម ដែល នេះមិន​ត្រឹម​តែ​ជាកា​ររំលឹកដល់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការបន្ត និងពង្រឹងមិត្តភាព​ដ៏​ជ្រាល​ជ្រៅ​រវាង​ប្រទេសទាំងពីរ​ព្រម​ទាំង​ជា​សេចក្តី​ប្រកាស​ដ៏​ម៉ឹងម៉ាត់​អំពី​តម្លៃ​សន្តិភាព​ដែល​ប្រជាជន​ប្រទេស​ទាំង​ពីររួមគ្នាការពារផងដែរ។ “សន្តិភាព គឺជាបំណងប្រាថ្នាដ៏យូរអង្វែងបំផុត​របស់​មនុស្ស​ជាតិ”។ ភ្ញៀវកិត្តិយសជាង ២០០នាក់ដែលបានចូលរួមក្នុងកម្មវិធី បានធ្វើកាយវិការដៃ “ស្លាប​សន្តិភាព” នេះរួមគ្នា ដើម្បីបង្ហាញនូវ “ការរលាស់ស្លាប” ដែលជានិមិត្តរូបនៃសន្តិភាព ហើយ​ក៏​បាន​បម្លែង​ខ្លឹមសារសំខាន់នៃ “ការអំពាវនាវរកសន្តិភាព និងការបួងសួងសុំសន្តិភាព” ទៅ​ជា​សេចក្តី​ប្រកាស​ដែល​មើល​ឃើញ​ឆ្លងផុតរបាំងភាសា។ ប្រជាជននៃប្រទេសទាំងពីរបានបង្ហាញនូវក្តីស្រឡាញ់ចំពោះសន្តិភាព និង ក្តីរំពឹង​ចំពោះ​អនាគត​ដ៏​ស្រស់​បំព្រង​តាមរយៈតន្ត្រី និងរបាំ។ ភ្ញៀវកិត្តិយស និងទស្សនិកជនបា​នលើ​កឡើ​ង​ថា​កម្ម​វិធី​សម្ដែងសិល្បៈ “ស្លាបសន្តិភាព” មិនត្រឹមតែបង្ហាញពីការផ្លាស់ប្តូរ និងរៀន​សូត្រ​វប្បធម៌​ទៅ​វិញ​ទៅ​មក នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីជំនឿចិត្តដ៏រឹងមាំក្នុងការរួមគ្នា កសាងសន្តិភាព និងមិត្តភាពផងដែរ៕

សម្ដេចតេជោ៖ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជា បានដូចគ្នាដែរ

2025/08/19 07:24:47 am        58
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៨ ខែសីហានេះ បានបង្ហោះសារ លើកឡើងថា តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។សម្ដេចតេជោបានថ្លែងថា ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។សម្ដេចតេជោបញ្ជាក់ថា ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។សម្ដេចតេជោបន្តថា ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញ ដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?

រដ្ឋមន្រី្តក្រសួងសុខាភិបាល បានរំលឹក «ក្នុងស្មារតីស្នេហាជាតិ យើងទាំងអស់គ្នាត្រូវបន្តប្រឹងប្រែង និងសាមគ្គីគ្នា បំពេញការងារឱ្យកាន់តែខ្លាំងឡើងៗ»

2025/08/18 07:51:14 pm        135
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែសីហា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីសារៈសំខាន់ខ្លឹមសារនៃកិច្ចប្រជុំ ដើម្បីជំរុញឱ្យថ្នាកដឹកនាំគ្រប់ផ្នែកទាំងអស់ ដើរស្របតាមគោលនយោបាយក្រសួង និងរាជរដ្ឋាភិបាល ដោយយកទៅអនុវត្ត ផ្សព្វផ្សាយ ហើយកែច្នៃឱ្យធ្វើក្លាយជាប្រយោជន៍ និងកាន់តែច្បាស់លាស់ទៅតាមកាលវេលា ក្នុងអង្គសុខាភិបាលតែមួយ។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងពីស្ថានភាពនៅព្រំដែន ថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវខិតខំបន្តសកម្មភាពឱ្យកាន់តែល្អប្រសើរឱ្យគ្រប់ស្ថានភាព បង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ជាពិសេសនៅតាមបណ្តាខេត្តព្រំដែន និងបន្តយកចិត្តទុកដាក់លើបញ្ហាសុខភាពសាធារណៈ ក្នុងការពិនិត្យថែទាំសុខភាពប្រជាពលរដ្ឋនៅគ្រប់ស្ថានភាព។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ ក៏សូមសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគ្រប់កម្រិត មន្ទីរពេទ្យជាតិ និងក្រុមគ្រូពេទ្យ ដែលបានខិតខំក្នុងស្មារតីទទួលខុសត្រូវ មោះមុត ជាគំរូល្អ ក្នុងការចូលរួមបម្រើសេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តជាប់ព្រំដែន។ ឯកឧត្តមសាស្រ្តាចារ្យ សូមផ្តាំផ្ញើ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្តជាប់ព្រំដែន និងខេត្តសៀមរាប ព្រមទាំងមន្ទីរសុខាភិបាលខេត្តដែលចូលរួមជួយគាំទ្រដល់ខេត្តកំពុងមមាញឹក ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងកងទ័ពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្ថិតក្នុងស្ថានភាពជួបការលំបាកនេះ។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់មជ្ឈមណ្ឌលជាតិ និងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងលើកកម្ពស់សុខភាពសាធារណៈ ដោយត្រូវយកចិត្តទុកដាក់បង្កើនការផលិតសារអប់រំ ជំងឺឆ្លង ដូចជា៖ ជំងឺគ្រុនឈាម និងការពុលចំណីអាហារ និងផ្សព្វផ្សាយសារអប់រំសុខភាព តាមគ្រប់មធ្យោបាយឱ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ បន្ថែមពីនេះត្រូវយកចិត្តទុកដាក់បន្ថែមលើបញ្ហាសុខភាពសាធារណៈដូចជា អាហារូបត្ថម្ភកុមារ កម្មវិធីចាក់ថ្នាំបង្ការ សុខភាពបរិស្ថាន ដោយត្រូវសហការគ្នាជាមួយផ្នែកពាក់ព័ន្ធឱ្យបានជិតស្និត នៅគ្រប់ស្ថានភាព៕អត្ថបទ រដ្ឋា 

​​សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ផ្ទះមួយខ្នង ដីមួយហិចតា ជូនឪពុកម្តាយទ័ពជួរមុខប្រចាំការនៅប្រាសាទតាក្របី

2025/08/18 06:14:54 pm        409
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក វេ គឹមសុីម នាយការិយាល័យបុគ្គលិក និងជាប្រធានលេខាធិការដ្ឋាន ស.អ.ក ខេត្ត តំណាងលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធាន ស.អ.ក ខេត្តបាត់ដំបង បានដឹកនាំក្រុមការងាររួមមាន លោក ញឹក សារ៉ែន អភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុកគាស់ក្រឡ, លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការ នៃអធិការដ្ឋាននគរបាលស្រុក និងជាប្រធាន ស.អ.ក ស្រុកគាស់ក្រឡ ព្រមទាំងមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះ ប្រគល់ផ្ទះ១ខ្នង និងដីទំហំ ១ហិចតា ជូនឪពុកម្តាយ លោកព្រិន្ទបាលទោ ទី ភាព ជាយុទ្ធជន នៅវរសេនាតូចលេខ២៥១ ចំណុះកងពលតូចលេខ៥ ឈរជើងនៅប្រាសាទតាក្របី កងទ័ពជួរមុខប្រចាំការនៅទិសប្រសាទតាក្របី ដែលគ្មានផ្ទះ និងដីរស់នៅផ្ទាល់ខ្លួន សព្វថ្ងៃរស់នៅចំណីមាត់អូរស្ថិតនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ផ្ទះដែលប្រគល់ជូនគ្រួសារកងទ័ពខ្វះខាតនៅពេលនេះជាអំណោយថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កសាងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា។ បន្ថែមលើនេះ ឪពុកម្តាយ លោកព្រឹន្ទបាលទោ ទី ភាព ក៏ទទួលបានអំណោយពីកាកបាទក្រហមសាខាស្រុកគាស់ក្រឡ និង ស.អ.កខេត្ត រួមមាន៖ មី ៣កេសតូច ត្រីខ ៣យួរ ទឹកសុីអុីវ ២យួរ ទឹកត្រី ២យួរ ប្រេងកូឡា ២ដប អង្ករ ៥០គីឡូក្រាម ឆ្នាំង២ ចាន ស្លាបព្រាវែក ពាងទឹក២ និងថវិកាមួយចំនួនផងដែរ ។

កម្ពុជាបន្តដាស់តឿនឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួនបទឈប់បាញ់ និងបន្តទាមទារឲ្យដោះលែងទាហានខ្មែរទាំង១៨នាក់

2025/08/18 05:20:58 pm        398
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្តអំពាវនាវឲ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀមបទឈប់បាញ់ឲ្យបានខ្ជាប់ខ្ជួន ហើយមួយវិញទៀតត្រូវតែធ្វើការដោះលែងទាហានកម្ពុជា១៨នាក់ដែលថៃចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ និងតាមការទាមទាររបស់សហគមន៍អន្តរជាតិ ខណៈរហូតដល់ពេលនេះគឺមានរយៈពេល២០ថ្ងៃហើយ ដែលថៃចាប់ពួកគាត់ដោយខុសច្បាប់នោះ។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃនារសៀលថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានផ្តាំទៅភាគីថៃគប្បីគោរពឲ្យបានម៉ឺងម៉ាត់ បំផុតនូវបទឈប់បាញ់ ដែលបានព្រៀមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ខណៈ ការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាង(កម្ពុជា-ថៃ) វានឹងធ្វើឲ្យបរិយាកាសមានភាពអំណោយផលឆ្ពោះទៅការនាំមកវិញនូវសុខសន្តិភាព ស្ថេរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនកម្ពុជា និងថៃចង់បានប៉ុណ្ណោះទេសូម្បីតែពិភពលោកទាំងមូលក៏ចង់ឃើញចង់បានផងដែរ។ យ៉ាងណាក៏ដោយតាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃលើកទី៣នេះ លោកជំទាវម៉ាលី សុជាតា ក៏បានបន្តអំពាវនាវយ៉ាងទទួចដល់ភាគីថៃ ត្រូវធ្វើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ដែលខ្លួនចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ៗខាងមុខនេះដោយគ្មានលក្ខខណ្ឌ ខណៈក្រុមគ្រួសាររបស់ពួកគេកំពុងរងចាំទាំងយប់ទាំងថ្ងៃ អស់រយៈពេល២០ហើយក្រោយភាគីថៃចាប់ពួកគេទៅដោយខុសច្បាប់នោះ។​អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យភាគីថៃដោះលែងពួកគេមកកម្ពុជាវិញឲ្យបានឆាប់ៗ។  ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងការពារជាតិ ក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសហគមន៍អន្តរជាតិ ដែលបានជួយធ្វើការទាមទារឲ្យភាគីថៃ ដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលថៃបានចាប់ទៅដោយខុសច្បាប់ប្រគល់មកឲ្យកម្ពុជាវិញផងដែរ។ ជាមួយគ្នានេះកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវឲ្យថៃបំពេញនូវកតព្វកិច្ចរបស់ខ្លួន ពោលគឺរហូតដល់ថៃធ្វើការដោះលែងទាហានកម្ពុជាទាំង១៨នាក់នោះឲ្យខាងតែបាននាពេលឆាប់ៗនេះ៕អត្ថបទ ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចប្រជុំ RBC កម្ពុជា-ថៃ កំពុងប្រព្រឹត្តទៅនៅខេត្តឧត្តរមានជ័យ ខណៈកម្ពុជា សង្ឃឹមលទ្ធផលជាវិជ្ជមានបន្ថែម
08/27/2025 11:08 AM
អ៊ីស្រាអែល៖ការវាយប្រហារនៅមន្ទីរពេទ្យ គឺសំដៅលើកាមេរ៉ារបស់ក្រុមហាម៉ាស ខណៈមនុស្សរាប់សែននាក់តវ៉ាប្រឆាំងសង្គ្រាមនៅហ្កាហ្សា
08/27/2025 11:08 AM
មនុស្សរាប់សិបនាក់ស្លាប់នៅទីក្រុង Katra ខណៈភ្លៀងធ្លាក់ខ្លាំងវាយប្រហារដ្ឋ Jammu និងរដ្ឋKashmir របស់ឥណ្ឌា
08/27/2025 11:08 AM
បេក្ខជនប្រឡងបាក់ឌុបមកពីខេត្តឧត្តរមានជ័យ នាំគ្នាមកមើលឈ្មោះ និងបើកប្រាក់ឧបត្ថម្ភ១០ម៉ឺនរៀល និងមី៦កញ្ចប់
08/27/2025 10:08 AM
កិច្ចប្រជុំ RBC កម្ពុជា-ថៃ កំពុងប្រព្រឹត្តទៅនៅខេត្តឧត្តរមានជ័យ ខណៈកម្ពុជាសង្ឃឹមទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត
08/27/2025 10:08 AM
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង រិះគន់ប្រធានាធិបតីកូរ៉េខាងត្បូង ជុំវិញសុន្ទរកថា រំសាយអាវុធនុយក្លេអ៊ែរ
08/27/2025 10:08 AM
កងទ័ពរុស្ស៊ី កំពុងវាយឆ្ពោះទៅមុខក្នុងតំបន់ Dnipropetrovsk ភាគអាគ្នេយ៍របស់អ៊ុយក្រែន
08/27/2025 10:08 AM
UN បញ្ចេញថវិកា៦០ម៉ឺនដុល្លារ ដល់ប៉ាគីស្ថាន ដែលរងគ្រោះពីទឹកជំនន់ដូវមូសុង ខណៈជម្លៀសជាថ្មីក្រោយឥណ្ឌាបញ្ចេញទឹក
08/27/2025 09:08 AM
ប្រេសិតអាមេរិក ត្រៀមជួបមន្រ្តីអ៊ុយក្រែន នៅក្រុងញូវយ៉ក សប្តាហ៍នេះ ខណៈការពិភាក្សាជាមួយរុស្ស៊ី ក៏កំពុងបន្ត
08/27/2025 09:08 AM
លោក Zelenskiy៖ ប្រទេសទួរគី រដ្ឋឈូងសមុទ្រ ឬប្រទេសនៅអឺរ៉ុប អាចធ្វើជាម្ចាស់ផ្ទះការចរចាជាមួយលោក Putin
08/27/2025 09:08 AM