គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ចាប់ផ្ដើមចែកដើមឈើជាង ៥លានដើម ដោយមិនគិតថ្លៃជូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែកក្កដានេះ

2026/07/10 08:59:12 pm        293
ក្រសួងបរិស្ថាន បានចាប់ផ្ដើមចែកដើមឈើប្រមាណជាង ៥លានដើមដោយមិនគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋយកទៅដាំដុះ។ ដើមឈើដែលផ្ដល់ជូនដោយមិនគិតថ្លៃនេះ មានទាំងដើមឈើប្រណីត ដើមឈើហូបផ្លែ ក៏ដូចជាដើមឈើលម្អ ដែលប្រជាពលរដ្ឋអាចទៅយកបានចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៣ កក្កដា ឆ្នាំ ២០២៦។ក្រសួងបរិស្ថាន បានរៀបចំពិព័រណ៍ ពន្លកបៃតង ដែលមានការដាក់តាំងបង្ហាញ និងចែកជូនដើមឈើរហូតដល់ជាង ៥លានដើម ដោយមិនគិតថ្លៃ ជូនប្រជាពលរដ្ឋ។ ការចែកជូនដើមឈើដោយមិនគិតថ្លៃនេះ ចាប់ផ្ដើមពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៣ កក្កដា ដែលមានទីតាំងនៅក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃដំបូង នៃការចែកដើមឈើដោយមិនគិតថ្លៃនេះ ប្រជាពលរដ្ឋមួយចំនួនដែលបានទៅយកដើមឈើ បានបង្ហាញនូស្នាមញញឹម ភ្ជាប់ជាមួយនឹងដើមឈើជាច្រើនដើមនៅជាប់នឹងខ្លួន។ ពួកគេនឹងយកទៅដាំនៅដីរបស់ខ្លួន ដើម្បីផ្ដល់ជាម្លប់ ផ្ដល់ជាសោភណ្ឌភាព ក៏ដូចជាជួយដល់បរិស្ថាន។ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា នេះជាពិព័រណ៍នៃក្តីសង្ឃឹម នៃ ស្មារតីទទួលខុសត្រូវ និងជាគ្រឹះនៃអនាគតបៃតងរបស់ ប្រទេសកម្ពុជាយើង។ កូនឈើតូចៗនីមួយៗដែលយើងឃើញនៅថ្ងៃនេះ សុទ្ធតែ បង្កប់នូវអត្ថន័យដ៏ធំធេង។ ទោះបីជាកូនឈើមានទំហំតូច ល្អិត ប៉ុន្តែកូនឈើទាំងនេះមានជីវិត កូនឈើទាំងនេះផ្តល់ម្លប់ កូនឈើទាំងនេះបង្កើតខ្យល់អាកាសបរិសុទ្ធ កូនឈើ ទាំងនេះនាំមកនូវសោភ័ណភាព និងជាខែលការពារ ទឹកដី ជីវៈចម្រុះ សម្រាប់មនុស្សជំនាន់ក្រោយ។ នៅ ពេលយើងចែកកូនឈើមួយដើមជូនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ គឺមិនមែនត្រឹមតែការផ្តល់រុក្ខជាតិមួយដើម នោះឡើយ ប៉ុន្តែនេះ គឺជាការប្រគល់នូវបេសកកម្មជាតិ និងការផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូប បានចូល រួមផ្ទាល់នៅក្នុងចលនាកសាងកម្ពុជាឱ្យកាន់តែមានភាពបៃតង។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ជាតំណាងសម្ដេច នាយករដ្ឋមន្ត្រី បានលើកឡើងដែរថា ព្រឹត្តិការណ៍ពិព័រណ៍ «ពន្លក បៃតង» នេះ គឺជាគំនិតផ្តួចផ្តើមមួយដែលប្រកបដោយគុណតម្លៃ និងអត្ថន័យខ្លឹមសារជ្រាលជ្រៅជាទីបំផុត ដែលពិតជាមានសារៈសំខាន់ឥតឧបមា ក្នុងការបណ្តុះស្មារតី ស្រលាញ់បរិស្ថាន ធម្មជាតិ ព្រៃឈើ និងភាពបៃតង ដោយយើងទាំងអស់គ្នាមិនមែនបានត្រឹមតែ បង្ហាញនូវក្តីស្រលាញ់ត្រឹមតែនិយាយប៉ុណ្ណោះទេ ប៉ុន្តែអ្នកចូលរួមទាំងអស់គ្នាមានឱកាសបានបង្ហាញ នូវសកម្មភាពពិត ពោលគឺមានឱកាសទទួលយកកូនឈើដោយឥតគិតថ្លៃ ដើម្បីយកទៅដាំបណ្តុះ ដែលនេះ គឺជាសក្ខីកម្មមួយបង្ហាញពីសកម្មភាពជាក់ស្តែងនៃការស្រលាញ់ និងបណ្តុះពន្លកបៃតងសម្រាប់ ប្រទេសជាតិរបស់យើង។អត្ថបទ៖គឹមហុក  

ក្រសួងពាណិជ្ជកម្ម បើកការស៊ើបអង្កេតលើករណីពាក់ព័ន្ធការចុះបញ្ជីកែប្រែក្រុមហ៊ុនមួយ ក្រោយ​មាន​ការ​ចុះផ្សាយពីសារព័ត៌មានជប៉ុន

2026/07/10 08:50:40 pm        285
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសបើកការស៊ើបអង្កេតផ្ទៃក្នុង ដើម្បីកំណត់​អត្ត​សញ្ញាណ​បុគ្គល​ដែល​អាច​ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស ក្នុងករណីពាក់ព័ន្ធនឹងនីតិវិធី​ចុះ​បញ្ជី​កែប្រែ​ក្រុមហ៊ុន​ឯកជន​មួយនៅកម្ពុជា កាលពីឆ្នាំ២០២១ បន្ទាប់ពីសារព័ត៌មានជប៉ុន The Japan Times បានចុះផ្សាយព័ត៌មានអំពីករណីនេះ និងបញ្ជាក់ថា កំពុងស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ចជប៉ុន។សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បញ្ជាក់ថា នាពេលថ្មីៗ​នេះ ក្រសួងបាន ទទួលព័ត៌មានអំពីករណីសារព័ត៌មានជប៉ុន The Japanese Times ចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងនីតិវិធីចុះបញ្ជីកែប្រែក្រុមហ៊ុនឯកជនមួយនៅកម្ពុជាក្នុងអំឡុងឆ្នាំ២០២១។ សេចក្តីជូនដំណឹង បន្តថា សារព័ត៌មានជប៉ុន ក៏បានបញ្ជាក់ថា ករណីនេះ កំពុងស្ថិតក្នុងដំណើរការនីតិវិធីស៊ើបអង្កេតរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន។ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម ក៏បានបើកការស៊ើបអង្កេតផ្ទៃក្នុងកំណត់មុខសញ្ញាបុគ្គលប្រព្រឹត្តអំពើល្មើស ដើម្បីចាត់នីតិវិធីតាមផ្លូវច្បាប់ជាធរមាន និងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយតាមការចាំបាច់។ក្រសួងពាណិជ្ជកម្ម ពន្យល់ថា ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាពាក់ព័ន្ធផ្សេងៗទៀត ត្រូវបានធ្វើ ឡើងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន www.registrationservices.gov.kh ដើម្បីបង្កើនប្រសិទ្ធភាព សម្រួល នីតិវិធីចុះបញ្ជីពាណិជ្ជកម្ម និងសេវាសាធារណៈពាក់ព័ន្ធឱ្យបានឆាប់រហ័ស លើកកម្ពស់តម្លាភាព បង្កើនសុចរិតភាព និងលុបបំបាត់ចំណាយក្រៅផ្លូវការ។ ក្នុងន័យនេះ ក្រុមហ៊ុន សហគ្រាស ត្រូវបានលើកទឹកចិត្តឱ្យធ្វើការចុះបញ្ជី ពាណិជ្ជកម្ម និងចុះបញ្ជីរាល់ការកែប្រែផ្សេងៗ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងអាចស្វែងរកការពិគ្រោះយោបល់ និងជំនួយផ្នែកបច្ចេកទេស-នីតិវិធីពីសេវាកម្មឯកជន ដែលទទួលបានការបណ្តុះបណ្តាល និងទទួលស្គាល់ដោយ ក្រសួង ដូចមានក្នុងបញ្ជីជូនភ្ជាប់។ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូរសព្ទសាធារណៈលេខ ១២៦៦ សម្រាប់ ការសាកសួរ និងផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួង និងបានតភ្ជាប់សេវាសាធារណៈ របស់ក្រសួងជាមួយផ្ទាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange - CamDX) រួមជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យប្រសើរឡើង។កាលពីថ្មីៗនេះ ក្រសួងបាន បន្តធ្វើសាមញ្ញកម្ម និងជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឱ្យឈានដល់ ១០០% ក្នុងការផ្តល់សេវាសាធារណៈ តាមរយៈប្រកាសលេខ០៤៤ ព.ណ.ន.ចបព ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ស្តីពីការធ្វើសាមញ្ញកម្ម ការងារចុះបញ្ជីពាណិជ្ជកម្មដំណាក់កាលទី២៕ អត្ថបទ៖ ធូ វិរៈ

ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបាន​ប្រមាណ ៣៧ពាន់លាន​ដុល្លារអាមេរិក កើនជាង ២០% ក្នុង​ឆមាសទី១ ឆ្នាំនេះ

2026/07/10 08:36:08 pm        202
ភ្នំពេញ៖ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិ​បន្តកើនឡើងជាវិជ្ជមាន​ ដោយក្នុង​ឆមាសទី១ ឆ្នាំ ២០២៦នេះ សម្រេចបានក្នុងទំហំទឹកប្រាក់សរុប​ប្រមាណ ៣៧ពាន់លាន​ដុល្លារអាមេរិក កើនឡើង​ជាង២០% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។ ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បង្ហាញថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា​ជាមួយដៃគូអន្តរជាតិសម្រេចបានក្នុងទំហំទឹកប្រាក់សរុបចំនួ​នជាង ៣៦,៨៤ ពាន់លាន​ដុល្លារអាមេរិក កើនឡើង ២០,៥% បើបើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។ទិន្នន័យនេះ បញ្ជាក់ទៀតថា​ ក្នុងចំណោមទឹកប្រាក់ ៣៦,៨៤ ពាន់លាន​ដុល្លារអាមេរិក កម្ពុជាបាន​​នាំចេញទំនិញ​មានតម្លៃជាប្រាក់ចំនួន ១៧,០៧ ពាន់លានដុល្លារអាមេរិក ហក់ឡើង ១៩,៥% ខណៈដែលកម្ពុជានាំចូលទំនិញមកវិញក្នុងទំហំទឹកប្រាក់មានចំនួន ១៩,៧៦ ពាន់លាន​ដុល្លារអាមេរិក​។ប្រទេសចិននៅតែជាតែជាទីផ្សារធំជាងគេបំផុតរបស់កម្ពុជា​ឈរនៅលំដាប់ទី១ ក្នុងចំណោមទីផ្សារកំពូលទាំង ២០ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ សហរដ្ឋអាមេរិកគឺជាទីផ្សារធំលំដាប់ទី២ និងប្រទេសវៀតណាមគឺជាទីផ្សារធំនៅលំដាប់ទី៣របស់កម្ពុជា​ ខណៈប្រទេសជប៉ុនឈរនៅលំដាប់ទី៤ និងថៃឈរនៅលំដាប់ទី៥ ព្រមទាំងទីផ្សារសំខាន់ៗមួយចំនួនទៀត ដូចជា សិង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី,កាណាដា, និងអេស្ប៉ាញ ជាដើម។កម្ពុជាគឺប្រទេសផលិត និងផ្គត់ផ្គងដ៏សំខាន់ៗមួយទៅកាន់ពិភពលោក ដែលមានផលិត ដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ និងកាបូប, គ្រឿងបន្លាស់ និងគ្រឿងអេឡិចត្រូនិក, គ្រឿងបង្គុំរថយន្ត និងសំបកកងរថយន្ត និង​ ផលិតផលកសិកម្ម រួមមាន អង្ករ គ្រាប់ស្វាយចន្ទី ដំឡូងមី ចេក កៅស៊ូ ម្រេច និងផលិតផលកសិកម្មសំខានៗមួយចំនួនទៀត​ ។​ តំណាងសហគ្រាសកែច្នៃម្រេចសរីរាង្គ Bo Tree ដែលមានប្រភពមកពីខេត្តកំពត បានឱ្យដឹងថា សហគ្រាសរបស់​កញ្ញាគឺបាននាំចេញម្រេចទៅកាន់ទីផ្សារសំខាន់ៗ ដូចជា ចិន ហុងកុង,តៃវ៉ាន់ ,សហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុប។ក្នុងឆ្នាំ២០២៥កន្លងទៅ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានទឹកប្រាក់សរុប ៦៥,២៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨% បើធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជាបាននាំចេញក្នុងទំហំទឹកប្រាក់ ៣១,២៨ ពាន់លានដុល្លារអាមេរិក (កើនឡើង ១៧%) និងនាំចូលមកវិញក្នុងទំហំទឹកប្រាក់ ៣៣,៩៦ ពាន់លានដុល្លារអាមេរិក (កើនឡើង ១៨%)៕ អត្ថបទ៖ ធូ វិរៈ 

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៧៩% ហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦នេះ

2026/07/10 08:29:24 pm        179
នាថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការលេខា ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ចុះពិនិត្យតាមដានការអនុវត្តគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលគិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦នេះ សម្រេចបាន ៧៩ % ហើយបន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ វឌ្ឍនភាពគម្រោងរួមមាន ៖ ១).ផ្នែកគ្រឹះស្ពាន សម្រេច ១០០% ២). រចនាសម្ព័ន្ធ ក្រោមស្ពានសម្រេចបាន១០០ % ៣). រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ សម្រេចបាន១០០% ៤).រចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន៨៤% និង ៥).បណ្តាញផ្លូវសម្រេចបាន ៥១% (ផ្លូវតភ្ជាប់ ប្រវែង ៨០៤,៣០ម សម្រេចបាន ៥០% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤១ម. សម្រេចបាន ៥០%)។ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលបាន និងកំពុងដំណើរការដោយគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេសត្រឹមត្រូវ ប្រកបដោយគុណភាព និងសោភណ័្ឌភាព។ អង្គភាពគ្រប់គ្រងគម្រោង បន្តពង្រឹងសុវត្ថិភាពការងារ បន្ថែមទៀតដោយសាររដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាពលើទឹក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក និងបានណែនាំឱ្យពិនិត្យបន្ថែមផ្ទៃលើនៃកម្រាលផ្លូវបេតុងទាំងអស់ ដើម្បីបង្កើនភាពកកិត ដើម្បីជៀសវាងការរអិល ឬគ្រោះថ្នាក់សម្រាប់អ្នកប្រើប្រាស់ និងសិក្សាបន្ថែមអំពីប្រព័ន្ធភ្លើងបំភ្លឺឱ្យមានពន្លឺគ្រប់គ្រាន់ រួមទាំងសិក្សារៀបចំសួនលើរង្វង់មូលសងខាង និងលើស្ពាន ដើម្បីបង្កើនសោភណ័ភាពឱ្យកាន់តែស្រស់ស្អាតថែមទៀត។ សូមបញ្ជាក់ជូនថា៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាស្ពានទី៧តាមដងទន្លេបាសាក់ បន្ទាប់ពីស្ពានដែលបានសាងសង់រួចទាំង៦ រួមមាន ស្ពានឆ្លងកោះពេជ្រ-កោះនរា ស្ពានព្រះមុនីវង្សទាំង២ ស្ពានសំរោង ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ៕ 

ក្រសួងបរិស្ថានបើកដំណើរការពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមឆ្នាំ២០២៦

2026/07/10 08:24:01 pm        199
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើម នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។ ព្រឹត្តិការណ៍ពិសេសជាប្រវត្តិសាស្រ្តនាពេលនេះ បានប្រព្រឹត្តទៅ ក្រោមព្រះវត្តមានសម្តេចព្រះឧត្តមវង្សា គូ សុភាព គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងវត្តមាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយ ថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា តំណាងក្រសួង ស្ថាប័ន ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ ដៃសហការ សមាគម អង្គការសង្គមស៊ីវិល ព្រះសង្ឃ សហគមន៍តំបន់ការពារធម្មជាតិ វិស័យឯកជន យុវជន និងសិស្សានុសិស្សជាច្រើននាក់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ថ្ងៃនេះ យើងមិនត្រឹមតែជួបជុំគ្នាដើម្បីបើកពិព័រណ៍ «ពន្លកបៃតង» ប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងរួមគ្នាប្រកាសចាប់ផ្តើម ចលនាជាតិមួយ ដែលមានគោលបំណងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការការពារ និងស្ដារធនធានធម្មជាតិ។ «ពន្លកបៃតង» គឺជានិមិត្តរូបនៃក្តីសង្ឃឹម ការទទួលខុសត្រូវ និងការចាប់ផ្តើមថ្មី សម្រាប់កម្ពុជាបៃតង ស្អាត និងប្រកបដោយចីរភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានជំរុញចលនាបៃតងយ៉ាងខ្លាំងក្លា ដោយចាត់ទុកពិព័រណ៍ «ពន្លកបៃតង» គឺជាបេសកកម្មជាតិដ៏មានគុណតម្លៃខ្ពស់បំផុត ក្នុងការបណ្តុះស្មារតីស្រឡាញ់បរិស្ថាន ធម្មជាតិ និងព្រៃឈើ។ សកម្មភាពនេះមានគោលបំណងពង្រីកគម្របបៃតងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការតាំងពិព័រណ៍កូនឈើ និងយុទ្ធនាការដាំដើមត្នោតចំនួន ១លានដើម ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ និងបរិស្ថាន។ មានប្រសាសន៍បន្ថែមឯកឧត្តមឧបនាយករដ្ឋមន្រ្តី។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងកោតសរសើរចំពោះការផ្តួចផ្តើមយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដែលមានគោលដៅពង្រីកគម្របព្រៃឈើ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងបង្កើតទ្រព្យសម្បត្តិធម្មជាតិសម្រាប់ជំនាន់ក្រោយ ហើយការចូលរួមចលនាបៃតងត្រូវស្តែងឡើងតាមរយៈសកម្មភាពជាក់ស្តែង ដូចជាការទទួលកូនឈើដាំដោយផ្ទាល់។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានរៀបចំចែកកូនឈើចម្រុះប្រមាណ ៥លានដើម ដោយឥតគិតថ្លៃជូនដល់សាធារណជននៅក្នុងឆ្នាំ២០២៦។ ពិព័រណ៍ផ្សព្វផ្សាយ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ ដាំដើមត្នោតមួយលានដើម ឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ មានការដាក់តាំងពិព័រណ៍កូនឈើ និងនិងចែកកូនឈើ នៅតាមស្តង់នីមួយៗ ដែលរៀបចំដោយក្រសួងបរិស្ថាន ពិសេស អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ មន្ទីរបរិស្ថានទាំង២៥ រាជធានីខេត្ត ទូទាំងប្រទេស ការចូលរួមពី ក្រុមការងារយុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រុមកាយរិទ្ធិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សទាំងអស់ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ចលនាភូមិមួយផលិត- ផលមួយ បងប្អូនប្រជាសហគមន៍តំបន់កាពារធម្មជាតិ។ លើសពីនេះ ក្រសួងបរិស្ថាន ក៏មានការដាក់តាំងពិព័រណ៍រថយន្ត និងម៉ូតូអគ្គីសនី សំដៅលើកទឹកចិត្តសាធារណជនឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរប្រភេទនេះ ដើម្បីរួមចំណែកកាត់បន្ថយការបញ្ចេញកាបូនទៅក្នុងបរិស្ថាន បង្កើនភាពស្អាតក្នុងទីក្រុង និងគាំទ្រចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ ជាប្រទេសអព្យាក្រឹត្យកាបូន។ 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយលោក កឹម សុខា និងភរិយា និងក្រុមគ្រួសារ ចំពោះមរណភាពឧបាសិកា សៅ ង៉ែត

2026/07/10 08:14:49 pm        290
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ហួន ចន្ទបូរ៉ា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោក កឹម សុខា និងភរិយា និងក្រុមគ្រួសារ ចំពោះមរណភាពឧបាសិកា សៅ ង៉ែត ដែលត្រូវជាម្តាយបង្កើត ម្តាយក្មេក ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០០នាទី ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ ហើយដែលពិធីបុណ្យសពធ្វើឡើងនៅគេហដ្ឋាន ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ គណៈប្រតិភូ បានប្រគល់ជូននូវសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារសព ព្រមទាំងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា សៅ ង៉ែត បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ 

រដ្ឋសភានឹងបើកបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១៤ ខែកក្កដាខាងមុខដើម្បីពិភាក្សានិងអនុម័តរបៀបវារៈចំនួន៥

2026/07/10 08:08:16 pm        173
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈមួយចំនួន។ជាលទ្ធផល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ដោយមានរបៀបវារៈចំនួន ៥រួមមាន៖១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួន ០១រូប។២- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញា ស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។៣- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។៤- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារនិងសំណង់។៥- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួល ទទួលស្គាល់ទៅវិញទៅមកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។ 

អ្នកនាំពាក្យរដ្ឋាភិបាល ណែនាំឱ្យនិស្សិតខិតខំសម្រួចខ្លួនក្លាយជាមនុស្សពូកែ និងមានសមត្ថភាព ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារ

2026/07/10 07:57:42 pm        141
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យឱ្យខិតខំសម្រួចខ្លួនឱ្យក្លាយជាមនុស្សពូកែ និងមានសមត្ថភាពខ្ពស់ដើម្បីត្រៀមប្រកួតប្រជែងក្នុងទីផ្សារការងារនៅពេលដែលពួកគេរៀនចប់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា ប្រទេសកាន់តែអភិវឌ្ឍន៍ ការងារកាន់តែមមាញឹក ការប្រកួតប្រជែងកាន់តែខ្លាំង។ ដូច្នេះ ទីផ្សារការងាររង់ចាំស្វាគមន៍មនុស្សដែលមានចំណេះជំនាញពិតប្រាកដ និងសមត្ថភាពខ្លាំងពូកែ ដែលពោរពេញដោយថាមពលដើម្បីបម្រើការងារ។ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងបាឋកថាស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានៅរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦។ បាឋកថានេះ មានវត្តមានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ពីឯកឧត្តមបណ្ឌិត សំ សំអាង អធិការបតីនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា រួមទាំងគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសមណនិស្សិត-និស្សិតសរុបជាង២០០ អង្គ/នាក់។នៅចំពោះមុខសមណនិស្សិត-និស្សិត ឯកឧត្តម ប៉ែន បូណា បានបង្ហាញពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយផ្តោតសំខាន់លើមុំទី១ ស្តីពី «ការអភិវឌ្ឍមូលធនមនុស្ស»។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបង្ហាញថា ដើម្បីក្លាយជាមូលធនមនុស្សពិតប្រាកដសម្រាប់បម្រើប្រទេសជាតិទៅថ្ងៃអនាគតតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល យុវជនត្រូវមានចំណេះជំនាញច្បាស់លាស់យ៉ាងតិចមួយក្នុងជីវិត មានទាំងជំនាញរឹងនិងទន់ មានសីលធម៌ល្អ សុខភាពមាំមួន និងមានមនសិការស្នេហាជាតិខ្ពស់។ ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើតឱកាសអំណោយផលគ្រប់បែបយ៉ាងដល់ការសិក្សារបស់យុវជន។ ដូច្នេះ យុវជនខ្លួនឯងត្រូវចាប់យកឱកាសនេះឱ្យបានតាមរយៈកិច្ចខិតខំប្រឹងប្រែងដោយខ្លួនឯងដើម្បីសម្រួចអនាគតរបស់ខ្លួនឱ្យក្លាយជាមូលធនមនុស្សពិតប្រាកដ។សូមបញ្ជាក់ថា បាឋកថានេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤ រួមមាន ទី១. ដើម្បីឱ្យយុវជនយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ទី២. លើកទឹកចិត្តដល់និស្សិតឱ្យអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ទី៣. យល់ដឹងពីសារសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងទី៤. លើកកម្ពស់ឱ្យយុវជនចូលរួមអភិវឌ្ឍសង្គមជាតិ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕

សមត្ថកិច្ចចុះត្រួតពិនិត្យរដ្ឋបាលចំនួន៣ទីតាំងនៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនបរទេសចំនួន ៩៤នាក់

2026/07/10 07:50:50 pm        210
កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយ លោក លៀម សុដា អភិបាលរងខេត្ត មានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ សុខុន , លោក មុត សម្បត្តិ និង លោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ រដ្ឋបាលតាមអនុក្រឹតលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្ដីពី «ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ» ចំនួន ៣ទីតាំង ដូចខាងក្រោម ៖ - ទីតាំងទី១ : អគារកម្ពស់៣ជាន់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកពុំឃើញជនបរទេសស្នាក់នៅ និងរកពុំឃើញសម្ភារៈពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ - ទីតាំងទី២ : អគារកម្ពស់៣ជាន់ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន ៦នាក់ និងរកពុំឃើញសម្ភារៈពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ - ទីតាំងទី៣ : សណ្ឋាគារហាវមេនជីវឌាន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បន្ទាប់ពីកម្លាំងជំនាញទទួលបណ្តឹងពីនារីរងគ្រោះជនជាតិជប៉ុន ថាមានក្រុមជនសង្ស័យបង្ខាំងមនុស្សធ្វើទារុណកម្មនៅក្នុងបន្ទប់លេខ ៣២២ នៃសណ្ឋាគារហាវមេនជីវឌាន ស្ថិតក្នុងភូមិក្បាលស្ពាន១ កម្លាំងក្រុមប្រតិបត្តិការជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅដល់គោលដៅដើម្បីស្វែងរកនិងជួយសង្រ្គោះនារីរងគ្រោះតាមបណ្តឹង ដោយសហការជាមួយម្ចាស់សណ្ឋាគារឆែកឆេរស្វែងរកនារីរងគ្រោះគ្រប់បន្ទប់គ្រប់ជាន់ តែរកពុំឃើញនារីរងគ្រោះនោះឡើយ ។ ប៉ុន្តែបានរកឃើញជនបរទេសចំនួន ៩៤នាក់ (ស្រី ៣នាក់) ក្នុងនោះ ជនជាតិចិន ៩២នាក់ (ស្រី៣នាក់) និងជនជាតិមីយ៉ាន់ម៉ា ២នាក់ និងរកពុំឃើញសម្ភារៈពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។ ជនជាតិចិន ៨៨នាក់ (ស្រី ៣នាក់) និងជនជាតិមីយ៉ាន់ម៉ា ២នាក់ ត្រូវបានបញ្ជូនទៅ មណ្ឌលស្នាក់នៅបណ្ដោះអាសន្នកងវ៉ា និងជនជាតិចិន៤នាក់ទៀត បញ្ជូនទៅអធិការក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធី។ យោងតាមចម្លើយរបស់មេការសណ្ឋាគារហាវមេនជីវឌានបានឆ្លើយអះអាងដោយផ្អែកលើកាមេរ៉ាសុវត្ថិភាពក្នុងសណ្ឋាគារថា នារីជនជាតិជប៉ុនទាំង២នាក់នោះ បានចាកចេញពីសណ្ឋាគារតាំងពីម្សិលមិញ ដោយខាងសណ្ឋាគារពុំមានការឃាត់ឃាំងដូចការចោទប្រកាន់របស់នារីនោះឡើយ៕

អនុប្រធានទី១ CDC៖ រាជរដ្ឋាភិបាលចាត់ទុកផ្នែកឯកជនជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ច

2026/07/10 07:44:06 pm        203
អនុប្រធានទី១ CDC ថ្លែងថា រាជរដ្ឋាភិបាលចាត់ទុកផ្នែកឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់បំផុតមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងស្ថិតនៅលើភាពកាន់តែរឹងមាំជាមួយគ្នា រវាងរដ្ឋនិងវិស័យឯកជន ក្នុងឆន្ទៈរួមគ្នាពួតដៃកសាង គ្រឹះសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន មានភាពធន់ និងមានភាពប្រកួតប្រជែងខ្ពស់។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្រប សម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ថា សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធាន ការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ មិនមែនគ្រាន់តែជាវេទិកាជួបជុំធម្មតានោះទេ ប៉ុន្តែគឺជាការផ្សព្វផ្សាយពីលទ្ធផល ផ្លែផ្កាជាក់ស្តែង កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអន្តរក្រសួង-ស្ថាប័ន និងវិស័យឯកជន ក្នុងការប្រែក្លាយរាល់ការប្តេជ្ញាចិត្ត ឱ្យ ទៅជាសកម្មភាពកែទម្រង់ដ៏រឹងមាំ សំដៅធានាឱ្យបាននូវបរិយាកាសធុរកិច្ច និងវិនិយោគមួយដ៏មានភាពទាក់ទាញ និងមានឧត្តមភាព ប្រកួតប្រជែងខ្ពស់ ទាំងក្នុងតំបន់និងលើឆាកអន្តរជាតិ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចពីការខិតខំប្រឹងប្រែង ពង្រីកយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន (P-PSD) ឱ្យកាន់តែមានភាពបត់បែន និងជិតស្និទ្ធ ក៏ដូចជាការរៀបចំកម្មវិធីទទួលទានអាហារពេលព្រឹកធុរកិច្ចរវាងរដ្ឋ និងវិស័យឯកជន ដែល កាន់តែបង្កលក្ខណៈបើកទូលាយរវាងផ្នែករដ្ឋ និងវិស័យឯកជន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ភាពរឹងមាំ និងជោគជ័យ ទៅថ្ងៃអនាគត គឺស្ថិតនៅលើភាពកាន់តែរឹងមាំជាមួយគ្នារវាងផ្នែករដ្ឋ និងវិស័យឯកជន ប្រកបដោយស្មារតីបុរេសកម្ម ជាមួយឆន្ទៈរួមគ្នា ពួតដៃកសាងគ្រឹះសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន មានភាពធន់ និងមានភាពប្រកួតប្រជែងខ្ពស់នៅលើឆាកអន្តរជាតិ សំដៅសម្រេច ឱ្យបាននូវចក្ខុវិស័យ “កម្ពុជាឆ្នាំ២០៥០” ជាប្រទេសមានចំណូលខ្ពស់។ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាអនុប្រធានក្រុមការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិ បាល-ផ្នែកឯកជន (គ.ស.រ.ជ.) លើកឡើងថា ពិភពលោកក្នុងពេលបច្ចុប្បន្ននេះ មានការប្រកួតប្រជែង និងការវិនិយោគខុសៗគ្នា ហើយនៅចុងក្រោយនេះ នៅពេលសេដ្ឋកិច្ចវិវឌ្ឍន៍ និងជួបបញ្ហាច្រើនបែបនេះ ការដោះស្រាយបញ្ហាត្រូវតែមានការវិវឌ្ឍន៍លឿនជាងមុន និងទាមទារឱ្យវិស័យរដ្ឋនិងផ្នែកឯកជនសហការគ្នាឱ្យបានច្រើន ដើម្បីដើរឱ្យទាន់បរិបទនេះ ហើយមានលក្ខណៈប្រកួតប្រជែងខ្ពស់។អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលវិស័យឯកជន លើកឡើង ផងដែរថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ក្រោមចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល និងវិស័យឯកជនធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហា ជំរុញការកែទម្រង់ និងបង្កើតឱកាស សេដ្ឋកិច្ចថ្មីៗ។ វេទិកានេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យយន្តការនេះកាន់តែមានប្រសិទ្ធភាព តម្លាភាព និងផ្តោតលើលទ្ធផលជាក់ស្តែង ក្នុងនោះអ្នកឧកញ៉ា ក៏បានអំពាវនាវឱ្យសមាគមធុរកិច្ចជាតិ និងអន្តរជាតិទាំងអស់ ប្រើប្រាស់យន្តការ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM