មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់

ព័ត៌មានជាតិ

ទោះបីតម្លៃប្រេងសាំងថយច្រើន កម្មកររោងចក្រនៅតែទទួលបានប្រាក់បន្ថែម ២,៥០ដុល្លារក្នុងមួយខែ

2026/07/06 06:50:26 pm        334
ការបើកផ្តល់ប្រាក់បន្ថែមលើសោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ជូនដល់កម្មករនិយោជិតវិស័យកាត់ដេរ ចំនួន ២,៥០ដុល្លារ ក្នុងមួយខែ នៅតែបន្តអនុវត្តជាប្រចាំ បើទោះបីជាតម្លៃប្រេងឥន្ធនៈមានការធ្លាក់ថ្លៃជាបន្តបន្ទាប់យ៉ាងណាក្តី។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី៦ ខែកក្កដានេះថា គិតមកដល់ពេលនេះ មានរយៈពេលប្រមាណ ៣ខែមកខែ ដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានឯកភាពគ្នាផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្ត រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលមករកប្រក្រតីភាពវិញ ដើម្បីជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប។ លោក បានបន្តថា ការបន្ថែមប្រាក់លើសោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ជារៀងរាល់ខែនេះ ធ្វើឱ្យកម្មករនិយោជិតមានការសប្បាយចិត្តជាខ្លាំង ពីព្រោះជាការរួមចំណែកមួយដ៏យ៉ាងសំខាន់ ក្នុងការជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិត ទោះបីជាមនុស្សមួយចំនួនគិតថាជាចំនួនតិចក៏ដោយ។ពាក់ព័ន្ធការផ្តល់ប្រាក់បន្ថែមនេះដែរ ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ សេឌូណូ ស្ថិតនៅខណ្ឌ​ដង្កោ រាជធានីភ្នំពេញ បាន​សម្ដែងការអរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធ ដែលបាន​យក​ចិត្តទុកដាក់ ក្នុងការជួយអន្តរាគមន៍លើការងារនេះ ដែល​អាចជួយ​សម្រួល​ដល់ការចំណាយប្រចាំថ្ងៃ ជាពិសេសក្នុងស្ថានភាពដែលមនុស្សទូទាំងពិភពលោកកំពុងតែជួបការលំបាកដូចគ្នា ប៉ុន្តែរាជរដ្ឋាភិបាល និងភាគីនិយោជក បែជាងាកមកបន្ថែមប្រាក់ឧបត្ថម្ភបណ្តោះអាសន្នបន្ថែមទៀតទៅដល់កម្មករនិយោជិត។សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំបន្ទាន់មួយ ស្វែងរកដំណោះស្រាយជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសាកល ដើម្បីពិភាក្សាក្នុងការជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឱ្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីននិយោជក និងភាគីសហជីព ដែលតំណាងកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិត ដើម្បីរកដំណោះស្រាយសមរម្យមួយ ដែលអាចជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់កម្មករនិយោជិតផង និងអាចរក្សាបាននូវភាពប្រកួតប្រជែងផងនៃឧស្សាហកម្មរបស់កម្ពុជា៕អត្ថបទ៖ ឈិត បូរ៉ាវី 

វិទ្យាស្ថាន NPIC ទទួលបានជ័យលាភីលេខ១ និងលេខ២ នៅក្នុងកម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១៣ ឆ្នាំ២០២៦

2026/07/06 06:32:18 pm        222
ភ្នំពេញ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលបានពានរង្វាន់ក្នុងជ័យលាភីលេខ១ និងលេខ២ នៅក្នុងកម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០២៦ ក្លាយជាក្រុមតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាទៅចូលរួមប្រកួតរ៉ូបូត កម្រិតអាស៊ីបាស៊ីហ្វិក នាពេលខាងមុខ។កម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១៣ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦នេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ជាវេទិកាសម្រាប់ជំរុញការសិក្សា ស្រាវជ្រាវ និងការច្នៃប្រឌិតរបស់សិស្ស និស្សិត និងយុវជនកម្ពុជាក្នុងវិស័យរ៉ូបូត ព្រមទាំងលើកទឹកចិត្តឱ្យមានការបង្កើតនវានុវត្ត៍ថ្មីក្នុងវិស័យនេះដូចគ្នា ដើម្បីរួមចំណែកកសាងធនធានមនុស្សដែលមានសមត្ថភាព លើកស្ទួយវិស័យបច្ចេកវិទ្យានៅកម្ពុជា។ លើសពីនេះកម្មវិធីក៏ត្រូវបានធ្វើឡើង ដើម្បីស្វែងរកក្រុមជើងឯកតំណាងកម្ពុជាទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ ABU Robocon 2026 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហុងកុង ប្រទេសចិន នៅថ្ងៃទី២៣ ខែសីហា ខាងមុខ។ ជាលទ្ធផលនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្នាក់ជាតិ ជ័យលាភីលេខ១ និងលេខ២ បានទៅលើក្រុមដែលមកពី វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC  ខណៈជ័យលាភីលេខ៣ បានទៅលើក្រុមកពី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ សូមបញ្ជាក់ផងដែរថា កម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣នេះមានការចូលរួមពីនិស្សិតចំនួន៨ក្រុម មកពីគ្រឹះស្ថានឧត្តមសិក្សា និងបណ្ដុះបណ្ដាលបច្ចេកទេសចំនួន៥ ផ្សេងគ្នារួមមាន វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)៕

សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តស្វែងរកធនធានតាមបណ្តាខេត្តមានទេពកោសល្យអាយុចន្លោះពី ៦ឆ្នាំ ដល់ ១៨ឆ្នាំ

2026/07/06 06:26:14 pm        221
ខេត្តស្ទឹងត្រែង៖ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានបន្តពង្រីកវិសាលភាព​កិច្ចសហការ​ជាមួយ​មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្តទូទាំងប្រទេស ដោយផ្តល់ឱកាសដល់កុមារ និងយុវជន​ដែល​មាន​អាយុចន្លោះពី ៦ឆ្នាំដល់ ១៨ឆ្នាំ មកពីបណ្តាសាលាបឋមសិក្សា និងអនុវិទ្យាល័យនានា បាន​ចូលរួមលេងកីឡា បញ្ចេញសមត្ថភាព និងបង្ហាញ ទេពកោសល្យពីធម្មជាតិរបស់ពួកគេ។កម្មវិធីការអភិវឌ្ឍកីឡាអត្តពលកម្ម តាម រយៈការប្រកួតកីឡាអត្តពលកម្ម កុមារ និងយុវជន​នៅ​ខេត្តស្ទឹងត្រែង នាពេលថ្មីៗនេះ លោកដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានមានប្រសាសន៍ថា ដើម្បីឲ្យកម្មវិធីអភិវឌ្ឍន៍នេះមានចីរភាព និងគុណភាព​ខ្ពស់​សហព័ន្ធ​បានដាក់ចេញនូវ ធាតុសំខាន់ៗចំនួន ២៖ ទី១ គឺការបណ្តុះបណ្តាលធនធានបច្ចេក​ទេស៖ យើងផ្តោតសំខាន់លើការបណ្តុះបណ្តាល បង្កើនសមត្ថភាពដល់លោកគ្រូ អ្នកគ្រូបង្វឹក និងមន្ត្រីបច្ចេកទេសនៅមូលដ្ឋាន ដើម្បីឲ្យពួកគាត់មានចំណេះដឹងស្តង់ដារ ការណែនាំ តម្រង់ទិស និងហ្វឹកហាត់ដល់ អត្តពលិកវ័យក្មេងបានត្រឹមត្រូវតាមបច្ចេកទេសស្តង់ដាអន្តរជាតិ។ទី២ ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈ៖ ដោយមានការឧបត្ថម្ភគាំទ្រពី សប្បុរសជន និងដៃគូផ្តល់មូលនិធិ គម្រោងនេះបានផ្តល់ការគាំទ្រយ៉ាងទូលំទូលាយ ចាប់តាំងពីការធ្វើដំណើរ ការដឹកជញ្ជូនអត្តពលិក ការគ្រប់គ្រងការប្រកួត ការផ្តល់ ឧបករណ៍កីឡាខ្នាតស្តង់ដារ ការរៀបចំនិងតុបតែងទីលាន រហូតដល់មេដាយ និងពានរង្វាន់។ ការវិនិយោគបែបនេះ នឹងជួយបង្កើតកម្មវិធីអត្តពលកម្មមួយដែល មានភាពរស់រវើក មានការចូលរួមបរិយាបន្ន និងមានចីរភាពយូរអង្វែង សម្រាប់បម្រើ ដល់សាលារៀន និងសហគមន៍ផ្ទាល់។សូមបញ្ជាក់ថា ពិធីកម្មវិធីការអភិវឌ្ឍកីឡាអត្តពលកម្ម បានរៀបចំជាលើកទី៣ហើយ បន្ទាប់ពីការរៀបចំប្រកបដោយជោគជ័យនៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិសាត់ កាលពីឆ្នាំ២០២៥ កន្លងទៅ។ ចាប់ពីឆ្នាំ២០២៦ នេះ និងឆ្នាំ ខាងមុខៗទៀត សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត នឹងបន្តពង្រីកវិសាលភាពកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្តទូទាំងប្រទេស៕

ក្នុងឆមាសទី១ ឆ្នាំ២០២៦, រាជរដ្ឋាភិបាលប្រមូលចំណូលសួយសារពីវិស័យរ៉ែបានជិត ៩៣ លានដុល្លារ

2026/07/06 06:23:29 pm        197
នៅក្នុងឆមាសទី១ ឆ្នាំ២០២៦, រាជរដ្ឋាភិបាលបានប្រមូលចំណូលពីសួយសារ (មិនគិតពីពន្ធនិងអាករផេ្សងៗ) នៅលើការធ្វើ អាជីវកម្មរ៉ែគ្រប់ប្រភេទ មានទឹកប្រាក់សរុបជិត ៩៣ លានដុល្លារអាម៉េរិក ពីក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងស្រុក។ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវិស័យរ៉ែ​ លើការងារអាជីវកម្មរ៉ែខ្សាច់ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះថា វិស័យរ៉ែនៅកម្ពុជាចូលរួមចំណែក ដល់ការអភិវឌ្ឍប្រទេសយ៉ាងសំខាន់ តាមរយៈការបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ការបង្កើតប្រាក់ចំណូលសម្រាប់ជាតិ និងការ បង្កើតការងារជូនប្រជាពលរដ្ឋជជាដើម ជាក់ស្តែងមកដល់ពេលនេះ ការធ្វើអាជីវកម្មលើវិស័យរ៉ែបានស្រូបយកការងារជាង ១២ ពាន់ កន្លែង ក្នុងនោះស្រ្តីមានប្រមាណ ៧ ភាគរយ។ចំពោះការប្រមូលចំណូល, ឯកឧត្តមបន្តឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលពីសួយសារ ពីការធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទបានចំនួនជាង ៦០ លានដុល្លារអាមេរិក, ឆ្នាំ២០២៤ បានជាង ៩៤ លានដុល្លារ និងឆ្នាំ២០២៥ ក្រសួងប្រមូលសួយសារបានប្រមាណជាង ១៣៥ លានដុល្លារអាមេរិក។ ចំណែកនៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះវិញ, ក្រសួងបាន ប្រមូលចំណូលពីសួយសារ លើការធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទបានចំនួនជាង ៩៣ លានដុល្លារអាមេរិក ក្នុងនោះបើគិតទាំងពន្ធនៃការ នំាចេញ និងចំណូលពន្ធដារ វិស័យនេះបានផ្តល់ចំណូលចូលថវិកាជាតិបានគួរសម។ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ឱ្យដឹងថា ចំពោះការប្រមូលចំណូលសួយសារតាមវិស័យ, ក្នុងនោះក្រសួងប្រមូលចំណូលពីថ្មអា បានហក់ឡើង៣ដង (ពីប្រមាណ ៣ លាន មកដល់ជាង ១០ លានដុល្លារ) ហើយក្នុង១ខែៗវិស័យនេះបាននាំចេញជាង ២ ពាន់កុង តឺន័រ ទៅកាន់ប្រទេសចំនួន ១៥។ ចំណែករ៉ែមាស គិតមកដល់ពេលនេះ ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មចំនួន៨ ចម្រាញ់រ៉ែមាសបាន ប្រមាណ ២០ តោនមាស ខណៈការនាំចេញដែក (ផលិតផលពាក់កណ្តាលសម្រេច) កម្ពុជាបាននាំចេញ១ឆ្នាំ ក្នុងរង្វង់ ១ លានតោន ។ ចំពោះថ្មសំណង់វិញ ឃើញថា បន្ទាប់ពីការផ្ទុះឡើងនៃវិបត្តិជំងឺកូវីដ-១៩ វិស័យនេះបានថមថយខ្លះៗ ដោយសារចលនា អភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងស្រុក ត្រូវបានរំពឹងនឹងមានកំណើនយឺត៕ អត្ថបទ៖ សុន រ៉ាឌី

និស្សិតសាលា NPIC ជាប់ជ័យលាភីប្រកួតរ៉ូបូតថ្នាក់ជាតិ និងត្រូវត្រៀមខ្លួនចូលរួមប្រកួតបន្តនៅហុងកុង

2026/07/06 06:13:51 pm        121
ក្រុមនិស្សិតនៃសាលា NPIC ចំនួន២ក្រុម បានជាប់ជាជ័យលាភីលេខ ១ និងជ័យលាភីលេខ ២ រីឯ និស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ ២០២៦។ ក្រោយចប់ការប្រកួតនេះ ក្រុមជ័យលាភីលេខ ១ មានភារកិច្ចបន្ត ដែលត្រូវត្រៀមខ្លួន សម្រាប់ការចេញទៅប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនៅទីក្រុងហុងកុង នាខែសីហា ខាងមុខ។ការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី ១៣ ឆ្នាំ ២០២៦វគ្គផ្ដាច់ព្រ័ត ត្រូវបានរៀបចំឡើងនៅថ្ងៃទី ៥ កក្កដា ឆ្នាំ ២០២៦។ វគ្គផ្ដាច់ព្រ័ត ជាការប្រកួតដែលមាននិស្សិតចំនួន ៨ក្រុមមកពីគ្រឹះស្ថានឧត្តមសិក្សា និងវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស ដែលរួមមានវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស NTTI វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ PPI វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ជាលទ្ធផលនៃការប្រកួតប្រជែងនេះ និស្សិត ២ក្រុមនៃ នៃសាលា NPIC បានជាប់ជ័យលាភីលេខ ១ និងជ័យលាភីលេខ ២ រីនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ៣។ ការជាប់ជ័យលាភីនាពេលនេះ ពុំមែនជាការបញ្ចប់ភារកិច្ចនៅត្រឹមនេះនោះទេ។ លោក ប្រាក់ ម៉ៅម៉ូលីន អនុប្រធានគណៈកម្មការរៀបចំការប្រកួតរ៉ូបូតថ្នាក់ជាតិ បានលើកឡើងថា ក្រុមនិស្សិត NPIC ដែលជាម្ចាស់ជ័យលាភីលេខ ១ គឺមានកាតព្វកិច្ចសំខាន់បន្ថែមទៀត ដែលត្រូវបន្តពង្រឹងសមត្ថភាពរ៉ូបូតរបស់ខ្លួន ត្រៀមចូលរួមប្រកួតរ៉ូបូតនៅទីក្រុងហុងកុង ក្នុងខែសីហាខាងមុខនេះ។ក្រោយចប់ការប្រកួតប្រកាសលទ្ធផលជាផ្លូវការ ក្រុមនិស្សិតសាលា NPIC ដែលបានជាប់ជ័យលាភីលេខ ១ បង្ហាញភាពសប្បាយចិត្តជាខ្លាំង ដែលក្រុមរបស់ខ្លួន និងក្រុមរួមសាលា ទទួលបានជ័យលាភីលេខ ១និងជ័យលាភី ២ សម្រាប់ការប្រកួតរ៉ូបូតថ្នាក់ជាតិនេះ។ ជាភារកិច្ចបន្ទាប់ គឺពួកគេជាសមាជិកក្រុមនឹងបន្តអភិវឌ្ឍរ៉ូបូតរបស់ខ្លួនឱ្យកាន់តែប្រសើរ សម្រាប់ការប្រកួតប្រជែងនៅទីក្រុង ហុងកុង។ ទោះលទ្ធផលបែបណា ក៏ពួកគេនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។គួរបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងរ៉ូបូតនេះ រៀបចំឡើងក្នុងគោលបំណងជំរុញការសិក្សា ការស្រាវជ្រាវ និងការច្នៃប្រឌិតរបស់យុវជនកម្ពុជា ព្រមទាំងជ្រើសរើសក្រុមដែលមានសមត្ថភាពខ្ពស់បំផុត ដើម្បីតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមការប្រកួតរ៉ូបូត កម្រិតអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Robot Contest) នាពេលខាងមុខ។ការប្រកួតនេះ មិនត្រឹមតែជាវេទិកាបង្ហាញសមត្ថភាពផ្នែកវិស្វកម្ម និងបច្ចេកវិទ្យារបស់យុវជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យសិស្ស-និស្សិតកម្ពុជាបានផ្លាស់ប្តូរ និងចែករំលែកបទពិសោធជាមួយយុវជនមកពីបណ្តាប្រទេសផ្សេងៗ ព្រមទាំងជួយបំផុស និងលើកទឹកចិត្តឱ្យយុវជនងាកមកសិក្សាលើវិស័យបច្ចេកវិទ្យា វិស្វកម្ម និងនវានុវត្តន៍កាន់តែច្រើន៕អត្ថបទ៖គឹមហុក  

សម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះ

2026/07/06 02:33:24 pm        307
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តក្រចេះ ប្រមាណជាង១ពាន់នាក់ នៅទីរួមខេត្តក្រចេះ។យោងរបាយការណ៍របស់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានឲ្យដឹងថា ខេត្តក្រចេះ មានផ្ទៃដីសរុប ១១.០៩៤គីឡូម៉ែត្រការេ ចែកចេញជា៧ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង មាន ៣២៧ភូមិ។ មានប្រជាពលរដ្ឋរស់នៅសរុប ៤៥៥.៨២០នាក់ ស្រី ២២៩.៦១៩នាក់ ស្មើនឹង ១១០.៤៩៥ គ្រួសារ ដង់ស៊ីតេជាមធ្យម ៤១នាក់ក្នុង មួយគីឡូម៉ែត្រការ៉េ។ខេត្តក្រចេះ មាន៧ក្រុង/ស្រុក (ក្រុង ១ =ក្រុងក្រចេះ)៤៨ឃុំ/សង្កាត់ (៥សង្កាត់) ៣២៧ភូមិ។ ខេត្តក្រចេះ មានច្រកទ្វារព្រំដែនចំនួន ២កន្លែង ជាប់នឹងប្រទេសវៀតណាម = ១.ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ១កន្លែង, ២.ច្រកទ្វារព្រំដែនទ្វេភាគីជ័យឃ្លាំងចំនួន ១កន្លែង។វិស័យហេដ្ឋារចនាសម្ព័ន្ធ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ស្ពាននេះមានប្រវែង ១.៧៦១ម៉ែត្រ តភ្ជាប់ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ហើយបានបើកដំណើរឱ្យឆ្លងកាត់ចាប់តាំងពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៦ រហូតមក។ ចំពោះផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩គីឡូម៉ែត្រ ក្នុងនោះមានមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីរង្វង់មូលព្រាប ស ឆ្ពោះទៅរង្វង់មូលខ្លាស្ទុះ មានប្រវែង ៥,៥៤គីឡូម៉ែត្រ ជាផ្លូវភ្លោះដែលម្ខាងៗមាន ៣គន្លង និងមានសួនច្បារពុះទ្រូងផ្លូវប្រវែង ៤,៨៧៥គីឡូម៉ែត្រ មានទទឹង ៤ម៉ែត្រ។ បានជួសជុល ពង្រីក និងលើកកម្រិតស្ថានភាពផ្លូវកៅស៊ូ DBST ទៅជាផ្លូវកៅស៊ូAC មាន ចំនួន ៣ខ្សែ សរុបប្រវែង ១៤១,១គីឡូម៉ែត្រ សម្រេចរួចរាល់ជាស្ថាពរ រួមមាន៖ ផ្លូវជាតិលេខ៧ពីព្រំ ប្រទល់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រហូតដល់រង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះប្រវែង ៩២គីឡូម៉ែត្រ, ផ្លូវជាតិលេខ ៣៧៧ ក្រចេះ-សំបូរប្រវែង ៣៥,៥គីឡូម៉ែត្រ និងផ្លូវជាតិលេខ៣៧៧A សណ្តាន់ ឆ្ពោះទៅផ្លូវជាតិលេខ៧ ប្រវែង ១៣,៦គីឡូម៉ែត្រ។ បានសាងសង់សំណង់ជញ្ជាំងច្រាំងទន្លេក្នុងទីរួមខេត្តការពារការបាក់ស្រុតដីចូល ទន្លេប្រវែង ២.៥៩៦ម៉ែត្រ, និងក្រាលថ្មម៉ាបសួនច្បារតាមមាត់ទន្លេទីរួមខេត្តទំហំ ២១.៥២៦ម៉ែត្រការ៉េ។វិស័យកសិកម្ម ក្នុងឆ្នាំ២០២៥ សម្រេចបានការដាំដុះដំណាំស្រូវសរុប ៧៨.១៣៧ហិកតា, ទទួល បានបរិមាណផលសរុប ២៤៩.៣២៦តោន ផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់ក្នុងខេត្ត និងសល់ស្រូវនាំចេញចំនួន ១១៦.២១៤តោន។ កសិ-ឧស្សាហកម្ម ខេត្តមានក្រុមហ៊ុនវិនិយោគសរុប ៤៨ក្រុមហ៊ុន សម្រេចបានការ ដាំដុះរួមជាមួយនឹងប្រជាពលរដ្ឋរួមមាន៖ ដំណាំកៅស៊ូ ១០៨.៨០០ ហិកតា, ស្វាយចន្ទី ១១១.៥២២ហិកតា, ដំឡូងមី ៧៧.៥១៤ហិកតា, ចេកអំបូងលឿងក្រុមហ៊ុន ៣.៣០៩ហិកតា, អំពៅក្រុមហ៊ុន ៦.៧០០ហិកតា, ឈើដាំប្រេងខ្យល់ក្រុមហ៊ុន ១៣.០០០ហិកតា,ស្វាយកែវរមៀតប្រជាពលរដ្ឋ ៦.១១៨ហិកតា,ម្រេចប្រជា ពលរដ្ឋ ២៩៤ហិកតា, និងទុរេនប្រជាពលរដ្ឋ ២៩៨ហិកតា។ ក្រុមហ៊ុនចិញ្ចឹមសត្វគោមានចំនួន ១ក្រុមហ៊ុន និងចិញ្ចឹមជាកសិដ្ឋានចំនួន ៤កន្លែង មានគោសរុប ៦៦.៣៩៥ក្បាល។ រោងចក្រ សហគ្រាសចំនួន ១១ កន្លែង ក្នុងនោះរោងចក្រកែច្នៃស្ករអំពៅ ១កន្លែង, រោងចក្រកែច្នៃដំឡូងមី ១កន្លែង, សហគ្រាសកែច្នៃជ័រ កៅស៊ូ ៤កន្លែង, សហគ្រាសវេចខ្ចប់ចេកអំបូងលឿង ៣កន្លែង, និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ២កន្លែង។ខេត្តមានរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសចំនួន ១កន្លែង នៅស្រុកស្នួល មានផ្ទៃដីចំនួន ៨១៨ហិកតា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៦ក្រុមហ៊ុន កំពុងវិនិយោគ និងបានសាងសង់រោងចក្រ។ ក្រុមហ៊ុនកំពុងដំណើរ ការផលិតចំនួន ៤ក្រុមហ៊ុន រួមមាន៖ ក្រុមហ៊ុនផលិតសំបកកង់រថយន្ត និងផលិតផលកៅស៊ូ ២ក្រុមហ៊ុន (កៅស៊ូសម្រាប់បម្រើឱ្យការផលិត ទិញនៅក្នុងស្រុក ២.២៣២តោន ស្មើនឹងទឹកប្រាក់ ៣.៨៨៩.៦៨៥ ដុល្លាអាមេរិក និងកៅស៊ូនាំចូលពីក្រៅប្រទេស ២.១២៦តោន ស្មើនឹងទឹកប្រាក់ ៣.២៦៣.២៣៧ដុល្លាអា មេរិក សម្រេចបានការនាំចេញសំបកកង់រថយន្តក្នុងឆ្នាំ២០២៥ ចំនួន ១.៨៣០.៤៣៦គ្រាប់ គិតជាថវិកា ៩២.៦៧៤.៩៩៥ដុល្លាអាមេរិក), ក្រុមហ៊ុនផលិតចំហាយទឹក និងខ្យល់ក្តៅ ១ក្រុមហ៊ុន ក្រុមហ៊ុនផលិត ពុម្ពសំបកកង់រថយន្ត ១ក្រុមហ៊ុន និងមានក្រុមហ៊ុន ២ផ្សេងទៀត កំពុងសាងសង់រោងចក្រគ្រោងនឹងផលិត សំបកកង់រថយន្ត និងពោះវៀនកង់ និងក្រុមហ៊ុនផ្តុំ និងដំឡើងបន្ទះសូឡា។វិស័យរ៉ែ ក្រុមហ៊ុន សហគ្រាសធ្វើអាជីវកម្មរ៉ែមាស រ៉ែថ្មក្រានីត គ្រួស ខ្សាច់ ថ្មកំបោរផលិតស៊ីម៉ងត៍ និងថ្មសំណង់សរុប ៦០ក្រុមហ៊ុន/សហគ្រាស កំពុងដំណើរការអាជីវកម្ម បច្ចុប្បន្នមានក្រុមហ៊ុនរ៉ែមាស ចំនួន ១ក្រុមហ៊ុន សម្រេចការចម្រាញ់មាសសុទ្ធសរុប ៥២៦,៧០គីឡូក្រាម។ ថាមពលអគ្គិសនី មាន បណ្តាញភ្លើងប្រើប្រាស់លើភូមិរដ្ឋបាលចំនួន ៣០០ភូមិ ស្មើនឹង ៩១,៧៤% នៃភូមិសរុប ៣២៧ភូមិ។វិស័យទេសចរណ៍ មានរមណីយដ្ឋានធម្មជាតិ វប្បធម៌ និងសហគមន៍ទេសចរណ៍សរុបចំនួន ២៥ កន្លែង និងមានសត្វផ្សោតទឹកសាបទន្លេមេគង្គរស់នៅប្រមាណ ១១៧ក្បាល។ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នៃពិធីបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចតេជោ ក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ពេលនោះសត្វផ្សោតមានចំនួន ៩៦ក្បាល បច្ចុប្បន្នបានកើនឡើងចំនួន ២១ក្បាល។វិស័យការងារ សហគ្រាស សិប្បកម្ម គ្រឹះស្ថានសរុប ២៥៣កន្លែង ជារួមនៅក្នុងខេត្តមានបុគ្គលិក កម្មករនិយោជិតបម្រើការងារនៅរោងចក្រ សហគ្រាស សិប្បកម្ម និងគ្រឹះស្ថានសរុប ២៧.៥២៨នាក់ ស្រី ១០.១៦៧នាក់ ក្នុងនោះជនបរទេស ២.៣៦៧នាក់ ស្រី ៣៥០នាក់។ការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគនៅភូមិភាគឦសាន បានទទួលសំណើសុំវិនិយោគពី ក្រុមហ៊ុនចំនួន ១៧ក្រុមហ៊ុន មានចំនួន ១៧គម្រោង មានទុនវិនិយោគសរុបចំនួន ១.០៧១លានដុល្លា (មួយពាន់ ចិតសិបមួយលានដុល្លា) វិនិយោគលើវិស័យកសិកម្ម,កសិ-ឧស្សាហកម្ម,រោងចក្រផលិតស៊ីម៉ងត៍, កំពង់ផែពហុបំណង,សុខាភិបាល,ទេសចរណ៍ និងការបណ្តុះបណ្តាលធនធានមនុស្ស។សូមបញ្ជាក់ថា ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដើម្បីពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព បង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈអោយបានល្អប្រសើរ មកដល់ខេត្តក្រចេះនេះជាជំនួបលើកទី១៦ហើយ ខណៈខេត្តខ្លះដែលមានភូមិសាស្ត្រជាប់គ្នា កន្លងទៅមានជំនួបរួមគ្នា ដោយឡែកមកដល់ខេត្តក្រចេះនៅថ្ងៃនេះ សរុបមកដល់ពេលនេះមាន សមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីនៃមន្ទីរអង្គភាពនានានៅជុំវិញខេត្តចំនួន១៩ហើយ ដែលបានជួបសំណេះសំណាលជាមួយសម្តេចតេជោប្រធានព្រឹទ្ធសភា៕ 

ក្រុមអាជីវករលក់ដូរជុំវិញផ្សារដើមគ យល់ព្រមទទួលយកគម្រោងកែលម្អ និងស្ថាបនាផ្លូវជុំវិញផ្សារ

2026/07/06 02:15:42 am        169
ភ្នំពេញ ៖ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកទី៥ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ ពេញវុធ និងលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានចុះទៅសម្របសម្រួលផ្ទាល់ជាមួយអាជីវករលក់ដូរនៅក្នុងតំបន់ដីក្រហម ជាប់ផ្សារដើមគ ដោយទទួលបានការស្រុះស្រួល និងសះជាគ្នា ដើម្បីអនុវត្តគម្រោងស្ថាបនាប្រពន្ធ័លូ និងផ្លូវនៅជុំវិញផ្សារដើមគ។ក្រោយការជជែកគ្នាលម្អិតរួចមក គ្រប់ភាគីបានយល់ពីគ្នា ហើយអាជីករក៏បានយល់ព្រមទទួលយកតាមការដោះស្រាយរបស់អាជ្ញាធរ ព្រមទាំងសាទរចំពោះការរៀបចំជួសជុលផ្លូវដាក់លូ និងរៀបខឿនចិញ្ចើមផ្លូវផងដែរ។ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ក្នុងនាមឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរអរគុណដល់អាជីវករទាំងអស់ ដែលបានឯកភាពឱ្យគម្រោងដ៏មានសារៈសំខាន់មួយនេះដំណើរការតាមផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបរិស្ថាន អនាម័យ សោភ័ណ្ឌភាពតាមដងផ្លូវ និងបរិវេណផ្សារដើមគផងដែរ។តាមការបញ្ជាក់ពីលោកស្រី ដោ សម្ភស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ផែនការដែលបានគ្រោងទុករដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តេីមការដ្ឋានរួមមាន ជួសជុលផ្លូវ ដោយចាក់បេតុងឆ្អឹងដែកកម្រាស់ ២០ស.ម នៅផ្លូវលេខ ២៣៥ (ចាប់ពីផ្លូវលេខ ៣៣៦ ដល់ផ្លូវផ្លូវលេខ ២១៧) ប្រវែង ១៧៦ម៉ែត្រ ទទឹង ១២ម៉ែត្រ និងដាក់លូទំហំ ០.៨ម៉ែត្រ នៅផ្នែកខាងកើតប្រវែង ៨៣ម៉ែត្រ។ ជួសជុលផ្លូវដោយចាក់បេតុងឆ្អឹងដែកកម្រាស់ ២០ស.ម នៅផ្លូវលេខ ៣៤៦ (ចាប់ពីផ្លូវ ២៤៥ ដល់ផ្លូវ ២៣៥) ប្រវែង ១៥០ម៉ែត្រ ទទឹង ១២ម៉ែត្រ និងដាក់លូទំហំ ០.៨ម៉ែត្រ នៅផ្នែកខាងជើង ប្រវែង ១៦០ម៉ែត្រ និងរៀបខឿនចិញ្ចើមផ្លូវទាំងពីរខ្សែ ប្រវែង ៦៥២ម៉ែត្រ ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

កាកបាទក្រហមកម្ពុជាផ្តល់ផ្ទះ២ខ្នង ដល់គ្រួសារទីទ័លក្រនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

2026/07/06 02:09:25 am        156
កំពង់ស្ពឺ៖ ផ្ទះចំនួន២ខ្នង ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជាត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលមានជីវភាពទីទ័លក្រ គ្មានទីពឹងដែលកំពុងរស់នៅក្នុងភូមិទួលស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ការប្រគល់បានធ្វើឡើងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានរបស់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា លោក ជុន ពុត អាយុ៣២ឆ្នាំ ជាបុរសពោះម៉ាយ ប្រពន្ធស្លាប់ចោល មានកូនតូចប្រុសស្រី ២នាក់នៅក្នុងបន្ទុក រស់នៅក្នុងខ្ទមដែលមានតែដំបូល គ្មានជញ្ជាំងលើដីបំរុងរបស់ភូមិ ប្រកបរបររកត្រី ចាប់ក្តាម ខ្យង កង្កែបដើម្បីលក់ចិញ្ចឹមកូន។របរនេះបានត្រឹមរកព្រឹក ខ្វះល្ងាច មិនអាចឱ្យកូនៗហូបគ្រប់គ្រាន់ ដោយឡែកការរស់នៅ ពេលមេឃភ្លៀង ខ្ទមសាចគ្មានកន្លែងជ្រកកោន។រីឯលោកស្រី ទន់ ពៅ អាយុ៦០ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅជាមួយចៅប្រុសដែលកូនទុកឱ្យចិញ្ចឹមលើខ្ទមរហែកបែកបាក់ គ្មានទីពឹង សង្ឃឹមលើមុខរបរដកព្រលឹត រើសគួរស្រូវ និងរកក្តាម ។ពេលភ្លៀងម្តងៗមិនរស់នៅបាន ព្រោះទឹកស្រក់គ្រប់កន្លែង ត្រូវបង្ខំចិត្តដឹកដៃចៅទៅសុំផ្ទះអ្នកជិតខាងដើម្បីជ្រក។ដោយមើលឃើញពីស្ថានភាពលំបាកវេទនានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចសាងសង់ផ្ទះថ្ម២ខ្នង ប្រក់ដំបូលស័ង្កសីគៀបស្នោរ ដែលទទួលការសាងសង់ដោយសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ជូនទៅដល់គ្រួសារទាំងពីរបានរស់នៅបានសមរម្យ។ជាមួយនេះសម្តេចក៏បានបំពាក់នូវសម្ភារជាច្រើន រួមទាំងផ្តល់នូវគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួនផងដែរ។ក្នុងឱកាសប្រគល់ផ្ទះទាំង២ខ្នងនោះដែរ លោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា គឺជាអង្គការមនុស្សធម៌មួយដែលតែងតែស្ថិតនៅជិតបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងខ្វល់ខ្វាយ គិតគូពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា ដូចពាក្យស្លោកថា ទីណាមានការលំបាក ទីនោះតែងតែមានកាកបាទក្រហមកម្ពុជាជានិច្ច។ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយនិងកុមារកំព្រា នៅគ្រប់មូលដ្ឋានមានក្តីសង្ឃឹមឡើងវិញ ពិសេសគេចផុតពីការស្រែកឃ្លាន មានការហូបចុកគ្រប់គ្រាន់ និងមានទីជម្រករស់នៅបានសមរម្យ តាមរយៈការជួយឧបត្ថម្ភស្បៀងសង្គ្រោះបឋម និងសង់ទីជម្រកផ្តល់ជូនជាបន្តបន្ទាប់។លោកជំទាវបានបន្ថែមថា ផ្ទះចំនួន២ខ្នងជាអំណោយកាកបាទក្រហមកម្ពុជាដែលបានផ្តល់ជូននាពេលគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការគិតគូរបស់សម្ត្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនដែលកំពុងជួបការលំបាក កំពុងរងទុកវេទនា ដើម្បីអាចរស់នៅសមរម្យ និងមានការហូបចុកគ្រប់គ្រាន់ ន័យនេះដូចទិសស្លោក គ្មានពលរដ្ឋណាម្នាក់ដែលស្លាប់ដោយអត់បាយនោះទេ កាកបាទក្រហមកម្ពុជាតែងនៅជាប់ជាមួយបងប្អូនទោះចុងកាត់មាត់ញ៉កយ៉ាងណាក៏ដោយ។ជាមួយនឹងការលើកឡើងនោះដែរ លោកជំទាវ ពុំ ចន្ទីនី ក៏បានធ្វើការណែនាំទៅដល់បងប្អូនទាំងពីរគ្រួសារ សូមជួយថែរក្សាផ្ទះដែលអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនេះផង ហើយត្រូវខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីស្ទួយជីវភាពគ្រួសារបន្ថែម។ត្រូវជំរុញកុមារតូចឱ្យសាលារៀននៅពេលគ្រប់អាយុសិក្សា ដើម្បីអនាគតពួកគេ។សូមបញ្ជាក់ថា ក្នុងពិធីប្រគល់ផ្ទះ២ខ្នងដល់គ្រួសារទីទ័លក្រ លោកជំទាវ ពុំ ចន្ទីនី ក៏បានផ្តល់នូវស្បៀងសង្គ្រោះបឋម ដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះបំផុតចំនួន២០គ្រួសារបន្ថែមផងដែរ ៕ អត្ថបទបានសុខរិទ្ធិ

រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ

2026/07/05 10:56:24 pm        204
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ ពិសេសនឹងបន្តកិច្ចការអភិរក្ស ជួសជុលប្រាសាទព្រះវិហារឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ការបញ្ជាក់នេះ ក្នុងពិធីអបអរសាទរខួប១៨ ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៦) ក្រោមប្រធានបទ “ការអភិរក្ស វិនាសកម្ម និងការស្តារឡើងវិញ” នៅបរិវេណសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។ជាមួយគ្នានេះ លោកជំទាវ បានណែនាំអាជ្ញាធរជាតិព្រះវិហារឱ្យសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធកម្រិតជាតិ និងដៃគូ អន្តរជាតិដើម្បីបន្តបេសកកម្មថែរក្សា អភិរក្ស និងជួសជុលប្រាសាទ ការស្តារព្រៃឈើនិងប្រព័ន្ធអេកូឡូស៊ីក្នុង តំបន់បេតិកភណ្ឌ ការស្តារវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពសហគមន៍។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធចំពោះការធានាសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស អង្គការយូណេស្កូ និងដៃគូអន្តរជាតិនានាដែលបានចូលរួមជួយសង្គ្រោះបន្ទាន់ និងជួសជុលប្រាសាទព្រះវិហារឡើងវិញ ហើយអំពាវនាវដល់ដៃគូជាតិ និងអន្តរជាតិទាំងអស់ សូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីអនុវត្តបេសកកម្ម នេះឱ្យបានជោគជ័យ។អាជ្ញាធរជាតិព្រះវិហារ បានឲ្យដឹងថា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីអបអរសាទរខួប១៨ ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៦) ក្រោមប្រធានបទ “ការអភិរក្ស វិនាសកម្ម និងការស្តារឡើងវិញ” នៅបរិវេណសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក Flavio BONETTI ប្រធានការិយាល័យអង្គការ យូណេស្កូប្រចាំកម្ពុជា តំណាងទូតនៃបណ្តាប្រទេសជាសមាជិកគណៈកម្មាធិការ ICC-Preah Vihear ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធជុំវិញខេត្តព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ មេបញ្ជាការ មេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុង សហគមន៍មូលដ្ឋានសរុបប្រមាណ៥០០នាក់។អង្គពិធីក៏បានរំលឹកឡើងវិញនូវតម្លៃលេចធ្លោជាសកលនៃប្រាសាទព្រះវិហារ ព្រមទាំងសមិទ្ធផលនៃកិច្ចការ អភិរក្សនិងអភិវឌ្ឍន៍ ដែលអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិទាំងអស់បានខិតខំប្រឹងប្រែងសម្រេចបានក្នុង រយៈពេល១៨ឆ្នាំកន្លងមក។ ទន្ទឹមនឹងនេះ អង្គពិធីក៏បានរំលឹកអំពីវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបានបង្កឡើងកាលពី ឆ្នាំ២០២៥កន្លងទៅ ចំពោះបេតិកភណ្ឌពិភពលោក ដោយបានបំផ្លាញអស់ទាំងស្រុងនូវលទ្ធផលការងារកន្លងមក ហើយបន្សល់ទុកនូវការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារសរុបចំនួន៥៦២កន្លែង បានបង្ខំប្រជាជនប្រមាណ ១៦ ០០០នាក់ ភៀសខ្លួនចេញពីលំនៅឋានក្នុងតំបន់បេតិកភណ្ឌពិភពលោក ខូចខាតផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើន។ អង្គពិធីក៏បានស្តាប់របាយការណ៍របស់ ឯកឧត្តម អភិបាលខេត្ត ដែលបានបញ្ជាក់ឡើងវិញអំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយការយកចិត្តទុកដាក់ និង ទទួលខុសត្រូវចំពោះការរៀបចំមណ្ឌលសុវត្ថិភាព និងការផ្តល់សេវាផ្សេងៗជូនប្រជាពលរដ្ឋភៀសសឹក ហើយបាន រៀបចំលំនៅឋានស្នាក់នៅរយៈពេលយូរជូនប្រជាពលរដ្ឋដែលមិនទាន់អាចវិលទៅកាន់ភូមិរបស់ខ្លួនបាន។អាជ្ញាធរជាតិព្រះវិហារក៏បានលើកឡើងអំពីការអនុវត្តផែនការសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារស្របតាម អនុសាសន៍របស់អ្នកជំនាញការអង្គការយូណេស្កូ និង ICC-Preah Vihear រួមមាន៖ (១)ការបោសសម្អាតអាវុធ យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងគ្រាប់បែកចង្កោម (២)ការទល់ទ្រសង្គ្រោះរចនាសម្ព័ន្ធប្រាសាទពីការដួលរលំបន្តទៀត (៣)ការប្រមូលបំណែកថ្ម និងចម្លាក់រក្សាទុកសម្រាប់អភិរក្សនិងជួសជុល (៤) ការថតឯកសារ 3D ប្រាសាទ ទាំងមូល និង(៥)ការស្តារប្រព័ន្ធផ្លូវទឹកបុរាណ។ កិច្ចការទាំងអស់បានទទួលការចូលរួមថវិកាពីរាជរដ្ឋាភិបាល អង្គការយូណេស្កូ អង្គការ ALIPH និងស្ថានបេសកកម្មអចិន្ត្រៃយ៍បារាំងប្រចាំអង្គការយូណេស្កូ។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិព្រះវិហារ បានដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខក្នុងការបន្តជួសជុលប្រាសាទ ការស្តារ ព្រៃឈើនិងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់បេតិកភណ្ឌ ការស្តារវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពសហគមន៍ ព្រមទាំងដាស់តឿនបំផុសស្មារតីសាមគ្គីភាពជាតិដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្តរួមគ្នាថែរក្សាការពារមរតកដូនតាឱ្យបានគង់វង្ស។អង្គពិធីទាំងមូលក៏បានសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាតិ និងវីរយុទ្ធជនគ្រប់ជំនាន់ ដែលបានដឹកនាំ ការពារ ថែរក្សា បូរណភាពទឹកដី និងសម្បត្តិបេតិកភណ្ឌវប្បធម៌នានារួមទាំងប្រាសាទព្រះវិហារ។ពិធីអបអរសាទរនេះ បានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងមោទនភាពជាតិខ្ពស់ ឆ្លុះបញ្ចាំងពី ស្មារតីសាមគ្គីភាព និងការស្រឡាញ់ថែរក្សាវប្បធម៌ជាតិដ៏ជ្រាលជ្រៅ៕ អត្ថបទ : វង្ស សុភាព

សមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាព Online Scam ឃាត់ខ្លួនជនបរទេសជាង ១៤០នាក់

2026/07/05 10:39:33 pm        315
សមត្ថកិច្ចបានបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន០៣ទីតាំង ស្ថិតសង្កាត់កំពង់ស្វាយ និងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ១៤០នាក់។ ប្រតិបត្តិការបង្ក្រាបបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយព្រះរាជអាជ្ញារង សាលាដំបូងខេត្ត គណៈបញ្ជាការខេត្តបន្ទាយមានជ័យ អមដោយគណៈបញ្ជការក្រុង អាជ្ញាធរមូលដ្ឋាន។មន្ត្រីនិងកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីកម្លាំងនគរបាលនិងកងរាជអាវុធហត្ថបានបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន០៣ទីតាំង និងទីតាំងសង្ស័យ ០២ទីតាំង ស្ថិតសង្កាត់កំពង់ស្វាយ និងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍មួយចំនួន។មន្ត្រីអាជ្ញាធរ សមត្ថកិច្ចបានចុះឆែកឆេរ និងបង្ក្រាបបិទទីតាំងចំនួន ០៣កន្លែង និងទីតាំងសង្ស័យចំនួន ០២ទីតាំង ៖១- ឃ្លាំងមួយទីតាំងនៅភូមិចកសង្កាត់ព្រះពន្លា ឃាត់ខ្លួនជនបរទេសបានជាង១០០នាក់ ។២- ផ្ទះ២ល្វែងនៅបុរីចិនខ្មៅ(សារឿន) ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ឃាត់ខ្លួនជនបរទេសបានជាងម្ភៃនាក់។ ៣- នៅអគារភោជនីយដ្ឋាន-ហាងស៊ុបស្មងគោ ភូមិកំពង់ស្វាយសង្កាត់កំពង់ស្វាយ ឃាត់ខ្លួនជនបរទេសបានជាងម្ភៃនាក់។៤- ផ្ទះជួលក្បែរបរិវេណខារ៉ាអូខេហ្គោលថោន ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា និង៥- ផ្ទះមួយកន្លែង នៅជាប់មាត់ស្ទឹងស្ថិតនៅ ភូមិ៣ សង្កាត់ព្រះពន្លា ។កម្លាំងសមត្ថកិច្ចកំពុងបន្តឡោមព័ទ្ធនិងអនុវត្តនីតិវិធី លើទីតាំងទី៤និងទី៥ នេះ ប៉ុន្តែថា មិនមានឃាត់ខ្លួនបានជនបរទេសទេ ។មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចបាននឹងបន្តនិតិវិធីតាមផ្លូវច្បាប់៕ អត្ថបទ : វង្ស សុភាព

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM