មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់

ព័ត៌មានជាតិ

កម្ពុជា និង EuroCham ពិភាក្សាលើការធ្វើឱ្យប្រសើរឡើងនៃការដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ

2026/07/06 11:08:34 pm        136
ព្រះសីហនុ៖ កម្ពុជានិងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) បើកកិច្ចប្រជុំពិភាក្សាការងារ ពាក់ព័ន្ធនឹងការធ្វើឱ្យ ប្រសើរឡើងនៃការដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ ជាពិសេសទាក់ទងនឹងការដឹកជញ្ជូននាំចេញនិងនាំចូល។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមប្រឹក្សា ជាតិភស្តុភារកម្ម នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំ នៅកម្ពុជា (EuroCham) ដឹកនាំដោយលោក Tassilo Brinzer ប្រធាន EuroCham ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនៃការដឹក ជញ្ជូន និងវិស័យភស្តុភារកម្មជាតិ។ កិច្ចប្រជុំនាព្រឹកនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃក្រសួងសាធារណការ និង ដឹកជញ្ជូន, លោកអគ្គនាយករង ទទួលបន្ទុកកិច្ចការរដ្ឋបាល និងការគ្រប់គ្រងកំពង់ផែស្វយ័តក្រុងព្រះសីហនុ, លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ (PPSHV Expressway), តំណាងក្រុមហ៊ុន Royal Railway PLC, សមាជិក សមាជិកានៃ EuroCham និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ជុំវិញសូចនាករនានា ដែលបានប្រមូល និងវិភាគដោយ EuroCham ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនៃវិស័យដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ ជាពិសេសទាក់ទងនឹងការដឹកជញ្ជូននាំចេញ និងនាំចូល។ ជាមួយគ្នានោះ តំណាងក្រុមហ៊ុនដែលជាអ្នកផ្តល់សេវាកម្ម លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន ក្រុមហ៊ុន PPSHV Expressway និងក្រុមហ៊ុន Royal Railway PLC បានចូលរួមផ្តល់យោបល់ និងផ្លាស់ប្តូរទស្សនៈ សំដៅបង្កើនប្រសិទ្ធភាពនៃការប្រើ ប្រាស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលមានស្រាប់របស់ខ្លួន។ជាកិច្ចឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះរាល់មតិយោបល់ ព្រមទាំងកង្វល់ នានាដែលត្រូវបានលើកឡើងដោយតំណាង EuroCham។ ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍ណែនាំ និងការចង្អុល បង្ហាញសំខាន់ៗមួយចំនួន ដើម្បីជាការតម្រង់ទិសក្នុងការដោះស្រាយបញ្ហាប្រឈម សំដៅលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពនៃខ្សែ ច្រវាក់ផ្គត់ផ្គង់ ក្នុងគោលដៅប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម ដ៏មានភាពប្រកួតប្រជែងមួយនៅក្នុងតំបន់។ក្នុងកិច្ចប្រជុំនេះដែរ តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស) ក៏បានធ្វើបទបង្ហាញអំពី PASNet ដែលជាកម្មវិធីទូរស័ព្ទដៃ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ក្នុងគោលបំណងផ្តល់ព័ត៌មាន និងសម្រួលដល់ប្រតិបត្តិការសម្រាប់អតិថិជន ម្ចាស់ទំនិញ អ្នកលក់ និងអ្នកបើកបររថយន្តដឹកជញ្ជូនទំនិញទាំងអស់ ដែលគ្របដណ្តប់លើការលើកដាក់កុងតឺន័រនៅ ក.ស.ស។ ក្នុងឆ្នាំ២០២៦នេះ PASNet បានធ្វើសមាហរណកម្ម ភ្ជាប់ជាមួយមជ្ឈមណ្ឌលប្រព័ន្ធអាស៊ីគូដា ដែលជាប្រព័ន្ធគ្រប់គ្រងទិន្នន័យគយស្វ័យប្រវត្តិ នៃអង្គការ សហប្រជាជាតិ៕អត្ថបទ៖ សុន រ៉ាឌី

ទីផ្សារផលិតផលខ្មែរ កំពុងរីកចម្រើន ដោយមានការគាំទ្រកាន់តែច្រើនពីអ្នកប្រើប្រាស់

2026/07/06 11:08:30 pm        157
ភ្នំពេញ៖ ទីផ្សារផលិតផលខ្មែរ កំពុងរីកចម្រើន ដោយសារ រាជរដ្ឋាភិបាលបានបង្កើតព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផលខ្មែរនានា ដើម្បីជំរុញការផ្សព្វផ្សាយផលិតផលក្នុងស្រុកឱ្យទៅដល់ដៃអ្នកប្រើប្រាស់ ខណៈមាន​ការគាំទ្រកាន់តែច្រើនពីអ្នកប្រើប្រាស់។​ សិប្បករដែលនាំយកផលិតផលមកតាំង «ពិព័រណ៍កសិផលខ្មែរ» នៅផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ បាន​លើកឡើងថា ក្នុងរយៈពេលប៉ុន្មាននៃការតាំងពិព័រណ៍គឺពួកគេលក់ដាច់គួរសម ព្រោះប្រជាពលរដ្ឋជឿជាក់មកលើគុណភាព និងតម្លៃសមរម្យដែលអាចទទួលយកបាន​។​ ពួកគេជឿថា ផលិតផលរបស់ពួកគេគឺមានការផ្សព្វផ្សាយកាន់ទូលំទូលាយ តាមរយៈការតាំងពិព័រណ៍នេះដែលរៀបចំ​ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចំណែក អ្នកប្រើប្រាស់ បាន​លើកឡើងថា នៅផ្ទះបាយរបស់ពួកគេ ប្រើប្រាស់តែផលិតក្នុងស្រុកស្ទើគ្រប់មុខ លើកលែងតែផលិតមួយចំនួនដែលកម្ពុជាមិនអាចផលិតបានដោយខ្លួនឯង។​ ពួកគេ បន្តអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ផលិតផលក្នុងស្រុក​កំណើនសេដ្ឋកិច្ចជាតិ​។​ ទីផ្សារផលិតផលខ្មែររីកចម្រើន ដោយសារ​រាជរដ្ឋាភិបាលជំរុញការផ្សព្វផ្សាយ ពង្រីកទីផ្សារកសិផល តាមរយៈការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផលខ្មែរនានា​ ដើម្បីបង្កើនឱកាសឱ្យកសិករ សហគមន៍កសិកម្ម សហគ្រាសធុនតូច និងមធ្យម និងផលិតករក្នុងស្រុក អាចតាំងបង្ហាញផលិតផលដែលមានគុណភាព ស្វែងរកដៃគូអាជីវកម្ម ពង្រីកបណ្តាញទីផ្សារ និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់។ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុង​រៀបចំព្រឹត្តិការណ៍ «ពិព័រណ៍កសិផលខ្មែរ» មានរយៈពេល ១០ថ្ងៃ ដែលនឹងបិទបញ្ចប់នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៦ខាងមុខនេះ។ «ពិព័រណ៍កសិផលខ្មែរ» នៅផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ មានស្តង់តាំងបង្ហាញចំនួន ៥០ស្តង់ ដែលបង្ហាញនូវកសិផលខ្មែរ បន្លែ និងផ្លែឈើស្រស់ ផលិតផលកែច្នៃ វត្ថុអនុស្សាវរីយ៍ និងផលិតផលម្ហូបអាហារជាច្រើនប្រភេទ៕ អត្ថបទ៖ ធូ វិរៈ  

យុទ្ធនាការជំរឿនមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រីចាប់ផ្តើមព្រឹកនេះ ដោយមានឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ កំពុងធ្វើជីវមាត្រដោយផ្ទាល់

2026/07/06 11:01:23 pm        225
នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បាន និងកំពុងចុះធ្វើជំរឿនមន្ត្រី ដោយធ្វើការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងរបស់អង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចុះពិនិត្យទីតាំងដោយផ្ទាល់ ដោយឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រី។ ជាក់ស្តែងសម្រាប់ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីគណៈរដ្ឋមន្ត្រីនាពេលនេះ មានការអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់ពី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី ព្រមទាំងឯកឧត្តមទេសរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងៗគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមសហការអនុវត្ត និងបានមកបង្ហាញខ្លូន ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬលិខិតឆ្លងដែនរបស់ព្រះរាជាណាចក្រកម្ពុជាច្បាប់ដើម តាមការកំណត់របស់គណៈកម្មការជំរឿន។ គណៈកម្មការជំរឿនមន្ត្រី ចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីតាំងដោយផ្ទាល់បែបនេះ គឺដើម្បីការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការ ការងារប្រចាំថ្ងៃរបស់មន្ត្រី និងមិនឱ្យប៉ះពាល់ដល់ដំណើរការនៃការផ្តល់សេវាសធារណៈរបស់អង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាគោលដៅនៃការធ្វើជំរឿននេះផងដែរ។ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ធ្វើឡើងក្នុងគោលបំណង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា។ សូមជម្រាបថា ទីស្តីការគណៈរដ្ឋមន្ត្រី ជាស្ថាប័នទី១៣ ដែលគណៈកម្មការជំរឿនបាន និងកំពុងធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីក្រសួងទេសចរណ៍។ ការធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅទីស្តីការគណៈរដ្ឋមន្ត្រី ប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃពេញ គឺថ្ងៃទី៦ ដល់ទី៩ ខែកក្កដា ឆ្នាំ២០២៦៕

អភិបាលខេត្តកំពង់ស្ពឺ ក្រើនរំឭកដល់ពលរដ្ឋឱ្យបង្កើនការការពារជំងឺគ្រុនឈាម ខណៈជាង ៧ខែ ខេត្តកំពង់ស្ពឺមានអ្នកឆ្លងដល់ជិត ១ពាន់ករណី

2026/07/06 10:51:56 pm        197
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការក្រើនរំឭកដល់ប្រជាពលរដ្ឋ ពិសេសអាណាព្យាបាលគ្រប់រូប ឱ្យបង្កើនការការពារពីជំងឺគ្រុនឈាម ដែលចម្លងតាមរយៈមូសខ្លាខាំ ខណៈរដូវវស្សាបានឈានចូលមកដល់ ហើយគិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺ មានឆ្លងជំងឺគ្រុនឈាមដល់ជិត ១ពាន់ករណី ។ ការក្រើនរំឭកនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ គ្រាដែលឯកឧត្តមនិងលោកជំទាវជាភរិយា ដឹកនាំក្រុមការងារសាខាកាកបាទក្រហមខេត្ត ចុះពិនិត្យ និងសួរសុខទុក្ខអាណាព្យបាល និងកុមារដែលកំពុងសម្រាកព្យាបាលជំងឺគ្រុនឈាមចំនួន ១៣៥នាក់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា រដូវវស្សាជាពេលដែលមូសខ្លាបង្កើនការបន្តពូជយ៉ាងឆាប់រហ័ស ធ្វើឱ្យកំណើន នៃមូសខ្លាមានការកើនឡើង នៅគ្រប់ទីកន្លែង ហើយមូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ពីមនុស្សម្នាក់ទៅមនុស្សទៀត យ៉ាងមានប្រសិទ្ធិភាពបំផុត ។ ដោយសារតែកំណើននេះ ប្រជាពលរដ្ឋពិសេសអាណាព្យាបាលគ្រប់រូប គប្បីត្រូវតែកម្ចាត់ជម្រកមូសខ្លាឱ្យអស់ ដោយសម្អាតកាកសំណល់ ដែលមានដក់ទឹកស្ថិតនៅជុំវិញផ្ទះ និង ការពារកុមារកុំឱ្យមូសខ្លាខាំ ។ លើសពីនេះ ត្រូវសង្កេតនឹងតាមដាននូវរោគសញ្ញារបស់បុត្រធីតារបស់ខ្លួនប្រសិនបើមានការក្តៅខ្លួនខ្លាំងត្រូវប្រញ៉ាប់យកកុមារទៅមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់ ដើម្បីឱ្យក្រុមគ្រូពេទ្យពិនិត្យនិងព្យាបាលទាន់ពេលវេលា។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីលះបង់ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនឹងមន្ត្រីសុខាភិបាល ពិសេសលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ក្នុងការជួយសង្គ្រោះ ថែទាំអ្នកជំងឺ។ ក្នុងនោះក៏លើកទឹកចិត្ត ឱ្យបន្តផ្សព្វផ្សាយពីវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាមតាមរយៈមូសខ្លាទៅដល់មូលដ្ឋានរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់យល់កាន់តែច្បាស់ពីគ្រោះថ្នាក់ដែលបង្កពីមូសខ្លានេះ ។ លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ជំងឺគ្រុនឈាមតែងកើតមានឡើង ក្នុងកំឡុងពេលដែលមានភ្លៀងធ្លាក់ ចាប់ពីខែមិថុនា រហូតដល់ខែសីហានៃឆ្នាំនិមួយៗ ។ ស្ថានភាពនេះបានធ្វើឱ្យអ្នកជំងឺ ត្រូវបញ្ជូនមកមន្ទីរពេទ្យជាបន្តបន្ទាប់ ដើម្បីទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យជំនាញ ។ លោកបន្តថា ក្នុងស្ថានភាពនេះជំងឺគ្រុនឈាម បានកើតមានឡើងលើស្រុកក្រុងចំនួន៤នៃខេត្តកំពង់ស្ពឺ ក្នុងនោះស្រុកសំរោងទង ស្រុកភ្នំស្រួច ស្រុកសាមគ្គីមុនីជ័យ និងក្រុងច្បារមន ដោយគិតត្រឹមសប្តាហ៍ទី២៦ ឆ្នាំ២០២៦ មានចំនួន ៩២៧ករណី កើនឡើងចំនួន ៤២៤ករណី(ស្មើនឹងប្រមាណ ៨៤ភាគរយ) និងមានអ្នកស្លាប់២នាក់ ខណៈបញ្ជូនទៅព្យាបាល នៅឯរាជធានីភ្នំពេញ បើធៀបនឹងឆ្នាំ២០២៥ មានត្រឹមតែ ៥០៣ករណីប៉ុណ្ណោះ និងគ្មានអ្នកស្លាប់ដោយជំងឺនេះនោះទេ ៕ អត្ថបទ បាន សុខរិទ្ធិ

អាជ្ញាធរជាតិព្រះវិហារ ប្រារព្ធខួប១៨ឆ្នាំនៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2026/07/06 10:42:04 pm        102
អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីអបអរសាទរខួប១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ក្រោមប្រធានបទ “ការអភិរក្ស វិនាសកម្ម និងការស្តារឡើងវិញ” ។ ពិធីនេះ ធ្វើឡើង នៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ។ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានរំលឹកឡើងវិញនូវតម្លៃលេចធ្លោជាសកលនៃប្រាសាទព្រះវិហារ ព្រមទាំងសមិទ្ធផលនៃការអភិរក្ស និងអភិវឌ្ឍន៍ ដែលអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិបានខិតខំប្រឹងប្រែងសម្រេចបានក្នុងរយៈពេល១៨ឆ្នាំកន្លងមក ប៉ុន្ដែសម្បត្ដិបេតិកភណ្ឌពិភពលោកមួយនេះ បានបំផ្លាញអស់ទាំងស្រុងនូវលទ្ធផលការងារកន្លងមក ដែលវិនាសកម្មនេះ បានបង្កឡើងកាលពីឆ្នាំ២០២៥ ហើយបន្សល់ទុកនូវការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ។ឯកឧត្ដម បានលើកឡើងអំពីការអនុវត្តផែនការសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារស្របតាម អនុសាសន៍របស់អ្នកជំនាញការអង្គការយូណេស្កូ និង ICC-Preah Vihear រួមមាន៖ការបោសសម្អាតអាវុធ យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងគ្រាប់បែកចង្កោម។ ការទល់ទ្រសង្គ្រោះរចនាសម្ព័ន្ធប្រាសាទពីការដួលរលំបន្តទៀត។ ការប្រមូលបំណែកថ្ម និងចម្លាក់រក្សាទុកសម្រាប់អភិរក្សនិងជួសជុល។ការថតឯកសារ 3D ប្រាសាទទាំងមូល និងការស្តារប្រព័ន្ធផ្លូវទឹកបុរាណ ដែលកិច្ចការទាំងអស់បានទទួលការចូលរួមថវិកាពីរាជរដ្ឋាភិបាល អង្គការយូណេស្កូ អង្គការ ALIPH និងស្ថានបេសកកម្មអចិន្ត្រៃយ៍បារាំងប្រចាំអង្គការយូណេស្កូ។ ប៉ុន្ដែយ៉ាងនេះក្ដី អាជ្ញាធរជាតិព្រះវិហារ បានដាក់ចេញទិសដៅការងារអាទិភាព ក្នុងការបន្តជួសជុលប្រាសាទ ការស្តារព្រៃឈើនិងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់បេតិកភណ្ឌ ការស្តារវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពសហគមន៍ ព្រមទាំងដាស់តឿនបំផុសស្មារតីសាមគ្គីភាពជាតិដល់មន្ដ្រីគ្រប់ស្ថាប័ន និងប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្តរួមគ្នាថែរក្សាការពារមរតកដូនតាឱ្យបានគង់វង្ស។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ ពិសេសនឹងបន្ត កិច្ចការអភិរក្ស ជួសជុលប្រាសាទព្រះវិហារ ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ លោកជំទាវ បានណែនាំអាជ្ញាធរជាតិព្រះវិហារឱ្យសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធកម្រិតជាតិ និងដៃគូ អន្តរជាតិដើម្បីបន្តបេសកកម្មថែរក្សា អភិរក្ស និងជួសជុលប្រាសាទ ការស្តារព្រៃឈើនិងប្រព័ន្ធអេកូឡូស៊ីក្នុង តំបន់បេតិកភណ្ឌ ការស្តារវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពសហគមន៍។ លោកជំទាវបានសម្ដែងការសោកស្ដាយចំពោះការខូចខាតនូវប្រាង្គប្រាសាទបុរាណនៅតំបន់បេតិកភណ្ឌពិភពលោក ក៏ដូចជាប្រាសាទបុរាណ នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងអំឡុងពេលកម្ពុជា មានសង្គ្រាមប្រដាប់អាវុធ ដែលបង្ករឡើងដោយយោធាថៃ នាពេលកន្លងមក។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេស អង្គការ យូណេស្កូ និងដៃគូអន្តរជាតិនានាដែលបានចូលរួមជួយសង្គ្រោះបន្ទាន់ និងជួសជុលប្រាសាទព្រះវិហារឡើងវិញ ហើយអំពាវនាវដល់ដៃគូជាតិ និងអន្តរជាតិបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអនុវត្តបេសកកម្ម នេះឱ្យបានជោគជ័យ៕អត្ថបទ៖ សាវី

ត្រឹមឆមាសទី១ ឆ្នាំនេះ រោងចក្រជាងមួយពាន់កន្លែងក្នុងខេត្តស្វាយរៀង ផ្ដល់ការងារជាង១៦ម៉ឺននាក់

2026/07/06 10:33:47 pm        101
គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៦ កម្មករ និយោជិត ចំនួនជាង១៦ម៉ឺននាក់ កំពុងបម្រើការងារតាមរោងចក្រ សហគ្រាស នានា ចំនួនជាង១ពាន់ទីតាំង ក្នុងខេត្តស្វាយរៀង ដោយស្រូបកំរៃរាប់លានដុល្លារក្នុងមួយខែៗ ។លោក អ៊ូ សុឃឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែកក្កដា នេះ បានប្រាប់BTVថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ នៅទូទាំងខេត្តស្វាយរៀង បានទទួលកម្មករ កម្មការិនី និងនិយោជិត ចូលបម្រើការងា នៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថានផ្សេងៗ ចំនួន១សែន ៦ម៉ឺន ៥ពាន់ ៦៤៤នាក់ ដោយស្រូបយកកំរៃពលកម្ម ចំនួនជាង៤១លានដុល្លារ ពីរោងចក្រ សហគ្រាស ចំនួន១ពាន់១០៨កន្លែង ។តំណាងកម្មករ មកពីប្រទេសថៃ និងកម្មករក្នុងស្រុក បានសំដែងនូវការសប្បាយរីករាយខណៈដែលរាជរដ្ឋាភិបាល និងអ្នកវិនិយោគ បានបង្កើតរោងចក្រ សហគ្រាស ផ្តល់ការងារឱ្យពួកគេធ្វើទទួលបានកំរៃល្អប្រសើរ ជួបជុំគ្រួសារ មិនបាច់ធ្វើការចំណាក់ស្រុកបន្តទៀត។លោកប្រធានមន្ទីរការងារខេត្តស្វាយរៀង បានបញ្ជាក់បន្ថែមថា ក្រៅតែពីរោងចក្រ សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង១២ ក៏មានក្រុមអ្នកវិនិយោគ ក្នុង និងក្រៅប្រទេស បានបង្កើតរោងចក្រ សហគ្រាស បន្ថែមចំនួន១៥កន្លែង ដោយផ្តល់ការងារឱ្យពលរដ្ឋ ក្នុងខេត្ត និងខេត្តជិតខាងចូលធ្វើការងារ ជាង១ម៉ឺននាក់ផងដែរ៕ អត្ថបទ៖ សារិត

សមត្ថកិច្ចរាជធានីភ្នំពេញ បន្តប្រតិបត្តិការបង្ក្រាប Online Scams នៅខណ្ឌដង្កោ ឃាត់ជនបរទេស ៨នាក់

2026/07/06 08:13:22 pm        396
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានបន្តប្រតិបត្តិការចុះបង្ក្រាប បទល្មើស Online Scams នៅចំណុចផ្ទះC១៦ ផ្លូវBL០២ បុរីប៊ុនលីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ឃាត់ជនបរទេស០៨នាក់ មានគោលដៅឆបោកទៅច្រើនប្រទេស ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តការចុះប្រតិបត្តិផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារនគរបាលសន្តិសុខ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។ជាលទ្ធផល នៃការចុះបង្ក្រាប កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនមនុស្សសរុបចំនួន ៨នាក់ ( ស្រី០១នាក់ ) ក្នុងនោះរួមមាន ជនជាតិបង់ក្លាដេសចំនួន ០៧នាក់ (ប្រុស) និងជនជាតិមីយ៉ាន់ម៉ា ចំនួន០១នាក់ (ស្រី) ។ក្នុងការបង្ក្រាបដដែល សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងពាក់ព័ន្ធរួមមាន ៖ laptop ចំនួន ១២គ្រឿង , ទូរស័ព្ទចំនួន ១៧គ្រឿង , ដុំWifi ចំនួន០១គ្រឿង , ដុំmodem ចំនួន ០១គ្រឿង , អង្គចងចាំ(USB Flash) , ក្រដាសប្រាក់ដុល្លារសែន(Copy) ចំនួន ៤៩សន្លឹក សម្រាប់បោកប្រាស់ជាប្រាក់វិនិយោគចំណេញ ។ ផ្អែកតាមការធ្វើកោសលល្យវិច្ច័យរបស់ក្រុមសមត្ថកិច្ចជំនាញ ក្រុមឧក្រិដ្ឋជន បានប្រើប្រាស់ប្រទេសកម្ពុជាជាជម្រក ហើយប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្រោមរូបភាពអូសទាញលួងលោមស្នេហា ហើយបន្តបោកប្រាស់ដាក់ប្រាក់ចូលរួមវិនិយោគក្លែងក្លាយ(InvestmentScams)ដែលមានគោលដៅសហរដ្ឋអាមេរិក,ប្រេស៊ីល,មុិចស៊ីកូ និងកូឡុំប៊ី ។បច្ចុប្បន្ន ក្រុមជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំអនុវត្តទៅតាមផ្លូវច្បាប់ នៅពេលខាងមុខ ៕ លីហេង

ទូតជប៉ុន សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងលើវិស័យបរិស្ថាន​កម្ពុជា​ធ្វើឱ្យប្រទេសក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ពលរដ្ឋ

2026/07/06 08:08:24 pm        220
ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរនិងបានវាយតម្លៃខ្ពស់ចំពោះការវិវត្តជាវិជ្ជមាននៃការគ្រប់គ្រងបរិស្ថាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ។ ការលើកឡើង របស់ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារនិងជម្រាបលា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តម UENO Atsushi បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ប្រទេសជប៉ុន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ដោយក្នុងនោះ វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដែលត្រូវបានចាត់ទុកជាអាទិភាពគន្លឹះមួយ។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល និងស្ថានទូតជប៉ុនប្រចាំកម្ពុជា បានផ្តល់ការគាំទ្រយ៉ាងសកម្ម និងទូលំទូលាយដល់វិស័យបរិស្ថាននៅកម្ពុជា ទាំងផ្នែកថវិកា សម្ភារៈបច្ចេកទេស និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងអព្យាក្រឹតកាបូន។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងបន្ថែមថា ជប៉ុនបានគាំទ្រដល់ភាពស្អាតរបស់កម្ពុជា តាមរយៈការ ផ្តល់ធុងសំរាមញែក និងរថយន្តប្រមូលសំរាម ជួយឱ្យកម្ពុជាដោះស្រាយបញ្ហាសំណល់រឹងនៅតាមសហគមន៍ផ្ទាល់ និង បានជួយជំរុញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលធ្វើឱ្យពលរដ្ឋកម្ពុជាផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ឆ្ពោះទៅរកភាពស្អាត និងសុខភាពល្អ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្តពង្រឹងនិងពង្រីកកិច្ចសហការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុនក្នុងនោះលើ ការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាបៃតងទំនើបៗមកកម្ពុជា និងបន្តការគាំទ្រ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលធានាថា កម្ពុជានឹងមានភាពធន់ និងចីរភាពនាពេលអនាគត។សូមបញ្ជាក់ថា ប្រទេសជប៉ុនបានគាំទ្រ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» របស់កម្ពុជា ដែលផ្តោតលើសសរសត្តម្ភបីគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងមកនេះ ប្រទេសជប៉ុនបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គកការសហប្រជាជាតិ UNDP ផ្តល់ធុងញែកសំរាម ទុកដាក់សំណល់ប្លាស្ទិក ចំនួន ៣ ០០០ ធុង ជូនដល់ក្រសួងបរិស្ថាន ដើម្បីដាក់ពង្រាយតាមបណ្តារាជធានី-ខេត្តគោលដៅ ដូចជា ភ្នំពេញ សៀមរាប និងតំបន់មាត់សមុទ្រ។ ជាមួយគ្នានេះ គម្រោងជំនួយ Kusanone របស់ប្រទេសជប៉ុនបានផ្តល់រថយន្តប្រមូលសំរាម និងឧបករណ៍សម្ភារៈនានា ដើម្បីជួយសម្រួលដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការសម្អាតអនាម័យបរិស្ថា និងលើកកម្ពស់សោភ័ណភាពមូលដ្ឋាន៕

ក្រសួងបរិស្ថាន រកឃើញវត្តមានប្រភេទសត្វព្រៃកម្រកំពុងរងគ្រោះថ្នាក់ជិតផុតពូជចំនួន ១៤ប្រភេទ នៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរី

2026/07/06 07:48:17 pm        215
ភ្នំពេញ៖ ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះថា ក្រុមការងារ​បច្ចេកទេស​របស់ក្រសួង​បាន​បន្តរកឃើញវត្តមានប្រភេទសត្វវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទជិតទទួលរងគ្រោះថ្នាក់ចំនួន ១៤ប្រភេទ។ យោងតាមលទ្ធផលនៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួងបរិស្ថានរយៈពេល៣ខែ ពីដើមខែមេសា ឆ្នាំ២០២៦ ដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារបច្ចេកទេសរបស់គម្រោង និងក្រុមការងារចប្ចេកទេសរបស់នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានរកឃើញវត្តមានប្រភេទសត្វវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទជិតទទួលរងគ្រោះថ្នាក់ចំនួន ១៤ប្រភេទ រួមមាន៖ ដំរីអាស៊ី (ឈ្មោះអង់គ្លេស៖ Asian Elephant ឈ្មោះវិទ្យាសាស្រ្ត៖ Elephas maximus) ខ្ទីង (ឈ្មោះអង់គ្លេស៖ Gaur ឈ្មោះវិទ្យាសាស្រ្ត៖ Bos gaurus) កែះ (ឈ្មោះអង់គ្លេស៖ Southern Serow ឈ្មោះវិទ្យាសាស្រ្ត៖ Capicornis milneedwardsis) ប្រើសស្បូវ (ឈ្មោះអង់គ្លេស៖ Sambar ឈ្មោះវិទ្យាសាស្រ្ត៖ Rusa unicolor) ខ្លាឃ្មុំតូច (ឈ្មោះអង់គ្លេស៖ Sun Bear ឈ្មោះវិទ្យាសាស្រ្ត៖ Helarctos malayanus) ខ្លាឃ្មុំធំ (ឈ្មោះអង់គ្លេស៖ Asiatic Black Bear ឈ្មោះវិទ្យាសាស្រ្ត៖ Ursus thibetanus) ខ្លាភ្ញីថ្មកែវ (ឈ្មោះអង់គ្លេស៖ Marbled Cat ឈ្មោះវិទ្យាសាស្រ្ត៖ Pardofelis marmorata) ឆ្កែព្រៃ (ឈ្មោះអង់គ្លេស៖ Dhole ឈ្មោះវិទ្យាសាស្រ្ត៖ Cuon alpinus) កំពីងដូង (ឈ្មោះអង់គ្លេស៖ Spotted Linsang ឈ្មោះវិទ្យាសាស្រ្ត៖ Prionodon pardicolor) ស្វាក្តាម (ឈ្មោះអង់គ្លេស៖ Common Long-tailed Macaque ឈ្មោះវិទ្យាសាស្រ្ត៖ Macaca fascicularis) ស្វាត្រោស (ឈ្មោះអង់គ្លេស៖ Northern Pig-tailed Macaque ឈ្មោះវិទ្យាសាស្រ្ត៖ Macaca leonina) ខ្ទីន (ឈ្មោះអង់គ្លេស៖ Large Indian Civet ឈ្មោះវិទ្យាសាស្រ្ត៖ Viverra zibetha) កំពីងដូង (ឈ្មោះអង់គ្លេស៖ Spotted Linsang ឈ្មោះវិទ្យាសាស្រ្ត៖ Prionodon pardicolor) ពង្រូល(ឈ្មោះអង់គ្លេស៖ Sunda Pangolin ឈ្មោះវិទ្យាសាស្រ្ត៖ Manis javanica) និងប្រភេទថនិកសត្វ បក្សី ល្មូនទទួលរងគ្រោះថ្នាក់តិចតួចមួយចំនួនទៀតកំពុងមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ភេខ្លួនរលោង (ឈ្មោះអង់គ្លេស៖ Smooth-coated Otter ឈ្មោះវិទ្យាសាស្រ្ត៖ Luthogale perspicillata)៖ ភេខ្លួនរលោងជាប្រភេទភេទដែលមានទំហំ និងពណ៌ប្រហាក់ប្រហែលនឹងភេខ្លួនសំប៉ែត ដែលខុតគ្នានោះត្រង់ថា ភេខ្លួនរលោកមានដងខ្លួនរលោងរាបស្មើ និងមានកន្ទុយសំប៉ែង បំពងក បបូរមាត់លើថ្ពាល់ ក និងទ្រូងមានពណ៌លើឿងស្រាល។ ភេប្រភេទនេះមានរស់នៅតាមតំបន់វាលទំនាបដូចជានៅតាមមាត់ពាមទន្លេ មាត់ទន្លេ ព្រៃកោងកាង ស្ទឹង បឹង និងអូរ។ ភេខ្លួនរលោងនេះរស់នៅជាក្រុមគ្រួសារដែលមានមេបា និងកូនរបស់វាដូចជាប្រភេទភេដទៃទៀតដែរ។ ពួកវាតែងតែរួបរួមគ្នាជាច្រើនក្រុមក្នុងការរកចំណីដែលជាវិធីមានប្រសិទ្ធភាពបំផុត ដែលអាហារសំខាន់របស់ពួកវាគឺពពួកសត្វសំបករឹង (ក្តាម លៀស គ្រំ) និងត្រី។ ប្រភេទនេះមានវត្តមាននៅក្នុងខេត្តក្រចេះ ព្រែកទាល់ (ឋបនីយជីវៈមណ្ឌលបឹងទន្លេសាប) និងស្រុកកោះញែក ខេត្តមណ្ឌលគិរី។ គេក៏ឃើញមានវត្តមានៅក្នុងប្រទេសប៉ាគីស្ថាន និងឥណ្ឌ រហូតដល់តំបន់ជាច្រើននៅអាស៊ីអាគ្នេយ៍ ភេតូចជាប្រភេទមានដោយបង្គួរ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយទទួលរងគ្រោះនៅលើពិភពលោក។ ភេប្រភេទនេះ ក៏កំពុងរងគ្រោះដោយសារការទាក់ចាប់ ដើម្បីធ្វពាណិជ្ជកម្ម បរបាញ់ និងការបាត់បង់ទីជម្រក៕

កម្ពុជា បន្តប្រាប់អង្គទូត និងអង្គការអន្តរជាតិអំពីទង្វើរំលោភបទឈប់បាញ់ និងបន្តធ្វើសកម្មភាពខុសច្បាប់របស់ថៃ

2026/07/06 07:14:12 pm        366
នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងនៃបេសកកម្មការទូត និងអង្គការ អន្តរជាតិចំនួន៤២ នៅរាជធានីភ្នំពេញ អំពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយផ្តោតជា ពិសេសទៅលើបញ្ហាការពង្រឹងការកាន់កាប់របស់កងកម្លាំងថៃនៅតំបន់ហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃបាន ទាមទារដោយឯកតោភាគី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីការធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃរបស់ក្រសួងការបរទេសនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុត សុត្ថា រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានចូលរួមធ្វើបទបង្ហាញអំពីខ្សែបន្ទាត់ព្រំដែនដែលត្រូវបានទទួលស្គាល់ជាខ្សែព្រំដែនអន្តរជាតិ ដែលបាន កំណត់ និងខណ្ឌសីមាព្រំដែនតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ និងបានប្រៀប ធៀបជាមួយខ្សែបន្ទាត់ព្រំដែនដែលបង្ហាញលើផែនទីដែលថៃគូសដោយឯកតោភាគី។ លោកជំទាវ អ៊ាត សោភា បានរំលឹកអំពីវិធានការកាត់បន្ថយភាពតានតឹងដែលបានឯកភាពគ្នា ដែល ចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ លោកជំទាវបានគូសបញ្ជាក់ថា វិធានការដ៏សំខាន់បំផុតមួយដែលបានឯកភាព គ្នាដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹង ស្តារទំនុកចិត្ត និងសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេស ទាំងពីរ គឺការបន្តដំណើរការឡើងវិញនៃការងារវាស់វែង និងខណ្ឌសីមាព្រំដែន របស់គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់ ដោយផ្តល់អាទិភាពជាបន្ទាន់ដល់តំបន់ដែលប្រជាពលរដ្ឋរស់នៅ។ ការបន្តការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងអនុញ្ញាតឱ្យប្រជាជនរាប់ម៉ឺននាក់ ដែលនៅសេសសល់អាចត្រឡប់ទៅកាន់លំនៅដ្ឋាន និងបន្តជីវភាពរស់នៅធម្មតារបស់ពួកគាត់វិញ ដូចដែលបាន ឯកភាពគ្នា។ លោកជំទាវបន្តថា ប៉ុន្តែ ចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់ថៃបង្កើតឡើងតាំងពីដើមឆ្នាំនេះមក មិនមានការបង្ហាញណាមួយបញ្ជាក់ថា ថៃបានអនុវត្តវិធានការដើម្បីបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងឈប់បាញ់នោះទេ ព្រមទាំងបានបន្តធ្វើសកម្មភាពខុសច្បាប់នៅតំបន់ដែលខ្លួនកាន់កាប់ឥតឈប់ឈរ។ លោកជំទាវបានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការគាំទ្រ ដល់ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះម៉ាឡេស៊ី និងហ្វីលីពីន ដែលបានដឹកនាំ AOT ក្នុងនាមជាប្រធានអាស៊ានមុន និងប្រធានបច្ចុប្បន្ន។ លោកជំទាវ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រជាមួយថៃ តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ លោកជំទាវ បានសម្តែងនូវទំនុកចិត្តថា ការបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងកិច្ចពិភាក្សា ប្រកបដោយស្ថាបនា នឹងរួមចំណែកដល់ដំណោះស្រាយដ៏យុត្តិធម៌ យូរអង្វែង និងផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក ដើម្បីជំរុញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM