មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់

ព័ត៌មានជាតិ

ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលរាជធានីភ្នំពេញរៀបចំពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក នៅផ្លូវថ្មើរជើងចតុមុខ ដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូនូវទំនាក់ទំនងការទូត៧៦ឆ្នាំ

2026/07/05 03:11:19 am        326
ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានជ្រើសរើសយកផ្លូវថ្មើរជើងចតុមុខ ក្នុងខណ្ឌដូនពេញ រៀបចំពិធីអបអរសាទរ ដើម្បីរំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក ជាមួយនិងការរៀបចំតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក ដែលបើកជាសាធារណៈនាល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។ពិធីនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី Aleksandra Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការដើរទស្សនាស្តង់ និងភ្លក់អាហាររបស់អាមេរិកផងដែរ។ព្រឹត្តិការណ៍នេះបានគូសបញ្ជាក់អំពីស្មារតីយូរអង្វែងរបស់អាមេរិក លើភាពច្នៃប្រឌិត និងនយោបាយការទូត ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាកាន់តែល្អប្រសើរថែមទៀត។ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ការរៀបចំពិធី ដើម្បីអបអរសាទររំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិកនៅពេលនេះ គឺក្រោយពេល៥ថ្ងៃនៃខួបទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិកគម្រប់៧៦ឆ្នាំ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥០។ កិច្ចសហប្រតិបត្តិការណ៍រវាងកម្ពុជា និងសហរដ្ឋអាមេរិកបាននិងកំពុងឈានទៅរកភាពល្អប្រសើរ ខណៈដែលប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយ ក៏បានធ្វើឱ្យទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។ឯកឧត្ដម ឃួង ស្រេង បានបន្តថា តាមរយៈទំនាក់ទំនងការទូតនៃប្រទេសទាំងពីរនេះ បានធ្វើឱ្យវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងការដោះមីននៅកម្ពុជាកាន់តែល្អប្រសើរ ជាមួយនិងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការថែរក្សាសន្តិសុខជាសកល។ឯកឧត្ដម ឃួង ស្រេង បានបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញបានចូលរួមជាមួយស្ថានទូតសហរដ្ឋអាមេរិក ដោយបានផ្តល់ទីតាំងផ្លូវថ្មើរជើងចតុមុខ ខណៈដែលទីតាំងនេះជាទីតាំងផ្សព្វផ្សាយពាណិជ្ជកម្ម ទាំងរដ្ឋ និងឯកជនដ៏ធំមួយនៅភ្នំពេញ ជាតំបន់ទេសចរណ៍ដែលទទួលបានការសាទរ និងគាំទ្រយ៉ាងផុសផុលពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។លោកស្រី Aleksandra Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក ក្នុងឱកាសនោះក៏បានមានប្រសាសន៍ថា ឆ្នាំ២០២៦នេះ គឺជាខួបអនុស្សាវរីយ៍លើកទី ២៥០ នៃការកកើតសហរដ្ឋអាមេរិក ដែលជាសមិទ្ធផលដ៏សំខាន់មួយ ដែលមិនត្រឹមតែអបអរសាទរ ក្នុងនាមជាប្រជាជនអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏បានអបអរសាទររួមគ្នា ជាមួយមិត្តភក្តិខ្មែររបស់យើងពេញមួយឆ្នាំនេះផងដែរ។លោកស្រី បានប្តថា តន្ត្រី Pacific Brass ដែលមានវត្តមាននៅពេលនេះ គឺជាភាសាសកល ដែលមិនត្រូវការការបកប្រែនោះឡើយ វាអាចឆ្លងកាត់ព្រំដែន ផ្សារភ្ជាប់វប្បធម៌ និងជះឥទ្ធិពលផ្ទាល់ទៅកាន់បេះដូងមនុស្សគ្រប់រូប ហើយនៅរាត្រីនេះ តន្ត្រីបាននាំពួកយើងមកជួបជុំគ្នា នៅលើវិថីថ្មើរជើងនេះ ដើម្បីអបអរសាទរខួបកំណើតលើកទី ២៥០ របស់សហរដ្ឋអាមេរិក។ វង់តន្ត្រី Pacific Brass ពិតជាបានឆ្លងកាត់មួយសប្តាហ៍ដ៏អស្ចារ្យ និងគួរឱ្យចងចាំនៅទីនេះ ក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមកម្មវិធីនេះ បានស្តែងឱ្យឃើញពីទំនាក់ទំនង និងចំណងមិត្តភាពដ៏រឹងមាំ រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ខណៈពេលដែលកំពុងប្រារព្ធពិធីអបអរសាទរព្រឹត្តិការណ៍ដ៏វិសេសវិសាល និងជាប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកនេះ សូមរួមគ្នាអបអរសាទរផងដែរ នូវអ្វីដែលបានកសាងរួមគ្នាកន្លងមក ដែលជាចំណងមិត្តភាពផ្អែកលើការគោរពគ្នាទៅវិញទៅមក ទំនាក់ទំនងដ៏យូរអង្វែង និងចក្ខុវិស័យរួមគ្នាមួយ សម្រាប់អនាគតដ៏មានសន្តិភាព និងវិបុលភាព៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស

2026/07/05 12:36:39 am        947
ឯកឧត្តមសាស្រ្តាចារ្យ​ គង់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យភ្នែក និងជាប្រធានកម្មវិធីបណ្តុះបណ្តាលនិស្សិតឯកទេសចក្ខុរោគ បានអៈអាងថា ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស និងការសម្រេចបាននូវគោលដៅគ្របដណ្តប់សុខភាពជាសកល។ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ គង់ ពិសិដ្ឋ យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «នវានុវត្តន៍ឌីជីថល និងការតភ្ជាប់ការសង្គ្រោះគំហើញកុមារប្រកបដោយបរិយាបន្ន» ដែលរៀបចំដោយសមាគមគ្រូពេទ្យភ្នែកកម្ពុជា កម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល គាំទ្រដោយមូលនិធិ ហ្វ្រេដហូឡូ, នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ។ឯកឧត្តមសាស្រ្តាចារ្យ បន្តថា កុមារគ្រប់រូបគួរតែទទួលបានឱកាសស្មើគ្នាក្នុងការមើលឃើញ រៀនសូត្រ និងអភិវឌ្ឍសក្តានុពលរបស់ខ្លួនដោយគ្មានឧបសគ្គពីបញ្ហាភ្នែកដែលអាចបង្ការ ឬព្យាបាលបាន។ ដោយហេតុនេះ ការសង្គ្រោះគំហើញកុមារ មិនគួរត្រូវបានមើលឃើញថាជាសកម្មភាពដាច់ដោយឡែកនោះទេ ប៉ុន្តែត្រូវជាប្រព័ន្ធតភ្ជាប់គ្នាពេញលេញ ចាប់ពីការស្វែងរក និងពិនិត្យរកឃើញករណីនៅតាមសហគមន៍ និងសាលារៀន ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ ការផ្តល់ការព្យាបាលសមស្រប ការតាមដានលទ្ធផលជាបន្តបន្ទាប់ និងការបញ្ជូនអ្នកជំងឺ ទៅកាន់សេវាឯកទេសក្នុងពេលចាំបាច់។ឯកឧត្តមសាស្រ្តាចារ្យ គង់ ពិសិដ្ឋ បានសង្កត់ធ្ងន់ថា សមាគមគ្រូពេទ្យភ្នែកកម្ពុជា ដោយសហការជាមួយកម្មវិធីជាតិសុខភាពភ្នែក​ មូលនិធិ មូលនិធិហ្វ្រេដហូឡូ ដៃគូទាំងអស់ ជាពិសេស​សមាជិក សមាជិកា នៃសមាគម ដើម្បីជំរុញការអនុវត្ត ការពង្រឹងប្រព័ន្ធបញ្ជូន និងការធានាឱ្យកុមារគ្រប់រូប ទទួលបានសេវាសុខភាពភ្នែកប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន​​ ស្របតាមចក្ខុវិស័យរបស់ក្រសួងសុខាភិបាល និងផែនការយុទ្ឋសាស្ត្រជាតិស្តីពីការគ្រប់គ្រងនិងបង្ការភាពពិការភ្នែក ឆ្នាំ ២០២១-២០៣០។ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក បាក់ តូឃ្យូ នាយកមូលនិធិ ហ្វ្រេដហូឡូ ប្រចាំប្រទេសកម្ពុជា និងសហការី ដែលតែងតែគាំទ្រដល់សមាគមគ្រូពេទ្យភ្នែកកម្ពុជា​គ្រប់កាលៈទេសៈ។លោកស្រីវេជ្ជបណ្ឌិត សូរ សុបញ្ញាវតី ប្រធានសមាគមគ្រូពេទ្យភ្នែកកម្ពុជា មានប្រសាសន៍ថា សិក្ខាសាលាមានគោលបំណងជំរុញការពិភាក្សា ការផ្លាស់ប្តូរបទពិសោធន៍ និងការពង្រឹងបណ្តាញសហការរវាងអ្នកជំនាញផ្នែកចក្ខុរោគ មន្ទីរពេទ្យថ្នាក់ជាតិ និងក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ និងលើកកម្ពស់គុណភាពសេវាចក្ខុរោគកុមារនៅកម្ពុជា។ ស្របគ្នានេះដែរ សមាគមកំពុងរៀបចំ ផែនការយុទ្ធសាស្ត្ររបស់ខ្លួន ដែលនឹងកំណត់ទិសដៅ និងអាទិភាពការងារសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ ជឿជាក់ថា សមាគមគ្រូពេទ្យភ្នែកកម្ពុជា នឹងបន្តក្លាយជាសំឡេងវិជ្ជាជីវៈដ៏រឹងមាំ និងជាមជ្ឈមណ្ឌលនៃការរៀនសូត្រឥតឈប់ឈរ សម្រាប់អ្នកជំនាញផ្នែកចក្ខុរោគគ្រប់ជំនាន់។ ការរីកចម្រើនរបស់សមាជិកម្នាក់ៗ គឺជាការរីកចម្រើនរបស់សមាគម ហើយការរីកចម្រើនរបស់សមាគម គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សុខភាពភ្នែករបស់ប្រជាជនកម្ពុជាទាំងមូល៕ អត្ថបទ រដ្ឋា

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក

2026/07/05 12:15:26 am        710
នៅរសៀលថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សា​ផ្ទាល់ និងជាបេសកជនពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា និងជាប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូល​ដ្ឋាន​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ បានអញ្ជើញ​ដឹកនាំកិច្ច​ប្រជុំផ្សព្វផ្សាយផែនការរួ​ម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោ​ត​ជ្រើស​រើស​ក្រុ​មប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលពិធីនេះបាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​គណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ពិតជាមានសារសំខាន់ណាស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណបក្សឃុំទាំង ៧ នៃស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីធានាថា គណបក្សប្រជាជនកម្ពុជានឹងទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ។ដើម្បីសម្រួលដល់សកម្មភាពការងារ ក៏ដូចជាការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរបស់មន្ត្រីគណបក្សឃុំ និងគណបក្សស្រុក ឯកឧត្តមលោកអ្នកឧកញ៉ា បណ្ឌិត ប្រធានក្រុមការងារ បានឧបត្ថម្ភនូវម៉ូតូម៉ាក Honda Wave 110CC ឆ្នាំ២០២៦ ចំនួន ១៧គ្រឿង ដោយក្នុងនោះគណបក្សឃុំនីមួយៗទទួលបានម៉ូតូ២គ្រឿង និងគណបក្សស្រុកទទួលបានចំនួន ៣គ្រឿង។ ក្រៅពីការផ្តល់មធ្យោបាយធ្វើដំណើរដ៏មានសារៈសំខាន់នេះ លោកអ្នកឧកញ៉ា បណ្ឌិត ក៏បានឧបត្ថម្ភជូននូវថវិកាមួយចំនួនបន្ថែមទៀត សម្រាប់ទុកប្រើប្រាស់ក្នុងកិច្ចការរដ្ឋបាល និងចាត់ចែងក្នុងសកម្មភាពផ្សេងៗរបស់គណបក្សស្រុក-ឃុំ ព្រមទាំងបានរៀបចំអាហារសាមគ្គីមួយពេលដ៏ឆ្ងាញ់ពិសា ដើម្បីបង្កើនភាពស្និទ្ធស្នាលក្នុងមហាគ្រួសារបក្ស បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ទៅ។នៅក្នុងឱកាសដ៏វិសេសវិសាលនោះដែរ ឯកឧត្តមលោកអ្នកឧកញ៉ា បណ្ឌិត ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លាមួយចំនួន ចែកជូនដល់ថ្នាក់ដឹកនាំគណបក្សស្រុក-ឃុំ និងសមាជិក សមាជិកាបក្សដែលបានអញ្ជើញចូលរួមផ្ទាល់សរុបប្រមាណ ២៧២នាក់ ។ សូមបញ្ជាក់ផងដែរថា ថវិកាសរុបដែលបានចំណាយក្នុងកម្មវិធីកិច្ចប្រជុំ ការរៀបចំពិធី និងការឧបត្ថម្ភម៉ូតូចំនួន ១៧គ្រឿង រួមទាំងអំណោយទាំងអស់ខាងលើនេះ មានចំនួនសរុបប្រមាណ ៨១៥.០០០.០០០ រៀល៕

អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់

2026/07/04 11:19:57 pm        278
កំពង់ស្ពឺ៖ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការ​យក​ដី​ចំណី​ផ្លូវ​សាធារណៈរបស់រដ្ឋទៅប្រើប្រាស់ដើម្បីប្រយោជន៍បុគ្គល គឺជាអំពើខុសច្បាប់ ដូចនេះអា​ជ្ញាធរ​ក្រុង​ស្រុក​​ គប្បីបង្កើនការផ្សព្វផ្សាយឱ្យបានផុលផុសបន្ថែមទៀត ដើម្បីបង្ការ​ទប់​ស្កាត់​ដល់​សកម្មនេះ​នៅ​តា​មមូលដ្ឋានដែលខ្លួនគ្រប់គ្រង់ឱ្យមានប្រសិទ្ធិភាពខ្ពស់។ ការ​លើកឡើងបែបនេះ គ្រាដែលដឹកនាំក្រុមការងារនៃរដ្ឋបាលខេត្ត ស្រុកចុះ​ជួប​និង​សំណេះសំ​ណាល​ជា​មួយ​ពលរដ្ឋ៦គ្រួសារ នៅភូមិអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែល​ស្ម័គ្រ​ចិត្ត​រុះរើសំណង់សង់រំលោភដីចំណីផ្លូវសាធារណៈនៅមុខវត្តអង្គខ្មៅ កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ​២០២៦។ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា ការតាំងលំនៅ តូបលក់ដូរ និង​សំណង់​អាជីវកម្ម​ផ្សេង​ៗ​លើ​ដីចំណី​ផ្លូវ​គឺ​ជា​អំពើរ​ខុស​ច្បាស់​ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​មិន​គួរ​សាង​សង់​នោះ​ទេ ព្រោះការសង់លើដីចំណីផ្លូវវាបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពចរាចរណ៍ សណ្តាប់​ធ្នាប់សាធារណៈ សោភ័ណភាពទីក្រុង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។ ឯកឧត្តម​បាន​បន្ត​ថា​ ជាងនេះទៅទៀត គឺបានធ្វើឱ្យ​ផ្លូវ​ត្រូវ​បាន​កាត់​បន្ថយ​ទំហំ​បង្ក​ឱ្យ​មាន​ការ​កក​ស្ទះ ​និងបង្កើនហានិភ័យខ្ពស់ក្នុងការបង្កគ្រោះថ្នាក់ដល់អ្នកថ្មើរជើង និងអ្នកបើកបរ។ បង្កើត​ឱ្យ​មាន​សំណង់​មិនរៀបរយ បាត់បង់សោភ័ណភាព បង្កការរាំងស្ទះដល់ប្រព័ន្ធលូទឹក និងជា​រឿយ​ៗ​បង្ក​ជា​ការចោលសំរាមពាសវាលពាសកាល ប៉ះពាល់ដល់អនាម័យនិងបរិស្ថាន។ ទន្ទឹមនោះ អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ការតាំងនៅនៃសំណង់មិនរៀបរយនេះដែរ ក៏​បាន​បង្កនូវផលប៉ះពាល់ដល់ការត្រៀមបម្រុងទុកសម្រាប់ការអភិវឌ្ឍ ឬជួស​ជុល​ផ្លូវ​នៅ​ពេល​អនាគត​ រារាំងដល់សកម្មភាព​របស់រដ្ឋបាល​ស្រុក​ក្នុង​ការ​កសាង​ផ្លូវ​ថ្នល់​ឬ​ដាក់​ប្រព័ន្ធ​លូ​ជា​ដើម​។ ក្នុង​ករណីដែលអាជ្ញាធរក្រុងស្រុកឬជំនាញពាក់ព័ន្ធសុំឱ្យមានការរុះរើ ហើយពលរដ្ឋ​មិន​ព្រម​និង​មាន​ទោស​តាមផ្លូវច្បាប់ទៀតផង។ប៉ុន្តែបងប្អូនប្រជាពលរដ្ឋចំនួន ៦គ្រួសារ ក្នុងអង្គ​ខ្មៅ​នេះ​បាន​ធ្វើជា​គំរូ​ដល់​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ក្នុង​ការ​ចូល​រួម​ជាមួយ​អាជ្ញាធរ​ស្រុក​ដោយ​រុះ​រើ​សំណង់​ដែល​សង់​រំលោភលើដីចំណីផ្លូវជាច្រើនឆ្នាំចេញដោយឥតលក្ខខណ្ឌ ក្រោមហេតុផលរួមគ្នា​ដើម្បី​កំពង់ស្ពឺ​។ ក្នុងជំនួបនោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បាន​កោត​សរសើរ​ដល់​ទឹក​ចិត្ត​ប្រជា​ពលរ​ដ្ឋ​ទាំង​ ៦គ្រួសារខាងលើ និងបានអំពាវនាវបន្ថែមដល់ពលរដ្ឋដទៃផ្សេងទៀតដែលបាន​ និងកំពុង​រស់​នៅ ​តាំងតូបលក់ដូរនឹងអាជីវកម្មផ្សេងៗលើដីចំណីផ្លូវរបស់រដ្ឋ សូមបញ្ឈប់ជា​បន្ទាន់​និង​ត្រូវ​រុះ​រើ​ចេញ​ឱ្យអស់ ដើម្បីឱ្យផ្លូវមានភាពធំទូលាយ គ្មានការកកស្ទះ និងគ្មានគ្រោះថ្នាក់ច​រាចរ​ដែល​ផ្តើម​ចេញ​ពី​សំណង់ទាំងនោះ ។ ជាមួយ​នេះ អាជ្ញាធរក្រុងស្រុក​ត្រូវ​បន្ត​ផ្សព្វ​ផ្សាយ​ពី​បញ្ហា​នេះ​ឱ្យ​បាន​ទូលំ​ទូលាយ​ទៅដល់ពលរដ្ឋឱ្យពួកគាត់ស្ម័គ្រចិត្តក្នុងការរុះរើ ជៀសវាងការអនុវត្ត​ច្បាប់​ជាធរមាន​៕​អត្ថបទ៖ ​បាន ​សុខរិទ្ធិ​

កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក

2026/07/04 11:09:27 pm        672
កូនឈើប្រមាណមួយម៉ឺនដើមមានជាង២០ប្រភេទ ត្រូវបានប្រជាជនកម្ពុជា និងជប៉ុន បានរួមគ្នាដាក់ដាំនៅក្នុងសួនឧទ្យានធម្មជាតិអង្គរ អ៊ីអន ដើម្បីការពារសម្បត្ដិបេតិកភណ្ឌពិភពលោក។ ពិធីដាំកូនឈើនេះ រៀបចំឡើងដោយ មូនិធិបរិស្ថានអ៊ីអន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងមានការចូលរួមពីជនជាតិខ្មែរ និងជប៉ុនប្រមាណ១០០០នាក់។លោក ម៉ូតូយ៉ា អូកាដា ប្រធានមូលនិធិបរិស្ថានអ៊ីអន មានប្រសាសន៍ថា គម្រោងដាំកូនឈើនេះអនុវត្តគម្រោងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០២៥ ក្នុងគោលបំណងការពារបេតិកភណ្ឌពិភពលោក ពីផលប៉ះពាល់នៃខ្យល់ និងភ្លៀង ព្រមទាំងអភិរក្សជីវចម្រុះ។លោកថា ការដាំកូនឈើលើកទី១នៅឆ្នាំ២០២៥ មានអ្នកចូលរួមជាង៨០០នាក់ មកពីប្រទេសជប៉ុន និងកម្ពុជា និងលើកទី២ មានចំនួន១០,០០០ដើមនេះ មានអ្នកចូលរួមប្រមាណ១០០០នាក់។លោកបន្ដថា មូលនិធិនេះ នឹងបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការពារបរិស្ថាន រួមទាំងសកម្មភាពដាំកូនឈើ ដើម្បីបន្តថែរក្សា បរិស្ថានធម្មជាតិដ៏សម្បូរបែប ដល់មនុស្សជំនាន់ក្រោយ។ ការដាំដើមឈើជាមួយអ្នកស្ម័គ្រចិត្តនេះ ក៏មាននៅតាមតំបន់ផ្សេងៗគ្នាទៀតនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២មក រួមមាននៅប្រាសាទចៅស្រីវិបុល និងតាមបណ្តោយផ្លូវឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត ព្រមទាំងនៅឧទ្យានព្រៃឈើក្នុងក្រុងសៀមរាប សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងនៅឧទ្យានសួនសត្វ ភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ខេត្តតាកែវ និងនៅទីតាំងផ្សេងៗទៀត។ មូលនិធិបរិស្ថានអ៊ីអនដែលបានបង្កើតឡើងតាំងពី៣៦ឆ្នាំមុនផ្តោតលើការការពារបរិស្ថាន ដោយបានដាំកូនឈើលើសពី១២,៨៧ លានដើម នៅទូទាំងពិភពលោក ដើម្បីការពារបរិស្ថាន ស្ដារព្រៃឈើឡើងវិញ និងអភិរក្សជីវចម្រុះ ។ជាមួយគ្នានេះ មូលនិធិអ៊ីអន មានការគាំទ្រមណ្ឌល អវយវៈសិប្បនិម្មិត នៅខេត្តបាត់ដំបង ការផ្តល់សាលារៀន ១៥១ខ្នង ការបរិច្ចាគសារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ និង យុទ្ធនាការយុទ្ធនាការទឹកស្អាត។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ព្រឹត្តិការណ៍ដាំកូនឈើលើកទី២នេះ ជាសក្ខីភាពបន្ថែមអំពីគំរូនៃ វិស័យឯកជនជាមួយស្ថាប័នរាជរដ្ឋាភិបាល ក្នុងការពង្រឹង និងពង្រីកផ្ទៃដីបៃតងរបស់រមណីយដ្ឋានអង្គរ ដែលឆ្លើយតបទាំងស្រុងទៅនឹងគោលការណ៍អាទិភាព នៃកិច្ចការអភិរក្សអង្គរ ដែលក្នុងនោះ ការបន្តដាំកូនឈើថ្មី ថែរក្សាព្រៃឈើចាស់ គឺជាអភិក្រមការងាររបស់យើងខ្ញុំ។ក្រៅពីការងារអភិរក្ស និងជួសជុលប្រាសាទបុរាណរាប់រយនៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរា បានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រកបដោយចីរភាព ការស្តារ និងលើកតម្លៃប្រព័ន្ធធារាសាស្ត្របុរាណ ធនធានធម្មជាតិ ដើម្បីជាអត្ថប្រយោជន៍ដល់ការអភិរក្សប្រាសាទបុរាណ និងប្រជាជនដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោកផងដែរ។លោកជំទាវបន្ថែមថា មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានបណ្តុះដាំកូនឈើចម្រុះក្នុងឧទ្យានអង្គរ និងចែកចាយជូនសាធារណជនដោយឥតគិតថ្លៃបានប្រមាណ៣លានដើម ក្នុងនោះរាប់បញ្ចូលទាំងកិច្ចសហការស្តារគម្របព្រៃឈើឡើងវិញ ជាមួយក្រុមហ៊ុន AEON កាលពីពេលកន្លងទៅ និងថ្ងៃនេះផងដែរ។ លោកជំទាវបានលើកថា នៅក្នុងតំបន់អង្គរនេះ ដើមឈើក្រៅពីតួនាទីក្នុងការទាក់ទាញទឹកភ្លៀង រក្សាប្រភពទឹកក្រោមដី ស្របឧស្ម័នកាបូនិចបំប្លែងចេញជាឧស្ម័នអុកស៊ីសែន និងផ្តល់ជាម្លប់ ជាប្រយោជន៍ សម្រាប់ប្រជាសហគមន៍ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើមឈើក៏បានដើរតួនាទីដ៏សំខាន់ក្នុងកិច្ចការពារ ប្រាសាទបុរាណផងដែរ ដោយសារ ប្រាសាទបុរាណខ្មែរសាងសង់លើគ្រឹះដែលជាដីខ្សាច់ ត្រូវការចាំបាច់នូវប្រភពទឹកក្រោមដី និងទឹកភ្លៀង សម្រាប់រក្សា និងបញ្ចូលទឹកក្នុងប្រឡាយ ស្រះ បារាយណ៍ កសិន្ទុបុរាណដែលព័ទ្ធជុំវិញ ដើម្បីចិញ្ចឹមគ្រឹះប្រាសាទឱ្យមានសំណើម មានលំនឹង ចៀសវាង ការបាក់ដួលរលំ។ដើមឈើក៏ជួយជារនាំងការពារក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការរីករួមពុកផុយនៃថ្មប្រាសាទ និងគ្រោះធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ជាដើម។ ដើមឈើ និងផ្ទៃបៃតង គឺជាតម្លៃនៃទេសភាពវប្បធម៌ ជាធាតុផ្សំដែលមិនអាចកាត់ផ្តាច់បានពីតម្លៃលេចធ្លោជាសកលរបស់អង្គរ៕

ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា

2026/07/04 10:56:15 pm        1064
ក្រឡាបញ្ជីតុលាការអន្តរជាតិ ដែលកាន់សំណុំរឿងវិវាទរវាងកម្ពុជា និងថៃ លើ​ករ​ណី​ជម្លោះ​ដែន​សមុទ្រ​ត្រួត​ស៊ីគ្នា បានបញ្ជូនឈ្មោះបេក្ខជនចំនួនបីរូប ដើម្បីឱ្យភាគីកម្ពុជា និងថៃ ធ្វើការ​ជ្រើស​រើស​យក​មួយរូបឱ្យធ្វើជាប្រធាន និងបង្កើតទៅ​ជា​គណៈកម្មការ​នៃ​អ្នក​ផ្សះ​ផ្សា​សម្រាប់​ការ​ផ្ដល់​យោបល់ និងអនុសាសន៍លើការដោះស្រាយដោយសន្ដិវិធីជុំវិញបញ្ហាព្រំដែនសមុទ្រកម្ពុជា និងថៃ។ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់BTVនៅថ្ងៃទី៤ ខែកក្កដា នេះថា ករណីជម្លោះដែនសមុទ្រត្រួតស៊ីគ្នា កម្ពុជា និងថៃ គឺកំពុងដំណើរការទៅតាមនីតិវិធី ដោយរលូន ហើយមកដល់ពេលនេះ ដំណើរការបានដល់ដំណាក់កាលពិនិត្យទៅលើបេក្ខជនទី៥ ដែលកម្ពុជានឹងធ្វើការជ្រើសរើសដើម្បីឱ្យមានការឯកភាពគ្នា។លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ប្រាប់BTVដែរថា ដំណើរការងារដោះស្រាយជម្លោះដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ គឺបានដំណើរការទៅតាមនីតិវិធីអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ (UNCLOS)។ ហើយចំពោះអ្នកផ្សះផ្សាចំនួនពីររូបដែលកម្ពុជាបានជ្រើសរើស គឺគាត់ត្រូវមានជំហរកណ្តាល។ ហើយអ្នកផ្សះផ្សាទាំងបួនរូប គឺត្រូវជ្រើសរើសអ្នកទី៥ ដើម្បីធ្វើជាប្រធានគណៈកម្មការ។ កម្ពុជាសង្ឃឹមថា នឹងអាចរកដំណោះស្រាយតាមសន្តិវិធីលើបញ្ហាសមុទ្ររវាងប្រទេសទាំងពីរ និងសង្ឃឹមថា នឹងបានលទ្ធផលជាវិជ្ជមាន។សូមជម្រាបថា ក្រោយកម្ពុជាជូនដំណឹងផ្លូវការទៅភាគីថៃ និង UN អំពីការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS គឺកម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបដែលជាអ្នកច្បាប់ល្បីៗ ហើយភាគីថៃក៏ត្រូវជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបដែរ ដើម្បីពួកគេឈានទៅជ្រើសរើសប្រធានដែលជាមាជិកទី៥ ហើយបង្កើតទៅជាគណកម្មការនៃអ្នកផ្សះផ្សាសម្រាប់ការផ្ដល់យោបល់ និងអនុសាសន៍លើការដោះស្រាយដោយសន្ដិវិធីជុំវិញបញ្ហាព្រំដែនសមុទ្រកម្ពុជា និងថៃ៕ អត្ថបទ៖ វង្ស សុភាព

ផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់​រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​

2026/07/04 10:37:38 pm        433
ផលិតផលក្នុងស្រុកប្រមាណ ៧០០ មុខ ត្រូវបានយកទៅប្រមូលផ្តុំដាក់លក់នៅក្នុង​“ផ្សារខ្មែរ MSME HUB(ទួលពង្រ)” ដែលវានឹងក្លាយជាមជ្ឈមណ្ឌល​តភ្ជាប់យ៉ាងសំខាន់រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​។ ​ផ្សារខ្មែរ MSME Hub ទួលពង្រ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ថ្លែងទៅកាន់អង្គពិធី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) ដែលបានផ្តួចផ្តើមបង្កើត ផ្សារខ្មែរ MSME Hub ទួលពង្រ ដើម្បីជួយឱ្យផលិតផលខ្មែរអាចចែកចាយដល់ដៃអ្នកប្រើប្រាស់កាន់តែលឿនរហ័ស ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជា ជាមួយរាជរដ្ឋាភិបាល ពិសេសជាមួយក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារ និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តីបាន​លើកទឹកចិត្ត និងអំពាវនាវដល់សាធារណជនទាំងអស់ បន្ត​ចូលរួមគាំទ្រយុទ្ធនាការផលិតផលជាតិ និងប្រែក្លាយការទិញផលិតផលខ្មែរ ទៅជាទម្លាប់ប្រចាំថ្ងៃ ដើម្បីចូលរួមកសាងកម្លាំងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC)បាន​ថ្លែងថា ផ្សារខ្មែរ MSME Hub ទួលពង្រ ត្រូវបានបង្កើតឡើងក្រោមផ្តួចផ្តើមបង្កើតសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) ដើម្បីជួយឱ្យផលិតផលខ្មែរអាចចែកចាយដល់ដៃអ្នកប្រើប្រាស់កាន់តែលឿនរហ័ស។បច្ចុប្បន្ន ផ្សារនេះ ដមានផលិតផលក្នុងស្រុកចម្លោះពី៦០០ ដល់ ៧០០ មុខ ត្រូវបានដាក់លក់ដុំនិងរាយ ហើយ​ CPMEC នៅតែបន្តទទួលយកផលិតផលក្នុងស្រុកមកតាំងលក់បន្ថែម​ទៀត​។ចំណែក តំណាងឱ្យសហគ្រាសផលិតផលក្នុងស្រុក​បាន​បង្ហាញក្តីរីករាយ ដែលមានឱកាសនាំយកផលិតរបស់ខ្លួនមកលក់នៅ“ផ្សារខ្មែរ MSME HUB (ទួលពង្រ)” ដោយ​ពួកគេរំពឹងថា ផលិតផលរបស់ពួកគេកាន់តែមានទីផ្សារទូលំទូលាយជាងមុន និងទទួលបានសន្ទុះគាំទ្រកាន់តែខ្លាំងពីប្រជាពលរដ្ឋ។​ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលចែកចាយផលិតផលខ្មែរ “ផ្សារខ្មែរ MSME HUB (ទួលពង្រ)” នឹងបន្តដំណើរតាំងពិព័រណ៌ផលិតផលខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៦ ដោយមានការប្រគុំតន្រ្តីសម័យ និង​មានការសម្តែងសិល្បៈបុរាណខ្មែរ។ “ផ្សារខ្មែរ MSME HUB (ទួលពង្រ)” មានទីតាំងស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕ អត្ថបទ៖ ធូ វិរៈ

ផ្លូវថ្មើជើងចតុមុខក្លាយជាគោលដៅរៀបចំព្រឹតិ្តការណ៍ផ្សព្វផ្សាយផលិតផល ទេសចរណ៍ វប្បធម៌ជាតិ អន្តរជាតិ

2026/07/04 10:17:16 pm        235
មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវថ្មើជើងចតុមុខ ដែលបាននិង​កំពុង​បើក​ដំណើរ​ការ​នៅរៀងរាល់ចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនោះ កំពុងទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ដើរ​កម្សាន្តកើនឡើងជាលំដាប់ ដែលបញ្ហានេះ បានធ្វើឲ្យស្ថានប័នរដ្ឋ និងឯកជន ជាពិសេស​មាន​ស្ថាន​ទូត​តាម​ប្រទេសនានា គឺបានស្នើររដ្ឋបាលសាលារដ្ឋរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍​ផ្សព្វ​ផ្សាយ​ផលិតផល ទេសចរណ៍ វប្បធម៌ ដ៏សំបូរបែប និងបង្កើនភាពទាក់ទាញកាន់តែខ្លាំង។លោក អាន សីហា អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃនេះថា កន្លងមកនេះ ថ្នាក់ដឹកនាំរដ្ឋបាលសាលារាជធានីភ្នំពេញ បានផ្តោតការយកចិត្តទុកដាក់ សម្របសម្រួលឲ្យស្ថានទូតតាមប្រទេសនានា រៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយបុណ្យជាតិ ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ បណ្តាប្រទេស នៅតាមផ្លូវថ្មើជើងចតុមុខនោះ ដែលការងារនេះ គឺបានរួមចំណែកច្រើន ក្នុងការផ្សព្វផ្សាយផលិតផលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងធ្វើឲ្យទេសចរអន្តរជាតិតាមប្រទេសនានានោះ ស្គាល់កម្ពុជា និងនាំគ្នាមកទស្សនាកម្ពុជាកាន់តែច្រើន។លោក បន្តថា ក្នុងឆ្នាំ២០២៦នេះ សំគាល់ឃើញថា មានស្ថានទូតបណ្តាប្រទេសជាច្រើនប្រចាំនៅកម្ពុជា រួមមាន៖ ស្ថានទូតឥណ្ឌា ស្ថានទូតចិន ស្ថានទូតឥណ្ឌូនេស៊ី ហើយនៅល្ងាចថ្ងៃសៅរ៍ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នះទៀត គឺមានស្ថានទូតសហរដ្ឋអាមេរិច ប្រចាំនៅកម្ពុជា ក៏នឹងរៀបចំ ព្រឹត្តិការណ៍តាំងពិព័រណ៌ម្ហូបអាហារ និងផលិតផលអាមេរិច នៅផ្លូវថ្មើជើងចតុមុខនេះដែរ ដោយមានរៀបចំដង្ហែរក្បួនស៊ីក្លូ របស់ក្រុមដន្ត្រីទ័ពអាកាសសហរដ្ឋអាមេរិច U.S Air force Pacific Brass Band ផងដែរ។លោក អាន សីហា បន្តថា មកដល់បច្ចុប្បន្ន ផ្លូវថ្មើជើងចតុមុខ បាននិងកំពុងរក្សាកំណើនទាក់ទាញទេសចរជាតិ អន្តរជាតិ ចូលដើរកម្សាន្តប្រមាណពី៨ម៉ឺន ទៅ១០ម៉ឺននាក់ ក្នុងមួយថ្ងៃៗ នៅថ្ងៃចុងសប្តាហ៍ ដែលស្ថានភាពនេះបង្ហាញថា ពលរដ្ឋម្នាក់ៗ មានចំណូលល្អប្រសើរ នាំគ្នាចេញដើរកម្សាន្តចំនួនច្រើនដង ច្រើនសារ ក្នុងមួយខែៗ និងរួមចំណែកធ្វើឲ្យគោលដៅទេសចរណ៍រាជធានីភ្នំពេញ ទទួលបានកំណើនទេសចរជាតិ អន្តរជាតិ កើនឡើងជាលំដាប់ពីមួយខែ ទៅមួយខែ៕ អត្ថបទ៖ ស៊ុម សុខជា

ក្រសួងអប់រំ៖ គោលការណ៍ “អ្នកចេះគឺជាប់” បន្តអនុវត្តដោយម៉ឺងម៉ាត់ ធានាយុត្តិធម៌​ក្នុង​ការ​ប្រឡង

2026/07/04 10:00:48 pm        124
ក្រសួងអប់រំ យុវជន និងកីឡា អះអាងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅ​តែ​បន្តអនុវត្តគោលការណ៍ “អ្នកចេះគឺជាប់” ដើម្បីធានា​យុត្តិធម៌​សម្រាប់​យុវជន​ដែល​ខិត​ខំ​សិក្សា ​និងជាការកសាងធនធានមនុស្ស ឆ្ពោះទៅកម្ពុជា ឆ្នាំ២០៥០។លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ BTV នៅថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០២៦នេះ ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះ ក្រសួង​អប់រំ នៅតែប្រកាន់គោលការណ៍គ្រឹះ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល​ទទួល​យក​បាន ឬអ្នកចេះគឺជាប់។ អ្នកនាំពាក្យ សង្កត់ធ្ងន់ថា ការបន្តអនុវត្តគោលការណ៍គ្រឹះទាំង ៤ ដោយ​ម៉ឺងម៉ាត់ គឺដើម្បីលើកតម្កើងទាំងគុណភាពក្នុងការសិក្សា យុត្តិធម៌នៅក្នុងសង្គម សុច្ចរិតភាព ជំរុញ​នូវការខិតខំប្រឹងប្រែងក្នុងកសាងធនធានមនុស្ស ដែលមានសមត្ថភាព រួម​ចំណែក​អភិវឌ្ឍ​កម្ពុជា​ឆ្ពោះ​ទៅ​ឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍ។លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ៖«សរុបសេចក្ដីមក ការអនុវត្ត​គោលការណ៍ ​“អ្នកចេះគឺជាប់” នៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺ​មិន​មែន​គ្រាន់​តែ​ជាគោលការណ៍សម្រាប់តែការប្រឡងប៉ុណ្ណោះទេ។ ក៏ប៉ុន្ដែជាវប្បធម៌អប់រំ ដែល​ចូល​រួម​នៅ​ក្នុង​ការលើកតម្កើង ទាំងគុណភាពនៅក្នុងការសិក្សា យុត្តិធម៌ នៅក្នុងសង្គម សុច្ចរិតភាព ក៏​ដូច​ជា​ការ​ជំរុញនូវការខិតខំប្រឹងប្រែង ក្នុងការកសាងធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​ សម្រាប់ការកសាងប្រទេសកម្ពុជា ឱ្យស្របទៅតា​ម​គោល​ការណ៍​ក៏​ដូច​ជា​ទិស​ដៅ​របស់​រាជ​រដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាឱ្យជាប្រទេសអភិវឌ្ឍនៅក្នុងឆ្នាំ២០៥០ខាងមុខនេះ»។ចំណែក​សិស្សានុសិស្ស ដែលកំពុងសិក្សានៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្ត​កណ្ដាល បានប្រាប់ BTV ថា ពួកគេពេញចិត្តចំពោះគោលការណ៍គ្រឹះ របស់ក្រសួងអប់រំ “អ្នក​ចេះ​គឺ​ជាប់” ពីព្រោះនេះ គឺជាការលើកទឹកចិត្តដ៏ធំសម្រាប់ពួកគេ។ ក្រុមសិស្សានុសិស្ស ដែល​បាន​ដាក់​គោល​ដៅ​ប្រឡងយកនិទ្ទេសល្អ ដើម្បីទៅបន្តការសិក្សានៅក្រៅប្រទេស អះអាងថា ក្រោម​ប្រឡង​ដ៏​តឹងរ៉ឹង លទ្ធផលដែលទទួលបានពីការប្រឹងប្រែង គឺជាមោទនភាព សម្រាប់គ្រួសារ និង​សង្គម​ជាតិ​។សូមជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១០ និងទី១១ ខែសីហា ឆ្នាំ២០២៦ ដោយ​ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះ អ្នកចេះគឺជាប់។ ខណៈនៅបាំងតែ ៥សប្ដាហ៍ទៀត ការ​ប្រឡងនឹងចូលមកដល់ ក្រសួងអប់រំ លើកទឹកចិត្ត និងអំពាវនាវដល់សិស្សានុសិស្ស ស្វែង​យល់​ឱ្យ​បាន​ច្បាស់ពី លក្ខន្តិកៈ នៃដំណើរការប្រឡង ត្រូវបន្តការខិតខំសិក្សា និងថែរក្សាសុខភាព ដើម្បី​ត្រៀម​ការ​ប្រឡងដែលចូលមកដល់នៅខែសីហាខាងមុខនេះ៕ អត្ថបទ៖ លៀ ស៊ីណា

ក្រុមស្រ្តីពពោះ និងក្រោយសម្រាលកូន សម្តែងការដឹងគុណរាជរដ្ឋាភិបាល​ចំពោះ​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម

2026/07/04 09:16:33 pm        575
គិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល ពោលគឺ សម្ដេចតជោ និង​សម្ដេចធិបតី នៅតែបន្តយកចិត្តទុកដាក់ ចំពោះការបើកផ្តល់ប្រាក់ឧបត្ថមបន្ថែមជូនដល់ស្រ្តីមុន ក្រោយ និងពេលសម្រាលរួច។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ បានឧបត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ចំនួនសរុបប្រមាណជាង ៤៦ម៉ឺនលាន រៀល (៤៦៩ ០០៥លានរៀល) ។នៅក្នុងបទសម្ភាសន៍ជាមួយក្រុមស្រ្តីមានកំពុងមានផ្ទៃពោះ និងក្រោយសម្រាលកូនរួច នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព នាព្រឹកថ្ងៃទី៤ ខែមិថុនានេះ ពួកគាត់បានឱ្យព័ត៍មាន ប៊ីធីវី ដឹងស្រដៀងគ្នាថា តាមរយៈប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងអំឡុង មុន ក្រោយ ពេលសម្រាលកូន មិនដែលអស់ថ្លៃចំណាយក្នុងការប្រើប្រាស់របបផ្នែកថែទាំសុខភាពនេះទេ។ ហើយក្រៅពីទទួលបានប្រាក់ឧបត្ថម្ភបន្ថែម រាល់ថ្លៃចំណាយនានាក្នុងពេលឆ្លងទន្លេ ក៏មិនអស់ថ្លៃផងដែរ ដោយសារមានកាតសមាជិក ប័ណ្ណ ប.ស.ស ។ បន្ថែមពីនេះ ក៏ទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ដោយមិនរើសអើងវណ្ណៈ។ក្រុមស្រ្តីទាំងនេះ បាននិយាយឱ្យដឹងទៀតថា ការទទួលបានខាងលើនេះ ស្រ្តីទាំងអស់ដែលមានប័ណ្ណ ប.ស.ស. មិនថាធ្វើការងារតូចឬធំ ឬជាកម្មការិនីរោងចក្រ គឺទទួលបានអត្ថប្រយោជន៍ដូចៗគ្នាទាំងអស់ ទាំងក្នុងការពិនិត្យផ្ទៃពោះអំឡុងពេលសម្រាល និងក្រោយសម្រាល។ ក្នុងអំឡុងពេលនេះ មិនត្រឹមតែមិនចំណាយថវិកា ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភថែមទៀត ដែលអត្ថប្រយោជន៍ទាំងអស់នេះ បានជួយសម្រួលយ៉ាងច្រើនក្នុងការកាត់បន្ថយចំណាយក្នុងគ្រួសារមួយកម្រិតផងដែរ។យោងតាមទិន្នន័យរបស់បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជាបានបើកផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ (ពិនិត្យផ្ទៃពោះមុនសម្រាល ក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាក់សាំងកូន) សរុបចំនួន ៧៨ម៉ឺន ៦ពាន់ ៥០០ នាក់ ដែលមានចំនួនកូនសរុប ៨៧ម៉ឺន ៩ពាន់ ៤៨៨នាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM