មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អំពាវនាវដល់អ្នកផលិត សូមកុំប្រើ Logo ក្រសួង និងចុះ ចបផ ក្លែងក្លាយលើផលិតផល

2026/07/04 08:54:55 pm        267
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អំពាវនាវដល់ផលិតករ និងសិប្បករ សូមកុំប្រើប្រាស់ Logo ក្រសួង ជាពិសេសការលួចក្លែងបន្លំដាក់ ចបផ លើផលិតផល គ្មានការវាយតម្លៃទទួលស្គាល់ត្រឹមត្រូវ ដែលនេះធ្វើឱ្យប៉ះពាល់សុខភាព និងការប្រកួតប្រជែងមិនស្មើភាពគ្នា។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងយុទ្ធនាការអភិវឌ្ឍន៍ សហគ្រាស និងអនុលោមភាពផលិតផល នៅសប្តាហ៍នេះថា ជុំវិញ ចបផ នេះ, ក្រសួងបានប្តេជ្ញាចិត្តខ្ពស់ និងដាក់ចេញជាវិធានការ លើការងារកំណែទម្រង់នីតិវិធីមួយចំនួន ពាក់ព័ន្ធលើការងារចុះបញ្ជីផលិតផល (ចបផ) និងការរៀបទម្រង់ការចុះបញ្ជីយតាមអន- ឡាញ ដើម្បីផ្តល់លទ្ធភាពដល់វិស័យឯកជន ក្នុងការទទួលបានសេវាអាជ្ញាប័ណ្ណចុះបញ្ជីកាន់តែប្រសើរ។ តាមរយៈនេះដែរ ក្រសួង សង្កេតឃើញថា បច្ចុប្បន្នមានសហគ្រាស និងសិប្បកម្មមួយចំនួន ក៏បានយកស្លាកសញ្ញា (Logo) ក្រសួងទៅដាក់លើសំបកវេចខ្ចប់, បញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏សូមឱ្យផលិតករ និងសិប្បករដែលប្រើប្រាស់ សូមកុំយក Logo របស់ក្រសួងទៅដាក់លើផលិតផល ព្រោះក្រសួងមិនមែនជាសហគ្រាសសាធារណៈ ឬជាអ្នកវេចខ្ចប់នោះឡើយ។ចំណែក ចបផ, ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា បច្ចុប្បន្នឃើញមានសហគ្រាស និងសិប្បកម្មមួយចំនួនបានអនុវត្តបានត្រឹមត្រូវ ខណៈសហគ្រាស និងសិប្បកម្មមួយចំនួនផ្សេងទៀត បានដាក់ ចបផ នៅលើសំបកវេចខ្ចប់លើផលិតផលរបស់ខ្លួនដោយគ្មានការ អនុញ្ញាត្ត។ ឯកឧត្តម បន្តថា ការធ្វើរបៀបនេះ នឹងធ្វើឱ្យបាត់ទំនុកចិត្តទីផ្សារខ្លួនឯង ការប្រកួតប្រជែងមិនស្មើភាពគ្នា និងការធ្វើឱ្យប៉ះ ពាល់សុខភាពអ្នកប្រើប្រាស់ (អ្នកដែលទិញយកទៅពិសារ)។ បញ្ហានេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏ស្នើដល់ប្រធានគណៈកម្មការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) ទប់ស្កាត់ និងបំបាត់រាល់ផលិតផលក្លែងក្លាយនានា ដើម្បីសុខុមាលភាព និងសុវត្ថិភាពសង្គម។ឯកឧត្តម ហែម វណ្ណឌី លើកឡើងបន្ថែមថា ជុំវិញការចុះបញ្ជីផលិតផល (ចបផ) នព ពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះការ ចុះបញ្ជីបានត្រឹមត្រូវ គឺបានបង្ហាញថា ផលិតផលទាំងនោះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមដាន គុណភាព សុវត្ថិភាពជាប្រចាំ និងត្រូវបានធ្វើអត្តសញ្ញាណកម្មចេញពីប្រភពដែលផលិត និងនាំចូលជាក់ល័ក្ខ ដើម្បីងាយស្រួលគ្រប់គ្រងនៅពេល មានបញ្ហាអ្វីមួយកើតឡើង។ បញ្ហានៃការចុះបញ្ជីផលិតផលនេះដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានលើកទឹកចិត្តសម្រាប់ការស្នើសុំអាជ្ញាប័ណ្ណ ចបផ ដោយមានការបញ្ចុះថ្លៃជូន ចំពោះការស្នើសុំតាមការកំណត់នៃផលិតផល៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាតវ៉ាជាផ្លូវការចំពោះការបន្តឈ្លានពានព្រំដែនរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា

2026/07/04 08:16:44 pm        378
កម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តឈ្លានពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្ដោយព្រំដែន ដោយយោធាថៃបានបន្តរាយបន្លាលួសនៅពីរទីតាំងដាច់ដោយឡែកពីគ្នានៅតំបន់មុំបី ខេត្តព្រះវិហារ និងតំបន់ជប់រុន ខេត្តឧត្តរមានជ័យ។ នេះបើតាមការអះអាងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបានចេញនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ភាគីថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្តោយព្រំដែន។ ក្រសួងការបរទេសបានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ កងកម្លាំងប្រដាប់អាវុធសៀម បានរាយបន្លាលួសនៅទីតាំងពីរដាច់ដោយឡែកពីគ្នា នៅតំបន់មុំបី ខេត្តព្រះវិហារ និងនៅតំបន់ជប់រុន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្រសួងការបរទេសបានចាត់ទុកថា សកម្មភាពទាំងនេះវាបានផ្ទុយនឹងវិធាន ការកាត់បន្ថយភាពតានតឹង ដែលចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅហើយក៏បានរំលោភបំពានលើ មាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក(២០០០)ផងដែរ។ តាមរយៈលិខិតតវ៉ានេះ ក្រសួងការបរទេសកម្ពុជាបានស្នើឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវរាល់ សកម្មភាពទាំងនេះ មិនត្រឹមតែនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើនោះទេ ប៉ុន្តែថែមទាំងនៅទីតាំងផ្សេងទៀត ដែលកងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុនមកផងដែរ។ ក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ការបន្ថយភាពតានតឹងគឺជាកត្តាចាំបាច់ ដើម្បីជំរុញការជឿ ទុកចិត្តគ្នាទៅវិញទៅមក និងជួយសម្រួលដល់ដំណោះស្រាយប្រកបដោយសន្តិវិធី និងយូរអង្វែង នៃជម្លោះ ព្រំដែន ដើម្បីស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ តាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ។ កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយរាល់ជម្លោះព្រំដែនជាមួយភាគីថៃ ក៏ដូចជាជាមួយប្រទេស ជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍ខ្លួនថា បន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយប្រើប្រាស់កម្លាំងនោះឡើយ៕

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរាជរដ្ឋាភិបាលចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋក្នុងខណ្ឌមានជ័យ

2026/07/04 08:12:12 pm        338
ប្រជាពលរដ្ឋជាង១ពាន់នាក់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ទទួលបានការពិនិត្យ និងព្យាបាលជម្ងឺឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាល ។ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌមានជ័យ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកចុះពិនិត្យ និងព្យាបាលជម្ងឺឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង១ពាន់នាក់ មកពីសង្កាត់ចំនួន០២ គឺសង្កាត់បឹងទំពន់ទី១ និងសង្កាត់បឹងទំពន់ទី២ នៃរដ្ឋបាលខណ្ឌមានជ័យ ។ ពិធីនេះ ធ្វើឡើងក៏ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌមានជ័យ និងអស់លោកលោកស្រីសមាជិសមាជិកាក្រុមការងារថ្នាក់ជាតិជាច្រើនរូបទៀតផងដែរ ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌមានជ័យ បានឲ្យដឹងថា ៖ កិច្ចការងារគិតគូរជាសុខមាលភាពរបស់ពលរដ្ឋនេះ គឺជាការងារអាទិភាពសំខាន់ណាស់របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា គិតចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិកន្លងទៅ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន និងមកដល់រដ្ឋាភិបាលអាណត្តិទី៧នេះ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺបានទុកវិស័យ០២ជាអាទិភាពគោលចម្បង គឺវិស័យអប់រំ និងសុខាភិបាល ។ ពលរដ្ឋ ក៏សម្តែងការថ្លែងអំណរគុណ ចំពោះប្រមុខរដ្ឋាភិបាល ដែលតែងតែនៅគៀកគិត និងគិតគូរពីសុខភាពរបស់ប្រជាជនគ្រប់ៗរូប ពិសេសតាមរយៈការពិនិត្យ និងព្យាបាលជម្ងឺឥតគិតថ្លៃនេះ ក៏ជាផ្នែកដ៏សំខាន់ ជួយសម្រាលបន្ទុក នៃការចំណាយរបស់ពលរដ្ឋ លើសេវាថែទាំសុខភាពងដែរ ។ សូមបញ្ជាក់ថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋ នៅសង្កាត់បឹងទំពន់ទី១ និងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យនេះ រៀបចំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ស៊ុន ចាន់ថុល (តេជោកោះធំ) ដែលពិនិត្យនិងព្យាបាលជំងឺទូទៅ អបរំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ វាស់សម្ពាធឈាម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង វាស់ភ្នែក ចែកវ៉ែនតា និងព្យាបាលរបួស៕ អត្ថបទ៖ លីហេង 

គ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ បានរួមចំណែកជួយលើបញ្ហាខ្វះគ្រូបង្រៀនតាមសាលារយៈ​ពេល​ជិត​មួយឆ្នាំហើយ

2026/07/04 06:26:37 pm        622
គ្រូ​បង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី ១ ដែលបានប្រឡងជាប់ កាលពីចុងឆ្នាំ ២០២៥ បច្ចុប្បន្ន បានបំពេញការងារ រួមចំណែកជួយដល់ការបង្រៀនសិស្ស នៅតាម​សាលា​ដែល​ខ្វះ​គ្រូ​បង្រៀន​ បានរយៈពេលជិត ១ឆ្នាំហើយ​។ សាលារៀនគោលដៅទាំងនោះ មានស្ថិតនៅ​ក្នុង​ភូមិ​សាស្ត្រខេត្តតាកែវ បាត់ដំបង ព្រៃវែង ត្បូងឃ្មុំ និងខេត្តកំពង់ចាម​។វត្តមាន​គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី ១ ដែលបានប្រឡងជាប់ភ្លាម ចេញ​បង្រៀន​ភ្លាម បង្រៀនផង រៀនផងពីវិធីសាស្ត្របង្រៀន បច្ចុប្បន្ន បានបំពេញការងារ ជួយ​បង្រៀន​សិស្ស​តាម​សាលាបឋមសិក្សាខ្វះគ្រូបង្រៀន បានរយៈពេលជិត ១ឆ្នាំហើយ។ បង្រៀន​ចាប់​ផ្ដើម​តាំង​ពីការចាប់ផ្ដើមនៃបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅខែវិច្ឆិកា ឆ្នាំ ២០២៥។ជាក់ស្ដែងសម្រាប់សាលាបឋមសិក្សាត្រពាំងក្រូច ដែលស្ថិតនៅស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្ន​មាន​គ្រូប​ង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារចំនួន ១០នាក់ ជួយលើការបង្រៀនសិស្ស។ សាលា​រៀន​មួយនេះ ជួបបញ្ហាខ្វះគ្រូបង្រៀនរយៈពេលជាង ១០ឆ្នាំមកហើយ ដោយកន្លងទៅ សាលា​ត្រូវ​បង្រៀន​ផ្គួប​ថ្នាក់ សិស្សលើសចំនួនកំណត់ គ្រូត្រូវបង្រៀនពីរវេន ត្រូវស្នើសុំគ្រូមក​ពី​សាលា​ផ្សេង​ដើម្បី​ជួយ​បង្រៀន ហើយនាយក នាយករង ក៏ត្រូវបង្រៀនសិស្សដោយផ្ទាល់ផងដែរ។ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបានជួយ​លើ​ការ​ងារ​បង្រៀន​រយៈ​ពេល​ជិត​១​ឆ្នាំ​មក​នេះ ​បង្ហាញ​នូវក្ដីពេញ សប្បាយចិត្ត ពោពេញដោយក្ដីមោទនភាព ដែលខ្លួន បានរួម​ចំណែក​ចូល​រួម​លើ​ការ​ងារបណ្ដុះធនធានមនុស្សសម្រាប់សង្គមជាតិកម្ពុជា។ ពួកគេបំពេញការងារ ចេញ​ពី​បេះដូ​ង ​ដោយមានគោលបំណងរួមសំខាន់មួយគឺ កសាងធនធានមនុស្សដែលមានសមត្ថភាព មាន​ចំណេះដឹង សម្រាប់ការរីកចម្រើនរបស់ជាតិ។លោកគ្រូ បៀន ហុល នាយកសាលាបឋមសិក្សា ត្រពាំងក្រូច បានលើកឡើងដែរថា វត្តមានគ្រូបង្រៀន​ផ្អែក​លើកិច្ចព្រមព្រៀងការងារទាំង ១០រូប ពិតជាបានរួមចំណែកជួយសម្រួល​ដល់​ដំណើរ​ការ​សិក្សា​នៅសាលារបស់លោក។ គ្រូបង្រៀនមិនចាំបាច់បង្រៀនពីរវេនដូចមុន សិស្ស​មួយ​ថ្នាក់​ក៏មានចំនួនដល់ ៦០ទៅ ៧០នាក់ដូចមុន ហើយសាលា​ក៏​មិន​បាន​ស្នើ​សុំ​គ្រូ​មក​ពី​សាលា​រៀន​ដទៃ​ទៀតដែរ។ ក្នុងនាម ជាគណៈគ្រប់គ្រងសាលា លោកគ្រូ ពិតជាសប្បាយចិត្ត​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាននេះ។ពាក់ព័ន្ធនឹង​បញ្ហាខ្វះគ្រូបង្រៀននេះដែរ ក្នុងឆ្នាំ ២០២៦នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានលើកឡើងនាពេលថ្មីៗនេះដែរថា នឹង​មាន​ការ​ប្រឡង​ជ្រើស​រើសគ្រូបង្រៀនជាង ៥ពាន់កន្លែង៕ អត្ថបទ៖ គឹម ហុក  

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ

2026/07/04 06:12:43 pm        296
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមា គម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្តយុវជនសម្ដេចតេជោ (TYDA) បានដាក់តឿនទៅដល់វេជ្ជបណ្ឌិត និងក្រុមគ្រូ​ពេទ្យ​ទាំង​អស់ ត្រូវតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ ជាមួយ​នឹង​ការ​សង្គ្រោះអ្ន​ក​ជំងឺ​ដោយ​ក្តី​មេត្តា ​និងការទំនុកចិត្ត ។ ក្នុងឱកាសអញ្ជើញបើកសន្និសីទទន្តសាស្ត្រលើកទី២ ប្រចាំឆ្នាំ២០២៦ របស់​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជនសម្ដេតេជោក្រោមប្រធានបទ “ការលើកកម្ពស់ ការអនុវត្តបច្ចេក​ទេសទន្ត​សាស្ត្រ​ឈាន​មុខ” នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ក្រុមគ្រូពេទ្យ ត្រូវ​ខិតខំអភិវឌ្ឍន៍សមត្ថភាព ស្របពេលមានការរីកចម្រើនខ្លាំង នៃបច្ចេកវិទ្យាសកលលោក ជា​ពិសេស​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយសិក្សាមានចំណេះដឹងឲ្យពិតប្រាកដ ច្បាស់​លាស់​ទាំង​ការ​ព្យាបាល ការបកស្រាយពន្យល់ទៅដល់អ្នកជំងឺ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា ក្នុងនាម​ជា​គ្រូពេទ្យ​ត្រូវ​ចាំ​ថា​រាល់​អ្នក​ជំងឺ​មករកសេវាសុខាភិបាលពីខ្លួន ដោយសារមានទុកចិត្ត ហើយគ្រូពេទ្យត្រូវ​តែ​មាន​ជំនាញ​អាច​ស្ដាប់ អាចពន្យល់ យកចិត្តទុកដាក់ និងផ្ដល់សុវត្ថិភាពដល់អ្នកជំងឺ ដែលហេតុផល​ទាំង​អស់​នេះ ជាតម្លៃដែលក្រុមគ្រូពេទ្យ និងទន្តបណ្ឌិតគ្រប់រូបត្រូវរក្សាឲ្យបាន ទោះ បីជា​បច្ចេក​វិទ្យា​មាន​រីក​ចម្រើនដល់កម្រិតណាក៏ដោយ។ជាមួយនេះ លោកជំទាវបណ្ឌិត បានចែករំលែកជាគោលគំនិត សម្រាប់ក្រុម​គ្រូពេទ្យ​ចំនួន​៥​ចំណុច​សំខាន់​ៗ គឺទី១. ត្រូវចាត់ទុកសន្និសីទនេះ សម្រាប់ជាវេទិកាសិក្សារៀនសូត្រពិតប្រាកដ គឺ​អ្នកចូលរួមត្រូវកត់ត្រាចំណុចសំខាន់ៗ ចេះសួរនាំ និងជជែកពិភាក្សា, ទី២. បន្តចែក​រំលែក​បទ​ពិសោធន៍ និងចំណេះដឹង, ទី៣. ត្រូវអភិវឌ្ឍន៍ជំនាញ ឲ្យស្របទៅនឹងបច្ចេកវិទ្យា ប៉ុន្តែកុំឲ្យ​បាត់​បង់​សីលធម៌ និងក្រមវិជ្ជាជីវៈ, ទី៤. ត្រូវតម្កល់អ្នកជំងឺនៅចំណុចកណ្ដាលនៃវិជ្ជាជីវៈ គឺព្យាបាល​ដោយ​សុវត្ថិភាព ការពន្យល់មានភាពច្បាស់លាស់ ការគោរចំពោះអ្នកជំងឺ ការតាមដានលទ្ធផល និង​ទទួលខុសត្រូវខ្ពស់ និងទី៥. TYDA បន្តថែរក្សាស្មារតីស្ម័គ្រចិត្ត និងមនុស្សធម៌របស់សមាគម ដែល​មានស្មារតីជួយគ្នា ស្មារតីបម្រើប្រជាពលរដ្ឋ និងស្មារតីមិនទុកអ្នកណាម្នាក់ឲ្យនៅឯកោ នៅ​ពេល​ជួប​ការពិបាក ។ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិ TYDA បានឲ្យដឹងថា ក្នុងរយៈពេលជិត ១៤ឆ្នាំមកនេះ សមាគម បានចុះបេសកកម្មពិនិត្យ និងព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រទូ​ទាំងប្រទេសបានចំនួន ៦៦៤លើក និងព្យាបាលជំងឺបានជាង ៦៧ម៉ឺនករណី ក្នុ​ង​នោះអ្ន​កជំងឺធ្ងន់ធ្ងរជាង១៥ ០០០នាក់ បានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ និង​ជា​មួយ​ដៃ​គូ​សហការ​នានា ដែលក្នុងនោះមានអ្នកជំងឺបេះដូងធ្ងន់ចំនួន ៨៧នាក់ ដោយរាល់ការ​ចំណាយ​ទាំង​អស់​ជា​បន្ទុករបស់សមាគម ។ ជាមួយនោះ TYDA ក៏បានចូលរួមក្នុង​ការងារ​មនុស្ស​ធម៌​សង្គ្រោះ​អ្នក​ជំងឺ​ជាមួយរាជរដ្ឋាភិបាល ក្នុងអំឡុងការរីករាលដាល នៃជំងឺកូវីដ-១៩ និងពិនិត្យ​ព្យាបាល​ពលរដ្ឋ​ភៀសសឹក ក្នុងពេលមានជម្លោះព្រំដែនជាមួយប្រទេសជិតខាង ។ គួរបញ្ជាក់ថា សន្និសីទនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់៥ ខែកក្កដា ឆ្នាំ២០២៦ ធ្វើឡើ​ង​ក្នុង​គោលបំណងចូលរួមពិគ្រោះពិភាក្សា ផ្លាស់ប្ដូរមតិយោបល់ ចែករំលែក​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​ពុទ្ធិ សំដៅស្វែងយល់ឲ្យកាន់តែច្បាស់ពីសមត្ថភាពអនុវត្តទន្តសាស្ត្រថ្មីៗ និងការរី​កច​ម្រើន​នៃ​បច្ចេក​វិទ្យា ក្នុងវិស័យសុខាភិបាល ៕ អត្ថបទ បាន សុខរិទ្ធិ

មន្ត្រី ក.ប.ប វិភាគឃើញសាច់បង្កក ៤៨គំរូ ដែលសមត្ថកិច្ចចម្រុះពិនិត្យ​ប៉ុន្មានថ្ងៃមុន មាន​កត្តា​ហានិភ័យ​ប៉ះពាល់​សុខភាព

2026/07/04 03:59:37 pm        552
ក្រោយបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន ដែលឱ្យអាជ្ញាធរ និងស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ បង្កើនការត្រួតពិនិត្យ និងបង្ក្រាបការលួចនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ជា​ពិសេស​សាច់បង្កកដែលនាំចូលពីក្រៅប្រទេស អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ច​ការ​ប្រកួត​ប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. បានបញ្ចប់ការវិភាគសំណាកសាច់បង្កកជាផ្លូវការ ហើយ​បាន​បង្ហាញលទ្ធផលថា មានសំណាកប្រមាណ ៤៨គំរូ មិនអនុលោមតាម​ស្តង់​ដារ​សុវត្ថិភាព​ម្ហូប​អាហារទេ ឬហៅថា មានកត្តាហានិភ័យប៉ះពាល់សុខភាព ។ជាក់ស្តែងរបាយការណ៍ ក.ប.ប. ដែលបានចេញកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បញ្ជាក់ថា ទី​តាំង​ស្តុក និងអាជីវកម្មពាក់ព័ន្ធចំនួនជាង ១១០ នៅទូទាំងប្រទេសដែលមន្ត្រី​ជំនាញ​បានចុះ​ត្រួត​ពិនិត្យ និងប្រមូលសំណាកសាច់បង្កកសរុប ១៦០គំរូ បញ្ជូនទៅវិភាគនៅមន្ទីរពិសោធន៍នោះ បាន​រកឃើញថា សំណាកចំនួន ៤៨គំរូ មានបញ្ហាមិនអនុលោមតាមស្តង់ដានោះទេ។ ក្នុងនោះរួមមាន៖ ១. «បាក់តេរីសរុប (Total Plate Count) គឺជាលក្ខណៈវិនិច្ឆ័យអនាម័យផលិត ២. «បាក់តេរីស្តាហ្វីឡូកូស៊ីដែលមានកូអាហ្គូឡាសវិជ្ជមាន (Coagulase-Positive Staphylococci) គឺជា លក្ខណៈវិនិច្ឆ័យសុវត្ថិភាពម្ហូបអាហារ ដោយសារ​បាក់​តេរី​ប្រភេទ​នេះ​បង្ក​ជា​ជំងឺ​ពុលអាហារ។កត្តា​ដែល​នាំឱ្យបាក់តេរីទាំងនេះមានវត្តមានច្រើនលើសពីកម្រិតអនុញ្ញាត អាចបណ្តាលមកពី មាន​វត្តមានបាក់តេរីក្នុងវត្ថុធាតុដើមតាំងពីដំបូងទី និង/ឬការ​រៀបចំ​កែ​ច្នៃ​ម្ហូប​អាហារ​ពុំ​មាន​អនាម័យ​ល្អ ​រួមមានការចម្លងពីមនុស្ស និងបរិស្ថាន និង/ឬ សីតុណ្ហភាពមិនមានស្ថេរភាពត្រឹមត្រូវ ក្នុង​ពេលផលិត និងពេលរក្សាទុកផលិតផល សម្រេច។ ចំពោះទីតាំង​សំណាក់ដែលបានវិភាគឃើញ ឬរកឃើញបញ្ហាទាំងនេះគឺមាន​មក​ពីបណ្តា​រាជ​ធានី​ខេត្ត​មួយ​ចំនួន ក្នុងនោះ រួមមាន៖សំណាកចំនួន ០៩ គំរូ គឺបានមកទីតាំងសិប្បកម្មប្រហិតសាចគោ គុយ ស្រ៊ុយ CSPB (CAMBODIA) សង្កាត់ដង្កោ រាជធានីភ្នំពេញ។សំណាកចំនួន ១៦ គំរូ បានមកពីទីតាំងឃ្លាំងស្តុកទុកលក់ចែកចាយប្រហិតគ្រប់ប្រភេទ FWI Corporation Cambodia Co. Ltd នៅសង្កាត់ស្ទឹងមានជ័យ៣។សំណាកចំនួន ២២ គំរូ គឺបានមកទីតាំងឃុំឫស្សីជ្រោយ, ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល និង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង, ខេត្តកណ្តាល។ និងមួយសំណាកទៀត បានវិភាគឃើញមកពីទីតាំង ផ្សារធំថ្មីខេត្តពោធិសាត់៕

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

2026/07/04 04:17:55 am        141
ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ចំណេះដឹង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃព័ត៌មានមិនពិត (Fake News) ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សង្គម។ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាមដែលមានសិស្សានុសិស្សប្រមាណជាង១,០០០នាក់ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្នុងយុគសម័យនៃការវិវត្តនៃបច្ចេកវិទ្យាដ៏ឆាប់រហ័សនេះ ការទទួលទានព័ត៌មានតាមរយៈបណ្តាញសង្គមមានភាពងាយស្រួល ប៉ុន្តែក៏បង្កជាហានិភ័យខ្ពស់ផងដែរ ប្រសិនបើអ្នកប្រើប្រាស់ខ្វះការប្រុងប្រយ័ត្ន។ឯកឧត្តម បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការពង្រឹងចំណេះដឹង និងអប់រំដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយដល់យុវវ័យឱ្យយល់ដឹងពីព័ត៌មានក្លែងក្លាយ គឺជារឿងចាំបាច់បំផុត ដោយឯកឧត្តមបានប្រៀបប្រដូចកិច្ចការនេះទៅនឹង «ការចាក់វ៉ាក់សាំងការពារកុំឱ្យមានគ្រោះថ្នាក់» ដល់ពួកគេ និងសង្គមជាតិទាំងមូលដោយសារតែមេរោគព័ត៌មានក្លែងក្លាយ។ឯកឧត្តម ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់ថាយុទ្ធនាការជំហានទី២នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងរបៀបការពារខ្លួនពីការបំភាន់នានាក្នុងយុគសម័យឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពប្រជាពលរដ្ឋក្នុងការទទួល និងប្រើប្រាស់ព័ត៌មានដោយស្មារតីទទួលខុសត្រូវ ។ មួយវិញទៀត កិច្ចការនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មានក្នុងការពង្រឹងសន្តិសុខព័ត៌មាន និងកសាងភាពធន់ឌីជីថលជូនដល់ពលរដ្ឋគ្រប់រូប ជាពិសេសការការពារយុវវ័យកម្ពុជាឱ្យចៀសផុតពីមហន្តរាយនៃព័ត៌មានក្លែងក្លាយ។យុទ្ធនាការជំហានទី២នេះ មិនត្រឹមតែផ្តល់នូវចំណេះដឹងជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការទប់ទល់នឹងការផ្សព្វផ្សាយបែបបំពុល បំផ្លើស និងបំភ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផុសស្មារតីដល់យុវជនជំនាន់ក្រោយ ឱ្យក្លាយទៅជា «ភ្នាក់ងារសន្តិសុខឌីជីថល» ដ៏សកម្ម ក្នុងការផ្សព្វផ្សាយបន្តនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ និងរួមចំណែកកសាងបរិយាកាសព័ត៌មានប្រកបដោយសុវត្ថិភាព និងទំនុកចិត្តនៅក្នុងសង្គមជាតិទាំងមូលផងដែរ។លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត ក៏បានដាស់តឿនដល់សិស្សានុសិស្ស សូមចូលរួមទប់ស្កាត់ និងកុំចែកចាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ឱ្យសោះ ។ ប្រសិនបើឃើញករណីមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមដែលគ្មានប្រភពច្បាស់លាស់ សូមផ្ទៀងផ្ទាត់ព័ត៌មាន ដែលមានប្រភពផ្លូវការជាមុនសិន។ ‎នាឱកាសនោះដែរ សិស្សានុសិស្សនៃវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាមបានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួង និងមន្ទីរព័ត៌មាន ក៏ដូចជាអាជ្ញាធរខេត្ត ដែលបានសហការរៀបចំយុទ្ធនាការដ៏មានសារៈសំខាន់នេះឡើង ដែលបានផ្តល់ឱកាសដល់សិស្សានុសិស្សទទួលបានចំណេះដឹងអំពីរបៀបនៃការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ ព្រមទាំងយល់ដឹងកាន់តែច្បាស់ពីវិធីសាស្ត្រក្នុងការបង្ការ ទប់ស្កាត់ និងចូលរួមប្រឆាំងនឹងព័ត៌មានមិនពិត (Fake News) នៅក្នុងយុគសម័យឌីជីថល។‎សូមបញ្ជាក់ថា ‎ចាប់ផ្តើមពីរាជភ្នំពេញ ទៅកាន់ខេត្តព្រះវិហារ តាកែវ កំពង់ស្ពឺ កំពត ពោធិ៍សាត់ កំពង់ធំ សៀមរាប កំពង់ចាម និងបន្តទៅបណ្តាខេត្តនានានៅទូទាំងប្រទេសជាបន្តបន្ទាប់ យុទ្ធនាការជំហានទី២ បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅកាន់ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល និងការបង្កើនភាពស៊ាំរបស់ស្រទាប់យុវវ័យប្រឆាំងនឹងព័ត៌មានមិនពិត។ សកម្មភាពដ៏ផុលផុសនៅតាមបណ្តាវិទ្យាល័យនាពេលនេះ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយក្រសួងព័ត៌មាន ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានសិក្សា ក្នុងការកសាងខែល «សុវត្ថិភាពព័ត៌មាន» ដ៏រឹងមាំនៅក្នុងសង្គមកម្ពុជា៕

កាកបាទក្រហមកម្ពុជា បណ្តុះបណ្តាលយុវជន ជាង១០០នាក់ លើច្បាប់មនុស្សធម៌ និងការកសាងសន្តិភាព ​

2026/07/04 04:12:37 am        142
រាជធានីភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ការលើកកម្ពស់តម្លៃមនុស្សធម៌ និងការកសាងសន្តិភាពរបស់យុវជនកាកបាទក្រហមកម្ពុជា» នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីយុវជនស្ម័គ្រចិត្តចំនួន ១១៩នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៥ ក្នុងរាជធានីភ្នំពេញ។​ថ្លែងក្នុងឱកាសបើកសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ នៃកាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់អំពីគោលបំណងចម្បងនៃកម្មវិធីនេះថា ជាការអនុវត្តជាក់ស្តែងស្របតាមសេចក្តីថ្លែងការណ៍យុវជន ក្នុងវេទិកាយុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ កាលពីឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «សិក្ខាសាលានេះមិនត្រឹមតែបណ្តុះបណ្តាលចំណេះដឹងផ្នែកច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសមត្ថភាពយុវជនលើការកសាងសន្តិភាព ការសន្ទនាអន្តរវប្បធម៌ និងការរស់នៅជាមួយគ្នាយ៉ាងសុខដុមរមនាក្នុងសង្គម»។​ឯកឧត្តម យូ ឡាណា ក៏បានបកស្រាយយ៉ាងស៊ីជម្រៅអំពីអត្ថន័យនៃ «សន្តិភាព» ជូនដល់យុវជនថា សន្តិភាពមានន័យទូលំទូលាយ៖ ក្នុងបរិបទចលនាអន្តរជាតិកាកបាទក្រហម វាមិនមែនគ្រាន់តែជាការអវត្តមាននៃសង្គ្រាមនោះទេ ប៉ុន្តែជាដំណើរការសហប្រតិបត្តិការដែលផ្អែកលើការគោរពសិទ្ធិមនុស្ស សច្ចធម៌ និងសមធម៌។ ចំពោះទស្សនៈរដ្ឋបាល-នយោបាយ គឺការបែងចែករវាង «សន្តិភាពអវិជ្ជមាន» (ការគ្មានសង្គ្រាម) និង «សន្តិភាពវិជ្ជមាន» (យុត្តិធម៌សង្គម និងការអភិវឌ្ឍចីរភាព)។ លើសពីនេះ ឯកឧត្តមបានលើកទឹកចិត្តដល់យុវជនឱ្យស្វែងរក «សន្តិភាពផ្លូវចិត្ត» ដែលផ្តើមចេញពីចិត្តស្ងប់ និងការអនុវត្តគោលការណ៍អហិង្សា។​ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការរងទី២ ក៏បានរំលឹកពីមេរៀនប្រវត្តិសាស្ត្រដ៏ឈឺចាប់នៃសង្គ្រាមនៅកម្ពុជា ដែលបង្កការខូចខាតធនធានមនុស្សយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែបច្ចុប្បន្នក្រោមម្លប់សន្តិភាពនៃ «នយោបាយឈ្នះ-ឈ្នះ» កម្ពុជាបានសម្រេចសមិទ្ធផលយ៉ាងត្រចះត្រចង់ ទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។​កម្មវិធីរយៈពេលកន្លះថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីបំប្លែង «ការប្តេជ្ញាចិត្ត» ទៅជា «សកម្មភាពជាក់ស្តែង» ដែលក្នុងនោះយុវជនបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាព៖ ការស្វែងយល់ពីច្បាប់មនុស្សធម៌៖ ការស្តាប់បទបង្ហាញស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ (IHL) និងគោលការណ៍គ្រឹះទាំង ៧។ ការសម្តែងតួដោះស្រាយជម្លោះ៖ ការបែងចែកក្រុមដើម្បីដោះស្រាយស្ថានភាពជាក់ស្តែង ដូចជាវិវាទប្រដាប់អាវុធ, ការសង្គ្រោះទឹកជំនន់, ការដោះស្រាយជម្លោះពាក្យសម្តីក្នុងសហគមន៍ និងការសហការរវាងយុវជនក្នុងតំបន់។កិច្ចពិភាក្សាជាមួយវាគ្មិន៖ ការផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកឆ្លងកាត់សង្គ្រាម ដើម្បីស្វែងយល់ពីផលប៉ះពាល់ និងវិធីសាស្ត្រកសាងសន្តិភាពប្រកបដោយចីរភាព។​នៅចុងបញ្ចប់នៃកម្មវិធី យុវជនម្នាក់ៗបានសរសេរការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ហើយនាំគ្នាទៅបិទនៅលើ «ជញ្ជាំងសន្តិភាព» ដើម្បីបង្ហាញពីឆន្ទៈក្នុងការនាំយកចំណេះដឹងនេះទៅផ្សព្វផ្សាយបន្ត និងចូលរួមសកម្មភាពមនុស្សធម៌ក្នុងសហគមន៍សម្រាប់ឆ្នាំ២០២៦ និងពេលអនាគត។ សកម្មភាពនេះ គឺជាយន្តការមួយជួយឱ្យយុវជនកម្ពុជាបំពេញកាតព្វកិច្ចក្នុងតំបន់ ដើម្បីរួមគ្នាកសាងសហគមន៍មួយដែលមានភាពធន់ និរន្តរភាព និងសន្តិភាពពេញលេញ៕ 3/7/26​អត្ថបទ៖ សំ ងីម

រាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ជំរុញបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្លើយតបការរស់នៅ ប្រជាពលរដ្ឋ

2026/07/04 01:53:08 am        58
រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារ ថែទាំប្រចាំផ្លូវ និងការងារថែទាំខួបផ្លូវចំនួន២គម្រោង ស្ថិតនៅខេត្តកំពង់ស្ពឺ ដើម្បីជាឧត្តមប្រយោជន៍ នៃការប្រើប្រាស់យូរអង្វែង ជូន ប្រជាពលរដ្ឋនៅមូលដ្ឋាន។ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំប្រចាំផ្លូវ និងការងារថែទាំខួបផ្លូវចំនួន២ គម្រោង ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២ ខែកក្តដា ឆ្នាំ២០២៦នេះ, ឯកឧត្តមបានលើកឡើងពីគុណបំណាច់ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា, សម្តេចបានជំរុញអភិវឌ្ឍ សម្រេចនូវសមិទ្ធផលជាច្រើន។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ បានកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជន មានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិត តាមប្រក្រតីភាព ហើយក៏ជាមូលដ្ឋានដ៏សំខាន់សម្រាប់រាជរដ្ឋា- ភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម បន្តថា ជុំវិញការងារផ្លូវជនបទនេះដែរ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញបង្កើតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទ ឱ្យឆ្លើយតបទៅនិងការរស់នៅរបស់ប្រជាពលរដ្ឋ និងបានកំពុងជំរុញអភិវឌ្ឍជាបន្តបន្ទាប់ បង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យប្រទាក់ក្រឡា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទ មានផ្លូវល្អធ្វើដំណើរ។ ជាក់ស្តែងការងារថែទាំផ្លូវ ខាងលើទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រារដ្ឋាភិបាល ជំរុញបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា។ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានកោតសរសើរនិងបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ លើការងារថែទាំប្រចាំផ្លូវ និងការងារថែទាំខួបផ្លូវចំនួន២គម្រោងខាងលើ។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋ ដោយបានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងនោះក្រៅពីការស្ថាបនាផ្លូវ និងស្ពាន នៅជនបទ គឺគណៈកម្មការអន្តរក្រសួងបានបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់សេវាសង្គមនានាដូចជា៖ សេវាអប់រំ, សេវាសុខាភិបាល, ទូរគមនាគមន៍, ការពង្រីក វិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ ជនបទជាដើម ដើម្បីបន្តជំរុញលើកកម្ពស់លើបញ្ហាសុខភាព និង ជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខដុមរមនានៅក្នុងសង្គម ក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០”។អត្ថបទ៖ សុន រ៉ាឌី

ថ្នាក់ដឹកនាំក្រសួងចុះពិនិត្យការងារបច្ចេកទេសនៃការសាងសង់ ស្តារ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់លើកំណាត់ផ្លូវជាតិ និងផ្លូវខេត្តមួយចំនួនតាមបណ្តាខេត្ត

2026/07/03 11:20:38 pm        117
កាលពីថ្ងៃទី១-២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ កោះកុង កំពត កែប តាកែវ និងខេត្តកណ្ដាល ព្រមទាំងក្រុមការងារបច្ចេកទេសពាក់ព័ន្ធ បានចុះពិនិត្យការងារបច្ចេកទេសនៃការអនុវត្តការងារសាងសង់ ស្តារ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់លើកំណាត់ផ្លូវសំខាន់ៗ រួមមាន ផ្លូវខេត្តលេខ១៤៤០ ផ្លូវជាតិលេខ៤៨-៥ ផ្លូវជាតិលេខ៣ ផ្លូវខេត្តលេខ១៣៤C ផ្លូវជាតិលេខ៣៣A ផ្លូវខេត្តលេខ១៣៣៣ ផ្លូវជាតិលេខ២ និងផ្លូវខេត្តលេខ១១០។គោលបំណងនៃបេសកកម្មនេះដើម្បីពិនិត្យ វាយតម្លៃពីស្ថានភាពកំណាត់ផ្លូវ ការអនុវត្តការងារបច្ចេកទេសគម្រោង ពិនិត្យពីបញ្ហាប្រឈមការងារបច្ចេកទេសពាក់ព័ន្ធនៅតាមការដ្ឋានដែលកំពុងអនុវត្តការងារសាងសង់ ស្តារ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង៦ខេត្តខាងលើ។នាឱកាសនោះ ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសក៏បានពិនិត្យទីតាំងពិសោធន៍បឋមរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង៦ខេត្តផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រៀបចំទីតាំង និងក្រុមការងារពិសោធន៍បច្ចេកទេសរបស់សាមីអង្គភាពនីមួយៗ ដើម្បីអនុវត្តការពិសោធន៍បឋម និងផ្ទៀងផ្ទាត់គុណភាពសម្ភារៈសំណង់ និងធ្វើការពិសោធន៍នៅការដ្ឋានតាមស្រទាប់គ្រឹះ រួមទាំងប្រភេទការងារនីមួយៗ ឱ្យបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេស មុននឹងធ្វើការពិសោធន៍ជាផ្លូវការដោយមន្ទីរពិសោធន៍សំណង់ និងសាធារណការ ដូចមានចែងក្នុងលក្ខខណ្ឌកិច្ចសន្យាគម្រោង។ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធឱ្យបន្តពង្រឹងការគ្រប់គ្រងគុណភាពសំណង់ អនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងឯកសារគម្រោង សំដៅពង្រឹងការត្រួតពិនិត្យគុណភាពសម្ភារៈ និងដំណើរការអនុវត្តការងារសាងសង់ និងបង្កើនការសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសឱ្យបានទាន់ពេលវេលាតាមការគ្រោងទុក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM