សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ប្រទេសកម្ពុជា និងប្រទេសចំនួន ៣ទៀតទទួលបានអត្រាពន្ធកូតាសូន្យ (TRQ) ពីអាមេរិក
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖អត្រាពន្ធគយថ្មីដែលអាមេរិកដាក់មកលើកម្ពុជា គឺអត្រា១០% មិនមែនបន្ថែម១០% លើ ១៩% នោះទេ
ក្រសួងព័ត៌មានរៀបចំសន្និសីទសារព័ត៌មានបិទបញ្ចប់បេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» រៃអង្គាសថវិកាបានជាង ២៦ម៉ឺនដុល្លារ

ព័ត៌មានជាតិ

កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក

2026/07/04 11:09:27 pm        673
កូនឈើប្រមាណមួយម៉ឺនដើមមានជាង២០ប្រភេទ ត្រូវបានប្រជាជនកម្ពុជា និងជប៉ុន បានរួមគ្នាដាក់ដាំនៅក្នុងសួនឧទ្យានធម្មជាតិអង្គរ អ៊ីអន ដើម្បីការពារសម្បត្ដិបេតិកភណ្ឌពិភពលោក។ ពិធីដាំកូនឈើនេះ រៀបចំឡើងដោយ មូនិធិបរិស្ថានអ៊ីអន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងមានការចូលរួមពីជនជាតិខ្មែរ និងជប៉ុនប្រមាណ១០០០នាក់។លោក ម៉ូតូយ៉ា អូកាដា ប្រធានមូលនិធិបរិស្ថានអ៊ីអន មានប្រសាសន៍ថា គម្រោងដាំកូនឈើនេះអនុវត្តគម្រោងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០២៥ ក្នុងគោលបំណងការពារបេតិកភណ្ឌពិភពលោក ពីផលប៉ះពាល់នៃខ្យល់ និងភ្លៀង ព្រមទាំងអភិរក្សជីវចម្រុះ។លោកថា ការដាំកូនឈើលើកទី១នៅឆ្នាំ២០២៥ មានអ្នកចូលរួមជាង៨០០នាក់ មកពីប្រទេសជប៉ុន និងកម្ពុជា និងលើកទី២ មានចំនួន១០,០០០ដើមនេះ មានអ្នកចូលរួមប្រមាណ១០០០នាក់។លោកបន្ដថា មូលនិធិនេះ នឹងបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការពារបរិស្ថាន រួមទាំងសកម្មភាពដាំកូនឈើ ដើម្បីបន្តថែរក្សា បរិស្ថានធម្មជាតិដ៏សម្បូរបែប ដល់មនុស្សជំនាន់ក្រោយ។ ការដាំដើមឈើជាមួយអ្នកស្ម័គ្រចិត្តនេះ ក៏មាននៅតាមតំបន់ផ្សេងៗគ្នាទៀតនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២មក រួមមាននៅប្រាសាទចៅស្រីវិបុល និងតាមបណ្តោយផ្លូវឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត ព្រមទាំងនៅឧទ្យានព្រៃឈើក្នុងក្រុងសៀមរាប សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងនៅឧទ្យានសួនសត្វ ភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ខេត្តតាកែវ និងនៅទីតាំងផ្សេងៗទៀត។ មូលនិធិបរិស្ថានអ៊ីអនដែលបានបង្កើតឡើងតាំងពី៣៦ឆ្នាំមុនផ្តោតលើការការពារបរិស្ថាន ដោយបានដាំកូនឈើលើសពី១២,៨៧ លានដើម នៅទូទាំងពិភពលោក ដើម្បីការពារបរិស្ថាន ស្ដារព្រៃឈើឡើងវិញ និងអភិរក្សជីវចម្រុះ ។ជាមួយគ្នានេះ មូលនិធិអ៊ីអន មានការគាំទ្រមណ្ឌល អវយវៈសិប្បនិម្មិត នៅខេត្តបាត់ដំបង ការផ្តល់សាលារៀន ១៥១ខ្នង ការបរិច្ចាគសារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ និង យុទ្ធនាការយុទ្ធនាការទឹកស្អាត។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ព្រឹត្តិការណ៍ដាំកូនឈើលើកទី២នេះ ជាសក្ខីភាពបន្ថែមអំពីគំរូនៃ វិស័យឯកជនជាមួយស្ថាប័នរាជរដ្ឋាភិបាល ក្នុងការពង្រឹង និងពង្រីកផ្ទៃដីបៃតងរបស់រមណីយដ្ឋានអង្គរ ដែលឆ្លើយតបទាំងស្រុងទៅនឹងគោលការណ៍អាទិភាព នៃកិច្ចការអភិរក្សអង្គរ ដែលក្នុងនោះ ការបន្តដាំកូនឈើថ្មី ថែរក្សាព្រៃឈើចាស់ គឺជាអភិក្រមការងាររបស់យើងខ្ញុំ។ក្រៅពីការងារអភិរក្ស និងជួសជុលប្រាសាទបុរាណរាប់រយនៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរា បានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រកបដោយចីរភាព ការស្តារ និងលើកតម្លៃប្រព័ន្ធធារាសាស្ត្របុរាណ ធនធានធម្មជាតិ ដើម្បីជាអត្ថប្រយោជន៍ដល់ការអភិរក្សប្រាសាទបុរាណ និងប្រជាជនដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោកផងដែរ។លោកជំទាវបន្ថែមថា មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានបណ្តុះដាំកូនឈើចម្រុះក្នុងឧទ្យានអង្គរ និងចែកចាយជូនសាធារណជនដោយឥតគិតថ្លៃបានប្រមាណ៣លានដើម ក្នុងនោះរាប់បញ្ចូលទាំងកិច្ចសហការស្តារគម្របព្រៃឈើឡើងវិញ ជាមួយក្រុមហ៊ុន AEON កាលពីពេលកន្លងទៅ និងថ្ងៃនេះផងដែរ។ លោកជំទាវបានលើកថា នៅក្នុងតំបន់អង្គរនេះ ដើមឈើក្រៅពីតួនាទីក្នុងការទាក់ទាញទឹកភ្លៀង រក្សាប្រភពទឹកក្រោមដី ស្របឧស្ម័នកាបូនិចបំប្លែងចេញជាឧស្ម័នអុកស៊ីសែន និងផ្តល់ជាម្លប់ ជាប្រយោជន៍ សម្រាប់ប្រជាសហគមន៍ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើមឈើក៏បានដើរតួនាទីដ៏សំខាន់ក្នុងកិច្ចការពារ ប្រាសាទបុរាណផងដែរ ដោយសារ ប្រាសាទបុរាណខ្មែរសាងសង់លើគ្រឹះដែលជាដីខ្សាច់ ត្រូវការចាំបាច់នូវប្រភពទឹកក្រោមដី និងទឹកភ្លៀង សម្រាប់រក្សា និងបញ្ចូលទឹកក្នុងប្រឡាយ ស្រះ បារាយណ៍ កសិន្ទុបុរាណដែលព័ទ្ធជុំវិញ ដើម្បីចិញ្ចឹមគ្រឹះប្រាសាទឱ្យមានសំណើម មានលំនឹង ចៀសវាង ការបាក់ដួលរលំ។ដើមឈើក៏ជួយជារនាំងការពារក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការរីករួមពុកផុយនៃថ្មប្រាសាទ និងគ្រោះធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ជាដើម។ ដើមឈើ និងផ្ទៃបៃតង គឺជាតម្លៃនៃទេសភាពវប្បធម៌ ជាធាតុផ្សំដែលមិនអាចកាត់ផ្តាច់បានពីតម្លៃលេចធ្លោជាសកលរបស់អង្គរ៕

ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា

2026/07/04 10:56:15 pm        1069
ក្រឡាបញ្ជីតុលាការអន្តរជាតិ ដែលកាន់សំណុំរឿងវិវាទរវាងកម្ពុជា និងថៃ លើ​ករ​ណី​ជម្លោះ​ដែន​សមុទ្រ​ត្រួត​ស៊ីគ្នា បានបញ្ជូនឈ្មោះបេក្ខជនចំនួនបីរូប ដើម្បីឱ្យភាគីកម្ពុជា និងថៃ ធ្វើការ​ជ្រើស​រើស​យក​មួយរូបឱ្យធ្វើជាប្រធាន និងបង្កើតទៅ​ជា​គណៈកម្មការ​នៃ​អ្នក​ផ្សះ​ផ្សា​សម្រាប់​ការ​ផ្ដល់​យោបល់ និងអនុសាសន៍លើការដោះស្រាយដោយសន្ដិវិធីជុំវិញបញ្ហាព្រំដែនសមុទ្រកម្ពុជា និងថៃ។ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់BTVនៅថ្ងៃទី៤ ខែកក្កដា នេះថា ករណីជម្លោះដែនសមុទ្រត្រួតស៊ីគ្នា កម្ពុជា និងថៃ គឺកំពុងដំណើរការទៅតាមនីតិវិធី ដោយរលូន ហើយមកដល់ពេលនេះ ដំណើរការបានដល់ដំណាក់កាលពិនិត្យទៅលើបេក្ខជនទី៥ ដែលកម្ពុជានឹងធ្វើការជ្រើសរើសដើម្បីឱ្យមានការឯកភាពគ្នា។លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ប្រាប់BTVដែរថា ដំណើរការងារដោះស្រាយជម្លោះដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ គឺបានដំណើរការទៅតាមនីតិវិធីអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ (UNCLOS)។ ហើយចំពោះអ្នកផ្សះផ្សាចំនួនពីររូបដែលកម្ពុជាបានជ្រើសរើស គឺគាត់ត្រូវមានជំហរកណ្តាល។ ហើយអ្នកផ្សះផ្សាទាំងបួនរូប គឺត្រូវជ្រើសរើសអ្នកទី៥ ដើម្បីធ្វើជាប្រធានគណៈកម្មការ។ កម្ពុជាសង្ឃឹមថា នឹងអាចរកដំណោះស្រាយតាមសន្តិវិធីលើបញ្ហាសមុទ្ររវាងប្រទេសទាំងពីរ និងសង្ឃឹមថា នឹងបានលទ្ធផលជាវិជ្ជមាន។សូមជម្រាបថា ក្រោយកម្ពុជាជូនដំណឹងផ្លូវការទៅភាគីថៃ និង UN អំពីការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS គឺកម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបដែលជាអ្នកច្បាប់ល្បីៗ ហើយភាគីថៃក៏ត្រូវជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបដែរ ដើម្បីពួកគេឈានទៅជ្រើសរើសប្រធានដែលជាមាជិកទី៥ ហើយបង្កើតទៅជាគណកម្មការនៃអ្នកផ្សះផ្សាសម្រាប់ការផ្ដល់យោបល់ និងអនុសាសន៍លើការដោះស្រាយដោយសន្ដិវិធីជុំវិញបញ្ហាព្រំដែនសមុទ្រកម្ពុជា និងថៃ៕ អត្ថបទ៖ វង្ស សុភាព

ផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់​រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​

2026/07/04 10:37:38 pm        442
ផលិតផលក្នុងស្រុកប្រមាណ ៧០០ មុខ ត្រូវបានយកទៅប្រមូលផ្តុំដាក់លក់នៅក្នុង​“ផ្សារខ្មែរ MSME HUB(ទួលពង្រ)” ដែលវានឹងក្លាយជាមជ្ឈមណ្ឌល​តភ្ជាប់យ៉ាងសំខាន់រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​។ ​ផ្សារខ្មែរ MSME Hub ទួលពង្រ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ថ្លែងទៅកាន់អង្គពិធី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) ដែលបានផ្តួចផ្តើមបង្កើត ផ្សារខ្មែរ MSME Hub ទួលពង្រ ដើម្បីជួយឱ្យផលិតផលខ្មែរអាចចែកចាយដល់ដៃអ្នកប្រើប្រាស់កាន់តែលឿនរហ័ស ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជា ជាមួយរាជរដ្ឋាភិបាល ពិសេសជាមួយក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារ និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តីបាន​លើកទឹកចិត្ត និងអំពាវនាវដល់សាធារណជនទាំងអស់ បន្ត​ចូលរួមគាំទ្រយុទ្ធនាការផលិតផលជាតិ និងប្រែក្លាយការទិញផលិតផលខ្មែរ ទៅជាទម្លាប់ប្រចាំថ្ងៃ ដើម្បីចូលរួមកសាងកម្លាំងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC)បាន​ថ្លែងថា ផ្សារខ្មែរ MSME Hub ទួលពង្រ ត្រូវបានបង្កើតឡើងក្រោមផ្តួចផ្តើមបង្កើតសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) ដើម្បីជួយឱ្យផលិតផលខ្មែរអាចចែកចាយដល់ដៃអ្នកប្រើប្រាស់កាន់តែលឿនរហ័ស។បច្ចុប្បន្ន ផ្សារនេះ ដមានផលិតផលក្នុងស្រុកចម្លោះពី៦០០ ដល់ ៧០០ មុខ ត្រូវបានដាក់លក់ដុំនិងរាយ ហើយ​ CPMEC នៅតែបន្តទទួលយកផលិតផលក្នុងស្រុកមកតាំងលក់បន្ថែម​ទៀត​។ចំណែក តំណាងឱ្យសហគ្រាសផលិតផលក្នុងស្រុក​បាន​បង្ហាញក្តីរីករាយ ដែលមានឱកាសនាំយកផលិតរបស់ខ្លួនមកលក់នៅ“ផ្សារខ្មែរ MSME HUB (ទួលពង្រ)” ដោយ​ពួកគេរំពឹងថា ផលិតផលរបស់ពួកគេកាន់តែមានទីផ្សារទូលំទូលាយជាងមុន និងទទួលបានសន្ទុះគាំទ្រកាន់តែខ្លាំងពីប្រជាពលរដ្ឋ។​ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលចែកចាយផលិតផលខ្មែរ “ផ្សារខ្មែរ MSME HUB (ទួលពង្រ)” នឹងបន្តដំណើរតាំងពិព័រណ៌ផលិតផលខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៦ ដោយមានការប្រគុំតន្រ្តីសម័យ និង​មានការសម្តែងសិល្បៈបុរាណខ្មែរ។ “ផ្សារខ្មែរ MSME HUB (ទួលពង្រ)” មានទីតាំងស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕ អត្ថបទ៖ ធូ វិរៈ

ផ្លូវថ្មើជើងចតុមុខក្លាយជាគោលដៅរៀបចំព្រឹតិ្តការណ៍ផ្សព្វផ្សាយផលិតផល ទេសចរណ៍ វប្បធម៌ជាតិ អន្តរជាតិ

2026/07/04 10:17:16 pm        235
មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវថ្មើជើងចតុមុខ ដែលបាននិង​កំពុង​បើក​ដំណើរ​ការ​នៅរៀងរាល់ចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនោះ កំពុងទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ដើរ​កម្សាន្តកើនឡើងជាលំដាប់ ដែលបញ្ហានេះ បានធ្វើឲ្យស្ថានប័នរដ្ឋ និងឯកជន ជាពិសេស​មាន​ស្ថាន​ទូត​តាម​ប្រទេសនានា គឺបានស្នើររដ្ឋបាលសាលារដ្ឋរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍​ផ្សព្វ​ផ្សាយ​ផលិតផល ទេសចរណ៍ វប្បធម៌ ដ៏សំបូរបែប និងបង្កើនភាពទាក់ទាញកាន់តែខ្លាំង។លោក អាន សីហា អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃនេះថា កន្លងមកនេះ ថ្នាក់ដឹកនាំរដ្ឋបាលសាលារាជធានីភ្នំពេញ បានផ្តោតការយកចិត្តទុកដាក់ សម្របសម្រួលឲ្យស្ថានទូតតាមប្រទេសនានា រៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយបុណ្យជាតិ ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ បណ្តាប្រទេស នៅតាមផ្លូវថ្មើជើងចតុមុខនោះ ដែលការងារនេះ គឺបានរួមចំណែកច្រើន ក្នុងការផ្សព្វផ្សាយផលិតផលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងធ្វើឲ្យទេសចរអន្តរជាតិតាមប្រទេសនានានោះ ស្គាល់កម្ពុជា និងនាំគ្នាមកទស្សនាកម្ពុជាកាន់តែច្រើន។លោក បន្តថា ក្នុងឆ្នាំ២០២៦នេះ សំគាល់ឃើញថា មានស្ថានទូតបណ្តាប្រទេសជាច្រើនប្រចាំនៅកម្ពុជា រួមមាន៖ ស្ថានទូតឥណ្ឌា ស្ថានទូតចិន ស្ថានទូតឥណ្ឌូនេស៊ី ហើយនៅល្ងាចថ្ងៃសៅរ៍ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នះទៀត គឺមានស្ថានទូតសហរដ្ឋអាមេរិច ប្រចាំនៅកម្ពុជា ក៏នឹងរៀបចំ ព្រឹត្តិការណ៍តាំងពិព័រណ៌ម្ហូបអាហារ និងផលិតផលអាមេរិច នៅផ្លូវថ្មើជើងចតុមុខនេះដែរ ដោយមានរៀបចំដង្ហែរក្បួនស៊ីក្លូ របស់ក្រុមដន្ត្រីទ័ពអាកាសសហរដ្ឋអាមេរិច U.S Air force Pacific Brass Band ផងដែរ។លោក អាន សីហា បន្តថា មកដល់បច្ចុប្បន្ន ផ្លូវថ្មើជើងចតុមុខ បាននិងកំពុងរក្សាកំណើនទាក់ទាញទេសចរជាតិ អន្តរជាតិ ចូលដើរកម្សាន្តប្រមាណពី៨ម៉ឺន ទៅ១០ម៉ឺននាក់ ក្នុងមួយថ្ងៃៗ នៅថ្ងៃចុងសប្តាហ៍ ដែលស្ថានភាពនេះបង្ហាញថា ពលរដ្ឋម្នាក់ៗ មានចំណូលល្អប្រសើរ នាំគ្នាចេញដើរកម្សាន្តចំនួនច្រើនដង ច្រើនសារ ក្នុងមួយខែៗ និងរួមចំណែកធ្វើឲ្យគោលដៅទេសចរណ៍រាជធានីភ្នំពេញ ទទួលបានកំណើនទេសចរជាតិ អន្តរជាតិ កើនឡើងជាលំដាប់ពីមួយខែ ទៅមួយខែ៕ អត្ថបទ៖ ស៊ុម សុខជា

ក្រសួងអប់រំ៖ គោលការណ៍ “អ្នកចេះគឺជាប់” បន្តអនុវត្តដោយម៉ឺងម៉ាត់ ធានាយុត្តិធម៌​ក្នុង​ការ​ប្រឡង

2026/07/04 10:00:48 pm        125
ក្រសួងអប់រំ យុវជន និងកីឡា អះអាងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅ​តែ​បន្តអនុវត្តគោលការណ៍ “អ្នកចេះគឺជាប់” ដើម្បីធានា​យុត្តិធម៌​សម្រាប់​យុវជន​ដែល​ខិត​ខំ​សិក្សា ​និងជាការកសាងធនធានមនុស្ស ឆ្ពោះទៅកម្ពុជា ឆ្នាំ២០៥០។លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ BTV នៅថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០២៦នេះ ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះ ក្រសួង​អប់រំ នៅតែប្រកាន់គោលការណ៍គ្រឹះ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល​ទទួល​យក​បាន ឬអ្នកចេះគឺជាប់។ អ្នកនាំពាក្យ សង្កត់ធ្ងន់ថា ការបន្តអនុវត្តគោលការណ៍គ្រឹះទាំង ៤ ដោយ​ម៉ឺងម៉ាត់ គឺដើម្បីលើកតម្កើងទាំងគុណភាពក្នុងការសិក្សា យុត្តិធម៌នៅក្នុងសង្គម សុច្ចរិតភាព ជំរុញ​នូវការខិតខំប្រឹងប្រែងក្នុងកសាងធនធានមនុស្ស ដែលមានសមត្ថភាព រួម​ចំណែក​អភិវឌ្ឍ​កម្ពុជា​ឆ្ពោះ​ទៅ​ឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍ។លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ៖«សរុបសេចក្ដីមក ការអនុវត្ត​គោលការណ៍ ​“អ្នកចេះគឺជាប់” នៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺ​មិន​មែន​គ្រាន់​តែ​ជាគោលការណ៍សម្រាប់តែការប្រឡងប៉ុណ្ណោះទេ។ ក៏ប៉ុន្ដែជាវប្បធម៌អប់រំ ដែល​ចូល​រួម​នៅ​ក្នុង​ការលើកតម្កើង ទាំងគុណភាពនៅក្នុងការសិក្សា យុត្តិធម៌ នៅក្នុងសង្គម សុច្ចរិតភាព ក៏​ដូច​ជា​ការ​ជំរុញនូវការខិតខំប្រឹងប្រែង ក្នុងការកសាងធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​ សម្រាប់ការកសាងប្រទេសកម្ពុជា ឱ្យស្របទៅតា​ម​គោល​ការណ៍​ក៏​ដូច​ជា​ទិស​ដៅ​របស់​រាជ​រដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាឱ្យជាប្រទេសអភិវឌ្ឍនៅក្នុងឆ្នាំ២០៥០ខាងមុខនេះ»។ចំណែក​សិស្សានុសិស្ស ដែលកំពុងសិក្សានៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្ត​កណ្ដាល បានប្រាប់ BTV ថា ពួកគេពេញចិត្តចំពោះគោលការណ៍គ្រឹះ របស់ក្រសួងអប់រំ “អ្នក​ចេះ​គឺ​ជាប់” ពីព្រោះនេះ គឺជាការលើកទឹកចិត្តដ៏ធំសម្រាប់ពួកគេ។ ក្រុមសិស្សានុសិស្ស ដែល​បាន​ដាក់​គោល​ដៅ​ប្រឡងយកនិទ្ទេសល្អ ដើម្បីទៅបន្តការសិក្សានៅក្រៅប្រទេស អះអាងថា ក្រោម​ប្រឡង​ដ៏​តឹងរ៉ឹង លទ្ធផលដែលទទួលបានពីការប្រឹងប្រែង គឺជាមោទនភាព សម្រាប់គ្រួសារ និង​សង្គម​ជាតិ​។សូមជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១០ និងទី១១ ខែសីហា ឆ្នាំ២០២៦ ដោយ​ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះ អ្នកចេះគឺជាប់។ ខណៈនៅបាំងតែ ៥សប្ដាហ៍ទៀត ការ​ប្រឡងនឹងចូលមកដល់ ក្រសួងអប់រំ លើកទឹកចិត្ត និងអំពាវនាវដល់សិស្សានុសិស្ស ស្វែង​យល់​ឱ្យ​បាន​ច្បាស់ពី លក្ខន្តិកៈ នៃដំណើរការប្រឡង ត្រូវបន្តការខិតខំសិក្សា និងថែរក្សាសុខភាព ដើម្បី​ត្រៀម​ការ​ប្រឡងដែលចូលមកដល់នៅខែសីហាខាងមុខនេះ៕ អត្ថបទ៖ លៀ ស៊ីណា

ក្រុមស្រ្តីពពោះ និងក្រោយសម្រាលកូន សម្តែងការដឹងគុណរាជរដ្ឋាភិបាល​ចំពោះ​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម

2026/07/04 09:16:33 pm        582
គិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល ពោលគឺ សម្ដេចតជោ និង​សម្ដេចធិបតី នៅតែបន្តយកចិត្តទុកដាក់ ចំពោះការបើកផ្តល់ប្រាក់ឧបត្ថមបន្ថែមជូនដល់ស្រ្តីមុន ក្រោយ និងពេលសម្រាលរួច។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ បានឧបត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ចំនួនសរុបប្រមាណជាង ៤៦ម៉ឺនលាន រៀល (៤៦៩ ០០៥លានរៀល) ។នៅក្នុងបទសម្ភាសន៍ជាមួយក្រុមស្រ្តីមានកំពុងមានផ្ទៃពោះ និងក្រោយសម្រាលកូនរួច នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព នាព្រឹកថ្ងៃទី៤ ខែមិថុនានេះ ពួកគាត់បានឱ្យព័ត៍មាន ប៊ីធីវី ដឹងស្រដៀងគ្នាថា តាមរយៈប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងអំឡុង មុន ក្រោយ ពេលសម្រាលកូន មិនដែលអស់ថ្លៃចំណាយក្នុងការប្រើប្រាស់របបផ្នែកថែទាំសុខភាពនេះទេ។ ហើយក្រៅពីទទួលបានប្រាក់ឧបត្ថម្ភបន្ថែម រាល់ថ្លៃចំណាយនានាក្នុងពេលឆ្លងទន្លេ ក៏មិនអស់ថ្លៃផងដែរ ដោយសារមានកាតសមាជិក ប័ណ្ណ ប.ស.ស ។ បន្ថែមពីនេះ ក៏ទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ដោយមិនរើសអើងវណ្ណៈ។ក្រុមស្រ្តីទាំងនេះ បាននិយាយឱ្យដឹងទៀតថា ការទទួលបានខាងលើនេះ ស្រ្តីទាំងអស់ដែលមានប័ណ្ណ ប.ស.ស. មិនថាធ្វើការងារតូចឬធំ ឬជាកម្មការិនីរោងចក្រ គឺទទួលបានអត្ថប្រយោជន៍ដូចៗគ្នាទាំងអស់ ទាំងក្នុងការពិនិត្យផ្ទៃពោះអំឡុងពេលសម្រាល និងក្រោយសម្រាល។ ក្នុងអំឡុងពេលនេះ មិនត្រឹមតែមិនចំណាយថវិកា ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភថែមទៀត ដែលអត្ថប្រយោជន៍ទាំងអស់នេះ បានជួយសម្រួលយ៉ាងច្រើនក្នុងការកាត់បន្ថយចំណាយក្នុងគ្រួសារមួយកម្រិតផងដែរ។យោងតាមទិន្នន័យរបស់បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជាបានបើកផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ (ពិនិត្យផ្ទៃពោះមុនសម្រាល ក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាក់សាំងកូន) សរុបចំនួន ៧៨ម៉ឺន ៦ពាន់ ៥០០ នាក់ ដែលមានចំនួនកូនសរុប ៨៧ម៉ឺន ៩ពាន់ ៤៨៨នាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អំពាវនាវដល់អ្នកផលិត សូមកុំប្រើ Logo ក្រសួង និងចុះ ចបផ ក្លែងក្លាយលើផលិតផល

2026/07/04 08:54:55 pm        269
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អំពាវនាវដល់ផលិតករ និងសិប្បករ សូមកុំប្រើប្រាស់ Logo ក្រសួង ជាពិសេសការលួចក្លែងបន្លំដាក់ ចបផ លើផលិតផល គ្មានការវាយតម្លៃទទួលស្គាល់ត្រឹមត្រូវ ដែលនេះធ្វើឱ្យប៉ះពាល់សុខភាព និងការប្រកួតប្រជែងមិនស្មើភាពគ្នា។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងយុទ្ធនាការអភិវឌ្ឍន៍ សហគ្រាស និងអនុលោមភាពផលិតផល នៅសប្តាហ៍នេះថា ជុំវិញ ចបផ នេះ, ក្រសួងបានប្តេជ្ញាចិត្តខ្ពស់ និងដាក់ចេញជាវិធានការ លើការងារកំណែទម្រង់នីតិវិធីមួយចំនួន ពាក់ព័ន្ធលើការងារចុះបញ្ជីផលិតផល (ចបផ) និងការរៀបទម្រង់ការចុះបញ្ជីយតាមអន- ឡាញ ដើម្បីផ្តល់លទ្ធភាពដល់វិស័យឯកជន ក្នុងការទទួលបានសេវាអាជ្ញាប័ណ្ណចុះបញ្ជីកាន់តែប្រសើរ។ តាមរយៈនេះដែរ ក្រសួង សង្កេតឃើញថា បច្ចុប្បន្នមានសហគ្រាស និងសិប្បកម្មមួយចំនួន ក៏បានយកស្លាកសញ្ញា (Logo) ក្រសួងទៅដាក់លើសំបកវេចខ្ចប់, បញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏សូមឱ្យផលិតករ និងសិប្បករដែលប្រើប្រាស់ សូមកុំយក Logo របស់ក្រសួងទៅដាក់លើផលិតផល ព្រោះក្រសួងមិនមែនជាសហគ្រាសសាធារណៈ ឬជាអ្នកវេចខ្ចប់នោះឡើយ។ចំណែក ចបផ, ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា បច្ចុប្បន្នឃើញមានសហគ្រាស និងសិប្បកម្មមួយចំនួនបានអនុវត្តបានត្រឹមត្រូវ ខណៈសហគ្រាស និងសិប្បកម្មមួយចំនួនផ្សេងទៀត បានដាក់ ចបផ នៅលើសំបកវេចខ្ចប់លើផលិតផលរបស់ខ្លួនដោយគ្មានការ អនុញ្ញាត្ត។ ឯកឧត្តម បន្តថា ការធ្វើរបៀបនេះ នឹងធ្វើឱ្យបាត់ទំនុកចិត្តទីផ្សារខ្លួនឯង ការប្រកួតប្រជែងមិនស្មើភាពគ្នា និងការធ្វើឱ្យប៉ះ ពាល់សុខភាពអ្នកប្រើប្រាស់ (អ្នកដែលទិញយកទៅពិសារ)។ បញ្ហានេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏ស្នើដល់ប្រធានគណៈកម្មការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) ទប់ស្កាត់ និងបំបាត់រាល់ផលិតផលក្លែងក្លាយនានា ដើម្បីសុខុមាលភាព និងសុវត្ថិភាពសង្គម។ឯកឧត្តម ហែម វណ្ណឌី លើកឡើងបន្ថែមថា ជុំវិញការចុះបញ្ជីផលិតផល (ចបផ) នព ពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះការ ចុះបញ្ជីបានត្រឹមត្រូវ គឺបានបង្ហាញថា ផលិតផលទាំងនោះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមដាន គុណភាព សុវត្ថិភាពជាប្រចាំ និងត្រូវបានធ្វើអត្តសញ្ញាណកម្មចេញពីប្រភពដែលផលិត និងនាំចូលជាក់ល័ក្ខ ដើម្បីងាយស្រួលគ្រប់គ្រងនៅពេល មានបញ្ហាអ្វីមួយកើតឡើង។ បញ្ហានៃការចុះបញ្ជីផលិតផលនេះដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានលើកទឹកចិត្តសម្រាប់ការស្នើសុំអាជ្ញាប័ណ្ណ ចបផ ដោយមានការបញ្ចុះថ្លៃជូន ចំពោះការស្នើសុំតាមការកំណត់នៃផលិតផល៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាតវ៉ាជាផ្លូវការចំពោះការបន្តឈ្លានពានព្រំដែនរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា

2026/07/04 08:16:44 pm        379
កម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តឈ្លានពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្ដោយព្រំដែន ដោយយោធាថៃបានបន្តរាយបន្លាលួសនៅពីរទីតាំងដាច់ដោយឡែកពីគ្នានៅតំបន់មុំបី ខេត្តព្រះវិហារ និងតំបន់ជប់រុន ខេត្តឧត្តរមានជ័យ។ នេះបើតាមការអះអាងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបានចេញនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ភាគីថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្តោយព្រំដែន។ ក្រសួងការបរទេសបានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ កងកម្លាំងប្រដាប់អាវុធសៀម បានរាយបន្លាលួសនៅទីតាំងពីរដាច់ដោយឡែកពីគ្នា នៅតំបន់មុំបី ខេត្តព្រះវិហារ និងនៅតំបន់ជប់រុន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្រសួងការបរទេសបានចាត់ទុកថា សកម្មភាពទាំងនេះវាបានផ្ទុយនឹងវិធាន ការកាត់បន្ថយភាពតានតឹង ដែលចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅហើយក៏បានរំលោភបំពានលើ មាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក(២០០០)ផងដែរ។ តាមរយៈលិខិតតវ៉ានេះ ក្រសួងការបរទេសកម្ពុជាបានស្នើឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវរាល់ សកម្មភាពទាំងនេះ មិនត្រឹមតែនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើនោះទេ ប៉ុន្តែថែមទាំងនៅទីតាំងផ្សេងទៀត ដែលកងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុនមកផងដែរ។ ក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ការបន្ថយភាពតានតឹងគឺជាកត្តាចាំបាច់ ដើម្បីជំរុញការជឿ ទុកចិត្តគ្នាទៅវិញទៅមក និងជួយសម្រួលដល់ដំណោះស្រាយប្រកបដោយសន្តិវិធី និងយូរអង្វែង នៃជម្លោះ ព្រំដែន ដើម្បីស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ តាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ។ កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយរាល់ជម្លោះព្រំដែនជាមួយភាគីថៃ ក៏ដូចជាជាមួយប្រទេស ជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍ខ្លួនថា បន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយប្រើប្រាស់កម្លាំងនោះឡើយ៕

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរាជរដ្ឋាភិបាលចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋក្នុងខណ្ឌមានជ័យ

2026/07/04 08:12:12 pm        362
ប្រជាពលរដ្ឋជាង១ពាន់នាក់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ទទួលបានការពិនិត្យ និងព្យាបាលជម្ងឺឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាល ។ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌមានជ័យ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកចុះពិនិត្យ និងព្យាបាលជម្ងឺឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង១ពាន់នាក់ មកពីសង្កាត់ចំនួន០២ គឺសង្កាត់បឹងទំពន់ទី១ និងសង្កាត់បឹងទំពន់ទី២ នៃរដ្ឋបាលខណ្ឌមានជ័យ ។ ពិធីនេះ ធ្វើឡើងក៏ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌមានជ័យ និងអស់លោកលោកស្រីសមាជិសមាជិកាក្រុមការងារថ្នាក់ជាតិជាច្រើនរូបទៀតផងដែរ ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌមានជ័យ បានឲ្យដឹងថា ៖ កិច្ចការងារគិតគូរជាសុខមាលភាពរបស់ពលរដ្ឋនេះ គឺជាការងារអាទិភាពសំខាន់ណាស់របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា គិតចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិកន្លងទៅ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន និងមកដល់រដ្ឋាភិបាលអាណត្តិទី៧នេះ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺបានទុកវិស័យ០២ជាអាទិភាពគោលចម្បង គឺវិស័យអប់រំ និងសុខាភិបាល ។ ពលរដ្ឋ ក៏សម្តែងការថ្លែងអំណរគុណ ចំពោះប្រមុខរដ្ឋាភិបាល ដែលតែងតែនៅគៀកគិត និងគិតគូរពីសុខភាពរបស់ប្រជាជនគ្រប់ៗរូប ពិសេសតាមរយៈការពិនិត្យ និងព្យាបាលជម្ងឺឥតគិតថ្លៃនេះ ក៏ជាផ្នែកដ៏សំខាន់ ជួយសម្រាលបន្ទុក នៃការចំណាយរបស់ពលរដ្ឋ លើសេវាថែទាំសុខភាពងដែរ ។ សូមបញ្ជាក់ថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋ នៅសង្កាត់បឹងទំពន់ទី១ និងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យនេះ រៀបចំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ស៊ុន ចាន់ថុល (តេជោកោះធំ) ដែលពិនិត្យនិងព្យាបាលជំងឺទូទៅ អបរំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ វាស់សម្ពាធឈាម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង វាស់ភ្នែក ចែកវ៉ែនតា និងព្យាបាលរបួស៕ អត្ថបទ៖ លីហេង 

គ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ បានរួមចំណែកជួយលើបញ្ហាខ្វះគ្រូបង្រៀនតាមសាលារយៈ​ពេល​ជិត​មួយឆ្នាំហើយ

2026/07/04 06:26:37 pm        626
គ្រូ​បង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី ១ ដែលបានប្រឡងជាប់ កាលពីចុងឆ្នាំ ២០២៥ បច្ចុប្បន្ន បានបំពេញការងារ រួមចំណែកជួយដល់ការបង្រៀនសិស្ស នៅតាម​សាលា​ដែល​ខ្វះ​គ្រូ​បង្រៀន​ បានរយៈពេលជិត ១ឆ្នាំហើយ​។ សាលារៀនគោលដៅទាំងនោះ មានស្ថិតនៅ​ក្នុង​ភូមិ​សាស្ត្រខេត្តតាកែវ បាត់ដំបង ព្រៃវែង ត្បូងឃ្មុំ និងខេត្តកំពង់ចាម​។វត្តមាន​គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី ១ ដែលបានប្រឡងជាប់ភ្លាម ចេញ​បង្រៀន​ភ្លាម បង្រៀនផង រៀនផងពីវិធីសាស្ត្របង្រៀន បច្ចុប្បន្ន បានបំពេញការងារ ជួយ​បង្រៀន​សិស្ស​តាម​សាលាបឋមសិក្សាខ្វះគ្រូបង្រៀន បានរយៈពេលជិត ១ឆ្នាំហើយ។ បង្រៀន​ចាប់​ផ្ដើម​តាំង​ពីការចាប់ផ្ដើមនៃបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅខែវិច្ឆិកា ឆ្នាំ ២០២៥។ជាក់ស្ដែងសម្រាប់សាលាបឋមសិក្សាត្រពាំងក្រូច ដែលស្ថិតនៅស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្ន​មាន​គ្រូប​ង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារចំនួន ១០នាក់ ជួយលើការបង្រៀនសិស្ស។ សាលា​រៀន​មួយនេះ ជួបបញ្ហាខ្វះគ្រូបង្រៀនរយៈពេលជាង ១០ឆ្នាំមកហើយ ដោយកន្លងទៅ សាលា​ត្រូវ​បង្រៀន​ផ្គួប​ថ្នាក់ សិស្សលើសចំនួនកំណត់ គ្រូត្រូវបង្រៀនពីរវេន ត្រូវស្នើសុំគ្រូមក​ពី​សាលា​ផ្សេង​ដើម្បី​ជួយ​បង្រៀន ហើយនាយក នាយករង ក៏ត្រូវបង្រៀនសិស្សដោយផ្ទាល់ផងដែរ។ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបានជួយ​លើ​ការ​ងារ​បង្រៀន​រយៈ​ពេល​ជិត​១​ឆ្នាំ​មក​នេះ ​បង្ហាញ​នូវក្ដីពេញ សប្បាយចិត្ត ពោពេញដោយក្ដីមោទនភាព ដែលខ្លួន បានរួម​ចំណែក​ចូល​រួម​លើ​ការ​ងារបណ្ដុះធនធានមនុស្សសម្រាប់សង្គមជាតិកម្ពុជា។ ពួកគេបំពេញការងារ ចេញ​ពី​បេះដូ​ង ​ដោយមានគោលបំណងរួមសំខាន់មួយគឺ កសាងធនធានមនុស្សដែលមានសមត្ថភាព មាន​ចំណេះដឹង សម្រាប់ការរីកចម្រើនរបស់ជាតិ។លោកគ្រូ បៀន ហុល នាយកសាលាបឋមសិក្សា ត្រពាំងក្រូច បានលើកឡើងដែរថា វត្តមានគ្រូបង្រៀន​ផ្អែក​លើកិច្ចព្រមព្រៀងការងារទាំង ១០រូប ពិតជាបានរួមចំណែកជួយសម្រួល​ដល់​ដំណើរ​ការ​សិក្សា​នៅសាលារបស់លោក។ គ្រូបង្រៀនមិនចាំបាច់បង្រៀនពីរវេនដូចមុន សិស្ស​មួយ​ថ្នាក់​ក៏មានចំនួនដល់ ៦០ទៅ ៧០នាក់ដូចមុន ហើយសាលា​ក៏​មិន​បាន​ស្នើ​សុំ​គ្រូ​មក​ពី​សាលា​រៀន​ដទៃ​ទៀតដែរ។ ក្នុងនាម ជាគណៈគ្រប់គ្រងសាលា លោកគ្រូ ពិតជាសប្បាយចិត្ត​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាននេះ។ពាក់ព័ន្ធនឹង​បញ្ហាខ្វះគ្រូបង្រៀននេះដែរ ក្នុងឆ្នាំ ២០២៦នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានលើកឡើងនាពេលថ្មីៗនេះដែរថា នឹង​មាន​ការ​ប្រឡង​ជ្រើស​រើសគ្រូបង្រៀនជាង ៥ពាន់កន្លែង៕ អត្ថបទ៖ គឹម ហុក  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM