សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ប្រទេសកម្ពុជា និងប្រទេសចំនួន ៣ទៀតទទួលបានអត្រាពន្ធកូតាសូន្យ (TRQ) ពីអាមេរិក
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖អត្រាពន្ធគយថ្មីដែលអាមេរិកដាក់មកលើកម្ពុជា គឺអត្រា១០% មិនមែនបន្ថែម១០% លើ ១៩% នោះទេ
ក្រសួងព័ត៌មានរៀបចំសន្និសីទសារព័ត៌មានបិទបញ្ចប់បេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» រៃអង្គាសថវិកាបានជាង ២៦ម៉ឺនដុល្លារ

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ

2026/07/04 06:12:43 pm        299
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមា គម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្តយុវជនសម្ដេចតេជោ (TYDA) បានដាក់តឿនទៅដល់វេជ្ជបណ្ឌិត និងក្រុមគ្រូ​ពេទ្យ​ទាំង​អស់ ត្រូវតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ ជាមួយ​នឹង​ការ​សង្គ្រោះអ្ន​ក​ជំងឺ​ដោយ​ក្តី​មេត្តា ​និងការទំនុកចិត្ត ។ ក្នុងឱកាសអញ្ជើញបើកសន្និសីទទន្តសាស្ត្រលើកទី២ ប្រចាំឆ្នាំ២០២៦ របស់​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជនសម្ដេតេជោក្រោមប្រធានបទ “ការលើកកម្ពស់ ការអនុវត្តបច្ចេក​ទេសទន្ត​សាស្ត្រ​ឈាន​មុខ” នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ក្រុមគ្រូពេទ្យ ត្រូវ​ខិតខំអភិវឌ្ឍន៍សមត្ថភាព ស្របពេលមានការរីកចម្រើនខ្លាំង នៃបច្ចេកវិទ្យាសកលលោក ជា​ពិសេស​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយសិក្សាមានចំណេះដឹងឲ្យពិតប្រាកដ ច្បាស់​លាស់​ទាំង​ការ​ព្យាបាល ការបកស្រាយពន្យល់ទៅដល់អ្នកជំងឺ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា ក្នុងនាម​ជា​គ្រូពេទ្យ​ត្រូវ​ចាំ​ថា​រាល់​អ្នក​ជំងឺ​មករកសេវាសុខាភិបាលពីខ្លួន ដោយសារមានទុកចិត្ត ហើយគ្រូពេទ្យត្រូវ​តែ​មាន​ជំនាញ​អាច​ស្ដាប់ អាចពន្យល់ យកចិត្តទុកដាក់ និងផ្ដល់សុវត្ថិភាពដល់អ្នកជំងឺ ដែលហេតុផល​ទាំង​អស់​នេះ ជាតម្លៃដែលក្រុមគ្រូពេទ្យ និងទន្តបណ្ឌិតគ្រប់រូបត្រូវរក្សាឲ្យបាន ទោះ បីជា​បច្ចេក​វិទ្យា​មាន​រីក​ចម្រើនដល់កម្រិតណាក៏ដោយ។ជាមួយនេះ លោកជំទាវបណ្ឌិត បានចែករំលែកជាគោលគំនិត សម្រាប់ក្រុម​គ្រូពេទ្យ​ចំនួន​៥​ចំណុច​សំខាន់​ៗ គឺទី១. ត្រូវចាត់ទុកសន្និសីទនេះ សម្រាប់ជាវេទិកាសិក្សារៀនសូត្រពិតប្រាកដ គឺ​អ្នកចូលរួមត្រូវកត់ត្រាចំណុចសំខាន់ៗ ចេះសួរនាំ និងជជែកពិភាក្សា, ទី២. បន្តចែក​រំលែក​បទ​ពិសោធន៍ និងចំណេះដឹង, ទី៣. ត្រូវអភិវឌ្ឍន៍ជំនាញ ឲ្យស្របទៅនឹងបច្ចេកវិទ្យា ប៉ុន្តែកុំឲ្យ​បាត់​បង់​សីលធម៌ និងក្រមវិជ្ជាជីវៈ, ទី៤. ត្រូវតម្កល់អ្នកជំងឺនៅចំណុចកណ្ដាលនៃវិជ្ជាជីវៈ គឺព្យាបាល​ដោយ​សុវត្ថិភាព ការពន្យល់មានភាពច្បាស់លាស់ ការគោរចំពោះអ្នកជំងឺ ការតាមដានលទ្ធផល និង​ទទួលខុសត្រូវខ្ពស់ និងទី៥. TYDA បន្តថែរក្សាស្មារតីស្ម័គ្រចិត្ត និងមនុស្សធម៌របស់សមាគម ដែល​មានស្មារតីជួយគ្នា ស្មារតីបម្រើប្រជាពលរដ្ឋ និងស្មារតីមិនទុកអ្នកណាម្នាក់ឲ្យនៅឯកោ នៅ​ពេល​ជួប​ការពិបាក ។ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិ TYDA បានឲ្យដឹងថា ក្នុងរយៈពេលជិត ១៤ឆ្នាំមកនេះ សមាគម បានចុះបេសកកម្មពិនិត្យ និងព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រទូ​ទាំងប្រទេសបានចំនួន ៦៦៤លើក និងព្យាបាលជំងឺបានជាង ៦៧ម៉ឺនករណី ក្នុ​ង​នោះអ្ន​កជំងឺធ្ងន់ធ្ងរជាង១៥ ០០០នាក់ បានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ និង​ជា​មួយ​ដៃ​គូ​សហការ​នានា ដែលក្នុងនោះមានអ្នកជំងឺបេះដូងធ្ងន់ចំនួន ៨៧នាក់ ដោយរាល់ការ​ចំណាយ​ទាំង​អស់​ជា​បន្ទុករបស់សមាគម ។ ជាមួយនោះ TYDA ក៏បានចូលរួមក្នុង​ការងារ​មនុស្ស​ធម៌​សង្គ្រោះ​អ្នក​ជំងឺ​ជាមួយរាជរដ្ឋាភិបាល ក្នុងអំឡុងការរីករាលដាល នៃជំងឺកូវីដ-១៩ និងពិនិត្យ​ព្យាបាល​ពលរដ្ឋ​ភៀសសឹក ក្នុងពេលមានជម្លោះព្រំដែនជាមួយប្រទេសជិតខាង ។ គួរបញ្ជាក់ថា សន្និសីទនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់៥ ខែកក្កដា ឆ្នាំ២០២៦ ធ្វើឡើ​ង​ក្នុង​គោលបំណងចូលរួមពិគ្រោះពិភាក្សា ផ្លាស់ប្ដូរមតិយោបល់ ចែករំលែក​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​ពុទ្ធិ សំដៅស្វែងយល់ឲ្យកាន់តែច្បាស់ពីសមត្ថភាពអនុវត្តទន្តសាស្ត្រថ្មីៗ និងការរី​កច​ម្រើន​នៃ​បច្ចេក​វិទ្យា ក្នុងវិស័យសុខាភិបាល ៕ អត្ថបទ បាន សុខរិទ្ធិ

មន្ត្រី ក.ប.ប វិភាគឃើញសាច់បង្កក ៤៨គំរូ ដែលសមត្ថកិច្ចចម្រុះពិនិត្យ​ប៉ុន្មានថ្ងៃមុន មាន​កត្តា​ហានិភ័យ​ប៉ះពាល់​សុខភាព

2026/07/04 03:59:37 pm        554
ក្រោយបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន ដែលឱ្យអាជ្ញាធរ និងស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ បង្កើនការត្រួតពិនិត្យ និងបង្ក្រាបការលួចនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ជា​ពិសេស​សាច់បង្កកដែលនាំចូលពីក្រៅប្រទេស អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ច​ការ​ប្រកួត​ប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. បានបញ្ចប់ការវិភាគសំណាកសាច់បង្កកជាផ្លូវការ ហើយ​បាន​បង្ហាញលទ្ធផលថា មានសំណាកប្រមាណ ៤៨គំរូ មិនអនុលោមតាម​ស្តង់​ដារ​សុវត្ថិភាព​ម្ហូប​អាហារទេ ឬហៅថា មានកត្តាហានិភ័យប៉ះពាល់សុខភាព ។ជាក់ស្តែងរបាយការណ៍ ក.ប.ប. ដែលបានចេញកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បញ្ជាក់ថា ទី​តាំង​ស្តុក និងអាជីវកម្មពាក់ព័ន្ធចំនួនជាង ១១០ នៅទូទាំងប្រទេសដែលមន្ត្រី​ជំនាញ​បានចុះ​ត្រួត​ពិនិត្យ និងប្រមូលសំណាកសាច់បង្កកសរុប ១៦០គំរូ បញ្ជូនទៅវិភាគនៅមន្ទីរពិសោធន៍នោះ បាន​រកឃើញថា សំណាកចំនួន ៤៨គំរូ មានបញ្ហាមិនអនុលោមតាមស្តង់ដានោះទេ។ ក្នុងនោះរួមមាន៖ ១. «បាក់តេរីសរុប (Total Plate Count) គឺជាលក្ខណៈវិនិច្ឆ័យអនាម័យផលិត ២. «បាក់តេរីស្តាហ្វីឡូកូស៊ីដែលមានកូអាហ្គូឡាសវិជ្ជមាន (Coagulase-Positive Staphylococci) គឺជា លក្ខណៈវិនិច្ឆ័យសុវត្ថិភាពម្ហូបអាហារ ដោយសារ​បាក់​តេរី​ប្រភេទ​នេះ​បង្ក​ជា​ជំងឺ​ពុលអាហារ។កត្តា​ដែល​នាំឱ្យបាក់តេរីទាំងនេះមានវត្តមានច្រើនលើសពីកម្រិតអនុញ្ញាត អាចបណ្តាលមកពី មាន​វត្តមានបាក់តេរីក្នុងវត្ថុធាតុដើមតាំងពីដំបូងទី និង/ឬការ​រៀបចំ​កែ​ច្នៃ​ម្ហូប​អាហារ​ពុំ​មាន​អនាម័យ​ល្អ ​រួមមានការចម្លងពីមនុស្ស និងបរិស្ថាន និង/ឬ សីតុណ្ហភាពមិនមានស្ថេរភាពត្រឹមត្រូវ ក្នុង​ពេលផលិត និងពេលរក្សាទុកផលិតផល សម្រេច។ ចំពោះទីតាំង​សំណាក់ដែលបានវិភាគឃើញ ឬរកឃើញបញ្ហាទាំងនេះគឺមាន​មក​ពីបណ្តា​រាជ​ធានី​ខេត្ត​មួយ​ចំនួន ក្នុងនោះ រួមមាន៖សំណាកចំនួន ០៩ គំរូ គឺបានមកទីតាំងសិប្បកម្មប្រហិតសាចគោ គុយ ស្រ៊ុយ CSPB (CAMBODIA) សង្កាត់ដង្កោ រាជធានីភ្នំពេញ។សំណាកចំនួន ១៦ គំរូ បានមកពីទីតាំងឃ្លាំងស្តុកទុកលក់ចែកចាយប្រហិតគ្រប់ប្រភេទ FWI Corporation Cambodia Co. Ltd នៅសង្កាត់ស្ទឹងមានជ័យ៣។សំណាកចំនួន ២២ គំរូ គឺបានមកទីតាំងឃុំឫស្សីជ្រោយ, ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល និង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង, ខេត្តកណ្តាល។ និងមួយសំណាកទៀត បានវិភាគឃើញមកពីទីតាំង ផ្សារធំថ្មីខេត្តពោធិសាត់៕

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

2026/07/04 04:17:55 am        142
ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ចំណេះដឹង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃព័ត៌មានមិនពិត (Fake News) ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សង្គម។ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាមដែលមានសិស្សានុសិស្សប្រមាណជាង១,០០០នាក់ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្នុងយុគសម័យនៃការវិវត្តនៃបច្ចេកវិទ្យាដ៏ឆាប់រហ័សនេះ ការទទួលទានព័ត៌មានតាមរយៈបណ្តាញសង្គមមានភាពងាយស្រួល ប៉ុន្តែក៏បង្កជាហានិភ័យខ្ពស់ផងដែរ ប្រសិនបើអ្នកប្រើប្រាស់ខ្វះការប្រុងប្រយ័ត្ន។ឯកឧត្តម បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការពង្រឹងចំណេះដឹង និងអប់រំដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយដល់យុវវ័យឱ្យយល់ដឹងពីព័ត៌មានក្លែងក្លាយ គឺជារឿងចាំបាច់បំផុត ដោយឯកឧត្តមបានប្រៀបប្រដូចកិច្ចការនេះទៅនឹង «ការចាក់វ៉ាក់សាំងការពារកុំឱ្យមានគ្រោះថ្នាក់» ដល់ពួកគេ និងសង្គមជាតិទាំងមូលដោយសារតែមេរោគព័ត៌មានក្លែងក្លាយ។ឯកឧត្តម ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់ថាយុទ្ធនាការជំហានទី២នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងរបៀបការពារខ្លួនពីការបំភាន់នានាក្នុងយុគសម័យឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពប្រជាពលរដ្ឋក្នុងការទទួល និងប្រើប្រាស់ព័ត៌មានដោយស្មារតីទទួលខុសត្រូវ ។ មួយវិញទៀត កិច្ចការនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មានក្នុងការពង្រឹងសន្តិសុខព័ត៌មាន និងកសាងភាពធន់ឌីជីថលជូនដល់ពលរដ្ឋគ្រប់រូប ជាពិសេសការការពារយុវវ័យកម្ពុជាឱ្យចៀសផុតពីមហន្តរាយនៃព័ត៌មានក្លែងក្លាយ។យុទ្ធនាការជំហានទី២នេះ មិនត្រឹមតែផ្តល់នូវចំណេះដឹងជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការទប់ទល់នឹងការផ្សព្វផ្សាយបែបបំពុល បំផ្លើស និងបំភ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផុសស្មារតីដល់យុវជនជំនាន់ក្រោយ ឱ្យក្លាយទៅជា «ភ្នាក់ងារសន្តិសុខឌីជីថល» ដ៏សកម្ម ក្នុងការផ្សព្វផ្សាយបន្តនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ និងរួមចំណែកកសាងបរិយាកាសព័ត៌មានប្រកបដោយសុវត្ថិភាព និងទំនុកចិត្តនៅក្នុងសង្គមជាតិទាំងមូលផងដែរ។លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត ក៏បានដាស់តឿនដល់សិស្សានុសិស្ស សូមចូលរួមទប់ស្កាត់ និងកុំចែកចាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ឱ្យសោះ ។ ប្រសិនបើឃើញករណីមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមដែលគ្មានប្រភពច្បាស់លាស់ សូមផ្ទៀងផ្ទាត់ព័ត៌មាន ដែលមានប្រភពផ្លូវការជាមុនសិន។ ‎នាឱកាសនោះដែរ សិស្សានុសិស្សនៃវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាមបានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួង និងមន្ទីរព័ត៌មាន ក៏ដូចជាអាជ្ញាធរខេត្ត ដែលបានសហការរៀបចំយុទ្ធនាការដ៏មានសារៈសំខាន់នេះឡើង ដែលបានផ្តល់ឱកាសដល់សិស្សានុសិស្សទទួលបានចំណេះដឹងអំពីរបៀបនៃការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ ព្រមទាំងយល់ដឹងកាន់តែច្បាស់ពីវិធីសាស្ត្រក្នុងការបង្ការ ទប់ស្កាត់ និងចូលរួមប្រឆាំងនឹងព័ត៌មានមិនពិត (Fake News) នៅក្នុងយុគសម័យឌីជីថល។‎សូមបញ្ជាក់ថា ‎ចាប់ផ្តើមពីរាជភ្នំពេញ ទៅកាន់ខេត្តព្រះវិហារ តាកែវ កំពង់ស្ពឺ កំពត ពោធិ៍សាត់ កំពង់ធំ សៀមរាប កំពង់ចាម និងបន្តទៅបណ្តាខេត្តនានានៅទូទាំងប្រទេសជាបន្តបន្ទាប់ យុទ្ធនាការជំហានទី២ បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅកាន់ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល និងការបង្កើនភាពស៊ាំរបស់ស្រទាប់យុវវ័យប្រឆាំងនឹងព័ត៌មានមិនពិត។ សកម្មភាពដ៏ផុលផុសនៅតាមបណ្តាវិទ្យាល័យនាពេលនេះ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយក្រសួងព័ត៌មាន ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានសិក្សា ក្នុងការកសាងខែល «សុវត្ថិភាពព័ត៌មាន» ដ៏រឹងមាំនៅក្នុងសង្គមកម្ពុជា៕

កាកបាទក្រហមកម្ពុជា បណ្តុះបណ្តាលយុវជន ជាង១០០នាក់ លើច្បាប់មនុស្សធម៌ និងការកសាងសន្តិភាព ​

2026/07/04 04:12:37 am        143
រាជធានីភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ការលើកកម្ពស់តម្លៃមនុស្សធម៌ និងការកសាងសន្តិភាពរបស់យុវជនកាកបាទក្រហមកម្ពុជា» នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីយុវជនស្ម័គ្រចិត្តចំនួន ១១៩នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៥ ក្នុងរាជធានីភ្នំពេញ។​ថ្លែងក្នុងឱកាសបើកសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ នៃកាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់អំពីគោលបំណងចម្បងនៃកម្មវិធីនេះថា ជាការអនុវត្តជាក់ស្តែងស្របតាមសេចក្តីថ្លែងការណ៍យុវជន ក្នុងវេទិកាយុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ កាលពីឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «សិក្ខាសាលានេះមិនត្រឹមតែបណ្តុះបណ្តាលចំណេះដឹងផ្នែកច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសមត្ថភាពយុវជនលើការកសាងសន្តិភាព ការសន្ទនាអន្តរវប្បធម៌ និងការរស់នៅជាមួយគ្នាយ៉ាងសុខដុមរមនាក្នុងសង្គម»។​ឯកឧត្តម យូ ឡាណា ក៏បានបកស្រាយយ៉ាងស៊ីជម្រៅអំពីអត្ថន័យនៃ «សន្តិភាព» ជូនដល់យុវជនថា សន្តិភាពមានន័យទូលំទូលាយ៖ ក្នុងបរិបទចលនាអន្តរជាតិកាកបាទក្រហម វាមិនមែនគ្រាន់តែជាការអវត្តមាននៃសង្គ្រាមនោះទេ ប៉ុន្តែជាដំណើរការសហប្រតិបត្តិការដែលផ្អែកលើការគោរពសិទ្ធិមនុស្ស សច្ចធម៌ និងសមធម៌។ ចំពោះទស្សនៈរដ្ឋបាល-នយោបាយ គឺការបែងចែករវាង «សន្តិភាពអវិជ្ជមាន» (ការគ្មានសង្គ្រាម) និង «សន្តិភាពវិជ្ជមាន» (យុត្តិធម៌សង្គម និងការអភិវឌ្ឍចីរភាព)។ លើសពីនេះ ឯកឧត្តមបានលើកទឹកចិត្តដល់យុវជនឱ្យស្វែងរក «សន្តិភាពផ្លូវចិត្ត» ដែលផ្តើមចេញពីចិត្តស្ងប់ និងការអនុវត្តគោលការណ៍អហិង្សា។​ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការរងទី២ ក៏បានរំលឹកពីមេរៀនប្រវត្តិសាស្ត្រដ៏ឈឺចាប់នៃសង្គ្រាមនៅកម្ពុជា ដែលបង្កការខូចខាតធនធានមនុស្សយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែបច្ចុប្បន្នក្រោមម្លប់សន្តិភាពនៃ «នយោបាយឈ្នះ-ឈ្នះ» កម្ពុជាបានសម្រេចសមិទ្ធផលយ៉ាងត្រចះត្រចង់ ទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។​កម្មវិធីរយៈពេលកន្លះថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីបំប្លែង «ការប្តេជ្ញាចិត្ត» ទៅជា «សកម្មភាពជាក់ស្តែង» ដែលក្នុងនោះយុវជនបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាព៖ ការស្វែងយល់ពីច្បាប់មនុស្សធម៌៖ ការស្តាប់បទបង្ហាញស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ (IHL) និងគោលការណ៍គ្រឹះទាំង ៧។ ការសម្តែងតួដោះស្រាយជម្លោះ៖ ការបែងចែកក្រុមដើម្បីដោះស្រាយស្ថានភាពជាក់ស្តែង ដូចជាវិវាទប្រដាប់អាវុធ, ការសង្គ្រោះទឹកជំនន់, ការដោះស្រាយជម្លោះពាក្យសម្តីក្នុងសហគមន៍ និងការសហការរវាងយុវជនក្នុងតំបន់។កិច្ចពិភាក្សាជាមួយវាគ្មិន៖ ការផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកឆ្លងកាត់សង្គ្រាម ដើម្បីស្វែងយល់ពីផលប៉ះពាល់ និងវិធីសាស្ត្រកសាងសន្តិភាពប្រកបដោយចីរភាព។​នៅចុងបញ្ចប់នៃកម្មវិធី យុវជនម្នាក់ៗបានសរសេរការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ហើយនាំគ្នាទៅបិទនៅលើ «ជញ្ជាំងសន្តិភាព» ដើម្បីបង្ហាញពីឆន្ទៈក្នុងការនាំយកចំណេះដឹងនេះទៅផ្សព្វផ្សាយបន្ត និងចូលរួមសកម្មភាពមនុស្សធម៌ក្នុងសហគមន៍សម្រាប់ឆ្នាំ២០២៦ និងពេលអនាគត។ សកម្មភាពនេះ គឺជាយន្តការមួយជួយឱ្យយុវជនកម្ពុជាបំពេញកាតព្វកិច្ចក្នុងតំបន់ ដើម្បីរួមគ្នាកសាងសហគមន៍មួយដែលមានភាពធន់ និរន្តរភាព និងសន្តិភាពពេញលេញ៕ 3/7/26​អត្ថបទ៖ សំ ងីម

រាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ជំរុញបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្លើយតបការរស់នៅ ប្រជាពលរដ្ឋ

2026/07/04 01:53:08 am        59
រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារ ថែទាំប្រចាំផ្លូវ និងការងារថែទាំខួបផ្លូវចំនួន២គម្រោង ស្ថិតនៅខេត្តកំពង់ស្ពឺ ដើម្បីជាឧត្តមប្រយោជន៍ នៃការប្រើប្រាស់យូរអង្វែង ជូន ប្រជាពលរដ្ឋនៅមូលដ្ឋាន។ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំប្រចាំផ្លូវ និងការងារថែទាំខួបផ្លូវចំនួន២ គម្រោង ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២ ខែកក្តដា ឆ្នាំ២០២៦នេះ, ឯកឧត្តមបានលើកឡើងពីគុណបំណាច់ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា, សម្តេចបានជំរុញអភិវឌ្ឍ សម្រេចនូវសមិទ្ធផលជាច្រើន។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ បានកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជន មានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិត តាមប្រក្រតីភាព ហើយក៏ជាមូលដ្ឋានដ៏សំខាន់សម្រាប់រាជរដ្ឋា- ភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម បន្តថា ជុំវិញការងារផ្លូវជនបទនេះដែរ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញបង្កើតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទ ឱ្យឆ្លើយតបទៅនិងការរស់នៅរបស់ប្រជាពលរដ្ឋ និងបានកំពុងជំរុញអភិវឌ្ឍជាបន្តបន្ទាប់ បង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យប្រទាក់ក្រឡា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទ មានផ្លូវល្អធ្វើដំណើរ។ ជាក់ស្តែងការងារថែទាំផ្លូវ ខាងលើទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រារដ្ឋាភិបាល ជំរុញបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា។ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានកោតសរសើរនិងបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ លើការងារថែទាំប្រចាំផ្លូវ និងការងារថែទាំខួបផ្លូវចំនួន២គម្រោងខាងលើ។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋ ដោយបានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងនោះក្រៅពីការស្ថាបនាផ្លូវ និងស្ពាន នៅជនបទ គឺគណៈកម្មការអន្តរក្រសួងបានបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់សេវាសង្គមនានាដូចជា៖ សេវាអប់រំ, សេវាសុខាភិបាល, ទូរគមនាគមន៍, ការពង្រីក វិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ ជនបទជាដើម ដើម្បីបន្តជំរុញលើកកម្ពស់លើបញ្ហាសុខភាព និង ជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខដុមរមនានៅក្នុងសង្គម ក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០”។អត្ថបទ៖ សុន រ៉ាឌី

ថ្នាក់ដឹកនាំក្រសួងចុះពិនិត្យការងារបច្ចេកទេសនៃការសាងសង់ ស្តារ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់លើកំណាត់ផ្លូវជាតិ និងផ្លូវខេត្តមួយចំនួនតាមបណ្តាខេត្ត

2026/07/03 11:20:38 pm        119
កាលពីថ្ងៃទី១-២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ កោះកុង កំពត កែប តាកែវ និងខេត្តកណ្ដាល ព្រមទាំងក្រុមការងារបច្ចេកទេសពាក់ព័ន្ធ បានចុះពិនិត្យការងារបច្ចេកទេសនៃការអនុវត្តការងារសាងសង់ ស្តារ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់លើកំណាត់ផ្លូវសំខាន់ៗ រួមមាន ផ្លូវខេត្តលេខ១៤៤០ ផ្លូវជាតិលេខ៤៨-៥ ផ្លូវជាតិលេខ៣ ផ្លូវខេត្តលេខ១៣៤C ផ្លូវជាតិលេខ៣៣A ផ្លូវខេត្តលេខ១៣៣៣ ផ្លូវជាតិលេខ២ និងផ្លូវខេត្តលេខ១១០។គោលបំណងនៃបេសកកម្មនេះដើម្បីពិនិត្យ វាយតម្លៃពីស្ថានភាពកំណាត់ផ្លូវ ការអនុវត្តការងារបច្ចេកទេសគម្រោង ពិនិត្យពីបញ្ហាប្រឈមការងារបច្ចេកទេសពាក់ព័ន្ធនៅតាមការដ្ឋានដែលកំពុងអនុវត្តការងារសាងសង់ ស្តារ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង៦ខេត្តខាងលើ។នាឱកាសនោះ ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសក៏បានពិនិត្យទីតាំងពិសោធន៍បឋមរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង៦ខេត្តផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រៀបចំទីតាំង និងក្រុមការងារពិសោធន៍បច្ចេកទេសរបស់សាមីអង្គភាពនីមួយៗ ដើម្បីអនុវត្តការពិសោធន៍បឋម និងផ្ទៀងផ្ទាត់គុណភាពសម្ភារៈសំណង់ និងធ្វើការពិសោធន៍នៅការដ្ឋានតាមស្រទាប់គ្រឹះ រួមទាំងប្រភេទការងារនីមួយៗ ឱ្យបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេស មុននឹងធ្វើការពិសោធន៍ជាផ្លូវការដោយមន្ទីរពិសោធន៍សំណង់ និងសាធារណការ ដូចមានចែងក្នុងលក្ខខណ្ឌកិច្ចសន្យាគម្រោង។ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធឱ្យបន្តពង្រឹងការគ្រប់គ្រងគុណភាពសំណង់ អនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងឯកសារគម្រោង សំដៅពង្រឹងការត្រួតពិនិត្យគុណភាពសម្ភារៈ និងដំណើរការអនុវត្តការងារសាងសង់ និងបង្កើនការសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសឱ្យបានទាន់ពេលវេលាតាមការគ្រោងទុក៕

ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ

2026/07/03 11:14:57 pm        134
(បន្ទាយមានជ័យ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» នៅបរិវេណសាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និងយុវជនជិត ៦០០នាក់ ដើម្បីពង្រីកឱកាសការងារ និងលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ថ្លែងក្នុងឱកាសនេះ ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យចាប់យកឱកាសការងារក្នុងស្រុក ដែលបច្ចុប្បន្នមានជាង ៩ម៉ឺនកន្លែង ពីបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ និងតំបន់សេដ្ឋកិច្ចពិសេស។ ឯកឧត្តមបានបញ្ជាក់ថា ការចូលបម្រើការងារស្របច្បាប់ក្នុងស្រុក នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនតាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលរួមមាន របបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍ ជាមួយនឹងការគាំពារប្រហាក់ប្រហែលនឹងមន្ត្រីរាជការផងដែរ។ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋអំពីហានិភ័យនៃការធ្វើចំណាកស្រុកខុសច្បាប់ ដែលអាចប្រឈមនឹងការកេងប្រវ័ញ្ច និងខ្វះការការពារតាមផ្លូវច្បាប់។ ឯកឧត្តមបានគូសបញ្ជាក់ថា ការបម្រើការងារក្នុងស្រុក មិនត្រឹមតែធានាបាននូវប្រាក់ចំណូលមានស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរស់នៅជួបជុំ និងថែទាំក្រុមគ្រួសារបានផងដែរ។ ដោយឡែក ក្នុងករណីដែលមានបំណងទៅបម្រើការងារនៅក្រៅប្រទេស ប្រជាពលរដ្ឋត្រូវជ្រើសរើសក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ និងត្រូវផ្ទៀងផ្ទាត់ព័ត៌មានជាមួយអាជ្ញាធរពាក់ព័ន្ធ ឬទាក់ទងលេខទូរស័ព្ទជំនួយរហ័ស Hotline ១២៩៧ សម្រាប់សេវាផ្គូផ្គងការងារ និងលេខ ១២៨៦ សម្រាប់សេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់យុវជនឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ តាមរយៈកម្មវិធី «TVET ១,៥ លាន» ដែលជាកម្មវិធីបណ្តុះបណ្តាលជាតិដោយឥតគិតថ្លៃ និងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ។ កម្មវិធីនេះផ្តល់ជូននូវជំនាញជាច្រើន រួមមាន កសិកម្ម ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ជួសជុលម៉ាស៊ីនត្រជាក់ អគ្គិសនី សំណង់ សេវាកម្មកាហ្វេ សាឡន សម្អាងការ និងជំនាញផ្សេងៗទៀត ព្រមទាំងការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីបង្កើនឱកាសទទួលបានការងារនិងប្រាក់ឈ្នួលសមរម្យ។សូមបញ្ជាក់ថា វេទិកាការងារនេះ មានការចូលរួមសហការពីក្រុមហ៊ុន សហគ្រាសធំៗ ដែលបាននាំយកឱកាសការងារចំនួន ៣ ៥០០កន្លែង មកផ្តល់ជូនប្រជាពលរដ្ឋ រួមមាន ក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ និងក្រុមហ៊ុន ថាកូ អាហ្រ្គី ៕

ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបប្រធានសមាគមវេទិកាកូរ៉េ-អាស៊ាន ពិភាក្សាពីការវិនិយោគបន្ថែមនៅកម្ពុជា

2026/07/03 10:57:24 pm        163
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួប និងពិភាក្សាការងារជាមួយ Dr. PARK Sang Won ប្រធានសមាគមវេទិកាកូរ៉េ-អាស៊ាន (Korea-ASEAN Forum Association-KAFA) នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ដើម្បីពិភាក្សាពីគម្រោងវិនិយោគបន្ថែម របស់អ្នកវិនិយោគកូរ៉េ មានការបង្កើតមន្ទីរពេទ្យជាដើម នៅរាជធានីភ្នំពេញ ។ ក្នុងជំនួបកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ Dr. PARK បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីបេសកកម្មរបស់សមាគម ក្នុងការកសាងបណ្តាញទំនាក់ទំនងរវាងធុរជន និងអ្នកជំនាញរបស់ប្រទេសកូរ៉េ និងបណ្តាប្រទេសអាស៊ាន តាមរយៈកិច្ចសហការលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាដើម ។ ជាមួយនេះ Dr. PARK បានបង្ហាញមនោសញ្ចេតនាល្អ ជាមួយប្រទេសកម្ពុជា និងបានអនុវត្តគម្រោងជាច្រើននៅប្រទេសកម្ពុជារួមមាន ការរៀបចំសិក្ខាសាលាធុរកិច្ច ការបញ្ជូនអ្នកស្ម័គ្រចិត្តផ្នែកវេជ្ជសាស្ត្រ គម្រោងអភិវឌ្ឍវិស័យអប់រំជាដើម និងលើសពីនេះ ខាងសមាគមក៏កំពុងសិក្សាពីគម្រោងសាងសង់មន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញផងដែរ ។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះ Dr. PARK ដែលបានផ្តល់កិច្ចសហការល្អជាមួយភាគីកម្ពុជា ក្នុងការសម្រេចនូវសមិទ្ធផលនានា នៅក្នុងប្រទេសកម្ពុជា ហើយសង្ឃឹមថា សមាគមវេទិកាកូរ៉េ-អាស៊ាន នឹងបន្តជួយជំរុញបន្ថែមដល់ការពង្រឹងចំណងទំនាក់ទំនងទ្វេភាគីលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយនឹងការបន្តជួយកៀរគរពាណិជ្ជករ និងអាជីវករកូរ៉េ ឱ្យទៅវិនិយោគ និងធ្វើអាជីវកម្មកាន់តែច្រើន នៅប្រទេសកម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ

មន្រី្តជាន់ខ្ពស់សុខាភិបាល៖«ការដោះស្រាយបញ្ហាសុខភាពរបស់អ្នកជំងឺទាមទារ ឱ្យអ្នកជំនាញមានការរួមគ្នា»

2026/07/03 10:54:28 pm        253
ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល បានលើកឡើងថា ការដោះស្រាយបញ្ហាសុខភាពរបស់អ្នកជំងឺទាមទារ ឱ្យអ្នកជំនាញមានការរួមគ្នា ឯកភាពគ្នាគ្រប់ពេលវេលា ទើបការអនុវត្តទទួលបានផ្លែផ្កា។ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ​ គង់ សន្យា យ៉ាងដូច្នេះក្នុងពិធីបើក “ទិវាវេជ្ជសាស្ដ្រ-សល្យសាស្ដ្រ និងវិទ្យាសាស្ត្រថែទាំលើកទី ២៨” របស់មន្ទីរពេទ្យកាល់ម៉ែត ក្រោមប្រធានបទ “បុរេសកម្ម សមភាព ប្រសិទ្ធភាព និងនវានុវត្តន៍ក្នុងការបម្រើសេវាសុខាភិបាល”​ រៀបចំឡើងដោយគណៈកម្មការទិវាវេជ្ជសាស្រ្ត-សល្យសាស្រ្ត មន្ទីរពេទ្យប្រចាំឆ្នាំ២០២៦, នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្តថា ប្រធានបទ ដែលបានលើកឡើងសម្រាប់ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យឃើញពីការបន្តខិតខំអភិវឌ្ឍន៍ នវានុវត្តន៍សេវាសុខាភិបាល របស់អង្គភាពសុខាភិបាលសាធារណៈ ជាពិសេសមន្ទីរពេទ្យកាល់ម៉ែត។ គោលដៅនេះ អាចសម្រេចបានតាមរយៈការចូលរួមពីគ្រប់តួអង្គសេវាសុខាភិបាល ផ្សាភ្ជាប់នឹងតួនាទី និងភារកិច្ចរបស់យើងម្នាក់ៗតាមជំនាញរៀងៗខ្លួន។ ការត្រៀមលក្ខណៈគិតគូរហ្មត់ចត់ទុកជាមុន លើការបម្រើសេវាសុខាភិបាល នឹងនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវសេវាប្រកបដោយសមភាព និងសមធម៌ ប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ ជាពិសេសការជម្រុញគំហើញបច្ចេកទេសវេជ្ជសាស្ត្រតាមឯកទេសថ្មីៗ សេវាអមគ្លីនិក បច្ចេកទេសថែទាំអ្នកជំងឺឱ្យបានកាន់តែល្អប្រសើរឡើងឈានទៅកម្រិតខ្ពស់មួយទៀត។ យើងទាំងអស់គ្នាត្រូវបន្តដើរឆ្ពោះទៅមុខឥតឈប់ឈរ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនដែលជាអ្នកទទួលសេវាដោយគោរពគោលការណ៍ សមភាព និងសមធម៌។ឯកឧត្តមសាស្រ្តាចារ្យ​ គង់ សន្យា បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍សេវាព្យាបាល និងថែទាំ អាចធ្វើទៅបានពឹងផ្អែកលើកត្តាច្រើនរួមមានការបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបន្ថែមឧបករណ៍ សម្ភារៈទំនើបៗ និងការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ។ ទោះជាយ៉ាងណា ក្នុងនាមយើងជាអ្នកជំនាញរបស់វិស័យសុខាភិបាល ក្តីសង្ឃឹមថ្មីត្រូវបន្តជានិច្ច តាមរយៈការចាប់ផ្តើមអនុវត្ត ដោយផ្អែកលើឱកាស និងកាលៈទេសៈសមស្រប ហើយលទ្ធផលដែលកើតចេញពីការខិតខំរបស់យើង នឹងអាចបម្រើជូនអ្នកជំងឺ និងក្រុមគ្រួសារ ដែលជួយលើកតម្កើងកេរ្តិ៍ឈ្មោះ កិត្តិយសរបស់យើងទាំងអស់គ្នាឱ្យកាន់តែល្បីល្បាញបន្ថែមទៀត។ ភាពជោគជ័យរបស់បុគ្គលម្នាក់ គឺជាភាពជោគជ័យរបស់យើងទាំងអស់គ្នា ពីព្រោះថាផ្នែកវេជ្ជសាស្ត្រ ជានិមិត្តរូបនៃការចែករំលែកបទពិសោធន៍ និងកិច្ចសហការពីគ្រប់អ្នកជំនាញ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ​ គង់ សន្យា សូមបំផុសស្មារតីឱ្យបងប្អូនទាំងអស់មានការចូលរួមជជែកពិភាក្សាគ្នាឱ្យបានស៊ីជម្រៅ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកលើដំណើរជឿនលឿនគ្រប់ប្រធានបទទាំងផ្នែកវេជ្ជសាស្ត្រ- សល្យសាស្ត្រ និងផ្នែកការងារថែទាំ ដើម្បីជាចំណេះដឹង និងសម្រាប់ជាគុណប្រយោជន៍ដ៏ប្រសើរជូនអ្នកជំងឺ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តកំណត់យកមនុស្សជាអាទិភាព និងបន្តជំរុញការកសាងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព និងចីរភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»៕  អត្ថបទ រដ្ឋា     

រដ្ឋមន្រ្តីសុខាភិបាល៖«ការលើកកម្ពស់អាហារូបត្ថម្ភអ្នកជំងឺ ក្នុងស្តង់ដាមន្ទីរពេទ្យ គឺជាផ្នែកមួយនាំឱ្យការព្យាបាលកាន់តែមានប្រសិទ្ធភាពខ្ពស់»

2026/07/03 10:50:16 pm        149
នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការអភិវឌ្ឍគោលការណ៍ណែនាំស្តង់ដាសម្រាប់អាហារូបត្ថម្ភអ្នកជំងឺក្នុងមន្ទីរពេទ្យ។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាពនៃសេវាថែទាំសុខភាពនៅកម្ពុជា។ អាហារូបត្ថម្ភនៅក្នុងមន្ទីរពេទ្យ ត្រូវបានបន្តយកចិត្តទុកដាក់ខ្ពស់ ដើម្បីកាត់បន្ថយការវិវត្តទៅជាផលវិបាកផ្សេងៗ ដូចជាការឆ្លងមេរោគក្នុងមន្ទីរពេទ្យ រយៈពេលសម្រាកព្យាបាលយូរ អត្រាចូលសម្រាកព្យាបាលសារជាថ្មី និងការបង្កើនបន្ទុកចំណាយលើការព្យាបាលទាំងអ្នកជំងឺ និងប្រព័ន្ធសុខាភិបាលទាំងមូល។ ដូចនេះ អាហារូបត្ថម្ភអ្នកជំងឺក្នុងមន្ទីរពេទ្យ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ គឺជាជំហានដ៏ចាំបាច់មួយ ដែលធានាបានការកាត់បន្ថយ ការសម្រាកព្យាបាលយូរ អត្រាចូលសម្រាកព្យាបាលសារជាថ្មី និងការបង្កើនបន្ទុកចំណាយលើការព្យាបាលទាំងអ្នកជំងឺ និងប្រព័ន្ធសុខាភិបាលទាំងមូល ដើម្បីធ្វើស្តង់ដាសម្រាប់ថែទាំអាហារូបត្ថម្ភដល់អ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាព។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចឡើងថា «អាហារូបត្ថម្ភមានសារៈសំខាន់ ហើយការកង្វះអាហារូបត្ថម្ភរាប់បញ្ចូលទាំង លើស ខ្វះ របបអាហារមិនត្រឹមត្រូវ និងខុសកាលវេលា ដែលរាប់បញ្ចូលថាជាកង្វះអាហារូបត្ថម្ភ។ ដូចនេះ ការលើកកម្ពស់អាហារូបត្ថម្ភអ្នកជំងឺ ក្នុងស្តង់ដាមន្ទីរពេទ្យ គឺជាការធានាឱ្យអ្នកជំងឺគ្រប់រូបទទួលបានអាហារូបត្ថម្ភ ដែលជាផ្នែកមួយនាំឱ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់ ដែលជាជំហានដ៏សំខាន់នាំឱ្យមានកាត់បន្ថយបញ្ហាសុខភាពប្រជាពលរដ្ឋ។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ៖ ១) ការផ្តល់អាហារូបត្ថម្ភ គឺជាការព្យាបាល ដែលនាំឱ្យមានការកាត់បន្ថយការសម្រាកពេទ្យ និងជួយសង្រ្គោះ។ ២) អាហារូបត្ថម្ភ ដើរតួនាទីសំខាន់ នៃការព្យាបាល ៣) គាំទ្រក្នុងការរៀបចំឱ្យមាននិយមជាតិមួយ ដើម្បីទទួលបានអាហារូបត្ថម្ភ ហើយកាត់បន្ថយការចំណយលើការព្យាបាល ធ្វើឱ្យបង្កើនប្រសិទ្ធភាពនៃការព្យាបាល ៤) អាហារូបត្ថម្ភ ត្រូវឱ្យមានចូលរួមគ្រប់ជំនាញ និងអ្នកពាក់ព័ន្ធ ទើបទទួលបានអាហារមួយត្រឹមត្រូវ និងមានគុណភាព។ ៥) អាហារូបត្ថម្ភ ត្រូវចាប់ផ្តើមពីចូលរហូតដល់ចេញពីមន្ទីរពេទ្យ។ ដូចនេះ «អាហារូបត្ថម្ភ គឺជាកិច្ចការមួយដែលផ្តោតសំខាន់ពីស្នូលអ្នកជំងឺ ដែលត្រូវមានសិទ្ធទទួលបានអាហារមួយដែលត្រឹមត្រូវ។ អាហារូបត្ថម្ភ គឺជាការខិតខំ គិតគូរបន្ថែមនិងជាថ្មី កែទម្រង់ថ្មី ដើម្បីលើកកម្ពស់គុណភាពឱ្យបានត្រឹមត្រូវ។ អាហារូបត្ថម្ភត្រឹមត្រូវ គឺជាការផ្តល់នូវកម្លាំង ផ្តល់ក្តីសង្ឃឺមដល់អ្នកជំងឺ និងក្តីសង្ឃឹមដល់មន្រ្តីសុខាភិបាលផង ដើម្បីសង្គមដែលមានសុខភាពល្អ។មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍គន្លឹះ ដល់ក្រុមការងាររៀបចំផែនទីបង្ហាញផ្លូវនេះ ជាទុនសម្រាប់ធ្វើការពិភាក្សា ដូចខាងក្រោម៖១) ការដាក់ឱ្យប្រើប្រាស់នីតិវិធីស្ដង់ដា (SOP) សម្រាប់ការពិនិត្យ និងវាយតម្លៃអាហារូបត្ថម្ភ ដោយកំណត់ឱ្យមានការពិនិត្យហានិភ័យនៃកង្វះអាហារូបត្ថម្ភ លើអ្នកជំងឺទាំងអស់ភ្លាមៗនៅពេលចូលសម្រាកពេទ្យ ដោយប្រើឧបករណ៍ពិនិត្យដែលទទួលស្គាល់ជាអន្តរជាតិ។២) ការពង្រឹងក្រុមការងារពហុជំនាញ ដោយបង្កើតក្រុមការងារដែលរួមមាន៖ គ្រូពេទ្យជំនាញ គិលានុបដ្ឋាក ឯកទេសអាហារូបត្ថម្ភ និងអ្នកបច្ចេកទេសចំណីអាហារ ក្នុងការវាយតម្លៃ និងរៀបចំផ្តល់អាហារតាមតម្រូវការជាក់ស្តែងរបស់អ្នកជំងឺ។៣) ការធ្វើទំនើបកម្មសេវាផ្ដល់អាហារក្នុងមន្ទីរពេទ្យ ដោយត្រូវកែលម្អគុណភាព និងអនាម័យនៃសេវាអាហារ ដោយធានាថាអាហារដែលផ្តល់ជូនមានតម្លៃ ថាមពល និងសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមស្ថានភាពជំងឺ។៤) ការអប់រំ និងការពង្រឹងសមត្ថភាពបុគ្គលិក ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលជាបន្តបន្ទាប់ស្តីពី អាហារូបត្ថម្ភព្យាបាល សម្រាប់គ្រូពេទ្យ និងគិលានុបដ្ឋាក ដើម្បីឱ្យមានការយល់ដឹងស៊ីជម្រៅអំពីផលវិបាកនៃកង្វះអាហារូបត្ថម្ភ និងវិធីសាស្ត្រដោះស្រាយ។៥) ការប្រើប្រាស់បច្ចេកវិទ្យា និងការគ្រប់គ្រងទិន្នន័យ ត្រូវដាក់បញ្ចូលការវាយតម្លៃអាហារូបត្ថម្ភទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យាមន្ទីរពេទ្យ (HIS) ដើម្បីឱ្យគ្រូពេទ្យអាចតាមដានទិន្នន័យអ្នកជំងឺបានគ្រប់ពេលវេលា។សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លឹម តារារិទ្ធ ទីប្រឹក្សាសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជា US-ASEAN Business Council លោកវេជ្ជបណ្ឌិត Jose Rodolfo V. Dimaano Jr. ប្រធានផ្នែកវេជ្ជសាស្រ្តប្រចាំអាស៊ីប៉ាស៊ីហ្វិច រួមជាមួយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ គ្រូ និស្សិត សរុបចំនួន ២០០នាក់៕អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM