សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ប្រទេសកម្ពុជា និងប្រទេសចំនួន ៣ទៀតទទួលបានអត្រាពន្ធកូតាសូន្យ (TRQ) ពីអាមេរិក
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖អត្រាពន្ធគយថ្មីដែលអាមេរិកដាក់មកលើកម្ពុជា គឺអត្រា១០% មិនមែនបន្ថែម១០% លើ ១៩% នោះទេ
ក្រសួងព័ត៌មានរៀបចំសន្និសីទសារព័ត៌មានបិទបញ្ចប់បេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» រៃអង្គាសថវិកាបានជាង ២៦ម៉ឺនដុល្លារ

ព័ត៌មានជាតិ

ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

2026/07/03 10:41:53 pm        310
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងនិវត្តន៍មកដល់មាតុភូមិវិញហើយបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។យាង និងអញ្ជើញទទួលព្រះរាជដំណើរមកដល់របស់ព្រះអង្គទាំងទ្វេ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានវត្តមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំង សមាជិកសមាជិកាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីអ្នកមុខអ្នកការ និងព្រះរាជវង្សានុវង្សជាច្រើនរូបទៀត និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមន្ត្រីស្ថានទូត ក៏មានវត្តមានក្នុងឱកាសនោះផងដែរ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង បានឱ្យដឹងថា ក្រោយពីបានទទួលការព្យាបាលព្រះរោគដោយការវះកាត់ និងក្រោមការពិនិត្យតាមដានថែទាំយ៉ាង ម៉ត់ចត់ និងយកចិត្តទុកដាក់ជាទីបំផុត នៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំង ពីថ្នាក់ដឹកនាំ លោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋ ប្រជាមានិតចិន អស់រយៈពេលជាងបីខែកន្លងមកនេះ ព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្តើរៗ ។ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យនឹងយាងនិវត្តន៍ មកកាន់មាតុប្រទេសវិញនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ។យោងលើវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យប៉េកាំង បានទូលព្រះបរមរាជានុញ្ញាតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រោសព្រះរាជទានក្រុមគ្រូពេទ្យពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាពជាបន្តទៀត នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។ក្នុងឱកាសនោះព្រះអង្គទាំងទ្វេ ក៏បានថ្លែងអំណរព្រះគុណ និងអរគុណ ថ្វាយ ប្រគេនសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្តេចថ្នាក់ដឹកនាំកំពូលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមក និងពេលបច្ចុប្បន្នបានថ្វាយព្រះសព្ទសាធុការពរ និងបួងសួងគុណព្រះរតនត្រ័យ សូមឱ្យព្រះអង្គទាំងទ្វេ បានឆាប់ជាសះស្បើយពីព្រះរោគាពាធ សូមព្រះប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់នៅក្នុងភាពសុខ ក្សេមក្សាន្ត ជាដរាបតរៀងរហូតទៅ៕

កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ៨០០គ្រួសារ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

2026/07/03 10:34:31 pm        114
(ត្បូងឃ្មុំ)៖ តបតាមសំណើរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ជាក់ស្តែងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចចាត់ឱ្យ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា រួមដំណើរដោយ ឯកឧត្តម កែវ វណ្ណៈ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ព្រមទាំងក្រុមការងារមកពីទីស្នាក់ការកណ្តាល ក្រុមការងារសាខា អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្ត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៨០០គ្រួសារ មកពីភូមិចំនួន៨ ក្នុងឃុំឈូក នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ពិធីចែកអំណោយនេះត្រូវបានប្រារព្ធឡើងនៅបរិវេណវត្តឧប្បលវតី ភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។មានប្រសាសន៍ក្នុងឱកាសនោះ លោក សយ ទូច អភិបាលស្រុក និងជាប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រូចឆ្មារ បានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅ និងបានឱ្យដឹងថា ប្រជាពលរដ្ឋទាំង ៨០០គ្រួសារ ដែលមកទទួលអំណោយនាពេលនេះ គឺមកពីភូមិចំនួន៨ រួមមាន៖ ភូមិឈូក, ភូមិផ្កាដូង, ភូមិបារ៉ាយ, ភូមិក្របីក្រៀក, ភូមិច្រវ៉ាក់ដែក, ភូមិរួមវិញ, ភូមិស្រះត្រកូន និងភូមិបុសស្វាយ។ ក្រៅពីការជួយសង្គ្រោះជនងាយរងគ្រោះ កន្លងមកអនុសាខាស្រុកបានអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗដល់គ្រួសាររងគ្រោះដោយអគ្គិភ័យចំនួន ២លើក (ស្មើនឹង ១៣ខ្នងផ្ទះ) ព្រមទាំងបាននាំយកអំណោយជួយដល់គ្រួសារទីទ័លក្រ ជនពិការ និងគ្រួសារភៀសសឹកផងដែរ។ ក្នុងនាមរដ្ឋបាលស្រុក និងប្រជាពលរដ្ឋសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តមនុស្សធម៌ដ៏ប្រពៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា។ឆ្លៀតក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹក និងមនោសញ្ចេតនាស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដោយមិនទុកនរណាម្នាក់ចោលឡើយ ហើយអំណោយទាំងអស់ដែលយកមកចែកជូនពេលនេះគឺបានមកពីការបរិច្ចាគរបស់សប្បុរសជនក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។ ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិតក៏បាននាំនូវសារអំពាវនាវសំខាន់ៗរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងនោះសូមឱ្យបងបង្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង៤ប្រភេទមានដូចជា (ជំងឺបេះដូងសរសៃឈាម, មហារីក, ផ្លូវដង្ហើមរ៉ាំរ៉ៃ និងទឹកនោមផ្អែម)​ តាមរយៈការបរិភោគ តិចខ្លាញ់ តិចស្ករ និងតិចអំបិល។ សូមស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់យ៉ាងតិច ៤ដង ដើម្បីបង្ការការឆ្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន និងត្រូវនាំកូនតូចទៅទទួលថ្នាំបង្ការតាមកំណត់។ ជាមួយនេះសូមបងប្អូនទាំងអស់ចូរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនារដូវវស្សាដូចជាខ្យល់កន្ត្រាក់ ផ្គររន្ទះ និងគ្រោះថ្នាក់ដោយការលង់ទឹក។ បន្ថែមលើនេះត្រូវប្រុងប្រយ័ត្នចំពោះបាតុភូត «អែលនីញ៉ូ» (El Niño) ដោយក្នុងឆ្នាំ២០២៦នេះ ការប្រែប្រួលអាកាសធាតុអាចបង្កឱ្យមានកម្តៅហួតហែងអូសបន្លាយ និងគ្រោះរាំងស្ងួតកើតឡើង។ លោកវេជ្ជបណ្ឌិតបានណែនាំវិធានការគន្លឹះចំនួន៦ចំណុចដើម្បីការពារខ្លួនពីរលកកម្តៅកើនឡើង៖ ១.ការពារខ្លួនពីអាកាសធាតុក្តៅខ្លាំង (Heat exhaustion និង Heat stroke) ២. បង្ការការខ្សោះជាតិទឹកដោយពិសាទឹកស្អាតឱ្យបានច្រើនដង ៣.រក្សាសុវត្ថិភាពចំណីអាហារ និងអនាម័យខ្លួនប្រាណ ៤. ថែទាំសុខភាពផ្លូវដង្ហើម ចៀសវាងការដុតកាកសំណល់បង្កផ្សែងនិងធូលី ៥. កាត់បន្ថយជំងឺបង្កដោយមូសខាំដោយលុបបំបាត់ប្រភពទឹកដក់ ៦.យកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត និងសុវត្ថិភាពសហគមន៍ (ជាពិសេសមិនត្រូវទុកកុមារចោលក្នុងរថយន្តឡើយ)។សូមបញ្ជាក់ថា អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ២ដប, សាប៊ូកក់សក់ ២ដប, ឃីត ១កញ្ចប់ (សារុង ក្រមា មុង ភួយ) និងថវិកា២០.០០០រៀល។ ជាមួយគ្នានេះ ក្រុមការងារបាននាំមកជាមួយនូវទេយ្យវត្ថុ និងបច្ច័យសម្រាប់ប្រគេនវត្តឧប្បលវតី ភូមិឈូក រួមមាន៖ អង្ករ ២០០គីឡូក្រាម, មី ៥កេស, ត្រីខ ១កេស, ប្រេងឆា ២កេស, ទឹកត្រី ៤យួរ, ទឹកស៊ីអ៊ីវ ៤យួរ, ទឹកដោះគោប្រអប់ ៥កេស, ទឹកក្រូច ៥កេស, ទឹកបរិសុទ្ធ ៥កេស ព្រមទាំងបច្ច័យចំនួន ៥លានរៀល។ ប្រគេនព្រះគ្រូចៅអធិការវត្តបច្ច័យ ២លានរៀល និងព្រះសង្ឃ ១២អង្គ ក្នុងមួយអង្គទទួលបានបច្ច័យ៤០ម៉ឺនរៀល។ ដោយឡែក លោកយាយជី លោកតាជី ដែលបានចូលរួមក្នុងពិធីនោះ ក៏ទទួលបានក្រណាត់ស ១ដុំ (អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ) ព្រមទាំងថវិកាមួយចំនួន។សូមជម្រាបជូនដែរថា កម្មវិធីមនុស្សធម៌នេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក្នុងការជួយសម្រាលការលំបាកចំពោះមុខរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ៨០០គ្រួសារ នៅស្រុកក្រូចឆ្មារ។ ក្រៅពីការផ្តល់ជំនួយជាស្បៀងអាហារនិងថវិកា ព្រឹត្តិការណ៍នេះជាយុទ្ធនាការផ្សព្វផ្សាយអប់រំដ៏មានសំខាន់មួយ ដើម្បីលើកកម្ពស់ការយល់ដឹងពីសុខភាពមាតានិងទារក ការបង្ការជំងឺរ៉ាំរ៉ៃ និងការត្រៀមលក្ខណៈបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុដ៏ក្តៅហួតហែង (បាតុភូត El Niño) ក្នុងឆ្នាំ២០២៦ នេះផងដែរ៕

កម្ពុជាបញ្ជាក់ប្រាប់ប្រធាន ICRC ចំពោះ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយស​ន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិជាមួយប្រទេសថៃ

2026/07/03 09:34:29 pm        478
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួល​ជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារជាមួយ លោក Jürg Montani ប្រធានប្រតិភូថ្នាក់តំបន់អាស៊ី នៃ​គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងសហការី នៅក្រសួងការពារជាតិ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។ក្នុងជំនួបនេះ ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ICRC ដែលបានបន្តផ្តល់ការគាំទ្រយ៉ាងសកម្មដល់កម្ពុជា ជាពិសេសការសម្របសម្រួលយ៉ាងសកម្មប្រកបដោយផ្លែផ្កា ក្នុងការឈានទៅដោះលែងវីរកងទ័ពកម្ពុជាចំនួន ១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់នាពេលកន្លងមក ហើយ នេះគឺជាការរួមចំណែកដ៏មានសារៈសំខាន់របស់ ICRC។ ជាការឆ្លើយតប លោក Jürg Montani បានបង្ហាញពីការពេញចិត្តក្នុងការចូលរួមចំណែក សម្របសម្រួល និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ICRC ក្នុងការបន្តគាំទ្រ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។បន្ថែមពីនេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់របស់ក្រសួងការពារជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងកម្ពុជា និងថៃ។ជាលទ្ធផល ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកងយោធពលខេមរភូមិន្ទ និង ICRC ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកមនុស្សធម៌ ព្រមទាំងរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅក្នុងតំបន់៕

សម្តេចប្រធានរដ្ឋសភា៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា

2026/07/03 08:11:30 pm        147
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាត់ត្សឹស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម អឹអិណុ អាត់ត្សឹស៊ី និងសហការីនៅក្នុងឱកាសនេះ។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារបេសកកម្មការទូតរបស់ឯកឧត្តម ក្នុងរយៈពេលបីឆ្នាំមកនេះ ដែលសម្រេចបានផ្លែផ្កាជាច្រើនក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរលើគ្រប់វិស័យ ទាំងទំនាក់ទំនងការទូត ទំនាក់ទំនងប្រជាជននិងប្រជាជន ពាណិជ្ជកម្ម ទេសចរណ៍ មនុស្សធម៌ និងវប្បធម៌ជាដើម។ សម្តេចបានលើកឡើងថា ជប៉ុនជាមិត្តដែលគួរឱ្យទុកចិត្ត និងស្មោះត្រង់របស់កម្ពុជា។ ឆ្នាំនេះជាខួប៧៣ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រជាពលរដ្ឋកម្ពុជាមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយពលរដ្ឋជប៉ុន។ ជប៉ុនបានជួយកម្ពុជាក្នុងការស្វែងរកសន្តិភាព ហើយពលរដ្ឋកម្ពុជាចងចាំជានិច្ចចំពោះការលះបង់ជីវិតក្នុងបុព្វហេតុសន្តិភាពនៅកម្ពុជា របស់កុលបុត្រវ័យក្មេងជប៉ុន២នាក់ ម្នាក់ពលីនៅខេត្តកំពង់ធំ និងម្នាក់ទៀតពលីនៅខេត្តបន្ទាយមានជ័យ ក្នុងក្របខណ្ឌកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNTAC) កាលពីឆ្នាំ១៩៩៣។ ការគាំទ្ររបស់ជប៉ុនចំពោះកម្ពុជាលើគ្រប់វិស័យ ដូចជាការដោះមីន ធនធានមនុស្ស កសិកម្ម និងពាណិជ្ជកម្មជាដើមនោះ បានលេចចេញជារូបរាង និងផ្តល់ផ្លែផ្កាជាច្រើនពិតប្រាកដជូនប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្តែង ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរក្នុងឆ្នាំ២០២៥ សម្រេចបានជាង ២,៦ ពាន់លានដុល្លារអាមេរិក។ ចំពោះវិស័យវិនិយោគ ប្រទេសជប៉ុននៅតែបន្តជាដៃគូវិនិយោគដ៏សំខាន់របស់កម្ពុជា ដែលមានទុនវិនិយោគសរុបចំនួន ២,៩ ពាន់លានដុល្លារអាមេរិក គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៥។សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសជប៉ុន ដែលគិតមកដល់ពេលនេះមានចំនួនប្រមាណ ១៧,០០០ នាក់ហើយ។ ជាមួយគ្នានេះ ជប៉ុនក៏បានទទួលយកពលករខ្មែរជិត៧ម៉ឹននា នា ទៅធ្វើការនៅប្រទេសជប៉ុនផងដែរ ដែលប្រការនេះបានធ្វើឱ្យពលករកម្ពុជាទទួលបានប្រាក់ចំណូលខ្ពស់ និងចំណេះដឹងផ្នែកបច្ចេកទេសការងារ ដើម្បីយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍកម្ពុជាវិញ។ឯកឧត្តម អឹអិណុ អាត់ត្សឹស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបឯកឧត្តម និងសហការី។ ឯកឧត្តមបានគោរពថ្លែងអំណរគុណជាអនេកចំពោះសម្តេច ក៏ដូចជារដ្ឋសភាទាំងមូលដែលបានគាំទ្រ និងសហការយ៉ាងជិតស្និទ្ធ ក្នុងការធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាទទួលបានលទ្ធផលជាទីមោទនៈ។ឯកឧត្តមបានបង្ហាញពីមោទនភាពចំពោះការដឹកនាំរដ្ឋសភារបស់សម្តេចប្រធាន ដោយបានគូសបញ្ជាក់ថា កម្ពុជាមានប្រធានរដ្ឋសភាជាស្ត្រីលើកដំបូង ចំណែកប្រទេសជប៉ុនក៏មានស្ត្រីជានាយករដ្ឋមន្ត្រីលើកដំបូងដែរ។ ឯកឧត្តមបានយល់ស្របចំពោះប្រសាសន៍របស់សម្តេចប្រធានរដ្ឋសភា អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងការជឿជាក់គ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំ និងពលរដ្ឋនៃប្រទេសទាំងពីរ។ ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជារយៈពេល ៣ ឆ្នាំមកនេះ ឯកឧត្តមបានធ្វើដំណើរគ្រប់ខេត្ត-ក្រុង និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ពលរដ្ឋខ្មែរ។សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធអំពីការងារនយោបាយ សង្គម សេដ្ឋកិច្ច ជាពិសេសការពង្រឹងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ កម្ពុជាវាយតម្លៃខ្ពស់ និងគាំទ្រចំពោះយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP) របស់ប្រទេសជប៉ុន ដែលយុទ្ធសាស្ត្រនេះស្របគ្នានឹងយុទ្ធសាស្ត្ររបស់អាស៊ាន និង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា កម្ពុជាគាំទ្រជានិច្ចនូវរាល់យុទ្ធសាស្ត្រទាំងឡាយណាដែលលើកកម្ពស់សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចំពោះទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរវិញ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភានៃប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ច និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមកពីការងារនីតិកម្ម។ សម្តេចសង្ឃឹមថា ទំនាក់ទំនងស្ថាប័នរដ្ឋសភានេះនឹងកាន់តែរឹងមាំ និងមានសកម្មភាពខ្លាំងក្លាថែមទៀតនៅក្នុងអាណត្តិការទូតរបស់ឯកអគ្គរាជទូតជប៉ុនថ្មី។ ជាមួយគ្នានេះ សម្តេចក៏បានស្នើដល់ភាគីជប៉ុន ជួយគាំទ្រដល់ការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា ដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ ដោយហេតុថាពេលនេះ រដ្ឋសភាកំពុងធ្វើទំនើបកម្មស្ថាប័នទៅជា សភាឌីជីថល៕ 

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001

2026/07/03 08:00:58 pm        262
សម្ដេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា​ តែងតែពន្យល់មូលហេតុនៃការ​សម្រេច​​ចិត្តរបស់កម្ពុជាប្រើប្រាស់ «យន្តការផ្សះផ្សារដោយបង្ខំ» (Compulsory Conciliation) ក្រោម​អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ជាមួយ​ថៃ មូលហេតុគឺមកពីភាគីថៃ​បានដកខ្លួនជាឯកតោភាគីចេញពី អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នាឆ្នាំ ២០០១ (MoU 2001)។ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ បានថ្លែង​បញ្ជាក់ពីការ​លើកលើង​របស់សម្ដេច​ធិបតីបែបនេះ ក្នុង​វេទិកា​សារព័ត៌មានលើកទី៨ ស្តីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ បោះជំហានទៅ​មុខ​ជា​និច្ច​ទោះ​ជា​មាន​ឧបសគ្គ​ធំៗចំពោះមុខ» នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ។ ឯកឧត្តមបានថ្លែង​ថា សារលិខិតផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ កាលពីកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានថ្លែងផ្ញើជូនជនរួមជាតិ អំពីការប្រកាស​ជា​ប្រវត្តិ​សាស្ត្រមួយស្តីពីការសម្រេចចិត្តរបស់កម្ពុជា​ក្នុងការ​ប្រើយន្តការ «ការផ្សះផ្សាដោយបង្ខំ» (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយ​បញ្ហា​​ដែនសមុទ្រជាមួយថៃ។ ឯកឧត្តមបន្តថា៖«ក្នុងន័យនេះ នៅ​ចំពោះមុខ​មេដឹកនាំបរទេស​កំពូលៗ សម្ដេច​ធិបតីតែងតែពន្យល់ពីមូលហេតុនៃសេចក្ដីសម្រេច​ចិត្ត​របស់កម្ពុជា​បែបនេះដោយមូលហេតុ គឺមកពីភាគីថៃ បានដក​ខ្លួន​ជាឯក​តោភា​គី​ចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MoU 2001)»។ សូមជម្រាបថាតាមរយៈថ្លែងការណ៍របស់សម្តេចធិបតីអំពីការ​ប្រើប្រាស់​ «ការផ្សះផ្សាដោយបង្ខំ» ក្រោម អនុសញ្ញា UNCLOS ក្នុងគោលដៅរួមគឺ ការការពារអធិបតេយ្យភាពកម្ពុជា ដោយសន្តិវិធី និង​ច្បាប់អន្តរជាតិ, ដោយសម្ដេច​ធិបតី​បាន​ប្រកាស​ច្បាស់​ៗ​ថា​ «យើង​បាន​ឈាន​ជើង​មួយ​ជំហាន​នេះ គឺដើម្បីការពារអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ»។ សម្ដេច​ធិបតីបានពន្យល់ថា ការ​ប្រើប្រាស់​យន្តការ UNCLOS នេះ គឺជាមធ្យោបាយ​សន្តិវិធី​ដែល​រៀប​ចំ​ឡើង​ដើម្បីផ្ដល់សន្តិសុខកាន់តែប្រសើរក្នុងទំនាក់ទំនងអន្តរជាតិ និងទប់ស្កាត់ការ​រីក​រាល​ដាល​នៃ​ជម្លោះ៕

អគ្គមេបញ្ជាការនៃកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃនៅសប្តាហ៍ក្រោយ

2026/07/03 07:57:07 pm        782
ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI HAJI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅសប្តាហ៍ក្រោយ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងចុះទៅពិនិត្យមើលតំបន់ព្រំដែនផង។តាមកម្មវិធីដែលបានគ្រោងទុក អគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូចូលជួប សម្តែងការគួរសមចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងទស្សនកិច្ចការងារនៅទីស្នាក់ការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងចុះទៅពិនិត្យមើលតំបន់ព្រំដែនដែលភាគីថៃរំលោភមកលើបូរណភាពទឹកដីកម្ពុជា។ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ប្រាប់ BTV នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ថា ដំណើរទស្សកិច្ចរបស់អគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ីនៅកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអ្វេភាគីរវាងកងទ័ពកម្ពុជា និងម៉ាឡេស៊ី និងចុះទៅសួរសុខទុក្ខកម្លាំង AOT របស់ម៉ាឡេស៊ីនៅព្រំដែន និងចុះទៅមើលសភាពការនៅព្រំដែន និងជួបថ្នាក់ដឹកនាំកម្ពុជាមួយចំនួនផងដែរ។សូមជម្រាបថា អគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៨-១១ ខែកក្កដា ឆ្នាំ២០២៦។ តាមគម្រោងអគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ីនឹងដឹកនាំគណៈប្រតិភូប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ីចុះទៅពិនិត្យមើលនៅតំបន់ព្រំដែនកម្ពុជាដែលទាហានបានរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា និងជួបជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន និងស្តាប់ការធ្វើបទបង្ហាញពីក្រុមអ្នកសង្កេតការណ៍នៅទីនោះ។ កម្មវិធីបន្ទាប់អគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ី នឹងមានជំនួបដាច់ដោយឡែកពីគ្នាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ បន្ទាប់មកជួបសម្តែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងចុងក្រោយសម្តែងការគួរសមចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ វង្ស សុភាព 

សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

2026/07/03 06:43:22 pm        548
នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារ អបអរសាទរ ខួបលើកទី៧៥ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ (៣ កក្កដា ១៩៥១ - ៣ កក្កដា ២០២៦) ។តាមរយៈសារសម្ដេចតេជោ និងសម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីកម្ពុជា បានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជា បានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៧ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា។ សម្បត្តិបេតិកភណ្ឌរូបី និងអរូបីទាំងនោះរួមមាន៖ ១. បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖ - តំបន់រមណីយដ្ឋានអង្គរ ចុះបញ្ជីនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក - ប្រាសាទព្រះវិហារ ចុះបញ្ជីនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា - តំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ - រមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជីនាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។ ២. បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៖ - របាំព្រះរាជទ្រព្យ ចុះបញ្ជីនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្ដន់ប៊ូល ប្រទេសតួកគី - ល្ខោនស្រមោលស្បែកធំ ចុះបញ្ជីនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង - ល្បែងទាញព្រ័ត្រ ចុះបញ្ជីនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី - ចាប៉ីដងវែង ចុះបញ្ជីនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងអេតឌីសអាបាបា ប្រទេសអេត្យូពី - ល្ខោនខោលវត្តស្វាយអណ្តែត ចុះបញ្ជីនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វី នៃសាធារណរដ្ឋម៉ូរីស - គុនល្បុក្កតោ ចុះបញ្ជីនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក - ក្រមាខ្មែរ ចុះបញ្ជីនាថ្ងៃទី៤ ខែឆ្នូ ឆ្នាំ២០២៤ នៅទីក្រុង អាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ ។ ៣. បញ្ជីស្មារតីចងចាំនៃពិភពលោក៖ - បណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ចុះបញ្ជីនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ីដថោន ប្រទេសបាបាដូស - ឯកសារសំឡេងនិទានរឿងរាមកេរ្ដិ៍ ដោយតាគ្រុឌ ចុះបញ្ជីនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅខេត្តខ្វាងចូវ ប្រទេសចិន - រឿងអ៊ីណាវ បុស្សិបា ចុះបញ្ជីនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ សម្ដេចតេជោ និងសម្ដេចធិបតីមានប្រសាសន៍បញ្ជាក់ថា «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕

សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការជំនាន់ទី១២ ចុះទស្សនកិច្ចសិក្សា​ទៅកាន់​អង្គភាពផ្តល់សេវាសាធារណៈគំរូ ចំនួន ៤ទីតាំងផ្សេងគ្នា

2026/07/03 06:14:05 pm        494
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្រ្តី​ក្រមកា​រ​ជំនាន់​ទី១២ នៃសាលាភូមិន្ទរដ្ឋបាល បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់អង្គភាពផ្តល់​សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ចំនួន ៤ទីតាំងផ្សេងគ្នា បន្ទាប់ពីបញ្ចប់មុខវិជ្ជា «ឧត្តមភាពមន្រ្តី»។ ក្នុងដំណើរទស្សនកិច្ចនេះ សាលាភូមិន្ទរដ្ឋបាល បានបែងចែកសិស្សមន្ត្រីជា ៤ក្រុម និង ៤ទីតាំង រួមមាន៖ ក្រុមទី១.សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ ចំនួន ៤៨នាក់ ចុះទៅសាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង, ក្រុមទី២.សិស្សមន្រ្តីក្រមការជំនាន់ទី១២ ក្រុមទី១ ចំនួន ៦០នាក់ បានចុះទៅវិទ្យាល័យព្រែកលៀប រាជធានីភ្នំពេញ, ក្រុមទី៣.សិស្សមន្រ្តីក្រមការជំនាន់ទី១២ ក្រុមទី២ ចំនួន ៦០នាក់ បានចុះទៅសាលាមត្តេយ្យសិក្សាធនធានក្រុងតាខ្មៅ ខេត្តកណ្តាល និងក្រុមទី៤.សិស្សមន្រ្តីក្រមការជំនាន់ទី១២ ក្រុមទី៣ ចំនួន ៨៥នាក់ បានចុះទៅមន្ទីរពេទ្យតេជោសែនកោះធំ ខេត្តកណ្តាល។ ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណង៖ (១)សិក្សាប្រកបដោយភាពជាក់ស្តែងនិយម ដោយសិស្សមន្រ្តីទទួលបានស្តាប់នូវគោលគំនិតឧត្តមភាពមន្រ្តីរាជការ, (២)ផ្លាស់ប្តូរគោលគំនិត និងឥរិយាបថមន្រ្តីរាជការ និងដកស្រង់បទពិសោធន៍ដោយផ្ទាល់នៅតាម អ.ផ.ស. ដើម្បីឆ្លើយតបទៅនឹងខ្លឹមសារ និងអត្ថន័យពិតប្រាកដអំពីឧត្តមភាពមន្រ្តីរាជការ និង (៣)ជួបសម្ភាសផ្ទាល់ជាមួយអង្គភាព និងអ្នកពាក់ព័ន្ធ ដើម្បីឈ្វេងយល់អំពីដំណើការពង្រឹងឧត្តមភាពសេវាសាធារណៈ រហូតដល់ទទួលបានជ័យលាភី និងទទួលស្គាល់ជាកម្រិតថ្នាក់ជាតិ (អ.ផ.ស.) គំរូ។ ក្រោយពីបានបញ្ចប់ការចុះទស្សនកិច្ចសិក្សា សិស្សមន្រ្តីទាំង ៤ក្រុម បានជួបប្រជុំបូកសរុបលទ្ធផល ដោយរៀបចំនូវបទបង្ហាញចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីជាធាតុចូលដ៏សំខាន់ស្របតាមគោលបំណងនៃមុខវិជ្ជា «ឧត្តមភាពមន្ត្រី» និងទស្សនកិច្ចសិក្សាដែលសាលាភូមិន្ទរដ្ឋបាល បានរៀបចំ។ សូមជម្រាបថា មុខវិជ្ជា «ឧត្តមភាពមន្ត្រីរាជការ» ត្រូវបានបញ្ចូលក្នុងវគ្គបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល ​ដែលជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងគោលបំណងផ្សារភ្ជាប់មនសិការ ស្មារតី វិជ្ជាជីវៈជាមន្ត្រីរាជការ ដូចអ្វីដែល ឯកឧត្តមធ្លាប់បានលើកឡើងថា "ឧត្តមភាពមន្ត្រីរាជការ សំដៅលើសមត្ថភាព ឆន្ទៈ មនសិការ សុចរិតភាព និងឧត្តមគតិល្អរបស់មន្ត្រីរាជការ ដែលយល់ច្បាស់ពីបុព្វហេតុក្នុងការក្លាយទៅជាមន្ត្រី និងការរៀបចំឥរិយាបថឱ្យក្លាយទៅជាមន្ត្រីគំរូ ដើម្បីបម្រើផលប្រយោជន៍ដល់អង្គភាព ស្ថាប័នសាធារណៈ និងសង្គតិភាព ជាពិសេសការផ្សារភ្ជាប់ឧត្តមគតិរបស់មន្ត្រី និងទស្សនៈសង្គមជាតិ និងក្នុងគោលដៅលើកកម្ពស់វិបុលភាពសង្គម។ ភាពចាំបាច់ដែលត្រូវបញ្ចូលមុខវិជ្ជា ឧត្តមភាពមន្ត្រីរាជការ ឬឥរិយាបថ លក្ខណៈសម្បត្តិជាមន្ត្រីរាជការ ក្នុងការតម្កល់ទុកផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនជាចំបងនេះ មានក្នុងខ្លួនមន្ត្រីរាជការគ្រប់រូប។"

ក្នុងឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើស​ធនធានធម្មជាតិ​សរុប ៩៦៧ករណី នៅទូទាំងប្រទេស

2026/07/03 05:53:13 pm        234
នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីចុះល្បាតចំនួន ៥ ៩៥៣ លើក បង្ក្រា​បបទល្មើសធនធានធម្មជាតិសរុបចំនួន ៩៦៧ ករណី នៅទូទាំងប្រទេស ក្នុងនោះ​មានបទ​ល្មើសព្រៃឈើចំនួន ៣១៨ ការបរបាញ់សត្វព្រៃ ២៤២ករណី បទល្មើសធនធានរ៉ែ ចំនួន១២ ករណី ការឈូសរានដីព្រៃ ២៦២ករណី និងបទល្មើសនេសាទ ចំនួន១៣២ករណី។ ទិន្នន័យនៃការបង្ក្រាបនេះបានដលហូតបានវត្ថុតាង រួមមានគ្រឿងចក្រ អេស្កាចំនួន២គ្រឿង ត្រាក់ទ័រ ចំនួន៥ គ្រឿង រថយន្តចំនួន៥ គ្រឿង រថយន្តកែច្នៃ ចំនួន២ គ្រឿង គោយន្តចំនួន ២១គ្រឿង ម៉ូតូចំនួន៣៥គ្រឿង ទូកចំនួន ៥គ្រឿង រណាយន្ត ចំនួន ២៤១ គ្រឿង។ មន្រ្តីឧទ្យានុរក្ស បានដោះអន្ទាក់ឆក់ចំនួន ១ ៣៩៥ គ្រឿង អន្ទាក់ខ្សែ ចំនួន ១១ ៤២៨ ខ្សែ អាវុធចំនួន៥ដើម គ្រាប់កាំភ្លើងចំនួន៥១គ្រាប់ អាវុធកែច្នៃចំនួន ៩៤ដើម គ្រាប់១៧ គ្រាប់។ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន ៧៤ ករណីនិង ឃាត់បានជនសង្ស័យប្រព្រឹត្តបទល្មើស ចំនួន ៤៤ នាក់។ទិន្នន័យនៃការបង្ក្រាបនេះមានការថយចុះចំនួន ១៩ ករណី ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ សរុបចំនួន ៩៨៦ករណី។ ការថយចុះនៃករណីបង្រ្កាបនេះ ដែលឆ្លុះបញ្ចាំងពីការយល់ដឹង កាន់តែប្រសើរ និងការចូលរួមទប់ស្កាត់បទល្មើសពីភាគីពាក់ព័ន្ធ និងជាពិសេសការចូលរួម ពីប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។ សូមបញ្ជាក់ថា ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ក្រសួងបរិស្ថាន បន្តពង្រឹងសាមគ្គីភាពជាតិ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង ដើម្បីការពារធនធានធម្មជាតិ ទប់ស្កាត់បទល្មើសព្រៃឈើ ការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល។ លើសពីនេះ ក្រសួងបរិស្ថានជំរុញ ការចូលរួមពង្រីក ភាពបៃតងតាមរយៈយុទ្ធនាការ «ពន្លកបៃតង» ចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមមូលដ្ឋាន សាលារៀន វត្តអារាម លំនៅឋាន និងដាំស្តារព្រៃនៅតាមសហគមន៍។ លើសពីនេះ ក្រសួងបរិស្ថាន បានកំពុងលើកកម្ពស់ភាពជាម្ចាស់ លើធនធានធម្មជាតិ ដោយធ្វើឱ្យប្រជាពលរដ្ឋយល់ដឹងថា ធនធានធម្មជាតិ ជាទ្រព្យសម្បត្តិរួម ដែលត្រូវថែរក្សាសម្រាប់កូនចៅជំនាន់ក្រោយ។ ដូចគ្នានេះដែរ គម្រោងលើកកម្ពស់ជីវភាពសហគមន៍ ត្រូវបានជំរុញ និងជួយបង្កើតមុខរបរថ្មី តាមរយៈការអភិវឌ្ឍគោលដៅលម្ហៃតង និងការរស់នៅប្រកបដោយចីរភាព៕

រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈមបង្កើនប្រសិទ្ធភាពការងារ

2026/07/03 01:49:24 pm        124
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៥ អាណត្តិទី២ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. ដើម្បីពិនិត្យ ពិភាក្សា និងឯកភាពលើគម្រោងថវិកាប្រចាំឆ្នាំ២០២៧, ផែនការយុទ្ធសាស្រ្តថវិកា(៣ឆ្នាំរំកិល) ឆ្នាំ២០២៧-២០២៩, របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ របស់ ប.ស.ស. និងរបាយការណ៍លទ្ធផលសម្រេចបានប្រចាំត្រីមាសទី១ ក្នុងទិសដៅពង្រឹងប្រសិទ្ធភាពការងារឱ្យដំណើរការប្រកបដោយតម្លាភាពក្នុងការបម្រើផលប្រយោជន៍សមាជិក។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីប្រកបដោយសាមគ្គីភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដែលជួយធានាបានយ៉ាងរឹងមាំនូវនិរន្តរភាព និងគុណភាពលើការផ្តល់សេវាជូនបងប្អូនសមាជិក ប.ស.ស. ឱ្យទទួលបានអត្ថប្រយោជន៍ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ជាពិសេសកំណើននៃសមាជិកដែលបានចុះបញ្ជី។ ឯកឧត្តមបានបញ្ជាក់ថា នៅពេលដែលប្រជាពលរដ្ឋទទួលបានសេវាកាន់តែប្រសើរពី ប.ស.ស. និងមានសុខភាពល្អ នោះគឺជាភាពជោគជ័យរបស់ ប.ស.ស. ក៏ដូចជារាជរដ្ឋាភិបាលក្នុងវិស័យគាំពារសង្គម។ឯកឧត្តមរដ្ឋមន្រ្តីបានរំលេចពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងពង្រីកវិសាលភាពរបបសន្តិសុខសង្គមតាមការវិវត្តនៃស្ថានភាពសង្គមសេដ្ឋកិច្ចដោយឈរលើគោលការណ៍សមភាព និងសមធម៌ ដើម្បីធានាឱ្យបាននូវនិរន្តរភាព ដែលស្របតាមគោលការណ៍សកល។ ឯកឧត្តមមានប្រសាសន៍ថា ការផ្តល់សេវារបស់ ប.ស.ស. ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន គឺកាន់តែមានភាពទាក់ទាញ ដែលធ្វើឱ្យសាធារណជនស្រមៃចង់ទទួលបាន។កិច្ចប្រជុំបានដំណើរការយ៉ាងរលូនជាមួយនឹងកិច្ចពិភាក្សាយ៉ាងផុសផុល ហើយបានឯកភាពគ្នាលើគម្រោងថវិកា, ផែនការយុទ្ធសាស្រ្តថវិកា និងរបាយការណ៍ហិរញ្ញវត្ថុខាងលើ។ ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ប.ស.ស. ក្នុងការរៀបចំឯកសារដ៏មានសារៈសំខាន់ទាំងនេះ ដែលជាជំហានមួយដ៏ប្រសើរស្របតាមនីតិវិធីដែលមានចែង និងបានលើកទឹកចិត្តអង្គប្រជុំសូមឱ្យបន្តបេសកកម្មដ៏ចាំបាច់ក្នុងនាមជាសមាជិក និងសមាជិកាក្រុមប្រឹក្សាភិបាល ដើម្បីសម្រេចគោលដៅដែលបានរំពឹងទុក។ទន្ទឹមនឹងនេះ តំណាងនិយោជក និងបងប្អូនកម្មករនិយោជិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប.ស.ស. ដែលបានរៀបចំផែនការយុទ្ធសាស្រ្តថវិកា និងរបាយការណ៍ដ៏មានសារៈសំខាន់ទាំងនេះឡើង ព្រមទាំងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការសម្របសម្រួល និងការជំរុញកិច្ចគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM