សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ប្រទេសកម្ពុជា និងប្រទេសចំនួន ៣ទៀតទទួលបានអត្រាពន្ធកូតាសូន្យ (TRQ) ពីអាមេរិក
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖អត្រាពន្ធគយថ្មីដែលអាមេរិកដាក់មកលើកម្ពុជា គឺអត្រា១០% មិនមែនបន្ថែម១០% លើ ១៩% នោះទេ
ក្រសួងព័ត៌មានរៀបចំសន្និសីទសារព័ត៌មានបិទបញ្ចប់បេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» រៃអង្គាសថវិកាបានជាង ២៦ម៉ឺនដុល្លារ

ព័ត៌មានជាតិ

ក្នុងបរិបទបច្ចុប្បន្ននយោបាយការបរទេសកម្ពុជាចាំបាច់ត្រូវតែបន្តមានឯករាជ្យ សំដៅទៅរកការរក្សាសន្ដិភាព

2026/07/02 11:20:28 pm        77
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, បានថ្លែងបញ្ជាក់ថា ស្ថិតក្នុងបរិបទសកលលោកដែលកំពុងមានភាពស្មុគបែបនេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី បានយល់កាន់តែច្បាស់ថា នយោបាយការបរទេសរបស់កម្ពុជា ចាំបាច់ត្រូវតែបន្តមានឯករាជ្យ អធិបតេយ្យ មានតុល្យភាពគ្រប់គ្រាន់បើកជំហរ និងត្រូវតែដៅទៅរកការរក្សាសន្ដិភាព និងការបន្តអភិវឌ្ឍប្រទេស។ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់បែបនេះ ក្នុងវេទិកាសារព័ត៌មានលើកទី៨ ស្តីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ បោះជំហានទៅមុខជានិច្ចទោះជាមានឧបសគ្គធំៗចំពោះមុខ» នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងថា ស្ថានការណ៍អន្តរជាតិមានការប្រែប្រួលឆាប់រហ័ស និងតាមបែបផែនមួយស្មុគស្មាញ អាសន្ន ពិបាកវាយតម្លៃ និងពិបាកមើលធ្លុះជាងមុន។ ក្នុងនោះជម្លោះប្រដាប់អាវុធនៅតែបន្តប្រព្រឹត្តទៅ ឬកើតមានថ្មីនៅតាមតំបន់មួយចំនួន ពិសេសនៅមជ្ឈឹមបូព៌ា ក្នុងគ្រាដែលការប្រកួតប្រជែងរវាងកំពូលមហាអំណាចនៅតែប្រព្រឹត្តទៅយ៉ាងស្រួចជ្រាល់ជាទីបំផុត។ ភាពមិនប្រាកដប្រជាផ្នែកភូមិសាស្រ្តនយោបាយទាំងអស់នេះហើយជាកម្លាំងសង្គត់សេដ្ឋកិច្ចពិភពលោក តំបន់ និងកម្ពុជាឱ្យបន្តស្រុតចុះ និងធ្លាក់ដុនដាប ជាមួយគ្នានេះបញ្ហាសន្ដិសុខថាមពល ស្បៀងអាហារ សុខាភិបាល និងបម្រែប្រួលអាកាសធាតុ កំពុងបន្តក្លាយជាចំណោទសកល។ ពិតមែនតែជាចំណោទសកល តែគ្រប់ប្រទេសទាំងតូច ទាំងធំនីមួយៗត្រូវប្រឈមមុខរៀងៗខ្លួន និងត្រូវដោះស្រាយរៀងៗខ្លួន។ ក្នុងបរិបទសកលដ៏ស្មុគស្មាញបែបនេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី បានយល់កាន់តែច្បាស់ថា នយោបាយការបរទេសរបស់កម្ពុជា ចាំបាច់ត្រូវតែបន្តមានឯករាជ្យ អធិបតេយ្យ មានតុល្យភាពគ្រប់គ្រាន់បើកជំហរ និងត្រូវតែដៅទៅរកការរក្សាសន្ដិភាព និងការបន្តអភិវឌ្ឍប្រទេស។ ឯឧត្តមបន្តថា កម្ពុជាត្រូវតែបន្តពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី បង្កើនកិច្ចសហប្រតិបត្តិការ ពិសេសសេដ្ឋកិច្ចជាមួយនឹងបណ្ដាប្រទេសជាមិត្ត និងដៃគូនៅក្នុងតំបន់ និងនៅក្នុងពិភពលោក។ កម្ពុជាត្រូវតែបន្តជ្រើសរើសកិច្ចសន្ទនា ជៀសជាងការប្រឈមមុខដាក់គ្នា ច្បាប់អន្តរជាតិ និងដំណោះស្រាយដោយសន្ដិវិធី ជៀសជាងជម្លោះ និងការប្រើកម្លាំងបាយ កម្លាំងអាវុធ ដែលគ្មាននាំមកនូវអ្វីក្រៅពីមហន្តរាយតែប៉ុណ្ណោះ។ ឯកឧត្តម បានបញ្ជាក់ថា គោលការណ៍នៃគោលនយោបាយការបរទេសនេះរបស់កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអនុវត្ត យ៉ាងសកម្ម ពិសេស នៅចំពោះមុខបណ្ដាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ព្រមទាំងឥស្សរជនជាន់ខ្ពស់ បរទេសនានាដែលសម្ដេចបានជួបក្នុងឱកាសទស្សនកិច្ចនៅក្រៅប្រទេស៕

អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច

2026/07/02 11:09:20 pm        232
កំពង់ឆ្នាំង ៖ មន្ត្រីរមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង និងអាជ្ញាធរស្រុកកំពង់ត្រឡាច បានរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវដោយវាយកម្ទេចជណ្តើរឡើងចុះឡានម៉ូតូសង់រំលោភលើផ្លូវជាតិលេខ៥ក្នុងទីរួមស្រុកកំពង់ត្រឡាច។​នៅថ្ងៃទី០២ ខែកក្កដា នេះ លោក ឈួរ ច័ន្ទរិទ្ធី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចស្រុកកំពង់ត្រឡាច ដឹកនាំក្រុមការងារចុះវាយកម្ទេច និងរុះរើសំណង់អនាធិបតេយ្យ ដែលជាជណ្តើរឡើងចុះរថយន្ត និងម៉ូតូ សាងសង់នៅខាងមុខលំនៅឋានតាមបណ្តោយផ្លូវជាតិលេខ៥ ជាផ្លូវហាយវ៉េក្នុងទីរួមស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ការចុះអនុវត្តវិធានការនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរពិនិត្យឃើញថា សំណង់ទាំងនោះបានបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពទីប្រជុំជន ព្រមទាំងរាំងស្ទះដល់ប្រព័ន្ធរំដោះទឹក បណ្តាលឱ្យកកស្ទះដី និងសំរាម ហើយមានទឹកស្អុយដក់ជាប់ជាប្រចាំ ដែលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀត មន្ទីរសាធារណការ និងដឹកជញ្ជូន រួមនិងអាជ្ញាធរមានសមត្ថកិច្ចស្រុក បានជូនដំណឹងអោយរុះរើជាយូរមកហើយ តែអ្នកបានសង់សំណង់អនាធិបតេយ្យទាំងនោះ មិនចូលរួមឡើយ។ក្នុងឱកាសនោះ ក្រុមការងារក៏បានធ្វើការណែនាំ និងហាមឃាត់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិ មិនឱ្យសាងសង់ជណ្តើរឡើងចុះរថយន្ត ឬម៉ូតូរំលោភលើផ្លូវជាតិលេខ៥តទៅទៀតឡើយ ទោះស្ថិតក្នុងរូបភាពណាក៏ដោយ ដើម្បីរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងធានាប្រសិទ្ធភាពនៃប្រព័ន្ធរំដោះទឹក កុំអោយកកស្ទះសំរាម ដី ទឹកស្អុយបន្តទៀត។ ប្រសិនបើមិនអនុវត្តតាមទេ អាជ្ញាធរមានសមត្ថកិច្ចស្រុកកំពង់ត្រឡាច រួមនិងមន្ទីរជំនាញនឹងអនុវត្តតាមនិតិវិធីជាមិនខាន៕  អត្ថបទ ៖ ហុង​ វាសនា ​

សមាគមអតីតយុទ្ធជន បើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារ អ.ន.ក.គ្រប់ថ្នាក់របស់ខេត្តរតនគិរី

2026/07/02 10:32:13 pm        208
នាព្រឹកថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ សុខ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារ អ.ន.ក.គ្រប់ថ្នាក់របស់ខេត្ត ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក.ថ្នាក់កណ្តាល ថ្នាក់ដឹកនាំ និងក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់ ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមទាំងលោក លោកស្រី ជាមន្ត្រីជំនាញជុំវិញខេត្ត។នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុ សុខ អគ្គលេខាធិការរងសមាគម បានគូសបញ្ជាក់ពីចំណុចសំខាន់ៗក្នុងការងារគ្រប់គ្រងសមាជិក អ.ន.ក.ថ្នាក់ខេត្ត និងសមាជិក អ.ន.ក.តាមវិស័យ ដែលជាការងារថ្មីស្ថិតក្នុងរចនាសម្ព័ន្ធ និងបរិបថថ្មីនៃ អ.ន.ក. បន្ទាប់ពីមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទូទាំងប្រទេសបានអនុម័តរួចមក។ ឯកឧត្តម មានប្រសាសន៍បន្ថែមទៀតថា ថ្នាក់ដឹកនាំ​ និងក្រុមការងារ អ.ន.ក.គ្រប់ថ្នាក់ទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់បទបង្ហាញដែលឧទ្ទេសដោយ​ លោកជំទាវ គឹម ច័ន្ទសុលីណា​ ដែលមានជំនាញបទពិសោធន៍លើការងារសមាគមនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ ដើម្បីយកធ្វើជាពិសោធន៍ ជាមេរៀន​សម្រាប់អនុវត្តការងារសមាគមឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពបន្ថែមទៀត៕

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ លោកជំទាវ រស់ សូយឿ ភរិយា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម

2026/07/02 10:28:38 pm        99
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្រ្តមណ្ឌលស្វាយរៀង និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញសួរសុខទុក្ខ លោកជំទាវ រស់ សូយឿ ភរិយា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើក្តីនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនលោកជំទាវ រស់ សូយឿ និងឯកឧត្តម ព្រមទាំងក្រុមគ្រួសារដោយសេចក្តីនឹករលឹក។ជាការឆ្លើយតប ក្នុងនាមក្រុមគ្រួសារ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ក្រុមគ្រួសាររបស់ឯកឧត្តម និងសូមអរគុណសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអញ្ជើញមកសួរសុខទុក្ខដល់គេហដ្ឋាននាពេលនេះ។សម្តេចកិត្តិសង្គហបណ្ឌិត បានជូនពរដល់ លោកជំទាវ រស់ សូយឿ ឆាប់បានជាសះស្បើយ និងសូមសមប្រកបនឹងព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ 

កម្ពុជាក្លាយជាបណ្តាញដៃគូ «បើកចំហជើងមេឃ» របស់សហរដ្ឋអាមេរកដែលមានសមាជិកប្រមាណ ១៤០ ប្រទេស

2026/07/02 10:22:58 pm        221
ភ្នំពេញ៖ បន្ទាប់ពីកម្ពុជា-សហរដ្ឋអាមេរិក សម្រេចបាន​កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស កម្ពុជាបាន​ក្លាយជា​សមាជិកបណ្តាញដៃគូ «បើកចំហជើងមេឃ» របស់សហរដ្ឋអាមេរិក ដែលបច្ចុប្បន្ន​មានជិត ១៤០ ប្រទេស និងដែនដី ដោយពង្រីកសិទ្ធិសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរ និងទំនិញអន្តរជាតិ។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេស គ្រីស្តូហ្វើរ ឡានដូ (Christopher Landau) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៃរដ្ឋកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគីរបស់ប្រទេសទាំងពីរ។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសទ្វេភាគីលើកដំបូងរវាងប្រទេសទាំងពីរ ហើយនឹងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនផ្លូវអាកាសស៊ីវិលរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ឱ្យស្របតាមស្តង់ដារទំនើបខ្ពស់បំផុត ស្របតាមគោលការណ៍ «បើកចំហជើងមេឃ (Open Skies)» របស់សហរដ្ឋអាមេរិក។ សេចក្តីប្រកាសព័ត៌មាន ៖ «តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាបានចូលរួមជាមួយបណ្តាញដៃគូ «បើកចំហជើងមេឃ (Open Skies)» របស់សហរដ្ឋអាមេរិក ដែលមានជិត ១៤០ ប្រទេស និងដែនដី ដោយពង្រីកសិទ្ធិសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរ និងទំនិញអន្តរជាតិ។ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងនេះចូលជាធរមាន អាជ្ញាធរទទួលបន្ទុកវិស័យអាកាសចរណ៍របស់ភាគីទាំងពីរ មានបំណងអនុញ្ញាតឱ្យមានការប្រតិបត្តិការហោះហើរ ស្របតាមលក្ខខណ្ឌដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងគោលការណ៍បដិការទៅវិញទៅមក»។ កិច្ចព្រមព្រៀងបើកចំហរលើអាកាសអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាកម្មផ្លូវអាកាសដែលមានតម្លៃសមរម្យ ងាយស្រួល និងមានប្រសិទ្ធភាពជាងមុនដល់អ្នកធ្វើដំណើរ និងអ្នកដឹកជញ្ជូន ដោយលើកកម្ពស់ទេសចរណ៍ និងពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងជាមួយប្រទេសកម្ពុជានឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់យើងបន្ថែមទៀត លើកកម្ពស់ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន និងផ្តល់នូវក្របខ័ណ្ឌសម្រាប់ឱកាសថ្មីៗសម្រាប់អតិថិជន ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ។ កិច្ចព្រមព្រៀងនេះក៏អនុញ្ញាតឱ្យមានសិទ្ធិចរាចរណ៍សេរីទីប្រាំពីរសម្រាប់ទំនិញគ្រប់ប្រភេទ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញរបស់សហរដ្ឋអាមេរិកធ្វើប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសទីបីដោយមិនចាំបាច់មានទំនាក់ទំនងប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Trump សហរដ្ឋអាមេរិកនឹងបន្តធ្វើការដើម្បីជំរុញផលប្រយោជន៍សេដ្ឋកិច្ចរបស់អាមេរិកនៅបរទេស។ ការបញ្ចប់កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសជាមួយប្រទេសកម្ពុជានេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាល Trump ក្នុងការបើកទីផ្សារ និងផ្តល់លទ្ធផលសម្រាប់អាជីវកម្ម កម្មករ និងអ្នកធ្វើដំណើររបស់អាមេរិក៕អត្ថបទ៖ ធូ វិរៈ 

អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ វាយតម្លៃខ្ពស់ចំពោះ​ការផ្តល់​សេវា​របស់​មជ្ឈ​មណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា​ខេត្តកំពង់ចាម

2026/07/02 10:11:27 pm        247
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរ​មីន បានអញ្ជើញចុះបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និង​ការ​ផ្តល់​សេវា​​របស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម ដែល​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និងហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ Handicap International (Humanity & Inclusion - HI)។ ដំណើរទស្សន​កិច្ចនេះ មានការចូលរួមពីលោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​តំបន់​អាស៊ាន​សម្រាប់សកម្មភាពមីន (ARMAC) លោក Rajib Dakua នាយកប្រចាំប្រទេស​នៃ​អង្គការ ​Humanity & Inclusion (HI) ព្រមទាំងតំណាងមូលនិធិជនពិការ។ ទស្សនកិច្ច​នេះ​ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ពិនិត្យវាយតម្លៃវឌ្ឍន​ភាព​ការ​ងារ ​ស្វែងរកឱកាសដោះស្រាយបញ្ហាប្រឈម និងជំរុញការលើកកម្ពស់ការផ្តល់សេវាសង្គ្រោះ និ​ង​ស្តារ​លទ្ធភាពដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឱ្យកាន់តែ​មាន​ប្រសិទ្ធ​ភាព និងគ្របដណ្តប់កាន់តែទូលំទូលាយ។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានវាយតម្លៃខ្ពស់​ និង​កោតសរសើរ​ចំពោះ​កិច្ច​ខិត​ខំ​​ប្រឹងប្រែង​របស់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃមជ្ឈមណ្ឌល ដែលបាន​បំពេញ​ការ​ងារ​ប្រកប​ដោយ​វិជ្ជា​ជីវៈ ​និងការទទួលខុសត្រូវខ្ពស់​ ក្នុងការផ្តល់សេវា​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា​ដល់​ជន​មាន​ពិការ​ភាព និងជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿង។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ HI ដែលបាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់វិស័យសកម្មភាពមីន និងការស្តារ​លទ្ធ​ភាព​ពលកម្មកាយសម្បទា ក៏ដូចជា​​ដើរតួនាទីយ៉ាងសកម្ម​ក្នុង​ការ​គាំទ្រ​ផ្នែ​ក​ចិត្ត​សង្គម​ដល់​ជន​មាន​ពិការ​ភាព និងជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះក្នុងខេត្តកំពង់ចាម និងបណ្តាខេត្ត​ជុំវិញ​។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹ​ង​កំពុង​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​ការ​លើក​កម្ពស់សុខុមាលភាព និងបរិយាបន្នសង្គមសម្រាប់ជនមានពិការភាព ស្របតាមចក្ខុវិស័យ និង​គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធានាថា «គ្មាននរណាម្នាក់ត្រូវបានទុកចោល» និង​បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពង្រីក​ការ​ទទួលបាន​សេវា​ប្រកប​ដោយ​គុណភាព និងនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋដែលត្រូវការជំនួយ៕

គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន

2026/07/02 09:27:34 pm        197
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ទៅសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិគ្រឺះសម្ដេចចក្រី ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏ដូចជាសម្តេចរដ្ឋសភាធិបតី ផ្ទាល់ បានសម្តែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាពញាចក្រី ដែលស្ទើរតែពេញមួយជន្មាយុរបស់សម្តេច បានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន។ គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមតាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទីហេង សំរិន ទទួលបាននូវពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជាពិសេសសូមសម្តេចទាំងទ្វេ សមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ 

រកឃើញជ័យលាភី៣ក្រុម ក្នុងចំណោមបេក្ខភាព ១៥៧ក្រុមចូលរួមក្នុងការប្រកួតសាយប័រ​អារីណា​ឆ្នាំ២០២៦ (Cyber Arena 2026)

2026/07/02 09:13:10 pm        327
កាល​​ពី​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បាន​រៀប​ចំ​ការ​ប្រកួតសាយប័រអារីណាឆ្នាំ២០២៦ (Cyber Arena 2026) ដែលមានការ​ចូល​រួម​ប្រកួត​​ពី​បេក្ខភាព​ចំនួន ១៥៧ក្រុម ស្មើនឹង ៥៤៧នាក់ មកពីក្រសួងស្ថាប័នរដ្ឋ ស្ថាប័នឯក​ជន​និង​គ្រឹះ​ស្ថាន​អប់រំ តាមប្រព័ន្ធអនឡាញ។ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល ៨ម៉ោង ក្រុម​ការងារ​បានប្រជុំវាយតម្លៃ និងរកឃើញក្រុមជ័យលាភីចំនួន ៣ក្រុមដែលដោះស្រាយ​លំហាត់​បាន​ច្រើន លឿន និងមានពិន្ទុខ្ពស់ជាងគេ ព្រមទាំងរកឃើញក្រុមឆ្នើមទាំង ៣០ក្រុម ដែលមាន​ភាព​លេច​ធ្លោ ​ក្រុមការងារក៏បានជ្រើសរើសក្រុមបម្រុងចំនួន ១០ក្រុមបន្ថែមផងដែរ។ក្រុមជ័យលាភីចំនួន ៣ក្រុម ក្នុងចំណោមបេក្ខភាពប្រកួតទាំង ៣០ក្រុម ដែលបាន​ចូល​រួម​ក្នុង​ការ​ប្រកួត​នឹង​ទទួលប្រាក់រង្វាន់លើកទឹកចិត្តដូចខាងក្រោម៖-ជ័យលាភីលេខ ១ បានទៅលើក្រុម WillHack4Coffee នឹងទទួលបានប្រាក់រង្វាន់ចំនួន ១.០០០ ដុល្លារអាម៉េរិកគត់-ជ័យលាភីលេខ ២ បានទៅលើក្រុម NO NAME នឹងទទួលបានប្រាក់រង្វាន់ចំនួន ៧០០ ដុល្លារអាម៉េរិគត់-ជ័យលាភីលេខ ៣ បានទៅលើក្រុម KHMER BLOOD ទទួលបានប្រាក់រង្វាន់ចំនួន ៥០០ ដុល្លារអាម៉េរិកគត់បេក្ខភាពជ័យលាភីចំនួន ៣ក្រុម និងបេក្ខភាពឆ្នើមចំនួន ៣០ក្រុម នឹងទៅចូលរួមក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​ផ្នែកសន្តិសុខសាយប័រ នៅខែសីហា ឆ្នាំ២០២៦ ខាងមុខ។ក.ប.ទ. អបអរសាទរដល់ក្រុមទាំង៣០ ព្រមទាំងបេក្ខភាពទាំងអស់ ដែលបានខិតខំប្រឹងប្រែង និង​យកចិត្តទុកដាក់យ៉ាងពេញទំហឹងសម្រាប់ការប្រកួតប្រជែង។កម្មវិធីការប្រកួតសាយប័រអារីណា ២០២៦ នេះ ពិតជាបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ ក.ប.ទ. ក្នុងការការលើកកម្ពស់មូលធនឌីជីថលនៅក្នុងវិស័យសន្តិសុខសាយប័រ និងការ​ប្រកួត​ប្រជែង​ក្នុង​វិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជា និងក្នុងតំបន់៕

សម្ដេចធិបតីលើកទឹកចិត្តយុវជនមកពីគ្រួសារជួបការលំបាកកុំអស់សង្ឃឹម ប៉ុន្ដែត្រូវខិតខំរៀនសូត្រដើម្បីកែប្រែអនាគត

2026/07/02 09:04:47 pm        330
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងលើកទឹកចិត្តដល់យុវជនទាំងឡាយ ជាពិសេសយុវជនក្នុងគ្រួសារក្រីក្រលំបាក ឱ្យខិតខំសិក្សារៀនសូត្រឱ្យចេះពិតប្រាកដ ដើម្បីកែប្រែអនាគត កុំផ្ដេកផ្ដួលទៅតាមពាក្យថា កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត ។សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤ នាព្រឹកថ្ងៃទី០២ ខែកក្កដា នេះ បានប្រសាសន៍មានលើកទឹកចិត្តយុវជនដែលមកពីគ្រួសារក្រីក្រជួបការលំបាកថា ការបិទភ្ជិតគម្លាតនៃជីវភាព គឺអាចធ្វើទៅបានតាមរយៈការតស៊ូសិក្សារៀនសូត្រឱ្យមានសមត្ថភាព និងសក្ដានុពលដែលគេត្រូវការប៉ុណ្ណោះ។ នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា យុវជនជាសសរទ្រូងសម្រាប់ជាតិ តែជាតិត្រូវការយុវជនប្រកបដោយសក្ដានុពល មានចំណេះជំនាញច្បាស់លាស់។ សម្ដេចបានបន្តថា នៅពេលមានឱកាសបានចូលកន្លែងណាមួយ ត្រូវតែប្រឹងស្រវាស្រទេញចាប់យកចំណេះដឹងនានាមកអភិវឌ្ឍខ្លួនឯង។ សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា មិនមែនគ្រប់មន្ត្រីដែលបម្រើការនៅតាមក្រសួងស្ថាប័ន សុទ្ធតែជាកូនអ្នកធំនោះទេ។ មន្ត្រីជាន់ខ្ពស់តាមស្ថាប័នរដ្ឋមួយចំនួន ក្រោកចេញសម័យ ប៉ុល ពត ជាគ្រាដ៏លំបាក ហើយក៏គ្មានបុគ្គលណាដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីក្នុងសម័យនោះ ឡើងបន្តជារដ្ឋមន្ត្រីក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជានោះដែរ។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្ដីក៏បានលើកទឹកចិត្តដល់យុវជនគ្រប់ស្រទាប់វណ្ណៈទោះជួបឧបសគ្គកម្រិតណាក៏ដោយ ក៏ត្រូវតែតស៊ូបោះជំហានទៅមុនជានិច្ច មិនត្រូវបោះបង់ចោលនោះទេ។ សម្ដេចធិបតីបានថ្លែងថា៖«គេថាឱ្យមានក្ដីស្រមៃ និងក្ដីសង្ឃឹម (Dream and Hope)។ ក្ដីស្រមៃ មានន័យថាយើងដាក់ទិសដៅដែលយើងចង់ទៅ ឯក្ដីសង្ឃឹមជាអ្វីដែលជំរុញទឹកចិត្តយើងឱ្យសម្រេចនូវក្ដីស្រមៃរបស់យើង។... គ្មាននរណាមកបិទក្ដីស្រមៃរបស់យើង ក្រៅពីយើងខ្លួនឯងនោះទេ»។ សម្ដេចធិបតីបញ្ជាក់ថា ការរៀនសូត្រនៅក្នុងសាលាជារៀនសំខាន់ហើយ តែលើសពីនេះក៏ត្រូវរៀនសូត្រតាមរយៈការអនុវត្តជាក់ស្ដែងបន្ថែមទៀត ព្រោះបើយើងកាន់តែរៀន យើងនឹងដឹងខ្លួនឯងថាយើងកាន់តែមិនចេះ។ ត្រង់ចំណុចនេះមានន័យថា ការសិក្សាគឺមិនមានទីបញ្ចប់នោះទេ អ្នកកាន់តែរៀនអ្នកកាន់តែឃើញអ្វីថ្មីៗបន្ថែមទៀត ដូច្នេះត្រូវតែបន្តរៀនសូត្រ និងត្រូវចេះម្ចាស់ការលើដំណើរជីវិតរបស់ខ្លួន។ ទន្ទឹមនឹងការលើកទឹកចិត្តយុវជន ពិសេសយុវជនគោលដៅ ១,៥លាននាក់ ខិតខំសិក្សារៀនសូត្រ សម្ដេចធិបតី ក៏បានបញ្ជាក់ថា ក្រៅតែពីយុវជនផ្ទាល់ សាលារៀន គ្រួសារ និងសហគមន៍ គឺមានសារសំខាន់ណាស់ក្នុងការជួយជំរុញលើកទឹកចិត្តសិស្សានុសិស្សឱ្យមានស្មារតីខិតខំសិក្សារៀនសូត្ររហូតបានសម្រេចគោលដៅរបស់ខ្លួន៕

រាជរដ្ឋាភិបាលកម្ពុជាតែងចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូដ៏ល្អ ពុំដែលបិទសិទ្ធិសេរីភាពនោះទេ ខណៈបច្ចុប្បន្ននៅកម្ពុជាមានអង្គការសង្គមស៊ីវិលជិត៤ពាន់អង្គភាព

2026/07/02 08:54:42 pm        151
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកអង្គការសង្គមស៊ីវិលទាំងអស់ដែលបានជួយកម្ពុជាពិតប្រាកដ ជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល និងពុំដែលត្រូវបានបិទសិទ្ធិសេរីភាពឡើយ ផ្ទុយទៅវិញមានតែជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ខណៈមកទល់បច្ចុប្បន្ននេះនៅកម្ពុជាមានអង្គការសមាគម សង្គមស៊ីវិលសរុបជិត ៤ពាន់អង្គភាពដែលកំពុងប្រតិបត្តិការ និងទទួលបានការសហការ និងគាំទ្រពីរាជរដ្ឋាភិបាល ។ក្នុងឱកាសអញ្ជើញអបអរខួប៣០ឆ្នាំ របស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត ជាង៥០០នាក់ នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែគាំទ្រដល់អង្គការសង្គមស៊ីវិលក្នុងការធ្វើជាដៃគូដ៏ល្អ និងពិតប្រាកដ ខណៈបណ្តាអង្គការទាំងនេះ ក៏ដូចជាអង្គការដើម្បីញញឹមនៃកុមារ (PSE) នេះជាដើម បានជួយកែប្រែអនាគតកុមារកម្ពុជាជាច្រើនឱ្យទទួលបានសិទ្ធិអប់រំ សិទ្ធិថែទាំងសុខភាព និងសិទ្ធិសេរីភាពជាច្រើនទៀត ដែលនេះគឺជាសិទ្ធិសេរីភាពពិតប្រាកដ។ក្នុងឱកាសនោះ សម្ដេចធិបតី បានច្រានចោលនូវការលើកឡើងមួយចំនួន ដែលចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាបានបិទសិទ្ធិ ឬរឹតត្បិតសកម្មភាពរបស់អង្គការសង្គមស៊ីវិល។ នៅក្នុងការច្រានចោលការចោទប្រកាន់មកលើរដ្ឋាភិបាលបែបនេះ សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា ផ្ទុយទៅវិញ រាជរដ្ឋាភិបាលតែងតែបើកទូលាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអង្គការសង្គមស៊ីវិលណា ដែលពិតជាបានបំពេញការងាររបស់ខ្លួនប្រកបដោយតម្លាភាព ស្មោះត្រង់ និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមជាតិ ជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស។ តួយ៉ាងដូចជាអង្គការ PSE បានទទួលការគាំទ្រពីរដ្ឋាភិកបាលយ៉ាងខ្លាំង ព្រោះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះ កុមារក្រីក្រ និងផ្ដល់ឱកាសអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងការងារសមរម្យដល់យុវជនកម្ពុជាអស់រយៈពេលបីទសវត្សរ៍មកហើយ។សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «មានការយល់ច្រឡំជាពិសេសការលើកឡើងក្នុងបណ្ដាសារព័ត៌មានមួយចំនួន ចោទថារដ្ឋាភិបាលមិនលើកទឹកចិត្ត ដល់អង្គការសង្គមស៊ីវិល បិទសេរីភាព បិទស្អីៗមិនឲ្យគេធ្វើការ។ អត់ទេ! រឿងអង្គមួយក្ដាប់តូច រឿងបញ្ចេញមតិ រឿងអីណា ជារឿងមួយ ធ្វើសកម្មភាពនៅក្នុងច្បាប់ ប៉ុន្តែយើងមាន៣,០០០សមាគមន៍ ៣,៥០០ NGO ៦,០០០ជាងដែលធ្វើការនៅទូទាំងប្រទេសដែលបានចុះឈ្មោះ មួយចំនួនបានបិទហើយរាប់ពាន់ NGO សង្គមស៊ីវិល ដែលជាដៃគូរដ៏ល្អរបស់រដ្ឋាភិបាល។ ដៃគូបែបនេះ រដ្ឋាភិបាលមានទៅបិទសិទ្ធិអី? មានតែសូមជួយឲ្យថែមទៀត ជួយឲ្យរីកចម្រើនថែមទៀត ព្រោះធ្វើពិតប្រាកដ»។ជាមួយគ្នានេះសម្ដេចបានចោទជាសំណួរថា៖ «តើអង្គការ PSE ដែលធ្វើការអប់រំបណ្ដុះបណ្ដាល អត់មានតម្លៃស្មើនឹងអង្គការមួយ ដែលជ្រកក្រោមស្លាក ហើយទៅស្រែករឿងនេះរឿងនោះទេ? អត់ទេ។ អង្គការសង្គមស៊ីវិល ដែលធ្វើការពិតប្រាកដ ផ្ដល់សិទ្ធិសេរីភាពដល់ពលរដ្ឋពិប្រាកដ។ តើសិទ្ធិសេរីភាពយើងចង់និយាយពីអ្វី? មិនមែនសិទ្ធិ សម្រាប់ឡើងជេ ឡើងបាតុកម្មទេ តែសិទ្ធិដើម្បីទទួលបានការអប់រំ អាហ្នឹងជាសិទ្ធិរបស់មនុស្ស។ សិទ្ធិទទួលបានការថែទាំសុខភាព សិទ្ធិរបស់មនុស្ស សិទ្ធិទទួលបានការថែទាំសុខមាលភាពផ្សេងៗ អានេះជាសិទ្ធិមនុស្ស។ សិទ្ធិមូលដ្ឋាន សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការថែទាំសុខភាពត្រឹមត្រូវ។ នេះហើយជាអង្គការផ្ដល់សិទ្ធិមូលដ្ឋាន បណ្ដុះបណ្ដាលធនធានមនុស្ស ឲ្យមានសិទ្ធិសេរីភាព មានចំណេះដឹង គឺមានសេរីភាព»។ សម្រាប់សម្ដេចធិបតីថ្លែងថា ការអប់រំបណ្ដុះបណ្ដាល គឺជាការផ្ដល់នូវសិទ្ធិមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋ នៅពេលប្រជាពលរដ្ឋមានចំណេះដឹង ប្រជាពលរដ្ឋនឹងមានសមត្ថភាពក្នុងការគិត ការប្រកបរបរចិញ្ចឹមជីវិតបានដោយឯករាជ្យ និងអាចរៀបចំផែនការអនាគតរបស់ខ្លួនបាន មិនមែនគ្រាន់តែជាសិទ្ធិដែលនិយាយកាន់ក្បាលមេក្រូរឿងផ្សេងៗនោះទេ។ ជាមួយគ្នានេះ សម្ដេចក៏បានប្រកាសស្វាគមន៍រាល់អង្គការសង្គមស៊ីវិលទាំងឡាយណា ដែលធ្វើការពិតប្រាកដ ជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដូចជាអង្គការ PSE នេះជាដើម។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានអំពាវនាវដល់អង្គការសង្គមស៊ីវិលទាំងអស់ ឲ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា ដើម្បីរួមចំណែកដោះស្រាយបញ្ហាសង្គម និងជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយសុចរិតភាព និងស្ថាបនាពីគ្រប់ភាគីទាំងអស់ ដើម្បីកសាងសង្គមកម្ពុជាមួយដែលកាន់តែប្រសើរឡើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM