ក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង​
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
តំណាងអយ្យការចោទប្រកាន់ រតនៈ ពិសាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្រោយបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧
អ្នករាយការណ៍ពិសេស UN ៖ ជនភៀសសឹកកម្ពុជាគួរត្រូវបានត្រឡប់ទៅភូមិឋានវិញដោយគ្មានការរារាំង

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦

2026/07/01 08:25:06 pm        348
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ ក្រោមពាក្យស្លោក "ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅ កាន់ភាពយន្តខ្នាតវែង"។លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ ប្រារព្ធឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់យុវជនក្នុងការអភិវឌ្ឍ សមត្ថភាព និងការបញ្ចេញគំនិតច្នៃប្រឌិត តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស ដែលជាជំហ៊ានក្លាយជាផលិតករ ភាពយន្ត ព្រមទាំងរួមចំណែកអភិវឌ្ឍឧស្សាហកម្មភាពយន្តជាតិ ជាផ្នែកសំខាន់មួយនៃឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ ដែលមានតួនាទីលើកស្ទួយសេដ្ឋកិច្ច និងពង្រឹងអត្តសញ្ញាណជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។សូមបញ្ជាក់ផងដែរថា៖ ខ្លឹមសារគោលនៃរឿង ក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ នឹងជ្រើសរើសខ្លឹមសារគោលសម្រាប់ការ ចូលរួមប្រកួតប្រជែង ដូចខាងក្រោម៖ ១.វប្បធម៌ / ការអភិវឌ្ឍសង្គម។ ខ្លឹមសារនៃសាច់រឿងត្រូវឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម និងបង្កប់ដោយអត្តសញ្ញាណជាតិ រួមមានចំណេះ ដឹង ជំនឿសាសនា សិល្បៈប្រពៃណីទំនៀមទម្លាប់ ដែលទាក់ទងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ២.ភាពច្នៃប្រឌិតនិងការបង្កើតថ្មី ផ្តោតលើភាពស្រមើស្រមៃ បំណងប្រាថ្នា អារម្មណ៍ផ្លូវចិត្ត ការស្រឡាញ់ និងទំនាក់ទំនងក្នុងសង្គម ដោយបង្កប់នូវគំនិតទស្សនវិជ្ជា និងបច្ចេកវិជ្ជាថ្មីៗ។ លក្ខខណ្ឌចូលរួម គ្រប់ស្នាដៃភាពយន្តខ្នាតខ្លីទាំងអស់ដែលដាក់ចូលរួមប្រកួតប្រជែងក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លី កម្ពុជាលើកទី៥ ឆ្នាំ២០២៦ ត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖១- ស្នាដៃដែលផលិតដោយអ្នកនិពន្ធ និងអ្នកដឹកនាំរឿង ជាជនជាតិខ្មែរ, ២- ស្នាដៃដែលបានផលិតក្រោយពី ខែមករា ឆ្នាំ២០២៤, ៣- ស្នាដៃដែលមានថិរវេលាបញ្ចាំងមិនលើសពី៣០នាទី (គិតបញ្ចូលទាំង Ending Credits), ៤- ស្នាដៃដែលរួមបញ្ចូល៖ ភាពយន្ត (Fiction), ភាពយន្តឯកសារ (Documentary), គំនូរជីវចល ដែលផលិតជាទម្រង់ឌីជីថល, ៥- ស្នាដៃភាពយន្តខ្នាតខ្លីត្រូវមានចំណងជើងរង ជាភាសាអង់គ្លេស, ៦- ស្នាដៃភាពយន្តខ្នាតខ្លី ដែលពុំធ្លាប់ចូលរួមប្រកួតប្រជែងក្នុងមហោស្រពភាពយន្តជាតិខ្នាតខ្លីកន្លងមក។ កាលបរិច្ឆេទរៀបចំពិធីបើកមហោស្រព នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ និងពិធីបិទនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ៕អត្ថបទ រដ្ឋា  

កម្ពុជា-អាមេរិក ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគី

2026/07/01 08:17:19 pm        317
ភ្នំពេញ៖ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសហរដ្ឋអាមេរិក នៅ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ បានចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគីរបស់ប្រទេសទាំងពីរ។ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយ ឯកឧត្តម Cristopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នាវេលាម៉ោង ៣រសៀល (ម៉ោងនៅសហរដ្ឋអាមេរិក) កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅក្រសួងការបរទេស ទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។កិច្ចព្រមព្រៀងនេះធ្វើឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគីរបស់ប្រទេសទាំងពីរ ហើយ កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូង រវាងប្រទេសទាំងពីរ ដែលនឹងនាំមកនូវការទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងសហរដ្ឋអាមេរិក កាន់តែឈានទៅរកស្តង់ដាទំនើបខ្ពស់បំផុត។ សមិទ្ធផលដ៏សំខាន់នេះ គឺជាលទ្ធផលបន្ទាប់ពីក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (U.S. International Development Finance Corporation - DFC's) បានអនុម័តកាលពីពេលថ្មីៗនេះ នូវការផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន ១០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់អាកាសយានដ្ឋាន ថ្មីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នៅរាជធានីភ្នំពេញ ដោយបញ្ជាក់ពីការរីកលូតលាស់នៃ ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា-សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងបើកចំហជើងមេឃ ក៏អនុញ្ញាតឱ្យក្រុមហ៊ុន អាកាសចរណ៍ផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសកាន់តែមានតម្លៃសមរម្យ ងាយស្រួល និងមានប្រសិទ្ធភាពដល់អ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូន ពិសេសលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងនេះ ក៏អនុញ្ញាតឱ្យមានការអនុវត្តសិទ្ធិហោះហើរទី៧ លើការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនអាចប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសទីបី ដែលគ្មានទំនាក់ទំនងប្រតិបត្តិការជាមួយកម្ពុជា។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកចំហជើងមេឃនេះនឹងបើកទីផ្សារ និងផ្តល់លទ្ធផលសម្រាប់ធុរកិច្ច អ្នកបម្រើការងារ ព្រមទាំងអ្នកដំណើរកម្ពុជា និងអាមេរិកទាំងអស់។ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិ បណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជានៅតែប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ជាមួយប្រទេសជាដៃគូក្នុងការបន្តចរចាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសបន្ថែមទៀត និងការពង្រឹងក្របខ័ណ្ឌអាកាសចរណ៍ទ្វេភាគី ដែលមានស្រាប់៕ អត្ថបទ៖ ធូ វិរៈ 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ គិតត្រឹមថ្ងៃទី៣០មិថុនា មូលនិធិគន្ធបុប្ផា​ទទួល​បាន​ថវិកា​បរិច្ចាគ​ប្រមាណ ៦ ៣៨២ ០០០ ដុល្លារ​ពីសប្បុរសជនជាង ៣៥ ម៉ឺននាក់ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦

2026/07/01 07:33:32 pm        170
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ដែលជាថ្ងៃបិទបញ្ចប់យុទ្ធនាការ, មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រមាណ ៦ ៣៨២ ០០០ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួនជាង ៣៥ ម៉ឺននាក់ ដែលបានបរិច្ចាគក្នុង យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦។ ក្នុងកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែង​អំណរគុណដល់ពុកម៉ែបងប្អូន និងអរព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធគន្ធបុប្ផា ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក និងកុមារ ក៏ដូចជាស្ត្រីមានផ្ទៃពោះនៅកម្ពុជា។ លោកជំទាវបណ្ឌិត​បានមានប្រសាសន៍ថា មូលនិធិគន្ធបុប្ផាកម្ពុជានៅតែត្រូវការការចូលរួមបរិច្ចាគពីពុកម៉ែ បងប្អូន និងព្រះសង្ឃគ្រប់ព្រះអង្គ ដើម្បីឱ្យមន្ទីរពេទ្យគន្ធបុប្ផាអាចនៅបន្តបេសកកម្មនាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា ទោះបីជាបន្ទាប់ពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ ត្រូវបិទបញ្ចប់ក៏ដោយ៕

សម្ដេចធិបតី៖ ពីរឆ្នាំមកនេះ ទិន្នផលត្រីមានកំណើនច្រើន ក្រោយមានការបង្ក្រាបបទល្មើស និងអភិរក្សបានល្អ

2026/07/01 07:30:04 pm        212
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥ លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ក្រោយមានការបង្ក្រាបបទល្មើសនេសាទតឹងរឹងពីអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដោយមានការចូលរួមប្រតិបត្តិការពីយោធាផងនោះ រយៈពេលពីរឆ្នាំមកនេះធ្វើឱ្យផលត្រីមានកំណើនច្រើន។ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងកោតសរសើរដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្ដីជលផល អាជ្ញាធររាជធានី-ខេត្ត និងប្រជាសហគមន៍នេសាទ ក៏ដូចជាកងកម្លាំងយោធា ដែលបានរួមគ្នាទប់ស្កាត់ រាយការណ៍ និងបង្ក្រាបបានទាន់ពេលវេលាចំពោះករណីបទល្មើសនេសាទនៅទូទាំងប្រទស ជាពិសេសនៅតំបន់បឹងទន្លេសាប។ សម្ដេចធិបតីបានគត់សម្គាល់ឃើញថា បើសិនជាគ្មានការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលាទេ ចំពោះបទល្មើសនេសាទ ដូចជាបទល្មើសប្រើប្រាស់ឧបករណ៍ឆក់ត្រីជាដើមនោះនឹងបំផ្លាញទៅដល់ធនធានត្រីមេពូជ ជាពិសេសត្រីពងក្នុងរដូវបិទឡូត៍នេសាទ ដែលប្រភេទត្រីមេពូជទាំងនេះក្នុងមួយក្បាលមានពងកូនរហូតដល់រាប់ពាន់ក្បាល ហើយបើអភិរក្ស ថែរក្សាបានល្អត្រីមេពូជទាំងនេះនឹងផ្ដល់ផលជាច្រើនទៅដល់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងនាំឱ្យមានកំណើនទិន្នផលត្រីជារៀងរាល់ឆ្នាំផងដែរ។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ២០២៥ ផលជលផលទទួលបានសរុបជាង ៩៧ ម៉ឺនតោន កើនឡើង ៥,៦% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ ផលនេសាទទឹកសាបមានជាង ៥១ ម៉ឺនតោន (កើនឡើង១០%) ផលនេសាទសមុទ្រមានជាង ១៤ម៉ឺនតោន និងផលវារីវប្បកម្មមានជាង ៣២ ម៉ឺនតោន។ ការកើនឡើងនូវផលនេសាទទឹកសាបនេះ ក៏ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន ដែលបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការលុបបំបាត់ការនេសាទខុសច្បាប់ ធានាបាននូវការកើនឡើងផលស្តុកត្រី និងការការពារប្រព័ន្ធអេកូឡូស៊ីទន្លេប្រកបដោយនិរន្តរភាព៕  

ក្រសួងសេដ្ឋកិច្ចឱ្យបញ្ឈប់រាល់ការផ្តល់ ឬប្តូរជារង្វាន់លើផលិតផលគ្រឿងស្រវឹងចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត

2026/07/01 07:28:00 pm        234
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្ដីណែនាំសម្រេចឱ្យបញ្ឈប់រាល់ការផ្តល់ ឬប្តូរជារង្វាន់លើផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ គិតចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។ យោងតាមសេចក្តីណែនាំស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដើម្បីអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់ នាយក បណ្ណាធិការ និងកម្មសិទ្ធិករ សហគ្រាសផលិត នាំចូល និងចែកចាយផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករទាំងអស់ ព្រមទាំងសាធារណជនថា៖ ១. ការបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់៖ បញ្ឈប់ទាំងស្រុងរាល់ការផ្តល់ ឬប្តូរជារង្វាន់ តាមរយៈក្រវិលកំប៉ុង គម្របដប ឬរង្វាន់ក្នុងទម្រង់ផ្សេងៗ ដែលភ្ជាប់ឬ មិនភ្ជាប់នឹងកំប៉ុង ដប សំបកវេចខ្ចប់ ឬកេសផលិតផល ជាអាទិ៍មាន ការចាប់ឆ្នោត កាតកោស គូប៉ុង បណ្ណប្តូររង្វាន់ យ្យអកូដ (QR CODE) និងកម្មវិធីរង្វាន់ឌីជីថលផ្សេងៗ ជាដើម ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។ មិនអនុញ្ញាតឱ្យមានការចែកចាយ ឬផ្តល់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដោយឥតគិតថ្លៃ។ គ្រប់សហគ្រាសទាំងអស់ រួមទាំង សហគ្រាសផលិត និងអ្នកចែកចាយបន្ត ត្រូវបញ្ឈប់រាល់ការបញ្ជាទិញ ទិញ នាំចូល ឬ ផលិតថ្មីនូវ ក្រវិលកំប៉ុង គម្របដប ឬសំបកវេចខ្ចប់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដែលមានរង្វាន់ ឬដាក់រង្វាន់ក្នុងកេសផលិតផលទាំងនោះបន្តទៀត ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ។ ២. ការអនុញ្ញាតលក់បញ្ចុះតម្លៃពាណិជ្ជកម្ម (Trade Discount)៖ អនុញ្ញាតឱ្យមានការជំរុញនិងលើកទឹកចិត្តផ្នែកពាណិជ្ជកម្មតាមរយៈការលក់បញ្ចុះតម្លៃពាណិជ្ជកម្ម (Trade Discount) ការជរុញនឹងលើកទឹកចិត្តផ្នែកពាណិជ្ជកម្មត ដោយកំណត់មិនឱ្យលើសពី ១៥ ១៥% នៃថ្លៃលក់កត់ត្រាលើវិក្កយបត្រ និងមិនត្រូវលើសពី ២៥% នៃថ្លៃលក់កត់ត្រាលើវិក្កយបត្រ ចំពោះផលិតផលជិតផុតសុពលភាពប្រើប្រាស់ ដែលមានអាយុកាលមិនលើសពី ៦០ថ្ងៃ មុនថ្ងៃផុតកំណត់ ដោយត្រូវជូនដំណឹង មកអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមុន ។ ៣. អត្ថប្រយោជន៍ផ្សេងៗក្រៅពីផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ៖ អនុញ្ញាតឱ្យមានការលក់ដោយមានបន្ថែមអត្ថប្រយោជន៍ផ្សេងៗជាទំនិញឬសេវាផ្សេងៗក្រៅពីផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ជាអាទិ៍មាន កែវ ឆត្រ ធុងទឹកកក ដបទឹក អាវ មួក ឬកញ្ចប់ដំណើរកម្សាន្ត ជាដើម ដែលមានតម្លៃ មិនលើសពី ៥% នៃថ្លៃលក់កត់ត្រាលើ​វិក្កយបត្រ​៕

សម្តេចធិបតី បញ្ជាឱ្យស៊ើបអង្កេតរកមុខជនបំផុសបំផុលប្រជាពលរដ្ឋឱ្យចេញឆក់ត្រីនៅបឹងទន្លេសាប

2026/07/01 07:21:54 pm        138
ក្នុងឱកាស អញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥ លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ចត្រូវស៊ើបអង្កេតរកមុខជនដែលបានបំផុសបំផុលឱ្យប្រជាពលរដ្ឋរាប់រយនាក់ចេញទៅឆក់ត្រីនៅបឹងទន្លេសាប ហើយចាំទទួលទិញផលត្រីពីការឆក់បាននោះ ខណៈទង្វើនេះគឺជាបទល្មើសនេសាទ និងបំផ្លាញទៅដល់មច្ឆជាតិរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា កាលពីមុនធ្លាប់មានមេខ្យល់អ្នកបំផុសឱ្យពលរដ្ឋទៅចាប់ដីដោយខុសច្បាប់នៅតាមបណ្ដាខេត្ត ប៉ុន្ដែឥឡូវមានមេខ្យល់មកបំផុសបំផុលឱ្យពលរដ្ឋរាប់រយនាក់ប្រើប្រាស់ឧបករណ៍ឆក់ត្រី ទៅឆក់ត្រីនៅបឹងទន្លេសាបហើយនៅពេលឆក់បានពួកគេចាំទិញត្រីពីពលរដ្ឋ ប៉ុន្ដែបើអាជ្ញាធរ ឬសមត្ថកិច្ចចាប់បានប្រជាពលរដ្ឋជាអ្នកប្រឈមមុខចំពោះផ្លូវច្បាប់ដោយខ្លួនឯង។ ដូច្នេះសម្ដេចបានបញ្ជាឱ្យស៊ើបអង្កេត ស្វែងរកចាប់មេខ្យល់ដែលបំផុសបំផុលនេះឱ្យបានកុំឱ្យរួចខ្លួន។សូមជម្រាបថា ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេស ត្រូវបន្តអភិរក្សត្រីមេពូជ និងវារីសត្វកំពុងរងគ្រោះ។ ទន្ទឹមនេះ ក្រសួងក៏ត្រូវបន្តធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងចាត់វិធានការណ៍ច្បាប់ម៉ឹងម៉ាត់ ចំពោះការផលិត ចែកចាយ និងប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លាញធ្ងន់ធ្ងរ ដូចជា ឧបករណ៍ឆក់ និងស្បៃមុងជាដើម៕  

ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ តទៅប្រជាពលរដ្ឋខ្មែរចំណាកស្រុក​អាចធ្វើអត្ត​សញ្ញាណបណ្ណសញ្ជាតិខ្មែរ​នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្តតែម្ដង

2026/07/01 07:16:40 pm        253
ភ្នំពេញ៖ក្នុងស្ថានភាពជាក់ស្តែងបច្ចុប្បន្ន ក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរចំណាកស្រុកមួយចំនួន បាននិងកំពុងប្រកបការងារ ឬមុខរបរ ឬបន្តការសិក្សា នៅក្រៅរាជធានី ខេត្ត នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន ហើយប្រជាពលរដ្ឋខ្មែរទាំងនោះពិបាកក្នុងការទៅស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដំបូង ឬទុតិយតា ករណីអស់សុពលភាព បាត់បង់ ឬខូចខាត នៅមូលដ្ឋានដើមវិញ ដែលជាហេតុនាំឱ្យពួកគាត់ មិនមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រើប្រាស់ទាន់ពេលវេលា និងស្របតាមតម្រូវការផ្ទាល់ខ្លួន។ នេះបើយោងតាមសេចក្តីណែនាំចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ស្តីពីការដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក ។ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឱ្យបានកាន់តែប្រសើរជូនប្រជាពលរដ្ឋស្របតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីដោះស្រាយបញ្ហាប្រឈម ខាងលើ ក្រសួងមហាផ្ទៃសម្រេចដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តា ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនដល់ប្រជាពលរដ្ឋខ្មែរចំណាកស្រុក ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ។ មានន័យថា ប្រជាពលរដ្ឋខ្មែរចំណាកស្រុកទាំងពីរភេទ អាចទៅស្នើសុំផ្តល់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរដំបូង ឬទុតិយតា ករណីអស់សុពលភាព បាត់បង់ ឬខូចខាត នៅតាមបណ្តាស្នងការដ្ឋាន នគរបាលរាជធានី ខេត្តណាមួយក៏បាន ដោយពុំចាំបាច់ត្រឡប់ទៅលំនៅឋានដើមឡើយ។ ឧទាហរណ៍៖ ប្រជាពលរដ្ឋមានលំនៅឋានអចិន្ត្រៃយ៍នៅខេត្តរតនគិរី ហើយបានទៅប្រកបការងារនៅខេត្តព្រៃវែង អាចស្នើសុំ ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបាន៕   

សម្ដេចធិបតី៖ រដ្ឋាភិបាលចាត់ទុកវិស័យកសិកម្មគឺជាក្រពះ និងមច្ឆជាតិ គឺជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ

2026/07/01 06:57:45 pm        153
ក្នុងឱកាស អញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥ លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មគឺជាក្រពះរបស់ជាតិ ហើយមច្ឆជាតិ គឺជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ។ ក្នុងឱកាសនោះសម្ដេចធិបតី បានថ្លែងថា ទិវាមច្ឆាជាតិត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងបំផុសស្មារតី និងចលនាជាតិឱ្យចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យជលផលប្រកបដោយនិរន្តរភាព។ ខណៈដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការគន្លឹះ និងយុទ្ធសាស្ត្រសំខាន់ៗ តាមរយៈការកែទម្រង់ក្របខ័ណ្ឌច្បាប់ និងការបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងធានាថាធនធានជលផលនៅតែសម្បូរ សម្រាប់កូនចៅជំនាន់ក្រោយ។ សម្ដេចនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា៖«រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្ម គឺជា«ក្រពះរបស់ជាតិ» ខណៈមច្ឆជាតិ គឺជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ» ដោយសារមច្ឆជាតិ ជាប្រភពផ្តល់ប្រូតេអ៊ីនមិនចេះរីងស្ងួត និងអាចរក្សាទុកបាន ហើយមច្ឆជាតិក៏ជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាជនគ្រប់ស្រទាប់ និងសម្បូរទៅដោយមីក្រូសារធាតុ និងអាហារូបតម្ភផងដែរ។បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ២០២៥ ផលជលផលទទួលបានសរុបជាង ៩៧ ម៉ឺនតោន កើនឡើង ៥,៦% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ ផលនេសាទទឹកសាបមានជាង ៥១ ម៉ឺនតោន (កើនឡើង១០%) ផលនេសាទសមុទ្រមានជាង ១៤ម៉ឺនតោន និងផលវារីវប្បកម្មមានជាង ៣២ ម៉ឺនតោន។ ការកើនឡើងនូវផលនេសាទទឹកសាបនេះ ក៏ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន ដែលបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការលុបបំបាត់ការនេសាទខុសច្បាប់ ធានាបាននូវការកើនឡើងផលស្តុកត្រី និងការការពារប្រព័ន្ធអេកូឡូស៊ីទន្លេប្រកបដោយនិរន្តរភាព៕ 

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស មានការចូលរួមផ្ទាល់ និងតាមអនឡាញពីសំណាក់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនីប្រទេសសមាជិក ៥៣ប្រទេស

2026/07/01 05:53:42 pm        138
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសំណាក់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ពីប្រទេសសមាជិកចំនួន៥៣ប្រទេស។សន្និសីទនេះនឹងត្រូវចែកជាពីរវគ្គយុទ្ធសាស្ត្រផ្សេងពីគ្នា៖ វគ្គទី១៖ ការធ្វើបទបង្ហាញរបស់បេក្ខជនសម្រាប់តំណែងអគ្គលេខាធិការអង្គការហ្រ្វង់កូហ្វូនី (OIF) និងកិច្ចសន្ទនាឆ្លងឆ្លើយ ។ បេក្ខជននិមួយៗតម្រូវបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការដឹកនាំនិងការធ្វើកិច្ចសន្ទនាជាមួយគណៈប្រតិភូ។ វគ្គទី២៖ កិច្ចប្រជុំចង្អៀត សម្រាប់រដ្ឋមន្ត្រី/ប្រធានគណៈប្រតិភូ ធ្វើការពិភាក្សាសរុបមតិយោបល់ និងអនុសាសន៍ ដាក់ជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលរបស់ខ្លួន សម្រេចជាចុងក្រោយលើតំណែងអគ្គលេខាធិការនេះ។ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមប្រធានបទ៖ "ប្តេជ្ញាបន្តការពារសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង" ក្នុងពេលឆាប់ៗខាងមុននេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះដើម្បីទទួលស្វាគមន៍ និងផ្តល់បដិសណ្ឋារកិច្ចកក់ក្តៅដល់គ្រប់គណៈប្រតិភូអន្តរជាតិ អញ្ជើញមកកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្រោមកិច្ចសហការជិតស្និទ្ធពីគ្រប់ដៃគូទាំងអស់ ដើម្បីធានាឲ្យកិច្ចប្រជុំកំពូលខាងលើ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ ប្រព្រឹត្តទៅដោយរលូន ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងជោគជ័យ។ នៅល្ងាចថ្ងៃដដែលនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរៀបចំពិធីជប់លៀងជូនគណៈប្រតិភូដែលអញ្ជើញចូលរួមសន្និសីទខាងលើ នៅនិវេសនដ្ឋានរបស់ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីសផងដែរ។ 

ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូល​របស់ខ្លួន​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់សម្រេចបានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន

2026/07/01 05:15:46 pm        222
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ សម័យ​ប្រជុំរដ្ឋសភានាពេលនេះ មានរបៀបវារៈចំនួនពីររួមមាន៖ ទី១៖ ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧។ ទី២៖ របាយការណ៍សង្ខេបស្ដីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៧។ ក្នុងព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនរដ្ឋសភា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានថ្លែងនូវសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅចំពោះបងប្អូនជនរួមជាតិ។ ជាមួយគ្នានេះ ព្រះករុណាជីវិតលើត្បូង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះរដ្ឋសភាក៏ដូចជារាជរដ្ឋាភិបាល ដែលបានបំពេញតួនាទីភារកិច្ច របស់ខ្លួនទទួលបានលទ្ធផលជាទីមោទនៈបំផុត ក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។ ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានមានព្រះរាជអង្គការថា ក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងរយៈពេលកន្លងមកនេះ រដ្ឋសភាបានបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន។ ការបំពេញតួនាទីស្នូលរបស់រដ្ឋសភាប្រកបដោយគណនេយ្យភាពខ្ពស់ គឺស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងច្បាប់មានជាធរមានផ្សេងៗទៀត។ ព្រះករុណាជាអម្ចាស់ បានមានព្រះរាជបន្ទូលថា ការអនុម័តច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការផ្តល់សច្ចាប័នលើអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) កាលពីពេលថ្មីៗនេះ ពិតជាសមស្រប និងមានសារៈសំខាន់បំផុត ក្នុងការអនុវត្តការពង្រឹងខឿនការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដី ព្រមទាំងពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ដែនសមុទ្រ និងធនធានសមុទ្រ ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយៗទៀត។ សមាជិក សមាជិការដ្ឋសភាគ្រប់រូប បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេសយ៉ាងសស្រាក់សស្រាំ ដោយបានសិក្សាស្វែងយល់អំពីសុខទុក្ខ ក្តីកង្វល់ តម្រូវការ និងដោះស្រាយបញ្ហាប្រឈម ព្រមទាំងសំណូមពរនានា ជាពិសេសបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្មារតីរួមសាមគ្គីគ្នាជាមហាគ្រួសារខ្មែរ និងឯកភាពជាតិ តាមរយៈការជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្តដល់កងកម្លាំងវីរយុទ្ធជនការពារជាតិជួរមុខ និងជនភៀសសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែន ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការឆ្លើយតបទាំងនៅកម្រិតថ្នាក់ជាតិ និងអន្តរជាតិ ដោយមធ្យោបាយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ចំពោះការឈ្លានពានពីសំណាក់ប្រទេសជិតខាង។ ការណ៍នេះ បានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីកម្លាំងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ជាប្រជាជាតិដែលស្នេហាសន្តិភាព ស្អប់ខ្ពើមសង្រ្គាម និងគោរពច្បាប់អន្តរជាតិ។ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានសម្រេចនូវសមិទ្ធផលធំធេងគួរជាទីមោទនៈ ជាពិសេសការបន្តធានារក្សាបាននូវសុខសន្តិភាព ស្ថិរភាពផ្ទៃក្នុងប្រទេសយ៉ាងពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងរក្សាបាននូវលំនឹងម៉ាក្រូសេដ្ឋកិច្ច លើកស្ទួយជីវភាពប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ តាមរយៈការទាក់ទាញការវិនិយោគ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើតឱកាសការងារ ការបង្កើនសមត្ថភាពនៃការផលិត ការពង្រឹងខ្សែច្រវ៉ាក់នៃការផលិត និងការប្រើប្រាស់ផលិតផលក្នុងស្រុក។ ព្រះករុណាជាអម្ចាស់ បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមបន្តរួបរួមគ្នាជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ក្រោមស្មារតីស្នេហាជាតិស្មោះស្ម័គ្រ ជឿជាក់ និងគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងកសាងមាតុភូមិនៃយើងឱ្យកាន់តែរីកចម្រើនជឿនលឿនថែមទៀត ដោយត្រូវបន្តធ្វើកំណែទម្រង់ និងទំនើបកម្មស្ថាប័នរដ្ឋ ដោយយកពលរដ្ឋជាស្នូល។ ចំពោះលទ្ធលការងារ៣ខែ ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦វិញ ថ្នាក់ដឹកនាំរដ្ឋសភា សមាជិក សមាជិកាទំាងអស់បានបំពេញតួនាទីប្រកបដោយភាពបុរេសកម្ម និងស្មារតីទទួលខុសត្រូវ សម្រេចបានលទ្ធផលគួរជាទីមោទនៈ លើមុខងារនីតិកម្ម មុខងារភាពជាតំណាង និងមុខងារតាមដានការអនុវត្តច្បាប់ ព្រមទំាងការងារការទូតសភា។ នៅក្នុងនោះលើមុខងារនីតិកម្មរយៈពេលបីខែមកនេះ រដ្ឋសភាបានអនុម័តច្បាប់សំខាន់ៗ មានច្បាប់ស្តីពីកាតព្វកិច្ចយោធា ច្បាប់ស្តីពីការយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សភាជិកសភា​អាមេរិកជំរុញឱ្យកោះ​តៃវ៉ាន់អនុម័តច្បាប់យានដ្រូន​ ដោយព្រមានថា «ពេលវេលាខ្លីណាស់»
07/31/2026 07:07 PM
ក្រុមអ្នកជំនាញអះអាងថា ទឹកបឹង Constance របស់អាល្លឺម៉ង់ ស្រកដល់កម្រិតទាបជាប្រវត្តិសាស្រ្ត
07/31/2026 07:07 PM
នីហ្សេរីយ៉ា បំផ្លាញអាវុធខុសច្បាប់ ២.៨១៩ដើម ដែលរឹបអូសបាន អំឡុងពេលបង្ក្រាប
07/31/2026 07:07 PM
យន្តហោះកងទ័ពជើងទឹកអាមេរិក ចាក់ប្រេងឡើងវិញនៅលើអាកាស ខណៈល្បាតតំបន់មជ្ឈិមបូព៌ា
07/31/2026 07:07 PM
លោក Zelenskyy៖ រុស្ស៊ីចង់ឱ្យជម្លោះមជ្ឈិមបូព៌ាបន្ត ដើម្បី​បន្ថយការ​គាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែន
07/31/2026 06:07 PM
អ៊ីរ៉ង់ព្រមានថា អ៊ីស្រាអែលអាចរៀបចំប្រតិបត្តិការ «ទង់ជាតិក្លែងក្លាយ » បន្ទាប់ពីការវាយប្រហារលើកំពង់ផែអេហ្ស៊ីប
07/31/2026 06:07 PM
អ៊ីរ៉ង់ទាមទារឲ្យអង្គការសមុទ្រអន្តរជាតិថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើនាវារបស់ខ្លួន
07/31/2026 06:07 PM
IRGC៖ នាវាដឹកប្រេង ២គ្រឿងរង​ការ​​វាយប្រហារ ហើយ ៤គ្រឿងទៀត ត្រូវបក​ក្រោយ នៅច្រកសមុទ្រ Hormuz
07/31/2026 06:07 PM
ចិនធ្វើការល្បាត ក្នុងដែនទឹក នៅ​ភាគខាងកើតនៃកោះតៃវ៉ាន់
07/31/2026 06:07 PM
ក្រុមហ៊ូទីនៅយេម៉ែន បដិសេធការពាក់ព័ន្ធនឹងការវាយប្រហារដោយយានដ្រូនលើកំពង់ផែអេហ្ស៊ីប
07/31/2026 06:07 PM