សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស មានការចូលរួមផ្ទាល់ និងតាមអនឡាញពីសំណាក់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនីប្រទេសសមាជិក ៥៣ប្រទេស

2026/07/01 05:53:42 pm        138
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសំណាក់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ពីប្រទេសសមាជិកចំនួន៥៣ប្រទេស។សន្និសីទនេះនឹងត្រូវចែកជាពីរវគ្គយុទ្ធសាស្ត្រផ្សេងពីគ្នា៖ វគ្គទី១៖ ការធ្វើបទបង្ហាញរបស់បេក្ខជនសម្រាប់តំណែងអគ្គលេខាធិការអង្គការហ្រ្វង់កូហ្វូនី (OIF) និងកិច្ចសន្ទនាឆ្លងឆ្លើយ ។ បេក្ខជននិមួយៗតម្រូវបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការដឹកនាំនិងការធ្វើកិច្ចសន្ទនាជាមួយគណៈប្រតិភូ។ វគ្គទី២៖ កិច្ចប្រជុំចង្អៀត សម្រាប់រដ្ឋមន្ត្រី/ប្រធានគណៈប្រតិភូ ធ្វើការពិភាក្សាសរុបមតិយោបល់ និងអនុសាសន៍ ដាក់ជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលរបស់ខ្លួន សម្រេចជាចុងក្រោយលើតំណែងអគ្គលេខាធិការនេះ។ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមប្រធានបទ៖ "ប្តេជ្ញាបន្តការពារសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង" ក្នុងពេលឆាប់ៗខាងមុននេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះដើម្បីទទួលស្វាគមន៍ និងផ្តល់បដិសណ្ឋារកិច្ចកក់ក្តៅដល់គ្រប់គណៈប្រតិភូអន្តរជាតិ អញ្ជើញមកកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្រោមកិច្ចសហការជិតស្និទ្ធពីគ្រប់ដៃគូទាំងអស់ ដើម្បីធានាឲ្យកិច្ចប្រជុំកំពូលខាងលើ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ ប្រព្រឹត្តទៅដោយរលូន ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងជោគជ័យ។ នៅល្ងាចថ្ងៃដដែលនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរៀបចំពិធីជប់លៀងជូនគណៈប្រតិភូដែលអញ្ជើញចូលរួមសន្និសីទខាងលើ នៅនិវេសនដ្ឋានរបស់ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីសផងដែរ។ 

ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូល​របស់ខ្លួន​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់សម្រេចបានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន

2026/07/01 05:15:46 pm        222
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ សម័យ​ប្រជុំរដ្ឋសភានាពេលនេះ មានរបៀបវារៈចំនួនពីររួមមាន៖ ទី១៖ ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧។ ទី២៖ របាយការណ៍សង្ខេបស្ដីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៧។ ក្នុងព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនរដ្ឋសភា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានថ្លែងនូវសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅចំពោះបងប្អូនជនរួមជាតិ។ ជាមួយគ្នានេះ ព្រះករុណាជីវិតលើត្បូង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះរដ្ឋសភាក៏ដូចជារាជរដ្ឋាភិបាល ដែលបានបំពេញតួនាទីភារកិច្ច របស់ខ្លួនទទួលបានលទ្ធផលជាទីមោទនៈបំផុត ក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។ ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានមានព្រះរាជអង្គការថា ក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងរយៈពេលកន្លងមកនេះ រដ្ឋសភាបានបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន។ ការបំពេញតួនាទីស្នូលរបស់រដ្ឋសភាប្រកបដោយគណនេយ្យភាពខ្ពស់ គឺស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងច្បាប់មានជាធរមានផ្សេងៗទៀត។ ព្រះករុណាជាអម្ចាស់ បានមានព្រះរាជបន្ទូលថា ការអនុម័តច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការផ្តល់សច្ចាប័នលើអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) កាលពីពេលថ្មីៗនេះ ពិតជាសមស្រប និងមានសារៈសំខាន់បំផុត ក្នុងការអនុវត្តការពង្រឹងខឿនការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដី ព្រមទាំងពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ដែនសមុទ្រ និងធនធានសមុទ្រ ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយៗទៀត។ សមាជិក សមាជិការដ្ឋសភាគ្រប់រូប បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេសយ៉ាងសស្រាក់សស្រាំ ដោយបានសិក្សាស្វែងយល់អំពីសុខទុក្ខ ក្តីកង្វល់ តម្រូវការ និងដោះស្រាយបញ្ហាប្រឈម ព្រមទាំងសំណូមពរនានា ជាពិសេសបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្មារតីរួមសាមគ្គីគ្នាជាមហាគ្រួសារខ្មែរ និងឯកភាពជាតិ តាមរយៈការជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្តដល់កងកម្លាំងវីរយុទ្ធជនការពារជាតិជួរមុខ និងជនភៀសសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែន ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការឆ្លើយតបទាំងនៅកម្រិតថ្នាក់ជាតិ និងអន្តរជាតិ ដោយមធ្យោបាយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ចំពោះការឈ្លានពានពីសំណាក់ប្រទេសជិតខាង។ ការណ៍នេះ បានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីកម្លាំងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ជាប្រជាជាតិដែលស្នេហាសន្តិភាព ស្អប់ខ្ពើមសង្រ្គាម និងគោរពច្បាប់អន្តរជាតិ។ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានសម្រេចនូវសមិទ្ធផលធំធេងគួរជាទីមោទនៈ ជាពិសេសការបន្តធានារក្សាបាននូវសុខសន្តិភាព ស្ថិរភាពផ្ទៃក្នុងប្រទេសយ៉ាងពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងរក្សាបាននូវលំនឹងម៉ាក្រូសេដ្ឋកិច្ច លើកស្ទួយជីវភាពប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ តាមរយៈការទាក់ទាញការវិនិយោគ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើតឱកាសការងារ ការបង្កើនសមត្ថភាពនៃការផលិត ការពង្រឹងខ្សែច្រវ៉ាក់នៃការផលិត និងការប្រើប្រាស់ផលិតផលក្នុងស្រុក។ ព្រះករុណាជាអម្ចាស់ បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមបន្តរួបរួមគ្នាជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ក្រោមស្មារតីស្នេហាជាតិស្មោះស្ម័គ្រ ជឿជាក់ និងគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងកសាងមាតុភូមិនៃយើងឱ្យកាន់តែរីកចម្រើនជឿនលឿនថែមទៀត ដោយត្រូវបន្តធ្វើកំណែទម្រង់ និងទំនើបកម្មស្ថាប័នរដ្ឋ ដោយយកពលរដ្ឋជាស្នូល។ ចំពោះលទ្ធលការងារ៣ខែ ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦វិញ ថ្នាក់ដឹកនាំរដ្ឋសភា សមាជិក សមាជិកាទំាងអស់បានបំពេញតួនាទីប្រកបដោយភាពបុរេសកម្ម និងស្មារតីទទួលខុសត្រូវ សម្រេចបានលទ្ធផលគួរជាទីមោទនៈ លើមុខងារនីតិកម្ម មុខងារភាពជាតំណាង និងមុខងារតាមដានការអនុវត្តច្បាប់ ព្រមទំាងការងារការទូតសភា។ នៅក្នុងនោះលើមុខងារនីតិកម្មរយៈពេលបីខែមកនេះ រដ្ឋសភាបានអនុម័តច្បាប់សំខាន់ៗ មានច្បាប់ស្តីពីកាតព្វកិច្ចយោធា ច្បាប់ស្តីពីការយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ជាដើម៕

ព្រះមហាក្សត្រ អំពាវនាវដល់ជនរួមជាតិបន្តរួបរួមគ្នាគាំទ្ររដ្ឋាភិបាលក្នុងការការពារអធិបតេយ្យ និងទឹកដី

2026/07/01 05:04:39 pm        435
ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ​ដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស​ឱ្យបន្ត​រួបរួមគ្នាជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ក្រោមស្មារតីស្នេហាជាតិស្មោះស្ម័គ្រ ជឿជាក់ និងគាំទ្រ​ពេញ​ទំហឹង ចំពោះរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដីដោះស្រាយបញ្ហាព្រំ​ដែន​ដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងកសាងមាតុភូមិកម្ពុជា​ឱ្យកាន់តែ​រីកចម្រើន ជឿនលឿន ថែមទៀតដោយត្រូវបន្តធ្វើកំណែទម្រង់ និងទំនើបកម្ម​ស្ថាប័ន​រដ្ឋដោយ​យក​ប្រជាជនជាស្នូល។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវបែបនេះ ក្នុងឱកាសផ្ញើព្រះរាជសារបើកបវេសនកាលនៃរដ្ឋសភាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃពិធីបើកបវេសនកាលរដ្ឋសភានីតិកាលទី៧ ដែលប្រារព្ធឡើងក្នុង សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ការអនុម័តច្បាប់ស្តីពី កាតព្វកិច្ចយោធា និងការផ្តល់សច្ចាប័នលើអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) កាលពីពេលថ្មីៗ ពិតជាសមស្រប និងមានសារៈសំខាន់បំផុត ក្នុងការពង្រឹងខឿនការពារជាតិ ការពារ អធិបតេយ្យ បូរណភាពទឹកដី ព្រមទាំងពង្រឹងការគ្រប់គ្រងការប្រើប្រាស់ដែនសមុទ្រនិងធនធានសមុទ្រ ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយៗទៀតផង។ បន្ថែមពីនេះសមាជិក សមាជិការដ្ឋសភាគ្រប់រូបបានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេសយ៉ាងសស្រាក់សស្រាំ ដោយបានសិក្សាស្វែងយល់អំពីសុខទុក្ខក្តីកង្វល់ តម្រូវការ និងបានដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា ជាពិសេសបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្មារតីរួមសាមគ្គីគ្នា ជាមហា គ្រួសារខ្មែរ និងឯកភាពជាតិខ្ពស់ តាមរយៈការជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្តដល់កងកម្លាំងវីរយុទ្ធជន ការពារជាតិជួរមុខ និងជនភៀសសឹកនៅតាមបណ្តាខេត្ត នៅតាមព្រំដែន ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាង មោះមុត ក្នុងការឆ្លើយតបទាំងនៅកម្រិតថ្នាក់ជាតិ និងអន្តរជាតិ ដោយមធ្យោបាយសន្តិវិធី និងផ្អែកលើ ច្បាប់អន្តរជាតិ ចំពោះការឈ្លានពានពីសំណាក់ប្រទេសជិតខាង។ ការណ៍នេះបានសបញ្ជាក់ឱ្យឃើញ យ៉ាងច្បាស់ពីកម្លាំងរូបរួមសាមគ្គីគ្នាជាធ្លុងមួយ ជាប្រជាជាតិដែលស្នេហាសន្តិភាព ស្អប់ខ្ពើមសង្គ្រាម និងគោរពច្បាប់អន្តរជាតិ។ ជាមួយគ្នានេះ ព្រះករុណា ព្រះមហាក្សត្រ មានសេចក្តីរីករាយជាអនេកចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដែលក្នុងរយៈពេលកន្លងមកនេះសម្រេចបាននូវសមិទ្ធផល ធំធេងគួរជាទីមោទនៈ ជាពិសេសការបន្តធានា រក្សាបាននូវសុខសន្តិភាព ស្ថិរភាពផ្ទៃក្នុងប្រទេសយ៉ាង ពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងរក្សាបាននូវលំនឹង ម៉ាក្រូសេដ្ឋកិច្ច ដ៏ល្អប្រសើរ ដែលប្រការនេះ បានផ្តល់នូវភាពអនុគ្រោះយ៉ាងខ្លាំងដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ តាមរយៈការទាក់ទាញវិនិយោគ ការធ្វើពិពិធកម្ម សេដ្ឋកិច្ច ការបង្កើតឱកាសការងារ ការបង្កើនសមត្ថភាពនៃការផលិត ការពង្រឹងខ្សែសង្វាក់នៃការផលិត និងការប្រើប្រាស់ផលិតផលក្នុងស្រុក។ ព្រះករុណាព្រះមហាក្សត្របានអំពាវដល់បងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស សូមបន្តរូបរួមគ្នា ជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ក្រោមស្មារតីស្នេហាជាតិស្មោះស្ម័គ្រ ជឿជាក់ និងគាំទ្រពេញទំហឹង ចំពោះរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន ជឿនលឿន ថែមទៀត ដោយត្រូវបន្តធ្វើកំណែទម្រង់ និងទំនើបកម្មស្ថាប័នរដ្ឋ ដោយយកប្រជាជនជាស្នូល។ ជាមួយគ្នានេះដែរ ព្រះករុណាព្រះមហាក្សត្របានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ជាពិសេស យុវជន ចូលរួមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាសំដៅរួមគ្នាការពារ និងកសាងជាតិមាតុភូមិរបស់យើងឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅបណ្តាខេត្តអាចប្រារព្ធធ្វើបានធម្មតា

2026/07/01 04:55:44 pm        321
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែនាំដោយផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅតាមបណ្តាខេត្តនានា អាចប្រារព្ធធ្វើបានធម្មតា។ សារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា បច្ចុប្បន្ន ដោយសាររាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ លើស្ថានការណ៍ចំពោះមុខ នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាកិច្ចការអាទិភាពចំពោះមុខមួយចំនួន រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការណែនាំដូចខាងក្រោម៖ ១- ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដង ទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ទី២៤ និងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ២- ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។ ៣- ការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ចំនួន៣ (បី)ថ្ងៃ ក្នុងឱកាសព្រះរាជពិធីនេះ នៅរក្សាដដែល ដូចខ្លឹមសារដែលមានចែងក្នុងអនុក្រឹត្យលេខ១៦៧ អនក្រ.បក ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦។ ៤- ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងរដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសហការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋភៀសសឹក យុទ្ធជននិងគ្រួសារយុទ្ធជន ដែលរងរបួស ពលី និងកំពុងឈរជើងការពារទឹកដី ព្រមទាំងអតីតយុទ្ធជន នៅតាមមូលដ្ឋានរៀងៗខ្លួន។ ៥- ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តយកចិត្តទុកដាក់ សម្របសម្រួល និងបង្កលក្ខណៈ ងាយស្រួលដល់ការស្វែងរកការងាររបស់ពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ និងបន្តសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងរដ្ឋបាល រាជធានី ខេត្ត ដើម្បីផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅតាម មូលដ្ឋាននីមួយៗ។ ៦- ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ និងត្រូវបន្តខិតខំពង្រឹងនិងជំរុញសេដ្ឋកិច្ចមូលដ្ឋាន ធានាស្ថិរភាពថ្លៃ ខ្សែច្រវាក់ផលិតកម្មនិងការផ្គត់ផ្គង់ គាំទ្រការផលិតក្នុងស្រុកនិងធានាការប្រកួតប្រជែង ព្រមទាំងដោះស្រាយ នូវបញ្ហាជារចនាសម្ព័ន្ធរ៉ាំរ៉ៃនានា ដែលរាំងស្ទះដល់សកម្មភាពផលិតកម្ម អាជីវកម្ម ធុរកិច្ច និង វិនិយោគ។ ៧- ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារត្រៀម បង្ការគ្រោះធម្មជាតិនានា ពិសេសគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតដោយសារកូនរដូវប្រាំង និង ត្រូវយកចិត្តទុកដាក់ចាត់វិធានការរក្សាទឹកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សានេះ ដើម្បីត្រៀមបង្ការការខ្វះខាតទឹក និងការកើនឡើងកម្ដៅនៅរដូវប្រាំងដោយសារបាតុភូតអែលនីញ៉ូ (El Niño) បណ្តាលឱ្យរដូវប្រាំងឆ្នាំ២០២៧ ខាងមុខអាចនឹងអូសបន្លាយរយៈពេលយូរ។ ៨- ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕

រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧ ជាផ្លូវការ ជាមួយរបៀបវារៈគន្លឹះចំនួនពីរ

2026/07/01 04:49:56 pm        222
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភាចូលរួមសម័យប្រជុំចំនួន ១០៦ រូប។ សម័យប្រជុំរដ្ឋសភានៅក្នុងឱកាសនេះ មានរបៀបវារៈចំនួនពីរ៖ ទី១៖ ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧។ ទី២៖ របាយការណ៍ស្ដីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៧។ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ជាច្រើន ក៏បានអញ្ជើញមានវត្តមានក្នុងឱកាសបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដ៏មានអត្ថន័យនេះផងដែរ។ 

កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក

2026/07/01 01:43:12 am        175
ប៉េកាំង ៖ កម្ពុជា-ចិន ពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗ ដែលបានចុះអនុស្សរណៈ នៃ ការយោគយល់គ្នា (MoU) កន្លងមក សំដៅបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈគ្រប់គ្រង ជាន់ខ្ពស់នៃទីភ្នាក់ងារចិន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ (CIDCA) ដឹកនាំដោយលោក Chen Xiaodong ប្រធាន ទីភ្នាក់ងារ CIDCA។ ជំនួបនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់ CIDCA ស្ថិតក្នុងខណ្ឌ Xicheng ដែលជាតំបន់រដ្ឋបាល កណ្តាលដ៏សំខាន់មួយក្នុងរដ្ឋធានីប៉េកាំង។ក្នុងកិច្ចសន្ទនាប្រកបដោយបរិយាកាសយោគយល់ និងការទូតខ្ពស់នេះ, ភាគីទាំងពីរបានសម្រេចនូវលទ្ធផលសំខាន់ៗ ជុំវិញ គម្រោងអាទិភាពមានជាអាទិ៍៖ ១. គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ៖ ភាគីចិន តាមរយៈទីភ្នាក់ងារ CIDCA បាន ប្រកាសផ្ដល់ការគាំទ្រជាផ្លូវការចំពោះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តាយ គម្រោងផ្លូវទឹកដ៏មានសារៈសំខាន់មួយ នេះ តាមរយៈការផ្តល់ឥណទានសម្បទាន ហើយភាគីកម្ពុជាបានស្នើឱ្យ CIDCA ជួយពន្លឿនរាល់នីតិវិធីនៃការអនុម័តហិរញ្ញប្បទាន នៅ ជំហានបន្ទាប់ឱ្យបានឆាប់រហ័ស, ២. គម្រោងស្តារឡើងវិញផ្លូវជាតិលេខ ៣ (ប្រវែង២០គីឡូម៉ែត្រ) នៅតំបន់វាលរេញ, ៣. គម្រោងផ្លូវ ជាតិលេខ ៧ (ក្រចេះ-ស្ទឹងត្រែង), និង៤. គម្រោងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ខេត្តព្រះសីហនុ។ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់ និងទំនុកចិត្តទៅវិញទៅមកខ្ពស់ ដែលនេះជានិមិត្តរូប នៃការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជានិងចិន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងប្រកបដោយ ចីរភាព ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ៕អត្ថបទ៖ សុន រ៉ាឌី

រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង

2026/07/01 01:37:41 am        204
រោងចក្រផលិតសំបកកង់រថយន្ត នៅខេត្តកំពង់ស្ពឺ បាននិងកំពុងដំណើរការផលិតសំបកកង់រថយន្តដឹកទំនិញ និងសំបកកង់រ៉ឺ ម៉កសណ្តោង ជំហានដំបូង មានសមត្ថភាពផលិតបានប្រមាណ ៦២.៥០០ សំបក ក្នុងមួយខែ សម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក./គ.វ.ក.) នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ស្ថាប័ន ចុះពិនិត្យស្ថានភាពជាក់ស្ដែង គម្រោងវិនិយោគផលិត សំបកកង់យានយន្ត យ៉ាន់ គ្រឿងបង្គំយ៉ាន់ និងផ្គុំដំឡើងកង់រថយន្ត របស់ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD. ដើម្បី ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគ និងស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗរបស់ក្រុមហ៊ុន។ជុំវិញកិច្ចដំណើរនៃរោងចក្រនោះវិញ បច្ចុប្បន្ននៅក្នុងជំហានដំបូង ក្រុមហ៊ុនមួយនេះបាននិងកំពុងដំណើរការផលិតសំបកកង់ រថយន្តរួមមាន សំបកកង់រថយន្តដឹកទំនិញ និងសំបកកង់រ៉ឺម៉កសណ្តោង មានសមត្ថភាពផលិតប្រមាណ ៦២.៥០០ សំបក ក្នុងមួយខែ សម្រាប់ការនាំចេញទៅកាន់ទីផ្សារបរទេស។សូមបញ្ជាក់ថា ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD. ទទួលបានគោលការណ៍វិនិយោគ ពីគណៈកម្មាធិការវិនិយោគ កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ កន្លងទៅ បច្ចុប្បន្នក្រុមហ៊ុនមួយនេះ បានកំពុងដំណើរការ ផលិតកម្ម ដោយបានចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជាង ១០០ កន្លែងផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ការស្ថាបនានិងស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទគឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ចជូនពលរដ្ឋ

2026/07/01 01:29:18 am        118
ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពលើកការងារលើកកម្ពស់គុណភាព ការស្ថាបនា និងស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ព្រោះវាជាការធ្វើពិពិធកក្មសេដ្ឋកិច្ច ក្នុងគោលបំណងលើកម្ពស់ ជីវភាព សុខភាព និងការរស់នៅរបស់ប្រជាជន ប្រកបដោយភាពធន់ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង។ការលើកឡើងរបស់ឯកឧត្តម ធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង៣០០០ម៉ែត្រ ទទឹក៨ម៉ែត្រ ស្ថាបនាស្ពានបេតុង១កន្លែង ប្រវែង៦០ម៉ែត្រ ទទឹង៨ម៉ែត្រ ផ្លូវបេតុងសងខាងក្បាលស្ពានប្រវែង១០០ម៉ែត្រ ទទឹង៨ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ក្នុងភូមិកោះស្លា ឃុំត្រពាំងភ្លាំង ទៅភូមិត្រពាំងបី ឃុំតាកែន ស្រុកឈូក ខេត្តកំពត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍​បទ ពិសេសរាជរដ្ឋាភិបាលដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានេះ និងបានស្នើដល់អាជ្ញាធរមូលដ្ឋានជួយសហការជាមួយក្រុមការងារសាងសង់ ធ្វើយ៉ាងណាឲ្យដំណើរការសាងសង់ប្រព្រឹត្តទៅ បានដោយរលូន ។ ពលរដ្ឋ និងសិស្សានុសិស្សបានសម្តែងសេចក្តីត្រេកអរចំពោះសមិទ្ធផលថ្មីនេះ ព្រោះពួកគេរំពឹងថា ក្រោយពេលផ្លូវ និងស្ពានស្ថាបនារួច នឹងបង្កភាពងាយស្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជួនកសិផលទៅកាន់ទីផ្សារ ចំណេញពេលវេលា និងថវិកា ការរស់នៅក៏កាន់តែប្រសើរជាងមុន។ ​សូមបញ្ជាក់ថា នៅឆ្នាំ២០២៦នេះ ខេត្តកំពតបានទទួលអំណោយជា គម្រោងស្ថាបនាស្ពានបេតុងវែង៦០ម៉ែទ្រ ទទឹង៨ម៉ែត្រ ពីរាជរដ្ឋាភិបាល ចំនួន ៣ទីតាំង មានស្ពានដំរីផុងនៅស្រុកទឹកឈូ ស្ពាននៅភូមិអន្លង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស និងស្ពាននៅភូមិកោះស្លា ឃុំត្រពាំាងភ្លាំង ស្រុកឈូកដែលបានបើកការដ្ឋាននៅពេលនេះ៕ ដោយ ៖ អាន សារីម 

ការចរាចរទំនិញនិងជនបរទេសឆ្លងកាត់ច្រកទ្វេភាគី ដា ក្នុងខេត្តត្បូងឃ្មុំ ដំណើរការល្អ មិនមានបទល្មើស

2026/07/01 01:21:18 am        310
កិច្ចសហប្រតិបត្តិការល្អរបស់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ពិសេសមន្ត្រីប្រចាំការនៅច្រកព្រំដែនទ្វេភាគី ដា ក្នុងស្រុកមេមត់ បានធ្វើឳ្យប្រជាពលរដ្ឋប្រទេសទាំង២ ដែលចរាចរណ៍ដឹកទំនិញចេញចូល ដំណើរការទៅយ៉ាងរលួន ជាមួយការត្រួតពិនិត្យយ៉ាងតឹងរឹងពីមន្ត្រីពាក់ព័ន្ធ ពោលគឺមិនបណ្តោយ​ឳ្យមានបទល្មើសខុសច្បាប់ឡើយ។លោក អេង ចាន់ណា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកព្រំដែនទ្វេភាគី ដា បានឳ្យដឹងថា សព្វថ្ងៃមន្ត្រីប្រចាំការនៅច្រក គឺបានសហការគ្នាយ៉ាងល្អក្នុងការត្រួតពិនិត្យ ទាំងការដឹកជញ្ជូនទំនិញ និងជនបរទេសដែលធ្វើដំណើរឆ្លងកាត់ ខណៈខាងភាគីកម្ពុជាភាគច្រើន គឺដឹកកសិផលទៅលក់នៅប្រទេសវៀតណាម ចំណែកខាងភាគីវៀតណាមភាគច្រើននាំទំនិញជាជីកសិកម្ម និងចំណីសត្វចូលមកប្រទេសកម្ពុជាវិញ។ យ៉ាងណាលោកបញ្ជាក់ថា មន្ត្រីនគរបាលអន្តោប្រ​វេ​សន៍មានតួនាទីត្រួតពិនិត្យការធ្វើដំណើឆ្លងដែនរបស់ប្រជាពលរដ្ឋ និងជនបរទេសប៉ុណ្ណោះ ចំណែកការងារត្រួតពិនិត្យ​ទំនិញអនុញ្ញាត ឬមិនអនុញ្ញាតិឱ្យឆ្លងកាត់ គឺជាតួនាទីរបស់មន្ត្រីគយ។លោក អេង ចាន់ណា បានបន្ថែមថា នៅច្រកព្រំដែនទ្វេភាគីដា កន្លងមក ពុំមានបទល្មើសកើតឡើងនោះទេ ដោយសារច្រកទ្វេភាគីមួយនេះ ពុំមានច្រករបៀងចំណុះឡើយ ខណៈច្រកធំ គឺត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹង ពីមន្ត្រីគយ និងប្រធានច្រក ហើយសព្វថ្ងៃប្រជាពលរដ្ឋបាននាំចេញកសិផល មានដូចជា ដំឡូងមួយថ្ងៃប្រមាណពី ៧០ ទៅ៨០ឡាន ជ័រកៅស៊ូប្រមាណជាង១០ឡាន និងគ្រាប់ស្វាយតិចតួចប៉ុណ្ណោះ មិនមានច្រើនដូចនៅរដូវប្រាំងឡើយ។ ជាមួយការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃនេះ មន្ត្រីពាក់ព័ន្ធបានសម្របសម្រួលជាប្រចាំជាមួយភាគីវៀតណាម ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋយកទៅលក់បានរលួន និងពុំមានបញ្ហា៕ ដោយ ៖ សេង ឡុង

សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត

2026/07/01 01:11:55 am        201
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ។ ក្នុងឱកាសនោះ សម្ដេចតេជោ បានគាំទ្រ ការឱ្យ កម្ពុជា-វៀតណាម ចៀសវាងការប្រើប្រាស់កម្លាំងនៅប្រទេសមួយ ប្រឆាំងប្រទេសមួយ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមសម្តេចតេជោ បានស្វាគមន៍ចំពោះឯកឧត្តម និងគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ រវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា រដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ អបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី២ដែលបញ្ចប់ទៅនៅថ្ងៃនេះ។ នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាងក្វាង បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតអោយឯកឧត្តម និងប្រតិភូបានចូលជួបសម្តែងការគួរសមនៅឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា លទ្ធផលនៃកិច្ចប្រជុំមហាផ្ទៃថ្នាក់រដ្ឋមន្ត្រីលើកទី២ ដែលធ្វើឡើងនៅប្រទេសកម្ពុជានេះ បានបង្ហាញយ៉ាងច្បាស់នូវចំណងមិត្តភាពរវាងប្រទេសទាំង៣កម្ពុជា​ វៀតណាម ឡាវ ជាពិសេស មិត្តភាពរវាងកម្ពុជា និងវៀតណាម។ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង បញ្ជាក់ថា កម្ពុជា និង វៀតណាម មានទំនាក់ទំនងជាប្រពៃណីនឹងគ្នា ដូច្នេះបញ្ហាទាក់ទងនឹងសន្តិសុខ ប្រទេសទាំង២ ត្រូវតែជួយគាំទ្រគ្នាទៅវិញទៅមក ដែលជាកត្តាសំខាន់ក្នុងការធានាបាននូវសន្តិសុខរវាងប្រទេសទាំង២។ បន្ថែមពីលើនោះ ឯកឧត្ដម ក៏បានបន្ថែមថា ចំពោះសន្តិសុខក្នុងការប្រយុទ្ធប្រឆាំងទៅនឹងកម្លាំងណាមួយដែល ប្រើប្រាស់ទឹកដីម្ខាងហើយប្រឆាំងទៅនឹងប្រទេសមួយទៀត ដែលប្រទេសកម្ពុជា វៀតណាម ក៏ដូចជាឡាវ រួមសាមគ្គីគ្នាធ្វើកិច្ចការងារនេះដើម្បីកុំឱ្យមានភាពអសន្តិសុខកើតឡើង។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្ត និងគាំទ្រចំពោះការលើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង ដែលសម្ដេចបានសង្កត់ធ្ងន់ថា ចំណុចដែលចៀសវាងឱ្យបាននោះគឺ ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត។ ឧទាហរណ៍ដូចជាការប្រើកម្លាំងនៅទឹកដីប្រទេសវៀតណាម ប្រឆាំងទៅនឹងកម្ពុជាហើយ ឬ ប្រើកម្លាំងនៅទឹកដីប្រទេសកម្ពុជា ប្រឆាំងទៅនឹងវៀតណាម ដែលនេះជាចំណុចសហការគ្នារវាងប្រទេសទាំង២ ធ្វើយ៉ាងណា កុំឱ្យមានករណីនេះកើតឡើង។ បន្ថែមលើនេះ សម្ដេចតេជោ បានជំរុញប្រទេសទាំង២ ពិសេសអាជ្ញាធរនៅតាមមូលដ្ឋាននៅតាមបណ្ដាព្រំដែនកម្ពុជា-វៀតណាម សហការគ្នាជាប្រចាំដើម្បីធានាឱ្យបានសន្តិសុខតាមព្រំដែន ពោលជាព្រំដែនមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍរួមគ្នា ដែលអំណោយផលដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។ សម្ដេចតេជោ ក៏សង្កត់ធ្ងន់ទៅលើការរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងចេតនាបំបែកបំបាក់នូវទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម៕ អត្ថបទ ៖ វីរះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM