សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តកំពង់ឆ្នាំងនឹងរុះរើបេតុងតាមផ្លូវជាតិលេខ៥ ដែលពលរដ្ឋចាក់លុបចិញ្ចើមផ្លូវ

2026/07/01 12:59:38 am        677
កំពង់ឆ្នាំង៖ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ថា លោកនឹងស្នើសុំកិច្ចសហការពីអាជ្ញាធរស្រុកកំពង់ត្រឡាចម្តងទៀតនៅក្នុងសប្តាហ៍នេះ ដើម្បីចុះអនុវត្តរុះរើជណ្តើឡើងចុះ ដែលជាសំណង់រឹងមាំសាងសង់ដោយអនាធិបតេយ្យនៅតាមចិញ្ចើមផ្លូវជាតិលេខ៥ ឱ្យអស់ និងហាមឃាត់មិនឱ្យមានការសាងសង់ថ្មីបន្ថែមទៀតឡើយ ដែលជណ្តើអនាធិបតេយ្យទាំងនោះត្រូវបានសង់នៅក្នុងទីរួមស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។លោកបានបញ្ជាក់ថា សំណង់ជណ្តើទាំងនេះបានបង្កផលប៉ះពាល់ជាច្រើន ដូចជា ប៉ះពាល់ដល់តួផ្លូវ រាំងស្ទះចរន្តទឹក បណ្តាលឱ្យទឹកដក់ កកដីលើផ្លូវ ដុះស្មៅ ប៉ះពាល់ដល់បរិស្ថាន និងសោភ័ណភាពផ្លូវ ព្រមទាំងបង្កហានិភ័យដល់សុវត្ថិភាពចរាចរណ៍ផងដែរ។ កន្លងមកមន្ទីរសាធារណការ និងដឹកជញ្ជូនធ្លាប់បានសុំការសហការជាញឹកញាប់ជាមួយអាជ្ញាធរស្រុកកំពង់ត្រឡាច តែមិនទទួលលទ្ធផលឡើយ។នៅវេលាម៉ោង៩និង២៨នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ អ្នកយកព័ត៌មានបានទំនាក់ទំនងលោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច ដើម្បីបំភ្លឺតាមរយៈ:ប្រព័ន្ធតេលេក្រាម តែលោកមិនបានចូលមើលនោះឡើយ។ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់លំនៅឋាន ឬអាជីវកម្មនៅតាមបណ្តោយផ្លូវជាតិលេខ៥ សូមចូលរួមសហការជាមួយអាជ្ញាធរ ដោយមិនសាងសង់សំណង់រំលោភលើចិញ្ចើមផ្លូវ និងគោរពតាមបទប្បញ្ញត្តិ ដើម្បីរួមគ្នាថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បរិស្ថាន និងសុវត្ថិភាពសាធារណៈ៕ ដោយ ៖ វាសនា

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម

2026/06/30 11:34:43 pm        188
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម លឿង តាមក្វាង (Luong Tam Quang) រដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម។ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦...។

តំបន់អូរស្មាច់ស្ថិតក្រោមអធិបតេយ្យភាពដាច់ខាតរបស់កម្ពុជា៖ រាល់ទង្វើចូលមកដោយគ្មានការអនុញ្ញាត និងការបង្កើតព័ត៌មានមិនពិតគឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ

2026/06/30 10:56:40 pm        312
ភ្នំពេញ៖ ក្រសួងព័ត៌មាននៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានធ្វើការតវ៉ាយ៉ាងដាច់អហង្ការ ចំពោះទង្វើបំពានម្ដងហើយម្ដងទៀតរបស់ភាគីថៃ ដែលថ្មីៗនេះបាននាំអ្នកសារព័ត៌មានបរទេស (រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ABC) ចូលមកកាន់តំបន់អូរស្មាច់ ដែលជាទឹកដីស្ថិតក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា។ ទង្វើបំពានដែលភាគីថៃនេះត្រូវបានធ្វើឡើងដោយគ្មានការជូនដំណឹង ឬទទួលបានការអនុញ្ញាតជាមុនពីអាជ្ញាធរកម្ពុជាក្នុងតំបន់នោះឡើយ។ក្រសួងព័ត៌មាន បានបញ្ជាក់ថា តំបន់អូរស្មាច់ គឺជាដែនដីអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ យោងតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ (មាត្រា ២ វាក្យខណ្ឌទី៤) រដ្ឋទាំងអស់ត្រូវមានកាតព្វកិច្ចគោរពបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋដទៃ។ ទង្វើរបស់យោធាថៃក្នុងការនាំជនបរទេស និងអ្នកសារព័ត៌មានចូលមកកាន់តំបន់នេះ គឺជារំលោភបំពានដោយផ្ទាល់ទៅលើអធិបតេយ្យភាពជាតិរបស់កម្ពុជា។ ភាគីថៃមិនមានសិទ្ធិ ឬយុត្តាធិការណាមួយក្នុងការធ្វើសកម្មភាពយោធា ឬនាំអ្នកសារព័ត៌មានមកធ្វើសេចក្តីរាយការណ៍នៅលើទឹកដីកម្ពុជាឡើយ។ក្រសួងព័ត៌មានកម្ពុជាបញ្ជាក់ថា រាល់ការផ្សព្វផ្សាយព័ត៌មានដែលកើតចេញពីសកម្មភាពខុសច្បាប់ខាងលើ គឺជាព័ត៌មានដែលត្រូវបានរៀបចំឡើងដោយមានចេតនានយោបាយច្បាស់លាស់ពីភាគីថៃ ដើម្បីបង្កើតជារូបភាពអវិជ្ជមាន និងបង្កាច់បង្ខូចកិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ។ យើងសូមបដិសេធទាំងស្រុងនូវរាល់ខ្លឹមសារ ប្រភពព័ត៌មាន និងរបាយការណ៍ទាំងឡាយណាដែលរៀបចំ និងផលិតឡើងចេញពីសកម្មភាពបំពានទាំងនេះ។«កម្ពុជា និងថៃ មានយន្តការព្រំដែនទ្វេភាគីជាច្រើន។ ការចូលមកកាន់តំបន់នេះដោយឯកតោភាគី និងដោយគ្មានការអនុញ្ញាតជាមុនដោយអាជ្ញាធរកម្ពុជា ដែលឈរជើងនៅក្នុងតំបន់នោះ មិនត្រឹមតែជាទង្វើផ្ទុយនឹងច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំពានយ៉ាងធ្ងន់ធ្ងរលើពិធីសារការទូត និងទំនុកចិត្តរវាងប្រទេសជិតខាងទាំងពីរទៀតផង»។ នេះបើតាមការបញ្ជាក់របស់ក្រសួងព័ត៌មាន។ ក្រសួងព័ត៌មានបានលើកឡើងទៀតថា កម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្លាប់បានចេញកំណត់ទូតតវ៉ាយ៉ាងដាច់អហង្ការរួចមកហើយនាពេលកន្លងទៅចំពោះការនាំអ្នកសារព័ត៌មាន ព្រមទាំងអនុព័ន្ធយោធា ចូលមកកាន់តំបន់អូរស្មាច់នេះ។ កម្ពុជា នៅតែបន្តប្រកាន់ជំហររឹងមាំនេះដដែល និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវទង្វើបំពានដែលគ្មានការទទួលខុសត្រូវនេះ។ កម្ពុជាខិតខំរក្សាទំនាក់ទំនងល្អជាអ្នកជិតខាង ប៉ុន្តែមិនអនុញ្ញាតឱ្យមានការរំលោភបំពានលើបូរណភាពទឹកដី និងការប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាឧបករណ៍ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។ក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ និងសាធារណជន មេត្តាពិភាក្សា និងពិចារណាឱ្យបានល្អិតល្អន់លើសភាពការណ៍ដែលបាននិងកំពុងកើតឡើង លើទឹកដីរបស់កម្ពុជានេះ ដោយផ្អែកលើមូលដ្ឋាននៃការពិត និងច្បាប់អន្តរជាតិ ជៀសវាងការធ្លាក់ក្នុងឧបាយកលនៃការបង្កើតស្ថានភាព និងប្រឌិតព័ត៌មានដែលរៀបចំដោយភាគីថៃនៅលើទឹកដីកម្ពុជាដោយខុសច្បាប់៕

រដូវកាលបាល់ទាត់ពិភពលោក, សម្ដេចតេជោ​អំពាវនាវ​ដល់​អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​បើកបរ! បើង​ងុយកុំបើកបរនាំគ្រោះថ្នាក់!

2026/06/30 10:39:31 pm        241
ភ្នំពេញ៖ ក្នុងរដូវកាលបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ទៅ​ដល់​អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវប្រុងប្រយ័ត្នពេលបើកបរ បើមើល​បាល់​ហើយ​ងងុយ​សូម​កុំបើ​កបរនាំគ្រោះថ្នាក់។ សម្ដេចតេជោ បានសរសេរថា បាល់មូលពិតមែន! ព្រោះប្រទេសនៅតំបន់អាមេរិកខាងត្បូង និង​នៅ​អាហ្រ្វិក​ខាងជើងបានបណ្តេញ​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ដែល​ធ្លាប់​ខ្លាំង​ខាង​បាល់​ទាត់​ទៅ​ផ្ទះ​វិញ​អស់​ពី​រ​ក្រុម​ហើយ​ដែលធ្វើឲ្យអ្នកលេងភ្នាល់បាល់ចាញ់ចង់ឡប់។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ បានបញ្ជាក់ថា រដូវបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ មនុស្ស​ធ្វើ​ការពេលព្រឹកមិនសូវសកម្មព្រោះងងុយផងនិងមើលបាល់ទាត់ផង ព្រោះគេ​ទាត់​ក្រោយ​ម៉ោង​១២​យប់រហូតម៉ោង១០ព្រឹក។ សម្ដេចតេជោ បញ្ជាក់ថា សូមបងប្អូនអ្នកបើកយានយន្តគ្រប់ ប្រភេទប្រុងប្រយ័ត្នពេលបើកបរ។ បើ​ង​ងុយកុំបើកបរនាំគ្រោះថ្នាក់៕

សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

2026/06/30 10:16:14 pm        636
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (Vanthong Kongmany) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងសន្តិសុខសាធារណៈឡាវ, ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដែលកិច្ចសហប្រតិបត្តិការដ៏ល្អនេះបានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា, ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង៣ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ នេះ។ សម្ដេចធិបតីក៏បានរំលឹកអំពីចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា-ឡាវ-វៀតណាម ដោយសម្ដេចធិបតីបានលើកឡើងពីការប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ក្នុងឆ្នាំ២០២៦ នេះ និងការត្រៀមប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម នាឆ្នាំ២០២៧ ខាងមុខនេះ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម ឱ្យកាន់តែរឹងមាំបន្ថែមទៀត។សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នានៅក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនៃប្រទេសទាំង៣ ជាពិសេសការជំរុញឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន បន្តសហការយ៉ាងជិតស្និទ្ធក្នុងការងារថែរក្សាសន្តិសុខ សំដៅប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស, ការរត់ពន្ធគ្រឿងញៀន ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។មុននឹងបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា, ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង៣ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលកិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ ក៏ដូចជាការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ។ ជាទីបញ្ចប់, សម្ដេចធិបតីជំរុញឱ្យបង្កើនការផ្លាស់ប្តូរ និងរឹតចំណងទំនាក់ទំនង និងមិត្តភាពរវាងប្រជាជន និងប្រជាជន ជាពិសេសក្នុងស្រទាប់យុវជននៃប្រទេសទាំង៣៕

ក្រសួងការងារបន្តអំពាវនាវអតីតពលករត្រឡប់មកពីថៃ ងាកមកធ្វើការក្នុងស្រុក ខណៈរោងចក្រ សហគ្រាស​មានចំនួនកើនឡើងជាង​៦០០

2026/06/30 09:01:40 pm        124
អ្នកនាំពាក្យ​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែមិថុនានេះ បានអំពាវនាវដល់អ្នកស្វែងរកការងារ ជាពិសេសអតីតពលករងាកមកធ្វើការក្នុងស្រុកឱ្យបានច្រើន គ្រាដែលតម្រូវការកម្លាំងពលកម្មនៅតែបន្តមាន និងខណៈដែលក្រុមហ៊ុន រោងចក្រ សហ​គ្រា​សនៅកម្ពុជា ក៏មានការកើនឡើងដូចគ្នា។មានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី តាមរយៈសារអេឡិចត្រូនិច លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈ បានឱ្យដឹងថា គិតក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៦នេះ ​សហ​គ្រា​ស ក្រុម​ហ៊ុន រោង​ចក្រថ្មីដែលបានចុះបញ្ជី​​នៅ​ក្រសួ​ងការ​ងារ និង​បណ្ដុះ​បណ្ដា​ល​វិជ្ជា​ជីវៈ មានចំនួន ៦៥០​សហគ្រាស ដែលធ្វើឱ្យ​មានកំណើន​កម្មករ​​និយោ​ជិត​​​បម្រើ​​​ការ​​​ងារ​​សរុប​​ចំនួនជាង ២,២លាននាក់។លោកអ្នកនាំពាក្យ​ បានបន្តថា ​តាម​រ​យៈ​ការកំ​ណើននៃកា​របង្កើត​រោង​ចក្រ​ថ្មីៗ​នេះ នឹង​មាន​តម្រូវ​ការ​កម្លាំង​ពលក​ម្ម​ច្រើន ហើយ​ធ្វើឱ្យ​មាន​សន្ទុះ​នៃ​​ការ​បញ្ជា​ទិញ និង​ការ​នាំ​ចេញ​កើនឡើង​ល្អពី​មួយ​ថ្ងៃ​ទៅ​មួយ។ កត្តា​ទាំង​នេះ ដោយ​សារ​ស្ថិរ​ភាព​នៃ​បរិយា​កាស​វិនិ​យោ​គ ​និង​​ការ​រក្សា​បាន​​នូវភាព​​ប្រកួត​ប្រជែង​ដែល​​បាន​ទាក់​​ទាញ​ការវិនិ​យោគ​ថ្មីៗ​មកប​ន្ថែម​​ទៀត។ លោកបានសង្កត់ធ្ងន់ទៅលើ​កំណើន​​ទុន​​វិនិ​យោគ​ ​កំ​ណើ​ន​​រោងច​ក្រ​ និង​ការ​ងារនេះ គឺ​ឆ្លុះ​ប​ញ្ចាំ​ង​​​ពី​ភាព​​រឹង​មាំ​នៃ​​សេដ្ឋកិ​ច្ច​​កម្ពុជា​ ដែល​​កើត​​ចេញ​ពី​​គោល​​នយោ​បាយ​ត្រឹម​ត្រូវ​រ​បស់​​រាជរដ្ឋា​ភិបា​ល​អា​ណត្តិ​ទី៧​ ​ដែល​បា​ន​ធ្វើ​កំណែ​​ទម្រង់​​វិនិយោគ​​ឱ្យ​​មាន​ភា​ព​ងាយ​​ស្រួល​​ជាង​មុន​។ លោកបានបន្ថែមថា តាមរយៈគោលនយោ​បាយរ​បស់រា​ជ​រដ្ឋា​ភិបាល នីតិ​កាល​ទី៧ ឃើញថា មាន​កំណើន​នៃកា​រប​ង្កើត​រោង​ចក្រថ្មីៗ និងមាន​តម្រូវកា​រកម្លាំង​ពល​កម្ម​ច្រើន​ដែល​នេះ ដោយសង្ឃឹម​ថា សន្ទុះ​នៃកា​របញ្ជា​ទិញ និង​ការ​នាំចេញ នឹងមាន​ការកើនឡើ​ងល្អពី​មួ​យថ្ងៃ​ទៅ​មួយ​ថ្ងៃ។អ្នកស្រី បូ ចាន់នី ជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតនៅផ្លូវជាតិលេខ៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិយាយដោយទទួលស្គាល់ថា សព្វថ្ងៃនេះការងារនៅក្នុងស្រុកមានច្រើនសម្បូរបែប ហើយរោងចក្រ ក៏មានការកើនឡើងដូចគ្នា។ ជាក់ស្តែងនៅតំបន់ដែលអ្នកស្រីធ្វើការរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ មើលឃើញថា មានការបើកដំណើរថ្មីជាបន្តបន្ទាប់ ហើយតម្រូវការកម្លាំងពលកម្មក៏មានប្រកាសជ្រើសរើសបន្ថែមផងដែរ។យោងតាម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចុប្បន្នតម្រូវការកម្លាំងពលកម្មនៅទូទាំងប្រទេសកម្ពុជា មានចំនួនជាង ៩ម៉ឺនកន្លែង លើគ្រប់វិស័យ។ សូមបញ្ជាក់ទៀតថា ក្រៅពីផ្តល់ឱកាសការងារនៅក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជា ក៏មានដែរយន្តការពង្រីកឱកាសការងារសម្រាប់ទីផ្សារនៅក្រៅប្រទេស ដើម្បីបើកឱកាសជូនអតីតពលករ និងប្រជាពលរដ្ឋសម្រាប់ជាជម្រើសបន្ថែមដើម្បីពង្រឹងជំនាញ និងចំណូលកាន់តែប្រសើរផងដែរ។អត្ថបទ៖ ឈិត បូរ៉ាវី  

ក្រុមហ៊ុនអាកាសចរណ៍មួយពីឌូបៃ ចាប់អារម្មណ៍ផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងពិចារណាភ្ជាប់​ជើងហោះហើរ​មកកម្ពុជា

2026/06/30 08:57:14 pm        367
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ បានបញ្ជាក់ថា ក្រុមហ៊ុន Hadid International Services (HADID) ដែលឈានមុខផ្នែកសេវាកម្មអាកាសចរណ៍អន្តរជាតិពីទីក្រុងឌូបៃ ចាប់អារម្មណ៍ និងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងពិចារណាតភ្ជាប់ជើងហោះហើររបស់ខ្លួនមកប្រទេសកម្ពុជា។​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោកស្រី Aida Ismail តំណាងក្រុមហ៊ុន និងជានាយិកាប្រចាំតំបន់ និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ការពង្រឹងការតភ្ជាប់ផ្លូវអាកាសរបស់ក្រុមហ៊ុនមកកាន់ប្រទេសកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។ក្នុងជំនួបនេះ លោកស្រី Aida Ismail បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនចូលជួបពិភាក្សាការងារ ព្រមទាំងបានធ្វើបទបង្ហាញអំពីប្រវត្តិ និងសកម្មភាពរបស់ក្រុមហ៊ុន Hadid Aviation ដែលជាក្រុមហ៊ុនឈានមុខផ្នែកសេវាគាំទ្រអាកាសចរណ៍អន្តរជាតិ ដែលបង្ហាញពីគោលបំណងចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកតាមរយៈបណ្តាញដៃគូអន្តរជាតិ, ការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ, ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ, ក៏ដូចជា ការស្វែងរកឱកាសពង្រីកសេវាកម្មអាកាសចរណ៍ ដូចជា Jet Charter និង MEDEVAC នៅកម្ពុជា។ បន្ថែមពីលើនេះ ក្រុមហ៊ុនក៏បានបង្ហាញពីគម្រោងផ្សព្វផ្សាយរឿងរ៉ាវ និងសក្តានុពលរបស់កម្ពុជា តាមរយៈការបោះពុម្ពសៀវភៅ និងការបកប្រែជាង ៣០ ទៅ ៥០ ភាសា ដើម្បីឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែទូលំទូលាយផងដែរ។ ជាការ​ឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ផ្លូវអាកាសពីតំបន់មជ្ឈិមបូព៌ាមកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពរៀបចំដំណើរកម្សាន្តសិក្សា (FAM Trip) ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីសហព័ន្ធអារ៉ាប់រួម និងតំបន់មជ្ឈិមបូព៌ាមកកម្ពុជា ព្រមទាំងសិក្សាលទ្ធភាពបង្កើតជើងហោះហើរត្រង់ ឬ ជើងហោះហើរឯកជនបន្ថែម ជាពិសេសមកកាន់ខេត្តសៀមរាប និងជំរុញការអភិវឌ្ឍទេសចរណ៍ VIP និង Business Aviation។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនបន្តផ្សព្វផ្សាយវីដេអូ និងខ្លឹមសារអំពីសក្តានុពលទេសចរណ៍កម្ពុជាតាមបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុន រួមទាំង Showroom បណ្តាញសង្គម និងអេក្រង់ក្នុងយន្តហោះក្នុងការចូលរួមគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវបៃតង» រួមទាំងការផ្សព្វផ្សាយកម្ពុជាជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវមូស្លីម។ ក្នុង​ឆ្នាំ២០២៦ គឺជាខួបលើកទី៣២ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធអារ៉ាប់រួម ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងអាកាសចរណ៍។ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណ ១,៥ លាននាក់ ក្នុងនោះ មានភ្ញៀវមកពីតំបន់មជ្ឈិមបូព៌ាប្រមាណ ១.២០០ នាក់៕ អត្ថបទ៖ ធូ វិរៈ

ម្ចាស់អាជីកម្មកំពុងមានមោទនភាពលើការផលិត និងការលក់ដូរ ក្រោមស្មារតីស្នេហាជាតិកំពុងមានសម្ទុះ

2026/06/30 08:51:15 pm        102
ម្ចាស់អាជីកម្មផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ គ្រឿងសំអាង ជាពិសេសគ្រឿងបរិភោគ-ឧបភោគ កំពុងមានមោទនភាពលើកិច្ចដំណើរ ការផលិត និងការផ្គត់ផ្គង់ចូលទីផ្សារ ដោយបានកំពុងគាំទ្រជំនួសការនាំចូលជាបណ្តើរៗ ក្នុងបរិការណ៍ដែលស្មារតីស្នេហាជាតិកាន់តែ មានសម្ទុះកើនឡើង។ម្ចាស់អាជីវកម្ម ដែលផលិតនិងលក់ផលិតផល គ្រឿងបរិភោគ-ឧបភោគ សម្ភារៈប្រើប្រាស់ គ្រឿងសំអាង និងផលិតផលិតផល ផ្សេងៗទៀត លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ក្នុងវេទិកា “សហគ្រិនស្រ្តី សេដ្ឋកិច្ច អាជីវកម្ម” ថា ជុំវិញការការផលិត និងការ លក់ដូរលើទីផ្សារ នៅក្នុងរយៈពេលជិត ៦ ខែ ក្នុងឆ្នាំ២០២៦នេះ បានដំណើរការអាជីវកម្មធម្មតា ទោះបីពិភពលោកការកំពុងមានភាព តានតឹងផ្នែកភូមិសាស្ត្រនយោបាយ បញ្ហាការកើនឡើងថ្លៃប្រេងឥន្ធនៈ នឹងអាចជួបបញ្ហាប្រឈមខ្លះៗ ប៉ុន្តែពួកគាត់នៅក្រាញននៀល នៅដំណើរការខ្សែច្រវាក់ផលិតកម្ម ផលិត និងវេចខ្ចប់ ទោះបីចរន្តនៃការផ្គត់ផ្គង់ចូលទីផ្សារមិនទាន់កើនឡើងជាដុំកំភួនក៏ដោយ។ចំណែកម្ចាស់អាជីវកម្មដែលផលិតនិងលក់គ្រឿងបរិភោគ-ឧបភោគ មានម្ហូបអាហារ នំចំណី និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ ថ្លែងនូវការអរគុណដល់ពលរដ្ឋកម្ពុជា ដែលបានចាប់អារម្មណ៍និងងាយមកប្រើប្រាស់ផលិតផលក្នុងស្រុក ដែលទាំងនេះបានបង្ហាញឱ្យ ឃើញស្មារតីសេ្នហាជាតិ និងចលនារួបរួមជាតិ ជួយជំរុញលើកស្ទួយ និងការឲ្យតម្លៃផលិតផលក្នុង​ស្រុកខ្ពស់ជាងផលិតផលនាំចូល។ដោយឡែកម្ចាស់អាជីវកម្ម ដែលផលិតនិងលក់សម្ភារៈប្រើប្រាស់ គ្រឿងសំអាង និងផលិតផលិតផលផ្សេងៗទៀត បានថ្លែង នូវការសប្បាយចិត្តផងដែរ លើការលក់ផលិតផលរបស់ខ្លួន ទោះបីការលក់ដូរលើទីផ្សារនៅមានកម្រិតក៏ដោយ តែពួកគាត់រំពឹងថា នៅ ពេលខាងមុខនឹងបន្តមានកំណើនថែមទៀត ដើម្បីរួមគ្នាបង្កើតចលនាសេដ្ឋកិច្ចក្នុងស្រុកឱ្យមានកម្លាំងកាន់តែខ្លាំងក្លា និងបង្កើតការងារ និងប្រាក់ចំណូលកាន់តែខ្ពស់។លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងឱ្យដឹងថា គិតមកដល់បច្ចុប្បន្ន សមាគមមានសមាជិក កើនឡើងគួរកត់សម្ភាល់ ដែលបានកំពុងចូលរួមយ៉ាងសស្រាកស្រាំនៅក្នុងអាជីវកម្ម និងបានតាំងចិត្តខ្ពស់ក្នុងការបង្កើតអាជីវកម្ម ជួយ ជំរុញដល់ផលិតផលក្នុងស្រុក សម្រាប់ប្រទេសជាតិយើង ខណៈដែលសមាគម ក៏បានចូលរួមយ៉ាងសកម្មផងដែរ ក្នុងការផ្តល់ជា កំលាំង ធ្វើយ៉ាងណាផ្តល់ការគាំទ្រនៅក្នុងដំណើរការផលិត និងការចែកចាយលើទីផ្សារដល់សហគ្រិនជាស្រ្តី។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងសិក្ខាសាលា ផ្សព្វផ្សាយ ស្ដីពីការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ថ្មីៗនេះថា ទស្សនវិស័យសេដ្ឋកិច្ចតំបន់ និងសកល នៅបន្ត ត្រូវបានហ៊ុព័ទ្ធ ដោយពហុវិបត្តិដូចជា៖ ការកើននៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ, ការបន្ទច់បង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់, សង្គ្រាមពាណិជ្ជកម្ម និងការកើននៃថ្លៃប្រេងឥន្ធនៈ ព្រមទាំងផលប៉ះពាល់កាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុជាដើម, ខណៈ កម្ពុជាក៏បាននិងកំពុងបន្តជួបប្រឈមនឹងបញ្ហាទាំងនោះ ផ្ទាល់ និងប្រយោលផងដែរ។ តែទោះបីយ៉ាងណាក្នុងបរិការណ៍ស្មារតី សេ្នហា ជាតិ និងចលនារួបរួមជាតិកាន់តែមានសម្ទុះខ្លាំងឡើង ជួយជំរុញដល់ការលើកស្ទួយ និងការឲ្យតម្លៃផលិតផល​ក្នុង​ស្រុកខ្ពស់ជាង ផលិតផលនាំចូលពីប្រទេសជិតខាង ដែលទាំងនេះបានកំពុងបង្កើតនូវទំនុកចិត្តដល់ចលនាផលិត និងការលក់ដូរក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី  

ក្រសួងឧស្សាហកម្មបើកយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល លើក​កម្ពស់​ សហគ្រាសក្នុងស្រុក

2026/06/30 08:48:08 pm        180
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការ​ជាមួយ​សមាគម​សហព័ន្ធ​វិនិយោគ​កម្ពុជា ​បានរៀបចំយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល ដើម្បី​លើក​កម្ពស់​ភាព​ប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក តាមរយៈ គុណភាព ផលិតភាព ស្តង់ដា និង​នវានុវត្តន៍។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុ​ង​យុទ្ធ​នាកា​រអភិវឌ្ឍន៍ សហគ្រាស និងអនុលោមភាពផលិតផល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ​នេះ​ថា ឯកឧត្តមបានរំលេចពីសារសំខាន់ នៃការត្រៀម លក្ខណៈ សម្រាប់ដំណាក់​កាល​បន្ទាប់​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ដែលតម្រូវឱ្យសហគ្រាសក្នុងស្រុកមានសមត្ថភាពប្រកួតប្រជែង ដោយ​មិន​ផ្តោត​តែ​លើថ្លៃដើមទាបដូចពីមុនឡើយ ប៉ុន្តែត្រូវឈានប្រកួតប្រជែងលើគុណភាព ផលិតភាព និង​នវានុវត្តន៍ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏សូមម្ចាស់សហគ្រាសគិតថា អនុលោម​ភាព​គឺ​ជា​ការ​វិនិយោគ ​មិនមែនគ្រាន់តែជាបន្ទុកចំណាយរបស់ អាជីវកម្មទេ។ សហគ្រាស​ដែល​វិនិយោគ​លើ​គុណ​ភាព ​ស្តង់ដា ភាពត្រឹមត្រូវនៃខ្នាតរង្វាស់រង្វាល់ ការធ្វើតេស្តមន្ទីរពិសោធន៍ និង នវានុវត្តន៍ គឺ​កំពុង​វិនិយោគ​លើ​ទំនុកចិត្តរបស់អតិថិជន ពង្រឹងម៉ាកយីហោកាន់តែរឹងមាំ និងកំណើនប្រកប​ដោយ​ចីរភាព​។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើបទបង្ហាញ អំពីការលើកទឹកចិត្តការគាំទ្ររបស់រាជរដ្ឋាភិបាល និង​ប្រព័ន្ធ​អេកូឡូស៊ីគាំទ្រ សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលរួមមានទាំងសេវាសា​ធារណៈ​របស់​ក្រសួង ​ចាប់តាំងពីការបង្កើតសហគ្រាស និងការដំណើរ ការអាជីវកម្ម ប្រកបដោយ​ភាព​ប្រកួត​ប្រជែង ​ដល់ការបង្កើនផលិតភាព និងគុណភាពផលិតផល ពង្រឹងអនុលោមភាពតាមរយៈ ហេដ្ឋា​រចនាសម្ព័ន្ធគុណភាពជាតិ ការជំរុញនវានុវត្តន៍ និងសហគ្រិនភាព ព្រមទាំង​ការ​ពង្រីក​លទ្ធភាព​ចូល​ទៅកាន់ទីផ្សារ។ ជុំវិញយុទ្ធនាការខាងលើនេះ, ម្ចាស់អាជីវកម្មក្នុងស្រុកថ្លែងនូវការសាទរ ចំពោះ​ក្រសួង​ឧស្សាហ​កម្ម​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសមាគមសហព័ន្ធវិនិយោគកម្ពុជា ដែល​បើក​យុទ្ធនាការ​អភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល ដែល នេះគឺការបង្កើននូវយល់ដឹ​ង​លើ​ររៀប​វារៈថ្មីៗ តាមរយៈការចុះបញ្ជី ស៥ និងការទទួលបានហិរញ្ញប្បទានជាដើម សម្រាប់​សហ​គ្រិន យកទៅអភិវឌ្ឍន៍អាជីវកម្មឱ្យកាន់តែរីកចម្រើន។  ឯកឧត្តម ហែម វណ្ណឌី បានគូសបញ្ជាក់ថាបញ្ហានេះខាងលើនេះ ក្រសួងនឹងបន្តកែទម្រង់ ដើម្បី​ធ្វើឱ្យ​​អនុ​លោមភាពកាន់តែងាយស្រួល តាមរយៈការកែលម្អនីតិវិធី និងការផ្តល់សេវា​សាធារណៈ​តាម​ប្រព័ន្ធ​ឌីជីថល ដើម្បីជួយសហគ្រាសកម្ពុជា បង្កើនភាពប្រកួតប្រជែង និងត្រៀមខ្លួន​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក តំបន់ និងអន្តរជាតិ។ ជាក់ស្តែងយុទ្ធនាការនេះ ជាផ្នែកមួយនៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការពង្រឹង​ភាព​ប្រកួត​ប្រជែង​របស់​វិស័យ​ឧស្សាហកម្មកម្ពុជា និងគាំទ្រចក្ខុ វិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាង​សេដ្ឋកិច្ច​ដែល​មាន​ភាព​ធន់ ជំរុញដោយនវានុវត្តន៍ និងបង្កើតតម្លៃបន្ថែមខ្ពស់ ស្របតាមចក្ខុ វិស័យឆ្នាំ ២០៥០ របស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីក្រសួងវប្បធម៌ធ្វើបទបង្ហាញជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

2026/06/30 08:38:14 pm        299
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំ​គណៈប្រតិភូធ្វើបទបង្ហាញជូនឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើបទបង្ហាញអំពី​សមិទ្ធ​ផលការងារកំណែទំរង់ ព្រមទាំងបញ្ហាប្រឈមមួយចំនួននៃ ការលើកស្ទួយប្រសិទ្ធភាពការងារ និងការអនុវត្តន៍ច្បាប់ស្ថិតក្នុងក្របខ័ណ្ឌសមត្ថ កិច្ចរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ការធ្វើបទបង្ហាញនេះ គឺជា​កិច្ចពិគ្រោះយោបល់​ផ្តល់ធាតុចូល​លើបរិបទ​ជាក់ស្តែងនានា ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ ជាពិសេសពាក់ព័ន្ធជាក់ស្តែងអំពីវឌ្ឍន- ភាពនៃអភិបាលកិច្ច​ចំពោះកិច្ចការថែរក្សា, ការពារ និងគ្រប់គ្រងសម្បត្តិវប្បធម៌ និងអត្តសញ្ញា​ណជាតិប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងការរួមចំណែក អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមវប្បធម៌ ដែលលើកឡើងដោយប្រតិភូគណបក្សនីមួយៗ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងបកស្រាយពន្យល់ ដោយ លោកជំទាវបណ្ឌិតសភាចារ្យ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM