ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង

ព័ត៌មានជាតិ

ឯកអគ្គរាជទូតកម្ពុជាបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីទៅតំណាងសហគមន៍ខ្មែរមកពីបណ្តាខេត្តនានានៅទូទាំងប្រទេសជប៉ុន

2026/06/29 10:37:10 pm        106
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ខណៈពេលដែលកំពុងបន្តដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា ផ្លូវការទូត និងច្បាប់អន្តរជាតិ។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយជាមួយតំណាងសហគមន៍ខ្មែរចំនួន ៤០រូប មកពីបណ្តាខេត្តនានានៅទូទាំងប្រទេសជប៉ុនកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។នៅក្នុងកិច្ចប្រជុំ អ្នកចូលរួមទាំងអស់ ត្រូវបានជម្រាបជូនអំពីបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទម្រង់ផ្សេងៗនៃឧក្រិដ្ឋកម្មឆ្លងដែនដែលបានរៀបចំ ព្រមទាំងការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ។ កិច្ចប្រជុំនេះក៏បានផ្តល់ឱកាសសម្រាប់ស្ថានទូត និងតំណាងសហគមន៍ខ្មែរ ដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់ លើការពង្រឹងកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួល ការលើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយសហគមន៍ខ្មែរនៅទូទាំងប្រទេសជប៉ុន និងការបង្កើនការគាំទ្រគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាដែលជាផលប្រយោជន៍រួម។នៅក្នុងសុន្ទរកថាបិទកិច្ចប្រជុំ ឯកឧត្តមឯកអគ្គរាជទូត ជុំ សុន្ទរី បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះការគាំទ្រជាបន្តបន្ទាប់ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់សហគមន៍ខ្មែរជាមួយស្ថានទូត។ ឯកឧត្តមបានលើកទឹកចិត្តដល់សមាជិកសហគមន៍ទាំងអស់ ឱ្យបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ខណៈដែលបន្តចូលរួមចំណែកក្នុងការលើកកម្ពស់រូបភាពវិជ្ជមានរបស់កម្ពុជា និងពង្រឹងចំណងមិត្តភាពរវាងកម្ពុជានិងជប៉ុន៕

ក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣០

2026/06/29 10:27:00 pm        106
ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញបើកកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គមលើកទី៣៣០ ស្មើនឹង ១១១៥មាតិកាព្រះធម៌ នៅទីស្តីក្រសួង នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ។លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម មានប្រសាសន៍ថា ការសម្តែងព្រះធម៌ទេសនានេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំក្នុងសង្គម ក្នុងនោះរួមមាន៖១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម, ២-បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍, ៣-ចៀសផុតពីគ្រឿងញៀន គ្រឿង ស្រវឹង ពីការជួញដូរមនុស្ស, ៤-ចៀសផុតពីអំពើហឹង្សាក្នុងគ្រួសារ និងក្នុងសង្គម, ៥-បង្ការគ្រោះថ្នាក់ចរាចរណ៍, ៦-ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ, ៧-រួមចំណែករក្សា ភូមិ-ឃុំ-មានសុវត្ថិភាព, ៨-អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត, ៩-ការចិញ្ចឹមកូនបែបវិជ្ជមាន និង១០-ជួយផ្សព្វផ្សាយពីហានិភ័យ ដែលកើតឡើងពីផ្សែងធូប ផ្សែងភ្លើងទៀន ធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយ ព្រោះបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់។ ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ ឯកឧត្តម ហាក់ ប៊ុនធឿន បានថ្លែងថា កម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ត្រូវបានរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់​ខ្ពស់របស់សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងបានបន្តអនុវត្តផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី ចាយ បូរិន បានអនុញ្ញាតឲ្យអគ្គនាយកដ្ឋានកិច្ចការសាសនា នៃក្រសួងធម្មការ និងសាសនា សហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ វិទ្យុរដ្ឋ និងឯកជន ចំនួន២៣ស្ថានីយ៍ បាននិងកំពុងបន្តរៀបចំដឹកនាំផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹង អប់រំទូន្មានដល់កុលបុត្រខ្មែរ ដើម្បីឱ្យប្រកាន់ភ្ជាប់នូវអំពើល្អ សទ្ធាជ្រះថ្លា យកព្រះធម៌ជាគោលមកពិចារណាអ្វីមួយដោយធម៌ ពិសេសទូន្មានសិស្ស និស្សិតឱ្យស្គាល់នូវបុណ្យ បាប និងត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ។ សូមជម្រាបជូនថា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី៣៣០ ស្មើនឹង១១១៥ មាតិកាព្រះធម៌ នាឱកាសនេះ មានការនិមន្តសម្តែងព្រះធម៌ទេសនា ដោយព្រះកំពង់ចាមជ័យអម្ពមុនី កង ប៊ុនហៃ, ព្រះធម្មវង្សសុទិ្ធមុនី ប៉ិល ពន, ព្រះប្រជាធម្មរាជាភិវឌ្ឍន៍ អ៊ឹម ទៀង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ លោក លោកស្រី លោកគ្រូ អ្នកគ្រូ តាជី យាយជី សីលវ័ន សីលវត្តី និងសិស្សានុសិស្សយ៉ាងច្រើនកុះករ៕អត្ថបទ រដ្ឋា 

ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ

2026/06/29 10:04:24 pm        326
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា​ស្នងការ​នគរបាល​រាជ​ធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសារថ្មី បន្តអំពាវនាវ​យុវជនឋិត​ក្នុង​វ័យ​សិក្សាទាំងអស់ឱ្យជៀសឲ្យឆ្ងាយពីសកម្មភាពក្មេងទំនើង បើមិនស្តាប់មានតែ​អនុវត្ត​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ គ្មានការអប់រំទៀតឡើយ ។ការបន្តអំពាវនាវជាថ្មី របស់លោកឧត្តមសេនីយ៍ឯកស្នងការ ធ្វើឡើងក្រោយ កម្លាំងនគរបាល​ផែនការងារ​ព្រហ្មទណ្ឌរាជធានីភ្នំពេញ បានស្រាវជ្រាវតាមបង្ក្រាបក្រុមក្មេងៗបានប្រព្រឹត្តិសកម្មភាពវាយតប់គ្នាយ៉ាងអាណាធិបតេយ្យ នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌឬស្សីកែវ ក្នុងពេលថ្មីៗនេះ ដោយបានបែកធ្លាយជាឃ្លីបវីដេអូ រងការរិះគន់ពីមហាជននៅលើបណ្តាញទំនាក់ទំនងសង្គម ។ តាមរយៈសំណេរផ្ទាល់របស់លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ បានសរសេរថា ៖ ខ្ញុំសូមអំពាវនាវដល់ក្មួយៗព្រមទាំង សិស្សានុសិស្សរក្សាប្រពៃណីក្រមសីលធម៌ និងសូមអាណាព្យាបាល សូនយកចិត្តទុកដាក់ឆ្លៀតពេលណែនាំអប់រំកូនៗក្មួយៗផងកុំឱ្យពួកគាត់បំផ្លាញអនាគតរបស់ខ្លួនទាំងវ័យក្មេងបែបនេះ ( ដែលមហាជននិងសង្គមជាតិស្អប់ខ្ពើម ) ។ ទាក់ទិន នឹងបញ្ហាក្មេងទំនើងនេះដែរ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តនៅទូទាំងប្រទេស ក៏បាននឹងកំពុងបន្តយកចិត្តទុកដាក់ ក្នុងអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់សម្តេចប្រមុខថ្នាក់ដឹកនាំ សំដៅធ្វើយ៉ាងណាទប់ស្កាត់ និងបង្ក្រាបដាច់ណាត់ មិនត្រូវឲ្យសកម្មភាពក្មេងទំនើងមួយក្តាប់តូច អាចចូលមកបង្កចលាចលអុកឡុកក្នុងសង្គមជាតិ ប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនោះឡើយ៕ លីហេង 

អនុប្រធានទី១ គ.ជ.គ.ម អញ្ជើញដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្តខែកក្កដា

2026/06/29 09:05:37 pm        176
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្តខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានទី២, ឯកឧត្តម អនុប្រធាន, ឯកឧត្តម ទីប្រឹក្សា, ឯកឧត្តម-លោកជំទាវ អគ្គលេខាធិការ និងអគ្គលេខាធិការរង, លោកប្រធាននាយកដ្ឋាន និងមន្រ្តីជាច្រើនរូប។បន្ទាប់ពីបានស្តាប់របាយការណ៍ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ដោយសារពេលនេះឈានចូលរដូវវស្សា និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ សូមណែនាំដល់ថ្នាក់ដឹកនាំត្រូវរៀបចំផែនការសកម្មភាពការងារ និងការត្រៀមបម្រុងឲ្យបានល្អប្រសើរ ដើម្បីបញ្ជៀសហានិភ័យគ្រោះមហន្តរាយដែលបង្កឡើងដោយកត្តាធម្មជាតិនានា។ជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានស្នើឲ្យមានការចុះត្រួតពិនិត្យតាមបណ្តាកងរុករក និងសង្គ្រោះ ដែលជាកម្លាំងមានជំនាញក្នុងការចុះប្រតិបត្តិការ អន្តរាគមន៍ចំពោះគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុផងដែរ៕ 

កម្ពុជានឹងរៀបចំពិព័រណ៍អាហារខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រីកទីផ្សារដល់សហគ្រិន

2026/06/29 08:54:30 pm        230
កម្ពុជានឹងរៀបចំពិព័រណ៍អាហារនិងភេសជ្ជៈខ្មែរ ការបង្ហាញផលិតផលពីសហគ្រិន ការប្រកួតប្រជែងអាជីវកម្មអាហារ កម្មវិធីប្បធម៌ និងសិល្បៈខ្មែរ ដែលមិនត្រឹមតែពិព័រណ៍អាហារខ្មែរប៉ុណ្ណោះទេ ថែមទាំងជាចលនាជាតិ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ជួយពង្រីក ទីផ្សារសម្រាប់សហគ្រិន និងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរឹងមាំ។ ឧកញ៉ា លូ ម៉េង មេចុងភៅ និងជាក្រុមការងារផ្នែកទេសចរណ៍ (ក្រុមខ) លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំ មហាព្រឹត្តិការណ៍ពិព័រណ៍ “អាហារខ្មែរត្រូវតែខ្លាំង” នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះថា ការរៀ​បចំព្រឹត្តិការណ៍ពិព័រណ៍អាហារ ខ្មែរត្រូវតែខ្លាំង គឺមានសារៈខាន់ណាស់ប្រទេសកម្ពុជា ដោយវិស័យម្ហូបអាហារមិនត្រឹមសម្រាប់ផ្គត់ផ្គង់ការហូបចុកជាលក្ខណៈគ្រួសារ នោះទេ វិស័យម្អូបអាហារក៏ជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ការបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជនកម្ពុជា ជាពិសេសការបង្កើតកេរ្តិ៍ដល់ប្រទេសជាតិផងដែរ។ជុំវិញការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ, ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមអបអរសាទរ ចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ ក្នុងនោះក្រៅពីការដាក់ បង្ហាញនូវអាហារខ្មែរ, តាមរយៈព្រឹត្តិការណ៍នេះផងដែរ ក៏ជាការបង្កើននូវការយល់ដឹងបន្ថែម ដើម្បីចូលរួមលើកកម្ពស់ដល់សហគ្រិន អាជីវករ និងម្ចាស់ភោជនីយដ្ឋានទាំងអស់ បានយល់ដឹងបន្ថែមអំពីការអនុវត្តន៍ស្តង់ដារ ជាពិសេសស្តង់ដារម្ហូបអាហារនៅកម្ពុជា ខណៈ បច្ចុប្បន្ន វិទ្យាស្ថានបាននិងកំពុងជំរុញបង្កើតនូវស្តង់ដារថ្មីៗបន្ថែមទៀត ទាំងស្តង់ដារម្អូបអាហារ និងវិស័យផ្សេងៗ ព្រោះកាលណា យើងបានអនុវត្តស្របតាមស្តង់ដារ គឺជាការបង្កើននូវទំនុកចិត្តដល់អ្នកហូបចុក ការទាក់ទាញភ្ញៀវទេសចរណ៍ និងការវិនិយោគមក បណ្តាកទុននៅកម្ពុជាបន្ថែមទៀតផងដែរ។ទាក់ទិនការរៀបចំព្រឹត្តិការណ៍ខាងនេះ, បណ្ឌិត អោម សេងបូរ៉ា ថ្លែងឱ្យដឹងថា មហាព្រឹត្តិការណ៍អាហារខ្មែរត្រូវតែខ្លាំង គ្រោង រៀបចំរយៈពេល ៣ គឺនៅថ្ងៃទី ១៧–១៨–១៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលពិព័រណ៍កោះពេជ្រ ក្នុងនោះគម្រោងដែលត្រូវរៀបចំ រួមមាន៖ ពិព័រណ៍អាហារ និងភេសជ្ជៈខ្មែរ, ការបង្ហាញផលិតផលពីសហគ្រិនជាច្រើន, ការប្រកួតប្រជែងអាជីវកម្មអាហារ, កម្មវិធី វប្បធម៌ និងសិល្បៈខ្មែរ។ ដូច្នេះសូមឱ្យសហគ្រិន អាជីវករ និងម្ចាស់ភោជនីយដ្ឋានទាំងអស់ កុំឱ្យឱកាសដ៏ល្អនេះកន្លងផុត ដែលនេះ គឺជាវេទិកាធំបំផុតប្រចាំឆ្នាំ សម្រាប់បង្ហាញរសជាតិ និងសក្តានុពលអាហារខ្មែរ ទៅកាន់មហាជន និងទីផ្សារថ្មីៗ៕ អត្ថបទ៖ សុន រ៉ាឌី  

មន្ត្រីជំនាញ៖ Online Scams នៅកម្ពុជា កំពុងត្រូវបានបង្ក្រាប​យ៉ាងសកម្ម​ទោះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ

2026/06/29 08:43:46 pm        346
មន្ត្រីជំនាញ បានបញ្ជាក់ថា មានជនបរទេសជាច្រើនសញ្ជាតិ បានទទួលរងការអូសទាញ​ពី​សំណាក់​មេខ្លោងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចូលមកក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការងារប្រព្រឹត្តអំពើឆបោកទៅក្រៅប្រទេស ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់ ទោះ​បីជាត្រូវប្រឈមនឹងភាពស្មុគស្មាញ និងឧបសគ្គជាច្រើនក្ដី។ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការ​ចំពោះកិច្ចប្រយុទ្ធប្រឆាំង​ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បានថ្លែងថា បានបញ្ជាក់ថា យុទ្ធនាការបោសសម្អាតបទល្មើសឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាចេញពីកម្ពុជា បាននឹងកំពុងប្រព្រឹត្តទៅដោយភាពស្វាហាប់ និងមោះមុតបំផុត ទោះបីជាត្រូវប្រឈមនឹងភាពស្មុគស្មាញ និងឧបសគ្គជាច្រើនក្ដី។ ឯកឧត្តម បានបន្តថា កម្ពុជា គឺជាប្រទេសទី១ ដែលមានច្បាប់ប្រឆាំងបទល្មើស​ឆបោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែលត្រូវបានប្រកាសឲ្យប្រើកាលពីដើមខែខែមេសា ឆ្នាំ២០២៦។ ច្បាប់ប្រឆាំង​អំពើ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យាមានលក្ខណៈសំខាន់បីយ៉ាង ទី១. ប្រឆាំងដាច់ខាតពួកឧក្រិដ្ឋជន​ដែល​ប្រព្រឹត្ត​មានចេតនាប៉ុនប៉ង ឬរបៀបចំអង្គការចាត់តាំង បណ្តុះបណ្ដាលនៅលើសកម្មភាព ដើម្បី​ប្រព្រឹត្តនូវអំពើឆបោក។ ទី២. ប្រឆាំងនឹងការជួញដូរមនុស្ស ការធ្វើទារុណកម្ម បង្ខាំង ជម្រិត គឺជាស្ថានទម្ងន់ដែលអាចឈានទៅដល់ការជាប់ពន្ធនាគាររហូតអស់មួយជីវិត។ ទី៣. ប្រឆាំង​នឹងការ​សម្អាតប្រាក់ អ្នកដែលពាក់ព័ន្ធគឺត្រូវតែស៊ើបអង្កេត ទៅដល់ទ្រព្យសម្បត្តិពីមេខ្លោង​រហូត​ដល់​អ្នកពាក់ព័ន្ធ។គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ច​កម្ពុជា​បាន​​បង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួនជាង៥០០ទីតាំង ក្នុងរាជធានី-ខេត្ត ហើយ​កំពុង​បន្តការស៊ើបអង្កេតប្រមូលភស្តុតាង ក្នុងនោះបានបិទសៀល ចំនួនជាង៤០០ទីតាំង ព្រម​ទាំង​បានដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូចំនួន២៥ទីតាំង។ ទន្ទឹមនេះ សមត្ថកិច្ច​បាន​ដំណើរ​ការ​សំណុំរឿងក្នុងនីតិវិធីតុលាការចំនួន ១៨៤ សំណុំរឿង ក្នុងនោះមាន ៥៥ សំណុំរឿង​ស្ថិត​ក្នុង​ដំណាក់​កាលជំនុំជម្រះ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ១ ៧៦១ នាក់ ខណៈ​ជនជាប់​សង្ស័យ​សញ្ជាតិបរទេសមានចំនួនប្រមាណ ជាង២ពាន់នាក់ មាន៣៣ សញ្ជាតិ៕ អត្ថបទ៖ វង្ស សុភាព

ក្រសួងបរិស្ថានរៀបចំកូនឈើ៥លានដើម សម្រាប់ចែកជូនពលរដ្ឋក្នុងពិព័រណ៍ «ពន្លកបៃតង» នៅខែក្រោយ

2026/06/29 08:32:03 pm        329
ក្រសួងបរិស្ថានបានរៀបចំកូនឈើប្រមាណ៥លានដើមរួចរាល់ហើយ សម្រាប់​ចែក​ជូន​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ក្នុងពិព័រណ៍ «ពន្លកបៃតង» ដែលនឹងប្រព្រឹត្តទៅនៅខែក្រោយនេះ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២៦នេះ បាន​ប្រាប់​BTV​ឲ្យដឹងថា គិតមកដល់ពេលនេះ ក្រសួងបរិស្ថានបាន​ត្រៀម​រួចរាល់​កូន​ឈើ​៥​លាន​ដើម​ ចែកជូនប្រជាពលរដ្ឋឥតគិតថ្លៃនៅក្នុងយុទ្ធនាការ និងពិព័រណ៍ «ពន្លកបៃតង» ដែល​នឹង​ប្រពឹត្ត​ទៅ​ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅទីស្តីការក្រសួងបរិស្ថាន រាជ​ធានី​ភ្នំពេញ​។ ឯកឧត្តមបានបន្តទៀតថា កូនឈើដែលបាន​ត្រៀម​ចែក​ជូន​ប្រជាពលរដ្ឋ​នោះ​មាន​ជា​ច្រើន​ប្រភេទ​រួម​មាន​៖ កូនត្នោត១,៥លានដើម ឈើបេង នាងនួន រាំងទឹក ច័ន្ទគីរី ខ្នុរ អំពិលផ្អែម និង​កូន​ឈើ​ក្ងោក​ជា​ដើម ហើយកូនឈើទាំងអស់នេះកើតចេញពីថ្នាលបណ្តុះនៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ស្ថិតនៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគិរី និង​កោះកុង។ កៅពីនេះ ឯកឧត្តម ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​អញ្ជើញ​មក​ទទួល​យក​កូន​ឈើ​ដោយ​ឥតគិតថ្លៃនៅក្នុងពិព័រណ៍«ពន្លកបៃតង» និងតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា​។ កាលពីឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចែក​ជូន​កូន​ឈើ​ឥត​គិត​ថ្លៃ​ចំនួន​ជាង​៣​លាន​៤សែន​ដើម​សម្រាប់​ដាំ​នៅតាមផ្ទះ សាលារៀន វត្តអារាម និងដីសហគមន៍ជាដើម។ គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានក្រសួងបរិស្ថានជាសេនាធិការ បាន​រៀប​ចំ​អនុវត្ត និងដាក់ចេញយុទ្ធនាការពន្លកបៃតង គឺបណ្តុះកូនឈើ ចែកកូនឈើ និងដាំ​ដើម​ឈើ​យ៉ាង​តិច​មួយ​លានដើមក្នុងមួយឆ្នាំជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងនិន្នាការបរិស្ថាន និងជួយ​កាត់​បន្ថយ​កម្ដៅ​ ព្រមទាំងឈាន​ឆ្ពោះ​ទៅ​សម្រេច​គោល​ដៅក​ម្ពុជា​ជា​ប្រទេស​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ២០៥​០៕ អត្ថបទ៖ ទូច សោភ័ណ 

ក្រសួងមុខងារសាធារណៈ៖ «វិស័យអប់រំ» ជាវិស័យអាទិភាពលំដាប់ទីមួយរបស់រាជរដ្ឋាភិបាល ដើម្បីកសាង និងអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិដ៏រឹងមាំ

2026/06/29 08:20:58 pm        102
ភ្នំពេញ៖ សព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានគិតគូរយកចិត្តទុកដាក់ជាខ្លាំងទៅលើការរៀបចំប្រព័ន្ធអប់រំរបស់ខ្លួនជាបន្តបន្ទាប់ តាមរយៈការអនុវត្តកម្មវិធីកំណែទម្រង់ ដោយបានរៀបចំកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីជាគ្រូបង្រៀន ប្រព័ន្ធដឹកនាំ គ្រប់គ្រង និងប្រព័ន្ធបណ្តុះបណ្តាលគ្រូបង្រៀន និងកម្មវិធីសិក្សារបស់សិស្សានុសិស្ស ឱ្យកាន់តែមានភាពប្រសើរឡើង និងមានគុណភាពខ្ពស់។ ក្នុងដំណើរការកសាង និងរៀបចំកែលម្អប្រព័ន្ធអប់រំពីមួយដំណាក់កាលទៅមួយដំណាក់កាល ក្រសួងមុខងារសាធារណៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាល និងក្នុងនាមជាលេខាធិការដ្ឋាននៃ គ.វ.រ. តែងតែដឹកនាំ និងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា។ ជាក់ស្តែង នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រសួងមុខងារសាធារណៈ បានបន្តរៀបចំកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តរៀបចំឯកសារស្តីពី «ផែនទីបង្ហាញផ្លូវសម្រាប់គាំទ្រការអនុវត្តវិធានការគន្លឹះក្នុងការលើកម្ពស់សេវាបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ(មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា) ២០២៦-២០២៩»។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទីក្រសួងមុខងារសាធារណៈ។ គោលបំណងសំខាន់នៃផែនទីបង្ហាញផ្លូវសម្រាប់គាំទ្រការអនុវត្តវិធានការគន្លឹះនេះ គឺដើម្បីលើកកម្ពស់គុណភាពសេវាបង្រៀន ការគ្រប់គ្រង និងការចាត់ចែងគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងគោលដៅដើម្បី៖ (១).គ្រប់គ្រង និងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារដែលមានគុណវុឌ្ឍិខ្ពស់សមស្រប ជំនួសការបង្រៀនពីរថ្នាក់ពីរពេល ថ្នាក់គួបគ្រប់កម្រិត នៅគ្រឹះស្ថានសិក្សាសាធារណៈ និងការបង្រៀនផ្អែកលើកិច្ចសន្យា ព្រមទាំងបំពេញតម្រូវការមុខវិជ្ជាឯកទេសនៅគ្រឹះស្ថានមធ្យមសិក្សា។ (២).រៀបចំយន្តការ និងបែបបទដើម្បីលើកកម្ពស់គុណវុឌ្ឍិ និងធ្វើសមាហរណកម្មគ្រូបង្រៀនជាប់កិច្ចសន្យាដែលត្រូវបានជ្រើសរើសផ្អែកលើគោលការណ៍រាជរដ្ឋាភិបាល និងកំពុងបង្រៀននៅតាមសាលាបឋមសិក្សាសាធារណៈទៅក្នុងក្របខ័ណ្ឌគ្រូបង្រៀន។ (៣).លើកកម្ពស់គុណវុឌ្ឍិ និងធ្វើសមាហរណកម្មបុគ្គលិកអប់រំទៅក្នុងអង្គគ្រូបង្រៀន ក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ អនុលោមតាមព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន។ (៤).កសាង និងពង្រឹងប្រព័ន្ធឌីជីថលគ្រប់គ្រងទិន្នន័យបុគ្គលិកអប់រំនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឱ្យមានភាពជាក់លាក់ និងច្បាស់លាស់។ (៥).ពង្រឹងសមត្ថភាពដឹកនាំ និងគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​សារមន្ទីរ​ព្រះវិហារ​អដ្ឋរស្ស និងពុទ្ធាភិសេកព្រះបដិមាព្រះសម្មាសម្ពុទ្ធអង្គធំ ក្នុង​រមណីយ​ដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ (ឧដុង្គ)

2026/06/29 08:16:27 pm        309
កណ្ដាល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការសារមន្ទីរព្រះវិហារអដ្ឋរស្ស និងពុទ្ធាភិសេកព្រះបដិមាព្រះសម្មាសម្ពុទ្ធអង្គធំ ស្ថិត​ក្នុង​រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ឧដុង្គ) ឃុំផ្សារដែក ស្រុក​ពញាឮ​ ខេត្តកណ្ដាល ។ ជា​ទី​សក្ការៈបូជាដ៏មានវ័យចំណាស់មួយ ព្រះវិហារនេះ ត្រូវបានសាង​សង់​ឡើង​ដំបូង​នៅ​ស.វ​ទី​១៧​ នាសម័យឧដ្ដុង្គ ដោយសង់លើគ្រឹះប្រាសាទចាស់នាស.វទី១១ សម័យអង្គរ ក្នុង​រចនា​បថ​ឃ្លាំង​។ ព្រះវិហារមានទំហំធំស្កឹមស្កៃដែលមានបណ្តោយ ៣៩.២ម៉េត្រ ទទឹង ២២.៣ម៉ែត្រ និង​កម្ពស់​២៣.៦ម៉ែត្រ។ នៅខាងក្នុងព្រះវិហារ មានព្រះពុទ្ធរូបមួយអង្គធំកម្ពស់ ១៨ហត្ថ (១៦.៧៩​ម៉ែត្រ​រាប់​ទាំង​កម្ពស់បល្ល័ង្គ) ដែលមានន័យថា អដ្ឋរស្ស ទើបព្រះវិហារត្រូវបានហៅថា ព្រះវិហារ​អដ្ឋរស្ស​។ លោក ឆាយ វិសុទ្ធ ប្រធានយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើក​ឡើង​ថា ​ដោយសារមើលឃើញថាទីតាំងនេះ មានសារសំខាន់ ក្រសួងវប្បធម៌ និងវិចិត្រិសិល្បៈ រៀប​ចំ​ជា​កន្លែងផ្សព្វផ្សាយពីប្រវត្តិអតីតរដ្ឋធានីឧដុង្គ ជាពិសេស ប្រវត្តិសាស្ត្រភ្នំឧដុង្គ ដែលមា​ន​សល់​សំណល់​ជា​ច្រើនពាក់ព័ន្ធនឹងព្រះចេតិយ ។ លោកបន្តថា ក្រោយពីទុកចោលជាច្រើនឆ្នាំ គឺត្រូវរៀបចំឲ្យក្លាយជាព្រះវិហារឲ្យមានជីវិតឡើងវិញ ទាំងជាទីកន្លែងសក្ការបូជា សម្រាប់ពុទ្ធបរិស័ទ ហើយគោលបំណងមួយទៀត គឺពន្យល់ណែនាំពីសាវត្ដាសំខាន់ៗ នៃការកកើតទីក្រុងនៅទីនេះ ការកសាងព្រះចេតិយផ្សេងៗ រួមទាំងវត្ថុបុរាណមួយចំនួន ដែលរកឃើញកន្លងមកកាលពីសម័យឧដុង្គ ខណៈបច្ចុប្បន្ន សារមន្ទីរនេះ កំពុងមានព្រះបដិមាធ្វើពីមាស និងប្រាក់ជាដើមជាង ១៤០០អង្គ ។ លោក ឆាយ វិសុទ្ធ បានបញ្ជាក់ថា សារមន្ទីរព្រះវិហារអដ្ឋរស្ស ក្រោយពីសម្ពោធដាក់ឲ្យដំណោះរការនេះទៅ គឺអនុញ្ញាតឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាដោយឥតគិតថ្លៃ ជាមួយអនុញ្ញាតិឲ្យពុទ្ធបរិស័ទ អាចគោរប្រតិបត្តិសាសនាបាន ក្រោយពីមានការព្រមព្រៀងពីអ្នកប្រចាំការការពារ និងស្ថាប័នពាក់ព័ន្ធ ។ គួរបញ្ជាក់ថា ដោយសារប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាមជាច្រើន ទម្រាំទទួលបានសន្តិភាពដូចសព្វថ្ងៃនេះ ព្រះវិហារអដ្ឋរស្សនេះ ក៏ត្រូវបានជួសជុលជាច្រើនហូរហែរ រហូតដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រគល់គម្រោងជួសជុលកែលម្អ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទើបព្រះវិហារត្រូវបានជួសជុលរួចរាល់ទាំងស្រុង ហើយត្រូវបានសម្ពោធដាក់ឲ្យដំណើរការនាពេលនេះ ។ ដើម្បីចូលរួមថែរក្សាក៏ដូចជាផ្សព្វផ្សាយមរតវប្បធម៌ ព្រះវិហារត្រូវបានប្រែក្លាយជាសារមន្ទីរ ដែលមានតាំងបង្ហាញនូវប្រតិមាព្រះពុទ្ធ ទេពប្រណម្យ និងវត្ថុសាសនាផ្សេងៗ ដែលមានប្រភពមកពីចេតិយព្រះបាទអង្គអេង និងព្រះបាទអង្គសត្ថា រួមទាំងវត្ថុបុរាណនានាកាលពីសម័យឧដ្តុង្គផងដែរ ។ ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជា មានការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត តែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដោយបានកំណត់ ថាជាសាសនារបស់រដ្ឋ។ បន្ថែមពីលើនេះ សម្តេចធីបតី និងលោកជំទាវបណ្ឌិត បានជំរុញជាប់ជាប្រចាំនូវការស្វែងរក ថែរក្សា ការពារវត្ថុបុរាណ ដែលជាកេរដំណែលដូចតាខ្មែរ ហើយបំផុសស្មារតីប្រជាជនកម្ពុជា ឱ្យនាំគ្នាស្វែងយល់ និងថែទាំឱ្យបានល្អផូរផង់សម្រាប់កូនចៅខ្មែរជំនាន់ក្រោយៗផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ

អ្នកនាំពាក្យក្រសួងការងារ៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា​មាន​ចំនួន ៤៧ ២៩៩ សហគ្រាស កើនឡើង​ចំនួន ៦៥០ស​ហគ្រា​ស

2026/06/29 08:14:36 pm        99
ភ្នំពេញ៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួន​សហ​គ្រា​ស ក្រុម​ហ៊ុន រោង​ចក្រ​កើនពី ៤៦ ៦៤៩សហគ្រាសនៅឆ្នាំ២០២៥​ ដល់​ចំនួន ៤៧ ២៩៩ស​ហ​គ្រា​ស ពោលគឺចុះបញ្ជីថ្មីចំនួន ៦៥០​សហគ្រាស​​នៅ​ក្រសួ​ងការ​ងារ និង​បណ្ដុះ​បណ្ដា​ល​វិជ្ជា​ជីវៈ ដែលធ្វើឱ្យ​មានកំណើន​កម្មករ​​និយោ​ជិត​​​បម្រើ​​​ការ​​​ងារ​​សរុប​​ចំនួន ២ ២៩៦ ៣៤៨​នាក់ (ស្រី១ ៣០៩ ១៩០នាក់)។ នេះបើតាម អ្នកនាំពាក្យ​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈ។លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈបាន​ឱ្យដឹង​ថា ​តាម​រ​យៈ​ការកំ​ណើននៃកា​របង្កើត​រោង​ចក្រ​ថ្មីៗ​នេះ នឹង​មាន​តម្រូវ​ការ​កម្លាំង​ពលក​ម្ម​ច្រើន ហើយ​ធ្វើឱ្យ​មាន​សន្ទុះ​នៃ​​ការ​បញ្ជា​ទិញ និង​ការ​នាំ​ចេញ​កើនឡើង​ល្អពី​មួយ​ថ្ងៃ​ទៅ​មួយ។ កត្តា​ទាំង​នេះ ដោយ​សារ​ស្ថិរ​ភាព​នៃ​បរិយា​កាស​វិនិ​យោ​គ ​និង​​ការ​រក្សា​បាន​​នូវភាព​​ប្រកួត​ប្រជែង​ដែល​​បាន​ទាក់​​ទាញ​ការវិនិ​យោគ​ថ្មីៗ​មកប​ន្ថែម​​ទៀត។លោកបានសង្កត់ធ្ងន់ទៅលើ​កំណើន​​ទុន​​វិនិ​យោគ​ ​កំ​ណើ​ន​​រោងច​ក្រ​ និង​ការ​ងារនេះ គឺ​ឆ្លុះ​ប​ញ្ចាំ​ង​​​ពី​ភាព​​រឹង​មាំ​នៃ​​សេដ្ឋកិ​ច្ច​​កម្ពុជា​ ដែល​​កើត​​ចេញ​ពី​​គោល​​នយោ​បាយ​ត្រឹម​ត្រូវ​រ​បស់​​រាជរដ្ឋា​ភិបា​ល​អា​ណត្តិ​ទី៧​ ​ដែល​បា​ន​ធ្វើ​កំណែ​​ទម្រង់​​វិនិយោគ​​ឱ្យ​​មាន​ភា​ព​ងាយ​​ស្រួល​​ជាង​មុន​។លើសពីនេះលោកបញ្ជាក់ថា៖«តាមរយៈគោលនយោ​បាយរ​បស់រា​ជ​រដ្ឋា​ភិបាល នីតិ​កាល​ទី៧ យើង​ឃើញ​ថា មាន​កំណើន​នៃកា​រប​ង្កើត​រោង​ចក្រថ្មីៗ និងមាន​តម្រូវកា​រកម្លាំង​ពល​កម្ម​ច្រើន​ដែល​នេះ យើង​សង្ឃឹម​ថា សន្ទុះ​នៃកា​របញ្ជា​ទិញ និង​ការ​នាំចេញ នឹងមាន​ការកើនឡើ​ងល្អពី​មួ​យថ្ងៃ​ទៅ​មួយ​ថ្ងៃ»។អ្នកនាំពាក្យរូប​នេះមានជំ​ជឿ​យ៉ាង​មុតមាំ​ថា ការដឹ​កនាំដ៏​ឈ្លា​​សវៃរ​បស់​រាជរ​ដ្ឋាភិ​បាល បន្តស្មារ​តីសា​មគ្គី​ភាព​ដ៏រឹង​មាំ ដើម្បី​ក្លាយ​ជាកម្លាំង​ចលក​រក្នុងកា​រទាក់​ទាញ​វិនិយោ​គ​ថ្មី និងប​ង្កើត​ទំនុក​ចិត្ត​ជូនអ្នក​វិនិយោ​​គិនថ្មីៗ និង​បង្កើន​ទំនុក​ចិត្ត​ជូនអ្ន​កនិយោគដែ​លមានស្រាប់។ ភាពជោ​គ​ជ័យ​នៃអាណត្តិ​ថ្មីនេះ នឹងនាំនូវ​ផលប្រយោ​ជន៍ដោ​យ​ផ្ទាល់​ដល់​និយោ​ជក និងកម្មក​រនិយោ​ជិតតាម​រយៈកា​រ​បង្កើ​តការងារ និងប្រាក់ចំណូល ស្របតាមចក្ខុ​វិស័យវែង​ឆ្ងាយ​រប​ស់រា​ជរដ្ឋាភិ​បាល​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM