ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ស្ពឺ សម្ពោធផ្លូវបេតុងក្រាលកៅស៊ូលើខ្នងភ្នំឧទ្យានជាតិសុរាម្រិតកុសមៈគីរីរម្យ ដើម្បីលើកកម្ពស់វិស័យទេសចណ៍

2026/06/29 07:51:43 pm        76
កំពង់ស្ពឺ៖ ផ្លូវបេតុងក្រាលកៅស៊ូ ១ខ្សែ ប្រវែងជាង៧០០០ម៉ែត្រ ស្ថិតនៅលើខ្នងភ្នំឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីសម្រួលដល់ការធ្វើដំណើរនៃភ្ញៀវជាតិ អន្តរជាតិ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវកៅស៊ូ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែថថា ផ្លូវបេតុងក្រាលកៅស៊ូថ្មីនេះ តភ្ជាប់ចេញពីរង្វង់នាគព័ន្ធ ទៅកាន់រមណីយដ្ឋានឋានសួគ៌គីរីរម្យ គឺជាសមិទ្ធិផលថ្មីមួយបន្ថែមទៀតនៅលើខ្នងភ្នំឧទ្យានជាតិគីរីរម្យ នឹងចូលរួមជួយជំរុញកំណើនទេសចរណ៍ ហើយក៏បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ មូលដ្ឋានឱ្យកាន់តែប្រសើរឡើង ។ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ឧទ្យានជាតិគិរីរម្យជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ល្បី ក្នុងចំណោមរមណីយដ្ឋានឧទ្យានជាតិធំៗដទៃទៀតនៅក្នុងប្រទេសកម្ពុជា ហើយគិរីរម្យក៏ជារមណីយដ្ឋាន ដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំងតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ។ រមណីយដ្ឋានឧទ្យានជាតិនេះ សំបូរទៅដោយទេសភាពល្អប្រណិត លំអរដោយដើមស្រល់តូចធំ ដុះពីធម្មជាតិនៅលើខ្ពង់រាបគីរីរម្យ ជ្រោះទឹកធ្លាក់ជាច្រើនអន្លើ និងមានសត្វម្រឹគីម្រឹគាជាច្រើនអំបូរកំពុងរស់នៅទីនោះ អមដោយខ្យល់ធម្មជាតិដែលអំណោយផលដល់ការទៅលេងកម្សាន្តនៃភ្ញៀវទេសចរជាតិ អន្តរជាតិក្នុងមួយឆ្នាំៗប្រមាណជាង ១លាននាក់ ។ ឯកឧត្តម បានគូសបញ្ជាក់ថា រមណីយដ្ឋានឧទ្យានជាតិគីរីរម្យ បច្ចុប្បន្ន មានការអភិវឌ្ឍខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធនានា ក្រោមការគិតគូរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់វិស័យទេសចរ។ ផ្ទះសំណាក់ សណ្ឋាគារ រីសត បាននិងកំពុងបណ្តែតខ្លួនត្រៀបត្រានៅលើខ្នងភ្នំ ផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងជាច្រើនខ្សែ ដែលតភ្ជាប់ទៅតាមតំបន់រមណីយដ្ឋាន ក៏ត្រូវបានស្ថាបនា ជួសជុលឡើងវិញ ដើម្បីត្រៀមសម្រួលដល់ការធ្វើដំណើរ ចំនេញពេលវេលាដល់ភ្ញៀវទេសចរណ៍ក្នុងការដើរកំសាន្ត ជាក់ស្តែងផ្លូវមួយខ្សែ ដែលបានដាក់សម្ពោធថ្មីនេះ ពិតជាបានចូលរួមលើកម្ពស់វិស័យទេសចរណ៍នៅលើខ្នងភ្នំឧទ្យានជាតិគីរីរម្យឱ្យកាន់តែទាក់ទាញ់បន្ថែមទៀត។ ជាមួយគ្នានេះឯកឧត្តម ហួត ហាក់ បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសជំរុញមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ចូលរួមឱ្យសកម្ម ក្នុងការពិនិត្យតាមដាន រាល់សកម្មភាព របស់សហគមន៍ ក៏ដូចជាម្ចាស់អាជីវកម្មនានា ក្នុងឧទ្យានជាតិគីរីរម្យ លើការផ្តល់សេវាដល់ភ្ញៀវទេសចរ ធ្វើយ៉ាងណាជៀសវាងបង្កការថ្នាំងថ្នាក់ ដល់អារម្មណ៍ភ្ញៀវមកលេងកម្សាន្ត តាមរយៈការតំឡើងថ្លៃតាមទំនើងចិត្ត លើការស្នាក់នៅនិងហូបចុក មួយវិញទៀតត្រូវពិនិត្យ និងចាត់វិធានការលើការសំអាតអនាម័យ បរិស្ថានតាមរមណីយដ្ឋាននានា កុំឱ្យមានសំរាមពាសវាលពាសកាល ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរនៃរមណីយដ្ឋានដ៏ល្បីល្បាញនេះ៕ 

ក្រុមប្រឹក្សាធម្មនុញ្ញប្រគល់ស្តម្ភរដ្ឋធម្មនុញ្ញចម្លង ដើម្បីតម្កល់នៅសាលារាជធានី-ខេត្ត សម្រាប់​ប្រារព្ធ​ពិធីគោរពរដ្ឋធម្មនុញ្ញ

2026/06/29 07:41:16 pm        443
ក្រុមប្រឹក្សាធម្មនុញ្ញបានរៀបចំពិធីប្រគល់ស្តម្ភរដ្ឋធម្មនុញ្ញចម្លងដើម្បីតម្កល់នៅរាជធានី-ខេត្ត ទាំង​២៥ ទុកជាមង្គលវត្ថុ សម្រាប់ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រដែលរាជធានី ខេត្ត ទទួលបានស្តម្ភរដ្ឋធម្មនុញ្ញចម្លង។ ពិធីនេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកព្រឹកថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់អភិបាល អភិបាលរងរាជធានី ខេត្ត។ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា ស្តម្ភរដ្ឋធម្មនុញ្ញចម្លង គឺជាវត្ថុតំណាងវិមានរដ្ឋធម្មនុញ្ញ ជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋ ដែលនឹងបានជាជំនួយដល់ស្មារតីមន្ត្រីរាជការត្រូវដើរតួនាទីជាគំរូក្នុងការគោរព និងអនុវត្តច្បាប់ ព្រមទាំងក្លាយជាមរតកបេតិកភណ្ឌផ្តល់ប្រយោជន៍ដល់ការសិក្សាខាងប្រវត្តិនីតិសាស្ត្រ និងសិល្បៈវប្បធម៌ប្រពៃណី។ សរុបសេចក្តីមក ការកសាង នីតិបូជនីយដ្ឋាន ពោលគឺ វិមានរដ្ឋធម្មនុញ្ញ ការបង្កើត នីតិគារវប្បវេណី ពោលគឺពិធីគោរពរដ្ឋធម្មនុញ្ញ និងការកសាងមង្គលវត្ថុ ពោលគឺ ស្តម្ភរដ្ឋធម្មនុញ្ញចម្លង តម្កល់នៅរាជធានី-ខេត្ត ទាំងអស់នេះពិតណាស់គឺជាការស្តែងឱ្យឃើញនូវការគោរពលើកតម្កើង ស្នាដៃរបស់បុព្វបុរស និងជាមោទនភាពជាតិក្នុងការសម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ត្រចះត្រចង់។ឯកឧត្តមបានគូសបញ្ជាក់ថា ស្តម្ភរដ្ឋធម្មនុញ្ញចម្លង គឺជាវត្ថុតំណាងវិមានរដ្ឋធម្មនុញ្ញ ជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋ ដែលនឹងបានជាជំនួយដល់ស្មារតីមន្ត្រីរាជការត្រូវដើរតួនាទីជាគំរូក្នុងការគោរព និងអនុវត្តច្បាប់ ព្រមទាំងក្លាយជាមរតកបេតិកភណ្ឌផ្តល់ប្រយោជន៍ដល់ការសិក្សាខាងប្រវត្តិនីតិសាស្ត្រ និងសិល្បៈវប្បធម៌ប្រពៃណី។ចំណែកឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងដែលបានអញ្ជើញចូលរួមក្នុងពិធីទទួលស្តម្ភរដ្ឋធម្មនុញ្ញចម្លងបានថ្លែងថា ឯកឧត្តមវាយតម្លៃខ្ពស់បំផុតអំពីការទទួលបាននៅស្តម្ភរដ្ឋធម្មនុញ្ញចម្លង ដែលជាតម្លៃ​ប្រវត្តិសាស្ត្រ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាច្បាប់កំពូលរបស់ជាតិ ហើយការដែលរដ្ឋធម្មនុញ្ញបានរៀបចំនៅស្តម្ភរដ្ឋធម្មនុញ្ញចម្លងសម្រាប់ចែកជូនតម្កល់ជាវត្ថុមង្គលសម្រាប់បណ្តារាជធានី ខេត្ត គឺពិតជាមហាអស្ចារ្យ មហាធំធេង និងជាតម្លៃប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់រាជធានី ខេត្ត ទទួលបានរដ្ឋស្តម្ភរដ្ឋធម្មនុញ្ញចម្លង។គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញសារាចរលេខ ០១ សរ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ កំណត់យកថ្ងៃទី២៤ ខែកញ្ញា រៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ ពិធីគោរពរដ្ឋធម្មនុញ្ញ ដោយគ្រប់ក្រសួង ស្ថាប័នត្រូវរៀបចំគណៈប្រតិភូចូលរួមប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៅនីតិបូជនីយដ្ឋាន “វិមានរដ្ឋធម្មនុញ្ញ” ហើយដោយឡែកនៅរាជធានី និងតាមបណ្តាខេត្ត ត្រូវរៀបចំប្រារព្ធពិធីតាមទីតាំង និងលទ្ធភាពជាក់ស្តែង។សូមជម្រាបជូនផងដែរថា ស្តម្ភរដ្ឋធម្មនុញ្ញគំរូដើម ដែលក្រុមប្រឹក្សាធម្មនុញ្ញ បានចាត់ចម្លងនេះ គឺជា គារវវត្ថុមួយ ដ៏សំខាន់នៃវិមានរដ្ឋធម្មនុញ្ញ បច្ចុប្បន្នត្រូវបានប្រតិស្ឋាននៅចំមណ្ឌលកណ្តាលនៃខេមរ​សន្តិមូលសាល នៃ វិមានរដ្ឋធម្មនុញ្ញ។ ស្តម្ភ​រដ្ឋធម្មនុញ្ញ នេះមានរាង៦ជ្រុង ដែលជ្រុង​ខាងមុខមានចារឹកបុព្វកថា​​រដ្ឋធម្មនុញ្ញ និង៥ជ្រុង​​ទៀតសម្រាប់ចារឹកយុទ្ធវិធីទាំងប្រាំ នៅក្នុងយុទ្ធសាស្ត្រនយោបាយ ឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពដ៏ថ្លៃថ្លារបស់ សម្តេច​​អគ្គ​មហាសេនា​​បតីតេជោ ហ៊ុន សែន គឺ បំបែក; ឯកោ; បញ្ចប់; សមាហរណ​កម្ម​; អភិវឌ្ឍន៍ តំណាងដោយព្យព្ជានៈខ្មែរចំនួនប្រាំតួ គឺ “ ប - ឯ - ប - ស - អ ”៕ អត្ថបទ៖ វង្ស សុភាព

មន្រ្ដីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត

2026/06/29 07:40:46 pm        83
កំពត៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តីនៃកម្ពុជា និងជារដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ, លោក សេង សេរីបុត្រ អភិបាលរងខេត្ត,លោកប្រធានមន្ទីរ ,អនុប្រធានមន្ទីរ , លោក លោកស្រី និងមន្ត្រីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសរុប ៣៩ រូប។បន្ទាប់ពីបានស្តាប់នូវការអានសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដោយ លោកប្រធានមន្ទីរ ។ តាមរយៈរបាយការណ៍បានបង្ហាញឱ្យឃើញថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម ទៅតាមផែនការសកម្មភាព និងប្រតិទិនការងារ ដែលបានកំណត់ និងតាមតម្រូវការការងារចាំបាច់នានាក្នុងក្របខ័ណ្ឌតួនាទី និងភារកិច្ច របស់មន្ទីរ ដោយសម្រេចបានលទ្ធផលក្នុងខែប្រកបដោយភាពវិជ្ជមាន និងមានប្រសិទ្ធភាព។ អង្គប្រជុំ ក៏បានពិនិត្យនិងពិភាក្សាយ៉ាងលម្អិតលើសេចក្ដីព្រាងរបាយការណ៍លើបញ្ហា និងការប្រឈមនានា ព្រមទាំងកំណត់ទិសដៅបន្តដើម្បីជំរុញការអនុវត្តផែនការសកម្មភាពឱ្យបានជោគជ័យស្របតាមផែនការដែលបានគ្រោងទុក។នាឱកាសនោះឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាន និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ដែលបានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម ស្របតាមក្របខ័ណ្ឌតួនាទី ភារកិច្ចដែលប្រគល់ជូន ដើម្បីសម្រេចបានតាមគោលដៅនៃផែនការយុទ្ធសាស្រ្តរបស់ក្រសួង និងឈានទៅសម្រេចចក្ខុវិស័យនៃគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ គឺ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយ បរិយាបន្ន សមធម៌ និងចីរភាព” ។ឯកឧត្តមបណ្ឌិត គូសបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលដែលសម្រេចបានទាំងនេះ គឺពិតជាបានឆ្លើយតបចំគោលដៅ និងសំណូមពររបស់ប្រជាពលរដ្ឋ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការចូលរួមឱ្យសម្រេចនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានតម្រង់ទិសក្នុងការបន្តអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដូចខាងក្រោម៖ ការអភិវឌ្ឍនិងថែទាំហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទប្រកបដោយភាពធន់ តាមរយៈការលើកកម្រិតគុណភាពនិងការថែទាំផ្លូវជនបទឱ្យមាននិរន្តរភាពដើម្បី តភ្ជាប់និងសមាហរណកម្មវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រវាងតំបន់ជនបទ ទីប្រជុំជន ទីក្រុង និងតំបន់តាមបណ្ដោយព្រំដែន ផ្សាភ្ជាប់សកម្មភាព ធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើកនិងកាន់តែសកម្មឡើងបន្ថែមទៀត ដែលជា មូលដ្ឋានគ្រឹះនៃការបង្កើនប្រាក់ចំណូលរបស់គ្រួសារនៅក្នុងតំបន់ជនបទ។ការផ្គត់ផ្គង់ទឹកស្អាតនិងលើកកម្ពស់អនាម័យជនបទទាំងកម្រិតមូលដ្ឋាននិងកម្រិតសុវត្ថិភាពប្រកបដោយភាពធន់និងបរិយាបន្ន តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជនបទនិងការអនុវត្តអនាម័យផ្ទាល់ខ្លួនតាមក្បួនខ្នាតត្រឹមត្រូវ ដើម្បីជួយឱ្យប្រជាជនជៀសផុតពីជំងឺឆ្លងផ្សេងៗ មានសុខភាពល្អ រស់នៅក្នុងបរិស្ថានល្អមានអាយុសង្ឃឹមរស់ជាមធ្យមកាន់តែវែង ដែលជាសេចក្តីប្រាថ្នារបស់មនុស្សគ្រប់រូបនិងក្លាយជាធនធានមនុស្សប្រកបដោយសុខភាពល្អសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ការអភិវឌ្ឍសហគមន៍ជនបទ ជាពិសេសជំរុញការអភិវឌ្ឍចម្រុះនិងបន្តការអនុវត្ត ចលនាភូមិមួយផលិតផលមួយ និងចលនាភូមិគំរូប្រកបដោយភាពធន់និងបរិយាបន្ន តាមរយៈការអភិវឌ្ឍភូមិគំរូគន្លឹះនិងការអភិវឌ្ឍសហគមន៍ជនបទចម្រុះ រួមទាំងសហគមន៍ដីសម្បទានសង្គមកិច្ចគ្រប់ប្រភេទ និងសហគមន៍ជនជាតិដើមភាគតិច ដើម្បីកសាងមូលធនមនុស្ស ដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើឱ្យតំបន់ជនបទ មានការរីកចម្រើនប្រកបដោយភាពស៊ីវីល័យ និងសេចក្ដីថ្លៃថ្នូរតជំនាន់ទៅអនាគត។ការបង្កើនប្រាក់ចំណូលគ្រួសារនៅតំបន់ជនបទប្រកបដោយចីរភាពដោយ ធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារ មុខរបរនិងនវានុវត្តន៍ការងារ តាមរយៈការបណ្តុះបណ្តាល បច្ចេកទេស ជំនាញវិជ្ជាជីវៈ ជំនាញបំណិនជីវិតសហគ្រិនភាព ដើម្បីបង្កើតមុខរបរ ទីផ្សារ ឱកាសការងារ និងកំណើនប្រាក់ចំណូលគ្រួសារ ព្រមទាំងកាត់បន្ថយ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ការលើកកម្ពស់អភិបាលកិច្ច ឌីជីថល និងកិច្ចសហប្រតិបត្តិការ តាមរយៈ ការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ ដើម្បីចូល រួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលធានាប្រសិទ្ធភាពក្នុងការផ្តល់សេវាប្រកបដោយគណនេយ្យភាព តម្លាភាព សហប្រតិបត្តិការ និង អភិបាលកិច្ចល្អ សំដៅគ្រប់គ្រងនិងអនុវត្តផែនការថវិកានៃកម្មវិធីអភិវឌ្ឍន៍ជនបទ ឱ្យមានប្រសិទ្ធភាព និងស័ក្កសិទ្ធិភាព៕

រដ្ឋាភិបាល​កម្ពុជា​​បង្កើត​ក្រុម​ការងារ​អន្តរក្រសួង​ ដើម្បី​ទាក់ទាញភ្ញៀវទេសចរ​អន្តរជាតិមកទស្សនាកម្ពុជា

2026/06/29 07:29:42 pm        326
ភ្នំពេញ ៖ រាជរដ្ឋាភិបាលបាន​សម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី ដែលជាចក្ខុវិស័យវែងឆ្ងាយក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ​។ អ្នកជំនាញផ្នែកទេសចរណ៍ យល់ឃើញថា នេះគឺជាផលិតផលទេសចរណ៍ថ្មីប្លែកដែលផ្តល់ជម្រើសកាន់តែប្រសើរសម្រាប់ភ្ញៀវទេសចរអន្តរជាតិ​។​សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួលនិងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា ដែលក្រុមការងារនេះ មានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន អមដោយអនុប្រធានចំនួន ៦ នាក់មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, និងក្រសួងទេសចណ៍, ព្រមទាំងមានសមាជិកជាតំណាងមកពីក្រសួងស្ថាប័ន និងអាជ្ញាធរជាច្រើនរូបទៀត។ យោងតាមប្រការ ២ ក្រុមការងារអន្តរក្រសួងនេះ មានភារកិច្ចសំខាន់ៗ ដូចជា រៀបចំផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី, តាមដានត្រួតពិនិត្យ និងវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី។ ព្រមទាំង ក្រុមការងារអន្តរក្រសួងនេះក៏ត្រូវ ដឹកនាំ សម្របសម្រួលជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន ដៃគូសហការ ភាគីជាតិនិងអន្តរជាតិពាក់ព័ន្ធនឹងដំណើរការផលិតទេសចរណ៍ភាពយន្ត បទចម្រៀងទេសចរណ៍ ស៉្បតពាណិជ្ជកម្ម និងការរៀបចំទស្សនាប្រាសាទនាពេលរាត្រី ក្នុងគោលដៅលើកកម្ពស់វិស័យទេសចរណ៍ និងកិត្តិនាមនៃប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ ចំណែក ចំណុចសំខាន់ៗផ្សេងៗទៀត មានដូចជា ការសិក្សាកំណត់ និងរៀបចំតំបន់សក្តានុពលសម្រាប់វិស័យទេសចរណ៍ភាពយន្ត បទចម្រៀងទេសចរណ៍ ស៉្បតពាណិជ្ជកម្ម និងការទស្សនាប្រាសាទនាពេលរាត្រី, សិក្សារៀបចំយន្តការលើកទឹកចិត្តដល់ការផលិតទេសចរណ៍ភាពយន្តនៅកម្ពុជា, ដឹកនាំនិងសម្របសម្រួលរៀបចំយុទ្ធសាស្ត្រជំរុញការទាក់ទាញឱ្យមានការផលិតទេសចរណ៍ភាពយន្ត បទចម្រៀងទេសចរណ៍ ស៉្បតពាណិជ្ជកម្មនៅកម្ពុជា, ជំរុញការអភិវឌ្ឍនិងវិនិយោគលើឧស្សាហកម្មទេសចរណ៍ភាពយន្ត នៅកម្ពុជា, ដឹកនាំ សម្របសម្រួល និងជំរុញសកម្មភាពទស្សនាប្រាសាទនាពេលរាត្រី។ លោកជំទាវបណ្ឌិត ហ៊ុន ដានី រដ្ឋលេខាធិការ និងជាប្រធានក្រុមអ្នកនាំពាក្យនៃក្រសួងទេសចរណ៍ បានប្រាប់ BTV ថា ការងារបន្ទាប់ គឺក្រុមការងារអន្តរក្រសួង នឹងពិភាក្សាគ្នា ដើម្បីជ្រើសយកប្រាសាទណាខ្លះនឹងត្រូវដាក់ឱ្យទស្សនា ពេលរាត្រី​ ដោយក្រសួងទេសចរណ៍រំពឹងថា វិស័យទេសចរណ៍ភាពយន្តនិងការទស្សនាប្រាសាទនាពេលរាត្រី នឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច-សង្គម និងវិស័យទេសចរណ៍កម្ពុជា។​លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានឱ្យដឹងថា ការរៀបចំយុទ្ធសាស្រ្តថ្មីបន្ថែមនេះ នឹង​ផ្តល់ជាជម្រើសសម្រាប់ភ្ញៀវដើរកម្សាន្ត ដោយលោកមើលឃើញតំបន់ទេសចរណ៍មានសក្តានុពលជាច្រើននៅខេត្តសៀមរាបក្រៅពីតំបន់ប្រាសាទ ដូចជា រមណីយដ្ឋានភ្នំគូលែន និងភូមិបុរាណនៅតំបន់ប្រាសាទ ជាដើម។ទិន្នន័យក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ១,៥៤ លាននាក់ ធ្លាក់ចុះ ៤៧,៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមាន២,៩៥ លាននាក់៕  

ក្រសួងផែនការ សាងសង់អគារវិទ្យាស្ថានជាតិស្ថិតិថ្មី ដែល​ជា​ការ​វិនិយោគ​លើ​អនាគត​ប្រព័ន្ធ​ស្ថិតិ​ជាតិ

2026/06/29 07:29:08 pm        470
ភ្នំពេញ៖ ក្រសួងផែនការ នៅថ្ងៃនេះ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ អគារ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ថ្មី ដែលមានកម្ពស់ ៨ជាន់។ សម្រាប់ការចាប់ផ្ដើមសាងសង់នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា នេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ លើកឡើងថា នេះ​ជា​ការ​វិនិយោគ​សម្រាប់​អនាគត​លើ​ប្រព័ន្ធ​ស្ថិតិជាតិរបស់កម្ពុជា។ ឯកឧត្តម ប៊ុន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ត្រូវ​ការ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទំនើប ដែលអាចគាំទ្រដល់ការផ្ទុក និងគ្រប់គ្រង ទិន្នន័យជាតិ ការធានា​សុវត្ថិភា​ព​ទិន្នន័យ ​និងការផ្តល់សេវាទិន្នន័យប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះ ការសាង​សង់​អគារ​ថ្មី​របស់​វិទ្យាស្ថាន​ជាតិស្ថិតិ គឺជាការវិនិយោគជាយុទ្ធសាស្ត្រសម្រាប់អនាគតនៃប្រព័ន្ធស្ថិតិជាតិ របស់​ព្រះ​រា​ជា​ណាចក្រកម្ពុជា និងជាការ​ឆ្លើយ​តប​ចំពោះ​តម្រូវ​ការ​អភិវឌ្ឍ​ស្ថាប័ន​ក្នុង​យុគ​សម័យ​ឌីជីថល​។ ឯកឧត្តម លើកឡើងបន្ថែមថា កន្លងមកវិទ្យាស្ថានជាតិស្ថិតិ សម្រេចបាន​សមិទ្ធ​ផល​សំខាន់​ៗ​ជា​ច្រើន ​ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា រួ​ម​មាន​ជំរឿន និងអង្កេតជាតិធំៗជាច្រើន ដូចជា៖ ជំរឿន ប្រជាជនទូទៅ ជំរឿនកសិកម្ម ជំរឿន​សេដ្ឋ​កិច្ច អង្កេតសង្គម សេដ្ឋកិច្ចកម្ពុជា អង្កេតកម្លាំងពលកម្មកម្ពុជា អង្កេត សុខភាពនិងប្រជាសាស្ត្រ សន្ទស្សន៍​ថ្លៃទំនិញប្រើប្រាស់ អត្រាអតិផរណា ស្ថិតិគណនេយ្យជាតិ ថ្នាលប្រព័ន្ធ គ្រប់គ្រង​ទិន្នន័យ​មូល​ដ្ឋានឃុំ-សង្កាត់តាមអនឡាញ (CDB Online) ការរៀបចំកម្មវិធី CAMSTAT តភ្ជាប់​ជាមួយ​ ថ្នាលកម្មវិធីចែករំលែកទិន្នន័យ CamDX ការរៀបចំប្រមូលទិន្នន័យស្ថិតិពីក្រសួង ស្ថាប័ន និង​អង្គភាពស្ថិតិ ថ្នាក់ក្រោមជាតិ ការធ្វើបច្ចុប្បន្នភាពគេហទំព័រ និងទិន្នន័យ ព័ត៌មាន​របស់​វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ ជាពិសេសបាន ធ្វើការរៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការ​អភិវឌ្ឍ​ស្ថាប័ន​នៃ​វិទ្យាស្ថាន​ជាតិស្ថិតិ និងប្រព័ន្ធស្ថិតិជាតិ សម្រាប់រយៈពេលមធ្យម និងរយៈពេលវែង រួមមាន៖ ការ​រៀប​ចំ​សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥ យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​អភិវឌ្ឍន៍​ស្ថិតិ ផែនការអភិវឌ្ឍន៍ស្ថាប័នឆ្នាំ២០២៦-២០២៨ របស់វិទ្យាស្ថានជាតិស្ថិតិ។ លើសពីនេះ វិទ្យាស្ថានជាតិស្ថិតិបានបន្តពង្រឹងគុណភាពស្ថិតិ និងស្តង់ដាអន្តរជាតិ ដូចជាប្រព័ន្ធ គណនេយ្យជាតិ ចំណាត់ថ្នាក់សកម្មភាពសេដ្ឋកិច្ច ចំណាត់ថ្នាក់ទំនិញ និងសេវាកម្ម និង​គោល​ការណ៍​គ្រឹះនៃ​ស្ថិតិផ្លូវការរបស់អង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យទិន្នន័យស្ថិតិរបស់ កម្ពុជាកាន់​តែ​មាន​គុណភាព ភាពជឿជាក់ និងអាចប្រៀបធៀបបានជាមួយបណ្តាប្រទេសផ្សេងៗ។ការធ្វើបរិវត្តកម្មឌីជីថលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បាន​បង្កើន​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឌីជីថល យ៉ាងទូលំទូលាយ តាមរយៈការប្រមូលទិន្នន័យតាម Tablet (CAPI) ការ​អភិវឌ្ឍ​ប្រព័ន្ធគ្រប់គ្រងទិន្នន័យ កណ្តាល ការបង្កើតប្រព័ន្ធផ្សព្វផ្សាយទិន្នន័យអនឡាញ និង​ការ​ពង្រឹង​សុវត្ថិភាព និងការការពារទិន្នន័យ ដើម្បី ចូលរួមការកាត់បន្ថយចំណាយ បង្កើនប្រសិទ្ធភាព និង​ធានាបាននូវទិន្នន័យទាន់ពេលវេលាផងដែរ។ ចំណែកឯ ការពង្រឹងប្រព័ន្ធស្ថិតិជាតិ វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ​បានដឹកនាំកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ដើម្បីធានា​ឱ្យ​មាន​ភាពសង្គតិភាព និងសមាហរណកម្មទិន្នន័យក្នុងប្រព័ន្ធស្ថិតិជាតិ។ ជាពិសេស ការរៀបចំ និង​អភិវឌ្ឍន៍នូវ កំណត់ស្តង់ដា វិធីសាស្ត្រស្ថិតិ ការរៀបចំផ្ទាលទិន្នន័យ និងការចែករំលែកទិន្នន័យ ស្ថិតិ ព្រមទាំងការពង្រឹងយន្តការសម្របសម្រួលក្នុងការកសាងប្រព័ន្ធស្ថិតិជាតិទំនើប។ វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ​បាន កំពុងរៀបចំ​ផែន​ទី​បង្ហាញ​ផ្លូវ​សម្រាប់​វគ្គ​បណ្តុះ​បណ្តាល​ជា​ស៊េរី​ក្នុង​ការ​ពង្រឹង​សមត្ថ​ភាព​មន្ត្រី​ជំនាញស្ថិតិនៅ កម្ពុជា។ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងដែរថា ក្នុងយុគសម័យដែលទិន្នន័យត្រូវបានចាត់ទុកថាជា “ធន​ធាន​យុទ្ធសាស្ត្រថ្មី” ការពង្រឹងប្រព័ន្ធស្ថិតិជាតិ គឺជាកត្តាចាំ​បាច់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ប្រកប​ដោយ​ចីរភាព៕ អត្ថបទ៖ គឹមហុក

ក្រសួងបរិស្ថាន៖ កម្ពុជានៅតែបន្តហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិក (e-waste) ដើម្បីការពារបរិស្ថាន ធនធានធម្មជាតិ និងសុខភាពសាធារណៈ

2026/06/29 07:15:05 pm        367
ក្រសួងបរិស្ថានកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះថា ប្រទេសកម្ពុជានៅតែបន្តហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិក (e-waste) ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការការពារបរិស្ថាន ធនធានធម្មជាតិ និងសុខភាពសាធារណៈរបស់ប្រទេស ពីការបំពុលក្នុងរយៈពេលវែង។ សំណល់អេឡិចត្រូនិក រួមមានឧបករណ៍អេឡិចត្រូនិកដែលហួសសម័យ និងត្រូវបានបោះបង់ចោល ដូចជា កុំព្យូទ័រ ទូរទស្សន៍ ទូរស័ព្ទដៃ ម៉ាស៊ីនបោះពុម្ព ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ថ្ម និងឧបករណ៍អគ្គិសនីផ្សេងៗទៀត។ ទោះបីជាសម្ភារៈមានតម្លៃមួយចំនួនអាចទាញយកបានពីសំណល់អេឡិចត្រូនិកក៏ដោយ ក៏មានតែប្រហែល ៩ ភាគរយប៉ុណ្ណោះនៃសមាសធាតុរបស់វា ដែលជាទូទៅអាចកែច្នៃឡើងវិញដើម្បីចំណេញផ្នែកសេដ្ឋកិច្ច។ សម្ភារៈដែលនៅសេសសល់តម្រូវឱ្យមានការកែច្នៃកម្រិតខ្ពស់ បច្ចេកវិទ្យាកែច្នៃជំនាញ និងការបោះចោលប្រកបដោយបរិស្ថានល្អ ដែលកិច្ចការទាំងអស់នេះមានតម្លៃថ្លៃ និងទាមទារបច្ចេកទេសខ្ពស់។ ការចាត់ចែងសំណល់អេឡិចត្រូនិកមិនបានត្រឹមត្រូវ អាចបញ្ចេញសារធាតុគ្រោះថ្នាក់ទៅក្នុងដី ទឹកក្រោមដី ទន្លេ និងបរិយាកាស ដែលបង្កឱ្យមានការបំពុលបរិស្ថានយូរអង្វែង និងប្រឈមនឹងហានិភ័យដល់សុខភាពមនុស្ស។ នៅពេលដែលការបំពុលកើតឡើង ការស្តារឡើងវិញច្រើនតែមានតម្លៃថ្លៃ ហើយក្នុងករណីខ្លះ ការខូចខាតប្រហែលជាមិនអាចកែប្រែបានឡើយ។ ក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជានឹងមិនអនុញ្ញាតឱ្យប្រទេសនេះ ក្លាយជាគោលដៅសម្រាប់សំណល់អេឡិចត្រូនិកពីបរទេសនោះទេ ហើយនឹងបន្តអនុវត្តច្បាប់ហាមឃាត់ការនាំចូលខុសច្បាប់នេះ។ ទន្ទឹមនឹងនេះដែរ ក្រសួងក៏បានទទួលស្គាល់ថា សំណល់អេឡិចត្រូនិកដែលបង្កើតឡើងនៅក្នុងស្រុកកំពុងមានការកើនឡើង ដោយសារតែការប្រើប្រាស់បច្ចេកវិទ្យាកាន់តែរីកចម្រើន។ ដូច្នេះ កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិពិសេសមួយកំពុងត្រូវបានពិចារណា ដើម្បីពង្រឹងសមត្ថភាពរបស់ប្រទេសក្នុងការប្រមូល គ្រប់គ្រង និងកែច្នៃសំណល់អេឡិចត្រូនិកក្នុងស្រុកឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិ ដើម្បីធានាថា សំណល់អេឡិចត្រូនិកដែលបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ត្រូវបានចាត់ចែងដោយសុវត្ថិភាព ព្រមទាំងកាត់បន្ថយហានិភ័យដល់បរិស្ថានឱ្យនៅកម្រិតទាបបំផុត។ ក្រសួងបានលើកឡើងថា ការទប់ស្កាត់ការបំពុល នៅតែជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារបរិស្ថានស្អាតរបស់កម្ពុជា និងការពារធនធានធម្មជាតិរបស់ប្រទេសសម្រាប់ជំនាន់ក្រោយៗទៀត៕ 

«យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» នៅតំបន់ផ្លូវថ្មើរជើងចតុមុខ ទាក់ទាញ​មនុស្ស​ជា​ច្រើន​ចូល​រួម​បរិច្ចាគ ដើម្បីកុមារកម្ពុជា

2026/06/29 06:58:04 pm        305
គិតក្នុងរយៈពេល ២ថ្ងៃកន្លងទៅនេះ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដែល​រៀបចំ​ឡើង​ស្ថិត​នៅ​ផ្លូវ​ថ្មើរ​ជើង​ចតុមុខ បានមើលឃើញថា ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់សប្បុរជននានា ក្នុង​ការ​ចូលរួមបរិច្ចាគជាសាច់ប្រាក់ ដើម្បីជួយ​ដល់​កុមារ​កម្ពុជា​ជា​ច្រើន​នាក់​ដែល​កំពុង​ទទួល​បាន​កា​រ​ព្យាបាល​ពីមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។        ក្នុង​បទសម្ភាសន៍ជាមួយព័ត៍មាន ប៊ីធីវី កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនាកន្លងទៅ លោក ឃាន តួក ប្រធាន​ផ្នែកទំ​នាក់ទំនងសាធារណៈ នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការ​រៀប​ចំស្ដង់ទទួលថវិកាបរិច្ចាគ នៅផ្លូវថ្មើរជើងចតុមុខនេះ ដើម្បីគាំទ្រយុទ្ធនាការ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្តួចផ្តើមឡើងដោយ លោកជំទាវ ពេជ ចន្ទមុន្នី ម៉ាណែត ប្រធាន​កិត្តិយស​មូល​និធិគន្ធបុប្ជា ក្នុងគោលបំណងដើ​ម្បី​កៀរ​គរ​ថវិ​កាប​រិច្ចាគ​ពី​សំណាក់​ប្រជាព​ល​រដ្ឋ​ទូទៅ ​ដែលមានទឹកចិត្តសប្បុរសក្នុងការចូលរួមរក្សានិរន្តរភាព នៃកិច្ចដំណើរកា​រ​របស់​មនី្ទរ​ពេទ្យ​គន្ធបុប្ជា ខណៈក្នុងមួយថ្ងៃៗ មន្ទីរពេទ្យគន្ធបុប្ជាត្រូវការប្រាក់ចំនួនប្រមាណ ១២ម៉ឺន​ដុល្លារ​អាម៉េរិក​ ឬ ៤៥លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ។        សប្បុរជនដែលបានចូលរួមបរិច្ចាគក្នុងយុទ្ធនាការខាងលើនេះ បានអំពាវនាវទៅដល់​សាធារណ​ជន​ទូទៅ​ទាំងអស់ សូមចូលរួមបរិច្ចាគឱ្យបានគ្រប់ៗគ្នា បើទោះបីជាយុទ្ធនាការនេះ នឹង​ត្រូវ​បិទ​បញ្ចប់​នៅចុងខែមិថុនានេះក្តី ប៉ុន្តែមន្ទីរពេទ្យនៅតែមានតម្រូវការ និងរង់ចាំទទួល​ការ​បរិច្ចា​គ​នេះ​ពី​សប្បុរជន​ទាំងក្នុង និងក្រៅប្រទេស ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែល​កំពុងមានបេសកកម្មសង្រ្គោះជីវិតមាតា ទារក និងកុមារនៅកម្ពុជា ប្រកបដោយគុណភាព មិន​រើសអើង និងដោយមិនគិតថ្លៃ។យោងតាមមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ឱ្យដឹងថា «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដែល​ត្រូវបានរៀបចំរយៈពេល២ថ្ងៃ នៅផ្លូវថ្មើរជើងចតុមុខ គិតចាប់ពីថ្ងៃទី២៧ និង២៨ ខែមិថុនា ឆ្នាំ​២០២៦ មានសប្បុរសជនចំនួនប្រមាណជាង ៤ពាន់នាក់ បានចូលរួមបរិច្ចាគ គិត​ជាទឹកប្រាក់មានចំនួនសរុបជាង ៤០លានរៀល ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងអាចបន្ត​ផ្តល់​សេវា​ព្យាបាលដោយឥតគិតថ្លៃដល់កុមារបានកាន់តែប្រសើរឡើងថែមទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សមាគម CWEA លើកទឹកចិត្តសហគ្រិនស្ត្រីឱ្យមានភាពក្លាហាន និងការធ្វើអាជីវកម្មប្រកបដោយវិជ្ជាជីវ:

2026/06/29 05:44:10 pm        166
សមាគមសហគ្រិនស្រ្តីកម្ពុជា បង្កើតវេទិកាជំរុញលើកទឹកចិត្តដល់សហគ្រិនស្ត្រី ដែលជាម្ចាស់អាជីវកម្ម ជាពិសេសអ្នកផលិតឱ្យ មានសេចក្តីក្លាហាន ក្នុងការចូលរួមធ្វើបទបង្ហាញអាជីវកម្មប្រកបដោយវិជ្ជាជីវ: និងមានភាពជឿជាក់ទៅកាន់អតិថិជន និងការស្វែង រកដៃគូរអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់ការពង្រីកអាជីវកម្ម។លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងវេទិកា “សហគ្រិនស្រ្តី សេដ្ឋកិច្ច អាជីវកម្ម” នៅចុង សប្តាហ៍កន្លងមកថា ជុំវិញសហគ្រិនជាស្រ្តីនេះ សមាគមសហគ្រិនស្ត្រីកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងសស្រាក់ស្រាំ ក្នុងការជំរុញ និងលើកទឹកចិត្ត ពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំគ្រប់គ្រងអាជីវកម្ម កសាងបណ្តាញស្វែងរកការគាំទ្រ ពង្រីកទីផ្សារ និងបង្កើន ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការប្រើប្រាស់ហិរញ្ញប្បទាន ដើម្បីជំរុញដើរស្របទៅនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុង ការបង្កើនភាពអង់អាចដល់ស្រ្តីក្នុងវិសយ័សេដ្ឋកិច្ច។លោកជំទាវ បន្តថា ជាក់ស្តែងការរៀបចំវេទិការនេះឡើង ក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់សហគ្រិនស្ត្រីដែលជាម្ចាស់ អាជីវកម្ម ជាពិសេសអ្នកដែលស្ថិតក្នុងវិស័យផលិតឱ្យមានសេចក្តីក្លាហាន ក្នុងការចូលរួមធ្វើបទបង្ហាញអាជីវកម្មរបស់ខ្លួន ប្រកបដោយ វិជ្ជាជីវ: និងមានភាពជឿជាក់ទៅកាន់អតិថិជន ក៏ដូចជាស្ថាប័ននានា និងដៃគូរអភិវឌ្ឍន៍ ដើម្បីស្វែងរកការគាំទ្រក្នុងការពង្រីកអាជីវកម្ម តាមតំរូវការ និងដំណាក់កាលដែលខ្លួនត្រូវឈានឡើង។ មិនតែប៉ុណ្ណោះ វេទិកាមួយនេះក៏ត្រូវបានបញ្ចូលនូវការធ្វើបទបង្ហាញ ពីការធ្វើ នវានុវត្តន៍លើគុណភាព សោភ័ណ្ឌភាពផលិតផល និងឱកាសជំរុញផលិតផលចូលទីផ្សារ តាមរយៈវាគ្មិនដែលមានបទពិសោធន៍ និង ក្រសួងស្ថាប័ន-ពាក់ព័ន្ធផងដែរ។លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី លើកឡើងថា វេទិការៀបចំនាពេលនេះ ពិតជាមានសារៈ សំខាន់ណាស់ ក្នុងការជួយសម្រួលដល់ការឈានចូលទីផ្សារ ការតភ្ជាប់ជាមួយអ្នកទិញ អ្នកផ្គត់ផ្គង់ វិនិយោគិន និងដៃគូអាជីវកម្ម ព្រមទាំងការលើកកម្ពស់ការកសាងម៉ាកយីហោ និងភាពប្រកួតប្រជែងអាជីវកម្មដែលដឹកនាំដោយស្រ្តី។ លោកជំទាវបន្ថែមថា ទោះបី សហគ្រិនស្រ្តីបានចូលរួមយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ការបង្កើតការងារក្នុងសហគមន៍ ពង្រីកភាពចម្រុះនៃ ផលិតផលក៏ដោយ ក៏ពួកគេនៅប្រឈមបញ្ហាជាច្រើន ដូចជាការចូលដំណើរការទីផ្សារ ការអនុវត្តស្តង់ដារគុណភាព ការវេចខ្ចប់ ការ ទទួលហិរញ្ញប្បទាន និងឱកាសចូលរួមក្នុងវេទិកាពាណិជ្ជជាតិនិងអន្តរជាតិ។ តាមរយៈវេទិកានេះដែរ គឺជាសកម្មភាពជាក់ស្តែងមួយ ក្នុងការប្រែក្លាយគោលនយោបាយជាតិកម្ពុជា និងលទ្ធផលជាក់ស្តែង ជំរុញឱ្យផលិតផលស្រ្តីកម្ពុជា មើលឃើញកាន់តែច្បាស់នូវ ចំណង់ចំណូលចិត្ត និងកាន់តែមានឱកាសក្នុងការប្រកួតប្រែងទីផ្សារក្នុងស្រុក និងអន្តរជាតិ៕អត្ថបទ៖ សុន រ៉ាឌី  

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

2026/06/29 05:36:38 pm        109
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីអនុម័តរបៀបវារៈ សម្រាប់ការបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។ គណៈកម្មាធិការអចិន្រ្តៃយ៍ បានអនុម័តរបៀបវារៈសម្រាប់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧មានចំនួនពីរគឺ របៀបវារៈទី១ ព្រះរាជសារព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៧ និងរបៀបវារៈទី២ របាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៧។ 

សមាគមអតីតយុទ្ធជន បើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ជូន អ.ន.ក.ខេត្ត កំពង់ចាម

2026/06/29 05:30:14 pm        98
នៅព្រឹកថ្ងៃច័ន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញ​ជា​អធិបតីភាព​ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក.ថ្នាក់កណ្តាល ថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធីការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់ ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមទាំងលោក លោស្រី ជាមន្ត្រីជំនាញជុំវិញខេត្តកំពង់ចាម។នាឱកាសនោះ ឯកឧត្តម អ៊ុ សុខ បានមានប្រសាសន៍ថា ដោយសារតែមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីសមាគម ក៏ដូចជាក្រុមការងារលេខាធិការដ្ឋាននៅតាមថ្នាក់នីមួយៗមានការកែសម្រួលជាថ្មី និងស្របពេលដែលសមាគមពង្រីកវិសាលភាពនៃការងារបញ្ចូលនិវត្តជនតាមក្រសួង-ស្ថាប័ន មន្ទីរ-អង្គភាពជុំវិញខេត្តចូលជាសមាជិកភាពសមាគម ទើបថ្នាក់ដឹកនាំសមាគមចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ អ.ន.ក.ថ្នាក់កណ្ដាល ចុះមកធ្វើការបណ្តុះបណ្ដាល និងពង្រឹងសមត្ថភាពការងារសមាគមក្នុងបរិបថ និងរចនាសម្ព័ន្ធថ្មី ជាពិសេសគឺបណ្តុះបណ្តាលបំប៉នការងារដ្ឋបាល ពាក់ព័ន្ធ ការបញ្ចូលសមាជិកសមាគម និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. សំដៅធ្វើយ៉ាងណាឱ្យថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋាន អ.ន.ក. គ្រប់ជាន់ថ្នាក់ក្នុងខេត្តបានយល់ច្បាស់ ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ឯកឧត្តម អ៊ុ សុខ មានប្រសាសន៍ទៀតថា កាលពីមុន អ.ន.ក. តាមថ្នាក់នីមួយៗគឺគ្រប់គ្រងសមាជិកសមាគមតែលើអតីតយុទ្ធជន និងគ្រួសារប៉ុណ្ណោះ ប៉ុន្តែចាប់ពីពេលនេះតទៅ គឺយើងត្រូវគ្រប់គ្រងស្ថិតិ បញ្ជីឈ្មោះ ក៏ដូចជាការចុះជួបដោយផ្ទាល់ដល់គេហដ្ឋានរបស់សមាជិកសមាគមមានទាំងអតីតយុទ្ធជន និងនិវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិលផងដែរ។ ក្នុងន័យនេះដើម្បីងាយស្រួលក្នុងការអនុវត្តការងារ ងាយស្រួលក្នុងការគ្រប់គ្រងសមាជិក ក៏ដូចជាការដឹងសុខទុក្ខរបស់សមាជិកនៅថ្នាក់របស់ខ្លួនឱ្យកាន់តែល្អប្រសើរ គណៈអចិន្ត្រៃយ៍ អ.ន.ក. សូមធ្វើណែនាំដល់គណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក. ឃុំ សង្កាត់ ទាំងអស់ត្រូវចុះធ្វើស្រង់ទិន្នន័យសមាជិកសមាគម ទាំងអតីតយុទ្ធជន និងនិវត្តជន ដើម្បីចងក្រងធ្វើជាសៀវភៅសម្រាប់តម្កល់នៅថ្នាក់ឃុំចំនួន ១ក្បាល, ថ្នាក់ក្រុង ស្រុកចំនួន១ក្បាល, ថ្នាក់ខេត្តចំនួន ១ក្បាល និងនៅគណៈអចិន្ត្រៃយ៍ អ.ន.ក. ចំនួន ១ក្បាល ដើម្បីងាយស្រួលទំនាក់ទំនងជាមួយសមាជិក។ជាចុងបញ្ចប់ ឯកឧត្តម អ៊ុ សុខ បានស្នើឱ្យថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក.ខេត្ត គ្រប់ថ្នាក់ទាំងអស់ ត្រូវខិតខំស្តាប់ការធ្វើបទបង្ហាញដោយលោកជំទាវ គឹម ច័ន្ទសុលីណា អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាសមាជិកគណៈអចិន្ត្រៃយ៍ អ.ន.ក. ដែលជាគ្រូឧទ្ទេស មានបទពិសោធន៍​ការងារសមាគមនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ និងត្រូវចេះចោទសួរ ដើម្បីទទួលបានចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗ ដើម្បីអនុវត្តការងារ​សមាគមកាន់តែល្អប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM