ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង

ព័ត៌មានជាតិ

សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

2026/06/27 08:17:47 pm        147
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា នៅត្រឹមឆ្នាំ២០២៩ កម្ពុជា នឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីបន្តដំណើរទៅមុខទៅកាន់ប្រទេសអភិវឌ្ឍន៍ ដែលជាគោលនយោបាយត្រូវបានដាក់ចេញប្រកបដោយភាពប្រាកដនិយម។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងចាកចេញពីឋានៈប្រទេស ដែលមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ ដែលនឹងនាំមកនូវការផ្លាស់ប្តូរលើលក្ខខណ្ឌពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍ផ្លូវការ និងភាពអនុគ្រោះដែលបណ្តាប្រទេសជាមិត្ត និង ដៃគូអភិវឌ្ឍន៍។ សេដ្ឋកិច្ចបៃតង, បច្ចេកវិទ្យាឌីជីថល, និង បញ្ញាសិប្បនិម្មិត កំពុងកំណត់ឡើងវិញនូវស្តង់ដា និង របៀបប្រកួតប្រជែងនៅលើទីផ្សារតំបន់ និង សកល។ ពេលឥឡូវ យើងនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច (LDC) យើងខ្ចីលុយធនាគារពិភលោក គេឱ្យក្នុងអត្រាសម្បទាន អនុគ្រោះ នាំចេញទៅក្រៅគេឱ្យGSP តែពេលយើងចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ត្រូវបន្ថយលក្ខខណ្ឌ គេថាយើងរឹងដៃជើងហើយ ដូច្នេះយើងត្រូវតែពង្រឹងខ្លួន អភិវឌ្ឍខ្លួន។ តើយើងត្រូវនៅរង់ចាំឱ្យគេជួយបន្តក់ទឹកឱ្យយើង ឬយើងត្រូវនៅក្ររហូតឬយ៉ាងម៉េច? ឬមួយយើងត្រូវហ៊ានប្រឈម? ត្រូវតែឈានចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីពង្រឹងខ្លួនឯង ត្រូវហ៊ានប្រឈមនឹងការលំបាកខ្លះ ដើម្បី ឈានទៅជាប្រទេសអភិវឌ្ឍនៅថ្ងៃក្រោយ។សម្ដេចធិបតី បានបញ្ជាក់ទៀតថា ជាក់ស្ដែង ក្នុងក្របខ័ណ្ឌអាស៊ាន, ប្រព័ន្ធសុខដុមនីយកម្មស្ដង់ដាអាស៊ាន, ប្រព័ន្ធសុខដុមនីយកម្មបទបញ្ញត្តិបច្ចេកទេសអាស៊ាន, និង នីតិវិធីវាយតម្លៃអនុលោមភាព កំពុងក្លាយជាវិញ្ញាសា និងតេស្តសមត្ថភាពប្រកួតប្រជែងរបស់ MSME កម្ពុជា ជាមួយបណ្តាប្រទេសអាស៊ាន និង ដៃគូពាណិជ្ជកម្មអាស៊ាន។សម្ដេចរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ ដូចជា ទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្តាលតំបន់អាស៊ាន, កម្លាំងពលកម្មវ័យក្មេង, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, កំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ, ព្រមទាំងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និង សកល តាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង យន្តការពាណិជ្ជកម្មនានា។ បញ្ហាប្រឈមទាំងនេះ គឺជាកត្តាជំរុញឱ្យមានការកែទម្រង់កាន់តែស៊ីជម្រៅ និងឆាប់រហ័សនៅកម្ពុជា ស្របតាមទិសស្លោក «កែទម្រង់រស់ មិនកែទម្រង់ស្លាប់» ដើម្បីប្រែក្លាយបញ្ហាប្រឈមទាំងនេះ ឱ្យក្លាយជាកាលានុវត្តភាព ៕អត្ថបទ៖ វ៉ាន់

សម្ដេចធិបតី អញ្ជើញជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាស ”ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម” ​

2026/06/27 07:34:06 pm        158
ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលប្រកាសកំណត់យកថ្ងៃទី ២៧ មិថុនា ដើម្បីប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងបើកចំហរវាង រាជរដ្ឋាភិបាល ជាមួយវិស័យឯកជន ជាពិសេសផ្នែកសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅទូទាំងប្រទេស។ការសម្រេចឱ្យមានការ​ប្រារព្វទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាសាក្ខីភាពនៃការយកចិត្តទុកដាក់របស់​រាជរដ្ឋាភិបាលចំពោះវិស័យឯកជននិយាយជារួម និងសម្រាប់សហគ្រាសមីក្រូ ធុនតូច​ និងមធ្យម​ និង​សិប្បកម្មកម្ពុជា និយាយដោយឡែក។ ការកំណត់រៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និង​មធ្យម គឺជាវេទិការាជរដ្ឋាភិបាល និង MSME ដើម្បីពិភាក្សាស្វែងយល់ពីបញ្ហាប្រឈម និងដាក់ចេញ​នូវវិធានការគោលនយោបាយ និងការលើកទឹកចិត្ត កាន់តែមានលក្ខណៈប្រាកដនិយម, រិតចំណង​សាមគ្គីភាព មិត្តភាព និងកិច្ចសហការរវាងម្ចាស់សហគ្រាស និងក្រសួង/ស្ថាប័ន គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ សមាគមវិស័យឯកជន ផ្តល់តម្លៃ និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាសធុន​មីក្រូ តូច មធ្យម និងសិប្បកម្ម និងតាំងបង្ហាញផលិតផលជាតិ។រាជរដ្ឋាភិបាលបានចាត់ទុក MSMEs ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើតការងារ ជំរុញនវានុវត្តន៍ និងលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ច។ ដើម្បីគាំទ្រដល់វិស័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ និងគោលនយោបាយជាច្រើន ជាក់ស្តែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា គឺជាគ្រឹះដើម្បីបង្កើតភាពប្រកួតប្រជែងរបស់វិស័យឯកជន។ ជាមួយគ្នានេះក៏មានយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨ កម្មវិធីជំរុញសហគ្រាសធុនមីក្រូ តូច និងមធ្យម ការគាំទ្រហិរញ្ញប្បទានតាមរយៈធនាគារ សហគ្រាសធុនតូចនិងមធ្យម, ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម, សាជីវកម្មធានាឥណទានកម្ពុជា និងមូលនិធិ អភិវឌ្ឍន៍ជំនាញ ព្រមទាំងការជំរុញការធ្វើឌីជីថលូបនីយកម្ម ការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យម តាំងពីពីការផលិតរហូតដល់ទីផ្សារ។ 

សម្តេចតេជោដឹកនាំគណៈប្រតិភូកម្ពុជានិវត្តមកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសចិន

2026/06/27 07:27:34 pm        86
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និវត្តមកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីបានបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ប្រកបដោយលទ្ធផលត្រចះត្រចង់។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចេញនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្នុងអំឡុងទស្សនកិច្ចនៅប្រទេសចិន សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ព្រមទាំងឯកភាពពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវ «ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន បានសន្យាថានឹងបន្ត ជំរុញបន្ថែមទៀតនូវសន្ទុះថ្មីដល់ការកសាងសហគមន៍ជោគវាសនារួមរវាងកម្ពុជា និងចិននៅគ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងទៀតថា ភាគីទាំងពីរនឹងបន្តជំរុញបន្ថែមសន្ទុះថ្មីដល់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ព្រមទាំងប្តេជ្ញាចិត្តក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រនិងពន្លឿនការកសាង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀង មច្ឆា និងអង្ករ»ជាដើម។នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក៏បានគូសបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឱ្យ ឯកឧត្តម លី ហៃស៊ីង (Liu Haixing) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិនចូលជួបសម្តែងការគួរសមផងដែរ ដោយនៅក្នុងកិច្ចជំនួបនោះ ភាគីទាំងពីរបានឯកភាពលើកកម្ពស់គោលគំនិតស្នូលនៃសមភាពអធិបតេយ្យ ឯករាជ្យ សមភាពពេញលេញ ការគោរពគ្នាទៅវិញទៅមក និងការមិនជ្រៀតជ្រែកផ្ទៃក្នុងផងគ្នា ការគោរពច្បាប់អន្តរជាតិ ការអនុវត្តពហុភាគី និយម និងយន្តការដែលយកប្រជាជនជាស្នូល ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមសកលសំខាន់ៗទាំង៤ របស់ចិន រួមមាន៖ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិត ផ្តួចផ្ដើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលជាដើម៕

សម្តេចធិបតីអះអាងជាថ្មីថា រាជរដ្ឋាភិបាលមិនបានបោះបង់ចំពោះការទាមទារទឹកដីស្របច្បាប់របស់ខ្លួនមកវិញនោះឡើយ

2026/06/27 07:23:35 pm        165
សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអះអាងជាថ្មីថា រាជរដ្ឋាភិបាលមិនបានបោះបង់ការទាមទារទឹកដីស្របច្បាប់កម្ពុជានោះឡើយ ខណៈរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំធ្វើកិច្ចការងារនេះដោយសន្តិវិធី ប្រកបដោយភាពអត់ធ្មត់ តាមរយៈយន្តការអន្តរជាតិ បញ្ចៀសការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ការការពារទឹកដីត្រូវតែការពារ ប៉ុន្តែកម្ពុជាយើងត្រូវមានការអត់ធ្មត់ ហើយត្រូវប្រើច្បាប់អន្តរជាតិ ឲ្យអស់លទ្ធភាព ខណៈការចរចាទ្វេភាគីក៏នៅតែបន្ត ហើយកន្លែងណាដែលភាគីថៃគេបិទទ្វាយើងនឹងទៅតាមរយៈច្បាប់ ឬតុលាការអន្តរជាតិ។សម្តេចធិបតី បានលើកឡើងថា ការអត់ធ្មត់ និងការរកដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនជាមួយភាគីថៃនេះ គឺដោយសាររាជរដ្ឋាភិបាលមិនចង់ឃើញបងប្អូនប្រជាពលរដ្ឋខ្មែរវេចបង្វេចរត់ និងបាត់បង់នូវអ្វីដែលពួកគាត់បានខិតខំរកមកដោយលំបាក ហើយវិនាស់ទៅវិញត្រឹមតែមួយភ្លេតនោះឡើយ ហើយមួយវិញទៀតពេលណាមានសង្រ្គាម មានការច្បាំងគ្នាដោយប្រដាប់អាវុធនោះវានឹងមិនងាយចប់នោះទេ វានឹងធ្វើឲ្យប៉ះពាល់កាន់តែធំឡើងនូវសេដ្ឋកិច្ចជាតិទាំងមូល៕អត្ថបទ ៖ បាន ចក់

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា

2026/06/27 03:55:19 am        229
រដ្ឋធានីប៉េកាំង៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលជួបពិភាក្សាទ្វេភាគី រវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិន ដឹកនាំដោយឯកឧត្តម អា ដុង លេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិន និងចុះហត្ថលេខាលើ «អនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩» ។ ការចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនេះគឺជាជំហានយុទ្ធសាស្ត្រមួយដ៏មានសារៈសំខាន់ ដែលនឹងក្លាយជាកម្លាំងចលករ ក្នុងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន ឱ្យកាន់តែស៊ីជម្រៅ ស្អិតរមួត និងផ្លែផ្កាជាអតិបរមា ស្របតាមទំនាក់ទំនង​កម្ពុជា-ចិន​ កំពុងរីកចម្រើនយ៉ាងក្លាំងក្លា ​ពី​ដៃគូយុទ្ធសាស្ត្រទៅ​ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍ជោគវាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ ស្តង់ដាខ្ពស់ គ្រប់រដូវកាល និងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ។ជំនួបពិភាក្សាទ្វេរភាគី និងការចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការនេះ ធ្វើនៅទីស្នាក់ការកណ្តាល គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តីចិន ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធានគណៈប្រចាំការ និងឯកឧត្តមសមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ព្រមទាំងសមាជិក សមាជិកានៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តចិន។

នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ

2026/06/27 03:33:24 am        182
ញូវយ៉ក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ - ថ្លែងនៅក្នុងសម័យប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការកសាងសន្តិភាពដើម្បីអបអរសាទរខួបលើកទី ២០ នៃការពិនិត្យឡើងវិញនូវនិម្មាបនកម្មកសាងសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប.) ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប. បានសង្កត់ធ្ងន់លើនយោបាយឈ្នះ-ឈ្នះ ដែលនាំឱ្យកម្ពុជាសម្រេចបានការផ្សះផ្សាជាតិ ការរំសាយអាវុធ និងការធ្វើសមាហរណកម្មឡើងវិញ ដោយបញ្ចប់ជម្លោះរាប់ទសវត្សរ៍ ហើយសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ឯកឧត្តមក៏បានបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូដ៏រឹងមាំរវាងរដ្ឋាភិបាល អ.ស.ប. ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ដែលបានរួមចំណែកដល់សមិទ្ធផលដែលកម្ពុជាសម្រេចបានសព្វថ្ងៃ។ ទន្ទឹមនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា បញ្ហាប្រឈមក្នុងការកសាងសន្តិភាពកាន់តែមានភាពស្មុគស្មាញ រួមមាន ជម្លោះប្រដាប់អាវុធ ការប្រែប្រួលអាកាសធាតុ វិបត្តិសេដ្ឋកិច្ច និងការកើនឡើងនៃបច្ចេកវិទ្យា ដែលទាមទារឱ្យមានភាពជាដៃគូប្រកបដោយបរិយាបន្ន ស្របគ្នាជាមួយនឹងអាទិភាពជាតិ។

កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី

2026/06/27 03:23:42 am        275
នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ក្នុងឱកាសនៃជំនួបពិភាក្សា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចង់ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ កម្ពុជា-ចិន ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ សម្រាប់ទិសដៅទៅថ្ងៃមុខ កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីពង្រីកបន្ថែមទៀតទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី ពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនឯកឧត្តម វ៉ាង យី អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃផងដែរ៕

ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ

2026/06/27 02:02:23 am        456
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលមានចេតនាទុច្ចរិតបន្លំយកលុយ២ពាន់ដុល្លារពីស្ត្រីភ្ញៀវបរទេសជាជនជាតិចិនម្នាក់ នៅក្នុងផ្សារច្បារអំពៅ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ស្រាវជ្រាវទៅចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ហើយ ។ ជនសង្ស័យមានឈ្មោះ អ៊ុក រ៉េន ជាកូនចៅ ម្ចាស់លក់បន្លែនៅផ្សារច្បារអំពៅ ។ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចព្រលប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានឲ្យដឹងថា ៖ ករណីនេះបានកើតឡើងតាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦មកម្លេះ ក៏ប៉ុន្តែលោកពុំទទួលបានព័ត៌មាននេះនោះឡើយ ទើបតែនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ មានការផ្សព្វផ្សាយចេញតាមបណ្តាញសង្គម ទើបលោកបានចេញបញ្ជាភ្លាម ទៅកាន់សមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវបន្ទាន់ ឈានទៅតាមឃាត់ខ្លួនជនសង្ស័យជាអ្នកបន្លំលុយ យកមកសាកសួរនាំ ។ លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា ៖ ជនសង្ស័យបានបន្លំយក ABAរបស់កូនស្រីខ្លួនឈ្មោះ អ៊ុក ផានី ហុចឱ្យ ស្ត្រីជនរងគ្រោះជនជាតិចិនបាញ់លុយថ្លៃបន្លែឱ្យច្រឡំ២០០០រៀលទៅជា ២០០០ដុល្លា ។ បច្ចុប្បន្ននេះ កូនស្រីជនសង្ស័យឈ្មោះ អ៊ុក ផានី ក៏បានបាញ់លុយទៅជនរងគ្រោះវិញក្នុងចំនួន១៩០០ដុល្លារ ដោយខ្លួនដកចាយអស់១០០ដុល្លារ ។ ឧត្តមសេនីយ៍ឯកស្នងការនគរបាលរាជធានីភ្នំពេញសូម អំពាវនាវដល់បងប្អូនពលរដ្ឋចូលរួមជាមួយសមត្ថកិច្ច ដើម្បីថែរក្សា សេចក្ដីថ្លៃថ្នូរនិងភាពស្មោះត្រង់និងថែរក្សាការពារ ភ្ញៀវទេសចរណ៌ជាតិ និងអន្តរជាតិនិងអ្នកវិនិយោគគ្រប់មុខរបរនៅក្នុងប្រទេសកម្ពុជា ជាងវៀងកាថប្រព្រឹត្តិអំពើ ឬទង្វើទាំងឡាយណា ដែលនាំឲ្យមានការប៉ះពាល់ដក់សតិអារម្មណ៍ និងផ្លូវចិត្តរបស់ភ្ញៀវ ដែលបានអញ្ជើញមកឬកម្សាន្ត ឬមកវិនិយោគនៅកម្ពុជា ដោយសុច្ចរិតភាពត្រឹមត្រូវនោះ ៕ លីហេង

ផ្លូវជនបទជាសរសៃឈាមជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចនៅមូលដ្ឋាន

2026/06/27 01:17:47 am        230
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តផ្តោតយកចិត្តទុកដាក់ លើការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធផ្លូវជនបទ ព្រោះផ្លូវគឺជាសរសៃ ឈាមដែលតភ្ជាប់ និងមានភាពប្រទាក់ក្រឡា ជំរុញនូវគ្រប់អន្តរវិស័យដល់ចលនាសេដ្ឋកិច្ចនៅជនបទឱ្យកាន់តែរីកចម្រើន។ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងក្នុងការចុះត្រួតពិនិត្យ ប្រគល់-ទទួល ១០០% និងប្រគល់-ទទួលបញ្ចប់សុពលភាព សម្រាប់ការងារលើកកម្រិតគុណភាព និងការងារ ស្តារឡើងវិញផ្លូវ-ស្ពានចំនួន ២គម្រោង ស្ថិតនៅស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅជនបទនេះ រាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗបានចំណាយថវិកាវិនិយោគដ៏ច្រើនសន្ធឹក សន្ធាប់ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងក៏ជាផ្នែកមួយ នៃការជំរុញដល់ដំណើរការអន្តរកម្មសេដ្ឋកិច្ច និងកិច្ចការសង្គមនៅតាមជនបទផងដែរ។ឯកឧត្តមរដ្ឋលេខាធិការបន្តថា ជុំវិញការអភិវឌ្ឍជនបទនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបាន យកចិត្តទុកដាក់យ៉ាងខ្លាំង ដោយឯកឧត្តមរដ្ឋមន្រ្តីតែងតែអញ្ជើញចុះពិនិត្យជាប្រចាំ ទាំងនៅលើការងារស្ថាបនា ការស្តារ ការថែទាំ ជាដើម ដើម្បីធ្វើយ៉ាងណាកែលម្អហេដ្ឋារចនាសម្ព័ន្ធស្ថិតក្រោមក្របខណ្ឌក្រសួង ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ហើយបញ្ហានេះដែរ ក្រសួងបាននិងកំពុងពង្រឹងសមត្ថភាពជំនាញ ក្នុងគោលដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ និងស្ពាន ព្រោះ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះក្រៅពីការធ្វើដំណើរ, ផ្លូវជនបទ និងស្ពានក៏ជាការតភ្ជាប់ បម្រើក្នុង សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន និងទីក្រុងផងដែរ។ជុំវិញគម្រោងខាងលើនេះ, ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំ ប្រឹងប្រែង ទាំងលើការងារស្ថាបនាផ្លូវ និងថែទាំរហូតដល់ផុតសុពលភាព ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ ដែលនេះគឺជាការចូល រួមចំណែកជាមួយរាជរដ្ឋាភិបាល លើការងារលើកកម្ពស់ផ្លូវ និងក៏ជាការផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនធ្វើដំណើរឆ្លងកាត់ ជាពិសេស ប្រជាជនរស់នៅក្នុងមូលដ្ឋានផ្ទាល់ មានផ្លូវល្អធ្វើដំណើរ ចំណេញពេលវេលា កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារៈកសិផល និងសម្រួលដល់ការធ្វើអាជីវកម្មផ្សេងៗ សម្រាប់ការរកស៊ីទទួលទានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

2026/06/27 01:12:22 am        130
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារនិងផ្ដល់ការងារឱ្យខ្មែរ» នៅបរិវេណវត្តអម្ពវនារាម (វត្តស្វាយមីង) ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាងភាគីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ និងយុវជនក្នុងមូលដ្ឋានប្រមាណជិត ៦០០នាក់។ វេទិកានេះមានគោលបំណងផ្ដល់ព័ត៌មានអំពីឱកាសការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ។ក្នុងឱកាសនោះ ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា វេទិកានេះមានការចូលរួមពីតំណាងរោងចក្រ និងសហគ្រាសធំៗចំនួន ៧ ដែលបានចុះជ្រើសរើសបុគ្គលិកដោយផ្ទាល់ សម្រាប់តម្រូវការកម្លាំងពលកម្មសរុប ៥ ០០០កន្លែង ដែលជាផ្នែកមួយនៃឱកាសការងារសរុបជាង ៩ម៉ឺនកន្លែង ដែលក្រសួងកំពុងផ្ដល់ជូននៅទូទាំងប្រទេស។ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ពីគុណសម្បត្តិនៃការបម្រើការងារក្នុងស្រុក ដោយធ្វើការប្រៀបធៀបជាមួយការងារចំណាកស្រុកនៅប្រទេសថៃ។ ឯកឧត្តមបានលើកឡើងថា ការធ្វើការនៅប្រទេសថៃអាចប្រឈមនឹងហានិភ័យផ្នែកសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរើសអើង អំពើហិង្សា ការរស់នៅឆ្ងាយពីក្រុមគ្រួសារ និងកង្វះការគាំពារសុខភាពទាំងបច្ចុប្បន្ន និងអនាគត។ ផ្ទុយទៅវិញ ការងារក្នុងស្រុកមិនត្រឹមតែជួយពង្រឹងសេដ្ឋកិច្ចគ្រួសារ និងអាចរស់នៅជួបជុំក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម (ប.ស.ស.) ចាប់តាំងពីថ្ងៃចូលបម្រើការងារ រួមមានការធានាលើហានិភ័យការងារ សេវាថែទាំសុខភាពដោយឥតគិតថ្លៃ និងរបបប្រាក់សោធន ឬប្រាក់ចូលនិវត្តន៍ដូចមន្ត្រីរាជការ ដែលជួយធានាជីវភាពសមរម្យនៅវ័យចាស់។ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ បានអំពាវនាវដល់អតីតពលករពីប្រទេសថៃ ឱ្យចាប់យកឱកាសការងារក្នុងស្រុក ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារជាបណ្ដោះអាសន្ន ឬអាចជ្រើសរើសទៅបម្រើការងារនៅប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់ និងមានសុវត្ថិភាពជាង ដូចជា ប្រទេសជប៉ុន កូរ៉េ និងសិង្ហបុរីជាដើម។ ឯកឧត្តមបានណែនាំឱ្យបងប្អូនចូលរួមកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈកម្មវិធី TVET ១,៥ លាន ដែលផ្ដល់ការសិក្សាដោយឥតបង់ថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែ លើជំនាញជាច្រើន ដូចជា សំណង់ ជួសជុលគ្រឿងម៉ាស៊ីន អគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងជំនាញសម្ជស្ស រួមមានការផាត់មុខ អ៊ុតសក់ និងធ្វើក្រចក ដើម្បីអាចយកទៅប្រកបរបរដោយខ្លួនឯង។ឯកឧត្តមបានសង្កត់ធ្ងន់ថា ការមានជំនាញពិតប្រាកដ គឺជាមូលដ្ឋានសំខាន់សម្រាប់បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ។ ចំពោះអតីតពលករដែលមានជំនាញរួចហើយ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្រទទួលស្គាល់ ក្រសួងក៏បានដាក់ឱ្យអនុវត្តប្រព័ន្ធវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីអនុញ្ញាតឱ្យធ្វើតេស្ត និងទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ។ ទន្ទឹមនេះ ឯកឧត្តមបានជំរុញឱ្យប្រជាពលរដ្ឋចងចាំលេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ទទួលព័ត៌មានអំពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ព្រមទាំងលេខ ១២៨៦ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹង ប.ស.ស.។សូមជម្រាបថា ឱកាសការងារចំនួន ៥ ០០០កន្លែង ដែលបានផ្ដល់ជូនក្នុងវេទិកានេះ គឺជាផ្នែកមួយនៃឱកាសការងារសរុបជាង ៩ម៉ឺនកន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ វេទិកានេះមានការចូលរួមពីរោងចក្រ និងសហគ្រាសចំនួន ៧ រួមមាន រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, រោងចក្រ យូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា) ហ្គាមេន ខូអិលធីឌី, រោងចក្រ អខេធី (ខេមបូឌា), រោងចក្រ សាន ហ្វេង (ខេមបូឌា) ខមភេនី លីមីធីត, ក្រុមហ៊ុន ថាកូ អាហ្រ្គី ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅក្រៅប្រទេសចំនួន ២ គឺ ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន មីណាមី (ខេមបូឌា) អ៊ិនធើណេសិនសល សឺវីស ឯ.ក ដែលបាននាំយកឱកាសការងារនៅប្រទេសជប៉ុន មកផ្សព្វផ្សាយ និងជ្រើសរើសបុគ្គលិកដោយផ្ទាល់ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បងប្អូនជនជាតិរុស្ស៊ីដែលបាត់ខ្លួនត្រូវបានគេរកឃើញស្លាប់នៅក្នុងប្រទេសថៃ ដោយជនសង្ស័យសារភាពថាបានប្លន់សម្លាប់
08/03/2026 07:08 AM
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM