ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង

ព័ត៌មានជាតិ

សម្ដេចតេជោ៖ មេរៀនសភាពការណ៍ឆ្នាំ២០២៥-២០២៦ ឱ្យយើងយល់ច្បាស់ថា មានតែការរួបរួមគ្នាខិតខំធ្វើឱ្យកម្ពុជា មានកម្លាំងខ្លាំងប៉ុណ្ណោះ ទើបអាចការពារទឹកដី សន្តិភាព និងអត្តសញ្ញាណជាតិបាន

2026/06/28 05:58:51 pm        458
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សភាពការណ៍ឆ្នាំ២០២៥-២០២៦ បញ្ជាក់ឱ្យយើងយល់ច្បាស់ថា មានតែការរួបរួមគ្នាខិតខំធ្វើឱ្យកម្ពុជាមានកម្លាំងខ្លាំងប៉ុណ្ណោះទើបអាចការពារទឹកដី សន្តិភាព និងអត្តសញ្ញាណជាតិបាន។តាមរយៈសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា, សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការពិតជាក់ស្តែងរយៈពេលជាង ៤៧ឆ្នាំមកនេះ បានបង្ហាញថា មិនថាស្ថិតក្នុងកាលៈទេសៈ និងស្ថាន ភាពណាឡើយ គណបក្សប្រជាជនកម្ពុជាតែងតែឈរយ៉ាងរឹងមាំលើជំហររបស់ខ្លួន និងរក្សាខ្ជាប់នូវភាពត្រឹមត្រូវខាងនយោបាយ។ ជាមួយគ្នានេះ ការផ្សារភ្ជាប់រវាងគណបក្សជាមួយប្រជាជនបានចាក់គ្រឹះនៅក្នុងដំណើរជាតិគ្មានអ្វីអាចមកបំផ្លាញបានឡើយហើយដែលជាកត្តាសារវន្តនៃរាល់ជ័យជម្នះរបស់ជាតិ។ សម្ដេចតេជោបានសង្គត់ធ្ងន់ថា៖«ប្រាកដណាស់ថាលើមាគ៌ាឆ្ពោះទៅមុខ យើងនៅតែត្រូវប្រឈមជាមួយការលំបាក និងឧបសគ្គធំៗជាច្រើនទៀត ដែលបណ្តាលមកពីកត្តាខាងក្នុងផង និងពីកត្តាខាងក្រៅផង ជាពិសេសពីកត្តាខាងក្រៅដែលយើងមិនអាចប៉ាន់ស្មានបាន។ ម្យ៉ាងទៀតមេរៀនដែលយើងទទួលបានពីសភាពការណ៍ឆ្នាំ ២០២៥ និងដើមឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យយើងយល់ច្បាស់ថា មានតែការរួបរួមគ្នាខិតខំធ្វើឱ្យកម្ពុជាមានកម្លាំងខ្លាំងទាំងខាងសេដ្ឋកិច្ចទាំងខាងយោធា និងនយោបាយប៉ុណ្ណោះទើបយើងអាចការពារអធិបតេយ្យបូរណភាពទឹកដី សន្តិភាព និងអត្តសញ្ញាណរបស់ជាតិបាន»។ សម្ដេចតេជោបញ្ជាក់ថា៖ «គ្មានអ្នកណាផ្តល់សន្តិភាពមកឱ្យយើងទេ សន្តិភាពកើតឡើងពីការប្រឹងប្រែងរបស់យើង និងត្រូវតែការពារឱ្យបានជាដាច់ខាតដោយកម្លាំងរបស់យើង»៕

សម្ដេចតេជោ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនភៀសសឹក និងខិតខំធ្វើឱ្យសហគមន៍អន្តរជាតិដឹងការពិត គាំទ្រជំហរកម្ពុជាដោះស្រាយជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់

2026/06/28 05:43:37 pm        279
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តល់ការគាំពារ និងជួយឧបត្ថម្ភដល់ការរស់នៅរង់ចាំទម្រាំបងប្អូនអាចវិលត្រឡប់ទៅកាន់ភូមិឋានខ្លួនវិញបាន និងខិតខំធ្វើឱ្យសហគមន៍អន្តរជាតិបានយល់ដឹងការពិតហើយគាំទ្រជំហរដ៏ត្រឹមត្រូវរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី និងផ្អែកលើច្បាប់។តាមរយៈសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា, សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះបងប្អូនភៀសសឹកដោយសង្គ្រាមឈ្លានពានបានវិលទៅកាន់ផ្ទះសម្បែង និងប្រកបមុខរបរខ្លួនវិញ ឯបងប្អូនភៀសសឹក មួយចំនួនដែលមិនទាន់អាចវិលទៅភូមិស្ថានផ្ទះសម្បែងរបស់ខ្លួន ដែលត្រូវកងទ័ពថៃប្រើប្រាស់កម្លាំងកាន់កាប់ ដោយខុសច្បាប់នោះ រាជរដ្ឋាភិបាលបានផ្តល់ការគាំពារ និងជួយឧបត្ថម្ភដល់ការរស់នៅរង់ចាំទម្រាំបងប្អូនអាចវិលត្រឡប់ទៅកាន់ភូមិឋានខ្លួនវិញបាន។ សម្ដេចតេជោថ្លែងថា៖«ព្រមជាមួយនោះយើងបានខិតខំធ្វើឱ្យសហគមន៍អន្តរជាតិបានយល់ដឹងការពិតហើយគាំទ្រជំហរដ៏ត្រឹមត្រូវរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី និងផ្អែកលើច្បាប់។ ចំពោះបងប្អូនពលករដែលបានវិលត្រឡប់ពីប្រទេសថៃមកវិញ រាជរដ្ឋាភិបាលបានយកចិត្ត ទុកដាក់ខ្ពស់ក្នុងការដោះស្រាយការងារធ្វើដល់បងប្អូន»។ សម្ដេចបានបញ្ជាក់បន្ថែមថា ការធានាបាននូវស្ថានភាពដូច្នេះ គឺអាស្រ័យដោយ កម្លាំងមហាសាមគ្គីរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈនៅគ្រប់ទិសទីជុំវិញរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីការពារទឹកដី ការពាររាល់សមិទ្ធផលជាតិ និងបន្តឈានឆ្ពោះទៅមុខតាមមាគ៌ាអភិវឌ្ឍដ៏ត្រឹមត្រូវរបស់កម្ពុជា៕

សម្ដេចតេជោ៖ រយៈពេល៦ខែឆ្នាំនេះ ទោះបីកម្ពុជាត្រូវរងឥទ្ធិពលអវិជ្ជមានក៏កម្ពុជានៅតែបន្តឈានទៅមុខលើមាគ៌ាអភិវឌ្ឍន៍

2026/06/28 05:20:14 pm        286
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រយៈពេល៦ខែឆ្នាំនេះ ទោះបីកម្ពុជាត្រូវរងឥទ្ធិពលអវិជ្ជមាន ក៏កម្ពុជានៅតែបន្តឈានទៅមុខលើមាគ៌ាអភិវឌ្ឍន៍។ តាមរយៈសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា, សម្ដេចតេជោ បានថ្លែងថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦នេះ ទោះបីត្រូវទទួលរងឥទ្ធិពលអវិជ្ជមានពីការវិវត្តយ៉ាងស្មុគ ស្មាញនៃសភាពការណ៍អន្តរជាតិ និងឥទ្ធិពលពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាក្តី ក៏ប្រទេសជាតិយើងនៅតែបន្តឈានទៅមុខនៅលើមាគ៌ាអភិវឌ្ឍន៍។ សម្ដេចតេជោ បានបញ្ជាក់ថា ជាក់ស្តែងយើងរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងលំនឹងនៃជីវភាពរបស់ប្រជាជន។ សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចបានកំណើន ៤,២%, សន្តិសុខស្បៀងមានភាពរឹងមាំ, ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសការនាំចេញមានកំណើន គួរឱ្យកត់សម្គាល់ ឯចំណូលសារពើពន្ធក៏មានកំណើនផងដែរ។ សម្ដេចតេជោ បានបសង្គត់ធ្ងន់ថា៖«យើងបានប្រឹងប្រែងប្រែក្លាយការលំបាកឱ្យទៅជាឱកាសក្នុងការពង្រឹងពង្រីកខ្លួន ដោយការខិតខំពង្រីកផលិតកម្មក្នុងស្រុក លើកស្ទួយការប្រើប្រាស់ ផលិតផលជាតិ និងការខិតខំប្រមូលចំណូលពន្ធជាដើម។ តាមរយៈនេះបានឆ្លុះបញ្ចាំងអំពីភាពធន់របស់កម្ពុជា ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍបន្ត និងការឆ្លើយតបទៅនឹងការប្រែប្រួលថ្មីៗខាងមុខទៀត»៕

សម្ដេចតេជោ៖ ប្រជាជនបានឃើញច្បាស់អំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជា ដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន

2026/06/28 05:13:54 pm        267
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ប្រជាជនកម្ពុជា បានឃើញច្បាស់អំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជាដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ជាគណបក្សមានថាមពល និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿង។ អាស្រ័យហេតុនេះហើយបានជាកន្លងមក គណបក្សប្រជា ជនកម្ពុជាទទួលបានជ័យជម្នះនៅគ្រប់ការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ទាំងការបោះ ឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។តាមរយៈសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា, សម្ដេចតេជោ បានរម្លឹកថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៦នេះ ជាថ្ងៃគម្រប់ខួប ៧៥ឆ្នាំ នៃការបង្កើត គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ និងមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំង អាណានិគមនិយមដើម្បីឯករាជ្យជាតិ។ សម្ដេចបានថ្លែងថា ចាប់ពីពេលបដិសន្ធិ គណបក្សបានប្រកាន់ខ្ជាប់គោលបំណង និង ឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរាដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ក្នុងកាលៈទេសៈប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត បានបង្កឡើង គណបក្សបានដឹកនាំប្រជាជនក្រោកឈរតស៊ូប្រយុទ្ធផ្ដួល រំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅ ថ្ងៃ៧មករា ឆ្នាំ ១៩៧៩ ដែលបាន សង្គ្រោះជាតិឱ្យរស់ឡើងវិញទាន់ពេលវេលា។សម្ដេចតេជោបានបន្តថា បន្ទាប់ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឆ្លងកាត់ ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រក្នុងបុព្វហេតុការពារជាតិ កសាងសន្តិភាព ស្តារ និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនចេញផុតពីស្រមោលខ្មៅនៃអតីតកាល បានរស់នៅយ៉ាងសុខដុមរមនា ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និង អភិវឌ្ឍន៍។ សម្ដេចតេជោ បានបញ្ជាក់ថា៖«លើមូលដ្ឋាននេះ ប្រជាជនបានឃើញច្បាស់អំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជាដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ជាគណបក្សមានថាមពល និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿង។ អាស្រ័យហេតុនេះហើយបានជាកន្លងមក គណបក្សប្រជា ជនកម្ពុជាទទួលបានជ័យជម្នះនៅគ្រប់ការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ទាំងការបោះ ឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។ ក្នុងនាមគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ បានសម្តែងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនជនរួមជាតិនៅគ្រប់ទិសទីទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានផ្តល់យុត្តិធម៌ និងការគាំទ្រឥតងាករេចំពោះគណបក្សនៅគ្រប់ដំណាក់កាល៕

ស្នងការនគរបាលរាជធានីភ្នំពេញ បន្តពង្រឹងកិច្ចសហការប្រតិបត្តិការ និងទំនាក់ទំនងកាន់តែជិតស្និទ្ធិជាមួយនគរបាលសាធារណៈរដ្ឋកូរ៉េ

2026/06/28 04:41:52 pm        126
ភ្នំពេញ៖ក្រោយបញ្ចប់ដំណើរអញ្ជើញចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូល រយៈពេល០២ថ្ងៃរួចមក គណៈស្នងការរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ក៏សម្រេចបាននូវលទ្ធផល ក៏ដូចជាផ្លែផ្កាវិជ្ជមានច្រើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង០២ ។ ដំណើរអញ្ជើញទៅចូលរួមវេទិកាសន្និសិទ ក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូលនោះ ដឹកនាំគណៈប្រតិភូស្នងការរាជធានី ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានអញ្ជើញទៅតាំងពីថ្ងៃទី២៣ និងបានធ្វើមាតុប្រទេសមកវិញនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ថ្មីៗនេះ ។ ការអញ្ជើញចូលរួមក្នុងវេទិការសន្និសិទដ៏មានសារៈសំខាន់ខាងលើ គឺធ្វើឡើង តបតាមការអញ្ជើញរបស់ ឯកឧត្តម Park Jeong-bo ស្នងការនៃទីភ្នាក់ងារនគរបាលទីក្រុងសេអ៊ូល និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។ លទ្ធិផលដែលគណៈស្នងការរាជធានីភ្នំពេញទទួលបាន រដ្ឋធានីសេអ៊ូល នឹងបង្កើន​កិច្ច​សហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយនគរបាលរាជធានីភ្នំពេញ តាមរយៈ ការផ្តល់ជំនួយ​ឧបករណ៍​សម្ភារៈបច្ចេកទេសជំនាញ និងផ្តល់វគ្គបណ្តុះបណ្តាលប្រយុទ្ធប្រឆាំង​បទល្មើសបច្ចេកវិទ្យា នាពេលខាងមុខ។រដ្ឋធានីសេអ៊ូលនឹងបន្តយកចិត្តទុកគាំទ្រនគរបាលរាជធានីភ្នំពេញលើកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើវិស័យសន្តិសុខសាធារណៈ ។ ក្នុងនោះដែរ នគរបាលរាជធានីភ្នំពេញ ក៏ទទួលបានការ​គាំទ្រ​ពីបណ្តាប្រទេសជាសមាជិក និងមោទនភាព និងភាពជោគជ័យ នៅក្នុងវេទិកាសន្និសីទ ICPC ។ ខណៈវេទិកាសន្និសីទ ICPC ជាការរៀបចំលើកទី១ នៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ឯកឧត្តម Park Jeong-bo ស្នងការនគរបាលទីក្រុងសេអ៊ូល ក៏បានស្នើសុំនគរបាលភ្នំពេញ រៀបចំសន្និសីទនេះជាលើកទី២ នៅប្រទេសកម្ពុជា ផងដែរ ។ គួរបញ្ជាក់ថា ក្នុងវេទិកាសន្និសីទ ICPC លើកទី១ខាងលើនេះ មាន០៧ប្រទេសចូលរួម ក្នុងនោះរួមមាន ៖ កម្ពុជា ,កូរ៉េខាងត្បូង ,ចិន ,ហ្វីលីពីន ,អ៊ូបេគីស្ថាន ,វៀតណាម ,ហូឡង់ និងអង្គការដៃគូអន្តរជាតិមួយចំនួនទៀតផងដែរ ។គោលបំណងសំខាន់ នៃវេទិការនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាង​រដ្ឋ/រាជធានី​ជាសមាជិកក្រុមប្រឹក្សា (ICPC) ដើម្បីឆ្លើយតបចំពោះឧក្រិដ្ឋកម្មឆ្លងដែន និងការធានាសុវត្ថិភាព​ពលរដ្ឋនៅបរទេស ៕លីហេង

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ

2026/06/28 01:40:35 am        205
ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងនាបរិវេណវត្តសិរីមង្គល ស្ថិតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដោយនាំមកនូវឱកាសការងារជាង ៥ ពាន់កន្លែង ពីក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗចំនួន ៧ ដើម្បីផ្ដល់ការចុះឈ្មោះ សម្ភាស និងទទួលបានការងារធ្វើភ្លាមៗជូនដល់បងប្អូនប្រជាពលរដ្ឋជាង ៥០០នាក់ ជាពិសេសអតីតពលករមកពីប្រទេសថៃ។ថ្លែងក្នុងវេទិកាការងារ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា បច្ចុប្បន្ន មានឱកាសការងាររហូតដល់ទៅជាង ៩ ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលក្នុងនោះ ឱកាសការងារជាង ៥ពាន់កន្លែងត្រូវបានយកមកផ្សព្វផ្សាយជូនដល់មូលដ្ឋាននៅថ្ងៃនេះ។ នាពេលបច្ចុប្បន្ន ការងាររត់រកបងប្អូនដល់ផ្ទះ ដែលមិនចាំបាច់ចំណាយទាំងពេលវេលា និងថវិកាទៅរកការងារធ្វើដូចកាលពីមុនទៀតនោះទេ។ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា វេទិកាការងារនេះ គឺជាយន្តការដ៏មានប្រសិទ្ធភាព និងចំពេលវេលា ដែលផ្តល់ «ឱកាសមាស» ជូនដល់បងប្អូន ជាពិសេសអតីតពលករមកពីថៃអាចកសាងជីវភាពក្នុងប្រទេសកំណើត និងរួមចំណែកជួយកសាងសេដ្ឋកិច្ចជាតិដោយផ្ទាល់។ ឯកឧត្តមបានធ្វើការពន្យល់ដល់បងប្អូនពីការប្រឈមនៃការងារចំណាកស្រុកនៅប្រទេសថៃ ដូចជា៖ ជួបប្រទះហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរើសអើង ខ្វះការគាំពារសុខភាព អំពើហិង្សា និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារជាដើម។ ផ្ទុយទៅវិញ ការធ្វើការក្នុងស្រុក គឺជាជម្រើសដ៏ប្រសើរ ដែលផ្ដល់នូវសុភមង្គលក្នុងគ្រួសារ ហើយនៅពេលចូលធ្វើការតាមរោងចក្រ សហគ្រាស បងប្អូននឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីបណ្ណ ប.ស.ស. ជាពិសេស ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន។ឯកឧត្តមបានបន្តថា ក្រៅពីបង្កើតគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅតាមខេត្ត ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបង្កើតថ្នាក់បណ្ដុះបណ្ដាលជំនាញតាមរថយន្តចល័ត សម្រាប់ចុះបណ្ដុះបណ្ដាលជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ដូចជា ផ្នែកសម្ផស្ស សំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ និងឆុងកាហ្វេជាដើម។ ក្រោយបញ្ចប់ការសិក្សា បងប្អូនអាចបង្កើតមុខរបរដោយខ្លួនឯង ឬក្រសួងក៏អាចជួយរកការងារឱ្យធ្វើផងដែរ។ សម្រាប់អតីតពលករដែលមានជំនាញស្រាប់ផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ ក្រសួងក៏បានដាក់ឱ្យអនុវត្តការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការផងដែរ។ ដោយឡែកសម្រាប់បងប្អូនដែលមានបំណងចង់ទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមរដ្ឋលេខាធិកាបញ្ជាក់ថា ក្រសួងបានខិតខំស្វែងរកទីផ្សារការងារដែលមានស្ដង់ដាខ្ពស់ លក្ខខណ្ឌការងារល្អ និងប្រាក់ចំណូលខ្ពស់ ដូចជានៅប្រទេស ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម។ ចំពោះព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងឱកាសការងារ និងលេខ ១២៨៦ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងអត្ថប្រយោជន៍ ប.ស.ស.។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបងប្អូនបន្តជួយគាំទ្រផលិតផលខ្មែរ ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ មោទនភាពជាតិ និងបង្កើតការងារផងដែរ។សូមបញ្ជាក់ថា ឱកាសការងារជាង ៥ពាន់កន្លែង ដែលបានផ្ដល់ជូនក្នុងវេទិកានេះ មានការចូលរួមពីរោងចក្រ និងសហគ្រាសចំនួន ៧ រួមមាន រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, រោងចក្រ យូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា) ហ្គាមេន ខូអិលធីឌី, រោងចក្រ អខេធី (ខេមបូឌា), រោងចក្រ សាន ហ្វេង (ខេមបូឌា) ខមភេនី លីមីធីត, ក្រុមហ៊ុន ថាកូ អាហ្រ្គី ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅក្រៅប្រទេសចំនួន ២ គឺ ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន មីណាមី (ខេមបូឌា) អ៊ិនធើណេសិនសល សឺវីស ឯ.ក ដែលបាននាំយកឱកាសការងារនៅប្រទេសជប៉ុន មកផ្សព្វផ្សាយ និងជ្រើសរើសបុគ្គលិកដោយផ្ទាល់ផងដែរ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ

2026/06/27 10:51:07 pm        169
នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី​សំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម​ លើកទី៣ នៅរាជធានីភ្នំពេញ។ថ្លែងក្នុងពិធីនោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរសម្រេចឱ្យមានការ​ប្រារព្វទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាសាក្ខីភាពនៃការយកចិត្តទុកដាក់របស់​រាជរដ្ឋាភិបាលចំពោះវិស័យឯកជន និយាយជារួម និងសម្រាប់សហគ្រាស MSMEs​ និង​សិប្បកម្មកម្ពុជា និយាយដោយឡែក។ ការកំណត់រៀបចំទិវាជាតិនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើតជាវេទិការាជរដ្ឋាភិបាល និងសហគ្រាស MSMEs ក្នុងការពិភាក្សាស្វែងយល់ពីបញ្ហាប្រឈម និងដាក់ចេញ​នូវវិធានការ គោលនយោបាយ និងការលើកទឹកចិត្ត កាន់តែមានលក្ខណៈប្រាកដនិយម, រឹតចំណង​សាមគ្គីភាព, មិត្តភាព និងកិច្ចសហការរវាងម្ចាស់សហគ្រាស និងក្រសួងស្ថាប័ន, គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ, ដៃគូអភិវឌ្ឍ, សមាគម និងវិស័យឯកជន ក្នុងន័យផ្តល់តម្លៃ និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាស MSMEs និងសិប្បកម្ម និងតាំងបង្ហាញផលិតផលជាតិ។សម្តេចធិបតី បានថ្លែងថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបាននិងកំពុងឆ្លងកាត់វិញ្ញាសាធំៗចំនួន៣ គឺ ទី១. សង្គ្រាមឈ្លានពានព្រំដែន​និងអធិបតេយ្យភាព, ទី២. បញ្ហាឧក្រិដ្ឋកម្មឆ្លងដែនសម័យថ្មី, និង ទី៣. ការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច។ សម្តេចធិបតី បានបន្តថា គោលដៅអាទិភាពធំបំផុតក្នុងការដោះស្រាយបញ្ហាទាំងនេះ គឺដើម្បីជាតិនិងប្រជាជន, ទឹកដី​ និងឯករាជ្យភាព, ព្រមទាំងស្ថិរភាពជីវភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ក្នុងការពារបូរណភាពទឹកដី, កម្ពុជាបន្តប្រកាន់ខ្ជាប់នូវយន្តការចរចាដោយសន្តិវិធី និងការអត់ធ្មត់ខ្ពស់ ដោយប្រើប្រាស់ច្បាប់អន្តរជាតិជាមូលដ្ឋាន​ ឱ្យអស់លទ្ធភាព។ ការណ៍នេះ គឺដើម្បីបញ្ចៀសនូវការប្រើប្រាស់កម្លាំងយោធា ដែលអាចបង្កផលប៉ះពាល់ផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ។ បទពិសោធន៍បានបង្ហាញថា សង្គ្រាមព្រំដែនមិនត្រឹមតែបំផ្លាញឱកាសនៃវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ខំឱ្យរដ្ឋត្រូវបង្វែរថវិកាជាតិទៅលើការទិញអាវុធយុទ្ធភណ្ឌ ជំនួសឱ្យការវិនិយោគលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិទៅវិញ។ក្នុងឱកាសនោះដែរ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមដែរថា ដើម្បីរក្សានិរន្តរភាពនៃការគាំទ្រផលិតផលក្នុងស្រុក រោងចក្រ សហគ្រាស ក្នុងនាមជាវិនិយោ​គិន​ត្រូវប្រកាន់គោលជំហ ពង្រឹងខ្លួនឯង និងឈានទៅរកភាពជាម្ចាស់ការលើខ្លួនឯង​ ដែលនេះ​ទើបជាចីរភាពពិតប្រាកដ តាមរយៈការពង្រឹងសមត្ថភាព, ពង្រឹងគុណភាព ជាមួយតម្លៃសមរម្យ ទើប​យើងអាចធានាបានការជឿជាក់​ និងការគាំទ្រ​ពីសំណាក់អតិថិជន, ពិសេសពីប្រជាពលរដ្ឋយើងផ្ទាល់តែម្តង។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរក្សា​បានគុណភាពល្អ គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះជាប់ពាក់ព័ន្ធផ្ទាល់ទៅនឹងសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់។ ភាពច្បាស់លាស់, ការទទួលខុសត្រូវ និងគុណភាព​ ត្រូវដើរទន្ទឹមគ្នា ដែលជាកត្តាស្លាប់រស់នៃការបង្កើតការជឿជាក់ និងការគាំទ្រ​យ៉ាងស្មោះត្រង់រវាងអ្នកលក់ និងអ្នកទិញ។ ក្នុងន័យនេះ, សហគ្រាស MSMEs ត្រូវដាក់ទិសដៅក្នុងការអភិវឌ្ឍខ្លួនឯង ដោយមិនត្រូវនៅត្រឹមតែជាសហគ្រាស MSMEs ជារៀងរហូតនោះទេ តែត្រូវដាក់ទិសដៅ​ពង្រឹង​ និង​ ពង្រឹកខ្លួនឯង​ ពីតូចទៅធំ ដោយរីកចម្រើន, ដោយឈរលើការ​ជឿទុកចិត្ត និងភាពប្រកួតប្រជែងខ្ពស់។ជាមួយគ្នានេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី​ បានលើកឡើងថា រាជរដ្ឋាភិបាល សង្ឃឹមថា​ចលនានៃការគាំទ្រផលិតផលក្នុងស្រុកនេះ នឹងនៅតែបន្ត និងបានយូរអង្វែង តទៅទៀត។ ​រាជរដ្ឋាភិបាល នៅតែបន្តផ្ដល់អាទិភាព និងការយកចិត្តទុកដាក់ខ្ពស់ដល់សហគ្រាស MSMEs​ សម្រាប់ទាំង​នីតិកាលនេះ និងបន្តទៅដល់នីតិកាលបន្តបន្ទាប់ទៀត ដែលនេះ ជាការជួយសម្រួល, ការលើក​ទឹកចិត្ត និងការបង្កលក្ខណៈអំណោយផល ដើម្បីឱ្យសហគ្រាស​ MSMEs កាន់តែរីកចម្រើនលូតលាស់ តទៅ​មុខ ​បន្ថែមទៀត។ជាទីបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ទិសដៅឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សា និងរៀបចំពង្រឹងសមត្ថ​ភាព​មន្ទីរពិសោធន៍គុណភាពផលិតផលឱ្យកាន់តែមានផលិតភាព, គុណភាព និងសមត្ថភាពខ្ពស់ ​ក្នុងការត្រួតពិនិត្យ និងវាយតម្លៃលើមុខផលិតផល ឱ្យបានល្អ និងឆាប់រហ័ស ដើម្បីធានាគុណភាព និងឈានទៅសម្រេចឱ្យមានការចុះបញ្ជី ព្រមទាំងកាត់បន្ថយភាពស្មុគស្មាញ និងបង្កភាពងាយស្រួលដល់ម្ចាស់រោងចក្រ សហគ្រាស៕

ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

2026/06/27 08:43:06 pm        115
ខេត្តកំពង់ធំ៖​ នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបឋមមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ទ្រី ដាលុច តំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេឆ្លងស្ទឹងស្ទោងមួយខ្សែ ដែលស្ថិតនៅក្នុងភូមិគេន្ទាក ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ស្ពាននេះមានបណ្ដោយ ១១៣ម ទទឹង ៦ម ដែលអាចទ្រទម្ងន់បាន ២៥ តោន គ្រោងចំណាយថវិកាអស់២២០.០០០ ដុល្លារអាមេរិក។ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បញ្ហានៃការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំ និងក្រៅឃុំនឹងត្រូវបានបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទ្រី ដាលុច ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព មកចែកជូនដល់គណបក្សស្រុក គណបក្សឃុំ កងកម្លាំងប្រដាប់អាវុធ និងលោកយាយជីលោកតាជីជាង ១០០ នាក់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ។សូមបញ្ជាក់ផងដែរថា កម្មវិធីនេះចំណាយថវិកាអស់ប្រមាណ ៣០.០០០.០០០ រៀល៕

សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

2026/06/27 08:35:44 pm        101
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងសាទរចំពោះយុទ្ធនាការជោគជ័យ នៃការបង្ក្រាបឧក្រិដ្ឋកម្ម Online Scams ក្នុងរយៈពេលចុងក្រោយនេះ ដែលបានស្ដារមុខមាត់កម្ពុជាបន្តិចវិញលើឆាកអន្តរជាតិ។ក្នុងពិធីសំណេះសំណាល និងពិសាភោជនា ហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមិថុនា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីការចុះផ្សាយលើសារព័ត៌មានអន្តរជាតិជាច្រើន រួមទាំងប្រទេសនានាផង បានងាកមកទទួលស្គាល់អំពីការខិតខំរបស់កម្ពុជាកម្ទេចសម្បុក Online Scams ក្នុងរយៈពេលចុងក្រោយនេះបានល្អ។ក្នុងរយៈពេលប៉ុន្មានខែមកនេះ យុទ្ធនាការរបស់យើងដែលជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច បានកែប្រែព័ត៌មាននៅលើឆាកអន្តរជាតិ ដែលកាលពីប្រមាណ៥ខែមុន បានចោទថាកម្ពុជាជាទីប្រមូលផ្ដុំដ៏សុខសាន្តនៃបទល្មើស Online Scams មកជាការទទួលស្គាល់ថាកម្ពុជាបានកម្ទេចបទល្មើសនេះ ដែលបានធ្វើឱ្យក្រុមឧក្រិដ្ឋជនរត់ទៅជ្រកនៅប្រទេសផ្សេងវិញ ហើយប្រទេសផ្សេងៗចាប់ផ្ដើមទទួលស្គាល់ថាគេមានដែរ។ នេះគឺជាជោគជ័យ ដែលកាលពី៥ខែមុន កម្ពុជាត្រូវបានគេដាក់ឱ្យទទួលបន្ទុកតែម្នាក់ឯងប៉ុណ្ណោះ។ បើយើងមិនលាងខ្លួនឯង មិនចាត់វិធនាការខ្លាំងទេ តើយើងអាចស្ដារកេរ្តិ៍ឈ្មោះបានទេមកដល់ពេលនេះ ម្ល៉េះគេនៅតែចោទកម្ពុជាថាជាជង្រុក ដូច្នេះយើងត្រូវតែងើបធ្វើការដើម្បីស្ដារមុខមាត់យើងឡើងវិញ។ កិច្ចការងារនេះ ទោះទទួលបានផលហើយក្ដី ក៏មិនទាន់ឈប់ទេ ត្រូវបន្តបោសសម្អាត។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាត់ទុកបញ្ហា Online Scams គឺជាសង្គ្រាមការពារកេរ្ដិ៍ឈ្មោះកម្ពុជាលើឆាកអន្ដរជាតិ ដើម្បីបំបាត់ភាពមន្ទិលរបស់បរទេសមើលឃើញកេរ្ដិ៍ឈ្មោះមិនល្អរបស់កម្ពុជា ដែលបានចោទសួរអំពីសុវត្ថិភាព ឬការចាប់ជំរិត នៅកម្ពុជា ដែលនេះជាអ្វីដែលត្រូវរួមគ្នាស្ដារកេរ្ដិ៍ឈ្មោះកម្ពុជាឡើងវិញ នៅលើឆាកអន្ដរជាតិ៕អត្ថបទ៖ វ៉ាន់

សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ

2026/06/27 08:26:21 pm        153
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ ដូច្នេះដើម្បីមានភាពធន់ក្នុងការប្រកួតប្រជែង គឺមានតែការជំរុញបង្កើនគុណភាពផលិតផលក្នុងស្រុកប៉ុណ្ណោះ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដោយសារកម្ពុជា ជាសមាជិក WTO ដូច្នេះមិនអាចបិទទំនិញរបស់ប្រទេសណាមួយមិនឲ្យចូលកម្ពុជាទាំងស្រុងនោះទេ ប្រសិនបើធ្វើបែបនេះ ទំនិញរបស់កម្ពុជា ក៏មិនអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបានដូចគ្នា។ ដូច្នេះដើម្បីទប់ទល់នឹងការប្រកួតប្រជែង SMEs ត្រូវពង្រីកខ្លួនបន្ថែមទៀត កុំនៅទ្រឹងមួយកន្លែង ដោយត្រូវបង្កើនការជឿទុកចិត្តពីអតិថិជន។យើងមិនអាចដាក់បម្រាមការនាំចូលទំនិញនោះឡើយ ព្រោះយើងជាសមាជិក WTO ។ បើយើងដាក់បម្រាមមិនឱ្យស៊ីម៉ងត៍គេចូល គេក៏មិនឱ្យស៊ីម៉ងត៍យើងចូលដែរ ព្រោះតាមរបាយការណ៍ស៊ីម៉ងត៍របស់ យើងមិនត្រឹមតែផលិតសម្រាប់ប្រើប្រាស់ក្នុងស្រុកទេ ថែមទាំងនាំចេញទៅក្រៅដែរ ដែលមានចំនួនប្រមាណពីរម៉ឺនឯណោះ។ នេះជាការប្រកួតប្រជែងទីផ្សារសេរី។ ហើយខ្ញុំជឿថាប្រជាពលរដ្ឋយើង ងាកមកគាំទ្រផលិតផលក្នុងស្រុក អាចបណ្ដាលមកពីកត្តាខាងក្រៅមួយចំនួននៅឆ្នាំនេះ ដោយសារមានរឿងព្រំដែន ប៉ុន្តែបើចង់ឱ្យមាននិរន្តរភាពនៃការគាំទ្រ ទាល់តែផលិតផលក្នុងស្រុក មានគុណភាព មានតម្លៃសមរម្យ អាចជំនួសការនាំចូលបាន។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីរំពឹងថា ទៅថ្ងៃខាងមុខ ផលិតផលនឹងមានដាក់ផ្លាកសញ្ញាកម្ពុជា ដែលផលិតនៅកម្ពុជា មិនមែនផលិតនៅក្រៅស្រុកនោះទេ។ សម្ដេចធិបតី បានណែនាំឲ្យបន្ដយកចិត្តទុកដាក់ពង្រឹងគុណភាព និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ខណៈពលរដ្ឋងាកមកគាំទ្រច្រើនផលិតផលក្នុងស្រុកនៅពេលនេះ បើទោះជាសម្ដេចបានកត់សម្គាល់ថា ផលិតផលមួយចំនួនដែលផលិតនៅក្នុងស្រុក គឺមិនទាន់មានលទ្ធភាពដើម្បីធានាដល់ការផ្គត់ផ្គង់នៅឡើយទេ ដូច្នេះរដ្ឋត្រូវគិតគូរជួយលើការងារនេះ៕អត្ថបទ៖ វ៉ាន់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បងប្អូនជនជាតិរុស្ស៊ីដែលបាត់ខ្លួនត្រូវបានគេរកឃើញស្លាប់នៅក្នុងប្រទេសថៃ ដោយជនសង្ស័យសារភាពថាបានប្លន់សម្លាប់
08/03/2026 07:08 AM
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM