មនុស្សប្រុសស្រីពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ បណ្តាល​ឲ្យ​ក្មេង​ម្នាក់​រង​របួស​ធ្ងន់​នឹងត្រូវបញ្ចូនទៅតុលាការទាំង ២នាក់
ជនបរទេស ១,៥៥៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងធ្វើការងារស្នាក់នៅខុសច្បាប់
ស្នងការរាជធានី បញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះពិនិត្យទីតាំងផាប់មួយកន្លែង នៅខណ្ឌទួលគោក ក្រោយឃើញមានក្មេងៗទៅប្រមូលផ្តុំផឹកស៊ីទាំងថ្ងៃ
ពលរដ្ឋម្នាក់ស្លាប់ និងម្នាក់រងរបួសករណីផ្ទុះគ្រាប់បែកចង្កោម នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

សន្តិសុខ និង សង្គម

ពលរដ្ឋមូស្លីមនៅនូវែលហ្សេឡង់ រំលឹកខួប៥ឆ្នាំ នៃការបាញ់ប្រហារនៅទីក្រុង Christchurch

2024/03/15 01:37:06 pm        107
សហគមន៍មូស្លីមនៅប្រទេសនូវែលហ្សេឡង់ នៅថ្ងៃសុក្រ ទី១៥ ខែមីនានេះ បានរំលឹកខួប៥ឆ្នាំ នៃការបាញ់ប្រហារនៅទីក្រុង Christchurch ដែលបានបណ្តាលឱ្យអ្នកបួងសួងមូស្លីមចំនួន ៥១ នាក់ស្លាប់កាលពីឆ្នាំ ២០១៩ ជាការបាញ់ប្រហារទ្រង់ទ្រាយធំអាក្រក់បំផុតរបស់ប្រទេស រហូតមកដល់បច្ចុប្បន្ននេះ។ក្រុមអ្នកបួងសួងនៅទីក្រុង Christchurch បានមកជួបជុំគ្នានៅវិហារឥស្លាម Al Noor ជាកន្លែងដែលការវាយប្រហារមួយបានកើតឡើង ដោយបានដាក់គ្រឿងគោរពបូជាផ្កា នៅទីពិធីរំលឹក និងបានបួងសួង។ប្រដាប់ដោយអាវុធពាក់កណ្តាលស្វ័យប្រវត្តិសមត្ថភាពខ្ពស់ លោក Brenton Tarrant បានបាញ់សម្លាប់មនុស្ស ៥១ នាក់ និងបណ្តាលឲ្យរាប់សិបនាក់ផ្សេងទៀតរងរបួស ខណៈលោកបានបាញ់ប្រហារនៅក្នុងវិហារអ៊ីស្លាមចំនួនពីរកន្លែង កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៩ នៅទីក្រុង Christchurch ។លោក Tarrant បានផ្សាយបង្ហាញពីការរើសអើងជាតិសាសន៍ភ្លាមៗមុនពេលការបាញ់ប្រហារ ហើយបានបង្ហោះការបាញ់រះនេះនៅលើបណ្តាញសង្គម Facebook ។ក្រោយមក នាយករដ្ឋមន្ត្រី លោកស្រី Jacinda Ardern បានណែនាំច្បាប់គ្រប់គ្រងកាំភ្លើងថ្មីភ្លាមៗ និងបានចាប់ផ្តើមចលនាជាសកលមួយ ដើម្បីលុបបំបាត់ភាពស្អប់ខ្ពើមតាមបណ្តាញអ៊ីនធឺណិត ក្នុងការឆ្លើយតប ដែលត្រូវបានសាទរថាជាគំរូមួយសម្រាប់មេដឹកនាំផ្សេងទៀត។

ការធ្លាក់ព្រិល និងអាកាសធាតុត្រជាក់ខ្លាំងធ្វើឱ្យមនុស្ស ៦០ នាក់ស្លាប់នៅអាហ្វហ្គានីស្ថាន

2024/03/15 01:28:28 pm        131
អ្នកនាំពាក្យអាជ្ញាធរគ្រោះមហន្តរាយជាតិ លោក ម៉ូឡាស ចាណាន សាអេក (Mullah Janan Saeq) បាននិយាយថា មនុស្ស ៦០ នាក់បានស្លាប់ និង ២៣ នាក់ផ្សេងទៀតបានរងរបួស ដោយសារការធ្លាក់ព្រិលខ្លាំង ភ្លៀង និងអាកាសធាតុត្រជាក់ខ្លាំងនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ។លោក សាអេក បាននិយាយកាលពីថ្ងៃពុធនៅក្នុងខ្សែវីដេអូដែលបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា «លំនៅឋានជាង ១.៦០០ ខ្នងត្រូវបានបំផ្លាញដោយផ្នែក ឬទាំងស្រុង ហើយសត្វគោជាង ១៧៧.០០០ ក្បាលបានងាប់ដោយសារតែអាកាសធាតុត្រជាក់ពេកក្នុងរដូវនេះ»។អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា អាជ្ញាធរគ្រោះមហន្តរាយជាតិ ដោយមានកិច្ចសហការពីអង្គការជាតិ និងអន្តរជាតិ បានផ្តល់គ្រឿងឧបភោគបរិភោគ អាហារក្រៀម និងសាច់ប្រាក់ ដល់គ្រួសារដែលរងផលប៉ះពាល់ជាង ២២,៤០០គ្រួសារ នៅតាមតំបន់ផ្សេងៗគ្នានៃប្រទេស។អាកាសធាតុត្រជាក់ខ្លាំង និងព្រិលធ្លាក់ បានបោកបក់ពាសពេញតំបន់មួយចំនួននៃប្រទេសអាហ្វហ្គានីស្ថាននាពេលថ្មីៗនេះ ដែលសីតុណ្ហភាពបានធ្លាក់ចុះដល់ដក ៣០ អង្សាសេនៅក្នុងតំបន់មួយចំនួននៃប្រទេស៕

អូស្ត្រាលី នឹងបន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារសង្គ្រោះសំខាន់របស់ប៉ាឡេស្ទីន UNRWA

2024/03/15 01:23:58 pm        78
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននី វ័ង (Penny Wong) បាននិយាយនៅថ្ងៃសុក្រ (១៥ មីនា) នេះថាប្រទេសអូស្ត្រាលី នឹងបន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារសង្គ្រោះប៉ាឡេស្ទីនដ៏សំខាន់របស់អង្គការសហប្រជាជាតិ ពោលគឺជិតពីរខែបន្ទាប់ពីខ្លួនបានផ្អាក ជុំវិញការចោទប្រកាន់ថាបុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារនេះបានចូលរួមក្នុងការវាយប្រហាររបស់ពួកហាម៉ាស នៅថ្ងៃទី០៧ ខែតុលា។លោកស្រី វ័ង បាននិយាយថា អូស្ត្រាលីបានពិគ្រោះយោបល់ជាមួយទីភ្នាក់ងារជំនួយ និងការងារសម្រាប់ប៉ាឡេស្ទីន UNRWA និងប្រទេសម្ចាស់ជំនួយផ្សេងទៀត ហើយពួកគេពេញចិត្តនឹងបន្តនេះ ហើយទឹកប្រាក់ចំនួន ៦ លានដុល្លារអូស្ត្រាលី (៣,៩ លានដុល្លារ) នៅក្នុងការផ្អាកមូលនិធិនឹងត្រូវបញ្ចេញភ្លាមៗ។រដ្ឋាភិបាលអូស្រ្តាលី នឹងផ្តល់មូលនិធិបន្ថែមចំនួន ៤ លានដុល្លារដល់អង្គការយូនីសេហ្វ និង ២ លានដុល្លារដល់យន្តការថ្មីរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយទៅកាន់តំបន់ហ្កាហ្សា ដែលនាំមកនូវជំនួយមនុស្សធម៌សរុបរបស់ប្រទេសអូស្ត្រាលី ចាប់តាំងពីវិបត្តិបានចាប់ផ្តើម មានរហូតដល់ទៅ ៥២,៥ លានដុល្លារ។អូស្ត្រាលី រួមជាមួយនឹងប្រទេសជាច្រើនទៀត បានផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) ក្នុងខែមករា បន្ទាប់ពីអ៊ីស្រាអែលបានចោទប្រកាន់បុគ្គលិក ១២ ក្នុងចំណោមបុគ្គលិក ១៣.០០០ នៅហ្កាហ្សា ថាបានចូលរួមក្នុងការសម្លាប់ដ៏បង្ហូរឈាមនៃការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី០៧ តុលា៕

អ៊ុយក្រែន ចាប់ផ្តើមប្តូរវេនកងទ័ពនៅសមរភូមិមុខ

2024/03/15 01:11:45 pm        147
លោក អូឡេកសានឌ័រ ស៊ីស្គី(Oleksandr Syrsky) មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនបានចាប់ផ្តើមប្តូរវេនកងទ័ពនៅសមរភូមិមុខ ក្នុងជម្លោះជាមួយរុស្ស៊ី។លោក Syrsky បានសរសេរនៅលើបណ្តាញសង្គម Facebook ថា ទោះបីជាមានស្ថានភាពលំបាកខ្លាំងនៅសមរភូមិមុខក៏ដោយ ពួកយើង រៀបចំចាប់ផ្តើមដំណើរការប្តូរវេន និងការជំនួសអង្គភាព និងកងពលនានា ដែលបានបំពេញភារកិច្ចប្រយុទ្ធនៅសមរភូមិមុខ អស់រយៈពេលជាយូរមកហើយ។លោក Syrsky បាននិយាយថា ការប្តូរវេននេះ នឹងជួយធ្វើឱ្យស្ថានភាពនៅសមរភូមិមានស្ថេរភាព ហើយនឹងមានឥទ្ធិពលវិជ្ជមានទៅលើស្ថានភាពអារម្មណ៍ និងផ្លូវចិត្តរបស់ទាហានអ៊ុយក្រែន។នៅចុងខែនេះ សភាប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងបោះឆ្នោតលើសេចក្តីស្នើច្បាប់រឹតត្បិតច្បាប់កែណ្ឌកងទ័ពនៅក្នុងប្រទេស ហើយកាលពីពេលមុន អាជ្ញាធរអ៊ុយក្រែន បានបញ្ចេញផែនការកែណ្ឌកងទ័ពចន្លោះពី ៤៥ ម៉ឺន ទៅ ៥០ ម៉ឺននាក់។ទន្ទឹមនឹងនេះ អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា អ៊ុយក្រែនកំពុងអស់គ្រាប់រំសេវ នៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងការឈ្លានពានរបស់រុស្ស៊ី ហើយសមាជិកសម្ព័ន្ធយោធាណាតូ ពុំទាន់បានធ្វើអ្វីគ្រប់គ្រាន់ដើម្បីជួយទីក្រុងគីវ នៅឡើយ ។នៅក្នុងការអត្ថាធិប្បាយចំៗខុសធម្មតាអំពីស្ថានភាពសង្រ្គាម លោក Stoltenberg បាននិយាយថា សម្ព័ន្ធយោធាណាតូ មានសមត្ថភាពផ្តល់ជំនួយបន្ថែមទៀតដល់អ៊ុយក្រែន ប៉ុន្តែចាំបាច់ត្រូវបង្ហាញពីឆន្ទៈនយោបាយដើម្បីធ្វើបែបនេះ។

ការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សា សម្លាប់ជនស៊ីវិលរង់ចាំជំនួយ យ៉ាងហោចណាស់២៩នាក់

2024/03/15 01:08:02 pm        116
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់២៩នាក់បានស្លាប់ ខណៈកំពុងរង់ចាំជំនួយ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល២លើកដាច់ដោយឡែកពីគ្នា នៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងឧបទ្ទវហេតុដំបូង មន្ត្រីសុខាភិបាលប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្ស៨នាក់បានស្លាប់ ក្នុងការវាយប្រហារតាមអាកាស ទៅលើមជ្ឈមណ្ឌលចែកចាយជំនួយ ក្នុងជំរំអាល់នូសេរ៉ាត(Al-Nuseirat) នៅតំបន់ហ្កាហ្សាភាគកណ្តាល។ បន្ទាប់មកទៀត មនុស្សយ៉ាងហោចណាស់ ២១ នាក់ បានស្លាប់ និងជាង១៥០នាក់ បានរងរបួស ដោយការបាញ់រះរបស់អ៊ីស្រាអែល លើហ្វូងមនុស្ស ដែលកំពុងរង់ចាំរថយន្តដឹកជំនួយ នៅរង្វង់មូលតំបន់ហ្កាហ្សាភាគខាងជើង។ ការកើនឡើងចំនួនជនស៊ីវិលដែលកំពុងរង់ចាំជំនួយនៅតំបន់ហ្កាហ្សាស្ទ្រីប កំពុងក្លាយជាជនរងគ្រោះចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែល។ អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា កុមារចំនួន ២៧នាក់ បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ នៅភាគខាងជើងតំបន់ហ្កាហ្សា។ មានការអំពាវនាវកាន់តែខ្លាំងឡើងពីសហគមន៍អន្តរជាតិ ដើម្បីធ្វើឲ្យប្រសើរស្ថានភាពមនុស្សធម៌នៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ ខណៈមានកង្វះអាហារកាន់តែធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក សាម៉េ ស៊ូគ្រី (Sameh Shoukry) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ត្រូវការបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយការដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សាត្រូវតែបង្កើន ប៉ុន្តែអ៊ីស្រាអែល កំពុងធ្វើឲ្យបញ្ហានេះស្មុគស្មាញ។ សភាអឺរ៉ុប បានអនុម័តសេចក្តីសម្រេចមួយដោយជំរុញឱ្យប្រទេសអ៊ីស្រាអែល បើកច្រកឆ្លងកាត់ទាំងអស់ទៅកាន់តំបន់ហ្កាហ្សា សម្រាប់ជំនួយមនុស្សធម៌។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិក ចង់ឃើញអ៊ីស្រាអែលមានចំណាត់ការដើម្បីកាត់បន្ថយចំនួនជនស៊ីវិលស្លាប់។ លោក ក៏បានជំរុញឱ្យអ៊ីស្រាអែល មានចំណាត់ការដើម្បីធានាបានថា ជំនួយត្រូវបានចែកចាយដោយប្រសិទ្ធភាព ដល់ជនស៊ីវិលប៉ាឡេស្ទីន។

ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់ តវ៉ាទាមទារឱ្យដោះលែងចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួន នៅហ្កាហ្សា

2024/03/15 12:04:12 pm        96
ប្រជាជនអ៊ីស្រាអែល រាប់ពាន់នាក់បានចេញធ្វើបាតុកម្មកាលពិថ្ងៃព្រហស្បតិ៍ ដោយទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរជាបន្ទាន់ពីតំបន់ហ្កាហ្សា។ក្រុមអ្នកតវ៉ា ដែលកំពុងទាមទារឱ្យដោះលែងចំណាប់ថ្នូរ បានធ្វើបាតុកម្មពីទីលាន ទីក្រុង Tel Aviv មានកាន់រូបភាពធំៗរបស់ស្ត្រីជាច្រើននាក់ ដែលត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ថ្នូរកាលពីថ្ងៃទី ៧ ខែតុលា ដោយបានបិទផ្លូវរយៈពេលខ្លីផងដែរ។អ៊ីស្រាអែល ជឿថា ចំណាប់ថ្នូរចំនួន១៣៤នាក់ នៅតែស្ថិតក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសទៅលើសហគមន៍ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា បណ្តាលឲ្យមនុស្ស ១.២០០នាក់បានស្លាប់ និង ២៥៣នាក់ ត្រូវបានចាប់ខ្លួន។នៅក្នុងការតវ៉ាមួយផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ ពលរដ្ឋអ៊ីស្រាអែល បានតវ៉ាប្រឆាំងរដ្ឋាភិបាលចម្រុះរបស់លោក Netanyahu ដោយទាមទារឱ្យបញ្ចប់ការលើកលែងបុរសជនជាតិជ្វីហ្វសាសនាអូថូដុក ជ្រុលនិយម ពីការបំពេញកាតព្វកិច្ចយោធា។នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំជាមួយតំណាងគ្រួសាររបស់ចំណាប់ថ្នូរកាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា រដ្ឋាភិបាលរបស់លោក បានប្តេជ្ញាចិត្តក្នុងការនាំមនុស្សគ្រប់គ្នាដែលត្រូវបានចាប់ខ្លួនត្រឡប់មកវិញ ប៉ុន្តែក្រុមហាម៉ាសនៅតែប្រកាន់ខ្ជាប់នូវការទាមទារដែលមិនអាចទទួលយកបាននៅក្នុងការចរចា។ក្រុមហាម៉ាស បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការរារាំងវឌ្ឍនភាពនៅក្នុងកិច្ចចរចាបទឈប់បាញ់។

ក្រុមហ៊ួទីនៅយេម៉ែនអះអាងថា ខ្លួនមានមីស៊ីលលឿនជាងសំឡេងដែលអាចបង្កើនហានិភ័យ នៅសមុទ្រក្រហម

2024/03/15 11:27:53 am        110
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមឧទ្ទាមហ៊ួទីនៅប្រទេសយេម៉ែន បានអះអាងថា មានមីស៊ីលលឿនជាងសំឡេងថ្មីនៅក្នុងឃ្លាំងអាវុធរបស់ពួកគេ ដោយបានបង្កើនហានិភ័យ ក្នុងការវាយប្រហាររបស់ពួកគេលើការដឹកជញ្ជូន នៅសមុទ្រក្រហម និងជុំវិញផ្លូវទឹកប្រឆាំងនឹងស្ថានភាពនៃសង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។របាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti បានដកស្រង់សម្តីមន្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ប៉ុន្តែមិនបានផ្តល់ភ័ស្តុតាងសម្រាប់ការអះអាងនោះទេ។ វាកើតឡើងនៅពេលដែលទីក្រុងមូស្គូ រក្សានូវគោលនយោបាយការបរទេសប្រឆាំងលោកខាងលិចយ៉ាងខ្លាំងក្លា ចំពេលមានសង្រ្គាមកាន់តែខ្លាំងឡើង លើអ៊ុយក្រែន។ទោះបីជាយ៉ាងណាក៏ដោយ រយៈពេលជាច្រើនសប្តាហ៍ហើយ ក្រុមហ៊ួទីបានលើកឡើងអំពី«អ្វីដែលគួរឲ្យ ភ្ញាក់ផ្អើល»ដែលពួកគេគ្រោងសម្រាប់ការប្រយុទ្ធគ្នា នៅសមុទ្រ ដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលរហូតមកដល់ពេលនេះ អាចបាញ់ទម្លាក់យានដ្រូន ឬដ្រូនផ្ទុកគ្រាប់បែកណាមួយ ដែលចូលមកជិតនាវាចម្បាំងរបស់ពួកគេ នៅក្នុងដែនទឹកមជ្ឈិមបូព៌ា។ កាលពីថ្ងៃព្រហស្បតិ៍ លោក អាប់ឌុល ម៉ាលីក អាល់ហ៊ួទី (Abdul Malik al-Houthi) មេដឹកនាំកំពូលមិនសូវមាត់ករបស់ក្រុមហ៊ួទី បាននិយាយថា ក្រុមឧទ្ទាម នឹងចាប់ផ្តើមវាយប្រហារទៅលើនាវានានា ដែលធ្វើដំណើរឆ្ពោះទៅកំពង់ផែ Cape of Good Hope នៅតំបន់ភាគខាងត្បូងនៃទ្វីបអាហ្វ្រិក។ រហូតមកទល់ពេលនេះ ក្រុមឧទ្ទាម បានវាយប្រហារយ៉ាងធំទៅលើនាវាដែលធ្វើដំណើរទៅកាន់សមុទ្រក្រហមឆ្ពោះទៅកាន់ព្រែកស៊ុយអេ (Suez) ហើយការកើនឡើងបែបនេះ នឹងកំណត់គោលដៅដែលវែងជាងនេះ ជាផ្លូវជំនួសប្រើប្រាស់ដោយនាវាមួយចំនួន។ វានៅតែមិនច្បាស់ថាតើពួកគេនឹងធ្វើការវាយប្រហារ ដែលអាចកើតឡើងដោយរបៀបណាទេ។ទន្ទឹមនឹងនេះ តាមសេចក្តីរាយការណ៍ អ៊ីរ៉ង់និងសហរដ្ឋអាមេរិក បានបើកកិច្ចចរចាដោយប្រយោលនៅក្នុងប្រទេសអូម៉ង់ ដែលជាលើកដំបូងក្នុងរយៈពេលជាច្រើនខែ ចំពេលមានភាពតានតឹងដ៏យូរអង្វែងរបស់ពួកគេជុំវិញកម្មវិធីនុយក្លេអ៊ែរដែលរីកចម្រើនយ៉ាងឆាប់រហ័សរបស់ទីក្រុងតេអេរ៉ង់ និងការវាយប្រហារដោយក្រុមតំណាងរបស់ខ្លួន។

នគរបាលនិយាយថា មនុស្សរាប់រយនាក់ត្រូវបានជួយសង្រ្គោះនៅមជ្ឈមណ្ឌលឆបោក ក្នុងប្រទេសហ្វីលីពីន

2024/03/15 09:42:57 am        121
យោងតាមនគរបាល មនុស្សរាប់រយនាក់ ដែលត្រូវបានបង្ខំឲ្យធ្វើការនៅមជ្ឈមណ្ឌលឆបោកតាម online នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានជួយសង្រ្គោះកាលពីថ្ងៃទី១៤មីនា និងជនសង្ស័យ៨នាក់ត្រូវបានចាប់ខ្លួនផងដែរ។ ដោយធ្វើសកម្មភាពតាមព័ត៌មានពីបុរសជនជាតិវៀតណាមម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានរត់គេចពីបរិវេណដ៏ធំនៅភាគខាងជើងនៃរដ្ឋធានីម៉ានីល(Manila)បាននិយាយថា ពួកគេបានបិទបាំងប្រតិបត្តិការមួយជាទីដែលមានការសង្ស័យថាមានការជួញដូរមនុស្សលើជនរងគ្រោះជាច្រើន ត្រូវបានបង្ខំឱ្យធ្វើការឆបោកតាមអ៊ីនធឺណិត។ លោក ជីប៊ើតូ គ្រូស (Gilberto Cruz) នាយកប្រតិបត្តិកងកម្លាំងពិសេសបង្ក្រាបឧក្រិដ្ឋកម្ម ដែលដឹកនាំការវាយឆ្មក់មុនព្រឹកព្រលឹមបាននិយាយថា កម្មករដែលត្រូវបានជួយសង្គ្រោះបានប្រាប់យើងថា ក្រុមហ៊ុននេះ ពាក់ព័ន្ធក្នុងការឆរបោកមនោសញ្ចេតស្នេហា ការបោកប្រាស់រូបិយប័ណ្ណឌីជីថល និងសកម្មភាពបោកប្រាស់ផ្សេងជាច្រើនទៀត។ជនរងគ្រោះត្រូវបានគ្រប់គ្រងដោយការរឹបអូសលិខិតឆ្លងដែន ដូច្នេះពួកគេមិនអាចចាកចេញបានទេ។នគរបាលបានរកឃើញជនជាតិចិនចំនួន ៤៣២ នាក់ ហ្វីលីពីន ៣៧១ នាក់ វៀតណាម ៥៧ នាក់ ម៉ាឡេស៊ី ៨ នាក់ តៃវ៉ាន់ ៣ នាក់ ឥណ្ឌូនេស៊ី ២ នាក់ និងរ្វ៉ាន់ដា ២ នាក់។ យោងតាមសេចក្តីថ្លែងការណ៍របស់នគបាល បរិវេណទំហំ១០ហិកតានៅទីក្រុងបាំបាន(Bamban)កំពុងក្លាយជាក្រុមហ៊ុនហ្គេមតាមអ៊ីនធឺណិត។នៅទូទាំងអាស៊ីអាគ្នេយ៍ មជ្ឈមណ្ឌលបោកប្រាស់ឬឆបោកបានរីកដុះដាល ដោយមានក្រុមឧក្រិដ្ឋជនអូសទាញចាប់ជំរិតឬការបង្ខិតបង្ខំកម្មករឱ្យចូលទៅក្នុងសកម្មភាពតាមអនឡាញ។ យោងតាមការិយាល័យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្ម ចំណូលបានពីឧស្សាហកម្មឆបោកកំពុងកើនឡើងខ្លាំងមិនធ្លាប់មាន ដែលស្មើនឹងរាប់ពាន់លានដុល្លារ៕

អគ្គិភ័យ ឆាបឆេះនៅពន្ធនាគារ រដ្ឋធានីប្រទេសហៃទី ខណៈប្រទេសនេះរកមធ្យោបាយដោះស្រាយវិបត្តិនយោបាយ

2024/03/15 09:24:38 am        137
យោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា អគ្គិភ័យ បានឆាបឆេះនៅពន្ធនាគារធំ ក្នុងរដ្ឋធានីប្រទេសហៃទី កាលពីថ្ងៃព្រហស្បតិ៍។វីដេអូ បានបង្ហាញពីផ្សែងខ្មៅហុយចេញពីអគារពន្ធនាគារ ជាកន្លែងដែលកាលពីដើមខែនេះ ក្រុមប្រដាប់អាវុធបានរំដោះអ្នកទោស។ វាពុំអាចដឹងភ្លាមៗនៅឡើយទេ ថាតើមានមនុស្សប៉ុន្មាននាក់នៅក្នុងពន្ធនាគារ និងមូលហេតុអ្វីដែលបានបង្កឱ្យមានអគ្គិភ័យឆាបឆេះ។ប្រទេសនៅតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ កំពុងព្យាយាមរិះរកមធ្យោបាយដោះស្រាយវិបត្តិនយោបាយ និងសង្គម ដែលបានកើតឡើងជាយូរមកហើយ បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញ ដោយសារតែក្រុមជនអន្ធពាលប្រដាប់អាវុធ បង្កើនសកម្មភាពគ្រប់គ្រងរបស់ពួកគេនៅក្នុងរដ្ឋធានី។សហគមន៍តំបន់សមុទ្រការ៉ាអ៊ីប ជាប្លុកប្រចាំតំបន់ បានពិភាក្សាលម្អិតអំពីគណបក្សនយោបាយ និងវិស័យសង្គមនានា ដើម្បីកំណត់ពេលបង្កើតក្រុមប្រឹក្សាអន្តរកាលមួយ មានសមាជិក៩រូប ដែលនឹងចូលកាន់តំណែងពីនាយករដ្ឋមន្ត្រីដែលមិនបានជាប់ឆ្នោត លោក អារីយ៉ែល ហេនរី (Ariel Henry) ដែលលោកបាននិយាយកាលពីថ្ងៃចន្ទ ទី១០ ខែមីនា ថា លោកនឹងលាលែងពីតំណែង។ការចរចា ជុំវិញក្រុមប្រឹក្សានេះ ត្រូវបានសម្របសម្រួលដោយមេដឹកនាំតំបន់សមុទ្រការ៉ាអ៊ីប និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ប៉ុន្តែការតែងតាំងជាផ្លូវការ នៅមិនទាន់ត្រូវបានធ្វើឡើងនៅឡើយ។

ជនអន្តោប្រវេសន៍៦០នាក់ស្លាប់ ក្នុងពេលម៉ាស៊ីនទូកកៅស៊ូរបស់ពួកគេខូច នៅកណ្ដាលសមុទ្រមេឌីទែរ៉ាណេ

2024/03/15 08:57:53 am        260
យោងតាមក្រុមអ្នកនៅរស់រានមានជីវិត ជនអន្តោប្រវេសន៍យ៉ាងហោចណាស់៦០នាក់ បានស្លាប់ បន្ទាប់ពីទូកកៅស៊ូមួយគ្រឿងរបស់ពួកគេមានបញ្ហានៅក្នុងសមុទ្រមេឌីទែរ៉ាណេ ។ អ្នកនៅរស់រានមានជីវិត២៥នាក់ ត្រូវបានជួយសង្រ្គោះដោយនាវា អូហ្សិន វីឃីង (Ocean Viking) ជានាវាមួយគ្រឿងដែលបានធ្វើប្រតិបត្តិការដោយក្រុមជំនួយមនុស្សធម៌ប្រចាំសមុទ្រមេឌីទែរ៉ាណេ SOS។ ពួកគេបានប្រាប់ក្រុមអ្នកជួយសង្រ្គោះពួកគេថា ខ្លួនបានចាកចេញពីតំបន់ Zawiya នៅតាមតំបន់ឆ្នេរមួយចំនួនរបស់ប្រទេសលីប៊ី ប៉ុន្មានថ្ងៃ មុនត្រូវបានជួយសង្រ្គោះ។ម៉ាស៊ីនទូកបានខូច រយៈពេល៣ថ្ងៃក្រោយការចាកចេញតាមទូកដោយគ្មានអាហារ និងទឹក។ ក្រុមអ្នកនៅមានជីវិតបាននិយាយថា ជនរងគ្រោះរួមទាំងស្ត្រី និងកុមារម្នាក់។គេជឿថាពួកគេបានស្លាប់ដោយសារខ្វះជាតិទឹក និងឃ្លាន មិនមែនដោយសារលង់ទឹកទេ។ ក្រុមផ្ដល់ជំនួយមនុស្សធម៌ប្រចាំសមុទ្រមេឌីទែរ៉ាណ ខាងលើបាននិយាយថា ក្រុមសង្រ្គោះ Ocean Viking បានមើលឃើញទូកកៅស៊ូ ដែលបានចាកចេញកាលពីថ្ងៃសុក្រសប្ដាហ៍មុនតាមកែវយឹតកាលពីថ្ងៃពុធសប្ដាហ៍នេះនិងបានដឹកជញ្ជូនជនអន្តោប្រវេសន៍ទាំងនោះទៅកាន់មជ្ឈមណ្ឌលជម្លៀសវេជ្ជសាស្ត្រ ដោយមានការកិច្ចសហប្រតិបត្តិការជាមួយអង្គភាពឆ្មាំល្បាតឆ្នេរអ៊ីតាលី។ ក្រុមនេះនិយាយថា អ្នកនៅមានជីវិតទាំងនោះ មានសុខភាពខ្សោយខ្លាំងណាស់ និងកំពុងទទួលការព្យាបាល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលនិយាយថា អ៊ីរ៉ង់បាញ់មីស៊ីលរយៈចម្ងាយ ៤ពាន់គ.ម ជាលើកដំបូងក្នុងសង្រ្គាម
03/22/2026 12:03 PM
នគរបាលបង្ក្រាបមុខសញ្ញាក្រុមវាយប្លន់ម៉ូតូ០៤នាក់ ដកហូតគ្រឿងញៀន និងដាវជាច្រើន នៅខណ្ឌពោធិ៍សែនជ័យ
03/22/2026 12:03 PM
លោក Netanyahu ធ្វើបច្ចុប្បន្នភាពការវាយប្រហាររបស់អ៊ីរ៉ង់លើតំបន់ភាគខាងត្បូងអ៊ីស្រាអែល
03/22/2026 12:03 PM
មេដឹកនាំអាមេរិកឡាទីន ទាមទារឲ្យមានបទឈប់បាញ់សកលអំឡុងការជជែកគ្នានៅកិច្ចប្រជុំកំពូល CELAC
03/22/2026 11:03 AM
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តផ្តល់ស្បៀងអាហារ និងសម្ភារ ទៅកាន់ជនភៀសសឹក ក្នុងភូមិសាស្ត្រខេត្តសៀមរាប
03/22/2026 11:03 AM
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
03/22/2026 11:03 AM
សមរាត្រីអង្គរ! ទេសចរជិត៤ម៉ឺននាក់ មកផ្ដិតយកទិដ្ឋភាពថ្ងៃរះចំកំពូលប្រាសាទ
03/22/2026 11:03 AM
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតពេលសួរសុខទុក្ខ អតីតតារាកំប្លែងល្បី នាយក្រិន កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត
03/22/2026 10:03 AM
ក្រុមមន្រ្តី៖ ទាហានអាមេរិករាប់ពាន់នាក់បន្ថែមទៀត នឹងដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ា
03/22/2026 10:03 AM
អ្នកនាំពាក្យយោធាអ៊ីរ៉ង់ព្រមានថា មន្រ្តីកងទ័ពអ៊ីស្រាអែល-អាមេរិក នឹងក្លាយជាគោលដៅវាយប្រហារជុំវិញពិភពលោក
03/22/2026 09:03 AM