លិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបសំបុក Online Scams នៅសង្កាត់​អូរបែក​ក្អម​ឃាត់​ខ្លួន​មនុស្ស ​៤៩នាក់
មនុស្សប្រុសស្រីពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ បណ្តាល​ឲ្យ​ក្មេង​ម្នាក់​រង​របួស​ធ្ងន់​នឹងត្រូវបញ្ចូនទៅតុលាការទាំង ២នាក់
ជនបរទេស ១,៥៥៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងធ្វើការងារស្នាក់នៅខុសច្បាប់

សន្តិសុខ និង សង្គម

កងឆ្មាំល្បាតឆ្នេរចិន បានធ្វើសមយុទ្ធល្បាតនៅក្នុងដែនទឹកក្បែរកោះ Kinmen ដែលតៃវ៉ាន់គ្រប់គ្រង

2024/02/26 11:14:31 am        154
ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បាននិយាយថា កងល្បាតរបស់ខ្លួនក្នុងខេត្ត ហ្វ៊ូជាន (Fujian) បានធ្វើសមយុទ្ធអនុវត្តច្បាប់យ៉ាងទូលំទូលាយនៅក្នុងតំបន់សមុទ្រ សៀមិន-គីនមិន (Xiamen-Kinmen) កាលពីរសៀលថ្ងៃអាទិត្យ (២៥ កុម្ភៈ)។ សមយុទ្ធនេះមានគោលបំណងសាកល្បងសមត្ថភាពឆ្លើយតបគ្រាអាសន្នរបស់កងនាវាអនុវត្តច្បាប់។ឆ្មាំល្បាតឆ្នេរចិនបាននិយាយថា ខ្លួនបានចាត់វិធានការក្នុងអំឡុងពេលល្បាត «ដើម្បីពង្រឹងការត្រួតពិនិត្យការអនុវត្តច្បាប់នៅក្នុងតំបន់សំខាន់ៗ រក្សាសណ្តាប់ធ្នាប់ប្រតិបត្តិការក្នុងតំបន់សមុទ្រប្រកបដោយប្រសិទ្ធភាព និងការពារសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់អ្នកនេសាទប្រកបដោយប្រសិទ្ធភាព»។ប្រទេសចិន បានប្រកាសកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុនថាឆ្មាំល្បាតឆ្នេររបស់ខ្លួននឹងចាប់ផ្តើមល្បាតជាប្រចាំ និងបង្កើតសកម្មភាពអនុវត្តច្បាប់នៅជុំវិញកោះ គីនមិន ដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ បន្ទាប់ពីការស្លាប់របស់ជនជាតិចិនពីរនាក់ ដែលរត់គេចខ្លួនចេញពីឆ្មាំល្បាតឆ្នេរតៃវ៉ាន់ ដោយសារបានចូលទៅជិតដែនទឹកកោះ គីនមិន ពេក។កោះ គីនមិន ដែលជាកោះជួរមុខមានប្រជាជនប្រហែល ១០០.០០០ នាក់ និងមានបន្ទាយយោធាតៃវ៉ាន់ដ៏ធំមួយនេះ ស្ថិតនៅចម្ងាយដ៏ជិតពីទីក្រុង សៀមិន (Xiamen) និងទីក្រុង ឈានចូវ (Quanzhou) របស់ប្រទេសចិន៕

ផែនការក្រោយសង្គ្រាមរបស់លោកណេតាន់យ៉ាហ៊ូសម្រាប់តំបន់ហ្កាហ្សា បង្កាញពីទង្វើតុល្យភាពដ៏លំបាក

2024/02/26 11:10:54 am        95
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានបង្ហាញផែនការក្រោយសង្គ្រាមផ្លូវការដំបូងរបស់ខ្លួនសម្រាប់តំបន់ហ្កាហ្សា ប៉ុន្តែអ្នកជំនាញខ្លះ និយាយថា សំណើនេះពាក់ព័ន្ធនឹងការបង្ហាញពីជំហរយោបាយច្រើនជាងការផ្តល់យុទ្ធសាស្ត្រជាក់ស្តែងសម្រាប់រយៈពេលច្រើនខែ និងច្រើនឆ្នាំខាងមុខ។នៅក្នុងឯកសារដ៏កម្រមួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោកណេតាន់យ៉ាហ៊ូ បានបង្ហាញពីផែនការរបស់ខ្លួនសម្រាប់ដែនដីនេះ នៅពេលដែលសង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាសឈានដល់ទីបញ្ចប់។ ឯកសារនេះ ត្រូវបានសរសេរជាភាសាហ៊ីប្រ៊ូ ហើយមានតែមួយទំព័រប៉ុណ្ណោះ។លោក Gideon Rahat មន្ត្រីជាន់ខ្ពស់នៅវិទ្យាស្ថានប្រជាធិបតេយ្យអ៊ីស្រាអែលដែលមានមូលដ្ឋាននៅទីក្រុងហ្ស៊េរុយសាឡឹម បាននិយាយថា៖«ដំណឹងល្អ គឺថាមានផែនការសម្រាប់អនាគត»។ «ដំណឹងអាក្រក់ គឺថា មិនមានច្រើនទេ»។ដោយត្រូវបកប្រែដោយសារព័ត៌មាន NBC News ឯកសារនេះ អំពាវនាវឲ្យមានវត្តមានយោធាដែលកំពុងបន្តរបស់អ៊ីស្រាអែល ក៏ដូចជាសម្រាប់ការបន្តការថែរក្សា «តំបន់ទ្រនាប់» នៅតំបន់ហ្កាហ្សាភាគខាងជើង ជាផ្នែកចុងក្រោយដែលរដ្ឋបាលលោកបៃដិន បានជំទាស់ ចាប់តាំងពីដំបូងមក។ផែនការដែលត្រូវបានបំបែកទៅជាគោលដៅបន្ទាន់ មធ្យម និងរយៈពេលវែង បានបញ្ជាក់ជាថ្មីអំពីមហិច្ឆតាសម្ពាធបន្ថែមទៀតរបស់លោកណេតាន់យ៉ាហ៊ូ គឺដើម្បីមើលឃើញថា«គ្មានយោធាពេញលេញនៅតំបន់ហ្គាហ្សា ការបញ្ចប់ការគ្រប់គ្រងរបស់ហាម៉ាស និងការដោះលែងចំណាប់ថ្នូរ នៅតែជាប់ឃុំ ចាប់តាំងពីថ្ងៃ ទី៧ ខែតុលាមកនោះ។

លោក Netanyahu៖ កិច្ចព្រមព្រៀងចំណាប់ថ្នូរថ្មី មិនច្បាស់ថាអាចនឹងលេចចេញជារូបរាងទេ

2024/02/26 10:54:13 am        128
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យ (២៥ កុម្ភៈ) បាននិយាយថាលោកមិនទាន់ច្បាស់នៅឡើយទេថាតើកិច្ចព្រមព្រៀងចំណាប់ថ្នូរថ្មី អាចនឹងលេចចេញជារូបរាងពីកិច្ចពិភាក្សាដែលកំពុងបន្ត ឬយ៉ាងណា ដោយបដិសេធមិនពិភាក្សាពីចំណុចជាក់លាក់ ប៉ុន្តែបាននិយាយថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស ចាំបាច់ត្រូវ «ផ្ដល់លក្ខខណ្ឌក្នុងស្ថានភាពសមហេតុផល»។លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS ថា លោកនឹងជួបក្រុមមន្រ្តីរបស់ខ្លួនដើម្បីពិនិត្យមើលផែនការយោធាចំនួនពីរដែលរួមបញ្ចូលការជម្លៀសជនស៊ីវិលប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា និងប្រតិបត្តិការដើម្បីបំផ្លាញកងវរសេនាតូចក្រុមហាម៉ាសដែលនៅសេសសល់។លោកបានបន្ថែមថា «ប្រសិនបើយើងមានកិច្ចព្រមព្រៀងថ្មី ផែនការយោធានេះនឹងមានការពន្យារពេលបន្តិច ប៉ុន្តែវានឹងកើតឡើង។ ប្រសិនបើមិនមានកិច្ចព្រមព្រៀងទេ យើងនឹងចាប់ផ្ដើមផែនការយោធានេះ»។ការចរចាកិច្ចព្រមព្រៀងចំណាប់ថ្នូរជាច្រើនសប្តាហ៍មិនទទួលបានលទ្ធផលជោគជ័យទេ ដោយអ៊ីស្រាអែលបានច្រានចោលការទាមទាររបស់ក្រុមហាម៉ាស សម្រាប់ការបញ្ឈប់សង្គ្រាម និងការដកខ្លួនរបស់អ៊ីស្រាអែលចេញពីហ្កាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរបន្ថែមទៀត ដោយនិយាយថាការទាមទារនោះជារឿងហួសហេតុ៕

អាមេរិក និងអង់គ្លេស បើកការវាយប្រហារលើកទី៤ ដាក់គោលដៅលើក្រុមហ៊ូទី នៅយេម៉ែន

2024/02/26 09:27:18 am        199
យោងតាមមន្ត្រីអាមេរិក២រូប សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហារលើគោលដៅនានារបស់ក្រុមចលនាហ៊ូទី នៅក្នុងប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដែលក្លាយជាការវាយប្រហារដោយក្រុមចម្រុះអន្តជាតិលើកទី៤ លើក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់។ យោងតាមសេចក្ដីថ្លែងការណ៍មួយពីក្រុមប្រទេសចម្រុះ ការវាយប្រហារបានចំលើគោលដៅ១៨កន្លែងទូទាំងទីតាំងចំនួន៨ រួមទាំងឃ្លាំងស្តុកអាវុធក្រោមដី ឃ្លាំងស្តុកមីស៊ីល ប្រព័ន្ធវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ប្រព័ន្ធការពារដែនអាកាស រ៉ាដា និងឧទ្ធម្ភាចក្រមួយគ្រឿង។ ក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍ ថា យន្តហោះចម្បាំង Royal Air Force Typhoon ៤គ្រឿង ត្រូវបានជួយគាំទ្រដោយរថក្រោះ Voyager២គ្រឿង បានចូលរួមក្នុងការវាយប្រហាររបស់ក្រុមចម្រុះទាំងនេះ។ ការវាយប្រហារជុំចុងក្រោយនេះបានកើតមានឡើង បន្ទាប់ពីមន្ទីរបញ្ចកោនបានទទួលស្គាល់ថា ថ្មីៗនេះ ក្រុមហ៊ូទីបានវាយប្រហារលើនាវាពាណិជ្ជកម្មក្នុងសមុទ្រក្រហមនិងឈូងសមុទ្រអាដែន(Gulf of Aden) ដែលជាផ្លូវទឹកដ៏សំខាន់បំផុតរបស់ពិភពលោក។ គួររម្លឹកថា ក្រុមចលានាហ៊ូទីក្នុងប្រទេសយេម៉ែន បាននិយាយថា ការវាយប្រហាររបស់ពួកគេគឺជាការបង្ហាញសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីនដែលកំពុងរងការទម្លាក់គ្រាប់បែក និងប្រតិបត្តិការថ្មើរជើងពីកងទ័ពអ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស៕

កសិករប្រទេសប៉ូឡូញដែលកំពុងតវ៉ា បានបិទផ្លូវហាយវ៉េ ទៅកាន់ប្រទេសអាល្លឺម៉ង់

2024/02/26 09:23:59 am        100
កសិករប្រទេសប៉ូឡូញ បានដាក់បន្ថែមត្រាក់ទ័ររបស់ពួកគេចូលទៅកាន់កន្លែងតវ៉ានៅសហភាពអឺរ៉ុបដែលកំពុងកើនឡើង កាលពីថ្ងៃអាទិត្យ ដោយបិទច្រកឆ្លងកាត់ដ៏សំខាន់មួយកន្លែងចូលទៅក្នុងប្រទេសអាល្លឺម៉ង់។ ត្រាក់ទ័រប្រមាណ ១០០គ្រឿង បានតម្រៀបជួរនៅខាងផ្នែកប្រទេសប៉ូឡូញ ដោយបានបិទព្រំដែន និងបង្ខំឱ្យការធ្វើចរាចរណ៍ទៅកាន់ព្រំដែនប្រទេសអាល្លឺម៉ង់ ត្រូវឆ្លងកាត់ទីក្រុងព្រំដែន ស្លូបៃស៍(Slubice) និងស្ពានទៅកាន់ទីក្រុង ហ្វ្រេងហ្វឺត អូឌឺ(Frankfurt Oder) ។ការតវ៉ា ដែលបានចាប់ផ្តើមកាលពីរសៀលថ្ងៃអាទិត្យ បានធ្វើឲ្យមានការធ្វើចរាចរណ៍ច្រើននៅលើផ្លូវផ្សេងៗទៀត។ កសិករនៅទូទាំងទ្វីបអឺរ៉ុប បាននឹងកំពុងបង្កើនការតវ៉ានៅឆ្នាំនេះ រួមទាំងនៅប្រទេសប៉ូឡូញ បារាំង អាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលី ដោយត្អូញត្អែរពីតម្លៃធ្លាក់ចុះទាប និងការចំណាយខ្ពស់ ការនាំចូលក្នុងតម្លៃថោក និងឧបសគ្គពីគំនិតផ្តួចផ្តើមបម្រែបម្រួលអាកាសធាតុនៃកិច្ចព្រមព្រៀងបៃតងរបស់សហភាពអឺរ៉ុប។កសិករនៅអឺរ៉ុបកណ្តាល បានខឹងសម្បារចំពោះអ្វីដែលពួកគេហៅថាជាការប្រកួតប្រជែងអយុត្តិធម៌ពីបរទេស ជាពិសេសប្រទេសអ៊ុយក្រែន បន្ទាប់ពីការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងឆ្នាំ ២០២២ ក្នុងការលើកលែងពន្ធការនាំចូលអាហាររបស់ប្រទេសអ៊ុយក្រែន។ កសិករ បាននិយាយថា ទីផ្សារកំពុងប្រឈមមុខទៅនឹងការខូចទ្រង់ទ្រាយ និងតម្លៃទាប ដែលមកពីចំនួនលើសក្នុងពេលមានការនាំចូលមានតម្លៃថោក។ ពួកគេក៏មិនសប្បាយចិត្តចំពោះការរៀបចំឯកសារដែលកាន់តែច្រើនឡើង។កសិករប្រទេសប៉ូឡូញ បាននិយាយថាការតវ៉ារបស់ពួកគេទំនងជានឹងបញ្ចប់នៅថ្ងៃច័ន្ទ ទី២៦ ខែកុម្ភៈនេះ ប៉ុន្តែបាននិយាយថា ដរាបណាអ្វីៗនៅតែមិនផ្លាស់ប្តូរ នោះការតវ៉ានឹងបន្តទៀត។

អ៊ុយក្រែន ៖ការដឹកជញ្ជូនអាវុធរបស់លោកខាងលិចចំនួន៥០%ពុំបានមកដល់ទាន់ពេលវេលាទេ

2024/02/26 08:45:18 am        158
រដ្ឋាភិបាលអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យទី២៥ខែកុម្ភៈថា ការដឹកជញ្ជូនអាវុធពីសំណាក់លោកខាងលិចចំនួន៥០% ពុំបានមកដល់ទាន់ពេលវេលាទេ ។ ថ្លែងនៅសន្និសីទដែលបានផ្សាយតាមកញ្ចក់ទូរទស្សន៍ក្នុងទីក្រុងគីវ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក រ៉ូស្តឹម អ៊ូម៉េរ៉ូវ (Rustem Umerov) បាននិយាយថា ដោយសារតែស្ថានភាពតែងតែយ៉ាប់យ៉ឺននៅពេលនេះ ការប្ដេជ្ញាពុំបានដើរទន្ទឹមនឹងការដឹកជញ្ជូនអាវុធនោះទេ ។ការប្ដេជ្ញាផ្ដល់អាវុធចំនួន៥០%មិនត្រូវបានផ្ដល់មកឲ្យអ៊ុយក្រែនទាន់ពេលវេលានោះទេ។ លោកបានបន្ថែមថា ដូច្នេះមានន័យថាមិនមានសមាមាត្រនៃសង្រ្គាមទេ យើងងាកទៅមើលសត្រូវវិញ សេដ្ឋកិច្ចរបស់ពួកគេជិត២សែនកោដិ។ពួកគេបានប្រើប្រាស់កញ្ចប់ថវិកាផ្លូវការ និងក្រៅផ្លូវការចំនួន១៥%សម្រាប់សង្គ្រាម ដែលស្មើជាង១៥០ពាន់លាន ។ដូចនេះ បើការដឹកជញ្ជូនអាវុធមកឲ្យអ៊ុយក្រែនមិនទាន់ពេល យើងនឹងបាត់បង់ជីវិតមនុស្ស ហើយយើងក៏នឹងបាត់បង់ទឹកដីផងដែរ។ខណៈជម្លោះបានឈានចូលដល់ឆ្នាំទី៣ យោធាអ៊ុយក្រែន កំពុងព្យាយាមទប់ទល់ការវាយសន្ធាប់របស់កងកម្លាំងរុស្ស៊ី នៅតាមសមរភូមិមុខដ៏តឹងតែង។ យោធានៅក្នុងភាគខាងកើត និងខាងត្បូងរបស់អ៊ុយក្រែនកំពុងអស់អាវុធ និងកម្លាំងទ័ព ហើយប្រទេសរុស្ស៊ី បានដណ្ដើមទីក្រុងដ៏សំខាន់មួយ លើកដំបូងកាលពីថ្មីៗនេះ ក្នុងការវាយប្រយុទ្ធគ្នាជិត១ឆ្នាំចុងក្រោយនេះ។អ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ មានរយៈពេល១០ឆ្នាំជាមួយបណ្ដាសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីការពារខ្លួនទល់នឹងការវាយប្រហារពីរុស្ស៊ី ។កិច្ចព្រមព្រៀងសន្តិសុខនេះ បានសន្យាបន្តផ្គត់ផ្គង់ជំនួយយោធា និងសន្តិសុខ ដើម្បីជួយអភិវឌ្ឍន៍មូលដ្ឋានឧស្សាហកម្មការពារជាតិអ៊ុយក្រែន ការបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន ការចែករំលែកព័ត៌មានចារកម្ម និងកិច្ចសហប្រតិបត្តិការសម្រាប់ការពារការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា៕

លោកស្រី Yulia Navalnaya ទាមទារឲ្យអាជ្ញាធរប្រគល់សពស្វាមី និងហៅជំនឿរបស់លោក Putin ថា «ក្លែងក្លាយ»

2024/02/24 05:16:44 pm        444
អ្នកស្រី Yulia Navalnaya ដែលជាភរិយាមេម៉ាយរបស់អតីតមេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny នៅថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ) នេះ បានទាមទារឲ្យអាជ្ញាធររុស្ស៊ីប្រគល់សពស្វាមីរបស់លោកស្រី ដើម្បីយកទៅបញ្ចុះ ហើយបានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា ជា «បុគ្គលគ្មានមេត្តា» ដោយសារ «ធ្វើអំពើទារុណ» លើសពរបស់លោក Navalny។នៅក្នុងវីដេអូរយៈពេល ៦នាទីដែលត្រូវបានបង្ហោះនៅលើឆានែល YouTube លោកស្រី Navalnaya បានចោទប្រកាន់លោក Putin ថា បានខាំងទុកសពស្វាមីរបស់លោកជា «ចំណាប់ខ្មាំង» ហើយបានចោទសួរអំពីជំនឿក្នុងគ្រិស្តសាសនារបស់លោក Putin ម្ដងហើយម្ដងទៀត។ម្តាយរបស់សពលោក Navalny លោកស្រី Lyudmila កាលពីថ្ងៃសុក្រ (ទី២៣ ខែកុម្ភៈ) បាននិយាយថា អ្នកស៊ើបអង្កេតរុស្ស៊ី បានបដិសេធមិនឲ្យយកសពកូនរបស់គាត់ពីកន្លែងតម្កល់សព នៅទីក្រុងដាច់ស្រយាល Salekhard នៃតំបន់អាក់ទិកនោះទេ លុះត្រាតែលោកស្រីយល់ព្រមបញ្ចុះសព ដោយគ្មានពិធីបុណ្យសពជាសាធារណៈ។នៅក្នុងវីដេអូនោះ លោកស្រី Yulia Navalnaya ដែលពេញដោយអារម្មណ៍រំជួលចិត្ត បានអះអាងថា លោក Putin ជាអ្នកទទួលខុសត្រូវដោយផ្ទាល់ ចំពោះកន្លែងលាក់សពរបស់លោក Navalny ហើយថា លោកកំពុង «ធ្វើទារុណកម្ម» លើលោក Navalny ពេលស្លាប់ ដូចពេលលោកនៅមានជីវិត។លោកស្រី Navalnaya ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ បាននិយាយថា៖ «យើងបានដឹងរួចហើយថា ជំនឿរបស់លោក Putin គឺក្លែងក្លាយ។ ប៉ុន្តែឥឡូវនេះ យើងឃើញកាន់តែច្បាស់ជាងពេលមុន។ គ្មានអ្នកកាន់សាសនាគ្រិស្តពិតប្រាកដណាម្នាក់ អាចធ្វើអ្វីដែលលោក Putin កំពុងធ្វើជាមួយនឹងសពរបស់លោក Alexei បានយ៉ាងដូច្នេះទេ»៕

ការបំផ្ទុះគ្រាប់បែកនៅមហាវិទ្យាល័យក្នុងរដ្ឋ Manipur របស់ឥណ្ឌា សម្លាប់មនុស្សម្នាក់

2024/02/24 04:03:33 pm        557
មន្ត្រីសន្តិសុខបានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងការហេតុការណ៍បំផ្ទុះគ្រាប់បែក នៅមហាវិទ្យាល័យមួយ ក្នុងរដ្ឋធានី Imphal នៃរដ្ឋ Manipur ភាគឦសាននៃប្រទេសឥណ្ឌា កាលពីយប់ថ្ងៃសុក្រ (ទី២៣ ខែកុម្ភៈ)។ក្រុមមន្ត្រីបានប្រាប់បន្ថែមថា នៅមិនទាន់មានក្រុមណាមួយចេញមុខមកទទួលខុសត្រូវ ចំពោះការបំផ្ទុះ ដោយឧបករណ៍បំផ្ទុះកែច្នៃ (IED) នេះទេ។មន្ត្រីមួយរូប បានប្រាប់ថា៖ «ឧបករណ៍ IED បានផ្ទុះនៅក្នុងបរិវេណនៃមហាវិទ្យាល័យ (បរិវេណមហាវិទ្យាល័យ DM) នៅក្នុងទីក្រុង។ មនុស្សម្នាក់បានស្លាប់ ហើយម្នាក់ទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ»។គួរបញ្ជាក់ដែរថា រដ្ឋ Manipur បានកើតមាននូវការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ចាប់តាំងពីខែឧសភា ឆ្នាំ២០២៣ មក រវាងសមាជិកភាគច្រើននៃសហគមន៍ Meitei និងជនជាតិភាគតិច Kuki ពាក់ព័ន្ធការបែងចែកអត្ថប្រយោជន៍សេដ្ឋកិច្ច និងកូតា ដែលត្រូវបានផ្តល់ដល់ក្រុមកុលសម្ព័ន្ធ។ មនុស្សជិត ២០០នាក់ ត្រូវបានសម្លាប់ នៅក្នុងជម្លោះនេះ។ការផ្ទុះគ្រាប់បែក កាលពីថ្ងៃសុក្រ (ទី២៣ ខែកុម្ភៈ) បានកើតឡើងនៅក្នុងការិយាល័យរបស់ All Manipur Students' Union ដែលជាអង្គការនិស្សិតមានទីតាំងនៅខាងក្នុងបរិវេណសាកលវិទ្យាល័យ DM នៅតំបន់ Imphal West៕

អាជ្ញាធរអូស្ត្រាលី ជំរុញឲ្យមនុស្សរាប់រយនាក់ភៀសខ្លួនចេញពីចំហេះព្រៃដែលមិនអាចគ្រប់គ្រងបាន

2024/02/24 03:54:47 pm        479
ចំហេះព្រៃនៅក្នុងរដ្ឋ Victoria របស់អូស្ត្រាលី បានរាលដាលយ៉ាងឆាប់រហ័ស នៅថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ) ដោយបានបង្ខំឲ្យអាជ្ញាធរចេញការជូនដំណឹងអំពីការជម្លៀសថ្មី ក្នុងកម្រិតគ្រោះថ្នាក់ខ្ពស់បំផុត សម្រាប់អ្នកស្រុករាប់រយនាក់ នៅភាគខាងលិចរបស់រដ្ឋនេះ។ការព្រមានជាបន្ទាន់នេះ បានធ្វើឡើងបន្ទាប់ពីមានការបន្ថយកម្រិត នៅថ្ងៃសៅរ៍នេះ សម្រាប់ចំហេះព្រៃមួយផ្សេងទៀត ដែលបានកើតមានឡើងកាលពីដើមសប្តាហ៍នេះ ដោយការឆាបឆេះនេះបានសម្លាប់សត្វពាហនៈ បំផ្លាញទ្រព្យសម្បត្តិ និងបង្ខំឲ្យមនុស្សជាង ២.០០០នាក់ចាកចេញពីទីប្រជុំជនភាគខាងលិច ហើយឆ្ពោះទៅកាន់ទីក្រុង Ballarat ចម្ងាយ ៩៥គីឡូម៉ែត្រ នៅភាគខាងលិចនៃរដ្ឋធានី Melbourne។អណ្ដាតភ្លើងថ្មីនេះកំពុងគំរាមកំហែងដល់ទីប្រជុំជនជនបទ Amphitheatre ដែលមានប្រជាជនចំនួន ២២៣នាក់។ អង្គភាពគ្រប់គ្រាអាសន្នរបស់រដ្ឋ Victoria (Vic Emergency) បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា «ការចាកចេញភ្លាមៗ គឺជាជម្រើសដ៏មានសុវត្ថិភាពបំផុត មុនពេលស្ថានភាពប្រែក្លាយទៅជាគ្រោះថ្នាក់ខ្លាំងឡើង» ដោយបន្ថែមថា ចំហេះមិនទាន់អាចគ្រប់គ្រងបាននៅឡើយទេ។សារព័ត៌មាន Australian Broadcasting Corp បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ផ្ទះចំនួន ៣ខ្នង និងអគារតូចៗជាច្រើនខ្នង ត្រូវបានបំផ្លិចបំផ្លាញក្នុងសប្តាហ៍នេះ នៅក្នុងការសង្គ្រោះបន្ទាន់ពីចំហេះព្រៃ នៅរដ្ឋ Victoria ។ អ្នកពន្លត់អគ្គិភ័យប្រហែល ១.០០០នាក់ដែលមានការគាំទ្រពីយន្តហោះជាង ៥០គ្រឿង បានប្រយុទ្ធនឹងអគ្គិភ័យ ចាប់តាំងពីអណ្ដាតភ្លើងបានចាប់ផ្តើមឆាបឆេះឡើង៕

អាមេរិកព្រមានពីមហន្តរាយបរិស្ថាន ដោយសារនាវាដឹកទំនិញដែលរងការវាយប្រហារពីក្រុមឧទ្ទាមហ៊ួទី

2024/02/24 03:49:53 pm        502
នាវាដឹកទំនិញ ១គ្រឿងដែលត្រូវបានបោះបង់ចោល នៅឈូងសមុទ្រ Aden បន្ទាប់ពីរងការវាយប្រហារពីពួកឧទ្ទាមរបស់ប្រទេសយេម៉ែន កំពុងជា្របទឹក ហើយធ្វើឲ្យមានប្រេងអណ្ដែតត្រៀបត្រា ជាគ្រោះមហន្តរាយបរិស្ថាន ដែលបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) កាលពីថ្ងៃសុក្រ (ទី២៣ ខែកុម្ភៈ) បាននិយាយថា អាចមានសភាពកាន់តែអាក្រក់ទៅៗ។នាវា Rubymar ជានាវាដឹកទំនិញដែលមានទង់ជាតិរបស់ប្រទេសបេលី ចុះបញ្ជីដោយអង់គ្លេស និងលីបង់ដែលដឹកជីឥន្ធនៈ ត្រូវរងការខូចខាតនៅក្នុងការវាយប្រហារដោយមីស៊ីល កាលពីថ្ងៃអាទិត្យ (ទី១៨ ខែកុម្ភៈ) ដោយការវាយប្រហារនោះត្រូវអះអាងថា ជាស្នាដៃរបស់ខ្លួនពីសំណាក់ក្រុមឧទ្ទាមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់។ក្រុមប្រតិបត្តិកររបស់នាវា គឺក្រុមហ៊ុន Blue Fleet Group បាននិយាយថា ក្រុមនាវិកត្រូវបានជម្លៀសទៅកាន់ប្រទេសជីប៊ូទី បន្ទាប់ពីមីស៊ីលមួយគ្រាប់បានវាយប្រហារផ្នែកម្ខាងរបស់នាវា ដែលនាំឲ្យមានទឹកជ្រាបចូលក្នុងបន្ទប់ម៉ាស៊ីន ហើយផ្នែកខាងក្រោយចាប់លិចបន្តិចម្ដងៗ។មីស៊ីលគ្រាប់ទី២ បានវាយប្រហារត្រូវដំបូលនាវា ដោយមិនបានបង្កឲ្យមានការខូចខាតធំដុំនោះទេ។ នេះបើតាមលោក Roy Khoury នាយកប្រតិបត្តិក្រុមហ៊ុន Blue Fleet បានប្រាប់សារព័ត៌មាន AFP។ CENTCOM បានឲ្យដឹងថា នាវានេះត្រូវបានបោះយុថ្កា ប៉ុន្តែបានជា្របទឹកយឺតៗ ហើយបានធ្វើឲ្យមានប្រេងអណ្ដែតត្រៀបត្រា ២៩គីឡូម៉ែត្រ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកស្រាវជ្រាវនិយាយថា បម្រែបម្រួលអាកាសធាតុនឹងបំផ្លាញប្រពៃណីនេសាទត្រីលើបឹងទឹកកកនៅអឌ្ឍគោលខាងជើង
03/23/2026 08:03 PM
នាវាដឹកប្រេងរឹបអូសបានរបស់រុស្ស៊ី ធ្វើដំណើរទៅដល់ទីក្រុង Marseille ប្រទេសបារាំង
03/23/2026 08:03 PM
កម្ពុជាជម្រាបជូនឥណ្ឌាអំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
03/23/2026 08:03 PM
ស្ថាប័នការពារស៊ីវិល៖ មនុស្ស ៥នាក់ស្លាប់ នៅអូម៉ង់ ក្រោយរថយន្តហូរទៅតាមទឹកជំនន់
03/23/2026 08:03 PM
សម្ដេចតេជោបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនទាក់ទងនឹងស្ដ្រីម្នាក់យកប្ដីពីរក្នុងពេលតែមួយ ដោយចាត់ទុកទង្វើនេះបានបំផ្លាញប្រពៃណីស្ត្រីខ្មែរខ្លាំងបំផុតក្នុងសម័យទំនើបក្រោយសម័យរបបប៉ុល ពត
03/23/2026 08:03 PM
ក្រុមហ៊ុនរុស្ស៊ី Novatek ចុះហត្ថលេខាកិច្ចព្រមព្រៀងបឋម ក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវទៅកាន់វៀតណាម
03/23/2026 07:03 PM
សម្តេចប៉ាប Leo មានបន្ទូលថា ការវាយប្រហារតាមអាកាស គួរតែត្រូវបានហាមឃាត់
03/23/2026 07:03 PM
រុស្ស៊ីអំពាវនាវឲ្យមានដំណោះស្រាយនយោបាយ និងការទូត ក្រោយលោក Trump ចេញឱសានវាទ ចំពោះអ៊ីរ៉ង់
03/23/2026 07:03 PM
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង ច្រានចោលពីការមានកិច្ចប្រជុំកំពូល រវាងទីក្រុងព្យុងយ៉ាង និងនាយករដ្ឋមន្ត្រីជប៉ុន
03/23/2026 07:03 PM
ប្រេងបានធ្លាក់ថ្លៃជាង ១៣ភាគរយ ពេលលោក Trump ផ្អាកការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់
03/23/2026 07:03 PM