លិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបសំបុក Online Scams នៅសង្កាត់​អូរបែក​ក្អម​ឃាត់​ខ្លួន​មនុស្ស ​៤៩នាក់
មនុស្សប្រុសស្រីពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ បណ្តាល​ឲ្យ​ក្មេង​ម្នាក់​រង​របួស​ធ្ងន់​នឹងត្រូវបញ្ចូនទៅតុលាការទាំង ២នាក់
ជនបរទេស ១,៥៥៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងធ្វើការងារស្នាក់នៅខុសច្បាប់

សន្តិសុខ និង សង្គម

អ៊ុយក្រែនបន្តប្រយុទ្ធការពារ ខណៈសង្រ្គាមរុស្ស៊ី ឈានចូលដល់ឆ្នាំទី៣

2024/02/24 03:43:42 pm        220
ប្រទេសអ៊ុយក្រែន នៅថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ) នេះ បានប្រារព្ធខួប ២ឆ្នាំ ចាប់តាំងមានពីការលុកលុយពីសំណាក់រុស្ស៊ី ដោយប្រទេសនេះកំពុងប្រឈមជាមួយឆ្នាំថ្មីនៃសង្រ្គាមដែលត្រូវបានធ្វើចុះខ្សោយដោយសារការខ្វះខាតជំនួយរបស់លោកខាងលិច ខណៈដែលរុស្ស៊ីកំពុងមានសន្ទុះដោយសារការទទួលបានជ័យជម្នះថ្មីៗ។នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសពី «ប្រតិបត្តិការយោធាពិសេស» នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មជ្ឈដ្ឋានជាច្រើនរំពឹងថា ទីក្រុងមូស្គូនឹងជោគជ័យក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ តែផ្ទុយទៅវិញអ៊ុយក្រែនបានប្រយុទ្ធការពារ និងវាយតបតយ៉ាងរឹងមាំ រហូតធ្វើឲ្យទាហានរុស្ស៊ីដកថយយ៉ាងអាម៉ាស់។ប៉ុន្តែអ៊ុយក្រែនបានជួបនឹងឧបសគ្គ ដោយបរាជ័យ សម្រាប់ការវាយបករបស់ខ្លួន នៅឆ្នាំ២០២៣។ ហើយកងទ័ពរុស្ស៊ីបានកសាងនូវជំហរកងកម្លាំងដ៏រឹងមាំ ដោយសារការបង្កើនផលិតកម្មយោធា ខណៈដែលកងទ័ពអ៊ុយក្រែនកំពុងខ្វះកម្លាំងមនុស្ស និងកាន់តែអស់ទៅៗនូវគ្រាប់កាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាសដែលផ្គត់ផ្គង់ដោយលោកខាងលិច។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ) បាននិយាយថា ការសម្រេចជុំវិញការផ្គត់ផ្គង់អាវុធ ត្រូវតែជា «អាទិភាពចម្បង»។ខួបសង្គ្រាម នាថ្ងៃសៅរ៍នេះ នឹងឃើញដំណើរទស្សនកិច្ចរបស់បណ្ដាមេដឹកនាំលោកខាងលិច ដោយក្នុងនោះរួមទាំងប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen ផងដែរ តែទិដ្ឋភាពជារួម នៅតែអាប់អួដដែលសម្រាប់ទីក្រុងគីវ ដោយសារតែសភាអាមេរិកបានរារាំងកញ្ចប់ជំនួយដ៏សំខាន់ចំនួន ៦០ពាន់លានដុល្លារ។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវជាថ្មីឲ្យសមាជិកសភាមកពីគណបក្សសាធារណរដ្ឋព្រមបើកផ្លូវដល់ការផ្តល់មូលនិធិបន្ថែម ដោយព្រមានថា «ប្រវត្តិសាស្រ្តកំពុងរង់ចាំនៅខាងមុខ» ហើយ «ការខាកខានមិនបានគាំទ្រដល់អ៊ុយក្រែន ក្នុងគ្រាដ៏សំខាន់នេះ នឹងត្រូវបានគេចងចាំជារៀងរហូត»៕

កសិករឆាបឆួលដោយកំហឹង ត្រៀមប្រឈមមុខជាមួយលោក Macron នៅពិព័រណ៍កសិកម្មក្រុងប៉ារីស

2024/02/24 12:59:56 pm        238
កសិករបានរៀបចំតវ៉ា នៅថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ) នេះ ដើម្បីប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ទៅកាន់ពិព័រណ៍កសិកម្ម នៅទីក្រុងប៉ារីស ក្នុងពេលដែលមានអារម្មណ៍ឆាបឆួលដោយកំហឹង ដោយសារការចំណាយ ការិយាធិបតេយ្យហួសហេតុ និងបទប្បញ្ញត្តិបៃតង។ត្រាក់ទ័ររាប់សិបគ្រឿងបានបើកចូលក្នុងរដ្ឋធានីបារាំង កាលពីរសៀលថ្ងៃសុក្រ (ទី២៣ ខែកុម្ភៈ) អមដោយការចុចស៊ីផ្លេលាន់កងរំពងពេញផ្លូវ។ ក្នុងចំណោមនោះ ត្រាក់ទ័រ ១គ្រឿង បានព្យួរបដាដែលសរសេរថា «លោក Macron! អ្នកកំពុងសាបគ្រាប់ពូជព្យុះភ្លៀង ដូច្នេះ ប្រយ័ត្នទទួលបានផលពីអ្វីដែលអ្នកបានធ្វើ»។គួរបញ្ជាក់ថា កសិករបានធ្វើការតវ៉ានៅទូទាំងទ្វីបអឺរ៉ុប ដោយអំពាវនាវឲ្យមានប្រាក់ចំណូលប្រសើរជាងមុន និងការិយាធិបតេយ្យតិចតួច និងត្អូញត្អែរពីការប្រកួតប្រជែងមិនយុត្តិធម៌ពីទំនិញតម្លៃថោករបស់អ៊ុយក្រែន។ សហភាពអឺរ៉ុប ក្នុងឆ្នាំ២០២២ បានលើកលែងពន្ធលើការនាំចូលអាហាររបស់អ៊ុយក្រែន ដើម្បីគាំទ្រសេដ្ឋកិច្ចរបស់ប្រទេសនេះ បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ី។លោក Jean Lefevre ជាសមាជិករបស់ FNSEA ដែលជាសហជីពកសិកម្មដ៏ធំបំផុតរបស់ប្រទេសបារាំងបានប្រាប់សារព័ត៌មាន Reuters ថា៖ «កសិករមួយចំនួននឹងព្យាយាមរារាំងលោកប្រធានាធិបតី (លោក Macron) មិនឲ្យចូលទៅក្នុងពិព័រណ៍ពាណិជ្ជកម្ម។ ហើយប្រសិនបើរូបលោកចូលទៅ ពួកគេនឹងរំខានការដើរមើលរបស់លោក នៅទីនោះ»។លោក Macron បានលុបចោលការជជែកដេញដោលដែលលោកចង់រៀបចំនៅក្នុងពិព័រណ៍កសិកម្ម នៅថ្ងៃសៅរ៍នេះ ជាមួយកសិករ អ្នកកែច្នៃម្ហូបអាហារ និងអ្នកលក់រាយ បន្ទាប់ពីសហជីពកសិករបាននិយាយថាពួកគេនឹងមិនទៅចូលរួមនោះទេ ដោយនេះគឺសញ្ញាមួយផ្សេងទៀត ដែលបង្ហាញថា តើទំនាក់ទំនងដ៏តានតឹង រវាងកសិករ និងរដ្ឋាភិបាល នៅតែមានដដែលកម្រិតណា៕

មនុស្សយ៉ាងហោចណាស់១៥នាក់ស្លាប់ ក្នុងអគ្គិភ័យឆេះអគារលំនៅឋាន នៅប្រទេសចិន

2024/02/24 12:27:27 pm        242
អាជ្ញាធរ ក្នុងតំបន់បាននិយាយនៅថ្ងៃសៅរ៍ទី ២៤ ខែកុម្ភៈនេះថា យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ និង៤៤នាក់បានរងរបួសនៅក្នុងអគ្គិភ័យឆាបឆេះអគារលំនៅឋានមួយកន្លែងក្នុងទីក្រុង Nanjing ភាគខាងកើត ប្រទេសចិន។មន្ត្រី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា អគ្គិភ័យ បានឆាបឆេះកាលពីថ្ងៃសុក្រ ដោយការស៊ើបអង្កេតបឋមបង្ហាញថា អគ្គិភ័យបានចាប់ផ្តើមនៅអគារជាន់ទីមួយ ជាកន្លែងដាក់កង់អគ្គិសនី។ អគារនេះ មានទីតាំងស្ថិតនៅសង្កាត់ Yuhuatai ទីក្រុង Nanjing ជាទីក្រុងមានប្រជាជនរស់នៅជាង៨លាននាក់ ដែលស្ថិតនៅចម្ងាយប្រហែល ២៦០គីឡូម៉ែត្រ ភាគពាយព្យទីក្រុងសៀងហៃ។អាជ្ញាធរបាននិយាយថា អគ្គិភ័យត្រូវបានពន្លត់ ហើយប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ បានបញ្ចប់នៅម៉ោង២ រសៀលថ្ងៃសុក្រ។ អង្គភាពសេវាសង្គ្រោះបន្ទាន់ បាននិយាយថា រថយន្តពន្លត់អគ្គីភ័យចំនួន ២៥ គ្រឿង ត្រូវបានដាក់ឲ្យចល័ត ដើម្បីពន្លត់អគ្គិភ័យ។វីដេអូដែលចែករំលែកនៅលើបណ្ដាញសង្គមប្រទេសចិន បានបង្ហាញអគារខ្ពស់កប់ពពកមួយកន្លែង ត្រូវបានភ្លើងឆេះនៅពាក់កណ្តាលអធ្រាត្រ ដោយមានផ្សែងខ្មៅហុយចេញ។ក្រុមមន្ត្រីនិយាយថា អ្នករងរបួសចំនួន៤៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ហើយម្នាក់ក្នុងចំណោមអ្នករងរបួស ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសប៉េរូ ប្រជាជនកំពុងស្ថិតក្រោមការព្រមានពណ៌ក្រហម

2024/02/24 12:19:48 pm        126
ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសុក្រ បណ្តាលឲ្យជន់លិចតំបន់ភាគខាងត្បូងប្រទេសប៉េរូ និងបានធ្វើឲ្យខូចខាតលំនៅឋានច្រើនខ្នង និងផ្លូវជាច្រើនខ្សែ។ អាជ្ញាធរ បានចេញការព្រមានពណ៌ក្រហម នៅទីក្រុង ម៉ូហ្គូហ្គា(Moquegua) ខណៈភ្លៀងធ្លាក់អាចបង្កទឹកជំនន់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នៅទីក្រុង Yura លំនៅឋានជាង ៥០ខ្នង ត្រូវបានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នៅទីក្រុង Inapari លំនៅឋានចំនួន ៩០ខ្នងបានរងការខូចខាត បន្ទាប់ពីទឹកទន្លេ Acre បានហក់ឡើងខ្ពស់ ។ អង្គភាពសេវាឧតុនិយមជាតិ Senamhi បានព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់នៅចុងសប្តាហ៍នេះ។រដ្ឋាភិបាលប្រទេសប៉េរូ បានប្រកាសរដ្ឋក្នុងគ្រាអាសន្នរយៈពេល ៦០ ថ្ងៃសម្រាប់តំបន់ជាច្រើននៅទូទាំងប្រទេសប៉េរូ ដោយសារការបំផ្លាញបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ ជាពិសេសនៅតំបន់ភ្នំដាច់ស្រយាល។ ភ្លៀងធ្លាក់ខ្លាំង អាចបង្កឲ្យមានបំណាក់ដី ទឹកជំនន់ដ៏គំហុក ការបាក់ច្រាំងទន្លេ ការបាក់ស្ពាន ព្រមទាំងការខូចខាតទ្រព្យសម្បត្តិ។ ផ្លូវនានា រួមទាំងផ្លូវហាយវ៉េ អាចបិទភ្លាមៗ ហើយបិទក្នុងរយៈពេលមិនកំណត់ ជាពិសេសនៅតំបន់ដាច់ស្រយាល។ ការធ្វើដំណើរ អាចរងផលប៉ះពាល់ពេញមួយរដូវវស្សា ដែលជាធម្មតាបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា។ប្រជាជនដែលរស់នៅក្នុង ឬធ្វើដំណើរឆ្លងកាត់តំបន់ដែលងាយរងគ្រោះទឹកជំនន់ ត្រូវបានជំរុញឱ្យមានចំណាត់ការបង្ការជាមុន ជៀសឱ្យឆ្ងាយពីទឹកអូរ និងទន្លេ ពិចារណាឡើងវិញនូវការឆ្លងកាត់តាមដងស្ទឹងទន្លេ និងត្រូវយកចិត្តទុកដាក់លើការណែនាំរបស់អាជ្ញាធរតំបន់។

ផែនការក្រោយសង្គ្រាមរបស់លោក Netanyahu មើលឃើញថា អ៊ីស្រាអែលនៅតែគ្រប់គ្រងតំបន់ប៉ាឡេស្ទីន

2024/02/24 12:07:46 pm        136
នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្ហាញផែនការ«ពេលថ្ងៃក្រោយ» ជាផ្លូវការលើកដំបូងរបស់លោកសម្រាប់តំបន់ហ្កាហ្សា នៅពេលដែលសង្រ្គាមបញ្ចប់ ដោយនិយាយថា អ៊ីស្រាអែល នឹងនៅតែគ្រប់គ្រងផ្នែកសន្តិសុខ លើតំបន់ជាច្រើនរបស់ប៉ាឡេស្ទីន និងកសាងឡើងវិញ ផ្អែកលើភាពគ្មានយោធា។ ផែនការ ដែលនាំមករួមគ្នានូវទីតាំងជាច្រើនរបស់អ៊ីស្រាអែលដែលបានបង្កើតឡើងយ៉ាងល្អជាបន្តបន្ទាប់ នោះបានបញ្ជាក់ពីការតស៊ូរបស់ លោក Netanyahu ចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលលោកមើលឃើញថា វាជាការគំរាមកំហែងផ្នែកសន្តិសុខ ដោយគ្មានការគ្រប់គ្រងច្បាស់លាស់នៅដំណាក់កាលណាមួយនាពេលអនាគត។ ឯកសារ ដែលត្រូវបានផ្តល់ដល់សមាជិកគណៈរដ្ឋមន្ត្រីសន្តិសុខ ជាឯកសារពិភាក្សាច្រើនជាងកម្មវិធីកំណត់ ដែលស្នើឲ្យអ៊ីស្រាអែល បន្តគ្រប់គ្រងសន្តិសុខលើដែនដីទាំងអស់នៅភាគខាងលិចប្រទេសហ្ស៊កដានី រួមមានទាំងតំបន់វ៉េសបេង(West Bank) និងហ្កាហ្សា ជាដែនដី ដែលប៉ាឡេស្ទីនសង្ឃឹមថានឹងបង្កើតរដ្ឋឯករាជ្យមួយ។ ផែនការនេះកើតឡើង ក្នុងពេលមានការអំពាវនាវជាអន្តរជាតិកាន់តែខ្លាំងឡើង ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាដែលបានបំផ្លាញតំបន់ហ្កាហ្សាដ៏ធំធេង និងដើម្បីពិនិត្យឡើងវិញកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនរួមជាមួយប្រទេសអ៊ីស្រាអែល។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល បាននិយាយថា មានតែដំណោះស្រាយរដ្ឋពីរប៉ុណ្ណោះ ដែលមានឱកាសនាំមកនូវសន្តិភាពយូរអង្វែង ហើយចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតខ្លាំងក្លា ដើម្បីកសាងការគាំទ្រក្នុងចំណោមរដ្ឋប្រចាំតំបន់ និងរដ្ឋផ្សេងទៀត។ ប៉ុន្មានម៉ោងបន្ទាប់ពីផែនការត្រូវបានបង្ហាញ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា ការពង្រីកទីតាំងទីលំនៅ របស់អ៊ីស្រាអែល នៅតំបន់កាន់កាប់ West Bank គឺមិនសមស្របទៅនឹងច្បាប់អន្តរជាតិនោះទេ។

កសិករប្រទេសឥណ្ឌា ធ្វើបាតុកម្មដោយមានអុជភ្លើងទៀន បន្ទាប់ពីការស្លាប់របស់អ្នកតវ៉ា

2024/02/24 09:42:17 am        231
ប្រជាកសិករ នៅព្រំដែនរដ្ឋ ពុនចាប-ហារីយ៉ាណា(Punjab-Haryana) បានធ្វើបាតុកម្មដោយមានអុជភ្លើងទៀន កាលពីថ្ងៃសុក្រ បន្ទាប់ពីការស្លាប់របស់អ្នកតវ៉ាឈ្មោះ ស៊្សូបការ៉ាន ស៊ីង(Shubhkaran Singh)។ កសិករ បានដាក់កំហុសការស្លាប់របស់លោក ដោយសារតែការបំពានរបស់នគរបាល។លោក សាតាច ស៊ីង(Sartaj Singh) មន្ត្រីនគរបាលជាន់ខ្ពស់ ក្នុងស្រុក សាងរួ(Sangrur) នៃរដ្ឋ Punjab ជាកន្លែងដែលឧបទ្ទវហេតុបានកើតឡើង បាននិយាយថា បុរសនោះបានស្លាប់នៅកន្លែងតវ៉ា ប៉ុន្តែមូលហេតុនៃការស្លាប់ នឹងត្រូវបានដឹងបន្ទាប់ពីការធ្វើកោសល្យវិច័យ។ប្រធានរដ្ឋមន្ត្រីប្រចាំរដ្ឋ Punjab លោក បាគ្វាន ម៉ាន (Bhagwant Mann) កាលពីថ្ងៃសុក្រ បានប្រកាសផ្តល់សំណងចំនួន ១០ លានរូពី ឬ ១២០.០០០ ដុល្លារ ទៅឲ្យគ្រួសារបុរសដែលបានស្លាប់។មេដឹកនាំកសិករ បានច្រានចោលប្រាក់សំណងនេះ ហើយបាននិយាយថា ពួកគេនឹងមិនអនុញ្ញាតឱ្យធ្វើកោសល្យវិច័យឡើយ រហូតដល់ករណីឃាតកម្មនេះត្រូវបានចុះបញ្ជី។អង្គការលើកលែងទោសអន្តរជាតិ បានថ្កោលទោសការស្លាប់របស់អ្នកតវ៉ា ហើយបានជំរុញឱ្យរដ្ឋាភិបាល «គោរព ការពារ និងសម្របសម្រួល សិទ្ធិសេរីភាព ក្នុងការប្រមូលផ្តុំគ្នាដោយសន្តិវិធី»។កសិករដែលកំពុងតវ៉ា ភាគច្រើនជាអ្នកកាន់សាសនាស៊ីក(Sikhs) និងជាអ្នកដែលមកពីរដ្ឋ Punjab ភាគខាងជើង ទាមទារឱ្យតម្លៃឡើងខ្ពស់ជាងនេះសម្រាប់កសិផលរបស់ពួកគេ។ប្រជាកសិករ បានចាប់ផ្តើមចេញធ្វើបាតុកម្មទៅកាន់រដ្ឋធានី Delhi កាលពីដើមខែនេះ ដើម្បីជំរុញការទាមទារតម្លៃកសិផលឡើងខ្ពស់ជាងនេះ ទៅកាន់រដ្ឋាភិបាល។ ទោះជាយ៉ាងណា នគរបាលបានបញ្ឈប់ការដង្ហែរបាតុកម្ម ក្នុងចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ពីរដ្ឋធានី ដោយប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបង្អាក់ដល់ក្បួនបាតុកម្ម។

ក្រុមប្រឹក្សាសន្តិសុខ UN ប្រារព្ធខួបពីរឆ្នាំ ចាប់តាំងពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន

2024/02/24 09:14:23 am        294
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានបើកកិច្ចប្រជុំពិសេសមួយនៅមុនថ្ងៃខួប២ឆ្នាំ នៃការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ អ៊ុយក្រែន កំពុងស្វះស្វែងរកការប្រមូលផ្តុំការគាំទ្រសម្រាប់ផែនការសន្តិភាព ១០ ចំណុចរបស់ប្រធានាធិបតី លោក Volodymyr Zelenskiy ក្នុងពេលមានសញ្ញានៃភាពនឿយណាយសង្រ្គាម ខណៈនៅសមរភូមិមុខនៅតែពុំមានការផ្លាស់ប្តូរច្រើន ហើយសង្រ្គាមអ៊ីស្រាអែលនិងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា បានក្លាយជាការយកចិត្តទុកដាក់សំខាន់ជាសកល។ ផែនការសន្តិភាពរបស់ លោក Zelenskiy ប្រមើលមើលពីការស្ដារឡើងវិញបូរណភាពទឹកដីរបស់អ៊ុយក្រែន ការដកកងទ័ពរុស្ស៊ីទាំងអស់ ការការពារការផ្គត់ផ្គង់អាហារ និងថាមពល សុវត្ថិភាពនុយក្លេអ៊ែរ និងការដោះលែងឈ្លើយសឹកសង្គ្រាមទាំងអស់។អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចូលរួមក្នុងកិច្ចប្រជុំ កាលពីថ្ងៃសុក្រ ហើយបាននិយាយថា សង្គ្រាមនៅអ៊ុយក្រែន នៅតែជារបួសបើកចំហ នៅចំកណ្តាលបេះដូងអឺរ៉ុប ហើយ ប្រជាជនអ៊ុយក្រែនកំពុងរងទុក្ខខ្លាំងពីសង្គ្រាម ដែលវាយប្រហារលើពួកគេធ្វើឡើងដោយរុស្ស៊ី។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយលើប្រទេសរុស្ស៊ី ដោយកំណត់គោលដៅមនុស្សជាង ៥០០ នាក់ និងអង្គភាពជាច្រើន ដើម្បីប្រារព្ធខួប២ឆ្នាំ នៃការឈ្លានពានរបស់ទីក្រុងមូស្គូ លើប្រទេសអ៊ុយក្រែន និងសងសឹកចំពោះការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ីលោក អាឡិចសេ ណាវ៉ាលនី (Alexei Navalny)។ ជាមួយគ្នានេះ ក្រុមអ្នកការទូតដែលបានមកជួបប្រជុំគ្នានៅទីស្នាក់ការអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានបង្ហាញការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បាននិយាយថា «ពិភពលោកមិនត្រូវមើលរំលងអ៊ុយក្រែននោះទេ»។

សភាអង់គ្លេស កំពុងស្ថិតក្នុងភាពចលាចល បន្ទាប់ពីការជជែកដេញដោលជុំវិញបទឈប់បាញ់ នៅតំបន់ហ្កាហ្សា

2024/02/23 03:25:42 pm        101
ការជជែកដេញដោលដ៏ខ្លាំងក្លាជុំវិញបទឈប់បាញ់ នៅតំបន់ហ្កាហ្សា បានផ្ទុះឡើងតាមរយៈសភារបស់ចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលប្រធានសភា បានប្រឈមមុខនឹងការអំពាវនាវឲ្យ លាលែងពីតំណែង ហើយសមាជិកសភា បាននិយាយថា ពួកគេភ័យខ្លាចសុវត្ថិភាពរបស់ពួកគេ ចំពេលមានសម្ពាធពីគ្រប់ភាគីនៃបញ្ហានេះ។បន្ទាប់ពីការជជែកដេញដោលយ៉ាងស្វិតស្វាញរយៈពេលជាង៦ម៉ោងកាលពីថ្ងៃពុធ ទាំងគណបក្សអភិរក្សដែលកំពុងគ្រប់គ្រង និងគណបក្សជាតិស្កុតឡែន ឬ SNP បានបដិសេធមិនចូលរួមក្នុងការបោះឆ្នោតលើបញ្ហានេះ។ នោះបានធ្វើឲ្យគណបក្សការងារជាគណបក្សប្រឆាំងដ៏ធំបំផុតដែលទទួលជ័យជម្នះដ៏ធំធេងនៃការឆ្លងកាត់កំណែប្រែនូវសំណើដែលមិនជាប់ពាក់ព័ន្ធរបស់ខ្លួន បានអំពាវនាវឲ្យមានបទឈប់បាញ់ «មនុស្សធម៌ជាបន្ទាន់» ដោយពុំមានការជំទាស់ឡើយ។ កំហឹងចំពោះរបៀបដែលការជជែកដេញដោលដែលបានលាតត្រដាង បាននាំឲ្យសមាជិកសភាជាង ៥០ រូប បានដាក់លិខិតសម្តែងការមិនទុកចិត្តលើប្រធានសភា លោក Lindsay Hoyle កាលពីថ្ងៃព្រហស្បតិ៍។ លោក Hoyle បានជួបជាមួយមេដឹកនាំនៃគណបក្សធំៗទាំងបី ដើម្បីរៀបចំផែនការឆ្ពោះទៅមុខ។ការជជែកដេញនៅសភានេះ កំពុងបង្កើនកើនឡើងនូវភាពតានតឹងជុំវិញសង្រ្គាមអ៊ីស្រាអែល-ក្រុមហាម៉ាស ដោយមនុស្សរាប់សែននាក់ បានដើរដង្ហែរឆ្លងកាត់ទីក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍មុន ដើម្បីគាំទ្របុព្វហេតុប៉ាឡេស្ទីន និងតួលេខបង្ហាញថា ចំនួនឧប្បត្តិហេតុប្រឆាំងសាសនា នៅក្នុងចក្រភពអង់គ្លេស បានកើនឡើងជិត១៥០ភាគរយ កាលពីឆ្នាំមុន។

អ្នកជំនាញសន្តិសុខអ៊ីស្រាអែល៖ ការជំរុញឲ្យមានរដ្ឋប៉ាឡេស្ទីនរបស់លោកបៃដិន គឺជា«ការគំរាមកំហែងដែលមានស្រាប់»

2024/02/23 03:19:09 pm        67
អ្នកដែលបង្កើតការការពារ សន្តិសុខ និងការទូតរបស់អ៊ីស្រាអែល បានផ្ញើលិខិតមួយច្បាប់ជូនលោក ប្រធានាធិបតីចូ បៃដិន ដោយជំរុញឲ្យលោកកុំទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ព្រោះវាគំរាមកំហែងដល់ស្ថិរភាពរបស់រដ្ឋជ្វីហ្វ និងផ្តល់រង្វាន់ដល់របបដូចជាសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងរុស្ស៊ីដែលឧបត្ថម្ភដល់អំពើភេរវកម្ម និងលើកកម្ពស់សេ្នហាជាតិនិយម។លិខិតរបស់វេទិកាការពារ និងសន្តិសុខអ៊ីស្រាអែល (IDSF) ទទួលបានផ្តាច់មុខដោយសារព័ត៌មាន Fox News Digital ចុះថ្ងៃទី១៩ ខែកុម្ភៈ បានបញ្ជាក់ថា៖«ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយ បន្ទាប់ពីការសម្លាប់រង្គាលថ្ងៃទី៧ ខែតុលា នឹងត្រូវបានបកស្រាយដោយក្រុមហាម៉ាសដែលជាអង្គការភេរវកម្មសកល អ៊ីរ៉ង់ និងរដ្ឋខិលខូចផ្សេងទៀត គឺជារង្វាន់សម្រាប់អំពើហិង្សា ហើយនឹងលើកទឹកចិត្តពួកគេឲ្យចាត់ទុកអំពើភេរវកម្មជាយន្តការដ៏មានប្រសិទ្ធភាពមួយ ដើម្បីសម្រេចបាននូវគោលដៅនយោបាយ»។អង្គការភេរវកម្ម ដែលកំណត់ដោយសហរដ្ឋអាមេរិក ហាម៉ាស បច្ចុប្បន្នចាប់មនុស្សជាង ១០០នាក់ជាចំណាប់ថ្នូរ នៅតំបន់ហ្កាហ្សាស្ទ្រីប។លោកឧត្តមសេនីយ៍ត្រី អាមៀ អាវីវី (Amir Avivi) ស្ថាបនិកនិងជាប្រធានវេទិកាការពារ និងសន្តិសុខអ៊ីស្រាអែល (IDSF) បានប្រាប់សារព័ត៌មាន Fox News Digitalថា៖«ពេលនេះ ជាពេលដែលសហរដ្ឋអាមេរិក គាំទ្រសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ខ្លួន នៅមជ្ឈិមបូព៌ា និងលើកកម្ពស់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់នេះ។ អ៊ីស្រាអែល មិនប្រឆាំងនឹងដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះ ប៉ុន្តែផែនការរបស់រដ្ឋបាលនេះ នឹងក្លាយជារង្វាន់ដល់អង្គការភេរវកម្មជ្រុលនិយម ហើយនឹងពង្រឹងអ័ក្សអ៊ីរ៉ង់- រុស្ស៊ីនៃអំពើហិង្សា នៅក្នុងតំបន់ និងពិភពលោក»។

មនុស្សយ៉ាងហោចណាស់៤នាក់ស្លាប់ ក្នុងអគ្គិភ័យឆេះអគារលំនៅឋាននៅប្រទេសអេស្បាញ

2024/02/23 03:15:29 pm        89
ក្រុមអ្នកពន្លត់អគ្គីភ័យ បានតស៊ូទប់ស្កាត់អណ្តាតភ្លើង ដែលបានឆេះហ៊ុមព័ទ្ធអាគារលំនៅឋានទាំងមូលនៅក្នុងទីក្រុង Valencia របស់អេស្ប៉ាញ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថា មនុស្សជាច្រើននៅតែជាប់នៅខាងក្នុងអគារ។អគ្គិភ័យ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ នៅជាន់ទី៤ នៃអគារមួយកន្លែង នៅខាងជើងទីក្រុង ហើយភ្លាមៗនោះ បានរាលដាលដល់អគារផ្សេងទៀត។ រហូតមកដល់ពេលនេះ យ៉ាងហោចណាស់មនុស្ស៤នាក់ បានស្លាប់ នេះបើយោងតាមអង្គភាពសេវាសង្គ្រោះបន្ទាន់។នៅខាងមុខនៃអគារទាំងមូល ត្រូវបានឆាបឆេះ ខណៈផ្នែកដែលឆេះបានបាក់ធ្លាក់ មកលើចិញ្ចើមផ្លូវខាងក្រោម ហើយការផ្ទុះ ត្រូវបានគេឮនៅខាងក្នុងអគារ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ប្រជាជន បានអំពាវនាវសុំជំនួយចេញពីយ៉រនៃលំនៅឋានរបស់ពួកគេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកស្រាវជ្រាវនិយាយថា បម្រែបម្រួលអាកាសធាតុនឹងបំផ្លាញប្រពៃណីនេសាទត្រីលើបឹងទឹកកកនៅអឌ្ឍគោលខាងជើង
03/23/2026 08:03 PM
នាវាដឹកប្រេងរឹបអូសបានរបស់រុស្ស៊ី ធ្វើដំណើរទៅដល់ទីក្រុង Marseille ប្រទេសបារាំង
03/23/2026 08:03 PM
កម្ពុជាជម្រាបជូនឥណ្ឌាអំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
03/23/2026 08:03 PM
ស្ថាប័នការពារស៊ីវិល៖ មនុស្ស ៥នាក់ស្លាប់ នៅអូម៉ង់ ក្រោយរថយន្តហូរទៅតាមទឹកជំនន់
03/23/2026 08:03 PM
សម្ដេចតេជោបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនទាក់ទងនឹងស្ដ្រីម្នាក់យកប្ដីពីរក្នុងពេលតែមួយ ដោយចាត់ទុកទង្វើនេះបានបំផ្លាញប្រពៃណីស្ត្រីខ្មែរខ្លាំងបំផុតក្នុងសម័យទំនើបក្រោយសម័យរបបប៉ុល ពត
03/23/2026 08:03 PM
ក្រុមហ៊ុនរុស្ស៊ី Novatek ចុះហត្ថលេខាកិច្ចព្រមព្រៀងបឋម ក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវទៅកាន់វៀតណាម
03/23/2026 07:03 PM
សម្តេចប៉ាប Leo មានបន្ទូលថា ការវាយប្រហារតាមអាកាស គួរតែត្រូវបានហាមឃាត់
03/23/2026 07:03 PM
រុស្ស៊ីអំពាវនាវឲ្យមានដំណោះស្រាយនយោបាយ និងការទូត ក្រោយលោក Trump ចេញឱសានវាទ ចំពោះអ៊ីរ៉ង់
03/23/2026 07:03 PM
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង ច្រានចោលពីការមានកិច្ចប្រជុំកំពូល រវាងទីក្រុងព្យុងយ៉ាង និងនាយករដ្ឋមន្ត្រីជប៉ុន
03/23/2026 07:03 PM
ប្រេងបានធ្លាក់ថ្លៃជាង ១៣ភាគរយ ពេលលោក Trump ផ្អាកការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់
03/23/2026 07:03 PM