សមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបទីតាំងសង្ស័យ Online Scams នៅកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនមនុស្ស ៩នាក់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ច្បាប់ប្រឆាំង Online Scam នឹងរួមចំណែក​ធានាមិនឱ្យបទល្មើសនេះ​ត្រឡប់វិញ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស ១៧នាក់ ពាក់ព័ន្ធករណី Online Scam ក្នុងភូមិសាស្ត្រ​សង្កាត់​វាលស្បូវ
សមត្ថកិច្ច ឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់ទៀត ជាប់ពាក់ព័ន្ធ Online Scam នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

អង្គការសុខភាពពិភពលោក៖ ប្រជាជននៅហ្កាហ្សា កំពុងអត់ឃ្លានស្លាប់ ដោយសារឧបសគ្គក្នុងការទទួលបានជំនួយ

2024/02/01 09:33:02 am        264
នាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក(WHO)លោកម៉ៃឃើលរ៉ៃអិន (Michael Ryan) បាននិយាយកាលពីថ្ងៃពុធថា ចំនួនប្រជាជននៅតំបន់ហ្កាហ្សាកំពុងអត់ឃ្លានដល់ស្លាប់ដោយសារតែឧបសគ្គ ដែលដាក់លើជំនួយមនុស្សធម៌។ អង្គការសុខភាពពិភពលោក បាននិយាយថា ហានិភ័យនៃគ្រោះទុរ្ភិក្សនៅក្នុងដែនដីប៉ាឡេស្ទីនមានអត្រាខ្ពស់រួចទៅហើយ និងកំពុងកើនឡើងជាលំដាប់ ដោយកន្លែងសម្រាប់អន្តរាគមន៍មនុស្សធម៌ត្រូវបានរងសម្ពាធកាន់តែខ្លាំង។ លោក Ryan បានប្រាប់សន្និសីទសារព័ត៌មានមួយថា នេះគឺជាចំនួនប្រជាជនដែលស្រេកឃ្លានរហូតដល់ស្លាប់ នេះគឺជាចំនួនប្រជាជនដែលកំពុងត្រូវបានរុញច្រានដល់មាត់ជ្រោះមរណៈ ។ ជនស៊ីវិលនៃតំបន់ហ្កាហ្សាមិនមែនជាភាគីនៃជម្លោះនេះទេ ហើយពួកគេគួរតែត្រូវទទួលបានការការពារ ដូចជាមូលដ្ឋានសុខភាពរបស់ពួកគេផងដែរ។ លោក Ryan បាននិយាយថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា គឺស្ថិតនៅចំកណ្តាលនៃមហន្តរាយដ៏ធំមួយ ដោយបន្ថែមថា អ្វីៗអាចកាន់តែអាក្រក់ជាងនេះទៀត។ លោកបានបន្តថា ការទទួលបានអាហារូបត្ថម្ភត្រឹមត្រូវបានក្លាយជាបញ្ហាចម្បងនៅក្នុង ហ្កាហ្សាស្ទ្រីប រួមទាំងចំនួនកាឡូរី និងគុណភាពនៃអាហារូបត្ថម្ភដែលប្រើប្រាស់ដោយពលរដ្ឋហ្កាហ្សា បានធ្លាក់ចុះយ៉ាងខ្លាំង។ លោកបានបន្តថា ប្រជាជនមិនត្រូវបានគេសន្មត់ថាអាចរស់បានដោយមិនកំណត់លើជំនួយស្បៀងអាហារនោះទេ។ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា ទីភ្នាក់ងារនេះកំពុងជួបប្រទះបញ្ហាប្រឈមកាន់តែខ្លាំង ក្នុងការជំរុញប្រព័ន្ធសុខាភិបាលរបស់តំបន់ហ្កាហ្សា៕

នគរបាលកោះហៅបុគ្គលឈ្មោះ អេន ចរិយា ឲ្យធ្វើការបំភ្លឺក្រោយប្រើប្រាស់ព្រះកិត្តិនាម ព្រះនាងឥន្រ្ទទេវី

2024/01/31 04:49:22 pm        237
ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយមានការស្នើសុំកិច្ចអន្តរាគមន៍ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកកាន់អគ្គស្នងការនគរបាលជាតិ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅបុគ្គលឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ជាម្ចាស់គណនីហ្វេសបុកឈ្មោះ "EN Chariya" និង "កំពូលម៉ូតូ" ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរូបភាពកាយវិការ និងខ្លឹមសារមិនត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់ដល់ទំនៀមទំលាប់ វប្បធម៌ជាតិ ជាពិសេស ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមព្រះនាងឥន្រ្ទទេវី វីរៈក្សត្រីនាសម័យអង្គរ ដោយសម្តែងថាមានបារមីចូលសណ្ឋិត មកធ្វើការបំភ្លឺ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចូលរួមពីភាគីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបន្ថែមថា ក្រោយពីបានសាកសួរ ឈ្មោះ អេន ចរិយា បានទទួលស្គាល់នូវកំហុស ដូចខាងក្រោម៖ ១. បានប្រើប្រាស់ព្រះកិត្តិនាម ព្រះនាងឥន្រ្ទទេវី ព្រះវីរៈក្សត្រីនាសម័យអង្គរ ថាបានចូលសណ្ឋិតក្នុងខ្លួន ដោយគ្មានមូលដ្ឋាន នៅលើបណ្តាញផ្សព្វផ្សាយសង្គម។២. បានប្រើប្រាស់សំលៀកបំពាក់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) មកសម្តែងរាំ និងបកស្រាយថា ក្បាច់របាំមាន ១០៨ក្បាច់ ដែលខុសពីការពិត បង្កឲ្យមានការភ័នច្រឡំពីសំណាក់សាធារណជន និងប៉ះពាល់ដល់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីរបស់មនុស្សជាតិនៃអង្គការយូណេស្កូ។ក្រោយពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យា បុគ្គលឈ្មោះ អេន ចរិយា បានធានាចំពោះមុខសមត្ថកិច្ច និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយល់ព្រមធ្វើកិច្ចសន្យាជាលាយលក្ខអក្សរ និងធ្វើវីដេអូសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក។នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបញ្ជាក់ថា សមត្ថកិច្ចនឹងបន្តតាមដានសកម្មភាពរបស់បុគ្គលខាងលើ និងអនុវត្តនីតិវិធីបន្ត បើមិនអនុវត្តតាមការសន្យា៕ ដោយ ៖ ប្រាក់ វ៉ាន់ដា

សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ រុះរើរបាំងសាច់អួនក្រឡាល្អិត ០៧ខ្សែ ប្រវែង១២៥០ម៉ែត្រ ក្នុងដែនស្រុកក្រគរ

2024/01/31 04:05:44 pm        131
ពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចចម្រុះសហការជាមួយរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ចាប់ពីឃុំកំពង់លួង រហូតដល់ ចំណុចជ្រោយស្ដី ភូមិ ត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។ជាក់ស្ដែងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ឆាយ មន នាយរងខណ្ឌរដ្ឋបាលជល​ផលពោធិ៍សាត់ មាននាយ-នាយរងផ្នែករដ្ឋបាលជលផលក្រគរ កម្លាំងសង្កាត់កំពង់លួង សហកា​ជាមួយ ក្រុមការងារថ្នាក់ជាតិ មានលោកតំណាង អធិការរដ្ឋបាលជលផលខាងត្បូង​បឹងទន្លេសាប លោកតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកវរសេនីយ៍ទោ នួន សាវឿន តំណាង​អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ យោធាខេត្ដ ដោយប្រើប្រាស់​កម្លាំង​សរុបចំនួន ២៥នាក់ មធ្យោបាយកាណូតចំនួន ៣ គ្រឿងបានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលចាប់ពីឃុំកំពង់លួង រហូតដល់ ចំណុចជ្រោយស្ដី ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់។ក្នុងប្រតិបត្តិការនោះ មន្ដ្រីជលផលបានឱ្យដឹងថា ក្រុមការងារ បានបន្ដចុះបង្រ្កាប រុះរើ កាត់ច្រឹបរបាំងខុសក្រឡា និងលើសប្រវែង ដើម្បីបើកផ្លូវឲ្យត្រី ធ្វើចរាចរណ៍ចុះទៅក្រោម ជាលទ្ធផល០២ ករណី*ករណី ០១- របាំងសាច់អួនក្រឡាល្អិត ០៧ខ្សែ ប្រវែង ១២៥០ម៉ែត្រ- លូកងសាច់អួន ចំនួន ៦មាត់- ក្បាលបរ ចំនួន ០១គ្រឿង- បង្គោល ចំនួន ២៥០ដើម- ចាក់លែងត្រី ៤០គីឡូក្រាម*ករណីទី០២ បានប្រទះឃើញកាណូត ០២គ្រឿង កំពុងដឹកជញ្ជូនលៀសប្រភេទចំណីសត្វ ចំនួន១៦០ ការុង ដោយគ្មានលិខិតអនុញ្ញាត ស្ថិតនៅ ភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ភ្លាមៗនោះ ក្រុមការងារបានឯកភាពគ្នា ឃាត់ចាប់កាណូតទាំង ០២គ្រឿង ព្រមទាំងបានយកលៀសនោះទៅ លែងចូលទន្លេវិញ ។ចំពោះមធ្យោបាយកាណូត ត្រូវបាន​រក្សាទុកជាបណ្ដោះអាសន្ន ៕

ម្ចាស់រថយន្តហ្វតដែលបំពាក់ភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសបានចូលខ្លួនដោះចេញដោយខ្លួនឯង

2024/01/31 03:12:32 pm        143
ភ្នំពេញ ៖ ម្ចាស់រថយន្តហ្វត ពាក់ស្លាកលេខ ភ្នំពេញ 2BY-8286 បាន ចូលខ្លួនមកធ្វើកិច្ចសន្យានិងដោះចេញអំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខ្លួនឯងនៅប៉ុស្តិ៍នគរបាលទួលសង្កែ២ ។នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ម្ចាស់រថយន្ត ហ្វត ពាក់ស្លាកលេខ ភ្នំពេញ 2BY-8286 បំពាក់អំពូលភ្លើងខុសលក្ខណៈបច្ចេកទេសប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈ បានចូលខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ២ ខណ្ឌប្ញស្សីកែវ ដើម្បីដោះចេញអំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសនៅចំពោះមុខសមត្ថកិច្ច និងធ្វើការអប់រំ ហើយឲ្យធ្វើកិច្ចសន្យាបញ្ឈប់បំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់ ។ សូមជម្រាបជូនថា រថយន្តហ្វត ពាក់ស្លាកលេខ ភ្នំពេញ 2BY-8286 បំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេស ហើយត្រូវបានអ្នកលេងបណ្តាសង្គមហ្វេសប៊ុកថតបង្ហោះជាសាធារណៈ កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះធ្វើឲ្យមហាជនទូទៅមានការរិះគន់ជាហូហែរ ៕ ដោយ ៖ តារាវុទ្ធី

ជំហររបស់អាហ្វ្រិកខាងត្បូងចំពោះតំបន់ហ្កាហ្សា គំរាមកំហែងទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីស្រាអែល

2024/01/31 02:46:20 pm        115
ក្រុមហ៊ុនអ៊ីស្រាអែលជាច្រើន បានលុបចោលការនាំចូលទំពាំងបាយជូពីអាហ្វ្រិកខាងត្បូង នេះបើយោងតាមមនុស្សបីនាក់ដែលបានដឹងពីបញ្ហានេះ។ វាកំពុងជំរុញឲ្យមានការភ័យខ្លាចថា អាជីវកម្មរបស់ប្រទេសអាហ្វ្រិក អាចប្រឈមនឹងការធ្វើពហិការកាន់តែទូលំទូលាយ ដោយសារជំហររបស់រដ្ឋធានីព្រីតូរៀ(Pretoria) ជុំវិញជម្លោះនៅតំបន់ហ្កាហ្សា។ប្រទេសអាហ្វ្រិកខាងត្បូង បាននាំអ៊ីស្រាអែលទៅកាន់តុលាការយុត្តិធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិ (ICJ) នៅដើមខែនេះ ជុំវិញការចោទប្រកាន់ថា អ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន។ ក្រោយមក តុលាការនេះ បានសម្រេចឲ្យអ៊ីស្រាអែលធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅហ្កាហ្សា។សមាជនៃសហជីពអាហ្រ្វិកខាងត្បូង (COSATU) ដែលជាក្រុមសហជីពដ៏ធំបំផុតរបស់អាហ្រ្វិកខាងត្បូងបានអំពាវនាវដល់រដ្ឋាភិបាលរបស់ប្រទេសនេះ ឲ្យការពារកម្លាំងពលកម្មរបស់ខ្លួនពីផលប៉ះពាល់នៃជម្លោះពាណិជ្ជកម្មណាមួយជាមួយអ៊ីស្រាអែល។ អ្នកនាំពាក្យរបស់ខ្លួន លោក Matthew Parks បាននិយាយថា៖«យើងត្រូវតែធានាថា គ្មានកម្មករអាហ្រ្វិកខាងត្បូង បាត់បង់ការងាររបស់ពួកគេទេ» ខណៈកំពុងអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើអ៊ីស្រាអែល។លោកបានប្រាប់សារព័ត៌មាន Semafor Africa ថា នេះគឺជារឿងសំខាន់ដែលក្រសួងពាណិជ្ជកម្មរបស់ អាហ្វ្រិកខាងត្បូង និងស្ថាប័នផ្លូវការផ្សេងទៀត «ផ្តល់ការគាំទ្រ និងជំនួយ» ដល់ក្រុមហ៊ុនណាមួយដែល «ប្រឈមមុខនឹងការធ្វើពហិការពីអ៊ីស្រាអែល»។

នគរបាលបញ្ជូនជនសង្ស័យ០៣ ទៅតុលាការ ពាក់ព័ន្ធករណីកំហែងយកប្រាក់

2024/01/31 02:38:16 pm        299
ភ្នំពេញ ៖ ជនសង្ស័យចំនួន០៣នាក់ ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ម្នាក់និងជន ក្លែង បន្លំ ជាប្រជាការពារចំនួន០២នាក់ទៀត ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមនីតិវិធី ពីបទកំហែងយកប្រាក់ពីយុវជន ចំនួន៥នាក់ ដែលបានប្រព្រឹត្តកាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ និងបានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ម្នាក់ រួមនិងប្រជាការពារចំនួន០២នាក់ទៀត ពីបទកំហែងយកប្រាក់។ជនសង្ស័យចំនួនទាំង០៣នាក់ ទី១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិ ខ្មែរ។ ទី២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទ ប្រុស ជនជាតិ ខ្មែរ។ និងទី៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣។គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ មានករណីយុវជន០៥នាក់ ដែលបានត្រូវបានកម្លាំងចម្រុះធ្វើសកម្មភាព កំហែងយកប្រាក់ បន្ទាប់មកក៏មានបណ្ដាញសង្គម សម្ភាសន៍ជាមួយក្រុមយុវជនទាំងនោះ ដោយចោទប្រកាន់ថា មានសមត្ថកិច្ចគាបយកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យនៅសេសសល់មួយចំនួនទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

ផ្ទុះការតវ៉ានៅកូរ៉េខាងត្បូង ក្រោយប្រធានាធិបតីរារាំងការស៊ើបអង្កេតថ្មី លើករណីប្រជ្រៀតគ្នាស្លាប់ក្នុងថ្ងៃបុណ្យ Halloween

2024/01/31 02:37:09 pm        66
ក្រុមសាច់ញ្ញាតិជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍ប្រជ្រៀតជាន់គ្នាកាលពីឆ្នាំ២០២២នៅក្នុងប្រទេសកូរ៉េខាងត្បូងកំពុងតវ៉ា កាលពីថ្ងៃអង្គារទី៣០ខែមករា បន្ទាប់ពីលោកប្រធានាធិបតី យ៉ុន សុក យុល (Yoon Suk Yeol)បានរារាំងសំណើបើកការស៊ើបអង្កេតថ្មីមួយក្នុងករណីឧបទ្ទវហេតុដ៏សាហាវ ។ គួររម្លឹកថាឧបទ្វវហេតុនោះបានឆក់យកជីវិតមនុស្សចំនួន១៥៩នាក់នៅក្នុងសង្កាត់ អ៊ីតេវ៉ុន(Itaewon) របស់រដ្ឋធានីសេអ៊ូល នៅថ្ងៃបុណ្យ Halloween។ ការិយាល័យរបស់លោកយ៉ុន បានប្រកាសពីការសម្រេចចិត្តនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បានហៅពង្រាងច្បាប់គាំទ្រដោយបក្សប្រឆាំងថាជាលេសនយោបាយ និងបំពានរដ្ឋធម្មនុញ្ញ។ វិធានការបិទផ្លូវសំណើនេះត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សាច់ញ្ញាតិជនរងគ្រោះនិងក្រុមមន្ត្រីបក្សប្រឆាំង។ ពួកគេបានប្រឆាំងជាយូរមកហើយថា ដំណោះស្រាយរបស់រដ្ឋាភិបាលលើគ្រោះមហន្តរាយនេះពុំមានហេតុផលគ្រប់គ្រាន់ទេ។ លោកស៊ីន ជុងសេប (Shin Jung-Seob) ជាឪពុករបស់ម្នាក់ក្នុងចំណោមជនរងគ្រោះជាច្រើនបានថ្កោលទោសវិធានការនេះ។ លោកថា រដ្ឋាភិបាល បានសម្រេចចិត្តបិទបាំងឧបទ្ទវហេតុនេះដោយគ្មានការស៊ើបអង្កេតរកការពិត ។ កាលពីឆ្នាំមុន ការស៊ើបអង្កេតរបស់នគរបាលបានសន្និដ្ឋានថា កង្វះការរៀបចំនិងការឆ្លើយតបមិនគ្រប់គ្រាន់ គឺជាមូលហេតុចម្បងនាំឲ្យមានការប្រជ្រៀតជាន់គ្នាស្លាប់រង្គាលបែបនេះ៕

ការវិភាគថ្មីបង្ហាញថា យ៉ាងហោចណាស់ពាក់កណ្តាលនៃអគារក្នុងតំបន់ហ្កាហ្សាបានខូចខាត ឬបំផ្លាញ

2024/01/31 02:33:08 pm        66
ការវិភាគថ្មី ដែលទទួលបានដោយ ទូរទស្សន៍ BBC បានបង្ហាញថាជាងពាក់កណ្តាលនៃអគារក្នុងតំបន់ហ្កាហ្សាត្រូវបានខូចខាត ឬបំផ្លិចបំផ្លាញចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមសងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា។ នៅទូទាំងហ្កាហ្សា តំបន់លំនៅដ្ឋានយ៉ាងច្រើនត្រូវបានបំផ្លិចបំផ្លាញ ផ្លូវដើរទិញទំនិញដែលធ្លាប់តែមមាញឹក បានក្លាយជាគំនរកម្ទេចថ្មបាក់បែក សាកលវិទ្យាល័យទាំងឡាយត្រូវបានបំផ្លាញ និងដីស្រែចំការត្រូវបានបោះបង់ចោល ខណៈគ្របណ្ដប់ដោយជំរំតង់កាន់តែច្រើននៅតាមព្រំដែនភាគខាងត្បូង សម្រាប់ជាលំនៅឋានរបស់មនុស្សរាប់ពាន់នាក់ដែលបាត់បង់ផ្ទះសម្បែងក្នុងសង្រ្គាមនេះ។យោងតាមអង្គការសហប្រជាជាតិ ប្រជាជនប្រហែល១,៧ លាននាក់ ច្រើនជាង ៨០% នៃចំនួនប្រជាជនសរុបនៅតំបន់ហ្កាហ្សាត្រូវបានភៀសខ្លួន ដោយមានជិតពាក់កណ្តាលប្រមូលផ្ដុំគ្នារស់នៅក្នុងតំបន់តូចចង្អៀតនៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។ ការវិភាគបន្ថែមដោយសារព័ត៌មាន BBC Verify បង្ហាញពីទំហំនៃការបំផ្លិចបំផ្លាញនៃដីស្រែចំការ ដែលបានបញ្ជាក់ពីវិសាលភាពនៃការបំផ្លិចបំផ្លាញនៅក្នុងតំបន់ជាច្រើន ។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនកំពុងដាក់គោលដៅទាំងយុទ្ធជនក្រុមហាម៉ាស ទាំងហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម។ ឥឡូវនេះការវិភាគទិន្នន័យដោយផ្កាយរណបដែលទទួលបានដោយសារព័ត៌មាន BBC បង្ហាញពីវិសាលភាពពិតនៃការបំផ្លិចបំផ្លាញ។ ការវិភាគបានបង្ហាញថាអគារចន្លោះពី១៤៤.០០០ ទៅ ១៧៥.០០០ កន្លែង នៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីបទាំងមូលត្រូវបានខូចខាត ឬបំផ្លាញ។ ចំនួននោះគឺចន្លោះពី ៥០% ទៅ ៦១% នៃអគារសរុបនៅក្នុងតំបន់ហ្កាហ្សា ។ការវិភាគដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវខូរ៉េស្គ័រ(Corey Scher)នៃសាកលវិទ្យាល័យ City of New York និង Jamon Van Den Hoek នៃសាកលវិទ្យាល័យ Oregon State ប្រៀបធៀបរូបភាពដើម្បីបង្ហាញពីចំនួននៃអគារដែលរងផលប៉ះពាល់ ឬរចនាសម្ព័ន្ធនៃអគារដែលបង្ហាញពីការខូចខាត៕

នគរបាលប្រទេសស្រីលង្កា ប្រើកាណុងបាញ់ទឹក ឧស្ម័នបង្ហៀរទឹកភ្នែក លើក្រុមបាតុករដែលប្រឆាំងការដំឡើងពន្ធ

2024/01/31 02:27:37 pm        58
នគរបាលទីក្រុងកូឡុំបូ កាលពីថ្ងៃអង្គារ បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងប្រើកាណុងបាញ់ទឹក ទៅលើក្រុមបាតុករ ដែលប្រឆាំងការដំឡើងពន្ធច្រើនហួសហេតុ និងវិបត្តិសេដ្ឋកិច្ច នៅក្នុងប្រទេសស្រីលង្កា។បាតុករប្រមាណ ១០.០០០នាក់ បានចូលរួមក្នុងបាតុកម្មនេះ ដែលអំពាវនាវដោយគណបក្សប្រឆាំងធំ គណបក្សអំណាចប្រជាជនរួបរួម (United People's Power) ដែលបានតវ៉ាប្រឆាំងការចំណាយលើជីវភាពរស់នៅខ្ពស់ បន្ទាប់ពីរដ្ឋាភិបាល បានប្រកាសក្ស័យធនកាលពីខែមេសា ឆ្នាំ ២០២២។ មេដឹកនាំគណបក្សប្រឆាំងរបស់ប្រទេសស្រីលង្កា លោក សាជីត ព្រីម៉ាដាសា(Sajith Premadasa) បានចូលរួមជាមួយក្រុមបាតុករ និងបានរិះគន់ខ្លាំងៗដល់រដ្ឋាភិបាលចំពោះការដាក់សម្ពាធអមនុស្សធម៌បំផុតលើប្រជាជន និងជំរុញឱ្យមនុស្ស ២២ លាននាក់ ធ្លាក់ក្នុងភាពអត់ឃ្លាន។ ប្រទេសដីកោះមួយនេះ កំពុងប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ខណៈប្រទេសនេះត្រៀមរៀបចំសម្រាប់ការបោះឆ្នោតប្រធានាធិបតី។ កាលពីថ្ងៃអង្គារ ធនាគារកណ្តាលរបស់ប្រទេសស្រីលង្កា បានរក្សាអត្រាការប្រាក់ថេរ ស្របតាមការរំពឹងទុករបស់ទីផ្សារ ដោយបានអាក់ខានការកាត់អត្រាការប្រាក់ ខណៈពន្ធថ្មី បានគំរាមកំហែងសម្ពាធកើនឡើងលើការចំណាយ និងបានជំរុញឱ្យមានការព្រួយបារម្ភអំពីអតិផរណា។នៅដើមឆ្នាំ ២០២៤នេះ ប្រទេសដីកោះមួយនេះ បានដំឡើងពន្ធលើតម្លៃបន្ថែម (VAT) របស់ខ្លួនដល់ ១៨ភាគរយ ពី ចំនួន១៥ភាគរយ ដើម្បីបំពេញតាមគោលដៅចំណូលក្រោមកម្មវិធីរបស់មូលនិធីរូបីយវត្ថុអន្តរជាតិ(IMF)ចំនួន ២,៩ពាន់លានដុល្លារ រយៈពេលបួនឆ្នាំ។

កសិករបារាំង ខកចិត្តចំពោះសុន្ទរកថារបស់នាយករដ្ឋមន្ត្រី លោក Attal ខណៈការបិទផ្លូវនៅតែបន្ត

2024/01/31 02:23:25 pm        107
កសិករប្រទេសបារាំង បានបង្ហាញការខកចិត្តកាលពីថ្ងៃអង្គារ ចំពោះសុន្ទរកថា ដែលថ្លែងដោយនាយករដ្ឋមន្ត្រី លោកហ្កាប្រៀល អាតាល់(Gabriel Attal) ទៅកាន់សមាជិកសភា ដោយកសិករជាច្រើន បាននិយាយថា សម្តីរបស់មន្ត្រី នឹងមិនស្មើចំពោះវិធានការគ្រប់គ្រាន់ ដើម្បីដោះស្រាយកំហឹងរបស់ក្រុមបាតុករឡើយ។លោក Attal បាននិយាយ កាលពីថ្ងៃអង្គារថា កសិករបារាំង ដែលកំពុងធ្វើការតវ៉ានៅទូទាំងប្រទេស រយៈពេលជាងមួយសប្តាហ៍រហូតមកដល់ពេលនេះ នឹងក្លាយជាប្រធានបទចំពោះការលើកលែង។ លោកបាននិយាយបន្ថែមថា ប្រទេសបារាំង បានជួបប្រជុំក្រុមចម្រុះនៃប្រទេសសហភាពអឺរ៉ុបចំនួន ២២ប្រទេស ដែលព្រមព្រៀង លើការបន្តការលើកលែងរបស់សហភាពអឺរ៉ុបលើដីទំនេរ។ កសិករជាច្រើននាក់ បានចតត្រាក់ទ័រកាត់ផ្លូវហាយវេ ក្បែរទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ ជាថ្ងៃទីពីរនៃការបិទផ្លូវ ខណៈពួកគេបានបន្តបញ្ចុះបញ្ចូលរដ្ឋាភិបាលឱ្យជួយរកប្រាក់ចំណូលពីការងាររបស់ពួកគេ និងមានវិធានការប្រឆាំងការនាំចូលមានតម្លៃថោក។ កសិករនៅក្នុងប្រទេសបារាំង ជាប្រទេសផលិតផ្នែកកសិកម្មធំបំផុតរបស់សហភាពអឺរ៉ុប និយាយថា ពួកគេ មិនទទួលបានប្រាក់កម្រៃគ្រប់គ្រាន់ និងត្រូវបានរំខានដោយបទប្បញ្ញត្តិច្រើនហួសហេតុ លើការការពារបរិស្ថាន។ ការតវ៉ា បានបន្តរយៈពេលជាងមួយសប្តាហ៍ ប៉ុន្តែបានកើនឡើងកាន់តែខ្លាំងកាលពីថ្ងៃចន្ទ ដែលនាំទៅដល់ការរៀបចំកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ នៅពេលពួកគេសង្ឃឹមថាសកម្មភាពរបស់ពួកគេ និងកសិករផ្សេងទៀតនៅអឺរ៉ុប នឹងធ្វើឲ្យមានការចាប់អារម្មណ៍ពីអ្នកនយោបាយ ដែលបានផ្តោតតែទៅលើជំនួយសម្រាប់ប្រទេសអ៊ុយក្រែន និងថវិការបស់ប្លុកនេះ។ ការតវ៉ានៅប្រទេសបារាំង កើតមានឡើងបន្ទាប់ពីសកម្មភាពស្រដៀងគ្នានេះនៅក្នុងបណ្តាប្រទេសសហភាពអ៊ឺរ៉ុបផ្សេងទៀត រួមមានប្រទេសអាល្លឺម៉ង់ និងប៉ូឡូញ នៅមុនការបោះឆ្នោតសភាអឺរ៉ុប ក្នុងខែមិថុនា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ុយក្រែនប្រកាសកិច្ចព្រមព្រៀងការពារជាតិផ្តល់អន្តប្រយោជន៍គ្នាទៅវិញទៅមកជាមួយអារ៉ាប៊ីសាអ៊ូឌីត
03/27/2026 07:03 PM
លោកស្រី Frederiksen ចាប់ផ្តើមចរចារបង្កើតរដ្ឋាភិបាលចម្រុះ ដោយសង្ឃឹមថា នឹងបន្តតំណែងនាយករដ្ឋមន្ត្រីដាណឺម៉ាក
03/27/2026 07:03 PM
សារព័ត៌មានរដ្ឋអ៊ីរ៉ង់៖ ការដឹកជញ្ជូនចេញ-ចូលកំពង់ផែសម័្ពន្ធមិត្តអាមេរិក-អ៊ីស្រាអែល ត្រូវបានហាមផ្តាច់
03/27/2026 07:03 PM
ប៉ូឡូញ និងអេស្តូនី យល់ព្រមលើកិច្ចព្រមព្រៀងផលិតមីស៊ីលប្រឆាំងយានដ្រូនរយៈចម្ងាយជិត
03/27/2026 07:03 PM
ម៉ាឡេស៊ី ចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីររូប ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កម្ពុជា ដឹកនាំដោយហ្វីលីពីន
03/27/2026 07:03 PM
រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលគំរាមវាយប្រហារកើនឡើងលើទីតាំងអាវុធរបស់អ៊ីរ៉ង់
03/27/2026 07:03 PM
អូទ្រីសនឹងហាមឃាត់ការប្រើប្រាស់បណ្ដាញសង្គម សម្រាប់កុមារអាយុក្រោម ១៤ឆ្នាំ
03/27/2026 07:03 PM
ពលរដ្ឋយេម៉ែនព្រួយបារម្ភពីផលវិបាកសេដ្ឋកិច្ចបើសិនត្រូវបានអូសទាញចូលទៅក្នុងជម្លោះអាមេរិក-អ៊ីរ៉ង់
03/27/2026 07:03 PM
វិមានក្រឹមឡាំងច្រានចោលសេចក្តីរាយការណ៍ថាលោក Putinស្នើសុំឲ្យធុរជនផ្តល់មូលនិធិដល់កិច្ចខិតខំសង្រ្គាមរុស្ស៊ី
03/27/2026 07:03 PM
ផែនការរំសាយអាវុធក្រុមហាម៉ាស មានទាំងការបំផ្លាញផ្លូវរូងក្រោមដី នៅហ្កាហ្សា និងការរំសាយអាវុធបន្តិចម្តងៗ
03/27/2026 07:03 PM