សមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបទីតាំងសង្ស័យ Online Scams នៅកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនមនុស្ស ៩នាក់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ច្បាប់ប្រឆាំង Online Scam នឹងរួមចំណែក​ធានាមិនឱ្យបទល្មើសនេះ​ត្រឡប់វិញ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស ១៧នាក់ ពាក់ព័ន្ធករណី Online Scam ក្នុងភូមិសាស្ត្រ​សង្កាត់​វាលស្បូវ
សមត្ថកិច្ច ឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់ទៀត ជាប់ពាក់ព័ន្ធ Online Scam នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

មនុស្ស១៩នាក់ស្លាប់ ដោយគ្រោះថ្នាក់លើផ្លូវហាយវេ នៅប្រទេសម៉ិកស៊ិក

2024/01/31 02:13:55 pm        79
យោងតាមសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នានៅលើផ្លូវហាយវេ រវាងរថយន្តដឹកទំនិញ និងរថយន្តក្រុងដឹកអ្នកដំណើរនៅក្នុងរដ្ឋ Sinaloa ភាគពាយ័ព្យប្រទេសម៉ិកស៊ិក កាលពីថ្ងៃអង្គារ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៩នាក់ស្លាប់។អាជ្ញាធរក្នុងតំបន់ មិនទាន់បានប្រកាសអំពីចំនួនអ្នកស្លាប់ពិតប្រាកដនៅឡើយ ឬថាតើមនុស្សចំនួនប៉ុន្មាននាក់ផ្សេងទៀត បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ ដែលបានកើតឡើងនៅតាមបណ្តោយផ្លូវហាយវេនៅតំបន់ឆ្នេរ ដែលតភ្ជាប់ទីក្រុងឆ្នេរ ម៉ាហ្សាតឡាន(Mazatlan) និងទីក្រុង ឡូស ម៉ូឈីស(Los Mochis)។ យោងតាមការរាយការណ៍ បានឱ្យដឹងថា ចរាចរណ៍នៅលើផ្លូវហាយវេ ត្រូវបានបិទដោយសារតែគ្រោះថ្នាក់នេះ។ រូបភាពនៃឧបទ្ទវហេតុគ្រោះថ្នាក់ បានបង្ហាញឲ្យឃើញរថយន្តឆេះខ្លោច នៅតែមានភ្លើងឆេះ ដោយមានអណ្តាតភ្លើងនិងផ្សែងហុយចេញ ខណៈបុគ្គលិកសង្គ្រោះ បានមកដល់កន្លែងកើតហេតុ។

ការតវ៉ារបស់ក្រុមកសិករបែលហ្ស៊ិក ឈានចូលដល់ថ្ងៃទី៣ជុំវិញការឡើងថ្លៃទំនិញ នៅទីផ្សារ និងតម្លៃផលិតផលកសិកម្មទាប

2024/01/31 11:31:26 am        172
កសិករបែលហ្ស៊ិកបានបិទផ្លូវហាយវេនៅទូទាំងប្រទេសកាលពីថ្ងៃអង្គារ៣០ មករា ក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នានៃការតវ៉ាប្រឆាំងនឹងស្តង់ដារកសិកម្មដែលពួកគេនិយាយថាខ្ពស់ពេក ធ្វើឲ្យរងផលប៉ះពាល់ដោយសារតែការនាំចូលពីបរទេសមានតម្លៃទាប ហើយពលរដ្ឋត្រូវបានចំណាយខ្ពស់សម្រាប់កាជីវភាពប្រចាំថ្ងៃ។ ក្រុមកសិករបែលហ្ស៊ិក បានបិទផ្លូវសំខាន់ៗចូលទៅក្នុងកំពង់ផែរ ហ្ស៊ី ប្រាក់ (Zeebrugge) កាលពីថ្ងៃអង្គារ ទី៣០ ខែមករា ជាការពង្រីកការតវ៉ាដែលបង្កឲ្យមានក្ដីបារម្ភជុំវិញអនាគតការងារកសិកម្ម ដែលស្រដៀងទៅនឹងការតវ៉ានៅក្នុងប្រទេសបារាំងដែរ ។ ក្រុមអាជ្ញាធរនៅកំពង់ផែ ហ្ស៊ី ប្រាក់ ជាកំពង់ផែដឹកជញ្ជូនទំនិញអេឡិចត្រូនិក និងរថយន្តគ្រប់ប្រភេទ និងជាកំពង់ផែធំបំផុតទី២ របស់ប្រទេសនេះ បាននិយាយថាហាក់ដូចជាឆាប់ពេកក្នុងការវាយតម្លៃកម្រិតនៃការរំខានដោយបន្ថែមថា មានតែការធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញប៉ុណ្ណោះត្រូវបានប៉ះពាល់ ខណៈដែលក្រុមកសិករអនុញ្ញាឲ្យតែរថយន្តតូចខ្នាតឆ្លងកាត់។ ត្រាក់ទ័រមួយចំនួនបានសម្រុកទៅកាន់កំពង់ផែ កាលពីរសៀលថ្ងៃអង្គារ ដោយបិទផ្លូវហាយវេសំខាន់ឆ្ពោះទៅកាន់ច្រកចេញ ។រថយន្តដឹកទំនិញមួយចំនួនត្រូវបានអនុញ្ញាឲ្យឆ្លងកាត់រហូតដល់ពេលនគរបាលបានបិទច្រកចេញ។ កសិករបែកហ្ស៊ិក ក៏ដូចជាកសិករនៅក្នុងប្រទេសបារាំង កំពុងខឹងសម្បារយ៉ាងខ្លាំង ចំពោះការហក់ឡើងតម្លៃម្ហូបអាហារនិងទំនិញផ្សេងៗនៅតាមទីផ្សារ ហើយផលិតផលកសិកម្មក្នុងស្រុកមានតម្លៃទាប ប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ ព្រមទាំងគោលនយោបាយបរិស្ថានរបស់សហភាពអឺរ៉ុបជាដើម។ កសិករភាគច្រើននិយាយថា ពួកគេមានបំណងបិទទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាថ្ងៃដែលក្រុមមេដឹកនាំសហភាពអឺរ៉ុប ជួបជុំគ្នាក្នុងរដ្ឋធានី សម្រាប់កិច្ចប្រជុំកំពូលដែលបានធ្វើឡើងមុនការគ្រោងទុក៕

អគារជាច្រើនខ្នង ត្រូវបានកប់ក្នុងដីល្បប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បង្កឲ្យមានបំណាក់ដីនៅប៉េរូ

2024/01/31 11:28:30 am        202
ហេតុការណ៍សោកនាដកម្មនៅប្រទេសប៉េរូ បន្ទាប់ពីលំនៅឋានជាច្រើនខ្នង ត្រូវបានកប់នៅក្នុងបំណាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅតំបន់នានាក្នុងប្រទេសប៉េរូ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអង្គារថា ការធ្លាក់ព្រិលបានបណ្តាលឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុង Haural ក្នុងតំបន់ឆ្នេរភាគកណ្តាលប្រទេសប៉េរូ។ពលរដ្ឋ បានយកប៉ែល និងចបកាប់ ដើម្បីបង្វែរទឹកជំនន់នៅក្បែរលំនៅឋានរបស់ពួកគេ។ ការិយាល័យការពារជនស៊ីវិលទីក្រុង Huaral កំពុងវាយតម្លៃការខូចខាតដែលបានបង្កឡើង និងព្យាយាមកំណត់ការខាតបង់សេដ្ឋកិច្ចនៅក្នុងតំបន់នេះ។ទន្ទឹមនឹងនេះ នៅក្នុងទីក្រុងLa Oroya ទីក្រុងJunin ទឹកទន្លេដែលពេញហៀរ បានជន់លិចស្ពានមួយកន្លែងក្នុងតំបន់។ នៅទីក្រុងចានចាម៉ាយ៉ូ(Chanchamayo) រថយន្តក្រុងមួយគ្រឿង បានជាប់គាំងដោយសារតែចរន្តទឹកហូរខ្លាំង បង្កឡើងដោយទឹកភ្លៀងនៅក្នុងតំបន់។

មនុស្ស៤នាក់ស្លាប់ និងជាង១០នាក់រងរបួស បន្ទាប់ពីទូកលិចនៅជិតទីក្រុង Cancun ប្រទេសម៉ិកស៊ិក

2024/01/31 11:19:39 am        136
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៤ នាក់ បានស្លាប់ និងជាង១០នាក់ផ្សេងទៀត បានរងរបួស នៅពេលដែលទូកមួយគ្រឿង បានលិចនៅជិតទីក្រុងរមណីយដ្ឋានដ៏ពេញនិយមរបស់ម៉ិកស៊ិក។ឧបទ្ទវហេតុនេះ បានកើតឡើងនៅតាមផ្លូវពី តំបន់ អ៊ីស្លា មូជឺរ៉េស (Isla Mujeres) ទៅកាន់កំពង់ផែ ពូអឺតូ ជូអារ៉េស(Puerto Juarez)។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា សមាជិកនាវិក និងអ្នកបញ្ជាទូក ត្រូវបានឃុំខ្លួន បន្ទាប់ពីឧបទ្ទវហេតុនេះ។មនុស្សសរុបមានចំនួន១៩នាក់ ដែល១៦នាក់ជាអ្នកទេសចរ និង៣នាក់ជាសមាជិកនាវិក ស្ថិតនៅលើទូកនៅពេលទូកលិច។ ក្រុមមន្ត្រី និយាយថាមនុស្ស៨នាក់ ត្រូវបានជួយសង្គ្រោះ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពរបស់ពួកគេនោះទេ។ ទូកដែលមានប្រវែង ២៨ ហ្វីត តាមសេចក្តីរាយការណ៍ ជារបស់ក្រុមហ៊ុនមួយ មានទីតាំងនៅទីក្រុង Puerto Juárez មានសមត្ថភាពផ្ទុកមនុស្សត្រឹមតែ៦នាក់ប៉ុណ្ណោះ ដែលបានដាក់ចំនួនមនុស្សលើសចំណុះ៣ដង។អ្នកដំណើរដែលរងរបួស ត្រូវបានក្រុមគ្រូពេទ្យបឋមបញ្ជូនទៅកាន់មន្ទីរពេទ្យ Cancun យ៉ាងប្រញាប់ប្រញាល់ ហើយអាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុបន្ថែមនៃគ្រោះថ្នាក់នេះ។

មនុស្ស ១៥នាក់ បានស្លាប់ បន្ទាប់ពីការវាយប្រហាររបស់ពួកឧទ្ទាមនៅខេត្តមួយរបស់ប្រទេសប៉ាគីស្ថាន

2024/01/31 11:08:15 am        112
យោធាប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារដោយពួកសកម្មប្រយុទ្ធផ្ដាច់ខ្លួននៅក្នុងខេត្ត បាលុចឈីស្ថាន (Balochistan) ភាគនិរតីនៃប្រទេសប៉ាគីស្ថាន កាលពីល្ងាចថ្ងៃច័ន្ទ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥នាក់បានស្លាប់ រួមទាំងជនស៊ីវិលពីរនាក់ និងភ្នាក់ងារអនុវត្តច្បាប់បួននាក់។ទីភ្នាក់ងារទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) របស់យោធាប៉ាគីស្ថាន បាននិយាយថា ក្រុមសកម្មប្រយុទ្ធ រួមទាំងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានវាយប្រហារបរិវេណតំបន់ ម៉ាច (Mach) និងតំបន់ ខូលពួរ (Kolpur) ក្នុងខេត្តភាគនិរតី បាលុចឈីស្ថាន។ របាយការណ៍បានបន្ថែមថា យ៉ាងហោចណាស់ជនសកម្មប្រយុទ្ធ ៩នាក់ រួមទាំងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ៣នាក់ត្រូវបានសម្លាប់។កងទ័ពរំដោះ បាលុច (BLA) ដែលជាក្រុមលេចធ្លោបំផុតនៃក្រុមផ្ដាច់ខ្លួនជាច្រើននៅក្នុងខេត្តភាគនិរតី បាលុចឈីស្ថាន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ក្រុមនេះមានគោលបំណងសម្រេចបាននូវឯករាជ្យភាពសម្រាប់ខេត្ត បាលុចឈីស្ថាន ដែលសម្បូរទៅដោយភ្នំ និងរ៉ែ និងជាខេត្តធំបំផុតរបស់ប្រទេសប៉ាគីស្ថានតាមទំហំទឹកដី ប៉ុន្តែមានចំនួនប្រជាជនតិចបំផុត ហើយបានជួបប្រទះការបះបោរអស់រយៈពេលជាច្រើនទសវត្សរ៍៕

អ៊ីស្រាអែល នឹងផ្លាស់ប្តូរទាហានខ្លះ ទៅភាគខាងជើង ខណៈក្រុមអ្នកចរចាជំរុញឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា

2024/01/31 10:48:26 am        116
កងទ័ពអ៊ីស្រាអែល កំពុងរៀបចំផ្លាស់ប្តូរកងកម្លាំងរបស់ខ្លួនមួយចំនួនពីតំបន់ហ្កាហ្សាស្ទ្រីប ទៅកាន់ព្រំដែនលីបង់ដែលកំពុងមានភាពជ្រួលច្របល់ ខណៈដែលក្រុមអ្នកសម្រុះសម្រួលអន្តរជាតិ បានជំរុញឲ្យមានកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីបញ្ឈប់សង្គ្រាមជាមួយក្រុមហាម៉ាស។ដោយប្រជាជនហ្កាហ្សា ប្រឈមនឹងស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចហើយ ប្រធានអង្គការសហប្រជាជាតិ គ្រោងនឹងជួបនៅថ្ងៃអង្គារជាមួយក្រុមម្ចាស់ជំនួយសំខាន់ៗ ដែលបានផ្អាកការផ្តល់មូលនិធិ បន្ទាប់ពីសមាជិកនៃទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ ត្រូវបានគេចោទប្រកាន់ថា បានចូលរួម ក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលបង្កឲ្យមានសង្គ្រាម។ការភ័យខ្លាចចំពោះជម្លោះក្នុងតំបន់កាន់តែរីកធំឡើង បន្ទាប់ពីសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអ៊ែល ទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាឆ្លើយតបចំពោះការវាយប្រហារ ដែលបានសម្លាប់ទាហានអាមេរិកបីនាក់ នៅប្រទេសហ្ស៊កដានី។កងកម្លាំងថ្មើរជើងរបស់អ៊ីស្រាអែលដែលគាំទ្រដោយរថក្រោះ បានផ្តោតលើទីក្រុងខាន់យូនីស (Khan Yunis) ដែលជាស្រុកកំណើតរបស់មេដឹកនាំហាម៉ាស នៅតំបន់ហ្កាហ្សា លោកយ៉ាយ៉ា ស៊ីនវ៉ា ( Yahya Sinwar) ជាកន្លែងដែលសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន រាយការណ៍ពីការបាញ់កាំភ្លើងធំជុំវិញមន្ទីរពេទ្យ អាល់អាម៉ាល់ (Al-Amal) នៅពេលយប់។យោធាអ៊ីស្រាអែល បាននិយាយថា ការិយាល័យរបស់លោកស៊ីនវ៉ា ទីតាំងយោធា និង កន្លែងផលិតគ្រាប់រ៉ុក្កែតដ៏សំខាន់មួយ ត្រូវបានវាយឆ្មក់ដោយកងទ័ព។ប្រធានអ្នកនាំពាក្យ លោកដានីញ៉ែល ហាហ្គារី ( Daniel Hagari) បាននិយាយកាលពីថ្ងៃចន្ទថា យោធាអ៊ីស្រាអែល «បានសម្លាប់ភេរវករជាង ២.០០០ នាក់ទាំងពីលើ និងក្រោមដីនៅក្នុងតំបន់ខាន់យូនីស ដោយមិនបង្ហាញភ័ស្តុតាង។

ក្រុមហាម៉ាស និយាយថា ខ្លួនបានទទួលសំណើថ្មី សម្រាប់បទឈប់បាញ់បីដំណាក់កាល

2024/01/31 09:54:01 am        110
ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារ (៣០ មករា) ថាខ្លួនបានទទួល និងកំពុងសិក្សាលើសំណើថ្មីសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា ដែលបង្ហាញដោយក្រុមអ្នកសម្រុះសម្រួល បន្ទាប់ពីកិច្ចពិភាក្សាជាមួយអ៊ីស្រាអែល នៅក្នុងអ្វីដែលហាក់ដូចជាគំនិតផ្តួចផ្តើមសន្តិភាពដ៏ម៉ឹងម៉ាត់បំផុតអស់រយៈពេលជាច្រើនខែ។មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា សំណើនេះពាក់ព័ន្ធនឹងបទឈប់បាញ់បីដំណាក់កាល ក្នុងអំឡុងពេលដែលក្រុមនេះនឹងដោះលែងជនស៊ីវិលដែលនៅសេសសល់ជាលើកដំបូងក្នុងចំណោមចំណាប់ថ្នូរដែលខ្លួនចាប់បានកាលពីថ្ងៃទី០៧ ខែតុលា បន្ទាប់មកដោះលែងទាហាន និងចុងក្រោយបញ្ជូនសាកសពចំណាប់ថ្នូរដែលត្រូវបានសម្លាប់។មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនោះមិនបានបញ្ជាក់ថាតើដំណាក់កាលនេះនឹងមានរយៈពេលប៉ុន្មាន ឬអ្វីដែលត្រូវបានគេរំពឹងទុកតាមដំណាក់កាលចុងក្រោយនោះទេ។ ប៉ុន្តែវាជាលើកទីមួយហើយ ចាប់តាំងពីការដួលរលំនៃបទឈប់បាញ់ដ៏ខ្លីតែមួយគត់នៃសង្រ្គាមមកទល់ពេលនេះ នៅចុងខែវិច្ឆិកា ដែលព័ត៌មានលម្អិតត្រូវបានចេញផ្សាយអំពីសំណើថ្មីដែលកំពុងត្រូវបានពិចារណាដោយភាគីទាំងពីរ។សំណើបទឈប់បាញ់នេះបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាក្នុងទីក្រុងប៉ារីស ដែលមានប្រធានចារកម្មមកពីអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអេហ្ស៊ីប ជាមួយនឹងនាយករដ្ឋមន្ត្រីប្រទេសកាតា៕

អឺរ៉ុប រងគ្រោះខ្លាំងបំផុតដោយសារការឡើងថ្លៃប្រេង ដែលបង្កឡើងដោយវិបត្តិសមុទ្រក្រហម

2024/01/31 09:48:50 am        122
អឺរ៉ុបនឹងរងការគ្រោះខ្លាំងបំផុត និងជួបប្រទះបញ្ហាប្រឈមដ៏ធំបំផុត ទាក់ទងនឹងការផ្គត់ផ្គង់ប្រេងដែលត្រូវបានរឹតត្បិត បន្ទាប់ពីការវាយប្រហារនាពេលថ្មីៗនេះដោយក្រុមចលនាឧទ្ទាម ហ៊ូទី (Houthi) ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់។ នោះជាទស្សនៈរបស់លោក ចូណាថាន់ ឡាំ(Jonathan Lamb)អ្នកវិភាគទីផ្សារប្រេង និងឧស្ម័នមកពីធនាគារវិនិយោគ Wood and Company ក្នុងតំបន់អឺរ៉ុប។ ក្រុមហ៊ូទី បានចាប់ផ្តើមរលកនៃការបំផ្ទុះយានដ្រូន និងមីស៊ីល នាវាពាណិជ្ជកម្ម និងកងទ័ពជើងទឹក ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។ ជាការឆ្លើយតប ក្រុមហ៊ុនដឹកជញ្ជូន បានបង្វែរផ្លូវធ្វើដំណើររបស់នាវារាប់រយគ្រឿងនៅជុំវិញផ្លូវទឹក Cape of Good Hope របស់អាហ្វ្រិកខាងត្បូង ដែលចំណាយពេលយូរជាង ចន្លោះពី១០ថ្ងៃទៅ១៤ថ្ងៃ និងមានតម្លៃថ្លៃជាងការឆ្លងកាត់សមុទ្រក្រហម និងព្រែកជីកស៊ុយអេ។ លោក ឡាំ បានប្រាប់កម្មវិធី Europe's Global Business របស់ទូរទស្សន៍ CGTNថា លោកគិតអំពីតម្លៃប្រេងពិតប្រាកដ រាល់ពេលដែលមានវិបត្តិបែបនេះ តម្លៃប្រេងមាននិន្នាការឡើងថ្លៃយ៉ាងឆាប់រហ័ស ។ លោកគិតថា នឹងមិនជះផលប៉ះពាល់ខ្លាំងដល់តម្លៃប្រេងយូរអង្វែងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវចាំថា តំបន់មួយនៃពិភពលោកដែលរងគ្រោះដោយវិបត្តិនៅសមុទ្រក្រហមគឺអឺរ៉ុប។ អាស៊ី នឹងអាចទទួលបានប្រេងឆៅ និងផលិតផល និងឧស្ម័នធម្មជាតិរបស់ខ្លួនជាធម្មតា។ សហរដ្ឋអាមេរិក មិនទិញច្រើនពីមជ្ឈិមបូព៌ាទេ។ ដូច្នេះ ពិតជាប៉ះពាល់ដល់ពលរដ្ឋនៅអឺរ៉ុប។ ការវាយប្រហាររបស់ក្រុម ហ៊ូទី ដាក់គោលដៅលើផ្លូវមួយដែលមានប្រហែល១៥ ភាគរយនៃចរាចរណ៍ដឹកជញ្ជូនរបស់ពិភពលោក ហើយដើរតួជាច្រកដ៏សំខាន់រវាងអឺរ៉ុប និងអាស៊ី៕

អ៊ីរ៉ង់ប្រយ័ត្នប្រយែងចំពោះការឆ្លើយតបពីអាមេរិក បន្ទាប់ពីការវាយប្រហារដ៏សាហាវលើទាហាននៅហ្ស៊កដានី

2024/01/31 09:45:25 am        80
ក្រុមអ្នកអត្ថាធិប្បាយអ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃអង្គារ ៣០ ខែមករា អំពីការសងសឹកខាងយោធារបស់សហរដ្ឋអាមេរិកបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានសន្យាថានឹងឆ្លើយតបដ៏ធ្ងន់ធ្ងរចំពោះការស្លាប់របស់ទាហានខ្លួន ប៉ុន្តែភាគច្រើនបានយល់ស្របថាសង្រ្គាមពេញបន្ទុកទំនងជានឹងមិនកើតឡើងក្នុងពេលឆាប់ៗនេះទេ។ លោកប្រធានាធិបតីអាមេរិក Joe Biden បានស្តីបន្ទោស ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ចំពោះការវាយប្រហារដោយយានដ្រូនកាលពីថ្ងៃអាទិត្យលើមូលដ្ឋានទ័ពវាលខ្សាចដាច់ស្រយាលក្នុងប្រទេសហ្ស៊កដានីក្បែរប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដែលបានសម្លាប់កងកម្លាំងអាមេរិកបីនាក់។ ការស្លាប់របស់យោធាអាមេរិកលើកដំបូងនៅក្នុងការវាយប្រហារមួយចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា បានធ្វើឱ្យភាពតានតឹងឡើងកម្ដៅខ្លាំងរវាងសត្រូវយូរអង្វែង ទាំង២ នៅដើមឆ្នាំនៃកាបោះឆ្នោតរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៤នេះ។ សត្រូវដ៏យូរលង់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានរងគ្រោះរៀងៗខ្លួន និងអត់ធ្មត់ខ្លាំងព្រោះតែពួកគេមិនចង់បានសង្រ្គាម ដូច្នេះការព្រមានរបស់លោក Biden បានធ្វើឱ្យអ៊ីរ៉ង់ទស្សន៍ទាយអំពីវិធានការបន្ទាប់។ អ្នកវិភាគនយោបាយ លោកអាម៉េដ ហ្សេដាបាលី (Ahmad Zeidabadi)បានសរសេរនៅក្នុងកាសែត ហាម មីហាន (Ham Mihan) ថា លទ្ធភាពដែលលោក Biden នឹងបញ្ជាឱ្យមានការវាយប្រហារដោយផ្ទាល់ទៅលើគោលដៅនានារបស់អ៊ីរ៉ង់ មិនអាចត្រូវបានព្រងើយកន្តើយឡើយ ។ ប៉ុន្តែលោកបាននិយាយថាការវាយប្រហារណាមួយរបស់អាមេរិកទំនងជាផ្តោតលើមូលដ្ឋានទ័ពអ៊ីរ៉ង់ក្នុងប្រទេសផ្សេងទៀត៕

លោក Netanyahu ៖ គ្មានការដកទ័ពអ៊ីស្រាអែល ចេញពីតំបន់ហ្កាហ្សាឡើយ រហូតទាល់តែ ទទួលបានជ័យជម្នះទាំងស្រុង

2024/01/31 09:39:25 am        131
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្តេជ្ញាជាថ្មីទៀតថានឹងមិនដកកងទ័ពចេញពីតំបន់ហ្កាហ្សាឡើយ រហូតទទួលបានជ័យជម្នះទាំងស្រុង ដែលជាការរំលឹកពីគម្លាតដ៏ធំនៅក្នុងជំហរជាសាធារណៈនៃភាគីជម្លោះសូម្បីតែការផ្អាកប្រយុទ្ធជាបណ្ដោះអាស្នក៏ដោយ។ ក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃអង្គារ៣០ខែមករា ថាខ្លួនបានទទួល និងកំពុងសិក្សាសំណើថ្មីសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្កាហ្សា ដែលបង្ហាញដោយក្រុមអ្នកសម្របសម្រួល បន្ទាប់ពីកិច្ចពិភាក្សាជាមួយអ៊ីស្រាអែល ជាអ្វីដែលទំនងជាគំនិតផ្តួចផ្តើមសន្តិភាពដ៏ជាក់លាក់បំផុតអស់រយៈពេលជាច្រើនខែមកនេះ។ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាសបានប្រាប់សារព័ត៌មាន Reuters ថា សំណើនេះពាក់ព័ន្ធនឹងបទឈប់បាញ់បីដំណាក់កាល អំឡុងពេលក្រុមនេះ នឹងដោះលែងជនស៊ីវិលដែលនៅសេសសល់ជាលើកដំបូងក្នុងចំណោមចំណាប់ខ្មាំងដែលខ្លួនចាប់បានកាលពីថ្ងៃទី ៧ ខែតុលា បន្ទាប់មក ទាហាន ហើយចុងក្រោយ គឺសាកសពចំណាប់ខ្មាំងដែលត្រូវបានសម្លាប់។ មន្ត្រីដែលបាននិយាយសុំមិនបញ្ចេញឈ្មោះ ពុំបានបញ្ជាក់ថាតើដំណាក់កាលទាំងនោះ នឹងមានរយៈពេលយូរប៉ុណ្ណា ឬលទ្ធភាព ដែលនឹងធ្វើតាមដំណាក់កាលចុងក្រោយនោះទេ។ ប៉ុន្តែនេះជាលើកទីមួយហើយ ចាប់តាំងពីផុតសុពលភាពបទឈប់បាញ់រយៈពេលខ្លីនៃសង្រ្គាមមកទល់ពេលនេះ កាលពីចុងខែវិច្ឆិកា ដែលព័ត៌មានលម្អិតត្រូវបានចេញផ្សាយអំពីសំណើថ្មីដែលកំពុងត្រូវបានពិចារណាដោយភាគីទាំងពីរ។ សំណើបទឈប់បាញ់បានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាក្នុងទីក្រុងប៉ារីសដែលមានប្រធានចារកម្មមកពីអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអេហ្ស៊ីប និងនាយករដ្ឋមន្ត្រីកាតា។ នៅក្នុងការកត់សម្គាល់នៃភាពហ្មត់ចត់នៃការចរចានេះ ប្រធានក្រុមហាម៉ាស លោកអ៊ីស្មេលហានីយ៉េ (Ismail Haniyeh) បាននិយាយថា លោកនឹងទៅកាន់ទីក្រុងគែរ(Cairo)របស់អេហ្ស៊ីប ដើម្បីពិភាក្សាបញ្ហានេះ ដែលជាដំណើរជាសាធារណៈលើកដំបូងរបស់លោកនៅទីនោះរយៈពេលជាងមួយខែ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

«ជប៉ុនបង្ហាញជំហររឹងមាំ៖ បន្តគាំទ្រសន្តិភាព និងការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា»
03/27/2026 09:03 PM
ហ្វូងមនុស្សជួបជុំគ្នានៅសួនកម្សាន្តទីក្រុងតូក្យូ ប្រទេសជប៉ុនពេលដែលផ្កាសាគូរ៉ាកំពុងរីកស្គុះស្គាយ
03/27/2026 09:03 PM
នាយករដ្ឋមន្រ្តីកាតា និងក្រុមមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក ពិភាក្សាទំនាក់ទំនងយុទ្ធសាស្រ្ត ស្របពេលសង្រ្គាមអ៊ីរ៉ង់
03/27/2026 09:03 PM
ប្រទេសសិង្ហបុរី ចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីររូបចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន
03/27/2026 09:03 PM
មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ អំពាវនាវឲ្យសិស្សានុសិស្សស្រុកស្វាយទាបជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវខិតខំសិក្សាដើម្បីឲ្យក្លាយជាទំពាំងស្នងឫស្សីដ៏ល្អ
03/27/2026 08:03 PM
ករណីថ្នាំញៀនជាង ៤តោន : ផ្តន្ទាទោសជនជាប់ចោទ ១២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត
03/27/2026 08:03 PM
ប្រមុខសិទ្ធិមនុស្ស UN ជំរុញឲ្យអាមេរិកបញ្ចប់ការស៊ើបអង្កេត ជុំវិញការវាយប្រហារលើសាលារៀននៅអ៊ីរ៉ង់
03/27/2026 08:03 PM
ពលរដ្ឋលីបង់បដិសេធន៍មិនព្រមចាកចេញពីទីក្រុងរបស់ខ្លួនជាដាច់ខាត បើទោះបីជាត្រូវស្លាប់ក៏ដោយ
03/27/2026 08:03 PM
របាយការណ៍៖ សហរដ្ឋអាមេរិកប្រើប្រាស់មីស៊ីល Tomahawk ជិត ៩០០គ្រាប់ លើអ៊ីរ៉ង់
03/27/2026 08:03 PM
អ៊ុយក្រែនប្រកាសកិច្ចព្រមព្រៀងការពារជាតិផ្តល់អន្តប្រយោជន៍គ្នាទៅវិញទៅមកជាមួយអារ៉ាប៊ីសាអ៊ូឌីត
03/27/2026 07:03 PM