សមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបទីតាំងសង្ស័យ Online Scams នៅកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនមនុស្ស ៩នាក់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ច្បាប់ប្រឆាំង Online Scam នឹងរួមចំណែក​ធានាមិនឱ្យបទល្មើសនេះ​ត្រឡប់វិញ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស ១៧នាក់ ពាក់ព័ន្ធករណី Online Scam ក្នុងភូមិសាស្ត្រ​សង្កាត់​វាលស្បូវ
សមត្ថកិច្ច ឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់ទៀត ជាប់ពាក់ព័ន្ធ Online Scam នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

កូរ៉េខាងត្បូង៖ កូរ៉េខាងជើងបាញ់មីស៊ីល តម្រង់គោលដៅជាច្រើនគ្រាប់ នៅថ្ងៃអង្គារនេះ ជាលើកទី៣ក្នុងមួយសប្ដាហ៍

2024/01/30 10:56:31 am        112
យោធាកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលតម្រង់គោលដៅ(cruise missiles)មិនស្គាល់ប្រភេទជាច្រើនគ្រាប់ នៅថ្ងៃអង្គារ ទី៣០ខែមករា នេះ ចូលទៅក្នុងសមុទ្រក្បែរឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ក្លាយជាលើកទី៣ ដែលទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅក្នុងពេលមិនដល់មួយសប្ដាហ៍ផង។ នាយអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាមីស៊ីលនេះត្រូវបានបាញ់នៅម៉ោងប្រហែល៧ព្រឹក ម៉ោងនៅឧបទ្វីបកូរ៉េ ។ ប្រភពខាងលើបាននិយាយថា ក្រុមអាជ្ញាធរចារកម្មអាមេរិក និងកូរ៉េខាងត្បូង កំពុងតាមដានយ៉ាងដិតដល់ពីស្ថានភាពនោះ។ ការបាញ់នេះ បានកើតមានឡើង ស្របពេលភាពតានតឹងកើនឡើងខ្លាំង នៅលើឧបទ្វីបកូរ៉េ និងក្រោយការបាញ់មីស៊ីលតម្រង់គោលដៅមួយគ្រាប់ផ្សេងទៀត ដោយកូរ៉េខាងជើងជិតឆ្នេរសមុទ្រខាងកើតរបស់ខ្លួនកាលពីថ្ងៃអាទិត្យ។សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីសប្ដាហ៍មុនថា ប្រទេសនេះបានសាកល្បងមីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រប្រភេទថ្មីមួយគ្រាប់៕

កំហឹងរបស់ក្រុមកសិករបែលហ្ស៊ិក រាលដាលកាន់តែខ្លាំង ឈានដល់ការបិទផ្លូវហាយវេ និងតវ៉ាក្នុងទីក្រុងព្រុចសែល

2024/01/30 10:52:42 am        183
ក្រុមកសិករបាននាំគ្នាបិទផ្លូវហាយវេនានានៅក្នុងភាគខាងត្បូងប្រទេសបែលហ្ស៊ិក និងចតត្រាក់ទ័រ តម្រៀបគ្នានៅមុខសភាសហភាពអឺរ៉ុបកាលពីថ្ងៃ ជាការចូលរួមចលនាតវ៉ា ដែលបានដាក់សម្ពាធលើរដ្ឋាភិបាលនានារបស់ប្លុកអឺរ៉ុប រយៈពេលប៉ុន្មានខែមុនការបោះឆ្នោតនៅសហភាពអឺរ៉ុប ។ ត្រាក់ទ័រចន្លោះពី៣០ទៅ៤០គ្រឿង ត្រូវបានចតនៅលើផ្លូវ E19 ក្នុងភាគខាងត្បូងទីក្រុងព្រុចសែល កាលពីព្រឹកថ្ងៃចន្ទ ដោយកសិករភាគច្រើន បានចំណាយពេលស្នាក់នៅពេលយប់ក្នុងបន្ទប់បើកបរ ឬនៅជុំវិញភ្នក់ភ្លើង នេះជាការបិទមួយក្នុងការចំណោមការបិទផ្លូវមួយចំនួននៅតំបន់ វ៉ាឡូនីញ៉ា (Wallonia) និយាយភាសាបារាំង ភាគច្រើន ។ នៅក្នុងទីលានចតុរង្គ ឌឺ ម៉េស (de Meeûs) ស្ថិតនៅបីប្លុកពីសភាសហភាពអឺរ៉ុប ត្រាក់ទ័រជាច្រើនគ្រឿងក៏បានចតផងដែរដោយចុចស៊ីផ្លេ ជាអ្វីដែលក្រុមអ្នករៀបចំនិយាយថា ក្នុងបំណងបង្អាក់ផែនការដែលបានគ្រោងទុកសម្រាប់កិច្ចប្រជុំកំពូលមេដឹកនាំសហភាពអឺរ៉ុបនៅក្នុងទីក្រុងនេះនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ក្រុមកសិករបានស្ដីបន្ទោសសហភាពអឺរ៉ុបចំពោះអ្វីដែលពួកគេនិយាយថា ស្តង់ដារកសិកម្មកំពុងរឹតត្បិតកាន់តែខ្លាំង ដែលធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចចំណូលធុកិច្ចរបស់ពួកគេ និងបន្ទាបតម្លៃផលិតផលកសិកម្មរបស់ពួកគេ ដោយបើកឲ្យមានការនាំចូលផលិតពីបរទេសក្នុងតម្លៃទាប ប៉ះពាល់ដល់ជីវិភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។ សកម្មភាពនេះ បានឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ស្រដៀងគ្នានៅក្នុងប្រទេសបារាំងដែរ ជាទីដែលត្រាក់ទ័រជាច្រើនបានបិទផ្លូវហាយវេ ជុំវិញទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ៕

ប៉ាគីស្ថាន និងអ៊ីរ៉ង់ព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ ក្រោយការវាយប្រហារដោយមីស៊ីល

2024/01/30 10:44:42 am        126
ប៉ាគីស្ថាន និងអ៊ីរ៉ង់កាលពីថ្ងៃចន្ទ២៩ មករាបាននិយាយថា ពួកគេគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ហើយនឹងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីផ្សះផ្សាទំនាក់ទំនង បន្ទាប់ពីការវាយប្រហារដោយមីស៊ីល ទៅលើអ្វីដែលពួកគេនិយាយថាជាគោលដៅរបស់ក្រុមសកម្មប្រយុទ្ធ។រដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរបានជួបពិភាក្សាគ្នានៅក្នុងរដ្ឋធានីរបស់ប៉ាគីស្ថានប៉ុន្មានថ្ងៃបន្ទាប់ពីការចល័តយោធារបស់ពួកគេកាលពីដើមខែមករា បានបង្កើនការព្រួយបារម្ភអំពីអស្ថិរភាពកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា។ រដ្ឋមន្ត្រីការបរទេសចាំផ្ទះរបស់ប៉ាគីស្ថាន លោក ចាលីល អាបាស ជីឡានី(Jalil Abbas Jilani) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយសមភាគីអ៊ីរ៉ង់លោក ហូសេន អាម៊អាប់ដូឡាហៀន(Hossein Amir Abdollahian)បាននិយាយថា ប្រទេសជិតខាងទាំង២នេះ មានបណ្តាញទំនាក់ទំនងខ្លាំងជាច្រើនជាមួយគ្នាទៅវិញទៅមក។ លោក ជីឡានី បាននិយាយថា ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងតំបន់រៀងៗខ្លួន និងបង្កើតប្រព័ន្ធពិគ្រោះយោបល់នៅកម្រិតរដ្ឋមន្ត្រីការបរទេស ដើម្បីត្រួតពិនិត្យវឌ្ឍនភាពលើវិស័យនានា។ ចំណែក លោក អាប់ដូឡាហៀន បាននិយាយថា ប្រទេសទាំងពីរមានការយោគយល់គ្នាល្អ ហើយថាមិនដែលមានការខ្វែងគំនិតគ្នាលើទឹកដី ឬសង្រ្គាមរវាងអ៊ីរ៉ង់ និងប៉ាគីស្ថានឡើយ។លោក បានបន្ថែមថា ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) នឹងធ្វើទស្សនកិច្ចនៅប៉ាគីស្ថាន ក្នុងពេលឆាប់ៗនេះ។ទំនាក់ទំនងរវាងប្រទេសទាំងពីរបានជូរចត់ខ្លាំង បន្ទាប់ពីការវាយប្រហារដោយមីស៊ីល ដែលធ្វើឲ្យប្រទេសប៉ាគីស្ថានបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅទីក្រុងតេអេរ៉ង់ ហើយមិនអនុញ្ញាតឱ្យសមភាគីរបស់លោកត្រឡប់ទៅទីក្រុងអ៊ីស្លាម៉ាបាដ ក៏ដូចជាការលុបចោលរាល់ទំនាក់ទំនងការទូត និងពាណិជ្ជកម្មកម្រិតខ្ពស់ទាំងអស់៕

លោក Biden ប្រឈមនឹងសម្ពាធក្នុងការវាយប្រហារប្រទេសអ៊ីរ៉ង់ បន្ទាប់ពីទាហានអាមេរិកត្រូវបានសម្លាប់

2024/01/30 09:05:26 am        118
ការសម្លាប់ទាហានអាមេរិកបីនាក់ និងរបួសរាប់សិបនាក់ កាលពីថ្ងៃអាទិត្យដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងដាក់សម្ពាធនយោបាយលើលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដើម្បីដោះស្រាយការវាយប្រហារដោយផ្ទាល់ប្រឆាំងនឹងអ៊ីរ៉ង់ ដោយជាជំហានមួយដែលលោកស្ទាក់ស្ទើរក្នុងការធ្វើដោយភ័យខ្លាចការបញ្ឆេះសង្រ្គាមកាន់តែទូលំទូលាយ។ក្រុមអ្នកជំនាញបាននិយាយថា ជម្រើសឆ្លើយតបរបស់លោក បៃដិន អាចមានច្រើនយ៉ាងរាប់ចាប់ពីការកំណត់គោលដៅលើកងកម្លាំងអ៊ីរ៉ង់នៅខាងក្រៅ រហូតដល់ខាងក្នុងប្រទេសអ៊ីរ៉ង់ ឬជ្រើសរើសការវាយប្រហារសងសឹកដែលមានការប្រុងប្រយ័ត្នជាងនេះ ប្រឆាំងនឹងពួកសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ដែលជាអ្នកទទួលខុសត្រូវលើការវាយប្រហារលើកងទ័ពអាមេរិក។កងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ាត្រូវបានវាយប្រហារច្រើនជាង ១៥០ដង ដោយកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី ហ្ស៊កដានី និងនៅក្រៅឆ្នេរសមុទ្រនៃប្រទេសយេម៉ែន ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងក្នុងខែតុលាមក។ការវាយប្រហារផ្សេងទៀតមិនបានសម្លាប់ទាហានអាមេរិក ឬបង្កឲ្យរងរបួសច្រើននាក់នោះទេ គឺមានតែការវាយប្រហារកាលពីថ្ងៃអាទិត្យ លើប៉ុស្តិ៍យោធាដាច់ស្រយាលមួយដែលគេស្គាល់ថាជា ប៉ម-២២ (Tower 22) នៅជិតព្រំដែនភាគឦសាននៃប្រទេសហ្ស៊កដានី ជាមួយប្រទេសស៊ីរីនេះប៉ុណ្ណោះ។ ហេតុការណ៍នោះបានអនុញ្ញាតឱ្យលោក បៃដិន មានលំហនយោបាយដើម្បីឆ្លើយតបនឹងការសងសឹករបស់សហរដ្ឋអាមេរិក ដោយធ្វើការវាយប្រហារបកលើកងកម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់ ហើយមិនប្រថុយនឹងការកើតមានសង្រ្គាមដោយផ្ទាល់ជាមួយទីក្រុងតេអេរ៉ង់៕

អ៊ីស្រាអែល ចូលវាយលុកថ្មីទីក្រុងហ្កាហ្សា ខណៈអាមេរិកប្តេជ្ញាថា នឹងចាត់វិធានការចាំបាច់បន្ទាប់ពីទាហានត្រូវបានសម្លាប់

2024/01/30 09:01:46 am        122
ប្រទេសអ៊ីស្រាអែល បានបើកការវាយលុកទៅលើទីក្រុងធំបំផុតនៅតំបន់ហ្កាហ្សា ប៉ុន្មានសប្តាហ៍បន្ទាប់ពីការដកខ្លួនចេញពីទីក្រុងនេះ ខណៈទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាកាលពីថ្ងៃចន្ទថា នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារកងទ័ពរបស់ខ្លួន បន្ទាប់ពីការវាយប្រហារដ៏ឃោឃៅនៅប្រទេសហ្ស៊កដានី ជាការស្លាប់របស់យោធាសហរដ្ឋអាមេរិកលើកដំបូងនៅមជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមហ្កាហ្សា បានចាប់ផ្តើម។ មួយថ្ងៃ បន្ទាប់ពីសមាជិកអង្គភាពសេវាអាមេរិកបីនាក់នៅក្នុងប្រទេសហ្ស៊កដានី ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ ៣៤ នាក់ បានរងរបួស ជាអ្វីដែលទីក្រុងវ៉ាស៊ីនតោន ហៅថាការវាយប្រហារដោយយានដ្រូនធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ រដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden កំពុងស្ថិតនៅក្រោមសម្ពាធដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដោយមិនបង្កឱ្យមានសង្រ្គាមកាន់តែរីកធំ។ រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin បាននិយាយកាលពីថ្ងៃចន្ទ នៅមន្ទីរបញ្ចកោណ ថា លោកប្រធានាធិបតី និងលោក នឹងមិនអត់ធ្មត់ចំពោះការវាយប្រហារលើកងកម្លាំងសហរដ្ឋអាមេរិកនោះទេ ហើយយើងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសហរដ្ឋអាមេរិក និងកងទ័ពរបស់យើង។ អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បាននិយាយថា យើងមិនចង់ឱ្យមានសង្រ្គាមកាន់តែរីកធំជាមួយប្រទេសអ៊ីរ៉ង់នោះទេ។ នៅតំបន់ហ្កាហ្សាភាគខាងជើង ពលរដ្ឋបាននិយាយថា ការវាយប្រហារតាមអាកាស កាលពីថ្ងៃចន្ទលើសង្កាត់នានានៅទូទាំងទីក្រុងហ្កាហ្សា ជាទីក្រុងធំបំផុតនៃតំបន់ហ៊ុមព័ទ្ធ បានសម្លាប់ និងធ្វើឲ្យរបួសមនុស្សជាច្រើននាក់។ ពួកគេ បាននិយាយថា ខណៈរថក្រោះអ៊ីស្រាអែល បានបាញ់ផ្លោងនៅតំបន់ភាគខាងកើតទីក្រុង នាវាកងទ័ពជើងទឹក បានបាញ់ទៅលើតំបន់ឆ្នេរនៅភាគខាងលិច។ ការជំរុញជាថ្មីរបស់អ៊ីស្រាអែល នៅក្នុងទីក្រុងហ្កាហ្សា ជាកន្លែងដែលពលរដ្ឋរាយការណ៍ពីការប្រយុទ្ធគ្នាដោយកាំភ្លើងយ៉ាងខ្លាំង នៅជិតមន្ទីរពេទ្យ Al-Shifa ដោយបាននិយាយថា សង្រ្គាមនឹងពុំមានផែនការទេ។

អ៊ីស្រាអែល ចោទបុគ្គលិកអង្គការសហប្រជាជាតិចំនួន ១៩០នាក់ ថាជាសមាជិកក្រុមសកម្មប្រយុទ្ធ

2024/01/30 08:56:06 am        120
ឯកសារស៊ើបការណ៍ចារកម្មសម្ងាត់របស់អ៊ីស្រាអែល ដែលបានជំរុញឱ្យប្រទេសមួយចំនួនបញ្ឈប់ការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិប៉ាឡេស្ទីន រួមបញ្ចូលការចោទប្រកាន់ថាបុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារនេះបានចូលរួមក្នុងការចាប់ខ្លួន និងការសម្លាប់ក្នុងអំឡុងពេលការវាយឆ្មក់កាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា។ឯកសារដែលមានប្រាំមួយទំព័រ ឃើញដោយសារព័ត៌មានរ៉យទ័រនោះ បានចោទប្រកាន់ថាបុគ្គលិករបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនជាតិប៉ាឡេស្ទីន UNRWA ប្រហែល ១៩០នាក់ រួមទាំងគ្រូបង្រៀនជាច្រើននាក់ គឺជាសមាជិកក្រុមហាម៉ាស ឬពួកសកម្មប្រយុទ្ធអ៊ីស្លាមជីហាដ។អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូចារីក (Stephane Dujarric) បាននិយាយកាលពីថ្ងៃចន្ទ ថាអង្គការសហប្រជាជាតិមិនទាន់បានទទួលច្បាប់ចម្លងឯកសារផ្លូវការនោះទេ។ ប៉ាឡេស្ទីនបានចោទប្រកាន់អ៊ីស្រាអែលពីបទក្លែងបន្លំព័ត៌មានដើម្បីបង្ខូចទីភ្នាក់ងារជំនួយ UNRWA ដែលបាននិយាយថាខ្លួនបានបណ្តេញបុគ្គលិកមួយចំនួន និងកំពុងស៊ើបអង្កេតការចោទប្រកាន់នេះ។មន្ត្រីអ៊ីស្រាអែលម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្ស ១៩០នាក់ ដែលបានរៀបរាប់នៅក្នុងឯកសារនោះគឺជា «អ្នកប្រយុទ្ធដ៏រឹងរូស និងជាឃាតករ» ចំណែកឯបុគ្គលិកទីភ្នាក់ងារ UNRWA ប្រហែល ១០ភាគរយ ត្រូវបានគេជឿថាមានទំនាក់ទំនងទូទៅជាមួយក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដ៕

មន្ទីរបញ្ចកោណ៖ អាមេរិក គ្មានបំណងស្វែងរកការធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ទេ ក្រោយការវាយប្រហារនៅហ្ស៊កដានី

2024/01/30 08:51:22 am        140
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ អូស្ទីន (Lloyd Austin)កាលពីថ្ងៃចន្ទ បានប្តេជ្ញាថា សហរដ្ឋអាមេរិកនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារកងទ័ពរបស់ខ្លួនក្រោយការវាយប្រហារដោយយានដ្រូននៅប្រទេសហ្ស៊កដានីដោយពួកសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ទោះជារដ្ឋបាលប្រធានាធិបតីលោក Joe Biden បានសង្កត់ធ្ងន់ថា ខ្លួនមិនស្វែងរកការធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ក៏ដោយ។ ការវាយប្រហារកាលពីថ្ងៃអាទិត្យបានសម្លាប់ទាហានអាមេរិកបីនាក់ និងបណ្ដាលឲ្យទាហានជាង ៤០នាក់ រងរបួស។ នេះគឺជាការវាយប្រហារដ៏សាហាវលើកដំបូងប្រឆាំងនឹងទាហានអាមេរិក ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីខែតុលាឆ្នាំ២០២៣ និងកត់សម្គាល់ការកើនឡើងដ៏កាន់តែខ្លាំងក្នុងភាពតានតឹងដែលបានគ្របសង្កត់លើតំបន់មជ្ឈិមបូព៌ា។ លោក អូស្ទីន (Austin)បាននិយាយនៅឯមន្ទីរបញ្ចកោណថា លោកសុំបញ្ចេញកំហឹង និងទុក្ខព្រួយរបស់លោកចំពោះការស្លាប់របស់ទាហានដ៏ក្លាហានបីនាក់របស់អាមេរិកនៅហ្ស៊កដានី និងសម្រាប់កងទ័ពផ្សេងទៀតដែលរងរបួស។ លោក Austin បានបន្ថែមនៅពេលចាប់ផ្តើមជំនួបជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅឯមន្ទីរបញ្ចកោណថា លោកប្រធានាធិបតី និងរូបលោកនឹងមិនអត់ធ្មត់ចំពោះការវាយប្រហារលើកងកម្លាំងសហរដ្ឋអាមេរិកទេ ហើយយើងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសហរដ្ឋអាមេរិក និងកងទ័ពរបស់យើង។ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ដូចដែលលោកប្រធានាធិបតីបាននិយាយកាលពីម្សិលមិញ យើងនឹងឆ្លើយតប ហើយការឆ្លើយតបនោះអាចមានច្រើនកម្រិត ជាដំណាក់កាល និងបន្តគ្រប់ពេលវេលា។ប៉ុន្តែក្រុមមន្ត្រីនៅទូទាំងរដ្ឋបាលលោកBiden បាននិយាយថា ពួកគេមិនចង់ឱ្យស្ថានការណ៍រីកកាន់តែធំទៀតនោះទេ។ មន្ទីរបញ្ចកោណ បានណែនាំថា អ៊ីរ៉ង់ក៏មិនចង់បានសង្រ្គាមដែរ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រីសាប្រ៊ីណាស៊ីញ(Sabrina Singh)បានប្រាប់អ្នកសារព័ត៌មានថា យើងពិតជាមិនស្វែងរកសង្រ្គាមទេ ហើយនិយាយដោយត្រង់ទៅ យើងមើលមិនឃើញថាអ៊ីរ៉ង់ចង់ធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិកទេ ។ លោកស្រីបានបន្ថែមថា មន្ទីរបញ្ចកោណជឿថា អ៊ីរ៉ង់ក៏មិនចង់មានសង្គ្រាមដែរ៕

ករសិករបារាំងពោពេញដោយកំហឹងបិទផ្លូវឡោមព័ទ្ធទីក្រុងប៉ារីស ប្រឆាំងនឹងការចំណាយខ្ពស់ និងការនាំចូលមានតម្លៃថោក

2024/01/30 08:47:28 am        128
ត្រាក់ទ័រជាច្រើនគ្រឿងចតចម្រង់ជួរជាខ្សែយ៉ាងវែង បានបិទផ្លូវហាយវេនៅជិតទីក្រុងប៉ារីស និងទូទាំងប្រទេសបារាំងកាលពីថ្ងៃចន្ទ ខណៈក្រុមកសិករបានគំរាមដល់អ្វីដែលត្រូវបានហៅថាជាការឡោមព័ទ្ធ ទីក្រុងប៉ារីស។ ការបិទផ្លូវសរុបចំនួន ២៥ខ្សែ បានកើតឡើងនៅទូទាំងប្រទេស ដោយមានបាតុករប្រមាណ១.៧០០នាក់ ប្រមូលផ្ដុំតាមផ្លូវនានា ស្របពេលពួកគេបន្តការតវ៉ាប្រឆាំងនឹងការចំណាយខ្ពស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយទំនិញនាំចូលមានតម្លៃថោក និងផលប៉ះពាល់នៃគោលនយោបាយបម្រែបម្រួលអាកាសធាតុ ជាដើម។ លោក ផាកាល់ ឌីប្រេស (Pascal Desprez) ជាកសិករម្នាក់មានវ័យ៦៥ ឆ្នាំ ដែលធ្វើការក្នុងវិស័យកសិកម្មអស់រយៈពេល ៤២ ឆ្នាំបាននិយាយនៅលើផ្លូវ A10 ក្បែរទីក្រុងប៉ារីសថា យើងនៅទីនេះដោយសារតែយើងមិនសប្បាយចិត្តនឹងគោលនយោបាយកសិកម្ម។ ក្រុមកសិករនិយាយថាពួកគេកំពុងត្រូវបានគេច្របាច់កដោយបទប្បញ្ញត្តិ ហើយអះអាងថារបៀបរស់នៅតាមជនបទកំពុងប្រឈមនឹងការដួលរលំ។ ការតវ៉ាដែលកំពុងបន្តនៅទូទាំងប្រទេសដោយក្រុមកសិករបារាំងឥឡូវនេះកំពុងក្លាយជាវិបត្តិធ្ងន់ធ្ងរសម្រាប់លោកនាយករដ្ឋមន្ត្រីថ្មី ហ្កាប្រៀល អាតាល់ (Gabriel Attal)ដែលទើបតែបម្រើការងារមិនទាន់បានមួយខែផងនោះ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ម៉ាក ហ្វេ ណូ (Marc Fesneau) និយាយថា បំណងប្រាថ្នារបស់រដ្ឋាភិបាលគឺចង់ដើរចេញពីវិបត្តិ និងផ្តល់ការឆ្លើយតបជាក់លាក់។ ក្រុមរដ្ឋមន្ត្រីបានប្រកាសរួចហើយពីវិធានការថ្មីមួយចំនួន រួមទាំងសំណងដើម្បីទូទាត់ពន្ធលើពន្ធប្រេងសម្រាប់កសិកម្ម ជាការកាត់បន្ថយស្តង់ដារបរិស្ថាន និងការសម្រួលបទប្បញ្ញត្តិ។ ក្រុមកសិករក៏ចង់បិទផ្សារបន្លែ និងផ្លែឈើលក់ដុំដ៏ធំនៅជាយក្រុងប៉ារីសផងដែរ ប៉ុន្តែរដ្ឋមន្ត្រីមហាផ្ទៃបាននិយាយថា ការធ្វើបែបនេះ នឹងក្លាយជាបន្ទាត់ក្រហមសម្រាប់រដ្ឋាភិបាល ហើយនគរបាលចំនួន ១៥.០០០ នាក់ត្រូវបានដាក់ពង្រាយកាលពីថ្ងៃចន្ទ ដើម្បីតាមដានសកម្មភាពតវ៉ាទាំងឡាយ៕

ក្រុមមូស្លីមនៅអាមេរិក រិះគន់លោកស្រី Pelosi ដែលថាការតវ៉ាបទឈប់បាញ់ហ្កាហ្សា ទាក់ទងនឹងរុស្ស៊ី

2024/01/29 01:58:45 pm        159
ក្រុមមូស្លីមអាមេរិកមួយក្រុមបានរិះគន់អតីតប្រធានសភាតំណាងរាស្រ្ត លោកស្រី នែនស៊ី ផេឡូស៊ី (Nancy Pelosi) កាលពីថ្ងៃអាទិត្យ (២៨ មករា) បន្ទាប់ពីលោកស្រី បានលើកឡើងដោយមិនផ្តល់ភស្តុតាងថា ក្រុមអ្នកតវ៉ាមួយចំនួនដែលទាមទារបទឈប់បាញ់នៅតំបន់ហ្កាហ្សា អាចជាប់ពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី និងបានជំរុញឱ្យការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ធ្វើការស៊ើបអង្កេត។ការអត្ថាធិប្បាយរបស់អតីតប្រធានសភាតំណាងរាស្រ្តរូបនេះត្រូវបានច្រានចោលថាជា «ការលាបពណ៌ដែលមិនមានភស្តុតាង» ដោយក្រុមប្រឹក្សាទំនាក់ទំនងអាមេរិក-អ៊ីស្លាម (CAIR) ដែលបាននិយាយថា ការលើកឡើងបែបនេះគឺជាការបន្ទាបបន្ថោកប្រជាជនប៉ាឡេស្ទីន។លោកស្រី ផេឡូស៊ី បានធ្វើការលើកឡើងនេះនៅក្នុងបទសម្ភាសន៍របស់ទូរទស្សន៍ CNN បន្ទាប់ពីលោកស្រីត្រូវបានគេសាកសួរថា តើការប្រឆាំងទៅនឹងគោលនយោបាយរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ក្នុងសង្គ្រាមនៅហ្កាហ្សា អាចធ្វើឱ្យប៉ះពាល់ដល់គណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា ដែរឬទេ។ការអត្ថាធិប្បាយរបស់លោកស្រី ផេឡូស៊ី គឺជាលើកទីមួយហើយដែលសមាជិកសភាអាមេរិកដ៏លេចធ្លោម្នាក់បានចោទប្រកាន់មេដឹកនាំរុស្ស៊ី ថាបានគាំទ្រក្រុមបាតុករអាមេរិក ដែលអំពាវនាវឱ្យមានបទឈប់បាញ់៕

រដ្ឋអាហ្វ្រិកខាងលិចចំនួនបី ដែលដឹកនាំដោយរបបយោធាបានចាកចេញពីប្លុកតំបន់ ECOWAS

2024/01/29 01:51:58 pm        131
ប្រទេសនីហ្សេ ម៉ាលី និងបួគីណាហ្វាសូ ដែលជារដ្ឋអាហ្វ្រិកខាងលិចចំនួនបី ដឹកនាំដោយយោធា បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មករា) ថាពួកគេកំពុងចាកចេញជាបន្ទាន់ពីសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) ដែលជាប្លុកសេដ្ឋកិច្ចក្នុងតំបន់ដែលបានជំរុញឱ្យបណ្ដាប្រទេសទាំងនោះត្រឡប់ទៅការគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យវិញ។ការសម្រេចរបស់រដ្ឋទាំងបី ដែលត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមក្នុងពេលដំណាលគ្នានៅលើប៉ុស្តិ៍ទូរទស្សន៍ជាតិរបស់ពួកគេនេះ គឺជាការប៉ះទង្គិចដល់កិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មក្នុងតំបន់របស់ប្លុក បន្ទាប់ពីខ្លួនបានផ្អាកសមាជិកភាពរបស់ប្រទេសទាំងនេះ ក្រោយការធ្វើរដ្ឋប្រហារ។ជំហាននេះអាចធ្វើឲ្យប្លុក ECOWAS កាន់តែចុះខ្សោយបន្ថែមទៀត ខណៈខ្លួនជួបការលំបាកក្នុងការទប់ស្កាត់ការដកថយតាមបែបប្រជាធិបតេយ្យនៅក្នុងតំបន់អាហ្វ្រិកខាងលិច។ ជាការឆ្លើយតបទៅនឹងការដកខ្លួននេះ ប្លុក ECOWAS បាននិយាយថា ខ្លួនមិនទាន់ទទួលបានការជូនដំណឹងជាផ្លូវការណាមួយអំពីការចាកចេញរបស់ប្រទេសទាំងបីនេះទេ ហើយបានបដិសេធការអត្ថាធិប្បាយបន្ថែម។ប្លុកអាហ្រ្វិកខាងលិចមួយនេះធ្លាប់បាននិយាយថា ខ្លួនមិនទទួលស្គាល់រដ្ឋាភិបាលដែលដឹកនាំដោយយោធាឡើយ ដោយប្តេជ្ញាថាការធ្វើរដ្ឋប្រហារនឹងមិនអាចអត់ឱនបានទៀតទេបន្ទាប់ពីការកាន់កាប់យោធានៅក្នុងប្រទេសម៉ាលី បួគីណាហ្វាសូ និងហ្គីណេ និងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅហ្គីណេប៊ីស្សូ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

«ជប៉ុនបង្ហាញជំហររឹងមាំ៖ បន្តគាំទ្រសន្តិភាព និងការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា»
03/27/2026 09:03 PM
ហ្វូងមនុស្សជួបជុំគ្នានៅសួនកម្សាន្តទីក្រុងតូក្យូ ប្រទេសជប៉ុនពេលដែលផ្កាសាគូរ៉ាកំពុងរីកស្គុះស្គាយ
03/27/2026 09:03 PM
នាយករដ្ឋមន្រ្តីកាតា និងក្រុមមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក ពិភាក្សាទំនាក់ទំនងយុទ្ធសាស្រ្ត ស្របពេលសង្រ្គាមអ៊ីរ៉ង់
03/27/2026 09:03 PM
ប្រទេសសិង្ហបុរី ចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីររូបចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន
03/27/2026 09:03 PM
មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ អំពាវនាវឲ្យសិស្សានុសិស្សស្រុកស្វាយទាបជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវខិតខំសិក្សាដើម្បីឲ្យក្លាយជាទំពាំងស្នងឫស្សីដ៏ល្អ
03/27/2026 08:03 PM
ករណីថ្នាំញៀនជាង ៤តោន : ផ្តន្ទាទោសជនជាប់ចោទ ១២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត
03/27/2026 08:03 PM
ប្រមុខសិទ្ធិមនុស្ស UN ជំរុញឲ្យអាមេរិកបញ្ចប់ការស៊ើបអង្កេត ជុំវិញការវាយប្រហារលើសាលារៀននៅអ៊ីរ៉ង់
03/27/2026 08:03 PM
ពលរដ្ឋលីបង់បដិសេធន៍មិនព្រមចាកចេញពីទីក្រុងរបស់ខ្លួនជាដាច់ខាត បើទោះបីជាត្រូវស្លាប់ក៏ដោយ
03/27/2026 08:03 PM
របាយការណ៍៖ សហរដ្ឋអាមេរិកប្រើប្រាស់មីស៊ីល Tomahawk ជិត ៩០០គ្រាប់ លើអ៊ីរ៉ង់
03/27/2026 08:03 PM
អ៊ុយក្រែនប្រកាសកិច្ចព្រមព្រៀងការពារជាតិផ្តល់អន្តប្រយោជន៍គ្នាទៅវិញទៅមកជាមួយអារ៉ាប៊ីសាអ៊ូឌីត
03/27/2026 07:03 PM