បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ
កងរាជអាវុធហត្ថ កំពុងស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងធំពាក់ព័ន្ធករណីគ្រឿងញៀនប្រមាណជិត ២០០គីឡូក្រាម
មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ចូលសារភាពហើយ
ស្នងការខេត្តកោះកុង៖សមត្ថកិច្ចទទួលបានតម្រុយ មន្ត្រីនគរបាលព្រំដែនខេត្តកោះកុងដែលបាញ់មនុស្សស្លាប់ម្នាក់ និងរបួសម្នាក់ហើយ

សន្តិសុខ និង សង្គម

រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក មនុស្សស្លាប់ ២២នាក់ និងរបួស៦៩នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

2023/11/29 10:17:52 am        480
ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានបណ្ដាលឲ្យមានមនុសស្លាប់ចំនួន ២២នាក់ និងរបួសធ្ងន់ស្រាលចំនួន ៦៩នាក់ ដែលភាគច្រើនជាអ្នកជិះម៉ូតូ ។យោងតាមរបាយកាណ៍របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃនោះ គឺថ្ងៃ​ទី២៦ មានស្លាប់ ចំនួន៥នាក់ និងរងរបួសសរុបចំនួន ៩នាក់, ថ្ងៃទី២៧ ស្លាប់ចំនួន ៣នាក់ និងរងរបួសសរុប ១៨នាក់ និងនៅថ្ងៃទី២៨ ស្លាប់ចំនួន ១៤នាក់ និងរងរបួសចំនួន ៤២នាក់ ។ប្រភពបានបន្តថា មូលហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បង្កឡើង​ដោយសារ​បើកបរ​លើស​ល្បឿនកំណត់, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, ប្រជែងគ្រោះថ្នាក់, កត្តា​យានយន្ត និងបើកបរក្នុងស្ថានភាពស្រវឹង ៕

អង្គការសុខភាពពិភពលោកព្រមានថា ជំងឺអាចសម្លាប់មនុស្សច្រើនជាងការទម្លាក់គ្រាប់បែកនៅហ្កាហ្សាទៅទៀត

2023/11/29 09:44:11 am        313
ការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីបបានសម្លាប់មនុស្សជាង ១៥.០០០ នាក់រួចមកហើយ ភាគច្រើននៃពួកគេបានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសដ៏បំផ្លិចបំផ្លាញដែលបានប្រែក្លាយភូមិឋាននានាទៅជាគំនរថ្មបាក់បែក។ប៉ុន្តែ អង្គការសុខភាពពិភពលោកព្រមានថា មនុស្សកាន់តែច្រើនអាចស្លាប់ដោយសារជំងឺជាងគ្រាប់បែកប្រសិនបើប្រព័ន្ធសុខភាពនៃតំបន់ដែលត្រូវបានរងការឡោមព័ទ្ធមិនត្រូវបានជួសជុលនោះទេ។គ្មានថ្នាំពេទ្យ គ្មានសកម្មភាពចាក់វ៉ាក់សាំង គ្មានលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ និងគ្មានអាហារ។ លោកស្រី ម៉ាហ្ការ៉េត ហារីស (Margaret Harris) អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃអង្គារបាននិយាយថា ទីភ្នាក់ងារនេះកំពុងមើលឃើញការកើនឡើងដ៏គ្រោះថ្នាក់ នៃជំងឺរាគរូសចំពោះកុមារប៉ាឡេស្ទីន។ លោកស្រីនិយាយថា យើងបានឃើញករណីជំងឺរាគក្នុងចំណោមទារកដ៏ច្រើន ជាថ្មីម្តងទៀត ហើយ គ្មានការព្យាបាលសម្រាប់ពួកគេទេ។ អ្នកដឹងទេ ប្រសិនបើអ្នកមានកូនដែលមានជំងឺរាគ អ្នកត្រូវផ្តល់ជាតិទឹកដល់ពួកគេឡើងវិញ ដើម្បីបន្តរហូតដល់ពួកគេធូរស្រាល ហើយប្រសិនបើអ្នកមិនអាចធ្វើបានទេ ពួកគេអាចស្លាប់យ៉ាងឆាប់រហ័សដោយសារកង្វះជាតិទឹក។ លោកស្រី Harris បានបន្ថែមថា ជិតបីភាគបួននៃមន្ទីរពេទ្យ ឬ ២៦ ក្នុងចំណោមមន្ទីរ៣៦កន្លែង បានបិទទាំងស្រុងនៅតំបន់ហ្កាហ្សា ដោយសារតែការទម្លាក់គ្រាប់បែក ឬកង្វះប្រេងឥន្ធនៈ។ នៅក្រោមលក្ខខណ្ឌនៃការផ្អាកការប្រយុទ្ធ អ៊ីស្រាអែលបានអនុញ្ញាតឱ្យជំនួយបន្ថែមទៀតហូរចូលទៅក្នុងតំបន់ហ្កាហ្សា រួមទាំងអាហារ ទឹក និងថ្នាំពេទ្យ ទោះបីជាភ្នាក់ងារផ្ដល់ជំនួយនិយាយថាបទឈប់បាញ់រយៈពេលខ្លីនេះ មិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការដ៏ធំធេងក៏ដោយ៕

សម្ដេច​ធិបតី៖ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបញ្ចប់ទៅដោយជោគជ័យមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ

2023/11/29 09:05:43 am        517
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង​អកអំបុកឆ្នាំនេះ ដែលមានសាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ។សម្ដេច​ធិបតី​ នាយករដ្ឋមន្រ្ដី និង​ភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣នេះ។ សម្ដេច​ធិបតីថ្លែង​ថា ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញ និងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល៣ថ្ងៃនេះ។ សម្ដេច​បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ។ ខ្ញុំសូមសរសើរចំពោះបងប្អូនគណៈកម្មការគ្រប់គ្រងការប្រកួតក៏ដូចជាកីឡាករ កីឡាការនីដែលចូលរួមក្នុងការប្រណាំងទូក និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រកួត ក៏ដូចជាខិតខំប្រកួតដោយស្មារតីសាមគ្គីភាព និងគោរពគ្នាទៅវិញទៅមក ដែលធ្វើឱ្យការប្រកួតអុំទូកនេះមានភាពជោគជ័យជារួម ទោះជាលទ្ធផលយ៉ាងណាក៏ដោយសម្រាប់ទូកនីមួយៗ។ សម្ដេច​ធិបតី ថ្លែង​អំណរគុណ ដល់បណ្ដាក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានចូលរួមរៀបចំប្រទីបស្អាតៗទាំងសោភ័ណភាព ទាំងអត្ថន័យល្អៗ ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋបានទស្សនាក្នុងពេលរាត្រី ក្រោយពេលប្រណាំងទូកបានបញ្ចប់ក្នុងថ្ងៃនីមួយៗ។ ជាមួយគ្នានេះដែរការរៀបចំកន្លែងកម្សាន្ត​ និង​ការប្រគំតន្ត្រីជាច្រើនកន្លែង បានញ៉ាំងឱ្យពិធីនេះកាន់តែមានភាពអធិកអធម និងសប្បាយរីករាយសម្រាប់ប​ងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស​មកលេងកម្សាន្ត។​ជាមួយគ្នានេះ សម្ដេច​ធិបតី ក៏បានថ្លែងអំណរគុណដល់ក្រុមការងារសម្តែងគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ សិល្បៈ ការីនីទាំងអស់ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពរីករាយ និងការរាំលេងកំសាន្តគ្រប់ទីកន្លែងដល់​មហាជន ប្រកបដោយភាពស្រស់ស្រាយ និងសប្បាយអឺងកង ។ សម្ដេច​ធិបតីបញ្ជាក់ថា ភាពជោគជ័យនេះ អាចសម្រេចទៅបាន គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសេចក្តីសុខ សុវត្ដិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កលក្ខណ:គ្រប់បែបយ៉ាង ដើម្បីបម្រើដល់ដំណើរការនៃព្រះរាជពិធីបុណ្យជាតិនេះឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយបំផុត៕អត្ថបទ៖ វ៉ន ដារ៉ា 

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ថ្លែងអំណរគុណមន្រ្តីសុខាភិបាលខិតខំប្រចាំការ នាឱកាសព្រះរាជពិធីបុណ្យអុំទូក

2023/11/28 12:32:37 pm        76
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាល ដែលបានចូលរួមលះបង់ពេលវេលា ទាំងកម្លាំងកាយចិត្ត ក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ដោយប្រសិទ្ធិភាពខ្ពស់ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣,នាព្រឹកថ្ងៃទី២៨ ខែវិចិ្ឆកានេះ។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី សូមធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមគ្រូពេទ្យប្រចាំការ ក្រុមរថយន្តគិលានសង្រ្គោះ ដែលបានបំពេញការងារក្នុងរយ:ពេល៣ថ្ងៃនេះ បានយ៉ាងល្អប្រសើរ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានស្នើឱ្យមន្រ្តីសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ និងខិតខំបន្តទៀតក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកបន្ថែមអំពីសារៈសំខាន់ និងអត្ថន័យនៃការជួយសង្រ្គោះអាទិភាព មានចំនួន ៤ពណ៌ ដែលក្រុមគិលានសង្រ្គោះត្រូវយកចិត្តទុកក្នុងការជួយដល់ជនរងគ្រោះ ដើម្បីបង្កើនប្រសិទ្ធិភាពថែមទៀតលើការងារជួយសង្រ្គោះ នៅតាមពិធីបុណ្យជាតិធំៗ ដែលមានមនុស្សច្រើន និងករណីមានការឡើងជាយថាហេតុណាមួយ។ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលពាក់ព័ន្ធ ជាពិសេសក្រុមគ្រូពេទ្យប្រចាំការ និងក្រុមគិលានសង្រ្គោះដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ចូលរួមបំពេញភារកិច្ច ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋនាឱកាសដ៏វិសេសវិសាលនេះ។ ឯកឧត្តមរដ្ឋមន្រ្តី សូមជូនពរដល់ប្រជាពលរដ្ឋទាំងអស់ ទទួលបាននូវសុខភាពល្អ និងសប្បាយរីករាយ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នេះ។សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានត្រៀមក្រុមគ្រូពេទ្យ និងរថយន្តគិលានុសង្រ្គោះ សរុបចំនួន ៧០គ្រឿង ដែលមានរថយន្តប្រចាំការតាមគោលដៅ ចំនួន ៥០គ្រឿង រថយន្តគ្លីនិកចល័ត ចំនួន ៤គ្រឿង និងជម្រកតង់ពិនិត្យសុខភាពដើម្បីផ្តល់សេវាសុខាភិបាល ចំនួន១៥កន្លែង ដែលផ្តល់សេវា២៤ម៉ោងលើ២៤ម៉ោង។ ដោយឡែកនៅទីស្តីការក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តគិលានសង្រ្គោះ ចំនួន២០គ្រឿង ដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់ក្នុងករណីចាំបាច់បំផុតផងដែរ៕

ឧត្តមសេនីយ៍ត្រី អេង ហ៊ី បំភ្លឺ ករណីគោយន្តពលរដ្ឋជិះទៅច្រូតស្រូវ ត្រូវបានប៉េអ៊ឹមចាប់ និងមានការប្រើហឹង្សារួមទាំងផ្ទុះអាវុធនៅខេត្តព្រះវិហារ

2023/11/28 12:15:43 pm        976
ព្រះវិហារ៖ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០២៣នេះ បាន​ចេញសេចក្តីបំភ្លឺ អំពីករណីការផ្សព្វផ្សាយថា “គោយន្តពលរដ្ឋជិះទៅច្រូតស្រូវ ត្រូវបានប៉េអ៊ឹមចាប់ និងមានការប្រើហឹង្សារួមទាំងផ្ទុះអាវុធទៀតផង ដៃកាន់ខ្នោះដៃកាន់ដំបងអីណា...ក្អេងក្អាង..សក្តិម៉ានហ្នឹងប្រូ...”។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បំភ្លឺថា តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឱ្យដឹងថា៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣៤នាទី ក្រុមការងារនៃអង្គការអនាគតយើង ប្រចាំនៅតំបន់ភ្នំត្នោត សហការជាមួយនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ “Wildlife Alliance” បានរៀបចំកម្លាំងចំនួន៥នាក់ ដឹកនាំដោយឈ្មោះ ណុប ថេត ភេទប្រុស អាយុ ៤៤ ឆ្នាំ, លោក ថន សំណាង ភេទប្រុស ជាយោធិននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំនៅតំបន់ភ្នំត្នោត ភ្ជាប់ជាមួយអាវុធចំនួនមួយដើមនាំគ្នាដើរល្បាតការពារដីសហគមន៍ ដល់ចំណុចខាងត្បូងភូមិដូរ ចម្ងាយប្រហែល ២ គីឡូម៉ែត្រ បានជួបប្រជាពលរដ្ឋមួយគ្រួសារ មានគ្នាចំនួន ៥ នាក់ កំពុងសង់ខ្ទមមួយកន្លែង នៅកណ្ដាលព្រៃ គ្មានដីស្រែ និងដីចម្ការនៅក្បែរខ្ទមនោះទេ (តំបន់ដែនជម្រកសត្វព្រៃបឹងពែ) ពេលនោះក្រុមការងារ បាននាំខ្លួនមនុស្ស​ចំនួនពីរនាក់ ប្ដីប្រពន្ធ ដែលមិនស្គាល់អត្តសញ្ញាណ និងគោយន្តចំនួនមួយគ្រឿង ដើម្បីយកទៅសួរនាំនៅទីស្នាក់ការ ក្នុងការចូលមកកាប់រុករានទន្ទ្រានយកដីព្រៃ និង ៣នាក់ទៀតទុកឲ្យចាំខ្ទម។ នៅវេលាម៉ោង១៦និង៣៩នាទី ធ្វើដំណើរដល់ចំណុចខាងលិច ភូមិរលំស្លែង ចម្ងាយប្រហែលមួយគីឡូម៉ែត្រ ស្រាប់តែមានប្រជាពលរដ្ឋមួយក្រុម មានគ្នាប្រហែល ៣០ នាក់ មកពីភូមិអង្គ្រង បានធ្វើការតវ៉ា រំដោះយកមនុស្សប្រុសស្រី ពីរនាក់ប្ដីប្រពន្ធ និងគោយន្តកន្ត្រៃចំនួន១គ្រឿង វិលត្រឡប់ទៅភូមិអង្គ្រងវិញ នៅពេលអន្តរាគមន៍រំដោះយកមនុស្ស និងគោយន្តនាពេលនោះក៍មានការប៉ះទង្គិចគ្នា ប្រតាយប្រតប់គ្នា ហើយខាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបាញ់អាវុធគំរាមទៅលើចំនួនមួយគ្រាប់។ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦និង០០នាទី ឈ្មោះណុប ថេត ប្រចាំនៅតំបន់ភ្នំត្នោត បានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកសង្គមថ្មី អំពីករណីប្រជាពលរដ្ឋទាំងនោះមករេរាំងសមត្ថកិច្ច រំដោះមនុស្ស និងគោយន្តកន្ត្រៃវិញពីក្នុងដៃសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ករណីខាងលើនេះ។លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់ថា ការប្រឆាំងនឹងអ្នករាជការសាធារណៈ គឺជាអំពើប្រឆាំងដោយប្រើការតទល់ដោយហិង្សា នឹងអ្នករាជការសាធារណៈដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់ បញ្ជារបស់អាជ្ញាធរសាធារណៈ ឬសេចក្តីសម្រេចរបស់តុលាការ។ អំពើប្រឆាំងដោយហិង្សាទៅលើការអនុវត្តការងារសាធារណៈ ឬការងារដែលមានប្រយោជន៍ជាសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៣ខែ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅប្រាំសែនរៀល។ សូមបុគ្គលដែលពាក់ព័ន្ធមេត្តាគោរពច្បាប់ដូចមានចែងក្នុងមាត្រា៥០៣ និងមាត្រា៥០៦ នៃក្រមព្រហ្មទណ្ឌ។លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់ថា ​ចំពោះលោកព្រិន្ទបាលឯក ថន សំណាង ជានាយទាហាននៃកងរាជអាវុធហត្ថ ដែលបានអនុវត្តផ្ទាល់នៅក្នុងរឿងហេតុនេះ កងរាជអាវុធហត្ថនឹងធ្វើការត្រួតពិនិត្យ ហើយនឹងជម្រាបជូននៅពេលបញ្ចប់ការត្រួតពិនិត្យ៕

ថ្ងៃទី០២នៃព្រះរាជពិធីបុណ្យអុំទូក៖ សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ និងមានប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ

2023/11/28 11:24:04 am        2906
ភ្នំពេញ៖ នៅថ្ងៃទី០២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ និងមាន​ប្រជាពលរដ្ឋ​មក​ចូលរួម​កម្សាន្ត​សប្បាយ​យ៉ាង​ច្រើនកុះករប្រមាណ ១លាន ៧សែននាក់។ កម្លាំងត្រៀម​អន្តរាគមន៍​បាន​ចេញ​ជួយ​សង្រ្គោះ​ករណី​ទូកប្រណាំងលិចទឹកចំនួន ០៤ទូក ដោយ បានជួយសង្រ្គោះកីឡាករសរុប ១១៩​នាក់ និងជួយសង្គ្រោះកីឡាករធ្លាក់ពីលើទូកចំនួន ១៧នាក់ ប្រកបដោយសុវត្ថិភាព។ នេះបើយោង​តាម​របស់អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ។យោង​តាមរបាយការណ៍របស់អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់​ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ បានឲ្យដឹងថា កម្លាំងត្រៀមអន្តរាគមន៍ បាន​ចេញជួយសង្រ្គោះករណីទូកប្រណាំងលិចទឹកចំនួន ០៤ទូក ដោយ បានជួយ​សង្រ្គោះ​កីឡាករ​សរុប ១១៩នាក់ និងជួយសង្គ្រោះកីឡាករធ្លាក់ពីលើទូកចំនួន ១៧នាក់ ប្រកបដោយសុវត្ថិភាព។ បាន​ចុះផ្សព្វផ្សាយអប់រំស្ដីពីការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យតាមបណ្តាយានដ្ឋាន ផ្ទះជួល ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន នៅជុំវិញតំបន់ប្រារព្ធព្រះរាជពិធីបុណ្យសរុប ១៤គោលដៅ។ ក្រុម​គ្រូ​ពេទ្យ​ប្រចាំការ​នៅ​តាម​គោល​ដៅ​បាន​ធ្វើកា​រ​សង្រ្គោះ​បឋម​ដល់​អ្នក​ដែល​មាន​បញ្ហា​សុខភាព​សរុប​ចំនួន ២.៦៥៩នាក់ (ស្រី ៤៧៦នាក់) និងបញ្ជូនទៅសង្រ្គោះ នៅ មន្ទីរពេទ្យចំនួន ០២នាក់។គ្រប់ទីបញ្ជាការស្រាល (គិតពីម៉ោង ០៧:០០ព្រឹក ដល់ម៉ោង ១៩:០០យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣) សភាពការណ៍នៅក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក ថ្ងៃទី០២ ត្រូវនឹងថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ នេះ ដែលមាន​ទូក​ចូល​រួម​ប្រកួត​ចំនួន ៣៣៨ទូក (ទូកអន្តរជាតិចំនួន ១៣៧ទូក) ក្នុងនោះ ៖-ទូកអុំបុរសចំនួន ១៥៨ទូក-ទូកចែវបុរសចំនួន ៤២ទូក-ទូកចែវនារីចំនួន ៣ទូក-ទូកអន្ដរជាតិ ១២៩ទូក-ចំណុះទូកសរុប ១៦.៥៩៦នាក់ (ត្រៀម ៣.៨៤៨នាក់)និងប្រទីបដែលនឹងត្រូវបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យមានចំនួន ៣០ប្រទីប។ របាយការណ៍ដដែលបានបញ្ជាក់ថា ដោយឡែកកម្លាំងសមត្ថកិច្ចជំនាញ បានបង្រ្កាបបទ​ល្មើស​ឆក់​ទូរស័ព្ទដៃ ០១លើក ដោយឃាត់ខ្លួនជនល្មើស ០១នាក់ នៅគោលដៅសួនវត្តបុទុម និង​មាន​ករណី​គ្រោះថ្នាក់ចរាចរណ៍កើតឡើង ០១លើក នៅគោលដៅមុខវត្តឧណ្ណាលោម (ម៉ូតូបុក​ក្មេង​បណ្តាល​ឲ្យ​របួស ០១នាក់)។ជាមួយគ្នានោះ សមត្ថកិច្ចការពារគោលដៅ បានប្រតិបត្តិការ និងអន្តរាគមន៍សង្រ្គោះ បាន​រក​ឃើញ​ក្មេង​វង្វេងសាច់ញាតិចំនួន ១១នាក់ (ស្រី ០៥នាក់) ដោយបានធ្វើការផ្សព្វផ្សាយ ហើយ​ត្រូវ​បាន​សាច់ញាតិមកទទួលយកទៅវិញចំនួន ០៨នាក់ និងកំពុងស្វែងរកសាច់ញាតិចំនួន ០៣​នាក់​បន្ត​ទៀត៕

គុណភាពខ្យល់ដ៏គ្រោះថ្នាក់បន្តកើតមាននៅក្នុងរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា

2023/11/27 11:11:24 am        406
កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រជាពលរដ្ឋបានត្អូញត្អែពីការរលាកបំពង់ក. និងក្រហាយភ្នែក ពេលដែលគុណភាពខ្យល់ដ៏គ្រោះថ្នាក់បន្តយាយីរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា ។ ផ្លូវ និងអគារ ត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទនៅក្នុងទីក្រុងមួយនេះ ស្របពេលដែលសន្ទស្សន៍គុណភាពខ្យល់(AQI) របស់ស្ថានទូតសហរដ្ឋអាមេរិក កើនឡើងដល់កម្រិត ៣៣០ ធ្វើឲ្យវាស្ថិតក្នុងប្រភេទកម្រិតខ្យល់ប្រកបដោយគ្រោះថ្នាក់ ។ រដ្ឋធានីមានខ្យល់កខ្វក់ជាងគេបំផុតរបស់ពិភពលោកមួយនេះ បានចាប់ផ្តើមឡើងវិញការប្រយុទ្ធប្រឆាំងប្រចាំឆ្នាំរបស់ខ្លួនលើខ្យល់កខ្វក់នៅក្នុងខែវិច្ឆិកានេះ បើទោះបីជារដ្ឋាភិបាលសន្យាធ្វើឲ្យល្អប្រសើរឡើងស្ថានភាពខ្យល់កខ្វក់ក៏ដោយ ។ ទិន្នន័យពី គណៈកម្មាធិការគ្រប់គ្រងខ្យល់កខ្វក់កណ្តាលឥណ្ឌា(CPCB) បង្ហាញពីសន្ទស្សន៍គុណភាពខ្យល់លើសពីកម្រិត ៤០០នៅតាមតំបន់ជាច្រើន នៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌាមួយនេះ ។ គុណភាពខ្យល់កខ្វក់លើសពីកម្រិត ៦០ ត្រូវបានគេចាត់ទុកថាជាខ្យល់គ្មានសុខភាព ។ ខ្យល់កខ្វក់នៅក្នុងទីក្រុងញូវដែល្លី កាន់តែអាក្រក់ខ្លាំងនៅរដូវរងា ពេលដែលល្បឿនខ្យល់បក់ធ្លាក់ចុះ និងអាកាសធាតុត្រជាក់ទាក់ខ្យល់កខ្វក់បង្កឡើងដោយសាររថយន្ត ឧស្សាហកម្ម និងការដុតកាកសំណល់កសិកម្មនៅតាមរដ្ឋជុំវិញ ដើម្បីត្រៀមដាំដំណាំថ្មី ៕

ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់នៅប្រទេសសូម៉ាលី កើនឡើងជិតដល់ ១០០នាក់

2023/11/27 11:06:32 am        336
ទីភ្នាក់ងារព័ត៌មាន SONNA បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសសូម៉ាលី បានឆក់យកអាយុជីវិតមនុស្សជិត ១០០នាក់ ។ ពួកគេរាយការណ៍ថា មនុស្ស ៩៦នាក់ បានស្លាប់ ដែលជាតួលេខផ្តល់ជូនដោយប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយសូម៉ាលី ។ លោក Hawa Ali Amadin គឺជាពលរដ្ឋមួយរូបរបស់សូម៉ាលី និយាយថា ទឹកជំនន់ទាំងនេះ កើនឡើងទ្វេដងបើធៀបនឹងគ្រោះទឹកជំនន់លើកមុន ។ ពេលភ្លៀងធ្លាក់ ពួកយើងអង្គុយក្រៅផ្ទះក្រោមសំពត់តង់រហូតដល់ភ្លៀងរាំង ។ លោកបន្តថា ពួកយើងចូលផ្ទះវិញ ពេលដែលលែងមានភ្លៀងធ្លាក់ ដើម្បីចំអិនអាហារដល់កូនៗរបស់ពួកយើង ។ គួរឲ្យដឹងថា ប្រទេសសូម៉ាលី និងប្រទេសជាច្រើនទៀតអាហ្វ្រិកខាងកើត បានរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ឥតឈប់ឈរ ដែលបានចាប់ផ្តើមឡើងកាលពីខែតុលា បង្កឡើងដោយសារបាតុភូតអែល នីញ៉ូ និងបាតុភូតអាកាសធាតុមហាសមុទ្រឥណ្ឌា Dipole ។ បាតុភូតទាំង គឺជាលក្ខខណ្ឌអាកាសធាតុដែលធ្វើឲ្យប៉ះពាល់ដល់សីតុណ្ហភាពផ្ទៃមហាសមុទ្រ និងបណ្តាលឲ្យមានភ្លៀងធ្លាក់លើសកម្រិតមធ្យម ។ យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា ទឹកជំនន់ទាំងនេះ ត្រូវបានចាត់ទុកថាជាគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ បណ្តាលឲ្យមនុស្ស ៧០ម៉ឺននាក់ ជម្លៀសខ្លួន ។ ដោយឡែក នៅក្នុងប្រទេសជិតខាងកេនយ៉ា ទឹកជំនន់បានសម្លាប់មនុស្ស ៧៦នាក់ ។ ផ្លូវ និងស្ពានរងការខូចខាត ហើយប្រជាពលរដ្ឋគ្មានទីជម្រក ការផ្គត់ផ្គង់ទឹក និងចំណីអាហារ ៕

ព្រិលធ្លាក់ខ្លាំងបណ្តាលឲ្យបិទផ្លូវ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅប្រទេសប៊ុលហ្គារី

2023/11/27 10:27:44 am        326
នាយករដ្ឋមន្រ្តីប៊ុលហ្គារីលោក Nikolay Denkov និយាយថា ព្រិលធ្លាក់ខ្លាំងនៅប្រទេសក្នុងតំបន់បាល់កង់មួយនេះ បណ្តាលឲ្យបិទផ្លូវ ចាប់តាំងពីល្ងាចថ្ងៃសៅរ៍រហូតមក ហើយផ្ទះជាង ១ពាន់ខ្នង គ្មានអគ្គិសនីប្រើប្រាស់នោះទេ ។ ក្រុមអាជ្ញាធរឧតុនិយមប៊ុលហ្គារី បានចេញការព្រមានអាកាសធាតុកម្រិតពណ៌ក្រហម បង្ហាញពីស្ថានដ៏គ្រោះថ្នាក់របស់ព្រិលធ្លាក់ខ្លាំង ហើយនិងខ្យល់ព្យុះ ផលវិបាករបស់ព្យុះ Bettin តាមតំបន់ចំនួន ៤នៅភាគឦសានប្រទេសប៊ុលហ្គារី ។ ការធ្វើចរាចរណ៍ជួបការលំបាកខ្លាំងនៅតាមផ្លូវ Petrohan Pass ដែលជាផ្លូវតភ្ជាប់តែមួយគត់ទៅកាន់រដ្ឋធានី Sofia ចេញពីតំបន់ Montana ។ នៅក្នុងរដ្ឋធានី Sofia ព្រិលធ្លាក់បណ្តាលឲ្យបាក់ដើមឈើលើផ្លូវផងដែរ ។ លោក Veselin Nikolovគឺជាមន្រ្តីអាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធផ្លូវ បាននិយាយថា នៅលើកំណាត់ផ្លូវ Petrohan Pass ស្ថានភាពពិតជាពិបាកខ្លាំងណាស់នៅពេលយប់ ។ ផ្លូវបើកគ្រប់ពេល ប៉ុន្តែពួកយើងជួបបញ្ហាច្រើនណាស់ ។ លោកបន្តថា មាននូវបំណាក់ផ្ទាំងទឹកកក ក៏ដូចជាបាក់ដើមឈើលើផ្លូវ ។ ពួកយើងបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីឲ្យផ្លូវបន្តធ្វើចរាចរណ៍ បើទោះបីជាមានខ្យល់បក់ខ្លាំងក៏ដោយ ៕

មនុស្សម្នាក់ស្លាប់ និង១២នាក់បាត់ខ្លួន ក្នុងហេតុការណ៍លិចនាវាដឹកទំនិញនៅជិតកោះ Lesbos ប្រទេសក្រិក

2023/11/27 10:21:58 am        183
ឆ្មាំល្បាតឆ្នេរក្រិក បាននិយាយថា មនុស្សម្នាក់ស្លាប់ និងមនុស្ស ១២នាក់ផ្សេងទៀត បានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ក្រោយពេលនាវាដឹកអំបិលជាមួយក្រុមនាវិក ១៤នាក់ បានលិចនៅជិតកោះ Lesbos ។ ក្រុមឆ្មាំល្បាតឆ្នេរ បន្តថា នាវាដឹកទំនិញ Raptor ដោតទង់ជាតិកូម័រ បានចាកចេញពីកំពង់ផែ El Dekheila ប្រទេសអេហ្ស៊ីប និងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងអ៊ីស្តានប៊ុល ប្រទេសទួរគី ពេលដែលវារាយការណ៍ថាខូចម៉ាស៊ីន ហើយនិងបញ្ជូនសញ្ញាអាសន្នកាលពីព្រឹកថ្ងៃអាទិត្យ ។ មន្រ្តីមួយរូបរបស់ឆ្មាំល្បាតឆ្នេរក្រិក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា សាកសពមនុស្សម្នាក់ ត្រូវបានរកឃើញនៅតំបន់នោះ ហើយមនុស្សម្នាក់ទៀត ត្រូវបានសង្រ្គោះដោយឧទ្ធម្ភាគចក្រ ហើយត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យនៅកោះ Lesbos ។ ក្រុមនាវិក ៨នាក់ គឺជាជនជាតិអេហ្ស៊ីប និងក្រុមនាវិកផ្សេងទៀត គឺជាជនជាតិស៊ីរី និងឥណ្ឌា ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សភាវៀតណាមកោះប្រជុំ ដើម្បីបញ្ជាក់អះអាងពីមេដឹកនាំរដ្ឋថ្មីជាផ្លូវការ
04/06/2026 04:04 PM
Leeds ជួប Chelsea ខណៈ Manchester City ជួប Southampton វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup
04/06/2026 04:04 PM
មេដឹកនាំប្រឆាំងតៃវ៉ាន់ នឹងធ្វើទស្សនកិច្ច នៅចិន ខណៈទីក្រុងប៉េកាំងបង្កើនកិច្ចប្រឹងប្រែងបង្រួបបង្រួម
04/06/2026 04:04 PM
អ៊ីរ៉ង់អះអាងថា បានបាញ់ទម្លាក់យន្តហោះអាមេរិក ១២គ្រឿង ខណៈលោក Trump ពន្យារកាលកំណត់
04/06/2026 04:04 PM
គេហទំព័រព័ត៌មាន៖ អាមេរិកចំណាយប្រាក់ជាង ៤២ ពាន់លានដុល្លាររួចហើយលើប្រតិបត្តិការយោធានៅអ៊ីរ៉ង់
04/06/2026 04:04 PM
របាយការណ៍៖ អ៊ីស្រាអែលចំណាយប្រហែល ១៥ពាន់លានដុល្លារ ក្នុងសង្គ្រាម ទាំងនៅអ៊ីរ៉ង់ និងលីបង់
04/06/2026 04:04 PM
អតីតខ្សែបម្រើ Chelsea, Oscar សម្រេចចូលនិវត្តន៍ក្នុងវ័យ ៣៤ ឆ្នាំ
04/06/2026 04:04 PM
អ៊ីស្រាអែលបន្តការវាយប្រហារនៅលីបង់ និងបង្ខំឲ្យបិទច្រកព្រំដែនជាមួយស៊ីរី
04/06/2026 04:04 PM
ទស្សនាវដ្តី The Economist បានគូសបញ្ជាក់ពីកង្វល់របស់អឺរ៉ុបទាក់ទងនឹងអនាគតរបស់ NATO
04/06/2026 04:04 PM
ការវិភាគ៖ តើលោក Trump គឺជាប្រធានាធិបតីធ្វើឲ្យចិនកាន់តែមានឥទ្ធិពល នៅអាស៊ីមែនទេ?
04/06/2026 04:04 PM