នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់

សន្តិសុខ និង សង្គម

ប្រជាជនបន្តស្វែងរកអ្នកនៅរស់ និងអ្នករបួស ក្រោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា

2023/10/16 11:57:35 am        125
អ្នកស្រុក និងក្រុមជួយសង្គ្រោះ កំពុងបន្តស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalia) ក្នុងតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ (១៥ តុលា)។ អ្នករងរបួសត្រូវបានគេលើកដាក់លើរទេះរុញ ខណៈដែលហ្វូងមនុស្សឈរនៅសងខាង ដោយមានផ្សែងពណ៌ប្រផេះនៅតែហុយចេញពីអគារនានា ក្រោយការវាយប្រហារ។គ្រូពេទ្យម្នាក់បាននិយាយថា មន្ទីរពេទ្យក្បែរនោះបានទទួលអ្នករងរបួសរាប់សិបនាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។ អ៊ីស្រាអែល បាននិងកំពុងវាយលុកតំបន់នេះដោយការទម្លាក់គ្រាប់បែកយ៉ាងសាហាវដើម្បីជាការសងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីសប្តាហ៍មុនទៅលើអ៊ីស្រាអែល ដែលបានធ្វើឱ្យប្រជាជនអ៊ីស្រាអែលប្រហែល ១.៣០០នាក់បានស្លាប់។ក្រុមអាជ្ញាធរតំបន់ហ្គាហ្សា បាននិយាយថា មនុស្សជាង ២.៣០០នាក់ ត្រូវបានសម្លាប់ ដែលមួយភាគបួននៃអ្នកស្លាប់ទាំងនោះជាកុមារ និងមនុស្សជិត ១០.០០០នាក់បានរងរបួស ហើយមនុស្សជាងមួយលាននាក់ ត្រូវបានគេរាយការណ៍ថា បានភៀសខ្លួនចាកចេញពីលំនៅឋានរបស់ពួកគេ៕

អ្នកស្រុករាប់សិបនាក់ តម្រង់ជួរចាំចាក់ប្រេងឥន្ធនៈនៅទីក្រុងក្នុងតំបន់ហ្គាហ្សា ស្របពេលកង្វះខាតតម្រូវការមូលដ្ឋាន

2023/10/16 11:54:40 am        120
ពលរដ្ឋតំបន់ហ្គាហ្សា ត្រូវបានគេមើលឃើញថាកំពុងតម្រង់ជួរចាំចាក់ប្រេងឥន្ធនៈ នៅទីក្រុងខាន់ យ៊ូនីសុន (Khan Younison) កាលពីថ្ងៃអាទិត្យ (១៥ តុលា) ស្របពេលមានកង្វះខាតយ៉ាងខ្លាំង បន្ទាប់ពីការបិទខ្ទប់តំបន់មួយនេះដោយអ៊ីស្រាអែល។ អ្នកវិភាគសេដ្ឋកិច្ចតំបន់ហ្គាហ្សា លោក Mohammad Abu Jiab បាននិយាយថា កង្វះប្រេងឥន្ធនៈបានធ្វើឱ្យមានផលប៉ះពាល់ដល់ជីវិតអ្នកស្រុក និងភ្នាក់ងារសង្គ្រោះ រួមទាំងមន្ទីរពេទ្យផងដែរ។តំបន់ហ្គាហ្សា បានទទួលរងនូវការទម្លាក់គ្រាប់បែកយ៉ាងសាហាវបំផុត ដែលខ្លួនមិនធ្លាប់ឃើញ ជាលទ្ធផលនៃការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល ១.៣០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល។ក្រុមអាជ្ញាធរនៅតំបន់ហ្គាហ្សា បាននិយាយថា មនុស្សជាង ២ .៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងការសងសឹករបស់អ៊ីស្រាអែល ដែលមួយភាគបួននៃអ្នកស្លាប់ទាំងនោះជាកុមារ និងមនុស្សជិត ១០.០០០នាក់ បានរងរបួសរហូតមកដល់ពេលនេះ។ មន្ទីរពេទ្យក្នុងតំបន់ជុំវិញ កំពុងមនាការខ្វះខាតនូវការផ្គត់ផ្គង់វេជ្ជសាស្ត្រ និងកំពុងជួបការលំបាកដើម្បីទប់ទល់នឹងលំហូរនៃអ្នករបួស។ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីព្រឹកថ្ងៃអាទិត្យ (១៥ តុលា) ថា មនុស្ស ៣០០នាក់ត្រូវបានសម្លាប់ និងមនុស្សជាង ៨០០នាក់ទៀត បានរងរបួសនៅក្នុងតំបន់ហ្គាហ្សាក្នុងអំឡុងពេល ២៤ម៉ោងចុងក្រោយនេះផងដែរ៕

ចំនួនជនជាតិអាមេរិកដែលត្រូវបានគេសម្លាប់ ក្នុងប្រទេសអ៊ីស្រាអែល បានកើនឡើងដល់ ៣០នាក់

2023/10/16 11:46:00 am        139
ចំនួនជនជាតិអាមេរិកដែលបានស្លាប់ដោយសារសង្គ្រាមនៅអ៊ីស្រាអែល បានកើនឡើងដល់ ៣០នាក់កាលពីថ្ងៃអាទិត្យ។អ្នកនាំពាក្យរបស់ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានរាយការណ៍យ៉ាងទូលំទូលាយមួយថា៖«នៅពេលនេះ យើងអាចបញ្ជាក់ពីការស្លាប់របស់ពលរដ្ឋអាមេរិកចំនួន ៣០នាក់។ យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់យើងចំពោះជនរងគ្រោះ និងក្រុមគ្រួសារនៃអ្នករងគ្រោះ ទាំងអស់»។សេចក្តីថ្លែងការណ៍នោះ ក៏បាននិយាយផងដែរថា មានពលរដ្ឋអាមេរិកចំនួន ១៣ នាក់ ដែលទីកន្លែងលាក់ខ្លួនរបស់ពួកគេ មិនត្រូវបានគេដឹង។ សេចក្តីថ្លែងការណ៍ក៏ បានឲ្យដឹងទៀតថា មន្ត្រីសហរដ្ឋអាមេរិក បានទាក់ទងជាមួយក្រុមគ្រួសាររបស់ពួកគេ នេះបើយោងតាមរបាយការណ៍ជាច្រើន។ចំនួននេះ ត្រូវបានធ្វើបច្ចុប្បន្នភាពពីអ្វីដែលបានផ្តល់កាលពីថ្ងៃសៅរ៍ នៅពេលដែលក្រសួងការបរទេសបានបញ្ជាក់ថា ជនជាតិអាមេរិក ២៩នាក់ ត្រូវបានសម្លាប់ និង ១៥នាក់បាត់ខ្លួន។អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយកាលពីថ្ងៃសៅរ៍ថា៖«រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងធ្វើការ២៤ម៉ោងដើម្បី កំណត់កន្លែងលាក់ខ្លួនរបស់ពួកគេ ហើយកំពុងធ្វើការជាមួយរដ្ឋាភិបាលអ៊ីស្រាអែលលើគ្រប់ទិដ្ឋភាពនៃវិបត្តិចំណាប់ថ្នូររួមទាំងការចែករំលែកព័ត៌មានសម្ងាត់ និងការដាក់ពង្រាយអ្នកជំនាញមកពីទូទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីផ្តល់យោបល់ដល់រដ្ឋាភិបាលអ៊ីស្រាអែលអំពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះចំណាប់ថ្នូរទាំងនោះ»។

ប្រមុខ UN ព្រមានថា ចំណាប់ថ្នូរ និងការទទួលជំនួយនៅតំបន់ហ្គាហ្សា មិនគួរជាការដាក់បន្ទុកចរចានោះទេ

2023/10/16 11:42:00 am        103
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវកាលពីថ្ងៃអាទិត្យ ឱ្យក្រុមហាម៉ាស់ ដោះលែងចំណាប់ថ្នូរទាំងអស់ និងឱ្យអ៊ីស្រាអែលអនុញ្ញាតការផ្តល់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា ដោយព្រមានថាមជ្ឈិមបូព៌ាគឺ ជិតដល់ការធ្លាក់ចូលអន្លុងជ្រៅ ។ លោក Guterres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាតំបន់ហ្គាហ្សា កំពុងអស់ទឹក គ្មានការផ្គត់ផ្គង់អគ្គិសនី និងការផ្គត់ផ្គង់ចាំបាច់ផ្សេងទៀត។ លោកបាននិយាយបន្តទៀតថា ស្តុកស្បៀងអាហារ ទឹក ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងប្រេងឥន្ធនៈរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអេហ្ស៊ីប ហ្ស៊កដានី តំបន់West Bank និងអ៊ីស្រាអែល អាចត្រូវបានបញ្ជូនក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ ហើយបុគ្គលិក ត្រូវតែអាចនាំយកការផ្គត់ផ្គង់ទាំងនេះចូលក្នុង និងនៅទូទាំងតំបន់ហ្គាហ្សាដោយសុវត្ថិភាព និងគ្មានការរារាំង។ លោកបានអំពាវនាវឱ្យក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ។ វាមិនគួរក្លាយជាគន្លឹះដាក់បន្ទុកក្នុងការចរចានោះទេ ហើយវាត្រូវតែអនុវត្តព្រោះវាជារឿងត្រឹមត្រូវដែលត្រូវធ្វើ ខណៈ យើងស្ថិតនៅជិតទីជ្រៅបំផុតនៅមជ្ឈិមបូព៌ា។ អ៊ីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមហាម៉ាសកាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីរលកនៃអ្នកប្រយុទ្ធរបស់ក្រុមសកម្មប្រយុទ្ធបានទម្លុះព្រំដែនដ៏រឹងមាំ ហើយបានបាញ់ ចាក់សម្លាប់ និងដុតសម្លាប់មនុស្សជាង ១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ការទម្លាក់គ្រាប់បែកឥតឈប់ឈរជាបន្តបន្ទាប់បានធ្វើឱ្យសង្កាត់ទាំងអស់ត្រូវបានបំផ្លាញ និងបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ២.៦៧០នាក់បានស្លាប់នៅក្នុងតំបន់ហ្គាហ្សា ភាគច្រើនជាប្រជាជនប៉ាឡេស្ទីនសាមញ្ញ។ អ៊ីស្រាអែល បានកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក អគ្គិសនី និងស្បៀងអាហារទាំងអស់ទៅកាន់តំបន់ហ៊ុមព័ទ្ធឆ្នេរដែលមានប្រជាជនរស់នៅច្រើន មុនពេលបន្តការផ្គត់ផ្គង់ទឹកទៅភាគខាងត្បូងវិញកាលពីថ្ងៃអាទិត្យ។ កងទ័ពអ៊ីស្រាអែល បានប្រាប់ប្រជាជននៅភាគខាងជើងតំបន់ហ្គាហ្សានៅមានជិតពាក់កណ្តាលនៃចំនួនប្រជាជន ២,៤ លាននាក់ ឱ្យធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងទៅកាន់កន្លែងសុវត្ថិភាព មុនពេលការវាយលុកលើដែនដីនេះដែលត្រូវបានរំពឹងទុក។

សាលារៀននៅបារាំងគោរពវិញ្ញាណក្ខន្ធគ្រូបង្រៀនដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារភេរវកម្ម

2023/10/16 11:34:22 am        126
សាលារៀននៅទូទាំងប្រទេសបារាំងនៅថ្ងៃចន្ទ ទី ១៦ ខែតុលានេះ រក្សាភាពស្ងៀមស្ងាត់មួយនាទីសម្រាប់គ្រូបង្រៀនដែលត្រូវបានចាក់សម្លាប់ ជាអ្វីដែលប្រធានាធិបតី លោក Emmanuel Macron ចាត់ទុកថាជាសកម្មភាព «ភេរវកម្មអ៊ីស្លាមនិយម» ។ ពិធីគោរពវិញ្ញាណក្ខន្ធទូទាំងប្រទេសនឹងធ្វើឡើងមួយថ្ងៃបន្ទាប់ពីមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Arras ភាគឦសានប្រទេសបារាំង ដើម្បីគោរពដល់លោក Dominique Bernard អាយុ ៥៧ ឆ្នាំ។ឃាតកម្មរបស់លោកកាលពីថ្ងៃសុក្រ បានធ្វើឱ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេស និងបាននាំឱ្យមានការអំពាវនាវឱ្យមានការរឹតបន្តឹងសន្តិសុខនៅតាមសាលារៀន។ រដ្ឋាភិបាលបានដាក់ប្រទេសឱ្យមានការប្រុងប្រយ័ត្នខ្ពស់រួចហើយ និងបានដាក់ពង្រាយទាហានចំនួន ៧.០០០ នាក់។ ការវាយប្រហារនៅក្នុងទីក្រុង Arras ដែលជាទីកន្លែងរស់នៅរបស់ប្រជាជនជ្វីហ្វ និងមូស្លីមដ៏ច្រើន ដែលបានប្រឆាំងទិដ្ឋភាពខាងក្រោយនៃជម្លោះដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា។ អ្នកប្រព្រឹត្តដែលសង្ស័យ ជាជនជាតិរុស្ស៊ី អាយុ២០ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទឃាតកម្ម និងបានបង្កឱ្យមនុស្ស៣នាក់ផ្សេងទៀតរបួសធ្ងន់នៅសាលារៀនដែលជននេះធ្លាប់ចូលរៀន ។ អភិបាលក្រុងលោក Frederic Leturque បានប្រាប់មនុស្សជាង ៥.០០០ នាក់ ដែលបានមកប្រមូលផ្តុំគ្នានៅទីលានកណ្តាលកាលពីថ្ងៃអាទិត្យថា ទីក្រុងArras កំពុងត្រូវបានគេសាកល្បង ប៉ុន្តែទីក្រុង Arras កំពុងឈរ យើងកំពុងឈររឹងមាំ។ប្រភពដឹងច្បាស់ពីបញ្ហានេះបានប្រាប់សារព័ត៌មាន AFP ថា ក្នុងចំណោមអ្នករងរបួស ម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរបួសធ្ងន់ធ្ងរ ហាក់ដូចជាបានប្រសើរឡើង។ ការវាយប្រហារនេះ បានកើតឡើងជិតរយៈពេលបីឆ្នាំមកពេលនេះ បន្ទាប់ពីកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ មានការកាត់ក្បាលគ្រូបង្រៀន ឈ្មោះ Samuel Paty នៅជិតសាលារៀននៅជាយក្រុងប៉ារីស។

ម៉ិកស៊ិក និងអ៊ុយក្រែន ជំរុញឲ្យអ៊ីស្រាអែលបើកច្រករបៀងមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា

2023/10/16 11:13:06 am        136
មន្ត្រីម៉ិកស៊ិក និងអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ដាច់ដោយឡែកពីគ្នា បានជំរុញឲ្យអ៊ីស្រាអែលបើកច្រករបៀងមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឲ្យប្រជាជនចេញបាន ខណៈដែលប្រទេសទាំងពីរ ធ្វើការដើម្បីធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ពួកគេចេញពីតំបន់នោះ។ឆ្លើយតបនឹងការអំពាវនាវពីក្រុមគ្រួសាររបស់អ្នកស្រី Barbara Lango ដែលជាជនជាតិម៉ិកស៊ិក ធ្វើការឲ្យ អង្គការគ្រូពេទ្យគ្មានព្រំដែន (Medecins Sans Frontieres ) (Doctors Without Borders) រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោកស្រី Alicia Barcena បាននិយាយថា ខ្លួនបានទាក់ទងជាមួយទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ (UNRWA) ដើម្បីសុំជំនួយ។លោកស្រីបាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«យើងកំពុងព្យាយាមនាំអ្នកស្រី Barbara ចេញតាមរយៈប្រទេសអេហ្ស៊ីប ប៉ុន្តែអ៊ីស្រាអែល មិនអនុញ្ញាតឲ្យមានច្រករបៀងមនុស្សធម៌ ហើយក៏មិនអនុញ្ញាតឲ្យនរណាម្នាក់ចេញទេ»។លោកស្រី Barcena បានបន្ថែមថា៖«នេះគឺជាការអំពាវនាវជាបន្ទាន់ដល់អ៊ីស្រាអែល ពីព្រោះថា សង្រ្គាមក៏មានច្បាប់ដែរ។អ្នកឃ្លាំមើលសិទ្ធិមនុស្សអ៊ុយក្រែន លោក Dmytro Lubinets បាននិយាយថា ក្រសួងការបរទេសអ៊ុយក្រែនបានផ្ញើលិខិតតវ៉ាទៅកាន់អ៊ីស្រាអែល បន្ទាប់ពីពលរដ្ឋអ៊ុយក្រែន មិនត្រូវបានអនុញ្ញាតឲ្យជម្លៀសចេញពីតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍។

ប្រជាជនហ្គាហ្សា ជាងមួយលាននាក់ បានភៀសខ្លួន ខណៈដែលអ៊ីស្រាអែលត្រៀមខ្លួនសម្រាប់ការវាយប្រហារលើដី

2023/10/16 10:57:42 am        127
មនុស្សជាងមួយលាននាក់ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅតំបន់ហ្គាហ្សា ក្នុងទិដ្ឋភាពនៃភាពចលាចល និងភាពអស់សង្ឃឹម នៅពេលដែលអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាស្ទ្រីបដែលគ្រប់គ្រងដោយក្រុមហាម៉ាស និងបន្តការប្រមូលផ្តុំកងទ័ពនៅថ្ងៃចន្ទនេះ ដើម្បីរៀបចំសម្រាប់ការវាយលុកលុយលើដីពេញទំហឹង។ អ៊ីស្រាអែល បានប្រកាសសង្រ្គាមលើក្រុមឥស្លាមមួយថ្ងៃ បន្ទាប់ពីរលកនៃក្រុមយុទ្ធជនរបស់ខ្លួន បានទម្លុះចូលតាមព្រំដែន ដែលមានកម្លាំងខ្លាំង កាលពីថ្ងៃទី ៧ ខែតុលា ដោយការបាញ់ប្រហារ ចាក់ និងដុតសម្លាប់មនុស្សជាង ១.៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល។បន្ទាប់មក អ៊ីស្រាអែលបានបញ្ចេញយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរលើតំបន់ហ្កាហ្សា ដែលបានបំផ្លាញសង្កាត់នានា និងបានបណ្តាលឲ្យ មនុស្សយ៉ាងតិច ២.៦៧០ នាក់ស្លាប់ នៅក្នុងទឹកដីនេះ ដែលភាគច្រើនជាជនស៊ីវិល។ជនជាតិប៉ាឡេស្ទីនដែលកាន់របស់របរអ្វីក៏ដោយដែលពួកគេអាច ដាក់ក្នុងកាបូប និងវ៉ាលី ឬ ខ្ចប់ដាក់លើម៉ូតូកង់បី រថយន្តដែលខូច ឡានដឹកទំនិញ និង ទេះអូសដោយសត្វលា បានក្លាយជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់ក្នុងកាលៈទេសៈនេះ។ ការរត់គេចពីការទម្លាក់គ្រាប់បែក និងអនុវត្តតាមបញ្ជារបស់អ៊ីស្រាអែល ដើម្បីផ្លាស់ទីទៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ប្រជាជនត្រូវស្វែងរកទីជម្រកគ្រប់ទីកន្លែង ដែលពួកគេអាចធ្វើបាន រួមទាំងនៅតាមដងផ្លូវ និងនៅតាមសាលារៀន ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ។

គ្រាប់រ៉ុក្កែតត្រូវចំទីស្នាក់ការរបស់កងរក្សាសន្តិភាពUN នៅលីបង់ភាគខាងត្បូង ខណៈការប្រយុទ្ធកាន់តែខ្លាំងឡើងនៅព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល

2023/10/16 10:43:24 am        406
ខណៈដែលការប៉ះទង្គិចគ្នា បានផ្ទុះឡើងរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា នៅតាមបណ្តោយព្រំដែនភាគខាងជើងនៃប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បេសកកម្មអង្គការសហប្រជាជាតិ បាននិយាយថា គ្រាប់រ៉ុក្កែតមួយ បានវាយប្រហារត្រូវចំទីស្នាក់ការរបស់ខ្លួននៅប្រទេសលីបង់ភាគខាងត្បូង។បេសកកម្មរបស់UN បាននិយាយថា គ្មានអ្នករក្សាសន្តិភាពរបស់ខ្លួនណាម្នាក់ បានរងរបួសនោះទេ បើទោះបីជា មិនបានស្ថិតនៅក្នុងទីជម្រក នៅពេលដែលគ្រាប់រ៉ុក្កែត បានវាយប្រហារទីក្រុងឆ្នេរសមុទ្រ Naqoura ក្តី។បេសកកម្មនេះ មិនបានបញ្ជាក់ពីកន្លែងដែលគ្រាប់រ៉ុក្កែត ត្រូវបានបាញ់ចេញនោះទេ ដោយនិយាយថា ខ្លួនកំពុងធ្វើការផ្ទៀងផ្ទាត់។ ប្រព័ន្ធផ្សព្វផ្សាយលីបង់មួយចំនួន បាននិយាយថា គ្រាប់រ៉ុក្កែតនោះ ត្រូវបានបាញ់ចេញពីទីតាំងរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅប្រទេសលីបង់ភាគខាងត្បូង ដោយមានបំណងឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ប៉ុន្តែបានធ្លាក់ភ្លាមៗ ទោះជាវាមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ។បេសកកម្មនេះ បានសម្តែងការខកចិត្តក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបន្ថយស្ថានការណ៍នេះ។

ច្រកព្រំដែនតំបន់ហ្គាហ្សា គ្រោងនឹងបើកឡើងវិញ ខណៈទាហានអ៊ីស្រាអែល រៀបចំការវាយលុកតាមដីគោក

2023/10/16 08:44:19 am        175
អ៊ីស្រាអែល៖ ច្រកព្រំដែនឆ្លងកាត់ ដែលគ្រប់គ្រងដោយប្រទេសអេហ្ស៊ីប ទៅកាន់តំបន់ហ្គាហ្សា ត្រូវបានគេរំពឹងថានឹងបើកឡើងវិញ ស្របពេលមានកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីទទួលបានជំនួយចូលទៅក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាស ដែលស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែល ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងរបស់ក្រុមហាម៉ាស ដែលបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលជាង ១.៣០០នាក់ កាលពីថ្ងៃទី៧ ខែតុលា។ដោយមានការតក់ស្លុតពីការវាយលុកលើបណ្ដាទីក្រុង និងភូមិនានាពីក្រុមហាម៉ាស អ៊ីស្រាអែលកំពុងធ្វើការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាបំផុតមិនធ្លាប់មានពីមុនមកលើតំបន់ហ្គាហ្សា ហើយបានដាក់ការបិទផ្លូវយ៉ាងតឹងរ៉ឹង និងកំពុងរៀបចំការវាយលុកតាមដីគោកផងដែរ។ជំនួយរាប់រយតោនពីបណ្ដាប្រទេសជាច្រើន ត្រូវបានជាប់គាំងនៅឧបទ្វីបស៊ីណៃ របស់ប្រទេសអេហ្ស៊ីបអស់រយៈពេលជាច្រើនថ្ងៃ ដោយរង់ចាំកិច្ចព្រមព្រៀងសម្រាប់ការចែកចាយជំនួយប្រកបដោយសុវត្ថិភាពរបស់ខ្លួនទៅកាន់តំបន់ហ្គាហ្សា និងការជម្លៀសអ្នកកាន់លិខិតឆ្លងដែនបរទេសមួយចំនួនតាមរយៈច្រកព្រំដែនរ៉ាហ្វាស (Rafah)។សារព័ត៌មាន NBC បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីប៉ាឡេស្ទីនម្នាក់ថា ច្រកព្រំដែនរ៉ាហ្វាស នឹងបើកនៅម៉ោង ៩ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃចន្ទ (១៦ តុលា) នេះ ហើយសារព័ត៌មាន ABC បានរាយការណ៍ដោយដកស្រង់ប្រភពសន្តិសុខថា ច្រកឆ្លងកាត់នោះ នឹងបើកត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះនៅថ្ងៃចន្ទនេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតឡើយ។អ៊ីស្រាអែល បានជំរុញឱ្យពលរដ្ឋតំបន់ហ្គាហ្សា ដែលកំពុងរងផលប៉ះពាល់ ឱ្យជម្លៀសខ្លួនចេញតាមភាគខាងត្បូង ដែលមនុស្សរាប់សែននាក់បានជម្លៀសខ្លួនរួចមកហើយនៅក្នុងតំបន់ហ៊ុមព័ទ្ធ ដែលជាផ្ទះរបស់មនុស្សជាង ២លាននាក់នោះ។ ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បានប្រាប់ប្រជាជនឱ្យព្រងើយកន្តើយនឹងសារព្រមានជម្លៀសរបស់អ៊ីស្រាអែលមួយនោះផងដែរ៕

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ពិភាក្សាអំពីលទ្ធភាពនៃដំណើរទស្សនកិច្ចរបស់លោក បៃដិន

2023/10/16 08:20:31 am        195
អាមេរិក៖ ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងពិភាក្សាគ្នាអំពីលទ្ធភាពនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងពេលឆាប់ៗនេះ ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នេះបើយោងតាមប្រភពដែលដឹងអំពីបញ្ហានេះបាននិយាយកាលពីថ្ងៃអាទិត្យ (១៥ តុលា)។ដំណើរទស្សនកិច្ចរបស់លោក បៃដិន ដើម្បីបង្ហាញការគាំទ្រដល់សម្ព័ន្ធមិត្តដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា នឹងធ្វើតាមដំណើរទស្សនកិច្ចស្រដៀងគ្នានេះ ដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងតំបន់មួយនេះ។ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ពីរបាយការណ៍របស់សារព័ត៌មានអ៊ីស្រាអែលជាច្រើន ដែលលោក Netanyahu បានអញ្ជើញលោក បៃដិន ទៅកាន់ប្រទេសខ្លួនក្នុងអំឡុងពេលការហៅទូរសព្ទថ្មីៗអំពីការឆ្លើយតបចំពោះការវាយប្រហារលើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស។សេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះនោះទេ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Adrienne Watson បាននិយាយថា «យើងមិនមានការធ្វើដំណើរទស្សនកិច្ចថ្មីដើម្បីប្រកាសនោះទេ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំអូស្រ្តាលី និងសិង្ហបុរី សន្យាជំរុញទំនាក់ទំនងថាមពល ដើម្បីធានាការផ្គត់ផ្គង់សកល
04/10/2026 09:04 PM
EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅលីបង់ និងជំរុញឲ្យការការពារជនស៊ីវិល
04/10/2026 08:04 PM
វិមានក្រឹមឡាំង៖ ទស្សនកិច្ចដោយប្រេសិត នៅអាមេរិក មិនមានន័យថា ការចរចាអ៊ុយក្រែន ចាប់ផ្តើមវិញឡើយ
04/10/2026 08:04 PM
អ៊ីស្រាអែលគំរាមវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ នៅលីបង់ ដោយចោទថា ត្រូវបានក្រុមហេសបូឡាប្រើប្រាស់
04/10/2026 08:04 PM
អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា លោករំពឹងថាជំនួបអ៊ីរ៉ង់នឹងវិជ្ជមាន
04/10/2026 08:04 PM
ហេតុការណ៍លិចទូកក្រោយបុកស្ពានបណ្តែតនៅភាគខាងជើងឥណ្ឌាសម្លាប់មនុស្សយ៉ាងហោច ១០នាក់
04/10/2026 07:04 PM
អ៊ីរ៉ង់ខាតបង់ ១៤៥ពាន់លានដុល្លារ និងរងការបំផ្លិចបំផ្លាញយ៉ាងធំធេង ក្រោយសង្គ្រាម ៤០ថ្ងៃ
04/10/2026 07:04 PM
សាធារណជនកោះតៃវ៉ាន់មានការបែងចែកចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រឆាំងទៅកាន់ចិនដីគោក
04/10/2026 07:04 PM
លោក Macron ចង់បញ្ចុះបញ្ចូលលោក Trump នៅ G7 ដោយការអញ្ជើញក្រោយកិច្ចប្រជុំកំពូលឲ្យទៅវិមាន Versailles
04/10/2026 07:04 PM
ការវាយប្រហារយានដ្រូនរុស្ស៊ីបណ្តាលឲ្យកើតមានអគ្គិភ័យនៅតំបន់ Odesa របស់អ៊ុយក្រែន
04/10/2026 07:04 PM