គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន
ស្នងការខេត្តកំពតបន្តតាមដានមន្ត្រីនគរបាល២រូបចំពោះរបាយការណ៍មិនប្រក្រតីអំពីគ្រោះថ្នាក់ចរាចរ
រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)
រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ

សន្តិសុខ និង សង្គម

នគរបាលសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក បើកការបាញ់ប្រហារ ខណៈរថយន្តមួយគ្រឿងបើកបំបុកចូលស្ថានកុងស៊ុលចិន

2023/10/10 05:33:29 pm        145
ក្រុមមន្ត្រីបាននិយាយថា នគរបាលទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ របស់សហរដ្ឋអាមេរិក បានបើកការបាញ់ប្រហារ បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកបុកចូលស្ថានកុងស៊ុលចិននៅក្នុងទីក្រុងមួយនេះ។ សារព័ត៌មាន KTVU រាយការណ៍ថា យ៉ាងហោចណាស់មនុស្សម្នាក់ត្រូវបានបាញ់ បន្ទាប់ពីរថយន្តនោះបានបើកឆ្លងកាត់ការិយាល័យទិដ្ឋាការស្ថានកុងស៊ុល ហើយនៅតែស្ថិតនៅក្នុងអគារ។បណ្ដាញព័ត៌មាននោះបាននិយាយថា ប្រភពពីទីក្រុងបានប្រាប់ថា អ្នកដែលត្រូវបានបាញ់នោះ គឺជាអ្នកបើករថយន្ត។ សាក្សីបាននិយាយថា សម្លេងកាំភ្លើងជាច្រើនគ្រាប់ត្រូវបានគេបាញ់ ហើយបុរសម្នាក់ដែលរាងកាយប្រឡាក់ដោយឈាម ត្រូវបានគេដាក់ចូលក្នុងរថយន្តគិលានសង្គ្រោះ ហើយបានបើកញពីកន្លែងកើតហេតុនោះ។នាយកដ្ឋាននគរបាលសាន់ហ្វ្រាន់ស៊ីស្កូ បានបញ្ជាក់ថា ក្រុមមន្រ្តីបានជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុបាញ់ប្រហារនៅស្ថានកុងស៊ុល ប៉ុន្តែមិនបានបញ្ជាក់ថា តើហេតុការណ៍នោះបណ្តាលឱ្យមានអ្នកស្លាប់ ឬយ៉ាងណានោះទេ ហើយនាយកដ្ឋាននេះបានណែនាំមនុស្សម្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឱ្យជៀសឆ្ងាយតំបន់នោះ។ សូមបញ្ជាក់ថា ស្ថានអគ្គកុងស៊ុលនៃសាធារណៈរដ្ឋប្រជាមានិតចិន ស្ថិតនៅលើផ្លូវធំមួយនៅជិតតំបន់ Japantown នៃរដ្ឋកាលីហ្វ័រនីញ៉ា របស់សហរដ្ឋអាមេរិក៕

ក្រុមហាម៉ាស គំរាមសម្លាប់ចំណាត់ថ្នូរ ប្រសិនបើអ៊ីស្រាអែល វាយប្រហារជនស៊ីវិល

2023/10/10 05:29:46 pm        130
ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស បានគំរាមប្រហារជីវិតចំណាត់ថ្នូរជនជាតិអ៊ីស្រាអែល រាល់ពេលដែលអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើលំនៅឋានរបស់ប្រជាជនប៉ាឡេស្ទីន ដោយគ្មានការព្រមាន ខណៈអ៊ីស្រាអែលបានប្រមូលផ្ដុំទាហានបម្រុងចំនួន៣០០.០០០នាក់ ដែលមិនធ្លាប់មានពីមុនមក ហើយបានដាក់ការបិទផ្លូវនៅលើតំបន់ហ្គាហ្សា ស្ទ្រីប ដោយបង្កើនការភ័យខ្លាចសម្រាប់ក្រុមហាម៉ាស ថា អ៊ីស្រាអែលគ្រោងនឹងវាយប្រហារលើដី។អំពើហឹង្សា ដែលបានឆក់យកជីវិតមនុស្សជាង ១.៥០០នាក់ បានជំរុញឱ្យមានការប្រកាសជាអន្តរជាតិនៃការគាំទ្រសម្រាប់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដ៏បំផ្លិចបំផ្លាញកាលពីចុងសប្តាហ៍ ដោយក្រុមហាម៉ាស និងអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នា ព្រមទាំងការការពារជនស៊ីវិល។បណ្តាញទូរទស្សន៍អ៊ីស្រាអែល បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់ក្រុមហាម៉ាស បានកើនឡើងដល់៩០០នាក់ហើយសម្រាប់ខាងជនជាតិអ៊ីស្រាអែល ហើយមនុស្សយ៉ាងហោចណាស់ ២.៦០០នាក់បានរងរបួស និងរាប់សិបនាក់ទៀតត្រូវបានចាប់ខ្លួន។ ក្នុងចំណោមអ្នកស្លាប់របស់អ៊ីស្រាអែលទាំងនោះ មានមនុស្សវ័យក្មេងភាគច្រើនចំនួន ២៦០នាក់ ដែលត្រូវបានគេបាញ់សម្លាប់នៅក្នុងពិធីជប់លៀងរាំកម្សាន្តនៅវាលខ្សាច់។ ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា បាននិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៦៨៧នាក់ត្រូវបានសម្លាប់ និងមនុស្សជាង ៣.៧២៦នាក់ បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ហ៊ុមព័ទ្ធមួយនេះ ចាប់តាំងពីថ្ងៃសៅរ៍មក។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា បណ្ដាប្លុកផ្ទះល្វែង និងមន្ទីរពេទ្យជាច្រើន ក៏ស្ថិតក្នុងចំណោមទីតាំងដែលត្រូវបានវាយប្រហារនោះផងដែរ៕

អង្គការសុខភាពពិភពលោក៖ ជំនួយបរទេស ត្រូវការជាចាំបាច់សម្រាប់អាហ្វហ្គានីស្ថាន ក្រោយរញ្ជួយដីសម្លាប់មនុស្សជាង ២ពាន់នាក់

2023/10/10 05:25:42 pm        107
លំនៅឋាននានាត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង នៅក្នុងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតដែលបានវាយប្រហារប្រទេសអាហ្វហ្គានីស្ថានក្នុងពេលប៉ុន្មានឆ្នាំមកនេះ ។ក្រុមអ្នកសង្រ្គោះកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានប្រញាប់ប្រញាល់ទាញយកអ្នកនៅមានជីវិត និងអ្នកស្លាប់ ពីក្រោមគំនរកម្ទេចថ្ម ២ថ្ងៃ បន្ទាប់ពីទីក្រុងហេរ៉ាត់ (Herat ) ភាគពាយ័ព្យប្រទេសនិងតំបន់នៅជុំវិញជាច្រើនត្រូវបានអង្រួន ដោយការរញ្ជួយដីកម្រិត៦,៣រ៉ិចទ័រ។ រដ្ឋបាលក្រុមតាលីបង់ និយាយថាមនុស្សរាប់ពាន់នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងគ្រោះរញ្ជួយដីនេះ។ អង្គការសុខភាពពិភពលោក និយាយថា ស្ត្រី និងកុមារមានប្រហែល២ភាគ៣ នៃជនរងគ្រោះដែលបានសម្រាកព្យាបាលក្នុងន្ទីរពេទ្យ។ ប្រព័ន្ធសុខាភិបាលអាហ្វហ្គានីស្ថាន ដែលពឹងផ្អែកយ៉ាងខ្លាំងលើជំនួយបរទេស បានប្រឈមការកាត់ផ្ដាច់ជំនួយខាងក្រៅក្នុងរយៈពេល២ឆ្នាំ ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាច។ក្រុមអ្នកការទូត និងមន្ត្រីផ្ដល់ជំនួយនិយាយថា ក្ដីបារម្ភជុំវិញការរឹតត្បិតសិទ្ធិសេរីភាពលើស្ត្រី និងបញ្ហាវិបត្តិមនុស្សធម៌សកលកំពុងបណ្ដាលឲ្យក្រុមប្រទេសផ្ដល់ជំនួយ ដកចេញការគាំទ្រលើកផ្នែកហិរញ្ញវត្ថុ៕

ពលរដ្ឋទីខេត្តHerat បញ្ចុះសាកសពក្រុមគ្រួសារ អ្នកជិតខាង បន្ទាប់ពីរញ្ជួយដីដ៏មហន្តរាយ នៅអាហ្វហ្គានីស្ថាន

2023/10/10 05:06:12 pm        113
ពិធីបុណ្យសពសម្រាប់ជនរងគ្រោះ៣០០នាក់ស្លាប់ដោយសារការរញ្ជួយដី ដែលបានវាយប្រហារលើស្រុក Zindajan ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានរៀបចំឡើងកាលពីថ្ងៃចន្ទ ដោយមានការចូលរួមពីក្រុមមន្ត្រីតាលីបង់។មនុស្សជាង៣០០នាក់បានស្លាប់ នៅក្នុងភូមិ Siah Aab នៃស្រុក Zinda Jan ដែលភាគច្រើនជាកុមារ និងមនុស្សចាស់។ មនុស្សប្រមាណ១.៦០០នាក់បានរស់នៅក្នុងភូមិនេះ។រញ្ជួយដី ដែលបានវាយប្រហារនៅម៉ោងប្រមាណ១១ ព្រឹកម៉ោងក្រុងតំបន់ ដែលបានកើតឡើងដោយការរញ្ជួយខ្លាំងចំនួន៨លើក និងបានវាយប្រហារតំបន់ដែលពិបាកទៅដល់ ចម្ងាយ៣០គីឡូម៉ែត្រ ភាគពាយព្យ ទីរួមខេត្តHerat បណ្តាលឲ្យលំនៅឋានជាច្រើនខ្នងនៅក្នុងភូមិ បាក់រលំ ហើយពលរដ្ឋ បានរត់មកលើដងផ្លូវ។រដ្ឋបាលក្រុមតាលីបង់ និយាយថា មនុស្សជាង២.៤០០នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស ក្នុងការរញ្ជួយដីនេះ ដែលស្ថិតក្នុងចំណោមប្រទេសមានអ្នកស្លាប់ច្រើនបំផុតនៅលើពិភពលោក នៅឆ្នាំនេះ បន្ទាប់ពីរញ្ជួយដីនៅក្នុងប្រទេសទួរគី និងស៊ីរី ដែលត្រូវបានប៉ាន់ប្រមាណថាមនុស្ស៥០.០០០បានស្លាប់ក្នុងប្រទេសទាំងពីរនេះ។

មន្ត្រីអ៊ីរ៉ង់៖ ការវាយប្រហាររបស់ក្រុមហាម៉ាស់ គឺជាការព្រមានដល់ប្រទេសអារ៉ាប់មួយចំនួន ដែលធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល

2023/10/10 05:00:51 pm        125
ជំនួយការជាន់ខ្ពស់របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បាននិយាយថា ការវាយប្រហាររបស់ក្រុមហាម៉ាស់ គឺជាការព្រមានដល់រដ្ឋអារ៉ាប់ណាមួយ ដែលគិតអំពីការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល។លោកអាល់លី អាក់បា វ៉េឡាយ៉ាទី (Ali Akbar Velayati) ដែលផ្តល់យោបល់ដល់លោក អាលី ខាមីណេ(Ali Khamenei)ដែលមេដឹកនាំកំពូលអំពីកិច្ចការបរទេស បានបញ្ជាក់ថា ការវាយប្រហារនេះ នឹងធ្វើឲ្យ អ៊ីស្រាអែលឯកោ នៅក្នុងតំបន់ បន្ទាប់ពីមានកិច្ចព្រមព្រៀងជាច្រើនជាមួយបណ្តាប្រទេសភាគច្រើនមូស្លីមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។លោកវ៉េឡាយ៉ាទី បានប្រាប់រដ្ឋមន្ត្រីការបរទេសស៊ីរីនៅក្នុងការសន្ទនាតាមស័ព្ទកាលពីថ្ងៃចន្ទថា៖«បណ្តាប្រទេសអារ៉ាប់ដែលមានបំណងចង់បង្កើតទំនាក់ទំនងការទូតជាមួយរបបជ្វីហ្វនិយម( Zionist) ឥឡូវនេះត្រូវតែទទួលយកមេរៀនពីអ្វី ដែលបានកើតឡើង ហើយគិតឲ្យបានពីរដងមុននឹងធ្វើដូច្នេះ»។ លោកបានបន្ថែមថា៖«ពួកគេកំពុងបន្តផែនការដែលឥតប្រយោជន៍។ការអធិប្បាយរបស់អតីតរដ្ឋមន្ត្រីការបរទេសរូបនេះ ហាក់ដូចជាផ្តោតជាសំខាន់ទៅលើប្រទេសអារ៉ាប៊ីសា អ៊ូឌីតដែលជាគូប្រជែងក្នុងតំបន់របស់អ៊ីរ៉ង់ ដែលបាននិងកំពុងធ្វើកិច្ចចរចាធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល ដែលបានបដិសេធក្រុមមេដឹកនាំប៉ាឡេស្ទីនទាំង ស្រុង។

ចំនួនអ្នកស្លាប់ក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កើនឡើងជាង១.៦០០នាក់

2023/10/10 04:57:25 pm        153
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និយាយថា អ៊ីស្រាអែលទើបតែចាប់ផ្ដើមការវាយលុកពេញបន្ទុកក្នុងតំបន់ហ្គាហ្សាជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏ធំមិនធ្លាប់មានលើប្រទេសរបស់លោក។លោក Netanyahu បានប្រកាសបែបនេះនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិ ខណៈអ៊ីស្រាអែល បង្កើនការវាយលុករបស់ខ្លួននៅថ្ងៃទី៣នៃការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាក្នុងតំបន់ហ្គាហ្សា។ អ៊ីស្រាអែល បានប្រកាសសង្រ្គាមជាផ្លូវការលើក្រុមហាម៉ាសកាលពីថ្ងៃអាទិត្យក្រោយការវាយប្រហារមិធ្លាប់មានដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលបានបណ្ដាលឲ្យមនុស្សជាង១.៦០០នាក់ស្លាប់រួមទាំងជនជាតិអាមេរិក ១១នាក់។ចំណែក ក្រសួងការបរទេសរបស់ថៃកាលពីថ្ងៃចន្ទនិយាយថា ជនជាតិថៃ១២នាក់ត្រូវបានសម្លាប់១១នាក់ត្រូវបានចាប់ជាជម្រិតខ្មាំង និង៨នាក់រងរបួស។ វិទ្យុទាហានអ៊ីស្រាអែល បានរាយការណ៍ថា ចាប់តាំងពីផ្ទុះជម្លោះនេះ ជនជាតិអ៊ីស្រាអែលជាង៩០០នាក់បានស្លាប់ ។យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ជនជាតិប៉ាឡេស្ទីន៦០០នាក់បានស្លាប់។ចំណែកមនុស្សរាប់ពាន់ផ្សេងទៀត បានរងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើហ្កាហ្សា។ លោក Netanyahu និយាយថា យើងទើបតែបានចាប់ផ្ដើមការវាយប្រហារលើក្រុមហាម៉ាសប៉ុណ្ណោះ។ អ្វីដែលយើងត្រូវធ្វើចំពោះសត្រូវរបស់យើងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ នឹងកម្ទេចពួកគេចោលតរាប់ជំនាន់៕

គុណភាពខ្យល់នៅសិង្ហបុរី ស្ថិតក្នុងកម្រិតគ្រោះថ្នាក់ ខណៈមានកំណើនចំហេះព្រៃនៅប្រទេសឥណ្ឌូនេស៊ី

2023/10/09 09:11:59 pm        482
សន្ទស្សន៍ផ្លូវការបានបង្ហាញថា គុណភាពខ្យល់របស់ប្រទេសសិង្ហបុរី បានធ្លាក់ចូលទៅក្នុងកម្រិតគ្រោះថ្នាក់ដល់សុខភាព កាលពីថ្ងៃសៅរ៍ (៧ តុលា) ខណៈដែលការកើនឡើងនៃចំហេះព្រៃពីប្រទេសជិតខាងឥណ្ឌូនេស៊ី បាននាំមកនូវផ្សែងដ៏ខ្មួលខ្មាញ់ដល់ប្រទេសរដ្ឋមួយនេះ។ កាលពីម៉ោង២រសៀលថ្ងៃសៅរិ៍ (ម៉ោងក្នុងស្រុក) សន្ទស្សន៍ស្តង់ដារបំពុលខ្យល់រយៈពេល ២៤ម៉ោងនៅភាគខាងកើត និងកណ្តាលនៃប្រទេសសិង្ហបុរី គឺលើសពីកម្រិត១០០ ហើយនោះជាកម្រិតដ៏គ្រោះថ្នាក់មួយ ដែលមនុស្សម្នាត្រូវបានណែនាំឱ្យកាត់បន្ថយសកម្មភាពខាងក្រៅយូរ និងណែនាំឲ្យស្នាក់នៅក្នុងលំនៅឋាន។ផ្សែងឆ្លងដែនមកពីចំហេះព្រៃ គឺជាបញ្ហាជាច្រើនឆ្នាំនៅអាស៊ីអាគ្នេយ៍ ដោយសារចន្លោះប្រហោងនៃបទប្បញ្ញត្តិ ធ្វើឱ្យក្រុមអាជ្ញាធរមានការលំបាកក្នុងការលុបបំបាត់ការអនុវត្តការកាប់ឆ្ការ និងដុតបំផ្លាញដីរបស់ប្រទេសឥណ្ឌូនេស៊ី។ ទីភ្នាក់ងារបរិស្ថានជាតិរបស់សិង្ហបុរីបាននិយាយថា ចំហេះសកម្មចំនួន២១២ទីតាំង ត្រូវបានរកឃើញនៅលើកោះស៊ូម៉ាត្រា ក្បែរនោះរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ កើនឡើងពីចំនួន៦៥ទីតាំង កាលពីថ្ងៃព្រហស្បតិ៍ផងដែរ។ទីភ្នាក់ងារនោះបាននិយាយថា ការផ្លាស់ប្តូររយៈពេលខ្លីនៃទិសដៅខ្យល់ កាលពីរសៀលថ្ងៃសុក្រ បានធ្វើឱ្យផ្សែងមួយចំនួនហោះឆ្ពោះទៅរកប្រទេសសិង្ហបុរី ដែលធ្វើឱ្យគុណភាពខ្យល់របស់ប្រទេសនេះ កាន់តែអាក្រក់ទៅៗ។ កាលពីដើមសប្តាហ៍នេះ ប្រទេសម៉ាឡេស៊ី ក៏បានជំរុញឲ្យប្រទេសឥណ្ឌូណេស៊ី ចាត់វិធានការលើចំហេះនៅតាមព្រំដែនប្រទេសឥណ្ឌូណេស៊ី ខណៈគុណភាពខ្យល់ក្នុងប្រទេសម៉ាឡេស៊ីក៏ឡើងដល់កម្រិតគ្រោះថ្នាក់ផងដែរ៕

ទួរគីចាប់បានអ្នករត់គេចខ្លួនចំនួន ២.៥៥៤នាក់ ចាប់តាំងពីការវាយប្រហារដោយគ្រាប់បែកនៅទីក្រុងអង់ការ៉ាមក

2023/10/09 09:02:45 pm        470
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ទួរគី លោក Ali Yerlikaya បាននិយាយកាលពីថ្ងៃអាទិត្យ (៨ តុលា) ថា ក្រុមអាជ្ញាធរទួរគីបានចាប់ជនរត់គេចខ្លួនចំនួន ២.៥៥៤នាក់ ដែលជាផ្នែកមួយនៃប្រតិបត្តិការប្រឆាំងអំពើភេរវកម្មទូទាំងប្រទេស ដែលបានចាប់ផ្តើមបន្ទាប់ពីពួកសកម្មប្រយុទ្ធឃឺដ បានបំផ្ទុះគ្រាប់បែកនៅជិតអគាររដ្ឋាភិបាល ក្នុងទីក្រុងអង់ការ៉ា កាលពីមួយសប្តាហ៍មុន ។ទួរគីបាននិយាយនៅសប្តាហ៍នេះថា គោលដៅទាំងអស់ដែលជាកម្មសិទ្ធិរបស់កងជីវពលខុសច្បាប់របស់គណបក្សពលករឃើឌីស្ថាន (PKK) និងកងជីវពលឃឺដ YPG របស់ស៊ីរី គឺជា «គោលដៅវាយប្រហារស្របច្បាប់» សម្រាប់កងកម្លាំងរបស់ខ្លួន បន្ទាប់ពីគណបក្ស PKK បានអះអាងទទួលខុសត្រូវចំពោះការទម្លាក់គ្រាប់បែកកាលពីថ្ងៃអាទិត្យមុន ដែលបានធ្វើឱ្យមន្ត្រីនគរបាលពីរនាក់រងរបួស និងបណ្ដាលឲ្យឧក្រិដ្ឋជន ដែលជាអ្នកវាយប្រហារពីរនាក់បានស្លាប់ផងដែរ។ចាប់តាំងពីការវាយប្រហារនោះមក ទីក្រុងអង់ការ៉ាបានបើកការវាយប្រហារតាមអាកាស និងការវាយប្រហារលើដី ប្រឆាំងនឹងគោលដៅក្រុមសកម្មប្រយុទ្ធនៅភាគខាងជើងនៃប្រទេសស៊ីរី និងអ៊ីរ៉ាក់ ខណៈពេលដែលបង្កើនប្រតិបត្តិការសន្តិសុខនៅក្នុងប្រទេសផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងមហាផ្ទៃទួរគីក៏បាននិយាយផងដែរថា ក្រុមសកម្មប្រយុទ្ធជាច្រើននាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ដែលបានធ្វើឡើងកាលពីម៉ោង ៧:០០ល្ងាច (ម៉ោងសកល) ប៉ុន្តែមិនបាននិយាយថា តំបន់ណានៃប្រទេសស៊ីរី ដែលពួកគេបានធ្វើការវាយប្រហារនោះ៕

អាមេរិកព្រួយបារម្ភថា ជម្លោះកាណាដា-ឥណ្ឌា ជុំវិញឃាតកម្មលើសកម្មជនសាសនាស៊ីក អាចធ្វើឲ្យដួលរលំយុទ្ធសាស្ត្រទប់ទល់ជាមួយចិន

2023/10/09 07:38:54 pm        240
រដ្ឋបាលរបស់លោក Biden កំពុងតាមដានយ៉ាងអន្ទះសារ នូវជម្លោះរវាងប្រទេសកាណាដា និងឥណ្ឌាដោយមន្ត្រីមួយចំនួន ព្រួយបារម្ភថា វាអាចធ្វើឲ្យដួលរលំយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកចំពោះតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបានដឹកនាំក្នុងការកាត់បន្ថយឥទ្ធិពលរបស់ប្រទេសចិន នៅទីនោះ និងនៅកន្លែងផ្សេងទៀត។ ជាទូទៅ រដ្ឋបាលនេះ នៅតែរក្សាថា ការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីលោក Justin Trudeau ថារដ្ឋាភិបាលឥណ្ឌា មានជាប់ពាក់ព័ន្ធក្នុងឃាតកម្មលើជនផ្តាច់ខ្លួនសាសនាស៊ីកនៅជិតទីក្រុង Vancouver គឺជាបញ្ហាមួយរវាងប្រទេសទាំងពីរ។ ប៉ុន្តែតាមសេចក្តីរាយការណ៍ មន្ត្រីសហរដ្ឋអាមេរិក បានជំរុញឲ្យប្រទេសឥណ្ឌាសហការក្នុងការស៊ើបអង្កេត។ ប៉ុន្តែការអំពាវនាវទាំងនោះ ប្រទេសឥណ្ឌាមិនអើពើឡើយ ដែលបានច្រានចោលការចោទប្រកាន់នេះ។ នៅពីក្រោយហេតុការណ៍នេះ មន្ត្រីសហរដ្ឋអាមេរិក និយាយថាពួកគេជឿថា ការអះអាងរបស់លោក Trudeau គឺជាការពិត ហើយពួកគេបារម្ភថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi អាចនឹងអនុវត្តតាកទិកដើម្បីធ្វើឲ្យស្ងប់ស្ងាត់ក្រុមន្ត្រីប្រឆាំងលើទឹកដីបរទេស ដែលដូចទៅនឹងអ្នកដែលត្រូវបានប្រើប្រាស់ដោយរុស្ស៊ី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងប្រទេសកូរ៉េខាងជើង ដែលទាំងអស់នេះ បានប្រឈមមុខការចោទប្រកាន់ស្រដៀងគ្នា។

ទីភ្នាក់ងារUN និយាយថា ដំណើរការមនុស្សធម៌ត្រូវការដើម្បីនាំយកស្បៀងអាហារទៅកាន់តំបន់ហ្គាហ្សា

2023/10/09 07:34:45 pm        283
កម្មវិធីស្បៀងអាហារពិភពលោកអង្គការសហប្រជាជាតិ (WFP) កាលពីថ្ងៃអាទិត្យ បានអំពាវនាវសម្រាប់ការបង្កើតច្រករបៀងដើម្បីនាំយកស្បៀងអាហារទៅកាន់តំបន់ហ្គាហ្សា ខណៈការវាយប្រហារតាមអាកាសរបស់អ៊ីស្រអែល បានបាញ់ផ្លោងលើតំបន់ហ៊ុមព័ទ្ធរបស់ប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ធ្វើឲ្យមានមនុស្សស្លាប់ច្រើន។ កម្មវិធីស្បៀងអាហារពិភពលោកមានមូលដ្ឋាននៅទីក្រុងរ៉ូមនិយាយថា ខណៈជម្លោះកើនឡើង ជនស៊ីវិលរួមមានទាំងកុមារនិងគ្រួសារដែលងាយរងគ្រោះ ប្រឈមមុខបញ្ហាប្រឈមជាច្រើន ក្នុងការទទួលបានការផ្គត់ផ្គង់អាហារចាំបាច់។កម្មវិធីស្បៀងអាហារពិភពលោក បានជំរុញឲ្យមានដំណើរការមនុស្សធម៌ដោយគ្មានការរារាំង និងសុវត្ថិភាព ទៅដល់តំបន់រងផលប៉ះពាល់ ដោយអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍នៃច្បាប់មនុស្សធម៌ រួមទាំងការធានាបានដំណើរការចំពោះស្បៀងអាហារ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានផ្តល់ជំនួយស្បៀងអាហារផ្ទាល់ ដល់ពលរដ្ឋប៉ាឡេស្ទីនប្រមាណ ៣៥០.០០០នាក់ ប្រចាំខែ ខណៈផ្តល់ជំនួយដល់ពលរដ្ឋប៉ាឡេស្ទីនជិត១លាននាក់ ក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូមនុស្សធម៌ដ៏ទៃទៀត តាមរយៈ ការផ្ទេរសាច់ប្រាក់។ កម្មវិធីស្បៀងអាហារពិភពលោក និយាយថាខ្លួន បានត្រៀមរួចរាល់ការបង្កើតទីតាំងស្តុកស្បៀងអាហារ មុនការដាក់ទីតាំង សម្រាប់ពលរដ្ឋ ដែលបានជម្លៀសខ្លួន ឬកំពុងស្ថិតនៅក្នុងទីជម្រក។យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានដាក់ពង្រាយទាហានរាប់ម៉ឺននាក់ នៅជុំវិញតំបន់ហ្គាហ្សា ជាកន្លែងដែលពលរដ្ឋប៉ាឡេស្ទីន ២.៣លាននាក់រស់នៅទីនោះ ក្នុងពេលមានការប៉ាន់ប្រមាណថានឹងរាលដាលនៃការឈ្លានពានរបស់អ៊ីស្រាអែលទ្រង់ទ្រាយធំដែលជិតមកដល់ ចូលមកដែនដីនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាកម្ពុជា-ថៃ ក្រោមអនុសញ្ញា UNCLOS នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា
09/09/2026 10:09 PM
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (BOT)
09/09/2026 08:09 PM
គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន
09/09/2026 07:09 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីសង្ឃឹមថា កិច្ចប្រជុំសម្របសម្រួលដោយអាមេរិកជាមួយអ៊ុយក្រែន នឹងចាប់ផ្តើមឡើងវិញ ក្នុងពេលឆាប់ៗនេះ
09/09/2026 07:09 PM
គណបក្សប្រឆាំងដ៏ធំ​របស់ជប៉ុន ប្រកាស​រំលាយ​​ ក្រោយបង្កើត​បាន​​រយៈ​ពេល​ ៨ខែ
09/09/2026 06:09 PM
ឥណ្ឌូនេស៊ី ស្វែងរកអ្នកសារព័ត៌មានបាត់ខ្លួន ក្រោយពេលពួកគេធ្វើសេចក្តីរាយការណ៍ពីបន្ទុះភ្នំភ្លើង Anak Krakatau
09/09/2026 06:09 PM
អ៊ីរ៉ង់សងសឹកអាមេរិកជាមួយការវាយប្រហារលើនាវាដឹកប្រេងរបស់ទីក្រុងវ៉ាស៊ីនតោន
09/09/2026 06:09 PM
ការវាយប្រហាររបស់រុស្ស៊ីសម្លាប់មនុស្សម្នាក់ និងធ្វើឲ្យខូចខាតកំពង់ផែនៅទីក្រុង Mykolaivរបស់អ៊ុយក្រែន
09/09/2026 06:09 PM
មនុស្ស ៤នាក់ស្លាប់ ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែនលើទីក្រុង Novorossiysk របស់រុស្ស៊ី
09/09/2026 06:09 PM
ប្រធានាធិបតីស៊ែប៊ី បញ្ជាក់ថា ការបោះឆ្នោតសភា នឹង​ត្រូវ​បាន​ធ្វើ​​នៅថ្ងៃទី២៥ ខែតុលា
09/09/2026 06:09 PM