គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន
ស្នងការខេត្តកំពតបន្តតាមដានមន្ត្រីនគរបាល២រូបចំពោះរបាយការណ៍មិនប្រក្រតីអំពីគ្រោះថ្នាក់ចរាចរ
រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)
រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ

សន្តិសុខ និង សង្គម

បេសកកម្ម UN មកដល់តំបន់ណាហ្គ័រណូ-ការ៉ាបាក់ ខណៈការភៀសខ្លួនរបស់ជនជាតិភាគតិចអាមេនីជិតបញ្ចប់

2023/10/02 07:24:05 pm        97
ប្រព័ន្ធផ្សព្វផ្សាយប្រទេសអាស៊ែរបៃហ្សង់ បានរាយការណ៍ថា បេសកកម្មអង្គការសហប្រជាជាតិ បានមកដល់តំបន់ណាហ្គ័រណូ-ការ៉ាបាក់ កាលពីថ្ងៃអាទិត្យ ខណៈការភៀសខ្លួនចេញទ្រង់ទ្រាយធំរបស់ជនជាតិភាគតិចអាមេនីពីតំបន់នឹងជិតដល់ទីបញ្ចប់នៃការភៀសខ្លួន បន្ទាប់ពីការវាយលុករបស់យោធាអាស៊ែរបៃហ្សង់ កាលពីខែមុន។ បេសកកម្មនេះត្រូវបានដឹកនាំដោយមន្ត្រីផ្តល់ជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ជាដំណើរការចូលលើកដំបូងរបស់ស្ថាប័នពិភពលោកទៅក្នុងតំបន់មួយនេះក្នុងរយៈពេលប្រមាណ៣០ឆ្នាំមកហើយ។ប្រទេសអាមេនី បានស្នើសុំតុលាការពិភពលោក ដើម្បីបង្គាប់ឲ្យអាស៊ែរបៃហ្សង់ ដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីទីតាំងជនស៊ីវិលក្នុងតំបន់ណាហ្គ័រណូ-ការ៉ាបាក់ និងផ្តល់ដំណើរការចូលរបស់អង្គការសហប្រជាជាតិ។ តុលាការពិភពលោក ត្រូវបានគេស្គាល់ជាផ្លូវការថាជា តុលាការយុត្តិធម៌អន្តរជាតិ កាលពីខែកុម្ភះ បានបង្គាប់ឲ្យប្រទេសអាស៊ែរបៃហ្សង់ ធានាពីការធ្វើដំណើរដោយសេរី ឆ្លងកាត់តំបន់មួយដែលគេស្គាល់ថាច្រករបៀង Lachin ទៅនិងមកពីតំបន់នោះ។ ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បានដកស្រង់សម្តីរដ្ឋាភិបាលអាមេនី ដែលបាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ដំណើរការនៃការធ្វើដំណើរសម្រាប់អ្នកដែលមានបំណងភៀសខ្លួនពីតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ទៅកាន់ប្រទេសអាមេនី ដែលនៅជិតខាង ជិតដល់ទីបញ្ចប់ហើយ។ កាលពីព្រឹកថ្ងៃអាទិត្យ អង្គការសុខភាពពិភពលោក បាននិយាយថា ជនជាតិភាគតិចអាមេនីជាង១សែននាក់មកពីតំបន់ណាហ្គ័រណូ-ការ៉ាបាក់ បានធ្វើដំណើរមកដល់ មិនដល់មួយសប្តាហ៍ផង និងបាននិយាយថាអ្នកជំនាញជាបន្តបន្ទាប់ នឹងត្រូវបានបញ្ជូនទៅទីនោះ។ ការធ្វើដំណើររបស់ក្រុមគ្រួសារជនជាតិអាមេនី បានអស់កម្លាំងនិងស្រេកឃ្លាននៅសប្តាហ៍នេះ ដែលទទួលរងការបំផ្លាញដោយការផ្ទុះនៅឃ្លាំងប្រេងឥន្ធនៈ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៧០នាក់ស្លាប់។

ឆេះក្លឹបកម្សាន្តនៅទីក្រុង Murcia ប្រទេសអេស្ប៉ាញ អ្នកស្លាប់ឡើងដល់យ៉ាងហោចណាស់១៣នាក់

2023/10/02 07:20:41 pm        97
អភិបាលក្រុង លោក Joes Ballesta បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា អ្នកស្លាប់ដោយសារអគ្គិភ័យឆេះនៅក្លឹបកម្សាន្តក្នុងទីក្រុង Murcia ប្រទេសអេស្ប៉ាញភាគអាគ្នេយ៍ កើនឡើងដល់យ៉ាងហោចណាស់១៣នាក់។យោងតាមអង្គភាពសង្គ្រោះបន្ទាន់ បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ នៅតែស្វែងរកអ្នកបាត់ខ្លួនបន្ទាប់ពីការឆាបឆេះ។នៅពេលដំបូងលោក Diego Seral នគរបាលជាតិរបស់ប្រទេសអេស្ប៉ាញ បានប្រាប់អ្នករាយការណ៍ព័ត៌មានថា អ្នកស្លាប់ត្រូវបានរកឃើញនៅក្នុងក្លឹបកម្សាន្ត Fonda Milagros ជាក្លឹបកម្សាន្តមួយក្នុងចំណោមក្លឹបចំនួន៣នៅជាប់ៗគ្នា ដែលទទួលរងការបំផ្លាញភាគច្រើនដោយអគ្គិភ័យ រួមទាំងការបាក់រលំដំបូល។ អ្នកស៊ើបអង្កេតរបស់នគរបាល ពុំអាចចូលទៅដល់ទីតាំងនោះបានទេ ដោយសារតែសីតុណ្ហភាពក្តៅខ្លាំង និងគ្រោះថ្នាក់នៃការបាក់រលំអគារ។ អភិបាលក្រុងលោក Ballesta បានប្រកាសការកាន់ទុក្ខរយៈពេល៣ថ្ងៃសម្រាប់អ្នកដែលបានស្លាប់ ហើយ ទង់ជាតិត្រូវបានបង្ហូតត្រឹមពាក់កណ្តាលដង នៅខាងក្រៅសាលាក្រុង Murcia។

មនុស្ស៩នាក់ស្លាប់ និង៣០នាក់ជាប់ក្រោមគំនរបាក់បែក បន្ទាប់ពីហេតុការណ៍បាក់ដំបូលវិហារនៅប្រទេសម៉ិកស៊ិក

2023/10/02 07:17:13 pm        107
មនុស្សយ៉ាងហោចណាស់៩នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ និងមនុស្សជាង៣០នាក់ផ្សេងទៀត បានជាប់ខ្លួននៅក្នុងគំនរបាក់បែក ព្រមទាំងមនុស្សជាង៤០នាក់រងរបួស បន្ទាប់ពីដំបូលព្រះវិហារមួយកន្លែង បានដួលរលំនៅក្នុងប្រទេសម៉ិកស៊ិក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា មនុស្សចំនួន៤៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីដំបូលព្រះវិហារ សាន់តា គ្រូស (Santa Cruz) ក្នុងទីក្រុង ស៊ីវដាដ ម៉ាដេរ៉ូ (Ciudad Madero) បានដួលរលំ។នគរបាលនៅក្នុងរដ្ឋឆ្នេរសមុទ្រ តាម៉ាអ៊ូលីប៉ាស (Tamaulipas) បាននិយាយថា មនុស្សប្រហែល១០០នាក់ បានស្ថិតនៅក្នុងការធ្វើពិធីដ៏ធំមួយនៅពេលមានការដួលរលំនោះ ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ពិធីនោះគឺជាពិធីបុណ្យជ្រមុជទឹក។ កុមារមួយចំនួនត្រូវបានគេជឿថា ស្ថិតក្នុងចំណោមអ្នកដែលជាប់គាំងទាំងនោះ ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្ត។ការអំពាវនាវរកជំនួយ ត្រូវបានធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់សម្ភារៈវេជ្ជសាស្រ្ត និងសង្គ្រោះ ដើម្បីជួយអ្នកដែលស្វែងរកអ្នកនៅរស់រានមានជីវិត។ ក្រុមអាជ្ញាធរបានស្នើសុំរក្សាភាពស្ងៀមស្ងាត់ពីហ្វូងមនុស្ស ដែលបានប្រមូលផ្តុំនៅកន្លែងកើតហេតុ ដើម្បីឱ្យក្រុមសង្រ្គោះអាចដឹងថា តើអ្នកដែលកំពុងជាប់នៅខាងក្នុង កំពុងស្រែករកជំនួយ ឬយ៉ាងណា៕

ការស៊ើបអង្កេត៖ អគ្គិភ័យរោងការនៅអ៊ីរ៉ាក់ បង្កឡើងដោយការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរ

2023/10/02 07:09:52 pm        105
លទ្ធផលនៃការស៊ើបអង្កេតរបស់រដ្ឋាភិបាល លើគ្រោះមហន្តរាយអគ្គិភ័យរោងការបាននិយាយថា អគ្គិភ័យដែលបានឆាបឆេះសាលមង្គលការមានមនុស្សយ៉ាងច្រើនកកកុញ នៅក្នុងទីក្រុងភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលបានសម្លាប់មនុស្សជាង១០០នាក់នោះ ត្រូវបានស្តីបន្ទោសលើ «ការធ្វេសប្រហែសទាំងស្រុង» និងកង្វះវិធានការសុវត្ថិភាព។លទ្ធផលស៊ើបអង្កេត ដែលត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ (១ តុលា) ដោយរដ្ឋមន្ត្រីមហាផ្ទៃ លោក Abdul Amir al-Shammari បាននិយាយថា ម្ចាស់សាល និងបុគ្គលិកបីនាក់ផ្សេងទៀត បានអនុញ្ញាតឱ្យមនុស្ស៩០០នាក់ចូលក្នុងកន្លែងប្រារព្ធពិធី នៅពេលដែលទីតាំងនោះត្រូវបានរចនាឡើងសម្រាប់ដាក់មនុស្សអតិបរមាចំនួន៤០០នាក់ប៉ុណ្ណោះ។លោគ Shammari បានបន្ថែមថា អគ្គិភ័យបានឆាបឆេះមនុស្សនៅខាងក្នុងសាលអាពាហ៍ពិពាហ៍នោះ ហើយក្រុមជួយសង្គ្រោះបានមានការពិបាកក្នុងការចូលទៅសង្រ្គោះពួកគេ ដោយសារតែទ្វារសម្រាប់ចេញមានតិច និងមានទំហំតូចផងនោះ។ រដ្ឋមន្ត្រីមហាផ្ទៃរូបនេះ បានកត់ត្រាអ្នកស្លាប់ចំនួន១០៧នាក់ ហើយបាននិយាយថា ក្រុមស៊ើបអង្កេតបានស្នើឱ្យរដ្ឋាភិបាលគួរតែផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់គ្រួសារអ្នកស្លាប់និងរបួសទាំងនោះ ហើយការស៊ើបអង្កេតក៏បានផ្តល់អនុសាសន៍ថា គួរតែចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមមន្ត្រីមូលដ្ឋានមួយចំនួនផងដែរ៕

ភ្លៀងមូសុងនៅឥណ្ឌា ធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេល៥ឆ្នាំដោយសារបញ្ហាអាកាសធាតុ

2023/10/02 06:09:17 pm        91
នាយកដ្ឋានអាកាសធាតុររដ្ឋរបស់ឥណ្ឌា បាននិយាយកាលពីថ្ងៃសៅរ៍ (៣០ កញ្ញា) ថា កមិ្រតទឹកភ្លៀងមូសុងរបស់ប្រទេសឥណ្ឌាក្នុងឆ្នាំនេះ គឺទាបបំផុតក្នុងរយៈពេល៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨មក ដោយសារគំរូអាកាសធាតុ អ៊ែល នីញ៉ូ បានធ្វើឱ្យខែសីហា ជាខែស្ងួតបំផុតក្នុងរយៈពេលជាងមួយសតវត្សរ៍។ ខ្យល់មូសុងដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចចំនួន៣សែនកោដិ៍ដុល្លាររបស់ឥណ្ឌា នាំមកជិត៧០ភាគរយនៃទឹកភ្លៀង ដែលប្រទេសនេះត្រូវការ សម្រាប់ដំណាំ ព្រមទាំងបំពេញអាងស្តុកទឹក និងអាងចិញ្ចឹមត្រីផងដែរ។ស្ទើរតែពាក់កណ្តាលនៃដីស្រែក្នុងប្រទេស ដែលមានប្រជាជនច្រើនជាងគេលើពិភពលោកនេះ បានខ្វះខាតប្រព័ន្ធធារាសាស្រ្ត ធ្វើឱ្យភ្លៀងមូសុងកាន់តែមានសារៈសំខាន់សម្រាប់ផលិតកម្មកសិកម្ម។ ឱនភាពទឹកភ្លៀងនៅរដូវក្ដៅ អាចធ្វើឱ្យអាហារសំខាន់ៗដូចជា ស្ករ គ្រាប់ធញ្ញជាតិ អង្ករ និងបន្លែ ឡើងថ្លៃកាន់តែខ្លាំង ព្រមទាំងធ្វើឱ្យអតិផរណាអាហារទាំងមូលកើនឡើងយ៉ាងគំហុកផងដែរ។ផលិតកម្មទាបក៏អាចជំរុញឱ្យប្រទេសឥណ្ឌា ដែលជាប្រទេសផលិតអង្ករ ស្រូវសាលី និងស្ករធំជាងគេទីពីររបស់ពិភពលោក ដាក់ការទប់ស្កាត់បន្ថែមទៀតលើការនាំចេញទំនិញទាំងនេះ។ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្លៀងធ្លាក់ទូទាំងប្រទេស ក្នុងអំឡុងខែមិថុនា ដល់ខែកញ្ញា គឺមានកម្រិត៩៤ភាគរយ នៃរយៈពេលមធ្យមដ៏វែងរបស់វា ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០១៨មក៕

សន្តិសុខសុវត្ថិភាពនៅតាមទីវត្តអារាម ត្រូវបានយកចិត្តទុកដាក់ការពារពីកងកម្លាំងសមត្ថកិច្ច

2023/10/02 06:00:34 pm        177
ភ្នំពេញ៖ នៅតាមទីវត្តអារាមនានាទាំងអស់ មិនថានៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តនានានោះទេ គឺត្រូវបានយកចិត្តទុកដាក់ ពីការការពារសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋជាពុទ្ធបរិស័ទ ដែលបានអញ្ជើញទៅកាន់បិណ្ឌដាក់បាត ដើម្បីឧទ្ទិសកុសលផលបុណ្យជូន​ញាតិការ​ ដែលបានចែកកាយរំលាយឋានទៅជាតិខាងមុខ ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ ដែលត្រូវជាថ្ងៃបិណ្ឌទី០៣ នៃពិធីបុណ្យកាន់បិណ្ឌ វត្តនិរោធរង្ស៊ី ដែលជាវត្តមួយក្នុងចំណោមវត្តអារាមជាច្រើន​ នៅក្នុងខណ្ឌច្បារអំពៅ នៃរាជធានី​ភ្នំពេញ ត្រូវបានការពារសន្តិសុខសុវត្ថិភាព ​ពីកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និង​កម្លាំងប្រជាការពារផងដែរ ។ លោកវរសេនីយ៍ទោ ឡូ ភារម្យ អធិការរងនគរបាលខណ្ឌច្បារអំពៅ ​បានប្រាប់ BTV ឱ្យដឹងថា ពាក់ព័ន្ធនឹងសន្តិសុខសុវត្ថិភាព ​និងរក្សាបានរបៀបរៀបរយជូនពលរដ្ឋ ​នៅតាមទីតាំងវត្តអារាម វាជា​កាតព្វកិច្ចចាំបាច់ ដែលកងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នា ​យកចិត្តទុកដាក់ក្នុងការការពារ និងជាការបង្ការទប់ស្កាត់នូវរាល់សកម្មភាពអសន្តិសុខទាំងឡាយ ​ដែលអាចកើតមានឡើងបាន ។ ពលរដ្ឋ ជាពុទ្ធបរិស័ទ ដែលបានទៅធ្វើបុណ្យនៅវត្តនិរោធរង្ស៊ី ​ក៏បានសម្តែងនូវភាពកក់ក្តៅ ដោយ​មិនមានការព្រួយបារម្ភនោះឡើយ ​ពីបញ្ហាអសន្តិសុខ ​ព្រោះពួកគាត់ទាំងអស់គ្នា ក៏បាន​សង្កេត​ឃើញ ពីការការពារបានយ៉ាងល្អ ​និងយកចិត្តទុកដាក់ពី​កង​កម្លាំង​សមត្ថកិច្ច​ទាំង​អស់ផងដែរ៕ 

មនុស្ស១លាននាក់ចូលរួមការហែក្បួនរបស់ក្រុមចម្រុះប្រឆាំងក្នុងប្រទេសប៉ូឡូញ នៅមុនការបោះឆ្នោតថ្ងៃទី១៥ ខែតុលា

2023/10/02 05:51:48 pm        115
អ្នកគាំទ្រនៃក្រុមចម្រុះប្រឆាំងប៉ូឡូញ បានប្រមូលផ្តុំនៅតាមដងផ្លូវនានានៃរដ្ឋធានីវ៉ាសូវី កាលពីថ្ងៃអាទិត្យដើម្បីចូលរួម «ការដើរដង្ហែនៃបេះដូងចំនួនមួយលាន» ជាមួយនឹងការបោះឆ្នោតរបស់ប្រទេសនេះ នៅ ពីរសប្តាហ៍ទៀត។អង្គការព័ត៌មានអាល្លឺម៉ង់ Deutsche Presse-Agentur រាយការណ៍ថា មនុស្សជិត មួយលាននាក់ បានចូលរួមក្នុងបាតុកម្មដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី ដូណាល់ ថាស(Donald Tusk)។ ការធ្វើបាតុកម្មនេះ ធ្វើឡើង ដើម្បីប្រឆាំងនឹងគណបក្សច្បាប់ និងយុត្តិធម៌ ដែលកំពុងគ្រប់គ្រងអំណាច។លោកថាស បានហៅចលនាប្រឆាំងនេះថាជា«កម្លាំងដែលមិនអាចបញ្ឈប់បាន» និងជា «សញ្ញាសម្រាប់ការចាប់កំណើតឡើងវិញរបស់ប្រទេសប៉ូឡូញ» នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ។លោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់គណបក្សរបស់លោក គឺ ផ្លេត ហ្វ័រម៉ា អូប៊ីវ៉ាតែលស្កា (Plat forma Obywatelska)ថា អ្វីដែលមិនអាចទៅរួច អាចទៅរួច។ នៅពេលដែលខ្ញុំឃើញមានអ្នកគាំទ្រដ៏ច្រើន នៅពេលដែលខ្ញុំឃើញទឹកមុខញញឹមរបស់ពួកគេទាំងអស់គ្នានេះ ខ្ញុំមានអារម្មណ៍ល្អ ដែលពេលវេលាដ៏សំខាន់នេះ កំពុងក្លាយជាប្រវត្តិសាស្ត្រនៃមាតុភូមិរបស់យើង»។

មន្ត្រីអ៊ីរ៉ង់ទទួលស្គាល់តួនាទីរបស់ប្រទេស ក្នុងការទម្លាក់គ្រាប់បែកភេរវកម្ម ដែលបានសម្លាប់សមាជិកយោធាអាមេរិកចំនួន២៤១នាក់

2023/10/02 05:47:48 pm        101
តំណាងសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំប្រទេសលីបង់ បានចេញសេចក្តីប្រកាសជាសាធារណៈលើកដំបូងអំពីតួនាទីរបស់របបអ៊ីរ៉ង់ ក្នុងការសម្លាប់រង្គាលលើយោធា និងបុគ្គលិកការទូតអាមេរិក នៅដើមទសវត្សរ៍ឆ្នាំ ១៩៨០នៅទីក្រុងបេរូត។វិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមបូព៌ា (MEMRI) មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ហើយជាលើកបានបកប្រែបទសម្ភាសន៍អំពីគ្រាប់បែកជាមួយលោក សាយយ៉េដ អ៊ីសសា តាបាតាបៃ (Sayyed Issa Tabatabai) ដែលបម្រើការជាអ្នកតំណាងមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោកអាលិ ខាមីណេ ( Ali Khamenei) នៅក្នុងប្រទេសលីបង់។ទីភ្នាក់ងារព័ត៌មានសាធារណៈរដ្ឋឥស្លាម (IRNA) ដែលគ្រប់គ្រងដោយរដ្ឋ បានពិនិត្យយ៉ាងរហ័សនូវការបង្ហាញដ៏អាក្រក់ដែល លោក តាបាតាបៃ បានធ្វើអំពីតួនាទីរបស់អ៊ីរ៉ង់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតទៅលើជនជាតិអាមេរិក ប៉ុន្តែ MEMRI បានរក្សាទុកច្បាប់ចម្លងមួយច្បាប់។ប្រទេសអ៊ីរ៉ង់និងជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដ៏សំខាន់របស់ខ្លួន ចលនាភេរវកម្មហេសបូឡាហ៍ (Hezbollah) ដែលកំណត់ដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសលីបង់ ត្រូវបានគេស្តីបន្ទោសចំពោះការទម្លាក់គ្រាប់បែកលើស្ថានទូតអាមេរិកនៅទីក្រុងបេរូតក្នុងឆ្នាំ១៩៨៣ ដែលក្នុងនោះមនុស្ស៦៣នាក់រួមទាំងជនជាតិអាមេរិក១៧នាក់ ត្រូវបានស្លាប់ ហើយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតពីរនាក់ទៀត បានបំផ្ទុះបន្ទាយទាហានរបស់សមាជិកអាមេរិក និងបារាំងនៃកងកម្លាំងពហុជាតិនៅប្រទេសលីបង់ក្នុងឆ្នាំ១៩៨៣ ដែលក្នុងនោះទាហានម៉ារីនអាមេរិកចំនួន ២២០នាក់ ទាហានជើងទឹកអាមេរិកចំនួន ១៨នាក់ និងទាហានអាមេរិកចំនួន ៣នាក់ បានបាត់បង់ជីវិត។ កងទ័ពបារាំង៥៥នាក់ ក៏ត្រូវបានគេសម្លាប់ ក្នុងការវាយប្រហារភេរវកម្មនោះដែរ។

ពលរដ្ឋកាណាដាកាន់សាសនាស៊ីក ដឹងគុណកាណាដា បន្ទាប់ពីការចោទប្រកាន់ឥណ្ឌា ខណៈអ្នកខ្លះមានការភ័យខ្លាច

2023/10/02 05:42:42 pm        109
ពលរដ្ឋកាណាដាកាន់សាសនាស៊ីក បានដឹងគុណចំពោះនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ដែលបានបញ្ចេញសំឡេងគាំទ្រចំពោះការភ័យខ្លាចរបស់ពួកគេ ហើយក្រោកឈរឡើងប្រឆាំងនឹងប្រទេសឥណ្ឌា ខណៈអ្នកខ្លះទៀតមានការភ័យខ្លាចការសងសឹកពីប្រទេសមានប្រជាជនច្រើនជាងគេលើពីភពលោកមួយនោះ ក្នុងហានិភ័យនៃប្រតិកម្មតបយ៉ាងធ្ងន់ធ្ងរពីរដ្ឋធានី ញ៉ូវ ដេល្លី ដែលលោក Trudeau បាននិយាយថាអាចជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក។រដ្ឋាភិបាលឥណ្ឌាបានចាត់ទុកមេដឹកនាំសាសនាស៊ីក លោក Hardeep Singh Nijjar ដែលជាពលរដ្ឋកាណាដា និងត្រូវបានបាញ់សម្លាប់កាលពីខែមិថុនា ក្នុងខេត្តប្រ៊ីដធីស កូឡំប៊ី របស់កាណាដា ថាជាភេរវករ ដោយសារតែការតស៊ូមតិរបស់លោក ក្នុងការទាមទាររដ្ឋឯករាជ្យ កាលីស្ថាន សម្រាប់ពលរដ្ឋសាសនាស៊ីក។ប្រទេសឥណ្ឌា បានបដិសេធយ៉ាងដាច់ខាត នូវការជាប់ពាក់ព័ន្ធណាមួយរបស់ខ្លួនក្នុងការសម្លាប់លោក Nijjar ដែលបានកើតឡើងនៅចំណតរថយន្តនៃវិហារស៊ីក នៅតំបន់ Surrey ក្នុងខេត្តប្រ៊ីដធីស កូឡំប៊ី របស់កាណាដា ប៉ុន្តែពលរដ្ឋកាណាដាសាសនាស៊ីក មិនជឿជាក់លើឥណ្ឌានោះទេ ហើយប្រជាជនមួយចំនួន ដែលជាអ្នកគាំទ្រការស្វែងរករដ្ឋឯករាជ្យ កាលីស្ថាន មានការភ័យខ្លាចយ៉ាងខ្លាំង។ប្រទេសទាំងពីរបានបណ្តេញអ្នកការទូតរវាងប្រទេសទាំងពីរ នៅក្នុងការសងសឹកមួយ បន្ទាប់ពីការប្រកាសដ៏កក្រើកពីលោកនាយករដ្ឋមន្ត្រីកាណាដា Trudeau កាលពីសប្តាហ៍មុន ប៉ុន្តែឥណ្ឌាបានចាត់វិធានការកាន់តែហួសហេតុ ដោយបានចេញការព្រមានអំពីការធ្វើដំណើរ និងបញ្ឈប់ការផ្តល់ទិដ្ឋាការដល់ជនជាតិកាណាដា។ ចំណាត់ការរបស់លោក Trudeau ប្រថុយប្រថាននឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រសេដ្ឋកិច្ច និងនយោបាយ ដែលប្រទេសលោកខាងលិចជាច្រើនកំពុងសំដៅឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ដើម្បីប្រឆាំងនឹងប្រទេសចិន៕

នីហ្ស៊េរីយ៉ាផ្តល់ការដំឡើងប្រាក់ឈ្នួល មុនពេលកូដកម្មការងារ

2023/10/02 05:38:27 pm        58
ប្រធានាធិបតីនីហ្ស៊េរីយ៉ា លោក Bola Tinubu កាលពីថ្ងៃអាទិត្យ (១ តុលា) បានប្រកាសការដំឡើងប្រាក់ឈ្នួលបណ្តោះអាសន្ន សម្រាប់កម្មករដែលមានប្រាក់ចំណូលទាប និងផ្ដល់រថយន្តក្រុងធំៗដែលដំណើរការដោយហ្គាស ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃការដកប្រាក់ឧបត្ថម្ភប្រេងសាំង ត្រឹមតែរយៈពេលពីរថ្ងៃ មុនពេលសហជីពកម្មករចាប់ផ្តើមធ្វើកូដកម្មមិនកំណត់រយៈពេល។លោក Tinubu បានលុបចោលប្រាក់ឧបត្ថម្ភ ដែលមានអាយុកាលរាប់ទសវត្សរ៍ ក្នុងអំឡុងពេលសម្ពោធរដ្ឋាភិបាលរបស់លោកកាលពីខែឧសភា ហើយបានបញ្ចប់ការរឹតបន្តឹងលើការប្តូរប្រាក់បរទេស ដែលបាននាំឱ្យមានការកើនឡើងតម្លៃនៃការចំណាយប្រចាំថ្ងៃ និងបណ្ដាលឲ្យសហជីពដែលមានកំហឹងជាមួយរដ្ឋភិបាលរបស់លោកយ៉ាងខ្លាំង។ លោក Tinubu បាននិយាយថា បន្ទាប់ពីកិច្ចពិភាក្សាជាមួយកម្មករ អាជីវកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀត បុគ្គលិករដ្ឋាភិបាលសហព័ន្ធនឹងទទួលបានប្រាក់ឈ្នួលបន្ថែមចំនួន២៥.០០០ណៃរ៉ា (រូបិយប័ណ្ណនីហ្ស៊េរីយ៉ា) ក្នុងមួយខែសម្រាប់រយៈពេលប្រាំមួយខែខាងមុខ ដែលជាការដំឡើងតូចមួយ ដោយលោកបាននិយាយថា គឺជាការចាំបាច់ដើម្បីជៀសវាងការជំរុញតួលេខអតិផរណាចំនួនដល់ទៅពីរខ្ទង់នៅក្នុងប្រទេសនេះ។នោះមានន័យថា ប្រាក់ឈ្នួលអប្បបរមានៅក្នុងប្រទេសនីហ្ស៊េរីយ៉ា កើនឡើងរហូតដល់៥៥.០០០ណៃរ៉ា ដែលស្មើនឹង៧១ដុល្លារ ពីតួលេខប្រាក់ឈ្នួលកាលពីមុន ដែលមានត្រឹមតែ៣០០០០ណៃរ៉ាប៉ុណ្ណោះ។ ប៉ុន្តែសហជីពកម្មករចង់ឲ្យលោកប្រធានាធិបតី Tinubu ផ្តល់ប្រាក់ឧបត្ថម្ភថ្លៃប្រេងឡើងវិញ ហើយពួកគេក៏ធ្លាប់បានទាមទារប្រាក់ឈ្នួលអប្បបរមាចំនួន២០ម៉ឺនណៃរ៉ា ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

WSJ៖ ទីប្រឹក្សា ព្រមានថា ជម្លោះជាមួយអ៊ីរ៉ង់ អាចអូសបន្លាយ​រហូតដល់ចប់អាណត្តិរបស់លោក Trump
09/10/2026 03:09 PM
UN អំពាវនាវរកមូលនិធិ៤៩,៦លានដុល្លារ ខណៈទឹកជំនន់នៅនេប៉ាល់សម្លាប់មនុស្សជាង១.៤០០នាក់ និងបាត់ខ្លួនរាប់ពាន់នាក់
09/10/2026 03:09 PM
បេសកជនអ៊ីរ៉ង់ប្រចាំUN ចាត់ទុកទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ចំនួន២៧ថាជាភេរវកម្មសេដ្ឋកិច្ច
09/10/2026 03:09 PM
លោក Trump៖ ជម្លោះជាមួយអ៊ីរ៉ង់ នឹងមិនបញ្ចប់ រហូតដល់ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ
09/10/2026 03:09 PM
លោកTrump និយាយថា ឈ្នះសង្គ្រាមជាមួយអ៊ីរ៉ង់ ហើយក៏កំពុងគ្រប់គ្រងច្រកសមុទ្រ Hormuz
09/10/2026 03:09 PM
ក្រសួងអប់រំ ផ្ដល់ការបង្រៀនបំប៉នសម្រាប់សិស្សត្រៀមប្រឡងចូលតាមសាកលវិទ្យាល័យ
09/10/2026 03:09 PM
រុស្ស៊ីអះអាងថា បានបំផ្លាញយន្តហោះចម្បាំងអ៊ុយក្រែនជាង ៦៧០គ្រឿង តាំងពីចាប់ផ្តើមប្រតិបត្តិការយោធាពិសេស
09/10/2026 03:09 PM
អ្នកការទូត៖ NATO កំពុងត្រៀមខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នារយៈពេលយូរជាមួយរុស្ស៊ី
09/10/2026 03:09 PM
មន្ត្រី EU ព្រមានថា ទំនាក់ទំនងរចនាសម្ព័ន្ធរវាងកូរ៉េខាងជើង និងរុស្ស៊ី ទំនងជាបន្តហួសពីសង្គ្រាមអ៊ុយក្រែន
09/10/2026 03:09 PM
ទូរទស្សន៍៖ យន្តហោះចម្បាំងអាមេរិកជាច្រើនគ្រឿង ត្រូវរងការខូចខាត បន្ទាប់ពីអ៊ីរ៉ង់វាយប្រហារលើ ហ្ស៊កដានី
09/10/2026 03:09 PM