ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
កម្លាំងអាជ្ញាធររាជធានី បន្តឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌមានជ័យ ឃាត់ជនបរទេស១២នាក់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួនបីដែលនឹងត្រូវដាក់ឱ្យអនុវត្តចំពោះករណីក្មេងទំនើង
អាវុធហត្ថរាជធានី ឆ្មក់ចុះបង្រ្កាបភោជនីយដ្ឋាន «មហាមេឃ» សង្ស័យបង្កប់សេវាបម្រើផ្លូវភេទ ឃាត់មនុស្សប្រុសស្រី ៥៣នាក់

សន្តិសុខ និង សង្គម

អាជ្ញាធរខណ្ឌដូនពេញ បន្តធ្វើជាប្រចាំបង្ក្រាបក្រុមម៉ូតូ បំពងសំឡេងខុសបច្ចេកទេស

2023/03/15 10:01:33 am        527
ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញក្រោមការដឹកនាំរបស់លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់បទបញ្ជាឲ្យកងកម្លាំង អធិការដ្ឋាននគរបាលខណ្ឌដូនពេញឲ្យ ចុះល្បាតពូនស្ទាក់ បង្ការ បទល្មើសផ្សេងៗ ដើម្បីរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិ ជាប្រចាំ និងធ្វើការបង្ក្រាបក្រុមម៉ូតូបំពង សំឡេងខុសបច្ចេកទេស (ស៊ីមាំង ប្រែន) និងក្រុមបង្ហោះម៉ូតូតាមដងផ្លូវ ទីសាធារណៈ ។ក្រោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាកម្លាំងក្រោមឱវាទធ្វើការបង្ក្រាបក្រុមម៉ូតូបំពង សំឡេងខុសបច្ចេកទេស ស៊ីមាំងប្រែន និងក្រុមបង្ហោះម៉ូតូតាមដងផ្លូវ ទីសាធារណៈ នៅក្នុងភូមិសាស្ត្រខណ្ឌ ដូនពេញ ដែលធ្វើឱ្យរំខាន​ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ក៏ដូចជាបង្កការ ភ័យខ្លាចដល់​អ្នកធ្វើដំណើរ ថ្មើជើង និងយានជំនិះផងដែរ ។អាជ្ញាធរ សំណូមពរ ឱ្យប្អូនៗបញ្ឈប់ភាពអសកម្មក្នុងការប្រើប្រាស់ ម៉ូតូកែច្នៃខុសបច្ចេកទេស ស៊ីមាំងប្រែន និងបញ្ឈប់ការបង្ហោះម៉ូតូ ដើម្បី​រក្សាសណ្តាប់ធ្នាប់សាធារណៈ​ នៅក្នុងសង្គម និង​បញ្ចៀស​ការប៉ះពាល់ ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ៕ អត្ថបទ៖ កុម្ភៈ

ផ្ទះពលរដ្ឋ ០៥ខ្នង ត្រូវអគ្គិភ័យឆាបឆេះបំផ្លាញហ្មត់ទាំងស្រុង នៅសង្កាត់ស្ទឹងមានជ័យ២

2023/03/14 09:48:03 pm        337
ភ្នំពេញ៖ លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋចំនួន ០៥ខ្នងផ្ទះ សង់ឡើងពីឈើប្រក់ក្បឿង និងសង្ក័សី ត្រូវអគ្គិភ័យឆាបឆេះបំផ្លាញអស់ហ្មត់ទាំងស្រុង ដែលបង្កអោយមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១៨ និង៣០នាទីល្ងាចថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ នៅក្បែរនឹងវត្តអង្គពោធិ៍ញាណ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។បើតាមប្រភពព័ត៌មាន អោយដឹងថា នៅមុនពេលកើតហេតុ មានក្មេងៗ ក្នុងភូមិបានឃើញភ្លើងឆេះចេញពីផ្ទះពលរដ្ឋមួយខ្នង ក្នុងចំណោម ០៥ខ្នងដែរឆាបឆេះ។ ភ្លាមនោះក្រុមក្មេងៗ បានរត់ទៅប្រាប់ពលរដ្ឋជិតខាងក្បែរនោះ ក៏បង្កអោយមានការភ្ញាក់ផ្អើលឡើង ក្រុមពលរដ្ឋបានទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីសុំការអន្តរាគមន៍ ខណ:អណ្តាតភ្លើងកាន់តែឆេះរាលដាលយ៉ាងសន្ធោរសន្ធៅខ្លាំងឡើងៗ និងមានផ្សែងខ្មួរខ្មាញ់ហ៊ុយឡើងទៅលើអាកាស។ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានចុះដល់ទីតាំងកើតហេតុ នឹងទំនាក់ទំនងបន្តទៅ សមត្ថកិច្ចជំនាញអគ្គីភ័យ ដើម្បីសុំរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះលំនៅឋានរបស់បងប្អូនពលរដ្ឋ។ ដោយសារតែស្ថានភាពផ្លូវមានលក្ខណះតូចចង្អៀត មិនអាចអោយរថយន្តអគ្គិភ័យ ចូលទៅដល់ចំទីតាំងកើតហេតុ ក៏ដូចជាជាចូលទៅចល័តរថយន្តចេញចូលបាន ធ្វើអោយលំនៅឋានបងប្អូនមួយចំនួន បានឆាបឆេះអស់ហ្មត់ជាបន្តបន្ទាប់ទៅហើយ។ ដូច្នោះ សមត្ថកិច្ច បានត្រឹមតែឈប់រថយន្ត នៅខាងលើផ្លូវធំ ហើយទាញទុយោតភ្ជាប់គ្នាអូសចូលទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើការបាញ់ទឹកពន្លត់អណ្តាតភ្លើងប៉ុណ្ណោះ ។ ក្រោយការអន្តរាគមន៍ពីសំណាក់កម្លាំងអាជ្ញាធរ និងក្រុមរថយន្តពន្លត់អគ្គិភ័យអស់ពេលប្រមាណជាង១ម៉ោងរួចមកឃើញថា អគ្គិភ័យត្រូវបានគ្រប់គ្រងស្ថានការណ៍បាន ១០០ភាគរយ ដោយបានបណ្តាលអោយផ្ទះពលរដ្ឋ ០៥ខ្នង ត្រូវភ្លើងឆាបឆេះបំផ្លាញអស់ហ្មត់ទាំងស្រុងតែម្តង។ លោកវរសេនីយ៍ឯកព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អោយដឹងថា ករណីនេះ សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ ៣១គ្រឿង ក្នុងការគ្រប់គ្រងការឆាបឆេះខាងលើនេះ។ ដោយឡែកចំពោះមូលហេតុវិញ លោកវរសេនីយ៍ មិនទាន់អាចបញ្ជាក់បាននៅឡើយនោះ ខណ:មន្ត្រីជំនាញរបស់លោកកំពុងធ្វើការស្រាវជ្រាវ។ លោកប្រធានការិយាល័យបន្ថែមថា ៖ បូកបញ្ចូលទាំងករណីអគ្គីភ័យដែលបានឆាបឆេះខាងលើនេះ គឺកើតឡើងសរុប ៣៩ករណីហើយ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដោយគិតចាប់ពីដើមខែមករា ដល់ថ្ងៃកើតហេតុ នៃខែមិនា ខាងលើនេះ។ ជុំវិញករណីអគ្គិភ័យ ដដែលនេះ លោកសេង ស៊ីវ៉ានន់ថា ចៅសង្កាត់រងសង្កាត់ស្ទឹងមានជ័យទី២ បានប្រាប់អោយដឹងថា ៖ ក្រោយការកើតហេតុ សមីខ្លួនជាម្ចាស់ផ្ទះកើតហេតុដំបូងឡើយ ត្រូវបានកម្លាំងសមត្ថកិច្ចអញ្ចើញទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលមូលដ្ឋាន ដើម្បីធ្វើការសាកសួរនាំពីដំណើររឿង និងតាមនីតិវិធី ។គួរបញ្ជាក់ផងដែរថា នៅមួយរយ:ចុងក្រោយមកនេះ ពោលក្នុងកំឡុងដើមឆ្នាំ២០២៣ ដល់ពាក់កណ្តាលខែមិនា នេះ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តែងឧស្សាហ៍កើតមាននូវគ្រោះអគ្គិភ័យឆាបឆេះលំនៅឋានបងប្អូនប្រជាពលរដ្ឋជាញឹកញាប់បំផុត ដែលអាចនិយាយជារួមបានថា ស្ទើរតែកើតមានជាប្រចាំថ្ងៃតែម្តង មិនថានៅពេលយប់ ឬពេលថ្ងៃឡើយ ដែលបានឆាបឆេះបំផ្លាញលំនៅឋានពលរដ្ឋជាច្រើន រួមទាំងបង្កអោយមានមនុស្សរងរបួស និងស្លាប់ជាបន្តបន្ទាប់ផងដែរ៕ លីហេង

បើករថយន្តលឿនមិនប្រយ័ត្ន រេចង្កូតបុកបង្គោលភ្លើងទាំងកំរោល បង្កការភ្ញាក់ផ្អើល នៅត្រើយម្ខាងជ្រោយចង្វា

2023/03/13 10:33:01 pm        83
​ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តកាមរីបាឡែនមួយគ្រឿងក្នុងល្បឿនលឿន​មិនប្រយ័ត្នជ្រុល​រេចង្កូត​ទៅបុកផ្ទប់នឹង​បង្គោល​ភ្លើង​រដ្ឋមួយដើមពេញទំហឹងតែម្តង បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំងកាលពីវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជួរមាត់ទន្លេ ក្បែរសាលាសង្កាត់ជ្រោយចង្វា ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា ដំបូងឡើយ គេសង្គេតឃើញរថយន្តបង្កហេតុខាងលើ ពណ៌ស្ករ ពាក់ស្លាកលេខស្វាយរៀង 2A-9568 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនលឿន ។ លុះដល់ចំណុចកើតហេតុ រថយន្តក៏បានរេចង្កូតទៅបុកផ្ទប់នឹងបង្គោលភ្លើងថ្មរបស់រដ្ឋមួយដើមពេញទំហឹងតែម្តង បណ្តាលអោយរថយន្តត្រូវរងការខូចខាតថ្ពាល់ខាងឆ្វេងធ្ងន់ធ្ងរ ហើយបង្គោលភ្លើងក៏រងការខូចខាតផងដែរ ។ភ្លាមៗនោះ បុរសជាអ្នកបើករថយន្ត បានបើកទ្វាររថយន្ត ហើយរត់គេចខ្លួនពីកន្លែងកើតហេតុតែម្តង ។ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញ បានចុះអន្តរាគមន៍ធ្វើការវាស់វែង ស្ទូចយករថយន្តបង្កហេតុខាងលើ យក​ទៅរក្សាទុក​នៅការិយាល័យ នគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ដោយ ៖ លីហេង

ប្លន់រថយន្តរួចជិះរត់គេច ផ្អើលសមត្ថកិច្ចពេញមួយស្រុក ចេញតាមស្ទាក់ចាប់

2023/03/13 05:19:05 pm        316
កណ្តាល ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយកម្លាំងអាជ្ញាធរ និងនគរបាលស្រុកកណ្តាលស្ទឹង បានពង្រាយកម្លាំងគ្នាគ្រប់ច្រកល្ហក ដេញតាមស្ទាក់ចាប់ឃាត់រថយន្តតូយូតាព្រូសមួយគ្រឿង ដោយអះអាងថា ជា រថយន្តពាក់ព័ន្ធអំពើប្លន់យកពីអ្នករកស៊ីលក់រថយន្តម្នាក់ ។ ករណីនេះ បានបង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំង កាល ពីវេលាម៉ោង១៣ និង០០នាទីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ នៅក្នុងឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ យោងតាមការរៀបរ៉ាប់អោយដឹងពីសំណាក់ មន្ត្រីសមត្ថកិច្ច បានប្រាប់ថា ៖ នៅកំឡុងកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងស្រុក បានទទួលព័ត៌មានតាមរយះវិទ្យុទាក់ទង អោយពង្រាយកម្លាំងតាមផ្លូវតូចធំ ចេញស្ទាក់ចាប់ រថយន្តតូយូតា ព្រូស ពណ៌សមួយគ្រឿង មិនចាំស្លាកលេខ ដោយមានការរាយការណ៍ពីប្រជាការពារភូមិមកថា ជាករណីប្លន់ ។ ភ្លាមៗនោះ កម្លាំងបានចេញស្ទាក់ ក៏ប្រទះឃើញរថយន្តខាងលើ នឹងបានជិះដេញតាំងពីម្តុំចំនុចកើតហេតុរហូតទៅ ដល់ប្រលាយមួយកន្លែង ក្នុងឃុំបាគូរ ក្នុងស្រុកកណ្តាលស្ទឹងដដែល ជនសង្ស័យបានបើករថយន្តគេចរថយន្តធុនធំ បណ្តាលអោយធ្លាក់ចូលប្រលាយទឹកតែម្តង ។ រំពេចនោះដែរ ជនសង្ស័យបានលូតចេញតាមកញ្ចក់ទ្វាររថយន្ត ហើយហែលទឹកចេញពីប្រលាយរួចគេចខ្លួនបាត់ ។ ដោយឡែក ក្រុមអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ដោយសារតែជនសង្ស័យជិះរត់លឿនពេក ក៏បាត់ដានរកមិនឃើញ លុះពេលបានតាមរកឃើញ ក៏ឃើញតែរថយន្តធ្លាក់ក្នុងប្រលាយតែម្តង ។ ក្រោយរថយន្តបានធ្លាក់ប្រលាយទឹកហើយនោះ កម្លាំងសមត្ថកិច្ច បានជិះល្បាតតាមដងផ្លូវក្រែងមានជួបជនសង្ស័យ ក៏ប្រទះឃើញ បុរសម្នាក់ ដោយមានទទឹកខ្លួនជោគផងដែរ កម្លាំងសមត្ថកិច្ចបានអញ្ចើញគាត់ទៅ​កាន់ប៉ុស្តិ៍រដ្ឋបាល​នគរបាលមូលដ្ឋាន ដើម្បីសាកសួរនាំសិន ក្រែងមានការជាប់ពាក់ព័ន្ធ ។ សូមបញ្ជាក់ថា តាមការបញ្ជាក់បន្ថែមពីមន្ត្រីសមត្ថកិច្ច អោយដឹងថា ៖ ករណីនេះ គឺជាករណីប្លន់ ដោយជនសង្ស័យ បានណាត់ជនរងគ្រោះជាម្ចាស់រថយន្តព្រូស ដើម្បីសុំមើលរថយន្តដែលត្រូវលក់ ។ លុះបានជួបគ្នាហើយ ដោយសារ​ឃើញឱកាសស្ងាត់ល្អ ហើយនៅតែ២នាក់ផងនោះ ជនសង្ស័យបានប្រើស៊ុបប្រាយ បាញ់ទៅលើភ្នែកជនរងគ្រោះ បណ្តាលអោយរងរបួសមើលអ្វីលែងឃើញ ហើយជនសង្ស័យក៏ដណ្តើមសោររថយន្តពីជនរងគ្រោះ រួចឡើង​ជិះរថយន្តឡើងគេចខ្លួន ប៉ុន្តែដោយមានកម្លាំងប្រជាការពារភូមិបានឃើញហេតុការណ៍ ក៏បានដេញតាម និង​ផ្តល់ដំណឹងដល់សមត្ថកិច្ច រហូតចុះដេញតាមស្ទាក់ចាប់តែម្តងទៅ ។ ជុំវិញករណីដដែលនេះ គេនៅមិនទាន់ដឹងថា ជនរងគ្រោះ ជាមនុស្សធ្លាប់ស្គាល់គ្នាជាមួយជនសង្ស័យ ឬយ៉ាង​ណា​នៅឡើយនោះទេ ។ ហើយក៏នៅមិនទាន់ដឹងថា នៅមុនកើតហេតុនោះ មានរឿងរ៉ាវអ្វីកើត​ឡើងអោយ​ពិតប្រាកដ​លើស​ពីអ្វីដែលសមត្ថកិច្ចបានបញ្ជាក់ប្រាប់ផងដែរ ខណះដែលជនរងគ្រោះ កំពុងសង្គ្រោះ ដោយមិនទាន់​អាច​ផ្តល់​ព័ត៌មានជាក់លាកអ្វីបាននៅឡើយនោះទេ ៕ ដោយ៖ លីហេង

ក្រឡាប់រថយន្តនៅចំណុចស្តុបថៃហ្គ័រទៀតហើយ តែសំណាងល្អមិនប៉ះពាល់អ្នកដំណើរផ្សេង

2023/03/13 05:11:20 pm        92
ភ្នំពេញ ៖ មានការកត់សម្គាល់ឃើញថា នៅចំណុចស្តុបថៃហ្គ័រ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ខណ្ឌច្បារ​អំពៅ​ គឺតែងឧហ្សាហ៍កើតមាននូវគ្រោះថ្នាក់ក្រឡាប់រថយន្តធុនធំជាញឹកញ៉ាប់ណាស់ ពិសេសត្រង់​ចំណុច​ការធ្វើដំណើរពីផ្លូវជាតិលេខ១ បត់ចូលទៅកាន់ច្រកផ្លូវថៃហ្គ័រ តែម្តង ។ ជាក់ស្តែង នៅវេលាម៉ោង១៥ និង១០នាទីរសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣នេះ មានករណីរថយន្តដឹក​ទំនិញ​មួយគ្រឿង បើកបរក្នុងល្បឿនលឿន មិនប្រយ័ត្នបណ្តាលអោយក្រឡាប់ផ្ញារជើងត្រង់ចំណុចស្តុបខាងលើ តែ​សំណាង​ល្អដែលមិនបណ្តាលអោយមនុស្សណាម្នាក់រងរបួស ។ ជុំវិញវិញករណីនេះដែរ តាមប្រភពព័ត៌មាន អោយដឹងថា រថយន្តដឹកទំនិញខាងលើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-4888 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ពោលពី​កៀនស្វាយចូលទៅរាជធានីភ្នំពេញ ។ លុះដល់ចំណុចស្តុបកើតហេតុ រថយន្តបានបួងចង្កូតបត់ឡើងទៅផ្លូវថៃហ្គ័រ ប៉ុន្តែដោយសារមិនបានបង្អង់ល្បឿន បណ្តាលអោយរថយន្តដួលក្រឡាប់លើដងផ្លូវតែម្តង ។ ក្នុងករណីនេះ ក៏មិន​មានបណ្តាលអោយខូចខាតដល់ទ្រព្យសម្បត្តិសាធារណះផងដែរ ដូច្នោះហើយ ក្រោយកើតហេតុ សមត្ថកិច្ច​សម្រេចអនុញ្ញាត្តិអោយម្ចាស់ក្រុមហ៊ុនរបស់រថយន្តខាងលើ ទាក់ទងហៅរថយន្តស្ទូច ស្ទូចចេញវិញដោយខ្លួនឯង ។ អ្វីដែលជាការសម្គាល់នោះ គឺនៅចំណុចស្តុបថៃហ្គ័រនេះ តែងតែកើតមានគ្រោះថ្នាក់បែបនេះជារឿយៗ ហើយក៏នៅចំណុចដដែលខាងលើនេះផងដែរ ដោយសារតែកត្តាបើកបររថយន្តក្រុមអ្នកបើកបររថយន្តដឹកទំនិញ ឬកុងតឺន័រធុនធំមួយចំនួនបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន មិនបង្អង់ល្បឿនពេលដល់ចំណុចស្តុប ទើបតែ​ឧស្សាហ៍​អោយកើតមានការក្រឡប់ជាបន្តបន្ទាប់រហូតនោះ ។ ហើយកន្លងទៅករណីដែលបានកើតឡើង ក៏សំណាងហើយ ដែលមិនក្រឡាប់ជ្រុលទៅបោកផ្ទប់នឹងម៉ូតូ ឬយានយន្តរបស់ពលរដ្ឋអ្នកដំណើរដទៃ ប្រសិនបើមានអ្នកត្រូវប៉ះទង្គិចវិញ តើប្រឈមខ្ពស់យ៉ាងណាដល់ការបង្កគ្រោះថ្នាក់ដែលបណ្តាលរងរបួស ឬស្លាប់បាត់បង់ជីវិតជាដើមនោះ ៕ ដោយ ៖ លីហេង

អាជ្ញាធរ​ខណ្ឌ​៧​មករា​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ផ្សារ​ស៊ីធី​ម៉​ល ដែល​សង្ស័យ​មាន​បង្កប់​ល្បែង​ស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​

2023/03/12 08:38:18 am        142
​ភ្នំពេញ​៖ ក្រោយ​មាន​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​បង្ហោះ​ជា​សាធារណៈ​ថា ​ទីតាំងផ្សារ​ស៊ីធី​ម៉​លជាន់​ទី​២ មាន​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​ប្រភេទ​ហ្គេម​បាញ់​ត្រីនៅ​ខាងក្នុង ដូច្នេះ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ៧​មករា​បាន​ចុះ​ដល់​ទី​តាំង​និង​ត្រួតពិនិត្យ​ជាក់ស្ដែងពុំ​មាន​ដូច​ការ​ចុះផ្សាយ​នោះ​ឡើយ ឃើញ​តែ​ប្រភេទ​ហ្គេម​កូនក្មេង​លេង​យក​រង្វាន់​តុក្កតា និង​ហ្គេម​ក្មេង​លេង​ធម្មតា​ប៉ុណ្ណោះ​។​ ​សូម​ជម្រាប​ជូន​ថា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២៣ នេះ លោក ថេ​ង សុ​ថុល អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ ៧​មករា បាន​បញ្ជា​ឲ្យ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​ត្រួតពិនិត្យ​ផ្ទាល់​តែម្ដង នៅ​ចំណុច​ទីតាំងផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល​ជាន់​ទី​២ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ភូមិ​០៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ តែ​ពុំមាន​អ្វី​ពាក់ព័ន្ធ​បទល្មើស ​និង​ល្បែង​ស៊ីសង​ឡើយ​។​ ​នៅក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ​ផងដែរ​ អាជ្ញាធរបាន​អប់រំ​ណែនាំ​ដល់​ម្ចាស់​គ្រប់គ្រង​ទីតាំង និង​បានធ្វើការ​កិច្ចសន្យា ចំពោះមុខ​ជាមួយ​សមត្ថ​កិច្ច​ហាម​មិន​ឱ្យមាន​បង្កប់​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​បទល្មើស​ផ្សេងៗ​ដែល​ខុសច្បាប់ ការជួញដូរ​មនុស្ស និង​សារធាតុ​ញៀន​ជាដើម​។ ក្នុងករណី​មិន​អនុវត្ត​តាម​កិច្ចសន្យា ​អាជ្ញាធរ​នឹង​អនុវត្តតាម​នីតិវិធី​ច្បាប់​៕ អត្ថបទ​៖ កុម្ភៈ

បើករថយន្តក្នុងល្បឿនលឿនបុករះចូលជញ្ជាំងការដ្ឋាន ក្រឡាប់រថយន្ត បណ្ដាលឲ្យមនុស្សរងរបួស៣នាក់

2023/03/10 08:28:19 am        598
ភ្នំពេញ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ស្រាល ក្រោយបើកបររថយន្តក្នុងល្បឿនលឿន រហូតជ្រុលទៅបុកបង្គោលភ្លើង និងជញ្ជាំងការដ្ឋានមួយកន្លែងបណ្តាលឲ្យក្រឡាប់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១យប់រំលងអធាត្រឈានចូល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅ តាមបណ្តោយវិថី៦០ម៉ែត្រ ក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត តូត៉ូតាព្រូស ពណ៌ទឹកប្រាក់ដែលមានផ្លាកលេខភ្នំពេញ2BK-4535 រួមដំណើរដោយមនុស្ស៣នាក់ ធ្វើដំណើរក្នុងលឿនលឿន តាមបណ្តោយវិថី៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យជ្រុលទៅបុកម៉ូតូ បង្គោលភ្លើង​បាក់អស់មួយដើម និងមិនទាន់អស់ល្បឿន ក៏បានជ្រុលទៅបុកជញ្ជាំងការដ្ឋានមួយកន្លែង រថយន្តបានក្រឡាប់ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល។ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង ព្រមទាំងបាន​ស្ទូចយក​រថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយ តាមនីតិវិធីច្បាប់៕

បុរស​ស្រវឹងស្រា​មួយក្រុម ដក​កាំភ្លើងខ្លី​បាញ់​មួយ​គ្រាប់​គំរាម​អ្នកលក់ រួច​គេចខ្លួនបាត់

2023/03/09 06:42:23 pm        24
ភ្នំពេញ៖ ជនសង្ស័យ​មួយក្រុមមាន​គ្នា ០៤​នាក់ បាន​ចូលទៅ​ផឹកស៊ី​ក្នុង​ទៀម​ទឹកត្នោតជូរ​មួយកន្លែង រហូត​ស្រវឹង បាន​ទាញ​កាំភ្លើង​បាញ់​ឡើងលើ បង្កអោយមាន​ការភ្ញាក់ផ្អើល នៅ​ចំណុច​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​រសៀល ​ថ្ងៃទី​៩ ខែមីនា ​ឆ្នាំ​២០២៣​នេះ​។​តាម​សម្តី​អ្នកលក់​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើត​ហេតុ ក្រុម​ជនសង្ស័យ​ទាំង ​០៤​នាក់​ខាងលើ ដោយ​ជិះ​ម៉ូតូ ​៣​គ្រឿង មិន​ចាំ​ស្លាក​លេខ បាន​ចូលទៅ​អង្គុយ​ផឹកស៊ី​នៅក្នុង​រោង​លក់​ទឹកត្នោតជូ​របស់គាត់ ខណៈ​អង្គុយ​ផឹកស្រា​បៀរ​អស់​៣​កញ្ច្រែង ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​ទាំង​ ០៤​នាក់​របស់គេ បាន​ដើរ​ទៅសុំ​រូបគាត់​ថា « បង​ខ្ញុំ​សុំ​បាញ់​បញ្ចេញ​កំហឹង​មួយ​គ្រាប់»។ ​ភ្លាមនោះ ម្ចាស់​ទីតាំង​មិនបាន​ចាប់អារម្មណ៍​ព្រោះ​គិតថា គ្រាន់តែ​ការនិយាយ​លេង លុះ​គ្រាន់តែ​និយាយ​រួច ជនសង្ស័យ​រូបនោះ ​ក៏បាន​ដើរ​ចេញទៅ​ខាងមុខ​រោង រួច​ដក​កាំ​ភ្លើង​ខ្លី​បាញ់​ឡើង​​លើ​ចំនួន​មួយ​គ្រាប់​ធ្វើ​ឲ្យ​អ្នកលក់ និង​បុគ្គលិក​រត់​ជាន់ជើង​គ្នា​។ បន្ទាប់ពី​បាញ់​រួចមក​ក្រុម​ជនសង្ស័យ​ទាំង​ ០៤​នាក់ បាន​រើស​គ្រាប់​សម្បក​គ្រាប់​ដែល​ខ្លួន​បាញ់​ដាក់ចូល​ហោ​ប៉ាវ រួច​នាំគ្នា​ឡើង​ជិះ​ម៉ូតូ​គេ​ចេញពី​កន្លែងកើតហេតុ​អស់ ដោយ​មិនទាន់​ទាំង​បាន​គិតលុយ​ថ្លៃ​ហូបចុក​ផង​នោះ ហើយ​អ្នកលក់​ក៏​មិន​ហ៊ាន​ឃាត់​ទារលុយ​កាក់​អី​ដែរ ព្រោះ​ខ្លាច​មាន​បញ្ហា​ដល់​ខ្លួន​បន្ថែម​។ ​ក្រោយ​កើតកម្លាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ដល់ទី​តាំង​ខាងលើ ដើម្បី​សាកសួរ​នាំ​ព័ត៌មាន និង​ពិនិត្យ​ជុំវិញ​ទីតាំង​កើតហេតុ ដើម្បី​បន្ត​កំណត់​មុខសញ្ញា​ដែល​បាន​ផ្ទុះអាវុធ​ផងដែរ។ ដោយឡែក ម្ចាស់​ទីតាំង​ក៏បាន​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល ដើម្បី​អោយកម្លាំង​សមត្ថកិច្ច​បន្ត​នីតិ​វិធី ក្នុងការ​ស្រាវជ្រាវ​ក្រុម​ជនសង្ស័យ​យកទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​នៅពេល​ខាងមុខ​ផងដែរ៕ អត្ថបទ៖ លី​ហេង​

ឃាត់ខ្លួនក្មេងទំនើង២នាក់ ករណីដេញវៃគ្នាបង្កភាពអាណាធិបតេយ្យតាមផ្លូវជាតិលេខ៣ ខេត្តតាកែវ

2023/03/09 10:15:49 am        608
តាកែវ៖ នគរបាលខេត្តតាកែវស្រាវជ្រាវចាប់ខ្លួនក្មេងទំនើងជាសិស្សសាលា ២នាក់ ក្នុងចំណោម​បក្ខពួកចំនួន ១០នាក់ ពាក់ព័ន្ធករណីដេញវៃ និងគប់គ្នាបង្កភាព​អាណាធិបតេយ្យតាមផ្លូវជាតិ​លេខ៣ ហើយត្រូវបានអ្នកធ្វើដំណើរថតបង្ហោះតាមសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ។សមត្ថកិច្ចខេត្តតាកែវ ប្រាប់អោយដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការ​ដ្ឋាននគរបាល​ខេត្តតាកែវ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសំរោង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្រាញ់ខាងត្បូង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានស្រាវជ្រាវ​កំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងចំនួន ០២នាក់ ទី១-ឈ្មោះ ប្រាក់ វណ្ណត ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ និងទី២.ឈ្មោះ អ៊ឹម សៀងលី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិខ្នារុង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ពាក់ព័ន្ធករណីហិង្សាដោយចេតនា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង១៥នាទី តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ដោយធ្វើសកម្មភាពដេញគប់គ្នាតាមផ្លូវ ជាមួយ​ក្រុមក្មេងទំនើងមួយក្រុមទៀត ។ ដោយឡែកបក្ខពួក ៨នាក់ទៀត សមត្ថកិច្ចកំពុងស្វែង​រកចាប់ខ្លួនបន្តទៀត ។ចំពោះក្មេងទំនើងទាំង២នាក់ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង​បញ្ជូន​ទៅសាលាដំបូងចាត់ការតាមនីតិវិធី ៕ តារាវុទ្ធី

អាជ្ញាធររាជធានីភ្នំពេញ ចុះដោះស្រាយបញ្ហារឿងពលករជាង ១០០នាក់ចាញ់បោកមេខ្យល់

2023/03/09 08:33:10 am        515
ភ្នំពេញ៖ ពលករជាង ១០០នាក់ចាញ់បោកមេខ្យល់ថា រត់ការនាំទៅធ្វើការនៅប្រទេសកូរ៉េ ដោយអ្នកខ្លះចំណាយអស់លុយចាប់ពី ៨០០ដុល្លារដល់ ១០០០ដុល្លារសហរដ្ឋអាមេរិក ឥឡូវត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយសាលារាជធានីភ្នំពេញ ចុះដោះស្រាយ នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នាល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ប្រាប់ឱ្យដឹងថា ពលករដែលចាញ់ល្បិចឆបោកមេខ្យល់ថា រត់ការទៅធ្វើការនៅប្រទេសកូរ៉េ សរុបទាំងអស់ ១២៥នាក់ ( ស្រី ៣៨នាក់) ក្រោយកើតហេតុអាជ្ញាធរសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនជនសង្ស័យជាមេខ្យល់ ៤នាក់ ( ប្រុស ៣នាក់ ស្រី ម្នាក់ ) បញ្ជូនទៅកាន់​ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រាប់បន្តថា ពលករដែលចាញ់ល្បិចឆបោកមេខ្យល់ថា រត់ការទៅ​ធ្វើការនៅប្រទេសកូរ៉េទាំង ១២៥នាក់ ( ស្រី ៣៨នាក់) នោះ ត្រូវបានក្រុមមេខ្យល់ទាំង​អស់នោះប្រើល្បិចឆបោកមកពីបណ្តាខេត្តនានា មានអ្នកខ្លះជាបងប្អូនបង្កើត និងអ្នកខ្លះទៀត បងប្អូនជីដូនមួយក៏មានដែរ ។ ដោយពលករខ្លះ ត្រូវចំណាយអស់លុយ ៨០០ដុល្លារ និងអ្នកខ្លះអស់លុយរហូតដល់ ១០០០ដុល្លារសហរដ្ឋអាមេរិក ។អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រាប់បញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញបាន​បញ្ចេញ​រថយន្តដឹកបងប្អូនពលករទាំងអស់នោះទៅស្រុកកំណើតរៀងៗខ្លួន ដោយមិនគិតថ្លៃឡើយ ។ជំនួសមុខអាជ្ញាធររាជធានីភ្នំពេញ សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់ សូមកុំចាញ់បោក​មេខ្យល់​ដែលសន្យាថា រត់ការទៅធ្វើការនៅប្រទេសនេះ ប្រទេសនោះ ការពិតគឺជាល្បិចកល់​សម្រាប់បោកបញ្ឆោតបងប្អូនទាំងអស់ ដើម្បីបានលុយពីបងប្អូន ។ មុននឹងបងប្អូនធ្វើអ្វីមួយ ត្រូវពិនិត្យ និងគិតអោយបានដិតដល់បំផុត តើក្រុមហ៊ុន មានយីហោឬអត់ ? និង មានអាជ្ញាប័ណ្ណអនុញ្ញាត ឬទេ ? ៕តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ឃាត់រថយន្តដឹកជ្រូក ១៧០ក្បាល​មក​ពី​ប្រទេស​ឡាវ
05/02/2026 07:05 PM
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
05/02/2026 06:05 PM
គិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ​ផ្ដល់​ការងារ​រាប់​ម៉ឺន​កន្លែង
05/02/2026 05:05 PM
លីបង់និយាយថា មនុស្ស ១៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង
05/02/2026 05:05 PM
មន្ត្រីយោធាអ៊ីរ៉ង់និយាយថា សង្គ្រាមជាថ្មីជាមួយសហរដ្ឋអាមេរិក ទំនងជាកើតឡើង
05/02/2026 05:05 PM
នាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា ការដង្ហែក្បួនគាំទ្រប៉ាឡេស្ទីនមួយចំនួន អាចត្រូវបានហាមឃាត់
05/02/2026 05:05 PM
ការតវ៉ាផ្ទុះឡើងនៅទីក្រុង Pune ប្រទេសឥណ្ឌា ជុំវិញការចោទប្រកាន់ពីបទរំលោភ និងឃាតកម្មលើកុមារីអាយុ ៤ឆ្នាំ
05/02/2026 05:05 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាអំពីសេរីភាពនៃការធ្វើនាវាចរណ៍ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
05/02/2026 05:05 PM
របាយការណ៍៖ ការផ្ទុះគ្រាប់បែកដែលនៅសល់ពីការវាយប្រហារ បានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួន ១៤នាក់
05/02/2026 05:05 PM
អង្គការ WHO អំពាវនាវឲ្យមានការបញ្ចូលថ្នាំពេទ្យជាបន្ទាន់ទៅកាន់តំបន់ហ្កាហ្សា ដើម្បីកសាងសេវាសុខភាពឡើងវិញ
05/02/2026 04:05 PM