ជនជាតិចិន ៥០៦នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់

សន្តិសុខ និង សង្គម

ខេត្តកោះកុង មានអ្នកស្លាប់ចំនួន៥នាក់ដោយសារកូវីដ-១៩

2021/06/29 01:52:46 pm        404
កោះកុង ៖ តាមលិខិតមរណភាពរបស់មន្ទីរពេទ្យខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល​ដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី២៩ មិថុនា បាន​បង្ហាញថា មានអ្នកស្លាប់​ដោយសារ​ជំងឺកូវីដ១៩ មានចំនួន២នាក់នាចុងខែនេះ។លោក ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ​បាន​ឲ្យដឹងថា​ អ្នកជំងឺ​ អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ស្លាប់ដោយការរលាកសួតធ្ងន់ធ្ងរ ដោយសារ​ជំងឺកូវីដ១៩ រួមជាមួយជំងឺក្រិនថ្លើម និងជំងឺខ្សោយក្រលៀនរុំារៃ។លោកវេជ្ជបណ្ឌិត បន្ថែមថា បុរសខាងលើស្លាប់នៅថ្ងៃទី២៨ មិថុនា វេលាម៉ោង ១៧:២០នាទី បើតាមរោគ​វិនិច្ឆ័យ​តាមដាន។ រហូតមកដល់ពេលនេះ អង្គការ​សុខាភិបាលពិភពលោក​បាន​បង្ហាញថា គ្មានឱសថពិសេសណា​មួយជាក់លាក់ក្នុងព្យាបាលជំងឺកូវីដ​អោយ​ជាសះស្បើយ​នៅឡើយទេ ​មានតែវិធានការសុខាភិបាលបង្ការ៣កុំ និង៣ការពារ ជាជម្រើស​ដ៏មាន​ប្រសិទ្ធភាព​បំផុតក្នុងការទប់ស្កាត់ការរីករាលដាល និងកាត់បន្ថយអត្រាមរណភាព។ចំណែកលោកវេជ្ជបណ្ឌិត ហូ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ក៏បង្ហាញដែរថា អ្នកជំងឺ ភេទស្រី វ័យ៧៦ឆ្នាំ បានស្លាប់ដោយជំងឺកូវីដ នៅមន្ទីរពេទ្យបង្អែកស្រុក កាលពីវេលា​ម៉ោង១រំលង​អធ្រាត្រថ្ងៃទី២៩ មិថុនា ២០២១។ ស្រ្តីវ័យចំណាស់នេះដែរ បានចូលសម្រាក​ព្យាបាលជំងឹកាលពីថ្ងៃទី២៦មិថុនា ។លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងជាអនុប្រធានអចិន្រៃ្តយ៍​​ក្រុមការងាររៀប​ចំចាត់​ចែង​បូជាសពអ្នកដែលស្លាប់ដោយជំងឺកូវីដខេត្តកោះកុង បាន​ឱ្យដឹងនៅថ្ងៃនេះថា គិតចាប់​ពីថ្ងៃទី១០ខែមិថុនា ដល់ត្រឹមថ្ងៃទី២៩ មិថុនានេះ ខេត្តកោះកុង មានអ្នកស្លាប់ដោយសារជំងឺ​កូវីដ១៩ ចំនួន៥នាក់ ហើយនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យស្រុកស្រែអំបិល។បច្ចុប្បន្នក្រុមការងារបានសម្របសម្រួលពិធីបូជាសាកសព អ្នកស្លាប់ដោយជំងែកូវីដ​តាមប្រពៃណី​ជាតិខ្មែររួចរាល់ នៅឈាបនដ្ឋានវត្តអារាមជាបណ្តុះអាសន្ន ខណៈទីតាំងបូជាសពអ្នកស្លាប់កូវីដ​នៅមិនទាន់ចេញជារូបរាងនៅឡើយ។ ការមិនទាន់លេចជារូបរាងឡើយ ត្រូវបានអាជ្ញាធរ អះអាងថា ក្រុមការងារបានខិតខំរកទីតាំងដើម្បីស្ថាបនា តម្រូវការអំឡុងកូវីដ៕អត្ថបទ ៖ ឈឹម មករា

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៧២៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​អ្នក​ជំងឺ​៧០៩នាក់​ទៀត​បាន​​ជា​សះ​ស្បើយ

2021/06/29 01:35:55 pm        347
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៧២៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន៧០៩នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៦២៥នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៩៨នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៥៧៥នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៤៣​ ៤៧៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៤៩ ២៥៥នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ជនសង្ស័យម្នាក់​ធ្វើសកម្មភាពលួចម៉ូតូ​បានសម្រេច ​តែរត់មិនរួចត្រូវម្ចាស់តាមទាន់ចាប់ឲ្យសមត្ថកិច្ច

2021/06/28 05:20:59 pm        327
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើ​សកម្មភាពលួចម៉ូតូមួយគ្រឿង បានសម្រេចតែរត់មិនរួច​ ត្រូវបានម្ចាស់ម៉ូតូដេញតាមទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើង​​កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតចំណុចភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ជនសង្ស័យមានឈ្មោះ សំណាង ភេទប្រុស អាយុ ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ សុភ័ក្ត្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ និង​រថយន្តស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូម៉ាក់ scoopy ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CQ- 6210 មកពីទិញឥវ៉ាន់ ហើយ​ក៏ភ្លេចដកសោរម៉ូតូ​ចេញពីម៉ូតូ ក៏ត្រូវបានជនសង្ស័យ ធ្វើ​សកម្មភាពលួចយកទៅជិះ ដើម្បី​គេចខ្លួន តែត្រូវបាន​គាត់​ឃើញ​ទាន់ក៏ស្រែក នឹងដេញតាមរហូតដល់ត្រង់ចំណុចក្រោមស្ពានជ្រោយចង្វារ ទើបធ្វើការ​ឃាត់ខ្លួន​បានជនសង្ស័យបាន រួចធ្វើការប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍។បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន​នៅអធិការដ្ឋាន​នគរបាល​ខណ្ឌជ្រោយចង្វារ ដើម្បី​ចាត់ការតាមផ្លូវច្បាប់។ ​ចំណែកឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ចប្រគល់ ជូនទៅម្ចាស់ដើមវិញផងដែរ៕អត្ថបទ៖ កុម្ភះ

ក្រោយពិនិត្យឃើញមានអាជីវករ ក្នុងផ្សារបឹងកេងកងមានផ្ទុះកូវីដ១៩ឡើងវិញ អាជ្ញាធរ​សម្រេច​បិទផ្សារ​ជា​បណ្ដោះអាសន្ន

2021/06/28 04:59:02 pm        433
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌបឹងកេងកង សម្រេចបិទ​ផ្សារបឹងកេងកង ជាបណ្ដោះអាសន្ន ក្រោយ​ពិនិត្យ​ឃើញថា មានបងប្អូនអាជីវករក្នុងផ្សាបឹងកេងកង មានឆ្លងជំងឺកូវីដឡើងវិញ បន្ទាប់​ពីបិទមួយរយះ រួចបើកដំណើរឡើងវិញនោះ។ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌ​បឹងកេងកង បានចេញសេចក្ដីជូនដំណឹង អំពាវនាវបងប្អូនដែលជាអាជីវករផ្សារ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញផ្សារ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចេញ-ចូលផ្សារបឹងកេងកង កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២១ សូមអញ្ជើញមកយកសំណាក​តេស្តរកវីរុសកូវីដ-១៩ នៅបរិវេណវិទ្យាល័យ ជា ស៊ីម បឹងកេងកង នៅថ្ងៃចន្ទទី២៨ ខែមិថុនា ឆ្នាំ​២០២១ ជាបន្ទាន់ព្រមទាំងអនុវត្តវិធាន ស្របតាមការណែនាំ​របស់ក្រសួង​សុខាភិបាល​អោយ​បាន​ត្រឹមត្រូវបំផុត។រដ្ឋបាលខណ្ឌបឹងកេងកង សូមជម្រាបជូនដំណឹងដល់អាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋ ដែលរស់នៅជុំវិញផ្សារបឹងកេងកងទាំងអស់ឲ្យបានជ្រាបថា ៖ អាស្រ័យ​ស្ថានភាពនៃការរីក​រាលដាល​នៃជំងឺកូវីដ-១៩ ក្នុងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករផ្សារ​បឹងកេងកង បានឆ្លងវីរុសកូវីដ-១៩ក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ​ដែលស្ថានភាពនេះ​បាន​ឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ ​និងចាំបាច់ត្រូវ​មាន​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់ជាបន្ទាន់។គួរបញ្ជាក់ផងដែរ ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១ រដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង លោក បានអញ្ជើញចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ និង​ទីតាំង​ពិនិត្យសំណាក​របស់បងប្អូនអាជីវករនៅ​ផ្សារបឹងកេងកង ដែលស្ថិតនៅវិទ្យាល័យជាស៊ីមបឹងកេងកង ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង៕អត្ថបទ ៖ កុម្ភៈ

បិទផ្អាកផ្សារឈូកខេត្តកំពត រយៈពេល១សប្តាហ៍ក្រោយរកឃើញអាជីវករច្រើននាក់វិជ្ជមានកូវីដ-១៩

2021/06/28 03:57:41 pm        517
កំពត ៖ អាជ្ញាធរស្រុឈូក ខេត្តកំពត បានសម្រេចផ្អាកការលក់ដូរជាបណ្តោះអាសន្ន ក្នុងផ្សារឈូក រយៈពេល៧ថ្ងៃ ដែលគិតចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលស្រុកឈូក ចេញនៅថ្ងៃទី២៨ ខែមិថុនានេះ ។ក្នុង​សេចក្ដី​ប្រកាស​​ដដែល ​បានបញ្ជាក់ថា ករណីបិទផ្អាកផ្សារឈូក​មិនឲ្យលក់ដូរ​ជា​បណ្តោះអាសន្ន​នេះ គឺដោយសារតែអាជ្ញាធរបានរកឃើញអាជីវករលក់ដូក្នុងផ្សារចំនួន១៥នាក់ មានជំងឺកូវីដ-១៩ ក្នុងរយៈពេល៤ថ្ងៃជាប់គ្នា គឺពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ។ អាជីវករដែលបានកើតជំងឺកូវីដ-១៩ ក្នុងផ្សារឈូកមានអ្នកលក់សំលៀកបំពាក់ ចាប់ហួយ ជាងមាស និងអ្នកលក់គ្រឿងកង់ ដែលអ្នកទាំងនោះបានពាក់ព័ន្ធផ្ទាល់នៅក្នុងផ្សារឈូក ។អភិបាលស្រុកឈូក លោក ខៀវ រិទ្ធិភណ្ឌ បានប្រាប់ឲ្យដឹងថា ការបិទផ្អាកផ្សារនេះ គឺធ្វើឡើងដើម្បី​ការពារមិនឲ្យឆ្លងរីករាលដាលបន្តទៀត និងដើម្បីពិនិត្យសំណាកបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធ​ផ្ទាល់​ជាមួយអ្នកផ្ទុកកូវីដ១៩ ទាំង១៥នាក់ខាងលើ។លោក បានបន្តថា ស្រុកឈូកបានធ្វើការទប់ស្កាត់បានយ៉ាងល្អរយៈពេលកន្លងមក មិនមាន​អ្នកវិជ្ជ​មាន​ទេ ប៉ុន្តែជាអកុសល ក្នុងករណីផ្ទុះកូវីដ១៩ នៅកាស៊ីណូ សុខ គឹមម៉េង ច្រទ្វារទ្វេភាគី​តន់ហន់​នេះ ស្រុកឈូកមកដល់បច្ចុប្បន្នបានរកឃើញអ្នកវិជ្ជមានសរុបចំនួន៧០នាក់ ស្រី ២៩នាក់ ជា​សះស្បើយ៣២នាក់ កំពុងព្យាបាល ៤៣នាក់ និងស្លាប់០១នាក់ ៕

រដ្ឋបាលខេត្តស្វាយរៀងបិទខ្ទប់ភូមិចំនួន៣ក្នុងស្រុកស្វាយជ្រំ

2021/06/28 03:48:00 pm        488
ស្វាយរៀង ៖ ភូមិចំនួន៣ ស្ថិតនៅក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវបាន​រដ្ឋបាលខេត្ត​ធ្វើការបិទខ្ទប់ផ្នែកខ្លះ នៃភូមិទាំង៣ ខណៈដែលក្រុមការងារបានចុះស្រាវជ្រាវ រកឃើញវិជ្ជមានជំងឺកូនវីដ១៩ លើពលរដ្ឋមួយចំនួននៅក្នុងភូមិទាំងនោះ។រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាស​បិទខ្ទប់​ភូមិចំនួន៣ រូមមាន ភូមិបឹងវែង ភូមិស្វាយជ្រំ និងភូមិស្វាយក្ងោ ស្ថិតនៅក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ដើម្បីផ្ដល់ឱកាសឲ្យក្រុមគ្រូពេទ្យចុះស្រាវជ្រាវរកប្រភពចម្លងជំងឺ និងធ្វើ​អនាម័យ​សម្អាត​បរិស្ថាន​ បន្ទាប់ពីក្រុមគ្រូពេទ្យបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទៅលើបុគ្គលចំនួន២តូប ដែលមានផ្ទុក កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ។តាមសេចក្តីជូនដំណឹងស្តីពីការបិទភូមិនៅក្នុងស្រុកស្វាយជ្រំ របស់រដ្ឋបាលខេត្ត ដើម្បី​បញ្ចៀស​ជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍នោះរដ្ឋបាលខេត្ត បានធ្វើការបិទផ្នែកខ្លះនៃភូមិនីមួយៗតែប៉ុណ្ណោះ ដែលមានរយៈពេល១៤ ថ្ងៃ ដោយចាប់គិតពីថ្ងៃទី ២៨ ខែមិថុនា ដល់ថ្ងៃទី ១១ ខែកក្កដាឆ្នាំ ២០២១ ហើយរយៈពេលនៃការបិទភូមិនេះ រដ្ឋបាលខេត្តបានធ្វើការហាមប្រាម ដល់ពលរដ្ឋនៅក្នុង​និង​ក្រៅតំបន់មិនឲ្យធ្វើដំណើរឆ្លងកាត់ចេញចូលភូមិ និងប្រាស្រ័យ​ទំនាក់ទំនងគ្នាច្រើន​ក្នុង​ករណី​មិនចាំបាច់។សូមបញ្ជាក់ផងដែរថា ស្វាយរៀងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កម្ភៈ កន្លងមករដ្ឋបាល​ខេត្តស្វាយរៀង បានធ្វើការបិទខ្ទប់ ផ្ទះពលរដ្ឋដែល មានវិជ្ជមានជំងឺកូវីដ១៩ ចំនួន២ពាន់៥៦០ខ្នង មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន១០កន្លែងទីតាំងផលិត និងអាជីវកម្មចំនួន ៥៨ កន្លែង ផ្សារចំនួន៣កន្លែង វត្តចំនួន៣ ទីបញ្ជាការអធិការនគរបាលស្រុកចំនួន ៣ កន្លែង និងប៉ុស្តិ៍រដ្ឋបាលឃុំមួយកន្លែង ដើម្បីមបញ្ជៀសជំងឺឆ្លងចូលសហគមន៍ ។លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានឲ្យដឹងតាមសារតេឡេក្រាមថា នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ នៅស្វាយរៀងមានពលរដ្ឋខ្មែរ និងជនបរទេស បានកើត​ជំងឺកូវីដ១៩ ចំនួនជាង២ពាន់នាក់ ក្នុងនោះស្លាប់ចំនួន១៨នាក់ ព្យាបាលឲ្យជាសះស្បើយចំនួនជាង ១ពាន់នាក់ នឹងអ្នកជំងឺកំពុងសម្រាកព្យាបាលបន្តនៅមន្ទីរព្យាបាលជំងឺកូវីដ១៩មានចំនួនជាង ៦០០ នាក់ ៕

បុគ្គលក្លែងបន្លំជានគរបាល ត្រូវនគរបាលព្រហ្មទណ្ឌ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧នេះ

2021/06/27 02:04:30 pm        362
ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បន្ទាប់ពីបញ្ចប់ការសួរនាំ បុគ្គលឈ្មោះ សៅខូ ច័ន្ទសូឡារ រួចបានបញ្ជូនទៅអយ្យអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីបន្តចាត់ការតាមនីតិវិធី។ជនសង្ស័យមានឈ្មោះ សៅខូ ចន្ទ័សូឡារ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ១២០បេ ភូមិចំកាឱឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។នគរបាលជំនាញបានបញ្ជាក់អោយដឹងថា ជនសង្ស័យរូបនេះ បានក្លែងអត្តសញ្ញាណប័ណ្ណនគរបាលជាតិ (លួចបន្លំអត្តលេខ), ក្លែងប្រកាសក្រសួងមហាផ្ទៃ ស្ដីពីការតម្លើងឋានន្ដរស័ក្ដិមន្ដ្រីនគរបាលជាតិ និងប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិដោយខុសច្បាប់, ក្លែងបន្លំលិខិតបេសកកម្ម របស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ដាក់តួនាទីជា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, ក្លែងបន្លំលិខិតបេសកកម្មរបស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌, ប្រើប្រាស់ និងជួញដូរអាវុធខុសច្បាប់។គួរបញ្ជាក់ផងដែរថា ជនសង្ស័យរូបនេះ ត្រូវបានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ខ្លួននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ និងបានប្រគល់មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបន្ដសួរនាំ និងចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ

ស្នងការនគរបាលខេត្តកណ្ដាល បញ្ជាឲ្យកម្លាំងចុះធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ហាងកាហ្វេ 1111 មានមនុស្សប្រផ្ដុំគ្នាច្រើន

2021/06/26 06:09:55 pm        104
កណ្ដាល៖ ដោយមានការបញ្ជា ផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចាត់អោយ លោកវរសេនីយ៍ឯក អាំ ធូ អធិការ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក បានបញ្ជាអោយលោក វរសេនីយ៍ត្រី ភន ភឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ធ្វើការស្រាវជ្រាវចំពោះទីតាំងនេះ ។ជាក់ស្ដែងនៅរសៀលថ្ងៃសៅរ៍ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ដឹកនាំដោយលោក វរសេនីយ៍ត្រី ភន ភឿន នាយប៉ុស្តិ៍ បានចុះដល់ទីតាំងខាងលើ ហើយបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ហាងកាហ្វេ 1111 ដែលមានម្ចាស់ឈ្មោះ ឡៅ វង្សដារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ឱ្យបញ្ឈប់ការជួបជុំគ្នា ច្រើន លើសពី ០២នាក់ ក្នុងមួយតុ ពេលចូលមកអង្គុយហូបកាហ្វេ សូមរក្សាគម្លាត ពីគ្នា យ៉ាងតិចមួយ ម៉ែត្រកន្លះពីគ្នា ត្រូវមានជេលលាងដៃ ឫអាល់កុល និងគោរពតាមវិធានការសុខាភិបាល ៣កុំ ៣ការពារ និងដាច់ខាតមិនឱ្យមានការជជែកគ្នាលឺៗដែលរំខានដល់អ្នកជិតខាងពេលសំរាក ហើយមិនឱ្យមានការប្រមូលផ្តុំ ជាទង្វើផ្គើននិងប្រសាសន៍ដឹកនាំនៃប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញអោយអនុវត្តន៍ក្នុងគោលបំណងចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-19។ គួរបញ្ជាក់ផងដែរ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពី ក្រុមការងារ និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានទទួលសារពី គណនីហ្វេសបុក(facebook) សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេក(page)ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានខ្លឹមសារថា ៖ យើងខ្ញុំទាំងអស់គ្នា សូមគោរពដល់លោក ស្នងការខេត្តកណ្តាល ដោយសុំមិនបញ្ចេញឈ្មោះ សូមរាយការណ៍អំពីហាងលក់កាហ្វេ មួយកន្លែងឈ្មោះថាកាហ្វេ 1111 ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ជាកន្លែងដែលដាក់បានមនុស្សច្រើន ដែលថាអ្នកចូលអង្គុយនៅទីនេះពេលយប់តែងតែជជែកគ្នា លឺៗណាស់ពេលខ្លះថែមទាំងស្រែកទៀតផង រំខានដល់អ្នកជិតខាង ដែលភាគច្រើនគេចូលសំរាកស្ងាត់ភូមិអស់ទៅហើយ សូមអរគុណ៕ អត្ថបទ៖ កុម្ភះ

ក្រសួងពាណិជ្ជកម្ម​បើក​យុទ្ធនា​ការចុះ​យក​គំរូ​ស្រាស​ និង​ស្រាថ្នាំ មក​វិភាគ​រក​សារធាតុ​មេ​តា​ណុល​

2021/06/26 01:12:01 pm        488
ភ្នំពេញ ៖ ខណៈដែល​ករណី​ពុលស្រា​ បានកើត​ឡើងជា​បន្តបន្ទាប់​នៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន អគ្គនាយកដ្ឋាន​ ការពារ​អ្នកប្រើប្រាស់ ​កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​បើក​យុទ្ធនា​ការ​ចុះ​យក​គំរូ​ស្រាស ​ស្រាថ្នាំ ​មក​វិភាគ​រក​សារធាតុ​មេ​តា​ណុល​នៅ​កន្លែង​ផលិត ​និង​កន្លែង​លក់​នៅ​ទូទាំង​ប្រទេស​តែម្តង​។ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​ កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​មាន​ប្រសាសន៍​ប្រាប់​ទូរទស្សន៍​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៦មិថុនា ឆ្នាំ​២០២១​នេះ​ថា ​ដោយមាន​ការណែនាំ​រប​ស់​ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ឯកឧត្តម​ បានដាក់​ចេញ​នូវ​យុទ្ធនា​ការ​ឱ្យ​មន្ត្រី​នៅ​តាម​បណ្តា​សាខា ក​.​ប​.​ប រាជធានី ខេត្ត ចុះ​យក​សំណាក​គំរូ​ស្រាសស្រាថ្នាំ​ នៅតាម​បណ្តា​ទីតាំង​ផលិត និង​កន្លែង​លក់​ស្រាស ​ស្រាថ្នាំ​ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ​មក​វិភាគ​រក​សារធាតុ​មេ​តា​ណុល ​នៅ​មន្ទីរពិសោធន៍​របស់​អគ្គ​នាយកដ្ឋាន ក​.​ប​.​ប​.​។ឯកឧត្តម​ ឲ្យ​ដឹង​ទៀតថា ​ជាក់ស្តែង ក្នុង​ខែមិថុនា​នេះ មន្ត្រី​សាខា ក​.​ប​.​ប​. នៅ​តាម​បណ្តា​រាជធានី ខេត្ត​ចំនួន​១៧ ​បាន​ចុះ​យក​គំរូ​ស្រាស​ ស្រាថ្នាំ​មក​វិភាគ​នៅ​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន​ ក​.​ប​.​ប​. បាន​ចំនួន​១៧៨​គំរូ​។ ក្នុងនោះ​ យោងតាម​លទ្ធផល​វិភាគ ​សំណាក​គំរូ​ស្រា​អស់នោះ ​ពុំមាន​វត្តមាន​សារធាតុ​មេ​តា​ណុល​ ដែលជា​សារធាតុ​បង្ក​គ្រោះ​ឡើយ​។ទាក់ទិន​ និង​យុទ្ធនាការ​ខាងលើនេះ​ ឯកឧត្តម ផាន អូន បាន​បញ្ជាក់ថា ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. នឹង​បន្ត​យុទ្ធនា​ការ​ចុះ​អប់រំ ផ្សព្វផ្សាយ​ការ​យល់ដឹង និង​យក​សំណាក​គំរូ​ស្រាស​ និង​ស្រាថ្នាំ ​ឱ្យ​បាន​គ្រប់​រាជធានីខេត្ត ពិសេស​តំបន់​ដាច់ស្រយាល​ មក​វិភាគ​រក​សារធាតុ​បង្ក​គ្រោះ ​ដើម្បី​ទប់ស្កាត់​ករណី​ពុល​ស្រា​មិន​ឱ្យ​កើតឡើង​បន្តទៀត​។គិត​ចាប់ពី​ដើមឆ្នាំ រហូតមកដល់​ពេលនេះ ​អ្នកស្លាប់​បាត់បង់​ជីវិត​ដោយសារ​ករណី​ពុល​ស្រាស​ ចំនួន​សរុប​ប្រមាណ​ជាង៤០​នាក់​ ដែល​ករណីនេះ​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន​៤ រួមមាន​៖ ខេត្តកណ្តាល ​ពោធិ៍សាត់ កំពត និង​ខេត្តព្រៃវែង​៕​អត្ថបទ ​៖ ឈិ​ត បូរ៉ា​វី

៦​ខែឆ្នាំនេះ​មនុស្ស​ជាង​៧០០០​នាក់ ​ត្រូវបាន​ចាប់ខ្លួន និង​រឹបអូស​គ្រឿងញៀន​ជាង​៨០០​គីឡូក្រាម

2021/06/26 01:02:28 pm        568
ភ្នំពេញ ៖ ​ក្នុង​រយៈពេល​៦​ខែឆ្នាំនេះ ​សមត្ថកិច្ច​បាន​បង្ក្រាប​គ្រឿងញៀន​ជាង​៨០០​គីឡូក្រាម ​និង​ឃាត់​ខ្លួន​មនុស្ស​ជាង​៧០០០​នាក់​។របាយការណ៍​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ បាន​ឱ្យដឹងថា លទ្ធផល​អនុវត្ត​ច្បាប់​ពី​ខែមករា ដល់​ខែមិថុនានេះ នគរបាល​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន ចំនួន៣១៤៩​ករណី​ ដោយបាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​ជាង​៧​ពាន់​នាក់៨​សញ្ជាតិ ​ជនបរទេស​១២០​នាក់​ និងបាន​ដកហូត​គ្រឿងញៀន​ចំនួន​ជាង​៨០០​គីឡូក្រាម​ ក្រៅពីនេះ​ក៏បាន​រក​ឃើញ​ដើម​កញ្ឆា​ជាង​១​ម៉ឺន​៤ពាន់​ដើម​ផងដែរ​។របាយការណ៍​របស់​ន​គ​របាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​បាន​បង្ហាញថា ​ករណី​គ្រឿងញៀន​ក្នុង រយៈពេល​៦​ខែ​មកនេះ ​មានដូចជា ​ករណី​ជួញដូរ រក្សាទុក កែច្នៃ ​ចាត់ចែង ប្រើប្រាស់​ និង​មាន​ជាង​២០០ករណី ជា​ការ​បង្ក្រាប​ដោយ​អនុវត្ត​តាម​ដីកា​របស់​តុលាការ​។ក្រៅពី​ឃាត់ខ្លួន​មនុស្ស ​និង​ដកហូត​គ្រឿងញៀន នគរបាល ​ក៏បាន​ឃាត់ទុក​នូវ​មធ្យោបាយ​ផ្សេងៗ ផងដែរ ​មាន​ដូច រថយន្ដ៤៧​គ្រឿង ​ម៉ូតូ៨១៨​គ្រឿង អាវុធខ្លី៥​ដើម អាវុធ​វែង១៨​ដើម និង​អាវុធ​កែច្នៃ ១១​ដើម​ផងដែរ​៕​អត្ថបទ ៖ តារា​វុទ្ធី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្លូវជនបទជាសរសៃឈាមដែលតភ្ជាប់ ជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចមូលដ្ឋាន
05/08/2026 09:05 PM
កិច្ចព្រមព្រៀងយន្តហោះចម្បាំង Gripen របស់អ៊ុយក្រែន អាចនឹងចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានខែទៀត
05/08/2026 09:05 PM
ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
05/08/2026 08:05 PM
អ៊ីរ៉ង់ច្រានចោលរបាយការណ៍ចារកម្មសហរដ្ឋអាមេរិកអាមេរិកពីសមត្ថភាពយោធាចុះខ្សោយរបស់ខ្លួន
05/08/2026 08:05 PM
អាស៊ានជំរុញឲ្យអាមេរិក និងអ៊ីរ៉ង់បញ្ចប់ជម្លោះ និងអំពាវនាវឲ្យលុបបំបាត់ស្ថានភាពមិនច្បាស់លាស់
05/08/2026 08:05 PM
ទីភ្នាក់ងារ EU អនុញ្ញាតឲ្យប្រើប្រាស់ប្រេងឥន្ធនៈយន្តហោះរបស់អាមេរិក ខណៈការខ្វះខាតជិតកើតមាន
05/08/2026 08:05 PM
សម្តេចធិបតី អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ នៅទីក្រុងសេប៊ូ
05/08/2026 08:05 PM
លោក Zelenskiy បំពេញទស្សនកិច្ចទៅកាន់តំបន់ជួរមុខស្ថិតនៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន
05/08/2026 08:05 PM
លោក Rubio បញ្ជាក់ថា អាមេរិករំពឹងថា អ៊ីរ៉ង់នឹងឆ្លើយតប ចំពោះកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃសុក្រនេះ
05/08/2026 08:05 PM
យោធា៖ សំឡេងស៊ីរ៉ែនបន្លឺឡើងនៅភាគខាងជើងអ៊ីស្រាអែល ក្រោយមានការបាញ់ផ្លោងពីលីបង់
05/08/2026 07:05 PM