ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

អាជ្ញាធរ​ខេត្ត​បាត់ដំបង ​បិទ​ផ្ទះ​ពលរដ្ឋ​១៧​ខ្នង ​ក្រោយ​រក​ឃើញ​មនុស្ស​៤​នាក់​ ដែល​វិល​ត្រឡប់​ពី​ភ្នំពេញ​ ឆ្លង​កូវីដ-១៩

2021/05/19 08:13:12 pm        61
បាត់ដំបង៖ អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​សម្រេច​បិទ​ខ្ទប់​ផ្ទះ​សម្បែង​ពលរដ្ឋ​ចំនួន ១៧​ខ្នង​នៅ​ក្នុង​​ភូមិ​មួយ​ស្ថិត​ក្នុង​ស្រុក​មោងឫស្សី​ ចាប់​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​រក​ឃើញ​មនុស្ស ៤​នាក់​បាន​ឆ្លង​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​សម្រេច​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អភិបាល​ខេត្ត​បាត់ដំបង លោក ងួន រតនៈ ​បាន​សម្រេច​ឱ្យ​បិទ​ខ្ទប់​ផ្ទះ​សម្បែង​ពលរដ្ឋ ​១៧​ខ្នង​នៅ​ក្នុង​ភូមិ​​អំពិលឈូង ស្ថិត​ក្នុង​ឃុំ​ឫស្សីក្រាំង ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។បើ​តាម​សេចក្ដី​សម្រេច​ដដែល​នេះ ពលរដ្ឋ ៤​នាក់ ក្នុង​នោះ​មាន​ស្ត្រី ២​នាក់​ផង​ដែរ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​ពួកគេ​វិល​ត្រឡប់​ទៅ​ពី​រាជ​ធានី​ភ្នំពេញ។អាជ្ញាធរ​ខេត្ត​នេះ បាន​សម្រេច​ហាម​ឃាត់​មិន​ឱ្យ​មាន​ការ​ចេញ​-ចូល​បរិវេណ​ផ្ទះ​ទាំង ១៧​ខ្នង​នោះ​ទេ ហើយ​មន្ត្រី​សុខាភិបាល​របស់​ខេត្ត​កំពុង​ដំណើរការ​យក​សំណាក​លើ​ពលរដ្ឋ​ដទៃ​ទៀត​ដែល​បាន​ប្រាស្រ័យ​ទាក់​ទង​នឹង​មនុស្ស​ទាំង ៤​នាក់​ដែល​បាន​ឆ្លង​កូវីដ-១៩។រដ្ឋបាល​ខេត្ត​បាត់ដំបង ក៏​បាន​អំពាវ​នាវ​ទៅ​ដល់​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​បាន​ពាក់​ព័ន្ធ​នឹង​មនុស្ស​ទាំង ៤​នាក់​ខាង​លើ​នេះ ឱ្យ​ទៅ​ផ្ដល់​សំណាក​ដើម្បី​ពិនិត្យ​រក​មេរោគ​កូវីដ-១៩ និង​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ដើម្បី​តាម​ដាន​សុខភាព​ខ្លួន​ឯង៕

កម្ពុជា​សម្រេច​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ២១​ភាគរយ​ហើយ​ក្នុ​ង​រយៈ​ពេល ​៩៨​ថ្ងៃ​កន្លង​មក​នេះ

2021/05/19 05:57:12 am        604
ភ្នំពេញ៖ របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង បាន​បង្ហាញ​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​របស់​រាជ​រដ្ឋាភិបាល សម្រេច​បាន​​ជាង ២១​ភាគរយ​ហើយ​នៅ​ក្នុង​រយៈ​ពេល​ ៩៨​ថ្ងៃ​ចុងក្រោយ​មក​នេះ។ក្នុង​របាយការណ៍​ចេញ​នៅ​ល្ងាច​ថ្ងៃ​នេះ គណៈ​កម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ បាន​ឱ្យ​ដឹង​បន្ថែម​ថា ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជាង ២​លាន ១៣​ម៉ឺន​នាក់​ហើយ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង ដែល​ស្មើ​នឹង​ ២១.៣៣​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ខ្ទង់ ១០​លាន​នាក់​ដែល​រាជ​រដ្ឋាភិបាល​កំណត់​ចាក់​វ៉ាក់សាំង​នៅ​ត្រឹម​ឆ្នាំ​នេះ។បើ​តាម​របាយការណ៍​ដដែល​នេះ ពលរដ្ឋ​ដល់​ទៅ​ជាង ១​លាន ២៨​ម៉ឺន​នាក់​ហើយ បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូស​នៅ​ក្នុង​យុទ្ធនាការ​រយៈ​ពេល ៩៨​ថ្ងៃ​កន្លង​មក​នេះ។ក្នុង​រយៈ​ពេល​ជិត ១០០​ថ្ងៃ​នេះ គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង បាន​បង្ហាញ​ថា មាន​ពលរដ្ឋដល់​ទៅ​ជាង ២​លាន ២០​ម៉ឺន​នាក់ បាន​ស្ម័គ្រ​ចិត្ត​ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង ប៉ុន្តែ ប្រជាជន​ជិត ៧​ម៉ឺន​នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ទេ ដោយសារ​បញ្ហា​សុខភាព។រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ចាប់​ផ្ដើម​យុទ្ធនការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ពោល​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ស៊ីណូហ្វាម​លើក​ដំបូង​ដែល​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា៕

កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះ​ស្រាវជ្រាវ​ ឃាត់​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​រំលោភ​សម្លាប់​

2021/05/18 11:54:08 pm        37
​ឧត្តរមានជ័យ​៖ កម្លាំង​សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ ​សហការ​ដឹកនាំ​កម្លាំង​ផែន​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចុងកាល់ ចុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ ០១​នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​លើ​នារី​ម្នាក់​ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ១៧:៤០ នាទី​។​​ករណី​មាន​ប្រជាពលរដ្ឋ​រាយការណ៍ បាន​ប្រទះឃើញ​សាកសព​អណ្ដែត​ទឹក​នៅ​ចំណុច​ត្រពាំង​តា​ឌួង ដែល​មាន​ចម្ងាយ ១៥០០​ម៉ែត្រ​ខាងលិច​ភូមិ​រលំ​វែង ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ភ្លាមៗ​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ និង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចុងកាល់ ចុះ​ស្រាវជ្រាវ​សាវតា របស់​ជនរងគ្រោះ​មានឈ្មោះ ងួ​យ សុណី ភេទ​ស្រី អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ មាន​មុខរ​បរជាកសិក​រ​។ ​ករណី​នេះ​ដែរ​យោងតាម​ការ​បំភ្លឺ​ពី​ឪពុក​ម្តាយ ជនរងគ្រោះ​កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២១​នៅ​វេលា​ម៉ោង ១២:០០ នាទី ក្មេង​ស្រី​ដែលជា​ជនរងគ្រោះ បាន​ជិះ​កង់​ទៅ​បេះ​ព្រីង​នៅ​ចំណុច​ខាងលើ លុះ​ដល់ពេល​ល្ងាច​ពុំ​ឃើញ​កូន​ត្រឡប់មកផ្ទះ​វិញ ឪពុកម្តាយ បាន​រាយ​ការ​ណ៍​ប្រាប់​មេភូមិ និង​អ្នក​ជិតខាង​ឲ្យ​ជួយ​រក រហូតដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ១៧​:៤០​នាទី ទើប​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​ដេក​ស្លាប់​តែម្តង​នៅនឹងកន្លែង​កើតហេតុ​។​​បន្ទាប់ពី​មន្ត្រី​ជំនាញ ​បាន​ធ្វើ​កោសល្យវិច័យ និង​ស្រាវជ្រាវ​ស៊ើបអង្កេត យើង​កំណត់​បាន​មុខសញ្ញា និង​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ ម្នាក់​ឈ្មោះ អឿ​ម សារី (​ហៅ​ស្រ៊ី) ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា ក្រោយ​ធ្វើការ​សាកសួរ​រួច​ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ចាប់​រំលោភ និង​សម្លាប់​នារី​ដែល​ជា​ជនរងគ្រោះ​ពិតប្រាកដ​មែន រួចហើយ​យក​សាកសព​ទៅ​បោះចោល​ក្នុង​ត្រពាំង​ដែល​មាន​ព្រៃស្តុក រីឯ​កង់​របស់​ជនរ​ង​គ្រោះ​បាន​យកទៅ​ទម្លាក់​ចូលក្នុង​អូរ​មួ​យ​កន្លែង​ចម្ងាយ​ពី​កន្លែងកើតហេតុ​ប្រហែល ២០០​ម៉ែត្រ​។​​ករណី​នេះ​ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​បន្ត​បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ផងដែរ​៕​

រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន​២០​នាក់​ ក្នុង​រោងចក្រ​មួយ​កន្លែង ​នៅ​ស្រុក​កំពង់ត្រឡាច

2021/05/18 10:23:18 pm        491
កំពង់ឆ្នាំង​៖ យ៉ាងហោចណាស់​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​២០​នាក់​ទៀត ​នៅក្នុង​រោងចក្រ​ហឺ​រ៉ា​យ​ហ្សិ​ន​អៅ​ដរ​ ស្ថិត​ក្នុងស្រុក​កំពង់ត្រឡាច ​ខេត្តកំពង់ឆ្នាំង​ ត្រូវ​បាន​រកឃើញ​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​ឲ្យ​ដឹងពី​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល ​នា​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១​នេះ ។លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន បាន​បន្តថា កម្ម​ការិនី​រោងចក្រ​ហឺ​រ៉ា​យ​ហ្សិ​ន​អៅ​ដរ​ ស្ថិតក្នុង​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ​ចំនួន​១៤​នាក់​ រស់នៅ​ក្នុងភូមិ​ក្ងោកពង់​ និង​ភូមិ​ត្រពាំង​ព្រីង​ ឃុំ​ស្វាយ​ជុគ ស្រុក​សាមគ្គី​មានជ័យ ​និង​ជនបរទេស​ធ្វើការ​នៅ​ក្នុង​រោងចក្រ​នោះ​ចំនួន​៦​នាក់ ​ផ្សេងទៀត ​បាន​រកឃើញ​ផ្ទុក​វិជ្ជមាន​កូ​វីដ​១៩ ​ក្រោយពី​ក្រុមការងារ​បាន​ដាក់​ការសង្ស័យ​ទៅលើ​អ្នកបើកបរ​រថយន្ត​ដឹក​កម្ម​ការិនី​ម្នាក់​រួចមក​។ លោក​វេជ្ជបណ្ឌិត​ បា​នប​ន្ត​ថា ប៉ុន្មាន​ថ្ងៃមុន ក្រុមការងារ​ឆ្លើយតប​បន្ទាន់​បាន​រក​ឃើញ​ស្ត្រី​ជា​ម្តាយ​របស់​អ្នកបើកបរ​ឡាន​ដឹក​កម្ម​ការិនី​រោងចក្រ​ហឺ​រ៉ា​យ​ហ្សិ​ន​មាន​វិជ្ជមាន​កូ​វីដ​១៩​ ក៏ប៉ុន្តែ​ស្ត្រី​រូបនោះ ​មិនដែល​ទៅណា​នោះឡើយ​។​ ក្រោយ​ការស្រាវជ្រាវ ក្រុមការងារ​បាន​ដាក់​ការសង្ស័យ​ទៅលើ​កូនប្រុស​របស់​គាត់​ជា​អ្នកចម្លង បន្ទាប់មក​ក៏បាន​យក​សំណាក​កម្ម​ការិនី​ជិះ​ក្នុង​ឡាន​នោះ​ចំនួន​៥០​នាក់​ ដើម្បី​ធ្វើតេស្ត ​ជា​លទ្ធផល​មានកម្មការិនី​ចំនួន​១៤​នាក់ ​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ​ក្នុងនោះ ​មាន​៣​នាក់​ជា​អ្នក​ជិះ​អែប​តៃកុង​ឡាន​តែម្តង​។ ចំណែក​ការ​ធ្វើ​តេស្ត​សំណាក​ជនបរទេស​ដែល​ធ្វើការ​នៅក្នុង​រោងចក្រ​នោះ​ចំនួន​៦​នាក់​ផ្សេងទៀត ​ក៏មាន​វិជ្ជមាន​កូ​វីដ​១៩​ដូចគ្នា​ផងដែរ​។លោក​វេជ្ជបណ្ឌិត​ បា​នប​ន្ថែ​ម​ថា អ្នក​វិជ្ជមាន​កូ​វី​១៩​ទាំង​២០​នាក់​នោះ​ បាន​យក​ទៅ​ដាក់អោយ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រឡាច ​ហើយ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​កំពុង​យក​សំណាក​ធ្វើតេស្ត​រក​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ក្នុង​រោងចក្រ​នោះ​បន្តទៀត​។អ្នកនាំពាក្យ​សាលាខេត្ត​កំពង់ឆ្នាំង​ បានឲ្យដឹងថា រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​វិញ បាន និង​កំពុង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ​ពិភាក្សា​រក​ដំណោះស្រាយ​ក្នុង​ការ​បិទ​ខ្ទប់​រោងចក្រ​ហឺ​រ៉ា​យ​ហ្សិ​ន ​និង​ស្វែងរក​អ្នក​ពាក់ព័ន្ធ រួម​នឹង​អ្នក​នាំ​ជំងឺ​នេះ​ ចូល​រោងចក្រ ដើម្បី​ទប់ស្កាត់​អោយ​ទាន់​ពេលវេលា ​កុំអោយ​ជំងឺ​នេះ ​រាលដាល​បន្តទៀត​។ដោយឡែក​លោក វន ស៊ីថា អភិបាលស្រុក​សាមគ្គី​មានជ័យ ​បានឲ្យដឹងថា ក្រុមការងារ​ថ្នាក់​ស្រុក​កំពុង​ចុះទៅ​ភូមិ​ក្ងោកពង់ ​និង​ភូមិ​ត្រពាំង​ព្រីង ឃុំ​ស្វាយ​ជុគ ​ដើម្បី​ណែនាំ​ប្រជាពលរដ្ឋ​បន្ថែម ​រួម​នឹង​បិទ​ខ្ទប់ជា​បណ្តោះអាសន្ន​សិន ​កុំអោយ​មានការ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​៕ ​អត្ថបទ ៖ ហុង វាស្នា  

កំពង់ចាម ​រក​ឃើញ​មនុស្ស​៥​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​មាន​កុមារ​ម្នាក់​អាយុ​៩​ឆ្នាំ​ផង​ដែរ

2021/05/18 07:17:44 pm        485
កំពង់ចាម៖ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ពី​ការ​រក​ឃើញ​មនុស្ស ៥​នាក់​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ស្រុក​ចំនួន ៤​ផ្សេង​គ្នា។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម​បញ្ជាក់​ថា មនុស្ស ៥​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​មាន​កុមារា​ម្នាក់​អាយុ ៩​ឆ្នាំ​ផង​ដែរ។បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន មនុស្ស​ទាំង ៥​នាក់​ដែល​ទើប​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នោះ មាន​នៅ​ស្រុក​ចំការលើ ១​នាក់ ស្រុក​បាធាយ ១​នាក់ ក្រុង​កំពង់ចាម ១​នាក់ និង​ស្រុក​កំពង់សៀម ២​នាក់។រដ្ឋបាល​ខេត្ត​កំពង់ចាម​បញ្ជាក់​ផង​ដែរ​ថា លទ្ធផល​នេះ គឺ​ជា​ការ​ធ្វើ​តេស្ត​ទៅ​លើ​មនុស្ស ១៦៩​នាក់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។បើ​តាម​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ពលរដ្ឋ ៥​នាក់​ដែល​ទើប​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មេគង្គ​កំពង់ចាម​ហើយ។រដ្ឋបាល​ខេត្ត​នេះ​ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ពាក់​ព័ន្ធ​ឱ្យ​ចូល​រួម​ផ្ដល់​សំណាក និង​ដាក់​ខ្លួន​ដាច់​ដោយ​ឡែក ដើម្បី​តាម​ដាន​សុខភាព​ខ្លួន​ឯង៕

ខេត្ត​ព្រៃវែង ​រក​ឃើញ​ពលរដ្ឋ​៦​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ សុទ្ធ​តែ​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​តំបន់​ផ្សេងៗ

2021/05/18 12:08:18 pm        581
ព្រៃវែង៖ រដ្ឋបាល​ខេត្ត​ព្រៃវែង​ប្រកាស​ថា មនុស្ស ៦​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃម្សិល​មិញ​នេះ ដែល​ភាគច្រើន​​ជា​អ្នក​ដំណើរ​វិល​ត្រឡប់​ពី​ភ្នំពេញ និង​ប្រទេស​ថៃ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ព្រៃវែង បញ្ជាក់ថា ប្រជា​ពលរដ្ឋ ៣​នាក់​ដែល​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ហើយ​ពលរដ្ឋ ២​នាក់​ទៀត​ ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ផង​ដែរ ក្រោយ​ពី​ពួកគេ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ពលរដ្ឋ​ទាំង ៥​នាក់​នេះ សុទ្ធ​តែ​រស់​នៅ​ក្នុង​ភូមិ​តាង៉កស្រែ ឃុំ​ព្នៅ២ ស្រុក​ស៊ីធរកណ្ដាល។ចំណែក​ឯ​នារី​​ម្នាក់​ទៀត​អាយុ ២៨​ឆ្នាំ ដែល​រស់​នៅ​ស្រុក​ពាមជរ ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ផង​ដែរ ក្រោយ​ពី​វិល​ត្រឡប់​មក​ពី​ខេត្ដត្បូងឃ្មុំ។រដ្ឋបាល​ខេត្ត​ព្រៃវែង បញ្ចាក់​ថា ខេត្ត​នេះ​រក​ឃើញ​មនុស្ស ១៨៨​នាក់​ បាន​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​ពលរដ្ឋ ៣​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​ដែល​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ១០១​នាក់ហើយ​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ហើយ​ពលរដ្ឋ ៨៤​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

កម្ពុជា ​រក​ឃើញ​មនុស្ស៣៤៥​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈអ្នកជាសះស្បើយមានតួលេខច្រើនជាង១ពាន់នាក់

2021/05/18 12:03:54 pm        787
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស ២​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​មនុស្ស ៣៤៥​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា តួលេខ​អ្នក​ស្លាប់​ដោយសារជំងឺកូវីដ-១៩​សរុប កើន​ដល់ ១៥៦​នាក់​ហើយ​នៅ​ក្នុង​រយៈ​ ៦៨​ថ្ងៃ​កន្លង​មក​នេះ ក្នុង​នោះ​មាន​ទាំង​ករណី​ស្លាប់​ថ្មី ២​នាក់​ទៀត ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ទៀត​ថា មនុស្ស ៣៤៥​នាក់​ផ្សេង​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ឡើង​ដល់ ២២ ៨៨៩​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ។បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​​ចំនួន ៣៤៤​នាក់ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នេះ បន្ទាប់​ពី​ពួកគេ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ហើយ ១​ករណី​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ១៤ ៣៤៣​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន ១ ៣៣៧​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផងដែរ៕

រឿង​ក្មេងពាល​ ជិះឡាន​មកកាប់គេផ្អើលពេញភូមិ ​គំរាមបាញ់​ មិន​មាន​ចំណាត់ការពីអធិការ​ស្រុក​ព្រៃកប្បាស

2021/05/18 12:14:30 pm        8882
តាកែវ ៖ កាមេរ៉ាវីដេអូមួយ ដែលបង្ហាញពីក្មេងពាលបួនប្រាំនាក់ជិះឡាន​មកកាប់យុវជនម្នាក់​នៅ​ក្នុង​ឃុំកំពែង​ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលកំពុងតែបង្កការភ្ញាក់ផ្អើល ​និងចែកចាយតៗគ្នា នៅ​តាមបណ្ដាញសង្គម បែជាសមត្ថកិច្ចស្រុកព្រៃកប្បាស ​ដែល​មាន​លោក​អធិការវ័យក្មេង ឡេង ប៊ុនឡុង ​មិន​ទាន់​មាន​ចំណាត់​ការ​ នៅឡើយ​ ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​និយាយ​ថា ​សមត្ថកិច្ច​ កំពុង​តែ​លាក់បាំង​បទល្មើស​មិន​អោយ​ថ្នាក់​លើ​បាន​ដឹង​។យោង​តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បន្ទាប់ពីជនល្មើសចុះមកកាប់ ​និងវ៉ៃជនរងគ្រោះហើយ ក្រុមគ្រួសារជនរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្ដឹង​ទៅសមត្ថកិច្ចប៉ុស្តិ៍កំពែង ​ស្រុកព្រៃកប្បាស ក៏​ប៉ុន្តែរហូតមកដល់ពេលនេះ ​សមត្ថកិច្ចស្រុកព្រៃកប្បាស ​មិនមានចំណាត់ការអ្វីនោះទេ បើ​ទោះបីជា​ជនរងគ្រោះ មានវីដេអូ ​បង្ហាញពីជនដៃដល់ ​នឹងបានស្គាល់ជនដៃដល់ប្រាប់​សមត្ថកិច្ច​យ៉ាង​ណា​ក៏ដោយ។ពាក់ព័ន្ធ នឹងបញ្ហានេះ លោក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស មិនបានឆ្លើយតប​នឹង​ការ​សាកសួរ​របស់ទូរតស្សន៍ BTV ទេនៅថ្ងៃនេះ។គួបញ្ជាក់ថា កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២១កន្លងទៅនេះ មាន​ក្រុម​ក្មេងស្ទាវ​មួយ​ក្រុមដែលគេដឹងថា ​មានទីលំនៅក្នុងឃុំពន្លៃស្រុកអង្គបូរី ​ខេត្តតាកែវ ​បាន​នាំគ្នា​ជិះ​រថយន្តមួយគ្រឿង ​មានគ្នា៤ទៅ៥នាក់​ ដោយ​កាន់ដាវ បានជិះមកផ្ទះជនរងគ្រោះ​នៅក្នុងភូមិ​កំពែងខាងត្បូង ​ឃុំកំពែង ស្រុកព្រៃកប្បាស ​ហើយបានធ្វើសកម្មភាពចាប់ជនរងគ្រោះវ៉ៃ​ និង​កាប់ នឹងដាវ​ និងគំរាមយកកាំភ្លើង​មក​បាញ់​ជនរងគ្រោះផងដែរ ​បើ​ទោះបី​ជាជនរងគ្រោះ​​និងក្រុម​គ្រួសារ​អង្វយ៉ាងណាក៏ជនដៃដល់​មិន​បញ្ឈប់​សកម្មភាព​ របស់ខ្លួននោះទេ ។ ក្រោយធ្វើសកម្មភាព​ហើយ​ជនដៃដល់បានជិះរថយន្តចេញយ៉ាងរំភើយមិនរំខានសមត្ថកិច្ចស្រុកព្រៃកប្បាសនោះទេ៕អត្ថបទ ៖ វិភាគhttps://web.facebook.com/BTVCambodia/videos/581935902744463

ខេត្តតាកែវ​ ​​រក​ឃើញ​កម្មករ​ចំនួន​៤៨​នាក់​ ទៀត​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅថ្ងៃនេះ ​

2021/05/18 05:34:05 pm        614
តាកែវ ​៖ ​នៅថ្ងៃនេះ ខេត្ត​តាកែវ ​រក​ឃើញ​មនុស្ស​​ចំនួន​៤៨​នាក់​ ទៀត​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ​ភាគ​ច្រើនជា​កម្មករ​-កម្មការិនីរោងចក្រ ​ រួមទាំង​ជនបរទេស​មួយ​ចំនួន​ ដែល​បំរើការ​នៅក្នុង​ខាង​រោងចក្រ​ទាំងអស់នេះ​ផង​។ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត បាន​ថ្លែង​ថា ក្នុងចំណោម​មន្ត្រីរាជការ ប្រជាពលរដ្ឋ បងប្អូន​អាជីវករ សិស្សសាលា កម្មករ​កាត់ដេរ ​ដែល​មន្ត្រី​ជំនាញ​សុខាភិបាល​យក​សំណាក​ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ​យើង​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ភាគច្រើន​ជា​កម្មករ​កាត់ដេរ ដោយ​គ្រាន់តែ​នៅ​ថ្ងៃ​អង្គារ៍នេះ​ យើង​បាន​រកឃើញ​កម្មករ​ចំនួន​៤៨​នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។លោកប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ បាន​ថ្លែងបន្តថា ​ការរកឃើញ​ចំនួន​កម្មករ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​កើនឡើង​ បែបនេះ​ គឺ​បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​រកឃើញ​ជនបរទេស​ពីរ​នាក់​ដែល​បំរើការ​នៅ​រោងចក្រ​ដេរ​កាបូប​មួយ​នៅ​ក្នុង​ស្រុក​បាទី ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​ដែលនាំអោយ​មានការ​ឆ្លង​រីក​រាលដាល​ជា​បន្តបន្ទាប់​បើទោះបីជា​អាជ្ញាធ​រ បានធ្វើ​ការផ្អាក​រោងចក្រ​ចំនួន​៤​ជា​បណ្ដោះអាសន្ន​យ៉ាងណា​ក៏​ដោយ​។បើតាម​លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត បច្ចុប្បន្ននេះ ​កម្មករ​មួយ​ចំនួន​ត្រូវ​បាន​ដាក់​អោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅក្នុង​ក្រុង​ដូន​កែវ ​ដើម្បី​យក​សំណាក​ទៅ​ពិ​និត្យ​រក​មេរោគ​កូ​វីដ​បន្តទៀត ​ហើយ​អ្នក​ពាក់ព័ន្ធ​ក៏​​ត្រូវដាក់​អោយធ្វើ​ច​ត្តា​ឡី​ស័ក​ នៅតាម​ផ្ទះ​ និង​នៅតាម​ឃុំ ស្រុក​ដែល​អាជ្ញាធរ​រៀបចំ​ ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​កាន់តែ​ខ្លាំង​ក្លា​ថែមទៀត​។លោក ម៉ឹង វី​រី​យ៉ា ប្រធាន​មន្ទីរ​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តតាកែវ​ បាន​ថ្លែងបន្តថា បើ​ទោះបីជា​កម្មករ​កាន់​តែ​ច្រើន​ឡើង​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​យ៉ាងណា​ក៏​ដោយ ក៏​មន្ទីរជំនាញ​មិនមាន​គោលការណ៍​បិទ​រោងចក្រ​ណាមួយ​បន្តទៀត​នោះទេ​ ហើយ​ការ​ចាក់​ថ្នាំ​ការពារ​ជំងឺ​កូ​វីដ​១៩​ដល់​បងប្អូន​កម្មករ​នៅ​ក្នុង​ខេត្តតាកែវ​ ក៏​មិនទាន់​ដឹង​នៅឡើយ​ដែរ ​ដោយ​ពេលនេះ ​ក្រសួង​ការងារ​កំពុងតែ​ផ្ដោត​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​១៩​ ទៅលើ​កម្មករ​នៅ​រាជធានី​ភ្នំពេញ ​និង​ខេត្តកណ្ដាល ​តែ​ទោះជា​យ៉ាងណា​ខេត្តតាកែវ​ និង​ខេត្តកំពង់ស្ពឺ​ ជា​ខេត្ត​អាទិភាព​បន្ទាប់ពី​ភ្នំពេញ​ និង​ខេត្តកណ្ដាល​៕ដោយ​ ៖​ គុជ វិភាគ

អាល់កុល​ក្លែងក្លាយ ២៧​តោន ត្រូវ​បាន​រក​ឃើញ​និង​រឹបអូស​យក​ទៅ​កម្ទេចចោល​

2021/05/18 02:06:51 pm        321
​ភ្នំពេញ៖ គិត​ត្រឹម​រយៈពេល ០៥​ខែ ឆ្នាំ​២០២១​នេះ ក្រសួងពាណិជ្ជកម្ម​ បាន​រក​ឃើញ​ការដាក់​លក់ និង​ស្តុក​ទុក​សារធាតុ​មេ​តា​ណុល (​អាល់កុល​ក្លែងក្លាយ​) ដែល​ជា​សារធាតុពុល និង​មិនមាន​សមត្ថភាព​អាច​សម្លាប់​មេរោគ​បន្លំ​ជា​អាល់កុល នៅ​ទូទាំងប្រទេស​សរុប​ចំនួន ២៧​តោន​ ២៣០គីឡូក្រាម​។​​ឯកឧត្ដម ផាន អូន អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) នៃ​ក្រសួងពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍ប្រាប់​ទូរទស្សន៍​ព័ត​មាន ប៊ី​ធី​វី នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​ឧសភា​នេះ​ថា រហូតមកដល់​ពេលនេះ បើទោះបីជា​មានការ​ត្រួត​ពិនិត្យ និង​បង្ក្រាប​ជា​ហូរហែ​ពី​សំណាក់​មន្ត្រី​មាន​សមត្ថកិច្ច​យ៉ាង​ណាក្តី តែ​នៅតែមាន​សារធាតុ​មេ​តា​ណុល​ដាក់​លក់​នៅ​តាម​បណ្តា​ទីផ្សារ ព្រោះ​សារធាតុ​មេ​តា​ណុល​មានតម្លៃ​ទាប​ជាង​តម្លៃ​អាល់កុល​ឬ​អេតាណុល ដែល​ធ្វើឱ្យ​ជនខិលខូច​មួយ​ចំនួន​តូច ព្រោះតែ​ផលប្រយោជន៍​ប្រាក់ចំណេញ​នៅតែ​ប្រព្រឹត្ត​អំពើ​មិន​សុចរិត ដោយ​មិន​ខ្លាចរអារ​ច្បាប់​ឡើយ​។ ម្យ៉ាងទៀត ការយល់ដឹង​របស់​ប្រជាពលរដ្ឋ និង​អាជីវករ​មួយ​ចំនួន​នៅ​មិនទាន់មាន​ការយល់ដឹង​ទូលាយ​ពី​មេ​តា​ណុល និង​អាល់កុល​។​​ឯកឧត្តម​ បាន​បន្តថា សម្រាប់​ការងារ​ត្រួតពិនិត្យ​គុណភាព​អាល់កុល​នេះ អគ្គនាយកដ្ឋាន​ក​.​ប​.​ប នឹង​បន្ត​ត្រួតពិនិត្យ​ជាប្រចាំ ទោះបី​ដំណាក់កាល​កូ​វីដ​ត្រូវបាន​បញ្ចប់​ក្តី ពីព្រោះ​គោលដៅ​របស់​ជនខិលខូច​មួយ​ចំនួន មិន​ត្រឹម​ប្រើប្រាស់​សារធាតុ​មេ​តា​ណុល សម្រាប់​ដាក់លក់​បន្លំ​ជា​អាល់កុល​សម្លាប់​មេរោគ​ប៉ុណ្ណោះ​ទេ ក៏​នៅតែមាន​ការបន្លំ​យកទៅ​ប្រើប្រាស់​សម្រាប់​ផលិត​គ្រឿង​ស្រវឹង (​ស្រាស ឬ​ស្រាថ្នាំ​) យក​ទៅលក់​ជូន​ប្រជាពលរដ្ឋ ដែល​បណ្តា​ឱ្យ​ប្រជាពលរដ្ឋ​ពុល​ស្លាប់​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។​​ឯកឧត្ដម​អគ្គនាយក បាន​អំពាវនាវ​ដល់​អាជីវករ​លក់ដុំ លក់រាយ ម្ចាស់​ឱសថស្ថាន ម្ចាស់​ផ្សារ​ទំនើប និង​អ្នក​នាំចូល​ផលិតផល​អាល់កុល​ទាំងអស់ សូមកុំ​យក​សារធាតុ​មេ​តា​ណុល បន្លំ​ជា​អាល់កុល​លក់​ជូន​ប្រជាពលរដ្ឋ ព្រោះ​សកម្មភាព​នេះ មិន​ត្រឹមតែ​មិនអាច​ទប់ស្កាត់​ការ​ចម្លង​មេរោគ ឬ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំ​ដល់​ការ​ប្រឈម​ចំពោះ​ច្បាប់​ដល់​ខ្លួន​ថែម​ទៀត​ផង​។​សូម​បញ្ជាក់ថា កាលពី​ឆ្នាំ​២០២០​កន្លងទៅ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់ និង​កាត់​ផ្តាច់​ចរន្ត​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​អាល់កុល​នៅតាម​បណ្តា​ឃ្លាំង​ស្តុក ឱសថស្ថាន ផ្សារ​រដ្ឋ ផ្សារ​ទំនើប និង​ផ្ទះ​លក់ទំនិញ ដោយបាន​រកឃើញ​ការដាក់​លក់ និង​ស្តុក​ទុក​សារធាតុ​មេ​តា​ណុល ដែលជា​សារធាតុពុល និង​មិន​មាន​សមត្ថភាព​អាច​សម្លាប់​មេរោគ បន្លំ​ជា​អាល់កុល នៅ​ទូទាំងប្រទេស​សរុប​ចំនួន ៩៤​តោន ៦៧០​គីឡូក្រាម​៕ ​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM