Al-Nassr ចាញ់ Al Qadsiah ជាបរាជ័យពីរប្រកួតជាប់គ្នានៅក្របខណ្ឌ Saudi Pro League
លោក គីម កុក មោទនភាពចំពោះកំណើនពលរដ្ឋខ្មែររត់ ១០០គីឡូម៉ែត្រ ក្នុង​ព្រឹត្តិការណ៍ Angkor Ultra trail
ម្ចាស់មេដាយ ៣រូប និងអត្ដពលិកថ្មី ២រូប ត្រៀមប្រកួតជើងឯក AMMA Championship នៅចិន ចុងសប្ដាហ៍នេះ
ណាហ្គា ជួបអង្គរថាយហ្គឺរ ខណៈព្រះខ័នរាជ ភ្នំពេញក្រោន បឹងកេត និងវិសាខា ត្រូវជួបដៃគូផ្សេងគ្នា ក្នុងលីគចុងសប្ដាហ៍នេះ

ព័ត៌មានកីឡា

Al-Nassr ចាញ់ Al Qadsiah ជាបរាជ័យពីរប្រកួតជាប់គ្នានៅក្របខណ្ឌ Saudi Pro League

2026/01/09 01:37:18 pm        94
ក្រុមលេខពីរ Al-Nassr បានរងបរាជ័យពីរប្រកួតជាប់គ្នា ក្រោយចាញ់ Al-Qadsiah ក្នុងទឹកដីខ្លួនឯង ២-១ នៅក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League។កីឡាករព័រទុយហ្កាល់ទាំងពីរ Cristiano Ronaldo និង Joao Felix សុទ្ធតែមានឱកាសដូចគ្នានៅវគ្គទីមួយ តែមិនអាចរកគ្រាប់បាល់បាន​ ខណៈវគ្គទីមួយបញ្ចប់ទៅដោយ ០-០។ ការប្រែប្រួលកើតឡើងនៅវគ្គទីពីរនៅនាទីទី ៥១ នៅពេលអ្នកចាំទី Al-Nassr, Nawaf Al-Aqidi ធ្វើឱ្យមានកំហុស និងឆក់ឱកាសដោយ Julian Quinones មុនពេលដែល Nahitan Nandez បន្ថែមគ្រាប់នាំមុខ ២-០ ឱ្យ Al-Qadsiah នៅនាទីទី ៦៦។ ឈានដល់នាទីទី ៨១ Cristiano Ronaldo ស៊ុតបាល់ពិន័យ ១១ ម៉ែត្របានមួយគ្រាប់តាមពីក្រោយ តែមិនមានអ្វីលើសពីនេះឡើយ ខណៈការប្រកួតបញ្ចប់ដោយ Al-Qadsiah យកឈ្នះនៅផ្ទះ Al-Nassr ២-១។ នេះជាបរាជ័យពីរប្រកួតជាប់គ្នាសម្រាប់ Al-Nassr រដូវកាលនេះ គិតត្រឹមសប្តាហ៍ទី ១៣ ខណៈពួកគេកំពុងឈរលេខពីរតាមពីក្រោយក្រុមកំពូលតារាង Al-Hilal ៤ ពិន្ទុ។ Al-Hilal បានយកឈ្នះ Al-Hazm ៣-០ បន្តឈរលេខមួយ ខណៈលេខបី Al-Taawoun មាន ២៨ ពិន្ទុ ឯលេខបួនគឺ Al-Qadsiah ដែលស្ថិតក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ Liverpool លោក Brendan Rodgers៕អត្ថបទ៖នាង សុភាវុធ

លោក គីម កុក មោទនភាពចំពោះកំណើនពលរដ្ឋខ្មែររត់ ១០០គីឡូម៉ែត្រ ក្នុង​ព្រឹត្តិការណ៍ Angkor Ultra trail

2026/01/09 12:49:49 pm        153
លោក គីម សារឿន ហៅ គីម កុក អ្នកជំនាញរត់ចម្ងាយឆ្ងាយ និងជាគំរូសម្រាប់យុវជនកម្ពុជា បាន​បង្ហាញ​ក្ដីរំភើប ដោយសេចក្ដីមោនទន ចំពោះកំណើនពលរដ្ឋខ្មែរ ចូលរួមទិវារត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅតំបន់អង្គរ (Angkor Ultra Trail) លើកទី៩ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខាង​មុខ ពិសេសវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ ដែលមានពលរដ្ឋខ្មែរចុះឈ្មោះរហូតដល់ ៦៨នាក់។ក្រោយចូលរួមសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងនេះ កាលពីថ្មីៗ បុរសវ័យ ៥៧ឆ្នាំរូបនេះ បានសម្ដែងក្ដីរីករាយ ដែលព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំតាមការគ្រោងទុក ទោះបីស្ថិតក្នុងកាលៈទេសៈលំបាក នៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ប៉ុន្ដែនេះគឺជាឱកាសដើម្បីផ្សព្វផ្សាយពីសក្ដានុពល និងទេសចរណ៍ក្នុងប្រទេសកម្ពុជា ពិសេសតំបន់អង្គរ ខេត្តសៀមរាបតែម្ដង។បន្ថែមលើនេះ លោកក៏មានមោទនភាព ដែលមានពលរដ្ឋខ្មែរលើសពី ៥០០នាក់ បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ Angkor Ultra trail ឆ្នាំនេះ តាមវិញ្ញាសានីមួយៗ ក្នុងនោះកំណើនអ្នករត់ចម្ងាយ ១០០គីឡូម៉ែត្រ បានកើនដល់ ៦៨នាក់ ដែលជាតួរលេខធ្វើឲ្យលោកភ្ញាក់ផ្អើល និងរំភើបរីករាយ ដ្បិតជាបំណងប្រាថ្នារបស់លោកចង់ឃើញពលរដ្ឋខ្មែរច្រើនចូលរួមរត់ចម្ងាយឆ្ងាយ ហើយលោកសង្ឃឹមថា នៅឆ្នាំក្រោយៗ នឹងមានការកើនបន្ថែមទៀត ដើម្បីសម្រេចគោលដៅមានអ្នកចួលរួមយ៉ាងហោច ៥ពាន់នាក់ ដើម្បីអបអរសាទរខួបលើកទី១០ នៃព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយលើទឹកដីអច្ឆរិយអង្គរនេះ។គួរដឹងថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ ឬ Angkor Ultra Trail លើកទី៩ ដែលគ្រោងរៀបចំនាថ្ងៃទី២៤ ខែមករាខាងមុខ បច្ចុប្បន្នមានអ្នកចុះឈ្មោះជាង ១,២០០នាក់ មកពីជាង ៤០ប្រទេស ហើយភាគច្រើនជាអត្តពលិកអន្ដរជាតិ មកពីក្រៅប្រទេស ពិសេសមានជនជាតិបារាំងច្រើនជាងគេរហូតដល់ជាង ៤០០នាក់ បន្ទាប់ពីម្ចាស់ផ្ទះកម្ពុជា ដែលមានអ្នកចុះឈ្មោះជាង ៥០០នាក់ ។ យ៉ាងណាការចុះឈ្មោះនៅតែបន្ដ ហើយគណៈកម្មការរៀបចំរំពឹងថា ការចូលរួមអាចកើនឡើងចន្លោះពី ១,៥០០នាក់ ទៅ ១,៧០០នាក់ ប្រហាក់ប្រែលនឹងឆ្នាំមុនដែរ។សម្រាប់លោក គីម កុក តាំងពីព្រឹត្តិការណ៍កកើត លោកមិនដែលខកខានការចូលរួមម្ដងឡើយ ពិសេសលើកដំបូង នៃព្រឹត្តិការណ៍ ដែលមានវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ លោកក៏បានចូលរួមរត់វិញ្ញាសាឆ្ងាយជាងគេនេះផងដែរ។ រីឯឆ្នាំ២០២៥ កន្លងទៅ លោកបានទទួលជយលាភីលេខ១ ក្នុងចំណោមអត្តពលិកកម្ពុជា លើវិញ្ញាសារត់ចម្ងាយ១០០គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍ Angkor Ultra Trail ក្រោយចាប់ផ្តើមចេញដំណើរពីទីលានជល់ដំរី ឆ្លងកាត់គ្រប់ស្ថានភាពផ្លូវ តាមព្រៃព្រឹក្សា ប្រាង្គប្រាសាទ ភ្នំបូក វាលស្រែ និងផ្ទះពលរដ្ឋ ហើយបន្តវិលទៅកាន់ទីតាំងដើមវិញ ដោយប្រើថិរវេលា ១៣ម៉ោង ១២នាទី និង ៥៧វិនាទី៕ អត្ថបទ លី ឈុនឡា

ម្ចាស់មេដាយ ៣រូប និងអត្ដពលិកថ្មី ២រូប ត្រៀមប្រកួតជើងឯក AMMA Championship នៅចិន ចុងសប្ដាហ៍នេះ

2026/01/09 11:56:18 am        81
ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីយុទ្ធគុនចម្រុះកម្ពុជាសរុប ៨រូប បាន​នឹង​កំពុង​ស្ថិត​នៅ​ទី​ក្រុង​ Luzhou ប្រទេសចិន ដើម្បីចូលរួមការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី៣ (Asian Mixed Martial Arts ឬ AMMA Championship) ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅ ចាប់​ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមករាចុងសប្ដាហ៍នេះ។ក្នុងចំណោមប្រតិភូកីឡាយុទ្ធគុនចម្រុះកម្ពុជាទាំង ៨រូប ដែលដឹកនាំដោយលោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជានេះ គឺមានកីឡាករ-កីឡាការិនី ៥រូប ក្នុងនោះមាន ៣រូប ធ្លាប់ឈ្នះមេដាយ កាលពីឆ្នាំ២០២៤ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ AMMA Championship លើកទី២ គឺមានម្ចាស់មេដាយមាសកីឡាការិនី ខៀវ ចិន្តារ័ត្ន, ម្ចាស់មេដាយប្រាក់កីឡាការិនី គន្ធ វណ្ណនីតា និងម្ចាស់មេដាយសំរឹទ្ធ ផេង សុបញ្ញា ។ចំណែក ២រូបទៀត គឺជាអត្តពលិកចំណូលថ្មី ដែលទើបចូលរួមការប្រកួតលើកដំបូង ក្នុងការប្រកួត AMMA Championship 2026 នៅប្រទេសចិន នាចុងសប្ដាហ៍នេះ រួមមានកីឡាការិនី ចេង ដាលីន និងកីឡាការិនី ម៉ាប់ សុខហួយ ។ យ៉ាងណាមិញ កីឡាករ-កីឡាការិនីទាំងអស់ សុទ្ធតែបានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំ ជាមួយការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កម្រិតទ្វីបនេះ ដើម្បីស្វែងរកមេដាយ និងកិត្តិយសជូនជាតិមាតុភូមិ។លោក ជឹម ធារ៉ា បានឲ្យដឹងថា បេសកកម្មលើកនេះ ក្រៅពីការប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី៣ ក៏ជាការប្រកួតជម្រុះ ដើម្បីដណ្ដើមសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន និងឆ្នាំ២០២៦ ដែលជាឆ្នាំដំបូង សម្រាប់កីឡាយុទ្ធគុនចម្រុះត្រូវបានបញ្ចូលក្នុងព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ រួមទាំងការដណ្ដើមសិទ្ធចូលរួមប្រកួតកីឡាក្នុងសាល និងយុទ្ធគុនអាស៊ី លើកទី៧ នៅអារ៉ាប៊ីសាអូឌីត។គួរដឹងថា ការប្រកួតជើងឯកយុទ្ធគុនចម្រុះអាស៊ី ឆ្នាំ២០២៦ នេះ មានអត្តពលិកចូលរួមសរុប ១៩ប្រទេស ហើយក្រៅពីការបញ្ជូនកីឡាករ-កីឡាការិនីចូលរួមការប្រកួត កម្ពុជាក៏ត្រូវបានសមាគមកីឡាយុទ្ធគុនចម្រុះអាស៊ី អញ្ជើញមន្ដ្រីបច្ចេកទេស ២រូបចូលរួមបំពេញការងារក្នុងការប្រកួតដ៏សំខាន់នេះផងដែរ រួមមានលោក ជឹម ធារ៉ា ជាអនុប្រធានអាជ្ញាកណ្តាល និងកកញ្ញា ខៃ ប៊ុណ្ណារី ជាមន្ត្រីបច្ចេកទេសអន្តរជាតិ៕ អត្ថបទ លី ឈុនឡា

ណាហ្គា ជួបអង្គរថាយហ្គឺរ ខណៈព្រះខ័នរាជ ភ្នំពេញក្រោន បឹងកេត និងវិសាខា ត្រូវជួបដៃគូផ្សេងគ្នា ក្នុងលីគចុងសប្ដាហ៍នេះ

2026/01/09 11:46:23 am        169
ការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នឹងបន្ដការប្រកួតសន្សំពិន្ទុ ជុំទី២ សប្ដាហ៍ទី១៦ នា​ចុង​សប្ដាហ៍នេះ ដោយមាន ៥ប្រកួតពេញ ក្នុងនោះក្រុមណាហ្គាវើលដ៏ នឹង​ត្រូវ​បើក​ទ្វារ​ផ្ទះ​ទទួល​ក្រុម​អង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ គ្រាដែលក្រុមព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន បឹង​កេត និងវិសាខា ត្រូវជួបគូប្រជែងផ្សេងគ្នា។សម្រាប់​ការប្រកួតនៅថ្ងៃទី១០ ខែមករាស្អែកនេះ មាន ២គូ ក្នុងនោះ​ក្រុម​ការងារ​ពារ​តំណែង​ជើង​ឯក​ព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ បន្ទាប់ពីយកឈ្នះ ៦-១ ក្នុងដី កាលពីជើងទី១ ស្របពេលក្រុមកំពូលតារាងភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវ អឹមអូអាយ កំពង់ដេរ៉ា ក្រោយយកឈ្នះទាំងប្រផិតប្រផើយ ១-០ កាលពីជើងទី១។រីឯនៅថ្ងៃអាទិត្យ ទី១១ ខែមករាវិញ មាន ៣គូ ពិសេសជំនួបរវាងក្រុមលេខ៤ អង្គរថាយហ្គឺរ ទល់នឹងក្រុមឈរលេខ៥ ណាហ្គាវើលដ៏ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។ ជំនួបរវាងក្រុមទាំងពីរ ត្រូវបានចាត់ទុកជាគូឯកប្រចាំសប្ដាហ៍ពីសំណាក់អ្នកគាំទ្រ ។ កាលពីជើងទី១ ណាហ្គាវើលដ៏ បានយកឈ្នះក្រុមខ្លាទឹកក្រូច ដែលមានមូលដ្ឋាននៅខេត្តសៀមរាបនេះ ដោយលទ្ធផល ១-០។ចំណែក ២គូទៀត ក៏សុទ្ធតែជាជំនួបជក់ចិត្តផងដែរ ក្នុងនោះក្រុមបឹងកេត ត្រូវស្វាគមន៍ក្រុមភ្ញៀវ ISI ដង្កោសែនជ័យ វិញម្ដង នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ក្រោយយកឈ្នះ ១-០ នៅតំបន់វេងស្រេង កាលពីជើងទី១ និងក្រុមវិសាខា ត្រូវបើកទ្វារផ្ទះទទួលក្រុមគិរីវង់សុខសែនជ័យ បន្ទាប់ពីក្រុមទាំងពីរ បានប្រកួតស្មើគ្នា ០-០ នៅកីឡដ្ឋានគិរីវង់ នាទឹកដីខេត្តតាកែវ កាលពីជើងទី១។គួរដឹងថា គិតត្រឹមសប្ដាហ៍ទី១៥ កន្លងទៅ ភ្នំពេញក្រោន កំពុងឈរកំពូលតារាង ដោយរកបាន ៣៣ពិន្ទុ ស្មើគ្នាជាមួយព្រះខ័នរាជស្វាយរៀង ដែលឈរលេខរៀងទី២ តែភ្នំពេញក្រោន សល់ ១ប្រកួតក្នុងដៃ តែក្រុមទាំងពីរ បានវ៉ាដាច់ពិន្ទុច្រើនពីគូប្រជែងផ្សេងទៀត ក្នុងនោះបឹងកេត ឈរលេខ៣ ទើបរកបាន ២៥ពិន្ទុ, អង្គរថាយហ្គឺរ ឈរលេខ៤ រកបាន ២៤ពិន្ទុ, ណាហ្គាវើលដ៏ ឈរលេខ៥ រកបាន ២២ពិន្ទុ និងវិសាខា ឈរលេខ៦ រកបាន ១៨ពិន្ទុ ប្រទាញប្រទង់ជាមួយក្រុម អឹមអូអាយ កំពង់ដេវ៉ា ដែលតាមពីក្រោយរកបាន ១៧ពិន្ទុ៕ អត្ថបទ លី ឈុនឡា

អង្គរថាយហ្គឺរបន្ថែមកម្លាំងថ្មី ២រូប ខណៈព្រះខ័នរាជស្វាយរៀង បន្ដបញ្ចេញកីឡាករទី៦

2026/01/08 02:48:55 pm        96
ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បាននឹងបន្ថែមកម្លាំង ២រូបទៀត ដើម្បីពង្រឹងក្រុមឡើងវិញ ក្នុង​ការ​ប្រកួត​ជុំ​ទី២ នៃលីគកំពូលកម្ពុជា ស្របពេលក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង បាន​ប្រកាស​ការ​ចាកចេញរបស់កីឡាករទី៦ គឺកីឡាករ គួច ដានី ដែលបានផ្ទេរទៅ​កាន់​ក្លិប​គិរីវង់​សុខសែន​ជ័យ។ការប្រកាសនាំចូល និងបញ្ចេញកីឡាកររបស់ក្លិបទាំងពីរ ធ្វើឡើងមុនទីផ្សា​រ​ដោះ​ដូរ​កីឡាករ​លើក​ទី​២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ត្រូវបិទនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ខាងមុខ ខណៈ​រយៈពេល ៣សប្ដាហ៍កន្លងមក គេឃើញក្លិបមួយចំនួន បានរុះរើសកីឡាករថ្មីជាច្រើន ពិសេ​ស​ក្លិប​ព្រះខ័នរាជស្វាយរៀងតែម្ដង។សម្រាប់​សមាជិកថ្មីរបស់ក្លិបអង្គរថាយហ្គឺរ ដែលប្រកាសនៅព្រឹកថ្ងៃទី៨ ខែមករានេះ គឺខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​អាហ្សង់ទីន Facundo Aranda ។ មុនផ្លាស់មក​ប្រកប​អាជីព​លើក​ដំបូង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ កីឡាករវ័យ ២៥រូបនេះ ធ្លាប់បានប្រកបអាជីពលីគ ៤ប្រកួតមកហើយ រួ​ម​មាន​ក្លិប San Telmo II និងក្លិប Penarol នៃលីគអាហ្សង់ទីន, ក្លិប FK Jezero ​នៃ​លីគ​ម៉ុង​តេណេ​ហ្គ្រោ,​ ក្លិប Persis នៃលីគឥណ្ឌូនេស៊ី និងក្លិបឆាយនីសតៃប៉ិ Tainan City។ក្រៅពីកីឡាករអាហ្សង់ទីនរូបនេះ អង្គរថាយហ្គឺរ ក៏ត្រៀមបង្ហាញកីឡាករថ្មីម្នាក់ទៀត ដែលក្លិប​បាន​បង្ហើប គឺកីឡាករសញ្ជាតិជប៉ុន តែមិនទាន់បញ្ជាក់ពីឈ្មោះ និងអត្តសញ្ញាណផ្លូវការនោះទេ ។ ការ​នាំចូលកីឡាករបរទេសនេះ ស្របពេលអង្គរថាយហ្គឺរ ធ្វើមិន​សូវ​បា​ន​ល្អ​ក្នុង​មួយ​រយៈ​ពេល​ធំ​ចុង​ក្រោយ ។ ដូច្នេះការបន្ថែមកម្លាំងថ្មីនេះ គេសង្ឃឹមថា ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះ នឹងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំង សម្រាប់ការប្រកួតសេសសល់។ក្រឡេកទៅ​ចាប់​អារម្មណ៍ក្លិបព្រះខ័នរាជស្វាយរៀងវិញ ឈានចូលការបើកទីផ្សារ​ដោះ​ដូរកីឡាករ​លើក​ទី​២ ក្លិបបាននាំចូលកីឡាករថ្មីមួយចំនួន ពិសេសកីឡាករបរទេស ។ ជាមួយគ្នា ក្រោមការដឹ​កនាំ​របស់លោក MATTHEW McCONKEY ​ក្លិបក៏បានរុះរើ​កីឡាករ​ចេញ​ច្រើ​ន​គួរ​ឲ្យ​កត់​សម្គាល់ផ​ង​ដែរ ជាក់ស្ដែងកាលពីថ្ងៃពុធម្សិលមិញ ក្លិបទើបបានប្រកាសចែកផ្លូវជាមួយខ្សែបម្រើខ្មែរ-បារាំង គួច ដានី ដែលជាកីឡាករទី៦ បានចាកចេញ បន្ទាប់ពី ធារី ចន្ថាប៊ីន និង កាន់ ពិសាល ខ្ចីជើង​ទៅ​ឡាយ​ហ្វខេត្តព្រះសីហនុ, លូកាស អាតធ័រ ខ្ចីជើងទៅ អឹមអូអាយ កំពង់ដេវ៉ា, សេត រ៉ស៊ីប ខ្ចីជើង​ទៅ​បឹងកេត និងកីឡាករឡាវ Bounkong Bounphachan ផងដែរ។គួរដឹង​ថា ក្រោយចាកចេញពីព្រះខ័នរាជស្វាយរៀង គួច ដានី ត្រូវបានប្រកាស​ស្វាគមន៍​ភ្លាម​ៗ​ទៅ​ក្លិប​គិរីវង់​សុខសែនជ័យ ក្នុងនាមក្លិបទី៧ នៃលីគកំពូលកម្ពុជា ដែលខ្សែបម្រើកូនកាត់ខ្មែរ-បារាំង​រូប​នេះ បានប្រកបអាជីពជាមួយ៕ អត្ថបទ លី ឈុនឡា

ការប្រកួតជើងឯកថ្នាក់ជាតិកីឡាយូដូឆ្នាំនេះ នឹងផ្តោតសំខាន់លើថ្នាលយុវជន

2026/01/08 02:37:40 pm        70
ខេមរសហព័ន្ធកីឡាយូដូប្រកាសរៀបចំការប្រកួតកីឡាយូដូជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៥ ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៦ នៅសាលពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈ​មន្ត្រីជំនាញអះអាងថា ការប្រកួតក​ម្រិត​ខ្ពស់​បំផុត​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ផ្តោត​សំខាន់​លើ​ថ្នាល​យុវជន​ច្រើន​ជាង។លោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និងគ្រូបង្វឹកសហព័ន្ធបានគូសបញ្ជាក់ថា ការប្រកួត​ជ្រើស​រើស​ជើងឯកឆ្នាំនេះ សហព័ន្ធផ្តោតទៅលើយុវជនច្រើនជាង ក្នុងនោះវិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​បុរស និងនារីមានអាយុក្រោម ១១ឆ្នាំដល់ ១៤ឆ្នាំ។ សម្រាប់វិញ្ញាសាប្រយុទ្ធឯកត្តជនបុរសរួមមាន ប្រភេទទម្ងន់ក្រោម ៣៤គីឡូក្រាម ក្រោម ៣៨​គីឡូ​ក្រាម ៤៦ គីឡូក្រាម និង ៤៦គីឡូក្រាមឡើងទៅ។ ចំណែក​វិញ្ញា​សា​ប្រយុទ្ធ​ឯកត្តជ​ន​នា​រី​វិញ​រួម​មាន ប្រភេទទម្ងន់ក្រោម ៣២គីឡូក្រាម ក្រោម ៣៦ គីឡូក្រាម និង ៣៦គីឡូក្រាមឡើងទៅ។ រី​ឯ​វិញ្ញាសា​ប្រយុទ្ធឯកត្តជនបុរស និងនារីមានអាយុ ១៥ឆ្នាំឡើងទៅ រួមមាន វិញ្ញាសា​ប្រយុទ្ធ​ឯកត្ត​ជន​បុរស គឺប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម ប្រភេទ​ទម្ងន់​ក្រោម ​៦០ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦៦ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៧៣ គីឡូក្រាម និង​ប្រភេទទម្ងន់ក្រោម ៩០ គីឡូក្រាម។ដោយ​ឡែកវិញ្ញាសាប្រយុទ្ធឯកត្តជននារី គឺប្រភេទទម្ងន់ក្រោម ៤៥គីឡូក្រាម ក្រោម ៤៨ គីឡូ​ក្រាម ក្រោម ៥២ គីឡូក្រាម ក្រោម ៥៧ គីឡូក្រាម និងទម្ងន់ ៥៧ គីឡូក្រាមឡើងទៅ។គួរ​បញ្ជាក់ថា ការប្រកួតនេះរៀបចំដោយខេមរសហព័ន្ធកីឡាយូដូ ដោយ​ប្រើ​ប្រាស់​កញ្ចប់​ថវិកា​គាំ​ទ្រ​ប្រចាំ​ឆ្នាំ​របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពន្លឿនផែនការ​អភិវឌ្ឍ​ជំនាញ​កី​ឡា​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​បន្ថែមទៀត៕

ជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ឆ្នាំ២០២៥ នឹងរៀបចំ ២ទីតាំងផ្សេងៗគ្នា អមមូលនិធិមនុស្សធម៌

2026/01/06 03:31:42 pm        154
សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានប្រកាសនឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នាដើមខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ ដោយគ្រោងនឹងរៀបចំនៅទីតាំងថ្មីចំនួន ២ ផ្សេង​គ្នា អមជាមួយការបង្កើតមូលនិធិមនុស្សធម៌ ដើម្បីកៀរគរជំនួយជួយដល់ជនភៀសសឹក និង​វីរកង​ទ័ព​នៅព្រំដែនផងដែរ។យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ កាលពីថ្មីៗ ព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រោម​គម្រោង​ថវិកា​របស់​ក្រសួងអប់រំ យុវជន និងកីឡានេះ សហព័ន្ធ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹង​រៀប​ចំ​ការប្រកួត នាថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។ ចំពោះទីតាំងរៀបចំការប្រកួតប្លែកពីឆ្នាំមុនៗ ដោយលើកនេះ សហព័ន្ធនឹងរៀបចំការប្រកួតកង់ភ្នំ នៅ​ជើងភ្នំបាសិត គ្រាដែលកង់គួក នឹងត្រូវប្រកួតនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។ចំពោះ​វិញ្ញាសា ដែលសហព័ន្ធបានកំណត់ដាក់ឲ្យកីឡាករ-កីឡាការិនី មកពី​បណ្ដា​សមាគម​/ក្លិប​ទូទាំង​ប្រទេសចុះឈ្មោះចូលរួមឆ្នាំនេះ សម្រាប់ប្រភេទកង់ភ្នំ គឺមាន ៤វិញ្ញាសា រួមមានវិញ្ញាសា​កង់​ភ្នំ​បុរស​ថ្នាល, កង់ភ្នំបុរសឈុតធំ, កង់ភ្នំនារី និងកង់ភ្នំបុរស។ រីឯប្រភេទកង់គួកវិញ មាន ៣​វិញ្ញាសា​ប៉ុណ្ណោះ រួមមានវិញ្ញាសាកង់គួកបុរសថ្នាល, កងគួកបុរសឈុតធំ និងវិញ្ញាសាកង់គួកបុរស មិន​មាន​វិញ្ញាសាសម្រាប់កង់គួកនារីឡើយ។ភ្ជាប់ជាមួយការប្រកួតជើងឯកប្រចាំឆ្នាំនេះដែរ ថ្នាក់ដឹកនាំសហព័ន្ធកីឡាទោចក្រយានកម្ពុជា ក៏​បាន​ផ្ដួចផ្ដើមបង្កើតឲ្យមានមូលនិធិមួយ សម្រាប់គាំទ្រជួយដល់ជនភៀសសឹក និងវីរកង​ទ័ព​នៅ​ព្រំដែន ​តាមរយៈ QR Code របស់សហព័ន្ធ ដែលបានភ្ជាប់លើការផ្សព្វផ្សាយ ដោយ​គ្រួសារ​កីឡា​ជាតិ​ រួមទាំងសប្បុរសជនគ្រប់ស្រទាប់វណ្ណៈ សុទ្ធតែអាចចូលរួមដោយការស្ម័គ្រចិត្ដតាមលទ្ធភាព ដើម្បី​ស្ដែងឲ្យឃើញពីវប្បធម៌ចែករំលែក និងមនោសញ្ចេត​នាអាណិត​ស្រលាញ់​ក្នុង​គ្រា​ដ៏​លំបាក​នេះ។ជាមួយគ្នា សម្រាប់ថវិកាទទួលបានពីការចុះឈ្មោះចូលរួមការប្រកួត ក្នុងម្នាក់ ២ម៉ឺនរៀល ក៏​នឹង​ត្រូវ​បញ្ចូលក្នុងមូលនិធិមនុស្សធម៌របស់សហព័ន្ធផងដែរ។ក្រោយពី​សហព័ន្ធបានប្រកាសរៀបចំជើងឯកថ្នាក់ជាតិ រួមជាមួយមូលនិធិជួយជនភៀសសឹក និង​វីរកងទ័ពនៅព្រំដែននេះដែរ គេឃើញមានមន្ដ្រីកីឡា កីឡាករ-កីឡាការិនី និង​សប្បុរស​ជន​ជា​ច្រើន​ បានចូលរួមបរិច្ចាគយ៉ាងផុសផុលផងដែរ។គួរដឹងថា ការចុះឈ្មោះចូលរួមការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ​២០២៥ ត្រូវបានបិទបញ្ចប់ការទទួលពាក្យហើយ ហើយសហព័ន្ធនឹងរៀបចំកិច្ចប្រជុំបច្ចេកទេស និង​ចែក​សម្ភារៈសម្គាល់ខ្លួនកីឡាករ-កីឡាការិនី នាថ្ងៃទី៦ ខែកុម្ភៈ មុនចាប់​ផ្ដើម​ការ​ប្រកួត​វិញ្ញាសា​កង់​ភ្នំ នាថ្ងៃទី៧ ខែកុម្ភៈ នៅជើងភ្នំបាសិត និងចុងក្រោយ គឺការប្រកួតវិញ្ញាសាកង់គួត នាថ្ងៃទី៨ ខែ​កុម្ភៈ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ អត្ថបទ លី ឈុនឡា

ចំបាប់ដាក់គោលដៅស្វែងរកមេដាយអូឡាំពិក បន្ទាប់ពីធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១

2026/01/06 03:09:32 pm        218
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បាន​បង្ហើប​គោល​ដៅ​ឆ្ពោះ​ទៅ​រក​មេដាយ​កម្រិតអូឡាំពិក នាឆ្នាំ២០៣៦ និងឆ្នាំ២០៤០ បន្ទាប់ពីការសម្រួចធនធានកីឡាករ-កីឡាការិនី​វ័យក្មេង សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១។ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោយ​ដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅ​សាលា​ដំបូល​ទូក នៃពហុកីឡដ្ឋានជាតិ(អូឡាំពិក)។លោក ខេស៊ី បាណេត បានវាយតម្លៃខ្ពស់ ចំពោះដំណើរការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ដែល​មាន​កំណើន​ក្លិប និងកីឡាករ-កីឡាការិនីចូលរួមច្រើនជាងមុន ពិសេសថ្នាលយុវជនវ័យក្មេង ដែល​ស្រប​តាម​គោលដៅរបស់សហព័ន្ធ កំពុងផ្ដោតយកចិត្តទុកដាក់ សម្រាប់​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​យុវជន​អាស៊ី នាឆ្នាំ២០៣១ និងទិសដៅរយៈពេលវែង គឺដំណើរឆ្ពោះទៅរកមេដាយអូឡាំពិក នា​ឆ្នាំ​២០៣៦ និងឆ្នាំ២០៤០។បន្ថែមលើគោលដៅនេះ ក៏ជាបន្ដផ្សព្វផ្សាយ អភិវឌ្ឍន៍ និងថែរក្សានូវកីឡាចំបាប់ ដែល​ជា​ប្រភេទ​កីឡា​ប្រពៃណី​ជាតិខ្មែរនេះផងដែរ។សូមបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលទើប​រៀបចំ​នា​ដើម​ឆ្នាំ​ថ្មី​នេះ មានកីឡាករ-កីឡាការិនីចូលរួមសរុប ១១១នាក់ មកពី ១៤ សមាគម/ក្លិប ។ ឆ្លង​កាត់​ការ​ប្រកួតលើ ១២វិញ្ញាសា ជាលទ្ធផលគឺក្រសួងមហាផ្ទៃ ដណ្ដើមបាន​មេដាយ​ច្រើន​ជាង​គេ​សរុប ១៩គ្រឿង (មាស ៦ ប្រាក់ ៤ និងសំរឹទ្ធ ៩)។ កងយោធពលខេមរភូមិន្ទ ឈរលេខ២ ឈ្នះ​មេ​ដាយសរុប ៩គ្រឿង (មាស១ ប្រាក់៥ និងសំរឹទ្ធ៣), ខេត្តត្បូងឃ្មុំ ឈរលេខ៣ ឈ្នះ​មេដាយ​សរុប​ ៤គ្រឿង(មាស ១ ប្រាក់ ១ និងសំរឹទ្ធ ២), ក្លិបឃ្លាំងមឿងខេត្តពោធិ៍សាត់ ឈរលេខ៤ ឈ្នះ​មេ​ដាយមាស ១ និងប្រាក់ ១, ក្លិបគិរីបារមីដំរីមានរិទ្ធ ឈរលេខ៥ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ គ្រាដែលក្លិបចំបាប់ខេត្តតាកែវ និងក្លិបចំបាប់បារមីមេទ័ពម៉ឺនឯក ឈ្នះមេដាយមាស ១​គ្រឿង​ដូចគ្នា​៕ អត្ថបទ លី ឈុនឡា

កីឡាករ កីឡាការិនីខ្មែរ-បរទេសជាង ៤០០នាក់នឹងចូលរួមប្រកួតអាគ័រត្លុងភ្នំពេញអន្តរជាតិ និង​អាគ័ត្លុង​ជើងឯកប្រចាំសាលា ឆ្នាំ២០២៦

2026/01/06 02:52:22 pm        175
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាគ្រោងរៀបចំការប្រកួតកីឡាភ្នំពេញអន្តរជាតិអាគ័ត្លុង និង​ការ​ប្រកួត​កីឡា​អាគ័ត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នា​ថ្ងៃ​ទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការចុះឈ្មោះ កីឡាករ កីឡាការិនីខ្មែរ-បរទេស គ្រប់​វ័យ​សរុបជាង ៤០០នាក់ហើយ៕លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានគូសបញ្ជាក់ថា នេះ​ជា​ព្រឹត្តិ​ការណ៍ដ៏ធំមួយ ក្នុងចំណោមការប្រកួតមួយចំនួនទៀតរបស់សហព័ន្ធ ដើម្បីបន្ត​បំផុស​ឱ្យ​កីឡាករ​ កីឡាការិនីគ្រប់វ័យទាំងអស់ចាប់ពីវ័យកុមារអាយុ៦ឆ្នាំឡើង ដល់៤២ឆ្នាំឡើ​ង​បាន​ចូល​រួម​លេង​ប្រភេទកីឡាអូឡាំពិកមួយនេះឱ្យកាន់តែផុសផុល ក៏ដូចជាស្វែងរកធនធានកីឡាករ កីឡា​ការិ​នី​ឆ្នើមៗប្រចាំឆ្នាំផងដែរ។លោក ងិន សុខបញ្ញា បានបន្ថែមថា សហព័ន្ធរៀបចំការប្រកួតនេះជារៀងរាល់ឆ្នាំ ដើម្បីជ្រើស​រើស​ថ្នាល​យុវជន​ឆ្នើមៗ បន្តបណ្តុះបណ្តាលបន្ថែម ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​យុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជា។ ជារួមការប្រកួតនេះ ក៏ជាលក្ខណៈបើកចំហរ ដោយ​អនុញ្ញាត​ឱ្យ​កីឡាករ កីឡាការិនីបរទេសរស់នៅកម្ពុជា និងកូនកាត់ខ្មែរ អាចចូលរួម​ប្រកួត​ជា​មួយ​គ្នា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ក៏ដូចជាដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក រួ​ម​ទាំង​គោល​ដៅបង្កើនគុណភាពបច្ចេកទេស។សូមបញ្ជាក់ថា សម្រាប់ការចុះឈ្មោះចូលរួមប្រកួត មានកីឡាករ កីឡាការិនីសរុបជាង ៤០០នាក់ ក្នុង​នោះមា​នបរទេសចូលរួមជាងពាក់កណ្តាល។ ការប្រកួតនេះមាន២កម្មវិធី គឺការប្រកួត​ភ្នំពេញ​អន្តរ​ជាតិ​អាគ័ត្លុង និងការប្រកួតអាគ័ត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ បែងចែក​ជា​វិញ្ញាសា​ផ្សេង​ៗ​ពីគ្នា ក្នុងនោះភ្នំពេញអន្តរជាតិអាគ័ត្លុង សម្រាប់មនុស្សពេញវ័យ ដោយមាន​វិញ្ញាសា​ស្តង់​ដា​លើ​វិញ្ញាសារត់ប្រណាំង និងហែលទឹក ចម្ងាយឆ្ងាយ។ ចំណែកអាគ័ត្លុងជើងឯកប្រចាំសាលា មាន​វិញ្ញាសាហែលទឹក និងរត់ប្រណាំងដែលមានចម្ងាយខ្លីៗតាមកម្រិតអាយុផងដែរ៕

អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បង្ហាញមោទនភាពចំពោះការប្រឹងប្រែងយ៉ា​ងខ្លាំង​របស់​កីឡាករ កីឡាការិនី

2026/01/02 03:38:07 pm        288
ឯកឧត្តម ផាន់ វណ្ណរ័ត្ន អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបង្ហាញមោទនភាព ដែលកីឡាករ កីឡាការិនីមកពីសមាគម-ក្លឹបនានាប្រឹងប្រែងហ្វឹកហាត់ និងចូលរួមប្រកួតកីឡាតេក្វាន់ដូ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ។ហើយអ្វីដែលពិសេសគឺការខិតខំលះបង់កម្លាំកាយចិត្ត ការជំរុញលើកទឹកចិត្តយ៉ាងខ្លាំងក្លាពីឯកឧត្តមប្រធាន កែវ រ៉េមី ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ដែលធ្វើឱ្យប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជាកាន់តែរីកចម្រើន ដោយមិនត្រឹមតែកម្រិតថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែនៅកម្រិតអន្តរជាតិ និងកម្រិតពិភពលោក ក៏កីឡាកម្ពុជាមួយនេះរីកចម្រើនផងដែរ តាមរយៈការឈ្នះមេដាយជាបន្តបន្ទាប់។នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ផាន់ វណ្ណរ័ត្ន អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្នុងឱកាសបិទការប្រកួតថ្នាក់ជាតិ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។ឯកឧត្តមអនុប្រធានបានកត់សម្គាល់ថា ការប្រកួតថ្នាក់ជាតិឆ្នាំនេះមានលក្ខណៈល្អប្រសើរជាងឆ្នាំមុន ដោយសារតែពួកគាត់បានហ្វឹកហាត់បានល្អ ជាពិសេសទើបនឹងចូលរួមប្រកួត ក្នុងនាមជាធ្វើម្ចាស់ផ្ទះ ជើងឯកអាស៊ីអាគ្នេយ៍ ៦ខែមុនកន្លងទៅនេះ។ ជាគោលដៅបន្ទាប់របស់សហព័ន្ធ ចំពោះប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជានឹងត្រៀមចូលរួមប្រកួតអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី និងមុងហ្គោលី នាឆ្នាំ២០២៦ខាងមុខ រួមទាំងគោលដៅឆ្ពោះទៅឆ្នាំ២០២៨ខាងមុខ ប្រហែលអាចធ្វើនៅកម្ពុជាជាដើមនោះ ។អ្វីដែលសំខាន់ក្នុងឆ្នាំនេះ សហព័ន្ធក៏បានរៀបចំវិញ្ញាសាថ្នាលយុវជនជាច្រើន ក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ដើម្បីផលិតធនធានយុវជនឱ្យបានកាន់តែច្រើន ពោលគ្រប់កម្រិតអាយុតែម្តងចាប់ពីកម្រិតវ័យ១២-១៣ឆ្នាំឡើងទៅ។លោក បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតជ្រើសរើសជើង ឯកថ្នាក់ជាតិនេះ មានកីឡាករ-កីឡាការិនី ចូលរួមចំនួន ១៥៨ នាក់ មកពីក្លិបចំនួន១៦។ សម្រាប់កីឡាករ-កីឡាការិនីចូលរួមប្រកួតបានតែ១ វិញ្ញាសារប៉ុណ្ណោះ ក្នុងគោលដៅវាស់ស្ទង់ សមត្ថភាពពិតប្រាកដមួយ ដើម្បីស្វែងរកធនធានកីឡាករវ័យក្មេង សម្រាប់ប្រមូលផ្តុំហ្វឹកហាត់ ជម្រើសជាតិឆ្នាំ២០២៦ ។ជាលិទ្ធផលបចេ្ចកទេស ក្រសួងមហាផ្ទៃទទួលបានមេដាយច្រើនជាងគេ មាស ១៤ គ្រឿង មេដាយប្រាក់ ៨ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ខេត្តបន្ទាយមានជ័យមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា
01/10/2026 07:01 PM
សមត្ថកិច្ចរាជធានី បង្ក្រាបឧក្រិដ្ឋជនជនជាតិចិនមួយក្រុម ពាក់ព័ន្ធការចាប់បង្ខាំងធ្វើទារុណកម្មមនុស្ស និងជំរិតទារប្រាក់
01/10/2026 06:01 PM
ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក៖​ ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ
01/10/2026 06:01 PM
របាយការណ៍៖ ចំនួនអ្នកស្លាប់កើនឡើងដល់ ៦៥នាក់យ៉ាងតិច នៅក្នុងការតវ៉ា នៅអ៊ីរ៉ង់
01/10/2026 05:01 PM
ការជួបជុំប្រឆាំង ICE ជាងមួយពាន់កន្លែង ត្រូវបានគ្រោងធ្វើឡើង នៅទូទាំងសហរដ្ឋអាមេរិក
01/10/2026 05:01 PM
សេចក្ដីរាយការណ៍៖ នាយករដ្ឋមន្ត្រីជប៉ុនកំពុងពិចារណាពីការបោះឆ្នោតមុនអាណត្តិ នៅប៉ុន្មានសប្តាហ៍ខាងមុខ
01/10/2026 05:01 PM
ចិន រុស្ស៊ី និងអ៊ីរ៉ង់ ចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹក «BRICS Plus» នៅក្នុងដែនទឹកអាហ្វ្រិកខាងត្បូង
01/10/2026 04:01 PM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល សង្ឃឹមថា នឹង «កាត់បន្ថយ» ជំនួយយោធាពីអាមេរិក នៅទសវត្សរ៍ក្រោយ
01/10/2026 04:01 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ
01/10/2026 04:01 PM
អាជីវករនៅផ្សារដើមគរចាស់រាប់រយនាក់ មកឈ្វេងយល់ទីតាំងតូបលក់ដូរផ្សារដើមគរថ្មី
01/10/2026 04:01 PM