កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

PSG រងការខាតបង់ធំ! Kvaratskhelia ត្រូវវះកាត់ជង្គង់ ខណៈ Dembélé និង Marquinhos អវត្តមានជាច្រើនសប្ដាហ៍

2026/10/22 11:32:20 am        114
ក្លិបបារាំង Paris Saint-Germain បានទទួលដំណឹងដ៏អាក្រក់ បន្ទាប់ពីយកឈ្នះ Barcelona ក្នុងលទ្ធផល ៤-២ នៅក្របខណ្ឌ UEFA Champions League ដោយខ្សែប្រយុទ្ធស្លាប Khvicha Kvaratskhelia ត្រូវវះកាត់ជង្គង់ ខណៈ Ousmane Dembélé និងប្រធានក្រុម Marquinhos ក៏នឹងអវត្តមានជាច្រើនសប្ដាហ៍ ដោយសាររបួសផងដែរ។ Kvaratskhelia បានរងរបួសជង្គង់ស្តាំក្នុងការប្រកួតទល់នឹង Barcelona កាលពីយប់ថ្ងៃអង្គារ ហើយត្រូវបាននាំចេញពីទីលានមុនពេលការប្រកួតឈានដល់នាទីទី៦០។ ក្រោយការពិនិត្យ PSG បានបញ្ជាក់ថា កីឡាករជម្រើសជាតិហ្សកហ្ស៊ីរូបនេះបានដាច់សរសៃចងមុខក្នុងជង្គង់ស្តាំ (ACL) ហើយនឹងត្រូវវះកាត់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ របួសនេះអាចធ្វើឱ្យរូបគេអវត្តមានរហូតដល់ចប់រដូវកាល។ ការបាត់បង់ Kvaratskhelia គឺជាការខាតបង់ដ៏ធំសម្រាប់ក្រុមការពារតំណែងជើងឯក Champions League ខណៈរដូវកាលមុន គេបានរួមចំណែកស៊ុតបញ្ចូលទី ១០ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ៦ លើក ក្នុងការជួយ PSG លើកពានជើងឯកអឺរ៉ុប។ ទម្រង់លេងដ៏ល្អនេះ ក៏បានធ្វើឱ្យគេជាប់ក្នុងបញ្ជីបេក្ខភាពពាន Ballon d’Or ឆ្នាំ២០២៦ ផងដែរ។មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ពាន Ballon d’Or បច្ចុប្បន្ន Dembélé បានរងរបួសភ្លៅឆ្វេង ហើយត្រូវបានប្ដូរចេញតាំងពីនាទីទី១៩ ក្នុងការប្រកួតជាមួយ Barcelona។ ចំណែក Marquinhos ក៏បានរងរបួសភ្លៅស្តាំដូចគ្នា។ PSG បានបញ្ជាក់ថា កីឡាករទាំងពីរនឹងបន្តទទួលការព្យាបាលក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ ដោយមិនទាន់កំណត់ថ្ងៃត្រឡប់មកលេងវិញជាក់លាក់ឡើយ។ Dembélé ក៏កំពុងបង្ហាញទម្រង់លេងល្អនៅដើមរដូវកាលនេះផងដែរ ដោយរកបាន ៤ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ៦ លើក ក្នុងការប្រកួតគ្រប់កម្មវិធី មុនពេលរងរបួស។បច្ចុប្បន្ន PSG កំពុងឈរនៅលំដាប់ទី២ ក្នុងតារាង Ligue1 ដោយមានពិន្ទុស្មើក្រុមកំពូលតារាង Olympique Lyon ប៉ុន្តែចាញ់គ្រាប់បាល់ចំណេញ។ ក្រុមរបស់លោក Luis Enrique នឹងត្រូវជួប Lyon នៅថ្ងៃអាទិត្យខាងមុខ ក្នុងស្ថានភាពដែលត្រូវប្រឈមនឹងការអវត្តមានរបស់កីឡាករសំខាន់ៗដល់ទៅបីរូប៕ អត្ថបទ៖នាង សុភាវុធ

ក្រុមបាល់ទាត់យុវជនកម្ពុជាចេញទៅអាស៊ៃបៃហ្សង់ចូមរួមប្រកួតជើងឯកពិភពលោក និងទិវាបាល់ទាត់

2026/10/22 11:13:37 am        286
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ បានចាកចេញពីព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសអាស៊ែបៃហ្សង់ ដើម្បីចូលរួមការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំ ពានរង្វាន់ពិភពលោក និងទិវាបាល់ទាត់ឆ្នាំ២០២៦។ក្រោមការដឹកនាំពីគ្រូបង្គោលដែលជាអតីតកីឡាករជម្រើសជាតិកម្ពុជា ហុក សុជីវន្ត ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម១៥ឆ្នាំ បានចាកចេញពីមាតុប្រទេសនៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយមានការជួនដំណើរពីសំណាក់ឪពុកម្ដាយ អាណាព្យាបាល ក៏ដូចជាសាច់ញាតិ។កម្ពុជាស្ថិតនៅពូល C នៃការប្រកួតព្រឹត្តិការណ៍នេះរួមជាមួយ ប្រទេសស៊ីមបាវ៉េ នីការ៉ាហ្កា អង់គ្លេស ម៉ុងតេណេហ្គ្រោ និងអៀរឡង់។ ហើយក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម១៥ឆ្នាំ បើកការប្រកួតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ជាមួយស៊ីមបាវ៉េ ម៉ោង១២និង០០នាទី (ម៉ោងនៅកម្ពុជា)។ ថ្ងៃទី២៥ ខែតុលា ប្រកួតជាមួយនីការ៉ាហ្កា ម៉ោង៥និង៣០នាទីល្ងាច ម៉ោងនៅកម្ពុជា និងប្រកួតជាមួយអង់គ្លេស ម៉ោង ២០ ១១និង៤៥នាទី យប់ម៉ោងនៅកម្ពុជា។ ថ្ងៃទី២៦ ខែតុលា ប្រកួតជាមួយម៉ុងតេណេហ្គ្រោ ម៉ោង៥និង៣០នាទីល្ងាច នៅប្រកួតជាមួយអៀរឡង់ម៉ោង១១និង៤៥នាទីយប់ម៉ោងនៅកម្ពុជា។សូមជម្រាបជូនថាក្រុមបាល់ទាត់យុវជន១៨៩ក្រុមនៅជុំវិញពិភពលោកចូលរួមការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំ ពានរង្វាន់ពិភពលោក ដោយបែងចែកជា៣២ពូល ពីពូល A ដល់ ពូល AF ហើយក្រុមនីមួយៗត្រូវលេងជម្រុះសន្សំពិន្ទុ ក្នុងពូលរៀងៗខ្លួន។ ក្រោយបញ្ចប់ការប្រកួតក្នុងពូលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ក្រុមដែលទទួលបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ រឺលេខ៦ ត្រូវឡើងទៅលេងនៅក្នុងវគ្គទី២បន្តទៀតដោយបែងចែកជា៦កម្រិត (Six Tiers) ពីកម្រិត A ដល់កម្រិត F។ក្នុងការប្រកួតវគ្គទី២នេះ ក្រុមដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ១ក្នុងពូលទាំង៣២ត្រូវឡើងទៅលេងជុំទី២ក្នុងកម្រិត A។ ក្រុមដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ២ក្នុងពូលទាំង៣២ ត្រូវឡើងទៅលេងកម្រិត B។ ពោលជារួមក្រុមដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ ៣ លេខ៤ លេខ៥ និងលេខ៦ ត្រូវឡើងទៅលេងក្នុងកម្រិត C D E និង F តាមលំដាប់លំដោយ។ វគ្គនេះត្រូវលេងនៅថ្ងៃទី២៨ និងទី២៩ ខែតុលា ដោយកម្រិតនីមួយៗ លេងក្នុងរូបមន្តចាញ់ធ្លាក់ រហូតរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រតាមកម្រិតនីមួយដែលត្រូវលេងបញ្ចប់ថ្ងៃទី៣០ ខែតុលា។ការប្រកួតទាំងអស់ត្រូវលេងនៅទីក្រុងបាគួ ក្នុងមជ្ឈមណ្ឌលកីឡា Hovsan ដែលមានផ្ទៃដី១២ហិកតា ហើយការប្រកួតនេះ ម្ខាងមានគ្នា ៨នាក់ លេងមួយវគ្គ២០នាទី និងសម្រាក៥នាទី៕

FIFA ប្រកាសឆ្លើយតបលិខិតរបស់ UEFA ដែលទាមទារឱ្យ Infantino បកស្រាយបញ្ហាសំខាន់ៗ

2026/10/21 03:50:00 pm        228
សារព័ត៌មានអង់គ្លេសបានរាយការណ៍កាលពីថ្ងៃចន្ទថា សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានផ្ញើលិខិតទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដោយទាមទារឱ្យមានចម្លើយត្រឹមថ្ងៃទី២ ខែវិច្ឆិកា ពាក់ព័ន្ធនឹងការដឹកនាំរបស់ប្រធាន FIFA លោក Gianni Infantino រួមទាំងសំណួរអំពីគម្រោង FIFA Forward Enterprise (FFE) និងពានរង្វាន់ FIFA Peace Prize។UEFA បានដឹកនាំការអំពាវនាវឱ្យលោក Infantino ចុះចេញពីតំណែង ចាប់តាំងពីលោកបានស្នើគម្រោង FFE ដែលក្រោយមកត្រូវបានបោះបង់ចោល។ គម្រោងនេះមានគោលបំណងបង្កើតក្រុមហ៊ុនមួយ ដើម្បីគ្រប់គ្រងផលប្រយោជន៍ពាណិជ្ជកម្មនៃការប្រកួតដែលរៀបចំដោយ FIFA រួមទាំងព្រឹត្តិការណ៍ World Cup និងលក់ភាគហ៊ុនមួយផ្នែកទៅឱ្យអ្នកវិនិយោគឯកជន។លោក Infantino ដែលមានវ័យ ៥៦ ឆ្នាំ និងត្រៀមឈរឈ្មោះបោះឆ្នោតជាថ្មីនៅឆ្នាំក្រោយ បានសុំទោសចំពោះក្រុមប្រឹក្សា FIFA កាលពីសប្តាហ៍មុន។ លោកក៏បានស្នើឱ្យអ្នកចូលរួមដាក់សំណួរពាក់ព័ន្ធនឹងការដឹកនាំរបស់លោកជាលាយលក្ខណ៍អក្សរ ដើម្បីឱ្យលោកឆ្លើយនៅក្នុងកិច្ចប្រជុំលើកក្រោយ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ។កាលពីថ្ងៃចន្ទ អគ្គលេខាធិការ UEFA លោក Theodore Theodoridis បានផ្ញើលិខិតទៅកាន់សមភាគីរបស់លោកនៅ FIFA គឺលោក Mattias Grafstrom ដោយទាមទារឱ្យមានការឆ្លើយតបឆាប់រហ័សចំពោះសំណួរចំនួន ៤២ ដែលគ្របដណ្តប់លើប្រធានបទចំនួន ១២។ជាការឆ្លើយតប FIFA បានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា ខ្លួនមានបំណងឆ្លើយតបចំពោះបញ្ហាដែលត្រូវបានលើកឡើង។អ្នកនាំពាក្យ FIFA បានបញ្ជាក់ថា៖ «បទប្បញ្ញត្តិស្តីពីអភិបាលកិច្ចរបស់ FIFA កំណត់ថា កិច្ចប្រជុំក្រុមប្រឹក្សា និងឯកសារពាក់ព័ន្ធត្រូវរក្សាការសម្ងាត់»។អ្នកនាំពាក្យរូបនេះបានបន្តថា FIFA មានបំណងឆ្លើយសំណួរដែលសមាជិកក្រុមប្រឹក្សាបានដាក់ជូន ប៉ុន្តែមិនមានបំណងរំលោភលើគោលការណ៍សម្ងាត់ តាមរយៈការធ្វើអត្ថាធិប្បាយជាសាធារណៈទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអំពីការទំនាក់ទំនងផ្ទៃក្នុង ឬឯកសារផ្ទៃក្នុងនោះទេ។FIFA ក៏បានសង្កត់ធ្ងន់ថា ការគោរពបទប្បញ្ញត្តិទាំងនេះ គឺជាការបង្ហាញការគោរពចំពោះក្រុមប្រឹក្សា និងសមាជិកម្នាក់ៗរបស់ខ្លួន។ FIFA បានបញ្ជាក់ថា ខ្លួននឹងបន្តរក្សាគោលការណ៍នេះ ហើយមិនចូលរួមក្នុងការជជែកតវ៉ាជាមួយភាគីទីបីណាមួយ ដែលអាចប៉ះពាល់ដល់គោលការណ៍ខាងលើឡើយ។ចំណែក UEFA មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។គួរបញ្ជាក់ថា លោក Infantino គ្រោងឈរឈ្មោះបោះឆ្នោតជាថ្មីសម្រាប់តំណែងប្រធាន FIFA នៅខែមីនា ឆ្នាំ២០២៧ ខណៈកាលបរិច្ឆេទផុតកំណត់សម្រាប់បេក្ខជនដែលមានបំណងប្រកួតប្រជែងដាក់បេក្ខភាព គឺថ្ងៃទី១៨ ខែវិច្ឆិកា ខាងមុខនេះ៕ អត្ថបទ៖នាង សុភាវុធ

Erik Ten Hag៖ Ronaldo បានធ្វើឱ្យ Manchester United និងរូបលោកខកចិត្ត

2026/10/21 03:40:07 pm        225
អតីតអ្នកចាត់ការទូទៅក្រុម Manchester United លោក Erik ten Hag បាននិយាយថា ខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើឱ្យក្រុម និងរូបលោកខកចិត្ត ក្នុងអំឡុងពេលដែលលោកដឹកនាំក្លឹបនៅ Old Trafford។ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ Ronaldo បានចូលរួមជាមយ Manchester United ជាលើកទីពីរនៅពេលលោក Ten Hag ចូលកាន់តំណែងនៅរដូវក្តៅឆ្នាំ២០២២ ប៉ុន្តែរូបគេបានចាកចេញពីក្លឹបប៉ុន្មានខែក្រោយមក ក្រោមស្ថានការណ៍ដ៏ចម្រូងចម្រាស។លោក Ten Hag បានប្រាប់សារព័ត៌មាន The Athletic ថា៖ «Ronaldo បានធ្វើឱ្យក្រុមខកចិត្ត ហើយក៏បានធ្វើឱ្យខ្ញុំខកចិត្តដែរ ព្រោះយើងបានរៀបចំផែនការដោយមានគាត់នៅក្នុងក្រុម»។លោកបានបន្ថែមថា៖ «ខ្ញុំបានធ្វើដំណើរទៅប្រទេសព័រទុយហ្គាល់ ដើម្បីជួបពិភាក្សាជាមួយគាត់អំពីគោលដៅដែលខ្ញុំចង់សម្រេច មុនពេលខ្ញុំមកដឹកនាំ Manchester United»។«ជាក់ស្តែង គាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ខ្ញុំគោរពគាត់យ៉ាងខ្លាំង។ ប៉ុន្តែនៅពេលនោះ ក្នុងនាមជាអ្នកចាត់ការ ខ្ញុំត្រូវតែធ្វើការសម្រេចចិត្តដោយសមហេតុផល និងរក្សាកីឡាករដែលខ្ញុំកោតសរសើរឱ្យបន្តនៅក្នុងក្រុម»។លោក Ten Hag បានសម្រេចដក Ronaldo ចេញពីបញ្ជីកីឡាករចូលលេងក្នុងការប្រកួត Premier League ទល់នឹង Chelsea កាលពីខែតុលា ឆ្នាំ២០២២ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបដិសេធមិនព្រមចូលលេងជាកីឡាករបម្រុង ក្នុងការប្រកួតជាមួយ Tottenham កាលពីបីថ្ងៃមុន។នៅខែវិច្ឆិកា ឆ្នាំ២០២២ Ronaldo បានផ្តល់បទសម្ភាសន៍មួយ ដោយនិយាយថា ខ្លួនមានអារម្មណ៍ថាត្រូវបាន Manchester United «ក្បត់» ហើយមិនគោរពលោក Ten Hag។ រូបគេក៏បានអះអាងថា ក្លឹបកំពុងបង្ខំឱ្យខ្លួនចាកចេញ មុនពេលភាគីទាំងពីរព្រមព្រៀងបញ្ចប់កិច្ចសន្យា។Ronaldo មានវ័យ ៣៦ ឆ្នាំ នៅពេលដែលគេត្រឡប់ពី Juventus មកកាន់ Manchester United ក្នុងឆ្នាំ២០២១ ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer។ក្រោមការដឹកនាំរបស់លោក Ten Hag, Ronaldo រកបានត្រឹមតែ ៣ គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ១៦ ប្រកួត មុនពេលចាកចេញពីក្លឹបក្នុងរដូវកាល ២០២២-២០២៣។លោក Ten Hag ក៏បានច្រានចោលការយល់ឃើញថា លោករំពឹងឱ្យ Ronaldo រត់ដាក់សម្ពាធលើគូប្រកួតរហូតដល់អស់កម្លាំង ដោយលោកបានពន្យល់ថា បញ្ហាគឺការត្រៀមខ្លួនរបស់កីឡាករ។លោកបាននិយាយថា៖ «វាជាការយល់ខុសដែលនិយាយថា ខ្ញុំរំពឹងឱ្យគាត់រត់ដាក់សម្ពាធលើគូប្រកួត រហូតដល់គាត់អស់កម្លាំង។ ប៉ុន្តែគាត់មិនអាចធ្វើបានទេ។ គាត់មិនរត់ទាំងពេលក្រុមមានបាល់ និងពេលក្រុមគ្មានបាល់ឡើយ។ មូលហេតុគឺដោយសារគាត់មិនបានត្រៀមខ្លួនឱ្យបានល្អ»។លោកបានបន្តថា៖ «ក្រុមកំពូលៗទាំងអស់ត្រូវតែផ្តល់តម្លៃដល់កីឡាករកំពូលរបស់ខ្លួន ប៉ុន្តែកីឡាករកំពូលក៏ត្រូវតែធ្វើការដើម្បីក្រុមដែរ»។លោក Ten Hag ក៏បានលើកឡើងថា Ronaldo ធ្លាប់ប្រាប់មិត្តរួមក្រុមឱ្យសន្សំកម្លាំងក្នុងពេលហ្វឹកហាត់។ លោកយល់ថា ការសន្សំកម្លាំងអាចមានហេតុផល ប្រសិនបើកីឡាករមានកាយសម្បទាល្អរួចជាស្រេច ប៉ុន្តែកីឡាករត្រូវតែហ្វឹកហាត់ដើម្បីឈានទៅរកកម្រិតកាយសម្បទាដែលសមស្របជាមុនសិន។គួរបញ្ជាក់ថា ការចេញផ្សាយបទសម្ភាសន៍របស់លោក Ten Hag កើតឡើងក្នុងពេលដែល Ronaldo ត្រូវបានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ពិន័យព្យួររយៈពេល ៣០ ថ្ងៃ និងពិន័យជាប្រាក់ ២៥៥ អឺរ៉ូ ដោយសារការចាកចេញពីជំរំហ្វឹកហាត់ក្រុមជម្រើសជាតិព័រទុយហ្គាល់កាលពីខែមុន៕ អត្ថបទ៖នាង សុភាវុធ

Joao Felix ស៊ុតគ្រាប់ជ័យជម្នះឱ្យ Al Nassr ក្រោយ Ronaldo ស៊ុតបាល់ ១១ ម៉ែត្រមិនចូល

2026/10/21 02:58:07 pm        227
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Joao Felix បានស៊ុតបញ្ចូលទីតែមួយគ្រាប់គត់ក្នុងការប្រកួត ជួយឱ្យ Al Nassr យកឈ្នះ Neom SC ក្នុងលទ្ធផល ១-០ នៅក្របខណ្ឌ Saudi Pro League។ក្នុងម៉ោងបន្ថែមនៃវគ្គទី១ João Félix រកបានបាល់ពិន័យ ១១ ម៉ែត្រឱ្យ Al Nassr ប៉ុន្តែប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានស៊ុតបាល់ពីចំណុច ១១ ម៉ែត្រខុសគោលដៅ។Ronaldo ក៏បានខកខានឱកាសមួយទៀតនៅដើមវគ្គទី២ នៅពីមុខទី មិនអាចរកគ្រាប់បាល់បាន។យ៉ាងណាក៏ដោយ នៅនាទីទី៦១ Joao Felix ជាអ្នកសម្រេចគ្រាប់បាល់ បញ្ចូលទីយ៉ាងល្អ ដើម្បីជួយឱ្យ Al Nassr យកឈ្នះ ១-០។ក្រោយទទួលបានជ័យជម្នះនេះ Al Nassr ឡើងមកឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាង Saudi Pro League ដោយមាន ២២ ពិន្ទុ ពីការប្រកួត ៩ លើក។ពួកគេមានពិន្ទុតាមពីក្រោយ Al-Hilal ដែលឈរលេខ២ ចំនួន ២ ពិន្ទុ ខណៈក្រុមទាំងពីរមានការប្រកួតនៅសល់មួយលើកក្នុងដៃ បើធៀបនឹងក្រុមកំពូលតារាង Al-Qadsiah ដែលមាន ២៥ ពិន្ទុ ពីការប្រកួត ១០ លើក៕ អត្ថបទ៖នាង សុភាវុធ

PSG បំបាក់ Barcelona ៤-២ ខណៈ Man City ឈ្នះ AEK Athens ៥-១ ដោយ Foden ស៊ុត Hat-Trick

2026/10/21 02:41:49 pm        215
ក្រុមការពារតំណែងជើងឯក Paris Saint-Germain បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយយកឈ្នះ Barcelona ក្នុងលទ្ធផល ៤-២ ខណៈ Manchester City ក៏ទទួលបានជ័យជម្នះយ៉ាងធំធេងលើ AEK Athens ក្នុងលទ្ធផល ៥-១ ក្នុងការប្រកួត UEFA Champions League វគ្គ League Phase ជុំទី៣ កាលពីយប់ថ្ងៃអង្គារ។ការប្រកួតនៅកីឡដ្ឋាន Parc des Princes មានភាពតានតឹង ខណៈ Désiré Doué បានបើកការនាំមុខឱ្យ PSG នៅនាទីទី៣៨ មុនពេល Barcelona តាមស្មើវិញនៅនាទីទី៥៥ ដោយ Xavi Espart។នៅនាទីទី៧២ Lucas Hernández បានជួយ PSG នាំមុខជាថ្មី ប៉ុន្តែ Lamine Yamal បានស៊ុតតាមស្មើ ២-២ នៅនាទីទី៧៩។ ទោះជាយ៉ាងណា Vitinha បានស៊ុតបញ្ចូលទីនៅនាទីទី៨១ មុនពេល Fabián Ruiz បន្ថែមគ្រាប់ទី៤ នៅនាទីទី៨៦។ជ័យជម្នះនេះបានបញ្ចប់កំណត់ត្រាឈ្នះ ១១ ប្រកួតជាប់គ្នារបស់ Barcelona និងជួយឱ្យ PSG រកបាន ៣ ពិន្ទុ និងជ័យជម្នះពីការប្រកួត ៣ លើកក្នុងវគ្គ League Phase។ងាកមក Manchester City វិញ ក៏បានបង្ហាញទម្រង់លេងដ៏អស្ចារ្យផងដែរ ដោយយកឈ្នះ AEK Athens របស់ក្រិក ៥-១ នៅកីឡដ្ឋាន Etihad។ Elliot Anderson បានបើកការនាំមុខនៅនាទីទី១២ មុនពេល Phil Foden បន្ថែមគ្រាប់ទី២ នៅនាទីទី៣៤។AEK Athens បានតាមមកវិញនៅនាទីទី៥២ ដោយ Stavros Pilios ប៉ុន្តែ Rayan Cherki បានស៊ុតបញ្ចូលទីនៅនាទីទី៥៧។ បន្ទាប់មក Foden បានបន្ថែមពីរគ្រាប់ទៀតនៅនាទីទី៦៥ និងទី៧៦ ដើម្បីបញ្ចប់ការប្រកួតជាមួយ Hat-Trick។ជ័យជម្នះនេះជួយឱ្យ Man City ត្រឡប់មករកភាពជោគជ័យវិញ ក្រោយចាញ់ PSG ២-៤ ក្នុងការប្រកួតមុន។ លទ្ធផលផ្សេងទៀតរួមមាន Roma 4-0 Sovan Bratislava, Porto 0-1 PSV, Liverpool 4-3 Villarreal, Napoli 4-3 Bodo/Glimt, Stuttgart 1-1 Atletico Madrid, Fenerbahce 2-2 Slavia Prague, Sabah FK 1-2 Dortmund៕ អត្ថបទ៖នាង សុភាវុធ 

កម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួម​ចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​ក្នុង​តំបន់​អាស៊ាន​

2026/10/21 02:08:16 pm        247
កម្ពុជា​បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរវិស័យ និង​រួម​ចំណែក​អភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន ។ នេះបើតាមប្រសាសន៍លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន លើក​ទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប។ក្នុង​នាមជាប្រធានប្តូរវេនបន្តពីប្រទេសវៀតណាម កម្ពុជា​បានដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​តម្រង់​ទិស​ដៅ​យុទ្ធសាស្ត្រសម្រាប់ផែនការការងារអាស៊ានស្តីពីកីឡា សម្រាប់ឆ្នាំ២០២៦-២០៣០ តាម​រយៈ​ការ​គាំទ្រ និងអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រសួង​អប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំឧត្ដមមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។ឆ្លៀតឱកាសនោះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី  បានសម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​គណៈ​ប្រតិភូ និងមន្ដ្រីជាន់ខ្ពស់មកពីបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ និងបាន​គូស​បញ្ជាក់​ពីសារៈសំខាន់នៃកិច្ចប្រជុំនេះ ក្នុងការបន្តពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​កី​ឡា​ក្នុង​តំបន់​អាស៊ាន​ ដោយលោកជំទាវបានចាត់ទុកកិច្ចប្រជុំឧត្តមមន្រ្តីកីឡានេះ គឺជាវេទិកាដ៏​សំខាន់​សម្រាប់​ពិនិត្យ​វឌ្ឍនភាពការងារកន្លងមក កំណត់អាទិភាព និងទិសដៅយុទ្ធសាស្ត្ររួម ដើម្បីជំរុញ​ការ​អភិវឌ្ឍ​វិស័យកីឡាអាស៊ាន ឆ្លើយតបទៅនឹងបរិបទ និងតម្រូវការនាពេលអនាគត។កិច្ចប្រជុំនេះ នឹងបន្តពិភាក្សាពីសមិទ្ធផលនៃការសម្រេចរបស់កិច្ចប្រជុំឧត្តមមន្ដ្រី និង​រដ្ឋ​មន្ត្រី​កីឡា​អាស៊ាន ដែលបានរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីឆ្នាំ២០២៥ ជា​ពិសេស​ការ​វាយតម្លៃផែនការការងារកីឡាអាស៊ានឆ្នាំ២០២១–២០២៥ និងការអនុម័ត​ផែន​ការ​ការ​ងារ​កីឡាអាស៊ានឆ្នាំ២០២៦–២០៣០។ សម្រាប់ផែនការការងារកីឡាអាស៊ាន បាន​កំណត់​វិស័យ​កីឡា​ជាកត្តាជំរុញអន្តរវិស័យសម្រាប់សន្តិភាព សុខភាព បរិយាបន្ន ការអប់រំ អត្ត​សញ្ញាណ​វប្បធម៌ និងកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ស្របតាម​ចក្ខុ​វិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០៤៥​។ក្នុងនាមក្រសួងអប់រំ លោកជំទាវបណ្ឌិតបានសង្កត់ធ្ងន់ថា កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរវិស័យលើវិទ្យាសាស្ត្រកីឡា ការគ្រប់គ្រងកីឡា និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីលើកកម្ពស់សមត្ថភាពអត្តពលិក។ លើសពីនេះ លោកជំទាវក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ ដើម្បីគាំទ្រដល់កីឡាកម្រិតខ្ពស់ ឧស្សាហកម្មកីឡា និងបូរណភាពកីឡា កីឡាស្អាតស្អំ និងកីឡាបរិយាបន្ន ព្រមទាំងការជំរុញគោលការណ៍ «កីឡាសម្រាប់ទាំងអស់គ្នា» ដោយធានាការចូលរួមរបស់ស្ត្រី ជនមានពិការភាព និងក្រុមជនងាយរងគ្រោះ ដើម្បីលើកកម្ពស់សុខភាព និងភាពសកម្មនៅក្នុងសហគមន៍អាស៊ាន។ជាមួយនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន តាមរយៈការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់នាពេលអនាគត រួមមានការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨, ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ និងការប្រកួតកីឡាយុវជនអាស៊ាន ឆ្នាំ២០៣១ ព្រមទាំងអំពាវនាវឱ្យបណ្តាប្រទេសសមាជិកអាស៊ានបន្តផ្តល់កិច្ចសហការ និងការគាំទ្រដើម្បីធានាភាពជោគជ័យនៃព្រឹត្តិការណ៍ទាំងនេះទៀតផង។ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានដឹកនាំកិច្ចប្រជុំឧត្ដមមន្ដ្រីកីឡាអាស៊ាន បានឲ្យដឹងថា ក្រៅពីរបៀបវារៈសំខាន់ក្នុងកិច្ចប្រជុំ ក៏នឹងមានកម្មវិធីមួយចំនួនផងដែរ រួមមានកម្មវិធីរត់កម្សាន្ដពីមុខប្រាសាទអង្គរវត្ត ទៅកាន់ប្រាសាទបាយ័ន, កម្មវិធីទស្សនកិច្ចនៅប្រាសាទអង្គរវត្ត និងកម្មវិធីសម្ដែងក្បាច់គុនបុរាណចម្រុះរបស់អាស៊ាន កំឡុងពិធីអាហាសាមគ្ដី ក្នុងគោលបំណងលើកកម្ពស់កីឡាបុរាណ ពង្រឹងការផ្លាស់ប្ដូរវប្បធម៌ ក្នុងន័យលើកទឹកចិត្តឲ្យយុវជនចូលរួម និងពង្រឹងសាមគ្គីភាពក្នុងតំបន់ផងដែរ៕ អត្ថបទ លី ឈុនឡា

គួរឲ្យភ្ញាក់ផ្អើល! ត្រឹមរយៈពេលខ្លី សំបុត្រទស្សនាព្រះខ័នរាជ ប៉ះវិសាខា ចុងសប្ដាហ៍នេះ លក់ដាច់គ្មានសល់

2026/10/21 01:37:37 pm        175
ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមកំពូលតារាង វិសាខា នាថ្ងៃទី២៤ ខែតុលាចុងសប្ដាហ៍នេះ ក្នុងជំនួបជើងទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលជាជំនួបដ៏ធំប្រចាំសប្ដាហ៍ ហើយក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រផងដែរ ខណៈត្រឹមរយៈពេលខ្លី សំបុត្រចូលទស្សនាការប្រកួតនេះ ត្រូវបានក្លិបប្រកាសលក់អស់គ្មានសល់។យោងតាមក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង ត្រឹមរយៈពេលជាង ៤ម៉ោង បន្ទាប់ពីក្លិបបានផ្សព្វផ្សាយពីរបៀបទិញសំបុត្រតាម App ឬ Online កាលពីរសៀលថ្ងៃអង្គារកន្លងទៅ ប់សំបុត្រធម្មតាប្រភេទA ដែលមានតម្លៃ ៦,០០០រៀល និងB មានតម្លៃ ៤,០០រៀល ត្រូវបានប្រកាសលក់អស់គ្មានសល់ ហើយនៅល្ងាចថ្ងៃដដែល សំបុត្រ VIP ទស្សនានៅតំបន់ពិសេស អមម៉ាស៊ីនត្រជាក់ និងអាហារ ភេសជ្ជៈជាច្រើន ក៏ត្រូវបានលក់អស់ បន្ទាប់ពីបើកលក់ត្រឹមរយៈពេលកន្លះម៉ោង។នេះជាកំណត់ត្រាដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងប្រវត្តិលីគកំពូលកម្ពុជា ដែលសំបុត្រទស្សនាការប្រកួតត្រូវបានលក់អស់លឿនបែបនេះ។ ផ្អែកលើបរិមាណកីឡដ្ឋានស្វាយរៀង ដែលអាចផ្ទុយអ្នកទស្សនាបានជាង ៧ពាន់នាក់ គេជឿជាក់ថា ជំនួបដ៏ធំប្រចាំសប្ដាហ៍ រវាងព្រះខ័នរាជស្វាយរៀង និងវិសាខា នាចុងសប្ដាហ៍នេះ នឹងមានអ្នកគាំទ្រពេញកីឡដ្ឋាន ហើយមានអ្នកគាំទ្ររាប់ម៉ឺននាក់ទៀត នឹងតាមដានជំនួបដ៏ជក់ចិត្តរវាងក្រុមមិនទាន់ស្គាល់ចាញ់ទាំងពីរ។ជាការពិតជំនួបរវាងក្រុមទាំងពីរ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ដ្បិតរដូវកាលនេះ វិសាខា កំពុងធ្វើបានល្អ ស្របពេលព្រះខ័នរាជស្វាយរៀង ក៏បានពង្រឹងក្រុមកាន់តែខ្លាំង ដើម្បីត្រៀមការពារជើងឯកលីគផង និងប្រកួតប្រជែងពានរង្វាន់អន្ដរជាតិចំនួន ២ ផង គឺពានជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ និងពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27។គួរដឹងថា គិតត្រឹមសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ វិសាខា កំពុងឈរកំពូលតារាង ដោយរកបាន ១២ពិន្ទុពេញ ក្រោយឈ្នះ ៤ប្រកួតជាប់គ្នា គ្រាដែលព្រះខ័នរាជស្វាយរៀង ឈរលេខរៀងទី២ រកបាន ១០ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតដូចគ្នា ឈ្នះ ៣ និងស្មើ១ ។ ដូច្នេះចាំមើលក្រោយជំនួបថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ តើក្រុមណានឹងត្រូវគ្រងកំពូលតារាងលីគ សប្ដាហ៍ទី៥?៕ អត្ថបទ លី ឈុនឡា

ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ចាប់ផ្ដើមប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររសៀលនេះ

2026/10/21 01:27:15 pm        209
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ នឹងធ្វើការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះ បន្ទាប់ពីរកឃើញបេក្ខភាព ៤ក្រុមចុងក្រោយកាលពីថ្មីៗ។សម្រាប់កម្មវិធីប្រកួតជើងទី១ នារសៀលថ្ងៃពុធនេះ រួមមានក្រុមបាល់ទាត់ខេត្តកោះកុង ត្រូវបើកទ្វារផ្ទះទទួលក្រុមបាត់ដំបងយូណាយធីត នៅទីលានវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស តេជោ សែន កោះកុង និងក្រុមសមាគមបាល់ទាត់ខេត្តព្រះសីហនុ ជួបក្រុមភ្ញៀវសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ នៅទីលាន អនុវិទ្យាល័យ សម្ដេចឪ។ចំពោះប្រវត្តិមុនឡើងមកដល់វគ្គដ៏សំខាន់នេះ ខេត្តកោះកុង បានយកឈ្នះខេត្តបន្ទាយមានជ័យ ៣-២ ខណៈបាត់ដំបងយូណាយធីត បានយកឈ្នះខេត្តស្ទឹងត្រែង ៩-២ នៅវគ្គ ៨ក្រុមចុងក្រោយ ស្របពេលខេត្តព្រះសីហនុ បានវាយបកឈ្នះខេត្តកណ្ដាល ដោយការទាត់បាល់ប៉េណាល់ទី ៥-៣ បន្ទាប់ពីប្រកួត ២ជើងស្មើគ្នា ៥-៥ និងខេត្តត្បូងឃ្មុំ បានយកឈ្នះខេត្តកំពង់ស្ពឺ ១៥-៣។នេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមនីមួយៗ ពិសេសក្រុមម្ចាស់ផ្ទះ មុនឈានដល់ការប្រកួតជើងទី២ នៅក្រៅដី។ ដូច្នេះក្រោយជំនួបថ្ងៃនេះ ការប្រកួតទាំង ២គូ នឹងត្រូវផ្លាស់ប្ដូរទឹកដីគ្នា ដើម្បីប្រកួតកាត់សេចក្ដី នាថ្ងៃទី២៨ ខែតុលខាងមុខ ដើម្បីកំណត់ក្រុមទទួលបានជ័យជម្នះជាផ្លូវការឡើងទៅវគ្គផ្ដាច់ព្រ័ត្រ និងប្រកួតដណ្ដើមពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំនេះតែម្ដង៕ អត្ថបទ លី ឈុនឡា 

UEFA បន្តដេញជើងលោក Infantino និង ទុកពេល ២សប្តាហ៍ឱ្យបញ្ចេញឯកសារសំខាន់ៗ និងឆ្លើយសំណួរពាក់ព័ន្ធនឹង FIFA

2026/10/20 02:29:21 pm        208
សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានទាមទារឱ្យសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បញ្ចេញឯកសារសំខាន់ៗ និងឆ្លើយតបរាល់សំណួរពាក់ព័ន្ធនឹងអភិបាលកិច្ច និងដំណើរការធ្វើសេចក្តីសម្រេចរបស់ខ្លួន ត្រឹមថ្ងៃទី២ ខែវិច្ឆិកា។ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA កាលពីថ្ងៃព្រហស្បតិ៍ ប្រធាន FIFA លោក Gianni Infantino បានសុំទោសចំពោះផែនការលក់ភាគហ៊ុន ឬទាក់ទាញការវិនិយោគឯកជនពាក់ព័ន្ធនឹងគម្រោងបាល់ទាត់ពិភពលោករបស់ខ្លួន ប៉ុន្តែលោកមិនបានផ្តល់ការពន្យល់ពេញលេញអំពីរបៀបដែលសំណើនេះត្រូវបានបង្កើតឡើងនោះទេ។យោងតាមលិខិតដែលសារព័ត៌មានធំៗនៅអឹរ៉ុបទទួលបាន អគ្គលេខាធិការ UEFA លោក Theodore Theodoridis បានលើកឡើងថា FIFA មិនទាន់បានដោះស្រាយ សំណួរជាមូលដ្ឋានមួយចំនួន នៅឡើយទេ។លិខិតនោះបានបញ្ជាក់ថា សំណួរមួយចំនួននៅតែមិនទាន់មានចម្លើយ ហើយព័ត៌មាននិងឯកសារដែលបានស្នើសុំក៏មិនទាន់ត្រូវបានផ្តល់ជូនដែរ។លិខិតដែលមានចំនួន ៨ ទំព័រនេះ រួមមានសំណួរចំនួន ៤២ ដែលគ្របដណ្តប់លើបញ្ហាជាច្រើន រួមទាំងគម្រោង FIFA Forward Enterprise (FFE) ដែលមានការវិនិយោគពីវិស័យឯកជន ពានរង្វាន់សន្តិភាព FIFA Peace Prize និងការព្យួរទោសហាមឃាត់ការប្រកួតរបស់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិសហរដ្ឋអាមេរិក Folarin Balogun នៅក្នុងព្រឹត្តិការណ៍ World Cup ដែលបង្កឱ្យមានភាពចម្រូងចម្រាស។UEFA បានសង្កត់ធ្ងន់ថា ការលុបចោលគម្រោង FFE ការទទួលស្គាល់កំហុស និងការប្រកាសអំពីកំណែទម្រង់អភិបាលកិច្ចដែលអាចនឹងកើតមាន មិនមែនជាចម្លើយចំពោះសំណួរថា តើការសម្រេចចិត្តពាក់ព័ន្ធត្រូវបានធ្វើឡើងដោយរបៀបណានោះទេ។ UEFA ក៏ចង់ដឹងដែរថា ហេតុអ្វីបានជាក្រុមប្រឹក្សា FIFA មិនត្រូវបានចូលរួមក្នុងដំណើរការនេះតាមពេលវេលាសមស្រប។លិខិតដដែលបានបន្ថែមថា ប្រសិនបើ FIFA បដិសេធមិនបញ្ចេញព័ត៌មាន ឬឯកសារណាមួយ FIFA ត្រូវតែផ្តល់ហេតុផលច្បាស់លាស់ដោយឡែកសម្រាប់ការបដិសេធនីមួយៗ។UEFA បានបញ្ជាក់ថា សំណួរទាំងនេះត្រូវការចម្លើយនៅពេលនេះ មិនអាចពន្យាររហូតដល់កិច្ចប្រជុំក្រុមប្រឹក្សា FIFA លើកក្រោយបានទេ។ ការធ្វើកំណែទម្រង់អភិបាលកិច្ចនាពេលអនាគត ក៏មិនអាចជំនួសការត្រួតពិនិត្យលើការសម្រេចចិត្តដែលបានធ្វើរួច និងការទទួលខុសត្រូវចំពោះការសម្រេចចិត្តទាំងនោះបានដែរ។ទោះជាយ៉ាងណា UEFA មិនទាន់បានបញ្ជាក់ថា ខ្លួននឹងចាត់វិធានការអ្វីខ្លះ ប្រសិនបើ FIFA មិនគោរពតាមកាលកំណត់នេះទេ។ ប៉ុន្តែការទាមទារនេះត្រូវបានគេរំពឹងថា នឹងបង្កើនសម្ពាធលើលោក Infantino មុនថ្ងៃទី១៨ ខែវិច្ឆិកា ដែលជាថ្ងៃផុតកំណត់សម្រាប់បេក្ខជនប្រកាសជាផ្លូវការថា នឹងឈរឈ្មោះប្រកួតប្រជែងជាមួយលោកក្នុងការបោះឆ្នោតជ្រើសរើសប្រធាន FIFA នៅឆ្នាំក្រោយ។សំណួរទាំង ៤២ នេះ ត្រូវបានដាក់ជូនលោក Infantino ជាលើកដំបូងក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA កាលពីសប្តាហ៍មុន ហើយលោកបានស្នើឱ្យ UEFA ដាក់សំណួរទាំងនោះជាលាយលក្ខណ៍អក្សរ។ក្រោយកិច្ចប្រជុំ ប្រធានសមាគមបាល់ទាត់អង់គ្លេស (FA) និងជាអនុប្រធាន FIFA លោកស្រី Debbie Hewitt បាននិយាយថា៖ «ប្រសិនបើលោកមិនឆ្លើយសំណួរទាំងនោះទេ លោកមិនស័ក្តិសមធ្វើជាប្រធាន FIFA ឡើយ»៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM