កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

Tottenham ស្គាល់ជ័យជម្នះដំបូងក្នុងលីគរដូវកាលនេះក្រោយឈ្នះ Coventry ៣-១

2026/10/20 02:09:22 pm        216
ក្រុម Tottenham Hotspur បានកត់ត្រាជ័យជម្នះលើកដំបូងក្នុងរដូវកាលនេះនៅក្របខណ្ឌ Premier League ដោយបានយកឈ្នះក្រុម Coventry City ក្នុងទឹកដីរបស់ខ្លួន ៣-១ និងរើចេញពីបាតតារាង។ខ្សែបម្រើ James Maddison ដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួត Premier League ចាប់តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ក្រោយរងរបួសសរសៃចងជង្គង់មុខ (ACL) បានស៊ុតបាល់មួយជើងយ៉ាងល្អឥតខ្ចោះនាំមុខមុននៅនាទីទី ១៤។ឈានចូលវគ្គទីពីរ Coventry បានតាមស្មើវិញក្រោយលេងបានត្រឹម ៥ នាទីនៅពេលខ្សែការពារ Jan Paul van Hecke របស់ Tottenham បានបាត់បង់បាល់ ខណៈ Jack Rudoni ជាអ្នកស៊ុតតាមស្មើឱ្យក្រុមរបស់លោក Frank Lampard។ទោះជាយ៉ាងណា ម្ចាស់ផ្ទះបាននាំមុខជាថ្មីនៅនាទីទី៥៨ ដោយ Omar Marmoush ជាអ្នករកគ្រាប់បាល់នេះ ដែលជាគ្រាប់ដំបូងរបស់គេឱ្យ Tottenham ចាប់តាំងពីផ្ទេរមកពី Manchester City ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែសីហា។ Ben Davies បានបន្ថែមគ្រាប់ទី៣ នៅនាទីទី៩០+៥ ដោយស៊ុតបាល់ទាបពីខាងក្រៅតំបន់ពិន័យបញ្ចូលជ្រុងទី ធានាជ័យជម្នះសម្រាប់ Tottenham។លើសពីនេះ Tottenham ក៏ទទួលបានដំណឹងល្អមួយទៀត ដោយខ្សែប្រយុទ្ធជម្រើសជាតិស៊ុយអែត Dejan Kulusevski បានចូលលេងជាកីឡាករបម្រុងនៅចុងការប្រកួត។ នេះជាការបង្ហាញខ្លួនលើកដំបូងរបស់គេ ចាប់តាំងពីរងរបួសជង្គង់ធ្ងន់ធ្ងរ ក្នុងការប្រកួតដែល Tottenham ចាញ់ Crystal Palace ០-២ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។ជ័យជម្នះនេះមានសារៈសំខាន់ខ្លាំងសម្រាប់ Tottenham ខណៈនេះគ្រាន់តែជាលើកទី៦ ប៉ុណ្ណោះក្នុងចំណោមការប្រកួតក្នុងទឹកដី Premier League ចំនួន ៣៧ លើក ដែលពួកគេអាចទទួលបានជ័យជម្នះ។លទ្ធផលនេះបានជួយឱ្យ Tottenham ឡើងពីចំណាត់ថ្នាក់លេខ២០ មកកាន់លេខ១៦ ដោយមានគ្រាប់បាល់ចំណេញខ្ពស់ជាង Coventry City៕ អត្ថបទ៖នាង សុភាវុធ

សហព័ន្ធ​ព័រទុយហ្គាល់​ពិន័យ​ CR7 ដោយព្យួរសិទ្ធិ ៣០ថ្ងៃ ចំពោះការចាកចេញពីជំរំហ្វឹកហាត់

2026/10/20 01:16:50 pm        193
Cristiano Ronaldo ត្រូវបានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ពិន័យព្យួរសិទ្ធិរយៈពេល ៣០ ថ្ងៃ និងជាប្រាក់ ២៥៥ អឺរ៉ូ បន្ទាប់ពីមានភាពចម្រូងចម្រាសជុំវិញការចាកចេញរបស់គេពីជំរំហ្វឹកហាត់ក្រុមជម្រើសជាតិ​ កាលពីចុងខែកញ្ញា។ខ្សែប្រយុទ្ធវ័យ ៤១ ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថាមានការខកចិត្តចំពោះគ្រូបង្វឹក Jorge Jesus បន្ទាប់ពីមិនបានចូលលេងក្នុងជ័យជម្នះរបស់ព័រទុយហ្គាល់លើន័រវែស ហើយបានដឹងថា ខ្លួននឹងមិនមានឈ្មោះក្នុងជម្រើសដំបូងសម្រាប់ការប្រកួតបន្ទាប់ទល់នឹងដាណឺម៉ាក។ ក្រោយមក គេបានចាកចេញពីជំរំហ្វឹកហាត់នៅទីក្រុង Copenhagen កាលពីថ្ងៃទី ៣០ ខែកញ្ញា។Ronaldo បានចោទប្រកាន់លោក Jesus ថាបានមិនគោរពពាក្យសន្យា ពាក់ព័ន្ធនឹងតួនាទីរបស់គេក្នុងក្រុម ដោយលើកឡើងថា​ នេះជាការបាត់បង់ទំនុកចិត្តយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា លោក Jesus បានបដិសេធថា លោកមិនបានសន្យាអំពីពេលវេលាចូលលេងរបស់ Ronaldo នោះទេ។ក្រោយហេតុការណ៍នេះ Ronaldo បានចេញមុខសុំទោសជាសាធារណៈ និងទទួលស្គាល់ថា ខ្លួនសមនឹងទទួលការពិន័យ។ទន្ទឹមនឹងនេះ ការអនុវត្តទោសព្យួរសិទ្ធិនៅតែជាចំណុចដែលត្រូវតាមដាន ខណៈរបាយការណ៍មួយចំនួនបង្ហាញថា Ronaldo អាចត្រឡប់មកជួយក្រុមជម្រើសជាតិវិញ សម្រាប់ការប្រកួតអន្តរជាតិនៅខែវិច្ឆិកា។ក្រុមជម្រើស​ជាតិ​ព័រទុយហ្គាល់គ្រោងជួបដាណឺម៉ាកនៅថ្ងៃទី ១៤ ខែវិច្ឆិកា មុនធ្វើដំណើរទៅជួបវែលនៅបីថ្ងៃបន្ទាប់។Ronaldo ជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិព័រទុយហ្គាល់ ដោយមាន ១៤៦ គ្រាប់។សំណួរដ៏សំខាន់នៅពេលនេះគឺ តើ Ronaldo និងគ្រូបង្វឹកអាចដោះស្រាយជម្លោះនេះ ដើម្បីបន្តដំណើរជាមួយគ្នាក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់បានដែរឬទេ? អត្ថបទ៖ រស់ កាណាល់

ភ្នំពេញក្រោន នៅតែមិនស្គាល់ឈ្នះ ក្រោយរកបាន ១ពិន្ទុទាំងពិបាកពីឡាយហ្វព្រះសីហនុ

2026/10/20 12:03:36 pm        123
ក្រោយទទួលបានជ័យជម្នះជាបន្ដបន្ទាប់ក្នុងការប្រកួតពានរង្វាន់អន្ដរជាតិ តែក្រុមភ្នំពេញក្រោន នៅមិនទាន់ស្គាល់ជ័យជម្នះក្នុងការចាប់ផ្ដើមរដូវកាលថ្មី នៃលីគកំពូលកម្ពុជាឡើយ ក្រោយឆ្លងកាត់ ៣ប្រកួតស្មើទាំង ៣ប្រកួត បន្ទាប់ពីរកបាន ១ពិន្ទុទាំងលំបាកពីក្រុមភ្ញៀវឡាយហ្វខេត្តព្រះសីហនុ ក្នុងជំនួបសប្ដាហ៍ទី៤ នៅថ្ងៃទី១៩ ខែតុលាដើមសប្ដាហ៍នេះ។ក្នុងនាមក្រុមជោគជ័យជាងគេក្នុងលីគ ហើយកំពុងធ្វើបានល្អក្នុងពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ី ការមិនទាន់ស្គាល់ជ័យជម្នះក្នុងលីគកំពូលកម្ពុជានេះ ពិតជារឿងគួរឲ្យចាប់អារម្មណ៍ និងផ្ដល់នូវការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់អ្នកគាំទ្រ ពិសេសស្ទើរតែរបូត ៣ពិន្ទុក្នុងដី ក្រោមថ្វីជើងក្រុមឡាយហ្វខេត្តព្រះសីហនុ ថែមទៀត។ជំនួបដ៏តានតឹងលើទឹកដីភ្នំពេញក្រោនេះ ក្រុមម្ចាស់ផ្ទះ បានខាងបង់សមាជិកម្នាក់ គឺកីឡាករ Callum Michael Timmins ដែលរងពិន័យកាតក្រហមនៅចុងវគ្គទី១ មុនបញ្ចប់ការប្រកួត ៤៥នាទីដំបូង ដោយលទ្ធផលស្មើគ្នា ០-០។ ចូលវគ្គទី២ ក្រុមទាំងពីរ នៅតែព្យាយាមវាយបកគ្នាទៅវិញទៅមក ហើយនៅនាទី៧៧ កីឡាករ Bruno Ernandes បានរកគ្រាប់បាល់នាំមុខឲ្យឡាយហ្វខេត្តព្រះសីហនុ ១គ្រាប់មុន តែឱកាសស្គាល់ជ័យជម្នះលើកដំបូងនេះ ត្រូវបានបញ្ចប់វិញ ដោយកីឡាករ Daniel Bares នៅនាទី៩០+៩។ជាមួយការចែកគ្នា ១ពិន្ទុម្នាក់នេះ បានធ្វើឲ្យភ្នំពេញក្រោន ឈរលេខរៀងទី៧ បណ្ដោះអាសន្ន ដោយរកបាន ៣ពិន្ទុ បន្ទាប់ពីស្មើ ៣ប្រកួតជាប់គ្នា គ្រាដែលឡាយហ្វខេត្តព្រះសីហនុ ទើបរកបានពិន្ទុដំបូង បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតស្មើ១ និងចាញ់ ២ ឈរលេខរៀងទី១០ មាន ១ពិន្ទុស្មើក្រុមបឹងកេត ដែលឈរលេខរៀងទី៩ លើក្រុមកងយោធពលខេមរភូមិន្ទ ឈរបាតតារាងមិនទាន់មានពិន្ទុរាប់ឡើយ តែបើធៀបក្រុមកំពូលតារារាង ហាក់ចាញ់ប្រៀបច្រើន ដ្បិតវិសាខា រកបាន ១២ពិន្ទុពេញ ក្រោយឈ្នះ ៤ប្រកួតជាប់គ្នា៕ អត្ថបទ លី ឈុនឡា

កម្ពុជាឈ្នះមេដាយតេក្វាន់ដូនិម្មិតអាស៊ាន ១៦គ្រឿង និង​ត្រូវ​បានមើល​ឃើញ​សក្ដានុពល​ពី​ជំនាញ​ការអន្ដរជាតិ

2026/10/20 11:46:56 am        148
ក្រុមកីឡាតេក្វាន់ដូកម្ពុជា បានឈ្នះមេដាយសរុបចំនួន ១៦គ្រឿង ក្នុងនាមម្ចាស់​ផ្ទះ​ប្រកួត​តេក្វាន់​ដូ​និម្មិត​អាស៊ី​អាគ្នេយ៍ SEA Virtual Taekwondo Choi Yongsok VTKD International Cup 2026 កាលពីចុងសប្ដាហ៍កន្លងទៅ ជាមួយការវាយតម្លៃខ្ពស់ពីជំនាញការអន្ដរជាតិ ចំពោះ​សក្ដានុពល​របស់កម្ពុជាក្នុងការចូលរួម និងរៀបចំព្រឹត្តិការណ៍អន្ដរជាតិបែបនេះ។លោកស្រី Byunghee Kim សមាជិកក្រុមប្រឹក្សានៃសហភាពតេក្វាន់ដូអាស៊ី និង​ជា​ប្រធាន​គណៈ​កម្មាធិការ​បច្ចេកទេសនៃសហភាពតេក្វាន់ដូអាស៊ី បានថ្លែងក្រោយចូលរួម​រៀបចំ​ការ​ប្រកួត​តេក្វាន់​ដូបែប​ឌីជីថល​ថ្នាក់តំបន់នេះថា ទោះបីកម្ពុជារៀបចំរៀបចំលើកដំបូង តែលោកស្រី​មើល​ឃើញ​ពី​សក្ដានុពល​របស់កម្ពុជា និងខេមរសហព័ន្ធតេក្វាន់ដូ គឺមានលទ្ធភាព​អាច​រៀបចំ​ការ​ប្រកួត​អន្ដរជាតិ​បាន​រៀងរាល់ ហើយក៏សង្ឃឹមរាជរដ្ឋាភិបាល នឹងបន្ដការគាំទ្រ ព្រោះនេះជាំឱកាសដ៏ល្អ ដើម្បី​ដុស​ខាតសមត្ថភាពកីឡាករ-កីឡាការិនីត្រៀមចូលរួមព្រឹត្តិការណ៍អន្ដរជាតិធំៗ រួមទាំង​ស៊ីហ្គេម ឆ្នាំ២០២៧ ផងដែរ។សម្រាប់ព្រឹត្តិការណ៍ SEA Virtual Taekwondo Choi Yongsok VTKD International Cup 2026 គឺជាផ្នែកមួយ នៃការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ីអាគ្នេយ៍ស៊េរី ឆ្នាំ២០២៦ ដែលនឹងត្រូវធ្វើការប្រកួតជុំផ្ដាច់ព្រ័ត្រ នៅសិង្ហបុរី បន្ទាប់ពីឆ្លងកាត់ការរៀបចំនៅបណ្ដាប្រទេសមួយចំនួន ដូចជាម៉ាឡេស៊ី កម្ពុជា និងឥណ្ឌូនេស៊ីជាដើម ហើយកីឡាករ-កីឡាការិនីជ័យលាភី នឹងទទួលបានសិទ្ធចូលរួមការប្រកួតជុំផ្ដាច់ព្រ័ត្រនាដើមខែធ្នូខាងមុខ។ក្រឡេកមកចាប់អារម្មណ៍លទ្ធផលការប្រកួតនៅកម្ពុជា រយៈពេល ២ថ្ងៃ លើវិញ្ញាសាទាំង ១២ ដែលបែងចែកជា ៤កម្រិតអាយុ គឺក្រុមម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ១៦គ្រឿង រួមមានមេដាយប្រាក់ ២ និងសំរឹទ្ធ ១៤ គ្រាដែលក្រុមម៉ាឡេស៊ី ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១០គ្រឿង (មាស ៦ ប្រាក់ ៣ និងសំរឹទ្ធ ១), សិង្ហបុរី ឈរលេខ២ ឈ្នះមេដាយសរុប ១៤គ្រឿង (មាស ៥ ប្រាក់ ៥ និងសំរឹទ្ធ ៤), វៀតណាម ឈរលេខ៣ ឈ្នះមេដាយ ៥គ្រឿង (មាស ១ ប្រាក់ ២ និងសំរឹទ្ធ ២) និងមីយ៉ាន់ម៉ា ឈរលេខរៀងទី៥ បន្ទាប់ពីកម្ពុជា ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង៕ អត្ថបទ លី ឈុនឡា

Getafe បន្តចាប់អារម្មណ៍អតីតប្រធានក្រុម Real Madrid ម្នាក់ទៀតក្រោយនាំយក Dani Carvajal

2026/10/19 01:20:20 pm        203
ក្លឹបបាល់ទាត់អេស្ប៉ាញ Getafe នៅតែបន្តពិចារណាលើការនាំយកអតីតប្រធានក្រុម Real Madrid ម្នាក់ទៀត គឺខ្សែការពារ Sergio Ramos មករួមក្រុម បន្ទាប់ពីបានចុះកុងត្រានាំយក Dani Carvajal។ ទោះជាយ៉ាងណា ការផ្ទេរនេះមិនទាន់ស្ថិតក្នុងអាទិភាពចម្បងរបស់ថ្នាក់ដឹកនាំផ្នែកកីឡាក្លឹបនៅឡើយទេ នេះបើយោងតាមការបញ្ជាក់របស់ប្រធានក្លឹប Getafe លោក Ángel Torres។លោក Torres បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា លោកបានជួបពិភាក្សាជាមួយ René Ramos ដែលជាបងប្រុស និងជាភ្នាក់ងាររបស់ Sergio Ramos ដើម្បីស្វែងយល់អំពីលទ្ធភាពនៃការផ្ទេរកីឡាកររូបនេះមកកាន់ក្លឹប។ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Tablero Deportivo របស់វិទ្យុជាតិអេស្ប៉ាញ (RNE) លោក Torres បានទទួលស្គាល់ថា Getafe មានឆន្ទៈពិចារណាលើការចុះកុងត្រាជាមួយ Sergio Ramos ប្រសិនបើលក្ខខណ្ឌ និងស្ថានភាពនានាអំណោយផល។នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការនាំយកខ្សែការពាររូបនេះ ប្រធានក្លឹប Getafe បានឆ្លើយតបក្នុងន័យវិជ្ជមាន និងបញ្ជាក់ថា ក្លឹបបានទាក់ទងជាមួយភាគីរបស់កីឡាកររួចហើយ។រំលឹកថា Sergio Ramos ត្រូវបានគេស្គាល់ថា ជាកីឡាករបាល់ទាត់ជោគជ័យបំផុតម្នាក់ ដោយគេធ្លាប់ឈ្នះពានធំៗនៅ Real Madrid ជាច្រើនរួមមាន La Liga ៥ លើក Copa del Rey ២ លើក UEFA Champions League ៤ លើក និង​ FIFA Club World Cup ៤ លើក។ ជាមួយអេស្ប៉ាញ គេគឺជាសមាជិករបស់ក្រុមជម្រើសជាតិដែលឈ្នះជើងឯកពិភពលោក ២០១០ នៅអាហ្វ្រិកខាងត្បូង និងជើងឯកអឺរ៉ុប ២០០៨ ២០១២៕ អត្ថបទ៖នាង សុភាវុធ 

ក្រុមម៉ូតូទឹកកម្ពុជា ត្រៀម ១០០០% សម្រាប់ការប្រកួតពិភពលោក ជុំទី៣ នៅថៃ ខណៈ​សហព័ន្ធ​នឹង​ស្នើសុំគោលការណ៍ដើម្បីចូលរួម

2026/10/19 01:09:12 pm        268
ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា បានប្រកាសជំហរយ៉ាងមុតមាំ និងការត្រៀមខ្លួនកាន់តែខ្ពស់ជាងសព្វដង ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក Jet Ski World Series 2026 ជុំទី៣ ឬជុំផ្ដាច់ព្រ័ត្រ នៅប្រទេសថៃ ដែលគ្រោងប្រព្រឹត្តទៅនាខែមករា ឆ្នាំ២០២៧ ខណៈសហព័ន្ធនឹងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំ ដើម្បីចូលរួមឲ្យបានគ្រប់ជុំ បន្ទាប់ពីជោគជ័យក្នុងការប្រកួតជុំទី១ ប្រចាំទ្វីបអឺរ៉ុប នៅប៊ុលហ្គារី និងជុំទី២ ប្រចាំទ្វីបអាមេរិក នៅសហរដ្ឋអាមេរិក កាលពីថ្មីៗ។វីរៈកីឡាករ សាលី អ៊ូមើត បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយដឹកនាំក្រុមម៉ូតូទឹកកម្ពុជា ត្រឡប់ពីប្រកួតជុំទី២ លើទឹកដីអាមេរិកថា ជុំទី១ និងជុំទី២ ក្រុមខ្លួនត្រៀមលក្ខណៈត្រឹម ១០០% តែសម្រាប់ជុំទី៣ លោកបានណែនាំសិស្សប្អូនត្រូវត្រៀមលក្ខណៈឲ្យបានកាន់តែខ្ពស់ ឬត្រៀម ១០០០% ហើយប្រើប្រាស់សមត្ថភាពពិត ដើម្បីប្រកួតប្រជែង និងបង្ហាញឲ្យពិភពលោកឃើញពីសមត្ថភាពរបស់ក្រុមកីឡាម៉ូតូទឹកកម្ពុជា ក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ។ទន្ទឹមជាមួយគ្នា ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានគូសបញ្ជាក់ពីភាពចាំបាច់ នៃការចូលរួមឲ្យបានគ្រប់ជុំក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹក ៣ទ្វីបនេះ ដោយសារស្ថានភាពបញ្ហាព្រំដែនជាមួយថៃ ឯកឧត្តមមានប្រសាសន៍ថា អ្វីៗរង់ចាំការអនុញ្ញាតពីរាជរដ្ឋាភិបាល ហើយសហព័ន្ធនឹងព្យាយាមស្នើសុំគោលការណ៍អនុញ្ញាតនេះ។ជុំវិញដំណើរឆ្ពោះទៅការប្រកួតជុំផ្ដាច់ព្រ័ត្រនេះដែរ ឯកឧត្តម ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានសម្លឹងឃើញពីឱកាសវិជ្ជមានក្នុងការចូលរួមជុំទី៣ ដើម្បីបង្ហាញពីសក្ដានុពលរបស់កីឡាម៉ូតូទឹកកម្ពុជាផង ក៏ដូចជាបង្ហាញពីការឲ្យតម្លៃរបស់កម្ពុជាទៅកាន់ឆាកអន្ដរជាតិផង ហើយក៏ជាសារ និងបង្ហាញនូវភាពស្អាតស្អំរបស់កម្ពុជា តាមរយៈការទូតកីឡា ដែលនឹងមានក្រុមកីឡាមកបណ្ដាប្រទេសធំៗ រួមទាំងមហាអំណាចចូលរួមនេះផងដែរ។គួរដឹងថា ការប្រកួតជុំទី៣ នៃព្រឹត្តិការណ៍ Jet Ski World Series 2026 គ្រោងរៀបចំចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៧ ដោយថៃ ត្រូវធ្វើម្ចាស់ផ្ទះ ក្នុងនាមប្រទេសតំណាងទ្វីបអាស៊ី បន្ទាប់ពីជុំទី១ ប្រចាំទ្វីបអឺរ៉ុប បានប្រកួតនៅប្រទេសប៊ុលហ្គារី កម្ពុជាដណ្ដើមបានមេដាយមាស ៥ និងប្រាក់ ២ និងការប្រកួតជុំទី២ ប្រចាំទ្វីបអាមេរិក នៅសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន ក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយសរុប ៩គ្រឿង រួមមានមេដាយមាស ៤ ប្រាក់ ៣ និងសំរឹទ្ធ ២គ្រឿង៕ អត្ថបទ លី ឈុនឡា

ប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមពិធីបើកផ្លូវការព្រឹត្តិការណ៍កីឡាជនពិការអាស៊ីប៉ារ៉ាហ្គេម នៅជប៉ុន

2026/10/19 12:44:08 pm        279
ឯកឧត្តម សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកប្រធានប្រតិភូកីឡាជនពិការកម្ពុជា និងមន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនីពិការកម្ពុជាបានចូលរួមពិធីបើកជាផ្លូវការ នៅក្នុងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ពីថ្ងៃទីថ្ងៃទី១៨-២៤ ខែតុលា ឆ្នាំ២០២៦។ឯកឧត្តម សំហេង បុរស បានលើកឡើងក្នុងពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមនេះ ក្រោមព្រះរាជវត្តមានព្រះអង្គម្ចាស់ Akishino និងព្រះអង្គម្ចាស់ក្សត្រីជប៉ុន ព្រមទាំងមានការចូលរួមពីគណៈប្រតិភូ និងអត្តពលិកទូទាំងទ្វីបអាស៊ី។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមប្រធានប្រតិភូប៉ារ៉ាឡាំពិកកម្ពុជាបង្ហាញក្តីមោទនភាពចំពោះប្រតិភូកីឡាកម្ពុជា ដែលបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាកម្រិតទ្វីបនេះ និងបង្ហាញពីសមត្ថភាពរបស់អត្តពលិកកម្ពុជានៅលើឆាកអន្តរជាតិ។ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិចូលរួមគាំទ្រ និងលើកទឹកចិត្តដល់អត្តពលិកកម្ពុជា។ គួរបញ្ជាក់ថា ប្រតិភូ មន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជាសរុប ៣១នាក់ ក្នុងនោះអត្តពលិក ១៧នាក់ លើ៥ប្រភេទកីឡា ដូចជាបាល់បោះរទេះ វាយកូនឃ្លីលើតុ អត្តពលកម្ម ហែលទឹក និងបូស្យា ខណៈក្រុមបាល់បោះជិះរទេះកម្ពុជាជាប់វគ្គជម្រុះ ខណៈ៤ប្រភេទកីឡាទៀតបានសិទ្ធិអនុគ្រោះ៕

សមាជិក Flash KH បង្ហាញសញ្ញាណវិជ្ជមានក្រុម ទោះបីរបូតកៅអីកំពូលតារាង MPL ត្រឹម​សប្ដាហ៍​ទី៣

2026/10/19 12:29:10 pm        418
បន្ទាប់ពីគ្រងតំណែងកំពូលតារាង ២សប្ដាហ៍ជាប់គ្នា មុនសម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្រុម Team Flash KH ធ្លាក់មកឈរលេខរៀងទី៣ វិញហើយ ក្រោយភ្លាត់ចាញ់ក្នុងការប្រកួតទី៤ ទល់​ក្រុម Valhalla ១-២ មុនយកឈ្នះលើក្រុម Galaxy Legends ដោយលទ្ធផល ២-០ នៃ​ព្រឹត្តិការណ៍​លីគ​អាជីពកីឡាអេឡិចត្រូនិក MPL-Cambodia រដូវកាលទី១១ កាលពីចុង​សប្ដាហ៍​កន្លង​ទៅ។ក្រោយឆ្លងកាត់ ៥ប្រកួតឈ្នះ ឈ្នះ៤ និងចាញ់ ១ Team Flash KH ត្រូវបានចាត់​ទុក​ជា​ក្រុម​គ្រោះ​ថ្នាក់​មួយក្នុងរដូវកាលនេះ តែកីឡាករ ឈួន ផេងគង់ លើកឡើងថា ក្រុមខ្លួនផ្ដោត​លើ​អនាគត​ជាងអតីតកាល ។ តែបែបនេះក្ដី រូបគេមើលឃើញក្រុមពិតជាមានប្រៀបបន្ដិច បន្ទាប់​​ពី​ការ​រៀបចំក្រុមបានល្អប្រសើរជាងរដូវកាលមុន ហើយពួកគេនឹងខំប្រឹងបន្ថែម ដើម្បីឈាន​ទៅ​សម្រេច​គោល​ដៅដណ្ដើមជើងឯក។ទន្ទឹមជាមួយគ្នាលោក ភា សុក្រាម គ្រូបង្វឹកក្រុមកំពុងឡើងដៃដែលថា ទោះបីក្រុមកំពុង​មាន​ស្ថាន​ភាព​ល្អ​ប្រសើរ​យ៉ាងណា តែការខិតខំអភិវឌ្ឍន៍សមត្ថភាពរួមគ្នានៅតែបន្ដ ដ្បិតនៅសល់​ការ​ប្រកួត​ជា​ច្រើន​ទៀត ដែលសុទ្ធតែជាក្រុមខ្លាំង។ក្រឡេកមកចាប់អារម្មណ៍លទ្ធផលបណ្ដោះអាសន្ន ក្នុងតារាងចំណាត់ថ្នាក់ នៃព្រឹត្តិការណ៍ MPL-Cambodia រដូវកាលទី១១ ក្រោយបញ្ចប់វគ្គវិលជុំសន្សំពិន្ទុ សប្ដាហ៍ទី៣ គឺក្រុម Vigor Apex បាន​ហក់ទៅឈរកំពូលតារាងបណ្ដោះអាសន្ន ជាមួយកំណត់ត្រាមិនចាញ់សោះ ពោលគឺឈ្នះ ៥​ប្រកួត​ជាប់​ៗគ្នា គ្រាដែលក្រុមការពារជើងឯក Pro E-Sports បានឈរលេខ២ មាន ៥ពិន្ទុ​ស្មើ​ក្រុម​កំពូល​តារាង ក្រោយឆ្លងកាត់ ៥ប្រកួតឈ្នះ ៥ និងចាញ់ ១។ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្រុម Galaxy Legends បានធ្លាក់ចូលក្នុងតំបន់គ្រោះថ្នាក់ ដោយឈរលេខរៀងទី៧បណ្ដោះអាសន្ន ក្នុងចំណោម ១០ក្រុម ក្រោយឆ្លងកាត់ ៦ប្រកួតឈ្នះ២ និងចាញ់ ៤ ។ លទ្ធផលនេះ ធ្វើឲ្យពួកគេប្រឈមនឹងការលំបាកក្នុងការប្រជែងកៅអីវគ្គ Playoffs ទោះបីពួកគេនៅសល់ ៣ប្រកួតក្នុងដៃទៀតក្ដី៕ អត្ថបទ លី ឈុនឡា

វិសាខា ណាហ្គា និងក្រុមការពារជើងឯកព្រះខ័នរាជ បន្ថែម ៣ពិន្ទុ ខណៈអង្គរថាយហ្គឺរ ស្គាល់ជ័យជម្នះក្នុងលីគ

2026/10/19 11:54:37 am        238
ក្រុមបាល់ទាត់វិសាខា ណាហ្គាវើលដ៏ និងក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានបន្ថែម ៣ពិន្ទុរៀងៗខ្លួន ក្នុងការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ក្រោយយកឈ្នះគូប្រកួត កាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេលក្រុមអង្គរថាយហ្គឺរ ទើបស្គាល់ជ័យជម្នះលើកដំបូង លើក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ។សម្រាប់ក្រុមវិសាខា បានបន្ថែម ៣ពិន្ទុយ៉ាងសំខាន់ ដើម្បីរក្សាកៅអីកំពូលតារាង ដោយរកបាន ១២ពិន្ទុពេញ ក្រោយយកឈ្នះទាំងប្រផិតប្រផើយ ៣-២ លើក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ។ ជំនួបនៅទឹកដីខេត្តតាកែវនេះ វិសាខា បាននាំមុខក្រុមម្ចាស់ផ្ទះ ៣គ្រាប់មុន ដែលរកបានដោយកីឡាករ Donovan Ewolo នៅនាទី២៧, Jaume Cuellar នៅនាទី៣៥ និង ស៊ិន កក្កដា នៅនាទី៤៩ តែត្រូវបានគិរីវង់ខសែនជ័យ វាយបកបាន ២គ្រាប់វិញ ដោយកីឡាករ Hall Louis Anden នៅនាទី៦៧ និងនាទី៧៣ មុនមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលធ្វើឲ្យក្រុមទាំងពីរពិបាកលេង ហើយបានរក្សាលទ្ធផលនេះដល់ការប្រកួតពេញម៉ោង។ចំណែកក្រុមព្រះខ័នរាជស្វាយរៀង វិញ បានយកឈ្នះក្រុមភ្ញៀវបឹងកេត ដោយលទ្ធផល ៤-១ ។ ការប្រកួតនៅកីឡដ្ឋានស្វាយរៀងនេះ ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខ ៣គ្រាប់មុន ដែលរកបានដោយកីឡាករ អូសិ តាកាគី នៅនាទីទី៣, ញាណ សុស៊ីដាន នៅនាទី៣៦ និង Shields Connor Jon នៅនាទី៤៥ មុនកីឡាករ បេនតូ អ៊ីយ៉ាហ្គោ វាយបកបាន ១គ្រាប់នៅចុងវគ្គទី១ គ្រាដែលចូលវគ្គទី២ សៀង ចន្ធា បានស៊ុតពីចម្ងាយបន្ថែមគ្រាប់ទី៤ ឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី៥២ ហើយក៏ជាគ្រាប់ចុងក្រោយក្នុងជំនួបដ៏ធំប្រចាំសប្ដាហ៍នេះ។ ជ័យជម្នះនេះ បានជួយឲ្យព្រះខ័នរាជស្វាយរៀង រក្សាលេខរៀងទី២ បណ្ដោះអាសន្នមាន ១០ពិន្ទុ ស្មើណាហ្គាវើលដ៏ ដែលឆ្លងកាត់ ៤ប្រកួតឈ្នះ ៣ និងស្មើ ១ ដូចគ្នា។សម្រាប់ក្រុមណាហ្គាវើលដ៏ បានរក្សាតំណែងលេខ៣ ក្រោយយកឈ្នះលើក្រុម អឹមអូអាយ កំពង់ដេវ៉ា ទាំងលំបាក ១-០ លើទឹកដីខេត្តកំពង់ស្ពឺ។ គ្រាប់បាល់ជ័យជម្នះក្នុងជំនួបដ៏តានតឹងនេះ រកបានដោយកីឡាករ Jefferson Pessanha Agostinho តាមរយៈការស៊ុតបាល់ពិន័យ ១១ម៉ែត្រ  នៅនាទី១៥ ក្រោយការបង្កកំហុសរបស់ខ្សែការពារក្រុម អឹមអូអាយ កំពង់ដេវ៉ា ក្នុងប្រអប់គ្រោះថ្នាក់ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ទោះបីក្រុមភ្ញៀវ បានព្យាយាមវាយបក តែមិនអាចទម្លាយរបាំងការពារដ៏រឹងមាំរបស់ក្រុមលោក ឃឹម បូរី ឡើយ។អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្រុមអង្គរថាយហ្គឺរ បានស្គាល់ជ័យជម្នះលើកដំបូង ជាមួយលទ្ធផលភ្លុកទឹកភ្លុកដីលើក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ រហូតដល់ ៦-០។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះ ដែលមានមូលដ្ឋាននៅខេត្តសៀមរាបនេះ រកបានដោយកីឡាករ Manny Aguek ៣គ្រាប់ នៅនាទីទី៨, នាទី៤៥+១ និងនាទី៨២ ខណៈ ៣គ្រាប់ទៀត រកបានដោយកីឡាករ Mikhael Akatsuka នៅនាទី២៥, លី សូសៀ នៅនាទី៦៣ និង ស៊ូ ម៉េងហុង នៅនាទី៦៨។ ជ័យជម្នះលើកដំបូងនេះដែរ បានជួយឲ្យអង្គរថាយហ្គឺរ រំកិលពីលេខ៨ មកឈរលេខ៥ បណ្ដោះអាសន្ន ដោយរកបាន ៥ពិន្ទុ គ្រាដែលកងយោធពលខេមរភូមិន្ទ បានឈរបាតតារាង ដោយមិនទាន់រកបានមួយពិន្ទុឡើយ៕អត្ថបទ លី ឈុនឡា

គ្រូភ្នំពេញក្រោន សង្ឃឹមអ្នកគាំទ្រមានមោទនភាពជាមួយជ័យជម្នះលើក្រុមកូរ៉េ Gangwon ក្នុងពានទី២ ទ្វីបអាស៊ី

2026/10/16 01:06:34 pm        228
ក្លិបភ្នំពេញក្រោន របស់កម្ពុជា បានបង្កការភ្ញាក់ផ្អើល ជាមួយការធ្វើបានយ៉ាងល្អ ក្នុងការយកឈ្នះលើក្រុមម្ចាស់ផ្ទះ Gangwon FC របស់កូរ៉េខាងត្បូង ដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Champions League Two 2026/27 ពូលH កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Gangneung នៃសាធារណរដ្ឋកូរ៉េ។ក្រោយចប់ការប្រកួតលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានបង្ហាញមោទនភាពជាខ្លាំង ក្នុងការប្រកួតទល់នឹងក្រុមកម្រិតខ្ពស់របស់ប្រទេសកូរ៉េខាងត្បូង ដោយលោកសង្ឃឹមថា អ្នកគាំទ្របាល់ទាត់កម្ពុជា នឹងមានមោទនភាពជាមួយលទ្ធផលក្នុងការប្រកួតនេះដូចគ្នា។បន្ទាប់ពីចាប់ផ្ដើមការប្រកួត ដោយប្រុងប្រយ័ត្នរៀងខ្លួននៅដើមវគ្គទី១ ភ្នំពេញក្រោន បានព្យាយាមវាយសម្រុក និងបង្កើតឱកាសក្នុងតំបន់ប្រយុទ្ធជាច្រើន រហូតរកបានគ្រាប់នាំមុខ ១គ្រាប់មុននៅចុងម៉ោង ដោយកីឡាករ Guytho Minland នៅនាទី៤៤ ខណៈក្រុម Gangwon FC ក៏មានឱកាសស៊ុតម្ដងម្កាលដែរ តែត្រូវបានរារាំងដោយអ្នកចាំទី អ៊ុំ វិចិត្រ។ចូលវគ្គទី២ ក្រុមម្ចាស់ផ្ទះបានព្យាយាមវាយសម្រុកវិញ រហូតមានឱកាសស៊ុតបាល់ពិន័យ ១១ម៉ែត្រ តាមស្មើវិញ ១-១ ដោយកីឡាករ Abdallah Hleihel នៅនាទី៦១ តែជាង ១០នាទីក្រោយមក ភ្នំពេញក្រោន ក៏ទទួលបានការទាត់បាល់ពិន័យ ១១ម៉ែត្រវិញ បន្ទាប់ពីកីឡាករ Jeong Seung-bin បង្កកំហុសលើ Moses Dyer ឲ្យដួលក្នុងតំបន់គ្រោះថ្នាក់ ហើយខ្សែប្រយុទ្ធជម្រើសជាតិញូវហ្សេឡែនរូបនេះ ក៏បានស៊ុតបញ្ចូលទីយ៉ាងល្អ ជួយឲ្យក្រុមរបស់កម្ពុជានាំមុខសារជាថ្មី ២-១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។នេះគឺជាជ័យជម្នះលើកទី២ របស់ភ្នំពេញក្រោន ដែលនាំឲ្យក្រុមជើងឯករងលីគកំពូលកម្ពុជានេះ រក្សានូវតំណែងកំពូលតារាង ដោយរកបាន ៦ពិន្ទុពេញ បន្ទាប់ពីប្រកួតដំបូង បានយកឈ្នះក្រុម Kuching City របស់ម៉ាឡេស៊ី ដោយលទ្ធផល ២-១ កាលពីពាក់កណ្ដាលខែកញ្ញាកន្លងទៅ។ នេះគឺជាដើមទន់ដ៏សំខាន់សម្រាប់ក្រុមសិង្ហក្រហម ក្នុងដំណើរប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ីមួយនេះ មុនជំនួបបញ្ចប់ជើងទី១ ទល់ក្រុម Kitchee របស់ហុងកុង នាថ្ងៃទី២៩ ខែតុលាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM