កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

លីគកំពូលកម្ពុជាត្រឡប់មកវិញ បន្ទាប់ពីសម្រាក៣សប្ដាហ៍ ខណៈព្រះខ័នរាជ ត្រូវជួបបឹងកេត

2026/10/16 12:43:25 pm        219
ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ នឹងត្រឡប់មកវិញ នាចុងសប្ដាហ៍នេះ បន្ទាប់ពីសម្រាកការប្រកួត ៣សប្ដាហ៍ កំឡុងពេល FIFA Day និងពិធីបុណ្យភ្ជុំបិណ្ឌ។សម្រាប់កម្មវិធីប្រកួតសប្ដាហ៍ទី៤ ក្នុងការត្រឡប់មកវិញ នៃលីគកំពូលកម្ពុជានេះ សុទ្ធសឹងជាគូជក់ចិត្ត ពិសេសក្រុមការពារជើងឯកព្រះខ័នរាជស្វាយរៀង ដែលត្រូវធ្វើការងារធ្ងន់ ត្រូវជួបក្រុមខ្លាំងបឹងកេត នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅកីឡដ្ឋានស្វាយរៀង។ព្រះខ័នរាជស្វាយរៀង ទើបបញ្ចប់ភារកិច្ចប្រកួតពានរង្វាន់អន្ដរជាតិចំនួន ២ គឺប្រកួតក្រៅដីទល់ក្រុម Johor Darul Ta'zim របស់ម៉ាឡេស៊ី ក្នុងពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ និងការប្រកួតថ្មីៗ ស្មើក្រុម  Shanghai Shenhua FC របស់ចិន ក្នុងពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ផ្ទុយពីបឹងកេត ដែលសម្រាករហូត ក្រោយចាញ់វិសាខា ក្នុងលីគសប្ដាហ៍ទី៣។ទោះបីព្រះខ័នរាជស្វាយរៀង មមាញឹកជាមួយការប្រកួតច្រើន ស្របពេលបឹងកេត កំពុងត្រៀមខ្លួនយ៉ាងល្អក្នុងការប្រកួតលីគរដូវកាលថ្មី ជំនួបរវាងក្រុមទាំងពីរ នាចុងសប្ដាហ៍នេះ នៅតែត្រូវបានចាត់ទុកជាការប្រកួតដ៏ធំ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ។ក្រឡេកទៅចាប់អារម្មណ៍ការប្រកួត ៤គូផ្សេងទៀត រួមមាននៅថ្ងៃទី១៧ ខែតុលាស្អែក គឺក្រុមគិរីវង់សុខសែនជ័យ ត្រូវបើកទ្វារផ្ទះទទួលក្រុមកំពូលតារាងមិនទាន់ស្គាល់ចាញ់ វិសាខា និងណាហ្គាវើលដ៏ ត្រូវជួបក្រុមកំពុងឡើងជើង អឹមអូអាយ កំពង់ដេវ៉ា ។ ចំណែកនៅថ្ងៃទី១៨ ខែតុលា នឹងមាន ២គូផ្សេងទៀត ក្រៅពីព្រះខ័នរាជស្វាយរៀង ជួបបឹងកេត គឺមានក្រុមអង្គរថាយហ្គឺរ ជួបក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ និងក្រុមភ្នំពេញក្រោន ដែលទើបយកឈ្នះក្រុម Gangwon FC របស់កូរ៉េខាងត្បូង ក្នុងពានរង្វាន់ AFC Champions League Two 2026/27 នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមឡាយហ្វខេត្តព្រះសីហនុ៕ អត្ថបទ លី ឈុនឡា

គ្រូព្រះខ័នរាជ មិនសប្បាយចិត្តនឹងលទ្ធផល តែគ្រូ Shanghai រីករាយនឹងការតស៊ូកូនក្រុម ក្រោយស្មើគ្នា ០-០

2026/10/16 10:50:58 am        228
ក្រុមព្រះខ័នរាជស្វាយរៀង បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ជាមួយក្រុមភ្ញៀវ Shanghai Shenhua FC របស់ចិន បន្ទាប់ពីប្រកួតស្មើគ្នា ០-០ ក្នុងជំនួបជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 ពូលG កាលពីរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ក្រោយចប់ការប្រកួតលោក Matthew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានមើលឃើញពីចំណុចវិជ្ជមានរបស់ក្រុម តែមិនសប្បាយចិត្តនឹងលទ្ធផល ស្របពេលគ្រូបង្វឹកក្រុមខ្លាំងចិន លោក Vladan Milojevic ហាក់រីករាយនឹងការតស៊ូរបស់កូនក្រុម ទោះបីលោកមិនសូវសប្បាយចិត្តជាមួយបញ្ហាមួយចំនួនក្ដី។ជាមួយជំនួបដ៏តានតឹងនេះ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានព្យាយាមដាក់សម្ពាធ និងបង្កើតឱកាសស៊ុតជាច្រើន បើធៀបនឹងក្រុមភ្ញៀវ តែមិនអាចទម្លាយរបាំងការពាររបស់ក្រុម Shanghai Shenhua FC បានឡើយ ទោះបីមានឱកាសខ្លះ កីឡាកររបស់ម្ចាស់ផ្ទះស្ទើរស៊ុត ឬតែតបញ្ចូលទីក៏ដោយ។ រីឯក្រុមភ្ញៀវក៏មានឱកាសមុតស្រួចដូចគ្នា តែត្រូវបានជួយសង្គ្រោះដោយ វីរៈ ដារ៉ា។លោក Matthew McConkey បានលើកឡើងថា កូនក្រុមរបស់ខ្លួនធ្វើបានល្អច្រើន បើធៀបនឹងប្រកួតមុន ពិសេសវគ្គទី២ ដែលព្រះខ័នរាជ បានគ្រប់គ្រងបាល់ច្រើន គ្រាន់តែខ្វះសំណាងក្នុងការបញ្ចប់ទី ដោយសារកាលៈទេសៈមួយចំនួន។ យ៉ាងណាលោកនៅតែមិនសប្បាយចិត្តចំពោះលទ្ធផលស្មើនេះឡើង ព្រោះលោកមើលឃើញក្រុមសមនឹងទទួលបាន ៣ពិន្ទុ។ដោយឡែកលោក Vladan Milojevic ថា ក្រុមពិតជាមានការខំប្រឹង និងតស៊ូខ្លាំងក្នុងការប្រកួតនេះ ទោះបីលទ្ធផលមិនសមប្រកប ហើយលោកថែមទាំងបន្ទោសលើបញ្ហាស្មៅ រួមជាមួយអាកាសធាតុ និងការមិនអនុញ្ញាតឲ្យមានការសម្រាកទទួលទានទឹក នៅពាក់កណ្ដាលលវគ្គនីមួយៗជាដើម។បន្ទាប់ពីរកបាន ១ពិន្ទុដំបូង បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង ឈរលេខរៀងទី៣ បណ្ដោះអាសន្នក្នុងពូលG គ្រាដែលក្រុម Shanghai Shenhua FC បន្ដឈរលេខ២ រកបាន ៤ពិន្ទុ តាមពីក្រោយក្រុម Machida Zelvia របស់ជប៉ុន ដែលរកបាន ៦ពិន្ទុពេញ បន្ទាប់ពីយកឈ្នះក្រុម Tampines Rovers របស់សិង្ហបុរី ១-០ នៅរាត្រីថ្ងៃព្រហស្បតិ៍ជាមួយគ្នា៕ អត្ថបទ លី ឈុនឡា  

ខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុឡើងជួបគ្នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ (ពានថ្នាក់ខេត្ត)

2026/10/15 01:48:26 pm        285
សមាគមបាល់ទាត់ខេត្តត្បូងឃ្មុំ កក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ពានថ្នាក់ខេត្ត ក្រោយឈ្នះខេត្តកំពង់ស្ពឺ ៩ទល់នឹង១ ជើងទី២ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ស្របពេលខេត្តព្រះសីហនុវាយបកយកឈ្នះខេត្តកណ្ដាល។ជំនួបនេះវគ្គទី១ ក្រុមភ្ញៀវ ខេត្តត្បូងឃ្មុំ នាំមុខម្ចាស់ផ្ទះកំពង់ស្ពឺ ៥ទល់នឹង០ ដោយគ្រាប់បាល់របស់កីឡាករ ជា ណាវីន​ នាទីទី២ និងនាទីទី៣៥ កីឡាករ សារី តៃម៉ូ នាទីទី១៨ និងនាទីទី៣៧ និង កីឡាករ OKORO OSA OROBOSA នាទីទី២២។ចំណែក៤គ្រាប់បន្ថែមនៅក្នុងវគ្គទី២នេះ កើតឡើងដោយកំហុសធ្វើឱ្យចូលទីខ្លួនឯងរបស់កីឡាករ ថន រស្មី មុនពេលកីឡាករ BRUNO WELLYNTON KRENKEL បន្ថែមមួយគ្រាប់ និងកើ ហ្វីន ពីរគ្រាប់ទៀតនៅចុងម៉ោង។នៅកីឡដ្ឋានខេត្តកណ្ដាល ៣គ្រាប់តែឯងរបស់កីឡាករ ឆន ចាន់តុលា បានជួយឱ្យខេត្តព្រះសីហុន យកឈ្នះ ខេត្តកណ្ដាល ៣ទល់នឹង១ ក្នុងជើងទី២ ទោះបីម្ចាស់ផ្ទះខេត្តកណ្ដាលនាំមុខ មុនយ៉ាងណាក៏ដោយ។ដោយជើងទី១ ខេត្តកណ្ដាលឈ្នះខេត្តព្រះសីហនុ ៤ទល់នឹង២ ហើយជើងទី២ ព្រះសីហនុ ឈ្នះ៣ទល់នឹង១ ធ្វើឱ្យពិន្ទុសរុបទាំងពីរជើង ស្មើគ្នា ៥ទល់នឹង៥។ ដើម្បីសម្រេចក្រុមឡើង ការទាត់បាល់កាត់សេចក្ដី១១ម៉ែត្រ ត្រូវបានធ្វើឡើង ហើយទីបំផុត ខេត្តព្រះសីហនុ បានយកឈ្នះលើខេត្តកណ្ដាល ៥ទល់នឹង៣ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ជួបខេត្តត្បូងឃ្មុំ។វគ្គពា់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ថ្ងៃទី២១ ខែតុលា លេងនៅទឹកដីខេត្តព្រះសីហនុ និងជើងទី២ថ្ងៃទី២៨ ខែតុលា លេងនៅទឹកដីខេត្តត្បូងឃ្មុំ៕ 

បាត់ដំបងយកឈ្នះស្ទឹងត្រែង ឡើង​ទៅ​ជួប​កោះ​កុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេចតេជោ

2026/10/15 01:11:15 pm        192
ក្រុមបាល់ទាត់បាត់ដំបង យូណៃធីត បានយក​ឈ្នះ​សមាគ​ម​កីឡាបាល់​ទាត់​ភូមិបាល​ស្រុក​ថា​ឡាបរិវ៉ាត់​ ៧ទល់នឹង១ ជើងទី២ ថ្ងៃទី១៤ ខែតុលា ក្នុង​ការ​ប្រកួត​កីឡាបាល់​ទាត់​ពាន​រង្វាន់​សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ឆ្នាំ២០២៦-២០២៧ ពានថ្នាក់ខេត្ត ដើម្បី​ឡើង​ទៅ​ជួប​ក្រុម​បាល់​ទាត់​ខេត្ត​កោះកុង​ដែល​ស្មើបន្ទាយមានជ័យ ១ទល់១ជើងទី២ដែរ។នៅលើទីលានបាល់ទាត់សាលាបឋមសិក្សាស្ទឹងត្រឹងក្រុម លេងបាន១២នាទី ភ្ញៀវ​បាត់​ដំបង​យូណៃធីត ​ផ្ដើមនាំមុខមុនដោយគ្រាប់បាល់របស់កីឡាករ ឡុង ម៉េងហាវ។​ ០២នាទី​បន្ទាប់​កីឡាករ ​តាំង ពិសី បន្ថែមគ្រាប់ទី២​ឱ្យក្រុម​ មុនពេលដែលកីឡាករ កែម វ៉ាន់ដា ធ្វើឱ្យ​មាន​កំហុស​ចូល​ទី​ខ្លួន​​ឯង​។ តែយ៉ាងណា ២នាទីមុនចប់វគ្គទី១​កីឡាករ ត្រាយ វិចិត្រ រក​បាន​គ្រាប់​ទី​៣​ឱ្យ​បាត់​ដំបង​ នាំមុខស្ទឹងត្រែង ៣ទល់នឹង១។ក្នុងវគ្គទី២ លេងបានត្រឹមតែ៣នាទី កីឡាករ ឡុង ម៉េងហាវ បន្ថែមមួយគ្រាប់ទៀតឱ្យ មុន​ពេល​កីឡាករ ​ដូរចូល រឿម ពៅ ទាត់បញ្ចូលទី ៣គ្រាប់​តែឯងបន្ថែមទៀតនៅនាទីទី៨១ ៨៣ និង​នាទី​ទី​៩០​ឱ្យ​បាត់ដំបង ឈ្នះ ៧ទល់នឹង១ ក្នុងជើងទី២នេះ។ សរុបទាំងពីរជើង បាត់​ដំបង​ឈ្នះ​ស្ទឹង​ត្រែង ​៩ទល់នឹង២ និងបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបកោះកុង។ក្រោយ​ចប់​ការប្រកួតកីឡាករ ឡុង ម៉េងហាវ បានបង្ហាញអារម្មណ៍រីក​រាយ​ដែល​បាន​រួម​ចំណែក​ជួយ​ក្រុម​ឡើង​វគ្គ​ដ៏សំខាន់នេះ។ ហើយចំពោះមុខត្រូវពង្រឹងបន្ថែមទៀតដើម្បីត្រៀមជួបកោះកុង។ចំណែក លោក ចន ទីណា អ្នកចាត់ការក្រុមបាត់ដំបង យូណៃធីត បានបង្ហាញក្ដីរីករាយ ដែល​ក្រុម​ធ្វើ​បា​នល្អ ហើយបានដឹងពីគូប្រកួតខ្លះៗដែរហើយ ហើយអ្វីដែល​លោក​បារម្ភ​គឺ​បញ្ហា​សុខភាព​កីឡាករ​។នៅទីលានបាល់ទាត់វិទ្យាល័យ ចំណេះដឹងទូទៅ និងបច្ចេកទេស តេជោ សែន កោះកុង ក្រុម​ម្ចាស់​ផ្ទះ ​ស្មើភ្ញៀវ ខេត្តបន្ទាយមានជ័យ ១ទល់នឹង១។ លទ្ធផលនេះ​ធ្វើ​ឱ្យ​កោះកុង​មាន​លទ្ធភាព​គ្រប់​គ្រាន់​ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ត្បិតសរុបទាំងពីរជើងកោះកុង ឈ្នះ៣ទល់នឹង២។ការ​ប្រកួតជើងទី២នេះត្រូវពន្យាខណៈពេល ដោយសារភ្លៀងខ្លាំង។ មុនភ្លៀងចាប់ផ្ដើមធ្លាក់ខ្លាំង ម្ចាស់​ផ្ទះកោះកុងនាំមុខមុន តាំងតែពីនាទីទី២១ ប៉ុន្តែក្រោយភ្លៀងរាំង ការប្រកួតបន្ត ហើយ​បន្ទាយ​មាន​ជ័យ​ក៏វាយបកតាមស្មើដោយគ្រាប់បាល់របស់កីឡាករ សាវុធ សុខជានៅនាទីទី៦៧។ នាទី​នៅ​សេសសល់ គ្មានក្រុមណារកគ្រាប់បាល់បានទេ។ក្នុងវគ្គពាក់​កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ថ្ងៃទី២១ ខែតុលា កោះកុង ទទួលបាត់ដំបងយូណៃធីត មុន​ធ្វើ​ដំណើរម​កទឹកដីបាត់ដំបងវិញថ្ងៃទី២៨ ខែតុលា៕

អ្នករត់ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ តែងប្រែប្រួលតាមស្ថានភាព តែ​អ្វី​ដែល​សំខាន់​គឺ​ការ​ពង្រឹង​គុណភាពរៀបចំ

2026/10/15 11:45:59 am        323
ជាង ៣ទសវត្សរ៍មកហើយ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត បាន​ទាក់​ទាញ​អ្នក​ចូល​រួមរាប់ម៉ឺននាក់។ ទន្ទឹមនឹងនោះ ក៏តែងមានការប្រែប្រួលតួរលេខអ្នកចូលរួម ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្ដែងផងដែរ ប៉ុន្ដែគណៈកម្មការ​បាន​ប្ដេជ្ញាខ្ពស់​ក្នុង​ការ​បន្ដ​ខិតខំ​ពង្រឹង​ឲ្យ​បាន​នូវ​គុណភាព​នៃ​ការរៀបចំ ដើម្បីផ្ដល់ភាពកក់ក្ដៅ និងសុវត្ថិភាពអ្នករត់មកពីជុំវិញពិភពលោក។នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង​ជា​អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្នុងសន្និសីទសារព័ត៌មាន នៅ​ថ្ងៃទី១៤ ខែតុលា ស្ដីពីទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៣១ ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅនាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ នៅមុខប្រាសាទអង្គរវត្ត ខេត្ត​សៀមរាប​។ឯកឧត្តមបន្ដថា រយៈពេល ៣១ឆ្នាំកន្លងមក គណៈកម្មការរៀបចំបានឆ្លងកាត់ឧបសគ្គជាច្រើន ដោយ​ផ្ដើម​ពីការរៀបចំដំបូង នៅឆ្នាំ១៩៩៦ មានអ្នកចូលរួមជាង ៦០០នាក់ រហូតមាន​អ្នក​រត់​កើន​ឡើង​ដល់​រាប់​ម៉ឺននាក់ ប៉ុន្ដែកំណើននេះ មានឡើងមានចុះ មិនកើនឡើងរហូតនោះទេ ជាក់​ស្ដែង​មុន​វិបត្តិកូវីដ-១៩ ព្រឹត្តិការណ៍នេះ បានអ្នកទាញ់អ្នកចូលរួមជាង ១ម៉ឺននាក់ ៣ឆ្នាំជាប់គ្នា។ប៉ុន្ដែ​ដោយសារវិបត្តិជំងឺរាតត្បាតជាសកលនេះ កំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១ ព្រឹត្តិការណ៍នេះ ត្រូវ​បានផ្អាក ហើយរៀបចំជំនួសវិញដោយយុទ្ធនាការ Virtual Run ឬរត់នៅផ្ទះរៀងៗខ្លួន មុន​ផ្ដើម​រៀប​ចំឡើងវិញនៅឆ្នាំ២០២២ ដោយមានអ្នកចូលរួមជាង ៧ពាន់នាក់ ហើយកើន​ឡើង​ដល់​ជាង ​១ម៉ឺននាក់ នៅឆ្នាំបន្ទាប់ និងកើនដល់ ១៣,៤១៦នាក់ នៅឆ្នាំ២០២៤ និង​បន្ដ​កើន​ឡើង​ជាង ​១៦,០០០នាក់ នៅឆ្នាំ២០២៥។ក្រឡេក​មកចាប់អារម្មណ៍ឆ្នាំនេះវិញ បច្ចុប្បន្នគណៈកម្មការបានទទួលអ្នកចុះឈ្មោះប្រមាណ ១២,០០០នាក់ តែសន្ទុះនៃការចុះឈ្មោះនេះ រាងយឺតបន្ដិច បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ​សល់ពេលជាង ១ខែអាចមានអ្នកចុះឈ្មោះជាង ១៥,០០០នាក់។ ដំណើរ​ថម​ថយ​នៃ​ការ​ចុះ​ឈ្មោះ​នេះ ត្រូវបានឯកឧត្តម វ៉ាត់ ចំរើន មើលឃើញពីការរងនូវឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកល រួម​ជាមួយគ្រោះធម្មជាតិក្នុងតំបន់ និងបញ្ហាមួយចំនួនទៀត។យ៉ាងណាមិញទម្រាំដល់ថ្ងៃរត់ផ្លូវការ ឯកឧត្តមសង្ឃឹមថាថា នឹង​មាន​អ្នក​ចុះ​ឈ្មោះចូ​ល​រួម​បន្ថែម​ទៀត​ ទោះបីមិនអាចរក្សាតួរលេខអ្នកចូលរួមប្រហាក់ប្រហែលឆ្នាំមុន យ៉ាងច្រើន​មាន​ការ​ថយ​ចុះ​បន្ដិច​បន្ដួច​ ហើយក្នុងនាមគណៈកម្មការរៀបចំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​ប្ដេជ្ញា​យ៉ាង​មុត​មាំក្នុ​ងការពង្រឹងគុណភាពរៀបចំ ដើម្បីធានាបាននូវសុវត្ថិភាព ផាកសុខភាព និង​ផ្ដល់​ភាព​កក់​ក្ដៅដល់អ្នករត់ទាំងអស់គ្នា។ឯកឧត្តម វ៉ាត់ ចំរើន បន្ដទៀតថា ចំពោះគោលបំណង​នៃ​ព្រឹត្តិការណ៍​រត់​ប្រណាំង​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​នេះ​ដែរ​ គឺរក្សានៅដដែល គឺរត់ដើម្បីការងារមនុស្សធម៌ ជាពិសេស​ជួយ​ជន​រង​គ្រោះ​ដោយ​សារ​គ្រាប់​មីន​ ជួយដល់មន្ទីរពេទ្យកុមារ និងអង្គការមួយចំនួន ព្រមទាំង​បំផុស​នូវ​យុទ្ធនា​ការ​ការពារ​បរិស្ថាន​ក្នុង​តំបន់​បេតិក​ភណ្ឌ​ និង​បំផុស​ចលនាកីឡា​ដើ​ម្បីលើក​កម្ពស់​សុខ​ភាព​សាធារណៈ​ដល់​ប្រជា​ពលរដ្ឋ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចសង្គមជាតិជាដើម។សម្រាប់វិញ្ញាសារត់ គឺមានចំនួន ៤ រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ។ ដោយសារការចុះឈ្មោះខិតជិតដល់ថ្ងៃបិទ គណៈ​កម្មការ​រៀប​ចំ​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានច្រើន ដើម្បីចូលរួមផ្សព្វផ្សាយអំពីសក្ដានុពល និង​កេរ្ដិ៍​ឈ្មោះ​របស់កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងចូលរួមលើកស្ទួយវិស័យទេសចរណ៍ និង​ទាក់​ទាញ​អ្នក​វិនិយោគមកកាន់ប្រទេសកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា

គ្រូភ្នំពេញក្រោន មានមោទនភាពក្នុងការប្រកួតកម្រិតខ្ពស់ទល់ក្រុមខ្លាំងកូរ៉េ Gangwon ល្ងាចនេះ

2026/10/15 11:00:49 am        198
ក្លិបភ្នំពេញក្រោន នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Gangwon FC របស់កូរ៉េខាងត្បូង នាវេលាម៉ោង ៥ល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្នុងពូលH នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 នៅកីឡដ្ឋាន Gangneung។នេះគឺជាការប្រកួតទី២ ក្នុងពូលរបស់ក្រុមតំណាងកម្ពុជា ភ្នំពេញក្រោន បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវ Kuching City របស់ម៉ាឡេស៊ី ២-១ កាលពីពាក់កណ្ដាលខែកញ្ញា គ្រាដែលប្រកួតដំបូងរបស់ក្រុមខ្លាំងកូរ៉េខាងត្បូង Gangwon FC បានត្រឹមស្មើក្រុមម្ចាស់ផ្ទះ Kitchee របស់ហុងកុង ០-០។ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត ១ថ្ងៃ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានលើកឡើងថា នេះគឺជាកិត្តិយសមួយសម្រាប់ភ្នំពេញក្រោន ដែលបានលេងក្នុងនាមជាក្រុមតំណាងឲ្យកម្ពុជា ពិសេសគឺបានជួបក្រុមមានកម្រិតខ្ពស់ ហើយក៏ជាលើកទីមួយក្នុងប្រវត្តិសាស្រ្តក្លិបដែរ ដែលបានជួបជាមួយក្រុមនៅកូរ៉េ។ នេះគឺជាមោទនភាពក្នុងការបង្ហាញថា ក្រុមនៅកម្ពុជាអាចប្រកួតប្រជែងបានលើឆាកអន្ដរជាតិ។លោក Oleg បន្ដថា ក្រុមបានដឹងថា បាល់ទាត់នៅកូរ៉េខាងត្បូង គឺមានការប្រកួតប្រជែងខ្លាំង ជាពិសេសចាប់ពីក្រុមចំណាត់ថ្នាក់លេខ២ ដល់លេខ៩ ដែលគម្លាតឆ្ងាយពីគ្នាតែ ៦ពិន្ទុប៉ុណ្ណោះ។ ដូច្នេះលោកដឹងច្បាស់ថា ការប្រកួតនេះ នឹងមានការប្រជែងខ្លាំងកម្រិតណា។ សម្រាប់ក្រុម Gangwon កំពុងឈរលេខ៣ ហើយក៏កំពុងតែប្រជែងលេងពានរង្វាន់អន្តរជាតិ Champions League Elite នារដូវកាលក្រោយផងដែរ។បន្ថែមលើនេះ Gangwon គឺជាក្រុមដែលលេងបាល់លឿន បូករួមជាមួយកាយសម្បទា បច្ចេកទេស និងការប្រជែងខ្លាំង ជាមួយនឹងការដឹកបាល់ទៅបញ្ចប់ទីគូប្រកួត ។ លោក Oleg យល់ថា ការលេងបែបនេះ គឺវាជាភាពទាក់ទាញមួយ ស្របពេលពួកគេ គឺជាក្រុមដែលមានប្រព័ន្ធការពារដ៏ខ្លាំងក្លា និងមិនរបូតគ្រាប់បាល់ច្រើនថែមទៀត។ទន្ទឹមជាមួយគ្នា គ្រូភ្នំពេញក្រោន ក៏ហាក់មានបង្ហាញក្ដីបារម្ភខ្លះពីបញ្ហាអាកាសធាតុផងដែរ ។ លោកថា អ្វីដែលខុសប្លែកពីកម្ពុជាគឺអាកាសធាតុ ដោយក្រុមត្រូវលេងនៅក្រោមអាកាសធាតុ ៣០បូក ហ្វឹកហាត់ក្រោមអាកាសធាតុ ៣០បូក ហើយការប្រកួតគឺក្រោមអាកាសធាតុក្តៅ ។ ដូច្នេះក្រុមមកទីនេះដូចជាភពផ្សេងមួយទៀត ។ នេះគឺជាផលវិបាកមួយដែរសម្រាប់ក្រុម ដែលត្រូវតែសម្របខ្លួនតាមស្ថានការណ៍នេះ ខណៈបើនិយាយពីពីការប្រកួតគឺនឹងតានតឹង។គួរដឹងថា បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន មាន ៣ពិន្ទុលើក្រុម Gangwon និងក្រុម Kitchee ដែលមាន ១ពិន្ទុស្មើគ្នា គ្រាដែលក្រុម Kuching City មិនទាន់មានពិន្ទុរាប់ឡើយ ។ ហើយថ្ងៃនេះដែរ ក្រៅពីជំនួបរវាងក្រុមខ្លាំងកម្ពុជា ទល់ក្រុមខ្លាំងកូរ៉េខាងត្បូង ក្រុម Kuching City ក៏នឹងត្រូវបើកទ្វារផ្ទះទទួលក្រុម Kitchee នៅម៉ោងដំណាលគ្នាផងដែរ៕ អត្ថបទ លី ឈុនឡា 

ព្រះខ័នរាជ ប៉ះក្រុមខ្លាំងចិន Shanghai Shenhua យប់នេះ ខណៈគ្រូ​បង្វឹក​រំពឹង​លទ្ធផល​ល្អ​រៀង​ខ្លួន

2026/10/15 10:16:19 am        210
ក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបក្រុម Shanghai Shenhua FC របស់ចិន ក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់កម្រិតទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 ពូលG នាវេលាម៉ោង ៧៖១៥នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត ១ថ្ងៃ លោក Matthew McConkey គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង បានចាត់ទុកនេះ គឺជាការប្រកួតដ៏សំខាន់ សម្រាប់ជំនួបទល់ក្រុមខ្លាំង ដែលសម្បូរដោយកីឡាករមានគុណភាពល្អ តែយ៉ាងណាក្រុមនឹងព្យាយាមលេងតាមការរៀបចំ ហើយសង្ឃឹមក្រុមនឹងទទួលបានលទ្ធផលល្អក្នុងការប្រកួតនេះ។ឆ្លៀតឱកាសនោះ លោកក៏បានរំឮកពីការប្រកួតអន្ដរជាតិ ២ប្រកួតចុងក្រោយទល់ក្លិប Machida Zelvia របស់ជប៉ុន ក៏ដូចជាការប្រកួតជាមួយក្លិប Johor Darul Ta'zim របស់ម៉ាឡេស៊ី ដែលក្រុមបានរងបរាជ័យ ហើយសង្ឃឹមថា អ្វីៗនឹងល្អប្រសើរ ក្នុងការប្រកួតទល់ក្រុមខ្លាំងចិនយប់នេះ។ដោយឡែកគ្រូបង្វឹកក្រុម Shanghai Shenhua FC លោក Vladan Milojevic វិញថា ជួបព្រះខ័នរាជស្វាយរៀង យប់នេះ ពិតជាសំខាន់ ហើយគ្រប់បេក្ខភាពក្នុងពូលG សុទ្ធតែជាក្រុមខ្លាំង។ តែយ៉ាងណាលោកជឿជាក់លើការរៀបចំ ដោយសង្ឃឹមនឹងទទួលបានលទ្ធផលល្អ ពិសេសជំនួបទល់ក្រុមជើងឯកលីគកំពូលកម្ពុជាយប់នេះ។គួរដឹងថា នេះគឺជាការប្រកួតទី២ ក្នុងពូលG របស់ក្រុមទាំងពីរ បន្ទាប់ពីប្រកួតដំបូង ក្លិបព្រះខ័នរាជស្វាយរៀង បានរងបរាជ័យក្រៅដី ទល់ក្លិប Machida Zelvia របស់ជប៉ុន ដោយលទ្ធផល ២-០ ស្របពេលក្លិប Shanghai Shenhua FC បានយកឈ្នះក្រុមភ្ញៀវ Tampines Rovers ដោយលទ្ធផល ២-១។ ដំណាលគ្នានឹងការប្រកួតរវាងក្រុមជើងឯករងលីគកំពូលចិន និងក្រុមជើងឯកលីគកំពូលកម្ពុជាយប់នេះ ក្រុម Tampines Rovers ក៏នឹងត្រូវជួបក្រុមភ្ញៀវ Machida Zelvia ផងដែរ៕ អត្ថបទ លី ឈុនឡា  

ពានសម្ដេចតេជោ-ថ្នាក់ខេត្ត ប្រកួតកាត់ក្ដីរកក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររសៀលនេះ

2026/10/14 12:41:18 pm        256
ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី២០ ឆ្នាំ២០២៦/២៧ នឹងត្រូវធ្វើការប្រកួតកាត់សេចក្ដី សម្រាប់ជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ នារសៀលថ្ងៃទី១៤ ខែតុលានេះ ដើម្បីស្វែងរកក្រុមខ្លាំងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។សម្រាប់ជំនួបដ៏សំខាន់នៅរសៀលថ្ងៃពុធនេះ រួមមានក្រុមសមាគមបា់ទាត់ភូមិបាលស្រុកថាឡាបរីវ៉ាត់ខេត្តស្ទឹងត្រែង នឹងត្រូវជួបក្រុមភ្ញៀវបាត់ដំបងយូណាយធីត នៅទីលានសាលាតម្រង់ទិសខេត្តស្ទឺងត្រែង បន្ទាប់ពីរងបរាជ័យក្រៅដី លើទឹដីខេត្តបាត់ដំបង ដោយលទ្ធផល ២-១ កាលពីជើងទី១។ចំណែក្រុមសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ បន្ទាប់ពីយកឈុ្នះក្នុងដី ៦-២ កាលពីជើងទី២ នឹងត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ វិញម្ដង នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។រីឯក្រុមបាល់ទាត់ខេត្តកោះកុង នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ បន្ទាប់ពីយកឈ្នះក្រៅដី ២-១ កាលពីជើងទី១ ស្របពេលសមាគមកីឡាបាល់ទាត់ខេត្ដកណ្ដាល ត្រូវជួបក្រុមភ្ញៀវខេត្តព្រះសីហនុ បន្ទាប់ពីជើងទី១ បានយកឈ្នះក្រៅដី ដោយលទ្ធផល ៤-២។ក្រោយបញ្ចប់ការប្រកួតកាត់សេចក្ដីនេះ ក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើការប្រកួតនាថ្ងៃទី២១ និងថ្ងៃទី២៨ ខែតុលាខាងមុខ មុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ឆ្នាំ២០២៦/២៧ ។ លើសពីនេះ ក្រុមទទួលបានជ័យជម្នះក្នុងវគ្គ ៨ក្រុមចុងក្រោយ ក៏នឹងទទួលបានកៅអីលេងពានរង្វាន់ថ្នាក់ជាតិ ជាមួយក្រុមសមាជិកលីគកំពូលកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា

ស្អែក ព្រះខ័នរាជទទួលក្លឹបចិន ឯភ្នំពេញក្រោនទៅជួបក្លឹបកូរ៉េខាងត្បូង ការប្រកួត AFC Champion League Two

2026/10/14 11:19:29 am        438
ក្លឹបបាល់ទាត់ព្រះរាជាណាចក្រកម្ពុជាទាំងពីរ ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោនត្រូវ បន្តយុទ្ធនាការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្លឹបអាស៊ីលំដាប់ទី២ បន្តទៀតក្នុងពូលរៀងៗខ្លួន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ។ ជើងឯកកម្ពុជា ព្រះខ័នរាជស្វាយរៀង បន្តការប្រកួតទី២ក្នុងពូល G ដោយត្រូវទទួលក្រុមខ្លាំងចិន Shanghai Shenhua នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅម៉ោង៧និង១៥នាទីយប់។ ព្រះខ័នរាជស្វាយរៀងបើកការប្រកួតទី១របស់ខ្លួនព្រឹត្តិការណ៍នេះ ចាញ់ក្រុមខ្លាំងជប៉ុន Machida Zelvia ២ទល់នឹង០។មុនការប្រកួតចូលមកដល់ថ្មីៗនេះគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក McConkey បានប្រាប់ឱ្យដឹងបន្ទាប់ពីត្រឡប់មកពីប្រកួត Shopee Cup ថាលោកនឹងរៀបចំក្រុមឱ្យល្អឡើងវិញត្រៀមជួបក្លឹបសៀងហៃ។ ថ្មីៗនេះក្លឹបក៏បានប្រកាសលក់សំបុត្រចូលទស្សនាសម្រាប់ការប្រកួតជាមួយ Shanghai Shenhu ដោយសំបុត្រសម្រាប់អ្នកគាំទ្រព្រះខ័នរាជស្វាយរៀង ៨,០០០ រៀល និងសំបុត្រសម្រាប់អ្នកគាំទ្រ Shanghai ៨,០០០ រៀលដែរ។ លើសពីនេះក្លឹបនៅបានបញ្ជាក់ឱ្យអ្នកគាំទ្រ ទាញយក app ព្រះខ័នរាជស្វាយរៀង ឬធ្វើការ update app ដើម្បីទទួលបាន version ចុងក្រោយរួចធ្វើការទិញសំបុត្រភ្លាមៗ។(ដាក់វីដេអូ App)ក្រឡេកទៅចាប់អារម្មណ៍ក្លឹបភ្នំពេញក្រោនវិញម្ដង។ ពេលនេះក្លឹបជើងឯករងកម្ពុជាកំពុងស្ថិតនៅកូរ៉េខាងត្បូងត្រៀមជួបជាមួយក្លឹបម្ចាស់ផ្ទះ Gangwon FC ក្នុងពូល H។ ហើយចំពោះមុខក្លឹបបានត្រៀមលក្ខណៈ និងហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីតតាំងជាមួយក្រុមខ្លាំងរបស់កូរ៉េមួយនេះនៅម៉ោង ៥និង០០នាទីល្ងាច ថ្ងៃទី១៥ ខែតុលា។ពេលនេះក្លឹបបាល់ទាត់ភ្នំពេញក្រោនកំពុងឈរនៅកំពូលតារាងមាន ៣ពិន្ទុ ក្រោយឈ្នះក្លឹបម៉ាឡេស៊ីន Kuching FC ២ទល់នឹង១ និងស្របពេលក្លឹប Kitchee របស់ហុងកុងស្មើក្លឹប Gangwon ០ទល់០។ មុនចាកចេញពីព្រះរាជាណាចក្រកម្ពុជា លោក Oleg បានប្រាប់ឱ្យដឹងថាក្លឹបរៀបចំបានយ៉ាងល្អ ក្នុងពេលសម្រាក FIFA Day។ ហើយពេលនេះកីឡាករទាំងអស់បានត្រឡប់មកវិញ និងមានវត្តមានក្នុងការប្រកួតនេះ។ នេះជាឱកាសសម្រាប់បង្ហាញពីកម្រិតបាល់ទាត់កម្ពុជា ជាមួយបាល់ទាត់ដែលមានកម្រិតខ្ពស់ដូចជាកូរ៉េខាងត្បូង ហើយយើងនឹងបញ្ចេញឱ្យអស់សមត្ថភាពសម្រាប់ការប្រកួតនេះ ជាមួយជ័យជំនះ។លោកបន្តថាសម្រាប់ភ្នំពេញក្រោនកីឡាករទាំងអស់មិនមានបញ្ហារបួសទេ ហើយពូកគេត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួត។សូមជម្រាបជូនថាការប្រកួតទាំងពីរនេះ BTV News ផ្សាយផ្ទាល់ជូនអ្នកគាំទ្របាល់ទាត់ជាតិដើម្បីបានទស្សនា និងគាំទ្រដល់បាល់ទាត់ជាតិយើង៕

Manchester City ទទួលការស្វាគមន៍បែបចំអកនៅកីឡដ្ឋាន Anfield មុនពេលលត់ Liverpool ៣-០

2026/10/13 01:28:17 pm        213
ក្លឹបបាល់ទាត់ Manchester City បានប្រឈមមុខនឹងបរិយាកាសក្តៅគគុក និងពោរពេញដោយការចំអកឡកឡើយ ពីសំណាក់អ្នកគាំទ្រហង្សក្រហម Liverpool នៅខាងក្រៅពហុកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ។ នេះជាការប្រកួតដំបូងរបស់ពួកគេ បន្ទាប់ពីគណៈកម្មការឯករាជ្យបានកាត់សេចក្តីថា Man City មានកំហុសពីបទល្មើសច្បាប់ហិរញ្ញវត្ថុជាង ១០០ ករណី។មុនពេលការប្រកួតចាប់ផ្តើម ឡានក្រុងដឹកកីឡាកររបស់ក្រុម Manchester City ត្រូវ បានឡោមព័ទ្ធដោយអ្នកគាំទ្រម្ចាស់ផ្ទះរាប់ពាន់នាក់ ដែលបាននាំគ្នាស្រែកជេរប្រមាថខ្លាំងៗព្រមទាំងមានការលើកបដាចំអកឡកឡើយចំពោះរឿងអាស្រូវហិរញ្ញវត្ថុរបស់ក្លឹប។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនេះមិនបានធ្វើឱ្យប៉ះពាល់ដល់ស្មារតីរបស់កីឡាករ Man City នោះឡើយ។នៅក្នុងការប្រកួតដ៏តានតឹងនេះ នៅនាទីទី ៦១ ក្នុងវគ្គទីពីរ ខ្សែបម្រើ Ryan Gravenberch របស់ Liverpool ត្រូវទទួលបានកាតលឿងទីពីរ (ស្មើកាតក្រហម) ហើយត្រូវបណ្តេញចេញពីទីលាន។ ការបាត់បង់សមាជិកម្នាក់នេះ បានបើកឱកាសឱ្យក្រុមលោក Enzo Maresca វាយសម្រុកយ៉ាងខ្លាំង និងរកបាន ៣ គ្រាប់បន្តបន្ទាប់គ្នា ដោយខ្សែប្រយុទ្ធ Erling Haaland (នាទី ៦៦), Jérémy Doku (នាទី ៦៨) និងគ្រាប់បាល់ចុងក្រោយដោយកីឡាករចំណូលថ្មី Rayan Cherki (នាទី ៧៨)។ជ័យជម្នះក្នុងលទ្ធផល ៣-០ នេះ បានធ្វើឱ្យ Manchester City បន្តកំណត់ត្រាឈ្នះ ៦ ប្រកួតជាប់ៗគ្នា និងកំពុងនាំមុខដាច់នៅកំពូលតារាងក្របខ័ណ្ឌ Premier League ដោយមានគម្លាត ៣ ពិន្ទុពីក្រុមលេខ ២ Arsenal៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM