កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

Ronaldo រកបានមួយគ្រាប់ ខណៈ Al Nassr ឈ្នះក្រោយការពន្យារពេលដោយសារសន្តិសុខ

2026/10/13 01:09:00 pm        159
ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ទី២ ជួយឱ្យក្រុម Al Nassr យកឈ្នះក្រុម Neftchi Fergana របស់អ៊ូសបេគីស្ថាន ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតពានរង្វាន់ AFC Champions League Elite កាលពីថ្ងៃចន្ទ បន្ទាប់ពីការប្រកួតត្រូវបានពន្យារពេលអស់រយៈពេលមួយម៉ោង ដោយសារបញ្ហាសន្តិសុខ។ការប្រកួតនេះត្រូវបានពន្យារពេល បន្ទាប់ពីអាជ្ញាធរការពារជនស៊ីវិលអារ៉ាប៊ីសាអូឌីតបានចេញការព្រមានអំពីសុវត្ថិភាព នៅ១៥នាទីមុនពេលការប្រកួតចាប់ផ្ដើមតាមកាលវិភាគក្នុងទីក្រុងរីយ៉ាដ។ តំបន់នេះបានរងការគំរាមកំហែងពីមីស៊ីលដែលបាញ់ចេញពីក្រុមហ៊ូទីនៅប្រទេសយេម៉ែនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។ទោះបីជាមានការរំខានក៏ដោយ Al Nassr នៅតែអាចបន្តការប្រកួត និងរកគ្រាប់បាល់នាំមុខនៅនាទីទី៣៣ ដោយកីឡាករ Angelo មុនពេល Ronaldo បន្ថែមគ្រាប់ទី២ នៅនាទីទី៤២។ចូលដល់វគ្គទី២ ក្រុម Neftchi Fergana បានតាមពីក្រោយមួយគ្រាប់វិញដោយ Alisher Odilov នៅនាទីទី៥១ ប៉ុន្តែស្ថានការណ៍កាន់តែលំបាកសម្រាប់ក្រុមភ្ញៀវ បន្ទាប់ពី Ikromjon Alibaev ទទួលបានកាតក្រហមនៅនាទីទី៦៥ ដោយសារបង្កកំហុសលើ Mohamed Simakan។ក្រោយមក នៅនាទីទី៧៨ កីឡាករ Anvarjon Gofurov បានធ្វើឱ្យបាល់ចូលទីខ្លួនឯង ដែលជួយឱ្យ Al Nassr បិទបញ្ចប់ការប្រកួតដោយជ័យជម្នះក្នុងលទ្ធផល ៣-១ លើ Neftchi Fergana។សូមបញ្ជាក់ថានេះ មួយគ្រាប់របស់ Ronaldo នេះគឺជាគ្រាប់បាល់ទី ៩៨១ ហើយ ក្នុងដំណើរឆ្ពោះទៅ ១០០០ គ្រាប់របស់តារាបាល់ទាត់ព័រទុយហ្កាល់រូបនេះ ហើយជាគ្រាប់បាល់ទី ១៣៤ ផងដែរជាមួយ Al-Nassr៕ អត្ថបទ៖នាង សុភាវុធ

ភ្នំពេញក្រោនចេញទៅប្រកួត AFC Champion League Two ជាមួយ Gangwon

2026/10/13 12:48:56 pm        199
ក្លិបបាល់ទាត់ភ្នំពេញក្រោន យប់ថ្ងៃទី១២ ខែតុលា បានចាកចេញពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់កូរ៉េខាងត្បូង ចូលរួមប្រកួត AFC Champion League Two ជាមួយក្លឹប Gangwon FC ល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ភ្នំពេញក្រោនបើកការប្រកួតដំបូងរបស់ខ្លួនដោយយកឈ្នះក្លឹបម៉ាឡេស៊ី Kuching City FC ២ទល់នឹង១ គ្រាដែល Gangwon បានត្រឹមស្មើ Kitchee របស់ហុងកុង ០ទល់០ ក្នុងពូល H។មុនការប្រកួតចាប់ផ្ដើម ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏បានបញ្ចេញសមាសភាពកីឡាករ២២រូបដើម្បីប្រកួតប្រជែងជាមួយ Gangwon ក្នុងនោះមានកីឡាករកម្ពុជា ១៤រូប និងកីឡាករបរទេស៨រូប។ភ្នំពេញក្រោន ពីរប្រកួតក្នុងលីគកំពូលកម្ពុជា ស្មើទាំងពីរប្រកួតឈរនៅលេខ៧មាន២ពិន្ទុ។ ចំណែក Gangwon បច្ចុប្បន្នឈរនៅលេខ៣លីគកំពូលកូរ៉េខាងត្បូង ៣១ប្រកួតមាន៤៦ពិន្ទុ។សូមជម្រាបជូនថា ការប្រកួតរវាង Phnom Penh Crow និងGangwon ធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ម៉ោង ៥និង០០នាទីល្ងាច ម៉ោងនៅកម្ពុជា ហើយ BTV News ផ្សាយផ្ទាល់ជូន៕

​ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ប្រកាសលក់សំបុត្រសម្រាប់ការប្រកួត AFC Champion League Two

2026/10/13 12:37:07 pm        185
ខានស្អែកនេះការប្រកួតបាល់ទាត់ពានរង្វាន់ក្លឹបលំដាប់ទី២ទ្វីបអាស៊ី នឹងចូលមកដល់ ហើយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានត្រៀមរួចរាល់ក្នុងនាមម្ចាស់ផ្ទះ។ជាក់ស្ដែងថ្មីៗនេះ ក្លឹបបានប្រកាសលក់សំបុត្រចូលទស្សនាសម្រាប់ការប្រកួតជាមួយ Shanghai Shenhua ពានរង្វាន់ AFC Champions League Two 2026/27នេះ។យោងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា តម្លៃសំបុត្រសម្រាប់អ្នកគាំទ្រព្រះខ័នរាជស្វាយរៀង ៨,០០០ រៀល និងសំបុត្រសម្រាប់អ្នកគាំទ្រ Shanghai ៨,០០០ រៀលដែរ។លើសពីនេះក្លឹបនៅបានបញ្ជាក់ឱ្យអ្នកគាំទ្រ ទាញយក app ព្រះខ័នរាជស្វាយរៀង ឬធ្វើការ update app ដើម្បីទទួលបាន version ចុងក្រោយរួចធ្វើការទិញសំបុត្រភ្លាមៗ។ព្រះខ័នរាជស្វាយរៀង ទទួលក្លឹបចិន Shanghai Shenhua ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ម៉ោង៧និង១៥នាទីយប់ ហើយ BTV News ផ្សាយផ្ទាល់៕

ឯកឧត្តម វ៉ាត់ ចំរើន៖ រាល់ព្រឹត្តិការណ៍កីឡា គឺជាឱកាសបង្ហាញពីសក្ដានុពល និងព្រលឹងវប្បធម៌ជាតិ

2026/10/09 11:54:55 am        295
រាល់ព្រឹត្តិការណ៍កីឡា ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសការរៀបចំព្រឹត្តិការណ៍លក្ខណៈពហុកីឡា គឺជាឱកាសបង្ហាញពីសក្ដានុពល និងព្រលឹងវប្បធម៌ជាតិ ទៅកាន់ពិភពលោក ។នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ស្ដីពីការត្រៀមការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ដែលគ្រោងប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខ។ឯកឧត្តមបន្ដថា ព្រឹត្តិការណ៍កីឡា មិនត្រឹមជាវេទិកាផ្ដល់ឱកាស និងការប្រកួតប្រជែងនោះទេ តែការជួបជុំមនុស្សដ៏ច្រើនក្នុងព្រឹត្តិការណ៍តែមួយ គឺជាឱកាសដ៏ល្អ ដើម្បីបង្ហាញពីសក្ដានុពល និងព្រលឹងជាតិ ពិសេសគឺវប្បធម៌ជាតិ។ ការណ៍នេះ ទើបមានប្រទេសជាច្រើន សុទ្ធចិត្តចំណាយធនធានដ៏មហាសាលដើម្បីរៀបចំព្រឹត្តិការណ៍ ពិសេសព្រឹត្តិការណ៍អន្ដរជាតិ ដូចជាកីឡាអូឡាំពិក កីឡាអាស៊ី និងស៊ីហ្គេមជាដើម។ជាមួយព្រឹត្ដិការណ៍កីឡា ត្រូវបានគេហៅថា Power of Sports ឬអំណាយនៃកីឡា ដែលបង្កប់នូវអត្ថន័យជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងពីឥទ្ធិពលដ៏មហិមារបស់កីឡាទៅលើមនុស្សជាតិ និងសង្គមជាតិទាំងមូល។ កីឡាមិនមែនគ្រាន់តែជាការហាត់ប្រាណ ឬការប្រកួតប្រជែងយកឈ្នះចាញ់នោះទេ ប៉ុន្តែវាជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការផ្លាស់ប្តូរពិភពលោក តួយ៉ាងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលបានបន្សល់នូវមរតក និងឥទ្ធិពលជាវិជ្ជមាន ទាំងក្នុងប្រទេស និងលើឆាកអន្ដរជាតិ។ការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន នេះដែរ ស្របពេលក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រៀមរៀបចំពិធីបើកព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦ ក្លាយជាផ្ទាំងទស្សនីីយភាពដ៏អស្ចារ្យ ដែលមិនត្រឹមបំផុសនូវស្មារតីកីឡា ប៉ុន្ដែថែមទាំងឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិដ៏រុងរឿងទៀតផង។ ពិធីបើកព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ គ្រោងប្រព្រឹត្តទៅនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ លី ឈុនឡា

អត្តពលិកប៉ារ៉ាហ្គេមកម្ពុជា ១៧រូប នឹងចេញទៅដណ្ដើមមេដាយ​ក្នុងព្រឹត្តិការណ៍​អាស៊ីប៉ារ៉ាហ្គេម​នៅប្រទេសជប៉ុន

2026/10/09 11:10:10 am        342
ក្រុមអត្តពលិកកម្ពុជា ចំនួន ១៧រូប នឹងត្រូវចាកចេញពីកម្ពុជា ដើម្បីទៅចូលរួមប្រកួត ដណ្ដើមមេដាយពីព្រឹត្តិការណ៍ កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី ៥នៅ ប្រទេសជប៉ុន ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ខែតុលា ឆ្នាំ ២០២៦ខាងមុខ។សម្រាប់ការចូលរួមប្រកួត កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី ៥ នៅ ប្រទេសជប៉ុន នាពេលខាងមុខនេះ កម្ពុជានឹងដឹកនាំ អត្តពលិកចំនួន ១៧ រូប ដើម្បីប្រកួតប្រជែងដណ្តើមយកមេដាយត្រឡប់ជូនជាតិ។ អត្តពលលិក ដែលត្រៀមចេញ ទៅប្រកួត គឺលើ ៥ប្រភេទកីឡា រួមមាន វាយកូនឃ្លីលើតុ អត្តពលកម្ម ហែលទឹក បូស្យា និងបាល់បោះជិះរទេះនារី។មុននឹងការចាកចេញទៅដណ្ដើមមេដាយជូនជាតិនេះ ឯកឧត្តម សំហេង បុរស ក្នុងនាមតំណាងឱ្យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខ ងារសាធារណៈ និងជាអនុប្រធានប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានអញ្ជើញជួប សំណេះសំណាល លើកទឹកចិត្ត ដល់អត្តពលិកកម្ពុជា មុនត្រៀមចេញទៅប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី ៥នៅ ប្រទេសជប៉ុន។ ការជួបសំណេះសំណាលនេះ ធ្វើឡើងនៅរសៀលថ្ងៃទី ៨ ខែតុលា ស្របពេលដែលក្រុមអត្តពលិក ត្រៀមចាកចេញទៅប្រទេសជប៉ុន នាពេលឆាប់ៗខាងមុខ។ឯកឧត្តម សំហេង បុរស ក៏បានផ្តាំផ្ញើក្តីនឹករលឹក និងការជូនពរពី សំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនចំពោះអត្តពលិកដែលត្រៀទចេញទៅប្រកួតនៅប្រទេស ជប៉ុន គ្រប់រូប។ឯកឧត្តម ក៏បានបង្ហាញការកោតសសើរចំពោះការហ្វឹកហាត់ របស់ក្រុមអត្តពលិកកម្ពុជា។ ឯកឧត្តមក៏បាន កោតស សើរចំពោះជោគជ័យ របស់អត្តពលិកកម្ពុជា ដែលកន្លងមកដណ្តើមបាន មេដាយទាំងមាស ប្រាក់ សំរឹទ្ធជាច្រើន សម្រាប់កម្ពុជា។ ឯកឧត្តមបញ្ជាក់ថាការឃើញភាពជោគជ័យរបស់ អត្តពលិកកម្ពុជាលើការប្រកួតនានា ជាក្តីរំភើប រីករាយសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។សម្រាប់ការត្រៀមចេញទៅប្រកួតនេះដែរ អត្តពលិក សៀង សុខចន្ទ ជាអត្តពលិកនារី បាល់បោះរទេះ ក៏បានបង្ហាញ ពីការប្តេជ្ញា ថាខ្លួននិងសមាជិកក្រុម នឹងព្យាយាមឱ្យអស់ពីសមត្ថភាព ក្នុងការដណ្តើមយកមេដាយជូនជាតិកម្ពុជា។ លោកស្រីបញ្ជាក់ដែរថា ការដណ្តើមយកមេដាយក្នុងការប្រកួតនៅប្រទេសជប៉ុនខាងមុខនេះ ពុំមែនជារឿងងាយ ស្រួលនោះទេ ព្រោះនេះជាការប្រកួតដ៏ធំ ដែលមានការចូលរួមពីប្រទេសចំនួន ៤៥ប្រទេស។ទោះការប្រកួតនេះ មិនមែនជារឿងងាយស្រួលយ៉ាងណាក្តី លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការ ជាតិប៉ារ៉ាឡាំពិកកម្ពុជា ក៏នៅតែលើកទឹកចិត្តដល់ក្រុមអត្តពលិកកម្ពុជា ត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាពជាដាច់ ខាត។ ខំប្រឹងដើម្បីខ្លួនឯង គ្រួសារ និងជាកិត្តិយសដើម្បីជាតិ។ផ្តោតលើភាពជោគជ័យ របស់អត្តពលលិកប៉ារ៉ាកម្ពុជា កន្លងមកគឺសម្រេចបានជោគជ័យជាច្រើន។ គិតត្រឹមបច្ចុប្បន្ន ក្រុមអត្តពលិក ដណ្តើមបានមេដាយចំនួន ២៨១គ្រឿង ក្នុងនោះមានមេដាយមាសចំនួន ៤៦គ្រឿង មេដាយប្រាក់ ចំនួន ១១៣គ្រឿង និងមេដាយសំរឹទ្ធ ១២២គ្រឿង៕ អត្ថបទ៖ គឹម ហុក

ក្រុមម៉ូតូទឹកកម្ពុជាបន្ថែមមេដាយទី៤ ក្នុងព្រឹត្តិការណ៍ Jet Ski World Series នៅអាមេរិក

2026/10/09 10:40:31 am        473
ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា បានឈ្នះមេដាយប្រាក់ ១គ្រឿងទៀតហើយ ដែលរកបានដោយកីឡាករ សាលី ហ្វីលីន លើវិញ្ញាសា Amateur runabout 1100 stock ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក Jet Ski World Series ជុំទី២ នៅសហរដ្ឋអាមេរិក។វីរកីឡាករ សាលី អ៊ូមើត បានឲ្យដឹងពីសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី៩ ខែកញ្ញាថា នេះគឺជាមេដាយទី៤ ដែលក្រុមអត្តពលិកម៉ូតូទឹកកម្ពុជាដណ្ដើមបាន និងជាមេដាយទី២ ដែល សាលី ហ្វីលីន ដណ្ដើមបានជូនជាតិ បន្ទាប់ពីរូបគេ ដណ្ដើមបានមេដាយមាស ១គ្រឿង លើវិញ្ញាសា Amateur Runabout 1100 Limited កាលពីម្សិលមិញ។ ដូច្នេះមេដាយ ដែលក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយបណ្ដោះអាសន្នពេលនេះ គឺមានមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១។គួរដឹងថា ក្នុងបេសកកម្មចូលរួមព្រឹត្តិការណ៍កម្រិតពិភពលោក លើទឹកដីអាមេរិកនេះ កម្ពុជាបានបញ្ជូនកីឡាករ ៦រូបចូលរួម ដែលដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត រួមជាមួយសិស្សប្អូន សាលី ហ្វីលីន, កៃ វ៉ាន់ស៊ីដែន, ម៉ីន អូស្មាន់, មីន មូសស្តាន់ និង ទៀត សាលេះ ដែលធ្វើការប្រកួតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែតុលាខាងមុខ ជាមួយកីឡាករល្បីៗឆ្នើមៗមកពីជុំវិញពិភពលោកចូលរួម៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជ របូត ៣ពិន្ទុក្នុងជំនួបបើកឆាកពានក្លិបបាល់ទាត់អាស៊ាន ឆ្នាំ២០២៦/២៧

2026/10/09 10:16:41 am        284
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ពុំទទួលបានលទ្ធផលគាប់ប្រសើរឡើង នៅក្នុងជំនួបបើកឆាកពូលB ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ជើងឯកក្លិបអាស៊ីអាគ្នេយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៦/២៧ បន្ទាប់ពីរងបរាជ័យ ០-៦ ទល់ក្រុមម្ចាស់ផ្ទះ Johor Darul Ta'zim របស់ម៉ាឡេស៊ី កាលពីរាត្រីថ្ងៃទី៨ តុលា ឆ្នាំ២០២៦ នៅនៅឡដ្ឋាន Sultan Ibrahim។ក្នុងការប្រកួតក្រៅដីនេះ ព្រះខ័នរាជស្វាយរៀង បានចាប់ផ្ដើមយ៉ាងរស់រើសគួរឲ្យកត់សម្គាល់ នៅដើមវគ្គទី១ ដោយមានឱកាសវាយបកគ្នាទៅវិញទៅមក មុនក្រុមម្ចាស់ផ្ទះ Johor Darul Ta'zim បានគ្រប់គ្រង និងដាក់សម្ពាធខ្លាំង រហូតរកបាន ៦គ្រាប់ជាបន្ដបន្ទាប់ ទោះបីមានការសង្គ្រោះបាល់បានយ៉ាងល្អជាច្រើនពីអ្នកចាំទី វីរៈ ដារ៉ា យ៉ាងណាក្ដី។ជាមួយការរបូត ៣ពិន្ទុ ក្នុងលទ្ធផលគួរឲ្យភ្ញាក់ផ្អើលនេះ ក៏ព្រះខ័នរាជស្វាយរៀង មិនទាន់អស់សង្ឃឹមក្នុងការប្រជែងកៅអីវគ្គបន្ដដែរ ដ្បិតនៅសល់ការប្រកួតជាច្រើនទៀត ក្នុងចំណោមបេក្ខភាព ៧ក្រុមក្នុងពូលB ដែលត្រូវប្រកួតវិលជុំ ១ជើង ដើម្បីកំណត់យកក្រុមលេខ១ ដល់លេខ៤ ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ។គួរដឹងថា ការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup 2026/27 ក្លិបព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូលB ជាមួយក្លិប Johor Darul Ta’zim របស់ម៉ាឡេស៊ី, ក្លិប Lion City Sailors របស់សិង្ហបុរី, ក្លិប Cong An Ha Noi របស់វៀតណាម, ក្លិប Persib របស់ឥណ្ឌូនេស៊ី, ក្លិប Shan United របស់មីយ៉ាន់ម៉ា និងក្លិប Port របស់ថៃ ហើយប្រកួតបន្ទាប់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុម Port នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ៕ អត្ថបទ លី ឈុនឡា

ត្រឹម ២ថ្ងៃកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងក្នុងព្រឹត្តិការណ៍ម៉ូតូទឹកពិភពលោក ជុំទី២ នៅអាមេរិក

2026/10/08 03:13:51 pm        418
ក្រុមម៉ូតូទឹកជម្រើសជាតិកម្ពុជា បានបន្ដភាពខ្លាំងរបស់ខ្លួន នៅលើទឹកដីសហរដ្ឋអាមេរិក ដោយត្រឹមរយៈពេល ២ថ្ងៃ គិតត្រឹមថ្ងៃទី៨ ខែតុលានេះ បានដណ្ដើមមេដាយសរុប ៣គ្រឿងជូនជាតិ នៅក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក Jet Ski World Series ជុំទី២ ឆ្នាំ២០២៦ ។ នេះបើតាមការបញ្ជាក់របស់វីរកីឡាករ សាលី អ៊ូមើត អនុប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជាប្រធានប្រតិភូដឹកនាំក្រុមផ្ទាល់។ជាមួយបេសកកម្មប្រចាំឆ្នាំក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក លើទឹកដីអាមេរិកនេះ កម្ពុជាបានបញ្ជូនកីឡាករ ៦រូបចូលរួម គឺមានកីឡាករ សាលី អ៊ូមើត, សាលី ហ្វីលីន, កៃ វ៉ាន់ស៊ីដែន, ម៉ីន អូស្មាន់, មីន មូសស្តាន់ និង ទៀត សាលេះ ដែលធ្វើការប្រកួតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែតុលាខាងមុខ ដោយមានកីឡាករល្បីៗឆ្នើមៗជុំវិញពិភពលោកចូលរួម។ត្រឹមរយៈពេល ២ថ្ងៃបន្ទាប់ពីការប្រកួតចាប់ផ្ដើម ក្រុមកីឡាករកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង រួមមានមេដាយមាស ២ និងសំរឹទ្ធ ១។ ។ សម្រាប់មេដាយមាស គឺរកបានដោយកីឡាករ សាលី ហ្វីលីន លេីវិញ្ញាសារ Amateur Runabout 1100 Limited បន្ទាប់ពីរូបគេបានត្រឡប់មកចូលរួមការប្រកួតជុំទី២ ក្រោយខកខានប្រកួតជុំទី១ នៅប្រទេសប៊ុលហ្គារី ដោយសារជាប់បេសកកម្មផ្ទាល់ខ្លួន។ រីឯមេដាយមាស ១គ្រឿងទៀត ដណ្ដើមបានដោយកីឡាករ កៃ វ៉ាន់ស៊ីដែន លើវិញ្ញាសា Amateur Ski 4 Stroke Lites និងកីឡាករ ម៉ីន អូស្មាន់ ដែលឈ្នះមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសា Novice Ski Stock។តាមការបញ្ជាក់បន្ថែមពីមន្ដ្រីជាន់ខ្ពស់សហព័ន្ធ និងជាកីឡាករផ្ទាល់លោក សាលី អ៊ូមើត បានឲ្យដឹងថា ក្រុមអត្តពលិកកម្ពុជា នៅសល់វិញ្ញាសាជាច្រើនទៀត ដែលត្រូវបន្ដការប្រកួតប្រជែង រហូតដល់ថ្ងៃទី១៣ ខែតុលា ហើយពួកគេបានត្រៀមខ្លួនជាស្រេចក្នុងការប្រកួតប្រជែង និងស្វែងរកមេដាយជូនជាតិមាតុភូមិបន្ថែមទៀត។គួរដឹងថា សហរដ្ឋអាមេរិក បានទទួលធ្វើម្ចាស់ផ្ទះការប្រកួតជុំទី២ ប្រចាំទ្វីបអាមេរិក នៃព្រឹត្តិការណ៍ Jet Ski World Series 2026 បន្ទាប់ពីការប្រកួតប្រចាំទ្វីបអឺរ៉ុប ជុំទី១ ដែលបានរៀបចំនៅប្រទេសប៊ុលហ្គារី កាលពីខែកក្កដមុនបន្ដការប្រកួតជុំទី៣ ប្រចាំទ្វីបអាស៊ី នាខែមករា ឆ្នាំ២០២៧ ខាងមុខ។ កាលពីជុំទី១ ក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយសរុប ៧គ្រឿង រួមមានមេដាយមាស ៥ និងប្រាក់២៕ អត្ថបទ លី ឈុនឡា

គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង “ការប្រកួតនេះនឹងលំបាក តែយើងនៅតែមានទំនុកចិត្ត”

2026/10/08 02:54:33 pm        330
(ម៉ាឡេស៊ី)៖ យប់នេះព្រះខ័នរាជស្វាយរៀង នឹងប្រកួតជាមួយ ចូហរ ដារុល តាក់ហ្ស៊ីម នៅក្រៅដីការប្រកួតពានរង្វាន់ក្លឹបអាស៊ីអាគ្នេយ៍។ក្នុងសន្និសីទសារព័ត៌មានគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក Mathew McConkey លើកឡើងថា វានឹងក្លាយជាការប្រកួតដ៏ល្អមួយ ពួកគេមានគុណភាពលេងខ្ពស់ ហើយដោយសារគេលេងក្នុងទឹកដីខ្លួនឯងផង។ ដូច្នោះយើងដឹងថាការប្រកួតនឹងស្វិតស្វាញ និងតានតឹង ប៉ុន្តែយើងមានទំនុកចិតថានឹងអាចធ្វើបាន។ ចំាមើលថាតើយើងនឹងទទួលបានលទ្ធផលបែបណាក្នុងការប្រកួតនេះ។គ្រានោះលោកក៏បានរំលឹកពីការប្រកួតឆ្នាំមុន ដោយព្រះខ័នរាជស្វាយរៀងស្ទើរតែដណ្ដើមបានជ័យជំនះទៅហើយ។ ដោយបន្ថែមថាជាការពិតនោះមិនជាក្រុមដ៏ខ្លាំងបំផុតរបស់ពូកគេនោះទេ ដោយសារតែពូកគេកំពុងស្ថិតក្នុងការប្រកួតដ៏មមាញឹក ម្យ៉ាងទៀតយើងបានផ្លាស់ប្ដូរជាច្រើន ហើយពូកគេក៏បានធ្វើការផ្លាស់ប្ដូរច្រើនដែរ ដូច្នោះលោកគិតថាជម្រើសកីឡាករ១១នាក់ដំបូងរបស់ក្រុមទាំងពីរដែលនឹងចូលលេងនឹងមានខុសប្លែកគ្នាខ្លាំង។ លោកបន្តថាចំពោះរបៀបនៃការលេងវិញ Johor មិនខុសគ្នាខ្លាំងពីឆ្នាំមុនប៉ុន្មាននោះទេ ប្រហែលជាមានការកែសម្រួលបន្តិចបន្តួច ដូចជាថាតើពូកគេប្រើខ្សែប្រយុទ្ធម្នាក់ រឺពីរនាក់ ប៉ុន្តែគោលការណ៍និងទម្រង់នៃការលេងជាច្រើននៅតែមានលក្ខណៈដូចដើម។ វាពិតជាមិនមែនជាការប្រកួតដ៏ងាយស្រួលនោះទេ តែគិតថាវាជាការប្រកួតមួយដែលយើងដឹងជាមុនខ្លះៗហើយថាត្រូវរំពឹងអ្វីខ្លះ។ រយៈពេលមួយ រឺពីរឆ្នាំកន្លងមកនេះ យើងធ្លាប់ស្ថិតនៅក្នុងស្ថានភាពបែបនេះជាច្រើនដងមកហើយ។ យើងទៅកាន់កន្លែងផ្សេងៗ ខណៈដែលគ្មាននរណាម្នាក់រំពឹងថាពួកយើងនឹងអាចធ្វើអ្វីបានឡើយ ក្រុមផ្សេងទៀតមិនរំពឹងថាពូកយើងនឹងធ្វើអ្វីបាននោះទេ ប៉ុន្តែនៅពេលការប្រកួតចាប់ផ្ដើមពូកគេបែរជាមានការភ្ញាក់ផ្អើលទៅវិញ ដូច្នោះយើងនៅតែបន្តខិតខំលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ក្លឹប ហើយក្លឹបក៏កំពុងបន្តអភិវឌ្ឍខ្លួនលើគ្រប់ផ្នែកទាំងអស់ទាំងហេដ្ឋារចនាសម្ព័ន្ធ បុគ្គលិក កីឡាករ និងអ្វីៗផ្សេងទៀត។ ហេតុនេះការចូលរួមប្រកួតពាននេះ គឺជាជំហានដ៏សំខាន់មួយរបស់ក្លឹបដែលតម្រូវឱ្យយើងមានសមត្ថភាពប្រកួតប្រជែង និងដណ្ដើមយកលទ្ធផលល្អៗពីការប្រកួតទាំងនេះ។ចំណែកអ្នកចាំទីវីរៈ ដារា ក៏បានលើកឡើងជុំវិញការត្រៀមខ្លួនរួចរាល់របស់ក្រុមទាំងមូល ហើយអ្វីដែលរៀបចំកន្លងមកក៏ត្រូវបញ្ចេញនៅពេលនេះដែរ។ ហើយនេះជាការប្រកួតកម្រិតខ្ពស់ ហើយនឹងព្យាយាមលេងឱ្យអស់ពីលទ្ធភាព។ព្រះខ័នរាជស្វាយរៀង និងJohor Darul Ta’zim ត្រូវជួបគ្នា នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ម៉ោង៧និង០០នាទីយប់ (ពេលវេលានៅកម្ពុជា) នៅពហុកីឡដ្ឋានស៊ុលតង់ អ៊ីប្រាហ៊ីម ហើយ BTV News ផ្សាយផ្ទាល់ពី Johor ជួនអ្នកគាំទ្របាល់ទាត់ជាតិបានទស្សនា។នេះជាលើកទីពីរដែលក្លឹបទាំងពីរជួបគ្នា ហើយជំនួបលើកដំបូងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រុមទាំងពីរស្មើគ្នា ២ទល់នឹង២។ ពេលនោះព្រះខ័នរាជស្វាយរៀងជាអ្នកនាំមុខមុនដោយគ្រាប់បាល់របស់កីឡាករ Christian និងកីឡាករ ញាន សុស៊ីដាន មុន Johor Darul Ta’zim វាយបកតាមស្មើចុងម៉ោង។សូមជម្រាបជូនថា ក្រោយការប្រកួតនៅទឹកដី Johor ព្រះខ័នរាជស្វាយរៀង នឹងត្រឡប់មកកាន់មាតុប្រទេសវិញមួយថ្ងៃបន្ទាប់ ដើម្បីត្រៀមខ្លួនទទួលក្លឹបចិន Shanghai Shenhua ក្នុងការប្រកួតពានរង្វាន់ក្លឹបលំដាប់ទី២ទ្វីបអាស៊ី AFC Champion League Two ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនទទួលបឹងកេត នៅខេត្តស្វាយរៀង ថ្ងៃទី១៨ ខែតុលា សប្ដាហ៍ទី៤លីគកំពូលកម្ពុជា៕

បាល់ទះត្រៀមទទួលយកការឈឺចាប់ពីការរុះរើក្រុមជម្រើសជាតិ ដើម្បី​សម្រេច​គោល​ដៅ​កាន់​តែ​ធំ ២ឬ៣ឆ្នាំខាងមុខ

2026/10/08 02:35:29 pm        1037
សហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រៀមធ្វើការរុះរើ និង​ផ្លាស់ប្ដូ​រ​សមាសភាព​កីឡាករ​ជម្រើស​ជាតិ​មួយ​ចំនួន​ ដោយផ្ដល់ឱកាសដល់កីឡាករយុវជនបន្ដវេនមកជំនួសវិញ ដើម្បីពង្រឹងសមត្ថភាព និង​បង្កើត​គុណ​ផលកាន់តែរឹងមាំ ឆ្ពោះទៅរកភាពជោគជ័យ និងសម្រេចគោលដៅកាន់តែធំ ទោះ​បី​ត្រូវ​ប្រឈម​ការ​ឈឺចាប់រយៈពេល ២ទៅ៣ឆ្នាំក៏ដោយ។នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន និងពិធីចាប់ពូលការប្រកួតពានរង្វាន់បាល់ទះ U20 Wurkz Special Volleyball Challenge Cup 2026 នៅល្ងាចថ្ងៃទី៧ ខែតុលា បន្ទាប់ពីបញ្ចប់ការប្រកួតតាមភូមិភាគ និងរកឃើញក្រុមខ្លាំងប្រចាំមណ្ឌលនីមួយៗ ឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ នាចុងខែនេះ។មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែល បានគូសបញ្ជាក់ថា ការប្រកួតលក្ខណៈមហាជនពានយុវជនអាយុក្រោម ២០ឆ្នាំនេះ គឺជាយុទ្ធសាស្ដ្រមួយ ដែលសហព័ន្ធបានធ្វើកំណែទម្រង់ពីការប្រកួត ៤ ទល់ ៤ មកជាការប្រកួតស្ដង់ដារ ៦ ទល់ ៦ ក្នុងទិសដៅផ្ដល់ឱកាស និងសម្លឹងរកធនធានបន្ដវេន ពិសេសយុវជនមកពីតាមបណ្ដាលវិទ្យាល័យនានា តែសោកស្ដាយឆ្នាំដំបូង នៃកំណែទម្រង់នេះ ពុំសូវមានការចូលរួមពីក្រុមបាល់ទះតំណាងវិទ្យាល័យឡើយ។បែបនេះក្ដីលោកចាត់ទុកពាននេះ នៅតែសំខាន់ ដោយបានឆ្លើយតបគោលដៅរបស់សហព័ន្ធ ក្នុងការបណ្ដុះ និងពង្រឹងនូវធនធានយុវជនបន្ដវេន ស្របពេលសហព័ន្ធត្រៀមប្រើប្រាស់យុវជនច្រើនក្នុងក្រុមជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៧ ។ ទោះបីការផែនការនេះ មិនទាន់ត្រូវបានអនុវត្ត តែជាការផ្លាស់ប្ដូរចាំបាច់ ព្រោះសហព័ន្ធមិនអាចបន្ដប្រើប្រាស់កីឡាកររាមច្បងចាស់ៗ ដែលមានរបួសជាប់ខ្លួន ឬដល់អាយុកាលនៃគុណផលកីឡានោះទេ។លោកបណ្ឌិត អាំង សិរីពិសិដ្ឋ សង្កត់ធ្ងន់ថា លោកទទួលស្គាល់ការរុះរើសដែលនាំមកនូវការឈឺចាប់ ទី១ ការរុះរើសកីឡាករចាស់ៗ និងទី២ គឺលទ្ធផល ព្រោះធម្មតាការផ្លាស់ប្ដូរភ្លាមៗ មិនអាចសម្រេចលទ្ធផលល្អប្រសើរភ្លាមនោះទេ តែសហព័ន្ធបានត្រៀមទទួលយកការឈឺចាប់រយៈពេល ២ ទៅ ៣ឆ្នាំ ដើម្បីភាពខ្លាំងទ្វេដង ហើយអាចនឹងឃើញលទ្ធផលជាក់ស្ដែងនៅឆ្នាំ២០២៩ តទៅ។ក្រឡេកមកចាប់អារម្មណ៍ការប្រកួតពានរង្វាន់បាល់ទះយុវជនអាយុក្រោម ២០ឆ្នាំទូទាំងប្រទេស U20 Wurkz Special Volleyball Cup ឆ្នាំ២០២៦ នេះវិញ ក្រោយបញ្ចប់ការប្រកួតជម្រុះតាមមណ្ឌលចំនួន ៥ រួមមានមណ្ឌលខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តតាកែវ និងខេត្តកោះកុង គឺបានរកឃើញក្រុមជើងឯករងតាមមណ្ឌលនីមួយៗចំនួន ១០ក្រុម ដែលឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែតុលាខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។ជុំផ្ដាច់ព្រ័ត្រនេះដែរ ក្រៅពីបេក្ខភាពឡើងមកពីមណ្ឌលតាមខេត្ត ក៏មានបេក្ខភាពតេជោលីគ ដែលឈរលេខ១ ដល់លេខ៦ ចំនួន ៦ក្រុមទៀត ដែលឈរចាំត្រូវចូលរួមផងដែរ តែសោកស្ដាយសល់ត្រឹម ៣ក្រុម គឺមានក្រុមវិសាខា, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការនគរបាលខេត្តកោះកុង បន្ទាប់ពី ៣ក្រុមទៀត ខ្វះធនធានកីឡាករយុវជន ពុំបានចូលរួមឡើយ រួមមានក្រុមបញ្ជាការដ្ឋានអង្គរក្ស, ក្រសួងមហាផ្ទៃ និងក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ដូច្នេះការប្រកួតជុំផ្ដាច់ព្រ័ត្រនៅសល់ត្រឹម ១៣ក្រុមប៉ុណ្ណោះ ដោយបែងចែកជា ៤ពូល ក្នុងនោះពូលA មានក្លិបស្នងការដ្ឋាននគរបាលខេត្តកោះកុង(A), ក្លិបបាល់ទាត់ខេត្តតាកែវ, កងពលធំអន្ដរាគមន៍លេខ៣ និងក្លិបស្នងការដ្ឋាននគរបាលខេត្តកណ្ដា។ ពូលB មានក្រុមស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ, ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ពូលC មានក្រុមវិសាខា, ក្រុម ឬទ្ថីសែន ខេត្តកំពង់ឆ្នាំង និងក្រុម ហង្សជ័យមានរិទ្ធ និងពូលD មានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, សីហាសាមគ្គី និងក្រុមស្នងការដ្ឋាននគរបាលខេត្តកោះកុង(B)៕ អត្ថបទ លី ឈុនឡា    

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM