កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

Messi ត្រឡប់មកហ្វឹកហាត់ មុនការប្រកួតចុងក្រោយជាមួយជម្រើសជាតិអាហ្សង់ទីន

2026/10/06 02:53:59 pm        307
Lionel Messi បានចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនកាលពីថ្ងៃចន្ទ មុនការប្រកួតមិត្តភាពចុងក្រោយរបស់គេជាមួយជម្រើសជាតិ ដែលនឹងត្រូវជួបជាមួយក្រុមជម្រើសជាតិបេណាំងព្រឹកស្អែកនេះ នៅកីឡដ្ឋាន Monumental ក្នុងទីក្រុង Buenos Aires។ការប្រកួតនេះនឹងក្លាយជាចំណុចបញ្ចប់នៃអាជីពជាមួយក្រុមជម្រើសជាតិរបស់ Messi ដែលមានរយៈពេលជាង ២ទសវត្សរ៍។ម្ចាស់ពាន Ballon d'Or ៨សម័យ បានប្រកាសកាលពីមួយខែមុនតាមរយៈគណនី Instagram ផ្លូវការរបស់ខ្លួនថា នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិ បន្ទាប់ពីការប្រកួត World Cup ដែលគេរកបានគ្រាប់បាល់ច្រើនជាងការប្រកួត World Cup មុនៗរបស់ខ្លួន។ការប្រកួតជាមួយបេណាំង នឹងក្លាយជាការប្រកួតមិត្តភាពទី៣ របស់អាហ្សង់ទីន ក្រោមការដឹកនាំរបស់លោក Lionel Scaloni ក្នុងអំឡុងពេល International Break នេះ។វាក៏ជាការបិទបញ្ចប់នៃកេរដំណែលដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់អាហ្សង់ទីន ដោយ Messi នឹងចាកចេញពីក្រុមជម្រើសជាតិ ក្នុងនាមជា ម្ចាស់ជើងឯក World Cup ១លើក និង Copa América ២លើក៕ អត្ថបទ៖នាង សុភាវុធ 

ទោះបំបែកឯតទគ្គកម្មមេដាយកីឡាអាស៊ី តែអត្តពលិកកម្ពុជា នៅមានចំណុចខ្វះខាតត្រូវពង្រឹងបន្ថែម

2026/10/06 02:30:38 pm        241
ក្រុមអត្តពលិកកម្ពុជា បានបំបែកឯតទគ្គកម្មមេដាយកីឡាអាស៊ី ក្រោយឈ្នះមេដាយសំរឹទ្ធ ៤គ្រឿងពីការប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន ច្រើនជាងនៅប្រទេសចិន កាលពី ៤ឆ្នាំមុន ដែលកម្ពុជាទទួលបានត្រឹមមេដាយសំរឹទ្ធ ១គ្រឿង។ ប៉ុន្ដែទន្ទឹមនឹងការសម្រេចគោលដៅនេះ ក៏មានចំណុចខ្វះខាតច្រើនត្រូវពង្រឹងបន្ថែម ដើម្បីត្រៀមព្រឹត្តិការណ៍បន្ទាប់ នៅប្រទេសកាតាផងដែរ។នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្មកីឡាកម្ពុជា ក្រោយប្រតិភូ គ្រូបង្វឹក និងអត្តពលិកកម្ពុជា ២ប្រភេទ រួមមានកីឡាជឺជីតស៊ូ និងកីឡាអេឡិចត្រូនិច ដឹកនាំដោយឯកឧត្តម លី កុសល តំណាងឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនាមប្រតិភូកីឡាកម្ពុជាចុងក្រោយ បានធ្វើដំណើរមកដល់មាតុភូមិវិញ កាលពីល្ងាចថ្ងៃទី៥ ខែតុលា។ឯកឧត្តម វ៉ាត់ ចំរើន បានបង្ហាញសេចក្ដីសោមនស្សរីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រតិភូ គ្រូបង្វឹក និងអត្តពលិកទាំងអស់ រហូតសម្រេចបានសមិទ្ធផលដូចការគ្រោងទុក ជាពិសេសឯកឧត្តមបានថ្លែងអំណរគុណ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ ជំរុញ និងលើកទឹកចិត្តតាំងពីមុនចេញដំណើរ រហូតធ្វើឲ្យអត្តពលិកម្ពុជា មានលទ្ធភាពដណ្ដើមមេដាយជូនជាតិ។ ប៉ុន្ដែជាមួយការបំបែកឯតទគ្គកម្មមេដាយនេះ អត្តពលិកកម្ពុជា ក៏មានចំណុចខ្វះខាតច្រើន ត្រូវពង្រឹងបន្ថែម ដើម្បីត្រៀមការប្រកួតកីឡាអាស៊ីបន្ទាប់ នា ៤ឆ្នាំក្រោងផងដែរ។គួរដឹងថា យុទ្ធនាការប្រកួតកីឡាអាស៊ី លើកទី២០ ដែលជប៉ុនធ្វើម្ចាស់ផ្ទះ និងទើបបញ្ចប់កាលពីថ្ងៃទី៤ ខែតុលា កម្ពុជា បានបញ្ចូនអត្តពលិកចំនួន ១០៦នាក់ លើ ១៤ប្រភេទកីឡាចូលរួម ។ ជាលទ្ធផលកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ៤គ្រឿង ដោយក្រុមកីឡាបាល់ទាត់លើតុ ២គ្រឿង, កីឡាការ៉ាតេ ១គ្រឿង និងកីឡាគុនចម្រុះ ១គ្រឿង៕អត្ថបទ លី ឈុនឡា

ព្រះខ័នរាជ ត្រៀមប្រកួតបើកឆាកជើងឯកក្លិបអាស៊ានដោយជឿជាក់ ទោះអវត្តមាន សារ៉េត គ្រីយ៉ា

2026/10/06 12:19:25 pm        385
ក្លិបព្រះខ័នរាជស្វាយរៀង បានចេញទៅប្រទេសម៉ាឡេស៊ីហើយ នៅព្រឹកថ្ងៃទី៦ ខែតុលានេះ ដើម្បីត្រៀមការប្រកួតដំបូង ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៦/២៧ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះ Johor Darul Ta’zim នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។មុនចាកចេញពីមាតុភូមិ លោក Matthew McConkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញពីការត្រៀមខ្លួនរួចរាល់របស់កូនក្រុម ទោះបីកីឡាករមួយចំនួន រងរបួស ជាក់ស្ដែងខ្សែការពារស្នូល សារ៉េត គ្រីយ៉ា តែលោកសង្ឃឹមថា កីឡាករទាំងអស់ នឹងអាចជួយក្រុមបាន។ បែបនេះក្ដី លោកនៅតែសង្ឃឹមថា គ្រីយ៉ា នឹងឆាប់ជាសះស្បើយដើម្បីបានត្រឡប់មកជួយក្រុមវិញ។ក្រឡេកទៅការប្រកួតជើងឯកក្លិបអាស៊ានឆ្នាំនេះវិញ លោក McConkey ថា អាចនឹងមានការប្រកួតប្រជែងកាន់តែខ្លាំង ពិសេសបេក្ខភាពក្នុងពូលB ដែលប្រជុំដោយក្រុមជើងឯកប្រចាំប្រទេសនីមួយៗ ។ បែបនេះក្ដី លោកនៅជឿជាក់លើក្រុម ជាមួយក្ដីសង្ឃឹមនឹងអាចឈានទៅប្រជែងកៅអីវគ្គបន្ដ។ដោយឡែកកីឡាករ មិន រតនៈ បានរីករាយជាមួយការត្រឡប់មកវិញ នៃការប្រកួតប្រជែងពានរង្វាន់ប្រចាំតំបន់ដ៏ធំនេះ ។ ឆ្លើយតបគោលដៅរបស់ក្លិប ដែលចង់ឡើងទៅវគ្គបន្ដ រតនៈ បានប្ដេជ្ញានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជួយក្លិប ពិសេសការប្រកួតដំបូងទល់ក្រុមម្ចាស់ផ្ទះ Johor Darul Ta’zim របស់ម៉ាឡេស៊ី នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។គួរដឹងថា បេសកកម្មចូលរួមការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup 2026/27 ក្លិបព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូលB ជាមួយក្លិប Johor Darul Ta’zim របស់ម៉ាឡេស៊ី, ក្លិប Lion City Sailors របស់សិង្ហបុរី, ក្លិប Cong An Ha Noi របស់វៀតណាម, ក្លិប Persib របស់ឥណ្ឌូនេស៊ី, ក្លិប Shan United របស់មីយ៉ាន់ម៉ា និងក្លិប Port ដែលត្រូវធ្វើការប្រកួតវិលជុំក្នុងពូល ចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១ ខែមសា ឆ្នាំ២០២៧ ដើម្បីស្វែងរកបេក្ខភាព ៤ក្រុមខាងលើឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ជាមួយ ៤ក្រុមផ្សេងទៀត ដែលឡើងមកពីពូលA៕ អត្ថបទ លី ឈុនឡា 

កម្ពុជាបញ្ចប់បេសកកម្មកីឡាអាស៊ី ដោយឈ្នះមេដាយ ៤គ្រឿង ខណៈចិន ឈរលេខ១ និងម្ចាស់ផ្ទះជប៉ុន ឈរលេខ២

2026/10/05 12:55:45 pm        331
ព្រឹត្តិការណ៍កីឡាអាស៊ី0 (ASIAN Games) លើកទី២០ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន បានបញ្ចប់ជាស្ថាពរ ក្រោយដំណើរការប្រកួតជាង ២សប្ដាហ៍ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ដោយក្រុមប្រតិភូកីឡាកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿងជូនជាតិ ស្របពេលចិន ឈ្នះមេដាយច្រើនជាងគេ លើម្ចាស់ផ្ទះជប៉ុន ដែលឈរលេខរៀងទី២។សម្រាប់សមិទ្ធផលដែលក្រុមអត្តពលិកកម្ពុជា ទទួលបាន គឺមេដាយសំរឹទ្ធ ៤គ្រឿង ដែលរកបានដោយក្រុមកីឡាបាល់ទាត់លើតុកម្ពុជា ចំនួន ២គ្រឿង ដោយកីឡាការិនី ឌី គឹមយាន, យ៉ន សោភ័ណ្ឌរស្មី និង ម៉ី ស្រីមាស។ ក្រុមកីឡាការ៉ាតេកម្ពុជា ១គ្រឿង ដោយកីឡាការិនី វ៉ាន់ ចរិយា និងក្រុមកីឡាគុនចម្រុះកម្ពុជា ១គ្រឿង ដោយកីឡាការិនី ចេង ដាលីន។សមិទ្ធផលនេះ បានជួយឲ្យកម្ពុជា ឈរលេខរៀងទី៣៥ ក្នុងចំណោមអត្តពលកមកពី ៤៦ប្រទេស ដែលបានចូលរួម តែលទ្ធផលនេះ បានបំបែកកំណត់ត្រាចាស់ កាលពីឆ្នាំ២០២២ នៅប្រទេសចិន ដែលក្រុមអត្តពលិកកម្ពុជា ទទួលបានមេដាយសំរឹទ្ធ ១គ្រឿងប៉ុណ្ណោះ ។ រីឯកីឡាករ-កីឡាការិនីមួយចំនួន ទោះពុំទទួលបានមេដាយជូនជាតិ តែក៏បានបង្ហាញពីគុណផលល្អប្រសើរផងដែរ។ចំណែកប្រទេសដណ្ដើមបានមេដាយច្រើនជាងគេ គឺក្រុមអត្តពលិកចិន ដែលឈ្នះមេដាយសរុប ៣៤១គ្រឿង (មាស ១៦៩, ប្រាក់ ៨៩ និងសំរឹទ្ធ ៨៣) លើម្ចាស់ផ្ទះជប៉ុន ដែលឈរលេខ២ ឈ្នះមេដាយសរុប ២៦៩គ្រឿង (មាស ៨៣, ប្រាក់ ៩៥ និងសំរឹទ្ធ ៩១) និងកូរ៉េងខាងត្បូង ឈរលេខ៣ ឈ្នះមេដាយសរុប ១៥០គ្រឿង (មាស៣៩, ប្រាក់ ៤៣ និងសំរឹទ្ធ ៦៨គ្រឿង។ ក្រៅពីនេះ ក៏មានអត្តពលិកបណ្ដាប្រទេសជាច្រើនទៀត ដែលដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ផងដែរ៕អត្ថបទ លី ឈុនឡា

អត្តពលិកជាតិ-អន្ដរជាតិ រីករាយនឹងបទពិសោធន៍ថ្មីលើភ្នំបូកគោ និងគាំទ្រឲ្យមានព្រឹត្តិការណ៍កីឡាទេសចរណ៍ជាបន្ដបន្ទាប់ទៀត

2026/10/05 12:11:39 pm        260
អត្តពលិកជាតិ-អន្ដរជាតិ បានបង្ហាញនូវស្នាមញញឹម ជាមួយភាពសប្បាយរីករាយ ក្នុងការទទួលនូវបទពិសោធន៍ថ្មី និងប្លែកភ្នែក ក្រោយចូលរួមរត់ឆ្លងកាត់ឧបសគ្គលើភ្នំបូកគោ និងគាំទ្រឲ្យមានការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ជាបន្ដបន្ទាប់ទៀត ដើម្បីជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនមកលេងកម្សាន្ដនៅតំបន់អេកូទេសចរណ៍ដ៏មានសក្ដានុពលរបស់ខេត្តកំពតនេះ។ការគូសបញ្ជាក់នេះ បន្ទាប់ពីព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង ក្រោមប្រធានបទ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» ត្រូវបានរៀបចំដោយជោគជ័យ ក្រោមការគាំទ្រពីក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្ត ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត រួមជាមួយអត្តពលិកជាតិ-អន្ដរជាតិជាង ២ពាន់នាក់មកពី ២៦ប្រទេស កាលពីចុងសប្ដាហ៍កន្លងទៅ។ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានសម្ដែងក្ដីរីករាយ ចំពោះព្រឹត្តិការណ៍រត់បែបឆ្លងកាត់ឧបសគ្គលើកដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន និងបានទាក់ទាញការចូលរួមយ៉ាងច្រើនពីអត្តពលិកជាតិ-អន្ដរជាតិ ពិសេសសមិទ្ធផលក្រោយព្រឹត្តិការណ៍ ដែលបានបន្សល់ទុកជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ មកលេងកម្សាន្ដ ដែលអាចរត់ ឬដើរលេងតាមតម្រាយផ្លូវដែលបានរៀបចំជាលក្ខណៈគ្រួសារ ឬជាក្រុម ដើម្បីសុខភាព និងបានស្វែងយល់ពីតំបន់សក្ដានុពលធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ដ្រជាច្រើននៅទីនេះ។ជាមួយគ្នាកញ្ញា ឡុង ស្រីណៃ បន្ទាប់ពីបានចូលរួមផ្ទាល់ក្នុងព្រឹត្តិការណ៍ បានបង្ហាញការភ្ញាក់ផ្អើល ចំពោះបទពិសោធន៍ថ្មី និងអ្វីដែលកញ្ញាមិនធ្លាប់ដឹង បានឃើញពីមុន ទោះបីខ្លួនធ្លាប់មកលេងកម្សាន្ដច្រើនដងលើភ្នំបូកគោ ដូចជាព្រះរាជដំណាក់ និងតំបន់ប្រវត្តិសាស្ដ្រមួយចំនួន។ តាមរយៈនេះ កញ្ញាគាំទ្រឲ្យមានការរៀបចំជាបន្ដបន្ទាប់ទៀត ដើម្បីជំរុញការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ និងទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើន។ដោយឡែកលោកស្រី Neolle Goodlin ជនជាតិអាមេរិក និងម្ចាស់ជ័យលាភីលេខ៣ លើវិញ្ញាសារត់ចម្ងាយ ១២គីឡូម៉ែត្រ លោក Amaul ជនជាតិបារាំង ក៏បានរីករាយដូចគ្នា សម្រាប់បទពិសោធន៍ថ្មីៗ ជាមួយទេសភាព អាកាសធាតុដ៏អស្ចារ្យ ព្រមទាំងផ្លូវរត់ឧបសគ្គបែបទេសចរណ៍ផ្សងព្រេង ហើយអ្នកទាំងពីរ ពិតជាគាំទ្រសម្រាប់ការពង្រីកការរៀបចំកាន់តែច្រើន ដើម្បីជំរុញការផ្សព្វផ្សាយពីភាពអស្ចារ្យនៅលើភ្នំបូកគោផងដែរ។សម្រាប់ព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ ដើម្បីអបអរសាទរព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតំបន់ឆ្នេរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សក្ដានុពលទេសចរណ៍ម្ហូបអាហារ និងភាពស្រស់ស្អាតនៃតំបន់ឆ្នេរក្នុងរដូវកាលបៃតង» ដែលបានរៀបចំរយៈពេល ៣ថ្ងៃ នៅខេត្តកំពតនេះ គឺបានរៀបចំលើ ៤វិញ្ញាសា រួមមានរត់ចម្ងាយ ២៥គីឡូម៉ែត្រ, ១២គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ដោយតម្រាយផ្លូវរត់ មានផ្សារភ្ជាប់នូវទេសភាពធម្មជាតិ អមដោយច្រលងជ្រោះ មើលឃើញនូវស្ទឹងពពក ភ្ជាបន់ជាមួយតំបន់វប្បធម៌ ប្រវត្តិសាស្ដ្រជាច្រើនទៀតផង៕ អត្ថបទ លី ឈុនឡា

រត់ឆ្លងកាត់ឧបសគ្គលើភ្នំបូកគោ ក្លាយជាព្រឹត្តិការណ៍អស្ចារ្យ ជំរុញការផ្សព្វផ្សាយសក្តានុពលធម្មជាតិ និងប្រវត្តិសាស្ត្រក្នុងរដូវកាលបៃតង

2026/10/05 11:57:52 am        298
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានចាត់ទុកព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គលើភ្នំបូកគោ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងប្រវត្តិសាស្ដ្រថ្មីមួយទៀត ដែលមានអត្តពលិកជាតិ-អន្ដរជាតិជាង ២ពាន់នាក់មកពី ២៦ប្រទេសបានមកជួបជុំគ្នារត់កម្សាន្ដ លើទីតាំងដែលជារមណីយដ្ឋានធម្មជាតិផង ប្រវត្តិសាស្ដ្រ និងជាតំបន់អេកូទេសចរណ៍ដ៏ពិសេសនៃព្រះរាជាណាចក្រកម្ពុជា។ការគូសបញ្ជាក់នេះ បន្ទាប់ពីឯកឧត្តមរដ្ឋមន្ដ្រី និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង ក្រោមប្រធានបទ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» ដែលរៀបចំដោយសណ្ឋាគារសុខា និងក្រុមហ៊ុន Nexsports ដោយមានការគាំទ្រពីក្រសួង និងអាជ្ញាធរខេត្ត នៅថ្ងៃទី៤ ខែតុលានេះ ដែលបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងអ្នកចូលរួម។ឯកឧត្តមបន្ដថា ព្រឹត្តិការណ៍នេះ បានក្លាយជាយុទ្ធនាការដ៏អស្ចារ្យមួយក្នុងការលើកកម្ពស់ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រនៃឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ពិសេសក្នុងរដូវកាលបៃតង ខណៈក្រសួង បានសហការជាមួយរដ្ឋបាលខេត្តកំពត កំពុងរៀបចំព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតំបន់ឆ្នេរ ឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយមានកម្មវិធីអមជាច្រើន រួមទាំងព្រឹត្តិការណ៍កីឡាទេសចរណ៍នេះផងដែរ។ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា ការរត់ឆ្លងកាត់ឧបសគ្គលើភ្នំបូកគោ មិនត្រឹមជាសកម្មភាពកីឡាដើម្បីសុខភាព និងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្ដែគឺជាយុទ្ធនាការដ៏សំខាន់ក្នុងការផ្សារភ្ជាប់កីឡាទៅនឹងការអភិរក្សបរិស្ថាន ការថែរក្សាធនធានធម្មជាតិ និងការបណ្ដុះស្មារតីស្រលាញ់ធម្មជាតិ ក៏ដូចជាការលើកកម្ពស់សេដ្ឋកិច្ចផងដែរ ។ ដូច្នេះការរៀបំព្រឹត្តិការណ៍នេះ បានផ្សារភ្ជាប់យ៉ាងសំខាន់ ទាំងវិស័យទេសចរណ៍ សេដ្ឋកិច្ច បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្រោមម្លប់សន្ដិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ជាមួយគ្នា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម ម៉ៅ ធនិន ក៏បានសម្ដែងក្ដីរីករាយ ចំពោះកិច្ចសហការរៀបចំឲ្យមានព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គលើភ្នំបូកគោ ដែលមិនត្រឹមផ្ដល់នូវសុខភាពល្អ តែក៏ជាកត្ដារួមចំណែកផ្សព្វផ្សាយពីសក្ដានុពលលើភ្នំបូកគោ ហើយទាក់ទាញភ្ញៀវជាតិ និងអន្ដរជាតិមកលេងកម្សាន្ដកាន់តែច្រើន ពិសេសភ្ញៀវមកពីសហគមន៍អឺរ៉ុប ដែលបានប្រសិទ្ធនាមបរិស្ថានខេត្តកំពត ជាឱសថព្យាបាលជំងឺផ្លូវដង្ហើមដ៏មានប្រសិទ្ធភាព ក្រោយខ្យល់សមុទ្រត្រូវបានរែងស្ទៃដោយធម្មជាតិលើភ្នំបូកគោ មុនចាក់លំហូរចូលទៅកាន់ទីប្រជុំជន ដែលពោរពេញដោយខ្យល់បរសិទ្ធ។ទន្ទឹមជាមួយភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ទេសចរណ៍បែបផ្សងព្រេងនេះ ថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្ត សង្ឃឹមថា ទាំងរដ្ឋ និងវិស័យឯកជន នឹងបន្ដរៀបចំឲ្យមានព្រឹត្តិការណ៍បន្ដបន្ទាប់ទៀត ពិសេសនៅលើភ្នំបូកគោ ដើម្បីជំរុញការផ្សព្វផ្សាយពីសក្ដានុពល នូវតំបន់ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ដ្រ ជាច្រើន ទៅកាន់ពិភពលោក ហើយទាក់ទាញត្រឡប់មកនូវភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិជាច្រើនមកលេងកម្សាន្ដ ហើយទទួលបាននូវបទពិសោធន៍ថ្មី និងអស្ចារ្យជាមួយតំបន់អេកូទេសចរណ៍ធម្មជាតិនេះ។ជាមួយគ្នានោះដែរ បន្ទាប់ពីអញ្ជើញចូលរួមព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គលើភ្នំបូកគោ ឯកឧត្តម ហួត ហាក់ អមដំណើរដោយឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងប្រតិភូ ក៏បានអញ្ជើញទស្សនកិច្ចនៅតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនផងដែរ ក្នុងនោះក៏មានដំណាក់ស្លាខ្មៅ ដែលត្រូវបានកសាងឡើងពីថ្មបាយអរ និងបិទឈើស្លាខ្មៅក្នុងឆ្នាំ១៩៣៦ សម្រាប់ជាព្រះរាជដំណាក់ សម្រាកលំហែព្រះកាយរបស់ព្រះបរមរតនកោដ្ឋ ផងដែរ។គួរដឹងថា ព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គលើភ្នំបូក គឺជាកម្មវិធីអមដ៏ធំមួយ នៃព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតំបន់ឆ្នេរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សក្ដានុពលទេសចរណ៍ម្ហូបអាហារ និងភាពស្រស់ស្អាតនៃតំបន់ឆ្នេរក្នុងរដូវកាលបៃតង» ខណៈ ២ថ្ងៃដំបូង ពោលគឺនៅថ្ងៃទី២ និងថ្ងៃទី៣ ខែតុលា ព្រឹត្តិការណ៍នេះ បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិប្រមាណជាង ៥៥,០០០នាក់ ហើយថ្ងៃទី៤ ខែតុលានេះ ឯកឧត្តម ហួត ហាក់ រំពឹងនឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិលើសពី ៣ម៉ឺននាក់បន្ថែមទៀត៕ អត្ថបទ លី ឈុនឡា

មុនជួបអ៊ីតាលីយប់នេះ Zidane ថាគ្មានការសោកស្តាយចំពោះការបុកក្បាល Materazzi កាលឆ្នាំ ២០០៦

2026/10/02 01:45:07 pm        284
គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង Zinedine Zidane បាននិយាយថា លោក «គ្មានការសោកស្តាយ» ចំពោះហេតុការណ៍បុកក្បាលដ៏ល្បីនៅវគ្គផ្តាច់ព្រ័ត្រ World Cup 2006 ខណៈបារាំងត្រៀមជួបអ៊ីតាលីឡើងវិញ ប៉ុន្តែលើកនេះលោកនឹងប្រឈមមុខក្នុងតួនាទីជាគ្រូបង្វឹក។Zidane បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ខ្ញុំគ្មានការសោកស្តាយទេ ព្រោះវាជាផ្នែកមួយនៃអាជីព។ ខ្ញុំមិនមានមោទកភាពចំពោះអ្វីដែលបានកើតឡើងនោះទេ ខ្ញុំធ្លាប់និយាយពីវារួចហើយ ហើយថ្ងៃនេះខ្ញុំក៏និយាយដដែល ប៉ុន្តែវាជាផ្នែកមួយនៃដំណើររបស់ខ្ញុំ»។លោកបានបន្ថែមថា ពេលនេះលោកផ្តោតសំខាន់ទៅលើអ្វីដែលនឹងកើតឡើងបន្ទាប់ និងការងារជាមួយក្រុមជម្រើសជាតិបារាំង។កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០៦ ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup នៅទីក្រុងប៊ែកឡាំងលោក Zidane ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញនៅសល់ប្រមាណ ១០ នាទីមុនចប់ម៉ោងបន្ថែម បន្ទាប់ពីលោកបានបុកក្បាលទៅលើទ្រូងរបស់ខ្សែការពារអ៊ីតាលី Marco Materazzi។ការបណ្តេញចេញនោះធ្វើឱ្យ Zidane មិនអាចចូលរួមក្នុងការទាត់បាល់ ១១ ម៉ែត្រកាត់សេចក្តី ដែលនៅទីបំផុតអ៊ីតាលីបានយកឈ្នះបារាំង និងលើកពាន World Cup។សម្រាប់ការប្រកួត Nations League នាពេលនេះ Zidane បានដឹកនាំបារាំងឈ្នះ ២ប្រកួតក្នុងចំណោម ២ប្រកួត ហើយកំពុងឈរកំពូលតារាងពូល A មាន ៦ពិន្ទុ។ទោះជាយ៉ាងណា Zidane មិនមើលស្រាលអ៊ីតាលីឡើយ បន្ទាប់ពីអ៊ីតាលីបានយកឈ្នះតួកគី ៤-១ និង ចាត់ទុកអ៊ីតាលីថាជាក្រុមដែលមានគ្រោះថ្នាក់ខ្លាំង។ចំណែកឯគ្រូបង្វឹកអ៊ីតាលី Roberto Mancini បានមើលឃើញការប្រកួតជាមួយបារាំងថា ជាឱកាសសម្រាប់ក្រុមដែលមានកីឡាករវ័យក្មេងរបស់លោកបង្ហាញសមត្ថភាព។បច្ចុប្បន្ន បារាំងឈរលេខ១ ក្នុងពូល A មាន ៦ពិន្ទុ ខណៈអ៊ីតាលីឈរលេខ៣ មាន ៣ពិន្ទុ តាមពីក្រោយបែលហ្ស៊ិកដោយគ្រាប់បាល់ចំណេញ ខណៈតួកគីឈរបាតតារាងដោយមិនទាន់មានពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ

ឥណ្ឌូនេស៊ី និងកូរ៉េឈ្នះមេដាយមាសបាញ់ធ្នូ ខណៈជប៉ុនគ្រប់គ្រងវិញ្ញាសាយូដូក្នុង Asian Games

2026/10/02 01:19:35 pm        392
កីឡាការិនីឥណ្ឌូណេស៊ី Nurisa Dian Ashrifah បានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយឈ្នះមេដាយមាសក្នុងវិញ្ញាសាបាញ់ធ្នូ Compound ផ្នែកនារី ខណៈការប្រកួតដណ្តើមមេដាយមាសជាច្រើនក្នុងព្រឹត្តិការណ៍ Asian Games Aichi-Nagoya បានបន្តយ៉ាងសកម្ម ដោយមានការប្រកួតលើវិញ្ញាសាបាញ់កាំភ្លើង យូដូ ប្រណាំងកង់ កាណូត ចំបាប់ Esports និងកីឡាឡើងជញ្ជាំង។Ashrifah បានយកឈ្នះកីឡាការិនីហ្វីលីពីន Amaya Amparo Cojuangco ក្នុងលទ្ធផល ១៣៩-១៣៧ បន្ទាប់ពីការប្រកួតចុងក្រោយដ៏តានតឹង ដើម្បីក្លាយជាកីឡាការិនីឥណ្ឌូណេស៊ីដំបូងគេដែលឈ្នះជើងឯកបាញ់ធ្នូនៅ Asian Games។សម្រាប់វគ្គផ្តាច់ព្រ័ត្រ Compound ផ្នែកបុរស កីឡាករកូរ៉េ Kim Jongho រកបាន ១៤៩ ពិន្ទុ ដើម្បីយកឈ្នះកីឡាករឆាយនីសតៃប៉ិ Chang Cheng Wei ចំនួន ៤ពិន្ទុ។កូរ៉េក៏បានបន្ថែមមេដាយមាសមួយទៀតក្នុងវិញ្ញាសាបាញ់កាំភ្លើង ដោយ Lee Gunhyeok បានយកឈ្នះកីឡាករចិន Su Lianbofan ក្នុងការប្រកួត Shoot-off បន្ទាប់ពីអ្នកទាំងពីររកបាន ៣២ដងដូចគ្នា ក្នុងវិញ្ញាសាកាំភ្លើងខ្លី ២៥m Rapid-Fire។ក្នុងវិញ្ញាសាចិះសេះជាក្រុម អារ៉ាប៊ីសាអូឌីតបានរក្សាមេដាយមាសជាក្រុមរបស់ខ្លួនជាថ្មី ដែលជាមេដាយមាសទី៥របស់ពួកគេក្នុងការប្រកួតជិះសេះជាក្រុមនៅ Asian Games ក្នុងចំណោមការប្រកួត ៦លើកចុងក្រោយ។កីឡាករ Khaled Abdulrahman Al-Mobty និងសេះ Diana du Plevau Z បានបញ្ចប់ការប្រកួតដោយគ្មានកំហុស ដើម្បីជួយអារ៉ាប៊ីសាអូឌីតឈរនៅលើកំពូលវេទិកា។ចិនបានឈ្នះមេដាយមាសក្នុងវិញ្ញាសាប្រណាំងទូកានូផ្នែកបុរស ដោយ Zhang Zhicheng ខណៈកីឡាការិនីជប៉ុន Ito Kurumi បានធ្វើឱ្យអ្នកគាំទ្រម្ចាស់ផ្ទះសប្បាយរីករាយ ដោយឈ្នះមេដាយមាសក្នុងវិញ្ញាសាទូកកាយ៉ាក់ផ្នែកនារី។ជប៉ុនក៏ទទួលបានជោគជ័យលើទីលានប្រណាំងកង់ផងដែរ ដោយឈ្នះមេដាយមាសវិញ្ញាសា Women's Madison និងកីឡាករ Kaiya Ota ឈ្នះជើងឯកវិញ្ញាសា Men's Sprint។ភាពលេចធ្លោរបស់ម្ចាស់ផ្ទះបានបន្តនៅលើកម្រាលយូដូ និងចំបាប់។ Narumi Tanioka ឈ្នះមេដាយមាសយូដូទម្ងន់ក្រោម ៦៣kg ផ្នែកនារី ខណៈកីឡាការិនីកូរ៉េ Huh Mimi បានយកឈ្នះកីឡាការិនីម៉ុងហ្គោលី Terbish Ariunzaya ដើម្បីឈ្នះមេដាយមាសក្នុងប្រភេទ ៥៧kg។ក្នុងវិញ្ញាសាចំបាប់ក្រិកកូរ៉ូម៉ាំងទម្ងន់ ៩៧kg កីឡាករជប៉ុន Yuri Nakazato បានឈ្នះមេដាយមាស ខណៈ Nonoka Ozaki ឈ្នះមេដាយមាសក្នុងវិញ្ញាសាចំបាប់នារីទម្ងន់ ៦២kg។អារ៉ាប៊ីសាអូឌីតក៏បានឈ្នះមេដាយមាសក្នុងវិញ្ញាសាជឺជីតស៊ូ ទម្ងន់ ៦២kg ផ្នែកបុរស តាមរយៈ Khaled Al Shehhi ខណៈមីយ៉ាន់ម៉ាបានបង្កើតប្រវត្តិសាស្ត្រក្នុងវិស័យ Esports ដោយយកឈ្នះឥណ្ឌូណេស៊ី ៤-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ Mobile Legends: Bang Bang។ចំណែកចិនបានបញ្ចប់ថ្ងៃដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួនក្នុងវិញ្ញាសាកីឡាឡើងជញ្ជាំង ដោយ Chu Shouhong ឈ្នះមេដាយមាសក្នុងវិញ្ញាសាឡើងប្រើល្បឿន ផ្នែកបុរស ជាមួយពេលវេលា ៤ វិនាទី ៧១៕ អត្ថបទ៖នាង សុភាវុធ

ក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រ​ពានរង្វាន់​អន្ដរជាតិ​លើក​ដំបូង

2026/10/01 04:05:12 pm        1621
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិ FIFA ASEAN Cup 2026 (Division 2) ជាផ្លូវការ ក្រោយប្រកួតស្មើក្រុមមជម្រើសជាតិទីម័រខាងកើត ២-២ នៅ​កីឡដ្ឋាន Kai Tak នាទីក្រុងហុងកុង។នេះគឺ​ជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីរបស់ក្រុមគោព្រៃកម្ពុជា ដែលបានឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​អន្ដរជាតិ​លើកដំបូង ក្នុងរយៈពេលជាង ៧០ឆ្នាំ រាប់ចាប់ពីការប្រកួតពានរង្វាន់ថ្នាក់តំបន់ កម្រិត​ទ្វីប និងពានរង្វាន់ពិភពលោកជាដើម។សម្រាប់ជំនួបបញ្ចប់ពូលB កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា អតីតសមាជិកក្លិបអង្គរថាយហ្គឺរ João Pedro បានរកគ្រាប់នាំមុខ ១គ្រាប់មុនឲ្យទីម័រ នៅនាទី១៧ មុនកីឡាករ Andres Nieto វាយបកបាន ២គ្រាប់វិញ ឲ្យក្រុមគោព្រៃកម្ពុជា នៅនាទី២៨ និងនាទី៣៨។ចូលវគ្គទី២ កម្ពុជាបានបន្ដដាក់សម្ពាធ តែទីម័រ ក៏មិនបោះបង់ការខំប្រឹង ទោះបីពួកគេស្ទើរគ្មានឱកាសប្រជែងកៅអីវគ្គបន្ដ ហើយទីបំផុតពួកគេក៏រកបានគ្រាប់តាមស្មើ ដោយកីឡាករ Corsino Lemos នៅនាទី៥៨ គ្រាដែលកម្ពុជា មិនអាចស្វែងរកគ្រាប់បាល់បន្ថែម នាំឲ្យលទ្ធផលស្មើគ្នា ២-២ រក្សាដល់ចប់ការប្រកួតពេញម៉ោង។ជាមួយការរកបាន ១ពិន្ទុដ៏លំបាកពីទីម័រនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួន ហាក់មិនសប្បាយចិត្តនឹងលទ្ធផលនេះឡើយ តែក៏មានអ្នកគាំទ្រជាច្រើន រីករាយ និងបានអបអរសាទរ ចំពោះការបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្ររបស់ក្រុមគោព្រៃកម្ពុជា ដែលបានបញ្ចប់ការរង់ចាំរយៈពេលជាង ៧០ឆ្នាំ ក្នុងការឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូងនេះផងដែរ។សម្រាប់វគ្គផ្ដាច់ព្រ័ត្រការប្រកួតកម្រិតទី២ នៃពានរង្វាន់ FIFA ASEAN Cup 2026 ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះហុងកុង ដែលបានឈរនៅកំពូលតារាងពូលA បន្ទាប់ពីបន្ដយកឈ្នះក្រុមជម្រើសជាតិប្រ៊ុយណេ ២-០ កាលពីល្ងាចថ្ងៃពុធ។ ជំនួបដណ្ដើមពានរៀបចំ និងទទួលស្គាល់ដោយ FIFA នេះ នឹងធ្វើឡើងនាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ចុងសប្ដាហ៍នេះ នៅកីឡដ្ឋាន Kai Tak វេលាម៉ោង ៥ល្ងាច ត្រូវនឹងពេលវេលានៅកម្ពុជា៕ អត្ថបទ លី ឈុនឡា

Sayfullaeva ឈ្នះមេដាយមាសលោតកម្ពស់ ខណៈ An Se-young ការពារជើងឯកកីឡាវាយសី Asian Games

2026/09/30 11:40:33 am        631
កីឡាការិនីអ៊ូសបេគីស្ថាន Barnokhan Sayfullaeva បានឈ្នះមេដាយមាសក្នុងវិញ្ញាសាលោតកម្ពស់នារី នៅ Asian Games កាលពីថ្ងៃអង្គារ បន្ទាប់ពីលោតឆ្លងកម្ពស់ ១.៩០ម៉ែត្រ ដែលជាកំណត់ត្រាផ្ទាល់ខ្លួនល្អបំផុត។នៅកីឡាអត្តពលកម្ម កីឡាការិនីចិន Wu Hongjiao ឈ្នះមេដាយមាសរត់ ៨០០ម៉ែត្រនារី ខណៈផ្នែកបុរសរត់ ៨០០ ម៉ែត្រដូចគ្នា កីឡាករជប៉ុន Ko Ochai ជាអ្នកឈ្នះមេដាយមាស ស្របពេលដែលវិញ្ញាសារត់ ៥០០០ ម៉ែត្របុរស មេដាយមាសបានទៅបារ៉ែន។វិញ្ញាសាលត់កំពស់ប្រើដំបង ជ័យជម្នះមេដាយមាសបានទៅកីឡាករហ្វីលីពីន Ernest John ខណៈវិញ្ញាសាចោលញញួរផ្នែកនារី មេដាយមាសបានទៅកីឡាការិនីចិន Zhang Jiale។ក្នុងកីឡាវាយសី កីឡាការិនីកូរ៉េ An Se-young បានការពារជើងឯកវិញ្ញាសាឯកត្តជននារី បន្ទាប់ពីយកឈ្នះកីឡាការិនីជប៉ុន Akane Yamaguchi ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។កូរ៉េក៏បានឈ្នះមេដាយមាសវិញ្ញាសាវាយគូស្ត្រីផងដែរ បន្ទាប់ពី Lee So-hee និង Baek Ha-na យកឈ្នះគូកីឡាការិនីចិន Liu Shengshu និង Tan Ning។ បន្តទៅកីឡាបាញ់កាំភ្លើង កីឡាការិនីឥណ្ឌា Neeru Dhanda បានឈ្នះមេដាយមាសវិញ្ញាសា Trap ឯកត្តជននារី ខណៈកីឡាករគុយវ៉ែត Khaled Almudhaf ឈ្នះមេដាយមាសក្នុងវិញ្ញាសា Trap ឯកត្តជនបុរស។អ៊ូសបេគីស្ថានក៏បានបន្ថែមមេដាយមាសមួយទៀតក្នុងកីឡាលើកទម្ងន់ ដោយ Akbar Djuraev ឈ្នះមេដាយមាសប្រភេទទម្ងន់ ៨៦គីឡូក្រាមបុរស និងបានបង្កើតកំណត់ត្រាពិភពលោកថ្មីក្នុងវិញ្ញាសាលើកទម្ងន់ដំបូង (Snatch)៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM