កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

កំពង់ស្ពឺឡើងវគ្គ ៨ក្រុម ពានសម្ដេចតេជោ-ថ្នាក់ខេត្ត តែកណ្ដាលចាំអ៊ុតការប្រកួតបញ្ចប់ ២ពូលចុងក្រោយ

2026/09/30 10:58:39 am        271
ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយ ១ក្រុមទៀតហើយ គឺក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ដែលបានឈរកំពូលតារាងពូលC ស្របពេលសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល ត្រូវចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលD និងពូលE ដើម្បីប្រជែងកៅអីក្រុមលេខ២ ល្អជាងគេឡើងទៅវគ្គបន្ដ។ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ស្ទើរនឹងរបូតឱកាសមាសនេះ បន្ទាប់ពីរកបាន ១ពិន្ទុដ៏លំបាកពីក្រុមម្ចាស់ផ្ទះភ្នំដាមហានគរខេត្តតាកែវ ក្រោយប្រកួតស្មើគ្នា ៤-៤ កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ។ ជំនួបដ៏ជក់ចិត្តនេះ ត្រឹមរយៈពេល ៥នាទី ក្រុមទាំងពីរ រកបាន ១គ្រាប់ម្នាក់ ក្នុងនោះភ្នំដាមហានគរខេត្តតាកែវ រកបាន ១គ្រាប់មុន ដោយកីឡាករ អ៊ឹម សៀងហៃ នៅនាទីទី៣ មុនកីឡាករ ធន រស្មី វាយបកគ្រាប់តាមស្មើ នៅនាទីទី៥ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់វគ្គទី១។ចូលវគ្គទី២ ការប្រកួតកាន់តែរន្ថើន បន្ទាប់ពីកីឡាករ សុខ ឡេងទ្រី រកបានគ្រាប់នាំមុខឲ្យកំពង់ស្ពឺ នៅនាទី៥២ ក្រុមម្ចាស់ផ្ទះតំណាងខេត្តតាកែវ ក៏វាយបកបាន ២គ្រាប់វិញភ្លាមៗ ដោយកីឡាករ នន់ ស៊ីថូ នៅនាទី៥៣ និងនាទី៦០ ។ តែភ្លាមៗ កំពង់ស្ពឺ ក៏រកបាន ២គ្រាប់នាំមុខជាថ្មី ដោយកីឡាករ ជុន សុខនី នៅនាទី៦៤ និងគ្រាប់បាល់ស៊ុតពិន័យ ១១ម៉ែត្ររបស់កីឡាករ ឈឿន ស៊ុយហេង នៅនាទី៧២ មុនគ្រាប់បាល់ចុងក្រោយ និងជាគ្រាប់តាមស្មើរបស់ក្រុមភ្នំដាមហានគរខេត្តតាកែវ រកបានដោយកីឡាករ ញិល មករា នៅនាទី៧៦។ការចែកគ្នា ១ពិន្ទុម្នាក់នេះ គ្រប់គ្រាន់ធ្វើឲ្យក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ រក្សាកៅអីកំពូលតារាង ដើម្បីទទួលបានកៅអីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ដោយរកបាន ១៣ពិន្ទុ ស្មើជាមួយសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល បន្ទាប់ពីខេត្តកណ្ដាល បានយកឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ី ដោយលទ្ធផល ៤-២ ដំណាលគ្នា កាលពីល្ងាចថ្ងៃអង្គារ តែបើកំពង់ស្ពឺ ភ្លាត់ចាញ់វិញ ច្បាស់ណាស់ពួកគេនឹងរបូតកៅអីកំពូលតារាង ហើយត្រូវចាំអ៊ុតតំណែងក្រុមលេខ២ ល្អជាងគេវិញ។យ៉ាងណាការអ៊ុតកៅអីក្រុមលេខ២ ល្អជាងគេពេលនេះ គឺបានធ្លាក់ទៅខេត្តកណ្ដាល ដែលកាត់ពិន្ទុពួកគេរកបានពីក្រុមបាតតារាងភ្នំពេញហ្គាឡាក់ស៊ី គឺនៅសល់ ៧ពិន្ទុ ដើម្បីផ្ទៀងផ្ទាត់ជាមួយក្រុមលេខ២ តាមបណ្ដាលពូលផ្សេងៗ។ បច្ចុប្បន្នខេត្តកណ្ដាល មានប្រៀបលើក្រុមលេខ២ ពូលA តែចាព់ប្រៀបក្រុមលេខ២ ពូលB គឺខេត្តបន្ទាយមានជ័យ ដែលនៅសល់ ៨ពិន្ទុក្នុងដៃ។ ដូច្នេះខេត្តកណ្ដាល ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលD និងពូលE ក្នុងសប្ដាហ៍នេះ ដើម្បីកំណត់បេក្ខភាពក្រុមលេខ២ ល្អជាងគេឡើងទៅបង្គ្រប់កៅអីវគ្គ ៨ក្រុមចុងក្រោយ។សម្រាប់ជំនួបបញ្ចប់ពូលD នៅថ្ងៃទី២៩ ខែកញ្ញា គឺជាការប្រកួតដ៏ជក់ចិត្ត ដែលអ្នកគាំទ្រកំពុងតាមដាន រវាងក្រុមការពារតំណែងជើងឯក មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។ ក្រុមទាំងពីរ សុទ្ធតែមានឱកាសប្រជែងកៅអីវគ្គបន្ដ ហើយក៏ប្រឈមបាត់បង់ឱកាសនេះផងដែរ។ បច្ចុប្បន្នខេត្តត្បូងឃ្មុំ កំពុងឈរកំពូលតារាងមាន ១៣ពិន្ទុ ខណៈកំពង់ចាម ឈរលេខ២ មាន ១០ពិន្ទុ។ ការប្រកួតនេះ ត្បូងឃ្មុំ ត្រូវការត្រឹមស្មើ ដើម្បីឡើងវគ្គបន្ដ ហើយកំពង់ចាម នឹងត្រូវប្រឈមការធ្លាក់ តែបើកំពង់ចាមឈ្នះវិញ ពួកគេនឹងត្រូវឡើងវគ្គបន្ដ ហើយក្រុមប្រឈមបាត់បង់ឱកាសឡើងទៅវគ្គបន្ដ នឹងធ្លាក់ទៅខេត្តត្បូងឃ្មុំវិញម្ដង។ ដូច្នេះចាំមើលតើជំនួបល្ងាចនេះ ក្រុមណានឹងត្រូវទៅវគ្គ ៨ក្រុមចុងក្រោយ?ដោយឡែកពូលE នឹងត្រូវធ្វើការប្រកួតបញ្ចប់ជើងទី២ នៅថ្ងៃទី១ ខែតុលាស្អែក ដោយក្រុមបាល់ទាត់ខេត្តព្រះសីហនុ ត្រូវជួបម្ចាស់ផ្ទះខេត្តកំពត និងខេត្តកោះកុង ត្រូវជួបក្រុមភ្ញៀវខេត្តកែប។ បច្ចុប្បន្នព្រះសីហនុ និងខេត្តកោះកុង មាន ៩ពិន្ទុស្មើគ្នា ឈរលេខ១ និងលេខ២ ហើយក្រុមទាំងពីរ ក៏ត្រូវការជ័យជម្នះលើគូប្រជែងរៀងៗខ្លួន ដើម្បីមានឱកាសដឹកដៃគ្នាឡើងទៅវគ្គ ៨ក្រុមចុងក្រោយផងដែរ៕ អត្ថបទ លី ឈុនឡា

ក្រុមអុកអន្ដរជាតិកម្ពុជា ចាត់ទុកមេដាយសំរឹទ្ធ Olympiad ជាសមិទ្ធផលលើសការរំពឹង និង​ជា​ទុន​ដ៏​សំខាន់​ជំរុញ​ការ​អភិវឌ្ឍ

2026/09/30 10:34:59 am        227
ក្រុមកីឡាអុកអន្ដរជាតិកម្ពុជា ដឹកនាំដោយលោក ឯល រ៉ូហ្សាក់ ប្រតិភូដឹកនាំ និង​ជា​គ្រូ​បង្វឹក​នៃ​សហព័ន្ធ​កីឡាអុ​កកម្ពុជា បានធ្វើដំណើរមកដល់មាតុភូមិវិញហើយ នៅល្ងាចថ្ងៃទី២៩ ខែកញ្ញា ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងព្រឹត្តិការណ៍ប្រកួតអុកអន្ដរជាតិកម្រិតពិភពលោក FIDE Chess Olympiad លើកទី៤៦ ឆ្នាំ២០២៦ នៅប្រទេសអ៊ូបេគីស្ថាន ដែលក្រុមកីឡាការិនីកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង កាលពីថ្មីៗ។ជាមួយដំណើរត្រឡប់មកមាតុភូមិដោយមោទនភាពនេះ ទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនី សុទ្ធតែរីករាយជាខ្លាំង សម្រាប់បេសកកម្មតំណាងជាតិចូលរួមព្រឹត្តិការណ៍ដ៏ធំ ដែលមានអត្តពលិកជាង ២០០ប្រទេសចូលរួម ហើយថែមទាំងដណ្ដើមបានមេដាយជូនជាតិថែមទៀត ។ ទាំងគ្រូបង្វឹក និងកីឡាការិនី បានចាត់ទុកការឈ្នះមេដាយសំរឹទ្ធលើកដំបូងនេះ គឺជាសមិទ្ធផលលើសការរំពឹង ហើយក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យកីឡាអុកអន្ដរជាតិនៅកម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ។លោក ឯល រ៉ូហ្សាក់ បានកោតសរសើរ ចំពោះលះបង់របស់កូនក្រុម ក្រោមស្មារតីប្រយុទ្ធពេញ ២សប្ដាហ៍ ដើម្បីសម្រេចបានលទ្ធផលលើសការរំពឹងជូនជាតិ។ ក្នុងនាមជាគ្រូបង្វឹក ធ្លាប់មានបទពិសោធន៍ចូលរួមការប្រកួតអន្ដរជាតិច្រើន លោកពិតជារីករាយនូវផ្លែផ្កា កើចេញពីការខិតខំការអភិវឌ្ឍធនធានបន្ដវេន ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំសហព័ន្ធ ហើយថ្ងៃអនាគត លោកថា ការចូលរួម និងដណ្ដើមមេដាយជូនជាតិ គឺជារឿងមួយ តែសំខាន់ជាងនេះ លោកចង់ឃើញព្រឹត្តិការណ៍ដ៏ធំនេះត្រូវបានរៀបចំនៅកម្ពុជា ដើម្បីផ្ដល់ឱកាសដល់កីឡាករកាន់តែច្រើនបានចូលរួម ព្រមទាំងជួយលើកស្ទួយដល់ទេសចរណ៍ និងសេដ្ឋកិច្ចថែមទៀត។ទន្ទឹមជាមួយគ្នា កីឡាការិនី ផុន សុពណ៌បតី និង ជា សុផារី តំណាងឲ្យក្រុមសុទ្ធតែមានមោទនភាពខ្លាំង ដែលក្រុមខ្លួនអាចដណ្ដើមមេដាយជូនជាតិ។ ទោះបីចាប់ផ្ដើមពីកម្រិតទី៥ នៃព្រឹត្តិការណ៍ តែពួកគេបានចាត់ទុកនេះគឺជាផ្លែផ្កាដ៏ល្អ ដើម្បីជំរុញទឹកចិត្តខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមដល់ពួកគេ ក្នុងការអភិវឌ្ឍន៍សមត្ថភាពត្រៀមចូលរួមការប្រកួតកម្រិតខ្ពស់ទៅថ្ងៃអនាគត បន្ទាប់ពីក្រុមកីឡាការិនីអុកអន្ដរជាតិកម្ពុជា បានបង្ហាញវត្តមានលើកដំបូងក្នុងព្រឹត្តិការណ៍ FIDE Chess Olympiad ឆ្នាំនេះ។ដោយឡែកកីឡាករ ម៉ែន សីហា ដែលទទួលបាន Title Candidate Master ពីសហព័ន្ធអន្ដរជាតិ បានលើកឡើងថា ទោះបីក្រុមបុរស ពុំទទួលបានមេដាយ តែការបញ្ចប់នៅចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមបណ្ដាប្រទេសជាច្រើន គឺជាលទ្ធផលដ៏គាប់ប្រសើរមួយ ដែលបង្ហាញពីភាពរីកចម្រើននៃវិស័យកីឡាអុកអន្ដរជាតិនៅកម្ពុជា ហើយពួកគេនឹងព្យាយាមខិតខំបន្ថែមទៀត ដើម្បីមានឱកាសឈានទៅប្រកួតមេដាយជូនជាតិនាឱកាសក្រោយ។គួរដឹងថា ព្រឹត្តិការណ៍ FIDE Chess Olympiad 2026 ដែលអ៊ូសបេគីស្ថាន ទទួលធ្វើម្ចាស់ផ្ទះឆ្នាំនេះ បានប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ដោយមានអត្តពលិកប្រមាណ ២ពាន់នាក់ចូលរួម ក្នុងនោះមានអត្តពលិកផ្នែកបុរសមកពី ២០៨ប្រទេសចូលរួម ខណៈផ្នែកនារី មានអត្តពលិកប្រមាណ ១៩២ប្រទេសចូលរួម។ ជាលទ្ធផលសម្រាប់អត្តពលិកកម្ពុជា ក្រៅពីការប្រជែងមេដាយជូនជាតិ ក៏បានកើតចំណាត់ថ្នាក់ពិភពលោកផងដែរ ជាក់ស្ដែងក្រុមនារី ដែលចាប់ផ្ដើមជាមួយលេខរៀងទី១៧៥ តែបានបញ្ចប់ដោយឡើងមកឈរលេខរៀងទី១៣៧ ខណៈផ្នែកបុរស បានចាប់ផ្ដើមពីលេខរៀងទី១៩៥ និងបញ្ចប់ដោយឡើងមកឈរលេខរៀងទី១៦៣៕ អត្ថបទ លី ឈុនឡា  

កម្ពុជាត្រូវការត្រឹមស្មើទីម័រ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ FIFA ASEAN Cup ខណៈគ្រូបង្វឹក និងកីឡាករប្ដេជ្ញាខ្ពស់ដើម្បីបង្កើតប្រវត្តិសាស្ដ្រថ្មី

2026/09/30 09:52:08 am        2078
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នាវេលាម៉ោង ៤ល្ងាចថ្ងៃទី៣០ ខែកញ្ញានេះ នៅកីឡដ្ឋាន Kai Tak របស់ហុងកុង ដែលជាការប្រកួតដ៏សំខាន់ ក្នុងជំនួបបញ្ចប់ពូលB នៃពានរង្វាន់ FIFA Asian Cup 2026(Division 2) ដោយកម្ពុជាទាមទារនូវពិន្ទុដាច់ខាត ដើម្បីបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។បច្ចុប្បន្នកម្ពុជា កំពុងមាន ៣ពិន្ទុឈរកំពូលតារាង ក្រោយយកឈ្នះមីយ៉ាន់ម៉ា ដែលមាន ៣ពិន្ទុដូចគ្នា ក្រោយយកឈ្នះទីម័រខាងកើត ២-០ ។ ដូច្នេះជំនួបរវាងកម្ពុជា និងទីម័រខាងកើត ល្ងាចនេះ ក្រុមគោព្រៃ ត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីធានាកៅអីវគ្គផ្ដាច់ព្រ័ត្រ តែប្រសិនបើកម្ពុជា ភ្លាត់ចាញ់ ឱកាសមាសនេះនឹងត្រូវបាត់បង់ ហើយអាចធ្លាក់ទៅក្រុមមីយ៉ាន់ម៉ា រួមទាំងទីម័រខាងកើត ផងដែរ ដោយផ្អែកលើផលសងគ្រាប់បាល់ និងលក្ខខណ្ឌពាក់ព័ន្ធផ្សេងៗ។ជុំវិញការប្រកួតលោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាថា នឹងមិនមែនជាការប្រកួតងាយស្រួលឡើយ ដោយសារទីម័រខាងកើត គឺជាក្រុមល្អមួយ ដែលប្រើបច្ចេកទេសលេងបាល់ និងមានល្បឿនលឿន ។ បែបនេះក្ដីលោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ស្របពេលកូនក្រុមកីឡាករ សារ៉េត គ្រីយ៉ា និង Andres Neito ក៏បានប្ដេជ្ញារៀងៗខ្លួន នឹងធ្វើឲ្យបានល្អបំផុត ដើម្បីឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដែលជាឱកាសបើកទំព័រប្រវត្តិសាស្ដ្រសម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជានេះផងដែរ។គួរដឹងថា តាំងពីឆ្នាំ១៩៥៦ ក្រោយក្រុមជម្រើសជាតិកម្ពុជា ត្រូវបានបង្កើត និងចូលរួមការប្រកួតអន្ដរជាតិ ក្រុមគោព្រៃកម្ពុជា ពុំធ្លាប់មានប្រវត្តិឡើងវគ្គផ្ដាច់ព្រ័ត្រនោះទេ រាប់ចាប់ពីការប្រកួតថ្នាក់តំបន់ ទ្វីប និងពានរង្វាន់ពិភពលោក ហើយកំណត់ត្រាល្អបំផុត គឺកម្ពុជា បានទទួលចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតជើងឯកទ្វីបអាស៊ី AFC Asian Cup ។ ដូច្នេះតាមរយៈយុទ្ធនាការប្រកួត FIFA Asian Cup 2026 នេះ គឺជាឱកាសសម្រាប់ការបង្កើតប្រវត្តិសាស្ដ្រថ្មីរបស់ក្រុមគោព្រៃ ដែលកំពុងមានភាគរយខ្ពស់ជាងគេក្នុងពូល។សម្រាប់ប្រវត្តិជួបគ្នារយៈពេល ១០ឆ្នាំចុងក្រោយ ពោលបើរាប់ចាប់ពីឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០២៦ កម្ពុជា និងទីម័រខាងកើត ធ្លាប់ជួបគ្នា ៦លើក ក្នុងនោះក្រុមគោព្រៃកម្ពុជា បានយកឈ្នះ ៥លើក និងស្មើ ១លើ មិនធ្លាប់ចាញ់ឡើយ។ ផ្អែកលើប្រវត្តិ និងការតាំងចិត្តរបស់គ្រូបង្វឹក ក៏ដូចជាកីឡាករ ឆ្លើយតបចំពោះឱកាសដ៏កម្រពេលនេះ អ្នកគាំទ្រសង្ឃឹមថាក្រុមជម្រើសជាតិកម្ពុជា នឹងអាចទទួលបានពិន្ទុពីទីម័រខាងកើត ដើម្បីឈរលេខ១ ក្នុងពូល ហើយឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ជួបក្រុមលេខ១ ក្នុងពូលA ដែលកំពុងមានប្រៀបដោយក្រុមម្ចាស់ផ្ទះហុងកុង នាពេលបច្ចុប្បន្ន ខណៈហុងកុង ក៏ត្រូវជួបប្រ៊ុយណេ បញ្ចប់ពូលរបស់ខ្លួន នៅរាត្រីថ្ងៃពុធនេះផងដែរ៕ អត្ថបទ លី ឈុនឡា

កីឡាការិនីកីឡាវូស៊ូកម្ពុជាឈ្នះមេដាយ ៦គ្រឿង ក្នុងការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯកអន្តរជាតិ នៅឥណ្ឌូនេស៊ី

2026/09/29 01:29:36 pm        251
ឥណ្ឌូនេស៊ី៖ កីឡាការិនីកីឡាវូស៊ូរបស់កម្ពុជាដណ្តើមបានមេដាយចំនួន ៦ គ្រឿងពីការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯក “ INTERNATIONAL TAIJI OPEN CHAMPIONSHIP-Piala Bergilir Gubernur Utara 2026” នៅប្រទេសឥណ្ឌូនេស៊ី ខេត្តស៊ូម៉ាត្រាខាងជើង ការប្រកួតនេះប្រព្រត្តិទៅចាប់ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។តាមសារអេឡិចត្រូនិច លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវូស៊ូកម្ពុជា និងប្រធានប្រតិភូ បានប្រាប់ពីឥណ្ឌូនេស៊ីឲ្យដឹងថា កីឡាការិនី៦ នាក់ ក្រោម១៧ ឆ្នាំ ២ នាក់ និងវ័យចាស់៤នាក់ ចូលរួមប្រកួតកីឡាវូស៊ូ វិញ្ញាសាថៃជិឈាន ( សម្តែង ) ជាលទ្ធផលបច្ចេកទេស ទទួលបានមេដាយសរុបចំនួន ៦ គ្រឿង រួមមាន មេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និង ៣ មេដាយសំរឹទ្ធិ ៣ គ្រឿងក្នុងការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯកកម្រិតអន្តរជាតិនៅប្រទេសឥណ្ឌូនេស៊ី។សូមបញ្ជាក់ថា សហព័ន្ធកីឡាវូស៊ូកម្ពុជា ដោយទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាវូស៊ូកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាការិនី ចំនួន ៨ នាក់ ចូលរួមការប្រកួត INTERNATIONAL TAIJI OPEN CHAMPIONSHIP-Piala Bergilir Gubernur Utara 2026 លើប្រភេទវិញ្ញាសាវិញ្ញាសាថៃជិឈាន ( សម្តែង )៕

Asian Games៖ កីឡាការិនីកាហ្សាក់ស្ថាន ត្រូវដកមេដាយមាស បន្ទាប់​ពី​ពាក់​ស្បែក​ជើង​មិន​ត្រូវ​តាម​បទប្បញ្ញត្តិ

2026/09/29 12:23:48 pm        463
កីឡាការិនីដើរប្រណាំងរបស់កាហ្សាក់ស្ថាន Yasmina Toxanbayeva ត្រូវបានដកហូតមេដាយមាសពីការប្រកួត Asian Games បន្ទាប់ពីត្រូវបាន ដកសិទ្ធិក្នុងវិញ្ញាសាម៉ារ៉ាតុង ដោយសារប្រើប្រាស់ស្បែកជើងដែលមិនត្រូវបានអនុញ្ញាតតាមបទប្បញ្ញត្តិ។Toxanbayeva បានឆ្លងកាត់ខ្សែបញ្ចប់មុនគេ ដោយប្រើពេល ៣ម៉ោង ២២នាទី និង២០វិនាទី ដែលលឿនជាងកីឡាការិនីចិន Danzengquzong ដែលឈ្នះមេដាយប្រាក់ជិត៤នាទី។ ប៉ុន្តែលទ្ធផលដំបូងនៅមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយ ដោយសារមានការដាក់ពាក្យតវ៉ា។ដោយឡែកកីឡាអត្តពលកម្មដែលត្រូវប្រកួតក្រោមភ្លៀងខ្លាំង Mariam Kareem បានក្លាយជាចំណុចសំខាន់ ដោយបំបែកកំណត់ត្រា Asian Games និងឈ្នះមេដាយមាសក្នុងវិញ្ញាសា រត់ឆ្លងឧបសគ្គ ៤០០ម៉ែត្រនារី។កាតា ក៏ទទួលបានមេដាយមាសក្នុងវិញ្ញាសា រត់ឆ្លងឧបសគ្គ ៤០០ម៉ែត្របុរស តាមរយៈកីឡាករ Baseem Hemeida ខណៈកីឡាករជប៉ុន Ryuji Miura បានធ្វើឱ្យអ្នកគាំទ្រម្ចាស់ផ្ទះអបអរសាទរ បន្ទាប់ពីឈ្នះមេដាយមាសក្នុងវិញ្ញាសា រត់ចម្ងាយ ៣,០០០ម៉ែត្រ។ចិនបានបន្តប្រមូលមេដាយមាសតាមរយៈ Shi Yuhao ដែលឈ្នះវិញ្ញាសាលោតចម្ងាយបុរស ខណៈកីឡាករជប៉ុន Kazuto Lizawa បានបង្កើតកំណត់ត្រា Asian Games ថ្មីក្នុងវិញ្ញាសារត់ ១,៥០០ម៉ែត្របុរស ដែលជួយបង្កើនចំនួនមេដាយរបស់ជប៉ុន។ចិនក៏ទទួលបានមេដាយមាសបន្ថែមទៀត ដោយ Feng Bin ឈ្នះវិញ្ញាសាចោលថាសនារី ខណៈ Lin Shan និង Wang Zengyuan ឈ្នះមេដាយមាសក្នុងវិញ្ញាសាលោតទឹកពីក្តារកម្ពស់ ១ម៉ែត្រ ផ្នែកនារី និងបុរសរៀងគ្នា។សម្រាប់ស្រីលង្កា Rumesh Pathirage បានឈ្នះមេដាយមាសក្នុងវិញ្ញាសាចោលលំពែងបុរស ដែលជាមេដាយមាស លើកដំបូងរបស់ស្រីលង្កា ក្នុង Asian Games លើកនេះ។កីឡាការិនីបារ៉ែន Winfred Yavi បានឈ្នះមេដាយមាសក្នុងវិញ្ញាសារត់ ១,៥០០ម៉ែត្រនារី ដោយបន្តបង្ហាញសមត្ថភាពក្នុងចំណោមកីឡាការិនីឆ្នើមផ្នែករត់ចម្ងាយមធ្យម។ក្នុងវិញ្ញាសា ហែលទឹកសិល្បៈជាក្រុមចម្រុះ ក្រុមចិនបានបង្ហាញការសម្តែងយ៉ាងល្អ និងឈ្នះមេដាយមាស បន្ទាប់ពីទទួលបានពិន្ទុខ្ពស់ពីចៅក្រម។ចំណែកកីឡាប្រណាំងកង់ BMX Racing ផ្នែកនារី កីឡាការិនីជប៉ុន Hatakeyama Sae បានឈ្នះមេដាយមាស។ សម្រាប់វិញ្ញាសាបុរស កីឡាករជប៉ុន Nakai Asuma បានគ្រងជើងឯក៕ អត្ថបទ៖នាង សុភាវុធ 

E-Sport ចាប់ផ្ដើមការប្រកួតកីឡាអាស៊ីរសៀលនេះ ខណៈ ញ៉ូវ ចាន់ និង ឡៃ ធារិន បន្ដបេសកកម្មរៀងៗខ្លួន

2026/09/29 11:11:23 am        279
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា(E-Sports) នឹងត្រូវចាប់ផ្ដើមយុទ្ធនាការប្រកួតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី២០ នាប្រទេសជប៉ុន នារសៀលថ្ងៃទី២៩ ខែកញ្ញានេះ ស្របពេលអត្តពលិកកម្ពុជា ២រូបទៀត ត្រូវបន្ដបេសកកម្មប្រកួតលើវិញ្ញាសាផ្សេងៗគ្នា គឺកីឡាករទូកក្ដោង ញ៉ូវ ចាន់ និងកីឡាករអត្តពលកម្ម ឡៃ ធារិន។សម្រាប់ក្រុមកីឡាអេឡិចនិកកម្ពុជា ដែលមានរហស្សនាម Angkor Warriors គឺត្រូវប្រកួតវិញ្ញាសា Mobile Legends: Bang Bang (MLBB) ហើយត្រូវជួបក្រុមជម្រើសជាតិម៉ុងហ្គោលី ក្នុងពូលD ដែលមានបេក្ខភាពត្រឹមតែ ២ក្រុម។ ការប្រកួតនេះ ពិតជាសំខាន់ខ្លាំង សម្រាប់ក្រុម E-Sports កម្ពុជា ដែលត្រូវការជ័យជម្នះដាច់ខាត ដើម្បីមានឱកាសឡើងទៅវគ្គបន្ដ។មុនព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីនេះមកដល់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចាត់ទុកកីឡាអេឡិចត្រូនិក គឺជាប្រភេទកីឡាសក្ដានុពលមួយ ដែលអាចឈានដល់ការប្រជែងមេដាយជូនជាតិ។ តែយ៉ាងណាក្រុម E-Sports កម្ពុជា ត្រូវការឈ្នះយ៉ាងហោច ២ ទៅ ៣ប្រកួត ដើម្បីសម្រេចក្ដីស្រម៉ៃនេះ។ក្រឡេកទៅមើលការប្រកួតរបស់អត្តពលិកកម្ពុជា ២រូបទៀត គឺកីឡាករ ញ៉ូវ ចាន់ នឹងបន្ដការប្រកួតលើវិញ្ញាសាបុរស ILCA 7 បន្ទាប់ពីឆ្លងកាត់ការប្រកួត ២ជុំនៅថ្ងៃដំបូង រូបគេកំពុងឈរលេខរៀងទី១២ បណ្ដោះអាសន្ន ក្នុងចំណោមអត្តពលិកសរុប ១៨រូប ដែលប្រកួតលើវិញ្ញាសានេះ ហើយកំពុងគ្រងកំពូលតារាងបណ្ដោះអាសន្នដោយកីឡាករចិន Luo Junsuo។ចំណែកកីឡាករកូនកាត់ខ្មែរ-បារាំង ឡៃ ធារិន នឹងត្រូវធ្វើការប្រកួតវិញ្ញាសាថ្មីមួយទៀត គឺវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ បន្ទាប់ពីកីឡាករអត្តពលកម្មជម្រើសជាតិកម្ពុជារូបនេះ បានប្រកួតវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រ កាលពីថ្ងៃទី២៥ ខែកញ្ញាកន្លងទៅ ដោយបញ្ចប់ត្រឹមលេខ៩ ក្នុងចំណោមអត្តពលិក ១៣នាក់ ដោយប្រើថិរវេលា ៣២នាទី និង ១២.១៤វិនាទី។ ចំពោះវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែលនាល្ងាចនេះ ធារិន នឹងត្រូវប្រជែងជាមួយអត្តពលិករហូតដល់ ១៩នាក់ឯណោះ។គួរដឹងថា ឆ្លងកាត់ការប្រកួតជាច្រើនថ្ងៃកន្លងមក គិតត្រឹមពេលនេះ កម្ពុជានៅរក្សាមេដាយសំរឹទ្ធ ៤គ្រឿងក្នុងដៃ ដែលរកបានដោយក្រុមកីឡាការិនីបាល់ទាត់លើតុ ២គ្រឿង, កីឡាការិនីការ៉ាតេ ១គ្រឿង និងកីឡាការិនីគុនចម្រុះ ១គ្រឿង តែកម្ពុជា នៅមានអត្តពលិកជាច្រើនទៀត ដែលនឹងបន្ដការប្រកួតប្រជែងស្វែងរកមេដាយជូនជាតិបន្ថែម ដូចជាកីឡាតេក្វាន់ដូ ចំបាប់ ជឺជីតស៊ូ និងយូដូជាដើម មុនព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ បិទជាផ្លូវការនាថ្ងៃទី៤ ខែតុលាខាងមុខ៕ អត្ថបទ លី ឈុនឡា

ប្រតិភូកីឡាគុនចម្រុះកម្ពុជាមកដល់មាតុប្រទេសវិញ ក្រោយឈ្នះមេដាយកីឡាអាស៊ី២០២៦ នៅជប៉ុន

2026/09/24 03:09:42 pm        554
កីឡាករ កីឡាការិនី កីឡាគុនចម្រុះកម្ពុជា ដែលបានទៅចូលរួមការប្រកួតកីឡាអាស៊ី២០២៦នៅជប៉ុន បានត្រឡប់មកដល់មាតុប្រទេសវិញហើយ ក្រោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបអាស៊ីនេះ។ឯកឧត្តម វ៉ា ស៊ិនភារម្យ អនុប្រធានសហព័ន្ធកីឡាគុនចម្រុះកម្ពុជា និងឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡា រួមជាមួយមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញទៅទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍ដំណើរមកដល់ប្រទេសវិញរបស់អត្តពលិកលើប្រភេទកីឡានេះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។កីឡាការិនី ចេង ដាលីន ម្ចាស់មេដាយសំរឹទ្ធកីឡាគុនចម្រុះក្នុងព្រឹត្តិការណ៍កីឡាអាស៊ី២០២៦ បានរៀបរាប់ដោយក្ដីរំភើបរីករាយពីការប្រកួតរបស់ខ្លួនក្នុងកម្មវិធីកីឡាដ៏ធំប្រចាំទ្វីបនេះ ហើយនេះជាលើកដំបូងដែលររូបគេចូលរួមប្រកួតឯកឧត្តម វ៉ា ស៊ិនភារម្យ អនុប្រធានសហព័ន្ធកីឡាគុនចម្រុះកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា សហព័ន្ធបានបញ្ជួនកីឡាករម្នាក់ និងកីឡាការិនីម្នាក់ទៅចូលរួមការប្រកួតនេះ ហើយអត្តពលិកទាំងពីររូបនេះទៀតសោត បានឆ្លងកាត់ការប្រកួតជម្រុះទើបមានកៅអីប្រកួតនៅប្រទេសជប៉ុនបែបនេះ។សូមជម្រាបជូនថាការប្រកួតកីឡាគុនចម្រុះក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ដំណើរការប្រកួតពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ ប្រទេសតាហ្ស៊ីគីស្ថាន និងកាហ្សាក់ស្ថាន ដណ្ដើមបានមេដាយច្រើនជាងគេ ហើយអត្តពលិកកម្ពុជាំដណ្ដើមបានមេដាយសំរឹទ្ធមួយគ្រឿង៕

កូរ៉េខាងជើង និងអេស្ប៉ាញឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីអាយុក្រោម ២០ ឆ្នាំ ពិភពលោក Women’s U-20 World Cup

2026/09/24 01:05:56 pm        328
ក្រុមបាល់ទាត់នារីអាយុក្រោម ២០ ឆ្នាំ កូរ៉េខាងជើង បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីអាយុក្រោម ២០ ឆ្នាំពិភពលោក FIFA U-20 Women’s World Cup ក្រោយយកឈ្នះ កូឡុំប៊ី ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃពុធ នៅទីក្រុង Lodz ប្រទេសប៉ូឡូញ។កូរ៉េខាងជើងបានបើកការនាំមុខនៅនាទីទី២៨ ដោយ Pak Ok-I មុនពេល Rim Jong Choe បន្ថែមគ្រាប់ទី២ នៅនាទីទី៣៥។ចូលដល់ដើមវគ្គទី២ ត្រឹម ២ នាទីបន្ទាប់ពីការចាប់ផ្តើមវិញ Ryu Gyong So បានតែតបញ្ចូលទីពីការរៀបចំបាល់ យ៉ាងល្អ ធ្វើឱ្យកូរ៉េខាងជើងនាំមុខ ៣-០ និងរក្សាលទ្ធផលនេះរហូតដល់ចប់ការប្រកួត។ជ័យជម្នះនេះមានន័យថា កូរ៉េខាងជើងបានឈ្នះគ្រប់ ៦ ប្រកួត ក្នុងព្រឹត្តិការណ៍នេះ ដោយមិនទាន់របូតគ្រាប់បាល់សូម្បីតែមួយគ្រាប់។ក្រុមការពារតំណែងជើងឯក និងជាជើងឯក ៣ សម័យកាលនេះ នឹងត្រូវជួបអេស្ប៉ាញ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយទៀត អេស្ប៉ាញបានយកឈ្នះអ៊ីតាលី ២-០ នៅទីក្រុង Lodz ដើម្បីកក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ។អេស្ប៉ាញបានបើកការនាំមុខនៅនាទីទី៤០ បន្ទាប់ពីការបញ្ជូនបាល់របស់ Daniela Agote បានប៉ះខ្សែការពារអ៊ីតាលី Azzurra Gallo ហើយបាល់ផ្លាតចូលទីដោយចៃដន្យ។បន្ទាប់មក Paula Comendador បានបន្ថែមគ្រាប់ទី២ នៅនាទីទី៦១ ធានាជ័យជម្នះ ២-០ សម្រាប់អេស្ប៉ាញ៕ អត្ថបទ៖នាង សុភាវុធ

Ronaldo សម្លឹងរកគ្រាប់ទី ១០០០ ខណៈព័រទុយហ្គាល់ចាប់ផ្តើមរជ្ជកាលថ្មីក្រោមការដឹកនាំរបស់ Jorge Jesus

2026/09/24 12:36:07 pm        313
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបង្ហាញពីបំណងបន្តលេងឱ្យជម្រើសជាតិ ខណៈរូបគេកំពុងខិតជិតដល់គោលដៅរកគ្រាប់បាល់សរុបក្នុងអាជីព ១,០០០ គ្រាប់។Ronaldo បច្ចុប្បន្នវ័យ ៤១ ឆ្នាំ បាននិយាយកាលពីថ្ងៃពុធនៅលើឆាកធំនៃ Portugal Football Summit មុនការប្រកួត UEFA Nations League ជាមួយវែលនៅថ្ងៃព្រហស្បតិ៍ថា រូបគេនៅមានអ្វីជាច្រើនទៀតដែលអាចផ្តល់ឱ្យក្រុមជម្រើសជាតិ ខណៈលោក Jorge Jesus កំពុងត្រៀមដឹកនាំការប្រកួតដំបូងរបស់លោកក្នុងនាមជាគ្រូបង្វឹកថ្មី។Jorge Jesus ត្រូវបានតែងតាំងជំនួសលោក Roberto Martinez បន្ទាប់ពីយុទ្ធនាការ World Cup ដ៏ខកចិត្តរបស់ព័រទុយហ្គាល់ ដែលបានបញ្ចប់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ ក្រោមថ្វីជើងអេស្ប៉ាញ ដែលជាជើងឯក។បច្ចុប្បន្ន Ronaldo រកបាន ៩៧៩ គ្រាប់ ក្នុងអាជីពរបស់ខ្លួន ដែលរួមមាន ៨៣៣ គ្រាប់សម្រាប់ក្លិប និង ១៤៦ គ្រាប់សម្រាប់ជម្រើសជាតិព័រទុយហ្គាល់។ នេះមានន័យថា គេនៅខ្វះតែ ២១ គ្រាប់ទៀត ដើម្បីឈានដល់កំណត់ត្រា ១,០០០ គ្រាប់ ដែលជាគោលដៅដែលរូបគេធ្លាប់បង្ហាញជាសាធារណៈ។នៅពេលត្រូវបានសួរថា រវាងការឈ្នះ UEFA Nations League និងការឈានដល់គ្រាប់ទី ១,០០០ មួយណាសំខាន់ជាង Ronaldo បានញញឹម ហើយឆ្លើយថា ចង់បានទាំងពីរ។Ronaldo ក៏បានទទួលស្គាល់ថា រូបគេធ្លាប់ពិចារណាអំពីអនាគតរបស់ខ្លួនជាមួយជម្រើសជាតិដែរ បន្ទាប់ពីព័រទុយហ្គាល់ធ្លាក់ចេញពី World Cup។ ប៉ុន្តែការពិភាក្សាជាមួយសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ និងលោក Jorge Jesus បានធ្វើឱ្យគេសម្រេចចិត្តបន្តជួយក្រុមជម្រើសជាតិ។ចំពោះសំណួរអំពីការចូលនិវត្តន៍ Ronaldo មិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ណាមួយឡើយ។ទោះបីជារូបគេនៅសល់តែ ២១ គ្រាប់ទៀត ដើម្បីឈានដល់គោលដៅ ១,០០០ គ្រាប់ និងអនាគតក្នុងវិស័យបាល់ទាត់អាចកាន់តែខិតជិតដល់ចំណុចបញ្ចប់ក៏ដោយ ក៏សម្រាប់ពេលនេះ Ronaldo នៅតែបន្តពាក់អាវជម្រើសជាតិព័រទុយហ្គាល់ និងបង្ហាញខ្លួននៅចំពោះមុខអ្នកគាំទ្រ និងសារព័ត៌មានដដែល៕ អត្ថបទ៖នាង សុភាវុធ

Yu Zidi បញ្ចប់បេសកកម្មបង្ហាញខ្លួននៅ Asian Games លើកដំបូងយ៉ាងអស្ចារ្យ ជាមួយ​មេដាយ​មាស ៣

2026/09/24 12:18:34 pm        283
កីឡាការិនីហែលទឹកវ័យក្មេងរបស់ចិន Yu Zidi បានបញ្ចប់ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Asian Games លើកដំបូងរបស់ខ្លួនយ៉ាងអស្ចារ្យ ដោយឈ្នះមេដាយមាស ៣ ក្នុង ៣ វិញ្ញាសាដែលខ្លួនចូលរួម។បន្ទាប់ពីឈ្នះមេដាយមាសលើវិញ្ញាសា ហែលមេអំបៅ ២០០ម៉ែត្រ និង ហែល ២០០ម៉ែត្រចម្រុះ កីឡាការិនីវ័យត្រឹម ១៣ ឆ្នាំ រូបនេះបានបន្តបង្ហាញសមត្ថភាពដ៏គួរឱ្យចាប់អារម្មណ៍ ដោយឈ្នះមេដាយមាសលើវិញ្ញាសាហែលចម្រុះ ៤០០ម៉ែត្រ។Yu Zidi បាននាំមុខតាំងពីដើមរហូតដល់ចប់ ដោយប្រើពេល ៤នាទី ២៨.៥៦វិនាទី ដែលជាកំណត់ត្រាថ្មីរបស់ Asian Games និងនាំមុខមិត្តរួមជាតិ Ke Wenxi ដល់ទៅ ៣.៩៥ វិនាទី។ងាកមកវិញ្ញាសាកាយសម្ព័ន្ធ ថ្ងៃដ៏លេចធ្លោរបស់ចិនក៏បានបន្ថែមដោយជ័យជម្នះលើជប៉ុនក្នុងវិញ្ញាសា កីឡាកាយសម្ព័ន្ធជាក្រុមបុរស។ Zhang Boheng បានបង្ហាញការប្រកួតយ៉ាងរឹងមាំលើឧបករណ៍ High Bar ដើម្បីជួយចិនឈ្នះមេដាយមាស។នេះជាលើកទី២ ដែល Zhang បានយកឈ្នះកីឡាករជប៉ុនក្នុងព្រឹត្តិការណ៍ Asian Games នៅជប៉ុននេះ។ មុននេះ គេក៏បានយកឈ្នះ Shinnosuke Oka ដើម្បីឈ្នះមេដាយមាសវិញ្ញាសា All-Around បន្ទាប់ពីកាលពី Olympic Games នៅទីក្រុងប៉ារីស កាលពី ២ ឆ្នាំមុន Zhang បានត្រឹមជាប់លេខ២ ក្រោម Oka។នៅលើទីលានអត្តពលកម្ម ចិនក៏បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនយ៉ាងល្អ ដោយឈ្នះមេដាយមាសទាំងបុរស និងនារី ក្នុងវិញ្ញាសា ដើរពាក់កណ្តាលម៉ារ៉ាតុង។កីឡាករ Shi Shengji បានបង្កើនល្បឿនដាច់ចេញពីគូប្រជែង បន្ទាប់ពីចម្ងាយ ១០គីឡូម៉ែត្រ ហើយរក្សាការនាំមុខរហូតដល់ចប់ ដោយយកឈ្នះម្ចាស់កំណត់ត្រាពិភពលោករបស់ជប៉ុន Yamanishi Toshikazu។ចំណែកផ្នែកនារី Yang Liujing បានឈ្នះមេដាយមាស បន្ទាប់ពីមិត្តរួមជាតិ Jiang Yunyan ដែលធ្លាប់ប្រកួតប្រជែងយ៉ាងប្រកៀកប្រកិត ត្រូវបានពិន័យ និងធ្លាក់ទៅឈរលេខ៣។ក្នុងវិញ្ញាសា លើកទម្ងន់ កីឡាការិនីកូរ៉េខាងជើង Ri Song Gum បានបំបែកកំណត់ត្រាពិភពលោកចំនួន ៣ ក្នុងដំណើរឆ្ពោះទៅរកមេដាយមាស Asian Games លើកទី៣ របស់ខ្លួន។កីឡាការិនីវ័យ ២៨ ឆ្នាំរូបនេះ លើកបាន ៩៤គីឡូក្រាម ក្នុងវិញ្ញាសា Snatch និង ១២១គីឡូក្រាម ក្នុង Clean and Jerk សរុប ២១៥គីឡូក្រាម ដែលធ្វើឱ្យនាងបង្កើតកំណត់ត្រាថ្មីទាំង ៣ ក្នុងប្រភេទទម្ងន់ ៤៩គីឡូក្រាមនារី។នៅវិញ្ញាសាប្រណាំងកង់លើផ្លូវ កីឡាករសញ្ជាតិកាហ្សាក់ស្ថាន Alexey Lutsenko បានឈ្នះមេដាយមាសទី២របស់ខ្លួននៅ Nagoya បន្ទាប់ពីឈ្នះវិញ្ញាសា Road Race បុរស។Lutsenko ដែលគ្រោងនឹងចូលនិវត្តន៍ពីកីឡាប្រណាំងកង់នៅចុងឆ្នាំនេះ ក៏បានឈ្នះមេដាយមាសក្នុងវិញ្ញាសា Individual Time Trial បុរស មុននេះផងដែរ។ ដូច្នេះ គេបានបញ្ចប់ការចូលរួម Asian Games ដោយប្រមូលបានមេដាយសរុប ៧គ្រឿង៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM