កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

ជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប

2026/09/23 02:31:20 pm        368
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ដំបូង នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់ FIFA ASEAN Cup 2026 ដែលហុងកុងនឹងធ្វើម្ចាស់ផ្ទះ នាចុងខែនេះ។ក្រោមការដឹកនាំរបស់លោក Koji Gyotoku ដែលជាគ្រូបង្វឹក ដំបូងឡើយបានកោះហៅកីឡាករ ២៣នាក់ចូលជំរុំហ្វឹកហាត់ ក្នុងនោះមានកីឡាករព្រះខ័នរាជស្វាយរៀង ៧រូប, វិសាខា ៦រូប, បឹងកេត ២រូប, ណាហ្គាវើលដ៏ ២រូប, ភ្នំពេញក្រោន ២រូប, អឹមអូអាយ កំពង់ដេវ៉ា ២រូប, ISI ដង្កោសែនជ័យ ១រូប និងគិរីវង់សុខសែនជ័យ ១រូប។ប៉ុន្ដែមុនចាប់ផ្ដើមប្រមូលហ្វឹកហាត់ប្រមាណ ២ម៉ោង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជូនដំណឹងពីការផ្លាស់ប្ដូរកីឡាករ ២រូប ដែលមានបញ្ហារបួស គឺកីឡាករ ម៉ុន រ៉ាដូ និង តាំង ប៊ុនឆៃ ជំនួសវិញដោយកីឡារក អ៊ុក សុវណ្ណ និង ជួន ចាន់ចាវ ។ នេះជាការវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិវិញ សម្រាប់ ចាន់ចាវ ក្រោយខកខានជាយូរ ដោយសារបញ្ហារបួសជើង កាលពី ៣ឆ្នាំមុន។ក្រោយប្រមូលផ្ដុំហ្វឹកហាត់រយៈពេលខ្លី ក្រុមគោព្រៃកម្ពុជា គ្រោងនឹងចាកចេញពីមាតុភូមិ នាចុងសប្ដាហ៍នេះ ដើម្បីត្រៀមការប្រកួតដំបូងរបស់ខ្លួន ដោយត្រូវជួបក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នាថ្ងៃទី២៧ ខែកញ្ញា មុនបន្ដជួបក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី៣០ ខែកញ្ញាខាងមុខ។គួរដឹងថា ពានរង្វាន់ FIFA ASEAN Cup គឺជាពានរង្វាន់បាល់ទាត់ថ្មីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ(FIFA) ដែលមានក្រុមជម្រើសជាតិចំនួន ១៤ក្រុមចូលរួម និងបែងចែកជាំ ២កម្រិត ក្នុងនោះមានពានកម្រិត Premier Division ដែលមាន ៨ក្រុមចូលរួម និងពានកម្រិត Challenge Division មាន ៦ក្រុមចូលរួម ក្នុងនោះក៏មានក្រុមជម្រើសជាតិកម្ពុជាផងដែរ។ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា និងទីម័រខាងកើត ខណៈពូលA មានក្រុមម្ចាស់ផ្ទះហុងកុង ឡាវ និងប្រ៊ុយណេ។ ក្នុងការប្រកួតពានរង្វាន់ FIFA ASEAN Cup 2026 កម្រិត Challenge Division ឬកម្រិត២ នេះដែរ ក្រោយបញ្ចប់វគ្គចែកពូល ក្រុមឈរលេខ១ នៃពូលទាំងពីរ នឹងត្រូវឡើងជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង៕ អត្ថបទ លី ឈុនឡា

Luis de la Fuente បន្តកិច្ចសន្យាថ្មីដឹកនាំអេស្ប៉ាញដល់ឆ្នាំ ២០៣២

2026/09/22 03:20:12 pm        248
នៅពេលលោក Luis de La Fuente ទទួលបានតំណែងដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ លោកជាមនុស្សស្ងៀមស្ងាត់ម្នាក់ បន្ទាប់ពីក្រុមជម្រើសជាតិអេស្ប៉ាញរង្គោះរង្គើរក្រោយការចាកចេញរបស់ Luis Enrique។ អ្នកគាំទ្រភាគច្រើនមិនស្គាល់លោក De la Fuente ទេ ហើយគ្រប់គ្នាបានស្រាវជ្រាវតាម Google ដើម្បីចង់ដឹងព័ត៌មានអាជីពរបស់លោក។ក្រោយមក អេស្ប៉ាញឈ្នះពាន ៣ ពីការដឹកនាំត្រឹម ៥០ ប្រកួត និងចុងក្រោយឈ្នះជើងឯកពិភពលោក ធ្វើឱ្យចម្លើយមានតែមួយគត់សម្រាប់លោក Luis de la Fuente គឺជាបុរសត្រឹមត្រូវបំផុតក្នុងការដឹកនាំក្រុមជម្រើសជាតិបច្ចុប្បន្ន និងទៅអនាគត។លោក Luis de la Fuente នៅពេលនេះបានសម្រេចបន្តកិច្ចសន្យារហូតដល់ឆ្នាំ ២០៣២ បន្ទាប់ពីដឹកនាំក្រុមឈ្នះពានធំៗពីរជាប់គ្នា។ចាប់តាំងពីកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិធំ លោក De la Fuente បានដឹកនាំអេស្ប៉ាញឈ្នះពានរង្វាន់ UEFA Nations League ឆ្នាំ២០២៣, ពាន European Championship ឆ្នាំ២០២៤ និងពាន World Cup ឆ្នាំ២០២៦។ ពានតែមួយគត់ដែលអេស្ប៉ាញមិនអាចឈ្នះក្នុងអំឡុងពេលនេះ គឺ Nations League ឆ្នាំ២០២៥ បន្ទាប់ពីពួកគេចាញ់ព័រទុយហ្គាល់ក្នុងការទាត់បាល់កាត់សេចក្តីពីចម្ងាយ ១១ ម៉ែត្រ។ក្រោមការដឹកនាំរបស់ De la Fuente អេស្ប៉ាញក៏កំពុងកាន់កាប់កំណត់ត្រាមិនចាញ់យូរបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិរបស់ខ្លួន ដោយមិនទាន់ចាញ់ ៣៨ ប្រកួតជាប់គ្នា។De la Fuente បានក្លាយជាគ្រូបង្វឹកដែលមានការទទួលស្គាល់យ៉ាងខ្លាំង បន្ទាប់ពីដំបូងឡើយរូបលោកមិនសូវមានឈ្មោះល្បីនៅក្នុងពិភពបាល់ទាត់។ លោកធ្លាប់ជាខ្សែការពារដែលខិតខំប្រឹងប្រែងលេងឱ្យ Athletic Bilbao មុនពេលចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅក្រៅការចាប់អារម្មណ៍ពីពិភពបាល់ទាត់ក្លិប។ លោកបានចូលធ្វើការជាមួយសហព័ន្ធបាល់ទាត់អេស្ប៉ាញក្នុងឆ្នាំ២០១៣ ហើយបានឡើងតាមជំហានក្នុងប្រព័ន្ធក្រុមយុវជនរបស់អេស្ប៉ាញ។បទពិសោធន៍ពីក្រុមយុវជននេះបានក្លាយជាចំណុចសំខាន់សម្រាប់ De la Fuente ព្រោះលោកបានធ្វើការជាមួយកីឡាករជាច្រើនដែលក្រោយមកក្លាយជាសមាជិកសំខាន់នៃក្រុមជម្រើសជាតិធំ។Rodri, Unai Simon និង Mikel Merino សុទ្ធតែធ្លាប់ស្ថិតក្នុងក្រុមអេស្ប៉ាញដែលលោក De la Fuente ដឹកនាំឈ្នះជើងឯកអឺរ៉ុបអាយុក្រោម ១៩ ឆ្នាំក្នុងឆ្នាំ២០១៥។ បន្ទាប់មក Merino, Mikel Oyarzabal, Dani Olmo និង Fabian Ruiz ក៏បានទទួលជោគជ័យជាមួយលោកនៅក្រុមអាយុក្រោម ២១ ឆ្នាំ ខណៈ Pedri, Zubimendi និង Cucurella ជាសមាជិកនៃក្រុមអេស្ប៉ាញដែលឈ្នះមេដាយប្រាក់នៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ៕ អត្ថបទ៖នាង សុភាវុធ

កម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង

2026/09/22 03:09:02 pm        287
កម្ពុជាបាននឹងកំពុងឈរលេខរៀងទី១៩ ក្នុងតារាងមេដាយបណ្ដោះអាសន្ន នៃព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី២០ នៅប្រទេសជប៉ុន គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីដណ្ដើមបានមេដាយសំរឹទ្ធចំនួន ៤គ្រឿង។សម្រាប់មេដាយបណ្ដោះអាសន្ន ដែលក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានជូនជាតិ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ បន្ទាប់ពីពិធីបើកការប្រកួតផ្លូវការ រួមមានក្រុមកីឡាបាល់ទាត់លើតុ ឈ្នះមេដាយសំរឹទ្ធ ២គ្រឿង ដោយកីឡាការិនី ឌី គឹមយាន លើវិញ្ញាសាឯកត្ដជននារី និងវិញ្ញាសាគូនារី ដោយកីឡាការិនី យ៉ន សោភ័ណ្ឌរស្មី និងកីឡាការិនី ម៉ី ស្រីមាស។ចំណែកមេដាយសំរឹទ្ធទី៣ រកបានដោយកីឡាការិនីគុនចម្រុះ ចេង ដាលីន លើវិញ្ញាសាគុនចម្រុះបុរាណផ្នែកនារីទម្ងន់ក្រោម ៦០គីឡូក្រាម បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញទល់នឹងកីឡាការិនីឆ្នើមរបស់អ៊ូបេគីស្ថាន Khiola Sobirova នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែសោកស្ដាយ ដាលីន បានបាត់បង់ឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីរងបរាជ័យទាំងប្រផិតប្រផើយក្នុងពិន្ទុ ២-០ ដែលនាំឲ្យកីឡាការិនីកម្ពុជារូបនេះ ទទួលបានបានត្រឹមមេដាយសំរឹទ្ធ។រីឯមេដាយសំរឹទ្ធទី៤ ដណ្ដើមបានដោយកីឡាការិនីការ៉ាតេ វ៉ាន់ ចរិយា លើវិញ្ញាសាប្រយុទ្ធនារីទម្ងន់ក្រោម ៦១គីឡូក្រាម ក្រោយឆ្លងកាត់ ៣ប្រកួតដ៏ស្វិតស្វាញ ក្នុងចំណោមអត្តពលិក ១១ប្រទេសចូលរួម ក្នុងនោះប្រកួតទី១ កញ្ញាបានយកឈ្នះកីឡាការិនីហ្ស៊កដានី Naser Nourllah ដោយពិន្ទុ ៦-០ មុនភ្លាត់ចាញ់កីឡាការិនីកាហ្សាក់ស្ថាន Kanay Assel ក្នុងពិន្ទុ ០-៣ ។ ឈានដល់វគ្គដណ្ដើមមេដាយសំរឹទ្ធ កីឡាការិនីកម្ពុជារូបនេះ បានយកឈ្នះកីឡាការិនីបង់ក្លាដេស Antora Humayraaa Akter ដោយពិន្ទុ ៥-០។ជាមួយលទ្ធផលបណ្ដោះអាសន្នពេលនេះ បានធ្វើឲ្យកម្ពុជា ឈរលេខរៀងទី១៩ ក្នុងតារាងមេដាយបណ្ដោះអាសន្ន លើក្រុមអត្តពលិកកៀហ្ស៊ីស្ថាន, វៀតណាម, អារ៉ាប់រួម, ម៉ាឡេស៊ី និងហ្វីលីពីនជាដើម គ្រាដែលប្រទេសកំពុងឈរកំពូលតារាងមេដាយ គឺចិន ដែលឈ្នះមេដាយសរុប ៣៨គ្រឿង (មាស ២៣ ប្រាក់ ១០ និងសំរឹទ្ធ ៥) លើក្រុមម្ចាស់ផ្ទះជប៉ុន ដែលឈរលេខ២ ឈ្នះមេដាយសរុប ៣២គ្រឿង (មាស៨ ប្រាក់ ១២ និងសំរឹទ្ធ ១២)។គួរដឹងថា កម្ពុជាបានបញ្ជូនអត្តពលិក ១៤ប្រភេទកីឡាចូលរួមការប្រកួតកីឡាអាស៊ី ឆ្នាំនេះ ក្នុងនោះមានកីឡាមួយចំនួន បានបញ្ចប់ និងត្រឡប់មកដល់មាតុភូមិវិញ តែមានអត្តពលិកជាច្រើន ដែលនឹងត្រូវធ្វើការប្រកួតជាបន្ដបន្ទាប់ រហូតដល់ពិធីបិទ នាថ្ងៃទី៤ ខែតុលាខាងមុខ ខណៈថ្នាក់ដឹកនាំកីឡាកម្ពុជា សង្ឃឹមកីឡាករ-កីឡាការិនីនឹងអាចស្វែងរកមេដាយជូនជាតិបន្ថែមទៀត៕ អត្ថបទ លី ឈុនឡា

នាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍​វាយកូនគោល​លំដាប់​ពិភពលោក​នៅ​កម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ

2026/09/22 02:11:00 pm        295
នៅសល់ពេលប្រមាណ ២ខែទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោក Vattanac Legends Championship និង Vattanac Tour Championship ដែលគ្រោងប្រព្រឹត្តទៅ នាចុងខែវិច្ឆិកា រហូតដល់ដើមខែធ្នូ ឆ្នាំ២០២៦ នៅទីលានវាយកូនគោលអន្ដរជាតិ វឌ្ឍនៈ ហ្គោល រីសត។ជាមួយការបើកទំព័រប្រវត្តិសាស្ដ្រ នៃការវិលត្រឡប់មកវិញ នូវព្រឹត្តិការណ៍វាយកូនគោលអន្ដរជាតិដ៏ធំនេះ បានធ្វើឲ្យអ្នកពាក់ព័ន្ធជាច្រើន មានការត្រេកអរ និងសាទរ ហើយក៏រំពឹងព្រឹត្តិការណ៍នេះ នឹងរួមចំណែកយ៉ាងសំខាន់ សម្រាប់ជាប្រយោជន៍ដល់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងវិស័យកីឡាជាតិផងដែរ។លោក Peter Koo នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនខេមបូឌៀនព្រីមៀរលីគ(CPL) ក្រោយអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីប្រកាសបើកព្រឹត្តិការណ៍ កាលពីថ្មីៗ បានសម្ដែងក្ដីរីករាយ ដ្បិតលោកមិនចេះលេងកីឡាវាយកូនគោល តែលោកបានស្គាល់ និងយល់ច្បាស់ពីឥទ្ធិពលកីឡាដ៏ពេញនិយមលើពិភពលោកមួយនេះ ។ លោកថា ការរៀបចំព្រឹត្តិការណ៍ដ៏ធំ ប្រជុំដោយកីឡាករបរទេសឆ្នើមៗ និងល្បីៗលើពិភពលោកមកចូលរួម ពិតជាមិនងាយស្រួលនោះទេ ។ ដូច្នេះលោកជឿជាក់ថា ព្រឹត្តិការណ៍ប្រកួតដណ្ដើមជើងឯក Vattanac Legends Championship និង Vattanac Tour Championship នឹងផ្ដល់នូវអត្ថប្រយោជន៍ច្រើន លើសពីកីឡា ក៏នឹងជួយដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិផងដែរ។ទន្ទឹមជាមួយគ្នាកញ្ញា សាន កុសមៈ តារាសម្ដែង ដែលទើបផុតសុពលភាពជាគ្រូបង្រៀនក្របខណ្ឌកិច្ចសន្យា បានដាក់ក្ដីរំពឹងយ៉ាងមុតមាំ ចំពោះការត្រឡប់ជាថ្មី នៃព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកមកកាន់ទឹកដីកម្ពុជានេះ នឹងមានអ្វីដែលថ្មី និងប្លែកៗកាន់តែច្រើន សម្រាប់ប្រជាជន និងអ្នកស្នេហាវិស័យកីឡាវាយកូនគោល។ កញ្ញាសង្ឃឹមព្រឹត្តិការណ៍នេះ នឹងអាចបណ្ដុះស្មារតីប្រជាជន និងយុវជនឲ្យយល់ដឹង ហើយចូលរួមលេងកីឡាវាយកូនគោលកាន់តែរីកចម្រើន ក៏ដូចជារួមចំណែកជំរុញឲ្យវិស័យទេសចរណ៍កម្ពុជាជាដើម។គួរដឹងថា ក្រោមកិច្ចសហការរវាងក្រុមហ៊ុន វឌ្ឍនៈ គ្រុប និងស្ថាប័ន Legends Tour ជាមួយសក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍ធំៗចំនួន ២ ដែលមានប្រាក់រង្វាន់សរុបរហូតដល់ ១.៤៥លានដុល្លារ ក្នុងនោះរួមមានការប្រកួតសប្ដាហ៍ទី១ ដើម្បីដណ្ដើមជើងឯកពានរង្វាន់ Vattanac Legends Championship 2026 នឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រវាងកីឡាករអាជីពអន្តរជាតិកំពូលៗចំនួន ៦០រូប ដែលមានប្រាក់រង្វាន់សរុបចំនួន ៦៥០,០០០ដុល្លារ និងសប្ដាហ៍ទី២ គឺការប្រកួតជើងឯក Vattanac Tour Championship នឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រប្រចាំរដូវកាលដ៏អស្ចារ្យបំផុត ដែលអនុញ្ញាតឱ្យតែកីឡាករកំពូល ៦០រូប មានចំណាត់ថ្នាក់ខ្ពស់ជាងគេពេញមួយរដូវកាលចូលរួមប្រកួត និងដណ្តើមប្រាក់រង្វាន់សរុប ៨០០,០០០ ដុល្លារ។ ការប្រកួតនឹងធ្វើឡើងនៅទីលានវឌ្ឍនៈ ហ្គោល រីសត តែមួយប៉ុណ្ណោះ៕ អត្ថបទ លី ឈុនឡា

ប្រតិភូកីឡាបាល់ទាត់លើតុកម្ពុជាត្រឡប់មកដល់មាតុប្រទេសកម្ពុជាវិញជាមួយមោទនភាពក្រោយបញ្ចប់វិញ្ញាសារបស់ខ្លួន

2026/09/22 11:36:20 am        217
ឯកឧត្តម ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមកីឡាករ កីឡាការិនីបាល់ទាត់លើតុកម្ពុជា បានអញ្ជើញត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាពហើយ កាលពីរាត្រីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយបញ្ចប់បេសកកម្ម និងដណ្ដើមបានមេដាយពីការប្រកួតគ្រាដែលកីឡាមួយចំនួនទៀត កំពុងប្រកួត និងត្រូវប្រកួតថ្ងៃបន្តបន្ទាប់។ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញទៅចូលរួមពិធីបើកការប្រកួតផ្លូវការកីឡាអាស៊ី២០២៦ ហើយអំឡុងពេលស្ថិតនៅប្រទេសជប៉ុន បានអញ្ជើញចុះពិនិត្យកន្លែស្នាក់នៅ ហូបចុករបស់កីឡាករ ក៏ដូចជាស្វែងពីការរៀបចំការប្រកួត ត្បិតកម្ពុជានឹងត្រូវធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកយុវជនអាស៊ី២០៣១។ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តមថោង ខុន បានបង្ហាញមោទនភាពដែលបានចូលរួមទស្សនាផ្ទាល់កីឡាប្រភេទនេះ ព្រោះវាជាកីឡាថ្មី ហើយបានកោតសរសើរដល់គ្រូបង្វឹកក៏ដូចជាកីឡាករ កីឡាការិនីដែលបានខិតខំរហូតដណ្ដើមបានមេដាយ។ចំណែកលោកស្រី ងួន ច័ន្ទបូរមី គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់លើកតុកម្ពុជា បានបញ្ជាក់ថាលទ្ធផលដែលធ្វើបាននេះលើសពីការរំពឹងទុក ត្បិតអីយើងមានបទពិសោធន៍តិចនៅលើឆាកអន្តរជាតិចំពោះកីឡាប្រភេទនេះ ហើយម្យ៉ាងវិញទៀតកីឡាអាស៊ីជាកីឡាកម្រិតខ្ពស់។ចំណែកម្ចាស់មេដាយសំរឹទ្ធ កីឡាការិនី ឌី គឹមយាន លើកឡើងដែរថាវិញ្ញាសាឯកត្តជនដែលខ្លួនប្រកួតពិតជាពិបាកដោយសារជួបសុទ្ធតែក្រុមខ្លាំងៗ តែយ៉ាងណាវាពិតជាសប្បាយចិត្ត ហើយលទ្ធផលនេះមិនបានក្បត់ការខិតខំប្រឹងប្រែងនោះទេ។កីឡាបាល់ទាត់លើតុជាប្រភេទកីឡាដែលបញ្ចប់មុនគេ ក្នុងការប្រកួតកីឡាអាស៊ី២០២៦នៅប្រទេសជប៉ុនគ្រាដែលប្រទេសកម្ពុជានៅសល់ប្រភេទកីឡាមួយចំនួនទៀតដែលកំពុងប្រកួត និងត្រូវប្រកួត ហើយរំពឹងថានឹងដណ្ដើមបានមេដាយបន្ថែមទៀត ខណៈដែលព្រឹត្តិការណ៍បួនឆ្នាំម្ដងនេះ នឹងបញ្ចប់នៅថ្ងៃទី៤ ខែតុលា ខាងមុខ៕

ស្វាយរៀងត្រូវធ្វើការធ្ងន់ ខណៈជំនួបពូលE កាន់តែកក្រើកក្នុងពានសម្ដេចតេជោ-ថ្នាក់ខេត្ត សប្ដាហ៍នេះ

2026/09/22 10:54:09 am        313
កាន់តែខិតជិតបញ្ចប់ការប្រកួតវគ្គចែកពូល កាន់តែជក់ចិត្ត និងត្រូវតាមដាន ក្នុងការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ (ថ្នាក់ខេត្ត) ឆ្នាំ២០២៦/២៧ ពិសេសជំនួបក្នុងពូលD និងពូលE ក្នុងសប្ដាហ៍នេះ សុទ្ធសឹងជាគូសំខាន់ៗ ត្រូវការជ័យជម្នះរៀងៗខ្លួន ដើម្បីប្រជែងកៅអីវគ្គបន្ដ ជាក់ស្ដែងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ដែលត្រូវធ្វើការធ្ងន់ ដ្បិតត្រូវការជ័យជម្នះដាច់ខាត់លើក្រុមខ្លាំងត្បូងឃ្មុំ ដើម្បីរក្សាឱកាសមាសនេះ។ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះទទួលសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៣ ខែកញ្ញាស្អែក នៅទីលានវិទ្យាល័យស្វាយរៀង បន្ទាប់ពីក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ជួបក្រុមម្ចាស់ផ្ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ក្នុងពូលD ជាមួយគ្នា នៅរសៀលថ្ងៃទី២២ ខែកញ្ញានេះ។បច្ចុប្បន្នត្បូងឃ្មុំ កំពុងឈរកំពូលតារាងមាន ១០ពិន្ទុ នាំមុខខេត្តកំពង់ចាម ឈរលេខ២ មាន ៧ពិន្ទុ និងខេត្តស្វាយរៀង ឈរលេខ៣ មាន ៦ពិន្ទុ គ្រាដៃព្រៃវែង ដែលហាលអាវមុនគេ មិនទាន់មានពិន្ទុរាប់ឡើយ ស្របពេលក្រុមនីមួយៗ នៅសល់ ២ប្រកួតក្នុងដៃរៀងៗខ្លួន។ដូច្នេះការប្រកួតសប្ដាហ៍នេះ ខេត្តស្វាយរៀង ពិតជាត្រូវការ ៣ពិន្ទុចាំបាច់ ដើម្បីរក្សាឱកាសប្រជែងកៅអីកំពូលតារាង ឬក្រុមលេខ២ ល្អ ព្រោះបើភ្លាត់ចាញ់ ភាគរយខ្ពស់ក្រុមមានឱកាសឡើងទៅវគ្គបន្ដ នឹងបានទៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ព្រោះការប្រកួតនៅរសៀលថ្ងៃពុធនេះ គេនៅតែជឿជាក់កំពង់ចាម អាចយកឈ្នះព្រៃវែង ដ្បិតកាលពីជើងទី១ ពួកគេធ្លាប់ឈ្នះ ៧-២ ម្ដងរួចមកហើយ។ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតE កាន់តែទាក់ទាញសម្រាប់អ្នកគាំទ្រ ក្រោយឆ្លងកាត់ ៤ប្រកួតដូចគ្នា ក្រុមនីមួយៗ កំពុងមានពិន្ទុប្រកៀកប្រកិតគ្នា ក្នុងនោះសមាគមបាល់ទាត់ខេត្តព្រះសីហនុ និងខេត្តកោះកុង ឈរលេខ១ និងលេខ២ មាន ៦ពិន្ទុស្មើគ្នា គ្រាដែលមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ឈរលេខ៣ មាន ៤ពិន្ទុ និងសមាគមកីឡាបាល់ទាត់ខេត្តកែប ឈរលេខ៤ មាន ៣ពិន្ទុ។នៅថ្ងៃទី២២ ខែកញ្ញានេះ ខេត្តកំពត នឹងត្រូវបើកទ្វារផ្ទះទទួលខេត្តកោះកុងវិញម្ដង ក្រោយរងបរាជ័យក្រៅដី ១-០ កាលពីជើងទី១ គ្រាដែលនៅថ្ងៃទី២៣ ខែកញ្ញា ខេត្តព្រះសីហនុ ត្រូវជួបក្រុមភ្ញៀវខេត្តកែប បន្ទាប់ពីប្រកួតស្មើគ្នា ៣-៣ កាលពីជើងទី១។ ការប្រកួតនេះ ក្រុមនីមួយៗ សុទ្ធតែត្រូវការជ័យជម្នះ ព្រោះបេក្ខភាពទាំង ៤ សុទ្ធតែនៅសល់ឱកាសប្រជែងកៅអីវគ្គបន្ដ។ ប៉ុន្ដែករណីបើខេត្តកោះកុង និងខេត្តព្រះសីហនុ ទទួលបានជ័យជម្នះ នោះឱកាសឡើងវគ្គបន្ដនឹងបានទៅក្រុមទាំងពីរ ហើយខេត្តកំពត និងខេត្តកែប នឹងត្រូវបាត់បង់ឱកាសដោយស្វ័យប្រវត្តិតែម្ដង៕ អត្ថបទ លី ឈុនឡា      

លីគកំពូលកម្ពុជា កាន់តែជក់ចិត្ត ក្រោយចប់សប្ដាហ៍ទី៣ ខណៈមាន ៤ក្រុមមិនទាន់ចាញ់

2026/09/21 12:03:19 pm        264
ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៦-២៧ បាននឹងកំពុងបង្កើតភាពជក់ចិត្តខ្លាំង គិតត្រឹមសប្ដាហ៍ទី៣ ដែលទើបបញ្ចប់ការប្រកួត កាលពីចុងសប្ដាហ៍កន្លងទៅនេះ ។ ស្ថានភាពក្នុងតារាងពិន្ទុ និងទម្រង់លេងរបស់ក្រុមនីមួយៗបានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ ខណៈមានបេក្ខភាព ៤ក្រុម ដែលរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់នៅឡើយ គឺមានវិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៏ និង  ISI ដង្កោសែនជ័យ។សម្រាប់វិសាខា បានបន្ដយកឈ្នះក្រុម បឹងកេត ដោយលទ្ធផល ២-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ គ្រាប់បាល់ជ័យជម្នះ ដែលជួយឲ្យក្រុមលេខ៧ ឆ្នាំចាស់ទទួលបាន ៣ពិន្ទុបន្ថែម រកបានដោយកីឡាករ Ewolo Donovan នៅនាទី១៥ និង Cristian នៅនាទី២៣ មុនកីឡាករ Bevan Myer វាយបកបាន ១គ្រាប់ឲ្យបឹងកេត នៅនាទី៤៨។ ជ័យជម្នះនេះ នាំឲ្យវិសាខា ឈរកំពូលតារាង និងរកបាន ៩ពិន្ទុពេញ ក្រោយទទួលបានជ័យជម្នះ ៣ប្រកួតជាប់គ្នា មុនឈប់សម្រាក FIFA Day ។អ្វីដែលរឹតតែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល គឺការចែកគ្នា ១ពិន្ទុ រវាងក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង និងក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ក្រោយបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ១-១ ចំពោះមុខអ្នកគាំទ្រជាង ៣ពាន់នាក់ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។ គ្រាប់បាល់នាំមុខរបស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ ញាណ សុស៊ីដាន តាំងពីនាទីទី៧ មុនកីឡាករ Tezuka Takahiro វាយបកគ្រាប់តាមស្មើឲ្យម្ចាស់ផ្ទះ នៅនាទី៤៣ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។លទ្ធផលនេះ នាំឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរលេខ២ ដោយមាន ៧ពិន្ទុក្នុងដៃ ចាញ់ប្រៀបវិសាខា ២ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងស្មើ ១ ស្មើក្រុមណាហ្គាវើលដ៏ ដែលឆ្លងកាត់ ៣ប្រកួតរកបាន ៧ពិន្ទុដូចគ្នា លើក្រុម ISI ដង្កោសែនជ័យ ដែលឈរលេខ៤ និងមាន ៥ពិន្ទុ ជាមួយលទ្ធផល ៣ប្រកួតឈ្នះ ១ និងស្មើ ២។ សម្រាប់ណាហ្គាវើលដ៍ បានរំកិលមកឈរលេខ៣ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ៥-៤ នៅកីឡដ្ឋានស្ដាតចាស់។ជាមួយសប្ដាហ៍ដ៏ជក់ចិត្តនេះដែរ ក្រុមគិរីវង់សុខសែនជ័យ ដែលធ្វើមិនបានល្អនៅ ២ប្រកួតដំបូង ក៏បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលដូចគ្នា ក្នុងការយកឈ្នះក្រុមភ្ញៀវអង្គរថាយហ្គឺរ ២-១ លើទឹកដីរបស់ខ្លួន។ ២គ្រាប់ ដែលជួយឲ្យគិរីវង់ ស្គាល់ជ័យជម្នះលើកដំបូង រកបានដោយកីឡាករ អឿន ឌី នៅនាទី៣៣ និងកីឡាករ Ndongo Louis Willy នៅនាទី៩០+២ បន្ទាប់ពីការវាយបកគ្រាប់តាមស្មើរបស់កីឡាករ Aguek Manyluak នៅនាទី៥៧។ដោយឡែកការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៣ មួយប្រកួតទៀត គឺក្រុម អឹមអូអាយ កំពង់ដេវ៉ា បានយកឈ្នះក្រុមឡាយហ្វខេត្តព្រះសីហនុ ដោយលទ្ធផល ២-០ នៅកីឡដ្ឋានស្ដាតចាស់ ដែលធ្វើសម្រេចដោយកីឡាករ ខន ណារ៉ង់ នៅនាទី៣២ និងកីឡាករ ម៉ុន វ៉ាន់ដា នៅនាទី៦៥។សរុបលទ្ធផលបណ្ដោះអាសន្ន មុនសម្រាក FIFA Day បន្ទាប់ពីក្រុម Top-4 ដែលមិនទាន់ស្គាល់បរាជ័យ គឺមានក្រុម អឹមអូអាយ កំពង់ដេវ៉ា ដែលឈរលេខ៥ រកបាន ៤ពិន្ទុ, គិរីវង់សុខសែនជ័យ ឈរលេខ៦ មាន ៣ពិន្ទុ លើភ្នំពេញក្រោន និងអង្គរថាយហ្គឺរ ឈរលេខ៧ និងលេខ៨ មាន ២ពិន្ទុស្មើគ្នា គ្រាដែលបឹងកេត ទើបរកបាន ១ពិន្ទុ ។ រីឯក្រុមឡាយហ្វខេត្តព្រះសីហនុ និងកងយោធពលខេមរភូមិន្ទ នៅមិនទាន់មានពិន្ទុរាប់ឡើយនោះទេ៕ អត្ថបទ លី ឈុនឡា 

ទីក្រុង Nagoya ប្រទេសជប៉ុនត្រៀមលក្ខណៈចុងក្រោយសម្រាប់ពិធីបើកព្រឹត្តិការណ៍ Asian Games 2026

2026/09/18 03:02:07 pm        428
ទីក្រុង Nagoya ប្រទេសជប៉ុន កំពុងពន្លឿនការរៀបចំចុងក្រោយសម្រាប់ពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ី Asian Games 2026 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា បន្ទាប់ពីអ្នករៀបចំបានជួបបញ្ហាជាច្រើន រួមមានការកាត់បន្ថយថវិកា អាកាសធាតុមិនអំណោយផល និងការរិះគន់លើកន្លែងស្នាក់នៅរបស់កីឡាករ។ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់អាស៊ីនេះ បានប្រឈមនឹងបញ្ហាទឹកជំនន់ និងការរិះគន់ចំពោះការសម្រេចចិត្ត មិនសាងសង់ភូមិកីឡា ខណៈអ្នករៀបចំក៏កំពុងត្រៀមផែនការបន្ទាន់ ដើម្បីទប់ទល់នឹងលទ្ធភាពមានព្យុះទីហ្វុងផងដែរ។អភិបាលក្រុង Nagoya និងជាអនុប្រធានគណៈកម្មការរៀបចំ Asian Games លោក Ichiro Hirosawa បានប្រាប់ Reuters ថា ដើមឡើយគម្រោងគឺសាងសង់ភូមិកីឡា ប៉ុន្តែការចំណាយមានទំហំធំពេក។ដូច្នេះអ្នករៀបចំបានជ្រើសរើសវិធីកាត់បន្ថយថវិកា ដោយប្រើនាវាទេសចរណ៍ កន្លែងស្នាក់នៅក្នុងទូកុងតឺន័រ និងសណ្ឋាគារដែលមានស្រាប់ សម្រាប់កីឡាករ និងគ្រូបង្វឹកប្រមាណ ១៧,០០០នាក់។ប៉ុន្តែដំណោះស្រាយដែលដំបូងគេគិតថាជាគំនិតថ្មីនេះ បានបង្កបញ្ហាមួយចំនួន។ កីឡាករខ្លះបានបង្ហោះលើបណ្ដាញសង្គម ដោយត្អូញត្អែរអំពីបន្ទប់កុងតឺន័រតូចចង្អៀត គ្រែតូច និងបំពង់ទឹកលេចធ្លាយ មុនពេលក្រុមប្រតិភូទាំងអស់មកដល់។ទោះបីព្យាយាមកាត់បន្ថយការចំណាយក៏ដោយ លោក Hirosawa បានទទួលស្គាល់ថា ថវិកាសម្រាប់ Asian Games នៅតែកើនឡើង ដោយសារអតិផរណានៅប្រទេសជប៉ុន។លោកបាននិយាយថា ការកើនឡើងនៃចំណាយមួយកម្រិតគឺជារឿងដែលជៀសមិនរួច ប៉ុន្តែពេលនេះគោលដៅសំខាន់គឺធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ទទួលបានជោគជ័យ និងមានតម្លៃលើសពីការវិនិយោគ។បញ្ហាអាកាសធាតុក៏កំពុងធ្វើឱ្យអ្នករៀបចំមានការព្រួយបារម្ភផងដែរ។ កាលពីដើមខែកញ្ញា ភ្លៀងធ្លាក់ខ្លាំងនៅ Nagoya បានបង្ខំឱ្យកីឡាករ និងមន្ត្រីរាប់រយនាក់ជម្លៀសចេញជាបណ្ដោះអាសន្ន ខណៈមានការព្យាករណ៍ថា ព្យុះទីហ្វុងអាចខិតជិតតំបន់នៅថ្ងៃចន្ទដើមសប្តាហ៍ខាងមុខ។លោក Hirosawa បានបញ្ជាក់ថា សុវត្ថិភាពគឺជាអាទិភាព ហើយផែនការបន្ទាន់ត្រូវបានរៀបចំរួចរាល់។ ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំងរហូតបង្កឱ្យមានការជូនដំណឹងអាសន្ន កីឡាករនឹងត្រូវជម្លៀសជាបណ្ដោះអាសន្ន។ ចំណែកក្នុងករណីមានខ្យល់ខ្លាំងកម្រិតព្យុះទីហ្វុង នាវាទេសចរណ៍ដែលប្រើសម្រាប់ស្នាក់នៅ នឹងត្រូវផ្លាស់ទីទៅតំបន់សមុទ្រខាងក្រៅ។ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi នឹងមិនចូលរួមក្នុងពិធីបើកឡើយ ខណៈប៉ូលិសប្រមាណ ១០,០០០នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីធានាសន្តិសុខ។ក្រោយព្រឹត្តិការណ៍ Tokyo Olympics ដែលធ្លាប់ប្រព្រឹត្តទៅក្រោមវិធានការរឹតបន្តឹងដោយសារជំងឺកូវីដ-១៩ អ្នករៀបចំ Asian Games នៅឆ្នាំនេះ កំពុងរំពឹងថា អ្នកទស្សនានឹងចូលរួមយ៉ាងច្រើន ដោយសារតែការរង់ចាំមើលការប្រកួតដោយផ្ទាល់អស់រយៈពេលជាយូរ។លោក Hirosawa បាននិយាយថា ជប៉ុនមិនបានរៀបចំព្រឹត្តិការណ៍កីឡាដែលមានទំហំធំបែបនេះជាមួយអ្នកទស្សនាផ្ទាល់ជាយូរមកហើយ ដូច្នេះការចាប់អារម្មណ៍ពីសាធារណជនមានកម្រិតខ្ពស់ ហើយ បរិយាកាស និងភាពរំភើបនៅទីក្រុងណាហ្គោយ៉ា កំពុងកើនឡើងយ៉ាងខ្លាំង៕ អត្ថបទ៖នាង សុភាវុធ

បាត់ដំបងកក់កៅអីវគ្គបន្ដ តែសរសើរឧត្តរមានជ័យ ចំពោះ​ឆន្ទៈ​លេង​ដ៏​ក្លាវ​ក្លា​ក្នុង​ពាន​សម្ដេច​តេជោ ហ៊ុន សែន-ថ្នាក់ខេត្ត

2026/09/18 02:50:08 pm        422
ក្រុមបាល់ទាត់បាត់ដំបងយូណាយធីត បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ នៃពាន​រង្វាន់​សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) ជាផ្លូវការ ក្រោយ​យក​ឈ្នះ​ក្រុមបាល់ទាត់ខេត្តឧត្ដរមានជ័យ ៦-៣ ដើម្បីធានាកៅអីកំពូលតារាងពូលB របស់ខ្លួន។ទន្ទឹម​ជាមួយជ័យជម្នះនេះដែរ លោក ឌី សូផាត គ្រូជំនួយបាត់ដំបងយូណាយធីត បាន​សម្ដែង​ក្ដី​រីក​រាយ ដែលកូនក្រុមរក្សាការធ្វើបានល្អ តែលោក​ក៏​បាន​សរសើរ​ពី​ឆន្ទៈ​ដ៏​ក្លាវ​ក្លា​របស់​ខេត្ត​ឧត្ដរ​មាន​ជ័យ ពិសេសកីឡាករវ័យក្មេង ដែលបង្ហាញទម្រង់លេងគួរឲ្យភ្ញាក់ផ្អើល។ សម្រាប់ប្រកួតបន្ទាប់ បាត់​ដំបង គ្រោងនឹងប្រើប្រាស់កីឡាករបម្រុងច្រើន ដើម្បីឲ្យកីឡាករជម្រើស ១១​នាក់​ដំបូង​បាន​សម្រាក និងត្រៀមការប្រកួតវគ្គដ៏សំខាន់។ដោយឡែកលោក ធីម ណុប គ្រូបង្វឹកខេត្តឧត្ដរមានជ័យ ហាក់មិន​ទោមនស្ស​ចំពោះ​លទ្ធផល​ក្នុង​ពាន​សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំនេះឡើយ ដ្បិតកូនក្រុមមិនសូវបានប្រមូលផ្ដុំ និង​ត្រៀម​ខ្លួន ដោយសារបញ្ហាសង្គ្រាម តែយ៉ាងណាលោកពិតជាសរសើរ ចំពោះការ​ខិតខំ​ប្រឹង​ប្រែង​របស់​កីឡាករ ហើយពួកគេនឹងបន្ដការខំប្រឹងធ្វើឲ្យបានល្អ ក្នុងការ​ប្រកួត​ចុង​ក្រោយ​ទល់​​ខេត្ត​សៀមរា​ប ​នាពេលខាងមុខ។គួរដឹងថា ក្រោយឆ្លងកាត់ ៥ប្រកួតរៀងៗខ្លួន បច្ចុប្បន្នក្រុមបាត់ដំបងយូណាយធីត កំពុង​ឈរ​កំពូល​តារាងពូលB ដោយរកបាន ១៣ពិន្ទុ ក្រោយឈ្នះ ៤ និងស្មើ ១ មិនទាន់ស្គាល់ចាញ់ គ្រា​ដែល​ខេត្តបន្ទាយមានជ័យ ឈរលេខ២ មាន ៩ពិន្ទុ លើខេត្តសៀមរាប ឈរលេខ៣ មាន ៤ពិន្ទុ និង​ខេត្តរមានជ័យ ឈរលេខ៤ មាន ១ពិន្ទុ។ ការណ៍នេះ សៀមរាប និងឧត្តរមានជ័យ បាន​អស់​ឱកាស​ជាផ្លូ​វការ ក្នុងការប្រជែងកៅអីវគ្គ ៨ក្រុមចុងក្រោយ៕ អត្ថបទ លី ឈុនឡា

បឹងកេតត្រូវជួបវិសាខា ខណៈព្រះខ័នរាជ ត្រូវធ្វើការងារធ្ងន់ ក្នុងលីគចុងសប្ដាហ៍នេះ

2026/09/18 02:03:53 pm        444
ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា សប្ដាហ៍ទី៣ នាចុងសប្ដាហ៍នេះ នឹង​មាន​ជំនួប​ធំ​ៗ​ជាច្រើន ដែលអ្នកគាំទ្រមិនគួរមើលរំលង ពិសេសការជួបគ្នារវាងក្រុមបឹងកេត និងវិសាខា ក៏​ដូចជាជំនួបរវាងក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ទល់​ក្រុម​កំពុង​ឡើង​ជើង​ឯក ISI ដង្កោសែនជ័យ ជាដើម។បឹងកេត នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមវិសាខា នាថ្ងៃទី១៩ ខែកញ្ញាស្អែកនេះ។ ជំនួប​រវាងក្រុមទាំងពីរ កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ដ្បិត ២ប្រកួតដំបូង វិសាខា ធ្វើបានយ៉ាងល្អ ដោយរកបាន ៦ពិន្ទុពេញពីជ័យជម្នះ ៦-១ លើកងយោធពលខេមរភូមិន្ទ មុន​បន្ដឈ្នះក្រុម អឹមអូអាយ កំពង់ដេវ៉ា ២-០ កាលពីសប្ដាហ៍មុន។ចំណែក​ក្រុមនាគខៀវបឹងកេត បច្ចុប្បន្នទើបរកបាន ១ពិន្ទុប៉ុណ្ណោះ ពីការប្រកួតស្មើក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ៣-៣ នៅថ្ងៃបើកឆាក។ ដូច្នេះជំនួបដ៏ធំប្រចាំសប្ដាហ៍ នាថ្ងៃសៅរ៍នេះ នឹង​ក្លាយ​ជា​ការ​ប្រកួតដ៏ជក់ចិត្ត ដែលបឹងកេត ត្រូវការឈ្នះ ដើម្បីបង្អាក់​ដំណើរ​នៃ​ភាព​ខ្លាំង​របស់​វិសាខា ​គ្រាដែលក្រុមលោក Scott Cooper ក៏ត្រូវការជ័យជម្នះដូចគ្នា ដើម្បី​រក្សា​កៅ​អី​កំពូល​តារាង​។ ចាំមើលតើបឹងកេត ឬវិសាខា នឹងទទួលបាន ៣ពិន្ទុក្នុងសប្ដាហ៍នេះ?ដំណាល​គ្នា​នៅថ្ងៃសៅរ៍ដដែល ក៏នឹងមានការប្រកួតគួរឲ្យចាប់អារម្មណ៍ ១គូទៀតដែរ រវាង​ក្រុម​ម្ចាស់​ផ្ទះ​កងយោធពលខេមរភូមិន្ទ ជាមួយក្រុមណាហ្គាវើលដ៏ នៅកីឡដ្ឋានស្ដាតចាស់។  បច្ចុប្បន្ន​ណា​ហ្គាវើលដ៏ ក៏ជាបេក្ខភាពក្រុមខ្លាំងមួយ ដែលមិនទាន់ស្គាល់ចាញ់ គ្រាដែល​កង​យោធ​ពលខេម​រភូមិន្ទ​ កំពុងស្រែកឃ្លានជ័យជម្នះ បន្ទាប់ពីរងបរាជ័យ ២ប្រកួតជាប់ៗគ្នា។ ដូច្នេះ​ការ​ជួប​គ្នា​រវាង​ក្រុម​ទាំង​ពីរ ត្រូវបានរំពឹងនឹងក្លាយជាការប្រកួតដ៏តានតឹងផងដែរ។ដោយឡែកនៅថ្ងៃទី២០ ខែកញ្ញាវិញ នឹងមានការប្រកួត ៣គូ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺ​ព្រះខ័​នរា​ជស្វាយរៀង ដែលទើបតតាំងជាមួយក្រុមខ្លាំងជប៉ុន FC Machida Zelvia ក្នុង​ពាន​រង្វាន់​ AFC Champion League Two 2026/27 នៅប្រទេសជប៉ុន កាលពីយប់មិញ ក៏​នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ផងដែរ ដោយពួកគេត្រូវជួបក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ។ ផ្អែក​លើ​ការ​ប្រកួត​ដ៏​មមា​ញឹក និងភាពហត់នឿយ នៃការធ្វើដំណើរមកកម្ពុជាវិញ អ្នកគាំទ្ររំពឹងថា ព្រះខ័​ន​រាជ​ស្វាយ​រៀង ​អាចនឹងត្រូវធ្វើការងារធ្ងន់ ក្នុងការជួបក្រុមដំរីជ័យ ដែលកំពុងឡើងជើងគួរឲ្យកត់សម្គាល់ នា​រដូវ​កាល​ថ្មីនេះ។រីឯ ២ប្រកួតទៀត គឺក្រុមគិរីវង់សុខសែនជ័យ ត្រូវបើកទ្វារផ្ទះទទួលក្រុមអង្គរថាយហ្គឺរ និងក្រុម អឹម​អូ​អាយ កំពង់ដេវ៉ា ត្រូវជួបក្រុមឡាយហ្វខេត្តព្រះសីហនុ នៅកីឡដ្ឋានស្ដាតចាស់ ។គ្រប់​ការ​ប្រកួត និងគ្រាប់សប្ដាហ៍ សុទ្ធតែត្រូវបានរំពឹងជាការប្រកួតដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រ បន្ទាប់​ពីក្លិបនីមួយៗ បានខិតខំពង្រឹង រៀបចំ និងនាំចូលកីឡាករល្អៗជាច្រើនមកជួយក្រុម ក្នុង​រដូវ​កាល​ឆ្នាំ​២០២៦/២៧ នេះ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM