កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

គ្រូព្រះខ័ន ទុកជាមេរៀនសម្រាប់ជំហានបន្ដ ក្រោយចាញ់ក្រុមខ្លាំងជប៉ុន Machida Zelvia ២-០ បើកពាន ACL2

2026/09/18 11:44:10 am        197
លោក Mattew McConkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានចាត់ទុកជាមេរៀនមួយសម្រាប់ក្រុម ក្រោយជំនួបដ៏ស្វិតស្វាញជាមួយក្រុមខ្លាំងជប៉ុន FC Machida Zelvia ទោះបីរងបរាជ័យ ២-០ ក្នុងជំនួបបើកឆាកពូលG នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Champion League Two-ACL2) ឆ្នាំ២០២៦/២៧ នៅកីឡដ្ឋាន Machida GION នាទីក្រុងតូក្យូ ប្រទេសជប៉ុនន កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ការតតាំងជាមួយក្រុមជើងឯករង AFC Champions League Elite ដែលប្រជុំដោយកីឡាករឆ្នើមៗ និងមានគុណភាពរបស់ជប៉ុននេះ មិនងាយស្រួលឡើយ តែបែបនេះក្ដី ព្រះខ័នរាជស្វាយរៀង នៅតែមានលទ្ធភាពប្រកួតប្រជែង ការពារ និងបង្កើតឱកាសវាយបកម្ដងម្កាលគួរឲ្យកត់សម្គាល់ បើទោះបីភ្លាត់របូត ២គ្រាប់ ដែលរកបានដោយខ្សែប្រយុទ្ធអូស្ដ្រាលី Mitch Duke នៅនាទី២០ និងកីឡាករ  Tete Yengi នៅនាទី៦០ យ៉ាងណាក្ដ៏។ក្រោយចប់ការប្រកួតលោក Mattew McConkey បានទទួលស្គាល់ ពិតជាការប្រកួតដ៏លំបាក ដ្បិតក្រុមបានដឹង និងស្គាល់ច្បាស់ពីគូប្រជែង។ ទោះបីមិនសប្បាយចិត្តជាមួយលទ្ធផល តែលោកនៅតែមានមោទនភាព ចំពោះរបៀបលេងរបស់ក្រុម ដែលព្យាយាមអនុវត្ត ហើយលោកបានចាត់ទុកនេះ គឺជាមេរៀនសម្រាប់ជំហានបន្ដ ខណៈក្រោយចប់ការប្រកួតនេះលោកយល់ថា ក្រុមទាំងពីរមិនមានភាពខុសគ្នាខ្លាំងប៉ុន្មាននោះទេ។គួរដឹងថា ការប្រកួតវគ្គចែកពូល នៃពានរង្វាន់ AFC Champion League Two 2026/27 នេះ សម្រាប់ពូល G គឺមាន ៤ក្រុម រួមមានក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា, ក្លិប FC Machida Zelvia របស់ជប៉ុន, ក្លិប Shanghai Shenhua របស់ចិន និងក្លិប Tampines Rovers របស់សិង្ហបុរី ហើយពូលនីមួយៗ នឹងត្រូវធ្វើការប្រកួត ២ជុំ ដើម្បីស្វែងរក្រុមលេខ១ និងលេខ២ ឡើងជុំបន្ទាប់ ។ ដូច្នេះព្រះខ័នរាជស្វាយរៀង នៅតែមានឱកាស ដ្បិតនៅសល់ការប្រកួតជាច្រើនទៀត រួមទាំងការត្រូវជួបក្រុម Machida Zelvia វិញ នៅជើងទី២ នាពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ៕ អត្ថបទ លី ឈុនឡា

លោក Oleg មានមោទនភាពជាមួយកូនក្រុម ក្រោយជ័យជម្នះបើកឆាកពាន ACL2 ខណៈគ្រូ Kuching ថាត្រៀមជួបគ្នា នៅជើងទី២

2026/09/18 11:05:13 am        225
ក្លិបភ្នំពេញក្រោន របស់កម្ពុជា បានទទួល ៣ពិន្ទុពេញពីការប្រកួតបើកឆាកពូលH នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two (ACL2) ឆ្នាំ២០២៦/២៧ ក្រោយយកឈ្នះក្រុមភ្ញៀវ Kuching City FC របស់ម៉ាឡេស៊ី ដោយលទ្ធផល ២-១ កាលពីរាត្រីថ្ងៃទី១៧ ខែកញ្ញានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ជ័យជម្នះនេះ បានធ្វើឲ្យគ្រូបង្វឹកលោក Oleg Starynskyi បង្ហាញមោទនភាពជាមួយកូនក្រុម និងរីករាយ ដែលបានដឹកនាំក្រុមលេងតំណាងកម្ពុជា ក្នុងពានរង្វាន់កម្រិតខ្ពស់ក្នុងទ្វីបអាស៊ីនេះ ស្របពេលលោក Aidil Sharin Sahak គ្រូបង្វឹកក្រុម Kuching City FC ថា នឹងព្យាយាមពង្រឹងក្រុម ដើម្បីត្រៀមស្វាគមន៍ភ្នំពេញក្រោនវិញ នៅជើងទី២។ជំនួបដ៏ស្វិតស្វាញនេះ ភ្នំពេញក្រោន បានបង្កើតឱកាសច្រើននៅវគ្គទី១ តែមិនអាចទម្លាយរបាំងការពារដ៏រឹងមាំរបស់ក្រុមភ្ញៀវបានឡើយ រង់ចាំដល់វគ្គទី២ ទើបពួកគេមានឱកាសរកបានគ្រាប់នាំមុខ ដោយកីឡាករ Moses Dyer នៅនាទី៥៥ មុនក្រុម Kuching City វាយបកបានតាមស្មើ ដោយកីឡាករ Ajdin Mujagic នៅនាទី៧៣។ប៉ុន្ដែឱកាសចែកគ្នាម្នាក់ ១ពិន្ទុនេះ ត្រូវបានបញ្ចប់នៅនាទី៩០+១ បន្ទាប់ពីខ្សែប្រយុទ្ធ Moses Dyer រកបានគ្រាប់ទី២ ឲ្យភ្នំពេញក្រោន និងជាគ្រាប់បាល់ជ័យជម្នះ ដែលធ្វើឲ្យក្រុមជើងឯករងលីគកំពូលកម្ពុជា ឈរកំពូលតារាងបណ្ដោះអាសន្នតែម្ដង ដ្បិតជំនួបគូប្រជែងរួមពូល ១ប្រកួតទៀត គឺក្រុម  Gangwon FC របស់កូរ៉េខាងត្បូង ប្រកួតស្មើក្រុម Kitchee របស់ចិនហុងកុង ដោយលទ្ធផល ០-០។លោក Oleg Starynskyi បានសម្ដែងក្ដីរីករាយ និងមោទនភាព សម្រាប់ក្រុម ក៏ដូចជាការបង្ហាញទម្រង់លេងរបស់កូនក្រុម ។ លោកថា កីឡាករបានព្យាយាមលេងចេះពីបេះដូង ហើយចុងក្រោយ គឺការទទួលបានជ័យជម្នះដ៏សំខាន់ ក្នុងការប្រកួតទល់គូប្រជែងដែលមានកម្រិតខ្ពស់មួយទៀត។ យ៉ាងណាលោកនឹងព្យាយាមបន្ថែមទៀត សម្រាប់ត្រៀមការប្រកួតបន្ដ។ដោយឡែកលោក Aidil Sharin Sahak ក្រៅពីអបអរសាទរក្រុមភ្នំពេញក្រោន លោកក៏សរសើរកូនក្រុមដូចគ្នា ដែលធ្វើបានល្អ។ លោកថា គ្មានលេសអ្វីចំពោះការប្រកួតក្រៅដីនេះឡើយ ព្រោះនៅសល់ការប្រកួតជាច្រើនទៀត ពិសេសការប្រកួតជើងទី២ ទល់ភ្នំពេញក្រោន ដែលត្រូវលេងនៅទឹកដីម៉ាឡេស៊ីវិញម្ដង ។ ដូច្នេះលោកនឹងព្យាយាមពង្រឹងក្រុមត្រៀមការប្រកួតបន្ទាប់។មិនខុសពីពូលរបស់ព្រះខ័នរាជស្វាយរៀងឡើយ សម្រាប់ពូល H នៃពានរង្វាន់ AFC Champions League Two 2026/27 ដែលភ្នំពេញក្រោន ត្រូវប្រជែង គឺមានបេក្ខភាព ៤ក្រុម ដែលត្រូវធ្វើការប្រកួតវិលជុំសន្សំពិន្ទុ ២ជើង ដោយការផ្លាស់ប្ដូរទឹកដីគ្នា ដើម្បីចម្រាញ់ក្រុមលេខ១ និងលេខ២ តាមពូលនីមួយៗឡើងទៅវគ្គបន្ដ។ ដូច្នេះភ្នំពេញក្រោន នៅសល់ ៥ប្រកួតទៀត ដើម្បីកំណត់ជោគវាសនា ក្នុងដំណើរឆ្ពោះទៅវគ្គបន្ដនៃពានកម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ៕អត្ថបទ លី ឈុនឡា  

ACL2៖ គ្រូភ្នំពេញក្រោន និង Kuching ចាត់ទុកជំនួបបើកឆាកពូលC ពិតជាសំខាន់ក្នុងការស្វែងរកជ័យជម្នះរៀងៗខ្លួន

2026/09/17 01:41:32 pm        187
លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន និងលោក Aidil Sharin Sahak គ្រូបង្វឹកក្រុម Kuching City FC របស់ម៉ាឡេស៊ី សុទ្ធតែបានចាត់ទុកការប្រកួតបើកឆាកក្នុងពូល H នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two (ACL2) ឆ្នាំ២០២៦/២៧ នារាត្រីថ្ងៃទី១៧ ខែកញ្ញានេះ គឺជាជំនួបដ៏សំខាន់ ដែលត្រូវខំប្រឹងខ្លាំង ដើម្បីទទួលបានជ័យជម្នះរៀងៗខ្លួន។ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនជំនួបនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ កាលពីថ្ងៃពុធកន្លងទៅ លោក Oleg Starynskyi រួមទាំងកូនក្រុម សុទ្ធតែរីករាយជាមួយការបោះជំហានមួយកម្រិតទៀតរបស់បាល់ទាត់កម្ពុជា ហើយលោកបានបង្ហាញពីការត្រៀមរួចរាល់ក្នុងជំនួបបើឆាកក្នុងដី ដោយតាំងចិត្តនឹងធ្វើឲ្យបានល្អ ដើម្បីទទួលបាននូវលទ្ធផលល្អប្រសើរលើទឹកដីរបស់ខ្លួន។ដោយឡែកលោក Aidil Sharin Sahak ក្រៅពីបានស្គាល់ និងរាប់អានជាមួយគ្រូបង្វឹកភ្នំពេញក្រោន លោកក៏បានមើលឃើញពីភាពរីកចម្រើនរបស់គូប្រជែង ជាពិសេសការនាំចូលកីឡាករល្អៗជាច្រើន មកពង្រឹងក្រុម។ យ៉ាងណាលោកផ្ដោតលើកូនក្រុមរបស់ខ្លួនជាងគូប្រជែង ហើយ Kuching City នឹងដាក់លទ្ធភាព ១០០% ក្នុងការប្រកួតដ៏សំខាន់នេះ ដើម្បីទទួលបានជ័យជម្នះត្រឡប់ទៅផ្ទះវិញ។គួរដឹងថា សម្រាប់ការបង្ហាញខ្លួនលើកដំបូង ក្នុងពានរង្វាន់ AFC Champion League Two 2026/27 នេះដែរ ក្លិបភ្នំពេញក្រោន របស់កម្ពុជា ស្ថិតក្នុងពូល H ជាមួយក្លិប Gangwon FC របស់កូរ៉េខាងត្បូង, ក្លិប Kuching City របស់ម៉ាឡេស៊ី និងក្លិប Kitchee របស់ចិនហុងកុង ហើយការប្រកួតនឹងធ្វើឡើង ២ជុំដូចគ្នា ដោយត្រូវផ្លាស់ប្ដូរទឹកដីពីថ្ងៃទី១៧ ខែកញ្ញា រហូតដល់ដើមខែធ្នូ ឆ្នាំ២០២៦ ដើម្បីស្វែងរកក្រុមខ្លាំងប្រចាំពូលនីមួយៗឡើងទៅវគ្គបន្ដ៕អត្ថបទ លី ឈុនឡា

លោក McConkey រំពឹងព្រះខ័នរាជ អាចបង្កផលលំបាកដល់ Machida ដ្បិត​យល់​ច្បាស់​ពី​ភាព​ខ្លាំង​របស់ដៃគូ

2026/09/17 01:10:29 pm        214
ក្លិបព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមខ្លាំង FC Machida Zelvia របស់ជប៉ុន នាម៉ោង ៥​ល្ងាច​ថ្ងៃ​ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ត្រូវនឹងពេលវេលានៅកម្ពុជា ក្នុងជំនួបបើកឆាកពូលG នៃ​ពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Champion League Two) ឆ្នាំ​២០២៦​/២៧ នៅកីឡដ្ឋាន Machida GION នាទីក្រុងតូក្យូ។នេះគឺជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់ក្រុមទាំងពីរ រវាងក្រុមជើងឯករងពានលំដាប់ទី៣ ទ្វីប​អាស៊ី និងក្រុមជើងឯករងពានលំដាប់ទី១ ទ្វីបអាស៊ី កាលពីរដូវកាលមុន ពិសេស​អ្នកគាំទ្រ​នៅ​កម្ពុជា ​ដែលកំពុងទន្ទឹងរង់ចាំតាមដានការប្រកួតដ៏អស្ចារ្យនេះ ស្របពេលោក Mattew McConkey ​គ្រូ​បង្វឹកព្រះខ័នរាជស្វាងរៀង សង្ឃឹមកូនក្រុម​អាច​បង្កការ​លំបាក​ដល់​គូ​ប្រជែង​ផង​ដែរ​។ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក Mattew McConkey បានទទួលស្គាល់ និង​យល់ច្បាស់ពីភាពខ្លាំងរបស់ Machida Zelvia តែក្រុមខ្លួនបានត្រៀមរួចរាល់ សម្រាប់​ការ​ប្រកួត​ដ៏​លំបាក​នេះ ហើយក៏សង្ឃឹមក្រុមអាចបង្កការលំបាកដល់ក្រុមម្ចាស់ផ្ទះ ។ បន្ថែមលើនេះ លោក​ក៏​បាន​ឆ្លៀតប​ង្ហាញពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់កម្ពុជា ក្នុងរយៈពេល ៥ឆ្នាំចុង​ក្រោយ​នេះ​ផង​ដែរ។គួរដឹងថា ក្នុងយុទ្ធនាការប្រកួតវគ្គចែកពូលពានលំដាប់ទី២ ទ្វីបអាស៊ី នេះ ក្លិប​ព្រះខ័ន​រាជ​ស្វាយ​រៀង​ ស្ថិតក្នុងពូល G ជាមួយក្លិប Machida Zelvia របស់ជប៉ុន, ក្លិប Shanghai Shenhua របស់​ចិន និងក្លិប Tampines Rovers របស់សិង្ហបុរី ដែលត្រូវចាប់ផ្ដើមការប្រកួតដំបូង នៅថ្ងៃទី១៧ ខែ​កញ្ញា រហូតដល់ដើមខែធ្នូ ឆ្នាំ២០២៦ ដើម្បីស្វែងរកបេក្ខភាព ២ក្រុមតាម​ពូល​នីមួយ​ៗ​ឡើង​ទៅ​វ​គ្គ​បន្ដ​៕ អត្ថបទ លី ឈុនឡា

ការប្រកួតជើងឯកអត្តពលកម្មជនពិការថ្នាក់ជាតិឆ្នាំនេះ ជា​ការ​ស្វែង​រក​កីឡាករ​ថ្មី​ត្រៀម​ចូល​រួម​កីឡា​អាស៊ី​នៅ​ជប៉ុន

2026/09/15 01:06:51 pm        315
គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាសហការជាមួយអង្គការបេះដូងមាសបានរៀបចំការប្រកួតជើងកអត្តពលកម្មជនពិការ លើកទី៧ ប្រចាំឆ្នាំ២០២៦ ដោយមានអត្តពលិកពិការចូលរួមប្រកួត ៤២នាក់ ដើម្បីស្វែងរកធនធានថ្មីៗ ត្រៀមចូលរួមកីឡាអាស៊ី​នៅ​ជប៉ុន​ក៏​ដូច​ជា​ការ​ប្រកួត​អន្តរជាតិ​នានា​។ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាគូសបញ្ជាក់ថា ការប្រកួតអត្តពលកម្មឆ្នាំនេះជាឆ្នាំដ៏សំខាន់ ដើម្បីស្វែងរកធនធានឆ្នើមៗ ត្រៀមហ្វឹកហាត់សម្រួចគុណភាពបច្ចេកទេសឱ្យកាន់តែល្អប្រសើរ សម្រាប់ត្រៀមចូលរួមប្រកួតអន្តរជាតិនាពេលខាងមុខ។ ជាមួយគ្នានេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក៏ត្រៀមបញ្ជូនប្រតិភូកីឡាជនពិការកម្ពុជាត្រៀមចូលរួមកីឡាអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសជប៉ុន នាខែតុលា ២០២៦ ក្រោយប្រទេសជប៉ុនបញ្ចប់រៀបចំកីឡាអាស៊ី ក្នុងខែកញ្ញា ដល់ដើមខែតុលាខាងមុខនេះ។ ឯកឧត្តមបានបន្តថា សម្រាប់ឆ្នាំ២០២៦ កម្ពុជាកំពុងត្រៀមរៀបចំការប្រកួតកីឡាជាតិ ខណៈនៅឆ្នាំ២០២៧ កម្ពុជានឹងត្រៀមចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី២៤ នៅប្រទេសម៉ាឡេស៊ី។ ជាមួយនឹងការត្រៀមខ្លួននេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានប្រភេទកីឡាចំនួន៧ កំពុងដំណើរការហ្វឹកហាត់ នាពេលខាងមុខគណៈកម្មាធិការនិងពង្រីក ឲ្យមាន១៣ប្រភេទកីឡាដែលមានសក្តានុពល បន្ថែមទៀត។សូមជម្រាបថា ការប្រកួតជើងឯកអត្តពលកម្មជនពិការថ្នាក់ជាតិលើកទី៧ឆ្នាំ២០២៦មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៥ ខែកញ្ញា មានអត្តពលិកពិការចំនួន៤២នាក់ចូលរួមប្រកួតប្រជែងដណ្តើមមេដាយ។សម្រាប់ការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមឆ្នាំ២០២៦ ដំណើរការពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែតុលា ខាងមុននេះនៅណាហ្កូយ៉ាប្រទេសជប៉ុន៕

មន្ដ្រីទេសចរណ៍ រំពឹងព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នឹងបន្សល់ផលិតផល និងការចងចាំដ៏ល្អសម្រាប់ភ្ញៀវជាតិ-អន្ដរជាតិ

2026/09/15 12:18:47 pm        352
ព្រឹត្តិការណ៍កីឡាជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ត្រូវបានរំពឹងនឹងក្លាយជាផលិតផលទេសចរណ៍ថ្មី និងបន្សល់ទុកនូវការចងចាំដ៏ល្អបន្ថែមទៀត សម្រាប់ភ្ញៀវជាតិ និងអន្ដរជាតិ ដែលត្រៀមចូលរួមទស្សនាបាតុភូតធម្មជាតិ «សមរាត្រី ឬ Equinox» ដែលព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។នេះបើតាមប្រសាសន៍ឯកឧត្ដម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្រោយអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំព្រឹត្តិការណ៍កីឡាជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នារដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាបន់នឹងទេសចរណ៍» នៅរដ្ឋបាលខេត្តសៀមរាប នៅល្ងាចថ្ងៃច័ន្ទ មុនព្រឹត្ដិការណ៍ផ្លូវការ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នៅមុខប្រាសាទអង្គរ ខេត្តសៀមរាប។ឯកឧត្តមបន្ដថា ក្រោមគំនិតផ្ដួចផ្ដើម និងមានការគាំទ្រពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីផ្ដល់នូវបទពិសោធន៍ថ្មី ដល់អ្នកស្នេហាវិស័យកីឡាជិះកង់ ជាមួយការជិះកង់លើផ្លូវកៅស៊ូផង និងជិះលើកំផែងក្រុងបុរាណផង។ ដូច្នេះក្រោយចប់កម្មវិធីនេះ ផលិតផលកីឡាទេសចរណ៍ជិះកង់បែបផ្សងព្រេងនេះ នឹងក្លាយជាទីពេញនិយម ហើយក្លាយជាការចងចាំមួយដ៏ល្អ សម្រាប់ជាប្រយោជន៍ដល់វិស័យទេសចរណ៍ សង្គម និងសេដ្ឋកិច្ចជាតិផងដែរ។ជាមួយគ្នា ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានបង្ហាញការត្រៀមរួចរាល់ សម្រាប់រៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដោយឯកឧត្តមបានចាត់ទុករាល់កម្មវិធីអមព្រឹត្តិការណ៍សមរាត្រី ពិតជាកាតាលីកដ៏សំខាន់ ដើម្បីជំរុញការផ្សព្វផ្សាយពីសក្ដានុពល និងតំបន់បេតិកភណ្ឌនៅខេត្តសៀមរាប ពិសេសក្នុងរដូវកាលបៃតងនេះតែម្ដង។ឆ្លៀតឱកាសនោះដែរ ឯកឧត្តម មហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង បានសម្ដែងក្ដីរីយរាយ ក្រៅពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង តែងទទួលបានកិច្ចសហការដ៏ល្អពីអាជ្ញាធររាជធានី-ខេត្ត ក្នុងការរៀបចំព្រឹត្តិការណ៍នានា ជាក់ស្ដែងការត្រៀមរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នាចុងសប្ដាហ៍នេះ គឺជាការរួមចំណែកយ៉ាងសំខាន់ បន្ថែមលើព្រឹត្តិការណ៍សមរាត្រី និងកម្មវិធីអមផ្សេងៗ ដើម្បីជំរុញចរន្ដរ និងបង្កើននូវភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ។គួរដឹងថា ព្រឹត្តិការណ៍កីឡាជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ដែលគ្រោងរៀបចំឡើងនាព្រឹកថ្ងៃទី២០ ខែកញ្ញា ធ្វើឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ខេត្តសៀមរាប និងជំរុញសកម្មភាពភ្ញៀវទេសចរជាតិ-អន្ដរជាតិឲ្យមកលេងកម្សាន្ដនៅខេត្តសៀមរាប ក្នុងរដូវកាលបៃតង ពិសេសចូលរួមផ្ដិតយកទិដ្ឋភាពដ៏អច្ឆរិយៈនៃសមរាត្រី ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ដែលអាចនឹងកើងឡើងនាថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញ្ញា។ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមជាង ១ពាន់នាក់ ដែលចុះឈ្មោះដោយឥតគិតថ្លៃ ថែមទទួលបានអាវយឺតដ៏ស្រស់ស្អាត់ម្នាក់ ១ ថែមទៀត។ ចំពោះវិញ្ញាសា គឺជិះចម្ងាយប្រមាណ ១២គីឡូម៉ែត្រ ដោយត្រូវចេញដំណើរពីមុខប្រាសាទអង្គរវត្ត ឆ្ពោះទៅក្រុងអង្គរធំ ឆ្លងកាត់ខ្លោងទ្វារទន្លេអុំ ហើយបត់ស្ដាំឡើងលើកំផែងអតីតរាជធានីអង្គរធំ និងជិះជុំវិញកំផែង តែមុននឹងត្រឡប់មកបញ្ចប់នៅកន្លែងដើមវិញ ដោយត្រូវឆ្លងកាត់ព្រៃប្រឹក្សានៃតំបន់អង្គរ ឆ្លងកាត់លើកំពែងក្រុងបុរាណ ស្វែងយល់ពីប្រាសាទលាក់ខ្លួន និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង នារដូវកាលបៃតង៕ អត្ថបទ លី ឈុនឡា   

លីគនារី រកឃើញបេក្ខភាព Play-Off ត្រូវជួបគ្នាចុងសប្ដាហ៍នេះ នៅស្ដាតអូឡាំពិក

2026/09/15 10:25:36 am        529
ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគនារីកម្ពុជា ឆ្នាំ២០២៦ បានរកឃើញបេក្ខភាព ៤​ក្រុម​កំពូល​តារាង ដែលត្រូវលេងវគ្គខ្វែង ឬ Play-Off ហើយ រួមមានក្រុមបាល់ទាត់នារីភ្នំពេញក្រោន ឈរ​លេខ១, វិសាខា ឈរលេខ២, សៀមរាបយូណាយធីត ឈរលេខ៣ និងព្រះខ័នរាជស្វាយរៀង ឈរ​លេខ៤។ក្រោយឆ្លងកាត់ការប្រកួតចំនួន ១៤សប្ដាហ៍ ក្នុងចំណោមបេក្ខភាព ៨ក្រុម ដែលបានចូលរួម គឺក្រុមខ្លាំងទាំងពីរ ដែលមានកៅអីឡើងវគ្គបន្ដ ដោយវគ្គ Play-Off នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដោយក្រុមភ្នំពេញក្រោន ត្រូវជួបព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង ៣៖៣០នាទីរសៀល និងក្រុមវិសាខា ត្រូវជួបក្រុមសៀមរាបយូណាយធីត នាវេលាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០៦។គួរដឹងថា បន្ទាប់ពីធ្វើការប្រកួតសន្សំពិន្ទុ ២ជុំ ក្រុមភ្នំពេញក្រោន គឺជាក្រុមតែមួយគត់ ដែលមិនស្គាល់ចាញ់ ឬស្មើ ពោលគឺឈ្នះ ១៤ប្រកួតជាប់គ្នារកបាន ៤២ពិន្ទុពេញ គ្រាដែលវិសាខា ឈរលេខ២ រកបានត្រឹម ២៨ពិន្ទុ, សៀមរាបអេហ្វស៊ី ឈរលេខ៣ រកបាន ២៦ពិន្ទុ ស្មើគ្នាជាមួយក្រុមកីឡាការិនីព្រះខ័នរាជស្វាយរៀងដែរ។ចំណែក ៤ក្រុមផ្សេងទៀត ដែលបានធ្លាក់ត្រឹមដំណាក់កាលទី១ រួមមានក្រុមបឹងកេត, ណាហ្គាវើលដ៏, អិកស៍អូ យូណាយធីត និងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង៕ អត្ថបទ លី ឈុនឡា 

ស្ទឹងត្រែង បញ្ចប់ភារកិច្ចមុនគេ ក្នុងវគ្គចែកពូល នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត សប្ដាហ៍នេះ

2026/09/15 10:05:19 am        483
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ (ថ្នាក់ខេត្ត) ឆ្នាំ២០២៦/២៧ ឈានដល់សប្ដាហ៍ទី៩ នៅថ្ងៃទី១៥-១៦ ខែកញ្ញានេះ ស្របពេលក្រុមបាល់ទាត់ភូមិបាលស្រុកថាឡាបរីវាត់ ខេត្តស្ទឹងត្រែង ត្រូវបញ្ចប់ភារកិច្ចមុនគេ ក្នុងវគ្គចែកពូលរបស់ខ្លួន។ក្រុមចំណូលថ្មី តំណាងខេត្តស្ទឹងត្រែង នេះ បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយហើយ ក្រោយយកឈ្នះ ៣ប្រកួតជាប់ៗគ្នា រកបាន ៩ពិន្ទុពេញឈរកំពូលតារាងពូលA។ ប៉ុន្ដែមុនឡើងវគ្គបន្ដ ពួកគេនឹងត្រូវបើកទ្វារទទួលក្រុមភ្ញៀវព្រះវិហារក្រោន នារសៀលថ្ងៃទី១៥ ខែកញ្ញានេះ នៅសាលាតម្រង់ទិសកីឡាបាល់ទាត់ខេត្តស្ទឹងត្រែង ។ដំណាលគ្នាដែរ នៅរសៀលថ្ងៃអង្គារនេះ នឹងមានការប្រកួត ២គូផ្សេងទៀត រួមមានក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ ត្រូវជួបខេត្តសៀមរាប នៅទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្នុងពូលB និងសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល ត្រូវជួបក្រុមភ្នំដាមហានគរខេត្តតាកែវ នៅកីឡដ្ឋានខេត្តកណ្ដា ក្នុងពូលC។ចំណែកនៅថ្ងៃទី១៦ ខែកញ្ញាស្អែក នឹងមានការប្រកួត ២គូផ្សេងទៀត រួមមានក្រុមបាល់ដំបងយូណាយធីត ត្រូវជួបក្រុមភ្ញៀវខេត្តឧត្ដរមានជ័យ នៅទីលានសាកលវិទ្យាល័យបាត់ដំបង ក្នុងB និងក្រុមបាតតារាងភ្នំពេញហ្គាឡាក់ស៊ី ត្រូវជួបក្រុមកំពូលតារាង មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ក្នុងពូលC។បច្ចុប្បន្នពូលB ក្រុមបាត់ដំបងយូណាយធីត កំពុងឈរកំពូលតារាង មាន ១០ពិន្ទុ តាមពីក្រោយខេត្តបន្ទាយមានជ័យ ឈរលេខ២ មាន ៦ពិន្ទុ, ខេត្តសៀមរាប ឈរលេខ៣ មាន ៤ពិន្ទុ និងខេត្តឧត្ដរមានជ័យ មាន ១ពិន្ទុឈរលេខ៤។ រីឯពូលC ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ កំពុងឈរកំពូលតារាងមាន ៩ពិន្ទុ គ្រាដែលខេត្តកណ្ដាល ឈរលេខ២ មាន ៧ពិន្ទុ លើក្រុមភ្នំដាមហានគរខេត្តតាកែវ ឈរលេខ៣ មាន ៣ពិន្ទុ និងភ្នំពេញហ្គាឡាក់ស៊ី ឈរលេខ៤ មាន ២ពិន្ទុ។ក្រៅពីពូលA បច្ចុប្បន្នក្រុមនីមួយៗ សុទ្ធតែនៅសល់ ២ប្រកួតក្នុងដៃ ដើម្បីប្រជែងកៅអីកំពូលតារាង ក៏ដូចជាតំណែងក្រុមលេខ២ ល្អ ដើម្បីមានឱកាសឡើងទៅវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំនេះ៕ អត្ថបទ លី ឈុនឡា

Kimi Antonelli បង្កើនការនាំមុខក្នុងការប្រជែងជើងឯក F1 ក្រោយឈ្នះនៅ Madrid

2026/09/14 02:33:09 pm        312
កីឡាករប្រណាំងរថយន្តអ៊ីតាលី Kimi Antonelli បានបោះជំហានកាន់តែធំឆ្ពោះទៅរកការឈ្នះជើងឯក Formula One ពិភពលោកបន្ទាប់ពីឈ្នះការប្រណាំង Spanish Grand Prix ជាលើកដំបូងដែលរៀបចំនៅទីលានប្រណាំងថ្មី Madring ក្នុងទីក្រុង Madrid កាលពីថ្ងៃអាទិត្យ។កីឡាករវ័យ ២០ឆ្នាំ រូបនេះបានទទួលជ័យជម្នះលើកទី ៨ របស់ខ្លួនក្នុងរដូវកាលនេះ ហើយជ័យជម្នះនៅ Madring បានជួយឱ្យគេបង្កើនការនាំមុខក្នុងតារាងជើងឯកដល់ ៨១ពិន្ទុ បន្ទាប់ពីការប្រកួតបានឆ្លងកាត់ ១៤ទីលាន។Antonelli ទទួលបានឱកាសនាំមុខនៅពេលមាន Virtual Safety Car ដែលជាពេលវេលាដ៏សមស្រប សម្រាប់កីឡាករចូល Pit Stop តែក៏ជាការបាត់ឱកាសនាំមុខគេដែររបស់ Lando Norris ដែលកំពុងនាំមុខគេ និងចូល Pit Stop ក្រោយគេនៅពេល Virtual Safety Car បញ្ចប់។Virtual Safety Car កើតឡើងនៅ Lance Stroll ជិះចេញពីផ្លូវ និងបោះបង់ការប្រកួត។ ជើងឯកបួនសម័យ Max Verstappen របស់ក្រុម Red Bull បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ខណៈ Lando Norris បានត្រឹមខកចិត្តពីការឈ្នះ Pole Position បានត្រឹមលេខ៣។តាមរយៈលទ្ធផលនេះ Kimi Antonelli បានបង្កើនការនាំមុខក្នុងតារាងជើងឯកដល់ ២៩២ ពិន្ទុ ពោលគឺមានគម្លាតពីអ្នកលេខ២ George Russell ៨១ ពិន្ទុ ខណៈ Lewis Hamilton ដែលមិនអាចបញ្ចប់ការប្រណាំងបានដោយសារបញ្ហាហ្វ្រាំងនោះ នៅឈរលេខ៣ ក្នុងតារាង។ទីលានទី ១៥ រដូវកាលនេះ Formula One នឹងបន្តដំណើរទៅទីក្រុង Baku ប្រទេសអាស៊ែបៃសង់ថ្ងៃទី ២៤ ខែកញ្ញានេះ៕ អត្ថបទ៖នាង សុភាវុធ 

ក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន

2026/09/14 02:17:23 pm        303
ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាអុកកម្ពុជា និងមានការគាំទ្រពីសហព័ន្ធកីឡាអុកអន្ដរជាតិ សហព័ន្ធនឹងបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបចំនួន ១១នាក់ ទៅចូលរួមប្រកួតកីឡាអុកអន្តរជាតិ ពានរង្វាន់ Fide Chess Olympiad លើកទី៤៦ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែកញ្ញាខាងមុខ នៅប្រទេសអ៊ូបេគីស្ថាន។ក្រុមប្រតិភូកីឡាអុកកម្ពុជា ត្រូវធ្វើដំណើរចាកចេញពីមាតុភូមិ នៅថ្ងៃទី១៤ ខែកញ្ញានេះ តែធ្វើដំណើរ ១ថ្ងៃ ក៏មានពិធីជួបសំណេះសំណាល និងលើកទឹកចិត្តពីលោក ឯល រ៉ូហ្សាក់ គ្រូបង្វឹកអុកអន្ដរជាតិរបស់សហព័ន្ធ និងជាតំណាងថ្នាក់ដឹកនាំសហព័ន្ធ ក្នុងការពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងលើកទឹកចិត្ដដល់កីឡាករ-កីឡាការិនីគ្រប់រូប ក្នុងបេសកកម្មតំណាងជាតិមាតុភូមិលើឆាកអន្ដរជាតិនេះផងដែរ។លោក ឯល រ៉ូហ្សាក់ បានឲ្យដឹងថា នេះជាលើកទី២ ដែលសហព័ន្ធបានបញ្ជូនកីឡាករទៅចូលរួមព្រឹត្តិការណ៍អន្ដរជាតិធំនេះ តែជាលើកដំបូង ដែលថ្នាក់ដឹកនាំសហព័ន្ធ បានផ្ដល់ឱកាសបញ្ជូនក្រុមកីឡាការិនីទៅប្រកួត។ ការបង្ហាញខ្លួនលើកដំបូងរបស់កីឡាករកម្ពុជា បានសម្រេចនូវសិទ្ធផលគួរឲ្យភ្ញាក់ផ្អើល ហើយលោកសង្ឃឹមថា ការចូលរួមលើកនេះ នឹងធ្វើបានកាន់តែល្អ ក៏ដូចជាការបង្ហាញខ្លួនលើកដំបូងរបស់កីឡាការិនីផងដែរ។ជាមួយគ្នា កីឡាករ ណែម ប៊ុនតាក់ ដែលជារាមច្បងមួយរូបក្នុងក្រុម ពិតជារីករាយក្នុងការត្រៀមចេញទៅប្រកួតអុកអន្ដរជាតិនាពេលនេះ ។ ប៊ុនតាក់ថា បេសកកម្មនេះ លើសពីការប្រកួត ខ្លួនក៏នឹងព្យាយាមផ្សព្វផ្សាយពីប្រទេសកម្ពុជា ទៅបណ្ដាប្រទេសចូលរួម ឲ្យបានស្គាល់ និងមកលេងកម្សាន្ដជាដើម។ រីឯកីឡាការិនី នៅ ចន្ធី ក៏បានបង្ហាញការត្រៀមខ្លួន និងតាំងចិត្តខ្ពស់ សម្រាប់ការចូលរួមព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូងនេះផងដែរ។ក្នុងនាមគ្រូបង្វឹក ដែលត្រូវដឹកនាំផ្ទាល់ លោក ឯល រ៉ូហ្សាក់ បានបញ្ជាក់ថា នេះគឺជាបេសកកម្មដ៏ធំ សម្រាប់សហព័ន្ធ និងក្រុមកីឡាករ-កីឡាការិនីកម្ពុជា ដ្បិតព្រឹត្តិការណ៍អន្ដរជាតិនេះ មានអត្តពលិកប្រមាណ ២ពាន់នាក់ចូលរួម ក្នុងនោះមានអត្តពលិកផ្នែកបុរសមកពី ២០៨ប្រទេសចូលរួម ខណៈផ្នែកនារី មានអត្តពលិកប្រមាណ ១៩២ប្រទេសចូលរួម។ ដូច្នេះនេះជាឱកាសដ៏ល្អ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងការប្រកួតប្រជែង និងដុសខាតសមត្ថភាពឲ្យកាន់តែប្រសើរ ដើម្បីឆ្ពោះទៅសម្រេចគោលដៅធំៗជាបន្ដបន្ទាប់នាថ្ងៃអនាគត៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM