កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

ឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និង​ប្រជុំ​ដោយកីឡាករល្បីៗនៅកម្ពុជា

2026/09/14 01:11:08 pm        392
លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បាន​បង្ហាញ​មោទន​ភាព​យ៉ាង​ខ្លាំង ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលលំដាប់ពិភពលោក ដែល​ប្រមូល​ផ្តុំ​ដោយ​កីឡាករ​ល្បីៗ​ម​កពីជុំវិញពិភពលោក ត្រូវមកប្រកួត​ប្រជែង​ជើង​ឯក​លើ​ទឹក​ដី​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។ការលើកឡើងនេះ បន្ទាប់ពីលោកបានចូលរួមសន្និសីទ ស្ដីពីការ​ប្រកាស​ផ្លូវ​ការ​នូវ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀ​​បចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអាជីពកម្រិតអន្តរជាតិធំៗទាំង២ គឺពាន​រង្វាន់ Vattanac Legends Championship និង Vattanac Tour Championship ​ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ នៅទីលាន​វាយ​កូន​ហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត។លោក Dominic Williams បានមើលឃើញពីសារៈសំខាន់ធំៗចំនួន ២ តាមរយៈការ​រៀប​ចំ​ព្រឹត្តិការណ៍​នេះ ទី១ គឺជាឱកាសស្វែងយល់ពីកីឡាវាយកូនហ្គោលដល់ប្រជាពលរដ្ឋ ដើម្បី​គាំទ្រ​ដល់​ផ្នែកសុខភាព និងទី២ ជាវេទិកាដ៏ល្អ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលប្រទេសកម្ពុជា ទៅកាន់ពិភពលោក តាមរយៈកីឡាករល្បីៗជាច្រើន ដែលនឹងមកចូលរួមការប្រកួត ដើម្បីទាក់ទាញប្រជាជនលើពិភពលោក មកកាន់ប្រទេសដ៏ស្រស់ស្អាតមួយនេះ។សូមរំឮកថា ព្រឹត្តិការណ៍កីឡាវាយកូនហ្គោលលំដាប់ពិភពលោក ដែលនឹងត្រឡប់មករៀបចំនៅកម្ពុជា ជាលើកទី២ ក្រោយភាពជោគជ័យដ៏ត្រចះត្រចង់កាលពីឆ្នាំ២០២៥ កើតឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុន វឌ្ឍនៈ គ្រុប និងស្ថាប័ន Legends Tour ជាមួយសក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានប្រាក់រង្វាន់សរុបរហូតដល់ ១.៤៥លានដុល្លារ។សម្រាប់ការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការត្រៀមធ្វើម្ចាស់ផ្ទះទទួលស្វាគមន៍កំពូលកីឡាករវាយកូនហ្គោលល្បីៗកម្រិតពិភពលោក មកចូលរួមការប្រកួតជើងឯកអន្តរជាតិធំៗទាំង ២ ដែលនឹងប្រព្រឹត្តទៅនៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីសត តែមួយគត់ ដោយបែងចែកការប្រកួតជា ២សប្ដាហ៍ រួមមាន៖ សប្ដាហ៍ទី១ ការប្រកួតជើងឯក Vattanac Legends Championship 2026 នឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រវាងកីឡាករអាជីពអន្តរជាតិកំពូលៗចំនួន ៦០រូប ដើម្បីដណ្តើមប្រាក់រង្វាន់សរុប ៦៥០,០០០ដុល្លារ និងសប្ដាហ៍ទី២ ការប្រកួតជើងឯក Vattanac Tour Championship នឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រប្រចាំរដូវកាលដ៏អស្ចារ្យបំផុត ដែលអនុញ្ញាតឱ្យតែកីឡាករកំពូល ៦០រូប ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេពេញមួយរដូវកាលចូលរួមប្រកួត និងដណ្តើមប្រាក់រង្វាន់សរុប ៨០០,០០០ ដុល្លារ៕ អត្ថបទ លី ឈុនឡា

កីឡដ្ឋានស្វាយរៀង ក្លាយជានិមិត្ដរូប និងមោទនភាពសម្រាប់ពលរដ្ឋខេត្តស្វាយរៀង

2026/09/14 10:41:07 am        464
កីឡដ្ឋានស្វាយរៀង បានក្លាយជានិមិត្តរូបដ៏លេចធ្លោ និងជាមោទនភាពមួយដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋខេត្តស្វាយរៀង បន្ទាប់ពីការបើកទ្វារសម្ពោធជាផ្លូវការឡើងវិញ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ សប្ដាហ៍ទី២ រវាងក្លិបព្រះខ័នរាជស្វាយរៀង ដោយបានយកឈ្នះក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៤-០។មុនការប្រកួតជិត ១សប្ដាហ៍ ក្លិបព្រះខ័នរាជស្វាយរៀង ក៏បានរៀបចំនូវពិធីក្រុងពាលី តាមបែបព្រះពុទ្ធសាសនា ដើម្បីសុំសេចក្ដីសេចក្ដីចម្រើនផងដែរ មុនពិធីកាត់ខ្សែបូសម្ពោធកីឡដ្ឋានស្វាយរៀង ជាផ្លូវការ ដែលបានប្រព្រឹត្តទៅ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកគាំទ្រពេញកីឡដ្ឋាន ដែលបានចូលរួមអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនេះ។ការបើកដំណើរការកីឡដ្ឋានដ៏ទំនើប ក្រោយចំណាយពេល ១រដូវកាលពេញ ដើម្បីសាងសង់កែលម្អឡើងវិញនេះ បានទទួលការគាំទ្រភ្លុកទឹកភ្លុកដី ទាំងមុន និងក្រោយសម្ពោធ ពិសេសក្នុងការប្រកួតដំបូង ដែលបានទាក់ទាញអ្នកគាំទ្រចូលទស្សនាពេញរហូតដល់ ៧,៤៩៥នាក់ ស្របពេលអ្នកគាំទ្ររាប់ពាន់នាក់ទៀត បានត្រឹមសោកស្ដាយ ដែលមិនបានចូលទស្សនាផ្ទាល់ ព្រោះកីឡដ្ឋានអាចផ្ទុកចំនួនទស្សនាមានកំណត់។ជាមួយសន្ទុះនៃការគាំទ្រដ៏ភ្ញាក់ផ្អើលនេះ កីឡដ្ឋានស្វាយរៀង មិនត្រឹមជាផ្ទះដល់កក់ក្ដៅរបស់ក្លិបព្រះខ័នរាជស្វាយរៀង និងអ្នកគាំទ្ររបស់ខ្លួននោះទេ ប៉ុន្ដែត្រូវបានចាត់ទុកជានិមិត្ដរូប និងជាសមិទ្ធផលប្រវត្តិសាស្ដ្រថ្មីមួយ ដែលជាមោទនភាពរបស់ប្រជាពលរដ្ឋខេត្តស្វាយរៀង ដោយពួកគេរំពឹងក្រៅពីអាចផ្ដល់ភាពសប្បាយរីករាយ ក៏ដូចជាការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងអ្នកគាំទ្រ ទាំងជាតិ និងអន្ដរជាតិ ថែមទាំងជួយដល់សេដ្ឋកិច្ចប្រជាពលរដ្ឋ ប្រកបរបរទទួលទានផ្សេងៗទៀតផង។លោក សូ វណ្ណារិទ្ធ អ្នកគាំទ្រដ៏ស្ម័គ្រចិត្តមួយរូបរបស់ព្រះខ័នរាជស្វាយរៀង លើសពីភាពសប្បាយរីករាយ ដែលព្រះខ័នរាជស្វាយរៀងបានត្រឡប់មកប្រកួតក្នុងដីវិញ លោកបានបង្ហាញមោទនភាពជាខ្លាំង ចំពោះកីឡដ្ឋាន បន្ទាប់ពីសាងសង់កែលម្អ និងបើកដំណើរឡើងវិញ ដោយចាត់ទុកជាសមិទ្ធផលប្រវត្តិសាស្ដ្រ និងជានិមិត្តរូបមួយសម្រាប់ពលរដ្ឋ។ លោកសង្ឃឹមថា អនាគត ក្រៅពីពីការប្រកួតពានក្នុងស្រុក ក៏នឹងមានការប្រកួតពានរង្វាន់អន្ដរជាតិនានា ធ្វើឡើងនៅកីឡដ្ឋាន ស្ថិតនៅខេត្ដភាគអាគ្នេយ៍នៃប្រទេសនេះផងដែរ។ក្រៅពីអ្នកគាំទ្រ ក្រឡេកទៅចាប់អារម្មណ៍អាជីវករលក់ដូនៅជុំវិញកីឡដ្ឋានស្វាយរៀង ក៏រីករាយ និងមានមោទនភាព ចំពោះសមិទ្ធផលដ៏អស្ចារ្យនេះដូចគ្នា។ អ្នកស្រី ម៉ៅ ម៉ីម៉ី អ្នកលក់កាហ្វេនៅជាប់របងកីឡដ្ឋានថា កីឡដ្ឋានដ៏ស្រស់ស្អាតនេះ មិនត្រឹមបង្ហាញពីមុខមាត់ និងសក្ដានុពលខេត្តនោះទេ តែការបើកសម្ពោធឡើងវិញ ជាមួយវត្តមានអ្នកគាំទ្ររាប់ពាន់នាក់ ពិតជាបានជួយឲ្យអាជីវករលក់ដូរ និងម្ចាស់អាជីវកម្មផ្សេងៗ អាចរកចំណូលបានកើនឡើងគួរឲ្យកត់សម្គាល់។សមិទ្ធផលដ៏លេចធ្លោ ក្រោយប្រែមុខមាត់ថ្មី ជាមួយគំនិតច្នៃប្រឌិតខ្ពស់ ដោយការច្របាច់បញ្ចូលគ្នានូវសំណង់ដ៏ស្កឹមស្កៃ ជាមួយបច្ចេកវិទ្យាដ៏ទំនើបនេះ មិនត្រឹមកំពុកឆក់យកបេះដូងប្រជាពលរដ្ឋខេត្តស្វាយរៀង និងអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាតិនោះទេ តែគេឃើញបណ្ដាញផ្សព្វផ្សាយ និងអ្នកគាំទ្រក្នុងតំបន់មួយចំនួន ក៏បានសម្ដែងនូវការភ្ញាក់ផ្អើល និងសាទរជាមួយសមិទ្ធផលថ្មីនេះផងដែរ។ជាមួយវត្តមានកីឡដ្ឋានស្ដង់ដារអន្ដរជាតិ របស់ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង នេះក្រៅពីអ្នកគាំទ្រ ក៏ត្រូវបានថ្នាក់ដឹកនាំស្ថាប័នកីឡា និងគ្រូបង្វឹកក្លិបសមាជិកលីីគកំពូលកម្ពុជា ស្ងើចសរសើរនូវស្មារតីលៈបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធានដ៏ច្រើន ក្រោមការដឹកនាំរបស់ឯកឧត្តម ឌី វិជ្ជា ដើម្បីជំរុញការអភិវឌ្ឍ និងបង្ហាញពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់ ពិសេសក្លិបបាល់ទាត់នៅកម្ពុជា ឆ្ពោះទៅរកការប្រកួតប្រជែង ទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលមិនចាញ់បណ្ដាប្រទេសជឿលឿនមួយចំនួនឡើយ។ទោះបីក្នុងរដូវកាលឆ្នាំ២០២៦/២៧ ព្រះខ័នរាជស្វាយរៀង នឹងប្រើប្រាស់កីឡដ្ឋានស្វាយរៀង ជាទឹកដីសម្រាប់តែការប្រកួតពានរង្វាន់ក្នុងស្រុក រួមមានលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ខណៈពានរង្វាន់អន្ដរជាតិ នឹងបន្ដប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ជាទឹកដី តែបច្ចុប្បន្នកីឡដ្ឋានស្វាយរៀង បានក្លាយជាបេះដូង និងជាកន្លែងបង្កើតនូវអនុស្សាវរីយ៍ដ៏មានតម្លៃបំផុតមួយសម្រាប់ពលរដ្ឋខេត្តស្វាយរៀង៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជ, វិសាខា, ISI និងណាហ្គា រក្សាភាពខ្លាំង តែភ្នំពេញក្រោន និងថាយហ្គឺរ បន្ដស្មើក្នុងលីគសប្ដាហ៍ទី២

2026/09/14 10:21:06 am        233
ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង, វិសាខា, ISI ដង្កោសែនជ័យ និងហ្គាវើលដ៏ បានរក្សាភាពខ្លាំងរៀងៗខ្លួន គិតត្រឹមសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដោយមិនទាន់ស្គាល់ចាញ់ ស្របពេលក្រុមខ្លាំងភ្នំពេញក្រោន និងអង្គរថាយហ្គឺរ បានបន្ដស្មើ ២ប្រកួតជាប់គ្នា ក្រោយជំនួបជក់ចិត្តលើទឹកដីអង្គរ កាលពីចុងសប្ដាហ៍កន្លងទៅ។សម្រាប់ព្រះខ័នរាជស្វាយរៀង បានបន្ដយកឈ្នះក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ ៤-០ ក្នុងជំនួបសម្ពោធកីឡដ្ឋានស្វាយរៀង របស់ខ្លួន ។ ៤គ្រាប់ ដែលជួយឲ្យក្រុមជើងឯកឆ្នាំចាស់ ទទួលបាន ៣ពិន្ទុបន្ថែមនេះ រកបានដោយកីឡាករ សៀង ចន្ធា តាំងពី ៩វិនាទីដំបូង មុន Peprah Kwame រកបាន ២គ្រាប់ នៅនាទី៣៥ និងនាទី៦៦ ខណៈ ១គ្រាប់ទៀត រកបានដោយកីឡាករចំណូលថ្មី Martins Junior នៅនាទី៥០។រីឯក្រុមវិសាខា បានរក្សាតំណែងកំពូលតារាង ដោយមាន ៦ពិន្ទុស្មើព្រះខ័នរាជស្វាយរៀង ក្រោយបន្ដយកឈ្នះក្រុម អឹមអូអាយ កំពង់ដេវ៉ា ដោយលទ្ធផល ២-០ នៅកីឡដ្ឋានស្មាត។ ជំនួបដ៏តានតឹងនេះ កីឡាករ Donovan Ewolo បានរកគ្រាប់នាំមុខតាំងពីនាទីទី១០ ហើយបានអូសដល់នាទី៧០ ទើបកីឡាករ Andres Nieto រកបានគ្រាប់ទី២ បន្ទាប់ពីសមាជិកក្រុម អឹមអូអាយ កំពង់ដេវ៉ា សាន គឹមហេង រងពិន័យកាតក្រហម បន្ទាប់ពីប្ដូរចូលមិនទាន់បាន ១នាទី នៅនាទី៦២។ក្រៅពីក្រុមដែលឈ្នះ ២ប្រកួតជាប់នេះ ក្រឡេកទៅក្រុម ISI ដង្កោសែនជ័យ ក៏មិនធម្មតា ក្រោយយកឈ្នះក្រុមភ្ញៀវគិរីវង់សុខសែនជ័យ រហូតដល់ ៦-០។ ការរកបាន ៣ពិន្ទុដំបូង ក្រោយបើកឆាកប្រកួតស្មើបឹងកេត ៣-៣ នេះ បានធ្វើឲ្យពួកគេ ឈរលេខ៣ និងមាន ៤ពិន្ទុបណ្ដោះអាសន្ន ស្មើក្រុមណាហ្គាវើលដ៏ ដែលរកបានជ័យជម្នះលើកដំបូងដូចគ្នា បន្ទាប់ពីបើកឆាកប្រកួតស្មើក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ២-២ ។ ៣ពិន្ទុដំបូង ដែលក្រុមណាហ្គាវើលដ៏ រកបានដោយលំបាក តាមរយៈជ័យជម្នះដ៏តានតឹងលើក្រុមភ្ញៀវឡាយហ្វខេត្តព្រះសីហនុ ១-០ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ ដ្បិតក្រុមសល់គ្នាត្រឹម ៩នាក់ ក្រោយសមាជិក ២រូប គឺកីឡាករ Bernardo និងអ្នកចាំទី រ៉េត លីហេង បានរងពិន័យកាមក្រហម នៅវគ្គទី២។ដោយឡែកក្រុមភ្នំពេញក្រោន និងអង្គរថាយហ្គឺរវិញ រកបានត្រឹម ១ពិន្ទុបន្ថែម បន្ទាប់ពីក្រុមទាំងពីរ ប្រកួតស្មើគ្នា ២-២ នៅកីឡដ្ឋានអាគីហ៊ីរ៉ូ កាតុ ក្រោយប្រកួតបើកឆាកសុទ្ធតែស្មើរៀងៗខ្លួន។ ជំនួបដ៏តានតឹងនេះ កីឡាករ Dyer Moses បានស៊ុតបាល់ពិន័យ ១១ម៉ែទ្រឲ្យក្រុមភ្នំពេញក្រោន នាំមុខ ១គ្រាប់មុន នៅវគ្គទី១ តែចូលវគ្គទី២ កីឡាករ Aguek Manyluak រកបាន ២គ្រាប់ឲ្យអង្គរថាយហ្គឺរ បើកការនាំមុខវិញ នៅនាទី៥២ និងនាទី៦២ មុនកីឡាករ Feher Raul រកបានគ្រាប់តាមស្មើនៅចុងម៉ោង ដែលនាំឲ្យក្រុមទាំងពីរ ឈរលេខ៥ និងលេខ៦ ដោយរកបាន ២ពិន្ទុស្មើគ្នា លើក្រុមបឹងកេត និង អឹមអូអាយ កំពង់ដេវ៉ា ដែលទើបមាន ១ពិន្ទុក្នុងដៃ ។ រីឯ ៣ក្រុមទៀត នៅមិនទាន់រកបានពិន្ទុឡើយ គឺមានក្រុមឡាយហ្វខេត្តព្រះសីហនុ, កងយោធពលខេមរភូមិន្ទ និងគិរីវង់សុខសែនជ័យ៕ អត្ថបទ លី ឈុនឡា

សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ប្រកាសលើក​ពេលការប្រកួតកីឡាទាញព្រ័ត្រ​ជ្រើសរើសជើង​ឯក​ថ្នាក់ជាតិ និងពានរង្វាន់ខេត្តព្រះសីហនុ

2026/09/11 02:29:11 pm        399
ភ្នំពេញ៖ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានប្រកាសជូនដំណឹងនៅក្នុងផេកផ្លូវការរបស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាថា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ «ព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯក ថ្នាក់ជាតិ និងពានរង្វាន់ខេត្តព្រះសីហនុ ឆ្នាំ២០២៦» ក្រោមប្រធានបទ “លើកស្ទួយវិស័យទេសចរណ៍ឆ្នេរសមុទ្រ កម្ពុជា” ដែលគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីតាំងទីលានតេជោ (ពយតាមូង) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានសហព័ន្ធសម្រេចលើកកាលបរិច្ឆេទទៅរៀបចំនៅក្នុងខែតុលា ឆ្នាំ២០២៦ វិញ។មូលហេតុនៃការផ្លាស់ប្តូរកាលបរិច្ឆេទនេះ ធ្វើឡើងផ្អែកតាមលទ្ធផល នៃកិច្ចប្រជុំពិភាក្សារវាងសហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ ដោយសារតែទីតាំងនៅទីលានតេជោ (ពយតាមូង) បច្ចុប្បន្ននេះ កំពុងស្ថិត ក្នុងដំណើរការជួសជុល និងកែលម្អ ដើម្បីត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ នាចុងឆ្នាំ២០២៦ ខាងមុខនេះ។សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសមាគម ក្លឹបកីឡាទាញព្រ័ត្រ តាមបណ្តាក្រសួង រាជធានី ខេត្ត កីឡាករ កីឡាការិនី និងសាធារណជន ទាំង អស់មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យ ដោយក្ដីអនុគ្រោះ។អាស្រ័យហេតុនេះ ការបរិច្ចេទប្រកួតច្បាស់លាស់នឹងជូនដំណឹងតំណឹងជាថ្មី តាមផេកផ្លូវការរបស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា៕ 

ព្រះខ័នរាជ បើកទ្វារផ្ទះទទួលកងយោធពលខេមរភូមិន្ទ ខណៈថាយហ្គឺរ ប៉ះក្រោន និង កំពង់ដេវ៉ា ជួបវិសាខា ជាគូជក់ចិត្ត

2026/09/11 10:52:38 am        525
ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ សប្ដាហ៍ទី២ នាចុងសប្ដាហ៍នេះ នឹងកាន់តែកក្រើកបន្ថែមទៀត ជាមួយជំនួបដ៏ជក់ចិត្តជាច្រើន នាថ្ងៃទី១២ និងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។សម្រាប់ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទាល់ ទទួលក្រុមកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១២ ខែកញ្ញា។ នេះគឺជាជំនួបគួរឲ្យចាប់អារម្មណ៍ ដ្បិតជាការប្រកួតដំបូង នៅកីឡដ្ឋានស្វាយរៀង ក្រោយខកខានពេញ ១រដូវកាល បន្ទាប់ពីព្រះខ័នរាជស្វាយរៀង បានធ្វើការជួសជុល និងកែលម្អឡើងវិញ។ជាមួយការប្រកួតសម្ពោធកីឡដ្ឋាននេះ ច្បាស់ណាស់ព្រះខ័នរាជស្វាយរៀង ត្រូវការជ័យជម្នះដាច់ខាត ដើម្បីអបអរសាទរសមិទ្ធផលថ្មី ហើយក៏ជាសម្ពាធមួយសម្រាប់ក្រុមភ្ញៀវ។ យ៉ាងណាមុនការប្រកួត ក្រុមកងយោធពលខេមរភូមិន្ទ ក៏ទើបបាននាំចូលកីឡាករថ្មីៗ ដើម្បីជួយក្រុមផងដែរ។ ដូច្នេះគេរំពឹងថា ការប្រកួតនេះ នឹងក្លាយជំនួបដ៏ជក់ចិត្តមួយសម្រាប់អ្នកគាំទ្រ។ដំណាលគ្នានៅថ្ងៃសៅរ៍ដដែរ ក្រុមអង្គរថាយហ្គឺរ នឹងត្រូវជួបក្រុមភ្ញៀវភ្នំពេញក្រោន នៅកីឡដ្ឋានអាគីហ៊ីរ៉ូ កាតូ ។ ក្រោយរកបាន ១ពិន្ទុពីការប្រកួតបើករដូវកាល ក្រុមទាំងពីរ នឹងត្រូវប្រយុទ្ធកាន់តែខ្លាំង ដើម្បីប្រជែង ៣ពិន្ទុដំបូង ។ ប៉ុន្ដែផ្អែកលើស្ថានភាពបច្ចុប្បន្ន អ្នកគាំទ្ររំពឹងថា ក្រុមទាំងពីរ ពិបាកក្នុងការប្រជែង ៣ពិន្ទុ ដ្បិតទាំងការពារ និងប្រយុទ្ធ សុទ្ធសឹងតែរឹងមាំ និងមុតស្រួចដូចគ្នា។ចំណែកក្រុម អឹមអូអាយ កំពង់ដេវ៉ា វិញ នឹងត្រូវជួបក្រុមវិសាខា នៅកីឡដ្ឋាន ស្មាត របស់ក្លិប អាយអេសអាយ ដង្កោសែនជ័យ។ នេះគឺជាគូជក់ចិត្តមិនគួរមើលរំលង ទោះបីលទ្ធផលប្រកួតដំបូង អឹមអូអាយ កំពង់ដេវ៉ា រកបានត្រឹម ១ពិន្ទុពីការប្រកួតស្មើអង្គរថាយហ្គឺរ ខណៈវិសាខា យកឈ្នះកងយោធពលខេមរភូមិន្ទ រហូតដល់ ៦-១ តែជំនួបជើងទី១ រវាងក្រុមទាំងពីរ នាថ្ងៃទី១៣ ខែកញ្ញានេះ នឹងក្លាយជាការប្រកួតដ៏តានតឹងមួយក្នុងលីគទី២។ដោយឡែកការប្រកួតប្រចាំសប្ដាហ៍ចំនួន ២គូផ្សេងទៀត រួមមានក្រុម អាយអេសអាយ ដង្កោសែនជ័យ នឹងត្រូវជួបក្រុមគិរីវង់សុខសែនជ័យ នាថ្ងៃទី១២ ខែកញ្ញា និងក្រុមណាហ្គាវើលដ៏ ត្រូវបើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ទទួលក្រុមឡាយហ្វខេត្តព្រះសីហនុ នាថ្ងៃទី១៣ ខែកញ្ញា។ អ្នកគាំទ្រសង្ឃឹមថា ការប្រកួតទាំងពីរនេះ ក៏មិនខុសពីជំនួបផ្សេងៗ បន្ទាប់ពីក្រុមនីមួយៗរៀបចំក្រុមបានកាន់តែល្អ ដែលនឹងជំរុញឲ្យការប្រកួតកាន់តែស្វិតស្វាញ ពិសេសការប្រកួតដំបូងរបស់ក្រុមឡាយហ្វសខេត្តព្រះសីហនុ ក្រោយពួកគេបានយកឈ្នះភ្នំពេញក្រោន ក្នុងពាន Pre-Season មុនលីគចាប់ផ្ដើម ១សប្ដាហ៍តែម្ដង៕ អត្ថបទ លី ឈុនឡា

Messi ឈានដល់កិច្ចព្រមព្រៀងទិញក្លិបអេស្ប៉ាញ Eldense

2026/09/10 12:11:00 pm        307
ក្លិប C.D. Eldense ដែលកំពុងប្រកួតប្រជែងក្នុងលីគទី២ របស់អេស្ប៉ាញ បានប្រកាស​កាលពី​ថ្ងៃពុធ​ថា Lionel Messi បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ ដើម្បីក្លាយជាម្ចាស់ថ្មី​របស់​ក្លិប។តារាបាល់ទាត់អាហ្សង់ទីនវ័យ ៣៩ឆ្នាំ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចរចាទិញ ភាគហ៊ុន ១០០% ដែលកាន់កាប់ដោយក្រុមហ៊ុនវិនិយោគរបស់កូឡុំប៊ី TH Soluciones Group S.A.S. ដែលជាម្ចាស់ភាគហ៊ុនធំរបស់ Eldense បច្ចុប្បន្ន។ប្រសិនបើកិច្ចព្រមព្រៀងនេះសម្រេច Messi នឹងក្លាយជាម្ចាស់ក្លិបបាល់ទាត់ទី២របស់ខ្លួននៅប្រទេសអេស្ប៉ាញ។ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ Messi បានបោះទុនវិនិយោគក្លិបបាល់ទាត់ UE Cornellà ដែលកំពុងលេងនៅកម្រិតលីគទី៥របស់អេស្ប៉ាញ។លើសពីនេះ Messi ក៏ត្រូវបានរំពឹងថានឹងទទួលបានភាគហ៊ុនមួយផ្នែកនៅក្នុងក្លិប Inter Miami បន្ទាប់ពីកិច្ចសន្យាជាកីឡាកររបស់គេជាមួយក្លិបអាមេរិកនេះផុតកំណត់។តាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ កិច្ចព្រមព្រៀងទិញ Eldense អាចនឹងត្រូវសម្រេចក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ទោះជាយ៉ាងណា Eldense បានបញ្ជាក់ថា ការទិញលក់នៅតែត្រូវបំពេញនីតិវិធីច្បាប់ និងកិច្ចសន្យាចុងក្រោយ រួមទាំងដំណើរការត្រួតពិនិត្យហិរញ្ញវត្ថុ និងការអនុម័តជាកាតព្វកិច្ចពី ក្រុមប្រឹក្សាជាន់ខ្ពស់កីឡាអេស្ប៉ាញ (CSD) ជាមុនសិន។បច្ចុប្បន្ន Eldense កំពុងឈរនៅ ចំណាត់ថ្នាក់ទី២០ ក្នុងតារាង Segunda Division។ ក្លិបនេះត្រូវបាន TH Soluciones Group ទិញកាន់កាប់កាលពីខែតុលា ឆ្នាំ២០២៥ ហើយបានឡើងមកលេងនៅលីគទី២ បន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំប្រកួតប្រជែងនៅលីគតាមតំបន់របស់អេស្ប៉ាញ៕ អត្ថបទ៖នាង សុភាវុធ 

Ronaldo រកបានគ្រាប់ទី ៩៧៩ ខណៈ Al Nassr ឈ្នះ Abha ២-១ នៅ Saudi Pro League

2026/09/10 12:01:19 pm        193
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានបន្តដំណើររកគ្រាប់បាល់ឆ្ពោះទៅ ១០០០ គ្រាប់ បន្ទាប់ពីរកបានគ្រាប់ទី ៩៧៩ ក្នុងជ័យជម្នះរបស់ Al-Nassr ២-១ លើ Ahba នៅក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League។Ronaldo បានបើកការនាំមុខឱ្យ Al Nassr នៅនាទីទី២២ ដោយតែតបាល់បញ្ចូលទីពីបាល់ជ្រុង។ មិនយូរប៉ុន្មាន Ronaldo ក៏មានឱកាសរកគ្រាប់ទី២ ប៉ុន្តែការស៊ុតរបស់គេបានបុកបង្គោលទី។ចូលដល់នាទីទី៥៨ Al Nassr បានបន្ថែមគ្រាប់ទី២ តាមរយៈខ្សែប្រយុទ្ធជនជាតិអារ៉ាប៊ីសាអូឌីត Abdullah Al-Hamdan ដែលបានឆ្លៀតឱកាសពីកំហុសរបស់ខ្សែការពារ Abha។Abha អាចរកបានមួយគ្រាប់ត្រឡប់មកវិញនៅនាទីទី៧៥ បន្ទាប់ពីការទាត់ Free-kick ពីចម្ងាយរបស់ Nabil Fekir។ក្រោយការប្រកួតនេះ Al Nassr មាន ១៥ពិន្ទុពី ៦ប្រកួត និងឡើងមកឈរនៅកំពូលតារាងជាមួយ Al-Hilal និង Al-Qadsiah។ ទោះជាយ៉ាងណា Al Nassr ស្ថិតនៅពីក្រោម Al-Hilal ដោយសារផលសងគ្រាប់បាល់ ខណៈ Al-Hilal ទើបរងបរាជ័យក្នុងលីគជាលើកដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹក Simone Inzaghi កាលពីថ្ងៃចន្ទ៕ អត្ថបទ៖នាង សុភាវុធ 

Hun Sen Cup៖ ត្បូងឃ្មុំ យកឈ្នះព្រៃវែង បង្កើនឱកាសឡើងវគ្គបន្ដ ខណៈកំពត និងកែប បានត្រឹមចែកគ្នា ១ពិន្ទុ

2026/09/10 11:51:08 am        208
សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ បានបង្កើតឱកាសឡើងវគ្គបន្ដ ក្រោយយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ដោយលទ្ធផល ៧-២ ស្របពេលមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត និងសមាគមកីឡាបាល់ទាត់ខេត្តកែប បានត្រឹមចែកគ្នា ១ពិន្ទុ ក្នុងជំនួបជើងទី២ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ (ថ្នាក់ខេត្ត) ឆ្នាំ២០២៦/២៧ ។សម្រាប់ជំនួបជើងទី២ នៅទឹកដីខេត្តត្បូងឃ្មុំ ក្រុមម្ចាស់ផ្ទះ ធ្វើបានយ៉ាងល្អ ដោយបន្ដយកឈ្នះក្រុមភ្ញៀវព្រៃវែង ៧-២ កាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា ក្នុងនោះត្រឹមរយៈពេល ៨នាទី ត្បូងឃ្មុំ រកបាន ២គ្រាប់ដោយកីឡាករ Osa Orobosa Okoro នៅនាទីទី៤ និងកីឡាករ នៅ ហ្វាអ៊ីលីន នៅនាទីទី៨ មុនកីឡាករ យេន វិទូ និង សុខនី ពិសិដ្ឋ បង្កកំហុសឲ្យគ្រាប់បាល់ចូលទីខ្លួនឯង(Own Goal) នៅនាទី៣៦ និងនាទី៥២ ។ រីឯ ៣គ្រាប់ទៀត គឺរកបានជាបនន្ដបន្ទាប់ដោយកីឡាករ កើ ហ្វីន នៅនាទី៥៨, កីឡាករ ជា ណាវីន នៅនាទី៨៦ និងកីឡាករ ធី ភារ៉ា នៅនាទី៩០+២។ជ័យជម្នះនេះ នាំឲ្យក្រុមសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ បន្ដឈរកំពូលតារាងពូលD ដោយរកបាន ១០ពិន្ទុ ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ ៣ និងស្មើ ១ លើខេត្តកំពង់ចាម ដែលឈរលេខ២ រកបាន ៧ពិន្ទុ និងនៅសល់ ២ប្រកួតក្នុងដូចគ្នា គ្រាដែលក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានអស់ឱកាសប្រជែងកៅអីវគ្គបន្ដជាផ្លូវការ ក្រោយរងបរាជ័យ ៤ប្រកួតជាប់គ្នា។ដោយឡែកខេត្តកំពត និងខេត្តកែប ក៏កាន់តែខើចឱកាសប្រជែងកៅអីវគ្គបន្ដ ក្រោយប្រកួតស្មើគ្នា ១-១ នៅកីឡដ្ឋានខេត្តកែប។ ជំនួបដ៏ជក់ចិត្តកាលពីល្ងាចថ្ងៃពុធនេះ កីឡាករ ឌម ម៉ារីគី បានចំណាយពេលត្រឹម ៧នាទី បានរកគ្រាប់បាល់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន ហើយបានអូសបន្លាយដល់នាទី៥៧ ទើបក្រុមភ្ញៀវខេត្តកំពត រកបានគ្រាប់តាមស្មើ តាមរយៈការស៊ុតបាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ ខ្លុន មីតូ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។ការចែកគ្នា ១ពិន្ទុនេះ បានធ្វើឲ្យក្រុមទាំងពីរ សល់ឱកាសតិចតួច ក្នុងការប្រជែងកៅអីវគ្គបន្ដ ដ្បិតបច្ចុប្បន្ន សមាគមកីឡាបាល់ទាត់ខេត្តកែប បន្ដឈរបាតតារាង មានត្រឹម ៣ពិន្ទុ និងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ឈរលេខ៣ មាន ៤ពិន្ទុ តាមពីក្រោយខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលមាន ៦ពិន្ទុក្នុងដៃស្មើគ្នា។ ដូច្នេះសល់ ២ប្រកួតចុងក្រោយ ក្រុមនីមួយៗ សុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន ដើម្បីមានឱកាសឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្តឆ្នាំនេះ៕ អត្ថបទ លី ឈុនឡា 

ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ បិទការចុះឈ្មោះ ក្រោយទាក់ទាញអ្នកចូលរួមលើសការរំពឹង

2026/09/10 11:21:05 am        209
ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ រៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែកញ្ញាខាងមុខ បានបិទទទួលការចុះឈ្មោះហើយ ក្រោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន រហូតមានការចុះឈ្មោះលើសការរំពឹងទុក ត្រឹមរយៈពេលជិត ១សប្ដាហ៍ បន្ទាប់ពីការបើកទទួលចុះឈ្មោះផ្លូវការ។ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា ត្រឹមរយៈពេលខ្លី បន្ទាប់ពីក្រសួងទេសចរណ៍ បានបើកទទួលចុះឈ្មោះ មានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិជាច្រើនបានចាប់អារម្មណ៍ និងចុះឈ្មោះ ។ តាមការគ្រោងទុកការចុះឈ្មោះនេះ គ្រោងបើករហូតដល់ថ្ងៃទី១៥ ខែកញ្ញា តែត្រឹមរយៈពេលជិត ១សប្ដាហ៍ មានអ្នកចុះឈ្មោះកើនដល់ជាង ១ពាន់នាក់ ដែលលើសពីការរំពឹងទុក នាំឲ្យគណៈកម្មការសម្រេចបិទឈប់ទទួលការចុះឈ្មោះតែម្ដង។ជាមួយការចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» នេះ គឺមិនតម្រូវឲ្យមានការបង់ថវិកាឡើយ ។ បន្ថែមលើនេះ សម្រាប់កីឡាករ-កីឡាការិនី ដែលបានចុះឈ្មោះចំនួន ១ពាន់នាក់ដំបូង នឹងទទួលបាននូវអាវយឺតព្រឹត្តិការណ៍ដ៏ស្រស់ស្អាតចំនួន ១ ទៀតផង ។សម្រាប់ព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលរៀបចំឡើងក្រោមការចង្អុលបង្ហាញ និងមានការគាំទ្រពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍នេះ រៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ខេត្តសៀមរាប និងជំរុញសកម្មភាពភ្ញៀវទេសចរជាតិ-អន្ដរជាតិឲ្យមកលេងកម្សាន្ដនៅខេត្តសៀមរាប ក្នុងរដូវកាលបៃតង ពិសេសចូលរួមផ្ដិតយកទិដ្ឋភាពដ៏អច្ឆរិយៈនៃសមរាត្រី ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ដែលអាចនឹងកើតឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។ឯកឧត្តម វ៉ាហេង ដាវុធ ធ្លាប់មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ នឹងត្រូវជិះកង់លើចម្ងាយផ្លូវប្រមាណ ១០គីឡូម៉ែត្រ ដែលអ្នកចូលរួម នឹងទទួលបាននូវបទពិសោធន៍ថ្មី ជាមួយការជិះកង់លក្ខណៈផ្សងព្រេងក្នុងព្រៃធម្មជាតិនៃតំបន់អង្គរ ឆ្លងកាត់លើកំពែងក្រុងបុរាណ ស្វែងយល់ពីប្រាសាទលាក់ខ្លួន និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង នារដូវកាលបៃតង ដែលមិនត្រឹមលើកកម្ពស់សុខភាព តែថែមទាំងរួមចំណែកផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជារួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ៕ អត្ថបទ លី ឈុនឡា     

យ៉ាងហោចកីឡាសក្ដានុពល ៤ប្រភេទ ដែលកម្ពុជារំពឹងអាចប្រជែងមេដាយកីឡាអាស៊ី នៅជប៉ុន

2026/09/10 10:55:19 am        274
កម្ពុជាត្រៀមបញ្ជូនអត្តពលិក ១០៦នាក់ លើ ១៤ប្រភេទកីឡា ចូលរូមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ នៅប្រទេសជប៉ុន ដែលគ្រោងនឹងបើកការប្រកួតនាថ្ងៃទី១៩ ខែកញ្ញា និងបិទនាថ្ងៃទី៤ ខែតុលាខាងមុខ ក្នុងនោះមានកីឡាសក្ដានុពលយ៉ាងហោច ៤ ដែលត្រូវបានរំពឹងអាចប្រជែងមេដាយជូនជាតិ។ នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ក្នុងកិច្ចសម្ភាសន៍មុនចេញទៅចូលរួមព្រឹត្តិការណ៍កីឡាប្រចាំទ្វីប ៤ឆ្នាំម្ដង នាសប្ដាហ៍ក្រោយ ឯកឧត្តមបានបញ្ជាក់ថា ឆ្លងកាត់ការវាយតម្លៃយ៉ាងល្អិតល្អន់ មានអត្តពលិក ១៤ប្រភេទ ដែលត្រូវបានជ្រើសរើស និងបញ្ជូនទៅប្រកួតកីឡាអាស៊ី ក្នុងនោះកម្ពុជា រំពឹងលើប្រភេទកីឡាមានសក្ដានុពលមួយចំនួន ដូចជាកីឡាការ៉ាតេដូ ទ្រីយ៉ាត្លុង ជឺជីតស៊ូ និងកីឡាអេឡិចត្រូនិកជាដើម ដែលអាចឈានដល់ការដណ្ដើមមេដាយ ដោយផ្អែកលើការខិតខំហ្វឹកហាត់ ទាំងក្នុង និងក្រៅប្រទេស។ ជាមួយការត្រៀមចូលរួមប្រកួតកីឡាអាស៊ីនេះ ក៏ទទួលបានការគាំទ្រ និងលើកទឹកចិត្តពេញទំហឹងពីរាជរដ្ឋាភិបាលផងដែរ។សម្រាប់កីឡា ១៤ប្រភេទ ដែលកម្ពុជាត្រៀមបញ្ជូនចូលរួមការប្រកួតកីឡាអាស៊ី លើកទី២០ នេះ រួមមានកីឡាហែលទឹក, អត្តពលកម្ម, ប្រដាល់សកល, យូដូ, ការ៉ាតេ, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ចំបាប់, ទូកក្ដោង, ជឺជីតស៊ូ, បាល់ទាត់លើតុ, យុទ្ធគុនចម្រុះ, សូហ្វតេន្នីស និងកីឡាអេឡិចត្រូនិក។ ក្នុងចំណោមកីឡាទាំងអស់នេះ មានប្រភេទកីឡាអូឡាំពិកមួយចំនួន លើសពីការប្រកួតប្រជែងមេដាយ ក៏ដើម្បីប្រជែងកៅអីបានចូលរួមការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៨ នាទីក្រុង Los Angeles សហរដ្ឋអាមេរិកផងដែរ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM