កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

Harry Kane ជាបេក្ខភាពឈានមុខក្នុងបញ្ជី Ballon d’Or 2026

2026/09/09 02:50:24 pm        286
ខ្សែប្រយុទ្ធ Bayern Munich, Harry Kane ស្ថិតក្នុងចំណោមកីឡាករ ៣រូបរបស់អង់គ្លេស ដែលត្រូវបានជ្រើសរើសក្នុងបញ្ជីបេក្ខភាព Ballon d’Or 2026 ខណៈរូបគេត្រូវបានគេចាត់ទុកថាជាបេក្ខភាពឈានមុខសម្រាប់ពានរង្វាន់នេះ។ក្រៅពី Kane កីឡាករអង់គ្លេសដែលមានឈ្មោះក្នុងបញ្ជី ៣០នាក់ចុងក្រោយ រួមមាន Jude Bellingham របស់ Real Madrid និង Declan Rice របស់ Arsenal។ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Inter Miami និងជាម្ចាស់ពាន Ballon d’Or ច្រើនជាងគេ Lionel Messi ក៏មានឈ្មោះក្នុងបញ្ជីផងដែរ។ Messi កំពុងមានឱកាសប្រជែងយកពាន Ballon d’Or ជាលើកទី៩ បន្ទាប់ពីរកបាន ៨គ្រាប់សម្រាប់អាហ្សង់ទីនក្នុងព្រឹត្តិការណ៍ World Cup ដែលអាហ្សង់ទីនចាញ់អេស្ប៉ាញក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីខែកក្កដា។សម្រាប់ក្រុមជើងឯក World Cup អេស្ប៉ាញ មានកីឡាករ ៦រូបត្រូវបានជ្រើសរើសក្នុងបញ្ជីនេះ ដោយក្នុងនោះមាន Lamine Yamal។ ខ្សែប្រយុទ្ធ Ferran Torres ដែលជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រ ក៏មានឈ្មោះផងដែរ បន្ទាប់ពីបានផ្លាស់ពី Barcelona ទៅ Paris Saint-Germain នៅរដូវក្តៅនេះ។ក្រុម Paris Saint-Germain ដែលបានឈ្នះពាន Champions League ពីរឆ្នាំជាប់គ្នា មានកីឡាកររហូតដល់ ៩រូបក្នុងបញ្ជីបេក្ខភាព ដោយមិនរាប់បញ្ចូល Ferran Torres។ ក្នុងចំណោមនោះមាន Ousmane Dembele ដែលជាម្ចាស់ពាន Ballon d’Or ឆ្នាំមុន។កីឡាករឆ្នើមផ្សេងទៀតដែលមានឈ្មោះក្នុងបញ្ជី រួមមាន Kylian Mbappe និង Vinicius Jr របស់ Real Madrid ព្រមទាំងខ្សែការពារ Arsenal គឺ Gabriel និង William Saliba។ពានរង្វាន់ Ballon d’Or ឆ្នាំនេះមានអាយុកាលគម្រប់ ៧០ឆ្នាំ ចាប់តាំងពីត្រូវបានបង្កើតឡើងដោយទស្សនាវដ្តី France Football ក្នុងឆ្នាំ ១៩៥៦។ ម្ចាស់ពាន Ballon d’Or 2026 នឹងត្រូវប្រកាសនៅក្នុងពិធីប្រគល់ពានដែលធ្វើឡើងនៅទីក្រុងឡុងដ៍ នាថ្ងៃទី ២៦ ខែតុលា។ការជ្រើសរើសទីក្រុងឡុងដ៍ជាទីតាំងរៀបចំពិធីប្រគល់ពាន ត្រូវបានចាត់ទុកថាជាការគោរពជានិមិត្តរូបដល់អតីតកីឡាករអង់គ្លេស Sir Stanley Matthews ដែលជាម្ចាស់ពាន Ballon d’Or ដំបូងគេក្នុងប្រវត្តិសាស្ត្រ៕ អត្ថបទ៖នាង សុភាវុធ

ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា

2026/09/09 02:04:11 pm        1318
ក្រោយផ្ទុះប្រធានបទដ៏រសើបលើបណ្ដាញសង្គម អំពីតំណែង​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ រយៈ​ពេលប៉ុន្មានថ្ងៃចុងក្រោយ គេឃើញមានថ្នាក់ដឹកនាំ មន្ដ្រីជំនាញ គ្រូបង្វឹក និងអ្នក​គាំទ្រ​ជា​ច្រើន បានបង្ហាញការជឿជាក់ ចំពោះសមិទ្ធផលនានា ក្រោមការដឹកនាំ​របស់​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបាននាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ និងភាពរីកចម្រើនជាវិជ្ជមានជាច្រើន ដល់វិស័យកីឡាបាល់ទាត់ជាតិ។បន្ទាប់ពីបានតាមដានប្រធានបទ ដែលបានផ្សារភ្ជាប់លទ្ធផលក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា ក្នុងការប្រកួតជម្រុះពានរង្វាន់យុវជនអាស៊ី ទៅនឹងប្រធានសហព័ន្ធនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបង្ហោះសារគាំទ្រការដឹកនាំរបស់ឯកឧត្តម សៅ សុខា ។ ជាមួយគ្នា ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមយុវជន U20 កម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងបំពេញតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងស្មារតីកីឡាខ្ពស់ ព្រោះអ្នកចង់ឈ្នះបំផុត គឺគីឡាករ គ្រូបង្វឹក និងសហណ័ន្ធកីឡាបាល់ទាត់កម្ពុជា។ឯកឧត្តម ហ៊ុន ម៉ានី បានគូសរំលេចថា ការឈ្នះ ឬចាញ់ គឺជារឿងធម្មតាក្នុងកីឡាទូទៅ ក៏ដូចជាកីឡាបាល់ទាត់ ។ គ្មានក្រុមណាមួយចង់ចាញ់ឡើយ ហើយក៏គ្មាននរណាអាចទាយលទ្ធផលទុកជាមុនបានដែរ ព្រោះនិយាយឲ្យខ្លីគឺ «បាល់មូល» ។ ដូច្នេះលទ្ធផលនៃការប្រកួត មួយ ពីរ ឬលើសពីនេះ មិនមែនជាហេតុផលដើម្បីស្តីបន្ទោស ចង្អុល ឬដាក់កំហុសលើអ្នកណានោះទេ។ក្រឡេកទៅចាប់អារម្មណ៍ប្រធានបទ ដែលត្រូវបានវែកញែកដដែល ឯកឧត្តមបានទាក់ចំណាប់អារម្មណ៍ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា និងការរីកចម្រើននៃវិស័យនេះ ដែលមិនអាចប្រកែកបាន បន្ទាប់ពីឯកឧត្តមនាយឧត្តមសេនីយ៍ ក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។សម្រាប់ឯកឧត្តមផ្ទាល់ ការរីកចម្រើនរបស់វិស័យបាល់ទាត់កម្ពុជា គឺជាលទ្ធផលនៃការដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តម សៅ សុខា ហើយប្រសិនបើគ្មានការដឹកនាំរបស់តួអង្គឯកឧត្តម សៅ សុខា ទេ និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមនោះទេ ច្បាស់ណាស់ វិស័យបាល់ទាត់កម្ពុជាមិនអាចឈានដល់ការរីកចម្រើនក្នុងល្បឿនមួយដូចបច្ចុប្បន្នបានឡើយ។ចុងក្រោយឯកឧត្តម ហ៊ុន ម៉ានី បានឃើញទៅលើកិច្ចពិភាក្សា ហើយមានការលើកបេក្ខជន ដែលនឹងដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប៉ុន្តែសម្រាប់ឯកឧត្តមផ្ទាល់ ជឿជាក់ មានទំនុកចិត្ត និងគាំទ្រដល់ការដឹកនាំរបស់ឯកឧត្តម សៅ សុខា។ទន្ទឹមជាមួយគ្នា ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង ក៏បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្ទាល់ផងដែរថា ឯកឧត្តម សៅ សុខា បានដឹកនាំសហព័ន្ធ តាំងពីបាតដៃទទេ ហើយវិស័យបាល់ទាត់កម្ពុជា អាចរីកចម្រើនមកដល់សព្វថ្ងៃនេះ ក៏ដោយសារការលះបង់ ការខិតខំប្រឹងប្រែង និងគំនិតផ្ដួចផ្ដើមច្នៃប្រឌិតរបស់ឯកឧត្តម ក្នុងការកសាង និងអភិវឌ្ឍវិស័យនេះជាបន្តបន្ទាប់។ឯកឧត្តម ឌី វិជ្ជា បានគូសរំឮកថា កន្លងមកបាល់ទាត់កម្ពុជា ធ្លាប់លេងចាញ់គេច្រើនគ្រាប់ស្ទើរគ្រប់ការប្រកួត ធ្លាប់មានក្លិបត្រឹមតែមួយ ឬពីរប៉ុណ្ណោះ ហើយសូម្បីតែក្លិបបរទេស ក៏គ្មានអ្នកចង់មកប្រកួតជាមួយផង។ សម្រាប់ក្លិបព្រះខ័នរាជស្វាយរៀង អាចរីកចម្រើនបាន ក៏ជាផ្នែកមួយនៃសមិទ្ធផលក្នុងវិស័យបាល់ទាត់កម្ពុជា ដែលឯកឧត្តម សៅ សុខា រួមចំណែកកសាង ឱ្យក្លិបមានការអភិវឌ្ឍមកដល់សព្វថ្ងៃនេះដែរ។ក្រៅពីមន្ដ្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្លិប គេក៏ឃើញមានគ្រូបង្វឹក និងអ្នកគាំទ្រជាច្រើន បានបង្ហាញការជឿជាក់ដូចគ្នា ទៅលើសមិទ្ធផលធំៗ និងភាពរីកចម្រើនមិនអាចប្រកែកបាន ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្ដុះបណ្ដាល ការរៀបចំលីគអាជីពកាន់តែល្ដង់ដារ ការកសាងជំនឿចិត្ត និងស្មារតីជាតិនិយម តាមរយៈវិស័យកីឡា ព្រមទាំងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្ដរជាតិជាដើម។ ទាំងអស់នេះ សុទ្ធតែជាមូលហេតុ ហើយគ្មានហេតុផលណា ដែលត្រូវផ្លាស់ប្ដូរប្រធានសហព័ន្ធ ហើយក៏ជឿជាក់ឯកឧត្តម សៅ សុខា នឹងបន្ដការដឹកនាំឆ្ពោះទៅរកឧត្តមភាព និងជោគជ័យថ្មីៗបន្ថែមទៀតផងដែរ៕ អត្ថបទ លី ឈុនឡា

មនុស្សជាង ១០ម៉ឺននាក់ គាំទ្របណ្តឹងឱ្យ FIFA ស៊ើបអង្កេត Gianni Infantino ជុំវិញទំនាក់ទំនងជាមួយ Trump

2026/09/09 10:48:44 am        290
មនុស្សជាង ១០០,០០០ នាក់ បានចុះហត្ថលេខាគាំទ្របណ្តឹង ដែលទាមទារឱ្យសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ស៊ើបអង្កេតប្រធាន FIFA លោក Gianni Infantino ជុំវិញការចោទប្រកាន់ថា លោកអាចបានរំលោភក្រមសីលធម៌របស់ស្ថាប័នពាក់ព័ន្ធនឹងទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតីអាមេរិក Donald Trump។អង្គការសិទ្ធិមនុស្ស FairSquare បានប្រកាសកាលពីពីពេលថ្មីៗនេះថា បណ្តឹងនេះត្រូវបានដាក់ជូនគណៈកម្មាធិការសីលធម៌របស់ FIFA តាមរយៈយុទ្ធនាការ “Reboot FIFA”។តាម FairSquare ការចោទប្រកាន់រួមមានការប្រើប្រាស់អំណាចមិនត្រឹមត្រូវ ការរំលោភលើកាតព្វកិច្ចរក្សាអព្យាក្រឹតភាពផ្នែកនយោបាយ និងការរំលោភកាតព្វកិច្ចភាពស្មោះត្រង់ ក្នុងអ្វីដែលអង្គការនេះចាត់ទុកថា ជាការព្យាយាមបង្កើនភាពស្និទ្ធស្នាលជាមួយប្រធានាធិបតីអាមេរិក។FairSquare បានលើកឡើងពីហេតុការណ៍ចំនួន ៨ ករណី ក្នុងបណ្តឹង ដោយក្នុងនោះមានការចោទប្រកាន់ថា Infantino បានរំលោភគោលការណ៍អព្យាក្រឹតភាពនយោបាយរបស់ FIFA តាមរយៈការបង្ហាញការគាំទ្រជាសាធារណៈចំពោះពាក្យស្លោក និងរបៀបវារៈនយោបាយរបស់ Trump។អង្គការនេះក៏ចោទប្រកាន់ថា Infantino បានប្រើអំណាចរបស់ខ្លួនដោយបង្កើត FIFA Peace Prize ដោយគ្មានការអនុម័ត ឬការចូលរួមពី FIFA Council ហើយក្រោយមកបានប្រគល់ពាននេះជូន Trump។បញ្ហាមួយទៀតដែលត្រូវបានលើកឡើង គឺគម្រោង FIFA Forward Enterprise ដែលត្រូវបានចោទថា ត្រូវបានរៀបចំជាសម្ងាត់ជាមួយវិនិយោគិនដែលមានទំនាក់ទំនងនយោបាយ ដោយមិនឆ្លងកាត់នីតិវិធីគ្រប់គ្រងរបស់ FIFA។ គម្រោងនេះត្រូវបានបោះបង់ចោលនៅទីបំផុត បន្ទាប់ពីប្រឈមនឹងការរិះគន់ និងប្រតិកម្មយ៉ាងខ្លាំងពីជុំវិញពិភពលោក។លោក Nicholas McGeehan នាយក FairSquare បាននិយាយថា បណ្តឹងថ្មីនេះកើតឡើងបន្ទាប់ពីព្រឹត្តិការណ៍ជាច្រើនក្នុងអំឡុង និងក្រោយការប្រកួត World Cup ដែលបញ្ចប់កាលពីខែកក្កដា។ក្នុងចំណោមបញ្ហាដែលត្រូវបានផ្តោតសំខាន់ គឺការដែល Trump ត្រូវបានរាយការណ៍ថាបានទាក់ទងទៅ Infantino អំឡុងព្រឹត្តិការណ៍ World Cup និងស្នើឱ្យពិនិត្យឡើងវិញលើករណីកាតក្រហមរបស់ខ្សែប្រយុទ្ធអាមេរិក Folarin Balogun។ McGeehan បានអះអាងថា ការចោទប្រកាន់លើកនេះមានភាពធ្ងន់ធ្ងរជាងបណ្តឹងដែលបានដាក់កាលពីខែធ្នូ ឆ្នាំ២០២៥ ហើយ FairSquare ចង់ឱ្យគណៈកម្មាធិការសីលធម៌ FIFA ចាត់វិធានការជាក់ស្តែង។អង្គការនេះបានទាមទារឱ្យ Infantino ត្រូវបាន ហាមឃាត់ពីសកម្មភាពបាល់ទាត់រយៈពេល ២ ឆ្នាំ។ ទោះជាយ៉ាងណា McGeehan ក៏បានសម្តែងការសង្ស័យថា គណៈកម្មាធិការសីលធម៌របស់ FIFA អាចចាត់វិធានការដល់កម្រិតនោះ។បច្ចុប្បន្ន Infantino កំពុងស្វែងរកការបោះឆ្នោតជ្រើសរើសជាប្រធាន FIFA សម្រាប់ អាណត្តិទី៤ នៅខែមីនា ខាងមុខ ខណៈមិនទាន់មានបេក្ខជនដែលមានសក្តានុពលគ្រប់គ្រាន់ចេញមកប្រជែងជាមួយលោកនៅឡើយ។កាលពីខែមុន FairSquare ក៏បានអំពាវនាវឱ្យ FIFA ពិនិត្យថា Infantino អាចមានសិទ្ធិឈរឈ្មោះសម្រាប់អាណត្តិថ្មីឬអត់ ដោយអះអាងថា លោកបានកាន់តំណែងដល់ចំនួនអតិបរមា ៣ អាណត្តិដែលច្បាប់របស់ FIFA អនុញ្ញាត។FIFA មិនទាន់បានចេញការឆ្លើយតបជាសាធារណៈចំពោះបណ្តឹងថ្មីនេះនៅឡើយទេ។កាលពីខែកក្កដា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក៏បានបដិសេធបណ្តឹងរបស់ FairSquare ប្រឆាំងនឹង Infantino ពាក់ព័ន្ធនឹងការគាំទ្រ Trump ដោយបញ្ជាក់ថា បញ្ហានេះស្ថិតក្រៅដែនសមត្ថកិច្ចរបស់គណៈកម្មការសីលធម៌ IOC៕ អត្ថបទ៖នាង សុភាវុធ

គុនខ្មែរជើងឯកអាស៊ី លើកទី២ អាចរៀបចំនៅឥណ្ឌូនេស៊ី ក្រោយជោគជ័យ​ក្នុង​ការ​រៀបចំ​លើក​ដំបូង​ នៅវៀតណាម

2026/09/09 10:34:55 am        222
ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី១ (1st Asian Kun Khmer Championship) ឆ្នាំ២០២៦ នៅប្រទេសវៀតណាម បានបញ្ចប់ដោយជោគជ័យ ដោយ​មាន​ប្រតិភូ​កីឡាជិត ៣០០នាក់មកពី ១៤ប្រទេសចូលរួម ខណៈការប្រកួតបន្ទាប់ គ្រោងនឹងរៀបចំ នៅប្រទេសឥណ្ឌូនេស៊ី នាឆ្នាំក្រោយ។ព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីប លើប្រភេទកីឡាក្បាច់គុនបុរាណខ្មែរ ដែលមានការគាំទ្រពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ និងសហការរៀបចំ រវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាមួយម្ចាស់ផ្ទះវៀតណាម នេះ បានប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកាន់ថឺ ប្រទេសវៀតណាម។ជាលទ្ធផលបច្ចេកទេសក្រោយឆ្លងកាត់ការប្រកួតប្រមាណ ១សប្ដាហ៍ ក្នុងនាមម្ចាស់ក្បាច់គុន ក្រុមអត្តពលិកគុនខ្មែររបស់កម្ពុជា ដណ្ដើមបានមេដាយសរុប ៧១គ្រឿង (មាស ៣៥ ប្រាក់ ២៧ និងសំរឹទ្ធ ៩) ឈរលើលេខរៀងទី២ បន្ទាប់ពីម្ចាស់ផ្ទះវៀតណាម ដណ្ដើមបានមេដាយសរុប ៧៥គ្រឿង (មាស ៣៨ ប្រាក់ ៣០ និងសំរឹទ្ធ)។ដោយឡែកបណ្ដាប្រទេសចូលរួមផ្សេងៗទៀត សុទ្ធសឹងទទួលបានមេដាយ ក្នុងនោះក្រុមកីឡាប្រដាល់គុនខ្មែរ មកពីឥណ្ឌូនេស៊ី ឈរលេខ៣ ឈ្នះមេដាយសរុប ៩គ្រឿង(មាស ១ ប្រាក់ ៥ និងសំរឹទ្ធ ៣), ឡាវ ឈរលេខ៤ ឈ្នះមេដាយសរុប ៤គ្រឿង (មាស ១ ប្រាក់ ២ និងសំរឹទ្ធ ១), ចិន និងហ្វីលីពីន ឈរលេខ៥ និងលេខ៦ ឈ្នះមេដាយសរុប ៤គ្រឿងដូចគ្នា (មាស ១ ប្រាក់ ១ និងសំរឹទ្ធ ២), ម៉ាឡេស៊ី ឈរលេខ៧ ឈ្នះមេដាយសរុប ៣គ្រឿង (មាស ១ និងសំរឹទ្ធ ២), កាហ្សាក់ស្ថាន ឈរលេខ៨ ឈ្នះមេដាយសរុប ៥គ្រឿង(ប្រាក់ ៤ និងសំរឹទ្ធ ១), អាហ្វហ្គានីស្ថាន ឈរលេខ៩ ឈ្នះមេដាយប្រាក់ ៤, ឥណ្ឌា ឈរលេខ១០ ឈ្នះមេដាយប្រាក់ ៣ និងកូរ៉េខាងត្បូង ឈរលេខ១១ ឈ្នះមេដាយប្រាក់ ១គ្រឿង។ក្រោយចប់ការប្រកួតឯកឧត្តម ខូវ ឆាយ អគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្ដរជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះដំណើរការរៀបចំរបស់ម្ចាស់ផ្ទះវៀតណាម ក៏ដូចជាការគាំទ្រយ៉ាងច្រើនពីបណ្ដាប្រទេសក្នុងទ្វីប។ អ្វីដែលពិសេស គឺក្រោយចប់ការប្រកួតលើកទី១ ក៏មានប្រទេសទី២ ស្នើរៀបចំការប្រកួតនាឆ្នាំបន្ទាប់ គឺឥណ្ឌូនេស៊ី ដែលមានភាគរយខ្ពស់នឹងទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍គុនខ្មែរជើងឯកអាស៊ី លើកទី២ នាឆ្នាំ២០២៧ ខាងមុខ៕ អត្ថបទ លី ឈុនឡា

កំពង់ចាម យកឈ្នះស្វាយរៀងឡើងលេខ២ ខណៈកោះកុងបន្ដស្មើព្រះសីហនុក្នុងជើងទី២ ពាន​សម្ដេចតេជោ​-ថ្នាក់ខេត្ត

2026/09/09 10:25:45 am        240
ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឡើងឈរលេខ២ ក្នុង​ពូល​D​ បណ្ដោះអាសន្ន ក្រោយវាយបកយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ដោយលទ្ធផល ៤-១ ស្របពេលក្រុមបាល់ទាត់ខេត្តកោះកុង និងខេត្តព្រះសីហនុ បន្ដប្រកួតស្មើគ្នា ២-២ ក្នុងជំនួបជើងទី២ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី២០ (ថ្នាក់ខេត្ត) ឆ្នាំ២០២៦/២៧។បន្ទាប់ពីរងបរាជ័យ ២-៣ ក្រៅដីកាលពីជើងទី១ ខេត្តកំពង់ចាម ធ្វើបានយ៉ាងល្អលើទឹកដីរបស់ខ្លួន ដោយយកឈ្នះក្រុមភ្ញៀវខេត្តស្វាយរៀងយ៉ាងងាយ ពិសេសត្រឹមរយៈពេល ៣១នាទីនៃវគ្គទី១ ពួកគេរកបាន ៤គ្រាប់ ដោយកីឡាករ ស៊ិន ច័ន្ទសុវណ្ណារ៉ូ, កសឹម នារ៉ទីន, ហ្វវស៊ី ហ្វីឌុស និង ម៉ាត់ ដេវិត មុនស្វាយរៀង ព្យាយាមវាយបកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ រឿម ចាន់រឿន នៅចុងវគ្គទី២។ការដណ្ដើមបាន ៣ពិន្ទុពេញនេះ នាំឲ្យខេត្តកំពង់ចាម ហក់ឡើងឈរលេខ២ ក្នុងពូលD ដោយរកបាន ៧ពិន្ទុស្មើក្រុមកំពូលតារាងខេត្តត្បូងឃ្មុំ គ្រាដែលខេត្តស្វាយរៀង បានធ្លាក់មកឈរលេខ៣ ដោយរក្សា ៦ពិន្ទុក្នុងដៃ ។ យ៉ាងណាក្រុមទាំង ៣ នេះ សុទ្ធតែនៅមានឱកាសប្រជែងកៅអីវគ្គបន្ដ ពិសេសខេត្តត្បូងឃ្មុំ ដែលនៅសល់ ៣ប្រកួតពេញ មុនជួបក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង នារសៀលនេះ។ដោយឡែកជំនួបពូល E  រវាងក្រុមបាល់ទាត់ខេត្តកោះកុង និងក្រុមភ្ញៀវខេត្តព្រះសីហនុ នៅតែជក់ចិត្ត ដោយបានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ ក្រោយរក្សាលទ្ធផលស្មើគ្នា ២-២ ដូចកាលពីជើងទី១។ ជំនួបដ៏ស្វិតស្វាញនេះ កីឡាករ ជៀន វិសាល និង ថា សុធន់ រកបាន ២គ្រាប់មុនឲ្យក្រុមម្ចាស់ផ្ទះកោះកុង នៅនាទី១៧ និងនាទី៥២ មុនព្រះសីហនុ វាយបកបាន ២គ្រាប់វិញ ដោយកីឡាករ សំ វុធរដ្ឋា នៅនាទី៦៦ និង ធន ចាន់តុលា នៅនាទី៦៨ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។ការចែកគ្នា ១ពិន្ទុម្នាក់រវាងក្រុមទាំងពីរ បានផ្ដល់នូវក្ដីសង្ឃឹមសម្រាប់គូប្រជែងរួមពូល មានក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ដែលកំពុងមាន ៣ពិន្ទុ និងខេត្តកែប មាន ២ពិន្ទុ ដ្បិតព្រះសីហនុ បន្ដឈរកំពូលតារាង មាន ៦ពិន្ទុស្មើខេត្តកោះកុង ដែលឈរលេខ២ តែក្រុមទាំងពីរ នៅសល់ត្រឹម ២ប្រកួត។ ដូច្នេះជំនួបជើងទី២ រវាងខេត្តកំពត និងខេត្តកែប នារសៀលថ្ងៃពុធ នឹងក្លាយជាការប្រកួតដ៏សំខាន់ ដើម្បីដណ្ដើម ៣ពិន្ទុ និងឱកាសប្រជែងកៅអីវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា  

Oliver Lines បង្កការភ្ញាក់ផ្អើល ទម្លាក់កីឡាករស្នូកឃ័រលេខ ១ ពិភពលោក Zhao Xintong ពី English Open ជុំដំបូង

2026/09/08 02:36:46 pm        354
កីឡាករស្នូកឃ័រអង់គ្លេស Oliver Lines បានបង្កើតការភ្ញាក់ផ្អើលយ៉ាងធំក្នុងជុំទី១ នៃព្រឹត្តិការណ៍ English Open ដោយយកឈ្នះកីឡាករលំដាប់លេខ១ពិភពលោក និងម្ចាស់ជើងឯកពិភពលោកឆ្នាំ២០២៥ Zhao Xintong ក្នុងលទ្ធផល ៤-២។កីឡាករចិន Zhao បានបង្ហាញសមត្ថភាពវាយបានយ៉ាងល្អនៅដើមការប្រកួត ដោយធ្វើបាន Century Break ចំនួន២ ខណៈការប្រកួតស្មើគ្នា ២-២ បន្ទាប់ពីបញ្ចប់ ៤ ហ្វ្រេមដំបូង។ទោះជាយ៉ាងណា Lines វ័យ ៣១ឆ្នាំ បានបង្កើនកម្រិតលេងរបស់ខ្លួននៅពីរហ្វ្រេមចុងក្រោយ ដោយវាយមួយឈើបាន ៧៧ និង ៨៤ ពិន្ទុ ដើម្បីឈ្នះពីរហ្វ្រេមជាប់គ្នា និងបិទការប្រកួតក្នុងលទ្ធផល ៤-២ ហ្វ្រេម។ជ័យជម្នះនេះបាននាំ Lines ឡើងទៅជុំទី២ ឬវគ្គ ៣២ នាក់ចុងក្រោយ ដែលគេនឹងត្រូវជួបកីឡាករចិន Yuan Sijun នៅទីក្រុង Brentwood។នៅការប្រកួតផ្សេងទៀត កីឡាករលំដាប់លេខ៤ពិភពលោក Neil Robertson ក៏បានជួបការខកចិត្តដែរ ដោយចាញ់កីឡាករចិន Luo Zetao ក្នុងលទ្ធផលប្រកួតយ៉ាងស្វិតស្វាញ ៣-៤ ហ្វ្រេម។ទោះជាយ៉ាងណា អតីតម្ចាស់ជើងឯកពិភពលោក Kyren Wilson បានឆ្លងផុតជុំទី១ដោយយកឈ្នះកីឡាករប៉ូឡូញ Mateusz Baranowski ៤-១ ហ្វ្រេម។ចំណែកកីឡាករចិន Ding Junhui ដែលធ្លាប់ឈ្នះ UK Championship ៣លើក បានបន្តដំណើររបស់ខ្លួន បន្ទាប់ពីយកឈ្នះ Michael Holt ក្នុងលទ្ធផល ៤-៣ ហ្វ្រេម៕ អត្ថបទ៖នាង សុភាវុធ 

UEFA Champions League ត្រឡប់មកវិញ៖ ក្រុមធំៗត្រៀមប្រជែងពានរដូវកាលថ្មី

2026/09/08 02:00:40 pm        296
ការប្រកួតក្របខណ្ឌ UEFA Champions League រដូវកាល ២០២៦/២៧ នឹងត្រឡប់មកវិញរាត្រីនេះ ដោយក្រុមបាល់ទាត់កំពូលៗរបស់អឺរ៉ុបត្រៀមប្រយុទ្ធគ្នា ដើម្បីដណ្តើមពានរង្វាន់ក្លិបដ៏មានកិត្យានុភាពបំផុតមួយនៅទ្វីបអឺរ៉ុប។-      Paris Saint-Germain ដែលជាម្ចាស់ជើងឯកពីររដូវកាលជាប់គ្នា នឹងចាប់ផ្តើមការពារតំណែងរបស់ខ្លួន ខណៈក្រុមធំៗដូចជា Arsenal, Barcelona, Real Madrid, Bayern Munich, Manchester City និង Liverpool សុទ្ធតែត្រូវបានចាត់ទុកថាជាក្រុមដែលមានសមត្ថភាពប្រជែងពាន។ PSG គឺជាក្រុមដែលត្រូវចាប់អារម្មណ៍បំផុតនៅរដូវកាលថ្មី ព្រោះពួកគេកំពុងស្វែងរកការឈ្នះ Champions League ៣ សម័យជាប់គ្នា ដែលជាស្នាដៃដ៏កម្រណាស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់អឺរ៉ុប។ ក្រុមបារាំងនឹងត្រូវប្រឈមមុខនឹងគូប្រជែងដែលសុទ្ធតែចង់បញ្ឈប់ដំណើររបស់ពួកគេ។ នៅក្នុង League Phase PSG ក៏មានការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍ជាមួយ Barcelona និង Manchester City ផងដែរ។-      ងាកមក Arsenal ត្រូវបានគេចាត់ទុកថាជាក្រុមមួយក្នុងចំណោមបេក្ខភាពធំៗសម្រាប់ពានរដូវកាលនេះ។ ក្រុមរបស់លោក Mikel Arteta បានចាប់ផ្តើមរដូវកាល Premier League យ៉ាងល្អ ហើយបង្ហាញទម្រង់លេងមានភាពរឹងមាំទាំងការការពារ និងការវាយប្រហារ។ បញ្ហាធំបំផុតសម្រាប់ Arsenal គឺបទពិសោធន៍នៅវគ្គចុងក្រោយនៃ Champions League។ ប៉ុន្តែបន្ទាប់ពីការពង្រឹងក្រុម និងការរីកចម្រើនក្រោមការដឹកនាំរបស់ Arteta ពួកគេត្រូវបានមើលឃើញថាមានឱកាសល្អជាងមុនក្នុងការប្រជែងពាន។-      ចំណែក Barcelona ក៏ជាក្រុមមួយដែលត្រូវបានដាក់ក្នុងចំណោមបេក្ខភាពឈានមុខ។ ក្រុមមកពីតំបន់ Catalan មានការរួមបញ្ចូលគ្នារវាងកីឡាករវ័យក្មេង និងកីឡាករដែលមានបទពិសោធន៍ ដែលធ្វើឱ្យពួកគេក្លាយជាគូប្រជែងគួរឱ្យខ្លាចសម្រាប់ក្រុមធំៗ។ Barcelona ក៏មានការប្រកួតដ៏លំបាកនៅ League Phase ជាមួយ Manchester City និង PSG ដែលអាចជាការសាកល្បងសមត្ថភាពរបស់ពួកគេតាំងពីដំណាក់កាលដំបូង។-      បើនិយាយពី Champions League គេមិនអាចមើលរំលង Real Madrid បានឡើយ។ ក្រុមអធិរាជសគឺជាក្លិបដែលឈ្នះពាននេះច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ រហូតដល់ទៅ ១៥ លើក។ Real Madrid នឹងចាប់ផ្តើមការប្រកួត League Phase ជាមួយ Inter Milan ហើយក្នុងដំណាក់កាលនេះ ពួកគេក៏ត្រូវប្រឈមមុខនឹង Arsenal និងក្រុមខ្លាំងផ្សេងទៀត។ ទោះបីទម្រង់លេង ឬស្ថានភាពក្រុមអាចផ្លាស់ប្តូរពីមួយរដូវកាលទៅមួយរដូវកាលក៏ដោយ ប៉ុន្តែបទពិសោធន៍ និងប្រវត្តិសាស្ត្ររបស់ Real Madrid នៅ Champions League នៅតែធ្វើឱ្យពួកគេជាបេក្ខភាពដ៏គួរឱ្យខ្លាច។-      Bayern Munich គឺជាក្រុមមួយទៀតដែលស្ថិតនៅក្នុងក្រុមបេក្ខភាពប្រជែងពាន។ ក្លិបអាល្លឺម៉ង់មានបទពិសោធន៍យ៉ាងច្រើននៅក្នុងការប្រកួតអឺរ៉ុប និងតែងតែជាក្រុមដែលមានសមត្ថភាពឈានដល់វគ្គចុងក្រោយ។Bayern ក៏នឹងត្រូវជួប Arsenal ក្នុង League Phase ដែលជាការប្រកួតមួយក្នុងចំណោមការប្រកួតដែលអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោកទន្ទឹងរង់ចាំ។-      Manchester City ដែលធ្លាប់ឈ្នះ Champions League ក្នុងឆ្នាំ ២០២៣ ក៏នៅតែជាក្រុមដែលមានសមត្ថភាពប្រជែងពាន។ ការពង្រឹងក្រុមនៅរដូវក្តៅនេះបានធ្វើឱ្យ City ក្លាយជាក្រុមមួយដែលមានជម្រៅកីឡាករគួរឱ្យចាប់អារម្មណ៍។ City នឹងមានការប្រកួតដ៏លំបាកជាមួយ PSG និង Barcelona នៅ League Phase ហើយការប្រកួតទាំងនេះអាចបង្ហាញថា ពួកគេមានសមត្ថភាពដល់កម្រិតណាក្នុងការប្រជែងពានរដូវកាលនេះ។-      Liverpool ក៏ត្រូវបានរាប់បញ្ចូលក្នុងចំណោមក្រុមដែលមានសក្តានុពលប្រជែងជើងឯក។ ក្រុមអង់គ្លេសនឹងត្រូវជួប Atlético Madrid, Inter Milan និង Porto ក្នុង League Phase ដែលសុទ្ធតែជាការប្រកួតដែលអាចបង្កការលំបាក។ ជាមួយក្រុមដែលមានគុណភាព និងបទពិសោធន៍ខ្ពស់ Liverpool មានសមត្ថភាពប្រជែងជាមួយក្រុមធំៗ ប៉ុន្តែការរក្សាស្ថិរភាពនៅទូទាំងរដូវកាលនឹងក្លាយជាចំណុចសំខាន់។ជារួម Champions League រដូវកាល ២០២៦/២៧ អាចក្លាយជារដូវកាលដ៏គួរឱ្យចាប់អារម្មណ៍ ដោយ PSG ចង់បង្កើតប្រវត្តិសាស្ត្រជាមួយការឈ្នះពាន ៣ លើកជាប់គ្នា ខណៈ Arsenal, Barcelona, Real Madrid, Bayern Munich, Manchester City និង Liverpool សុទ្ធតែចង់ដណ្តើមពានមកកាន់ក្លិបរបស់ខ្លួន។ជាពិសេស League Phase នឹងនាំមកនូវការប្រកួតធំៗជាច្រើនតាំងពីដើម ដូចជា Real Madrid vs Inter Milan, Porto vs Manchester City, Barcelona vs Feyenoord, Liverpool vs Atlético Madrid និង Napoli vs Arsenal ដែលធ្វើឱ្យរដូវកាលថ្មីនេះកាន់តែមានភាពទាក់ទាញ៕ អត្ថបទ៖នាង សុភាវុធ 

ក្រសួងអប់រំរៀបចំសិក្ខាសាលាស្តីពីវិន័យ និងក្រមសីលធម៌ ពង្រឹងការយល់​ដឹង​របស់​​អត្ត​ពលិក​មុន​ចូលរួម​ការប្រកួតកីឡាអាស៊ីនៅជប៉ុន

2026/09/08 12:48:58 pm        403
មុនចេញទៅចូលរួមការប្រកួតកីឡាអាស៊ីនៅជប៉ុន ដែលព្រឹត្តិទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលាខាងមុខ ក្រសួងអប់រំ យុជន និងកីឡា បើកវគ្គសិក្ខាសាលាស្តីពីវិន័យ និងក្រមសីលធម៌មានរយៈពេល៣ថ្ងៃ រៀបចំឡើងដើម្បីពង្រឹងការយល់ដឹងរបស់កីឡាករ កីឡាការិនី និងគ្រូបង្វឹក មកពីសហព័ន្ធជាតិចំនួន ១៤ គោរពវិន័យច្បាប់នៃការប្រកួត និងក្រមសីលធម៌ក្នុងនាមជាតំណាងជាតិ។ក្នុងពិធីបើកសិក្ខាសាលា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីម្សិលមិញ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុជន និងកីឡា បានគូសបញ្ជាក់ថា សិក្ខាសាលានេះផ្តោតសំខាន់លើការណែនាំឱ្យកីឡាករ កីឡាការិនី មានវិន័យខ្ពស់ គោរពបទបញ្ជា និងគោរពគូប្រកួត មន្ត្រីអាជ្ញាកណ្តាល ព្រមទាំងគោរពវប្បធម៌ និងច្បាប់របស់ប្រទេសម្ចាស់ផ្ទះផងដែរ។ ឯកឧត្តម បន្តថា ប្រតិភូ មន្ត្រី គ្រូបង្វឹក ជាពិសេសកីឡាករ កីឡាការិនីទាំងអស់ត្រូវគោរព ក្រមវិជ្ជាជីវៈកីឡាឱ្យបានខ្ជាប់ខ្ជួន ដើម្បីមុខមាត់ប្រទេសជាតិ រួមទាំងត្រៀមខ្លួន ថែរក្សាសុខភាពឱ្យបានល្អ ដើម្បីត្រៀមការប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបអាស៊ីរៀងរាល់៤ឆ្នាំម្តងមួយនេះ។ការត្រៀមខ្លួននេះ ជាស្មារតីទទួលខុសត្រូវ ដើម្បីបង្ហាញពីភាពអង់អាចរបស់កីឡាករកម្ពុជាលើឆាកអន្តរជាតិ។ជាមួយគ្នានេះដែរ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោក យាន គីស៊ីវត្ថា បានបញ្ជាក់ឲ្យដឹងថា កម្ពុជាបានត្រៀមបញ្ជូនប្រភេទកីឡាចូលរួមប្រកួត ចំនួន ១៤ប្រភេទកីឡា ដូចជាកីឡាហែលទឹក អត្តពលកម្ម ប្រដាល់សកល ជីជីតស៊ូ យូដូ ការ៉ាតេ តេក្វាន់ដូWT ទ្រីយ៉ាត្លុង ចំបាប់ អេឡិចត្រូនិក បាល់ទាត់លើតុ គុនចម្រុះ ទូកក្តោង និងសូហ្វតិន្នីស ១០៦នាក់ ក្នុងនោះប្រតិភូដឹកនាំ ២៥នាក់ កីឡាករ ៣៩នាក់ កីឡាការិនី ២០នាក់ សរុប ៥៩នាក់ និងគ្រូបង្វឹក ២១នាក់ សរុបចំនួន ១០៦នាក់៕

ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នាថ្ងៃទី២០-កញ្ញា បើកទទួលចុះឈ្មោះ ដោយឥតគិតថ្លៃ

2026/09/08 12:18:45 pm        241
ព្រឹត្តិការណ៍កីឡាជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នៅបរិវេណមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ស្របពេលក្រសួង បានបើកទទួលការចុះឈ្មោះ រហូតដល់ថ្ងៃទី១៥ ខែកញ្ញាខាងមុខ ដោយមិនមានការបង់ថវិកាឡើយ។ក្រោមការចង្អុលបង្ហាញ និងមានការគាំទ្រពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» នឹងធ្វើប្រារព្ធធ្វើឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ខេត្តសៀមរាប និងជំរុញសកម្មភាពភ្ញៀវទេសចរជាតិ-អន្ដរជាតិឲ្យមកលេងកម្សាន្ដនៅខេត្តសៀមរាប ក្នុងរដូវកាលបៃតង ពិសេសចូលរួមផ្ដិតយកទិដ្ឋភាពដ៏អច្ឆរិយៈនៃសមរាត្រី ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ដែលអាចនឹងកើតឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។ជាមួយព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏មានសារៈសំខាន់នេះដែរ ក្រសួងទេសចរណ៍ ក៏បានជូនដំណឹងដល់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ-អន្ដរជាតិ ដែលមានបំណងចូលរួមព្រឹត្តិការណ៍កីឡាជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ដែលគ្រោងនឹងរៀបចំឡើងនាព្រឹកថ្ងៃទី២០ ខែកញ្ញានេះ អាចធ្វើការចុះឈ្មោះពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ដោយឥតគិតថ្លៃ ។ លើសពីនេះ សម្រាប់អ្នកចុះឈ្មោះជិះកង់ដំបូងចំនួន ១ពាន់នាក់ នឹងទទួលបានអាវយឺតព្រឹត្តិការណ៍ដ៏ស្រស់ស្អាតចំនួន ១ ទៀតផង។ទន្ទឹមជាមួយការរៀបចំព្រឹត្តិការណ៍ជិះកង់កម្សាន្ដលើទឹកដីអង្គរ ១ថ្ងៃ មុនព្រឹត្តិការណ៍សមរាត្រីនេះដែរ ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ធ្លាប់បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំ កាលពីថ្មីៗថា ព្រឹត្តិការណ៍នេះ គ្រោងជិះកង់ចម្ងាយប្រមាណ ១០គីឡូម៉ែត្រ ដែលអ្នកចូលរួម នឹងទទួលបាននូវបទពិសោធន៍ថ្មី ជាមួយការជិះកង់លក្ខណៈផ្សងព្រេងក្នុងព្រៃធម្មជាតិនៃតំបន់អង្គរ ឆ្លងកាត់លើកំពែងក្រុងបុរាណ ស្វែងយល់ពីប្រាសាទលាក់ខ្លួន និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង នារដូវកាលបៃតង ដែលមិនត្រឹមលើកកម្ពស់សុខភាព តែថែមទាំងរួមចំណែកផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជារួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ។ តាមរយៈនេះ ឯកឧត្តមបានអំពាវនាវដល់ភ្ញៀវជាតិ-អន្ដរជាតិ រួសរាន់ចុះឈ្មោះឲ្យបានទាន់ពេលវេលា ដើម្បីបានចូលរួម មុនបន្ដរីករាយកម្សាន្ដជាមួយព្រឹត្តិការណ៍សមរាត្រីប្រចាំខែកញ្ញា ឆ្នាំ២០២៦ នេះផងដែរ៕ អត្ថបទ លី ឈុនឡា

Hun Sen Cup៖ កំពង់ចាម ត្រូវការឈ្នះស្វាយរៀង ដើម្បីរក្សាឱកាស ខណៈកោះកុង ជួបព្រះសីហនុ ដណ្ដើមកៅអីកំពូលតារាង

2026/09/08 11:44:25 am        331
ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី២០ (ថ្នាក់ខេត្ត) ឆ្នាំ២០២៦/២៧ នឹងបន្ដការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៨ នៅថ្ងៃទី៨ និងថ្ងៃទី៩ ខែកញ្ញានេះ ដែលសុទ្ធសឹងជាជំនួបដ៏ជក់ចិត្ត ដ្បិតក្រុមនីមួយៗ កំពុងត្រូវការជ័យជម្នះ ដើម្បីមានឱកាសឡើងវគ្គបន្ដ ពិសេសជំនួបនារសៀលថ្ងៃអង្គារនេះ។សម្រាប់កម្មវិធីប្រកួតនៅថ្ងៃទី៨ ខែកញ្ញានេះ រួមមានក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ត្រូវជួបក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង នៅទីលានវិទ្យាល័យព្រះសីហនុ ។ នេះគឺជាការប្រកួតដ៏សំខាន់ក្រុមទាំងពីរ ពិសេសកំពង់ចាម ក្នុងនាមក្រុមការពារជើងឯក គឺត្រូវការជ័យជម្នះដាច់ខាត ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ។បច្ចុប្បន្នមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម កំពុងឈរលេខ៣ ក្នុងពូលD ទើបរកបាន ៤ពិន្ទុក្នុងដៃ តាមពីក្រោយខេត្តស្វាយរៀង ឈរលេខ២ មាន ៦ពិន្ទុ និងត្បូងឃ្មុំ មាន ៧ពិន្ទុ។ ផ្អែកលើស្ថានភាពបច្ចុប្បន្ន ទាំងកំពង់ចាម និងស្វាយរៀង សុទ្ធតែត្រូវការពិន្ទុពីជំនួបជើងទី២ នារសៀលនេះ ដើម្បីមានឱកាសប្រជែងកៅអីទៅវគ្គបន្ដ។ យ៉ាងណាក្រឡេកទៅចាប់អារម្មណ៍ជួបគ្នា កាលពីជើងទី១ ខេត្តស្វាយរៀង បានយកឈ្នះខេត្តកំពង់ចាម ៣-២។ ដូច្នេះចាំមើលជំនួបល្ងាចនេះ ក្រុមណា នឹងអាចប្រជែងបាន ៣ពិន្ទុបន្ថែម?ដំណាលគ្នាផងដែរ នៅរសៀលថ្ងៃអង្គារនេះ នឹងមានជំនួបដ៏ជក់ចិត្តមួយទៀត រវាងក្រុមបាល់ទាត់ខេត្តកោះកុង និងក្រុមភ្ញៀវខេត្តព្រះសីហនុ។ នេះគឺជាជំនួបដ៏ជក់ចិត្តក្នុងពូលE សម្រាប់ក្រុមទាំងពីរ ដែលត្រូវការជ័យជម្នះរៀងៗខ្លួន ដើម្បីប្រជែងកៅអីកំពូលតារាងបណ្ដោះអាសន្ន។ បច្ចុប្បន្នក្រុមទាំងពីរ មាន ៥ពិន្ទុស្មើគ្នា លើក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ដែលរកបាន ៣ពិន្ទុ និងខេត្តកែប មាន ២ពិន្ទុ។ ដូច្នេះក្រុមនីមួយៗ សុទ្ធតែនៅសល់ឱកាសប្រជែងកៅអីវគ្គបន្ដ ដ្បិតនៅសល់ ៣ប្រកួតរៀងៗខ្លួន ពិសេសខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលជាក្រុមមានអាទិភាព ព្រោះកំពុងមានប្រៀបលើគូប្រជែង គ្រាដែលកាលពីជើងទី១ ក្រុមទាំងពីរ បានប្រកួតស្មើគ្នា ២-២។ក្រៅពីជំនួបដ៏ក្ដៅគគុកនេះ នៅថ្ងៃបន្ទាប់ នឹងមានការប្រកួតសំខាន់ៗ ២គូទៀត រវាងក្រុមសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ និងក្រុមភ្ញៀវមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង និងសមាគមកីឡាបាល់ទាត់ខេត្តកែប ជាមួយក្រុមភូមិរផងរបងជាមួយគ្នា មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត។ ការប្រកួតនេះដែរ ត្បូងឃ្មុំ ត្រូវការពារជ័យជម្នះរបស់ខ្លួន ដើម្បីរក្សាកៅអីកំពូលតារាងពូលD ក្រោយជើងទី១ ពួកគេបានយកឈ្នះព្រៃវែង ៧-០ ។ រីឯខេត្តកំពត និងខេត្តកែប ក៏ត្រូវការ ៣ពិន្ទុដូចគ្នា ដើម្បីរក្សាឱកាសស្ដួចស្ដើងរបស់ខ្លួន ក្នុងការប្រកួតកៅអីវគ្គបន្ដផងដែរ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM