កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

Gianni Infantino បញ្ជាក់ជំហរបន្តឈរឈ្មោះជាប្រធាន FIFA

2026/09/07 02:36:52 pm        297
ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA លោក Gianni Infantino នៅតែប្តេជ្ញាចិត្តឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធាន FIFA អាណត្តិថ្មី បើទោះបីជាមានការប្រឆាំងកាន់តែខ្លាំងឡើងជុំវិញបេក្ខភាពរបស់លោក បន្ទាប់ពីផែនការលក់ភាគហ៊ុនក្នុងការប្រកួតរបស់ FIFA ទៅឱ្យវិនិយោគិនឯកជនត្រូវបរាជ័យក៏ដោយ។អ្នកនាំពាក្យ FIFA បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា Infantino នៅតែមានបំណងឈរឈ្មោះសម្រាប់អាណត្តិទី៤ នៅក្នុងការបោះឆ្នោតឆ្នាំ ២០២៧។Infantino ដែលមានវ័យ ៥៦ ឆ្នាំ បានប្រកាសពីមុនថា លោកមានបំណងបន្តដឹកនាំអាណត្តិទី៤ ប៉ុន្តែបច្ចុប្បន្នលោកកំពុងប្រឈមមុខនឹងសម្ពាធឱ្យចុះចេញពីតំណែងពីសំណាក់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA, សហព័ន្ធបាល់ទាត់អាស៊ី AFC និងសហព័ន្ធបាល់ទាត់អាមេរិកខាងជើង កណ្តាល និងការ៉ាអ៊ីប CONCACAF។សម្ពាធនេះបានកើតឡើង បន្ទាប់ពីផែនការរបស់ FIFA ក្នុងការលក់ភាគហ៊ុន ២០% នៃព្រឹត្តិការណ៍ World Cup និងការប្រកួតផ្សេងៗរបស់ FIFA ទៅឱ្យវិនិយោគិនឯកជន ត្រូវបានលុបចោលកាលពីខែកក្កដា ក្រោយទទួលរងការរិះគន់ និងប្រតិកម្មយ៉ាងខ្លាំង។ទោះជាយ៉ាងណា Infantino នៅតែទទួលបានការគាំទ្រពីសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក និងអាមេរិកខាងត្បូង។គិតមកដល់ពេលនេះ មិនទាន់មានបេក្ខជនណាម្នាក់ប្រកាសជាផ្លូវការថានឹងឈរឈ្មោះប្រកួតប្រជែងជាមួយ Infantino ក្នុងការបោះឆ្នោតប្រធាន FIFA ឆ្នាំក្រោយនៅឡើយទេ៕ អត្ថបទ៖នាង សុភាវុធ

ជប៉ុនបានកៅអីជុំផ្ដាច់ព្រ័ត្រ AFC U20 នៅចិន ខណៈកម្ពុជាបានត្រឹមសោកស្ដាយ

2026/09/07 12:07:36 pm        321
វគ្គជម្រុះពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម ២០ឆ្នាំទ្វីបអាស៊ី AFC U20 Asian Cup China 2027 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះពូលG បានបញ្ចប់ការប្រកួតហើយ ដោយក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំជប៉ុន បានទទួលកៅអីលេងជុំផ្ដាច់ព្រ័ត្រ នៅប្រទេសចិន ក្រោយយកឈ្នះគូប្រជែងរួមពូល ៣ប្រកួតជាប់គ្នា គ្រាដែលលោកក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា បានត្រឹមសោកស្ដាយ ក្រោយភ្លាត់ចាញ់ការប្រកួតដ៏សំខាន់ចុងក្រោយ។ជាមួយការប្រកួតដែលអ្នកគាំទ្របានដាក់ក្ដីរំពឹងក្រុមគោព្រៃជំទង់កម្ពុជា នឹងធ្វើបានល្អ ស្របពេលឱកាសអ៊ុតកៅអីវគ្គបន្ដ ត្រូវការត្រឹមលទ្ធផលស្មើ តែបែរជាក្រុមធ្វើមិនបានល្អ ហើយភ្លាត់ចាញ់ក្រុមភ្ញៀវ U20 កូវ៉ែត ជាច្រើនគ្រាប់។ បរាជ័យនេះ មិនត្រឹមធ្វើឲ្យកម្ពុជា អស់ឱកាសឡើងវគ្គបន្ដនោះទេ តែថែមទាំងធ្លាក់ទៅឈរបាតតារាងទៀតផង គ្រាដែលក្រុមយុវជន U20 កូវ៉ែត បានហក់ទៅឈរលេខ២ ជំនួសវិញ ដោយរកបាន ៣ពិន្ទុស្មើគ្នា រួមទាំងក្រុម U20 យេម៉ែន ដែលឈរលេខ៣ ផងដែរ។ក្រោយចប់ការប្រកួតលោក Yasuhir Yoshida គ្រូបង្វឹកក្រុមជម្រើសជាតិ U20 កម្ពុជា បានសម្ដែងការសោកស្ដាយ និងសុំទោសម្ដងហើយម្ដងទៀត ចំពោះលទ្ធផលបរាជ័យនេះ ហើយលោកទទួលស្គាល់ពីកង្វះខាតការប្រមូលស្មារតីរបស់កូនក្រុម ធ្វើឲ្យកម្ពុជា ទទួលបានលទ្ធផលមិនល្អបែបនេះ។ដោយឡែកគ្រូបង្វឹកក្រុមយុវជន U20 កូវ៉ែត លោក Ferdo Milin វិញ បានសម្ដែងក្ដីរីករាយ ទោះបីក្រុមមិនទាន់ច្បាស់បានឡើងជុំបន្ទាប់ឬយ៉ាងណា តែលោករីករាយនឹងការសម្រេចគោលដៅបញ្ចប់នៅលេខ២ ក្នុងពូល ហើយលោកក៏អរគុណម្ចាស់ផ្ទះកម្ពុជា ដែលបានផ្ដល់នូវភាពកក់ក្ដៅ កំឡុងពេលស្នាក់នៅ ហ្វឹកហាត់ និងប្រកួតរយៈប៉ុន្មានថ្ងៃកន្លងមកផងដែរ។គួរដឹងថា វគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup China 2027 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ មាន ៤ក្រុមចូលរួម ខណៈក្រោយបញ្ចប់ការប្រកួតវិលជុំ ក្រុមយុវជន U20 ជប៉ុន បានឈរកំពូលតារាង ក្រោយឈ្នះ ៣ប្រកួត  រកបាន ៩ពិន្ទុពេញ ដើម្បីបានកៅអីទៅលេខជុំផ្ដាច់ព្រ័ត្រ នៅប្រទេសចិន នាឆ្នាំ២០២៧ គ្រាដែលក្រុមយុវជនកូវ៉ែត យេម៉ែន និងកម្ពុជា រកបាន ៣ពិន្ទុស្មើគ្នា៕ អត្ថបទ លី ឈុនឡា

ក្លិបព្រះខ័នរាជស្វាយរៀង សម្ពោធដាក់ឲ្យប្រើកីឡដ្ឋានជាផ្លូវការ មុនបើក​ទ្វារស្វាគមន៍​ការ​ប្រកួត​លីគ​ចុង​សប្ដាហ៍នេះ

2026/09/07 11:27:56 am        777
ក្លិបកីឡាបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ បានរៀបចំពិធីក្រុងពាលី ប្រោស​ព្រំ សុំសេចក្ដីសុខសេចក្ដីចម្រើន សម្រាប់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃ កីឡដ្ឋាន​ស្វាយរៀងឡើងវិញ បន្ទាប់ពីចំណាយពេលកែលម្អ និងជួសជួលអស់រយៈ ១រដូវកាល ។ ពិធី​ក្រុង​ពាលីសម្ពោធដាក់ឲ្យប្រើប្រាស់កីឡដ្ឋាន ក្រោយចំណាយពេល ១រដូវកាល ដើម្បីជួសជុល និង​កែ​លម្អកាន់តែទំនើបអស្ចារ្យនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឌី វិជ្ជា ប្រធាន​ក្លិប​ព្រះខ័ន​រាជស្វាយរៀង និងលោកជំទាវ ហ៊ុន ម៉ាណា ហើយក៏មានការចូលរួមពីភ្ញៀវជាតិ-អន្ដរជា​តិជា​ច្រើន ក្នុងនោះក៏មានវត្តមានមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងថ្នាក់ដឹកនាំ​ក្រុម​ហ៊ុន​ខេមបូឌាន​ព្រីមៀរលីគផងដែរ។ គួរដឹងថា កីឡដ្ឋានស្វាយរៀង ដែលជាទឹកដីរបស់ក្លិបព្រះខ័នរាជស្វាយរៀង ត្រូវបានក្លិប​ធ្វើកា​រ​ជួស​ជុល និងកែលម្អកាន់តែទំនើប ជាមួយហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខាដ៏អស្ចារ្យជាច្រើន ក្នុង​នោះ​ក្រៅពីការពង្រីកកន្លែងអង្គុយសម្រាប់អ្នកគាំទ្ររហូតដល់ជាង ៧ពាន់នាក់ ក៏មាន​ការ​បំពាក់​នូវ​ប្រព័ន្ធភ្លើង LED ជុំវិញទីលាន, បន្ទប់ VIP និងកន្លែងលក់អាហារ ភេសជ្ជៈ ជាដើម។ ការ​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការឡើងវិញពេលនេះ ស្របពេលលីគកំពូលកម្ពុជា ឆ្នាំ​២០២៦​/២៧ បានចាប់ផ្ដើម ក្នុងនោះប្រកួតដំបូង ដែលធ្វើឡើងក្រៅដី ព្រះខ័នរាជស្វាយរៀង បាន​យក​ឈ្នះ​ក្រុម​គិរីវង់សុខសែនជ័យ ៣-០ ស្របពេលការប្រកួតបន្ទាប់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើក​ទ្វារ​កីឡដ្ឋានស្វាយរៀង ទទួលក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទលើកដំបូង នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ៕

ព្រះខ័នរាជ និងវិសាខា រកបាន ៣ពិន្ទុពេញពីប្រកួតបើកឆាកលីគ ខណៈ ៣គូផ្សេង សុទ្ធតែស្មើគ្នា

2026/09/07 11:18:27 am        368
មានត្រឹម ២ក្រុមប៉ុណ្ណោះ ដែលរកបាន ៣ពិន្ទុពេញពីការប្រកួតដំបូងរបស់ខ្លួន ក្នុងសប្ដាហ៍ទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលបានបើកការប្រកួតរដូវកាលថ្មី កាលពីចុងសប្ដាហ៍កន្លងទៅ រួមមានក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង និងក្រុមវិសាខា ស្របពេលការប្រកួត ៣គូផ្សេងទៀត សុទ្ធតែបញ្ចប់ដោយលទ្ធផលស្មើគ្នា។សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៣-០ កាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកីឡដ្ឋានគិរីវង់ ខេត្តតាកែវ ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមការពារតំណែងជើងឯកនេះ សុទ្ធតែបានកើតឡើងនៅវគ្គទី១ ដែលរកបានដោយកីឡាករ Van Der Water នៅនាទីទី៧ និងកីឡាករ សៀង ចន្ធា ២គ្រាប់ នៅនាទី២៨ និងនាទី៤២។ចំណែកក្រុមវិសាខា បានយកឈ្នះយ៉ាងចាស់ដៃលើក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ៦-១ ហើយគ្រាប់បាល់ជ័យជម្នះនេះ សុទ្ធតែរកបានដោយកីឡាករចំណូលថ្មី រួមមានខ្សែបម្រើប្រយុទ្ធ Pa Ousman Gai ១គ្រាប់, នេតូ រ៉ុនដុន ២គ្រាប់, ហាវ សុខនេត្រ ២គ្រាប់ និង herwin Seedorf ១គ្រាប់ គ្រាដែល ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ កើតឡើងដោយការទាត់បាល់ពិន័យ ១១ម៉ែត្រពីកីឡាករ Balanga Josemar នៅចុងវគ្គទី២។ ជ័យជម្នះនេះ នាំឲ្យវិសាខា និងព្រះខ័នរាជស្វាយរៀង ឈរលេខ១ និងលេខ២ បណ្ដោះអាសន្ន ដោយរកបាន ៣ពិន្ទុស្មើគ្នា។ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតបើកឆាករដូវកាលថ្មី ៣គូផ្សេងទៀត សុទ្ធតែបានបញ្ចប់ដោយភាពជក់ចិត្ត និងស្ថិតស្វាញខ្លាំង ដោយបានត្រឹមចែកគ្នា ១ពិន្ទុ ក្នុងនោះក្រុមភ្នំពេញក្រោន បានប្រកួតស្មើក្រុមណាហ្គាវើលដ៏ ២-២ ខណៈអង្គរថាយហ្គឺរ ប្រកួតស្មើក្រុមភ្ញៀវ អឹមអូអាយ កំពង់ដេវ៉ា ០-០ និងក្រុមបឹងកេត បានប្រកួតស្មើ អាយអេសអាយ ដង្កោសែនជ័យ ៣-៣។ការបញ្ចប់ដោយលទ្ធផលស្មើគ្នាជាច្រើនគូក្នុងសប្ដាហ៍ដំបូងនេះ ជាសញ្ញាណបង្ហាញពីភាពតានតឹងនៃលីគកំពូលកម្ពុជារដូវកាលថ្មី ដែលកាន់តែពិបាកស្មាន សម្រាប់ក្រុមនីមួយៗ ក្នុងការស្វែងរកជ័យជម្នះ បន្ទាប់ពីបណ្ដាក្លិបទាំងអស់ បានខិតខំពង្រឹង និងរៀបចំក្រុមកាន់តែល្អប្រសើរ ក្នុងការត្រៀមការប្រកួតប្រជែងក្នុងរដូវកាលនេះ៕ អត្ថបទ លី ឈុនឡា

FIFA ចោទ UEFA ថា ធ្វើយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះ ក្នុងជម្លោះជុំវិញផែនការ Infantino

2026/09/05 09:32:53 am        257
ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានចោទប្រកាន់សមាគមបាល់ទាត់អឺរ៉ុប UEFA ថា កំពុងធ្វើយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះ ប្រឆាំងនឹងស្ថាប័ន និងប្រធាន Gianni Infantino ក្នុងជម្លោះជុំវិញផែនការដែលត្រូវបានលុបចោលពាក់ព័ន្ធនឹងការលក់ភាគហ៊ុនក្នុងសិទ្ធិពាណិជ្ជកម្មរបស់ FIFA។FIFA បានលើកឡើងថា សកម្មភាពរបស់ UEFA កំពុងបង្កើនសម្ពាធលើស្ថាប័នបាល់ទាត់ពិភពលោក និងថា ឯកសារផ្លូវច្បាប់មួយចំនួនរបស់ UEFA មានលក្ខណៈស្រដៀងនឹងការផ្សព្វផ្សាយព័ត៌មានប្រឆាំង FIFA និងថ្នាក់ដឹកនាំរបស់ខ្លួន។កាលពីសប្តាហ៍មុន UEFA បានដាក់ពាក្យស្នើសុំជាបន្ទាន់ទៅកាន់តុលាការសហព័ន្ធសហរដ្ឋអាមេរិក ក្នុងតំបន់ Southern District of New York ដើម្បីស្នើសុំសិទ្ធិប្រមូលសក្ខីកម្ម និងឯកសារពីអង្គភាពដែលមានមូលដ្ឋាននៅអាមេរិក សម្រាប់ប្រើប្រាស់ក្នុងនីតិវិធីព្រហ្មទណ្ឌដែលអាចកើតមាននៅប្រទេសស្វីស។UEFA ក៏បាននិយាយថា ខ្លួនកំពុងពិចារណាចាត់វិធានការផ្លូវព្រហ្មទណ្ឌប្រឆាំងនឹង Infantino និងមន្ត្រី FIFA មួយចំនួនទៀត ពាក់ព័ន្ធនឹងគម្រោង FIFA Forward Enterprise (FFE) ផងដែរ។UEFA បានចោទថា គម្រោងនេះត្រូវបានរៀបចំឡើងដោយគ្មានការពិគ្រោះយោបល់គ្រប់គ្រាន់ជាមួយស្ថាប័នគ្រប់គ្រងរបស់ FIFA និងសមាគមសមាជិកទាំង ២១១ប្រទេស។ គម្រោង FFE ត្រូវបាន FIFA ដកចេញជាផ្លូវការកាលពីថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីជួបការប្រឆាំងពី UEFA និងស្ថាប័នបាល់ទាត់តំបន់ផ្សេងៗ។FIFA បានលើកឡើងក្នុងឯកសារតុលាការថា UEFA គួរតែចូលរួមក្នុងដំណើរការប្រជាធិបតេយ្យជំនួសឱ្យការប្រើប្រាស់សេចក្តីប្រកាសព័ត៌មាន ដែល FIFA ចាត់ទុកថាជាការចាប់ផ្តើមនៃយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះប្រឆាំងនឹង FIFA និងថ្នាក់ដឹកនាំរបស់ខ្លួន។FIFA ក៏បានអះអាងថា ការប្រឆាំងរបស់ UEFA អាចមានជាប់ពាក់ព័ន្ធនឹងបំណងរក្សាឥទ្ធិពល និងភាពលេចធ្លោរបស់បាល់ទាត់អឺរ៉ុបនៅលើឆាកពិភពលោក។ជាមួយគ្នានេះ Gianni Infantino ដែលត្រៀមឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធាន FIFA អាណត្តិទី៤ នៅខែមីនា ឆ្នាំ២០២៧ កំពុងរងសម្ពាធកាន់តែខ្លាំង បន្ទាប់ពីផែនការ FFE ត្រូវបានលុបចោល ហើយប្រទេសមួយចំនួនបានដកការគាំទ្រចំពោះបេក្ខភាពរបស់លោក។Infantino ក៏កំពុងប្រឈមសម្ពាធពីសហព័ន្ធបាល់ទាត់តំបន់ចំនួន៣ រួមមាន UEFA, Asian Football Confederation (AFC) និង CONCACAF ដែលគ្រប់គ្រងបាល់ទាត់នៅអាមេរិកខាងជើង អាមេរិកកណ្តាល និងតំបន់ការ៉ាប៊ីន។ ស្ថាប័នទាំងនេះបានពិភាក្សាអំពីលទ្ធភាពធ្វើការបោះឆ្នោតមិនទុកចិត្តលើ Infantino។ទោះជាយ៉ាងណា Infantino នៅតែទទួលបានការគាំទ្រពីសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក និងអាមេរិកខាងត្បូង។ លោកក៏ត្រូវបានរាយការណ៍ថា កំពុងព្យាយាមកាត់បន្ថយឥទ្ធិពលរបស់សហព័ន្ធតំបន់ និងស្វែងរកការគាំទ្រដោយផ្ទាល់ពីសមាជិកនីមួយៗរបស់ FIFA៕ អត្ថបទ៖នាង សុភាវុធ

មន្ត្រីវាយកូនបាល់៖ ការចេញទៅប្រកួត​អន្តរជាតិ​ចំនួនពីរ​របស់​កីឡាករ​វាយ​កូន​បាល់​កម្ពុជា​ជា​ការ​សន្សំ​ពិន្ទុ​ និងបង្កើនគុណភាពបច្ចេកទេស

2026/09/04 12:25:26 pm        322
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាត្រៀមបញ្ជូនកីឡាករកីឡាការិនី ៤នាក់ចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ចំនួនពីរផ្សេង២គ្នា នៅប្រទេសវៀតណាម និងប្រទេសសិង្ហបុរី នៅក្នុងខែកញ្ញា ឆ្នាំ២០២៦នេះ ។លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាលើកឡើងថា រាល់ការចូលរួមប្រកួតកម្រិតអន្តរជាតិរបស់ កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាគឺដើម្បីសន្សំពិន្ទុ និងបង្កើនគុណភាពបច្ចេកទេសផងដែរ។នៅក្នុងបទសម្ភាសន៍ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការសហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិក លោក ជា ពៅ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតចំនួន២នេះ រួមមាន ការប្រកួតកីឡាវាយកូនបាល់ជើងឯកនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ និងការប្រកួត The Singapore Tennis Invitational Cup (STIC) 2026 ចាប់ពីថ្ងៃទី២១-២៧ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។លោកអគ្គលេខាធិការរងរូបនេះសង្កត់ធ្ងន់ថា ការប្រកួតអន្តរជាតិនេះពិតជាសំខាន់ណាស់ ក្នុងការសន្សំពិន្ទុចំណាត់ថ្នាក់របស់កីឡាករកម្ពុជាយើង និងបង្កើនកម្រិតបច្ចេកទេសផងដែរ ដើម្បីត្រៀមចូលរួមប្រកួតកម្រិតអន្តរជាតិនានាបន្ថែមទៀត ជាពិសេសសម្រួចគោលដៅឆ្ពោះទៅប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាឆ្នាំ២០២៧។កីឡាករ ឃ្លាំង ពន្លក បានបញ្ជាក់ថា ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ ទាំងកំលាំង បចេ្ចកទេស ដើម្បីចូលរួមការប្រកួតខាងលើ លើសពីនេះ ការបានចូលរួមប្រកួតជាលក្ខណៈអន្តរជាតិបែបនេះ បានបង្ហាញទង់ជាតិ ព្រមទាំងឈ្មោះប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ គឺជាមោទកភាព និងជាក្តីសប្បាយរីករាយមួយសម្រាប់កីឡាករថែមទៀតផង។សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនបាល់ជើងឯកនៅប្រទេសវៀតណាមគឺសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាត្រៀមបញ្ជូនកីឡាករជម្រើសជាតិ៣នាក់ចូលរួមប្រកួតប្រជែង រួមមាន កីឡាករ ឃ្លាំង ពន្លក កីឡាករ យឿន សុធឿន និងកីឡាករ ពៅ វិរៈ។ ចំណែកឯការប្រកួតកីឡាវាយ The Singapore Tennis Invitational Cup (STIC) 2026 នៅប្រទេសសិង្ហបុរី គឺសហព័ន្ធត្រៀមបញ្ជូនជម្រើសជាតិ៤នាក់ទៅប្រកួត ដូចជា កីឡាការិនី ស៊ុម ចិន្តា កីឡាករ ឃ្លាំង ពន្លក កីឡាករ យឿន សុធឿន និងកីឡាករ ពៅ វិរៈ៕

ប្រដាល់សកលកម្ពុជា២រូប ត្រៀមប្រកួតកីឡាអាស៊ី នៅជប៉ុន ជាមួយនឹង​គោលដៅ​បន្ត​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​អូឡាំពិកហ្គេម ២០២៨

2026/09/04 12:16:32 pm        404
ការប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន ក្នុងខែកញ្ញា ឆ្នាំ២០២៦នេះ សហព័ន្ធកីឡា​ប្រដាល់​សកល​ត្រៀមបញ្ជូនកីឡាករ២នាក់ចូលរួមប្រកួត គឺកីឡាករ វី សុភ័ស ប្រកួតទម្ងន់៧០គ.ក្រ និងកីឡាករ ណេស្រេឌីនូវ អាន់វ៉ា លេងក្នុងទម្ងន់ ៨០គ.ក្រ ដោយព្រឹត្តិការណ៍​ដ៏​ធំ​រៀង​រាល់​៤​ឆ្នាំ​ម្តង​នេះ​មានសារៈសំខាន់ ក្នុងការពង្រឹង​គុណភាព​ជម្រើស​ជាតិ​ឆ្ពោះ​ទៅ​ប្រកួត​វគ្គ​ជម្រុះ​កីឡា​អូឡាំពិក​ នាឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក នេះបើតាម​ការ​បញ្ជាក់​របស់​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជាឯកឧត្តម ប៊ុយ សុភ័ណ្ឌ។ប្រធានសហព័ន្ធរូបនេះលើកឡើងថា សម្រាប់ការប្រកួតកីឡាអាស៊ី មានកម្រិតខ្ពស់ជាងឆ្ងាយពីស៊ីហ្គេមដែលមានត្រឹម ១១ ប្រទេសចូលរួម ខណៈកីឡាអាស៊ីមាន៤៥ប្រទេស ហើយកីឡាករប្រដាល់សកលក្នុងទ្វីបអាស៊ីនេះភាគច្រើនសុទ្ធសឹងតែជាកីឡាករលំដាប់ពិភពលោក។ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានសង្កត់ធ្ងន់ថា សម្រាប់កីឡាករកម្ពុជាត្រៀមចូលរួមប្រកួតកីឡាអាស៊ី ឆ្នាំ២០២៦ នៅក្នុងខែកញ្ញានេះ គឺសហព័ន្ធបានត្រៀមខ្លួនឱ្យពួកគាត់ទាំងពីរនាក់ហ្វឹកហាត់តាំងពីដើមឆ្នាំមក។ ជាមួយនឹងការត្រៀមខ្លួននេះ សហព័ន្ធក៏បានឱ្យកីឡាករ ចូលរួមប្រកួតជាច្រើនមកដែរ ដើម្បីពង្រឹងគុណផលបច្ចេកទេសរបស់គាត់ឱ្យបានល្អ ហើយយើងរំពឹងថា ពួកគាត់នឹងអាចធ្វើបានល្អ នៅក្នុងព្រឹត្តិការណ៍ដ៏ធំរៀងរាល់៤ឆ្នាំងម្តង ប្រចាំទ្វីបអាស៊ីមួយនេះ។ បេក្ខភាពកីឡាករជម្រើសជាតិ ដែលត្រៀមខ្លួនចូលរួមប្រកួតកីឡាអាស៊ីនេះ គឺសហព័ន្ធបានឱ្យពួកគាត់ទាំងពីរនាក់ហ្វឹកហាត់ពិសេសជាមួយគ្រូបង្វឹកបរទេស ដែលជាគ្រូស្ម័គ្រចិត្តរបស់សហព័ន្ធ និងក៏ជាអតីតកីឡាករប្រដាល់សកលអាជីពផងដែរ។ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បន្ថែមថា គោលដៅធំរបស់សហព័ន្ធ គឺមិនត្រឹមតែការប្រកួតកីឡាអាស៊ីនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការត្រៀមចូលរួមប្រកួតជម្រុះកីឡាអូឡាំពិក នៅឆ្នាំ២០២៧ខាងមុខ ដើម្បីទទួលបានសិទ្ធិឆ្ពោះទៅអូឡាំពិកហ្គេម ឆ្នាំ២០២៨ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិកផងដែរ។សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី២០ នៅប្រទេសជប៉ុន “The 20th Asian Games Aichi-Nagoya 2026” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ។ ព្រឹត្តិការណ៍នេះមានប្រភេទកីឡាចំនួន ៤៣ មកពី ៤៥ ប្រទេសចូលរួមប្រកួតប្រជែងដណ្តើមមេដាយ ក្នុងនោះកម្ពុជានឹងបញ្ជូន ១៣ប្រភេទកីឡាចូលរួម ក្នុងនោះក៍មានប្រភេទកីឡាប្រដាល់សកលផងដែរ៕

លីគកំពូលកម្ពុជា នឹងចាប់ផ្ដើមរដូវកាលថ្មីចុងសប្ដាហ៍នេះ ជាមួយ​ការ​រំពឹង​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង

2026/09/04 12:04:44 pm        560
ការប្រកួតបាល់ទាត់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឬលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ នឹងបើកការប្រកួតរដូវកាលថ្មី នាថ្ងៃទី៥ និងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ ជាមួយក្ដីរំពឹងនឹងមានការប្រកួតប្រជែងកាន់តែខ្លាំង ពីបណ្ដាក្លិបនីមួយៗ។សម្រាប់កម្មវិធីប្រកួតសប្ដាហ៍ទី១ នៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំប្រចាំឆ្នាំរបស់កម្ពុជានេះ រួមមាននៅថ្ងៃទី៥ ខែកញ្ញា ក្រុមខ្លាំងភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមណាហ្គាវើលដ៏ និងក្រុមអង្គរថាយហ្គឺរ ត្រូវជួបក្រុមអឹមអូអាយ កំពង់ដេវ៉ា នៅកីឡដ្ឋានអាគីហ៊ីរ៉ូ កាតូ នាវេលាម៉ោង ៦ល្ងាចដំណាលគ្នា។ចំណែកនៅថ្ងៃទី៦ ខែកញ្ញា មានការប្រកួតរហូតដល់ ៣គូ ក្នុងនោះក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ នាវេលាម៉ោង ៣៖៤៥នាទីរសៀល គ្រាដែលក្រុមកងយោធពលខេមរភូមិន្ទ ត្រូវជួបក្រុមវិសាខា នៅកីឡដ្ឋានស្ដាតចាស់ និងក្រុមបឹងកេត ត្រូវជួបម្ចាស់ផ្ទះ អាយអេសអាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន ស្មាត នាវេលាម៉ោង ៦ល្ងាចដូចគ្នា។មុនការចាប់ផ្ដើមរដូវកាលថ្មីមកដល់ មានរឿងរ៉ាវជាច្រើន ដែលធ្វើឲ្យអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាតិ មានការចាប់អារម្មណ៍ និងរំពឹងលីគឆ្នាំនេះ នឹងមានការប្រកួតប្រជែងកាន់តែខ្លាំង មិនថាបណ្ដាក្លិបធំៗជួបគ្នា ឬក្រុមកម្រិតណាឡើយ បន្ទាប់ពីមានកំណែទម្រង់លើកូតាកីឡាករបរទេស ក៏ដូចជាការនាំចូលកីឡាករមានគុណភាពមកពង្រឹងក្រុមជាដើម។ក្រោយបញ្ចប់លីគឆ្នាំចាស់ជាង ៣ខែកន្លងមក ពិសេសកំឡុងរដូវកាល Pre-Season ក្លិបនីមួយៗ បានបង្ហាញសាច់ដុំ តាមរយៈការរុះរើស រៀបចំក្រុម ទាំងក្រុមការងារគ្រូ និងកីឡាករ មិនថាក្លិបធំ ឬតូច សុទ្ធតែបាននាំចូលកីឡាករមានគុណភាពមកពង្រឹងក្រុមរៀងៗខ្លួន ពិសេសក្លិបត្រៀមលេងពានរង្វាន់អន្ដរជាតិ ដូចជាព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោនជាដើម។ក្រៅពីការផ្លាស់ប្ដូរ និងនាំចូលកីឡាករទាំងអស់នោះ ក្លិបនីមួយៗ ក៏បានរៀបចំ និងចូលរួមការប្រកួតពានរង្វាន់លក្ខណៈមិត្តភាព Pre-Season Cup ផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ហើយសុទ្ធតែធ្វើបានល្អ តួយ៉ាងព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯកពាន Pre-Season នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយយកឈ្នះក្រុមមកពីសិង្ហបុរី និងក្រុមមកពីហុងកុង ហើយភ្នំពេញក្រោន បានយកឈ្នះក្លិបរបស់ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី យកឈ្នះពាន Pre-Season នៅម៉ាឡេស៊ី តែមកភ្លាត់ចាញ់ក្រុមឡាយហ្វខេត្តព្រះសីហនុ របូត Pre-Season នៅទឹកដី អាយអេសអាយ ដង្កោសែនជ័យជាដើម។អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺការប្រកួតដណ្ដើមពានរង្វាន់បើករដូវកាលថ្មី Krud Cambodian Super Cup 2026 រវាងព្រះខ័នរាជស្វាយរៀង និង វិសាខា កាលពីថ្មីៗ ដែលបានបញ្ចប់ដោយភាពតានតឹង ជក់ចិត្ត និងទាក់ទាញជាខ្លាំងពីអ្នកគាំទ្រ។ម្យ៉ាងវិញទៀត ក្រុមការងារគ្រូ ទាំងចាស់ និងថ្មីៗ នៃបណ្ដាក្លិបនីមួយៗ សុទ្ធតែបានរៀបចំនូវយុទ្ធសាស្ដ្រគយរឲ្យចាប់អារម្មណ៍រៀងៗខ្លួន ។ ហើយក្រៅពីការនាំចូលកីឡាករបរទេសល្អៗពីក្រៅស្រុក កីឡាករវ័យក្មេងរបស់កម្ពុជាមួយចំនួន ក៏បានអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ បន្ថែមលើការកែលម្អកីឡដ្ឋានកាន់តែទំនើប និងងាយស្រួលសម្រាប់អ្នកគាំទ្រចូលទស្សនា ។ ទាំងអស់នេះ គឺជារឿងរ៉ាវខ្លះៗ ដែលធ្វើឲ្យលីគរដូវកាលថ្មី កាន់តែមានការប្រកួតប្រជែង និងទាក់ទាញ ស្របពេលការអភិវឌ្ឍកម្រិតអាជ្ញាកណ្តាល និងបច្ចេកវិទ្យា ក៏ត្រូវបានពង្រឹង និងកែលម្អគុណភាពបន្ថែម ដើម្បីជំរុញដល់ការប្រកួតឲ្យកាន់តែសុក្រឹត្យ និងយុត្ដិធម៌ផងដែរ។សូមរំឮកថា លីគកំពូលកម្ពុជា រដូវកាលថ្មី នេះ រក្សាបេក្ខភាព ១១ក្លិបចូលរួមដដែល ដោយនឹងបែងចែកការប្រកួតជា ២ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ក្លិបនីមួយៗ ត្រូវធ្វើការប្រកួតសន្សំពិន្ទុ ២ជុំ មុនកំណត់បានបេក្ខភាព ៦ក្រុមខាងលើ និង ៥ក្រុមខាងក្រោម សម្រាប់បន្ដការប្រកួតនៅដំណាក់កាលទី២ ចំនួន ២ជុំទៀត ដើម្បីកំណត់ក្រុមទទួលបានជ័យលាភី ពិសេសក្រុមជើងឯក ឆ្នាំ២០២៦/២៧ តែម្ដង៕ អត្ថបទ លី ឈុនឡា

AFC U20 Asian Cup៖ កម្ពុជានៅតែមានឱកាសខ្ពស់ប្រជែងលេខ២ ល្អជាងគេ ទោះភ្លាត់ចាញ់ជប៉ុនច្រើនគ្រាប់ក្ដី

2026/09/04 11:41:43 am        276
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា នៅតែមានឱកាសខ្ពស់ ក្នុងការប្រជែងចំណាត់ថ្នាក់លេខ២ ល្អជាងគេ ទោះបីរងបរាជ័យរហូតដល់ ៨-០ ទល់នឹងក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំជប៉ុន កាលពីរាត្រីថ្ងៃទី៣ ខែកញ្ញា ក្នុងការប្រកួតជម្រុះពូលG នៃពានរង្វាន់យុវជនអាយុក្រោម ២០ឆ្នាំប្រចាំទ្វីបអាស៊ី AFC U20 Asian Cup China 2027 យ៉ាងណាក្ដី។ការប្រកួតទី២ ក្នុងពូល នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)នេះ ក្រុមម្ចាស់ផ្ទះកម្ពុជា ធ្វើមិនបានល្អឡើយ ដោយវគ្គទី១ របូតត្រឹម ២គ្រាប់ មុនបន្ដរបូត ៦គ្រាប់បន្ថែម ក្នុងនោះមានគ្រាប់បាល់ Own Goal ២គ្រាប់ ដែលនាំឲ្យក្រុមជម្រើសជាតិ U20 ជប៉ុន ទទួលបាន ៣ពិន្ទុបន្ថែម និងបន្ដឈរកំពូលតារាងយ៉ាងរឹងមាំ ក្នុងដំណើរប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រ ។ តែយ៉ាងណាម្ចាស់ផ្ទះកម្ពុជា នៅតែរក្សាតំណែងលេខ២ និងមានឱកាសប្រជែងកៅអីវគ្គបន្ដ ព្រោះនៅសល់ ១ប្រកួតទៀត។ក្រោយចប់ការប្រកួតលោក Satoshi Yamaguchi គ្រូបង្វឹកក្រុមជម្រើសជាតិ U20 ជប៉ុន បានលើកឡើងថា លោកបានផ្ដោតលើកូនក្រុម ក្នុងការប្រកួតទល់កម្ពុជា ដែលជាម្ចាស់ផ្ទះ បន្ទាប់ពីលោកបានសិក្សាពីកីឡាករគ្រោះថ្នាក់មួយចំនួន តែជាក់ស្ដែងកូនក្រុមលោកធ្វើបានល្អជាង ។ បែបនេះក្ដីលោកក៏បានមើលឃើញពីចំណុចវិជ្ជមានខ្លះ របស់ក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជាផងដែរ។ដោយឡែកលោក Yasuhir Yoshida គ្រូបង្វឹកក្រុមយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា បានទទួលស្គាល់ពីកង្វះខាតរបស់កូនក្រុម និងការធ្វើមិនបានល្អក្នុងការប្រកួតទល់ក្រុមខ្លាំងកម្រិតទ្វីប។ យ៉ាងណាលោកសង្ឃឹមកូនក្រុមនឹងយកអ្វីដែលខ្វះខាត ទៅពង្រឹង សម្រាប់ត្រៀមការប្រកួតបន្ទាប់ ក៏ដូចជាអភិវឌ្ឍន៍ខ្លួន ក្រោយត្រឡប់ទៅកាន់ក្លិបវិញផងដែរ។គួរដឹងថា ឆ្លងកាត់ ២ប្រកួតក្នុងពូលG ក្រុមជម្រើសជាតិ U20 កម្ពុជា ឈ្នះ ១ និងចាញ់ ១ រកបាន ៣ពិន្ទុ ឈរលេខរៀងទី២ បណ្ដោះអាសន្ន ស្របពេលជប៉ុន ឈរកំពូលតារាង រកបាន ៦ពិន្ទុពេញ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា គ្រាដែលក្រុមយុវជន U20 យេម៉ែន មាន ៣ពិន្ទុស្មើគ្នាជាមួយម្ចាស់ផ្ទះកម្ពុជា តែឈរលេខ៣ ស្របពេលកូវ៉ែត ឈរបាតតារាង មិនទាន់មានពិន្ទុរាប់ឡើយ ក្រោយរងបរាជ័យ ២ប្រកួតជាប់គ្នា។ផ្អែកលើស្ថានភាពបច្ចុប្បន្ន និងយោងតាមរូបមន្ដការប្រកួត ដោយសារក្រុមគោព្រៃជំទង់កម្ពុជា បានយកឈ្នះយេម៉ែន កាលពីថ្ងៃបើកឆាក កម្ពុជានៅតែមានឱកាសខ្ពស់ ដើម្បីរក្សាតំណែងលេខ២ ដើម្បីប្រជែងចំណាត់ថ្នាក់ក្រុមលេខ២ ល្អជាងគេ ជាមួយបណ្ដាពូលផ្សេងៗ តែត្រូវចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយ ដោយកម្ពុជា ត្រូវជួបកូវ៉ែត និងយេម៉ែន ត្រូវជួបជប៉ុន ។ ការប្រកួតបញ្ចប់ពូលនេះ បើកម្ពុជាឈ្នះ កម្ពុជានឹងឈរលេខ២ ហើយមាន ៣ពិន្ទុ យកទៅប្រជែងជាមួួយក្រុមលេខ២ ផ្សេងទៀត ដ្បិតជ័យជម្នះលើក្រុមបាតតារាង នឹងមិនត្រូវគិតឡើយ។គួរដឹងថា វគ្គជម្រុះពូលG នៃពានរង្វាន់ AFC U20 Asian Cup China 2027 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនេះ មាន ៤ក្រុមចូលរួម ហើយជំនួបបញ្ចប់ពូល នឹងធ្វើឡើងនាថ្ងៃទី៦ ខែកញ្ញាខាងមុខ ម្បីកាត់សេចក្ដីរកក្រុមកំពូលតារាងឡើងទៅជុំផ្ដាច់ព្រ័ត្រ នៅប្រទេសចិន នាឆ្នាំ២០២៧ ខណៈក្រុមលេខ២ នឹងត្រូវចាំអ៊ុតលទ្ធផលផ្ទៀងផ្ទាត់ជាមួយក្រុមលេខ២ ក្នុងចំណោម ៨ពូល ដើម្បីស្វែងរកក្រុមលេខ២ ល្អជាងគេ ៧ក្រុមឡើងទៅបង្គ្រប់កៅអី ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ប្រចាំទ្វីប ២ឆ្នាំម្ដងនេះ៕ អត្ថបទ លី ឈុនឡា 

Premier League បំបែកកំណត់ត្រាចំណាយលើការផ្ទេរកីឡាកររដូវក្តៅ ២ឆ្នាំជាប់គ្នា

2026/09/03 03:03:47 pm        327
ក្លិបនៅក្របខណ្ឌ Premier League បានបំបែកកំណត់ត្រាចំណាយលើការផ្ទេរកីឡាករនៅរដូវក្តៅជាថ្មី ដោយទឹកប្រាក់សរុបបានកើនឡើងដល់ប្រមាណ ៣.៤៦ពាន់លានផោន។ក្លិបនៅលីគកំពូលអង់គ្លេសបានចំណាយលើសកម្រិត ៣ពាន់លានផោនរួចទៅហើយ មុនពេលការផ្ទេរ Iliman Ndiaye ពី Everton ទៅ Manchester City ក្នុងតម្លៃ ៦៥លានផោន នៅថ្ងៃបិទទីផ្សារ ធ្វើឱ្យទឹកប្រាក់សរុបលើសកំណត់ត្រាចាស់ ៣.១៤ពាន់លានផោន ដែលកើតឡើងកាលពីរដូវក្តៅឆ្នាំមុន។បន្ទាប់មក ការផ្ទេរ Enzo Fernandez ពី Chelsea ទៅ Manchester City ក្នុងតម្លៃ ១២៥លានផោន ដែលស្មើនឹងកំណត់ត្រាផ្ទេរខ្ពស់បំផុតរបស់ចក្រភពអង់គ្លេស ក៏ត្រូវបានប្រកាសជាផ្លូវការភ្លាមៗ បន្ទាប់ពីទីផ្សារដោះដូរបានបិទ។សម្រាប់តែ ថ្ងៃបិទទីផ្សារដោះដូរ ក្លិប Premier League បានចំណាយប្រាក់សរុបរហូតដល់ ៤៧៥លានផោន កើនឡើងពី ៣៩១លានផោនកាលពីឆ្នាំមុន។តួលេខនេះបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃការចំណាយរបស់ក្លិបអង់គ្លេស ព្រោះកាលពី ៥ឆ្នាំមុន ក្លិប Premier League ចំណាយសរុបប្រមាណ ១.១៣ពាន់លានផោន ប៉ុណ្ណោះក្នុងទីផ្សារដោះដូររដូវក្តៅ។ ក្នុងចំណោមការផ្ទេរ ១០លើកដែលមានតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ មានដល់ទៅ ៣លើកដែលបានកើតឡើងនៅរដូវក្តៅនេះ ហើយសុទ្ធតែជាការផ្ទេរចូលទៅកាន់ក្លិប Premier League។ការផ្ទេរដ៏ធំបំផុតគឺ Enzo Fernandez ទៅ Manchester City ក្នុងតម្លៃ ១២៥លានផោន ដែលលើសការចំណាយ ១១៦លានផោនរបស់ City ដើម្បីនាំយក Elliot Anderson ពី Nottingham Forest។ ចំណែក Chelsea ក៏បានចំណាយ ១១៧លានផោន ដើម្បីទិញ Morgan Rogers ពី Aston Villa។Liverpool បានចំណាយថ្លៃផ្ទេរដំបូង ១០៦លានផោន ដើម្បីនាំយកខ្សែប្រយុទ្ធបារាំង Bradley Barcola ពី Paris Saint-Germain ដែលតម្លៃអាចកើនដល់ ១២៣លានផោន។ក្រៅពី Premier League មានតែការផ្ទេរ Yan Diomande ទៅ Real Madrid និង Anthony Gordon ពី Newcastle ទៅ Barcelona ប៉ុណ្ណោះ ដែលមានតម្លៃលើស ៦០លានផោនក្នុងទីផ្សាររដូវក្តៅនេះ។Tottenham Hotspur ក៏បានចំណាយប្រាក់យ៉ាងច្រើនផងដែរ ដោយការនាំយក Sandro Tonali អាចក្លាយជាការផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លិប ជាមួយតម្លៃអាចឡើងដល់ ១០០លានផោន។Spurs ក៏បានចំណាយ ៨៥លានផោន ដើម្បីនាំយក Mateus Fernandes ពី West Ham និង ៧៥លានផោន សម្រាប់ Savinho ពី Manchester City ដែលអាចកើនដល់ ៨៥លានផោន។ការផ្ទេរតម្លៃខ្ពស់ផ្សេងទៀត រួមមាន Manchester City នាំយក Ayyoub Bouaddi ពី Lille ក្នុងតម្លៃ ៨៥.៦លានផោន, Arsenal ចំណាយ ៧៥លានផោន លើ Bruno Guimaraes ពី Newcastle និង Manchester United ចំណាយ ៧០លានផោន ដើម្បីនាំយកខ្សែបម្រើកាមេរូន Carlos Baleba ពី Brighton។សូម្បីតែ Ipswich Town ដែលទើបឡើងមក Premier League ក៏បានចំណាយប្រាក់ទិញកីឡាករថ្មីច្រើនជាងក្លិបយក្សអឺរ៉ុបដូចជា Barcelona, AC Milan, Juventus និង Paris Saint-Germain ដែលជាជើងឯកអឺរ៉ុបកាលពីរដូវកាលមុន។តួលេខទាំងនេះបង្ហាញយ៉ាងច្បាស់ថា Premier League នៅតែជាលីគដែលមានអំណាចហិរញ្ញវត្ថុ និងសមត្ថភាពទាក់ទាញកីឡាករល្អៗខ្លាំងបំផុតនៅលើពិភពលោក៕ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM