កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

មន្ដ្រីរំពឹងការរត់ឆ្លងកាត់ឧបសគ្គ អមព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងនឹង​បង្កើន​ការ​យល់​ដឹង​ពី​សក្ដានុពល និងភូមិសាស្ដ្រភ្នំបូកគោ

2026/09/03 11:49:10 am        299
មន្ដ្រីជាន់ខ្ពស់ នៃក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត រំពឹ​ង​ព្រឹត្តិកា​រណ៍​រត់​ឆ្លង​កាត់​ឧបសគ្គ​លើ​ភ្នំ​បូកគោ ដែលជាកម្មវិធីអមដ៏សំខាន់មួយ នៃព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ​២០២៦ នៅខេត្តកំពត នាដើមខែតុលាខាងមុខ នឹង​ក្លាយ​ជា​វេទិការ​ផ្សារ​ភ្ជាប់​ការ​ផ្សព្វ​ផ្សាយ​សក្ដា​នុពលទេសចរណ៍ និងការអភិវឌ្ឍរីកចម្រើន ព្រមទាំង​បង្កើន​ការ​យល់​ដឹង​កាន់​តែ​ទូលំ​ទូលាយ​ពី​ភូមិសាស្ដ្ររមណីយដ្ឋានវ័យចំណាស់របស់ខេត្តស្ថិតនៅភាគនិរតីនេះផងដែរ។ការបង្ហាញសុទិដ្ឋិនិយមនេះ ធ្វើឡើងក្រោយកិច្ចប្រជុំ កាលពីថ្ងៃទី២ ខែកញ្ញា នៅសាលាខេត្តកំពត ដើម្បីពិភាក្សាការងារ និងត្រួតពិនិត្យទីតាំងត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ ដែលគ្រោងនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ក៏ដូចជាកិច្ចពិភាក្សាត្រៀមរៀបចំព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង ក្រោមប្រធានបទ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» ដែលនឹងរៀបចំលើភ្នំបូកគោ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា សម្រាប់រដូវកាលបៃតងឆ្នាំនេះ ក្រោមការដឹកនាំរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានដាក់ចេញនូវគោលការណ៍ «១ខែ ១ព្រឹត្តិការណ៍« ខណៈបន្ទាប់ពិធីបើកផ្លូវការ នៅរាជធានីភ្នំពេញ ក្រសួងបានរៀបចំព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ៣លើករួចមកហើយ រួមមាននៅខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង គ្រាដែលខេត្ដកំពត គឺជាគោលដៅខេត្តទី៤ ត្រូវរៀបចំក្នុងនាមតំណាងខេត្តតំបន់ឆ្នេរ ដែលធ្វើឡើងក្រោមប្រធានបទ «សក្ដានុពលទេសចរណ៍ម្ហូបអាហារ និងភាពស្រស់ស្អាត នៃតំបន់ឆ្នេរក្នុងរដូវកាលបៃតង»។ទន្ទឹមជាមួយព្រឹត្តិការណ៍ដ៏ធំនេះ ក្រសួងគ្រោងនឹងមានរៀបចំកម្មវិធីអមជាច្រើន ក្នុងនោះដោយមានការចូលរួមពីវិស័យឯកជន រួមមានសណ្ឋាគារ ឋានសួគ៌ សុខា ភ្នំបូកគោ និងក្រុមហ៊ុន NexSports ក្រោមការគាំទ្រពីក្រសួង ក៏នឹងមានរៀបចំនូវព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គចម្ងាយ ២៥គីឡូម៉ែត្រ, ១២គីឡូម៉ែត្រ ណិង ៥គីឡូម៉ែត្រ ដើម្បីជាឱកាសបំផុសចលនាកីឡាដល់ប្រជាពលរដ្ឋផង ជំរុញកំណើនភ្ញៀវទេសចរណ៍ផង និងបង្កើនការយល់ដឹងពីភូមិសាស្ដ្រភ្នំបូកគោផងដែរ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តម មឿង គង្គា អភិបាលរងខេត្តកំពត បានបង្ហាញក្ដីរីករាយ ក្នុងនាមម្ចាស់ផ្ទះ ដែលត្រូវបានក្រសួង ក៏ដូចជារាជរដ្ឋាភិបាល កំណត់យកខេត្តកំពត ដើម្បីរៀបចំព្រឹត្តិការណ៍នេះ។ ផ្អែកលើសកម្មភាពជាច្រើន រួមទាំងកម្មវិធីកីឡា ដើម្បីអបអរសាទរព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នែរនេះ រួមជាមួយសមិទ្ធផលថ្មីៗជាច្រើន ដែលខេត្តបាននឹងកំពុងខិតខំអភិវឌ្ឍន៍ ឯកឧត្តមសង្ឃឹមថា សន្ទុះភ្ញៀវទេសចរណ៍នឹងកាន់តែកើនឡើងបន្ថែមទៀត។ជាមួយគ្នា ឯកឧត្តម មហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង បានបញ្ជាក់ពីការកំណត់ខេត្តកំពត ជាខេត្តជាប់សមុទ្រដំបូងគេ ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរនេះ ព្រោះចង់ជំរុញខេត្តកំពត ក៏ដូចជាខេត្តកែប ដែលនៅជិតគ្នា លើសពីវិស័យទេសចរណ៍ ដោយផ្សារភ្ជាប់គោលដៅម្ហូបអាហារ តែឆ្នាំបន្ដបន្ទាប់ នឹងអាចរៀបចំនៅខេត្តផ្សេងៗទៀត។សម្រាប់សកម្មភាពអម ដែលក្រសួង សហការជាមួយរដ្ឋបាលខេត្ត ត្រៀមរៀបចំ រួមមានការប្រកួតប្រជែងម្ហូបអាហារ និងពិព័រណ៍ម្ហូបអាហារ, វគ្គបណ្ដុះបណ្ដាលស្ដីពី «និន្នារការ និងតម្រូវការទេសចរណ៍មូស្លីមដល់មន្ដ្រីបង្គោល និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍, ការជជែកលើវិថីទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ និងសកម្មភាពកីឡាមួយចំនួន ក្នុងនោះគឺមានការរត់ឆ្លងកាត់ឧបសគ្គ និងការប្រកួតកីឡាកាច់ដៃជាដើម។ ទាំងអស់នេះ ឯកឧត្តមរំពឹងព្រឹត្តិការណ៍នេះ នឹងក្លាយជាដែកឆក់ថ្មីមួយទៀត ដើម្បីស្រូបទាក់ភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិទៅលេងកម្សាន្ដកាន់តែច្រើននៅខេត្តកំពត។ឯកឧត្តម វ៉ាហេង ដាវុធ បន្ថែមថា តាមរយៈសកម្មភាព និងព្រឹត្តិការណ៍ដូចភ្លៀងរលឹម ដែលក្រសួងបានខិតខំរៀបចំនេះ បានបង្ហាញយ៉ាងច្បាស់ មិនត្រឹមគ្រាន់តែជាការផ្លាស់ប្ដូរ រដូវកាលបៃតង ឬ Grern Season ជំនួសពាក្យ រដូវកាលភ្ញៀវតិច ឬ Low Season នោះទេ តែជាការផ្លាស់ប្ដូរផ្នត់គំនិត ការគិតវិជ្ជមាន និងជាយុទ្ធសាស្ដ្រជាតិដ៏មុតស្រួច ក្រោមការដឹកនាំរបស់ឯកឧត្តម ហួត ហាក់ ដែលត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា គាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់ក្រសួងទេសចរណ៍ ក្នុងការដាក់ចេញនូវយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង កាលពីឆ្នាំ២០២៥ ហើយក៏កំពុងទទួលបានការសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ និងគ្រប់វិស័យពាក់ព័ន្ធ ពិសេសក្នុងវិស័យបដិសណ្ឋារកិច្ចនេះតែម្ដង៕ អត្ថបទ លី ឈុនឡា 

កំពង់ស្ពឺ បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់កណ្ដាល ឡើងឈរកំពូលតារាង ខណៈបន្ទាយមានជ័យ ឈ្នះឧត្តរមានជ័យ ដើម្បីរក្សាក្ដីសង្ឃឹម

2026/09/03 11:21:59 am        294
ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ បានហក់ឡើងឈរកំពូលតារាងពូលC បណ្ដោះអាសន្ន ក្នុងយុទ្ធនាការប្រកួតជម្រុះ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) បន្ទាប់ពីបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់សមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល ស្របពេលក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ បានយកឈ្នះខេត្តឧត្ដរមានជ័យ ៨-២ ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងកៅអីវគ្គបន្ដ។ជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើល សម្រាប់ក្រុមម្ចាស់ផ្ទះខេត្តកណ្ដាល ដែលរកបាន ២គ្រាប់នាំមុខមុន ដោយកីឡាករ ពុធ គ្រីយ៉ា នៅនាទីទី២ និង បៀន គីមឡាយ នៅនាទីទី២០ តែត្រូវបានខេត្តកំពង់ស្ពឺ វាយបកបានរហូតដល់ ៤គ្រាប់វិញ ដោយកីឡាករ ឈឺន ស៊ុយហេង ៣គ្រាប់ នៅនាទី៣០, នាទី៥៨ និងនាទី៦៣ ព្រមទាំងមិត្តរួមក្រុម គ្រុយ វិចិត្រ នៅនាទី៥២។ការបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមម្ចាស់ផ្ទះនេះ បានធ្វើឲ្យក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ឡើងឈរកំពូលតារាងពូលC ដោយរកបាន ៩ពិន្ទុ គ្រាដែលខេត្តកណ្ដាល បានធ្លាក់មកឈរលេខ២ ដោយរក្សា ៧ពិន្ទុក្នុងដៃ។ យ៉ាងណាក្រុមទាំងពីរ នៅសល់ ២ប្រកួតម្នាក់ក្នុងដៃទៀត ដើម្បីកាត់សេចក្ដីក្រុមណា នឹងក្លាយជាបេក្ខភាពកំពូលតារាង និងបានឡើងទៅវគ្គបន្ដ។ចំណែកគ្រាប់បាល់ជ័យជម្នះដ៏ត្រចះត្រចង់របស់ក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ លើក្រុមភ្ញៀវខេត្តឧត្ដរមានជ័យវិញ គឺរកបានដោយកីឡាករ វុធ ដេវីត និង សែម យ៉េ ម្នាក់ ២គ្រាប់, កីឡាករ ថុង សុភាព, គឹម ហុងលី និង កែវ រតនៈសួគ៌ ម្នាក់ ១គ្រាប់ ខណៈ ១គ្រាប់ទៀត គឺជាគ្រាប់ភ្លាត់ចូលទីខ្លួនឯងពីកីឡាករ ឈាវ ភារុណ។ ជ័យជម្នះនេះ ធ្វើឲ្យខេត្តបន្ទាយមានជ័យ រំកិលទៅឈរលេខ២ បណ្ដោះអាសន្ន ក្នុងពូលB ដោយរកបាន ៦ពិន្ទុ លើខេត្តសៀមរាប ដែលធ្លាក់មកឈរលេខ៣ មាន ៤ពិន្ទុ តែតាមពីក្រោយក្រុមបាត់ដំបងយូណាយធីត មាន ១០ពិន្ទុឈរលេខ១។យ៉ាងណានេះគឺជាក្ដីសង្ឃឹមសម្រាប់ខេត្តបន្ទាយមានជ័យ ក្នុងការសម្លឹងទៅកៅអីវគ្គបន្ដ ដ្បិតនៅសល់ ២ប្រកួតក្នុងដៃ ដើម្បីប្រជែងកៅអីកំពូលតារាង ឬយ៉ាងហោចមានឱកាសឈរជាក្រុមលេខ២ ល្អជាងគេផងដែរ៕ អត្ថបទ លី ឈុនឡា 

កម្ពុជា បន្ដជួបជប៉ុនល្ងាចនេះ បើឈ្នះនឹងមានឱកាសខ្ពស់ឡើងជុំផ្ដាច់ព្រ័ត្រ AFC U20 Asian Cup 2027

2026/09/03 10:58:52 am        570
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា នឹង​បន្ដ​ជួប​ក្រុម​ជម្រើស​ជាតិ​យុវជន​អាយុ​ក្រោម ២​០ឆ្នាំជប៉ុន នាវេលាម៉ោង ៧យប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្នុងប្រកួតទី២ នៃ​វគ្គ​ជម្រុះពានរង្វាន់យុវជនអាយុក្រោម ២០ឆ្នាំទ្វីបអាស៊ី AFC U20 Asian Cup China 2027​ ពូលG នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។នេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមគោព្រៃជំទង់កម្ពុជា ដែលត្រូវប្រឈរ​មុខ​ជា​មួយ​ក្រុម​ខ្លាំង​ប្រចាំ​ទ្វីប​ ខណៈបើឈ្នះ ក្រុមយុវជន U20 កម្ពុជា នឹងមានឱកាសខ្ពស់ សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​ជុំ​ផ្ដា​ច់ព្រ័ត្រ នាឆ្នាំ២០២៧ នៅប្រទេសចិន។គួរដឹងថា នេះជាការប្រកួតទី២ ក្នុងពូល បន្ទាប់ពីបើកឆាក ទាំងកម្ពុជា និងជប៉ុន សុទ្ធតែទទួលបានជ័យជម្នះ ពោលគឺក្រុមយុវជនសាំម៉ូរ៉ៃជប៉ុន បានយកឈ្នះកូវ៉ែត ៤-០ និងក្រុមគោព្រៃជំទង់កម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិ U20 យេម៉ែន ២-១ ដែលនាំឲ្យក្រុមទាំងពីរ មាន ៣ពិន្ទុស្មើគ្នា។ប៉ុន្ដែមុនឈានដល់ការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍នេះ ក៏នឹងមានជំនួបស្វែងរកជ័យជម្នះលើកដំបូងរវាងក្រុមជម្រើសជាតិ U20 យេម៉ែន និង U20 កូវ៉ែត ដែលនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៤ល្ងាច នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ផងដែរ។សូមរំឮកថា វគ្គជម្រុះពានយុវជន U20 ប្រចាំទ្វីបអាស៊ី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះពូលG នេះ មានបេក្ខភាព ៤ក្រុមចូលរួម  ដើម្បីស្វែងរកក្រុមកំពូលតារាងឡើងទៅជុំផ្ដាច់ព្រ័ត្រ ខណៈក្រុមលេខ២ ត្រូវចាំអ៊ុតក្រុមលេខ២ ល្អជាងគេ ក្នុងចំណោម ៨ពូលចំនួន ២ក្រុម ឡើងទៅបង្គ្រប់កៅអីវគ្គ ១៦ក្រុមចុងក្រោយ នាឆ្នាំ២០២៧ នៅប្រទេសចិន។ក្រោយជួបក្រុមខ្លាំងជប៉ុន ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U20 កូវ៉ែត បញ្ចប់ពូល នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា  

សហព័ន្ធកីឡាក្នុងទឹកកម្ពុជានឹងបញ្ជូនកីឡាករ កីឡាការិនី៤រូប ចូលរួម​ការ​ប្រកួត​កីឡា​អាស៊ី​២០២៦ នៅជប៉ុន

2026/09/03 10:34:06 am        192
កីឡាអាស៊ី២០២៦នៅប្រទេសជប៉ុន នឹងចូលមកដល់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០២៦​នេះ ​ហើយ។ កីឡាហែលទឹក​ជាកីឡាមួយ​ក្នុ​ង​ចំណោម​កីឡា​១៣​ប្រភេទ​ដែល​កម្ពុជា​នឹង​បញ្ជូន​ទៅ​ចូល​រួមការប្រកួតកីឡា៤ឆ្នាំម្ដងប្រចាំទ្វីបអាស៊ីនេះ។មន្ត្រីសហព័ន្ធកីឡាកីឡាក្នុងទឹកកម្ពុជា បានបញ្ជាក់ថាពេលនេះសហព័ន្ធបានត្រៀម​អត្តពលិក​រួច​រាល់​ដើម្បី​ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបនេះ។កំឡុងពេលពិនិត្យវឌ្ឍនភាពនៃការហ្វឹកហាត់របស់កីឡាករ លោក ហែម គីរី អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​ក្នុងទឹកកម្ពុជា ប្រាប់ប៊ីធីវីថា សហព័ន្ធបញ្ជូនកីឡាករ បីរូប និងកីឡាការិនី​មួយ​ទៅ​ចូល​រួម​ការ​ប្រកួត រួមជាមួយគ្រូបង្វឹកមួយរូប។ លោកបន្តថាតាមពិតទៅនៅក្នុងកីឡាអាស៊ីនេះ កីឡាក្នុងទឹកមានវិញ្ញាសាជាច្រើនតែសម្រាប់សហព័ន្ធបញ្ជួនតែកីឡាហែលទឹកប៉ុណ្ណោះដោយសារវិញ្ញាសាផ្សេងទៀតដូចជាលោកទឹក បាល់ទឹក ជាដើមនៅមានកម្រិត។កញ្ញា ហែម ថុនវិទីនី គ្រូបង្វឹកហែលទឹកជម្រើសជាតិកម្ពុជា បានប្រាប់ឱ្យដឹងដែរថាសម្រាប់ផែនការនៃការហ្វឹកហាត់ គឺដំណើរការតាំងពីដើមឆ្នាំមកម្លេះ ទោះបីជាជម្រើសជាតិរំសាយក៏មិនមិនបានបន្ធួរបន្ថយការហ្វឹកហាត់នោះទេ មិនថាកីឡាករ កីឡាការិនីហាត់នៅក្នុងស្រុក ក៏ដូចជាក្រៅស្រុក។ចំណែកកីឡាករជម្រើសជាតិហែលទឹក សុខ ឥស្សរៈ ដែលធ្លាប់បង្ហាញខ្លួនក្នុងការប្រកួតកីឡាយុវជនអាស៊ីបង្ហាញជំនឿជាក់ថាខ្លួននឹងធ្វើបានល្អ ពិសេសបំបែកកំណត់ត្រារបស់ខ្លួនដែលបានធ្វើកន្លងមក។គ្រូបង្វឹក និងកីឡាករ–កីឡាការិនី ដែលនឹងត្រូវចូលរួមប្រកួតតំណាងឱ្យកម្ពុជា ក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ (20th Asian Games Aichi-Nagoya 2026) ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន រួមមាន៖ ១. កញ្ញា ហែម ថុនវិទីនី គ្រូបង្វឹក ២. កញ្ញា​ សាក់ប៊ុន ហាលី រ៉ូស កីឡាការិនី ៣. លោក កូសុងដឺ ឡាប៉ារ៉ង់ អង់ត្វ័ន កីឡាករ ៤. លោក វ៉ានអូស្តិន ពិទ័រសុខខា កីឡាករ ៥. លោក សុខ ឥស្សរៈ កីឡាករសូមជម្រាបជូនថា ការប្រកួតកីឡាអាស៊ី២០២៦នៅប្រទេសជប៉ុន នឹងដំណើរការប្រកួតពីថ្ងៃទី១៩ ខែកញ្ញាដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។ កម្ពុជាបញ្ជួន១៣ប្រភេទកីឡាទៅចូលរួមប្រកួត៕

ពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត បន្ដវគ្គជម្រុះជុំទី២ ខណៈស្ទឹងត្រែង ត្រូវការ ៣ពិន្ទុទៀត ដើម្បីកក់កៅអីវគ្គ ១/៤ មុនគេ

2026/09/01 12:41:18 pm        357
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) បានឈានដល់វគ្គជម្រុះជុំទី២ តាមពូលក្នុងសប្ដាហ៍នេះ ស្របពេលក្រុមបាល់ទាត់ភូមិបាលស្រុកផាឡាបរីវាត់ ខេត្តស្ទឹងត្រែង ត្រូវការត្រឹម ៣ពិន្ទុប៉ុណ្ណោះ ដើម្បីកក់កៅអីវគ្គ ៨ក្រុមចុងក្រោយមុនគេ។សម្រាប់កម្មវិធីប្រកួតនៅថ្ងៃទី១ ខែកញ្ញានេះ ក្រុមបាល់ទាត់ភូមិបាលស្រុកផាឡាបរីវាត់ ខេត្តស្ទឹងត្រែង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ អាចារ្យលាក់ ខេត្តកំពង់ធំ វិញម្ដង បន្ទាប់ពីយកឈ្នះក្នុងដី ៣-០ កាលពីជើងទី១។ បច្ចុប្បន្នក្រុមតំណាងខេត្តស្ទឹងត្រែង មាន ៦ពិន្ទុពេញ ខណៈបើឈ្នះការប្រកួតល្ងាចនេះ ពួកគេនឹងកក់កៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។ដំណាលគ្នាដែរ នៅរសៀលថ្ងៃអង្គារនេះ នឹងមានការប្រកួត ២គូផ្សេងទៀត ក្នុងនោះក្រុមបាល់ទាត់ខេត្តសៀមរាប ត្រូវជួបក្រុមកំពូលតារាងពូលB បាត់ដំបងយូណាយធីត និងក្រុមភ្នំដាមហានគរខេត្តតាកែវ ត្រូវបើកទ្វារផ្ទះទទួលក្រុមភ្នំពេញហ្គាឡាក់ស៊ី ក្នុងពូលC។រីឯនៅថ្ងៃទី២ ខែកញ្ញាស្អែក នឹងមានការប្រកួត ២គូផ្សេងទៀត ក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ ត្រូវជួបក្រុមភ្ញៀវខេត្តឧត្ដរមានជ័យ ក្នុងពូលB និងក្រុមសមាគមកីឡាបាល់ទាត់ខេត្ដកណ្ដាល ត្រូវជួបក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ក្នុងពូលC។ក្រឡេកទៅចាប់អារម្មណ៍ពិន្ទុបណ្ដោះអាសន្ន មុនចាប់ផ្ដើមការប្រកួតជុំទី២ នេះ សម្រាប់ពូលB ក្រុមបាត់ដំបងយូណាយធីត កំពុងមានប្រៀប ដោយរកបាន ៧ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងស្មើ ១ តាមពីក្រោយដោយខេត្តសៀមរាប មាន ៤ពិន្ទុ, ខេត្តបន្ទាយមានជ័យ ឈរលេខ៣ មាន ៣ពិន្ទុ និងខេត្តឧត្ដរមានជ័យ ទើបរកបាន ១ពិន្ទុ។ដោយឡែកពូលC គឺសមាគមកីឡាបាល់ទាត់កណ្ដាលខេត្ត កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៧ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងស្មើ ១ នាំមុខក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ដែលរកបាន ៦ពិន្ទុ លើក្រុមភ្នំដាមហានគរ ខេត្តតាកែវ ទើបរកបាន ២ពិន្ទុ និងក្រុមភ្នំពេញហ្គាឡាក់ស៊ី ដែលរកបានត្រឹម ១ពិន្ទុ។គួរដឹងថា ក្រោយឆ្លងកាត់ប្រកួតសន្សំពិន្ទុវិលជុំ ២ជើង ក្រុមឈរកំពូលតារាង តាមពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេ ៣ក្រុម នឹងទទួលបានកៅអីវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ដើម្បីបន្ដប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ក៏ដូចជាឱកាសបានឡើងទៅលេងពានថ្នាក់ជាតិ ទល់ជាមួយក្រុមសមាជិកលីគកំពូលកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា

ម្ចាស់ផ្ទះកម្ពុជា យកឈ្នះយេម៉ែន ២-១ បើកឆាកវគ្គជម្រុះពាន U20 ទ្វីបអាស៊ី ខណៈជប៉ុន យកឈ្នះកូវ៉ែត ៤-០

2026/09/01 11:32:59 am        231
ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំយេម៉ែន ដោយលទ្ធផល ២-១ ក្នុងជំនួបបើកឆាកវគ្គជម្រុះពានរង្វាន់បាល់ទាត់យុវជនអាស៊ី AFC U20 Asian Cup China 2027 ពូលG ស្របពេលក្រុមយុវជនជប៉ុន បានយកឈ្នះក្រុមយុវជន U20 កូវ៉ែត ដោយលទ្ធផល ៤-០ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។សម្រាប់ការប្រកួតដំបូងនេះ ក្នុងនាមក្រុមម្ចាស់ផ្ទះ ក្រុមគោព្រៃជំទង់កម្ពុជា ធ្វើបានយ៉ាងល្អ ទោះបីចុងម៉ោង កីឡាករហាក់ថមថយកម្លាំង និងមានបញ្ហារបួសក្ដី ។ ជំនួបដ៏ជក់ចិត្តនេះ កីឡាករ ស៊ូ មេងហុង បានរកគ្រាប់នាំមុខឲ្យក្រុមយុវជនកម្ពុជា ១គ្រាប់មុន នៅនាទី១៧ មុនក្រុមភ្ញៀវយេម៉ែន វាយបកតាមស្មើ នៅនាទី២៤ ។ ប៉ុន្ដែចូលវគ្គទី២ កម្ពុជា ក៏មានឱកាសរកបានគ្រាប់នាំមុខជាថ្មី ក្រោយខ្សែការពារយេម៉ែន បង្កកំហុសក្នុងប្រអប់លើកីឡាករ លី សុខគ្រីយ៉ា ហើយអាជ្ញាកណ្ដាលផ្ដល់បាល់ពិន័យ ១១ម៉ែត្រ និងធ្វើសម្រេចដោយកីឡាករ ឈឿន ដាវីន នៅនាទី៥៦។ការបន្ថែមគ្រាប់ទី២ ពីសំណាញ់ក្រុមម្ចាស់ផ្ទះកម្ពុជានេះ បានធ្វើឲ្យក្រុមដែលបានដាក់គោលដៅឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យេម៉ែន បានព្យាយាមវាយសម្រុកយ៉ាងខ្លាំងនៅចុងម៉ោង តែមិនអាចទម្លាយរបាំងការពាររបស់ក្រុមជម្រើសជាតិ U20 កម្ពុជាឡើយ ដោយរក្សាលទ្ធផល ២-១ ដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។ក្រោយចប់ការប្រកួតលោក Yasuhir Yoshida គ្រូបង្វឹកក្រុមយុវជនកម្ពុជា បានសម្ដែងក្ដីរីករាយ ដែលកូនក្រុមបានអនុវត្តតាមផែនការ ក្រោយដឹងច្បាស់ពីកម្រិតគូប្រជែងរួមពូល ហើយក៏សង្ឃឹមកូនក្រុមនឹងព្យាយាម ក៏ដូចជាបំពេញបន្ថែមនូវចំណេចខ្វះខាត ដើម្បីត្រៀមការប្រកួតបន្ទាប់ ដែលត្រូវជួបក្រុមខ្លាំងជប៉ុន ។ រីឯកីឡាករ ស៊ូ ម៉េងហុង ក៏បានប្ដេជ្ញាខំប្រឹងធ្វើឲ្យបានកាន់តែល្អ នៅប្រកួតបន្ទាប់ផងដែរ។ចំណែកគ្រូបង្វឹកក្រុមជម្រើសជាតិយុវជនយេម៉ែន លោកបានអបអរសាទរដល់ក្រុមកម្ពុជាដែលទទួលបានជ័យជំនះ ហើយនេះជាបាល់ទាត់ ព្រោះពេលខ្លះមានឱកាសច្រើនតែគ្មានគ្រាប់បាល់។ឆ្លងកាត់ការប្រកួតដំបូងនេះ ក្រុមជម្រើសជាតិ U20 កម្ពុជា បានឈរលេខ២ បណ្ដោះអាសន្ន ក្នុងពូលG ដោយមាន ៣ពិន្ទុ ស្មើក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំជប៉ុន បន្ទាប់ពីក្រុមសាំម៉ូរ៉ៃជប៉ុននេះ បានយកឈ្នះក្រុមជម្រើសជាតិ U20 កូវ៉ែត ដោយលទ្ធផល ៤-០ នៅល្ងាចថ្ងៃជាមួយគ្នា គ្រាដែលការប្រកួតបន្ទាប់ ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបជប៉ុន នាថ្ងៃទី៣ ខែកញ្ញាខាងមុខ មុនជំនួបបញ្ចប់ពូល ទល់ក្រុមយុវជន U20 កូវ៉ែត នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធាំនីភ្នំពេញ៕ អត្ថបទ លី ឈុនឡា

Lionel Messi ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីន ដោយនិយាយថា «គ្មាន​អ្វី​ត្រូវ​ផ្តល់​ទៀត​ទេ»

2026/09/01 10:37:44 am        287
កីឡាករឆ្នើមរបស់អាហ្សង់ទីន Lionel Messi បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ ដោយនិយាយថា ការសម្រេចចិត្តនេះ ពិតជាឈឺចាប់ តែដល់ពេលវេលាហើយ។Messi វ័យ ៣៩ ឆ្នាំ ដែលធ្លាប់ដឹកនាំអាហ្សង់ទីនឱ្យឈ្នះពាន FIFA World Cup 2022 នៅប្រទេសកាតា បានរកគ្រាប់បាល់ចំនួន ១២៥ គ្រាប់ ក្នុងការបង្ហាញខ្លួន ២០៧ ប្រកួត សម្រាប់ក្រុមជម្រើសជាតិ។ ស្ថិតិនេះធ្វើឱ្យរូបគេក្លាយជាអ្នករកគ្រាប់បាល់ច្រើនបំផុត និងជាកីឡាករដែលបង្ហាញខ្លួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិអាហ្សង់ទីន។ក្នុងសារប្រកាសចូលនិវត្តន៍ Messi បាននិយាយថា រូបគេបានផ្តល់អ្វីៗគ្រប់យ៉ាងសម្រាប់ក្រុមជម្រើសជាតិ ហើយពេលនេះ «គ្មានអ្វីត្រូវផ្តល់ទៀតទេ»។«ពេលវេលាកាន់តែខ្លី ជំពូកខ្លះត្រូវបិទបញ្ចប់ ហើយនេះគឺជាជំពូកមួយដែលធ្វើឱ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង»។«ខ្ញុំស្រឡាញ់ ខ្ញុំធ្លាប់ស្រឡាញ់ ហើយនឹងស្រឡាញ់ជានិច្ចចំពោះកិច្ចការជាមួយក្រុមជម្រើសជាតិ»។«ខ្ញុំបានផ្តល់អ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ហើយឥឡូវនេះខ្ញុំគ្មានអ្វីត្រូវផ្តល់ទៀតទេ។ លើសពីនេះទៅទៀត មានកីឡាករវ័យក្មេងដ៏មានសមត្ថភាពជាច្រើនកំពុងរីកចម្រើន ដែលសមនឹងទទួលបានឱកាសរបស់ពួកគេ»។កាលពីខែសីហា Messi ធ្លាប់បាននិយាយថា រូបគេកំពុងពិចារណាអំពីអនាគតក្នុងអាជីពបាល់ទាត់ បន្ទាប់ពីឪពុករបស់គេលោក Jorge Messi បានទទួលមរណភាពក្នុងវ័យ ៦៨ ឆ្នាំ ក្រោយមានជំងឺអស់រយៈពេលយូរ។ម្ចាស់ពាន Ballon d'Or ៨ សម័យ រូបនេះបានបង្ហើបថា រូបគេបានសរសេរសារប្រកាសចូលនិវត្តន៍នេះតាំងពីថ្ងៃទី២១ ខែកក្កដា ពោលគឺពីរថ្ងៃបន្ទាប់ពីអាហ្សង់ទីនចាញ់អេស្ប៉ាញក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup រដូវក្តៅនេះ។Messi ក៏បានសរសេរនៅលើ Instagram កាលពីថ្ងៃចន្ទថា៖ «ថ្ងៃនេះ បន្ទាប់ពីអ្វីដែលបានកើតឡើងជាមួយឪពុករបស់ខ្ញុំ ខ្ញុំកាន់តែមានភាពជឿជាក់លើការសម្រេចចិត្តនេះជាងមុនទៅទៀត»។ទោះបីបញ្ចប់អាជីពជាមួយក្រុមជម្រើសជាតិក៏ដោយ Messi នឹងបន្តអាជីពនៅកម្រិតក្លិបជាមួយ Inter Miami ក្នុងក្របខណ្ឌ Major League Soccer ដោយកិច្ចសន្យារបស់គេមានសុពលភាពរហូតដល់ចប់រដូវកាល ២០២៨។Messi បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់អាហ្សង់ទីនក្នុងឆ្នាំ ២០០៥ ក្នុងការប្រកួតមិត្តភាពជាមួយហុងគ្រី ដោយចូលលេងជំនួសនៅនាទីទី៦៣។ ទោះជាយ៉ាងណា រូបគេត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញដោយកាតក្រហមភ្លាមៗ មិនដល់មួយនាទីផង។ទោះបីចាប់ផ្តើមអាជីពអន្តរជាតិមិនសូវល្អក៏ដោយ Messi បានក្លាយជាកីឡាករឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយឈ្នះ World Cup ១លើក និង Copa America ២លើក ជាមួយអាហ្សង់ទីន។បច្ចុប្បន្ន Messi ជាអ្នករកគ្រាប់បាល់ច្រើនបំផុតទី២ ក្នុងប្រវត្តិសាស្ត្រ World Cup ជាមួយ ២១ គ្រាប់ តាមពីក្រោយ Kylian Mbappe របស់បារាំងដែលមាន ២២ គ្រាប់។ ចំណែកការរកគ្រាប់បាល់សម្រាប់ក្រុមជម្រើសជាតិទាំងអស់ Messi ក៏ឈរនៅលេខ២ ជាមួយ ១២៥ គ្រាប់ តាមពីក្រោយគូប្រជែងដ៏អស្ចារ្យរបស់គេគឺ Cristiano Ronaldo របស់ព័រទុយហ្គាល់ ដែលមាន ១៤៦ គ្រាប់។តាមពិតទៅ Messi ធ្លាប់ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិម្តងរួចមកហើយក្នុងឆ្នាំ ២០១៦ បន្ទាប់ពីអាហ្សង់ទីនចាញ់ស៊ីលីក្នុងវគ្គផ្តាច់ព្រ័ត្រ Copa America ដែលក្នុងការប្រកួតបាល់ ១១ ម៉ែត្រកាត់សេចក្តី Messi បានស៊ុតមិនចូល។ បន្ទាប់ពីបរាជ័យនោះ អាហ្សង់ទីនបានចាញ់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ធំជាលើកទី៤ ក្នុងរយៈពេល ៩ ឆ្នាំ។នៅ World Cup រដូវក្តៅនេះ Messi បានរកបាន ៨ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៤ ដង។ គេក៏បានបង្កើនចំនួនបាល់បញ្ជូននៅ World Cup របស់ខ្លួនដល់ ១២ ដង ដែលក្នុងនោះ ១០ ដងកើតឡើងនៅវគ្គចាញ់ធ្លាក់។ គ្មានកីឡាករណាម្នាក់ក្នុងប្រវត្តិសាស្ត្រដែលមានស្ថិតិកត់ត្រា អាចធ្វើបានលើសពី ៨ បាល់បញ្ជូនសរុបនោះឡើយ៕ អត្ថបទ៖នាង សុភាវុធ

Martinez ចាកចេញពី Aston Villa ចូលរួមជាមួយ Chelsea ក្លាយជាការផ្ទេរទី ៨ រវាង​ក្លិបទាំងពីរ​រយៈពេល ៤ឆ្នាំ

2026/08/31 03:12:09 pm        426
ក្លិបតោខៀវ Chelsea បានបញ្ជាក់ពីការចុះហត្ថលេខានាំយកអ្នកចាំទីអាហ្សង់ទីន Emiliano Martínez ពី Aston Villa ក្នុងតម្លៃប្រមាណ ៧.៥លានផោន ដែលធ្វើឱ្យការផ្ទេររវាងក្លិបទាំងពីរកើនឡើងដល់ ៨លើកក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ។អ្នកចាំទីវ័យ ៣៣ឆ្នាំ ដែលជាសមាជិកជួយអាហ្សង់ទីនឈ្នះជើងឯកបាល់ទាត់ពិភពលោក ២០២២ នៅកាតាបានផ្លាស់ទៅកាន់ Stamford Bridge ជាមួយកិច្ចសន្យារយៈពេល ៣ឆ្នាំ និងបានបង្ហាញខ្លួនប្រកួតដំបូងផងដែរឱ្យ Chelsea ក្នុងជ័យជំនះ ៤-៣ លើ Brighton យប់ថ្ងៃអាទិត្យម្សិលមិញនេះ។Martínez ដែលជាអតីតអ្នកចាំទីរបស់ Arsenal បានចូលរួមជាមួយ Aston Villa ក្នុងឆ្នាំ ២០២០ ហើយបានបង្ហាញខ្លួនសរុប ២៥៦ប្រកួត សម្រាប់ក្លិប និងបានជួយ Villa ឈ្នះពាន Europa League កាលពីរដូវកាលមុនផងដែរ។ការផ្ទេរ Martínez មក Chelsea កើតឡើងបន្ទាប់ពី Nicolas Jackson បានផ្លាស់ពី Chelsea ទៅ Aston Villa កាលពីសប្ដាហ៍មុន។តាមរយៈការផ្ទេរទាំងនេះ Chelsea និង Aston Villa បានក្លាយជាក្លិប Premier League ពីរដែលមានការផ្លាស់ប្តូរកីឡាករគ្នាច្រើនជាងគេ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ ដោយរាប់បញ្ចូលទាំងការផ្ទេរអចិន្ត្រៃយ៍ និងការខ្ចីជើង។ទំនាក់ទំនងផ្ទេរកីឡាកររវាងក្លិបទាំងពីរចាប់ផ្តើមកាន់តែសកម្ម បន្ទាប់ពីក្រុមហ៊ុន BlueCo ចូលកាន់កាប់ Chelsea ក្នុងឆ្នាំ ២០២២។ នៅរដូវក្តៅឆ្នាំនោះ Chelsea បានចុះហត្ថលេខានាំយក Carney Chukwuemeka ពី Aston Villa ក្នុងតម្លៃ ២០លានផោន។បន្ទាប់មក កីឡាករជាច្រើនទៀតបានផ្លាស់ប្តូររវាងក្លិបទាំងពីរ ដូចជា Ian Maatsen ទៅ Villa ក្នុងតម្លៃ ៣៧.៥លានផោន, Omari Kellyman ទៅ Chelsea ក្នុងតម្លៃ ១៩លានផោន និង Axel Disasi ទៅ Villa ក្នុងលក្ខខណ្ឌខ្ចីជើង ដែលមានថ្លៃខ្ចីប្រមាណ ៥លានផោន។សម្រាប់តែរដូវក្តៅនេះ Chelsea និង Aston Villa បានធ្វើកិច្ចព្រមព្រៀងគ្នារហូតដល់ ៤លើក រួមមាន Morgan Rogers បានផ្លាស់ទៅ Chelsea ក្នុងតម្លៃដ៏ខ្ពស់ប្រមាណ ១១៧លានផោន ខណៈ Alejandro Garnacho បានចូលរួមជាមួយ Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើង និងអាចទិញផ្តាច់ដែលអាស្រ័យលើលក្ខខណ្ឌមួយចំនួន ហើយតម្លៃសរុបអាចឈានដល់ប្រមាណ ៤៣លានផោន។ចាប់តាំងពីឆ្នាំ ២០២២ មក Chelsea បានចំណាយប្រាក់សរុបប្រមាណ ១៦៣.៥លានផោន ដើម្បីទិញកីឡាករពី Aston Villa។ចំណែក Aston Villa វិញ បានចំណាយប្រមាណ ១០២.៥លានផោន លើកីឡាកររបស់ Chelsea ដោយរាប់បញ្ចូលទាំងថ្លៃខ្ចីជើងរបស់ Axel Disasi ផងដែរ។ចំនួននេះអាចកើនដល់ ១៥០.៥លានផោន ប្រសិនបើលក្ខខណ្ឌមួយចំនួនក្នុងកិច្ចសន្យារបស់ Garnacho ត្រូវបានបំពេញ ហើយការផ្ទេររបស់គេត្រូវបានធ្វើជាអចិន្ត្រៃយ៍៕ អត្ថបទ៖នាង សុភាវុធ

Ollie Watkins ផ្លាស់ទៅ Al-Hilal ផ្លូវការក្នុងតម្លៃផ្ទេរ ៥១ លានផោន

2026/08/31 02:53:23 pm        316
ខ្សែប្រយុទ្ធអង់គ្លេស Ollie Watkins បានសម្រេចការផ្ទេររបស់ខ្លួនពី Aston Villa ទៅក្លិបអារ៉ាប៊ីសាអូឌីត Al-Hilal ជាផ្លូវការ ក្នុងតម្លៃប្រមាណ ៥១ លានផោន ជាមួយកិច្ចសន្យារយៈពេល ៣ ឆ្នាំ។កីឡាករវ័យ ៣០ ឆ្នាំរូបនេះ បាននិយាយថា ខ្លួនមិនដែលគិត ឬមានបំណងឱ្យអាជីពរបស់ខ្លួននៅ Aston Villa បញ្ចប់ក្នុងរបៀបបែបនេះឡើយ។Watkins គឺជាអ្នកស៊ុតបញ្ចូលទីបានច្រើនបំផុតរបស់ Aston Villa ក្នុងប្រវត្តិសាស្ត្រ Premier League ដោយរកបាន ៩១ គ្រាប់។ ការចាកចេញរបស់គេកើតឡើង បន្ទាប់ពី Watkins មិនបានចូលរួមក្នុងការប្រកួតបើករដូវកាល Premier League របស់ Villa ទល់នឹង Brighton កាលពីចុងសប្តាហ៍មុន។ក្នុងរយៈពេល ៦ ឆ្នាំនៅ Aston Villa, Watkins បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរីកចម្រើនរបស់ក្លិប ក្រោមការដឹកនាំរបស់លោក Unai Emery។ Villa បានក្លាយជាក្រុមដែលប្រជែងតំបន់ Top6 ជាប្រចាំ និងថែមទាំងបានឈ្នះជើងឯក Europa League ដែលជាពានរង្វាន់អឺរ៉ុបលើកដំបូងរបស់ក្លិបក្នុងរយៈពេល ៤៤ ឆ្នាំ។នៅ Al-Hilal, Watkins នឹងចូលរួមជាមួយខ្សែបម្រើស្លាបសញ្ជាតិហូឡង់ Crysencio Summerville ដែលបានចាកចេញពី West Ham បន្ទាប់ពីក្លិបត្រូវកាត់ចេញពី Premier League។ជាមួយគ្នានេះ ខ្សែបម្រើស្លាបរបស់ Arsenal, Gabriel Martinelli ក៏ត្រូវបានរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃអង្គារនេះដែរ ដើម្បីធ្វើតេស្តសុខភាព មុនពេលសម្រេចការផ្ទេរទៅ Al-Hilal ផងដែរ៕ អត្ថបទ៖នាង សុភាវុធ

ឡាយហ្វដាក់គោលដៅខ្ពស់ក្នុងនៃលីគរដូវកាលថ្មី ក្រោយយកឈ្នះភ្នំពេញក្រោន លើកពាន​ KCC Pre-Season Cup

2026/08/31 02:11:22 pm        353
ក្លិបបាល់ទាត់ឡាយហ្វខេត្តព្រះសីហនុ បានដាក់គោលដៅប្រជែងកៅអី Top-6 នៅក្នុងដំណាក់កាលទី១ និងកៅអី Top-3 ក្នុងដំណាក់កាលទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលនឹងចាប់ផ្ដើមនាចុងសប្ដាហ៍នេះ។ នេះបើតាមការលើកឡើងរបស់គ្រូបង្វឹកលោក Arthur Ferreira បន្ទាប់ពីលោកដឹកនាំក្រុមឈ្នះពានរង្វាន់មុនបើករដូវកាល KCC Pre-Season Cup 2026 ដែលរៀបចំដោយក្លិប ISI ដង្កោសែនជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោយយកឈ្នះក្រុមភ្នំពេញក្រោន នៅវគ្គផ្ដាច់ព្រ័ត្រ។ជាលទ្ធផលដ៏គួរឲ្យផ្អើល ក្នុងនាមក្លិបស្ទើរឈរបាតតារាងកាលពីរដូវកាលមុន ដែលបាននឹងកំពុងបង្ហាញភាពខ្លាំង សម្រាប់ការត្រៀមរដូវកាលថ្មី តាមរយៈសមិទ្ធផលការប្រកួតពានលក្ខណៈមិត្តភាព ១សប្ដាហ៍មុនលីគចាប់ផ្ដើម ។ ក្នុងពាន KCC Pre-Season Cup 2026 នេះ ក្រៅពីក្រុមសៀមរាបយូណាយធីត ដែលជាបេក្ខភាពលីគទី២ ភ្នំពេញក្រោន និង ISI ដង្កោសែនជ័យ សុទ្ធតែជាក្រុមខ្លាំង តែក្រុមឡាយហ្វ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយយកឈ្នះក្រុមទាំងពីរ ដើម្បីក្លាយជាម្ចាស់ពានតែម្ដង។ក្រោយចប់ការប្រកួតលោក Arthur Ferreira បានអរគុណក្លិបដំរីជ័យ ISI ដែលបានរៀបចំពានរង្វាន់នេះឡើង ដែលផ្ដល់ឱកាសឲ្យកូនក្រុមបានពង្រឹងបន្ថែម និងត្រៀមលក្ខណៈកាន់តែល្អប្រសើរ សម្រាប់លីគ ដែលនឹងចាប់ផ្ដើមនាថ្ងៃទី៥ ខែកញ្ញា។ លោកថា ទាំងភ្នំពេញក្រោន និង ISI ដង្កោសែនជ័យ សុទ្ធតែល្អ មានកីឡាករល្អៗច្រើន ដែលលោកមានការគោរព ក៏ដូចជាក្រុមដទៃ តែឆ្នាំនេះ ឡាយហ្វ ក៏ជាក្រុមល្អដែរ បន្ទាប់ពីការរៀបចំ និងពង្រឹងក្រុម ទាំងក្រុមការងារគ្រូ និងកីឡាករ ទាំងខ្មែរ និងបរទេស។លោកបន្ដថា សម្រាប់គោលដៅរបស់ក្រុម ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ គឺទី១ គឺការឡើងទៅលេងវគ្គ ៦ក្រុមចុងក្រោយ ឬ Top-6 និងគោលដៅបន្ទាប់ ការប្រជែងកៅអី Top-3 ។ បន្ទាប់ពីឆ្លងកាត់ ២ដំណាក់កាលនេះ លោកនឹងពិភាក្សារៀបចំជាមួយថ្នាក់ដឹកនាំ និងក្រុមការងារ ដើម្បីសម្លឹងទៅរកជើងឯក។ លោកសង្កត់ធ្ងន់ថា គ្រប់យ៉ាងក្រុមអាចធ្វើបាន ព្រោះឡាយហ្វ មានកីឡាករល្អៗជាច្រើន ដោយមិនផ្ដោតតែកីឡាករបរទេសនោះទេ កីឡាករខ្មែរក៏ល្អដូចគ្នា ហើយបានធ្វើការជាមួយគ្នាបានខ្លាំងក្លា។ ដូច្នេះលោកជឿជាក់យ៉ាងមុតមាំថា ឡាយហ្វ អាចធ្វើបាន។គួរដឹងថា ពានរង្វាន់ KCC Pre-Season Cup 2026 មាន ៤ក្លិបចូលរួម ខណៈក្រោយចាប់ឆ្នោត និងធ្វើការប្រកួត ២ថ្ងៃ កាលពីសប្ដាហ៍កន្លងទៅ គឺក្លិបឡាយហ្វខេត្តព្រះសីហនុ បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះ ISI ដង្កោសែនជ័យ ២-១ នៅវគ្គខ្វែង មុនយកឈ្នះក្រុមភ្នំពេញក្រោន ដោយកាត់ទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៤-៣ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ០-០ នៅវគ្គផ្ដាច់ព្រ័ត្រ ដែលនាំឲ្យក្រុមសិង្ហក្រហម បានត្រឹមលេខ២ ខណៈលេខ៣ បានទៅក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ក្រោយយកឈ្នះក្រុមសៀមរាបយូណាយធីត ៧-២៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM