កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក

2026/10/23 03:18:16 pm        287
កីឡាការិនីលោតពីលើទីខ្ពស់ចុះទៅក្នុងទឹក Cliff Diving ជនជាតិកាណាដា Molly Carlson បាន​បង្កើត​ប្រវត្តិសាស្ត្រថ្មី បន្ទាប់ពីក្លាយ​ជា​ស្ត្រី​ដំបូង​គេ​ដែល​លោត​ចុះ​ពី​លើ​ផ្ទាំង​ទឹកកក​យក្ស​នៅ​ឯ​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត Newfoundland ប្រទេសកាណាដា។ដើម្បីសម្រេចបេសកកម្មដ៏អស្ចារ្យនេះ Carlson បានសហការជាមួយលោក Will Gadd ដែល​ជា​អ្នក​ឡើង​ភ្នំទឹកកកដ៏ល្បីល្បាញ។ អ្នកទាំងពីរត្រូវប្រឈមនឹងរលកសមុទ្រដ៏ខ្លាំង ចលនា​របស់​ផ្ទាំង​ទឹកកក និងអាកាសធាតុមិនអំណោយផល មុនពេល Carlson អាចលោតបានដោយជោគជ័យ។ការលោតនេះមិនត្រឹមតែជាកំណត់ត្រាថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលោតថយក្រោយពីទីខ្ពស់បំផុតដែល Carlson មិនធ្លាប់បានធ្វើពីមុនមកផងដែរ។ភាពគ្រោះថ្នាក់នៃបេសកកម្មនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ បន្ទាប់ពីលោក Will Gadd ស្ទើរតែមិនអាចឡើងទៅលើទូករបស់ក្រុមវិញទាន់ពេល ខណៈដែលផ្នែកមួយនៃផ្ទាំងទឹកកកបានបាក់បែកភ្លាមៗ។ ហេតុការណ៍នេះបង្ហាញពីភាពមិនអាចប៉ាន់ស្មានបាននៃចលនាផ្ទាំងទឹកកក។ក្រោយបញ្ចប់បេសកកម្ម Carlson បានបង្ហើបថា គំនិតនៃការលោតពីលើផ្ទាំងទឹកកកនេះ កើតចេញពីបទពិសោធន៍នៃការប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្តរបស់នាង។នាងបានប្រៀបធៀបផ្ទាំងទឹកកកទៅនឹងជីវិតមនុស្ស ដោយផ្នែកប្រមាណ ១០% ដែលស្ថិតនៅលើផ្ទៃទឹក តំណាងឱ្យអ្វីដែលមនុស្សគ្រប់គ្នាអាចមើលឃើញ ខណៈផ្នែក ៩០% ដែលលាក់នៅក្រោមផ្ទៃទឹក តំណាងឱ្យអារម្មណ៍ និងការតស៊ូផ្ទៃក្នុងដែលអ្នកដទៃមិនអាចមើលឃើញ។ការប្រៀបធៀបនេះបង្ហាញពីសារសំខាន់មួយថា មនុស្សម្នាក់ៗអាចមានការតស៊ូផ្ទាល់ខ្លួននៅពីក្រោយអ្វីដែលអ្នកដទៃមើលឃើញពីខាងក្រៅ៕ អត្ថបទ៖នាង សុភាវុធ

Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick

2026/10/23 02:00:29 pm        277
ប្រធានក្រុម Manchester United កីឡាករ Bruno Fernandes នឹងបន្តកាន់តំណែងដដែល ហើយមិនត្រូវបានក្លឹបដាក់ទណ្ឌកម្មឡើយ បន្ទាប់ពីរូបគេបានរិះគន់លោក Michael Carrick ក្រោយក្រុមបិសាចក្រហមចាញ់ Como យ៉ាងធ្ងន់ធ្ងរក្នុងលទ្ធផល ១-៤ ក្នុងការប្រកួតក្របខណ្ឌ UEFA Champions League។ខ្សែបម្រើជម្រើសជាតិព័រទុយហ្គាល់រូបនេះ បានរិះគន់យុទ្ធសាស្ត្រដែលលោក Carrick បានប្រើប្រាស់ក្នុងការប្រកួត ហើយបានលើកឡើងថា ការស្វែងរកបញ្ហា និងការកែប្រែយុទ្ធសាស្ត្រនៅពេលចាំបាច់ គឺជាការទទួលខុសត្រូវរបស់គ្រូបង្វឹក និងក្រុមការងាររបស់លោក មិនមែនជាកាតព្វកិច្ចរបស់កីឡាករនោះទេ។ការលើកឡើងនេះ ត្រូវបានមនុស្សជាច្រើនមើលឃើញថា ជាការប្រឈមនឹងអំណាចដឹកនាំរបស់លោក Carrick។ ជាពិសេស វាបានកើតឡើងត្រឹមតែ ៨ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្សែការពារ Lisandro Martinez បានរិះគន់លោក Jason Wilcox នាយកផ្នែកបាល់ទាត់របស់ក្លឹប ពាក់ព័ន្ធនឹងការជ្រើសរើស និងនាំចូលកីឡាករអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ទោះជាយ៉ាងណា នៅក្នុងក្លឹប Manchester United មានការយោគយល់ចំពោះ Fernandes ជុំវិញស្ថានភាពដែលរូបគេបានជួបប្រទះ។ខ្សែបម្រើវ័យឆ្នើមរូបនេះ បានផ្តល់បទសម្ភាសន៍ក្រោយការប្រកួតចំនួន ១០ លើកនៅទីក្រុង Como ទោះបីជារូបគេត្រូវបានប្តូរចេញនៅពាក់កណ្តាលវគ្គទីពីរ ដោយជំនួសមកវិញដោយកីឡាករ Joshua Zirkzee ក៏ដោយ។ទោះបីជាក្លឹបមានការខកចិត្តចំពោះការលើកឡើងមួយចំនួនរបស់ Fernandes ក៏ដោយ ក៏មានការទទួលស្គាល់ថា ការមិនសប្បាយចិត្តរបស់រូបគេគឺអាចយល់បាន ដោយសារតែរបៀបដែលក្រុមបានរងបរាជ័យ។ ការចាញ់ក្នុងលទ្ធផល ១-៤ នេះ ត្រូវបានចាត់ទុកថាជាការបរាជ័យដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ Man Utd នៅក្នុងការប្រកួតពានរង្វាន់អឺរ៉ុប។យ៉ាងណាក៏ដោយ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេថា តើ Fernandes នឹងត្រូវបានជ្រើសរើសឱ្យចូលលេងក្នុងការប្រកួត Premier League ទល់នឹង Bournemouth នៅកីឡដ្ឋាន Old Trafford នាថ្ងៃអាទិត្យនេះ ឬយ៉ាងណា។លោក Michael Carrick នឹងត្រូវបានអ្នកសារព័ត៌មានសួរអំពីបញ្ហានេះ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត នៅថ្ងៃសុក្រនេះ៕ អត្ថបទ៖នាង សុភាវុធ

អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ

2026/10/23 01:08:21 pm        282
លោក សិរី រាជបុត្រ អ្នកគ្រប់គ្រងក្លិបប្រដាល់ចតុមុខ បានគូសបញ្ជាក់ថា ការហ្វឹកហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីដែលថ្មី និងប្លែក ដើម្បីអភិវឌ្ឍន៍សមត្ថភាព បច្ចេកទេស កាន់តែប្រសើរ ក៏ដូចជាបើកឱកាសកាន់តែទូលំទូលាយសម្រាប់ការប្រកួត ទាំងក្នុង និងក្រៅប្រទេស។ការគូសបញ្ជាក់នេះ បន្ទាប់ពីក្លិបរបស់ខ្លួន បានទទួលការបង្ហាត់ និងចែករំលែកនូវបច្ចេកទេសហ្វឹកហាត់ឃីកបុកស៊ីង ពីគ្រូបង្វឹកអន្ដរជាតិ ដែលសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ក្រោមជំនួយភេសជ្ជៈ Cambodia Sport+ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានជួលគ្រូបង្វឹកជនជាតិចិន មកចែករំលែកដល់បណ្ដាក្លិបនានានៅកម្ពុជា។ក្នុងនាមក្លិបផ្ដោតសំខាន់លើការបង្ហាត់ និងពង្រឹងក្បាច់គុនបុរាណខ្មែរ ដល់កីឡាករជាច្រើន លោកពិតជារីករាយ និងស្វាគមន៍ក្នុងការចែករំលែកនូវបច្ចេកទេសហ្វឹកហាត់ថ្មីៗពិសេសៗពីគ្រូជំនាញឃីកបុកស៊ីង ដែលបានផ្ដល់នូវផលវិជ្ជមានជាច្រើនដល់កូនសិស្ស ទោះបីមានកីឡាករជាច្រើន ធ្លាប់បានប្រកួត រហូតដណ្ដើមបានឈ្នះពាន និងមេដាយ។ លោក សិរី រាជបុត្រ ថា នេះជាអ្វីដែលអ្នកហាត់កីឡាប្រយុទ្ធត្រូវការ ដើម្បីដុសខាតសមត្ថភាព និងមានឱកាសប្រកួតកាន់តែច្រើន ដ្បិតបច្ចុប្បន្នការប្រកួតឃីកបុកស៊ីង កំពុងមានទីផ្សារទាំងក្នុង និងក្រៅប្រទេស។ទន្ទឹមជាមួយគ្នាកីឡាករ រិន ដេវីត ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ លើប្រភេទកីឡាឃីកបុកស៊ីង បានសម្ដែងក្ដីរីករាយ ដែលបានហ្វឹកហាត់ជាមួយអ្នកជំនាញអន្ដរជាតិ ។ ទោះបីខ្លួនធ្លាប់ប្រកួត និងជោគជ័យច្រើនក្នុងការប្រកួតឃីកបុកស៊ីង តែនៅតែមានចំណុចខ្វះខាត ខណៈឆ្លងកាត់ហ្វឹកហាត់កន្លងមក រូបគេបានយល់កាន់ច្បាស់ពីក្បួនច្បាប់ ក៏ដូចជាបច្ចេកទេសពិសេសៗ ដែលមិនត្រឹមធ្វើឲ្យខ្លួនអាចប្រកួតឃីកបុកស៊ីងដោយកាន់តែមានទំនុកចិត្តនោះទេ តែក៏ផ្ដល់ផលល្អដល់ការប្រកួតលក្ខណៈគុនខ្មែរផងដែរ។សូមរំឮកថា យុទ្ធនាការពង្រឹងគុណភាព ស្ដង់ដារបច្ចេកទេសហ្វឹកហាត់ឃីកបុកស៊ីង ដែលសហព័ន្ធបានរៀបចំ ក្រោមជំនួយឧបត្ថម្ភពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីសជីស នេះ បានចាប់ផ្ដើមតាំងពីពាក់កណ្ដាលខែមិថុនា ហើយគ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២៦។ បច្ចុប្បន្នមានក្លិបជាច្រើន ដែលទទួលបានការបង្ហាត់ពីគ្រូបង្វឹកជនជាតិចិនក្រោមគម្រោងដ៏មានសារៈសំខាន់នេះ ហើយក៏មានកីឡាករជាបន្ដបន្ទាប់ បានប្រកួត និងទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ ជាក់ស្ដែងកីឡាករ លន់ បញ្ញា ដែលបានយកឈ្នះដៃគូលើសង្វៀន K-1 នាពេលកន្លងទៅ។យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយការអភិវឌ្ឍសមត្ថភាពកីឡាករត្រៀមប្រជែងមេដាយឲ្យបានកាន់តែច្រើនក្នុងការប្រកួតជើងឯកអាស៊ី ឆ្នាំ២០២៦ ផ្សារភ្ជាប់ការលើកស្ទួយគុនខ្មែរ តាមរយៈការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ជាតិ និងអន្ដរជាតិនានាផងដែរ៕ អត្ថបទ លី ឈុនឡា

រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

2026/10/23 12:34:38 pm        129
រិតតែប្លែក រិតតែសប្បាយ ការរត់ប្រណាំងពេលរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ឆ្នាំ២០២៦- ២០២៧ សហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត សហការជាមួយ ក្រុមហ៊ុន Vasaline និងរដ្ឋបាលរាជធានីភ្នំពេញ បង្កើតកម្មវិធីរត់ប្រណាំងពេលរាត្រី GLOW NIGHT RUN ដែលគ្រោងនឹងប្រព្រឹត្តិទៅម៉ោង៨យប់តទៅ នៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៦ ដើម្បីអបអរសាទរ ឆ្នាំសកល ២០២៧ នៅមាត់ទន្លេ ត្រើយខាងកើត សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ក្នុងសន្និសិទសារព័ត៍មាន កាលពីព្រឹកមិញនេះ នៅសាលប្រជុំវិមានពហុកីឡដ្ឋានអូឡាំពិក ប្រធានសហព័ន្ធកីឡាខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ឯកឧត្តម ដួង មាសចំរើន បានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍រត់ប្រណាំងថ្មីប្លែក ដែលសហព័ន្ធ និងដៃគូឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនឯកជន ព្រមទាំងអាជ្ញាធររាជធានីភ្នំពេញបានឯកភាព និងគាំទ្ររៀបចំដើម្បីអបអរឆ្លងឆ្នាំថ្មី ជាពិសេសជំរុញសកម្មភាពកីឡារត់ប្រណាំងនៅភ្នំពេញឱ្យកាន់តែផុសផុល ព្រមទាំងលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរផងដែរ។លោកបន្ថែមថា នេះជាព្រឹតិ្តការណ៍លើកដំបូងរបស់សហព័ន្ធ ហើយក៏ជាការជួបជុំបងប្អូនមហាជនអ្នករត់ដើម្បីសុខភាព និងបានរួមចំណែកយ៉ាងធំសម្រាប់វិស័យកីឡាអត្តពលកម្មផងដែរ។ជាមួយគ្នានេះ លោកស្រី មិត្ត វុឌ្ឍធារី ប្រធានគ្រប់គ្រងផ្នែកផលិតផលសម្រស់ បានប្រាប់ឲ្យដឹងថា នេះជាលើកទី១ដែលក្រុមហ៊ុន ចូលរួមព្រឹត្តិការណ៍រត់ប្រណាំង Glow Night Run ក្នុងប្រទេសកម្ពុជា។ ការរត់នេះជាផ្នែកមួយ ដែលធ្វើឲ្យប្រជាជនកម្ពុជាមានភាពសប្បាយរីករាយ សុខភាពល្អ និងធ្វើឲ្យសម្រស់ស្អាត ព្រមទំាងធ្វើឲ្យស្បែកស្អាតផ្សំនឹងការប្រើប្រាសផលិតផល ។ដោយឡែក លោក សែម ផល្លា នាយកប្រវតិបត្តិនៃគណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុង លើកឡើងថា ពេលនេះមហាជនបានចុះឈ្មោះចូលរួមជាបណ្តើរៗហើយដោយរំពឹងថា ចំនួនអ្នករត់នឹងចូលរួមច្រើន ហើយបើព្រឹត្តិការណ៍រត់ប្រណាំងរាត្រីនេះទទួលបានជោគជ័យ គណៈកម្មការរៀបចំនឹងបន្តរៀបចំរៀងរាល់ឆ្នាំតែម្តង។ លោកបន្តថា អ្នករត់ប្រណាំងទាំងឡាយក្រោយបញ្ចប់ការរត់ នៅប្រហែលម៉ោង១០ អាចបន្តចូលរួមកម្សាន្តរីករាយ ដែលនឹងមានកម្មវិធីសប្បាយៗ និងកម្មវិធីបាញ់កាំជ្រួចឆ្លងឆ្នាំសកល ពីរាជរដ្ឋាភិបាលផងដែរ៕

រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ក្នុងលីគចុងសប្ដាហ៍នេះ ខណៈចំណោទអ្នកគាំទ្រ តើព្រះខ័នរាជ អាច​បញ្ចប់​ដំណើរមិនស្គាល់ចាញ់វិសាខា បានទេ?

2026/10/23 12:06:51 pm        152
ជំនួបដ៏ធំប្រចាំសប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ រវាង​ក្រុម​ម្ចាស់​ផ្ទះ​ព្រះខ័​ន​រាជ​ស្វាយ​រៀង និងវិសាខា កំពុងក្លាយជាប្រធានបទដ៏ក្រៅគគុកសម្រាប់អ្នកគាំទ្រ ហើយ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ទៀត ​កំពុងទទួលបានការចាប់អារម្មណ៍ដូចគ្នា។ឆ្លងកាត់ការប្រកួតសន្សំពិន្ទុ ៤សប្ដាហ៍កន្លងមក មានក្លិបចំនួន ៥ ដែលមិនទាន់​ស្គាល់​ពាក្យ​បរាជ័យ ​រួមមានវិសាខា ដែលឈ្នះ ៤ប្រកួតជាប់គ្នា គ្រាដែលព្រះខ័នរាជស្វាយរៀង និង​ណាហ្គា​វើល​ដ៏ ​៤ប្រកួតឈ្នះ ៣ និងស្មើ១, ISI ដង្កោសែនជ័យ ៣ប្រកួតឈ្នះ ១ និងស្មើ ២ និង​ភ្នំពេញ​ក្រោន ​ ៣ប្រកួតស្មើទាំង ៣ ដែលជាក្លិបមួយ ក្នុងចំណោម ៤ក្លិប ដែលមិនទាន់ស្គាល់ជ័យជម្នះ ខណៈ ៣ក្លិបទៀត គឺមានបឹងកេត, ឡាយហ្វខេត្ដព្រះសីហនុ និងកយោធពលខេមរភូមិន្ទ។រឿង​ដែល​អ្នកគាំទ្រកំពុងតាមដានបំផុត គឺព្រះខ័នរាជស្វាយរៀង ប៉ះវិសាខា នាល្ងាចថ្ងៃទី២៤ ខែ​តុលា​ស្អែក នៅកីឡដ្ឋានស្វាយរៀង ជាមួយចំណោទតើក្រុមម្ចាស់ផ្ទះ អាចបញ្ចប់​ដំណើរ​មិន​ស្គាល់​ចាញ់ ​ឬស្មើរបស់ វិសាខា បានឬទេ? ដូចជាតើវិសាខា អាចរក្សាភាពខ្លាំង ដើម្បីការ​ពារ​កៅ​អី​កំពូល​តារាង​បានឬអត់ បន្ទាប់ពីជួបក្រុមការពារតំណែងជើងឯកស្អែកនេះ? ការប្រកួតនេះ ក្រុម​ទទួលបាន ៣ពិន្ទុនឹងឈរកំពូលតារាង តែបើស្មើ វិសាខា នឹងក្ដាប់ឱកាសមាសនេះដដែល។ជាមួយការចាប់ផ្ដើមរដូវកាលថ្មី គេឃើញវិសាខា ពិតជាធ្វើបានល្អ ជាមួយគុណភាពកីឡាករថ្មីៗ ដែលពួកគេបាននាំចូល ខណៈព្រះខ័នរាជស្វាយរៀង ក៏មិនធម្មតា ទោះបីមមាញឹកច្រើនក្នុងការប្រកួតពានរង្វាន់អន្ដរជាតិដល់ទៅពីរ តែពួកគេ ក៏រក្សាពាក្យមិនស្គាល់ចាញ់ក្នុងលីគដដែល ។ សម្រាប់ ៤ប្រកួតដំបូងរបស់វិសាខា គឺឈ្នះកងយោធពលខេមរភូមិន្ទ ៦-១, ឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ២-០, ឈ្នះបឹងកេត ២-១ និងឈ្នះគិរីវង់សុខសែនជ័យ ៣-២ ។ រីឯ ៤ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង គឺឈ្នះគិរីវង់សុខសែនជ័យ ៣-០, ឈ្នះកងយោធពលខេមរភូមិន្ទ ៤-០, ស្មើ ISI ដង្កោសែនជ័យ ១-១ និងឈ្នះបឹងកេត ៤-១។ ដូច្នេះចាំមើលថ្ងៃសៅរ៍នេះ តើជំនួបរវាងក្រុមខ្លាំង ប៉ះខ្លាំងនឹងបញ្ចប់ដោយលទ្ធផលបែបណា?នៅល្ងាចថ្ងៃសៅរ៍ជាមួយគ្នា ក៏នឹងមានជំនួបដ៏គួរឲ្យចាប់អារម្មណ៍ រវាងក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ និងភ្នំពេញក្រោន ដំណាលគ្នាផងដែរ។ បច្ចុប្បន្នកងយោធពលខេមរភូមិន្ទ នៅមិនទាន់មានពិន្ទុរាប់ឡើយក្រោយរងបរាជ័យ ៤ប្រកួតជាប់គ្នា គ្រាដែលភ្នំពេញក្រោន កំពុងត្រូវបានអ្នកគាំទ្រដាក់ក្ដីរំពឹង នឹងអាចស្គាល់ជ័យជម្នះលើកដំបូង។ ប៉ុន្ដែបើក្រឡេកទៅមើលប្រវត្តិជួបគ្នារវាងក្រុមទាំងពីរ តែងបញ្ចប់ដោយភាពតានតឹង ជាក់ស្ដែងរដូវកាលមុន ជើងទី១ ក្រុមទាំងពីរ បានប្រកួតស្មើគ្នា ១-១ នៅកីឡដ្ឋានស្ដាតចាស់ មុនភ្នំពេញក្រោន យកឈ្នះ ៣-២ នៅជើងទី២។ដោយឡែកនៅថ្ងៃទី២៥ ខែតុលាចុងសប្ដាហ៍នេះ គឺមានការប្រកួត ៣គូ ក្នុងនោះក្រុមគិរីវង់សុខសែនជ័យ និងឡាយហ្វខេត្ដព្រះសីហនុ ដែលត្រូវបានចាត់ទុកជាក្រុមកំពុងឡើងជើង ត្រូវជួបគ្នានៅកីឡដ្ឋានគិរីវង់ គ្រាដែលបឹងកេត ត្រូវធ្វើការងារធ្ងន់ជាមួយក្រុមណាហ្គាវើលដ៏ នៅពហុកីឡដ្ឋានជាតិ និងក្រុម ISI ដង្កោសែនជ័យ ត្រូវបើកទ្វារទទួលក្រុមអង្គរថាយហ្គឺរ នៅកីឡដ្ឋានស្មាត របស់ខ្លួន។ នេះសុទ្ធសឹងជាគូជក់ចិត្ត ដ្បិតក្រុមនីមួយៗ បានបង្ហាញគុណភាព និងទម្រង់លេងដ៏ទាក់ទាញក្នុងការប្រកួតកន្លងមក ដែលធ្វើឲ្យអ្នកគាំទ្រមិនអាចព្យាករណ៍លទ្ធផលឈ្នះចាញ់ទុកមុនបានឡើយ៕ អត្ថបទ លី ឈុនឡា

Man Utd ចាញ់នៅផ្ទះ Como ធ្ងន់ធ្ងរ ១-៤ ខណៈ Real Madrid ឈ្នះ និង Arsenal ស្មើនៅផ្ទះ Bayern Munich

2026/10/22 01:23:52 pm        116
ក្រុមបិសាចក្រហម Manchester United បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីជើងម្ចាស់ផ្ទះ Como ក្នុងលទ្ធផល ១-៤ ក្នុងការប្រកួត UEFA Champions League កាលពីយប់ថ្ងៃពុធ ខណៈ Real Madrid រកបានជ័យជម្នះ ៤-១ លើ RB Leipzig ហើយ Arsenal រកបានស្មើនៅទឹកដី Bayern Munich ២-២។ Manchester United បានចាប់ផ្ដើមការប្រកួតមិនបានល្អឡើយ ដោយ Nico Paz រកគ្រាប់បាល់បើកឆាកឱ្យ Como តាំងពីនាទីទី២។ បន្ទាប់មក Anastasios Douvikas បន្ថែមគ្រាប់ទី២ នៅនាទីទី៤៩ មុនពេល Paz ស៊ុតគ្រាប់ទី២របស់ខ្លួនក្នុងការប្រកួតនេះ នៅនាទីទី៥៧។នៅនាទីទី៧៦ ខ្សែការពារ Jacobo Ramón បានតែតបញ្ចូលទីគ្រាប់ទី៤ ធ្វើឱ្យ Como នាំមុខដល់ទៅ ៤-០។ Manchester United អាចរកបានតែមួយគ្រាប់សងវិញតាមរយៈ Joshua Zirkzee នៅនាទីទី៩០+១ ប៉ុន្តែមិនអាចជួយឱ្យក្រុមគេចផុតពីបរាជ័យបានឡើយ។ជ័យជម្នះនេះធ្វើឱ្យ Como ទទួលបានលទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍ ខណៈ Manchester United បន្តស្ថិតក្នុងស្ថានភាពលំបាក ក្រោយមិនអាចឈ្នះការប្រកួត ៧ លើកជាប់គ្នា គ្រប់កម្មវិធី។ Real Madrid បន្តបង្ហាញទម្រង់លេងល្អ ដោយ Bernardo Silva, Arda Güler, Kylian Mbappé និង Yan Diomande ជាអ្នករកគ្រាប់បាល់ ជួយក្រុមយកឈ្នះ Leipzig យ៉ាងស្រួល ស្របពេលដែល Arsenal បានសង្គ្រោះមួយពិន្ទុតាមរយៈគ្រាប់បាល់របស់ Declan Rice នៅនាទីទី៨២ បន្ទាប់ពី Bayern នាំមុខ ២-១។Galatasaray បានវាយបកយកឈ្នះក្រៅដី បន្ទាប់ពីត្រូវ Lille នាំមុខ ២-១ នៅវគ្គទី១ ដោយ Victor Osimhen រកបានគ្រាប់បាល់សំខាន់មួយក្នុងជ័យជម្នះនេះ។Aston Villa ទទួលបានជ័យជម្នះក្នុងផ្ទះ ដើម្បីបន្តការចាប់ផ្ដើមដ៏ល្អរបស់ខ្លួនក្នុងពានរង្វាន់អឺរ៉ុប ខណៈ Inter Milan រកបានគ្រាប់ជ័យជម្នះនៅនាទីទី៧៧ ទោះបីក្រុមនៅសល់កីឡាករតិចជាងគូប្រកួត ក្រោយ Alessandro Bastoni ទទួលបានកាតក្រហមក៏ដោយ។ លទ្ធផលផ្សេងទៀត៖ Club Brugge ឈ្នះ Lens ៣-០, Real Betis ឈ្នះ Feyenoord ១-០ និង LASK យកឈ្នះ Sporting CP ៣-២៕ អត្ថបទ៖នាង សុភាវុធ

ពានមជ្ឈិម​វ័យ​លើកទី១ រៀបចំដោយស.ស.យ.ក. ស្វាយរៀង ចាប់ផ្ដើមការប្រកួតចុងសប្ដាហ៍នេះ

2026/10/22 12:17:29 pm        218
ពានរង្វាន់បាល់ទាត់​ស្វាយរៀង​ខាប់ ផ្នែកមជ្ឈិមវ័យ លើកទី១ ឆ្នាំ២០២៦ នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​នា​ថ្ងៃ​ទី​២៤ ខែតុលាចុងសប្ដាហ៍នេះ ដោយមានបេក្ខភាព ១៣ក្រុមចូលរួម មកបី​បណ្ដា​ក្រុង​/ស្រុក​ទាំង៨ ក្នុងខេត្តស្វាយរៀង។នេះ​គឺ​ជាពានរង្វាន់ថ្មីមួយទៀត ដែលសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្ត​ស្វាយ​រៀង​ បានរៀបចំឡើង បន្ទាប់ពីពានរង្វាន់បាល់ទាត់មហាជន យុវជន និងផ្នែកនារី​ជា​ច្រើន​កម្រិត​នា​ពេល​កន្លងមក។ក្នុងចំណោម ១៣ក្រុមដែលចូលរួមប្រកួតពានរង្វាន់បាល់ទាត់ ស្វាយរៀង ខាប់ ផ្នែកមជ្ឈិមវ័យ លើក​ដំបូង​នេះ គឺបែងចែកជា ២ពូល ក្នុងនោះពូលA រួមមានក្រុមសសយក ស្រុកកំពង់រោទិ៍, វិទ្យាល័យ​ព្រះពន្លា, អង្គសាលា, ABA BANK, CRS វ័យចាស់, មិត្តចាស់ និងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង គ្រាដែលពូលB គឺមា​ន​ក្រុម​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​, ធារី ក្រុងបាវិត, ដារ៉ូពិទូ វ័យចាស់, ខ្ញីចាស់ជីភូ, United SEZ និងក្រុមមិត្តល្អ។គួរដឹងថា ពានថ្មីរបស់ ស.ស.យ.ក ខេត្តស្វាយរៀង នេះ ផ្ដោតលើកីឡាករមានអាយុ ៣០ឆ្នាំឡើង ក្នុង​លក្ខ​ខណ្ឌចូលរួមក្រុមនីមួយៗ ត្រូវមានកីឡាករអាយុចាប់ពី ៣០ឆ្នាំ ដល់លេខ៣២ ចំនួន ៥នាក់, កីឡាករអាយុចាប់ពី ៣៣ ដល់ ៣៤ឆ្នាំចំនួន ៥នាក់ និងកីឡាករអាយុចាប់ពី ៣៥​ឆ្នាំ​ឡើង​ទៅចំ​នួន ១២នាក់ ហើយកីឡាករទាំងអស់ ត្រូវមានកន្លែងកំណើត ឬទីលំនៅ​បច្ចុប្បន្ន​នៅ​ខេត្ត​ស្វាយរៀង មុនថ្ងៃប្រកួតរយៈពេល ១២ខែ។សម្រាប់គោលបំណងសំខាន់ៗ នៃពានរង្វាន់បាល់ទាត់មិនអាជីពនេះ គឺដើម្បីពង្រឹងមិត្តភាព និង​ទំនាក់​ទំនង​ល្អ ​ក៏ដូចជាលើកទឹកចិត្តឲ្យមានការលេងកីឡា និងគាំទ្រ​ដល់​ចលនា​កីឡា​ក្នុង​ខេត្ត​ស្វាយរៀង តាមរយៈសកម្មភាពបាល់ទាត់ក្នុងសហគមន៍ឲ្យមានភាពរស់រវើក ស្របតា​ម​គោល​នយោបាយ​អភិវឌ្ឍវិស័យកីឡាជាតិ ក៏ដូចជាយុទ្ធនា​ការ​ប្រជាជន​ម្នាក់​ត្រូវ​ចេះ​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំ​ជីវិត របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា

បាត់ដំបងយកឈ្នះកោះកុង ១-០ ក្នុងជើងទី១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត

2026/10/22 12:10:34 pm        149
ក្រុមបាល់ទាត់បាត់ដំបងយូណាយធីត បានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តកោះកុង ដោយលទ្ធផល ១-០ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ ថ្នាក់ខេត្ត។ការប្រកួតដ៏ជក់ចិត្តនេះ ធ្វើឡើងនៅទីលានវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស តេជោ សែន កោះកុង កាលពីល្ងាចថ្ងៃពុធ ដោយក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាទៅវិញទៅមក រហូតដល់នាទី៧៧ ទើបមានគ្រាប់បាល់កើតឡើង ដែលរកបានដោយកីឡាករ ទូច គឹមឆាយ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវផងដែរ។ជ័យជម្នះនេះ បានក្លាយជាដើមទន់ដ៏សំខាន់របស់ក្រុមបាត់ដំបងយូណាយធីត មុនជំនួបជើងទី២ ដែលពួកគេត្រូវបើកទ្វារផ្ទះទទួលខេត្តកោះកុងវិញម្ដង នាថ្ងៃទី២៨ ខែតុលាខាងមុខ តែកោះកុងក៏មិនទាន់អស់សង្ឃឹមដូចគ្នា ដ្បិតសល់ ៩០នាទីទៀត ដើម្បីកំណត់ជោគវាសនាក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំនេះ៕ អត្ថបទ លី ឈុនឡា

អង្គការការពារសិទ្ធិសត្វជំរុញឱ្យ Crystal Palace បញ្ឈប់​ការ​ប្រើ​ឥន្ទ្រី​រស់​ជា​សត្វ​តំណាង​ក្នុង​ពហុកីឡដ្ឋាន

2026/10/22 11:53:06 am        134
អង្គការការពារសិទ្ធិសត្វ People for the Ethical Treatment of Animals (PETA) បាន​អំពាវ​នាវ​ឱ្យ​ក្លិប Crystal Palace បញ្ឈប់ការប្រើប្រាស់សត្វឥន្ទ្រីក្បាលសរបស់ខ្លួនឈ្មោះ Phoenix ជា​សត្វ​តំណាងមុនការប្រកួតជាបន្ទាន់ ដោយលើកឡើងថា ពហុកីឡដ្ឋាន​ដែល​ពោរ​ពេញ​ដោយ​អ្នក​គាំទ្រ​ស្រែក​ហ៊ោខ្លាំ​ងៗ មិនមែនជាកន្លែងសមស្របសម្រាប់សត្វឡើយ។ក្នុងលិខិតផ្ញើទៅកាន់លោកស្រី Sharon Lacey នាយកប្រតិបត្តិក្លិប Crystal Palace អង្គការ PETA បានស្នើឱ្យក្លិបបញ្ឈប់ការនាំយកឥន្ទ្រី Phoenix មកបង្ហាញខ្លួនមុនការប្រកួតនៅកីឡដ្ឋាន Selhurst Park និងមិនប្រើប្រាស់សត្វរស់ជាសត្វតំណាងតទៅទៀត។Crystal Palace ដែលមានរហស្សនាមថា «ឥន្ទ្រី» (The Eagles) តាំងពីឆ្នាំ១៩៧៣ បានចាប់ផ្ដើមប្រើប្រាស់ឥន្ទ្រីរស់ក្នុងថ្ងៃប្រកួតចាប់តាំងពីឆ្នាំ២០១០។ ឥន្ទ្រីឈ្មោះ Kayla បានបំពេញតួនាទីនេះអស់រយៈពេល ១០ ឆ្នាំ មុនពេលស្លាប់ក្នុងឆ្នាំ២០២០។ បន្ទាប់មក Phoenix បានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតទល់នឹង West Ham នៅខែសីហា ឆ្នាំ២០២៤។តាមការលើកឡើងរបស់ PETA សត្វបក្សីអាចមានការភ័យខ្លាច បាត់បង់ការតម្រង់ទិស និងភ័យស្លន់ស្លោ នៅក្នុងបរិយាកាសពហុកីឡដ្ឋាន ដែលអាចបង្កគ្រោះថ្នាក់ដល់សត្វផ្ទាល់ និងអ្នកគាំទ្រ។អង្គការនេះក៏បានបញ្ជាក់ថា ការយកសត្វមកប្រើប្រាស់សម្រាប់ការកម្សាន្ត ធ្វើឱ្យពួកវាបាត់បង់ឱកាសបង្ហាញឥរិយាបថតាមធម្មជាតិ និងអាចបង្កឱ្យមានភាពតានតឹងផ្លូវកាយ និងផ្លូវចិត្តផងដែរ។PETA បានអះអាងថា ខ្លួនមានកំណត់ត្រាលម្អិតអំពីករណីសត្វដែលត្រូវបានប្រើជាសត្វតំណាងរងរបួស ឬស្លាប់ ដោយសារបុកជញ្ជាំង បង្អួច និងបាល់ក្នុងការប្រកួត។ ក៏មានករណីសត្វស្ទាំងមួយក្បាលចុះចតលើក្បាលអ្នកទស្សនា ហើយក្រញ៉ាំរបស់វាបានជាប់ក្នុងស្បែកក្បាលផងដែរ។កាលពីឆ្នាំ២០១៧ អ្នកគាំទ្រ Charlton Athletic ម្នាក់ត្រូវបានតុលាការរកឃើញថាមានពិរុទ្ធភាព ពាក់ព័ន្ធនឹងការប៉ុនប៉ងវាយឥន្ទ្រី Kayla ក្នុងការប្រកួត League Cup កាលពីពីរឆ្នាំមុន៕អត្ថបទ៖នាង សុភាវុធលោកស្រី Carys Bennett អ្នកគ្រប់គ្រងគម្រោងសាជីវកម្មជាន់ខ្ពស់របស់ PETA បាននិយាយថា ក្លិបកីឡាអាជីពជាច្រើនប្រើតែមនុស្សដែលស្ម័គ្រចិត្តធ្វើជាម៉ាស្កូតប៉ុណ្ណោះ ហើយ Crystal Palace ក៏មានម៉ាស្កូតឈ្មោះ Pete the Eagle សម្រាប់បង្កបរិយាកាសរីករាយដល់អ្នកគាំទ្ររួចហើយ។លោកស្រីបានបន្ថែមថា ឥន្ទ្រីក្បាលសត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជានិមិត្តរូបនៃសេរីភាព ហើយសត្វទាំងនេះសមនឹងទទួលបានការរស់នៅប្រសើរជាងការត្រូវបានប្រើជាឧបករណ៍កម្សាន្តសម្រាប់អ្នកគាំទ្រ។គិតត្រឹមពេលរាយការណ៍នេះ BBC Sport បានទាក់ទងទៅកាន់ Crystal Palace ដើម្បីស្នើសុំការឆ្លើយតបចំពោះការអំពាវនាវរបស់ PETA ប៉ុន្តែមិនទាន់មានការឆ្លើយតបត្រូវបានបញ្ជាក់នៅក្នុងអត្ថបទដើមនៅឡើយទេ។

ត្បូងឃ្មុំឈ្នះទាំងមិនសប្បាយចិត្ត ខណៈព្រះសីហនុមិនរំពឹងសំណាងនៅជើងទី២ ក្នុងវគ្គ ១/២ ពានសម្ដេចតេជោ-ថ្នាក់ខេត្ត

2026/10/22 11:45:27 am        236
សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ បានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តព្រះសីហនុ ដោយលទ្ធផល ៣-២ ក្នុងជំំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ ថ្នាក់ខេត្ត តែជ័យជម្នះនេះ ហាក់មិនសូវសប្បាយចិត្តសម្រាប់ក្រុមការងារគ្រូឡើយ ស្របពេលព្រះសីហនុ មិនរំពឹងសំណាងនៅជើងទី២ ប៉ុន្ដែប្ដេជ្ញាពង្រឹងក្រុមដើម្បីទទួលបានលទ្ធផលល្អត្រឡប់មកវិញ។ក្នុងជំនួបដ៏តានតឹងនៅទីលាន អនុវិទ្យាល័យ សម្ដេចឪ កាលពីល្ងាចថ្ងៃពុធកន្លងទៅ កីឡាករ សារី តៃម៉ូ បានរកគ្រាប់នាំមុខឲ្យត្បូងឃ្មុំ ១គ្រាប់មុន តាមរយៈការស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅនាទី១៩ មុនកីឡាករ ឆន ចាន់តុលា រកបានគ្រាប់តាមស្មើឲ្យព្រះសីហនុវិញ នៅនាទី៤៥+២ ។ ចូលវគ្គទី២ កាន់តែជក់ចិត្ត បន្ទាប់ពីកីឡាករ ជា ណាវីន រកបាន ២គ្រាប់បន្ថែមឲ្យត្បូងឃ្មុំ នៅនាទី៧៣ និងនាទី៩០+២ ក្រុមម្ចាស់ផ្ទះក៏ព្យាយាមវាយបកបាន ១គ្រាប់វិញដែរ ដោយកីឡាករ ជា យូ នៅនាទី៩០+៨។ក្រោយជ័យជម្នះទាំងប្រផិតប្រផើយនេះ លោក ផន រស្មីពេជ្រ គ្រូជំនួយខេត្តត្បូងឃ្មុំ បានលើកឡើងថា ក្រុមខ្លួនឈ្នះមែនទេ តែកូនក្រុមធ្វើមិនសូវបានល្អ ហើយក្រុមការងារគ្រូ ក៏មិនសូវសប្បាយចិត្តដែរ។ យ៉ាងណាលោកទទួលស្គាល់ខេត្តព្រះសីហនុ លេងដោយឆន្ទៈ ទោះបីផ្ដោតការពារខ្លាំង ហើយជ័យជម្នះនេះ ក៏មិនទាន់រំពឹងខ្ពស់ក្នុងការឡើងវគ្គផ្ដាច់ព្រ័ត្រដែរ ដ្បិតព្រះសីហនុ ជាក្រុមសំណាង ជាក់ស្ដែងដូចកាលជួបខេត្តកណ្ដាល ចាញ់ជើងទី១ តែវាយបកឈ្នះជើងទី២។ ដូច្នេះលោករំពឹងកូនក្រុមនឹងធ្វើបានកាន់តែល្អនៅជើងទី២។ដោយឡែកគ្រូបង្គោលខេត្តព្រះសីហនុ លោក វ៉ា សេត បានទទួលស្គាល់ពីភាពខ្លាំងរបស់ខេត្តត្បូងឃ្មុំ ដែលប្រជុំដោយកីឡាករល្អៗ ធ្លាប់លេងនៅលីគ ។ សម្រាប់ជើងទី២ លោកមិនរំពឹងលើសំណាងដូចកាលវគ្គ ៨ក្រុមចុងក្រោយនោះទេ ។ អ្វីដែលសំខាន់ គឺក្រុមត្រូវផ្ដោតលើការរៀបចំ និងត្រៀមបានល្អ ដើម្បីទទួលបានលទ្ធផលល្អប្រសើរវិញ ទោះបីត្រូវលេងក្រៅដីក្ដី។គួរដឹងថា សម្រាប់ជើងទី២ រវាងក្រុមទាំងពីរ គឺសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ត្រូវបើកទ្វារទទួលខេត្តព្រះសីហនុវិញម្ដង នាថ្ងៃទី២៨ ខែតុលាខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នាពេលខាងមុខ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM